Tag: ល្បឿន

  • អាចម៍ផ្កាយប្រវែង​​ 200 ម៉ែត្រ កំពុង​ហោះ​សំដៅ​មកកាន់​ផែនដី

    អាចម៍ផ្កាយប្រវែង​​ 200 ម៉ែត្រ កំពុង​ហោះ​សំដៅ​មកកាន់​ផែនដី

    ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា) កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​អាចម៍ផ្កាយ​ខ្នាត​ធំ​មួយ​ដែល​នឹង​ហោះ​មក​ជិត​ផែនដី​នៅ​ចុងខែ​ឧសភា​នេះ ក្នុង​ល្បឿន 25,750 គីឡូម៉ែត្រ/ម៉ោង។

    អាចម៍ផ្កាយ​ដែល​កំពុង​ហោះ​មកកាន់​ផែនដី​ និង​មាន​ឈ្មោះថា 2023 CL3 នេះ មាន​ទទឹង​ប្រហែល 200 ម៉ែត្រ។ ណា​សា​បាន​​ដាក់​អាចម៍ផ្កាយ​នេះ​ទៅក្នុង​ក្រុម «ក្បែរ​ផែនដី» ដែល​ត្រូវ​ការតាមដាន​ស្រាវជ្រាវ​បន្ត។

    2023 CL3 មាន​ទំហំ​ធំ​ជាង​ពីរដង​ធៀប​នឹង​រូបសំណាក​សេរីភាព Statue of Liberty (កម្ពស់​សរុប​ប្រហែល 93 ម៉ែត្រ)។ អាចម៍ផ្កាយ​នេះ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ បើសិន​ធ្លាក់​មកលើ​ផែនដី។

    តាម​ការ​ព្យាករ អាចម៍ផ្កាយ​នេះ​នឹង​ហោះ​កាត់មុខ​ផែនដី​នៅ​ថ្ងៃទី 24 ឧសភា ក្នុង​គម្លាត 7.2 លាន​គីឡូម៉ែត្រ។ គម្លាត​ពី​ផែនដី​ទៅ​ឋានព្រះចន្ទ​គឺ 384,400 គីឡូម៉ែត្រ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា អាចម៍ផ្កាយ​នេះ​នឹង​ហោះ​កាត់មុខ​ផែនដី​ដោយ​សុវត្ថិភាព​ក្នុង​ល្បឿន​ជាង 25,750 គីឡូម៉ែត្រ/ម៉ោង។

    ណា​សាបាន​រកឃើញថា បច្ចុប្បន្ន​មាន​អាចម៍ផ្កាយ​ប្រហែល 1,113,527 ដុំ នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ ពួកវា​គោចរ​ជុំវិញ​ព្រះអាទិត្យ និង​ប្រមូលផ្ដុំ​ត្រង់​តំបន់​ខ្សែក្រវាត់​អាចម៍ផ្កាយ​ដែល​នៅ​ចន្លោះ​ភព​អង្គារ និង​ភព​ព្រហស្បតិ៍៕

  • ក្រុម​បាល់​ទាត់​ U-22 ថៃ រក​គ្រាប់​បាល់​បាន​លឿន​បំផុត​នៅ​ស៊ី​ហ្គេម 2023 គិត​ត្រឹម​បច្ចុប្បន្ន

    ក្រុម​បាល់​ទាត់​ U-22 ថៃ រក​គ្រាប់​បាល់​បាន​លឿន​បំផុត​នៅ​ស៊ី​ហ្គេម 2023 គិត​ត្រឹម​បច្ចុប្បន្ន

    ក្រុមបាល់ទាត់​បុរស​ជ​ម្រើ​ស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​ប្រទេស​ថៃ ចំណាយពេល​តែ​បី​នាទី​ប៉ុណ្ណោះ​ក្នុងការ​ស៊ុត​​ពីរ​គ្រាប់​​ចូល​ទី​របស់ U-22 ឡាវ កាលពី​ល្ងាច​ថ្ងៃទី 08 ឧសភា។ នេះ​ក៏​ជា​ល្បឿន​នៃ​ការ​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ក្នុង​រយៈពេល​ខ្លី​បំផុត​សម្រាប់​​​វិញ្ញាសា​កីឡាបាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    នៅក្នុង​ជ័យជម្នះ​លើក​លើ U-22 ឡាវ ក្នុង​លទ្ធផល 4-1 U-22 ថៃ បានបង្ហាញ​វិធីសាស្ត្រ​វាយ​សម្រុក​ដ៏​លឿន ក្នុងនោះ U-22 ថៃ ចំណាយពេល​តែ​ប្រាំ​នាទី​ដំបូង​នៃ​ការប្រកួត ក៏​រកបាន​ពីរ​គ្រាប់។ អ្វីដែល​អស្ចារ្យ​គឺថា ការ​ស៊ុត​បញ្ចូល​ទី​បាន​ពីរ​គ្រាប់​នេះ កើតឡើង​នៅក្នុង​រយៈពេល​តែ​បី​នាទី​ប៉ុណ្ណោះ។

