Tag: លទ្ធផល

  • ក្រុម​បាល់​ទាត់​ជប៉ុន​បង្កើត​បានកំណត់​ត្រា​ថ្មី ពេល​ដណ្ដើមបាន​ជើងឯក U17 ទ្វីបអាស៊ី

    ក្រុម​បាល់​ទាត់​ជប៉ុន​បង្កើត​បានកំណត់​ត្រា​ថ្មី ពេល​ដណ្ដើមបាន​ជើងឯក U17 ទ្វីបអាស៊ី

    (ប្រទេស​ថៃ) – បន្ទាប់ពីបាន​​ផ្ដួល​កូរ៉េខាងត្បូង​ក្នុង​លទ្ធផល 3-0 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​ជម្រើសជាតិ​ជប៉ុន​បង្កើត​បានកំណត់​ត្រា​ថ្មី ដោយ​ការ​ដណ្ដើមបាន​តំណែង​ជើងឯក​ពានរង្វាន់​បាល់ទាត់ U17 ទ្វីបអាស៊ីលើក​ទី​បួន​។

    ថ្វីបើ​ត្រូវបាន​វាយតម្លៃថា មាន​សមត្ថភាព​ទាប​ជាង ប៉ុន្តែ​កូរ៉េខាងត្បូង​​លេង​ដោយ​ភាពម្ចាស់ការ និង​គ្រប់គ្រង​បាល់​បានល្អ បន្ទាប់ពី​សំឡេង​ក​ញ្ចែ​​ចាប់ផ្ដើម​ការប្រកួត។

    រហូតដល់​ចុង​តង់​ទីមួយ ទើប​ជប៉ុន​ដណ្ដើមបាន​ប្រៀប​ក្នុងការ​ប្រកួត។ របត់​សំខាន់​បានកើត​ឡើង​នៅ​នាទី​ទី 43 នៅពេល Ko Jong Huyn ទទួលបាន​កាត​លឿង​ទី​ពីរ បន្ទាប់ពី​បាន​បង្កកំហុស​លើ​កីឡាករ​ជប៉ុន។ ដោយសារ​ចំនួន​កីឡាករ​មិន​ស្មើគ្នា ក្រុម​ជប៉ុន​ក៏មាន​ប្រៀប​ជាង​ឆ្ងាយ​នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។

    ការទា​ត់បាល់​ពិន័យ​រកបាន​មួយ​គ្រាប់​របស់ Nawata ក្រោយ​ពីកីឡាករ​​ក្រុម​កូរ៉េខាងត្បូង​ទទួលបាន​កាត​ក្រហម គឺ​ជា​របត់​ដែល​ហាក់​បាន «កម្ទេច» អស់​ក្ដីសង្ឃឹម​របស់​ក្រុម​កូរ៉េខាងត្បូង។ ចូលដល់​តង់​ទី​ពីរ ជប៉ុន​ក៏បាន​គ្រប់គ្រង​ការប្រកួត​ទាំងស្រុង និង​វាយ​សម្រុក​លើ​ទី​របស់​គូប្រកួត​ជា​បន្តបន្ទាប់។

    នាទី​ទី 67 Nawata ទទួលបាន​បាល់​ពី​មិត្ត​រួម​ក្រុម និង​បាន​យកឈ្នះ​លើ​អ្នកចាំទី​កូរ៉េខាងត្បូង ជួយ​ឱ្យ​ជប៉ុន​នាំមុខ 2-0។ ក្នុង​នាទី​ថែម​ម៉ោង Michiwaki រកបាន​មួយ​គ្រាប់ ជួយ​ឱ្យ​ជប៉ុន​ឈ្នះ 3-0។

    ជ័យជម្នះ​នេះ​ជួយ​ឱ្យ​ជប៉ុន​បង្កើត​បានកំណត់​ត្រា​ដណ្ដើមបាន​តំណែង​ជើងឯកលើក​ទីបួន​នៅ​ U17 ទ្វីបអាស៊ី​ ក្រោយពី​ពានរង្វាន់​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង 19 លើក រាប់​ចាប់ពី​ឆ្នាំ 1985។ U17 ជប៉ុន ដណ្ដើមបាន​តំណែង​នេះ​ក្នុង​ឆ្នាំ 1994, 2006, 2018 និង 2023។ U17 ទ្វីបអាស៊ី​ឆ្នាំ 2023 ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​ថៃ។

