Tag: មាស

  • ចិនបញ្ជូនយានទៅយកសំណាកដីតំបន់ងងឹតរបស់ព្រះចន្ទ

    ចិនបញ្ជូនយានទៅយកសំណាកដីតំបន់ងងឹតរបស់ព្រះចន្ទ

    យាន​ Chang’e 6 ហោះ​ឡើង​ជាមួយ​នឹង​រ៉ុក្កែត​ Long March 5 ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប Wenchang លើ​កោះ Hainan កាល​ពី​វេលា​ម៉ោង 16និង27​នាទី ថ្ងៃទី​3 ខែ​ឧសភា ម៉ោង​នៅ​កម្ពុជា​។

    ក្នុង​ការ​ហោះ​ហើរ​ 53​ថ្ងៃ យាន​អវកាស​ Chang’e 6 នឹង​ឆ្ពោះ​ទៅ​កាន់​តំបន់​ទំនាប​នៅប៉ូល​ខាង​ត្បូង Aitken (SPA) ដែល​ស្ថិត​ក្នុង​តំបន់​ងងឹត​របស់​ព្រះ​ចន្ទ​ ជា​ទី​ដែល​មិន​អាច​មើល​ឃើញ​ពី​ផែនដី​។ នេះបើ​តាម​ទីភ្នាក់​ងារ​អវកាស​ចិន​ (CNSA)។

    បេសកកម្ម​នេះ​នឹង​រើស​យក​សំណាក​ដី​ និង​ថ្ម​ចំនួន​ពីរ​គីឡូក្រាម​ពី​តំបន់​ចុះ​ចត​ និង​នាំ​យក​មក​កាន់​ផែនដី​ដើម្បី​វិភាគ​លម្អិត​។ ដំណើរ​ការ​រើស​យក​សំណាក​ដី​ព្រះ​ចន្ទ​នឹង​ត្រូវ​បាន​គាំទ្រ​ដោយ​ផ្កាយ​រណប​ Queqiao-2 ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ខែ​មីនា និង​កំពុង​គោចរ​ជុំវិញ​ព្រះ​ចន្ទ​ រង់​ចាំ​យាន​ Chang’e 6។

    នោះ​នឹងជា​សំណាក​ដី​ព្រះចន្ទ​ដំបូង​ដែល​ត្រូវ​បាន​នាំ​យក​មក​កាន់​ផែនដី បន្ទាប់​ពី​បេសក​កម្ម​ Apollo របស់​អាម៉េរិក​ និង Luna របស់​អតីត​សូវៀត កាល​ពី​ប្រាំ​ទសវត្សរ៍​មុន​។

    យានចុះ​ចត​ និង​យាន​យក​សំណាក​នឹង​ចុះ​ចត​ក្នុង​​ភាគ​ឦសាន​​លើ​តំបន់​ទំនាប​ SPA ជា​ទី​ដែល​មាន​ភូមិសាស្ត្រ​ស្មុគ​ស្មាញ និង​មាន​តម្លៃ​ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​។ បន្ទាប់​ពី​បាន​រើស​យក​សំណាក​ដី និង​ថ្ម យាន​យក​សំណាក​នេះ​នឹង​ហោះ​ត្រលប់​ទៅ​កាន់​គន្លង​តារាវិថី​ព្រះ​ចន្ទ​ ដើម្បី​ប្រគល់​ឱ្យ​ម៉ូឌុល​ដែល​នៅ​ចាំ​ទទួល​ក្នុង​អវកាស​ មុន​នឹង​នាំ​យក​សំណាក​ទាំង​នេះ​មក​កាន់​ផែនដី​។