    គិត​មកដល់​បច្ចុប្បន្ន U-22 ថៃ បានឈ្នះ 9 គ្រាប់ និង​ចាញ់ 2 គ្រាប់។ អ្នកជំនាញ​និយាយថា U-22 ថៃ បច្ចុប្បន្ន​មាន​ខ្សែប្រយុទ្ធ​ខ្លាំងជាងគេ​នៅ​ពូ​ល B។ U-22 ថៃ នឹង​ក្លាយជា​គូប្រជែង​ចុងក្រោយ​របស់ U-22 វៀតណាម នៅ​ពូ​ល B ហើយ​អាច​ដណ្ដើមបាន​តំណែង​ជើងឯក​ពី U-22 វៀតណាម ​នៅ​ស៊ី​ហ្គេម​លើក​នេះ។

    ​ក្នុងការ​ប៉ះគ្នា​នៅ​ថ្ងៃទី 11 ឧសភា​ខាងមុខ ខ្សែប្រយុទ្ធ U-22 ថៃ នឹងត្រូវ​ផ្ដាច់​​ខ្សែការពារ​ដ៏​រឹងមាំ​របស់ U-22 វៀតណាម​ឱ្យបាន បើសិន​ចង់បាន​មេដាយមាស​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ U-22 វៀតណាម មកដល់ពេលនេះ​ក៏ត្រូវប៉ើង​សំណាញ់​ទី​ពីរ​គ្រាប់​ដូច​ទៅនឹង U-22 ថៃ។

  • Destinus អភិវឌ្ឍ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដើរ​ដោយ​ឥន្ធនៈ​​អ៊ីដ្រូសែន

    Destinus អភិវឌ្ឍ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដើរ​ដោយ​ឥន្ធនៈ​​អ៊ីដ្រូសែន

    ក្រុមហ៊ុន Destinus រចនា​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដំណើរការ​ដោយ​អ៊ីដ្រូសែន អាច​ហោះ​ពី Frankfurt ទៅកាន់ Sydney ដោយ​ប្រើពេល​តែ​ជាង​បួន​ម៉ោង ឬ​ពី Memphis ទៅកាន់ Dubai ដោយ​ស៊ីពេល​តែ 3.5 ម៉ោង។

    រចនា​របស់ Destinus គឺ​យន្តហោះ​អ៊ីដ្រូសែន​មាន​ល្បឿន​លឿន​ជាង​សំឡេង​ប្រាំ​ដង ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​បាន ¼ ធៀប​នឹង​យន្តហោះ​ពាណិជ្ជកម្ម​បច្ចុប្បន្ន។ នេះ​បើតាម CNN ចុះផ្សាយ​កាលពី​ថ្ងៃទី 04 ឧសភា។

    មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​ស្វ៊ី​ស និង​មាន​បុគ្គលិក 120 នាក់​នៅ​អេ​ស្ប៉ា​ញ បារាំង និង​អាល្លឺម៉ង់ ក្រុមហ៊ុន Destinus ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2021 មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ យន្តហោះ​គំរូ​ដំបូង​ចំនួន​​ពីរ​កំណែ​​​របស់​ក្រុមហ៊ុន​នេះ​ បាន​ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ និង​ជិត​ហោះ​សាកល្បង​ដោយ​ប្រើប្រាស់​អ៊ីដ្រូសែន។ តាម​គម្រោង យន្តហោះ​គំរូ​ដំបូង​ទី​បី​គឺ Destinus 3 នឹង​ហោះ​សាកល្បង​នៅ​ចុងឆ្នាំ​នេះ។

    Destinus ជ្រើសរើស​អ៊ីដ្រូសែន​ធ្វើជា​ឥន្ធនៈ ក៏​ព្រោះតែ​វា​ជា​ថាមពល​កកើតឡើង​វិញ​ ហើយ​​ការចំណាយ​ក្នុង​ការផលិត​ឥន្ធនៈ​នេះ​ក៏​​កាន់តែ​ទាប ថ្វីបើ​យន្តហោះ​អ៊ីដ្រូសែន​កំពុងស្ថិត​ក្នុងដំណាក់កាលដំបូងៗ ខណៈ​ម៉ាស៊ីន​ប្រតិកម្ម​អ៊ីដ្រូសែន​ក៏​នៅ​មិនទាន់​ត្រូវបាន​ប្រើ​ក្នុង​វិស័យ​ពាណិជ្ជកម្ម។

    «យើង​កំពុង​ប្រឹងប្រែង​ហោះ​ពី​អឺរ៉ុប​ទៅកាន់​អូស្ត្រាលី​ក្នុង​ល្បឿន Mach 5 (6,174 គីឡូម៉ែត្រ/ម៉ោង)។ ការប្រើប្រាស់ kerosense នឹង​ធ្វើឱ្យ​យន្តហោះ​ធ្ងន់ ខណៈដែល​ប្រើ​អ៊ីដ្រូសែន វា​នឹង​ស្រាល។ អ៊ីដ្រូសែន​ក៏មាន​ដង់ស៊ីតេ​ថាមពល​ខ្ពស់ជាង​ធៀប​នឹង​ឥន្ធនៈ​ប្រតិកម្ម​ធម្មតា» Martina Lofqvist ប្រធាន​ផ្នែក​អភិវឌ្ឍ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Destinus អះអាង​ដូច្នេះ។