  • ដំណេក​ពេល​ថ្ងៃត្រង់​ជួយ​ឱ្យ​ខួរ​ក្បាលមាន​សុខភាព​ល្អ និង​ក្មេង​ជាង​វ័យ​

    ដំណេក​ពេល​ថ្ងៃត្រង់​ជួយ​ឱ្យ​ខួរ​ក្បាលមាន​សុខភាព​ល្អ និង​ក្មេង​ជាង​វ័យ​

    យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ ការ​ដេក​នៅពេល​ថ្ងៃត្រង់​នឹង​ជួយ​ឱ្យ​ខួរក្បាល​រីកចម្រើន សុខភាព​ល្អ ហើយ​មនុស្ស​មាន​កម្លាំង​ដូច​នៅ​ក្មេង​ជាង​វ័យ​ពី 3 ទៅ 7 ឆ្នាំ។

    ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ College London (ចក្រភព​អង់គ្លេស) និង សាកលវិទ្យាល័យ​សាធារណរដ្ឋ នៃ​ប្រទេស​អ៊ុយ​រូ​ហ្គា​យ ថ្មីៗនេះ​បានបញ្ចប់​ការវិភាគ​ទិន្នន័យ​ដែល​បាន​​ពី​មនុស្ស 35,080 នាក់​ដែល​បាន​ចូលរួម​នៅឯ​ធនាគារ​ជីវសាស្ត្រ​របស់​អង់គ្លេស។

    លទ្ធផល​នៃ​ការ​វិភាគ​ទិន្នន័យ​ខាង​លើ​ បាន​នាំ​ទៅ​រក​ការ​​​សន្និដ្ឋានថា ដំណេក​នៅពេល​ថ្ងៃត្រង់​គឺជា​គន្លឹះ​ដើម្បី​រក្សា​ទម្ងន់​របស់​ខួរក្បាល នៅពេល​ចាស់។ វា​នឹង​ជួយ​ឱ្យ​ខួរក្បាល​រីកចម្រើន សុខភាព​ល្អ ហើយ​មនុស្ស​មាន​កម្លាំង​ដូច​នៅ​ក្មេង​ជាង​វ័យ​ពី 3 ទៅ 7 ឆ្នាំ។

    ទោះជា​យ៉ាងណាក៏ដោយ សាស្ត្រាចារ្យ Simon Smith អ្នកជំនាញ​ខាង​ដំណេក និង​សុខភាព​របស់​សាកលវិទ្យាល័យ Queensland (អូស្ត្រាលី) បានឱ្យដឹងថា លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​មិនមែន​មានន័យថា ដំណេក​រយៈពេល​ខ្លី​នៅ​ថ្ងៃត្រង់ ​សុទ្ធ​តែមាន​ប្រយោជន៍​​ពេញ​លេញ​ដូច​បាន​រៀបរាប់​ខាងលើ​នោះឡើយ។

    សាស្ត្រាចារ្យ Simon Smith បញ្ជាក់​ថា បញ្ហា «ស្វិ​ត​ខួរក្បាល​នៅតែ​អាច​កើតឡើង​ទៅតាម​ស្ថានភាព​សុខភាព​ជាក់ស្ដែង មានដូចជា មនុស្ស​ញៀន​នឹង​ស្រា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​ភ្លេចភ្លាំង​ (Alzheimer) ក៏ដូចជា​ការ​ចាស់​ទៅតាម​អាយុ​ជាដើម៕

  • ចង្រិត​ក្រហមកំពុង​បំភ័យ​ប្រជាជន​នៅ​​ទីក្រុង​របស់​សហរដ្ឋ​អាម៉េរិក​

    ចង្រិត​ក្រហមកំពុង​បំភ័យ​ប្រជាជន​នៅ​​ទីក្រុង​របស់​សហរដ្ឋ​អាម៉េរិក​

    ចង្រិត Mormon ដែល​ស៊ីសាច់​គ្នាឯង​ កំពុង «សម្រុក» ចូល​ទីក្រុង Elko របស់​រដ្ឋ Nevada ក្នុង​ទ្រង់ទ្រាយ​ធំ បាន និង​កំពុង​ពង្រាយ​ខ្លួន​ពេញ​ដងផ្លូវ​ល្បឿន​លឿន វាលស្មៅ និង «ឡោមព័ទ្ធ» ទីលំនៅ​របស់​ប្រជាជន។

    ទីក្រុង Elko របស់​រដ្ឋ Nevada ប្រឈមមុខ​នឹង​ទិដ្ឋភាព​ដូច​ទៅនឹង​ភាពយន្ត​រន្ធត់ នៅពេល​ហ្វូង​ចង្រិត​ក្រហម​ដូច​ឈាម​កំពុង​ចូលមក​កាន់កាប់​ស្ទើរ​គ្រប់​ច្រកល្ហក។ ចង្រិត Mormon មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ដោយផ្ទាល់ ប៉ុន្តែ​វត្តមាន​របស់​ពួកវា​ធ្វើឱ្យ​ប្រជាជនមាន​ការព្រួយបារម្ភ។ នេះ​បើតាម Interesting Engineering ចុះផ្សាយ​នៅ​ថ្ងៃទី 26 មិថុនា​នេះ។

