Tag: សហរដ្ឋ​អាម៉េរិក

  • យន្តហោះ​ SKY Magnetar ​លឿន​ជាង​ 6 ​ដង​ធៀប​នឹង​យន្តហោះ​លឿន​ជាង​គេ​នា​បច្ចុប្បន្ន​

    យន្តហោះ​ SKY Magnetar ​លឿន​ជាង​ 6 ​ដង​ធៀប​នឹង​យន្តហោះ​លឿន​ជាង​គេ​នា​បច្ចុប្បន្ន​

    យន្តហោះ SKY Magnetar ដែលមាន​រូបរាង​ស្រដៀង​យានអវកាស អាច​ដឹក​អ្នកដំណើរ​ហោះ​ក្នុង​ល្បឿន 6,759 គីឡូម៉ែត្រ។

    អ្នក​រចនា Oscar Vinals មកពី​អេ​ស្ប៉ា​ញ បានបង្ហាញ​យន្តហោះ SKY Magnetar ដែល​អាច​ហោះ​ក្នុង​ល្បឿន 6,759 គីឡូម៉ែត្រ​/ម៉ោង លឿន​ជាង​បី​ដង​ធៀប​នឹង​យន្តហោះ Concorde។ យន្តហោះ​នេះ​អាច​ដឹក​អ្នកដំណើរ​ពី​ក្រុង​ឡុង​ដ៍ របស់​ចក្រភព​អង់គ្លេស ទៅកាន់ New York សហរដ្ឋ​អាម៉េរិក ដោយ​ចំណាយពេល​តែ 50 នាទី លឿន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​កំណត់ត្រា 2 ម៉ោង នឹង 52 នាទី មុន​នោះ។ នេះ​បើតាម​ទំព័រ Sun ចុះផ្សាយ​កាលពី​ថ្ងៃទី 13 ឧសភា។

    យាន​ដែល​ពាក់កណ្ដាល​ជា​យន្តហោះ ពាក់កណ្ដាល​ជា​រ៉ុក្កែត​នេះ មាន​បណ្ដោយ 112 ម៉ែត្រ និង​អាចដាក់​អ្នកដំណើរ​បាន 120 នាក់។ យន្តហោះ​នេះ​នឹងត្រូវ​បាន​បើកបរ​ដោយ​ពី​ឡុ​ត​ពីរ​នាក់ រួម​នឹង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត។ SKY Magnetar អាច​ហោះ​បាន​ចម្ងាយ 11,999 គីឡូម៉ែត្រ ដែល​អាច​ហោះ​ទៅដល់​គ្រប់​ទីកន្លែង​ដោយ​ប្រើពេល​តែ​ពីរ​ម៉ោង។

    SKY Magnetar នឹង​ជា​យន្តហោះ​ដែល​ល្អ​សម្រាប់​បរិស្ថាន ដោយសារ​ប្រើប្រាស់​ឥន្ធនៈ​អ៊ីដ្រូសែន​ជា​ថាមពល​សម្រាប់​ម៉ាស៊ីន។

    យន្តហោះ Concorde

    ទោះជា​យ៉ាងនេះ​ក៏ដោយ មកដល់​បច្ចុប្បន្ន​មិនទាន់មាន​ក្រុមហ៊ុន ឬ​អង្គការ​ណាមួយ​បញ្ជាក់ថា​នឹង​ផលិត ក៏ដូចជា​សាកល្បង​រចនា​យន្តហោះ​ SKY Magnetar នៅឡើយ ខណៈដែល​លោក Oscar ​ជឿថា យន្តហោះ​នេះ​នឹង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​អាកាសចរណ៍​ល្បឿន​លឿន​ជាង​សំឡេង​នៅ​ពាសពេញ​ពិភពលោក។

    Boeing 747-8i

    យន្តហោះ Concorde ដែល​សហការ​អភិវឌ្ឍ និង​ផលិត​ដោយ​ចក្រភព​អង់គ្លេស និង​បារាំង បាន​ឈប់​ដំណើរការ​កាល​ពី​ឆ្នាំ 2003​ ដោយសារ​តែមាន​សំឡេង​រំខាន​ខ្លាំង ការចំណាយ​ក៏​ខ្ពស់ និង​សមត្ថភាព​ផ្ទុក​មិនបាន​ច្រើន​។ បច្ចុប្បន្ន យន្តហោះ​ដែលមាន​ល្បឿន​លឿន​ជាងគេ​លើ​ពិភពលោក​ ​គឺ Boeing 747-8i ដែល​ហោះ​បាន 1,062 គីឡូម៉ែត្រ/ម៉ោង ស្មើនឹង ½ នៃ​ល្បឿន​របស់​យន្តហោះ Concorde និង 1/6 នៃ​ល្បឿន​របស់​យន្តហោះ SKY Magnetar៕

  • មហា​សេដ្ឋី​ Elon Musk រកបាន CEO ថ្មី សម្រាប់ Twitter

    មហា​សេដ្ឋី​ Elon Musk រកបាន CEO ថ្មី សម្រាប់ Twitter

    មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បានឱ្យដឹងថា រកបាន​មនុស្ស​សម្រាប់​តំណែង​នាយក​ប្រតិបត្តិ​របស់​ Twitter ហើយ​មនុស្ស​ថ្មី​នេះ​នឹង​ចូលមក​ដឹកនាំ​បណ្ដាញ​សង្គម​នេះ​ នា​ពេល​ឆាប់​ៗ​។

