Tag: សាងសង់

  • ចិន​បង្ហើប​ឱ្យ​ដឹង​អំពី​ស្ថានីយ​ស្រាវជ្រាវ​លើ​ឋាន​ព្រះ​ចន្ទ​គំរូដំបូង

    ចិន​បង្ហើប​ឱ្យ​ដឹង​អំពី​ស្ថានីយ​ស្រាវជ្រាវ​លើ​ឋាន​ព្រះ​ចន្ទ​គំរូដំបូង

    ស្ថានីយ​ស្រាវ​ជ្រាវ​ព្រះ​ចន្ទ​ដែល​មាន​រូប​រាង​ដូច​ទៅ​នឹងគ្រាប់​ស៊ុត​ ក្នុង​នោះ​មាន​កន្លែង​សម្រាប់​អ្នក​អវកាស​ធ្វើ​ការ​ពិសោធ​ និង​កន្លែង​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​។

    ក្រុម​អ្នក​វិទ្យា​ចិន​ទើប​តែ​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​គំរូ​ដំបូង​នៃ​ស្ថានីយ​ស្រាវ​ជ្រាវ​លើ​ឋាន​ព្រះ​ចន្ទ​។ ស្ថានីយ​ដែល​​មាន​ឈ្មោះ​ថា Moon Pot និង​មាន​រូប​រាង​ដូចទៅនឹង​គ្រាប់​ស៊ុត​នេះ ត្រូវ​បាន​រចនា​ឡើងដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ Huazhong University។

    លោក Li Bin ដែល​ជា​លេខា​របស់​សាកលវិទ្យាល័យ​ខាងលើ​ ឱ្យ​ដឹង​ថា តាម​រយៈ​ការ​បង្កើត​ស្ថានីយ​ស្រាវ​ជ្រាវ​មួយ​លើ​ឋាន​ព្រះ​ចន្ទ អវកាសចរ​នឹង​មាន​កន្លែង​សម្រាប់​ស្រាវជ្រាវ​ និង​ធ្វើកិច្ច​ការ​ប្រចាំ​ថ្ងៃ​ ព្រោះ​ស្ថានីយ​នេះ​ផ្ដល់​សុវត្ថិភាព​ និង​អាច​រស់​នៅ​បាន​។

    បច្ចុប្បន្ន ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​ផ្ដោត​ទៅ​លើ​ការ​រចនា​ម៉ូដសម្រាប់​ Moon Pot​ ដើម្បី​អាច​សាងសង់​បាន​ដោយ​ការ​បោះ​ពុម្ព​បែប​ 3D ដែល​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដែល​ត្រូវ​បាន​នាំ​យក​មក​ពី​ឋានព្រះ​ចន្ទ​ដោយយាន​ Chang’e 5។

    យោង​តាម​អង្គការអវកាសចិន​ (CNSA) បេសកកម្ម​អវកាស​នា​ពេល​អនាគត​ដែល​រួម​មាន Chang’e 7 (2026), Chang’e 8 (2028) នឹង​បង្កើត​រូបមន្ត​មូលដ្ឋាន​សម្រាប់​ស្ថានីយ​ស្រាវជ្រាវ​ព្រះ​ចន្ទ​​ដំបូង​របស់​ចិន​។

  • ន័រវែស សាងសង់នាវា​អ៊ីដ្រូសែន​ធំជាង​គេ​លើពិភពលោក

    ន័រវែស សាងសង់នាវា​អ៊ីដ្រូសែន​ធំជាង​គេ​លើពិភពលោក

    នាវា​គំរូ​ប្រវែង 117 ម៉ែត្រ អាច​ផ្ទុក​កៅអីចំនួន 120 ដោយ​ប្រើ​ប្រាស់​ថាមពល​អ៊ីដ្រូសែន​បៃតងយ៉ាង​តិច 85% នៃ​ការ​ធ្វើដំណើរ​នៅ​ប៉ូល​ខាង​ជើង​។

    ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ Torghatten Nord បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​​រោង​ចក្រ​សាងសង់​កប៉ាល់ Myklebust នៅប្រទេស​ន័រវែស ដើម្បី​សាងសង់​នាវា​ដែល​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន​ធំជាង​គេ​លើ​ពិភពលោក​។ នាវា​ដែល​អាច​ដឹក​មនុស្ស​បាន​ 120 នាក់​ ធ្វើ​សកម្មភាព​លើ​ផ្លូវ​ទឹក​ដែល​វែង​ជាង​គេ​បំផុត​នៅ​ប្រទេស​ន័រវែស​ ស្ថិត​ក្នុង​តំបន់​ឈូង​សមុទ្រ Vestfjordstrekninga ដែល​ស្ថិត​ក្នុងតំបន់​ប៉ូល​ខាង​ជើង​។

    តាម​ផែនការ​ នាវា​ប្រវែង 117 ម៉ែត្រ​នេះ ​នឹងត្រូវ​បាន​រោង​ចក្រ Myklebust សាងសង់​រួច​រាល់ និង​ប្រគល់​ជូន​ក្រុម​ហ៊ុន Torghatten Nord នៅ​ក្នុង​ឆ្នាំ 2026​។

    នាវា​នេះ​នឹង​ប្រើប្រាស់​អ៊ីដ្រូសែន​​យ៉ាង​តិច​បំផុត​ 85% នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ខ្លួន​ ហើយ​អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ជា​មធ្យម 31.5 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ការ​ប្រើប្រាស់​អ៊ីដ្រូសែន​របស់​នាវា​ខាងលើ​ នឹង​ជួយ​កាត់​បន្ថយ​ឧស្ម័ន​កាបូន​ប្រហែល​ជាង 26,000 តោន​ជា​រៀង​រាល់​ឆ្នាំ​។

  • ថៃ​នឹង​បញ្ចេញ​គោលនយោបាយ​ជំរុញ​ការ​ទិញ​ផ្ទះ​ស្នាក់នៅ​

    ថៃ​នឹង​បញ្ចេញ​គោលនយោបាយ​ជំរុញ​ការ​ទិញ​ផ្ទះ​ស្នាក់នៅ​

    ក្រសួង​ហិរញ្ញវត្ថុ​ថៃ ឱ្យ​ដឹង​ថា ប្រទេស​នេះ​នឹង​បញ្ចេញ​គោលនយោបាយ​ថ្មី​ជា​ច្រើន​ ដែល​​គាំទ្រ​ដល់​ទីផ្សារ​អចលន​ទ្រព្យ​ ដើម្បី​រួម​ចំណែក​ស្ដារ​សេដ្ឋកិច្ច​ជាតិ​។

    ក្រសួង​ហិរញ្ញវត្ថុ​ថៃ គ្រោង​នឹង​ដាក់​សំណើ​ស្ដី​ពី​ការ​បន្ថយ​ការ​ចំណាយ​ទៅ​លើ​សេវា​​ផ្ទេរ​សិទ្ធិ​កាន់​កាប់​អចលនទ្រព្យ ​ពី 2% ចុះ​មកនៅ​​ត្រឹម​ 0.01% សម្រាប់​ផ្ទះ​ដែល​មាន​តម្លៃ​ដល់ 7 លាន​បាត (ប្រហែល​ 190,890 ដុល្លារ​អាម៉េរិក​)​ ជូន​គណៈរដ្ឋមន្ត្រី​​នា​ពេល​ខាងមុខ​។

    ទន្ទឹម​នឹង​នេះ ថៃ​ក៏​អាច​នឹង​បន្ធូរ​បន្ថយ​ពន្ធ​ចំពោះ​អ្នក​ដែល​ចង់​សាងសង់​ផ្ទះ​ ព្រម​ទាំង​បន្ថយ​អត្រា​ការ​ប្រាក់​ចំពោះ​អ្នកមាន​ចំណូល​ទាប​​ដែល​ចង់​ខ្ចី​ប្រាក់​ទិញ​ផ្ទះ​ផងដែរ​។

