Tag: យប់

  • ការ​វិល​ត្រលប់​របស់ Messi ទៅ​កាន់​ក្លឹប Barcelona មាន​ភាគ​រយ​កាន់​តែ​​ច្រើន​

    ការ​វិល​ត្រលប់​របស់ Messi ទៅ​កាន់​ក្លឹប Barcelona មាន​ភាគ​រយ​កាន់​តែ​​ច្រើន​

    លោក Jorge ដែល​ជា​ឪទុក​របស់​ Lionel Messi បាន​ឱ្យ​ដឹង​ថា ដំណើរ​ការ​ចរចា​ជាមួយ​ក្លឹប​នៅ​អេស្ប៉ាញ ដើម្បី​នាំ​កូន​ប្រុស​វិលត្រលប់​ទៅ​កាន់​កីឡដ្ឋាន​ Nou Camp វិញ មាន​ភាព​រលូន​។

    នៅយប់​ថ្ងៃ​ទី 05 មិថុនា (ម៉ោង​នៅ​កម្ពុជា) លោក Jorge បាន​ជួប​ពិភាក្សា​ជាមួយ​ប្រតិភូ​របស់ក្លឹប​ Barca​​​ ដែល​ដឹក​នាំ​ដោយ​ប្រធាន Joan Laporta​។ យោង​តាម​អ្នក​ជំនាញ​ខាង​ព័ត៌មាន​ទិញ​ដូរ​កីឡាករ​ លោក Fabrizio Romano ដំណើរ​ការ​ចរចា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ដែល​នេះបង្ហាញ​ថា ​លទ្ធភាព​វិល​ទៅ​កាន់​អេស្ប៉ាញ​របស់​​​កំពូលកីឡាករ​វ័យ 35 ឆ្នាំ​ M10​ កាន់​តែ​ច្បាស់​ថែម​មួយ​កម្រិត​ទៀត​។

    «Leo ចង់​ត្រលប់ទៅ​កាន់ Barca ហើយ​ខ្ញុំ​ក៏​ចង់​បាន​ដូច្នេះ​។ ខ្ញុំ​អាច​និយាយ​បាន​ថា យើង​ជឿ​ជាក់​ថា​ ស្ថានភាព​នោះ​នឹង​ក្លាយ​ជា​ការ​ពិត​។ អ្នក​ទាំង​ឡាយ​នឹង​បាន​ដឹង​អំពី​អនាគត​ឆាប់​ៗ​នេះ​» លោក Romano ដក​ស្រង់​សម្ដី​របស់​លោក Jorge ឱ្យដឹង​ដូច្នេះ​។

    កាល​ពី​ឆ្នាំ 2021 Messi ត្រូវ​ចាក​ចេញ​ពី​ Barca ក្រោយ​រួម​សុខ​ទុក្ខ​នឹង​គ្នា​អស់ 21 ឆ្នាំ ព្រោះ​តែ​​ក្លឹប​នេះ​មិន​អាច​ធ្វើ​តាម​ការ​កំណត់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ La Liga​។

    Messi នឹង​ក្លាយ​ជា​កីឡាករ​សេរី​ បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​ពីរ​ឆ្នាំ​ជាមួយ​ក្លឹប​បារាំង PSG អស់សុពលភាពឆាប់ៗ​នេះ​។ Messi កំពុង​ត្រូវ​បាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​​ចាប់​អារម្មណ៍​ ក្នុង​នោះ​ក៏​មាន Barca, Inter Miami (អាម៉េរិក) និង​ក្លឹប​មួយ​នៅ​អារ៉ាប៊ីសាអូឌីត​។ ក្នុង​នោះ​ដែរ មាន​តែ​ភាគី​នៅ​អារ៉ាប៊ីសាអូឌី​មួយ​គត់​ដែល​ស្នើ​ជា​ផ្លូវ​ការ​សម្រាប់​ Messi ក្នុង​តម្លៃ​ 400 លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ​។

    Lionel Messi បាន​ឆ្លងកាត់​ពីរ​រដូវ​កាល​ជាមួយនឹង PSG ក្នុងនោះ ពួកគេ​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក Ligue 1 ទាំងពីរ​រដូវ​កាល ក៏ដូចជា​ដណ្ដើមបាន​តំណែង​ជើងឯក Champions Trophy របស់​បារាំង​ឆ្នាំ 2022។ Messi ​ចូលរួម​ទាត់​ឱ្យ PSG បាន 74 ប្រកួត រកបាន 32 គ្រាប់ និង​បង្ក​ឱកាស​បាន 35 គ្រាប់។ ក៏ប៉ុន្តែ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ អ្នក​គាំទ្រ​របស់​ PSG តែង​តែ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​កីឡាករ​អាហ្សង់ទីន​រូប​នេះ​៕

  • បច្ចេកវិទ្យា​ «បាញ់​បញ្ជូន​អគ្គិសនី​​​ពី​អវកាស​មកកាន់​ផែនដី​» កំពុង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង

    បច្ចេកវិទ្យា​ «បាញ់​បញ្ជូន​អគ្គិសនី​​​ពី​អវកាស​មកកាន់​ផែនដី​» កំពុង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Kyoto នឹងធ្វើ​តេស្ត​ក្នុងការ​ប្រើប្រាស់​ផ្កាយរណប​បាញ់​​បញ្ជូន​អគ្គិសនី​បាន​ពី​​ព្រះអាទិត្យ​ មកកាន់​ផែនដី ក្នុង​ទម្រង់​រលក​ម៉ៃ​ក្រូ​វេ​វ នៅ​ឆ្នាំ 2025។

