Tag: សួត

  • នៅពេលកូនតូចឈានចូលខែទី 9

    នៅពេលកូនតូចឈានចូលខែទី 9

    ខែទី 9

    លក្ខណៈរបស់កូនតូច

    កូនច្រើនតែគេងនៅពេលព្រឹក និងអំឡុងពេលរសៀល ក្នុងមួយពេលៗប្រមាណជា 1 – 2.5 ម៉ោង តែក្មេងខ្លះអាចមិនគេងនៅពេលព្រឹកក៏មាន។ ក្មេងដែលភ្ញាក់នៅពេលកណ្ដាលយប់ហើយ នឹងពិបាកគេងលក់ទៅវិញ ហើយក្មេងដែលកំពុងបៅទឹកដោះគោស្រាប់ហើយ លុះដល់វ័យនេះ មានតិចនាក់ណាស់ដែលនៅតែមឹមទឹកដោះគោនៅពេលយប់នោះ តែបើសិនជាភ្ញាក់យំរំខាននៅពេលកណ្ដាលយប់ ពេលឱ្យបៅទឹកដោះគោហើយ ក៏នឹងគេងលក់ទៅវិញយ៉ាងងាយស្រួល ដូច្នេះអ្នកម្ដាយអាចឱ្យមឹមទឹកដោះគោពេលយប់តទៅទៀតខ្លះៗក៏បាន។

    ចំណែករឿងការបន្ទោបង់របស់កូនវិញនោះ នៅពេលកូនបានទទួលអាហារបន្ថែមច្រើនឡើង លាមកនឹងមានក្លិនកាន់តែស្អុយឡើង ឯពណ៌ក៏ប្រែប្រួលដែរ។ កូននឹងជុះមួយថ្ងៃ 1 – 2ដង ឬ2ថ្ងៃមួយដង សម្រាប់នោមវិញ នៅតែនោមប្រមាណមួយថ្ងៃ 10 ដងដដែល។ ចំនួនដងដែលនោមនៅពេលកណ្ដាលយប់នឹងខុសប្លែកពីគ្នា ក្មេងដែលញ៉ាំតិច នឹងនោមតិចដែរ ក្មេងខ្លះថែមទាំងមិននោមផងរហូតដល់ព្រឹក។ ក្មេងដែលញ៉ាំទឹកដោះគោ 1ដបមុនគេង ច្រើនតែនោមនៅពេលកណ្ដាលយប់ប្រហែល 1 – 2ដង និងក្មេងណាដែលគេងសើមខ្លួន នឹងភ្ញាក់ឡើងយំរំខាន តែពេលផ្លាស់ខោអាវ ឬកន្ទបឱ្យហើយ ក៏នៅតែមិនព្រមគេងលក់ទៅវិញនោះ អ្នកម្ដាយអាចបង្ខិតពេលឱ្យបៅទឹកដោះគោឱ្យឆាប់ជាងមុនបន្តិចក៏បាន និងមុនពេលដែលអ្នកម្ដាយចូលគេង គួរចាប់លើកកូនមកឱ្យនោមចេញបានម្ដង ក៏ជួយកាត់បន្ថយការភ្ញាក់យំរំខាននៅពេលកណ្ដាលយប់បានដែរ។

    ល្មមឱ្យឈប់បៀបបាយបានហើយ

    កាលពីអាយុមិនលើស 8ខែ កូននឹងចាប់ផ្ដើមលែងចូលចិត្តអាហារម៉ដ្ឋៗខ្ទេចៗហើយ ច្រើនតែចូលចិត្តញ៉ាំរបស់ដែលត្រូវទំពាដូចជា ផ្លែឈើត្រូវហាន់ចែកជាបំណែកតូចៗ ដូចជា ផ្លែត្របែក ជម្ពូ ប៉ោម ស្វាយ និងឱ្យកាន់ខាំញ៉ាំខ្លួនឯង។ វ័យនេះមិនសូវនៅស្ងៀមទេ បើឱ្យអង្គុយនៅលើកម្រាលឥដ្ឋ ប្រហែលជាត្រូវរត់ដេញតាមបញ្ចុកអាហារហើយ ដូច្នេះគួរឱ្យអង្គុយនៅក្នុងតុបាយសម្រាប់កុមារ ឬក្នុងកៅអីហាត់ដើរ ចំណែកការបញ្ចុកឱ្យញ៉ាំបាយវិញ អាស្រ័យលើទម្លាប់ និងនិស្ស័យរបស់ក្មេង ក្មេងខ្លះចូលចិត្តញ៉ាំយឺតៗ ក្មេងខ្លះញ៉ាំលឿន តែបើសិនជាញ៉ាំយឺតជ្រុលពេក ដូចជាទម្រាំតែញ៉ាំអស់បបរមួយកូនចាន ត្រូវខាតពេលបញ្ចុកដល់ទៅជិតមួយម៉ោងនោះ បញ្ជាក់ថា កូនតូចមិនចូលចិត្តអាហារនោះទេ នឹងបៀមក្នុងមាត់មិនព្រមលេប ព្រោះតែមានអារម្មណ៍ថាមិនឆ្ងាញ់ ដូច្នេះអ្នកម្ដាយមិនចាំបាច់ខាតពេលបញ្ចុកទៀតទេ គួរឱ្យកូនញ៉ាំអ្វីផ្សេងវិញប្រសើរជាង។