    គោលដៅ​យូរអង្វែង​របស់ Destinus គឺ​ការហោះហើរ​ដោយ​ប្រើប្រាស់​អ៊ីដ្រូសែន​ទាំងស្រុង និង​មិន​បំ​ភាយ​ឧស្ម័ន​ពុល។ ក៏ប៉ុន្តែ ក្នុង​រយៈពេល​ខ្លី Destinus នឹង​ប្រើប្រាស់​សាំង​យន្តហោះ​ធម្មតា ហើយ​ក្រោយមក​នឹង​ប្ដូរ​ទៅប្រើ​អ៊ីដ្រូសែន​សម្រាប់​ល្បឿន Mach 3 (3,704 គីឡូម៉ែត្រ/ម៉ោង)។

    Destinus 3 នឹង​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង ហើយ​អាច​ប្រើប្រាស់​អ៊ីដ្រូសែន​នៅ​ឆ្នាំ 2024។ ឆ្នាំ 2030 Destinus នឹងដាក់​ឱ្យ​ដំណើរការ​យន្តហោះ​ដឹក​ភ្ញៀវ​ខ្នាតតូច​ដែល​អាចដាក់​អ្នកដំណើរ​បាន 25 នាក់ ផ្ដោតលើ​អតិថិជន​អ្នកមាន។ ឆ្នាំ 2040 កំណែ​ពេញ​លេញ​​នឹងត្រូវ​បាន​ចែកជា​ច្រើន​លំដាប់ ក្នុងនោះ​មាន​ទាំង​លំដាប់​សម្រាប់​អតិថិជន​ធម្មតា​ផងដែរ៕

  • ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

    ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

    (ឥណ្ឌា) – ស្ពាន Chenab ដែលមាន​កម្ពស់ 359 ម៉ែត្រ​ធៀប​នឹង​ផ្ទៃ​ទឹកទន្លេ Chenab ក្នុង​តំបន់ Jammu និង Kashmir គ្រោង​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​ចាប់ពី​ចុងខែ​ធ្នូ 2023 ឬ​ដើមខែ​មករា 2024។

    ស្ពាន​ដែលមាន​ប្រវែង 1,315 ម៉ែត្រ​នេះ ស្ថិតក្នុង​គម្រោង​នាំយក​បណ្ដាញ​ផ្លូវដែក​ទៅកាន់​តំបន់​ជ្រលង​ភ្នំ Kashmir។ ក្រៅពី​ស្ពាន Chenab គម្រោង​ផ្លូវដែក Udhampur-Srinagar-Baramulla (USBRL) ក៏មាន​ទាំង​ផ្លូវ​រូង​ក្រោម​ដី​វែង​ជាងគេ​ប្រចាំ​ប្រទេស និង​ស្ពាន​ខ្សែកាប​ដំបូង​សម្រាប់​ផ្លូវដែក​ឥណ្ឌា​ផងដែរ។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន CNN។

    សម្រាប់​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ការវិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ស្ពាន Chenab និង​គម្រោង USBRL ជាដើម គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​បង្កើន​ការតភ្ជាប់​ក្នុងសង្គម ភ្ជាប់​តំបន់​ដាច់ស្រយាល​​ជាមួយ​នឹង​​ទីក្រុងធំៗ។ ការតភ្ជាប់ Kashmir និង​តំបន់​ដទៃទៀត​នេះ នឹង​ពង្រឹង​ការអភិវឌ្ឍ​ឧស្សាហកម្ម និង​កសិកម្ម​ក្នុង​តំបន់។

    មុន​នោះ ផ្លូវ​តែមួយ​ខ្សែ​គត់​ដែល​ត​ភ្ជាប់​តំបន់ Kashmir ជាមួយនឹង​តំបន់​នានា​នៅ​ឥណ្ឌា គឺ​ផ្លូវជាតិ Sringar-Jammu ប្រវែង 300 គីឡូម៉ែត្រដែល​បត់បែន​ខ្លាំង​។ ផ្លូវ​នេះ​ត្រូវ​បិទ​នៅ​រដូវរងា ហើយ​តែងតែ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍។

    ឥណ្ឌា​បាន និង​កំពុងតែ​វិនិយោគ​ជាច្រើន​ទៅលើ​ការស្ដារ និង​ធ្វើឱ្យ​ប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន។ កាលពី​ខែកុម្ភៈ 2023 លោក Modi បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ដំបូង​របស់​ផ្លូវ​ល្បឿន​លឿន​ប្រវែង 1,386 គីឡូម៉ែត្រ ត​ភ្ជាប់​រដ្ឋធានី​ញូវដែលី ជាមួយនឹង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មុម​បៃ។ ដំណើរការ​សាងសង់​ផ្លូវ​របៀងដឹក​ជញ្ជូន​​នៅ​ភាគ​ខាងលិច​ប្រទេស​​ក៏​កំពុង​ត្រូវបាន​ធ្វើឡើង ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​សម្ពាធនៃ​​​បណ្ដាញ​ផ្លូវដែក​នៅ​ឥណ្ឌា៕