    ចង្រិត Mormon មានឈ្មោះ​ក្នុង​វិទ្យាសាស្ត្រ​ថា Anabrus simplex។ វា​គឺជា​សត្វល្អិត​គ្មាន​ស្លាប​ដែលមាន​ប្រភព​នៅ​ពាក់កណ្ដាល​ភាគ​ខាងជើង​របស់​អាម៉េរិក​ខាងជើង។

    ជាធម្មតា ក្នុង​មួយឆ្នាំ ចង្រិត​ញី​នឹង​បង្កើតកូន​បាន​មួយ​លើក។ ក្រោយមក ពួកវា​ប្រមូល​ផ្ដុំគ្នា ផ្លាស់​ទី និង​ស៊ី​ដំណាំ​នៅតាម​ផ្លូវ​ពេលធ្វើ​ដំណើរ។ ក៏ប៉ុន្តែ ឆ្នាំនេះ ពួកវា​នាំគ្នា​ចូលមកក្នុង​ទីប្រជុំជន និង​ទីក្រុង រួមមាន Elko ជាដើម បង្កឱ្យមាន​ការព្រួយបារម្ភ​ពី​ប្រជាជន។ ក្រុម​អ្នកជំនាញ​វាយតម្លៃថា ចង្រិត​រាប់លាន​ក្បាល​ចូលមក​កាន់​ទីក្រុង Elko នៅ​រដូវក្ដៅ​នេះ។

    បើទោះជា​មិន​គំរាមកំហែង​ដល់​មនុស្ស ប៉ុន្តែ​ចង្រិត Mormon មាន​ក្លិន​អាក្រក់ និង​ជា​សត្វល្អិត​ដែល​អាច​ស៊ីសាច់​គ្នាឯង។ នៅពេល​ចង្រិត​ណាមួយ​ត្រូវ​ឡាន​កិន ពួក​ដែល​នៅក្បែរនោះ​តែង​លោត​ចូលមក​ដណ្ដើម​គ្នា​ស៊ី បង្កើតបានជា​ទិដ្ឋភាព​មួយ​ដ៏​គួរឱ្យខ្លាច។

    វត្តមាន​ក្នុង​ទ្រង់ទ្រាយ​ធំ​របស់​ចង្រិត​នេះ នាំឱ្យ​ម​ន្ទីរ​ពេទ្យ និង​កន្លែង​អាជីវកម្ម​នានា​ត្រូវបញ្ជូន​មនុស្ស​ទៅ​ចាត់ការ បើ​ទោះ​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ៕

  • រកឃើញ​វត្ថុ​អវកាសចម្លែក​ដែល​ «ក្ដៅ​ជាង​ព្រះអាទិត្យ» ទៅទៀត

    រកឃើញ​វត្ថុ​អវកាសចម្លែក​ដែល​ «ក្ដៅ​ជាង​ព្រះអាទិត្យ» ទៅទៀត

    ក្រុម​តារាវិទូ​បាន​រកឃើញ​កូន​ផ្កាយ​ពណ៌​ប្រផេះ​មួយ​ដួង​ដែល​ក្ដៅ​ខុសពី​ធម្មតា កំពុង​វិលជុំ​វិញ​ផ្កាយ​មួយ​ដួង​ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 1,400 ឆ្នាំ​ពន្លឺ (មួយឆ្នាំ​ពន្លឺ​ស្មើនឹង 9.46 ទ្រី​លាន​គីឡូម៉ែត្រ)។

    យោងតាមលទ្ធផល​នៃ​​ការសិក្សា​ស្រាវជ្រាវ​​បង្ហោះ​លើ​ថ្នាល​ទិន្នន័យ arXiv ដែល​គ្រោង​នឹង​ប្រកាស​លើ​ទស្សនាវដ្ដី Nature Astronomy កូន​ផ្កាយ​ពណ៌​ប្រផេះ​ដែល​ទើប​ត្រូវបាន​រកឃើញ មាន​សីតុណ្ហភាព​ប្រមាណ 7,730 អង្សា​សេ ខ្ពស់ជាង​ឆ្ងាយ​បើ​ធៀប​នឹង 5,500 អង្សា​សេរ​បស់​ព្រះអាទិត្យ។ នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 20 មិថុនា របស់ Newsweek។ ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​តារាវិទូ Na’ama Hallakoun មកពី​វិទ្យាស្ថាន​វិទ្យាសាស្ត្រ Weizmann របស់​ប្រទេស​អ៊ីស្រាអែល បានដាក់​ឈ្មោះ​ឱ្យ​វត្ថុ​អវកាស​ថ្មី​នេះ​ថា WD0023-317B។