    «រីករាយ​ប្រកាសថា ខ្ញុំ​បានជ្រើសរើស CEO ថ្មី​សម្រាប់ X/Twitter។ គាត់​នឹង​ចាប់ផ្ដើម​ធ្វើការ​ក្រោយ​រយៈពេល​ប្រហែល 6 សប្ដាហ៍​ទៀត។ ខ្ញុំ​នឹង​ងាក​ទៅ​បំពេញ​តួនាទី​ជា​ប្រធាន និង CTO (Chief Technology Officer) ដែល​គ្រប់គ្រង​ផលិតផល សប​វ៉ែ និង​ប្រព័ន្ធ» លោក Elon Musk សរសេរ​លើ Twitter ដូច្នេះ។

    លោក Musk មិនទាន់​បង្ហើប​ឱ្យ​ដឹង​ថា CEO ថ្មី​នេះ​ជា​អ្នកណា ប៉ុន្តែ បើ​យោងតាម​ទំព័រ Wall Street Journal នាយក​ប្រតិបត្តិ​ថ្មី​នេះ​អាចជា Linda Yaccarino ប្រធាន​ផ្នែក​ទំនាក់ទំនង​ភាពជា​ដៃគូ​សហការ និង​ផ្សព្វផ្សាយ​សាកល​របស់ NBCUniversal ដែលជា​ក្រុមហ៊ុន​កំសាន្ត និង​ផ្សព្វផ្សាយ ជា​កម្មសិទ្ធិ​របស់ Comcast មាន​ទីស្នាក់ការ​កណ្ដាល​នៅ New York សហរដ្ឋ​អាម៉េរិក។

    មុន​នោះ Business Insider ដកស្រង់​ប្រភពព័ត៌មាន​ក្នុង​វិស័យប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ឱ្យដឹងថា Yaccarino មានបំណង​ក្លាយជា CEO របស់ Twitter ។ អ្នកស្រី​ក៏ត្រូវ​បាន​គេ​ដឹងថា បាន​និយាយ​រឿងនេះ​ប្រាប់​មិត្តភក្ដិ​មួយចំនួន​ផងដែរ។

    អ្នក​ស្រី Linda Yaccarino

    ទាក់ទង​នឹង​ពាក្យ​ចចាមអារ៉ាម​ស្ដីពី​អ្នកស្រី Yaccarino ភាគី​ខាង Twitter ក៏ដូចជា​លោក Musk មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ។

    ក្រៅពីអ្នកស្រី Yaccarino តំណែង CEO របស់ Twitter នេះ​ក៏​អាច​ធ្លាក់​ទៅលើ​ដៃ Ella Irwin ដែល​បច្ចុប្បន្នកំពុង​​ដឹកនាំ​ផ្នែក​គ្រប់គ្រង​ទំនុកចិត្ត និង​សុវត្ថិភាព​របស់ Twitter។ ក៏ប៉ុន្តែ ចំណាប់អារម្មណ៍​របស់​សាធារណជន កំពុង​ផ្ដោត​ខ្លាំង​ទៅលើ អ្នកស្រី Yaccarino៕

  • រ៉ុក្កែត SpaceX នឹង​នាំយក​ស្ថានីយ​អវកាស​ឯកជន​ឡើងទៅ​កាន់​គន្លង​​តារាវិថី

    រ៉ុក្កែត SpaceX នឹង​នាំយក​ស្ថានីយ​អវកាស​ឯកជន​ឡើងទៅ​កាន់​គន្លង​​តារាវិថី

    (សហរដ្ឋ​អាម៉េរិក) – ស្ថានីយ​អវកាស​ឯកជន​ដែលមាន​បណ្ដោយ​ប្រហែល 100 ម៉ែត្រ រួមមាន​ម៉ូឌុល​ជាច្រើន និង​ទំនាញផែនដី​សិប្បនិម្មិត នឹងធ្វើ​សកម្មភាព​នៅលើ​គន្លង​គោចរ​ផែនដី នៅ​ពីរ​ឆ្នាំ​ខាងមុខ។

    ក្រុមហ៊ុន Vast Space នៅ California កាលពី​ថ្ងៃទី 10 ឧសភា បានប្រកាស​អំពី​គម្រោង​បាញ់​បង្ហោះ​ស្ថានីយ​អវកាស Haven-1 តាមរយៈ​រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX យ៉ាងយូរ​ត្រឹម​ខែសីហា 2025។ បន្ទាប់មក បេសកកម្ម Vast-1 នឹង​ដឹក​អ្នក​អវកាស​ឡើងទៅ​ស្ថានីយ Haven-1 និង​នៅ​ទីនោះ​រយៈពេល 30 ថ្ងៃ។ បេសកកម្ម Vast-1 ក៏​នឹង​ត្រូវបាន​បាញ់​បង្ហោះ​នៅលើ​រ៉ុក្កែត Falcon 9 ហើយ​ក្រុម​អវកាស​ចរ​នឹង​ជិះ​ក្នុង​យាន Dragon របស់ SpaceX។