    ការប្រណាំង​ប្រជែង​គ្នា​អភិវឌ្ឍ​បច្ចេកវិទ្យា​​បាញ់​បញ្ជូន​អគ្គិសនី​ព្រះអាទិត្យ​ដែល​ប្រមូលបាន​ពី​ទី​អវកាស មកកាន់​ផែនដី កំពុង​ឡើងក​ម្ដៅ​ខ្លាំង។ នៅ​ប្រទេស​ជប៉ុន ក្រុមហ៊ុន​របស់ Hiroshi Matsumoto អតីត​នាយក​​សាកលវិទ្យាល័យ Kyoto កំពុង​នាំមុខគេ​នៅក្នុង​ការស្រាវជ្រាវ​អំពី​បច្ចេកវិទ្យា​នេះ។ បន្ទាប់មក​គឺ​សាស្ត្រាចារ្យ Naoki Shinohara នៅ​សាកលវិទ្យាល័យ Kyoto ក៏​បន្ត​ការស្រាវជ្រាវ។ នេះ​បើតាម Nikkei ចុះផ្សាយ​កាលពី​ថ្ងៃទី 27 ឧសភា។

    ឆ្នាំ 2009 ក្រុម​របស់ Shinohara បាន​ប្រើប្រាស់​បា​ឡុង​ហោះ​ដើម្បី​បាញ់​​បញ្ជូន​អគ្គិសនី​ពី​កម្ពស់ 30 ម៉ែត្រ មកកាន់​ទូរស័ព្ទ​ចល័ត​នៅលើ​ដី។ នៅក្នុង​ឆ្នាំ​ដដែល Shinohara ក៏​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​បច្ចេក​វិទ្យា​របស់​គម្រោង​ពី​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​របស់​ប្រទេស​ជប៉ុន ដើម្បី​អភិវឌ្ឍ​មធ្យោបាយ​ផ្គត់ផ្គង់​អគ្គិសនី​ដោយ​មិន​ប្រើ​ខ្សែ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ក្នុង​គម្រោង​នេះ​បានទទួល​ជោគជ័យ​ក្នុងការ​ធ្វើតេស្ត​​បាញ់​បញ្ជូន​អគ្គិសនី​ក្នុង​ទម្រង់​ម៉ៃ​ក្រូ​វេ​វរ​លក​ទទឹង (transverse waves) កាល​ពី​​ឆ្នាំ 2015 និង​ក្នុង​​ទម្រ​ម៉ៃ​ក្រូ​វេ​វរ​លក​បណ្ដោយ (longitudinal waves) ​កាល​ពី​​ឆ្នាំ 2018 ក្នុង​រយៈ​ចម្ងាយ​ពី​ប្រហែល 40 ម៉ែត្រ។ នាពេលខាងមុខ ពួកគេ​នឹងធ្វើ​តេស្ត​​បាញ់​បញ្ជូន​អគ្គិសនី​ក្នុង​ទម្រ​ម៉ៃ​ក្រូ​វេ​វរ​លក​បណ្ដោយ​ពី​ចម្ងាយ​ចាប់ពី 1 ដល់ 5 គីឡូម៉ែត្រ។

    បច្ចុប្បន្ន ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ​កំពុង​ដាក់​គោលដៅ​ធ្វើតេស្ត​ការ​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មកកាន់​ផែនដី​នៅ​ឆ្នាំ 2025។ ពួកគេ​នឹង​ប្រើប្រាស់​ផ្កាយរណប​ខ្នាតតូច​ដើម្បី​បាញ់​បញ្ជូន​​អគ្គិសនី​មកកាន់​ទីតាំង​ទទួល​នៅ​លើដី​ដែលមាន​គម្លាត​ពីគ្នា​រាប់រយ​គីឡូម៉ែត្រ។

    រូបភាព​បង្ហាញ​ពី​ការ​បាញ់​បញ្ជូន​រលក​ម៉ៃក្រូវេវ​អវកាស​មក​កាន់​ស្ថានីយ​ទទួល​នៅ​លើដី

    គំនិត​ស្ដីពី​ការប្រមូល​ថាមពលព្រះអាទិត្យ​ក្នុង​ទី​អវកាស ​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក​លើកឡើង​កាលពី​ឆ្នាំ 1968។ មធ្យោបាយ​របស់​ពួកគេ​គឺ​​ការ​បាញ់​បង្ហោះ​ផ្ទាំង​សូ​ឡា​ឡើងទៅ​កាន់​ទី​អវកាស​ដើម្បី​ផលិត​អគ្គិសនី​ពី​កម្ដៅ​ព្រះ​អាទិត្យ​នៅ​​លើ​កម្ពស់ 36,000 គីឡូម៉ែត្រ។ ថាមពលព្រះអាទិត្យ​ត្រូវបាន​បំប្លែង​ទៅជា​រលក​ម៉ៃ​ក្រូ​វេ​វ និងបាញ់​​បញ្ជូន​មកកាន់​ស្ថានីយ​ទទួល​នៅលើ​ដី រួច​បំប្លែង​វា​មកជា​អគ្គិសនី​វិញ។ រលក​ម៉ៃ​ក្រូ​វេ​វ​អាច​ត្រូវបាន​បាញ់​បញ្ជូន​ឆ្លងកាត់​ពពក និង​បង្កើតបានជា​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​ដែលមាន​ស្ថិរភាព មិន​ថា​ថ្ងៃ ឬ​យប់ ក្ដៅ ឬ​ភ្លៀង៕