  • រថយន្ត​អគ្គិសនី Volvo លក់​ក្នុងតម្លៃ​ថ្លៃ ​នៅតែ​​ត្រូវ​អតិថិជន​ទិញ​អស់

    រថយន្ត​អគ្គិសនី Volvo លក់​ក្នុងតម្លៃ​ថ្លៃ ​នៅតែ​​ត្រូវ​អតិថិជន​ទិញ​អស់

    តម្លៃ 8 ម៉ឺន​ដុល្លារ​អាម៉េរិក/គ្រឿង មិនអាច​រារាំង​អតិថិជន​ដែល​ចង់​ប្រើ​រថយន្ត​អគ្គិសនី​ដ៏​ទំនើប​របស់​ក្រុមហ៊ុន Volvo បានឡើយ។

    ថ្មីៗនេះ បន្ទាប់ពី​ដាក់ឱ្យ​បញ្ជា​ទិញ​ជាមុន​រថយន្ត​អគ្គិសនី EX90 ក្រុមហ៊ុន​ផលិត​រថយន្ត Volvo ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​អ្នកប្រើប្រាស់ រហូត​ធ្វើឱ្យ​ក្រុមហ៊ុន​នេះ​ត្រូវ​ផ្អាក​ការលក់​បណ្ដោះអាសន្ន ព្រោះតែ​បរិមាណ​​នៃ​រថយន្ត​ដែល​ត្រូវបាន​បញ្ជា​ទិញ បាន​លើសពី​គម្រោង​នៃ​ការផលិត​លើកទីមួយ។ ប៉ុន្តែ ក្រុមហ៊ុន​បាន​សន្យាថា នឹង​បើក​លក់​ជាថ្មី​នាពេលខាងមុខ។

    Volvo EX90 ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយយោង​ទៅតាម​តួ​រថយន្ត​អគ្គិសនី SPA2 របស់​ក្រុមហ៊ុនមេ Geely ដែល​ដូច​ទៅនឹង Polestar 3។ ក្នុងពេលដែល Polestar 3 មាន​កៅអី​ចំនួន​ប្រាំ Volvo EX90 មាន​កៅអី​អាចឱ្យ​អង្គុយ​បាន 7 នាក់។

    កំណែ​មូលដ្ឋាន​របស់ Volvo EX90 ប្រើប្រាស់​ម៉ូ​ទ័​រ​អគ្គិសនី​ដែល​អាច​ផលិត​កម្លាំង​បាន 402 ​សេះ ខណៈដែល​កំណែ Performance មាន​កម្លាំង 510 ​សេះ អាច​បង្កើនល្បឿន​ពី 0-97 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រើពេល​តែ 4.7 វិនាទី។ កំណែ​ទាំងពីរ​នេះ​ប្រើប្រាស់​ប្រព័ន្ធ​ថ្ម​ផ្ទុក​ថាមពល 107 kWh អាចឱ្យ​បើកបរ​បាន 580 គីឡូម៉ែត្រ ទៅតាម​ស្ដង់ដា​របស់ WLTP ឬ​ប្រហែល 483 គីឡូម៉ែត្រ​ក្នុង​ការបើកបរ​ជាក់ស្ដែង។

    Volvo EX90 ត្រូវបាន​បំពាក់​ប្រព័ន្ធ LiDAR ((Light Detection and Ranging) ដែលជា​សេន​ស័​រ 3D សម្រាប់​​បាញ់​វាស់​ចម្ងាយ និង​វាស់​ជម្រៅ​របស់​វត្ថុ ក៏ដូចជា​ដៅ​សម្គាល់​ភាព​ជ្រៅ​នៃ​ផ្ទៃ​លំហ​ជាដើម) រយៈ​ចម្ងាយ​ឆ្ងាយ​មួយ​គ្រៀង, រ៉ា​ដា​ប្រាំ​គ្រឿង, កាមេរ៉ា 8 គ្រឿង និង​សែន​ស័​រ​ចាប់​រលកសញ្ញា 16 គ្រឿង។ ក្រៅពីនេះ រថយន្ត​អគ្គិសនី EX90 ក៏​បំពាក់​បច្ចេកវិទ្យា​ជាច្រើន​ទៀត​នៅ​ខាងក្នុង​កាប៊ីន រួមមាន​ទាំង​អេក្រង់​ទូរទស្សន៍ 14.5 អ៊ី​ញ​ដែល​បំពាក់​កម្មវិធី​ជំនួយការ​របស់ Google ផងដែរ៕

