Tag: វៀតណាម

  • ភាពយន្ត​រឿង​អាម៉េរិក​មួយ​ត្រូវបាន​វៀតណាម​ហាម​ចាក់​នៅ​រោងកុន​ព្រោះតែ​ពាក់ព័ន្ធ​នឹង​ចិន

    ភាពយន្ត​រឿង​អាម៉េរិក​មួយ​ត្រូវបាន​វៀតណាម​ហាម​ចាក់​នៅ​រោងកុន​ព្រោះតែ​ពាក់ព័ន្ធ​នឹង​ចិន

    ​ភាពយន្ត​អាម៉េរិក រឿង «Barbie» ​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ហាម​ចាក់​បញ្ចាំង​នៅ​រោងកុន​ក្នុងប្រទេស​នេះ ដោយសារ​តែមាន​រូបភាព​ដែល​វៀតណាម​មិន​ទទួលស្គាល់​នៅ​សមុទ្រ​ចិន​ខាងត្បូង។

    កាលពី​ថ្ងៃទី 03 កក្កដា 2023 អាជ្ញាធរ​វៀតណាម​បានឱ្យដឹងថា សមត្ថកិច្ច​បាន​ហាម​ការចាក់​បញ្ចាំងភាពយន្ត​ទាំងឡាយណា​ដែលមាន​រូបភាព​ផែនទី​ផ្លូវ 9 ខ្សែ (Nine-dash line) ដែល​ប្រទេស​ចិន​បាន​ដាក់ចេញ​សម្រាប់​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​កំពុង​តវ៉ា។

    មុន​នោះ ភាពយន្ត​ខាងលើ​គ្រោង​នឹង​ចាក់​បញ្ចាំង​ក្នុងប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃទី 21 កក្កដា។ ទាក់ទង​នឹង​បញ្ហា​នេះ ខាង​រោងកុន​នៅ​វៀតណាម និង​ខាង​ផលិតកម្ម​របស់ Barbie ហាក់​មិនមាន​ប្រតិកម្ម​អ្វី​នៅឡើយ។

    ភាពយន្ត​នេះ​ត្រូវបាន​ចំណាយ​ប្រាក់​ក្នុង​ការផលិត​អស់​ចំនួន 100 លាន​ដុល្លារ​អាម៉េរិក។ Barbie (សម្ដែង​ដោយ Margot Robbie) និយាយ​អំពី​ភព Barbieland។ ថ្ងៃមួយ គ្រប់យ៉ាង​បាន​ប្រែប្រួល​នៅពេល​នាង​ត្រូវបាន​កម្ចាត់​ចេញពី Barbieland។ នាង​ក៏​ជ្រើសរើស​ផ្លូវ​ទៅកាន់​ភព​របស់​មនុស្ស​ដើម្បី​ស្វែងរក​សុភមង្គល​ថ្មី ដែល​រួម​ដំណើរ​ជាមួយ Ken (សម្ដែង​ដោយ Ryan Gosling)។

    ផែន​ទី​ផ្លូវ 9 ខ្សែ (Nine-dash line) នៅ​សមុទ្រ​ចិន​ខាង​ត្បូង

    គិត​មកដល់ពេលនេះ វៀតណាម​បាន​ហាម​ការចាក់​បញ្ចាំងភាពយន្ត​ជាច្រើន​ដែលមាន​ផ្ទុក​រូបភាព​ផែនទី​ខាងលើ ក្នុងនោះ​មានដូចជា ភាពយន្ត​រឿង Uncharted, Abominable, Pine Gap, Put your head on my shoulder និង Madam Secretary ជាដើម៕

  • ក្រុមហ៊ុន​តៃវ៉ាន់ Foxconn ​​​ផលិត​​គ្រឿង​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

    ក្រុមហ៊ុន​តៃវ៉ាន់ Foxconn ​​​ផលិត​​គ្រឿង​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

    Foxconn ត្រៀម​វិនិយោគ​ប្រហែល 250 លាន​ដុល្លារ​អាម៉េរិក ទៅលើ​គម្រោង​ពីរ​នៅ​ប្រទេស​វៀតណាម ក្នុងនោះ​​ក៏​មានការ​ផលិត​គ្រឿងបន្លាស់​សម្រាប់​រថយន្ត​អគ្គិសនី​ផងដែរ។