    «ការសហការ​ជាមួយ SpaceX គឺជា​ជំហាន​ដំបូង​នៅក្នុង​គោលដៅ​យូរអង្វែង សំដៅ​រក​ការបាញ់​បង្ហោះ​ស្ថានីយ​អវកាស​បំពាក់​ទំនាញផែនដី​សិប្បនិម្មិត​ធំ​ជាង​មុន​ ទៅ​កាន់​​គន្លង​គោចរ​របស់​ផែនដី និង​ឆ្ងាយ​ជាង​នេះ» Jed McCaleb អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Vast Space បញ្ជាក់​ដូច្នេះ។

    Vast គឺជា​ក្រុមហ៊ុន​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ពីរ​ឆ្នាំមុន។ ក្រុមហ៊ុន​នេះ​មាន​គោលដៅ​គ្រប់គ្រង​ស្ថានីយ​អវកាស​បំពាក់​ទំនាញផែនដី​សិប្បនិម្មិត​ដែលមាន​ម៉ូឌុល​ច្រើន និង​ប្រវែង 100 ម៉ែត្រ ហើយ​បាញ់​បង្ហោះ​ដោយ​រ៉ុក្កែត​របស់ SpaceX។

    បើសិនជា​គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន Haven-1 នឹង​ក្លាយជា​ស្ថានីយ​អវកាស​ឯកជន​មួយ​​ក្នុង​ចំណោម​គម្រោង​នានា​ដែល​កំពុងស្ថិត​ក្នុងការ​អភិវឌ្ឍ។ កន្លងមក មាន​ក្រុមហ៊ុន​ជាច្រើន​ក៏បាន​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ប្រហាក់ប្រហែល​នឹង Haven-1 ក្នុងនោះ​ក៏មាន Axiom Space, Blue Origin, Nanoracks និង Northrop Grumman ផងដែរ៕

  • អាម៉េរិក​ប្រកាស​កញ្ចប់​ជំនួយ​​ថ្មី​តម្លៃ​ជាងមួយ​ពាន់​លាន​ដុល្លារ​សម្រាប់​​អ៊ុយ​ក្រែ​ន

    អាម៉េរិក​ប្រកាស​កញ្ចប់​ជំនួយ​​ថ្មី​តម្លៃ​ជាងមួយ​ពាន់​លាន​ដុល្លារ​សម្រាប់​​អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក​គ្រោង​នឹង​ផ្ដល់ជំនួយ​ផ្នែក​យោធា​បន្ថែមចំនួន 1.2 ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ដែនអាកាស។

    មន្ត្រី​អាម៉េរិក កាលពី​ថ្ងៃទី 08 ឧសភា បានឱ្យដឹងថា ប្រទេស​នេះ​គ្រោង​នឹង​ប្រកាស​អំពី​កញ្ចប់​ជំនួយ​ថ្មី​នៅ​ថ្ងៃទី 09 ឧសភា។ កញ្ចប់​ជំនួយ​នេះ​គ្រោង​នឹងត្រូវ​បានផ្ដល់​ឱ្យ​ក្នុង​រយៈពេល​ច្រើន​ខែ និង​ច្រើន​ឆ្នាំ​ទៀត​ដើម្បី​ធានា​សន្តិសុខ​ក្នុង​អនាគត​របស់​អ៊ុយ​ក្រែ​ន ខុសពី​ជំនួយ​ជា​អាវុធ និង​សម្ភារ​យោធា​ដែល​ត្រូវបាន​យក​ពី​ឃ្លាំង​របស់​កងទ័ព​អាម៉េរិក​ដោយផ្ទាល់​ដែល​ធ្លាប់បាន​ធ្វើឡើង​នាពេល​កន្លង។

    កញ្ចប់​ជំនួយ​ថ្មី​ដែលមាន​តម្លៃ 1.2 ពាន់​លាន​ដុល្លារ​នេះ​នឹង​ធ្វើឱ្យ​កញ្ចប់​ជំនួយ​យោធា​សរុប​ដែល​អាម៉េរិក​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន កើន​ឡើងដល់​ជិត 37 ពាន់​លាន​ដុល្លារ រាប់​ចាប់តាំងពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​កាលពី​ខែកុម្ភៈ 2022 រហូតដល់​បច្ចុប្បន្ន។

    មីស៊ីល​ការ​ពារ​ដែន​អាកាស​ MIM-23 HAWK

    ព័ត៌មាន​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​គ្រា​ដែល​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​ន​ប្រឈម​នឹង​សម្ពាធ​ខ្លាំង​ពី​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​រុស្ស៊ី នៅមុន​ការ​វាយបក​ទ្រង់ទ្រាយ​ធំ​របស់​ទីក្រុង​កៀវ។

  • ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរខ្នាត​តូច​​របស់ Westinghouse អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​មនុស្ស 300,000 គ្រួសារ

    ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរខ្នាត​តូច​​របស់ Westinghouse អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​មនុស្ស 300,000 គ្រួសារ