  • គម្រោង​​ស្ដីពី​ព្រលានយន្តហោះ​សម្រាប់​តាក់ស៊ី​ហោះ​អគ្គិសនី​​នៅ​ឌូ​បៃ

    គម្រោង​​ស្ដីពី​ព្រលានយន្តហោះ​សម្រាប់​តាក់ស៊ី​ហោះ​អគ្គិសនី​​នៅ​ឌូ​បៃ

    ក្រុមហ៊ុន​ស្ថាបត្យកម្ម​ល្បីឈ្មោះ​របស់​អង់គ្លេស Foster + Partners បានលើកឡើង​គំនិត​ស្ដីពី​រចនាសម្ព័ន្ធ​យន្តហោះ​ថ្មី​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ដែល​ហោះ​ឡើង និង​ចុះចត​បញ្ឈរ​ត្រង់។

    ក្រុមហ៊ុន​ខាងលើ​បានឱ្យដឹងថា ព្រលានយន្តហោះ​ថ្មី​នេះ​នឹង​ត​ភ្ជាប់​បណ្ដា​ទីតាំងល្បីៗរបស់​ឌូ​បៃ និង​ផ្ដល់​សេវាកម្ម​ផ្លាស់​ទី​ក្នុង​ល្បឿន​លឿន មិន​បញ្ចេញ​ឧស្ម័ន​ពុល។ ស្ថាបត្យកម្ម​នេះ​ត្រូវបាន​អភិវឌ្ឍ​ដោយមាន​កិច្ចសហការ​របស់​ក្រុមហ៊ុន Skyports Infrastructure ហើយ​ព្រះអង្គម្ចាស់ Sheikh Mohammed Bin Rashid AI Maktoum ដែលជា​ព្រះរាជា​របស់​រាជាណាចក្រ​ឌូ​បៃ នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​ ក៏បាន​អនុម័ត​រួចរាល់។ ព្រលានយន្តហោះ​ថ្មី​នេះ តាម​គម្រោង​នឹង​ស្ថិត​នៅក្បែរ​ព្រលានយន្តហោះ​អន្តរជាតិ​ឌូ​បៃ (DXB) ដែល​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អាកាសយានដ្ឋាន​បច្ចុប្បន្ន ក៏ដូចជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​នានា។

    គំនូរ​ប្លង់​បង្ហាញថា ព្រលានយន្តហោះ​នេះ​ស្ថិតលើ​ផ្ទៃរាប​នៅ​ទី​ខ្ពស់ បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការហោះ​ឡើង និង​ចុះចត។ អគារ​នានា​ស្ថិតនៅ​ជុំវិញ​ព្រលានយន្តហោះ​ដែល​ត​ភ្ជាប់​ជាមួយនឹង​បន្ទប់​រង់ចាំ​សម្រាប់​​អ្នកដំណើរ ព្រមទាំង​អាចឱ្យ​អ្នកដំណើរ​មើលឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​បណ្ដា​យន្តហោះ និង​ទីក្រុង​ទាំងមូល។ Foster + Partners ក៏​ជ្រើសរើស​ពណ៌​យ៉ាង​សម​ស្រប​ និង​វត្ថុ​ធាតុ​ធម្មជាតិ​សម្រាប់​ផ្នែក​ខាងក្នុង​អាកាសយានដ្ឋាន បង្កើតបានជា​បរិយាកាស​ធូរស្រាល និង​បរិស្ថាន​ស្និទ្ធស្នាល​នឹង​ធម្មជាតិ។

    កាលពី​ខែកុម្ភៈ ក្សត្រា​របស់​រាជាណាចក្រ​ឌូ​បៃ បានប្រកាសថា ស្ថានីយ​តាក់ស៊ី​ហោះ​ទាំងឡាយ​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ឌូ​បៃ បន្ទាប់​ពី​​រយៈពេល​បី​ឆ្នាំ​ទៀត​។

    ឌូ​បៃ​បាន​រៀប​ផែនការ​សម្រាប់​សេវាកម្ម​តាក់ស៊ី​ហោះ​មិន​បំភាយ​ឧស្ម័ន​ពុល​​តាំងពី​យូរ​មកហើយ និង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​បណ្ដា​ក្រុម​ហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​អត្តរ​ជាតិ​ផងដែរ ពិសេស​គឺ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន៕

  • “ចាប់បដិសន្ធិ” ប្រតិបត្តិការដ៏មហស្ចារ្យរបស់ជីវិត

    “ចាប់បដិសន្ធិ” ប្រតិបត្តិការដ៏មហស្ចារ្យរបស់ជីវិត

    នៅលើពិភពលោកមួយនេះ រឿងដែលអាចហៅបានថា “មហស្ចារ្យ” បានកើតឡើងច្រើនណាស់។ ការ “ចាប់បដិសន្ធិ” ឡើងនៅក្នុងគភ៌ម្ដាយ ក៏អាចហៅបានថាជារឿងដ៏មហស្ចារ្យមួយដែរ ព្រោះទម្រាំនឹងមេជីវិតមួយហែលវែកហ្វូងចូលទៅរកស៊ុតញី និងចោះចូលទៅបានសម្រេចនោះមិនមែនជារឿងងាយស្រួលឡើយ។ ទើបមិនគួរឱ្យចម្លែកចិត្តឡើយដែលគូស្វាមីភរិយាទាំងឡាយសុទ្ធតែមានក្ដីរំភើបសោមនស្សជាខ្លាំងនៅពេលដឹងថា មានជីវិតមួយទៀតបាន “ចាប់បដិសន្ធិ” ឡើងហើយនៅក្នុងគភ៌ ដូច្នេះយើងនាំគ្នាមកមើលទាំងអស់គ្នាថា ទម្រាំតែកូនតូចសម្លាញ់ប្រសូតចេញមកនោះ តើមានអ្វីកើតឡើងខ្លះនៅក្នុងគភ៌របស់ម្ដាយ។