    ឥរិយាបថ​ខាងលើនេះ​បញ្ជាក់​អំពី​ផែនការ​ធ្វើ​សកលភាវូបនីយកម្ម​រ​បស់ Foxconn ដើម្បី​ក្លាយជា «អ្នកលេង» នៅក្នុង​វិស័យ​​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី ក្រោយពី​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុងការ​ផ្ដោតលើ​ការដំឡើង​ផលិតផល​ឱ្យ Apple និង​បណ្ដា​ក្រុមហ៊ុនធំៗដទៃទៀត។

    ក្រុមហ៊ុន​​ខ្នាត​យក្ស​របស់​តៃវ៉ាន់ តាមរយៈ Foxconn Singapore នឹង​វិនិយោគ​ប្រហែល 250 លាន​ដុល្លារ​អាម៉េរិក ទៅលើ​តំបន់ឧស្សាហកម្ម​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម ដែល​នឹង «ផ្ដោតលើ​ការផលិត​គ្រឿងបន្លាស់​សម្រាប់​យានយន្ត​អគ្គិសនី ប្រព័ន្ធ​បញ្ជា និង​បណ្ដា​ផលិតផល​បច្ចេកវិទ្យា​ដ​ទៃទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​អនាគត»។ នេះ​បើតាម​ទំព័រ Reuters។

    គម្រោង​ខាងលើនេះ​នឹង​ជួយ​បង្កើន​ខ្ទង់​វិនិយោគ​សរុប​របស់ Foxconn នៅ​អាស៊ីអាគ្នេយ៍ ឡើងដល់ 3 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

    ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

    ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន​វៀតណាម Thai Binh Hung Thinh (Thai Hung) នឹង​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​នៅ​ឆ្នាំក្រោយ។

    កាលពី​ថ្ងៃទី 28 មិថុនា 2023 ក្រុមហ៊ុន Thai Hung របស់​វៀតណាម និង​ក្រុមហ៊ុន Roding Mobility របស់​អាល្លឺម៉ង់ បាន​ចុះ​កិច្ចព្រមព្រៀង​ស្រាវជ្រាវ អភិវឌ្ឍ និង​ផលិត​ម៉ូតូ​អគ្គិសនី រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​ប្រទេស​វៀតណាម។

    យោងតាម​កិច្ចព្រមព្រៀង​ខាងលើ Roding នឹង​ទទួលខុសត្រូវ​ក្នុង​ផ្នែក​ព្រឹក្សា​យោបល់​លើ​បញ្ហា​បច្ចេកទេស គ្រប់គ្រង​ដំណាក់កាល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ផលិតផល រហូតដល់​ផលិត​បានជា​ស្ថាពរ។ ក្រោយមក បច្ចេកវិទ្យា​ទាំងមូល​របស់​ពួកគេ​នឹងត្រូវ​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន​វៀតណាម Thai Hung។

    ក្រុមហ៊ុន​វៀតណាម​នឹង​ទទួល​បច្ចេកវិទ្យា​ពី Roding ដើម្បី​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​វៀតណាម ដើម្បី​លក់​ក្នុងស្រុក។

    រោងចក្រ​របស់​ពួកគេ​នឹង​អាច​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​សរុប​បាន 15,000 គ្រឿង/ឆ្នាំ ក្នុងនោះ​រថយន្ត​អគ្គិសនី​នឹងមាន​ប្រហែល 5,000 គ្រឿង/ឆ្នាំ។ តាម​គម្រោង រោងចក្រ​ខាងលើ​នឹង​ដំណើរការ​ចាប់ពី​ត្រីមាស​ទី​បួន ឆ្នាំ 2023។ ផលិតផល​ដំបូង​របស់​ក្រុមហ៊ុន​ខាងលើ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ 2024។

    ដូច្នេះ Thai Hung នឹង​ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទី​បី​ដែលមាន​រោងចក្រ​ដំឡើង​នៅ​វៀតណាម បន្ទាប់ពី VinFast របស់​មហាសេដ្ឋី​វៀតណាម និង Wuling របស់​ចិន៕