    ស្ថាប័ន​ខាង​លើ​ក៏​នឹង​ដាក់​សំណើ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​ទាក់​ទង​នឹង​សិទ្ធិ​កាន់​កាប់​ផ្ទះ​របស់​ជន​បរទេស​។ ក្នុង​នោះ រយៈ​ពេល​នៃ​ការ​ជួល​ផ្ទះ​ អាច​នឹង​ត្រូវ​បាន​បន្ថែម​សុពលភាព​​ពី 30 ឡើង​ដល់ 99 ឆ្នាំ​ ព្រម​ទាំង​អាច​អនុញ្ញាត​ឱ្យ​ជន​បរទេស​ទិញ​ផ្ទះស្នាក់​នៅ​​ប្រភេទ​ខ្លះ​ទៀត​ផង​។

    ក្រុម​ហ៊ុន​ទិន្នន័យ​ Statista (អាល្លឺម៉ង់) បាន​គណនា​ឃើញ​ថា ទំហំ​​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ នឹង​កើន​ឡើង​ដល់ជាង​ 2.5 ទ្រីលាន (2,500,000,000,000) ​ដុល្លារ​អាម៉េរិក​ ក្នុង​ឆ្នាំ​នេះ​។ ក្នុង​នោះ ទីផ្សារ​​ផ្ទះ​ស្នាក់​នៅ​មាន​តម្លៃ​សរុប​ជាង 2 ទ្រីលាន​ដុល្លារ​៕

  • ក្រុម​ហ៊ុន​ Chery បង្កើតរោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

    ក្រុម​ហ៊ុន​ Chery បង្កើតរោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

    ក្រសួង​ពាណិជ្ជកម្ម​វៀតណាម កាលពីសប្ដាហ៍​កន្លង បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ផលិត​រថយន្ត​រដ្ឋ​ចិន Chery Automobile បាន​យល់​ព្រម​សង់រោង​ចក្រ​ដំឡើង​រថយន្ត​អគ្គិសនី​តម្លៃ 800 លាន​ដុល្លារ​អាម៉េរិក នៅ​ប្រទេស​វៀតណាម តាម​រយៈ​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​មួយ​នៅក្នុង​ស្រុក​។

    Omoda & Jaecoo របស់​ Chery នឹង​បង្កើត​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​ ជាមួយ​នឹង Geleximco ដែលមាន​ទីស្នាក់ការ​នៅ​វៀតណាម​ ដើម្បី​គ្រប់គ្រង​រោង​ចក្រ​ខាងលើ​។

    ដំណាក់​កាល​សាងសង់ដំបូង គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ត្រីមាស​ទីមួយនៃ​ឆ្នាំ 2026​៕

  • ថៃ និង​ហ្វីលីពីន ជំរុញ​ការ​អភិវឌ្ឍ​ «ថាមពល​នុយក្លេអែរ»

    ថៃ និង​ហ្វីលីពីន ជំរុញ​ការ​អភិវឌ្ឍ​ «ថាមពល​នុយក្លេអែរ»

    ប្រទេស​ថៃ និង​ហ្វ៊ីលីពីន កំពុង​រៀបផែនការ​ស្ថាបនា​រោង​ចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអែរ​ដំបូង​នៅ​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍។

    យោង​តាម​ទំព័រ Nikkei Asia នៅ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​នេះ ប្រទេស​ថៃ​នឹង​ប្រកាស​ឱ្យ​ដឹង​អំពី​គម្រោង​ថាមពល​ជាតិ​​សម្រាប់​ដំណាក់​កាល​ពី​ពេល​នេះ​ដល់​ឆ្នាំ 2037​ ក្នុង​នោះ ប្រទេស​នេះ​គ្រោង​នឹង​ដំឡើង​រោង​ចក្រ​ប្រតិកម្ម​ម៉ូឌុល​ខ្នាត​តូច​ (Small Modular Reactor – SMRs)។