    ជាក្មេងដែលរើសច្រើន

    កូនក្នុងវ័យនេះ អ្នកម្ដាយនឹងមើលឃើញបានកាន់តែច្បាស់ឡើងហើយថា កូនចូលចិត្តញ៉ាំអ្វី? ក្មេងខ្លះមិនចូលចិត្តញ៉ាំបន្លែ អ្នកម្ដាយក៏គួរឱ្យញ៉ាំរួមជាមួយរបស់ដទៃទៀត ដូចជា ចិញ្ច្រាំបន្លែដាក់លាយនៅក្នុងបបរ ដាក់លាយនៅក្នុងស៊ុតក្រឡុកចៀន ជាដើម ឬបើមិនចូលចិត្តញ៉ាំបន្លែប្រភេទណាមួយ ក៏ប្ដូរទៅញ៉ាំបន្លែប្រភេទផ្សេងទៀត។ បើមិនចូលចិត្តញ៉ាំបន្លែសោះ ក៏ឱ្យញ៉ាំផ្លែឈើជំនួសវិញក៏បាន បើកូនតូចនៅតែញ៉ាំបបរ នំប៉័ង ឬទឹកដោះគោបានដដែលនោះ។ ទោះជាមិនសូវញ៉ាំ និងរើសច្រើនក្ដី ក៏មិនធ្វើឱ្យកូនខ្វះសារធាតុអាហារដែរ បើកូនមិនចូលចិត្តញ៉ាំស៊ុត ក៏ឱ្យញ៉ាំសាច់មាន់ជំនួសវិញ បើមិនចូលចិត្តញ៉ាំទាំងស៊ុត និងសាច់មាន់ ក៏ឱ្យញ៉ាំសាច់ត្រីជំនួសវិញ។ កូនដែលរើសអាហារ ច្រើនតែឆាប់ដឹងរសជាតិ បើប្រាកដក្នុងចិត្តថា កូនមិនបានញ៉ាំបានតិចរហូតដល់ថ្នាក់ខ្វះសារធាតុអាហារទេនោះ ក៏មិនគួរបង្ខំខ្លាំងពេកដែរ។

    អាការដែលអាចកើតឡើង

    – ប្រយ័ត្នហើមសួត

    នៅពេលកូនមានអាការគ្រុនក្ដៅខ្លាំង នឹងពិបាកដកដង្ហើម ពេលក្អកច្រើនតែឈឺចាប់ តែបច្ចុប្បន្នកុមារលែងមានគ្រោះថ្នាក់ដោយសារជំងឺនេះហើយ បើបណ្ដាលមកពីមេរោគវីរុសនឹងច្រើនតែជាទៅវិញដោយឯកឯង ហើយគ្រូពេទ្យនឹងឱ្យញ៉ាំថ្នាំបដិបក្ខប្រាណ(Antibiotic)។ បើកូននៅញ៉ាំអាហារបាន ក៏ឱ្យញ៉ាំអាហារបន្ថែមតទៅទៀត ញ៉ាំទឹកផ្លែឈើស្រស់ឱ្យបានច្រើន បើក្អក ចូរលើកពឱ្យទ្រោបលើស្មា ហើយទះអង្អែលខ្នងថ្នមៗ នឹងជួយឱ្យស្លេស្មធ្លាក់ចេញមកស្រួលជាងដាក់ឱ្យគេងរាមនៅលើគ្រែ។ តែបើសិនជាកើតអាការគ្រុនក្ដៅខ្លាំងយូរថ្ងៃ និងហើមសួតដែលបណ្ដាលមកពីឆ្លងមេរោគផ្ដាសាយពីមនុស្សធំ ត្រូវតែនាំទៅមន្ទីរពេទ្យ។