    (សហរដ្ឋ​អាម៉េរិក) – ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ ឬ​រ៉េ​អា​ក់ទ័រ​នុយ​ក្លេ​អែរ AP300 របស់​ក្រុមហ៊ុន Westinghouse មាន​កម្លាំង 300 ម៉េ​ហ្គា​វ៉ា​ត់ គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​ដល់​តម្រូវការ​របស់​ម​នុស្ស 300,000 គ្រួសារ។

    ក្រុមហ៊ុន Westinghouse ថ្មីៗនេះ បានបង្ហាញ AP300 ដែលជា​កំណែ​តូច​របស់​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ AP1000 នៅក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ពង្រីក​សមត្ថភាព​ប្រើប្រាស់​ថាមពល​នុយ​ក្លេ​អែរ ដោយសារតែ​តម្រូវការ​ ​ថាមពល​ស្អាត​កើនឡើង​ខ្ពស់។ តាម​​ផែនការ ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ AP300 នឹង​ដំណើរការ​ចាប់ពី​ឆ្នាំ 2027 និង​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​បរិមាណ​ស្មើនឹង ¼ នៃ​ថាមពល​​របស់​ម៉ាស៊ីន AP1000។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រុមហ៊ុន Westinghouse ដែល​បានប្រកាស​កាលពី​ថ្ងៃទី 04 ឧសភា។

    ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ មិន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ​ម៉ាស៊ីន​កាន់តែ​តូច ការចំណាយ​ក្នុងការ​អភិវឌ្ឍ​ក៏​កាន់តែ​ទាប។ AP300 នឹងមាន​ការចំណាយ​ប្រហែល​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក/គ្រឿង ខណៈដែល AP1000 ​ត្រូវ​ចំណាយ 6.8 ពាន់​លាន​ដុល្លារ។ AP300 នឹង​ផលិត​អគ្គិសនី​បាន​ប្រហែល 300 ម៉េ​ហ្កា​វ៉ា​ត់ ស្មើនឹង ¼ បើ​ធៀប​នឹង 1,200 ម៉េ​ហ្កា​វ៉ា​ត់របស់ AP1000។ អគ្គិសនី 300 ម៉េ​ហ្កា​វ៉ា​ត់​អាច​ផ្គត់ផ្គង់​ដល់​តម្រូវការ​របស់​ម​នុស្ស​ប្រហែល 300,000 គ្រួសារ។

    ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ ឬ​រ៉េ​អា​ក់ទ័រ​នុយ​ក្លេ​អែរ AP300 របស់​ក្រុមហ៊ុន Westinghouse ធៀប​នឹង​ទីលាន​បាល់​ទាត់​

    ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​របស់​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​របស់​ក្រុមហ៊ុន Westinghouse នឹងមិន​បង្កឱ្យមាន​ប​ញ្ហា​ឡើយ បើសិន​ត្រូវបាន​ប្រើប្រាស់​នៅ Fukushima ជាទី​ដែល​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ…

    ហេតុ​ការណ៍​កើត​ឡើង​នៅ​ឯ​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ Fukushima Daiichi កាល​ពី​ឆ្នាំ 2011

    …Fukushima Daiichi ត្រូវបាន​បំផ្លាញ នាំ​ឱ្យ​វិទ្យុសកម្ម​សាយភាយ​ពេញ​មួយ​តំបន់​ធំ​នៅ​ប្រទេស​ជប៉ុន​ បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយ​ដី និង​រលក​យក្សកើត​ឡើង​ កាលពី​ថ្ងៃទី 11 មីនា 2011។

  • អាម៉េរិក​អាច​ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ 500 លាន​ដុល្លារ​ដល់​កោះ​តៃវ៉ាន់

    អាម៉េរិក​អាច​ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ 500 លាន​ដុល្លារ​ដល់​កោះ​តៃវ៉ាន់

    រដ្ឋាភិបាល​អាម៉េរិក អាច​យក​អាវុធ​តម្លៃ 500 លាន​ដុល្លារ​ពី​ឃ្លាំង ដើម្បី​ជញ្ជូន​ទៅឱ្យ​កោះ​តៃវ៉ាន់​ភ្លាម​ៗ​ ក្នុងពេល​ភាព​តានតឹង​ក្នុង​តំបន់​បន្ត​កើតឡើង។

    ប្រភពព័ត៌មាន​នានា កាលពី​ថ្ងៃទី 05 ឧសភា បានឱ្យដឹងថា កញ្ចប់​ជំនួយ​សម្រាប់​កោះ​តៃវ៉ាន់ នឹង​ទាក់ទិន​នឹង​ការដក​អាវុធ ឬ​សម្ភារៈ​ជំនួយ​នៅក្នុង​ឃ្លាំង​អាវុធ​របស់​សហរដ្ឋ​អាម៉េរិក ទៅតាមច្បាប់​ «​សិទ្ធិ​បែងចែក​ប្រភពធនធានរបស់​​ប្រធានាធិបតី (PDA)» ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​អំពី​ប្រភេទ​អាវុធ ក៏ដូចជា​ពេលវេលា​នៃ​ការប្រគល់​អាវុធ​។