    កាល​ពី​ឆ្នាំកន្លង អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​នៅ​ប្រទេស​ចិន បាន​កំណត់​ទី​តាំង​ចំនួន​បី​ដ៏មាន​សក្ដានុពល​សម្រាប់​ការ​ចុះ​ចត​របស់​យាន​ Chang’e 6 នៅ​ក្នុង​តំបន់​ទំនាប​ SPA ដែល​ជា​រណ្ដៅ​យក្ស​ទំហំ 2,500 គីឡូម៉ែត្រ និង​ជម្រៅ​ 8​គីឡូម៉ែត្រ​ កើត​ឡើង​ក្រោយ​ពី​ករណី​ធ្លាក់​អាចម៍​ផ្កាយ​កាល​ពី​រាប់​ពាន់​លាន​ឆ្នាំ​មុន​។

    យោង​តាម​ទិន្នន័យ​ដែល​បាន​សង្កេត​ពី​ចម្ងាយ​ តំបន់​ទំនាប SPA សម្បូរ​ទៅ​ដោយ​សារធាតុ​គីមី និង​មាន​អាយុកាល​យូរ​។ យាន​របស់​ចិន​នឹង​ជ្រើស​ទីតាំង​សុវត្ថិភាព​បំផុត​ដើម្បី​ចុះ​ចត​ នៅ​ពេល​ហោះ​បន្ទាប​ខ្លួន​បន្តិច​ម្ដង​ៗ​។

    យាន​ Chang’e 6 ទំនង​ជា​អាច​​រកឃើញ​ និង​នាំ​យក​ថ្មី basalt ដែល​ជា​កម្អែរ​ភ្នំ​ភ្លើង​ដែល​បាន​ត្រជាក់​នៅ​តំបន់​ទំនាប​ខាងលើ។ អ្នកវិទ្យាសាស្ត្រ​អាច​វាស់​ស្ទង់​អាយុ​កាល សមាសធាតុ​ និង​របៀប​កកើត​របស់​វា​។ តាម​រយៈ​ការ​ប្រៀប​ធៀប​ថ្ម​ដែល​​នាំ​យក​ពី​តំបន់​ភ្លឺ​របស់​ព្រះ​ចន្ទ ពួក​គេ​នឹង​អាច​រក​ឃើញ​តម្រុយ​ដែល​ទាក់​ទង​នឹង​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​តំបន់​ងងឹត​ និង​តំបន់​ភ្លឺ​នៅ​លើ​ឋាន​ព្រះ​ចន្ទ​។

  • ភ្នំ​ដែល​ក្អែរ​ចេញ​មាស​រាល់​ថ្ងៃ ប៉ុន្តែ​គ្មាន​នរណា​ចង់​រើស

    ភ្នំ​ដែល​ក្អែរ​ចេញ​មាស​រាល់​ថ្ងៃ ប៉ុន្តែ​គ្មាន​នរណា​ចង់​រើស

    ភ្នំ​ភ្លើង​មួយ​នេះ​ ផ្ទុះ​កម្អែរ​មាស​យ៉ាង​ច្រើន​សន្ធឹក​ជា​រៀង​រាល់​ថ្ងៃ​ ក៏ប៉ុន្តែពុំ​មាន​អ្នក​ណា​ហ៊ាន​ចូល​ទៅ​ក្បែរ​។

    Interesting Engineering ឱ្យ​ដឹង​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​មាស​នៅ​ជុំវិញភ្នំ​ភ្លើង​មួយ​ដែល​មាន​ឈ្មោះ​ថា Erebus ស្ថិត​នៅ​ក្នុងទ្វីប​អង់តាកទិច លើ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​របស់​កោះ ross និង​មាន​កម្ពស់​ជិត 4000 ម៉ែត្រ​ ធៀប​នឹង​ទឹក​សមុទ្រ​។

    អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា ភ្នំ​ភ្លើង​នេះ​ធ្វើ​សកម្មភាព​តាំង​ពី​យូរ​មក​ហើយ​ និង​ផ្ទុះ​កម្អែរ​មាស​ជារៀង​រាល់​ថ្ងៃ​។ Erebus ដែល​ចាប់​ផ្ដើម​ផ្ទុះតាំង​ពី​ឆ្នាំ 1972 និង​ស្ថិត​ក្នុង​ចំណោម​ភ្នំ​ភ្លើងសកម្ម​ចំនួន 138 នៅ​អង់តាកទិច គឺជា​មួយ​ក្នុង​ចំណោម​ភ្នំ​ភ្លើង​សកម្ម​ក្នុង​តំបន់​ដែលក្អែរ​ចេញ​មាស​ជា​រៀង​រាល់​ថ្ងៃ​។