    មេដឹក​នាំរដ្ឋាភិបាល​ថៃ លោក Thavisin បាន​ពិនិត្យ​អំពី​លទ្ធភាព​សាងសង់​រោង​ចក្រ​ថាមពល​នុយក្លេអែរ​ ជាមួយ​នឹង​រដ្ឋមន្ត្រី​ពាណិជ្ជកម្មអាម៉េរិក​ នៅ​បាងកក កាល​ពី​ថ្ងៃទី 14 មីនា​។

    ប្រទេស​ថៃ កំពុង​តែ​ជំរុញ​ការ​អភិវឌ្ឍ​ថាមពល​នុយក្លេអែរ​ ក្នុង​កាលៈទេសៈ​ដែល​អណ្ដូង​រ៉ែ​ឧស្ម័ន​ធម្មជាតិ​របស់​ប្រទេស​នេះ​ កាន់​តែ​ខើច​ទៅ​ៗ​ ខណៈ​ដែល​ថៃ បាន​សន្យា​ដោយ​កំណត់​គោលដៅ​ធ្វើ​ឱ្យ​មាន​តុល្យភាព​កាបូន​នៅ​ត្រឹម​ឆ្នាំ 2050​។

    ចំណែក​ហ្វ៊ីលីពីនវិញ ក៏​កំពុង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដូច​ទៅ​នឹង​ប្រទេស​ថៃ​។ ទីក្រុង​ម៉ានីល ក៏​រៀង​ផែនការ​បង្កើត​ស្ថានីយ​ថាមពល​នុយក្លេអែរ​ពាណិជ្ជកម្ម​មួយ​នៅ​ឆ្នាំ 2030​ ទន្ទឹម​នឹង​ការ​បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍ SMRs។ ក្រុម​ហ៊ុន​ NuSclae Power របស់​អាម៉េរិក​ មាន​គម្រោង​វិនិយោគ​ 7.5 ពាន់​លាន​ដុល្លារ​ ដើម្បី​សាងសង់​រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​នៅ​ហ្វ៊ីលីពីន​។

  • វៀតណាម​៖ រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​របស់​ខ្លួន​ ដំណើរ​ការ​ល្អ​ក្នុង 40 ឆ្នាំ​កន្លង​

    វៀតណាម​៖ រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​របស់​ខ្លួន​ ដំណើរ​ការ​ល្អ​ក្នុង 40 ឆ្នាំ​កន្លង​

    រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ ឬ​ហៅ​ថា ម៉ាស៊ីន​រ៉េអាក់ទ័រ​ នៅ​ទីក្រុង​ដាឡាត ដំណើរ​ការ​ជាមួយ​អានុភាព​ 500 kWt ចាប់​ពី​ឆ្នាំ 1984​ និង​ប្រើ​ប្រាស់សម្រាប់​ការ​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ការ​ផលិត​ថ្នាំ​វិទ្យុសកម្ម​សម្រាប់​វិស័យ​សុខាភិបាល​ ឧស្សហកម្ម និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​។

    ព័ត៌មាន​នេះ​ត្រូវ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃទី 23 មីនា 2024 ដោយ​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​វៀតណាម នៅ​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​ 40 ឆ្នាំ​​នៃ​ថ្ងៃ​​សម្ពោធ​រោង​ចក្រ​​រ៉េអាក់ទ័រ​ដាឡាត បន្ទាប់​ពី​បាន​​​បាន​ស្ដារ និង​ពង្រីក​​។

    យោង​តាម​រដ្ឋមន្ត្រី​ខាងលើ ក្នុង​ 40 ឆ្នាំ​កន្លង រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ដាឡាត​ បាន​ដំណើរ​ការ​ដោយ​សុវត្ថិភាព​។ វិទ្យាស្ថានស្រាវជ្រាវ​នុយក្លេអែរ​ដាឡាត បាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​ជោគ​ជ័យ​នូវ​បច្ចេកវិទ្យា​ផលិត​ថ្នាំ​បន្សាប​វិទ្យុសកម្ម​ និង​ព្យាបាល​ជំងឺ​ជា​ច្រើន​ផងដែរ​។