    កូន​ផ្កាយ​ប្រផេះ​គឺជា​វត្ថុ​អវកាស​ពាក់កណ្ដាល​ផ្កាយ ពាក់កណ្ដាល​ភព ដែល​ជួនកាល​ក៏ត្រូវ​បាន​គេ​ហៅថា «ផ្កាយ​បរាជ័យ»។ ពួកវា​គឺជា​ដុំ​ឧស្ម័ន​យក្ស​ដែល​តែងមាន​ម៉ាស​ធំ​ជាង​ពី 13 ទៅ 80 ដង ធៀប​នឹង​ភព​ព្រហស្បតិ៍ ធ្វើ​ឱ្យ​វា​មិនទាន់មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​​រក្សា​ដំណើរការ​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចាំបាច់ ដែល​នេះ​នាំ​ឱ្យ​វា​មិនអាច​ក្លាយជា​ផ្កាយ​ពិតប្រាកដ​ដូច​ព្រះអាទិត្យ។

    កូន​ផ្កាយ​ប្រផេះ​ធម្មតា តែងតែ​​មាន​សីតុណ្ហភាព​ចន្លោះ​ពី 480 ទៅ 1,930 អង្សា​សេ ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង WD3323-317B ដូច្នេះ វត្ថុ​អវកាស​ថ្មី​នេះ​បាន​បំបែក​កំណត់ត្រា​របស់​កូន​ផ្កាយ​ប្រផេះ​ដែល​ធ្លាប់​ត្រូវបាន​រកឃើញ​នាពេល​កន្លង។ WD3323-317B មាន​ម៉ាស​ធំ​ជាង​ពី 75 ទៅ 88 ដង ធៀប​នឹង​ម៉ាស​របស់​ភព​ព្រហស្បតិ៍ និង​វិល​ជុំវិញ​ផ្កាយ​មេ 2.3 ម៉ោង​ក្នុង​មួយ​ជុំ។

    កូន​ផ្កាយ​ប្រផេះ WD3323-317B ដែលមាន​កម្ដៅ​ខ្ពស់​ខ្លាំង​បែបនេះ ​គឺ​មកពី​វា​គោចរជិត​ផ្កាយ​មេ​រប​ស់វា​ខ្លាំងពេក។

    ក្រុម​អ្នកស្រាវជ្រាវ​សង្ឃឹមថា ការរកឃើញ​ថ្មី​នេះ​អាចជួយ​ឱ្យ​ពួកគេ​យល់​កាន់តែច្បាស់​អំពី​បុគ្គលិក​លក្ខណៈ​របស់​​បណ្ដា​ភព​ឧស្ម័ន​ខ្នាត​យក្ស​ដូចជា​ភព​ព្រហស្បតិ៍​ជាដើម៕

  • ​ពាន​រង្វាន់​​ជើងឯក​បាល់​ទាត់​អឺរ៉ុប Nations League បាន​ទៅ​លើ​ក្លឹប​របស់​អេស្ប៉ាញ

    ​ពាន​រង្វាន់​​ជើងឯក​បាល់​ទាត់​អឺរ៉ុប Nations League បាន​ទៅ​លើ​ក្លឹប​របស់​អេស្ប៉ាញ

    (ហូ​ឡង់) – អេ​ស្ប៉ា​ញ​ឈ្នះ​ក្រូ​អាត 5-4 នៅក្នុង​ការ​ទាត់​ប៉េ​ណាំង​ទី​ម្ដងម្នាក់ ក្រោយពី​ទទួលបាន​លទ្ធផល 0-0 ក្នុង​រយៈពេល 120 នាទី នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ព្រលប់​ថ្ងៃទី 18 មិថុនា ដូច្នេះ ​អេ​ស្ប៉ា​ញ​បាន​លើក​ពាន​ជើងឯក Nations League។

    ក្នុងការ​ប្រកួត អេ​ស្ប៉ា​ញ​គ្រប់គ្រង​បាល់​បាន 55% និង​ទាត់​ផ្ដាច់​បាន 21 លើក ច្រើនជាង​ឆ្ងាយ​ធៀប​នឹង 12 លើក​របស់​ក្រូ​អាត។ ក៏ប៉ុន្តែ ដោយសារតែ​នេះ​ជា​វគ្គ​ចុងក្រោយ ក្រុម​ទាំងពីរ​សុទ្ធតែ​ធ្វើបាន​ល្អ​ស្ទើរតែ​ដូចគ្នា នាំឱ្យមាន​លទ្ធផល 0-0 នៅក្នុង​ការប្រកួត​រយៈ​ពេល 120 នាទី។