    វិវឌ្ឍនាការរបស់កូន

    . រាងកាយ

    . ក្មេងខ្លះអាចវារឡើងកាំជណ្ដើរបានហើយ។

    . ពេលវារ ដៃម្ខាងអាចកាន់របស់លេងបានទៀតផង។

    . ក្មេងខ្លះអាចអង្គុយចុះពីឥរិយាបថឈរដោយខ្លួនឯងបានហើយ។

    . ចេះអង្គុយមួយកន្លែងបានយូរហើយ។

    . ចូលចិត្តទះដៃ យករបស់លេងគោះគ្នា និងបោះរបស់លេងទៅលើឥដ្ឋជាដើម។

    . ចូលចិត្តយកម្រាមដៃលូកចូលរន្ធផ្សេងៗ(ចំណុចនេះ ឪពុកម្ដាយត្រូវប្រយ័ត្ន ព្រោះកូនតូចអាចលូកចូលរន្ធព្រីភ្លើង)។

    សង្គមជុំវិញខ្លួន

    . ក្មេងខ្លះចេះនិយាយពាក្យដែលមានអត្ថន័យបានហើយ ដូចជា ម៉ស់ ញ៉ាំៗ និងចូលចិត្តនិយាយដដែល។

    . ចេះធ្វើតាមបញ្ជាស្រួលៗបានហើយ ដូចជា ឱ្យទៅយករបស់លេង ជាដើម។

    . ខ្លាចមនុស្សដែលមិនធ្លាប់ស្គាល់មុខ និងពេលឃើញក្មេងដទៃយំ អាចនឹងយំតាម។

    . ចេះរើសរបស់លេងដែលខ្លួនឯងចូលចិត្តបានហើយ។

    . ចំណាំហ្គេមដែលខ្លួនឯងធ្លាប់លេងបានហើយ។

    ឧស្សាហ៍លេងជាមួយកូនផង

    . បង្ហាត់ឱ្យកូនឈរ ៈ ការបង្ហាត់ឱ្យចេះឈរ ឬឈានជើងដើរនេះ កូនអាចយកដៃចាប់ដៃម្ដាយ ឬម្ដាយជួយចាប់លើកឱ្យកូនឈានជើងដើរទៅខាងមុខ ក្នុងមួយថ្ងៃឱ្យបានមួយដង ឬ2ដង ម្ដងៗមិនគួរមិនលើស 5 នាទី។ ពេលបង្ហាត់គួរបង្ហាត់នៅខាងក្រៅផ្ទះក្នុងអំឡុងពេលដែលធាតុអាកាសល្អត្រជាក់ស្រួល។ ឪពុកម្ដាយគួរតែសប្បាយរីករាយជាមួយនឹងការបង្ហាត់នេះ បើកូនល្មមអាចឈរដោយខ្លួនឯងបាន ចូរស្រែកលើកទឹកចិត្តកូនថា “ឈានជើងដើរកូន! ឈានជើងដើរកូន!” កូននឹងបានសប្បាយ មានកម្លាំងចិត្ត ដែលទោះជាដួល ក៏នឹងព្យាយាមក្រោកឡើងវិញបានដែរ៕

  • អ្នក​ជំនាញ​ផ្នែកវេជ្ជសាស្ត្រថា “អ្នកជក់បារី ងាយរ​ង​គ្រោះ​​ជាងគេ ពេលបានឆ្លងវីរុស COVID-19

    អ្នក​ជំនាញ​ផ្នែកវេជ្ជសាស្ត្រថា “អ្នកជក់បារី ងាយរ​ង​គ្រោះ​​ជាងគេ ពេលបានឆ្លងវីរុស COVID-19

    វីរុស​កូរ៉ូណា COVID-19 បាន​ចាប់​ផ្ដើម​ឆ្លងរាល​ដាល​នៅ​ឯទីក្រុង​ Wuhan ប្រទេស​ចិន កាល​ពី​ចុង​ឆ្នាំ​2019 ហើយ​បាន​ឆ្លង​រាល​ដាល​ទៅ​ប្រទេស​ និង​ដែន​ដី​​ចំនួន138 នៅ​ទូទាំង​ពិភពលោក និង​បាន​ធ្វើ​ឱ្យ​មនុស្ស​ចំនួនជាង​ 145,000​នាក់​កើត​រោគ​ ក្នុង​នោះ​ មានមនុស្ស​5,401​នាក់​ បាន​បាត់​បង់ជីវិត​ ហើយ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​រោគ​នេះ មាន​7ករណី​ ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា​។