  • អាចម៍ផ្កាយ​ធ្លាក់ និង​ផ្ទុះ​ឆេះភ្លឺ​ពេញ​ផ្ទៃ​មេឃ​​នៅ​​អូស្ត្រាលី

    អាចម៍ផ្កាយ​ធ្លាក់ និង​ផ្ទុះ​ឆេះភ្លឺ​ពេញ​ផ្ទៃ​មេឃ​​នៅ​​អូស្ត្រាលី

    កាលពី​យប់​ថ្ងៃទី 20 ឧសភា ផ្ទៃមេឃ​នៅពេល​រាត្រី​ក្នុង​រដ្ឋ Queensland ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី បែរជា​ភ្លឺ​ចាំង​ភ្នែក នៅពេល​អាចម៍ផ្កាយ​មួយ​ដុំ​ហោះ​កាត់​បរិយាកាស ធ្លាក់​ទៅលើ​ផែនដី បង្ក​ជា​សំឡេង​ផ្ទុះ​ដ៏​ខ្លាំង។

    រូបភាព​ដែល​ថត​បាន​ដោយ​កាមេរ៉ា​តាំងពី​ទីក្រុង Cairns នៅ​តំបន់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត រហូតដល់ Normanton នៅ​ឈូង​សមុទ្រ Carpentaria បង្ហាញថា ដុំ​ភ្លើង​មួយ​ដុំ​ធំ ធ្លាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​ចុះមក​កាន់​ផែនដី ហើយ​មាន​ពន្លឺ​មួយ​ខ្សែ​ពណ៌​បៃតង ពណ៌​ខៀវ និង​លឿង​លេចចេញ​តាម​ពីក្រោយ។

    ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង 09:22 យប់ ថ្ងៃទី 20 ឧសភា ឆ្នាំ 2023 (ពេលវេលា​ក្នុងស្រុក)។ ប្រជាជន​នៅ​ទីរួមស្រុក Croydon ដែលមាន​ចម្ងាយ​ពី Cairns ប្រហែល 500 គីឡូម៉ែត្រ​ទៅ​ទិស​ខាងលិច ក៏​បានឮ​សំឡេង​ផ្ទុះ។

    អាចម៍ផ្កាយ​ខាងលើនេះ​ប្រហែល​ជាមាន​ទំហំ​ពី 0.5 ដល់ 1 ម៉ែត្រ តូច​ជាង​អាចម៍ផ្កាយ​ទំហំ​មធ្យម និង​ផ្លាស់​ទី​ក្នុង​ល្បឿន 150,000 គីឡូម៉ែត្រ/ម៉ោង។ នេះ​បើតាម​បណ្ឌិត Brad Tucker មកពី​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី​។

    អាចម៍ផ្កាយ​ធ្លាក់ និង​ផ្ទុះ​ឆេះ​នៅ Queensland ប្រទេស​អូស្ត្រាលី

    យោងតាមបណ្ឌិត​ Tucker អាចម៍ផ្កាយ​នេះ​នឹងមិន​បង្កឱ្យមាន​រណ្ដៅ ដោយសារតែ​វា​ត្រូវ​បែក​ជា​បំណែក​មុនពេល​ធ្លាក់​ដល់​ដី ប៉ុន្តែ​វា​ក៏​អាច​នៅសល់​បំណែក​ខ្លះ​ត្រង់​​កន្លែង​ធ្លាក់។

    កាលពី​ឆ្នាំ 2013 អាចម៍ផ្កាយ​មួយ​ដុំ​ទំហំ 20 ម៉ែត្រ បាន​ផ្ទុះ​នៅ​ខាងលើ​ទីក្រុង Chelyabinsk របស់​រុស្ស៊ី។ ការផ្ទុះ​នេះ​មាន​កម្លាំង​ប្រហាក់ប្រហែល​នឹង​ការផ្ទុះ 500 គីឡូតោន (100,000 តោន) របស់​រំសេវ TNT។ ការផ្ទុះ​នេះ​បានធ្វើឱ្យ​មនុស្ស​ជាច្រើន​ត្រូវ​ប៉ើង និង​បំបែក​បង្អួច​កញ្ចក់​រប​ស់​អគារ​រាប់ពាន់ខ្នង​ ខណៈដែល​​រោងចក្រ​មួយ​ក៏ត្រូវ​បាក់​រលំ។ យោងតាម​ទំព័រ Guardian អាចម៍ផ្កាយ Chelyabinsk ភ្លឺ​ជាង​ព្រះអាទិត្យ 30 ដង ធ្វើឱ្យ​ប្រជាជន​នៅ​ឆ្ងាយ​ពី​ទីនោះ​ជិត 30 គីឡូម៉ែត្រ ក៏​ត្រូវ​រលាក​ស្បែក និង​ភ្នែក៕

  • ចម្លែក​ណាស់​! បុរស​​នេះ​​​ពិសា​​តែ​ភេសជ្ជៈ​កំប៉ុង​ជំនួស​អាហារ ​​​អស់​​​រយៈពេល 17 ឆ្នាំ​មក​ហើយ

    ចម្លែក​ណាស់​! បុរស​​នេះ​​​ពិសា​​តែ​ភេសជ្ជៈ​កំប៉ុង​ជំនួស​អាហារ ​​​អស់​​​រយៈពេល 17 ឆ្នាំ​មក​ហើយ

    (ប្រទេស​អ៊ីរ៉ង់) – Gholamreza Ardeshiri អាយុ 58 ឆ្នាំ គឺ​ជា​បុរស​ម្នាក់​ដែល​រស់​ដោយសារ Pepsi និង Coca-Cola ក្នុង​រយៈពេល 17 ឆ្នាំ​កន្លងមកហើយ ព្រោះ ឱ្យតែ​ឃើញ​អាហារ​គឺ​គាត់​រកកល​ក្អួត។