    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាស​ដែល​ភ្នំ​ភ្លើង​នេះ​បញ្ចេញ​មក​ក្រៅ មនុស្ស​ធម្មតា​មិន​អាច​ប្រមូល​យក​បាន​ឡើយ។ ព្រោះ​ថា មាស​ទាំង​នោះ​ត្រូវ​បាន​បញ្ចេញមក​ក្រៅ​ក្នុង​ទម្រង់​ធូលី​ និង​ហោះ​ទៅ​ឆ្ងាយ​ពី​ភ្នំ​។ ដូច្នេះ គ្រប់​គ្នា​ពិបាក​នឹង​ប្រមូល​យក​មាស​ទាំង​នោះ​។

  • រុក្ខជាតិ​ដែល​អាច​ប្រាប់អ្នក​​អំពី​កន្លែង​មាន​មាស

    រុក្ខជាតិ​ដែល​អាច​ប្រាប់អ្នក​​អំពី​កន្លែង​មាន​មាស

    អណ្ដូង​រ៉ែ​ជា​ច្រើន​ត្រូវ​បាន​រក​ឃើញ​ដោយ​សារ​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ដុះ​នៅ​លើ​សមុទ្រ​ខ្សាច់​ នោះ​គឺរុក្ខជាតិ​ឈ្មោះ Desert Trumpet ដែល​អ្នកវិទ្យាសាស្ត្រ​ហៅ​ថា Eriogonum inflatum។ រុក្ខជាតិ​នេះ​​តែង​តែ​ដុះ​នៅ​តំបន់​ដែល​សម្បូរ​រ៉ែ​ ក្នុង​នោះ ស្លឹក និង​មែក​របស់​ពួក​វា​អាច​ស្រូប​យក​មាស​។

    Desert Trumpet គឺជា​រុក្ខជាតិ​​ប្រភេទ​ស្មៅ​ដែល​មាន​កម្ពស់​រហូត​ដល់​មួយ​ម៉ែត្រ​ ​មាន​ពណ៌​បៃតង​ចាស់ ចំណែក​ផ្នែក​ខាង​លើ​មាន​សភាព​ប៉ោង​។ ផ្កាយ​របស់​វា​មាន​ពណ៌​លឿង និង​រីក​ជា​កញ្ចុំ​។ រុក្ខជាតិ​នេះ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺច្រើន​មុខ​ រួម​មាន​ដូច​ជា ផ្ដាសាយ របួស​មាន​មេរោគ រាក​រូស ក្រពះ ឈឺ​សាច់​ដុំ និង​ជំងឺ​ស្វាយ​ជា​ដើម​។

    យោង​តាម​អ្នក​ស្រាវ​ជ្រាវ​អំពី​សមុទ្រ​ខ្សាច់ Desert Trumpet គឺជា​សញ្ញា​ដែល​បង្ហាញ​ថា មាន​មាស​នៅ​ក្បែរ​នោះ​។ ដោយ​សារ​តែ​សមត្ថភាព​ស្រូប​យក​សារធាតុ​មាស រុក្ខជាតិ​នេះ​អាច​រីក​លូត​លាស់​ខ្លាំង​នៅតំបន់​ដែល​សម្បូរ​រ៉ែ​មាស​។

    ដូច្នេះ​ហើយ បើ​សិន​អ្នក​កំពុង​ស្វែង​រក​មាស​នៅ​លើ​តំបន់​សមុទ្រ​ខ្សាច់ ឬ​វាល​ខ្សាច់​ធំ សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រុក្ខ​ជាតិ Desert Trumpet​។ ពួក​វា​អាច​នាំ​អ្នក​ទៅ​កាន់​កន្លែង​មាន​មាស ឬ​រ៉ែ​មាស​។

