Tag: សកម្មភាព

  • ស្រឡាង​មាន​​ទ្រុង​ដាក់​យានយន្ត​​បង្វែរ​ដោយ​ដៃ​តែមួយគត់​លើ​ពិភពលោក

    ស្រឡាង​មាន​​ទ្រុង​ដាក់​យានយន្ត​​បង្វែរ​ដោយ​ដៃ​តែមួយគត់​លើ​ពិភពលោក

    (ស្កុ​តឡែ​ន) – ស្រឡាង MV Glenachulish ត្រូវបាន​រចនា​ឡើង​តាមបែប​តុ​បង្វិល​ដោយ​ដៃ ដែល​មនុស្ស​ម្នាក់​ក៏​អាច​បង្វែរ​ទិស​របស់​ទ្រុង​ដាក់​រថយន្ត 6 គ្រឿង​ បាន​ដោយ​ងាយ។

    ស្រឡាង​នេះ​ធ្វើដំណើរ​ទៅមក​រវាង Glenelg នៃ​តំបន់ Maninald ប្រទេស​ស្កុ​តឡែ​ន និង Kylerhea នៅលើ​កោះ Skye។ នេះ​គឺ​ស្រឡាង​បែប​តុ​បង្វិល​តែមួយគត់​ដែល​នៅសល់​ក្នុង​ពិភពលោក។ ពុំមាន​យន្ត​ការដែល​ប្រើ​កម្លាំង​ទឹក ពុំមាន​ម៉ាស៊ីន​ស្មុគស្មាញអ្វី​​ទាំងអស់ មានតែ​ភាពសាមញ្ញ​ដ៏​ល្អប្រសើរ។ នេះ​បើតាម​អ្នកស្រី Jo Crawford ដែលជា​អ្នកគ្រប់គ្រង​ស្រឡាង​ MV Glenachulish​។

    ស្រឡាង​​នេះ ដំបូង​ឡើយ​ត្រូវបាន​ផលិតឡើង​ដើម្បី​ប្រើប្រាស់​នៅ Ballachulish មុនពេល​តំបន់​នេះ​មាន​ស្ពាន។ នោះ​គឺជា​បេតិកភណ្ឌ​រស់​នៅ​ក្នុង​​វិស័យ​នាវាចរណ៍ និង​ប្រវត្តិសាស្ត្រ​ស្កុ​តឡែ​ន។

    ស្រឡាង​ MV Glenachulish ​ត្រូវបាន​ផលិតឡើង​ដោយ​យោងតាម​ប្រព័ន្ធ​បង្វិល​ក្នុង​វិស័យ​ផ្លូវដែក ហើយ​វា​មាន​លំនឹង​រហូតដល់​ថ្នាក់​ ​មនុស្ស​ម្នាក់​ក៏​អាច​បង្វិល​ទ្រុង​ដាក់​រថយន្ត 6 គ្រឿង​បាន​ដោយ​ងាយ។ គ្រប់គ្នា​ក៏​មិនចាំ​បាច់​​បត់​ក្បាល​រថយន្ត​នៅ​ពេល​ឡើង​ចុះ​ពី​ស្រឡាង​នេះ។

    MV Glenachulish ​​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​បាន​គ្រប់ពេល មិន​ថា​ទឹកជោរ ឬ​នាច។ វា​ក៏​អាច​ចត​នៅ​បាតសមុទ្រ បើសិនជា​ត្រូវការ​ចាំបាច់។ ដូច្នេះ បើទោះជា​ត្រូវ​ជាប់គាំង វា​ក៏​មិនមាន​បញ្ហា​អ្វី​​ធំដុំ​ដែរ។

    ស្រឡាង​នេះ​ធ្វើ​សកម្មភាព​នៅ Glenelg តាំងពី​ឆ្នាំ 1982 ប៉ុន្តែ​ទីនេះ​មាន​ស្រឡាង​ទៅមក​រាប់រយឆ្នាំ​មកហើយ។

  • ផលប្រយោជន៍​ដែល​កម្ពុជា​អាច​​ទទួលបាន​ពី​ស៊ី​ហ្គេម​លើក​ទី 32

    ផលប្រយោជន៍​ដែល​កម្ពុជា​អាច​​ទទួលបាន​ពី​ស៊ី​ហ្គេម​លើក​ទី 32

    យោងតាម​អ្នកជំនាញ កម្ពុជា​ចំណាយ​ប្រា​ក់ជាង 100 លាន​ដុល្លារ​អាម៉េរិក ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) ដោយ «មិន​គិតថ្លៃ» ក្នុង​បំណង​លើកកម្ពស់​កិត្តិនាម​ប្រទេសជាតិ ជំរុញ​សកម្មភាព​វិនិយោគ និង​ទេសចរណ៍​យូរ​អ​ង្វេ​ង។