  • វៀតណាម​ចោទប្រកាន់​មនុស្ស​រាប់សិប​នាក់​ពី «បទ​ភេរវកម្ម» មាន​អង្គ​ការ​ចាត់​តាំង

    វៀតណាម​ចោទប្រកាន់​មនុស្ស​រាប់សិប​នាក់​ពី «បទ​ភេរវកម្ម» មាន​អង្គ​ការ​ចាត់​តាំង

    មនុស្ស 75 នាក់ ក្នុងចំណោម 84 នាក់​ដែល​បាន​វាយប្រហារ​លើ​សាលាឃុំ​ពីរ​នៅ​ខេត្ត​ភាគខាងត្បូង​ប្រទេស​វៀតណាម ត្រូវបាន​ចាប់ខ្លួន​ពីបទ​ភេរវកម្ម​ប្រឆាំង​រដ្ឋអំណាច។

    ថ្ងៃទី 23 មិថុនា លោក To An Xo អ្នកនាំពាក្យ​ក្រសួង​សន្តិសុខ​វៀតណាម បានឱ្យដឹងថា សេចក្ដីសម្រេច​ចោទប្រកាន់​នានា​ត្រូវបាន​ស្ថាប័ន​ប៉ូលិស​ខេត្ត Dak Lak ធ្វើឡើង​រួចហើយ ដើម្បី​ប្រឆាំងនឹង​មនុស្ស​ច្រើនសិប​នាក់​ដែល​ត្រូវបាន​ចោទថា បាន​វាយប្រហារ​ភេរវកម្ម​លើ​សាលាឃុំ​របស់​ខេត្ត​នេះ។

    ក្នុងករណី​ខាងលើ រដ្ឋអំណាច​វៀតណាម​ក៏បាន​ចោទប្រកាន់​មនុស្ស 7 នាក់​ផ្សេងទៀត​ពីបទ​ធ្វេសប្រហែស​ចំពោះ​ឧក្រិដ្ឋកម្ម, ម្នាក់​ពីបទ​លាក់បាំង​ឧក្រិដ្ឋកម្ម, ម្នាក់​ពីបទ​រៀបចំ​នាំ​មនុស្ស​ចេញ-ចូល​ប្រទេស ឬ​ស្ថាន​នៅលើ​ទឹកដី​វៀតណាម​ដោយ​ខុសច្បាប់។

    តំណាង​ក្រសួង​សន្តិសុខ​វៀតណាម​ចាត់ទុក​សកម្មភាព​ដែល​បានកើត​ឡើង​នៅឯ​សាលាឃុំ​ចំនួន​ពីរ​នៅ​ខេត្ត Dak Lak កាលពី​ព្រឹក​ថ្ងៃទី 11 មិថុនា​ថា ជា «សកម្មភាព​ភេរវកម្ម​ដែលមាន​អង្គការ​ចាត់តាំង» ដោយមាន​មនុស្ស​ពីរ​ក្រុម​ប្រដាប់​ដោយ​កាំភ្លើង និង​អាវុធ​កែច្នៃ វាយប្រហារ​លើ​គោលដៅ បណ្ដាលឱ្យ​មនុស្ស 9 នាក់​ស្លាប់ និង 2 នាក់​រងរបួស និង​បាន​ចាប់ខ្លួន​មនុស្ស 3 នាក់​ជា​ចំណាប់ខ្មាំង។

    សារព័ត៌មាន​វៀតណាម បានឱ្យដឹងថា ក្នុងចំណោម​មនុស្ស​ពីរ​ក្រុម​ខាងលើ មាន​ម្នាក់​ជា​សមាជិក​របស់​ក្រុម​ដែល​នៅ​សហរដ្ឋ​អាម៉េរិក​ផងដែរ។

    ប៉ូលិស​វៀតណាម ប្រមូលបាន​កាំភ្លើង (កាំភ្លើង​ទាហាន និង​កាំភ្លើង​កែច្នៃ) 23 ដើម, គ្រាប់បែកដៃ 2 គ្រាប់, គ្រាប់កាំភ្លើង 1,200 គ្រាប់, គ្រឿងផ្ទុះ 17 គីឡូក្រាម រួម​នឹង​ទង់ FULRO ។ល។