  • ក្រុម​ហ៊ុន​មេ​របស់ Google មាន​តម្លៃ​ពីរ​លាន​លាន​ដុល្លារ​ ព្រោះ​ប្រាក់​ចំណូល​កើន​ឡើង​ខ្ពស់

    ក្រុម​ហ៊ុន​មេ​របស់ Google មាន​តម្លៃ​ពីរ​លាន​លាន​ដុល្លារ​ ព្រោះ​ប្រាក់​ចំណូល​កើន​ឡើង​ខ្ពស់

    កាល​ពី​ថ្ងៃទី 25 មេសា Alphabet ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ Google បាន​ប្រកាស​ឯកសារ​ បង្ហាញ​ថា​ ប្រាក់​ចំណូល​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2024 កើន 15%​។ Alphabet ក៏​បាន​ប្រកាស​អំពី​ការ​ចែក​ភាគ​លាភ​ដំបូង​ផងដែរ​។

    ជាក់​ស្ដែង ប្រាក់​ចំណូល​របស់​ Alphabet បាន​កើន​ដល់ 80.5ពាន់​លាន​ដុល្លារ​ ពី​ 69.8​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​។

    មូលបត្រ Alphabet កើន​រហូត​ដល់ 13% នៅ​ក្នុង​ការ​ជួញដូរ​ក្រៅ​ម៉ោង​ធ្វើ​ការ​ ជួយ​ឱ្យ​ក្រុម​ហ៊ុន​រក​ចំណូល​បន្ថែមបាន​​ជាង 250ពាន់​លាន​ដុល្លារ​ នាំ​ឱ្យ​តម្លៃ​មូលធន​ទីផ្សារ​កើន​ដល់​ជាង​ពីរ​លាន​លាន​ (2,000,000,000,000) ដុល្លារ​។ លទ្ធផល​នេះ​ក៏​ជួយ​ឱ្យ​ Alphabet មាន​ឈ្មោះ​ក្នុង​បញ្ជីកំពូល​​ក្រុម​ហ៊ុន​ដែល​រួម​មាន​ Microsoft, Apple និង Nvidia ផងដែរ​។

  • ចិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ផ្លែដូង​ស្រស់​ពី​កម្ពុជា គ្រា​ដែល​ទំនិញនាំ​ចូល​​ពី​កម្ពុជា ​នៅ​មាន​ទំហំ​តូច​ខ្លាំង

    ចិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ផ្លែដូង​ស្រស់​ពី​កម្ពុជា គ្រា​ដែល​ទំនិញនាំ​ចូល​​ពី​កម្ពុជា ​នៅ​មាន​ទំហំ​តូច​ខ្លាំង

    ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ទទួល​បាន​ការ​អនុម័តទទួលស្គាល់ជាផ្លូវការពី​អគ្គរដ្ឋបាល​គយ​ចិន។ នេះបើតាមលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី 22 ខែមេសា ឆ្នាំ 2024។

    ការ​ទទួល​បាន​ការ​អនុម័ត​ទទួល​ស្គាល់​ខាង​លើ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​ កាល​ពី​ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2023។

    កន្លង​មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ភាគី​ពាក់​ព័ន្ធ​នឹង​ដូង ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឱ្យដាក់ពាក្យស្នើសុំចុះបញ្ជី។

    បន្ទាប់ពីទទួលបានពាក្យស្នើសុំ ក្រសួង​កសិកម្ម បានចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ ហើយបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះ ទៅកាន់ភាគីចិន ដើម្បីពិនិត្យ និងវាយតម្លៃបន្ត។

    គិតត្រឹមពេលនេះ អគ្គរដ្ឋបាលគយយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 របស់​កម្ពុជា ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ទៅកាន់ប្រទេសចិន។

