Tag: សង្គម

  • កុមារ​បួន​នាក់​ដែល​បាត់​ខ្លួន​​ជាង​ប្រាំ​សប្ដាហ៍​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន «នៅ​មានជីវិត»

    កុមារ​បួន​នាក់​ដែល​បាត់​ខ្លួន​​ជាង​ប្រាំ​សប្ដាហ៍​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន «នៅ​មានជីវិត»

    កុមារ​បួន​នាក់​មាន​អាយុ​ចាប់ពី​ជិត​មួយឆ្នាំ​ដល់ 13 ឆ្នាំ ដែល​​វង្វេងផ្លូវ​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​កាលពី​ថ្ងៃទី 01 ឧសភា ត្រូវបាន​សមត្ថកិច្ច​កូ​ឡុំ​ប៊ី​រកឃើញ និង​សង្គ្រោះ​ទាន់ពេល។

    «ប្រទេស​ទាំងមូល​សប្បាយ​រីករាយ! កុមារ​បួន​នាក់​ដែល​បាត់​ខ្លួន​ក្នុងព្រៃ​ជ្រៅ​នៅ​កូ​ឡុំ​ប៊ី នៅមាន​ជីវិត» ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក Gustavo Petro នៅ​ថ្ងៃទី 10 មិថុនា បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ដូច្នេះ។

    ក្រុម​កុមារ​នេះ​ត្រូវបាន​ទាហាន​កូ​ឡុំ​ប៊ី​រកឃើញ​នៅក្បែរ​ព្រំប្រទល់​រវាង​ខេត្ត Caqueta និង Guaviare របស់​ប្រទេស​កូ​ឡុំ​ប៊ី ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ធៀប​នឹង​កន្លែង​យន្តហោះ​ដឹក​គ្រួសារ​របស់​ពួកគេ​បាន​​ជួប​គ្រោះថ្នាក់​កាលពី​ថ្ងៃទី 01 ឧសភា។

    ក្រុម​សង្គ្រោះ​របស់​កូ​ឡុំ​ប៊ី ធ្វើការ​យ៉ាង «ដុតដៃដុតជើង» នៅក្នុង​ការ​តាម​ស្វែងរក​ក្រុម​កុមារ​បាត់​ខ្លួន​នេះ។ បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា Wilson ដែលជា​សុនក​ជំនាញ បាន​បាត់​ខ្លួន​ក្នុងពេល​តាម​ស្វែងរក​ ក៏ត្រូវ​បាន​រកឃើញ​នៅ​ជាមួយ​កុមារ​ទាំងនេះ​ផងដែរ។

    ពេល​បាន​រកឃើញ កុមារ​ទាំងនេះ​មាន​អា​ការៈបាត់បង់​ជាតិ​ទឹក នៅលើ​ខ្លួន​មាន​ស្នាម​សត្វល្អិត​ខាំ និង​បាក់​​កម្លាំង​។ កងទ័ព​កូ​ឡុំ​ប៊ី បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​នាំ​កុមារ​ទាំងនេះ​ទៅកាន់​មន្ទីរពេទ្យ។

    កាលពី​ថ្ងៃទី 01 ឧសភា 2023 យន្តហោះ​ខ្នាតតូច Cessna 206 ដឹក​មនុស្ស 7 នាក់​ពី Araracuara ទៅកាន់ San Jose del Guaviare ដែលជា​ទីក្រុង​ស្ថិត​ក្នុងព្រៃ​ជ្រៅ​អា​ម៉ា​ហ្សូ​ន​របស់​ប្រទេស​កូ​ឡុំ​ប៊ី។ អ្នកដំណើរ​លើ​យន្តហោះ​រួមមាន មេដឹកនាំ​ជនជាតិដើម Huitoto និង​ស្ត្រី​ជនជាតិដើម​ម្នាក់​ឈ្មោះ Magdalena Mucutui Valencia រួម​នឹង​កូន​បួន​នាក់។

    ក្រោយពី​យន្តហោះ​​ហោះ​ឡើង​បាន​ប៉ុន្មាន​នាទី ពី​ឡុ​ត​ក៏​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ទាក់ទង​នឹង​ម៉ាស៊ីន។ ក្រោយមកទៀត យន្តហោះ​នេះ​ក៏បាន​បាត់​ខ្លួន​ពី​រ៉ា​ដា។

    ក្នុង​ថ្ងៃទី 15 និង 16 ឧសភា ក្រុម​ទាហាន​កូ​ឡុំ​ប៊ី បាន​រកឃើញ​សាកសព​របស់​អ្នកបើកបរ​យន្តហោះ និង​មនុស្ស​ចាស់​ពីរ​នាក់​នៅ​តំបន់ Caqueta។ កុមារ​បួន​នាក់​នៅលើ​យន្តហោះ​ជួប​គ្រោះថ្នាក់​នេះ​ក៏បាន​បាត់​ខ្លួន។ បន្ទាប់​មក សុនក​ជំនាញ និង​កងកម្លាំង​សង្គ្រោះ​ក៏បាន​រកឃើញ​ដប​ទឹកដោះគោ​សម្រាប់​ទារក ស្បែកជើង ខោអាវ និង​ផ្លែឈើ​ដែល​ក្មេង​ទាំងនេះ​បាន​ខាំ នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​​កន្លែង​ធ្លាក់​យន្តហោះ។