    ការធ្វើដំណើររបស់មេជីវិត

    បន្ទាប់ពីខាងប្រុសបង្ហូរទឹកអសុចិដែលមានមេជីវិតចំនួនដ៏ច្រើនរាប់រយលានក្បាលចូលទៅក្នុងរន្ធស្បូនរបស់ខាងស្រីហើយ មេជីវិតទាំងនោះនឹងហែលវែកទឹករំអិលក្នុងបរិវេណរន្ធស្បូនឆ្ពោះទៅរកមាត់ស្បូនដែលមានភាពស្ដើង និងយឺតយារយ៉ាងល្អក្នុងអំឡុងពេលទម្លាក់ស៊ុតញី ហើយហែលបន្តចូលទៅក្នុងប្រអប់ស្បូន ឆ្លងកាត់បំពង់បង្ហូរស៊ុតឆ្ពោះទៅរកដៃស្បូន។ ជាទូទៅមេជីវិតនឹងហែលវែកកាយទៅមុខដោយល្បឿន 2 – 3មីល្លីម៉ែត្រក្នុងមួយនាទី តែនឹងហែលទៅមុខបានយឺតក្នុងអំឡុងពេលឆ្លងកាត់រន្ធស្បូនដែលមានសភាពជាអាស៊ីត ហើយនឹងហែលលឿនឡើងនៅពេលឆ្លងផុតមាត់ស្បូនចូលទៅក្នុងប្រអប់ស្បូនដែលមានសភាពជាជាតិក្បុង ដែលទម្រាំតែហ្វូងមេជីវិតធ្វើដំណើរទៅដល់ដៃស្បូន ចំនួនបានថយចុះអស់ជាច្រើន ធ្វើឱ្យនៅសល់មេជីវិតចំនួនមិនច្រើនប៉ុន្មានឡើយដែលមានឱកាសហែលទៅដល់ស៊ុតញី និងមានមេជីវិតតែមួយក្បាលគត់ដែលអាចចោះចូលទៅក្នុងពពុះស៊ុតបានសម្រេច។ បន្ទាប់ពីចោះចូលទៅបានហើយ មេជីវិតនឹងផ្ដាច់កន្ទុយចេញ និងរំលាយផ្នែកក្បាលដើម្បីបញ្ចេញក្រូម៉ូហ្សូមទាំង 23ដើមដែលផ្ទុកនៅខាងក្នុងឱ្យចូលទៅរកស៊ុតញីដើម្បីចាប់គូជាមួយក្រូម៉ូហ្សូម 23ដើមទៀតនៅក្នុងពពុះស៊ុត និងរួមចូលគ្នាក្លាយជាកោសិកា 1កោសិកា ដែលមានន័យថា ការ “ចាប់បដិសន្ធិ” បានកើតឡើងហើយ។

    វិវឌ្ឍនាការរបស់កោសិកា និងការធ្វើដំណើររបស់តួកំណើត

    បន្ទាប់ពីមានការ “ចាប់បដិសន្ធិ” ឡើង រហូតកើតជាកោសិកាហើយ កោសិកានឹងធ្វើការបំបែកខ្លួនបែបទ្វេគុណយ៉ាងឆាប់រហ័សពី1 ទៅជា2 ពី2 ទៅជា4 ពី4 ទៅជា8 ជារឿយៗ រហូតដល់មានរាប់រយកោសិកា និងក្នុងពេលជាមួយគ្នានោះឯង ស៊ុតដែលបានទទួលការរួមផ្សំ និងក្លាយជាតួកំណើតនេះនឹងរំកឹលសន្សឹមៗទៅបង្កប់ខ្លួនក្នុងប្រអប់ស្បូន ដែលជាទូទៅ នឹងប្រើពេលវេលាក្នុងការធ្វើដំណើរប្រមាណជាមួយសប្ដាហ៍។ នៅពេលតួកំណើតអាចបង្កប់ខ្លួននៅក្នុងសាច់ភ្នាសប្រអប់ស្បូនបានយ៉ាងរឹងមាំល្អហើយ ទើបអាចហៅបានថា ការ “ចាប់បដិសន្ធិ” លើកនេះចប់សព្វគ្រប់យ៉ាងពេញលេញហើយ។ បន្ទាប់ពីនោះ តួកំណើតនឹងវិវឌ្ឍខ្លួនជាបណ្ដើរៗរឿយៗ ដោយនឹងប្រើពេលវេលាប្រមាណ 9ខែ ឬ40សប្ដាហ៍ ក៏នឹងវិវឌ្ឍចប់សព្វគ្រប់យ៉ាងពេញលេញ និងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រសូតចេញមកពិភពខាងក្រៅ៕

