រកឃើញ​វត្ថុ​អវកាសចម្លែក​ដែល​ «ក្ដៅ​ជាង​ព្រះអាទិត្យ» ទៅទៀត

រូបភាព​បង្ហាញ​ពី​ទម្រង់​របស់​កូន​ផ្កាយ​ប្រផេះ​ WD0023-317B

ក្រុម​តារាវិទូ​បាន​រកឃើញ​កូន​ផ្កាយ​ពណ៌​ប្រផេះ​មួយ​ដួង​ដែល​ក្ដៅ​ខុសពី​ធម្មតា កំពុង​វិលជុំ​វិញ​ផ្កាយ​មួយ​ដួង​ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 1,400 ឆ្នាំ​ពន្លឺ (មួយឆ្នាំ​ពន្លឺ​ស្មើនឹង 9.46 ទ្រី​លាន​គីឡូម៉ែត្រ)។

យោងតាមលទ្ធផល​នៃ​​ការសិក្សា​ស្រាវជ្រាវ​​បង្ហោះ​លើ​ថ្នាល​ទិន្នន័យ arXiv ដែល​គ្រោង​នឹង​ប្រកាស​លើ​ទស្សនាវដ្ដី Nature Astronomy កូន​ផ្កាយ​ពណ៌​ប្រផេះ​ដែល​ទើប​ត្រូវបាន​រកឃើញ មាន​សីតុណ្ហភាព​ប្រមាណ 7,730 អង្សា​សេ ខ្ពស់ជាង​ឆ្ងាយ​បើ​ធៀប​នឹង 5,500 អង្សា​សេរ​បស់​ព្រះអាទិត្យ។ នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 20 មិថុនា របស់ Newsweek។ ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​តារាវិទូ Na’ama Hallakoun មកពី​វិទ្យាស្ថាន​វិទ្យាសាស្ត្រ Weizmann របស់​ប្រទេស​អ៊ីស្រាអែល បានដាក់​ឈ្មោះ​ឱ្យ​វត្ថុ​អវកាស​ថ្មី​នេះ​ថា WD0023-317B។

កូន​ផ្កាយ​ប្រផេះ​គឺជា​វត្ថុ​អវកាស​ពាក់កណ្ដាល​ផ្កាយ ពាក់កណ្ដាល​ភព ដែល​ជួនកាល​ក៏ត្រូវ​បាន​គេ​ហៅថា «ផ្កាយ​បរាជ័យ»។ ពួកវា​គឺជា​ដុំ​ឧស្ម័ន​យក្ស​ដែល​តែងមាន​ម៉ាស​ធំ​ជាង​ពី 13 ទៅ 80 ដង ធៀប​នឹង​ភព​ព្រហស្បតិ៍ ធ្វើ​ឱ្យ​វា​មិនទាន់មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​​រក្សា​ដំណើរការ​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចាំបាច់ ដែល​នេះ​នាំ​ឱ្យ​វា​មិនអាច​ក្លាយជា​ផ្កាយ​ពិតប្រាកដ​ដូច​ព្រះអាទិត្យ។

កូន​ផ្កាយ​ប្រផេះ​ធម្មតា តែងតែ​​មាន​សីតុណ្ហភាព​ចន្លោះ​ពី 480 ទៅ 1,930 អង្សា​សេ ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង WD3323-317B ដូច្នេះ វត្ថុ​អវកាស​ថ្មី​នេះ​បាន​បំបែក​កំណត់ត្រា​របស់​កូន​ផ្កាយ​ប្រផេះ​ដែល​ធ្លាប់​ត្រូវបាន​រកឃើញ​នាពេល​កន្លង។ WD3323-317B មាន​ម៉ាស​ធំ​ជាង​ពី 75 ទៅ 88 ដង ធៀប​នឹង​ម៉ាស​របស់​ភព​ព្រហស្បតិ៍ និង​វិល​ជុំវិញ​ផ្កាយ​មេ 2.3 ម៉ោង​ក្នុង​មួយ​ជុំ។

កូន​ផ្កាយ​ប្រផេះ WD3323-317B ដែលមាន​កម្ដៅ​ខ្ពស់​ខ្លាំង​បែបនេះ ​គឺ​មកពី​វា​គោចរជិត​ផ្កាយ​មេ​រប​ស់វា​ខ្លាំងពេក។

ក្រុម​អ្នកស្រាវជ្រាវ​សង្ឃឹមថា ការរកឃើញ​ថ្មី​នេះ​អាចជួយ​ឱ្យ​ពួកគេ​យល់​កាន់តែច្បាស់​អំពី​បុគ្គលិក​លក្ខណៈ​របស់​​បណ្ដា​ភព​ឧស្ម័ន​ខ្នាត​យក្ស​ដូចជា​ភព​ព្រហស្បតិ៍​ជាដើម៕

Advertisement