    ទង់របស់រណសិរ្ស​រួបរួម​ដើម្បី​រំដោះ​ជាតិ​សាសន៍​ដែល​រង​ការ​សង្កត់សង្កិន (United Front for the Liberation of Oppressed Races)
  • ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម ច្របាច់​បញ្ចូលគ្នា​នឹង​​ក្រុមហ៊ុន​អាម៉េរិក​

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម ច្របាច់​បញ្ចូលគ្នា​នឹង​​ក្រុមហ៊ុន​អាម៉េរិក​

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម VinFast បានដាក់​ឯកសារ​ទៅកាន់​ស្ថាប័ន​គ្រប់គ្រង​មូល​ប​ត្រ​នៅ​សហរដ្ឋ​អាម៉េរិក ប្រកាសថា នឹង​សម្រេចបាន​ការច្របាច់បញ្ចូល​គ្នា​ជាមួយ Black Spade Acquisition ក្នុង​ឆ្នាំ 2023។

    យោងតាម​សារព័ត៌មាន Reuters ការច្របាច់បញ្ចូលគ្នារ​វាង​ក្រុមហ៊ុនវៀតណាម VinFast និង​ក្រុមហ៊ុន​អាម៉េរិក Black Spade នេះ​កំពុងស្ថិត​ក្នុងដំណាក់កាល Black Spade ស្នើ​សូមឱ្យ​អ្នកវិនិយោគ​ពន្យារ​ពេលធ្វើ​សកម្មភាព​ពីថ្ងៃ​ទី 20 កក្កដា 2023 ទៅ​ថ្ងៃទី 20 កក្កដា 2024។

    VinFast មានតម្លៃ​មូលធន​ទីផ្សារ​ប្រហែល 23 ពាន់​លាន​ដុល្លារ​អាម៉េរិក។ តម្លៃ​នេះ​គឺ​យោងទៅតាម​ការសម្រេចរ​បស់​ក្រុមហ៊ុន​អាម៉េរិក Black Spade។

    រថយន្តអគ្គិសនី​របស់ VinFast

    Black Spade Acquisition គឺជា​ក្រុមហ៊ុន SPAC (បង្កើតឡើង​ក្នុង​គោលដៅ​ពិសេស)។ បណ្ដា​ក្រុមហ៊ុន SPAC ប្រមូល​ទុន​តាមរយៈ​ការធ្វើ IPO និង​ប្រើប្រាស់​ខ្ទង់​វិនិយោគ​ដែល​ប្រមូលបាន​ទៅ​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​គោលដៅ​ដទៃ។ ការធ្វើ IPO លើ​ផ្សា​រមូល​ប​ត្រ​តាមរយៈ​ការច្របាច់បញ្ចូល​ជាមួយ SPAC កំពុង​ក្លាយជា​និន្នាការ​ថ្មី ព្រោះតែ​ជួយ​ឱ្យ​បណ្ដា​ក្រុមហ៊ុន​រំលង​ចោល​ដំណើរការ​តាម​​ទម្លាប់​មុន​ៗ​​របស់ Wall Street។

    VinFast ត្រូវបាន​ដំណើរការ​តាំងពី​ឆ្នាំ 2019 ដោយមាន​រោងចក្រ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​វៀតណាម និង​កំពុង​រៀប​គម្រោង​សាងសង់​រោងចក្រ​ទី​ពីរ​នៅ​សហរដ្ឋ​អាម៉េរិក។ ថ្មីៗនេះ លោក Pham Nhat Vuong ដែលជា​ប្រធាន​ក្រុមហ៊ុន VinGroup (ក្រុមហ៊ុនមេ​របស់ VinFast) និយាយថា VinFast អាច​​​មាន​ប្រាក់ចំណេញ​ចាប់​ពី​​ឆ្នាំ 2025៕