    រឿងរ៉ាវ​បានចាប់ផ្ដើម​កាលពី​យប់​មួយ​ក្នុង​ឆ្នាំ 2006 នៅពេល Ardeshiri ក្រោក​ពី​សម្រាន្ត​ស្រាប់​តែមាន​អ្វី​ចម្លែក​នៅក្នុង​មាត់​ដែល​មិនអាច​បំបាត់ចោល​បាន។

    «ខ្ញុំ​មាន​អារម្មណ៍​ដូចជា​មាន​សក់​នៅក្នុង​អណ្ដាត។ ខ្ញុំ​បានធ្វើ​គ្រប់យ៉ាង ប៉ុន្តែ​មិនអាច​បំបាត់​វា​ចោល។ ខ្ញុំ​ពិបាក​ដកដង្ហើម មិនអាច​ធ្វើ​អ្វី​បាន។ អារម្មណ៍​នេះ​ពិតជា​ផ្ដេសផ្ដាស និង​ពិបាក​ពន្យល់» លោក Ardeshiri រម្លឹក​អំពី​ដើមហេតុ​ដែលនាំឱ្យ​គាត់​ឈប់​ទទួលទាន​អាហារ។

    គាត់​បាន​ទៅ​ពេទ្យ​ស្ទើរ​គ្រប់​ជំនាញ ប៉ុន្តែ បញ្ហា​នៅតែ​មិនអាច​ដោះស្រាយបាន។ ចុងក្រោយ គាត់​បានសម្រេច​ចិត្ត​បោះបង់​ការទទួល​ទាន​អាហារ ហើយ​រស់នៅ​ដោយសារ​ភេសជ្ជៈ​កំប៉ុង។ លោក Ardeshiri ឱ្យដឹងថា លើកដំបូង​ដែល​គាត់​ពិសា​​ភេសជ្ជៈ​កំ​ប៉ុន គាត់​មាន​អារម្មណ៍​ថា មាន​កម្លាំងភ្លាមៗ ហើយក៏​សម្រេចចិត្ត​ពិសា​​វា​ជំនួស​​អាហារ។

    គ្រួសារ​របស់លោក Ardeshiri បាន​ប្រាប់ថា ពួកគេ​មិន​បរិភោគ​អាហារ​នៅ​ចំពោះ​លោក Ardeshiri ឡើយ ព្រោះថា រាល់​ពេលដែល​គាត់​បានឃើញ​អាហារ គាត់​តែងតែ​រកកល​​ក្អួត។ ជា​រៀងរាល់ថ្ងៃ លោក Ardeshiri ពិសា​​ភេសជ្ជៈ​​នេះ​បី​ដបធំៗ និង​បាន​អះអាងថា មិន​ដែលមាន​អារម្មណ៍​ថា​ឃ្លាន​នោះទេ។ ចាប់តាំងពី​មាន​ទម្លាប់​នេះ​មក គាត់​ស្រក​​ទម្ងន់ 32 គីឡូក្រាម ហើយក៏​មិន​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​អ្វី​ឡើយ ក្នុង​រយៈពេល 17 ឆ្នាំ​កន្លងទៅ៕

  • ទឹកជំនន់​ធំ 100 ឆ្នាំមាន​ម្ដង កំពុង​វាយប្រហារ​លើ​ប្រទេស​អ៊ីតាលី

    ទឹកជំនន់​ធំ 100 ឆ្នាំមាន​ម្ដង កំពុង​វាយប្រហារ​លើ​ប្រទេស​អ៊ីតាលី

    ទឹកជំនន់​កំពុងតែ​បំផ្លាញ​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​អ៊ីតាលី បណ្ដាលឱ្យ​មនុស្ស 13 នាក់​បាត់​បង់ជីវិត និង​រាប់ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ខ្លួន ក្រោយពី​ភ្លៀង​ធំ​​ធ្វើ​ឱ្យ​បាក់​ដី នាំឱ្យ​ទឹកទន្លេ​ហូរ​ចូល​ទី​ប្រជុំ​ជន​។

    តំបន់ Emilia Romagna នៃ​ប្រទេស​អ៊ីតាលី នៅ​សប្ដាហ៍​នេះ​ត្រូវ​​រងគ្រោះ​ដោយសារ​ជំនន់​ដែល​បានធ្វើឱ្យ​ទឹកទន្លេ​ចំនួន 23 ឡើង​លិច​ច្រាំង បង្កឱ្យមាន​ហេតុការណ៍​បាក់​ដី​ចំនួន 300 ករណី ប៉ះ​ពាក់​ដល់ទី​ក្រុង និង​ទីប្រជុំជន 42 តំបន់ ខណៈ​​ផ្លូវ​ជាង 400 កំណាត់​ក៏​​ត្រូវ​ខូចខាត។

    ទឹក​ជំនន់​នេះ​ក៏​បាន​ធ្វើ​ឱ្យ​មនុស្ស​ប្រហែល 20,000 នាក់​ត្រូវ​ជម្លៀស​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព គ្រា​ដែល​​មនុស្ស​យ៉ាង​តិច​ 13 នាក់​បាន​បាត់​បង់ជីវិត។

    ជន​ចាស់ជរា និង​ជនពិការ​ជាច្រើននាក់​​ត្រូវ​ជាប់​ក្នុងផ្ទះ នៅពេល​កងកម្លាំង​ជួយសង្គ្រោះ​ធ្វើការ​ក្រោម​ទឹកភ្លៀង​ទាំងយប់​ទាំង​ថ្ងៃ ដោយសារតែ​ទឹកជំនន់​ធំ​បំផុត​មិន​ធ្លាប់​នៅ​ប្រទេស​អ៊ីតាលី ក្នុង​រង្វង់ 100 ឆ្នាំ​មកនេះ៕