    កម្ពុជា​ចំណាយ​ប្រាក់​ប្រហែល 118 លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ស៊ី​ហ្គេម​លើក​ទី 32 ក្នុងនោះ​មានប្រហែល​ 7 លាន​ដុល្លារ​សម្រាប់​ការ​ស្នាក់នៅ ហូបចុក​របស់​ប្រតិភូ​កីឡា​នៃ​បណ្ដា​ប្រទេស​ដែល​ចូលរួម​ប្រកួត ព្រមទាំង​មិន​គិតថ្លៃ​សម្រាប់​ការចូល​ទស្សនា និង​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍។ នេះ​បើតាម សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 (CAMSOC)។

    ថ្លែង​នៅក្នុង​ពិធី​ជួបជុំ​អ្នកសារព័ត៌មាន​អន្តរជាតិ នៅឯ​មជ្ឈមណ្ឌល​ព័ត៌មាន​កណ្ដាល​​​នៃ​ស៊ី​ហ្គេម​លើក​ទី 32 កាលពី​ព្រលប់​ថ្ងៃទី 14 ឧសភា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​របស់ CAMSOC បាន​អះអាងថា ស៊ី​ហ្គេម​លើក​ទី 32 គឺជា​ឱកាសល្អ​ដើម្បីឱ្យ​កម្ពុជា​ផ្សព្វផ្សាយ​អំពី​ប្រទេសជាតិ ពិសេស​គឺ​ទេសចរណ៍ វប្បធម៌ និង​ទំនាក់ទំនង​ការបរទេស។

    លោក អ៊ុច លាង អនុប្រធាន​នៃ​នាយកដ្ឋាន​សិក្សា​អាស៊ី អាហ្វ្រិក និង​មជ្ឈិមបូព៌ា នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា យល់ថា ការសម្រេចចិត្ត​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 និង​គោលនយោបាយ​មិន​គិតថ្លៃ បានរួម​ចំណែក​បង្ហាញ​អំ​ពីមុខ​មាត់​ ​កេរ្តិ៍ឈ្មោះ​ និង​ការរីកចម្រើន​ថ្មី​របស់​កម្ពុជា។ លោក​បញ្ជាក់ថា ប្រការនេះ​បង្ហាញ​ថា កម្ពុ​ជាមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ធំ​ជា​លក្ខណៈ​អន្តរជាតិ។

    ប្រការនេះ​គឺ​ផ្ទុយ​ពី​ឆ្នាំ 2006 ដែល​កាលណោះ រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាសថា កម្ពុជា​មិនអាច​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី 26 ហើយ​បាន​បដិសេធ​ការអញ្ជើញ​ឱ្យធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ 2015។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​របស់ CAMSOC

    មកដល់​ឆ្នាំ 2015 ទើប គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ប្រកាស​ជា​លើកដំបូង​ស្ដីពី​បំណង​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32។ ចាប់តាំងពី​ពេលនោះ​មក កម្ពុជា​ក៏​ចាប់ផ្ដើម​ត្រៀមខ្លួន​សម្រាប់​មហា​ព្រឹត្តិការណ៍​នេះ។

    ឆ្នាំ 2015 រាជរដ្ឋាភិបាល​អនុម័ត​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដែល​​កាល​ណោះ​គ្រោង​នឹងត្រូវ​ចំណាយ 200 លាន​ដុល្លារ​អាម៉េរិក។ គម្រោង​នេះ​បាន​រួចរាល់​ជា​ស្ថាពរ​កាលពី​ខែសីហា 2021 ដោយ​ចំណាយ​ប្រាក់​អស់​ប្រហែល 160 លាន​ដុល្លារ។

    ក្រៅពី​ការលើកកម្ពស់​មុខមាត់​ប្រទេសជាតិ ស៊ី​ហ្គេម​លើក​ទី 32 ក៏​​នាំមក​នូវ​ផលប្រយោជន៍​ចំពោះមុខ និង​យូរអង្វែង​សម្រាប់​កម្ពុជា​ផងដែរ៕

  • រ៉ុក្កែត SpaceX នឹង​នាំយក​ស្ថានីយ​អវកាស​ឯកជន​ឡើងទៅ​កាន់​គន្លង​​តារាវិថី

    រ៉ុក្កែត SpaceX នឹង​នាំយក​ស្ថានីយ​អវកាស​ឯកជន​ឡើងទៅ​កាន់​គន្លង​​តារាវិថី

    (សហរដ្ឋ​អាម៉េរិក) – ស្ថានីយ​អវកាស​ឯកជន​ដែលមាន​បណ្ដោយ​ប្រហែល 100 ម៉ែត្រ រួមមាន​ម៉ូឌុល​ជាច្រើន និង​ទំនាញផែនដី​សិប្បនិម្មិត នឹងធ្វើ​សកម្មភាព​នៅលើ​គន្លង​គោចរ​ផែនដី នៅ​ពីរ​ឆ្នាំ​ខាងមុខ។