    មកដល់​ថ្ងៃទី 17 ឧសភា កម្លាំង​សង្គ្រោះបាន​រកឃើញ​ជម្រក​មួយ​ដែល​ធ្វើ​​ពី​មែកឈើ។ សុនក​ជំនាញ​ក៏បាន​រកឃើញ​កន្ត្រៃ និង​ខ្សែ​ចង​សក់។ Fidencia Valencia ដែលជា​ជីតា​របស់​កុមារ​ទាំង​បួន​នាក់​នេះ​ធ្លាប់​បាន​​ប្រាប់ថា ក្មេង​ទាំងនេះ​រស់នៅ​ស៊ាំ​នឹង​ព្រៃ​ជ្រៅ ហើយ​ប្រហែលជា​កំពុង​គេចខ្លួន​ដោយសារ​ការភ័យខ្លាច។ ក្មេងស្រី​ច្បង​ក្នុង​ចំណោម​​កុមារ​បួន​នាក់​នេះ ​ចេះដឹង​ច្រើន​ទាក់ទង​នឹង​ការរក្សា​ជីវិត​នៅក្នុង​ព្រៃ​ជ្រៅ៕

  • «ប៉ាស៊ូ!» ៖ សម្រែក​លើកទឹកចិត្តរ​បស់​កុមារា សាន រតនៈ ចំពោះ​​ឪពុក កំពុង​អង្រួន​ចិត្ត​សប្បុរសជន

    «ប៉ាស៊ូ!» ៖ សម្រែក​លើកទឹកចិត្តរ​បស់​កុមារា សាន រតនៈ ចំពោះ​​ឪពុក កំពុង​អង្រួន​ចិត្ត​សប្បុរសជន

    នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កុមារា សាន រតនៈ យំ​ផង ស្រែក​គាំទ្រ​ផង ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ឪពុក​ជា​អត្ត​ព​លិ​ក​ដែល​ប្រកួត​ក្នុង​វិញ្ញាសា​រត់​ចម្ងាយ 5,000 ម៉ែត្រ T46 នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី 12។

    ថ្វីបើ​អត្ត​ព​លិ​ក​ប៉ា​រ៉ា​អត្តពលកម្ម យី សុខសាន្ត មិន​ទទួលបាន​មេដាយ ប៉ុន្តែ ក្នុង​គ្រា​ដែល​ឪពុក​កំពុង​ប្រកួត និង​ពេល​បរាជ័យ កុមារា សាន រតនៈ យំ​ផង ស្រែក​គាំទ្រ​ផង ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ឪពុក​ជា​អត្ត​ព​លិ​ក។

    សកម្មភាព​របស់​កុមារា សាន រតនៈ ដែល​ខំប្រឹង​លើកទឹកចិត្ត​ឪពុក បាន និង​កំពុង​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​លើ​បណ្ដាញ​សង្គម​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។ មហាជន​ក៏មាន​ការ​ក្ដុកក្ដួល​ចិត្ត ដោយសារ​នឹក​អាណិត​ផង និង​សរសើរ​​ផង​ ចំពោះ​កុមារ​កម្សត់​រូបនេះ។

    កុមារា សាន រតនៈ កំពុងគាំទ្រចំពោះលោកឪពុក យី សុខសាន្ត

    ទន្ទឹមនឹង​ការគាំទ្រ​ដល់​សកម្មភាព​របស់ សាន រតនៈ នៅលើ​បណ្ដាញ​សង្គម​ក៏មាន​ស្ថាប័នឯកជន​ខ្លះ មានបំណង​ជួយ​ដល់​កុមារ​រូបនេះ ក្នុងនោះ​ក៏មាន សាលារៀន​សុវណ្ណ​ភូមិ ផងដែរ។

    នៅលើ​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ សាលារៀន​សុវណ្ណ​ភូមិ បានសរសេរថា «តើ​លោក​អ្នកមាន​ស្គាល់​លេខ​ទំនាក់ទំនង​គាត់​ទេ? សាលារៀន​សុវណ្ណ​ភូមិ​កំពុង​ស្វែងរក អត្ត​ព​លិ​ក សាន រតនៈ ក្នុង​គោលបំណង​ជួយ​កូនប្រុស​អត្ត​ព​លិ​ក។ ក្មួយប្រុស​នឹងមាន​អនាគត​ល្អ​ជាមួយ​សាលារៀន​សុវណ្ណ​ភូមិ»។