  • រថយន្ត​អគ្គិសនី​តូច​បំផុត​របស់​ក្រុម​ហ៊ុន​វៀតណាម VinFast បង្ហាញ​ខ្លួន​

    រថយន្ត​អគ្គិសនី​តូច​បំផុត​របស់​ក្រុម​ហ៊ុន​វៀតណាម VinFast បង្ហាញ​ខ្លួន​

    រថយន្ត​អគ្គិសនី​តូច​បំផុត​របស់​ក្រុម​ហ៊ុន​វៀតណាម VinFast ដែល​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​កាល​ពី​ល្ងាច​ថ្ងៃទី 08 មិថុនា គ្រោង​នឹង​ប្រគល់​ដល់​ដៃ​អតិថិជន​នៅក្នុង​ត្រីមាស​ទី​បី​ឆ្នាំ​ក្រោយ​។

    តំណាង​របស់​ក្រុម​ហ៊ុន​ VinFast ឱ្យ​ដឹង​ថា រថយន្ត​អគ្គិសនី VF 3 នឹង​ជា​ម៉ូដែល​រថយន្ត​តូច​ជាង​គេ​ដំបូង​បំផុត​របស់​​ក្រុមហ៊ុន​នេះ​។

    VF 3 មាន​បណ្ដោយ​សរុប 3,114 មិល្លីម៉ែត្រ ខ្លី​ជាង​ Kia Morning ដែល​មាន​បណ្ដោយ​ 3,595 មិល្លីម៉ែត្រ​ ប៉ុន្តែវែង​ជាង​ 197 មិល្លីម៉ែត្រ បើ​ធៀប​នឹង​រថយន្ត​អគ្គិសនី​​ដែល​ជិត​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​​របស់​ក្រុម​ហ៊ុន​ចិន Wuling​។

    រថយន្ត​អគ្គិសនី VF 3 មាន​ទ្វារ​ពីរ​នៅ​សង​ខាង​ និង​ទ្វារ​​មួយ​នៅ​ខាង​ក្រោយ​ ហើយ​អាច​ជិះ​បាន​ប្រាំ​នាក់​។ យោង​​តាម​ក្រុម​ហ៊ុន​វៀតណាម VF 3 ដែល​មាន​ពីរ​កំណែ​គឺ Eco និង Plus នេះ នឹង​មាន​តម្លៃ​ទាប​ សម​ស្រប​សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក​។

    បច្ចុប្បន្ន ម៉ូដែល​រថយន្ត​អគ្គិសនី​​​​​មាន​តម្លៃ​ទាប​បំផុត​របស់ VinFast គឺ​ VF 5 Plus ដោយ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​​ 538 លាន​ដុង​ ដែល​ប្រហែល​នឹង​ 22,900 ដុល្លារ​អាម៉េរិក)​៕

  • អ្នកប្រើប្រាស់​ស៊ីម​ទូរស័ព្ទ​​លើសពី​ដប់​នឹងត្រូវ​អាជ្ញាធរ​វៀតណាម «​សួរនាំ»

    អ្នកប្រើប្រាស់​ស៊ីម​ទូរស័ព្ទ​​លើសពី​ដប់​នឹងត្រូវ​អាជ្ញាធរ​វៀតណាម «​សួរនាំ»

    (វៀតណាម) – បុគ្គល ឬ​ស្ថាប័ន​ដែលមាន​ស៊ីម​កាត​ចាប់ពី 10 ឡើងទៅ នឹង​ត្រូវបាន​សមត្ថកិច្ច​ត្រួតពិនិត្យ ដើម្បី​ទប់ស្កាត់​ស៊ីម​សំណល់ ឬ​ប្រើប្រាស់​ខុសច្បាប់។

    កាលពី​ថ្ងៃទី 05 មិថុនា ក្រសួង​ព័ត៌មាន និង​ទូរគមនាគមន៍​វៀតណាម ឱ្យដឹងថា បានស្នើ​ឱ្យ​បណ្ដា​ក្រុមហ៊ុន​ទូរគមនាគមន៍​ធ្វើការ​ពិនិត្យ​ទៅលើ​ស្ថាប័ន បុគ្គល​ដែល​កំពុង​ប្រើប្រាស់​ស៊ីម​ទូរស័ព្ទ ដោយ​បញ្ជាក់ថា អ្នក​ដែល​បាន​ចុះឈ្មោះ​ប្រើប្រាស់​ស៊ីម​ចាប់ពី 10 លេខ​ឡើងទៅ នឹង​ត្រូវបាន​ពិនិត្យ ក្នុង​បំណង​ធានាថា រាល់​លេខ​ទូរស័ព្ទ​ត្រូវបាន​ប្រើប្រាស់​ដោយ​ម្ចាស់​កម្មសិទ្ធិ​ពិត និង​ត្រូវ​តាម​គោលដៅស្រប​ច្បាប់​។