    រោង​ចក្រ​រ៉េអាក់ទ័រ​ TRIGA Mark-2 អានុភាព​ 250 kWt ត្រូវ​បាន​អាម៉េរិក​សាងសង់​នៅ​​ទីក្រុង​ដាឡាត នៃ​ខេត្ត​​ឡឹម​ដុង ប្រទេស​វៀតណាម កាល​ពីឆ្នាំ 1963​។ នៅ​មុន​ថ្ងៃទី 30 មេសា 1975 បន្ទះ​ឥន្ធនៈ​ទាំង​អស់​របស់​រោង​ចក្រ​នេះ​ត្រូវ​បាន​ដោះ​ និង​ដឹក​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក​ ធ្វើ​ឱ្យ​រោង​ចក្រ​មិន​អាច​ដំណើរ​ការ​។

    ក្រោយ​មក ចាប់​ពី​ឆ្នាំ 1982 សូវៀត (បច្ចុប្បន្ន​ជា​ រុស្ស៊ី) បាន​ជួយ​ស្ដារ និង​ពង្រីក​រោង​ចក្រ​រ៉េអាក់ទ័រ​ដាឡាត​នេះ​។ មក​ដល់​ឆ្នាំ 1984 រោង​ចក្រ​រ៉េអាក់ទ័រ​ដែល​​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅជា​រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ដាឡាត​នេះ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ជាមួយ​អានុភាព​ 500 kWt ខ្ពស់​ជាង​ទ្វេ​ដង បើធៀប​នឹង​អានុភាព​មុន​នោះ​របស់​ TRIGA។

  • BYD ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី​ ឆាប់​ៗ​នេះ

    BYD ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី​ ឆាប់​ៗ​នេះ

    ថ្មី​ៗ​នេះ រថយន្ត​មន្ត្រីមួយ​រូប​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ 2026 ក្រុម​ហ៊ុន​ចិន BYD នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ​។

    Luhut Panjaitan រដ្ឋមន្ត្រី​សម្រប​សម្រួល​កិច្ច​ការ​សមុទ្រ និង​វិនិយោគ​ កាល​ពី​ថ្ងៃទី 20 មីនា ​បាន​បង្ហោះ​​សារ​​លើ​គណនី​ Instagram របស់​ខ្លួន​ ឱ្យ​ដឹង​ថា BYD គ្រោង​នឹងប្រារព្ធ​ពិធីសម្ពោធ​បើក​ការដ្ឋាន​សាងសង់​រោង​ចក្រ​មួយ​ក្នុង​ទឹក​ដី​ឥណ្ឌូណេស៊ី​ នៅ​ខែ​កក្កដា​ខាងមុខ​។

    រដ្ឋមន្ត្រី​រូប​នេះ​បន្ថែម​ថា BYD បាន​ដាក់​គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​របស់​ខ្លួន​នៅ​ឥណ្ឌូណេស៊ី ចាប់​ពី​ដើម​ឆ្នាំ 2026​។

    កាល​ពី​ខែ​មករា រដ្ឋមន្ត្រី​សេដ្ឋកិច្ចឥណ្ឌូណេស៊ី ក៏​ធ្លាប់​បាន​ឱ្យ​ដឹង​ថា BYD មាន​គម្រោង​វិនិយោគ​ 1.3 ពាន់​លាន​ដុល្លារ​ ដើម្បី​សង់​រោង​ចក្រ​ដែល​អាច​ផលិត​រថយន្ត​អគ្គិសនី​បាន 150,000 គ្រឿង​/ឆ្នាំ​ នៅ​ប្រទេស​នេះ​។

    ចំណែក​ខាង​ BYD ក៏​បាន​ប្រាប់​ថា កំពុង​កសាង​ហេដ្ឋារចនាសម្ព័ន្ធសម្រាប់​គាំទ្រ​ដល់​ការ​ផលិត​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ ហើយ​ថា នឹង​បង្កើត​បណ្ដាញ​លក់រាយ​រហូត​ដល់ 50 ទីតាំង​ នៅ​ចុង​ឆ្នាំ 2024​។

  • គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ សម្រេច​បាន​ជិត​ 30 ភាគ​រយ​ហើយ

    គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ សម្រេច​បាន​ជិត​ 30 ភាគ​រយ​ហើយ

    ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្មី​ៗ​នេះ​បាន​ឱ្យ​ដឹង​ថា គម្រោង​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ កំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមាន ដោយការសាងសង់តួស្ពានសម្រេចបាន 45%។

    ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង នារសៀលថ្ងៃទី 14 ខែមីនានេះ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់​។

    ក្នុង​ឱកាស​នោះ នៅ​ចំពោះ​មុខ​​ក្រុម​មន្ត្រី​ និង​តំណាង​ក្រុម​ហ៊ុន​ពាក់​ព័ន្ធ​ ឯកឧត្តមរដ្ឋលេខាធិការនាយកគម្រោង បានជំរុញឱ្យក្រុមហ៊ុនសាងសង់ដាក់បន្ថែមគ្រឿងចក្រ និងអនុវត្តតាមប្រតិទិនការងារ ក៏​ដូច​ជា​ស្ដង់ដា​សំណង់​ឱ្យបានច្បាស់លាស់។

    យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ គិត​មកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពាន​នេះ​ សម្រេចបាន 45% ហើយ​គ្រោងនឹងបញ្ចប់នៅកំឡុងខែកញ្ញា ឆ្នាំ 2025 ខាងមុខ គ្រា​ដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន 15%។

    ជារួម វឌ្ឍនភាពគម្រោងទាំងមូលសម្រេចបានប្រមាណជិត 30%។ យោង​តាម​ក្រសួខាង​លើ តួលេខ​នេះ​បង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមានទៅតាមការរំពឹងទុក។

    គម្រោង​ស្ពាននេះ ត្រូវបានផ្តល់ហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ចំនួនជិត 112​លានដុល្លារ​អាមេរិក ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេរនេះ រួមនឹងការស្តារឡើងវិញនូវផ្លូវជាតិលេខ 7។

    គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុបជាង 33 គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ 7 (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ 60B ក្នុងនោះការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ មានប្រវែងជាង​ 1,700 ម៉ែត្រ ទទឹងជាង 13 ម៉ែត្រ តភ្ជាប់ពីត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី ទៅត្រើយខាងលិច ត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

    គម្រោង​នេះនឹងចាយ​ពេល​សាងសង់​ប្រមាណ 42 ខែ និង​​អនុវត្ត​គម្រោង​ដោយ​ក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាព ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន របស់​ចិន​៕

  • ទុនវិនិយោគ​ជិត 1.2 ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់​ពីខែកុម្ភៈ 2024

    ទុនវិនិយោគ​ជិត 1.2 ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់​ពីខែកុម្ភៈ 2024

    នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ 2024 ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (ក.អ.ក) បាន​អនុម័ត​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន 37 គម្រោង​ ដែល​មាន​ទុន​វិនិយោគ​សរុប​ជិត 1.2 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​អាច​បង្កើត​ការ​ងារ​បាន​ប្រមាណ 38 ពាន់​កន្លែង​។

    យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍកម្ពុជា​ នៅ​ក្នុង​កុម្ភៈ មាន​គម្រោង​វិនិយោគ​ចំនួន 5 ដែល​លេច​ធ្លោ​ជាង​គេ​ រួម​មាន​ដូច​ខាង​ក្រោម​៖​

    1-គម្រោង​វិនិយោគ​សាងសង់​វារី​អគ្គិសនី​ស្ទឹងមេទឹក អានុភាព​ 150 MW ក្នុង​ខេត្ត​កោះ​កុង​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ 440 លាន​ដុល្លារ​អាម៉េរិក​

    2-គម្រោង​វិនិយោគ​សាងសង់​កំពង់ផែ​ពហុបំណង​ និង​មណ្ឌល​ភស្តុភារ​កម្ម​កំពង់ឆ្នាំង ក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​ទុន​ប្រមាណជាង 108 លាន​ដុល្លារ​