    ក្រុមហ៊ុន Vast Space នៅ California កាលពី​ថ្ងៃទី 10 ឧសភា បានប្រកាស​អំពី​គម្រោង​បាញ់​បង្ហោះ​ស្ថានីយ​អវកាស Haven-1 តាមរយៈ​រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX យ៉ាងយូរ​ត្រឹម​ខែសីហា 2025។ បន្ទាប់មក បេសកកម្ម Vast-1 នឹង​ដឹក​អ្នក​អវកាស​ឡើងទៅ​ស្ថានីយ Haven-1 និង​នៅ​ទីនោះ​រយៈពេល 30 ថ្ងៃ។ បេសកកម្ម Vast-1 ក៏​នឹង​ត្រូវបាន​បាញ់​បង្ហោះ​នៅលើ​រ៉ុក្កែត Falcon 9 ហើយ​ក្រុម​អវកាស​ចរ​នឹង​ជិះ​ក្នុង​យាន Dragon របស់ SpaceX។

    «ការសហការ​ជាមួយ SpaceX គឺជា​ជំហាន​ដំបូង​នៅក្នុង​គោលដៅ​យូរអង្វែង សំដៅ​រក​ការបាញ់​បង្ហោះ​ស្ថានីយ​អវកាស​បំពាក់​ទំនាញផែនដី​សិប្បនិម្មិត​ធំ​ជាង​មុន​ ទៅ​កាន់​​គន្លង​គោចរ​របស់​ផែនដី និង​ឆ្ងាយ​ជាង​នេះ» Jed McCaleb អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Vast Space បញ្ជាក់​ដូច្នេះ។

    Vast គឺជា​ក្រុមហ៊ុន​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ពីរ​ឆ្នាំមុន។ ក្រុមហ៊ុន​នេះ​មាន​គោលដៅ​គ្រប់គ្រង​ស្ថានីយ​អវកាស​បំពាក់​ទំនាញផែនដី​សិប្បនិម្មិត​ដែលមាន​ម៉ូឌុល​ច្រើន និង​ប្រវែង 100 ម៉ែត្រ ហើយ​បាញ់​បង្ហោះ​ដោយ​រ៉ុក្កែត​របស់ SpaceX។

    បើសិនជា​គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន Haven-1 នឹង​ក្លាយជា​ស្ថានីយ​អវកាស​ឯកជន​មួយ​​ក្នុង​ចំណោម​គម្រោង​នានា​ដែល​កំពុងស្ថិត​ក្នុងការ​អភិវឌ្ឍ។ កន្លងមក មាន​ក្រុមហ៊ុន​ជាច្រើន​ក៏បាន​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ប្រហាក់ប្រហែល​នឹង Haven-1 ក្នុងនោះ​ក៏មាន Axiom Space, Blue Origin, Nanoracks និង Northrop Grumman ផងដែរ៕

  • អត្ត​ព​លិ​ក​កម្ពុជា «ហោះ» ទៅលើ​​អាកាស​ អុជ​ព្រះ​អគ្គិ​ជ័យ​ស៊ី​ហ្គេម​លើក​ទី 32 បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ចាប់ផ្ដើម​ជា​ផ្លូវការ

    អត្ត​ព​លិ​ក​កម្ពុជា «ហោះ» ទៅលើ​​អាកាស​ អុជ​ព្រះ​អគ្គិ​ជ័យ​ស៊ី​ហ្គេម​លើក​ទី 32 បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ចាប់ផ្ដើម​ជា​ផ្លូវការ

    ទិដ្ឋភាព «ហោះ​ឡើង» ទៅ​អុជ​ព្រះ​អគ្គិ​ជ័យ​កីឡា​ស៊ី​ហ្គេម របស់​កីឡាការិនី​តៃ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី បាន​បិទ​បញ្ចប់​ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) លើក​ទី 32 កាលពី​យប់​ថ្ងៃទី 05 ឧសភា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។