    អ្នកនាំពាក្យ​របស់​មន្ទី​រ​បញ្ច​កោណ ក្រោយមក​ក៏បាន​បដិសេធ​ការអធិប្បាយ​អំពី​បញ្ហា​ដែលថា តើ​សហរដ្ឋ​អាម៉េរិក​បាន​ព​ន្លឿ​ន​ការ​ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ 500 លាន​ដុល្លារ​ទៅឱ្យ​កោះ​តៃវ៉ាន់ ឬ​អត់។ «វិធី​ដែល​យើង​ធ្វើ​គឺ​នៅតែ​សមស្រប​ជាមួយនឹង​គោលនយោបាយ​យូរអង្វែង​របស់​សហរ​ដ្ឋ​អាម៉េរិក។ យើង​កំពុង​ប្រឹងប្រែង​អនុវត្ត​កាតព្វកិច្ច​ទៅតាម​ច្បាប់​ស្ដីពី​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់ ហើយនឹង​បន្តធ្វើ​ដូច្នេះ» នេះ​បើ​តាម​អ្នកនាំពាក្យ​របស់​មន្ទី​រ​បញ្ច​កោណ​។

    អាជ្ញាធរ​ចិននៅ​ទីក្រុង​ប៉េកាំង​ មិនទាន់​បញ្ចេញ​ប្រតិកម្ម​តបត​នៅឡើយ ទាក់ទិន​នឹង​ព័ត៌មាន និង​ការលើកឡើង​ខាងលើ។

    សភា​អាម៉េរិក មុន​នោះបាន​ផ្ដល់​សិទ្ធិ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់ជំនួយ​ជា​អាវុធ​តម្លៃ​មួយ​ពាន់​លាន​ដុល្លារ​ដល់​កោះ​តៃវ៉ាន់ ទៅតាម​ច្បាប់​ PDA ក្នុងករណី​ចាំបាច់ ដោយ​មិនត្រូវ​រង់​ចាំ​​ការយល់ព្រម​ពីស​ភា។ សហរដ្ឋ​អាម៉េរិក​ធ្លាប់បាន​ប្រើប្រាស់​យន្តការ​បែប​នេះ​ជាង 30 លើក​ ដើម្បី​ជញ្ជូន​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន។

    ព័ត៌មាន​ស្ដីពី​ការផ្ដល់​ជំនួយ​ជា​អាវុធ​ខាងលើ បាន​លេចឡើង​នៅពេល​ស្ថានការណ៍​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ បន្ត​កើនឡើង។

    ប្រទេស​ចិន​តែងតែ​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់ខ្លួន ដែល​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ ហើយ​ថា នឹង​ប្រើ​កម្លាំងបាយ​យកមក​កាន់កាប់ ​បើសិន​ចាំបាច់។ ចំណែក​សហរដ្ឋ​អាម៉េរិក​វិញ បាន​សន្យា​គោរព​គោលការណ៍ «ចិន​តែមួយ» ប៉ុន្តែ​បន្ត​រក្សា​ទំនាក់ទំនង ការពារ និង​លក់​អាវុធ​ឱ្យ​កោះ​តៃវ៉ាន់។

    ច្បាប់​ស្ដីពី​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់ ត្រូវបាន​អតីត​ប្រធានាធិបតី​អាម៉េរិក Jimmy Carter ចុះហត្ថលេខា​ក្រោយពី​សហរដ្ឋ​អាម៉េរិក បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ចិន​ កាលពី​ឆ្នាំ 1979។ ច្បាប់​នេះ​តម្រូវឱ្យ​សហរដ្ឋ​អាម៉េរិក ជួយ​គាំទ្រ​ដល់​សមត្ថភាព​ការពារ​ខ្លួន​របស់​កោះ​តៃវ៉ាន់៕

  • រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​អាច​ផ្គត់ផ្គង់​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​មួយ​ពាន់​គ្រួសារ

    រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​អាច​ផ្គត់ផ្គង់​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​មួយ​ពាន់​គ្រួសារ

    (សហរដ្ឋ​អាម៉េរិក) – ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ ឬ​ហៅថា រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​របស់​ក្រុមហ៊ុន Radiant Industries អាច​ផ្គត់ផ្គង់​អគ្គិសនី​មួយ​ម៉េ​ហ្កា​វ៉ា​ត់ និង​បំពាក់​បច្ចេកវិទ្យា​ទំនើប​ជាច្រើន​ដើម្បី​ទប់ស្កាត់​បញ្ហា​រលាយ ​ដោយ​សារ​កម្ដៅ​។

    Doug Bernauer អតីត​វិស្វករ​អេ​ឡិច​ត្រូ​និ​ច​អាកាសចរណ៍​របស់ SpaceX កាលពី​ឆ្នាំ 2019 បាន​បង្កើត​ក្រុមហ៊ុន Radiant Industries ដែល​ជំនាញ​ខាង​អភិវឌ្ឍ​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចល័ត​ដែល​អាចដាក់​នៅក្នុង​កុងតឺន័រ។ ក្រុមហ៊ុន​នេះ​មាន​គោលដៅ​អភិវឌ្ឍ​រ៉េ​អា​ក់ទ័រ​នុយ​ក្លេ​អែរ​ខ្នាតតូច​ដែល​អាចដាក់​នៅ​​តំបន់​ដាច់ស្រយាល​បំផុត​របស់​ផែនដី និង​អាច​ផ្គត់ផ្គង់​អគ្គិសនី​មិន​ថា​ក្នុង​វិស័យ​យោធា ឬ​ស៊ីវិល។

