Tag: យំ

  • នៅពេលកូនតូចឈានចូលខែទី 9

    នៅពេលកូនតូចឈានចូលខែទី 9

    ខែទី 9

    លក្ខណៈរបស់កូនតូច

    កូនច្រើនតែគេងនៅពេលព្រឹក និងអំឡុងពេលរសៀល ក្នុងមួយពេលៗប្រមាណជា 1 – 2.5 ម៉ោង តែក្មេងខ្លះអាចមិនគេងនៅពេលព្រឹកក៏មាន។ ក្មេងដែលភ្ញាក់នៅពេលកណ្ដាលយប់ហើយ នឹងពិបាកគេងលក់ទៅវិញ ហើយក្មេងដែលកំពុងបៅទឹកដោះគោស្រាប់ហើយ លុះដល់វ័យនេះ មានតិចនាក់ណាស់ដែលនៅតែមឹមទឹកដោះគោនៅពេលយប់នោះ តែបើសិនជាភ្ញាក់យំរំខាននៅពេលកណ្ដាលយប់ ពេលឱ្យបៅទឹកដោះគោហើយ ក៏នឹងគេងលក់ទៅវិញយ៉ាងងាយស្រួល ដូច្នេះអ្នកម្ដាយអាចឱ្យមឹមទឹកដោះគោពេលយប់តទៅទៀតខ្លះៗក៏បាន។

    ចំណែករឿងការបន្ទោបង់របស់កូនវិញនោះ នៅពេលកូនបានទទួលអាហារបន្ថែមច្រើនឡើង លាមកនឹងមានក្លិនកាន់តែស្អុយឡើង ឯពណ៌ក៏ប្រែប្រួលដែរ។ កូននឹងជុះមួយថ្ងៃ 1 – 2ដង ឬ2ថ្ងៃមួយដង សម្រាប់នោមវិញ នៅតែនោមប្រមាណមួយថ្ងៃ 10 ដងដដែល។ ចំនួនដងដែលនោមនៅពេលកណ្ដាលយប់នឹងខុសប្លែកពីគ្នា ក្មេងដែលញ៉ាំតិច នឹងនោមតិចដែរ ក្មេងខ្លះថែមទាំងមិននោមផងរហូតដល់ព្រឹក។ ក្មេងដែលញ៉ាំទឹកដោះគោ 1ដបមុនគេង ច្រើនតែនោមនៅពេលកណ្ដាលយប់ប្រហែល 1 – 2ដង និងក្មេងណាដែលគេងសើមខ្លួន នឹងភ្ញាក់ឡើងយំរំខាន តែពេលផ្លាស់ខោអាវ ឬកន្ទបឱ្យហើយ ក៏នៅតែមិនព្រមគេងលក់ទៅវិញនោះ អ្នកម្ដាយអាចបង្ខិតពេលឱ្យបៅទឹកដោះគោឱ្យឆាប់ជាងមុនបន្តិចក៏បាន និងមុនពេលដែលអ្នកម្ដាយចូលគេង គួរចាប់លើកកូនមកឱ្យនោមចេញបានម្ដង ក៏ជួយកាត់បន្ថយការភ្ញាក់យំរំខាននៅពេលកណ្ដាលយប់បានដែរ។