    3-គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ នៅក្នុង​ខណ្ឌ​ដូន​ពេញ​ ​រាជធានី​ភ្នំ​ពេញ ​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង 107 លាន​ដុល្លារ​

    4-គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំ​ពេញ ​មាន​ទុន​ប្រមាណ​ 30 លាន​ដុល្លារ​

    5-គម្រោង​ពង្រីក​ផលិតកម្ម​របស់​គម្រោង​វិនិយោគ​ផលិតសំបក​កង់​រថយន្ត នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង ​មាន​ទុន​វិនិយោគ​ប្រមាណ 212 លាន​ដុល្លារ​អាម៉េរិក​។

    ក.អ.ក ឱ្យ​ដឹង​ថា ក្នុង​ខែ​កុម្ភៈ ឆ្នាំ​ 2024 វិនិយោគិន​ក្នុង​ស្រុក​បាន​រួម​ចំណែក​បណ្ដាក់​ទុន​វិនិយោគ​សរុប​ចំនួន 58.41% ស្រប​ពេល​ដែល​ទុន​​មាន​ប្រភព​ពី​ប្រទេស​ចិន រួម​ចំណែក​ 33.19%​, សិង្ហបុរីរួម​ចំណែក​ 4.3% និង​វៀតណាម 4.09%​៕

  • អារ៉ាប៊ីសាអូឌីត នឹង​សង់​អគារ​កប់​ពពក​ កម្ពស់​ 2 គីឡូម៉ែត្រ​

    អារ៉ាប៊ីសាអូឌីត នឹង​សង់​អគារ​កប់​ពពក​ កម្ពស់​ 2 គីឡូម៉ែត្រ​

    គម្រោង​អគារ​កម្ពស់​ 2 គីឡូម៉ែត្រ នឹង​ត្រូវ​បាន​សាងសង់​នៅ​តំបន់​ភាគ​ខាង​ជើង​នៃ​រាជធានី​រីយ៉ាត់ បើ​ទោះ​ជា​មាន​ឧបសគ្គ​ផ្នែក​សំណង់​ និង​ការ​ចំណាយ​ដ៏ធំ​សម្បើម​។

    យោង​តាម​ New Atlas ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុម​ហ៊ុន Foster + Partners រៀប​គម្រោង​រចនា​ គូរ​ប្លង់​អគារ​កម្ពស់​ 2 គីឡូម៉ែត្រ នៅ​រីយ៉ាត់​ ប្រទេស​អារ៉ាប៊ីសាអូឌីត​។ គម្រោង​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​មូលនិធិ​វិនិយោគ​សាធារណៈ​ (PIF) របស់​អារ៉ាប៊ីសាអូឌីត​។ អគារ​នេះ​នឹង​ខ្ពស់ជាង​ទ្វេដង បើ​ធៀប​នឹង​អគារ Burj Khalifa នៅ​ឌូបៃ (828 ម៉ែត្រ​) ដែលជា​អគារ​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ នា​បច្ចុប្បន្ន​។

    ក្រៅ​ពី​ព័ត៌មាន​ស្ដី​ពី​កម្ពស់ និង​ទីតាំង​សាងសង់ ក្រុម​មន្ត្រី​ពាក់​ព័ន្ធ​មិនទាន់​​បាន​បង្ហើប​ឱ្យ​ដឹង​អ្វី​ផ្សេង​អំពី​គម្រោង​នេះ​នៅ​ឡើយ​។ ក៏ប៉ុន្តែ តាម​ការ​ប៉ាន់​ស្មាន អគារ​នេះ​នឹង​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន​ ក្នុង​នោះ​មាន​ជា​អាទិ៍ គ្រឹះ​ត្រូវ​តែ​រឹង​មាំ​បំផុត និង​ការ​ចំណាយ​ខ្ពស់​ខ្លាំង​ជា​ដើម​។