    ទំព័រ Interesting Engineering ឱ្យដឹងថា ផែនការ​របស់ Radiant គឺ​ការបង្កើត​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែ​រដែ​លអាច​ផលិត​អគ្គិសនី​មួយ​ម៉េ​ហ្កា​វ៉ា​ត់ គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​មនុស្ស​ប្រហែល 1,000 គ្រួសារ។

    ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចល័ត​របស់ Radiant Industries ​អាចដាក់​នៅក្នុង​កុងតឺន័រ

    យោងតាម​កម្មវិធី​ថ្នាក់ជាតិ​មួយរបស់​សហរដ្ឋ​អាម៉េរិក​ ក្រុម​ហ៊ុន​ Radiant កំពុងធ្វើការ​ជាមួយ​បន្ទប់ពិសោធន៍​ជាតិ Idaho និង Argonne ដើម្បី​កែលំអ​ផលិតផល។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​ក៏​កំពុង​ផ្ដោតលើ​បច្ចេកទេស​របស់​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ និងការ​​សុំច្បាប់​អនុញ្ញាត​សម្រាប់​ការ​រចនា ក៏ដូចជា​កម្មសិទ្ធិបញ្ញា​លើ​បច្ចេកវិទ្យា​នេះ​។

  • កសិដ្ឋាន​ក្រោម​ទឹក​សមុទ្រ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ប្រើ​បច្ចេក​វិទ្យា​ទំនើប

    កសិដ្ឋាន​ក្រោម​ទឹក​សមុទ្រ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ប្រើ​បច្ចេក​វិទ្យា​ទំនើប

    កសិដ្ឋាន​នៅក្រោម​ទឹកសមុទ្រ​របស់​អ៊ីតាលី ផលិត​បន្លែ មើម​ស្អាត​នៅក្នុង​ប្រព័ន្ធ​ដែលមាន​រាង​ដូច​ផ្សិតដែល​គេ​ហៅ​ថា​ជីវមណ្ឌល​ ​ត្រូវបាន​បណ្ដែត​ខាងលើ​បាតសមុទ្រ។

    កសិដ្ឋាន Nemo គឺជា​ប្រព័ន្ធ​ដាំ​រុក្ខជាតិ​ខាងក្រោម​ទឹកសមុទ្រ​ដំបូង​គេ​លើ​ពិភពលោក។ ស្ថិតនៅក្រោម​សមុទ្រ Noli ប្រទេស​អ៊ីតាលី ភាគ​និរតី Genoa កសិដ្ឋាន​នេះ​រួមមាន​បណ្ដាញ​ផ្ទះ​កញ្ចក់​រាង​ពាក់កណ្ដាល​មូល​បោះ​យុថ្កា​​អណ្ដែត​ក្នុង​ទឹកសមុទ្រ។

    «ភារកិច្ច​របស់​បច្ចេក​វិទ្យា​នេះ​គឺ​ការផ្លាស់ប្ដូរ​​កសិកម្ម បង្កើន​សមត្ថភាព​ផលិត​ស្បៀងអាហារ​នៅតាម​តំបន់ឆ្នេរ​សមុទ្រ​របស់​ផែនដី ទៅតាម​វិធី​ស្ថិរភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន» សហ​ស្ថាបនិក Luca Gamberini ឱ្យដឹង​ដូច្នេះ។

    Sergio Gamberini ដែលជា​ឪពុក​របស់ Gamberini និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Ocean Reef Group ឱ្យដឹងថា គំនិត​ដែល​នាំឱ្យមាន​កសិដ្ឋាន​នេះ​ឡើង​គឺ​ដើម្បី​បូកផ្សំ​ចំណង់​ចំណូលចិត្ត​ចំនួន​ពីរ​គឺ​ការ​មុជទឹក និង​ការ​​ធ្វើ​ចំការ។ ឆ្នាំ 2012 គម្រោង​ត្រូវបាន​ចាប់ផ្ដើម​ដោយ​ការដាំ​ជីរ​​នាង​ល័​ក្ខ (basil) នៅក្នុង​បា​ឡុង​ខ្យល់​ក្រោម​ទឹក។ ដប់ឆ្នាំ​ក្រោយមក ចំការ Nemo កំពុងតែ​រីកចម្រើន នេះ​បើតាម CNN។

    កសិដ្ឋាន Nemo ប្រើប្រាស់​បច្ចេកទេស​អ៊ី​ដ្រូ​ប៉ូ​និ​ច ដែល​ប្រើ​សារជាតិ​បំប៉ន​ក្នុង​ទឹក​ជំនួស​ដី និង​ប្រើ​ពន្លឺ​ពី​អំពូល​ភ្លើង​ជំនួស​ពន្លឺ​ពី​ព្រះអាទិត្យ​នៅពេល​ចាំបាច់។ គ្រប់យ៉ាង​ត្រូវបាន​តាមដាន​ពី​កន្លែង​គ្រប់គ្រង​នៅលើ​ដី។