    ប្រការ​ខាងលើនេះ​បាន​បញ្ជាក់ថា កុមារា​កម្សត់ សាន រតនៈ ដែលមាន​ឪពុក​ជា​អត្ត​ព​លិ​ក​ពិការ ឈ្មោះ យី សុខសាន្ត ប្រាកដជា​បាន​ជួបនឹង​សប្បុរសជន​នាពេលឆាប់ៗនេះ​មិន​ខាន៕

  • ដំណឹង​ Lionel Messi ចាកចេញ ធ្វើ​ឱ្យ​ PSG ​បាត់បង់​អ្នកគាំទ្រ​ជាង​មួយ​លាន​នាក់

    ដំណឹង​ Lionel Messi ចាកចេញ ធ្វើ​ឱ្យ​ PSG ​បាត់បង់​អ្នកគាំទ្រ​ជាង​មួយ​លាន​នាក់

    ម្ចាស់​ជើងឯក Ligue 1 ក្លឹប Paris Saint-German បាន​បាត់បង់​អ្នកតាមដាន​ជាង​មួយ​លាន​នាក់​នៅលើ​បណ្ដាញ​សង្គម Instagram រាប់​ចាប់តាំងពី​បានប្រកាសថា Lionel Messi ចាក​ចេញពី​ក្លឹប​នេះ។

    ថ្មីៗនេះ ក្លឹប PSG បានប្រកាស​ជា​ផ្លូវការ​ថា កិច្ចព្រមព្រៀង​រវាង​ក្លឹប​នេះ និង Lionel Messi មិនអាច​ពន្យារ​សុពលភាព ហើយ​ភាគី​ទាំងពីរ​ផ្ដាច់ទំនាក់ទំនង​នឹង​គ្នា​បន្ទាប់ពី​រដូវ​កាល​នេះ​បានបញ្ចប់។ មិនយូរប៉ុន្មាន​ក្រោយពី​ព័ត៌មាន​នេះ​ត្រូវបាន​បញ្ជាក់ ចំនួន​អ្នកតាមដាន​នៅលើ​ទំព័រ​បណ្ដាញ​សង្គម​របស់ PSG ក៏បាន​ថយចុះ​អស់​ជាង​មួយ​លាន​នាក់។

    ឆ្នាំ 2021 រឿង Lionel Messi ចុះ​កិច្ចព្រមព្រៀង​ពីរ​ឆ្នាំ​ជាមួយ PSG គឺជា​ព្រឹត្តិការណ៍​លេចធ្លោ​ជាងគេ​មួយ​ក្នុង​វិស័យ​បាល់ទាត់​ពិភពលោក ហើយ​វា​នឹង​ត្រូវអស់​សុពលភាព​ត្រឹម​ចុងខែ​មិថុនា 2023 ខណៈដែល Messi និង​ PSG មិនបន្ត​​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី។

    ចំនួន​អ្នក​តាម​ដាន​នៅ​មុន​ការ​ប្រកាស​

    Lionel Messi បាន​ឆ្លងកាត់​ពីរ​រដូវ​កាល​ជាមួយនឹង PSG ក្នុងនោះ ពួកគេ​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក Ligue 1 ទាំងពីរ​រដូវ​កាល ក៏ដូចជា​ដណ្ដើមបាន​តំណែង​ជើងឯក Champions Trophy របស់​បារាំង​ឆ្នាំ 2022។ Messi ​ចូលរួម​ទាត់​ឱ្យ PSG បាន 74 ប្រកួត រកបាន 32 គ្រាប់ និង​បង្ក​ឱកាស​បាន 35 គ្រាប់។

    ចំនួន​អ្នក​តាម​ដាន​នៅ​ក្រោយ​​ការ​ប្រកាស​

    ថ្មីៗនេះ PSG បានប្រកាស​ពី​ការចាកចេញ​របស់ Messi ដោយ​ការ​បង្ហោះ​វីដេអូ​ខ្លី​នៅលើ​ទំព័រ​បណ្ដាញ​សង្គម។ ក៏ប៉ុន្តែ ដំណឹង​នេះ​ធ្វើឱ្យ​អ្នកគាំទ្រ​មិន​សប្បាយចិត្ត ព្រោះ​ពួកគេ​យល់ថា Messi គួរតែ​ទទួលបាន​ការប្រព្រឹត្ត​ល្អ​ក្នុង​​វេលា​ចុងក្រោយ​នៅ PSG។ និន្នាការ​បោះបង់​ការតាមដាន (Unfollow) ចំពោះ​​ទំព័រ PSG លើ Instagram កំពុងតែ​រីករាយ​ដាល​ខ្លាំង ថ្វីបើ​មិនទាន់​ដឹងថា អ្នក​បោះបង់​ការតាមដាន​នេះ​មាន​ប៉ុន្មាន​នាក់​ជា​អ្នកគាំទ្រ​របស់ PSG និង​ប៉ុន្មាន​នាក់​ជា​អ្នកគាំទ្រ​របស់ Messi។