  • CAMSOC​ ​បង្ហាញ​ទិដ្ឋភាពខ្លះៗនៅមុន​ពិធី​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32

    CAMSOC​ ​បង្ហាញ​ទិដ្ឋភាពខ្លះៗនៅមុន​ពិធី​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32

    ដូច​ទៅនឹង​ពិធី​សម្ពោធ​ចាប់ផ្ដើម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) លើក​ទី 32 ម្ចាស់ផ្ទះ​កម្ពុជា​មិនបាន​ប្រកាស​ព័ត៌មាន​លំអិត​ស្ដីពី​កម្មវិធី​ដែល​ត្រូវ​ប្រារព្ធ​ឡើង​នោះទេ ប៉ុន្តែ គេ​សង្ឃឹមថា ព្រឹត្តិការណ៍​បិទ​ក៏​នឹង​អស្ចារ្យ​មិន​ចាញ់​ព្រឹត្តិការណ៍​បើក​ប៉ុន្មាន​ឡើយ។

    នៅ​ល្ងាច​ថ្ងៃទី 17 ឧសភា ទំព័រ​ផ្លូវការ​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម (CAMSOC) បាន​បញ្ចេញ​រូបភាព​មួយចំនួន​បង្ហាញ​អំពី​ការត្រៀម​សម្រាប់​ពិធី​បិទ​ស៊ី​ហ្គេម​លើក​នេះ។ «កាន់តែ​រួចរាល់ សម្រាប់​ពិធី​បិទ​ផ្លូវការ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី 32 ឆ្នាំ 2023 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ» ទំព័រ​បណ្ដាញ​សង្គម​របស់ CAMSOC សរសេរ​ដូច្នេះ។

    វិញ្ញាសា​ទាំងឡាយ​នៅ​ស៊ី​ហ្គេម​ត្រូវ​បានបញ្ចប់​កាលពី​យប់​ថ្ងៃទី 16 ឧសភា។ ថ្ងៃនេះ​ពុំមាន​ការប្រកួត​ទៀត​នោះទេ គឺ​មានតែ​កម្មវិធី​បិទ​ជា​ផ្លូវការ​តែប៉ុណ្ណោះ។ ព្រះ​អគ្គិ​ជ័យ​នៅ​ទីលាន​នៃ​ពហុ​​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក៏​នឹង​ត្រូវបាន​ពន្លត់​នៅ​ចុងបញ្ចប់​នៃ​ពិធី​បិទ បញ្ជាក់ថា រដូវ​ស៊ី​ហ្គេម​លើក​ទី 32 ត្រូវបាន​ចប់​​ជា​ស្ថាពរ។

    ពិធី​សម្ពោធ​ចាប់ផ្ដើម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 កាលពី​យប់​ថ្ងៃទី 05 ឧសភា ត្រូវបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពសម្បូរ​បែប និង​អស្ចារ្យ ប្រហាក់​ប្រហែល​នឹង Asiad ដែលជា​មហា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នៅ​ទ្វីបអាស៊ី។ ចំណែក​ពិធី​បិទ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​នេះ​ក៏ត្រូវ​បាន​អ្នកជំនាញ​យល់ថា នឹង​អស្ចារ្យ​ផងដែរ៕

  • ក្រុមបាល់ទាត់​ថៃ និង​ឥណ្ឌូណេស៊ី ប្រឈម​នឹង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​ស្ថាប័ន AFC

    ក្រុមបាល់ទាត់​ថៃ និង​ឥណ្ឌូណេស៊ី ប្រឈម​នឹង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​ស្ថាប័ន AFC

    គណៈកម្មការ​វិន័យរ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) នឹង​ស៊ើបអង្កេត​លើ​ហេតុការណ៍​នៃ​អំពើហិង្សា មុនពេល​ពិន័យ​ជា​ប្រាក់ និង «ព្យួរ​ជើង» ចំពោះ​សមាជិក​របស់​ក្រុម U22 ថៃ និង​ក្រុម U22 ឥណ្ឌូណេស៊ី ដែល​បាន​ចូលរួម​ប្រវាយប្រតប់​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ស៊ី​ហ្គេម​លើក​ទី 32 កាលពី​យប់​ថ្ងៃទី 16 ឧសភា 2023។

    ម្ចាស់ផ្ទះ​កម្ពុជា​បាន​ពឹង AFC ជួយ​ចាត់ចែង​វិញ្ញាសា​បាល់ទាត់​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ ដូច្នេះ ហេតុការណ៍​ហិង្សា​រវាង​ក្រុម​ថៃ និង​ឥណ្ឌូណេស៊ី នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​យប់​ថ្ងៃទី 16 ឧសភា នឹង​ត្រូវបាន​ប្រមូល​ទិន្នន័យ បញ្ជូន​ទៅកាន់​គណៈកម្មកា​រវិ​ន័យ​របស់ AFC ដើម្បី​ធ្វើការ​ពិន័យ។

    «នឹងមិន​មានការ​ពិន័យ​ដកហូត​មេដាយ​ចំពោះ​ក្រុម​ទាំងពីរ ប៉ុន្តែ​កីឡាករ សមាជិក​ក្រុម​គ្រូបង្វឹក​ដែល​បាន​ចូលរួម​វាយតប់​គ្នា ប្រាកដជា​នឹងត្រូវ​ពិន័យ​ជា​ប្រាក់ និង​ហាម​ចូល​ប្រកួត» មេដឹកនាំ​របស់ AFC ថ្មីៗនេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ដូច្នេះ។ ក៏ប៉ុន្តែ AFC អាច​នឹងត្រូវ​ចំណាយពេល​ប្រហែល​មួយខែ​សម្រាប់​ធ្វើការ ទើប​អាច​ឈានដល់​ការដាក់ពិន័យ។