    ចូលដល់​វគ្គ​ទាត់​ប៉េ​ណាំង​ទី​ម្ដងម្នាក់ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ អ្នកចាំទី Unai Simon បាន​ក្លាយជា​វីរបុរស​របស់​ប្រទេស​អេ​ស្ប៉ា​ញ។ Unai Simon រារាំង​បាល់​ប៉េ​ណាំង​ទី​បាន​ពីរ​គ្រាប់​របស់ Majer នៅ​គ្រាប់​ទី 4 និង Bruno Petkovic នៅ​គ្រាប់​ទី 6។ ចំណែក Nikola Vlasic, Marcelo Brozovic, Modric និង Ivan Perisic ទាត់​បានសម្រេច​ជូន​ក្រូ​អាត ខណៈ Joselu, Rodri, Mikel Merino, Marco Asensio និង Dani Carvajal សម្រេចបាន​ភារកិច្ច​ស​ម្រា​ប់​អេ​ស្ប៉ា​ញ។ បន្ទាប់ពី​អ្នកចាំទី Simon របស់​អេ​ស្ប៉ា​ញ រារាំង​គ្រាប់​បាល់​របស់ Petkovic បានសម្រេច Carvajal ក៏​ទាត់​ផ្ដាច់បាន​ជោគ​ជ័យ​ ជួយ​ឱ្យ​អេ​ស្ប៉ា​ញ​ឈ្នះ 5-4។

    នេះ​ជា​លើកដំបូង​ហើយ​ដែល​ក្លឹប​បាល់​ទាត់​​របស់​ប្រទេស​អេ​ស្ប៉ា​ញ​ ដណ្ដើមបាន​ពាន​​រង្វាន់​ជើងឯក Nations League។

    Nations League គឺជា​ការប្រកួត​ដណ្ដើម​ពានរង្វាន់​បាល់ទាត់​អន្តរជាតិ​ដែល​ត្រូវបាន​ធ្វើឡើង​ពីរ​ឆ្នាំ​ម្ដង រវាង​បណ្ដា​ក្រុម​ជម្រើសជាតិ​បុរស​លំដាប់​កំពូល​របស់​បណ្ដា​សមាគម​ជា​សមាជិក​របស់ UEFA។ UEFA គឺជា​​​ស្ថាប័ន​​គ្រប់គ្រង​ផ្នែក​បាល់ទាត់​របស់​អឺរ៉ុប។ ការប្រកួត​ដណ្ដើម​ពានរង្វាន់​នេះ បានចាប់ផ្ដើម​លើកដំបូង​កាលពី​ខែកញ្ញា ឆ្នាំ 2018៕

  • ក្រុម​ថៃ​ត្រូវ​ក្រុម​តៃវ៉ាន់​តាម​ទាន់​ 2-2 បើ​ទោះ​គ្រប់​គ្រង​បាល់បាល់​ 76%

    ក្រុម​ថៃ​ត្រូវ​ក្រុម​តៃវ៉ាន់​តាម​ទាន់​ 2-2 បើ​ទោះ​គ្រប់​គ្រង​បាល់បាល់​ 76%

    (តៃវ៉ាន់) – ខ្សែ​ការ​ពារ​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ថៃ​​ធ្វើ​ឱ្យ​មាន​កំហុស​​ នាំ​ឱ្យ​ម្ចាស់​ផ្ទះ​តៃវ៉ាន់ តាម​ទាន់​ 2-2 បើ​ទោះ​ជា​គ្រប់​គ្រង​សាច់​បាល់​បាន​ច្រើន​លើស​លុប​នៅ​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​កាល​ពី​ព្រលប់​ថ្ងៃទី 16 មិថុនា​។

    Theerathon Bunmathan អវត្តមាន​នៅ​ក្នុង​ការ​ប្រកួត​នេះ​ ប៉ុន្តែ​ក្រុម​ជម្រើស​ជាតិ​ថៃ​នៅ​មាន​ជើង​ខ្លាំង​ច្រើន​រូបទៀត​ មាន​ដូច​ជា​​ Chanathip Songkrasin, Supachok Sarachat ជា​ដើម នៅ​ពេល​ធ្វើ​ជា​ភ្ញៀវ​នៅ​ឯកីឡដ្ឋាន Kaohsiung កោះ​តៃវ៉ាន់​។ ម្ចាស់​ពាន​រង្វាន់​លេខ​ពីរ​នៅ​ស៊ីហ្គេម​លើក​ទី 32 ដែល​បច្ចុប្បន្ន​ឈរ​លំដាប់​លេខ​ 114 នៅ FIFA គ្រប់​គ្រង​បាល់​បាន​ច្រើលើស​លុប​​នៅ​ចំពោះ​មុខ​ក្រុម​ម្ចាស់​ផ្ទះ​តៃវ៉ាន់​ ដែល​ទាប​ជាង​ 42 ថ្នាក់​ ធៀប​នឹង​ថៃ​នៅ​ FIFA ។