    ប៉ុន្មាន​សប្ដាហ៍​មុន​នោះ ព្រះ​អគ្គិ​ជ័យ​កីឡា (ភ្លើង​គប់) ស៊ី​ហ្គេម ត្រូវបាន​យក​អណ្ដាតភ្លើង​ពី​ពន្លឺព្រះអាទិត្យ​នៅ​ប្រាសាទអង្គរវត្ត។ នៅឯ​ទីលាន​បាល់ទាត់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ពេល​ទទួលបាន​ព្រះ​អគ្គិ​ជ័យ​កីឡា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កំពូល​កីឡាការិនី​ជូ​ជិត​ស៊ូ (Jujutsu) របស់ កម្ពុជា កញ្ញា ខាន់ ជេ​សា  (Jessa Khan) ក៏​កាន់​រត់​ចុះ​ទៅលើ​ឆាក ហើយ​ប្រគល់ជូន​ជើងឯក​កីឡាការិនី​ប៉េតង់​ពិភពលោក កែ ឡេង។ បន្ទាប់ពី​បាន​ឆ្លងកាត់​ដៃ​របស់​អត្ត​ព​លិ​ក​ឆ្នើម​ជាច្រើនរូប​របស់​កម្ពុជា ព្រះ​អគ្គិ​ជ័យ​កីឡា​ក៏បាន​ទៅដល់​ដៃ សន សៀវ​ម៉ី ដើម្បីឱ្យ​កំពូល​កីឡាការិនី​តៃ​ក្វាន់​ដូ​រូបនេះ ធ្វើ​សកម្មភាព​ចុងក្រោយ​នៃ​ការអុជ​ព្រះ​អគ្គិ​ជ័យ​កីឡា។

    សន សៀវ​ម៉ី អាយុ 27 ឆ្នាំ មាន​កម្ពស់ 1.83 ម៉ែត្រ គឺជា​និមិត្តរូប​នៃ​ជោគជ័យ​របស់​វិស័យ​កីឡា​កម្ពុជា។ សៀវ​ម៉ី ធ្លាប់​ដណ្ដើមបាន​មេដាយមាស​បី​គ្រឿង​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2013, 2017, 2019 ហើយក៏​ជា​អត្ត​ព​លិ​ក​កម្ពុ​ជាដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ដណ្ដើមបាន​មេដាយមាស​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី (ASIAD) លើក​ទី 17 នៅ Incheon ឆ្នាំ 2014។

    នៅក្នុង​ឈុត​អុជ​ព្រះ​អគ្គិ​ជ័យ ខ្សែកាប​បាន​ជួយ​ឱ្យ សៀវ​ម៉ី ដែលមាន​គប់​នៅ​នឹង​ដៃ «ហោះ​ឡើង» លើ​អាកាស ទៅ​ក្បែរ​ទីតាំង​អេក្រង់ hologram ដែល​បន្ទាប់មក​បញ្ចាំង​ទស្សនីយភាព​ដុំ​ភ្លើង​ដ៏​អស្ចារ្យ មុនពេល​នាគ​ទេព​បង្ហាញខ្លួន និង​លេប​យក ហើយ​ព្រួស​បាល់​ភ្លើង​សំដៅ​គប់​ស៊ី​ហ្គេម។ អណ្ដាតភ្លើង​ស៊ី​ហ្គេម​ក៏​ឆេះ​ឡើង​នៅលើ​វិមាន​អគ្គិ​ជ័យ​កីឡា​របស់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ បញ្ជាក់ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 បានចាប់ផ្ដើម​ជា​ផ្លូវការ។

    ឈុត​ឆាក​អុជ​ព្រះ​អគ្គិ​ជ័យ​ស៊ី​ហ្គេម​នេះ​ក៏បាន​បិទ​បញ្ចប់​ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ដែល​ធ្វើឡើង​រយៈពេល 150 នាទី កាលពី​យប់​ថ្ងៃទី 05 ឧសភា 2023 ផងដែរ៕

    កីឡាការិនី​តៃ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី
    កីឡាការិនី​តៃ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី «ហោះឡើង»
    កីឡាការិនី​តៃ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី «ហោះឡើង»
    អណ្ដាតភ្លើង​ស៊ី​ហ្គេម​ក៏​ឆេះ​ឡើង​នៅលើ​វិមាន​អគ្គិ​ជ័យ​កីឡា​របស់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ

    មហា​ទស្សនីយភាព​នៅ​មុន​ពិធី​អុជ​ព្រះអគ្គិជ័យ​កីឡា ៖

     

  • U-22 បួន​ក្រុម​នៅ​ស៊ីហ្គេម​កម្ពុជា​ «ទាត់បាល់​ចូល​ទី​ខ្លួន​ឯង​ក្នុង​ថ្ងៃ​តែ​មួយ» តើ​ជាកំហុស​របស់​​នរណា​?

    U-22 បួន​ក្រុម​នៅ​ស៊ីហ្គេម​កម្ពុជា​ «ទាត់បាល់​ចូល​ទី​ខ្លួន​ឯង​ក្នុង​ថ្ងៃ​តែ​មួយ» តើ​ជាកំហុស​របស់​​នរណា​?

    ក្នុង​ពីរ​ប្រកួត​នៅ​ពូ​ល B ដែល​បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី 04 ឧសភា នៅ​ឯ​ទីលាន​បាល់ទាត់​ព្រី​នស៍​ បាន​កើតមាន​ហេតុការណ៍​កីឡាករ​ទាត់​បាល់​ចូល​ទី​ខ្លួនឯង​ដល់ទៅ​​បួន​លើក ដែល​នេះ​គឺជា​កំណត់ត្រា​មួយ​មិន​ធ្លាប់​កើតឡើង​នៅ​ស៊ី​ហ្គេម នាំឱ្យមាន​ការសង្ស័យថា ផ្ទៃ​ទីលាន​ដែល​ទើបតែ​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង​នេះ​គឺជា​ដើមហេតុ?