    ដល់ពេល​ត្រូវ​ប្រមូល​ផល អ្នក​មុជ​ទឹកនឹង​ហែល​ទៅ​កាត់​បន្លែ ដាក់ចូល​ក្នុង​ថង់ និង​នាំ​ឡើង​មកលើ​គោក។ ដោយសារតែ​ផ្ទះ​កញ្ចក់​ទាំងនេះ​មាន​រូបរាង​តូច​មិនអាច​ដាំ​រុក្ខជាតិធំៗ ប៉ុន្តែ​ក៏​អាច​ដាំ​បន្លែ ជីរពី 70 ទៅ 100 ដើម។ Gamberini និង​សហការី​បាន​ដាំ​សាកល្បង​ប្រភេទ​បន្លែផ្សេងៗតាំងពី​ស្ត្រ​ប៊េ​រី រហូតដល់​ប៉េងប៉ោះ សណ្ដែក និង​ជីរ​នានា។

    ការពិសោធ​ជាច្រើនក៏​​ត្រូវបាន​ធ្វើឡើង​នៅ​ចំការ​ក្រោម​ទឹកសមុទ្រ Nemo ក្នុងនោះ​មាន​ទាំង​ផលិតផល​ឱសថ និង​អាហារ​ផងដែរ។

    ក្រុម​បុគ្គលិក​របស់​កសិដ្ឋាន Nemo កំពុង​រៀប​គម្រោង​សង់​ជីវ​មណ្ឌល​ធំ​ជាង​បច្ចុប្បន្ន​ក្នុង​អនាគត និង​ដំឡើង​កសិដ្ឋាន​បែបនេះ​បន្ថែមទៀត​នៅ​តំបន់​ដទៃ ដូចជា​នៅ​សហរដ្ឋ​អាម៉េរិក​ជាដើម។ Gamberini ជឿថា បច្ចេកវិទ្យា​ខាងលើ​អាច​កែសម្រួល​ទៅតាម​ប្រភេទនីមួយ​ៗ​​នៃ​បរិស្ថាន៕

     

  • U-22 ឡាវ​ដែលមាន​កីឡាករ​ដើមកំណើត​វៀតណាម​ពីរ​រូប​ ថា អាច «យក​ស្មើ» នឹង​ក្រុម​ផ្កាយ​លឿង​នៅ​ស៊ី​ហ្គេម

    U-22 ឡាវ​ដែលមាន​កីឡាករ​ដើមកំណើត​វៀតណាម​ពីរ​រូប​ ថា អាច «យក​ស្មើ» នឹង​ក្រុម​ផ្កាយ​លឿង​នៅ​ស៊ី​ហ្គេម

    ខ្សែបម្រើ Damoth Thongkhamsavath របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​ប្រទេស​ឡាវ ប្រកាស​យ៉ាង​ជឿជាក់ថា នឹង​យក​ស្មើ​ជាមួយនឹង​ក្រុម U-22 វៀតណាម​នៅក្នុង​ការប្រកួត​បើកឆាក​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    កាលពី​ល្ងាច​ថ្ងៃទី 28 មេសា U-22 ឡាវ ក្រោម​ការដឹកនាំ​របស់​ប្រធាន​ក្រុម​គ្រូបង្វឹក Michael Weiss បាន​ហ្វឹកហាត់​ក្នុង​ថ្ងៃ​សំខាន់​ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​ជាមួយ​វៀតណាម​នៅ​ស៊ី​ហ្គេម។ នៅក្នុងពេល​ហ្វឹកហាត់​នោះ ខ្សែបម្រើ​ដើមកំណើត​វៀតណាម​រប​ស់ U-22 ឡាវ Damoth Thongkhamsavath បានលើកឡើង​អំពី​ការ​ប៉ះគ្នា​រវាង ឡាវ និង​វៀតណាម​នៅ​ថ្ងៃទី 30 មេសា​ខាងមុខ។

    Damoth Thongkhamsavath បាន​ប្រាប់​អ្នកសារព័ត៌មាន​ដោយ​ភាព​ជឿជាក់ថា «វៀតណាម​ឆ្នាំ​នៅតែ​ខ្លាំង​នៅ​ស៊ី​ហ្គេម ពួកគេ​ជា​បេក្ខភាព​ទីមួយ។ ក៏ប៉ុន្តែ ខ្ញុំ​គិតថា U-22 ឡាវ នៅតែ​អាច​យក​ស្មើ​នៅក្នុង​ការប្រកួត​ដំបូង។ លទ្ធផល​នៃ​ការប្រកួត​នឹង​ជា 0-0»។

    Damoth Thongkhamsavath មាន​ជី​ដូ ជីតា​កើត​នៅ​ប្រទេស​វៀតណាម និង​ចេះ​ភាសា​នេះ​យ៉ាង​ស្ទាត់ ដោយសារ​ឪពុកម្ដាយ​តែង​និយាយ​ភាសា​វៀតណាម​ជាមួយគ្នា។ កីឡាករ​រូបនេះ​ក៏​ធ្លាប់បាន​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 31 ផងដែរ។