    ល្មមឱ្យឈប់បៀបបាយបានហើយ

    កាលពីអាយុមិនលើស 8ខែ កូននឹងចាប់ផ្ដើមលែងចូលចិត្តអាហារម៉ដ្ឋៗខ្ទេចៗហើយ ច្រើនតែចូលចិត្តញ៉ាំរបស់ដែលត្រូវទំពាដូចជា ផ្លែឈើត្រូវហាន់ចែកជាបំណែកតូចៗ ដូចជា ផ្លែត្របែក ជម្ពូ ប៉ោម ស្វាយ និងឱ្យកាន់ខាំញ៉ាំខ្លួនឯង។ វ័យនេះមិនសូវនៅស្ងៀមទេ បើឱ្យអង្គុយនៅលើកម្រាលឥដ្ឋ ប្រហែលជាត្រូវរត់ដេញតាមបញ្ចុកអាហារហើយ ដូច្នេះគួរឱ្យអង្គុយនៅក្នុងតុបាយសម្រាប់កុមារ ឬក្នុងកៅអីហាត់ដើរ ចំណែកការបញ្ចុកឱ្យញ៉ាំបាយវិញ អាស្រ័យលើទម្លាប់ និងនិស្ស័យរបស់ក្មេង ក្មេងខ្លះចូលចិត្តញ៉ាំយឺតៗ ក្មេងខ្លះញ៉ាំលឿន តែបើសិនជាញ៉ាំយឺតជ្រុលពេក ដូចជាទម្រាំតែញ៉ាំអស់បបរមួយកូនចាន ត្រូវខាតពេលបញ្ចុកដល់ទៅជិតមួយម៉ោងនោះ បញ្ជាក់ថា កូនតូចមិនចូលចិត្តអាហារនោះទេ នឹងបៀមក្នុងមាត់មិនព្រមលេប ព្រោះតែមានអារម្មណ៍ថាមិនឆ្ងាញ់ ដូច្នេះអ្នកម្ដាយមិនចាំបាច់ខាតពេលបញ្ចុកទៀតទេ គួរឱ្យកូនញ៉ាំអ្វីផ្សេងវិញប្រសើរជាង។

    ជាក្មេងដែលរើសច្រើន

    កូនក្នុងវ័យនេះ អ្នកម្ដាយនឹងមើលឃើញបានកាន់តែច្បាស់ឡើងហើយថា កូនចូលចិត្តញ៉ាំអ្វី? ក្មេងខ្លះមិនចូលចិត្តញ៉ាំបន្លែ អ្នកម្ដាយក៏គួរឱ្យញ៉ាំរួមជាមួយរបស់ដទៃទៀត ដូចជា ចិញ្ច្រាំបន្លែដាក់លាយនៅក្នុងបបរ ដាក់លាយនៅក្នុងស៊ុតក្រឡុកចៀន ជាដើម ឬបើមិនចូលចិត្តញ៉ាំបន្លែប្រភេទណាមួយ ក៏ប្ដូរទៅញ៉ាំបន្លែប្រភេទផ្សេងទៀត។ បើមិនចូលចិត្តញ៉ាំបន្លែសោះ ក៏ឱ្យញ៉ាំផ្លែឈើជំនួសវិញក៏បាន បើកូនតូចនៅតែញ៉ាំបបរ នំប៉័ង ឬទឹកដោះគោបានដដែលនោះ។ ទោះជាមិនសូវញ៉ាំ និងរើសច្រើនក្ដី ក៏មិនធ្វើឱ្យកូនខ្វះសារធាតុអាហារដែរ បើកូនមិនចូលចិត្តញ៉ាំស៊ុត ក៏ឱ្យញ៉ាំសាច់មាន់ជំនួសវិញ បើមិនចូលចិត្តញ៉ាំទាំងស៊ុត និងសាច់មាន់ ក៏ឱ្យញ៉ាំសាច់ត្រីជំនួសវិញ។ កូនដែលរើសអាហារ ច្រើនតែឆាប់ដឹងរសជាតិ បើប្រាកដក្នុងចិត្តថា កូនមិនបានញ៉ាំបានតិចរហូតដល់ថ្នាក់ខ្វះសារធាតុអាហារទេនោះ ក៏មិនគួរបង្ខំខ្លាំងពេកដែរ។