    យោង​តាម​របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅត្រីមាសទីមួយ​នៃ​ឆ្នាំ 2024 ស្ថានភាពនៃការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មាន​ភាព​ប្រសើរ​ឡើង​។ ប្រទេស​ចិន​ក្លាយ​​ជា​ដៃគូ​ដោះដូរ​ពាណិជ្ជកម្ម​ធំជាង​គេ​របស់​កម្ពុជា​ ដោយ​សម្រេច​បាន​ជាង 3ពាន់​2រយ​លាន​ដុល្លារ​អាម៉េរិក។​​ ក្នុង​នោះ​ កម្ពុជា​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ក្នុង​ទំហំ​ទឹក​ប្រាក់​តែ​ជាង 3រយ​លាន​ដុល្លារ​ប៉ុណ្ណោះ​ ខណៈដែលការ​​នាំ​ចេញ​របស់​ចិន​មក​កម្ពុជា​ សម្រេចបាន​រហូតជាង 2ពាន់8រយលានដុល្លារ។

    ដោយ​ឡែក​ ​សហរដ្ឋ​អាម៉េរិក​ដែល​​ជា​ទីផ្សារ​នាំ​ចេញ​ធំជាង​គេ​របស់​កម្ពុជា​ ​បាន​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ក្នុង​ទំហំ​ទឹក​ប្រាក់​ជិត 2​ពាន់​លាន​ដុល្លារ​ គ្រា​ដែល​កម្ពុជា​បាន​នាំ​ចូលទំនិញ​ពី​សហរដ្ឋ​អាម៉េរិក​ក្នុង​ទំហំ​ទឹក​ប្រាក់​តែ​ជាង​ 57 លាន​ដុល្លារ​ប៉ុណ្ណោះ នៅ​ត្រីមាស​ទីមួយ​​នៃ​ឆ្នាំ​ 2024​។

  • ព្រែកជីក​ហ្វូណនតេជោ «ល្អមើល​ផង ល្អហូបផង»

    ព្រែកជីក​ហ្វូណនតេជោ «ល្អមើល​ផង ល្អហូបផង»

    (ភ្នំ​ពេញ) – សម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត បាន​មាន​ប្រសាសន៍​ថា ប្រទេសយើងជាមហាអំណាច ពេលដែលមាន​សេដ្ឋកិច្ចខ្លាំង ដូច្នេះ​ព្រែកជីក (ហ្វូណនតេជោ) នេះ គឺបម្រើដល់ការបង្កើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។

    ប្រសាសន៍​របស់​សម្ដេច​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ខាងលើ​នេះ ត្រូវ​បាន​ធ្វើ​ឡើងនា​​ព្រឹក​ថ្ងៃទី 11 ខែ​មេសា ឆ្នាំ 2024 ​នៅ​ក្នុង​ពិធី​សម្ពោធកសិដ្ឋាន​ចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅ​ភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

    សម្ដេច​ធិបតី បាន​បញ្ជាក់​ថា ព្រែក​ជីកហ្វូណនតេជោ​ «ល្អមើល​ផង និង​ល្អ​ហូប​ផង» បន្ទាប់​ពី​មាន​មតិ​រិះគន់ខ្លះ​ចំពោះ​គម្រោង​ព្រែក​ជីក​នេះ​។ គម្រោង​នេះ​​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ក៏​ដូច​ជា​​មិន​បង្ក​ការ​គំរាម​កំហែង​ដល់​ប្រទេស​ជិត​ខាង​។

    សូម​រំលឹក​ថា គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ​មាន​ប្រវែង​ 180 ​គីឡូម៉ែត្រ ចាប់​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លៃ​បាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លង​កាត់​ខេត្ត​ចំនួន​ 4 រួមមាន​ ខេត្ត​កណ្តាល​ ខេត្តតាកែវ​ ខេត្តកំពត​ និង​ខេត្តកែប​ ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​ 1.6 ​លាន​នាក់​ រស់​នៅអម​សង​ខាង​ផ្លូវទឹក។