    Damoth Thongkhamsavath

    ទ​ន្ទឺ​ម​នឹង Damoth Thongkhamsavath នៅ​ស៊ី​ហ្គេម​លើក​នេះ U-22 ឡាវ ក៏មាន​តារាបាល់ទាត់​បី​រូប​ទៀត​ដែល​កំពុង​ទាត់​ឱ្យ​បរទេស រួមមាន Theo Klein (Omaha Mavericks នៅ​សហរដ្ឋ​អាម៉េរិក), Roman Angot (Bahlinger អាល្លឺម៉ង់) និង Victor Yovinasak (Montceau បារាំង)។

    ទោះជា​យ៉ាងណាក៏ដោយ គ្រូបង្វឹក​ជនជាតិ​បារាំង​របស់​វៀតណាម លោក Troussier បាន​សង្កត់ធ្ងន់ថា «ក្រុម​កីឡាករ​វៀតណាម​ក្មេង​បំផុត​ដែល​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម..។ ខ្ញុំ​ពេញចិត្ត។ ក្រុម​មានសង្ឃឹម ហើយ​យើង​នឹង​ប្រឹងប្រែង​ដើម្បី​បាន​លទ្ធផល​ល្អ​បំផុត»។

    Nalongsit Chanthalangsy ក៏ជា​កីឡាករ​របស់​ក្រុម​ U-22 ឡាវ ដែល​មាន​ដើម​កំណើត​វៀតណាម

    នៅ​ស៊ី​ហ្គេម​លើក​នេះ U-22 ឡាវ​ស្ថិតក្នុង​ពូ​ល B ជាមួយ​ម្ចាស់​មេដាយមាស​ពីរលើក​ចុងក្រោយ​គឺ វៀតណាម រួម​នឹង ថៃ ម៉ាឡេស៊ី និង​សិង្ហ​បុរី។ U-22 ឡាវ​នឹងត្រូវ​ប៉ះ​វៀតណាម​នៅក្នុង​ការប្រកួត​បើកឆាក​នៅ​ថ្ងៃទី 30 មេសា 2023 នៅឯ​កីឡដ្ឋាន​ព្រី​នស៍៕

  • ថត​បាន​សកម្ម​ភាពយ​ន្ត​ហោះ​ធ្លាក់ និង​ផ្ទុះ​ឆេះ ពេល​កំពុង​ព្យាយាម​ចុះចត​លើផ្លូវ​រថយន្ត

    ថត​បាន​សកម្ម​ភាពយ​ន្ត​ហោះ​ធ្លាក់ និង​ផ្ទុះ​ឆេះ ពេល​កំពុង​ព្យាយាម​ចុះចត​លើផ្លូវ​រថយន្ត

    (សហរដ្ឋ​អាម៉េរិក)-យន្តហោះ​ធុន​តូច ១ គ្រឿង កាលពី​រសៀល​ថ្ងៃទី ០៩ សីហា បាន​ហោះ​ធ្លាក់​មកលើ​ផ្លូវ​ល្បឿន​លឿន​នៅ​ភាគខាងត្បូង​នៃ​រដ្ឋ California និង​បាន​ផ្ទុះ​ឆេះ ​គួរឱ្យ​រន្ធត់។

    យោងតាម នាយកដ្ឋាន​ជាតិ​គ្រប់គ្រង​អាកាសចរណ៍​របស់ សហរដ្ឋ​អាម៉េរិក យន្តហោះ​ដែល​ដឹក​មនុស្ស ២ នាក់​នេះ បាន​ធ្លាក់​នៅលើ​ផ្លូវ​ល្បឿន​លឿន ៩១ នៅក្នុង​ទីក្រុង Corona ដែល​ស្ថិតក្នុង​ខណ្ឌ Riverside មាន​ចម្ងាយ​ប្រហែល ៨០ គីឡូម៉ែត្រ​ទៅ​ទិសខាងកើត​របស់ Los Angeles។

    វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ​បង្ហាញថា យន្តហោះ​នេះ​ធ្លាក់​នៅ​កណ្ដាលផ្លូវ​ដែលមាន​រថយន្ត​ជាច្រើន​កំពុង​បរ​​ពេញ​ផ្លូវ និង​បាន​ផ្ទុះ​ឆេះ​នៅពេល​វា​រុល​ក្បាល​ទៅខាង​ស្ដាំដៃ​របស់​វា​ និង​បុក​ទៅនឹង​ជញ្ជាំង​ផ្លូវ។

    អង្គភាព​ពន្លត់​អគ្គិភ័យ Corona បានឱ្យដឹងថា មនុស្ស ២ នាក់​នៅលើ​យន្តហោះ​បាន​រួច​ផុតពី​ការគ្រោះ​ថ្នាក់​នេះ​ ហើយក៏​មិនបាន​រងរបួស​ធ្ងន់ធ្ង​រ​អ្វីដែល បើ​ទោះ​វា​បាន​ប៉ះទង្គិច​នឹង​រថយន្ត​ទ្រុង ១ គ្រឿង។ ក្នុង​ហេតុ​ការណ៍​នេះ​ក៏​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃនោះ​ដែរ។ អគ្គិភ័យ​នៅ​កន្លែងកើតហេតុ​ត្រូវបាន​គ្រប់គ្រង​ទាន់ពេល​វេលា​ក្រោយពី​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ទៅដល់ ប៉ុន្តែ យន្តហោះ​ត្រូវ​ខូច​ខាត​ទាំង​ស្រុង។