    មេរោគ COVID-19 គឺជា​វីរុស​កូរ៉ូណា​ថ្មី​មួយ​ដែល​បង្ក​ឱ្យ​កើត​ជំងឺ​ផ្លូវ​ដង្ហើម​ និង​អាច​ឆ្លង​ពី​សត្វ​មក​មនុស្ស និង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ តាម​រយៈ​កណ្ដាស់ ក្អក ឬ​ប៉ះពាល់​គ្នាជា​ដើម។ COVID-19 អាច​សម្លាប់​មនុស្ស​ បាន​យ៉ាង​ងាយ​ ដោយ​ប្រើ​ពេល​តិច​ជាង​ជំងឺ​មហា​រីក ជំងឺអេដស៍។ល។ COVID-19 ត្រូវ​បាន​អ្នក​ខ្លះ​ហៅ​ថា “មេរោគ​ស៊ីសួត” ព្រោះ​ថា ពេលបាន​ឆ្លង​​ចូល​ទៅ​ក្នុង​រាង​កាយ​មនុស្ស មេរោគ​នេះ​ តែង​តែ​ “វាយ​ប្រហារ” ទៅ​លើ​សួត ធ្វើ​ឱ្យ​សួត​ត្រូវ​រង​របួស​ រលាក និង​ខូច​ខាត ហើយ​បើ​ព្យា​បាល​មិន​ទាន់​ពេលនោះ​ទេ អ្នក​ជំងឺ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ស្លាប់​មិន​ខាន​។

    លោកជំទាវ​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និងជា​អ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល​​​កម្ពុជា។

    អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មាន​ប្រសាសន៍​​ថា ចំពោះ​អ្នក​ដែល​មាន​បញ្ហា​សួតស្រាប់ បើ​សិន​ជា​បាន​ឆ្លង​មេរោគ COVID-19នេះ​ទៀត​ អ្នក​ជំងឺ​នឹងត្រូវ​​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្ពស់​ជាង​អ្នក​ដែល​មិន​មាន​បញ្ហា​សួត​។

    បច្ចុប្បន្ន កម្ពុជា​មាន​អ្នក​ជំងឺ​ផ្លូវ​ដង្ហើម ឬ​បញ្ហា​ផ្លូវ​សួត​ ​ចំនួន​ជាង​ 2លាននាក់ ដែល​ភាគ​ច្រើន​ត្រូវ​បាន​​រក​ឃើញ​ថា បណ្ដាល​មក​ពីការ​ជក់​បារី​។ ផ្សែង​បារី អាច​បង្ក​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត ដូចជា​ ជំងឺ​លើស​ឈាម ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​រលាក​សួត​។ល។ នេះ​បើ​តាម​ប្រសាសន៍​របស់​ លោកជំទាវ​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និងជា​អ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល​​​កម្ពុជា។

    រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​បន្ត​ថា COVID-19 នឹង​បង្ក​ហានិភ័យ​ខ្ពស់​ចំពោះ​អ្នក​ដែល​មាន​រោគ​ប្រចាំ​កាយ​ស្រាប់ បើ​សិន​ជា​វា​បាន​ឆ្លង​ចូល​ដល់​រាង​កាយ​ ជា​ពិសេស​បំផុត​គឺ​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ ឬ​ជំងឺ​ផ្លូវ​ដង្ហើម​ ពិសេស​គឺ​ជំងឺ​សួត​។

    លោក​ស្រី​វេជ្ជ​ណ្ឌិត ឱ វណ្ណឌីន សង្កាត់​ធ្ងន់​ថា “អ្នកជក់បារីទាំងអស់ ត្រូវតែ​មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត” ទាក់​ទិន​នឹងវីរុស​ COVID-19 និង​​បញ្ហា​សុខ​ភាព​ផ្លូវ​ដង្ហើម​ ដោយ​សារ​ថា អ្នក​ជក់​បា​រីភាគ​ច្រើន​ មាន​បញ្ហា​ផ្លូវ​ដង្ហើម ហើយ​ COVID-19 នឹង​មាន​ “ឱកាសល្អ​” កាន់​តែ​ច្រើន​ក្នុង​ការ​សម្លាប់​អ្នក​ជំងឺ​៕
    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​