    គេហទំព័រ​ព័ត៌មាន​កីឡា​មួយ​របស់​វៀតណាម បានសរសេរថា «បើ​ទោះ​ទើបតែ​ត្រូវបាន​កែលំអ លើកកម្ពស់​គុណភាព ប៉ុន្តែ​ផ្ទៃ​ស្មៅ​លើ​ទីលាន​បាល់ទាត់​ព្រី​ន​ស៍លែង​នៅ​ល្អ​ដូច​ការប្រកួត​បើកឆាក។ នៅក្នុង​ការប្រកួត​ជើង​ទី​ពីរ ទស្សនិកជន​បាន​ទស្សនា​ទិដ្ឋភាព​កីឡាករ​យក​ជើង​លុប​ក្រហូង​ដី​​លើ​ទីលាន​ប្រកួត។

    ពិសេស​នៅត្រង់ចំណុច​ដែល​ត្រូវ​កីឡាករ​ជាន់​ច្រើនជាង​គេ ក្នុងនោះ​មាន​ចំណុច​ខាងមុខ​អ្នកចាំទី​ជាដើម គុណភាព​ផ្ទៃដី និង​ស្មៅ​ត្រូវ​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស។

    Ilhan Noor ខ្សែការពាររបស់ U-22 សង្ហបុរី «ក្បត់ទីខ្លួនឯង»

    សារព័ត៌មាន​វៀតណាម​មួយ​នេះ​បាន​សរសេរ​ការពារ​កីឡាករ​របស់ខ្លួន​ដែល​បាន​ទាត់​បាល់​ចូល​ទី​ខ្លួនឯង​ថា «ពិតជា​ពិបាក​ជឿ កីឡាករ​ដែល​ស្ទាត់ជំនាញ និង​ធ្លាប់​ប្រកួត​នៅ​ស៊ី​ហ្គេម​ពីរ​លើក​​ដូច​ខ្សែបម្រើ Vu Tien Long បែរជា​ទាត់​បាល់​អន់​ដូច្នេះ​នៅខាងមុខ​តំបន់​គ្រោះថ្នាក់ ក្នុង​គ្រា​ដែល​មិនមាន​សម្ពាធ​ខ្លាំង»។

    គេហទំព័រ​កីឡា​នេះ​បាន​សរសេរ​ទៀតថា «គេ​អាច​មើលឃើញ​ច្បាស់​បំផុត​គឺ​ការ «ក្បត់​ទី​ខ្លួនឯង» របស់ Ilhan Noor។ ខ្សែការពារ​របស់ U-22 សង្ហ​បុរី​រូបនេះ​ទំនងជា​ចំពប់ជើង ធ្វើឱ្យ​សកម្មភាព​កាត់​ចង្វា​ក់បាល់​ត្រូវ​បាត់បង់​ម្ចាស់ការ»។

    23 ក្រុម​ម៉ាឡេស៊ី បែរជា​ត្រូវ​ចាញ់​មួយ​គ្រាប់​វិញ បន្ទាប់ពី​ខ្សែការពារ​ទាត់​ចូល​ទី​ខ្លួនឯង

    ប្រការ​ដ៏​ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ​ដូចខាងលើ​បន្ត​កើតឡើង​នៅក្នុង​ការប្រកួត​រវាង U-22 ឡាវ និង U-22 ម៉ាឡេស៊ី។ ថ្វីបើ​រកបាន​មួយ​គ្រាប់​ដំបូង​គេ​នៅ​នាទី​ទី​បួន ប៉ុន្តែ​ដល់​នាទី​ទី 23 ក្រុម​ម៉ាឡេស៊ី បែរជា​ត្រូវ​ចាញ់​មួយ​គ្រាប់​វិញ បន្ទាប់ពី​ខ្សែការពារ​ទាត់​ចូល​ទី​ខ្លួនឯង។ ប៉ុន្មាន​នាទី​ក្រោយមក ដល់​វេន U-22 ឡាវ ទាត់​បាល់​ចូល​ទី​ខ្លួនឯង​វិញ​ម្ដង​ នៅពេល​ខ្សែបម្រើ Najmudin របស់​ម៉ាឡេស៊ី ប្លោង​​បាល់​ចូល​ក្បែរ​តំបន់​គ្រោះថ្នាក់។