    Lionel Messi

    PSG ក៏​ត្រូវបាន​វាយតម្លៃថា នឹង​ខាតបង់​មិនតិច​ឡើយ​នៅពេល Messi ចាកចេញ ក្នុងនោះ​មាន​ទាំង​ប្រាក់ចំណូល​បាន​ពី​ការលក់​អាវ និង​ម្ចាស់​ឧបត្ថម្ភ​ផងដែរ​៕

  • កម្លាំងប្រដាប់អាវុធ​ស្និទ្ធ​នឹង​អ៊ុយ​ក្រែ​ន បន្ត​វាយប្រហារ​ចូល​ទឹកដី​រុស្ស៊ី

    កម្លាំងប្រដាប់អាវុធ​ស្និទ្ធ​នឹង​អ៊ុយ​ក្រែ​ន បន្ត​វាយប្រហារ​ចូល​ទឹកដី​រុស្ស៊ី

    RCV ដែលជា​អង្គភាព​ទ័ព​ស្ម័គ្រចិត្ត​រុស្ស៊ី (Russian Volunteer Corps) បានប្រកាស​ចាប់ផ្ដើម​ដំណាក់កាល​ទី​ពីរ​នៃ​យុទ្ធនាការ​វាយប្រហារ​ចូល​ទឹកដី​រុស្ស៊ី បន្ទាប់ពី​ការវាយប្រហារ​នៅក្នុង​ខេត្ត Belgorod កាលពី​ចុងខែ​មុន។

    «ដំណាក់កាល​ទី​ពីរ​ដែល​មេបញ្ជាការ​របស់​យើង​ធ្លាប់បាន​និយាយ បានចាប់ផ្ដើម​ហើយ» តំណាង​របស់ អង្គភាព​ទ័ព​ស្ម័គ្រចិត្ត​រុស្ស៊ី (RCV) ដែល​ស្និទ្ធ​នឹង​អ៊ុយ​ក្រែ​ន និយាយ​នៅក្នុង​វីដេអូ​មួយ​ដែល​ត្រូវបាន​បង្ហោះ​កាលពី​ថ្ងៃទី 01 មិថុនា​ដូច្នេះ។ ក្រុម​នេះ​ប្រកាសថា ទាហាន​របស់ខ្លួន​បានចាប់ផ្ដើម​យុទ្ធនាការ​នៅក្នុង​ខេត្ត Belgorod របស់​រុស្ស៊ី។

    បណ្ដា​វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​ត​គ្នា​លើ​បណ្ដាញ​សង្គម​បន្ទាប់​នោះ បង្ហាញថា អគារ​សាលាស្រុក​នៅ Shebekino ក្នុង​តំបន់​ភាគខាងត្បូង​រប​ស់​ខេត្ត Belgorod ដែលមាន​ចម្ងាយ​ពី​ព្រំដែន​អ៊ុយ​ក្រែ​ន​ប្រហែល 6 គីឡូម៉ែត្រ ត្រូវ​ឆេះ​សន្ធោសន្ធៅ។ ព័ត៌មាន​ខ្លះ​ឱ្យដឹងថា RCV បាន​កម្ទេច​ប្រព័ន្ធ​កាំភ្លើង​ធំ​ចល័ត 2S4 Tyulpan មួយគ្រឿង និង​រថយន្ត​ជំនួយ​មួយគ្រឿង​របស់​រុស្ស៊ី នៅក្បែរ​ទីរួមស្រុក Shebekino។

    កងជីវពល​ដែល​ស្និទ្ធ​នឹង​អ៊ុយ​ក្រែ​ន​មួយក្រុម​ផ្សេងទៀត គឺ អង្គ​ភាពសេរី​រុស្ស៊ី (FRL/ Liberty of Russia Legion) ក៏បាន​ប្រកាសថា កំពុង​ធ្វើ​សកម្មភាព​ក្បែរ​ព្រំដែន​រុស្ស៊ី និង​វាយប្រហារ​លើ​ដោល​ដៅ​យោធា​មួយចំនួន។

    អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ុយ​ក្រែ​ន Andriy Melnyk បាន​និយាយថា ក្រុម​ជីវពល​ទាំងនេះ «ធ្វើ​សកម្មភាព​ដោយ​ចិត្ត​ឯង» ហើយ​អ៊ុយ​ក្រែ​ន​មិន​ទទួលខុសត្រូវ​ចំពោះ​ពួកគេ​ឡើយ។ «អ៊ុយ​ក្រែ​ន​មាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​វាយប្រហារ​ចូល​ទឹកចិត្ត​រុស្ស៊ី ប៉ុន្តែ​នឹងធ្វើ​ដោយ​ការប្រុងប្រយ័ត្ន» លោក Andriy Melnyk បញ្ជាក់​ដូច្នេះ។

