កីឡាករ​ថៃ៖ «អាជ្ញាកណ្ដាល​គឺជា​ដើមហេតុ​នៃ​ភាពច្របូកច្របល់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម»

Jonathan Khemdee ប្រតិកម្មទៅនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល

ខ្សែការពារ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ Jonathan Khemdee យល់ថា អាជ្ញាកណ្ដាល​បង្កឱ្យមាន​កំហុសឆ្គង​ធំ​ជាច្រើន នាំទៅរក​ជម្លោះ​រវាង​ក្រុម​ជម្រើសជាតិ​ថៃ និង​ឥណ្ឌូណេស៊ី នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

កាលពី​ព្រលប់​ថ្ងៃទី 16 ឧសភា នៅលើ​ទីលាន​បាល់ទាត់​របស់​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក សមាជិក​ក្រុមកីឡា​ថៃ និង​ឥណ្ឌូណេស៊ី បាន​ប៉ះទង្គិច​គ្នា​ពីរលើក។ ពិសេស​គឺ​ការ​ប្រវាយប្រតប់​គ្នា​នៅក្រោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Irfan Jauhari ជួយ​ឱ្យ​ឥណ្ឌូណេស៊ី នាំមុខ 3-2 នៅ​ដើម​នារី​ថែម​ម៉ោង​លើកទីមួយ នាំឱ្យ​អាជ្ញាកណ្ដាល​ពិន័យ​កាត់​ក្រហម​ដោយផ្ទាល់​ចំនួន​ប្រាំ​ចំពោះ​ភាគី​ទាំងពីរ។

ក្រោយ​ការប្រកួត Jonathan Khemdee បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «អាជ្ញាកណ្ដាល​បង្កកំហុស​ធំ​ជាច្រើន ហើយ​នោះ​គឺជា​មូលហេតុ​ដែលនាំឱ្យ​មា​នក​រ​ណី​ប្រវាយប្រតប់​គ្នា។ អាជ្ញាកណ្ដាល​មិនអាច​គ្រប់គ្រង​ការប្រកួត ដូច្នេះ​គ្រប់គ្នា​ក៏​រុល​ទៅរក​គ្នា និង​វាយ​គ្នា»។

យោងតាម​ខ្សែការពារ​កណ្ដាល​ដើមកំណើត​ដា​ណឺ​ម៉ាក​ខាងលើ កំហុស​ធំ​បំផុត​របស់​អាជ្ញាកណ្ដាល​ស្ថិតនៅត្រង់​គ្រាប់​បាល់​ចាញ់​ទី​ពីរ​របស់​ថៃ។ នាទី​ទី​ប្រាំ​នៃ​ការ​ថែម​ម៉ោង​ក្នុង​តង់​ទីមួយ កីឡាករ​ឥណ្ឌូណេស៊ី​ម្នាក់​រងរបួស​ត្រង់​ក្បាល ទើប​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​ផ្អាក​ការប្រកួត គ្រា​ដែល​គ្រាប់​បាល់​មិនបាន​ទៅខាង​ណា។ បន្ទាប់ពី​កីឡាករ​ឥណ្ឌូណេស៊ី​ត្រូវគេ​សែង​ចេញ អាជ្ញាកណ្ដាល​ក៏​ប្រគល់​បាល់​ឱ្យ​ប្រធាន​ក្រុម Rizky Ridho របស់​ឥណ្ឌូណេស៊ី ពេលដែល​កីឡាករ​របស់​ថៃ មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ដណ្ដើម​បាល់ភ្លាម។ Rodho បញ្ជូន​បាល់​ឡើងដល់​ក្បែរ​តំបន់​គ្រោះថ្នាក់​របស់​ថៃ ហើយ​ខ្សែប្រយុទ្ធ Ramadhan Sananta ក៏​ទាត់​បាល់​រំលង​ក្បាល​អ្នកចាំទី Soponwit Rakyart ធ្វើឱ្យ​បាល់​ហោះចូល​ទី ជួយ​ឱ្យ​ឥណ្ឌូណេស៊ី​នាំមុខ 2-0។

Jonathan Khemdee ក៏ទទួលបានកាតក្រហម

ក្រុម​កីឡាករ​ថៃ ភ្លាមនោះ​ក៏បាន​តវ៉ា​ទៅកាន់​អាជ្ញាកណ្ដាល​ជនជាតិ​អូ​ម៉​ង់ Kassem Matar Al-Hatmi ព្រោះ​ពួកគេ​យល់ថា Ridho គួរតែ​ប្រគល់​បាល់​មកឱ្យ​ថៃ។ ប៉ុន្តែ លោក Al-Hatmi នៅតែ​ទទួលស្គាល់​គ្រាប់​បាល់​នេះ​បន្ទាប់ពី​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​អាជ្ញាកណ្ដាល​ខ្សែបន្ទាត់។