    អាការដែលអាចកើតឡើង

    – ប្រយ័ត្នហើមសួត

    នៅពេលកូនមានអាការគ្រុនក្ដៅខ្លាំង នឹងពិបាកដកដង្ហើម ពេលក្អកច្រើនតែឈឺចាប់ តែបច្ចុប្បន្នកុមារលែងមានគ្រោះថ្នាក់ដោយសារជំងឺនេះហើយ បើបណ្ដាលមកពីមេរោគវីរុសនឹងច្រើនតែជាទៅវិញដោយឯកឯង ហើយគ្រូពេទ្យនឹងឱ្យញ៉ាំថ្នាំបដិបក្ខប្រាណ(Antibiotic)។ បើកូននៅញ៉ាំអាហារបាន ក៏ឱ្យញ៉ាំអាហារបន្ថែមតទៅទៀត ញ៉ាំទឹកផ្លែឈើស្រស់ឱ្យបានច្រើន បើក្អក ចូរលើកពឱ្យទ្រោបលើស្មា ហើយទះអង្អែលខ្នងថ្នមៗ នឹងជួយឱ្យស្លេស្មធ្លាក់ចេញមកស្រួលជាងដាក់ឱ្យគេងរាមនៅលើគ្រែ។ តែបើសិនជាកើតអាការគ្រុនក្ដៅខ្លាំងយូរថ្ងៃ និងហើមសួតដែលបណ្ដាលមកពីឆ្លងមេរោគផ្ដាសាយពីមនុស្សធំ ត្រូវតែនាំទៅមន្ទីរពេទ្យ។

    វិវឌ្ឍនាការរបស់កូន

    . រាងកាយ

    . ក្មេងខ្លះអាចវារឡើងកាំជណ្ដើរបានហើយ។

    . ពេលវារ ដៃម្ខាងអាចកាន់របស់លេងបានទៀតផង។

    . ក្មេងខ្លះអាចអង្គុយចុះពីឥរិយាបថឈរដោយខ្លួនឯងបានហើយ។

    . ចេះអង្គុយមួយកន្លែងបានយូរហើយ។

    . ចូលចិត្តទះដៃ យករបស់លេងគោះគ្នា និងបោះរបស់លេងទៅលើឥដ្ឋជាដើម។

    . ចូលចិត្តយកម្រាមដៃលូកចូលរន្ធផ្សេងៗ(ចំណុចនេះ ឪពុកម្ដាយត្រូវប្រយ័ត្ន ព្រោះកូនតូចអាចលូកចូលរន្ធព្រីភ្លើង)។

    សង្គមជុំវិញខ្លួន

    . ក្មេងខ្លះចេះនិយាយពាក្យដែលមានអត្ថន័យបានហើយ ដូចជា ម៉ស់ ញ៉ាំៗ និងចូលចិត្តនិយាយដដែល។

    . ចេះធ្វើតាមបញ្ជាស្រួលៗបានហើយ ដូចជា ឱ្យទៅយករបស់លេង ជាដើម។

    . ខ្លាចមនុស្សដែលមិនធ្លាប់ស្គាល់មុខ និងពេលឃើញក្មេងដទៃយំ អាចនឹងយំតាម។

    . ចេះរើសរបស់លេងដែលខ្លួនឯងចូលចិត្តបានហើយ។

    . ចំណាំហ្គេមដែលខ្លួនឯងធ្លាប់លេងបានហើយ។

    ឧស្សាហ៍លេងជាមួយកូនផង

    . បង្ហាត់ឱ្យកូនឈរ ៈ ការបង្ហាត់ឱ្យចេះឈរ ឬឈានជើងដើរនេះ កូនអាចយកដៃចាប់ដៃម្ដាយ ឬម្ដាយជួយចាប់លើកឱ្យកូនឈានជើងដើរទៅខាងមុខ ក្នុងមួយថ្ងៃឱ្យបានមួយដង ឬ2ដង ម្ដងៗមិនគួរមិនលើស 5 នាទី។ ពេលបង្ហាត់គួរបង្ហាត់នៅខាងក្រៅផ្ទះក្នុងអំឡុងពេលដែលធាតុអាកាសល្អត្រជាក់ស្រួល។ ឪពុកម្ដាយគួរតែសប្បាយរីករាយជាមួយនឹងការបង្ហាត់នេះ បើកូនល្មមអាចឈរដោយខ្លួនឯងបាន ចូរស្រែកលើកទឹកចិត្តកូនថា “ឈានជើងដើរកូន! ឈានជើងដើរកូន!” កូននឹងបានសប្បាយ មានកម្លាំងចិត្ត ដែលទោះជាដួល ក៏នឹងព្យាយាមក្រោកឡើងវិញបានដែរ៕