    ក្នុង​ការ​ប្រកួត​ដែល​មាន​លទ្ធផល​ 2-2 នេះ​ Kritsada របស់​ថៃ​ ទាត់​ចូល​ទី​ខ្លួន​ឯងនៅ​នាទី​ទី 48, Teerasil Dangda របស់​ថៃ រក​បាន​មួយ​គ្រាប់​នៅ​នាទី​ទី 62, Chen Ting-yang របស់​តៃវ៉ាន់​ រក​បាន​មួយ​គ្រាប់​នៅ​នាទី​ទី 87, Wang Ruei ទាត់​ចូល​ទី​ខ្លួន​ឯង​នៅ​នាទី​ទី 84​។

    https://www.youtube.com/watch?v=uIIP9iIJbdc

    ក្រោយ​ការ​ប្រកួត​នេះ ក្រុម​ដំរី​ប្រយុទ្ធ​របស់​ថៃ​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ហុងកុង​ដើម្បី​ទាត់​មិត្ត​ភាព​លើក​ទី​ពី​នៅ​ថ្ងៃទី 19 មិថុនា​។

  • រថយន្ត Concept Nyobolt EV បញ្ចូល​អគ្គិសនី​មួយ​ពេញ​ក្នុង​រយៈពេល 6 នាទី

    រថយន្ត Concept Nyobolt EV បញ្ចូល​អគ្គិសនី​មួយ​ពេញ​ក្នុង​រយៈពេល 6 នាទី

    ការចំណាយ​ពេល​យូរ​ក្នុងការ​បញ្ចូល​ថាមពល​ថ្ម​គឺជា​រឿង​ដែល​ត្រូវបាន​រិះគន់​បំផុត​របស់​រថយន្ត​អគ្គិសនី មិន​ថា​ជា​ប្រភេទ​ទំនើប ឬ​តម្លៃ​ថ្លៃ ហើយ​វា​មិនអាច​យកឈ្នះ​លើ​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង នាបច្ចុប្បន្ន។ ប៉ុន្តែ ពេលនេះ​មាន​ក្រុមហ៊ុន​មួយ​បានប្រកាស​ព័ត៌មាន​ដ៏​ប្រសើរ​សម្រាប់​រថយន្ត​អគ្គិសនី។

    ក្រុមហ៊ុន Nyobolt ដែលជា​អ្នក​អភិវឌ្ឍ​ថ្ម​ផ្ទុក​អគ្គិសនី មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ចក្រភព​អង់គ្លេស បានប្រកាសថា ពួកគេ​មាន​បច្ចេកវិទ្យា​ថ្មី អនុញ្ញាតឱ្យ​បញ្ចូល​ថាមពល​អគ្គិសនី​បាន​រហ័ស​បំផុត។ ក្រុមហ៊ុន​នេះ​កំពុង​ដាក់តាំង​បង្ហាញ​រថយន្ត​ប្រភេទ​កីឡា​គំរូ​មួយគ្រឿង​ដែល​ដំណើរការ​ដោយ​អគ្គិសនី បំពាក់​ថ្ម​ផ្ទុក​ថាមពល​ដែល​អាច​បញ្ចូល​អគ្គិសនី​មួយ​ពេញ​ក្នុង​រយៈពេល​មិន​ដល់ 6 នាទី។

    រថយន្ត​គំរូ​នេះ​មាន​ថ្ម 35 គីឡូ​វ៉ាត​ម៉ោង ដែល​អាចឱ្យ​រត់​បាន​ចម្ងាយ​ប្រហែល 250 គីឡូម៉ែត្រ ក្រោយពី​បញ្ចូល​អគ្គិសនី​មួយ​ពេញ នៅពេល​ត្រូវបាន​ដំឡើង​ក្នុង​រថយន្ត coupe កីឡា ដែលមាន​ទម្ងន់​ប្រហែល​ជាង 1,500 គីឡូក្រាម។

    Nyobolt ប្រកាសថា ថ្ម​ផ្ទុក​ថាមពល​ថ្មី​របស់​ពួកគេ​ត្រូវបាន​ធ្វើតេស្ត​ដោយ​ការបញ្ចូល​ថាមពល​អគ្គិសនី​ជាង 2,000 លើក និង​ទទួលបាន​លទ្ធផល​ល្អ។