    រុស្ស៊ី​បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​នៅ​ខេត្ត Belgorod រង​ការខូចខាត​ដោយសារ​កាំភ្លើង​ធំ ក្រោយ មក​ក្រុម​ប្រដាប់អាវុធ​មួយចំនួន​បាន​ព្យាយាម​ចូល​ទឹកដី​រុស្ស៊ី។ រុស្ស៊ី​ក៏បាន​ប្រកាសថា ខ្លួន​បាន​វាយ​រុញច្រាន​កងកម្លាំង​មកពី​អ៊ុយ​ក្រែ​ន និង​ដេញ​ដល់​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន ហើយ​សម្លាប់​បាន 30 នាក់៕

  • Toyota បង្ហាញ​រថយន្ត​​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន Mirai Sport គំរូ​ដំបូង

    Toyota បង្ហាញ​រថយន្ត​​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន Mirai Sport គំរូ​ដំបូង

    ក្រុម​ហ៊ុន​ជប៉ុន Toyota ថ្មី​ៗ​នេះ​បាន​បង្ហាញ​រថយន្ត​បែប​កីឡា​​គំរូ​ដែល​យក​លំនាំ​តាមរថយន្ត​​ Mirai នៅ​ក្នុង​​ការ​ប្រកួត​ Fuji 24 Hours នៅ​ប្រទេស​ជប៉ុន ហើយ​នេះ​គឺជា​កំណែ​ដែល​ដំណើរ​ការ​ដោយ​ថាមពល​អ៊ីដ្រូសែន​។

    ក្រុម​ហ៊ុន​នេះ​ពុំ​បាន​ប្រកាស​ព័ត៌មាន​ផ្លូវ​ការ​ណា​មួយ​​​ស្ដី​ពី​រថយន្ត​ Mirai Sport ដូច្នេះ អ្វី​ដែល​យើង​អាច​ដឹង​ នោះគឺ​រូប​រាង​របស់​រថយន្ត​នេះ​​តាម​រយៈ​វីដេអូ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ និង​និយាយ​​​ជា​ភាសា​ជប៉ុន​។

    រថយន្ត​គំរូ​ Mirai Sport នេះ ​គឺ​យោង​ទៅតាម​រូប​រាង​របស់រថយន្ត Toyota Mirai ជំនាន់​ទី​ពីរ​ ដោយ​មាន​ការ​កែ​ប្រែ​ខ្លះ​ត្រង់​រូប​រាង​ខាង​ក្រៅ​ ពោល​គឺ​ថា Toyota Mirai Sport ​​មាន​លក្ខណៈ​កីឡា​ជាង​ Toyota Mirai​។

    Toyota Mirai Sport ​មាន​ប្រព័ន្ធ​ជំរុញ​ថាមពល​​​ពី​​ថ្ម​ផ្ទុក​អ៊ីដ្រូសែន​ដែល​​មាន​កម្លាំង​ 182 សេះ​ (136 គីឡូវ៉ាត់)​ និង​កម្លាំង​រមួលកង់ 300 Nm ហើយ​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ 647 គីឡូម៉ែត្រ ដោយ​មិន​បាច់​ចាក់ឥន្ធនៈ​។

    រថយន្ត​​ Mirai Sport គំរូ​ដំបូងដំណើរ​ការ​ដោយ​អ៊ីដ្រូសែន

    អ៊ីដ្រូសែន​ដែល​​​ត្រូវ​បាន​ផលិតពី​ទឹក និង​ថាមពល​ព្រះ​អាទិត្យ​ គេ​ហៅ​ថា អ៊ីដ្រូសែន​បាន​ពី​ព្រះ​អាទិត្យ​ (solar hydrogen)​។ ដើម្បី​បាន​អ៊ីដ្រូសែន​ប្រភេទ​នេះ គេត្រូវ​ប្រើ​រូប​មន្ត​មួយចំនួន​ ក្នុងនោះ​​ក៏​មាន​ ការធ្វើអគ្គិសនីវិភាគទឹក (Electrolysis of water) ដែល​​ប្រើ​ប្រាស់​អគ្គិសនី​ក្នុង​ថ្ម​ ឬ​អគុយ​ដែល​បាន​ពី​ផ្ទាំង​សូឡា​ផងដែរ​។

  • ក្លឹប​បាល់ទាត់​វិសាខា​ធ្វើ​ពិធី​បញ្ចុះ​ខណ្ឌសីមា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​បាល់ទាត់​ថ្មី

    ក្លឹប​បាល់ទាត់​វិសាខា​ធ្វើ​ពិធី​បញ្ចុះ​ខណ្ឌសីមា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​បាល់ទាត់​ថ្មី