    នេះ​គឺជា​ជំហាន​បន្ទាប់​របស់​ក្រសួង​ខាងលើ​នៅក្នុង​ការលុបបំបាត់​ស្ថានភាព​ស៊ីម​ទូរស័ព្ទ​ច្រើន​លើសលុប​មិនត្រូវ​បាន​ប្រើប្រាស់​ត្រឹម​ត្រូវ។ ក្រសួង​នេះ​បានសម្រេច​ដំណាក់កាល​ធ្វើ​ស្ដង់ដា​លើ​ទិន្នន័យ និង​កំពុង​ចាប់ផ្ដើម​ដំណាក់កាល​ថ្មី គឺ​ការបញ្ជាក់​ព័ត៌មាន​របស់​អ្នកប្រើប្រាស់។

    គិត​ត្រឹម​ចុងឆ្នាំ 2022 វៀតណាម​មាន​ស៊ីម​ទូរស័ព្ទ​សកម្ម​​ចំនួន 127 លាន ក្នុងនោះ​មាន​ទាំង​ស៊ីម​សំណល់ និង​ស៊ីម​ដែល​ត្រូវ​ជន​ទុច្ចរិត​ប្រើប្រាស់​ក្នុង​អំពើ​ល្មើស​ច្បាប់​៕

  • U23 កម្ពុជា​ស្ថិត​ក្នុង​ពូល​ជាមួយ​ថៃ នៅ​ព្រឹត្តិការណ៍​បាល់​ទាត់​​បុរស​អាយុ​ក្រោម​ 23 ឆ្នាំ របស់​​អាស៊ី​អាគ្នេយ៍​

    U23 កម្ពុជា​ស្ថិត​ក្នុង​ពូល​ជាមួយ​ថៃ នៅ​ព្រឹត្តិការណ៍​បាល់​ទាត់​​បុរស​អាយុ​ក្រោម​ 23 ឆ្នាំ របស់​​អាស៊ី​អាគ្នេយ៍​

    ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម​ 23 ឆ្នាំ (U23) របស់​កម្ពុជា ត្រូវ​ស្ថិត​នៅ​ក្នុង​ពូល​ A ជាមួយ​នឹង​ព្រុយណេ  មីយ៉ាន់ម៉ា និង​ម្ចាស់​ផ្ទះ​ថៃ​ បន្ទាប់​ពី​ការ​ចាប់​ឆ្នោត​​កាល​ពី​​​ព្រឹក​​ថ្ងៃទី 29 ឧសភា​ 2023​ សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ U23 អាស៊ី​អាគ្នេយ៍។

    នៅ​ឯ​​ពូល​ B វិញ មាន​បី​ក្រុម​​ រួម​មាន​ ទីម័រ​ខាងកើត ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ ខណៈ​ដែល​ពូល​ C រួម​មាន វៀតណាម ហ្វ៊ីលីពីន និង​ឡាវ​។

    ក្រុម​ទាំង​អស់​ត្រូវ​ប្រកួត​​​វិលមួយ​​ជុំ​ រួច​​បូក​ពិន្ទុ​​ដើម្បី​ដាក់​ចំណាត់​ថ្នាក់​។ បីក្រុម​ដែល​ជាប់​លេខ​មួយ​ក្នុង​ពូល​នីមួយ​ៗ​ រួម​នឹង​​ក្រុម​លេខ​ពីរ​មួយ​ក្រុម​ដែល​មាន​ថ្វី​ជើង​ល្អ​បំផុត ​នឹង​ដណ្ដើម​បាន​សិទ្ធិ​ឡើង​​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។

    យោង​តាម​ទំព័រ​បណ្ដាញ​សង្គម Cambodian Premier League ការប្រកួតរបស់កម្ពុជា នឹង​ចាប់ផ្តើម​ពីថ្ងៃទី 17 ដល់ ថ្ងៃទី 21 ខែសីហា ឆ្នាំ 2023​។