  • 5 ទង្វើ​ដែល​អាចធ្វើឱ្យ​កូនតូច​លប​គេង​យំ​ខ្សិក​ខ្សួល​នៅពេល​យប់

    5 ទង្វើ​ដែល​អាចធ្វើឱ្យ​កូនតូច​លប​គេង​យំ​ខ្សិក​ខ្សួល​នៅពេល​យប់

    លោកឪពុក​អ្នក​ម្តាយ​តែងតែមាន​សេចក្តីសុខ​នៅពេល​បានឃើញកូនៗសើច​សប្បាយ និង​មាន​ស្នាមញញឹម តែ​នោះ​ក៏​មិនបាន​មានន័យថា ពួកគេ​នឹងមាន​សេចក្តីសុខ​រហូត​នោះដែរ។ សាកល្បង​សង្កេតមើល​នៅពេល​យប់​ទៅ​មើលថា តើ​កូនតូច​មាន​លប​គេង​យំ​ឬទេ? ព្រោះ​អារម្មណ៍​របស់​ពួកគេ​ពិតជា​ឆាប់​ញាប់​ញ័រ​រញ្ជួយ ហើយ​មិនដឹង​នឹង​សម្តែង​ចេញមក​យ៉ាងណា ទើបបាន​ត្រឹមតែ​លួច​យំ​ហ្នឹងឯង។ បើសិន​កើតមាន​សំណួរ​ថា ហេតុ​អីបានកូនៗរបស់​អ្នក​ត្រូវ​លប​គេង​យំ​នោះ? សូម​សាកល្បង​មក​មើ​លពី​មូលហេតុ​ទៅ​មើលថា តើ​វា​មកពី 5ទង្វើ​របស់​លោកឪពុក និង​អ្នក​ម្តាយ​ដូចដែល ឡា​រ៉ែ​ន បាន​នាំមក​ជម្រាបជូន​នៅថ្ងៃនេះ​ឬក៏​អត់?

    1/ ឱ្យកូនៗឃើញ​ព័ត៌មាន​ដ៏​គួរឱ្យ​ស្រងេះស្រងោច​អាណោច​អធម្ម
    ក្មេង​ដែល​ទើបតែ​បើកភ្នែក​មើល​ពិភពលោក​ត្រឹមតែ​ប៉ុន្មាន​ឆ្នាំ សភាព​ជុំវិញខ្លួន​របស់គេ​ក៏​មានតែ​ឪពុកម្តាយ និង​នៅឯ​សាលារៀន​ប៉ុណ្ណោះ កូនតូច​នៅ​មិនទាន់មាន​បទពិសោធ​អាក្រក់​ដោយ​ត្រង់​នៅឡើយ​ទេ ដូច្នេះ​អាណាព្យាបាល​គួរ​ចៀសវាង​ឱ្យ​ពួកគេ​មើល​ព័ត៌មាន​បែប​អវិជ្ជមាន ដូចជា ព័ត៌មាន​ឧក្រិដ្ឋកម្ម ព័ត៌មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ដែល​វា​ជាការ​បង្ហាញ​រូបភាព​ឱ្យក្មេងៗចងចាំ និង​បង្ក​ឱ្យ​កើតក្តី​ភ័យខ្លាច ហុច​ផលប៉ះពាល់​ដល់​ផ្លូវចិត្ត រហូត​មិន​ហ៊ាន​និយាយ​ចេញមក និង​លួច​លាក់ទុក​ទៅ​ពួន​យំ​តែម្នាក់ឯង​យ៉ាង​ស្ងាត់ៗ ដូច្នេះ​រឿង​ដែល​ឪពុកម្តាយ​គួរ​ធ្វើ​គឺ ការពារកូនតូចៗរបស់​អ្នក ផ្តល់​សេចក្តី ស្រឡាញ់ ភាពកក់ក្តៅ និង​ព្យាយាម​ចៀសវាង​កុំឱ្យ​កូនតូច​ឃើញ​ព័ត៌មាន​អាក្រក់​ទាំងនោះ។