ក្នុងការ​ថែម​ម៉ោង​នៅ​តង់​ទី​ពីរ សំឡេង​កញ្ចែ​របស់​អាជ្ញា​កណ្ដាល​ក៏បាន​ធ្វើឱ្យ​ក្រុម​ឥណ្ឌូណេស៊ី​យល់​ច្រ​លំ​ថា​អស់ម៉ោង​ប្រកួត ទើប​នាំគ្នា​រត់​ចូល​ទីលាន​អបអរសាទរ គ្រា​ដែល​សំឡេង​កញ្ចែ​នោះ​គឺជា​ការពិន័យ​ចំពោះ​ក្រុម​ឥណ្ឌូណេស៊ី។ ស្ថានការណ៍​នេះ​បាន​នាំទៅរក​គ្រាប់​បាល់​ស្មើ 2-2 ដោយ​កីឡាករ​ថៃ​បាន​ស៊ុត​បញ្ចូល​ទី​របស់​ឥណ្ឌូណេស៊ី។ បន្ទាប់ពី​ស៊ុត​ចូល​ភ្លាម កីឡាករ​ថៃ​ក៏រ​ត់ទៅ​ខាងមុខ​តំបន់​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី​ដើម្បី​សំដែង​ការអបអរ ឌឺដង ហើយក៏​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ។

ចូលដល់​តង់​ទី​ពីរ បន្ទាប់ពី​រកបាន​មួយ​គ្រាប់​ទៀត​ដែល​ជួយ​ឱ្យ​នាំមុខ 3-2  ឥណ្ឌូណេស៊ី​ក៏​អបអរ​សងសឹក ហើយក៏​មានការ​ប្រវាយប្រតប់​គ្នា​ជាថ្មី ធ្វើឱ្យ​ការប្រកួត​ត្រូវ​អាក់ខាន​ច្រើន​នាទី។ ពេលនោះ កាត់​ក្រហម​ជាច្រើន​ក៏ត្រូវ​បាន​ហូត​ចេញ​ជា​បន្តបន្ទាប់។

បន្ទាប់ពី​ស្ថានការណ៍​ត្រូវបាន​គ្រប់គ្រង ថៃ​ក៏ត្រូវ​បាត់បង់​កីឡាករ​ពីររូប​ដោយសារ​កាត់​ក្រហម។ ដោយមាន​គ្នា​តែ 9 នាក់ ក្រុម​ថៃ​ក៏ត្រូវ​ចាញ់ 2 គ្រាប់​ទៀត នាំឱ្យ​ឥណ្ឌូណេស៊ី​ឈ្នះ 5-2 ជា​ស្ថាពរ។

ភាពច្របូកច្របល់ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅស៊ីហ្គេម

«គ្រប់​ស្ថានការណ៍ អាជ្ញាកណ្ដាល​ត្រូវតែ​រក្សា​ឥរិយាបថ​យុត្តិធម៌ ប៉ុន្តែ​ការប្រកួត​នេះ អាជ្ញាកណ្ដាល​មិនអាច​ធ្វើបាន» Khemdee អះអាង​ដូច្នេះ។

ទោះជា​យ៉ាងណាក៏ដោយ នៅពេល​ចប់​ការប្រកួត ក្រុម​ទាំងពីរ​ក៏​ពុំមាន​បញ្ហា​អ្វី​នឹង​គ្នា​ទៀត​នោះដែរ។ នេះ​គឺជា​បទពិសោធន៍​ដែល​គួរ​យក​ជា​មេរៀន ដែល​យើង​មិនគួរ​ឱ្យមាន​ករណីបែបនេះ​កើតឡើង ព្រោះ​វា​ប៉ះពាល់​ដល់​អ្នកគាំទ្រ និង​កីឡាករ​ផងដែរ។ ប៉ុន្តែ បរាជ័យ​លើក​នេះ ធ្វើឱ្យ​ថៃ​ ខកខាន​ក្នុង​ការលើក​មេដាយមាស​នៅ​ស៊ី​ហ្គេម​ចំនួន​បី​ជំនាន់​បន្តបន្ទាប់ ខណៈដែល U22 ឥណ្ឌូណេស៊ី ដណ្ដើមបាន​មេដាយមាស​លើក​ទី​បី​នៅ​ស៊ី​ហ្គេម៕

Advertisement