    យោង​តាម​ក្រសួង​សាធារណៈការនិង​ដឹក​ជញ្ជូន​ ​ការដ្ឋាន​សាង​សង់​ព្រែក​ជីក​ដែល​នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ត្រីមាស​ទី​ 4 នៃ​ឆ្នាំ​ 2024 ខាង​មុខ​នេះ មានតម្លៃ​ប្រមាណ ​1,700 ​លាន​ដុល្លារ​អាម៉េរិក ហើយ​នឹង​ត្រូវ​ចំណាយ​ពេល​ 4 ឆ្នាំ​ ក្នុង​ការ​ស្ថាបនា។ គម្រោង​នេះ​​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (Belt and Road Initiative ឬBRI) របស់​រដ្ឋាភិបាល​ចិន​៕

  • ថៃ​នឹង​ផ្ដល់​ប្រាក់ឌីជីថល់ជិត 14 ពាន់​លាន​ដុល្លារ​ដល់​ពលរដ្ឋ ដើម្បី​ជំរុញ​សេដ្ឋកិច្ច

    ថៃ​នឹង​ផ្ដល់​ប្រាក់ឌីជីថល់ជិត 14 ពាន់​លាន​ដុល្លារ​ដល់​ពលរដ្ឋ ដើម្បី​ជំរុញ​សេដ្ឋកិច្ច

    រាជរដ្ឋាភិបាល​ថៃ គ្រោង​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​តាម​រយៈការឧបត្ថម្ភ​ប្រាក់​ 5សែន​លាន​បាត​ ដល់​ប្រជាជន​ប្រមាណ​ 50 លាន​នាក់​ សម្រាប់​ការ​ទិញ​ទំនិញ​។

    នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin ទើប​តែ​បាន​ប្រកាស​អំពី​ផែនការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន 10,000 បាត (275 ដុល្លារ) សម្រាប់​ពលរដ្ឋ​គ្រប់​លក្ខខណ្ឌ​ម្នាក់ៗ​ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​​។ កម្មវិធី​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ 5 សែន​លាន​បាត (13.75 ពាន់​លាន​ដុល្លារ​អាម៉េរិក) និង​​ភាគ​ច្រើន​មាន​ប្រភព​ពី​ថវិកា​ជាតិ​ឆ្នាំ 2024 និង 2025​ នេះ នឹង​ត្រូវ​បាន​អនុវត្ត​នៅ​ត្រី​មាស​ទី​បួន​​ក្នុង​ឆ្នាំ​ 2024​។

    តាម​ផែនការ​ ពលរដ្ឋ​ថៃ​ដែល​មាន​អាយុ​ចាប់​ពី 16 ឆ្នាំ​ឡើង​ទៅ និង​មាន​ប្រាក់​ចំណូល​ក្រោម​ 70,000 បាត​ក្នុង​មួយ​ខែ ហើយ​មាន​ប្រាក់​តិច​ជាង 500,000 បាត​ក្នុ​ងគណនី​ធនាគារ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ 10,000 បាត​ តាម​រយៈ​កាបូប​លុយឌីជីថល់។ ដោយ​យោង​ទៅ​លើ​គោលការណ៍​ខាងលើ អាជ្ញាធរ​ថៃ​គណនា​ឃើញ​ថា ពលរដ្ឋប្រមាណ 50 លាន​នាក់​នឹង​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​នេះ​។

    លោក Srettha Thavisin ឱ្យ​ដឹង​ថា គោលនយោបាយ​នេះនឹង​ជំរុញ​កំណើន​ផលិតផល​ក្នុង​ស្រុកសរុប (GDP) ពី 1.2 ដល់ 1.6 ភាគ​រយ​បន្ថែម​ទៀត​។

    ក្រៅ​ពី​ការ​ស្ដារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ គោលនយោបាយ​ថ្មី​នេះ​ក៏​ធ្វើឡើង​ដើម្បី​ជា​ការ​គោរព​​តាម​ពាក្យ​សន្យា​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោតកាល​ពី​ឆ្នាំ​កន្លង​ ​របស់​បក្ស​ Pheu Thai ផងដែរ​។ ក៏ប៉ុន្តែ ក្រុម​អ្នក​ជំនាញ​ព្រួយ​បារម្ភ​ថា ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នេះ​ ពុំ​មែន​ជា​វិធី​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​។