    U-22 ឡាវ ទាត់បាល់ចូលទីខ្លួនឯង

    យោងតាម​សារព័ត៌មាន​ខាងលើ ផ្ទៃ​របស់​វាលស្មៅ​នៅ​ទីលាន​បាល់ទាត់​ព្រី​នស៍ ត្រូវ​ខូចខាត​ច្រើន​ក្រោយពី​មានការ​ប្រកួត​ជា​បន្តបន្ទាប់ ហើយ​គេ​អាច​មើល​ឃើញ​ដោយ​ផ្នែក​ទទេ។ នេះ​​​អាច​ជាដើម​ហេតុដែល​ធ្វើឱ្យ​កីឡាករ​ទាត់​បាល់​មិនបាន​ល្អ នាំឱ្យមាន​ហេតុការណ៍​ទាត់​ចូល​ទី​ខ្លួនឯង​ច្រើនដង​មិន​ធ្លាប់មាន​ពីមុនមកដូច្នេះ​៕

  • ក្រុម​ហ៊ុន IBM នឹង​ប្រើប្រាស់​ AI ជំនួស​មនុស្ស​ជិត 8,000 នាក់

    ក្រុម​ហ៊ុន IBM នឹង​ប្រើប្រាស់​ AI ជំនួស​មនុស្ស​ជិត 8,000 នាក់

    Arvind Krishna អគ្គនាយក​ប្រតិបត្តិ​របស់ IBM បានឱ្យដឹងថា បណ្ដា​ការងារ​ជួយ​ដល់​ការិយាល័យ​ដូចជា​ការគ្រប់គ្រង​ធនធានមនុស្ស​ជាដើម​នឹងត្រូវ​បាន​ជំនួស​ដោយ​បញ្ញា​និម្មិត (AI)។

    លោក Krishna បាន​ប្រាប់ Bloomberg ថា ក្រុមហ៊ុន IBM នឹង​ឈប់​ជ្រើសរើស​បុគ្គលិក​សម្រាប់​តំណែង​ទាំងឡាយណា​ដែល​ពួកគេ​យល់ថា​អាច​ជំនួស​ដោយ AI នៅពេល​ខាងមុខ។ ក្រុមការងារ​ដែល​នឹងត្រូវ​ឈប់​ជ្រើសរើស និង​ធ្វើការ​ផ្លាស់ប្ដូរ​ដំបូង​គេ​គឺ​ក្រុម​ជំនួយ​ការ​នៅ​ការិយាល័យ​ដែលមាន​ដូចជា​បុគ្គលិក​គ្រប់គ្រង​ធនធានមនុស្ស​ជាដើម។

    យោងតាម​លោក Krishna នៅក្នុង​ក្រុមហ៊ុន IBM ​តំណែង​នានា​​ដែល​មិន​ធ្វើការ​ផ្ទាល់​ជាមួយ​អតិថិជន ​មាន​ប្រហែល 26,000 នាក់។ «ក្នុង​ប្រាំ​ឆ្នាំ​ទៀត មាន​ប្រហែល 30% ក្នុង​ក្រុម​នេះ​នឹងត្រូវ​ជំនួស​ដោយ AI និង​ប្រព័ន្ធ​ស្វ័យប្រវត្ត ដែល​​ស្មើនឹង 7,800 នាក់ ​ត្រូវ​បាត់បង់​ការងារ» លោក Krishna ប​ន្ធែ​ម​ដូច្នេះ។

    អ្នកនាំពាក្យ​របស់ IBM អះអាងថា ការកាត់បន្ថយ​បុគ្គលិក​នេះ​នឹងមិន​ប៉ះពាល់​ច្រើន​ដល់​សកម្មភាព និង​គុណភាព​ផលិតផល​របស់​ក្រុមហ៊ុន។

    បច្ចុប្បន្ន IBM មាន​បុគ្គលិក 260,000 នាក់ និង​បន្ត​ជ្រើសរើស​សម្រាប់​តំណែង​ទាក់ទង​នឹង​សប​វ៉ែ​រ និង​តំណែង​ដែល​ធ្វើការ​ជាមួយ​អតិថិជន។ ដើមឆ្នាំ​នេះ IBM បាន​បញ្ឈប់​បុគ្គលិក 5,000 នាក់ ប៉ុន្តែ​បានជ្រើសរើស 7,000 នាក់​នៅក្នុង​ត្រីមាស​ទីមួយ​ឆ្នាំនេះ។

    នៅពេល​ឧបករណ៍​បញ្ញា​និម្មិត​កាន់តែ​រីកចម្រើន និង​បង្ហាញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​នៅក្នុង​ការងារ​ដែល​មិន​ទាមទារ​ឱ្យមាន​ជំនាញ​ខ្ពស់ ក្រុម​​អ្នកជំនាញ​ចាប់ផ្ដើម​មានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​ទីផ្សារការងារ​បែប​បុរាណ​ត្រូវបាន​បំផ្លាញ។ មនុស្ស​ជាច្រើន​ដែល​ធ្វើការ​ក្នុង​វិស័យ​មួយចំនួន​មាន​ដូចជា ការងារ​និពន្ធ ការងារ​គូររូប​ជាដើម ​បាន​ប្រាប់ថា ប្រាក់ចំណូល​របស់​ពួកគេ​បាន​ថយចុះ​ពាក់កណ្ដាល​ចាប់តាំងពី​បណ្ដា​រូបមន្ត AI ត្រូវបាន​ណែនាំ​ដល់​សាធារណជន៕