  • ផ្លូវជាតិ​លេខ4 នឹងមាន​បំពាក់​កាមេរ៉ា​ចាប់​រថយន្ត​បើក​លើស​ល្បឿន

    ផ្លូវជាតិ​លេខ4 នឹងមាន​បំពាក់​កាមេរ៉ា​ចាប់​រថយន្ត​បើក​លើស​ល្បឿន

    ដោយ​សង្កេតឃើញថា ផ្លូវជាតិ​លេខ4 ដែលជា​ផ្លូវជាតិ​ដ៏​សំខាន់​មួយ​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ពី​ភ្នំពេញ​ឆ្ពោះទៅ​កំពង់ផែ​ទឹក​ជ្រៅ​ក្នុង​ខេត្ត​ព្រះសីហនុ ធនាគារពិភពលោក​បាន​អនុម័ត​ថវិកា ផ្តល់​ជា​ជំនួយ​ដល់​កម្ពុជា​ចំនួន 110លាន​ដុល្លារ​ដើម្បី​កែលម្អ​ផ្លូវ-ជាតិ​មួយ​នេះ​ឡើងវិញ និង​រៀបចំ​បំពាក់​ប្រព័ន្ធផ្សេងៗដួច​ជាការ​ដាក់​កាមេរ៉ា​ចាប់​រថយន្ត​ដែល​បើកបរ​លើស​ល្បឿន​កំណត់​ជាដើម។

    តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក​បានឱ្យដឹងថា ការគាំទ្រ​ហិរញ្ញវត្ថុ​បន្ថែម​សម្រាប់​គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវ-ថ្នល់ ជំហាន​ទី2 (RoadAsset Management Project II/RAMP II)នេះ​នឹង​ត្រូវបាន​គេ​រំពឹងថា នឹង​ជួយផ្តល់​ដល់​ការឆ្លើយតបភ្លាមៗ និង​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងករណី​មាន​ស្ថានភាព​បន្ទាន់ ហើយ​ថែមទាំង​រៀបចំ​ហេដ្ឋារចនា-សម្ព័ន្ធ​ផ្លូវជាតិ ឱ្យ​កាន់តែ​ប្រសើរឡើង តាមរយៈ​ការដាក់​បង្គោល​ភ្លើង​ប្រើ​ពន្លឺព្រះអាទិត្យ រួមទាំង​ការដាក់​កាមេរ៉ា​សុវត្ថិភាព​ក្នុងការ​ទប់ស្កាត់​ការបើកបរ​លើស​ល្បឿន​កំណត់​ផងដែរ។

    ផ្លូវជាតិ​លេខ4 ត្រូវគេ​ដឹងថា ជា​ផ្លូវជាតិ​ត​ភ្ជាប់​រាជធានី​ភ្នំពេញ​ដោយផ្ទាល់​ទៅ​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​កម្ពុជា​តែមួយគត់​នៅក្នុង​ខេត្ត​ព្រះសីហនុ បច្ចុប្បន្នកំពុង​រង​សម្ពាធ​ចរាចរណ៍​យ៉ាង​មមាញឹក​ឆ្លងកាត់​តំបន់​សេដ្ឋកិច្ច​មួយចំនួន និង​តំបន់កសិកម្ម​ជាច្រើន ក្នុងនោះ​រួមមាន​កសិដ្ឋាន​ខ្នាត​ធំ​ផងដែរ។ នៅក្រោម​ជំនួយ​ហិរញ្ញប្បទាន​បន្ថែម​នេះ បណ្តោយ​ផ្លូវ​ចម្ងាយ​ជាង 200គីឡូម៉ែត្រ​នេះ​នឹង​ទទួលបាន​ការបង្កើន​គុណភាព​ឱ្យ​ល្អ​ជាង​មុន តាមរយៈ​ការ​អ៊ុត​កៅស៊ូ​ថ្មី​ពីលើ និង​ការរៀបចំ​ឡើងវិញ​នូវ​ចិញ្ចើម​សងខាង​ផ្លូវ ការដាក់​លូបង្ហូរទឹក និង​ការធ្វើ​ស្ពាន​នៅក្នុង​តំបន់​ងាយ​លិច​ទឹក​នៅតាម​ដងផ្លូវ​នេះ។

    ឯកឧត្តម ផែង សុវិជ្ជា​នោ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គម្រោង​បាន​មានប្រសាសន៍ថា៖ “ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​ពឹងផ្អែក​លើផ្លូវ​ជាតិ​លេខ4នេះ ដោយសារ​ថា​វា​ជា​ផ្លូវ​តែមួយគត់​សម្រាប់​ត​ភ្ជាប់​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ជាមួយ​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​កម្ពុជា។ ការកែលម្អ​ស្ថានភាព​ផ្លូវ​ដ៏​សំខាន់​មួយ​នេះ នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​ពេលវេលា និង​ការចំណាយ​លើ​ការដឹកជញ្ជូន ដែល​អាចជួយ​ធ្វើឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុ​ជាកា​ន់​តែមាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ឡើង​ថែមទៀត​នៅក្នុង​តំបន់”។