  • ក្រុម​ហ៊ុន​ Chery បង្កើតរោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

    ក្រុម​ហ៊ុន​ Chery បង្កើតរោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

    ក្រសួង​ពាណិជ្ជកម្ម​វៀតណាម កាលពីសប្ដាហ៍​កន្លង បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ផលិត​រថយន្ត​រដ្ឋ​ចិន Chery Automobile បាន​យល់​ព្រម​សង់រោង​ចក្រ​ដំឡើង​រថយន្ត​អគ្គិសនី​តម្លៃ 800 លាន​ដុល្លារ​អាម៉េរិក នៅ​ប្រទេស​វៀតណាម តាម​រយៈ​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​មួយ​នៅក្នុង​ស្រុក​។

    Omoda & Jaecoo របស់​ Chery នឹង​បង្កើត​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​ ជាមួយ​នឹង Geleximco ដែលមាន​ទីស្នាក់ការ​នៅ​វៀតណាម​ ដើម្បី​គ្រប់គ្រង​រោង​ចក្រ​ខាងលើ​។

    ដំណាក់​កាល​សាងសង់ដំបូង គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ត្រីមាស​ទីមួយនៃ​ឆ្នាំ 2026​៕

  • ម្ចាស់​ Facebook មាន​ទ្រព្យ​ច្រើន​ជាង​ម្ចាស់​ Tesla ជា​លើក​ដំបូង​ រាប់​ពី​ឆ្នាំ 2020

    ម្ចាស់​ Facebook មាន​ទ្រព្យ​ច្រើន​ជាង​ម្ចាស់​ Tesla ជា​លើក​ដំបូង​ រាប់​ពី​ឆ្នាំ 2020

    ជា​លើក​ដំបូង​ រាប់​ចាប់​តាំង​ពី​ឆ្នាំ 2020 Mark Zuckerberg បាន​ឈរ​ពី​លើ​ Elon Musk ដោយ​បាន​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​បី​លើ​ពិភពលោក​ នៅ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​របស់ Bloomberg Billionaires Index​។

    ស្ថាបនិក Facebook បច្ចុប្បន្ន​មាន​ទ្រព្យ​សកម្ម​សរុប​ 186.9 ពាន់​លាន​ដុល្លារ​អាម៉េរិក ខ្ពស់​ជាង​ 6.3 ពាន់​លាន​ដុល្លារ​ បើ​ធៀប​នឹង​ទ្រព្យ​របស់​ Elon Musk។ ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន ទ្រព្យ​របស់​លោក​ Musk បាន​ថយ​ចុះ​អស់ 48.4 ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​ទ្រព្យ​របស់ Zuckerberg កើន​ឡើងបន្ថែម​​ 58.9 ពាន់​លាន​ដុល្លារ​ ដោយ​សារ​តែ​ភាគ​ហ៊ុន​ Meta កើន​ឡើង​ជា​បន្ត​បន្ទាប់​។

    Elon Musk ធ្លាប់​កាន់​កាប់​ចំណាត់​ថ្នាក់​អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​នៅ​កាល​ពី​ខែ​វិច្ឆិកា 2021 នៅ​ពេល​ទ្រព្យ​របស់​លោក​បាន​កើន​ឡើង​ដល់ 215 ពាន់​លាន​ដុល្លារ​។ ក៏ប៉ុន្តែ ភាគ​ហ៊ុន​រថយន្ត​អគ្គិសនី​ Tesla បាន​ថម​ថយ​ឥទ្ធិពល ដោយ​សារ​តែ​បណ្ដា​បច្ចេក​វិទ្យា​ឌីជីថល់ ពិសេស​គឺ​បញ្ញា​សិប្បនិម្មិត​ (AI)។