    កាលពី​ថ្ងៃទី 30 ឧសភា​កន្លងទៅ ថ្នាក់ដឹកនាំ​ក្លឹប​បាល់ទាត់​វិសាខា​បានរៀបចំ​ពិធីសូត្រមន្ដ ក្រុង​ពាលី និង​បញ្ចុះ​ខណ្ឌសីមា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​វិសាខា (The Dream Visakha Training Center) ដែលមាន​ទីតាំង​ក្នុងភូមិ​អក​រំដួល សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (ផ្លូវ​ថ្មី​ទំនប់​កប់​ស្រូវ)។

    យោងតាម​ព័ត៌មាន​ពី​ក្លឹប​វិសាខា ពិធី​សុំ​សេចក្ដីសុខ សេចក្ដីចម្រើន​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោកជំទាវ ញ៉ែម សា​ខន ស ខេង និង​លោកជំទាវ​ឧកញ៉ា​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ព្រមទាំង​លោកជំទាវ កែ សួន​សុ​ភី ប្រធាន​ក្លិប​កីឡាបាល់ទាត់​វិសាខា រួមទាំង​គណៈ​គ្រប់គ្រង​ក្លឹប បុគ្គលិក និង​ក្រុមការងារ​គ្រូ​ផងដែរ។

    នៅលើ​ទំព័រ​បណ្ដាញ​សង្គម ក្លឹប​នេះ​បានសរសេរថា «ពួកយើង​សង្ឃឹមថា The Dream Visakha Training Center នឹង​ក្លាយជា​ផ្នែក​មួយ ដើម្បី​រួមចំណែក​ផលិត​ធនធាន​កីឡាករ-កីឡាការិនី និង​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​នា​ថ្ងៃ​អនាគត»៕

  • U23 កម្ពុជា​ស្ថិត​ក្នុង​ពូល​ជាមួយ​ថៃ នៅ​ព្រឹត្តិការណ៍​បាល់​ទាត់​​បុរស​អាយុ​ក្រោម​ 23 ឆ្នាំ របស់​​អាស៊ី​អាគ្នេយ៍​

    U23 កម្ពុជា​ស្ថិត​ក្នុង​ពូល​ជាមួយ​ថៃ នៅ​ព្រឹត្តិការណ៍​បាល់​ទាត់​​បុរស​អាយុ​ក្រោម​ 23 ឆ្នាំ របស់​​អាស៊ី​អាគ្នេយ៍​

    ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម​ 23 ឆ្នាំ (U23) របស់​កម្ពុជា ត្រូវ​ស្ថិត​នៅ​ក្នុង​ពូល​ A ជាមួយ​នឹង​ព្រុយណេ  មីយ៉ាន់ម៉ា និង​ម្ចាស់​ផ្ទះ​ថៃ​ បន្ទាប់​ពី​ការ​ចាប់​ឆ្នោត​​កាល​ពី​​​ព្រឹក​​ថ្ងៃទី 29 ឧសភា​ 2023​ សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ U23 អាស៊ី​អាគ្នេយ៍។

    នៅ​ឯ​​ពូល​ B វិញ មាន​បី​ក្រុម​​ រួម​មាន​ ទីម័រ​ខាងកើត ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ ខណៈ​ដែល​ពូល​ C រួម​មាន វៀតណាម ហ្វ៊ីលីពីន និង​ឡាវ​។

    ក្រុម​ទាំង​អស់​ត្រូវ​ប្រកួត​​​វិលមួយ​​ជុំ​ រួច​​បូក​ពិន្ទុ​​ដើម្បី​ដាក់​ចំណាត់​ថ្នាក់​។ បីក្រុម​ដែល​ជាប់​លេខ​មួយ​ក្នុង​ពូល​នីមួយ​ៗ​ រួម​នឹង​​ក្រុម​លេខ​ពីរ​មួយ​ក្រុម​ដែល​មាន​ថ្វី​ជើង​ល្អ​បំផុត ​នឹង​ដណ្ដើម​បាន​សិទ្ធិ​ឡើង​​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។

    យោង​តាម​ទំព័រ​បណ្ដាញ​សង្គម Cambodian Premier League ការប្រកួតរបស់កម្ពុជា នឹង​ចាប់ផ្តើម​ពីថ្ងៃទី 17 ដល់ ថ្ងៃទី 21 ខែសីហា ឆ្នាំ 2023​។

    ការប្រកួត​បាល់​ទាត់​នៃពានរង្វាន់យុវជន​អាយុ​ក្រោម​ 23 ឆ្នាំនៅ​តំបន់អាស៊ាន (AFF U23 Championship 2023) នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី 17 សីហា ដល់ 26 សីហា​។ វៀតណាម​គឺ​​ជា​ក្រុម​​​ជើង​ឯក​ U23 អាស៊ី​អាគ្នេយ៍ឆ្នាំ 2022​ ដោយ​បាន​ផ្ដួល​ U23 ថៃ នៅវគ្គ​ផ្ដាច់​ព្រ័ត្រ​៕

