កាលពីថ្ងៃទី 18 មករា 2024 ក្រុមហ៊ុនចិន BYD បានបង្ហាញរថយន្តអគ្គិសនីចំនួនបីម៉ូដែលនៅឥណ្ឌូណេស៊ី គ្រាដែលក្រុមហ៊ុននេះកំពុងរកវិធីពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។
BYD បានឈ្នះ Tesla ក្នុងការក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេលើពិភពលោក នៅក្នុងត្រីមាសទីបួននៃឆ្នាំ 2023។ ក្នុងដំណាក់កាលនោះ រថយន្តអគ្គិសនី BYD ប្រមាណ 526,000 គ្រឿងត្រូវបានលក់ចេញ ក្នុងនោះ ភាគច្រើនបានលក់ក្នុងទីផ្សារចិន។
ក្នុងឆ្នាំ 2023 ក្រុមហ៊ុន BYD លក់រថយន្តអគ្គិសនីបានប្រមាណ 3 លានគ្រឿង ដោយបូករួមទាំងរថយន្តដំណើរការដោយថ្មផ្ទុកអគ្គិសនី និងរថយន្តកូនកាត់អគ្គិសនី (hybrid)។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ BYD មានភាពលេចធ្លោជាងគេ បើធៀបនឹងបណ្ដាក្រុមហ៊ុនដទៃ ដោយរថយន្តដែលត្រូវបានលក់ចេញមានចំនួនច្រើនជាងគេ ក្នុងនោះ ភាគច្រើនគឺជារថយន្តអគ្គិសនីតម្លៃទាប។
BYD ឱ្យដឹងថា ពួកគេនឹងចាប់ផ្ដើមលក់រថយន្តអគ្គិសនី Dolphin, Atto 3 និង Seal នៅប្រទេសឥណ្ឌូណេស៊ី ដើម្បីពង្រីកវត្តមានរបស់ខ្លួនក្នុងទីផ្សារធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍៕
មហាក្សត្រម៉ាឡេស៊ី Abdullah Ahmad Shah និងមហេសី Tunku Azizah Aminah Maimunah Iskandariah កាលពីថ្ងៃទី 17 មករា 2024 បានបង្ហាញព្រះកាយក្នុងកម្មវិធីព័ត៌មាននៅវេលាម៉ោង 20 របស់ទូរទស្សន៍ TV3។ កម្មវិធីរាយការណ៍ព័ត៌មាននេះត្រូវបានថតជាមុននៅពេលព្រឹកថ្ងៃដដែល ពេលទ្រង់យាងទៅធ្វើទស្សនកិច្ចក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Media Prima Group ដែលជាស្ថាប័នគ្រប់គ្រងទូរទស្សន៍ TV3 នៅ Selangor។