    គិត​ចាប់​ពី​ដើម​ឆ្នាំ​ 2024 មក​ទល់​នឹង​ថ្ងៃទី 5 មេសា 2024 ភាគ​ហ៊ុន​ Tesla បាន​ថយ​ចុះ​អស់​ជាង 33%​។ ផ្ទុយ​ទៅ​វិញ ភាគ​ហ៊ុន​ Meta ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ Facebook បាន​កើន​ឡើង​ជាង​ 52%​ នៅ​ក្នុង​ឆ្នាំ​នេះ​ ដោយ​សារ​តែ​ប្រាក់​ចំណូល​ប្រចាំ​ត្រី​មាស​កើន​ឡើង​ និង​វិនិយោគិន​សប្បាយ​ចិត្ត​ជា​មួយ​នឹង​គំនិត​ផ្ដួត​ផ្ដើម​ស្ដី​ពី​ AI របស់​ Meta។

  • Tesla ដណ្ដើមបាន​តំណែង​លេខ​មួយ​ពី​ BYD មកវិញ​ហើយ

    Tesla ដណ្ដើមបាន​តំណែង​លេខ​មួយ​ពី​ BYD មកវិញ​ហើយ

    របាយការណ៍​របស់ BYD ឱ្យ​ដឹង​ថា ចំនួន​រថយន្ត​អគ្គិសនី​ដែល​ក្រុម​ហ៊ុន​នេះ​បាន​លក់​ចេញ​នៅ​ក្នុង​ត្រីមាស​ដំបូង​របស់​ឆ្នាំ 2024 បាន​ថយ​ចុះ​ 43% បើធៀប​នឹង​ត្រីមាស​ទីបួន​នៃ​ឆ្នាំ​ 2023​ ដែល​ប្រការ​នេះ​បង្ហាញ​ថា​ BYD នឹង​ប្រគល់​ «តំណែង» លេខមួយ​ស្ដី​ពី​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដែល​លក់​រថយន្ត​បាន​ច្រើន​ជាង​គេ​លើ​ពិភពលោក​ ទៅ​ឱ្យក្រុម​ហ៊ុន​អាម៉េរិក​ Tesla វិញ បន្ទាប់​ពី​ក្រុម​ហ៊ុន​ចិន​ដណ្ដើម​បាន​កាល​ពី​ឆ្នាំ​កន្លង​។

    យោង​តាម​ឯកសារ​ដែល​បាន​បញ្ជូន​ឡើង​ទៅ​កាន់​មន្ទីរ​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ Shenzhen កាល​ពី​ល្ងាច​ថ្ងៃ​ទី 1 មីនា BYD ឱ្យ​ដឹង​ថា ពួក​គេ​លក់​រថយន្ត​អគ្គិសនី​បាន​ជាង 300,000 គ្រឿង​នៅក្នុង​ត្រីមាស​ដំបូង​ ពោល​គឺ​ថយ​ចុះ 43% បើធៀប​នឹងបី​ខែ​មុន​នោះ​។ ប្រាក់​ចំណូល​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2024 បាន​កើន​ 13.4% ធៀប​នឹង​ឆ្នាំ​មុន​។

    ក៏ប៉ុន្តែ ការ​ថយ​ចុះ​ប្រចាំ​ខែ​​របស់ BYD អាច​មាន​ន័យ​ថា Tesla នឹង​ដណ្ដើម​បាន​មក​វិញ​នូវ​តំណែង​លេខមួយ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​ ដោយ​យោង​ទៅ​តាម​ការ​ព្យាករ​អំពី​ចំនួន​រថយន្ត​ដែល​នឹង​ត្រូវ​បាន​លក់​ចេញ​ (ជាង 458,000 គ្រឿង ក្នុង​ត្រីមាស​ទីមួយ​ ដោយគិត​ត្រឹម​ថ្ងៃទី 31 មីនា​។ តាម​គម្រោង Tesla នឹង​បញ្ចេញ​របាយការណ៍​លក់​សម្រាប់​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2024 នៅ​ថ្ងៃ​ស្អែក (3 មេសា)។