  • Tesla ធ្វើឱ្យ​បែកធ្លាយ​ទិន្នន័យ 100 GB ក្នុងនោះ​ក៏មាន​ទិន្នន័យ​របស់ Elon Musk

    Tesla ធ្វើឱ្យ​បែកធ្លាយ​ទិន្នន័យ 100 GB ក្នុងនោះ​ក៏មាន​ទិន្នន័យ​របស់ Elon Musk

    សារព័ត៌មាន Handelsblatt របស់​អាល្លឺម៉ង់ ឱ្យដឹងថា បានទទួល​ទិន្នន័យ​ទំហំ 100 GB របស់ Tesla ពី​ប្រភព​អនាមិក ក្នុងនោះ​មាន​ផ្ទុក​ព័ត៌មាន​របស់​មនុស្ស​ចំនួន 100,000 នាក់។

    ឯកសារ​ដែលមាន​ផ្ទុក​បញ្ជី​ឈ្មោះ​របស់​​បុ​គ្គលិក​​ចាស់ និង​បច្ចុប្បន្ន​ប្រហែល 100,000 នាក់​របស់ Tesla ក្នុងនោះ​ក៏មាន CEO Elon Musk អម​នឹង​លេខ​របប​សន្តិសុខ​សង្គម អាស័យដ្ឋាន​សារ​អេ​ឡិច​ត្រូវ​និ​ច លេខ​ទូរស័ព្ទ ប្រាក់ខែ​បុគ្គលិក ព័ត៌មាន​ធនាគារ​របស់​អតិថិជន និង​ទិន្នន័យ​សម្ងាត់​ស្ដីពី​ការផលិត ការតវ៉ា​ពី​អតិថិជន។ល។

    រឿង​ដែល Tesla បណ្ដោយ​ឱ្យមាន​ករណី​បែកធ្លាយ​ព័ត៌មាន​នេះ​គឺជា​ការ​​រំលោភ​លើ​ការកំណត់​ស្ដីពី​ការការពារ​ទិន្នន័យ​រួម​របស់​ទ្វីបអឺរ៉ុប (GDPR) ហើយ​អាច​នាំឱ្យ Tesla រង​ការ​ដាក់​ពិន័យ​ធ្ងន់ធ្ងរ។ យោងតាម​ទំព័រ Handelsblatt មេធាវី​របស់ Tesla និយាយថា បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ទង្វើ​របស់​អតីត​បុគ្គលិក​ម្នាក់​ដែល​មិន​ពេញ​ចិត្តនឹង​​ចំណាត់​ការ​ក្រុមហ៊ុន​នេះ។

    Dagmar Hartge មេដឹកនាំ​មួយរូប​នៅ​ការិយាល័យ​ការពារ​ទិន្នន័យ​នៅ Brandenburg ជាទី​តាំង​នៃ​​រោងចក្រ Gigafactory របស់ Tesla បាន​អះអាងថា ការ​បែកធ្លាយ​នេះ​គឺមាន​ទ្រង់ទ្រាយ​ធំ​ណាស់។

    ជា​ផ្លូវ​ការ ភាគី​ខាង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla និង​មហាសេដ្ឋី​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទង​នឹង​បញ្ហា​ខាងលើ៕

  • ស្នាម​ខ្មៅធំជាង​ផែនដី​បួន​ដងនៅ​លើ​ផ្ទៃ​ព្រះ​អាទិត្យ​​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា

    ស្នាម​ខ្មៅធំជាង​ផែនដី​បួន​ដងនៅ​លើ​ផ្ទៃ​ព្រះ​អាទិត្យ​​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា

    ស្នាម​ខ្មៅ AR3310 ​ជា​ដុំ​ងងឹត​នៅ​លើ​ផ្ទៃ​ព្រះ​អាទិត្យ​ដែល​បែរ​មក​រក​ផែនដី ធំ​ដល់​ថ្នាក់​អាច​មើល​ឃើញ​ពី​ផែនដី​ដោយ​មិន​បាច់​ប្រើ​តេឡេស្កុប​។

    តារាវិទូ​កូរ៉េខាងត្បូង Bum-Suk Yeom ចែក​រំលែក​រូប​ភាព​ដែល​ប្រៀប​ធៀបរវាង​​ស្នាម​ខ្មៅ​ AR3310 និង​ផែនដី​។ «ស្នាម​ខ្មៅ​ព្រះអាទិត្យ​មើល​ដោយ​ភ្នែក​ធម្មតា និង​វ៉ែនតាសម្រាប់​មើល​​ព្រះអាទិត្យ​។ វា​ស្ថិត​នៅ​ខាង​ឆ្វេង​ធៀប​នឹង​ចំណុច​កណ្ដាល​របស់​រង្វង់​​ព្រះ​អាទិត្យ​» Yeom សរសេរ​ក្នុង​អត្ថបទ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី 23 ឧសភា​ដូច្នេះ​។