    ហេតុការណ៍​ស្រដៀង​គ្នា​នេះ​ក៏​ធ្លាប់​កើតឡើង​ម្ដងមកហើយ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​កាលពី​ឆ្នាំ 2011 រវាង​ក្រុមបាល់ទាត់​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី។ កាលណោះ អ្នកគាំទ្រ​នាំគ្នា​សម្រុកចូល វាយតប់​គ្នា​នៅលើ​វេទិកា​ទស្សនិកជន បណ្ដាលឱ្យ​មនុស្ស​ពីរ​នាក់​បាត់​បង់ជីវិត។ ក្រុម​ម៉ាឡេស៊ី​ត្រូវបាន​គណៈកម្មការ​ប្រើប្រាស់​រថពាសដែក អមដំណើរ​ទៅកាន់​ព្រលានយន្តហោះ​ត្រលប់​ទៅ​មាតុភូមិ ក្រោយពី​ការប្រកួត 120 នាទី​បាន​លទ្ធផល 1-1 និង​ឈ្នះ​ឥណ្ឌូណេស៊ី 4-3 បាន​មេដាយមាស ពេល​ទាត់​ប៉េ​ណាំង​ទី​ម្ដងម្នាក់៕

  • កំណត់ត្រា​ចំនួន​កាត់​ក្រហម​នៅ​ស៊ី​ហ្គេម នៅ​តិចណាស់​ ​ធៀប​នឹង​មួយ​ប្រកួត​នៅ​ស្រុក​​របស់​ Messi

    កំណត់ត្រា​ចំនួន​កាត់​ក្រហម​នៅ​ស៊ី​ហ្គេម នៅ​តិចណាស់​ ​ធៀប​នឹង​មួយ​ប្រកួត​នៅ​ស្រុក​​របស់​ Messi

    ការប្រកួត​ដែល​ចំណាយពេល​យូរ និង​ប្រកបដោយ​ហិង្សា​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កីឡាបាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 បាន​បង្ខំ​ឱ្យ​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម​រហូតដល់ 7 កាត​។

    U22 ឥណ្ឌូណេស៊ី ​បានឈ្នះ U22 ថៃ ដោយ​លទ្ធផល 5-2 នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​​នៃ​កីឡាបាល់​ទាត់​ផ្នែក​បុរស​របស់​​ស៊ី​ហ្គេម​កាលពី​យប់​ថ្ងៃទី 16 ឧសភា ជួយ​ឱ្យ​ប្រទេស​សម្បូរ​កោះ​រកបាន​មេដាយមាស​មួយគ្រឿង​ទៀត។ ប៉ុន្តែ នេះ​គឺជា​ការប្រកួត​ដ៏​អាក្រក់ ព្រោះ​តែមាន​អំពើហិង្សា​រវាង​ក្រុម​ទាំងពីរ នាំឱ្យ​អាជ្ញាកណ្ដាល​ជនជាតិ​អូ​ម៉​ង់ ពិន័យ​កាត​លឿង​ចំនួន 12 (ប្រភព​ព័ត៌មាន​ខ្លះ​ថា 17) និង​កាត​ក្រហម​ចំនួន 7 (ប្រភព​ព័ត៌មាន​ខ្លះ​ថា 9) ចំពោះ​កីឡាករ ក៏ដូចជា​ក្រុម​គ្រូបង្វឹក​នៃ​ក្រុម​ទាំងពីរ។ នេះ​គឺជា​តួលេខ​ច្រើន​បំផុត​សម្រាប់​មួយ​ប្រកួត​នៅ​ស៊ី​ហ្គេម។

    ទោះជា​យ៉ាងណាក៏ដោយ នេះ​មិនមែនជា​កំណត់ត្រា​ពិភពលោក​នោះទេ ព្រោះ​នៅ​ខាងក្រៅ​អាស៊ីអាគ្នេយ៍​នៅមាន​ការប្រកួត​ដែល​អាជ្ញាកណ្ដាល​ពិន័យ​កាត់​ក្រហម​ច្រើនជាង​នេះ​ឆ្ងាយ​ណាស់​។ កាលពី​ឆ្នាំ 2009 ការប្រកួត​រវាង​ក្រុម Recreativo (អេស្ប៉ាញ) និង Saladillo (អាហ្សង់ទីន) ទទួលបាន​កាត​ក្រហម​ចំនួន 19​។ ឆ្នាំ 1993 Ameliano (ប៉ារ៉ាហ្កាយ) និង General Caballero (ប៉ារ៉ាហ្កាយ) ទទួលបាន​កាត់​ក្រហម​ចំនួន 20 ឯណោះ។

    ចំណែក​ការប្រកួត​ដែលមាន​ការពិន័យ​កាត​ក្រហម​រហូតដល់ 36 កាត ដែលជា​ចំនួន​ច្រើនជាងគេបង្អស់​លើ​ពិភពលោក បាន​ទៅលើ​គូប្រកួត Claypole (អា​ហ្ស​ង់​ទីន) – Victoriano Arenas (អា​ហ្ស​ង់​ទីន) កាល​ពី​ឆ្នាំ 2011 និង​គូ Teniente Farina (ប៉ា​រ៉ា​ហ្កា​យ) – Libertad (ប៉ា​រ៉ា​ហ្កា​យ) កាល​ពី​​ឆ្នាំ 2012​៕