  • អ្នកវិទ្យាសាស្ត្រ​បង្កើតបានទម្រង់​ដំបូង​របស់​ទារក​​ដោយ​មិន​បាច់​មាន​មេជីវិត

    អ្នកវិទ្យាសាស្ត្រ​បង្កើតបានទម្រង់​ដំបូង​របស់​ទារក​​ដោយ​មិន​បាច់​មាន​មេជីវិត

    ក្រុម​អ្នកជំនាញ​ប្រើប្រាស់​កោសិកា​ដើម​ដើម្បី​បង្កើត​អំប្រ៊ីយ៉ុង (ទម្រង់​ដំបូង​របស់​ទារក​ក្នុង​ស្បូន) គំរូ ដោយ​មិនបាច់​មាន​ស៊ុត​មេជី​វិត​ញី ឬ​មេជី​វិត​ឈ្មោល ដើម្បី​ស្វែងយល់​អំពី​ដំណាក់កាល​ដំបូង​របស់​ទារក​ក្នុង​ផ្ទៃ។

    លោកស្រី Magdalena Zernicka-Goetz សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Cambridge និង​វិទ្យាស្ថាន​បច្ចេកវិទ្យា California បាន​អធិប្បាយ​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​ខាងលើ​ ​កាលពី​ថ្ងៃទី 14 មិថុនា 2023 នៅ​សហរដ្ឋ​អាម៉េរិក។

    លោកស្រី Magdalena ថ្លែងថា «យើង​អាច​បង្កើតបាន​អំប្រ៊ីយ៉ុង​គំរូ​ ​ដែល​ដូច​ទៅនឹង​ទារក​ក្នុង​ផ្ទៃ​មនុស្ស​ដំណាក់កាល​ដំបូង តាមរយៈ​ការរៀបចំ​ឡើងវិញ​នូវ​កោសិកា​ដើម​របស់​អំប្រ៊ីយ៉ុង»។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាងលើ​នឹង​ផ្ដល់ព័ត៌មាន​ដ៏​មានតម្លៃ​ទាក់ទង​នឹង​ផលប៉ះពាល់​នៃ​បញ្ហា​តំណពូជ និង​មូលហេតុ​នៃ​ការ​រលូត​កូន​ច្រើន​ដងដោយ​គ្មាន​កត្តា​ពី​ខាងក្រៅ។ ក៏ប៉ុន្តែ សេចក្ដីលំអិត​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​មិនទាន់​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី​នៅឡើយ។

  • សត្វត្រសក់សមុទ្រជួយ​ទប់​ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែមកម្រិត​ពីរ​ និង​ផលវិបាក​របស់​ជំងឺ​នេះ

    សត្វត្រសក់សមុទ្រជួយ​ទប់​ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែមកម្រិត​ពីរ​ និង​ផលវិបាក​របស់​ជំងឺ​នេះ

    យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​អូស្ត្រាលី សត្វ​ត្រសក់​សមុទ្រ​ (sea cucumber) ដែល​មាន​ឈ្មោះ​​បច្ចេក​ទេស​ថា Holothuroidea មាន​ផ្ទុក​សារជាតិ​ដែល​ជួយ​ពន្យារ​ការ​វិវត្ត​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​កម្រិត​ពីរ និង​កាត់​បន្ថយ​ផល​វិបាក​នានា​របស់​ជំងឺ​ទឹក​នោម​ផ្អែម​។

    ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក​ធ្លាប់​បាន​បញ្ជាក់​ថា សត្វ​សមុទ្រ​ខាង​លើ​នេះ​អាច​ធ្វើ​ឱ្យ​ឈាម​រាវ បញ្ចុះ​សម្ពាធ​ឈាម​ និង​អាច​ទប់​ទល់​នឹង​បញ្ហា​រលាក ប្រឆាំង​អុកស៊ីតកម្ម​ ប្រឆាំង​ជំងឺ​មហា​រីក និង​ព្យាបាល​របួស​។ ពេល​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ​អូស្ត្រាលី​ខាង​ត្បូង​ បាន​រក​ឃើញ​ថា សារ​ជាតិ​នានា​នៅ​ក្នុង​សត្វ​ត្រសក់​សមុទ្រ​ ក៏​មាន​សមត្ថភាព​ទប់​ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែម​កម្រិត​ពីរ​​ផងដែរ​។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាងលើ​យក​សត្វ​ត្រសក់​សមុទ្រ​ប្រភេទ Holothuria scabra ទៅ​​​ស្ងោរ​ឱ្យ​ឆ្អិន​​ រួច​​កែច្នៃ​ទៅ​តាមវិធី​ផ្សេង​ៗ​ រួម​មាន​ ប្រឡាក់​អំបិល​រួច​ហាល​ថ្ងៃ, ហាល​ថ្ងៃ​មិន​បាច់​​ប្រឡាក់​អំបិល និង​ហាល​ថ្ងៃ​រួច​​ឆ្អើរ​។ បន្ទាប់​មក ពួក​គេ​យក​អាហារ​កែច្នៃ​ទាំង​នេះ​ទៅ​កិន​ជា​ម្សៅ​។ អ្នកវិទ្យា​សាស្ត្រ​ចម្រាញ់​យក​ខូឡាជែន (collagen) ពី​សត្វ​ត្រសក់​សមុទ្រ រួច​បន្ថែម​ទៅ​លើ​អាហារ​កែច្នៃ​ទាំង​នេះ​។