    2/ ឪ​ពុកយក​ម្តាយ​ឈ្លោះប្រកែក​គ្នា
    ការឈ្លោះគ្នា​គឺជា​រឿង​របស់​ឪពុកម្តាយ​ក៏ពិតមែន តែ​កុំភ្លេចថា លោកអ្នក​នៅមាន​ច្រវាក់​មាស​ចងចិត្ត​តូច​មួយ​ដែល​អាច​បាន ឮសំឡេងស្រែកជេរ​គ្នា​រំលង​បន្ទប់​នោះ។ មិន​ថា​អ្នក​ទាំងពីរ​នឹង​ជួប​បញ្ហា ឬ​ទាស់ចិត្ត​អ្វី​គ្នា​ក៏ដោយ គួរ​និយាយ​គ្នា​ដោយ​ហេតុផល និង​ចៀសវាង​កុំឱ្យ​កូនតូច​ឃើញ​ទង្វើ​ហ្នឹង ព្រោះ​វា​គឺ​អំពើហិង្សា​នៅក្នុង​ផ្ទះ។ ក្មេងៗ
    នឹងមាន​សម្ពាធ​ក្នុង​ចិត្ត និង​លួច​ទៅ​យំ ព្រោះ​ពួកគេ​មិនអាច​យល់បាន​ថា កើតរឿង​អ្វី​ឡើង​ចំពោះ​អ្នក​ទាំងពីរ​ឡើយ។

    3/ វាយកូនៗដោយ​អំពើហិង្សា
    ការវាយដំ​មិនមែនជា​វិធី​កែប​ញ្ហា​ដែល​ល្អ​ឡើយ លោកឪពុក​អ្នក​ម្តាយ​គួរតែ​និយាយ​ជាមួយ​កូន​ដោយ​ពាក្យសម្តី​សុភាព និង​បញ្ជាក់​ប្រាប់​ពី​ហេតុផល ឬ​បើក្មេងៗត្រូវ​ទទួល​ទណ្ឌកម្ម ក៏​គួរតែ​រកមើល​វិធី​ផ្សេង​ណា​ដែល​មិនមែនជា​ការវាយដំ​ពួកគេ​យ៉ាង​ខ្លាំងក្លា​វិញ​ ព្រោះ​គ្រប់​ពេលដែល​អ្នក​វាយវាត់​ទៅលើ​សាច់​ដ៏​ស្តើង​ខ្ចី​របស់​កូនតូច​​នោះ ក្រៅពី​ពួកគេ​នឹង​ឈឺចាប់​ខាង​រាងកាយ​ហើយ នៅ​សាង​ស្នាមដំបៅ​ក្នុង​ដួងចិត្ត​របស់​ពួកគេ​ទៀតផង។