  • គ្រូបង្វឹក​ឥណ្ឌូណេស៊ីថា ថៃ​ធ្វើឱ្យ​​មាន​អំពើ​ហិង្សា ខណៈ​គ្រូ​បង្វឹក​ថៃ​ថា គូ​ប្រកួត​ខ្វះ​ស្មារតី​កីឡា​

    គ្រូបង្វឹក​ឥណ្ឌូណេស៊ីថា ថៃ​ធ្វើឱ្យ​​មាន​អំពើ​ហិង្សា ខណៈ​គ្រូ​បង្វឹក​ថៃ​ថា គូ​ប្រកួត​ខ្វះ​ស្មារតី​កីឡា​

    គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូណេស៊ី លោក Indra Sjafri យល់ថា ការដែល​ក្រុម​គ្រូបង្វឹក​ថៃ​ចេញ​អបអរសាទរ​ឌឺដង គឺជា​មូលហេតុ​នាំឱ្យមាន​ការប៉ះទង្គិច​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 32 កាលពី​យប់មិញ។

    «អាជ្ញាកណ្ដាល​ប្រកាសថា​មានការ​ថែម​ម៉ោង 7 នាទី ទើប​នៅពេល​អស់ម៉ោង​នេះ យើង​គិតថា​ការប្រកួត​បាន​ចប់ ក៏​​រត់​ចូល​ទីលាន​អបអរ ពុំមែន​ចង់​បង្កហេតុ​ជាមួយ​អ្នកណា​ឡើយ។ ភ្លាមនោះ អាជ្ញាកណ្ដាល​ឱ្យ​ថែម​ម៉ោង​រហូតដល់ 11 នាទី។ ពេល​គ្រាប់​បាល់​ស្មើ 2-2 ថៃ​ក៏​រុល​មក​កន្លែង​របស់​យើង​ដើម្បី​ឌឺដង ធ្វើឱ្យ​ការប្រកួត​ប្រែជា​ច្របូក​ច្របល់» គ្រូបង្វឹក​របស់​ឥណ្ឌូណេស៊ី លោក Indra Sjafri និយាយ​ដូច្នេះ បន្ទាប់ពី​ការប្រកួត​បាន​បញ្ចប់​។

    លោក Indra Sjafri បន្ថែមថា «ពេល​មាន​គ្រាប់​បាល់​ទី​បី ជំនួយការ និង​កីឡាករ​របស់ខ្ញុំ​ក៏​អបអរ​ឌឺ​ទៅវិញ។ សម្រាប់​ខ្ញុំ សកម្មភាព​នេះ​របស់​ក្រុម​ទាំងពីរ​គឺ​មិនអាច​ទទួលយកបាន»។

    ចំណែក​លោក Issara Sritaro ដែលជា​គ្រូបង្វឹក​របស់​ក្រុម​ថៃ​វិញ និយាយថា «ការ​ដែល​​យើង​ត្រូវបាន​ទាត់​ចូល​ទី​មុន​គឺ​មិនអាច​ទទួលយកបាន។ ក៏​ប៉ុន្តែ ឥណ្ឌូណេស៊ី ក៏​លេង​ដោយ​ខ្វះ​ស្មារតី​កីឡា»។

    លោក Issara Sritaro

    ទោះជា​យ៉ាងណាក៏ដោយ នៅពេល​ចប់​ការប្រកួត ក្រុម​ទាំងពីរ​ក៏​ពុំមាន​បញ្ហា​អ្វី​នឹង​គ្នា​ទៀត​នោះដែរ។ នេះ​គឺជា​បទពិសោធន៍​ដែល​គួរ​យក​ជា​មេរៀន ដែល​យើង​មិនគួរ​ឱ្យមាន​ករណីបែបនេះ​កើតឡើង ព្រោះ​វា​ប៉ះពាល់​ដល់​អ្នកគាំទ្រ និង​កីឡាករ​ផងដែរ។

    កាលពី​ព្រលប់​ថ្ងៃទី 16 ឧសភា ក្នុងការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅលើ​ទីលាន​បាល់ទាត់​របស់​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក សមាជិក​ក្រុមកីឡា​ថៃ និង​ឥណ្ឌូណេស៊ី បាន​ប៉ះទង្គិច​គ្នា​ពីរលើក។ ក្នុងការ​ថែម​ម៉ោង​នៅ​តង់​ទី​ពីរ សំឡេង​កញ្ចែ​របស់​អាជ្ញា​កណ្ដាល​ក៏បាន​ធ្វើឱ្យ​ក្រុម​ឥណ្ឌូណេស៊ី​យល់​ច្រ​លំ​ថា​អស់ម៉ោង​ប្រកួត ទើប​នាំគ្នា​រត់​ចូល​ទីលាន​អបអរសាទរ គ្រា​ដែល​សំឡេង​កញ្ចែ​នោះ​គឺជា​ការពិន័យ​ចំពោះ​ក្រុម​ឥណ្ឌូណេស៊ី។ ស្ថានការណ៍​នេះ​បាន​នាំទៅរក​គ្រាប់​បាល់​ស្មើ 2-2 ដោយ​កីឡាករ​ថៃ​បាន​ស៊ុត​បញ្ចូល​ទី​របស់​ឥណ្ឌូណេស៊ី។ បន្ទាប់ពី​ស៊ុត​ចូល​ភ្លាម កីឡាករ​ថៃ​ក៏រ​ត់ទៅ​ខាងមុខ​តំបន់​អ្នកគាំទ្រ​ឥណ្ឌូណេស៊ី​ដើម្បី​សំដែង​ការអបអរ ឌឺដង ហើយក៏​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ។