    ស្នាម​ខ្មៅ​មើល​ទៅដូច​ងងឹត ព្រោះ​វា​ត្រជាក់​ជាង​តំបន់​ដទៃ​របស់​ផ្ទៃ​ព្រះ​អាទិត្យ​ នេះ​បើតាម​ណាសា​។ ស្នាម​ខ្មៅ​ត្រជាក់ជាង​ក៏​ព្រោះ​តែ​ពួក​វា​កើត​ឡើង​នៅ​កន្លែង​ដែល​ដែន​ម៉ាញេទិក​មាន​កម្លាំង​ខ្លាំ​ង​រារាំង​កម្ដៅ​ពី​ខាង​ក្នុង​ព្រះ​អាទិត្យ​ជះ​​មក​ក្រៅ​។ ពេល​ខ្លះ​ស្នាម​ខ្មៅ​លើ​ព្រះ​អាទិត្យ​ធំ​រហូត​ដល់​ថ្នាក់​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា​ មិន​ចាំបាច់​ប្រើ​តេឡេស្កុប ប៉ុន្តែ​ត្រូវ​ការ​វ៉ែនតា​ការ​ពារ​ភ្នែក​ពី​ពន្លឺ​ព្រះ​អាទិត្យ​។

    ទិដ្ឋភាព​ផ្ទុះ​អណ្ដាត​ភ្លើង​ព្រះ​អាទិត្យ​ (Solar Flare)

    ទំហំ​ផ្ទៃ​ផែន​ដី​ស្មើ​នឹង​ 169 ភាគ​លាន​ធៀប​នឹង​​ផ្ទៃ​ព្រះ​អាទិត្យ​។ Bum-Suk គណនា​ឃើញ​ថា AR3310 មាន​ទំហំ​ធំ​ជាង​ផែនដី​ប្រហែល​បួន​ដង​។

    ស្នាម​ខ្មៅ​លើ​ផ្ទៃ​ព្រះ​អាទិត្យ​អាច​បង្កើត​​ហេតុ​ការណ៍​ផ្ទុះ​អណ្តាតភ្លើងព្រះអាទិត្យ (Solar flare)​ ដែល​អាច​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ទូរគមនាគមន៍​ ​ផ្កាយ​រណប និង​​បណ្ដាញ​អគ្គិសនី​​ផងដែរ​៕

  • រថយន្ត​អគ្គិសនី​កៅអី​បី​ជួរ​របស់ Ford ធ្វើដំណើរ​បាន 563 គីឡូម៉ែត្រ

    រថយន្ត​អគ្គិសនី​កៅអី​បី​ជួរ​របស់ Ford ធ្វើដំណើរ​បាន 563 គីឡូម៉ែត្រ

    នៅ​ដើមខែ​នេះ អគ្គនាយក​ប្រតិបត្តិ​របស់ Ford Motor Company លោក Jim Farley បានប្រកាសថា ក្រុមហ៊ុន​មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ប្រភេទ SUV 7 កៅអី។

    លោក Jim Farley និយាយថា គំនិត​ស្ដីពី​រថយន្តអគ្គិសនី​​កៅអី​បី​ជួរ​នឹង​បង្កើតបាននូវ​​ភាពខុសប្លែក​សម្រាប់​រថ​យន្ត​អគ្គិសនី​របស់ Ford នៅ​ក្នុង​ទីផ្សារ​។

    បច្ចុប្បន្ន ព័ត៌មាន​ស្ដីពី​រថយន្ត​អគ្គិសនី 7 កៅអី​របស់ Ford ត្រូវបាន​បញ្ចេញខ្លះៗហើយ។ «ប្រធាន​ផ្នែក​បច្ចេកវិទ្យា និង​អភិវឌ្ឍ​ផលិតផល​របស់ Ford គឺ Doug Field បាន​ចែករំលែក​ព័ត៌មាន​ខ្លះ​អំពី Ford EV។ គាត់​ប្រាប់ថា រថយន្ត​ប្រភេទ SUV កៅអី​បី​ជួរ​នេះ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ 2025 ដែល​អាចធ្វើ​ដំណើរ​បាន 563 គីឡូម៉ែត្រ» អ្នកយកព័ត៌មាន​រប​ស់ទំ​ព័រ Autonews បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ដូច្នេះ។

    ចំណែក​ទំព័រ Electrek ក៏បាន​រាយការណ៍​ថា រថយន្ត​អគ្គិសនី​ប្រភេទ SUV កៅអី​បី​ជួរ​របស់ Ford អាច​បើកបរ​ក្នុង​ល្បឿន 120 គីឡូម៉ែត្រ/ម៉ោង។

    ដោយឡែក ក្រុមហ៊ុន Ford មកដល់ពេលនេះ​មិនទាន់​បញ្ចេញ​ព័ត៌មាន​លំអិត​ស្ដីពី​រថយន្ត​អគ្គិសនី​ប្រភេទ SUV កៅអី​បី​ជួរ​របស់ខ្លួន​នៅឡើយ៕