    ការប្រកួត​បាល់​ទាត់​នៃពានរង្វាន់យុវជន​អាយុ​ក្រោម​ 23 ឆ្នាំនៅ​តំបន់អាស៊ាន (AFF U23 Championship 2023) នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី 17 សីហា ដល់ 26 សីហា​។ វៀតណាម​គឺ​​ជា​ក្រុម​​​ជើង​ឯក​ U23 អាស៊ី​អាគ្នេយ៍ឆ្នាំ 2022​ ដោយ​បាន​ផ្ដួល​ U23 ថៃ នៅវគ្គ​ផ្ដាច់​ព្រ័ត្រ​៕

  • ម្ចាស់​ជើង​ឯកបាល់​ទាត់​ SEA Games លើក​ទី 32 មាន​មហិច្ចតា​ប្រកួត​ជាមួយ​បណ្ដា​ក្រុម​ជើង​ខ្លាំង​​លំដាប់​ពិភពលោក

    ម្ចាស់​ជើង​ឯកបាល់​ទាត់​ SEA Games លើក​ទី 32 មាន​មហិច្ចតា​ប្រកួត​ជាមួយ​បណ្ដា​ក្រុម​ជើង​ខ្លាំង​​លំដាប់​ពិភពលោក

    ប្រធាន​សហព័ន្ធកីឡាបាល់​ទាត់​ឥណ្ឌូណេស៊ី (PSSI) លោក​ Erick Thohir មាន​បំណង​អញ្ជើញ​បណ្ដា​ក្រុម​បាល់​ទាត់​លំដាប់​កំពូល​ៗ​របស់​ពិភព​លោក ​មក​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​នៃ​ប្រទេស​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​។

    «យើង​អញ្ជើញ​អាហ្សង់ទីន​មក​ទាត់​មិត្ត​ភាព​ដើម្បី​កែ​លំអ​ស្មារតី និង​សម​ជាមួយ​នឹង​ការ​ប៉ះ​គូប្រកួត​ធំៗ​។ ដើម​ឡើយ នៅ​ពេល​ជួប​វៀតណាម និង​ថៃ កីឡាករ​របស់​យើង​ក៏​ភ័យ​ញ័រ​ខ្លួន​។ ប៉ុន្តែ នៅ​ស៊ីហ្គេម​លើក​ទី 32 យើង​ដណ្ដើម​បាន​ជ័យ​ជម្នះ ហើយ​នេះ​គឺជា​ពេល​ដែល​មាន​ការ​ត្រៀម​ខ្លួន​បាន​ល្អ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​» ប្រធាន PSSI លោក Erick Thohir ថ្លែងដូច្នេះ​។

    ក្រោយ​ពី​ដណ្ដើម​បាន​មេដាយ​មាស​វិញ្ញាសា​បាល់​ទាត់​បុរស​នៅ​ស៊ីហ្គេម​លើក​ទី 32 ចលនា​​វិជ្ជមាន​ក្នុង​វិស័យ​បាល់​ទាត់​កំពុង​តែ​ផ្ទុះ​ឡើង​នៅ​​ឥណ្ឌូណេស៊ី​។ ក្នុង​ការ​ប៉ះ​គ្នា​លក្ខណៈ​​អន្តរជាតិ​នានា​ក្នុង​ខែ​មិថុនា ក្រុម​ឥណ្ឌូណេស៊ី នឹង​ប្រកួត​មិត្ត​ភាព​នៅ​ថ្ងៃទី 14 ជាមួយ​នឹង​ក្រុម​របស់​ប៉ាឡេស្ទីន​។ ប្រាំថ្ងៃ​បន្ទាប់​មក ឥណ្ឌូណេស៊ី​នឹង​ត្រូវ​ប្រកួត​ជាមួយ​អាហ្សង់ទីន​។