    ក្រៅពី​ការរៀបចំ​គម្រោង​បែប​ច្នៃប្រឌិត​ដែល​ធន់​នឹង​អាកាសធាតុ​ជាង​មុន ហិរញ្ញប្បទាន​បន្ថែម​នេះ​នឹងត្រូវ​បាន​យកទៅ​ប្រើប្រាស់​ផងដែរ ដើម្បី​បង្កើន​សមត្ថភាព​របស់​ស្ថានីយ​ថ្លឹង​រថយន្ត​បច្ចុប្បន្ន និង​ជួយ​កាត់បន្ថយ​ហានិភ័យ​ដែល​អាច​បណ្តាលមកពី​ការដឹក​ទំនិញ​លើស​ទម្ងន់​អនុញ្ញាត។ សុវត្ថិភាព​ផ្លូវ​នឹងត្រូវ​បានចាត់ទុក​ជាអាទិ​ភាព​ចម្បង តាមរយៈ​ការកំណត់​សញ្ញា​តំបន់​ល្បឿន​មាន​កម្រិត ផ្លូវ​មាន​សុវត្ថិភាព និង​កែលម្អ​ផ្លូវ​ខ្នាតតូច​ភ្ជាប់​ផ្លូវ​ឡើងមក​ផ្លូវជាតិ ដែល​រួមមាន​ទាំង​ការដំឡើង​ស្លាក​សញ្ញា​បង្ហាញផ្លូវ បង្គោល​ភ្លើង​ប្រើ​ដោយ​ថាមពល​ពន្លឺព្រះ-អាទិត្យ និង​កាមេរ៉ា​ចាប់​ល្បឿន​របស់​អ្នកបើកបរ​ទៀតផង។ កិច្ចសន្យា​ម៉ៅការ​ផ្អែកលើ​គុណ​ផល​ការងារ​នឹងត្រូវ​បាន​យកមកប្រើ​ប្រាស់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ប្រើប្រាស់​ហិរញ្ញប្បទាន​នេះ​ឱ្យបាន​ដល់​កម្រិត​អតិបរមា។

    លោកស្រី អុីហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា៖“ការខ្វះចន្លោះ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ជាការ​-ប្រឈម​ដ៏​ធំ​មួយ​ដល់​សមត្ថភាព​ប្រកួតប្រជែង និង​ការអភិវឌ្ឍ​វិស័យ​ឯកជន។ គម្រោង​ដែល​នឹង​កែលម្អ​ស្ថានភាព​ផ្លូវជាតិ​លេខ4នេះ​នឹង​ជួយ​ដោះស្រាយ​ភាព​ប្រឈម​ទាំងនោះ ហើយ​វា​នឹង​ពង្រីក​កាលានុវត្តភាព​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ពលរដ្ឋ​កម្ពុជា”។

    គួរ​បញ្ជាក់ថា ហិរញ្ញ​ប្ប​ទាន​បន្ថែម​នេះ​បាន​ពង្រីក​វិសាលភាព​របស់​គម្រោង RAMP II ដែល​បានអនុម័ត​កាលពី​ខែឧសភា ឆ្នាំ2016 ក្នុង​គោលដៅ​កែលម្អ​ផ្លូវជាតិ​ក្នុង​ខេត្តកំពត ព្រះសីហនុ ត្បូងឃ្មុំ និង​ខេត្តក្រចេះ។​ កញ្ចប់​ហិរញ្ញប្បទាន​នេះ​នឹង​ជួយ​សម្រួល​ដល់​ការឆ្លើយតបភ្លាមៗផងដែរ ក្នុងករណី​ស្ថានភាព​មាន​វិបត្តិ ឬ​ស្ថានភាព​បន្ទាន់​ណាមួយ​ដែល​ចាំបាច់។

    មូលនិធិ​បន្ថែម​សម្រាប់​គាំទ្រ​គម្រោង​ដែល​ពង្រីក​រហូតដល់រ​យៈ​ពេល 8ឆ្នាំកន្លះ​នេះ បានផ្តល់​ហិរញ្ញវត្ថុ​ដោយ​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ ដែលជា​ផ្នែក​មួយ​របស់​ក្រុម​ធនាគារពិភពលោក​សម្រាប់​ប្រទេស​ក្រីក្រ។ មូលនិធិ​នេះ​ជា​ឥណទាន​ដែល​គ្មាន​ការប្រាក់ហើយនឹង​ត្រូវ​ទូទាត់​សង​ក្នុង​រយៈពេល 38ឆ្នាំ រាប់ទាំង​ដំណាក់កាល​អនុគ្រោះ​រយៈពេល 6ឆ្នាំ​ផងដែរ៕