    សត្វត្រសក់សមុទ្រ (sea cucumber) ដែលមានឈ្មោះបច្ចេកទេសថា Holothuroidea

    ជា​លទ្ធផល ត្រសក់សមុទ្រ​ប្រឡាក់​អំបិល​និង​ហាល​ស្ងួត​ (ងៀត) មាន​សមត្ថភាពខ្ពស់​ជាង​គេ​ក្នុង​ការ​ទប់​ស្កាត់​ការ​ផលិត​ AGE នៅ​ក្នុង​រាង​កាយ​របស់​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​។ AGE គឺជា​ផលិត​ផល​ស្ករ​ចុង​ក្រោយ (ស្ករ​អាក្រក់) ​បន្ទាប់​ពីប្រូតេអ៊ី​ន និង/ឬ​ជាតិ​ខ្លាញ់​រួម​ផ្សំ​ជាមួយ​ជាតិ​ស្ករ​ក្នុង​ឈាម​​នៅ​ក្នុង​ដំណើរ​ការ​មួយ​ដែល​ហៅ​ថា glycation​៕

  • UEFA ប្រកាស​អំពី​ម្ចាស់​ពានរង្វាន់ «កីឡាករ​ឆ្នើម​បំផុត​នៅ Champions League»

    UEFA ប្រកាស​អំពី​ម្ចាស់​ពានរង្វាន់ «កីឡាករ​ឆ្នើម​បំផុត​នៅ Champions League»

    ក្នុងនាម​ជា​ម្ចាស់​ជើងឯក​បាល់ទាត់ Champions League យើង​ងាយ​យល់បាន​ថា ហេតុអ្វី​កីឡាករ​របស់ Man City ក្លាយជា​ម្ចាស់​ពានរង្វាន់​កីឡា​ឆ្នើម​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​នេះ។

    Man City បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់ទាត់ Champions League ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់ពី​បាន​ផ្ដួល Inter Milan ដោយ​លទ្ធផល 1-0 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 11 មិថុនា 2023 (ម៉ោង​នៅ​កម្ពុជា)។ នេះ​គឺជា​សមិទ្ធផល​ដ៏​សក្ដិសម​សម្រាប់​កូនសិស្ស និង​គ្រូបង្វឹក Pep Guardiola ក្រោយពី​អ្វីដែល​ពួកគេ​បានធ្វើ​នៅក្នុង​រដូវ​កាល​នេះ។

    មិនយូរប៉ុន្មាន​បន្ទាប់​ពី​ពានរង្វាន់​ជើងឯក​បាល់ទាត់ Champions League ត្រូវបាន​ប្រគល់ សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) ក៏បាន​ប្រកាស​ឈ្មោះ​ម្ចាស់​ជ័យលាភី «កីឡាករ​ឆ្នើម​បំផុត​របស់ Champions League 2022/2023»។ កំពូល​កីឡាករ Erling Haaland ពុំមែន​ជា​អ្នក​បានទទួល​ពានរង្វាន់​នេះ បើ​ទោះ​រកបាន 12 គ្រាប់​ឱ្យ Man City។ ពានរង្វាន់​នេះ​បាន​ទៅលើ​កីឡាករ Rodri (Rodrigo Hernández Cascante)។

    Rodri គឺជា​អ្នក​បាន​ជួយ​ឱ្យ Man City ឈ្នះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League។ នេះ​ក៏​ជា​លើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល Man City បាន​ក្លាយជា​ក្រុមបាល់ទាត់​ទី​ពីរ​នៅ​អង់គ្លេស ដែល​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​ចំនួន​បី​ក្នុង​មួយ​រដូវ​កាល បន្ទាប់ពី Man Utd ដណ្ដើមបាន​កាលពី​ឆ្នាំ 1999៕