    គ្រូបង្វឹក​របស់​ឥណ្ឌូណេស៊ី លោក Indra Sjafri

    ចូលដល់​តង់​ទី​ពីរ បន្ទាប់ពី​រកបាន​មួយ​គ្រាប់​ទៀត​ដែល​ជួយ​ឱ្យ​នាំមុខ 3-2  ឥណ្ឌូណេស៊ី​ក៏​អបអរ​សងសឹក ហើយក៏​មានការ​ប្រវាយប្រតប់​គ្នា​ជាថ្មី ធ្វើឱ្យ​ការប្រកួត​ត្រូវ​អាក់ខាន​ច្រើន​នាទី។ ពេលនោះ កាត់​ក្រហម​ជាច្រើន​ក៏ត្រូវ​បាន​ហូត​ចេញ​ជា​បន្តបន្ទាប់។

    បន្ទាប់ពី​ស្ថានការណ៍​ត្រូវបាន​គ្រប់គ្រង ថៃ​ក៏ត្រូវ​បាត់បង់​កីឡាករ​ពីររូប​ដោយសារ​កាត់​ក្រហម។ ដោយមាន​គ្នា​តែ 9 នាក់ ក្រុម​ថៃ​ក៏ត្រូវ​ចាញ់ 2 គ្រាប់​ទៀត នាំឱ្យ​ឥណ្ឌូណេស៊ី​ឈ្នះ 5-2 ជា​ស្ថាពរ។ បរាជ័យ​លើក​នេះ​របស់ U22 ថៃ នាំឱ្យ U22 ឥណ្ឌូណេស៊ី ដណ្ដើមបាន​មេដាយមាស​លើក​ទី​បី​នៅ​ស៊ី​ហ្គេម៕

  • រថភ្លើង​​អាកាស​ បរ​ក្រោម​​ផ្លូវដែក​មួយ​ជួរ​​នៅ​ប្រទេស​ចិន ដំណើរ​ការ​ស្វ័យ​ប្រវត្ត

    រថភ្លើង​​អាកាស​ បរ​ក្រោម​​ផ្លូវដែក​មួយ​ជួរ​​នៅ​ប្រទេស​ចិន ដំណើរ​ការ​ស្វ័យ​ប្រវត្ត

    រថភ្លើង​ដែលមាន​ល្បឿន 60 គីឡូម៉ែត្រ/ម៉ោង​ ​ស្ថិតនៅក្នុង​ទីក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន ​ដំណើរការ​ដោយ​ស្វ័យប្រវត្ត និង​ស្ងាត់ នាំមក​នូវ​បទពិសោធន៍​ផាសុកភាព​ដល់​អ្នកដំណើ​រ។

    រថភ្លើង​ដែល​មាន​ឈ្មោះថា «Optics valley photon» ត្រូវ​បាន​ព្យួរ​ក្រោម​​ផ្លូវដែក​​មួយ​ជួរ​ ធ្វើឱ្យ​វា​ដូច​ទៅនឹង​កា​រ​បរ​ត្រលប់​ពីលើ​មកក្រោម។ នៅពេល​រត់​ខាងលើ​ទីក្រុង​នៅពេល​យប់ រថភ្លើង​នេះ​មាន​ពន្លឺ​ដ៏​ស្រស់​ស្អាត​។

    ធៀប​នឹង​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ដែល​បរ​លើផ្លូវ​ដែក​ពីរ​ជួរ​បច្ចុប្បន្ន រថភ្លើង​ព្យួរ​ក្រោម​ផ្លូវដែក​មួយ​ជួរ​នេះ​ស្ងាត់ ល្អ​ និង​មាន​ផាសុកភាព​ជាង។ រថភ្លើង​នេះ​ក៏​មិន​ត្រូវបាន​រំខាន​ដោយ​មនុស្ស ឬ​យានយន្ត​ដទៃ។ អស្ចារ្យ​ជាង​នេះ នោះ​គឺ​អ្នកដំណើរ​អាច​គយ​គន​ទេសភាព​ទីក្រុង​ពី​ជ្រុង​មួយ​ខុសពី​រថភ្លើង​ធម្មតា តាមរយៈ​បាត​ធ្វើ​ពី​កញ្ចក់​។​

    រថភ្លើង​ព្យួរ​បញ្ច្រាស​ក្រោម​ផ្លូវដែក​មួយ​ជួរ​នេះ​ដំណើរការ​ប្រកបដោយ​ភាព​ឆ្លាត​វៃ ក្នុង​ល្បឿន​អតិបរមា 60 គីឡូម៉ែត្រ/ម៉ោង។ ដំណើរការ​ទាំងស្រុងរ​បស់​រថភ្លើង​នេះ រួមមាន ការ​បើក​បិទ​ទ្វារ ការ​ចាប់ផ្ដើម​រត់ និង​ការ​ចូល​ចត​ក្នុង​ស្ថានីយ គឺ​សុទ្ធតែ​ធ្វើឡើង​ដោយ​ស្វ័យប្រវត្ត​ ​មិនបាច់​មាន​​ជំនួយ​ពី​មនុស្ស​។

    រថភ្លើង​នេះ​កំពុងដំណើរការ​ដូច​ទៅនឹង​ផ្លូវ​ទស្សនកិច្ច​សម្រាប់​ទេស​ចរ​នៅ​តំបន់​អភិវឌ្ឍ​បច្ចេកវិទ្យា​ជាន់ខ្ពស់ East Lake (East Lake Hi-tech Development Zone) របស់​ទីក្រុង Wuhan។