    តាម​ផែនការ PSSI ថែមទាំង​មាន​បំណង​អញ្ជើញ​ក្រុម​ជើង​ខ្លាំង​ដូច​ជា ម៉ារ៉ុក ប្រេស៊ីល ព័រទុយហ្កាល់​ និង​រុស្ស៊ី មក​ទាត់​មិត្ត​ភាព​នៅ​ឥណ្ឌូណេស៊ី​ទៀត​ផង​។ គម្រោង​ទាំង​នេះ​កំពុង​ត្រូវ​បាន​អនុវត្ត និង​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​ចរចា​។ ប៉ុន្តែ នឹង​មាន​តែ​មួយ​ ឬ​ពីរ​ប្រកួត​បែប​នេះ​ប៉ុណ្ណោះ​​នៅ​ក្នុង​មួយ​ឆ្នាំ​។ PSSI ក៏​​មាន​មហិច្ឆតា​រៀប​ចំ​​ការ​ប្រកួត​ផ្លូវ​ការ​ច្រើនទៀត​នៅ​ក្នុង​ឱកាស​ FIFA Days ដើម្បី​លើក​កម្ពស់​ចំណាត់​​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី នៅ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​​​ FIFA​៕

  • រថយន្ត​អគ្គិសនី​​របស់​វៀតណាម ជួប​បញ្ហា​ម៉ាស៊ីន​ត្រជាក់​ជា​​បន្ត​បន្ទាប់​

    រថយន្ត​អគ្គិសនី​​របស់​វៀតណាម ជួប​បញ្ហា​ម៉ាស៊ីន​ត្រជាក់​ជា​​បន្ត​បន្ទាប់​

    ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​បាន​​ត្អូញ​ត្អែរ​​ជា​បន្ត​បន្ទាប់​ទាក់​ទង​នឹង​បញ្ហា​រអាក់​រអួល​របស់​ម៉ាស៊ីន​ត្រជាក់​នៅ​ក្នុង​រថយន្ត​អគ្គិសនី​ VinFast VF8​ ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​នេះ​ត្រូវ​បង្ហាញ​​មូលហេតុ​​ និង​​ផ្ដល់​ដំណោះ​ស្រាយ​។

    បញ្ហា​បិទ​ម៉ាស៊ីន​ត្រជាក់​ដោយ​ឯក​ឯង​មិន​មែន​កើត​ឡើង​នៅ​លើ​តែ​រថយន្ត​អគ្គិសនី​​ VinFast VF8 នោះ​ទេ។ ជាក់​ស្ដែង​ អតិថិជន​ដែល​ប្រើ​ប្រាស់​ VinFast e34 និង VF5 ក៏​ជួប​បញ្ហា​ដូច​ក្នា​នេះ​ដែរ​។

    ​អ្នក​ជំនាញ​ផ្នែក​រថយន្តមួយ​រូប​​របស់​វៀតណាម​បាន​ឱ្យ​ដឹង​ថា​ «…សីតុណ្ហភាព​ប៉ុន្មាន​ថ្ងៃ​នេះ​ក្ដៅ​ជាង 40 អង្សាសេ​ ប៉ុន្តែ​ជាក់​ស្ដែង​វា​ប្រហែល​ជា​ 60 អង្សាសេ ដោយ​សារ​តែ​បេតុង​។ …សបវ៉ែរ​របស់​ឡាន​អគ្កិសនី​ VinFast កំណត់​ឱ្យម៉ាស៊ីន​ត្រជាក់​ឈប់​ដំណើរ​ការ​នៅ​ពេល​កម្ដៅ​ឡើង​ដល់​ប្រហែល 40 អង្សាសេ​ ដើម្បី​ការ​ពារ​ម៉ូទ័រ​។

    ក្រុម​ហ៊ុន​ VinFast ឱ្យ​ដឹង​ថា នា​ពេល​ខាង​មុខ ពួក​គេ​នឹង​ធ្វើ​បច្ចុប្បន្ន​ភាព​សបវ៉ែរ​កំណែ​ថ្មី​បំផុត​សម្រាប់ VinFast VF8 ទន្ទឹម​នឹង​ការ​ផ្លាស់​ប្ដូរ​បំពង់​នាំ​ឧស្ម័ន​របស់​ម៉ាស៊ីន​ត្រជាក់​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​បិទ​ម៉ាស៊ីន​ត្រជាក់​ដោយ​ឯក​ឯង​នៅ​ពេល​មេឃ​​ក្ដៅ​ខ្លាំង​៕