    4/ ហៅកូនៗដោយ​ពាក្យ​អសុរោះ
    សាកល្បង​សួរ​ខ្លួនឯង​ទៅ​មើលថា តើ​ចូលចិត្ត​ឱ្យ​អ្នកដទៃ​ហៅ​ខ្លួនឯង​ដោយ​ឈ្មោះ​ចំអក​ឡក​លើ​យ ឬ​ពាក្យ​អសុរោះ​ឬទេ?បើ​មិន​ចូលចិត្ត… ក្មេងៗក៏​ដូចគ្នា​ដែរ ពួកគេ​មិន​ចូលចិត្ត​ឱ្យ​ហៅ​ដោយ​ឈ្មោះ​ដែល​ឆ្លុះបញ្ចាំង​ទៅក្នុង​ផ្លូវ​ដែល​មើលងាយ ដូចជា អា​ភ្លើ អា​ខូច​នោះឡើយ ព្រោះកូនតូចៗនឹងមាន​អារម្មណ៍​ថា ខ្លួនឯង​គ្មាន​មានតម្លៃ គួរឱ្យ​អស់សង្ឃឹម កើតជា​ចំណុច​អន់​នៅក្នុង​ដួងចិត្ត និង​អាច​លាក់ទុក​ទៅ​គេង​យំ​តែម្នាក់ឯង​បាន។

    5/ ឪពុកម្តាយ​សម្រេចចិត្ត​លែងលះគ្នា
    ចំណុច​ចុង​ក្រោយនេះ ជា​រឿង​ដែល​ធ្វើបាប​ដួងចិត្ត​កូនតូច​ខ្លាំង​​បំផុត បើ​ឪពុកម្តាយ​សម្រេចចិត្ត​លែងលះ និង​គិតថា​កូនតូច​មិនជា​អ្វី​ទេនោះ សូម​ប្រាប់​ទៅ​ចុះ​ថា លោកអ្នក​គិត​ខុស​យ៉ាងធ្ងន់ធ្ងរ​ខ្លាំងណាស់ដែល​​បញ្ហា​នេះ​នឹង​ក្លាយជា​ចំណុច​មួយ​នៅក្នុង​ដួងចិត្ត​របស់​ក្មេង ព្រោះ​កុំភ្លេចថា កូនតូច​ត្រូវបាន​ចិញ្ចឹម​ថែទាំ​មក​ដោយ​អ្នក​ទាំងពីរ​នាក់ ដូច្នេះ​ទាំង​ឪពុក និង​ម្តាយ​ប្រៀបដូចជា ទឹក និង​ខ្យល់អាកាស​ដែល​ធ្វើឱ្យ​កូនតូច​រស់នៅ​តទៅទៀតបាន។ អ្នក​ទាំងពីរ​គឺ​ សេចក្តីសុខ និង​ជា​គ្រួសារ​ដែលមាន​គ្រប់ បើ​ខ្វះ​ខាង​ណា​ម្នាក់​ទៅនោះ ប្រាកដ​ណាស់​ថា ក្មេងៗនឹងត្រូវ​នឹក និង​ដង្ហោយ​រក ហើយ​ថែមទាំង​លាក់ទុក​ភាព​សោកសៅ​នៅក្នុង​ខ្លួន​ទៀតផង។

    លោកឪពុក​អ្នក​ម្តាយ​សាកល្បង​សង្កេត​ស្តាប់​សំឡេង​របស់កូនៗនៅពេល​យប់​ទៅ​មើលថា តើ​កូនតូច​មាន​លួច​យំ​ឬទេ? បើ​បានឮ​សូរសំឡេង​អណ្តឺតអណ្តក់​នោះ បង្ហាញថា លោកអ្នក​កំពុង​ធ្វើបាប​ដួងចិត្តកូនៗដូច5ចំណុច​ខាងលើនេះ​ដោយ​មិនដឹង​ខ្លួន​ក៏​អាច​ថា​បាន​ដែរ។ សាកល្បង​បែរមក​និយាយ​ពន្យល់​គ្នា​ ដើម្បីឱ្យ​កូនតូច​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព និង​គេង​លក់​យ៉ាង​មាន​សេចក្តីសុខ​រហូត​តទៅ​ប្រសើរ​ជាង៕