  • ប្រទេស​ចិន​ចាប់ផ្ដើម​ខួងអណ្ដូង​ប្រេង​ជ្រៅ​ជាងគេ​បង្អស់​នៅ​ទ្វីបអាស៊ី

    ប្រទេស​ចិន​ចាប់ផ្ដើម​ខួងអណ្ដូង​ប្រេង​ជ្រៅ​ជាងគេ​បង្អស់​នៅ​ទ្វីបអាស៊ី

    សាជីវកម្ម Sinopec ចាប់ផ្ដើម​ខួងអណ្ដូង​ប្រេង Yuejin 3-3 ជម្រៅ 9,472 ម៉ែត្រ នៅ​តំបន់​បាតខ្ទះ Tarim ដែល​ស្ថិតក្នុង​តំបន់​ស្វយ័ត Xinjiang ប្រទេស​ចិន​ កាលពី​ថ្ងៃទី 01 ឧសភា 2023។

    អណ្ដូងប្រេង Yuejin 3-3 នឹង​ជា​ជំហាន​ដ៏​ធំ​មួយ​នៅក្នុង​សកម្មភាព​រុករក​ប្រេង​ឧស្ម័ន​មហា​ជ្រៅ ជួយ​ឱ្យ​ប្រទេស​ចិន​បង្កើន​ការផលិត​ប្រេង​ឆៅ​របស់ខ្លួន។ តាម​ផែនការ សាជីវកម្ម​ចិន Sinopec គ្រោង​នឹង​សម្រេចបាន​ដំណាក់កាល​ខួង​ក្នុង​រយៈពេល 170 ថ្ងៃ។

    អណ្ដូងប្រេង Yuejin 3-3 ស្ថិតក្នុង​គម្រោង​ខួង​ដី​មហា​ជ្រៅ Deep Earth ដែល​បច្ចុប្បន្ន​ប​ខួងអណ្ដូង​បាន​ចំនួន 120 កន្លែង​ដែលមាន​ជម្រៅ​ជាង 8,000 ម៉ែត្រ នៅ​តំបន់​បាតខ្ទះ Tarim ។ នេះ​គឺជា​តំបន់​បាតខ្ទះ​ដែល​ផ្ទុក​រ៉េ​ប្រេង​ធំជាងគេ​បង្អស់​នៅ​ប្រទេស​ចិន ដោយ​កាន់កាប់​ជាង 60% នៃ​ធនធាន​ប្រេង​ឧស្ម័ន​ក្នុង​ដី​មហា​ជ្រៅ​របស់​ប្រទេស​នេះ។

    ថ្វីបើ​ការ​ខួងអណ្ដូង​ប្រេង​ជ្រៅ​ខ្លាំង​គឺជា​រឿង​លំបាក ប៉ុន្តែ​បន្ទាប់ពី​បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​ និង​បច្ចេក​ទេស​ទំនើប ប្រទេស​ចិន​ក៏អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ប្រសើរ​ជាង​មុន។ នេះ​បើតាម Wang Long ដែលជា​អ្នកជំនាញ​ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ​បច្ចេកទេស​ប្រេង​ឧស្ម័ន Sinopec។

    អណ្ដូងប្រេង Yuejin 3-3 ស្ថិតក្នុង​គម្រោង​ខួង​ដី​មហា​ជ្រៅ Deep Earth

    លោក Wang Long ឱ្យដឹងថា «រយៈពេល​នៃ​ការ​ខួង​កាលពី​បី​ឆ្នាំមុន​គឺ 280 ថ្ងៃ ប៉ុន្តែ​បច្ចុប្បន្ន​បាន​ថយ​មក​នៅត្រឹម 97 ថ្ងៃ ខណៈដែល​សុក្រឹតភាព​នៅពេល​ខួង​ក៏​កើន​ពី 60% ឡើងដល់​ជាង 90%»៕

  • សកម្មភាព​គួរ​ធ្វើ ដើម្បី​សុខភាព​សក់

    សកម្មភាព​គួរ​ធ្វើ ដើម្បី​សុខភាព​សក់

    មាន​អារម្មណ៍​ថា​របៀប​នៃ​ការថែរក្សា​សក់​របស់​អ្នក​នៅមាន​ភាពខ្វះ​ចន្លោះ​ដែរឬទេ? បើ​ដូច្នេះ​មានន័យថា វា​ដល់ពេល​ហើយ​ដែល​អ្នក​ត្រូវ​កែខៃ​ឱ្យអ្វីៗមាន​ភាពល្អ​ប្រសើរឡើង​វិញ​នោះ។ សកម្មភាព​មួយចំនួន​ដែល​អ្នក​ធ្លាប់​បានធ្វើ អាច​បណ្តាលឱ្យមាន​ផល​មិនល្អ​ចំពោះ​សុខភាព​សក់ ហើយ​សកម្មភាព​ខ្លះ​ក៏​ជា​ផល​ល្អ​ចំពោះ​សក់​ដែរ ហេតុដូចនេះ​ការដឹង​ពីអ្វី​ដែល​គួរ និង​មិនគួរ​ធ្វើ​គឺជា​រឿង​សំខាន់​ដែល​អ្នក​មិនគួរ​មើលរំលង​ជាដាច់ខាត។

    *លាបប្រេង​លើស​ក់នា​ពេលយប់​មុនពេល​ងូតទឹក ព្រោះ​ការធ្វើ​បែបនេះ​នឹងធ្វើ​ឱ្យ​សក់​របស់​អ្នក​ភ្លឺរលោង។
    *ស្ព្រៃ​យ៍​កាត់បន្ថយ​សក់​ជំពាក់​អាចជួយ​កុំឱ្យ​សក់​របស់​អ្នក​ជំពាក់​ខ្លាំង។ ដូច្នេះ​អ្នក​មិនចាំបាច់​ពិបាក​ខំ​ជជុះ​សក់​ខណៈដែល​កំពុង​សិតសក់​នោះទេ។
    *បើ​សិនអ្នកមាន​ការចាំបាច់​ត្រូវតែ​ប្រើ​កម្តៅ​លើស​ក់ អ្នក​ត្រូវតែ​ប្រាកដ​ក្នុង​ចិត្ត​ថា ​អ្នក​បាន​ប្រើ​ស្ព្រៃ​យ៍​បាញ់​ការពារ​សក់​ជាមុន​រួចហើយ។
    *កុំអាល​គេង​បើ​សក់​របស់​អ្នក​នៅ​មិនទាន់​ស្ងួត ព្រោះ​វា​នឹងធ្វើ​ឱ្យ​សក់​របស់​អ្នកខ្សោយ។ ដំណោះស្រាយ​គឺ​អ្នក​ត្រូវ​ផ្លុំ​គល់​សក់​ឱ្យ​ស្ងួត​ដោយ​ប្រើ​កម្តៅ​ទាប​ជាមុនសិន មុននឹង​ចូល​គេង។
    *មនុស្ស​ភាគច្រើន​ប្រើ​សាប៊ូ​ច្រើនជាង​តម្រូវការ។ បរិមាណ​នៃ​សាប៊ូ​គួរតែ​ប្រើ​ទៅតាម​ប្រវែង​នៃ​សក់​របស់​អ្នក(1/4នៃ​ទូកដៃ)។
    *កុំ​ផ្លុំ​សក់ ឬ​ធ្វើឱ្យ​សក់​ត្រូវ​កម្តៅ​ញឹកញាប់​ពេក ព្រោះ​ជាហេតុ​ផល​ដែល​ធ្វើឱ្យ​សក់​មាន​ភាព​ធុញថប់ ងាយ​នឹងត្រូវ​បំផ្លាញ​ខ្លាំងណាស់។
    *ជម្រះ​សក់​ជាមួយនឹង​ទឹក​ត្រជាក់ បន្ទាប់ពី​កក់សក់​ហើយក៏​ត្រូវ​អប់​សក់​ផងដែរ ដើម្បីឱ្យ​សក់​រលោង​ស្អាត​ជាង​ពីមុន។
    *ភាព​ធុញថប់​ជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​សក់​ត្រូវ​បំផ្លាញ ដូច្នេះ​សូម​ធ្វើយ៉ាងណា​ចៀស​ចេញ​ឱ្យ​ឆ្ងាយ​ពី​ភាព​ធុញថប់​ទាំងនេះ។
    *ពេល​ស​ម្ងួ​ត​សក់​ដោយ​ប្រើ​កន្សែង កុំ​ត្រដុស​វាខ្លាំងៗពេក ព្រោះ​វា​អាច​បំផ្លាញ​ដល់​សក់​របស់​អ្នក​បាន ដូច្នេះ​ចាប់ពីពេលនេះ​ទៅ​អ្នក​គួរតែ​ប្រើ​កន្សែង​ណា​ដែលមាន​សរសៃ​ទន់​អាច​ជក់ទឹក​បានល្អ ទើប​ជាការ​ប្រសើរ និង​ល្អ​ចំពោះ​សុខភាព​សក់​របស់​អ្នក៕