Tag: មានតម្លៃ

កម្ពុជាទិញទំនិញនេះជិតកន្លះលានតោនពីវៀតណាម ក្នុង 8 ខែដំបូងនៃឆ្នាំ 2023
កម្ពុជាគឺជាទីផ្សារនាំចេញជីកសិកម្មធំជាងគេរបស់វៀតណាម ដោយមានចំណែកជាង 36.5% ក្នុងចំណោមបរិមាណសរុប និង 37.3% នៃប្រាក់ចំណូលរបស់វៀតណាមដែលបានពីការលក់ជីកសិកម្ម។យោងតាមសារព័ត៌មានវៀតណាមដែលដកស្រង់ទិន្នន័យរបស់អគ្គនាយកដ្ឋានគយវៀតណាម ក្នុង 8 ខែដំបូងនៃឆ្នាំ 2023 វៀតណាមបាននាំចេញជីកសិកម្ម 1.1 លានតោន ដែលមានតម្លៃប្រហែល 449.95 លានដុល្លារអាម៉េរិក ក្នុងនោះតម្លៃមធ្យមគឺ 408.8 ដុល្លារ/តោន ដោយបរិមាណបានថយចុះ 10.3%, តម្លៃទំនិញថយចុះ 36.7% និងចំណូលសរុបបានថយចុះ 43.2% បើធៀបនឹងដំណាក់កាលដូចគ្នានៃឆ្នាំ 2022។ដោយឡែក ក្នុងខែសីហា 2023 វៀតណាមនាំចេញជីកសិកម្មបាន 158,088 តោន ស្មើនឹង 58.89 លានដុល្លារអាម៉េរិក ដោយលក់ក្នុងតម្លៃមធ្យម 372.5 ដុល្លារ/តោន ក្នុងនោះ បរិមាណបានកើន 12%, តម្លៃថយចុះ 37.7% និងចំណូលធ្លាក់ចុះ 16.5%។គិតពីដើមឆ្នាំដល់ដាច់ខែសីហា កម្ពុជាគឺជាទីផ្សារនាំចេញជីកសិកម្មធំជាងគេរបស់វៀតណាម ដោយមានចំណែកជាង 36.5% ក្នុងចំណោមបរិមាណជីសរុបដែលបាននាំចេញ និង 37.3% នៃចំណូលសរុបដែលបានពីការលក់ជីរបស់វៀតណាម។ 8 ខែកន្លងទៅនេះ កម្ពុជាបានទិញជីកសិកម្ម 401,941 តោនពីវៀតណាម ដែលស្មើនឹង 167.74 លានដុល្លារអាម៉េរិក និងក្នុងតម្លៃមធ្យម 417.3 ដុល្លារ/តោន។ បរិមាណជីកសិកម្មដែលវៀតណាមបានលក់ឱ្យកម្ពុជាបានកើន 19.6% ប៉ុន្តែចំណូលបានថយចុះ 6.8% និងតម្លៃក៏ធ្លាក់ 22.1% បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022។ក្នុងខែសីហា 2023 កម្ពុជាបានទិញជីកសិកម្មពីវៀតណាម 60,723 តោន ស្មើនឹង 25.15 លានដុល្លារអាម៉េរិក ដោយទិញក្នុងតម្លៃមធ្យម 4141.2 ដុល្លារ/តោន ក្នុងនោះបរិមាណថយចុះ 22%, តម្លៃធ្លាក់ចុះ 4.6% និងចំណាយសរុបកើន 27.7% បើធៀបនឹងខែកក្កដា 2023។ទីផ្សារនាំចេញជីកសិកម្មធំទីពីររបស់វៀតណាមគឺ ម៉ាឡេស៊ី ដោយនាំចេញបាន 67,711 តោន ស្មើនឹង 22.5 លានដុល្លារ។ ចំណែកកូរ៉េខាងត្បូងវិញ បាននាំចូលជីកសិកម្មពីវៀតណាមចំនួន 49,025 តោន ស្មើនឹង 18.18 លានដុល្លារ៕
គ្រាន់តែស្ដាប់សំឡេងក្ដារចុច ក៏ AI ដឹងខ្លឹមសារ ពិសេសគឺលេខសម្ងាត់!
AI (បញ្ញាសិប្បនិម្មិត) អាចដឹងបាននូវខ្លឹមសារដែលម្ចាស់កុំព្យូទ័រចុចលើក្ដារចុច តាមរយៈការស្ដាប់សំឡេងពីលេបថបក្នុងហាងកាហ្វេ ហើយមានសុក្រឹតភាពជិត 100%។
ក្រុមស្រាវជ្រាវមួយក្រុមរួមមាន Joshua Harrison មកពីក្រុមហ៊ុន Amazon, សាស្ត្រាចារ្យ Ehsan Toreini មកពីសាកលវិទ្យាល័យ Surrey និងសាស្ត្រាចារ្យ Maryam Mehrenzhad មកពីសាកលវិទ្យាល័យ Royal Holloway របស់អង់គ្លេស ឱ្យដឹងថា កុំព្យូទ័រយួរដៃកំពុងក្លាយជាគោលដៅដ៏ល្អសម្រាប់ការវាយប្រហារដោយការប្រើប្រាស់ AI ព្រោះតែលក្ខណៈចល័តរបស់ពួកវា។
«មនុស្សជាច្រើនចូលចិត្តយកលេបថបទៅធ្វើការក្នុងបណ្ណាល័យ ហាងកាហ្វេ ជាទីដែលសំឡេងចុចកុំព្យូទ័រងាយស្រួលត្រូវគេថតដោយមិនដឹងខ្លួន» របាយការណ៍របស់ក្រុមស្រាវជ្រាវខាងលើសរសេរដូច្នេះ និងបន្តថា «សំឡេងពីគ្រាប់ចុចកុំព្យូទ័រកំពុងក្លាយជាមធ្យោបាយសម្រាប់ការវាយប្រហារប្រកបដោយប្រសិទ្ធភាព ព្រោះវាមានស្រាប់ ចំណែកជនរងគ្រោះក៏មិនមានការសង្ស័យ ហើយបើទោះជាដឹងក៏មិនអាចលាក់បាំង (សំឡេង) បាន»។
ក្រុមខាងលើបានប្រើប្រាស់ឧបករណ៍ច្រើនប្រភេទដើម្បីថតសំឡេងចុចកុំព្យូទ័រ ក្នុងនោះមានទូរស័ព្ទជាដើម។ សំឡេងនោះ ក្រោយមកក៏ត្រូវបានបញ្ជូនទៅកាន់កុំព្យូទ័រដែលមានកម្មវិធីសិក្សាជ្រៅ (deep learning) ពីចម្ងាយ និងមានភារកិច្ចស្វែងយល់នូវខ្លឹមសារដែលត្រូវបានគោលដៅបញ្ចូលទៅក្នុងកុំព្យូទ័រតាមរយៈក្ដារចុច ទៅតាមពេលវេលាដំណាលគ្នា។
នៅក្នុងការពិសោធស្វែងយល់ខ្លឹមសារដែលបញ្ចេញសំឡេងពីក្ដារចុចកុំព្យូទ័រ MacBook Pro និងត្រូវបានថតដោយស្មាតហ្វូន លទ្ធផលដែលទទួលបានគឺត្រូវរហូតដល់ 95%។ ចំណែកការថតតាមរយៈការហៅទូរស័ព្ទវីដេអូដូច Zoom ជាដើម ភាពសុក្រឹតគឺ 93%។
ក្រុមស្រាវជ្រាវនិយាយថា លទ្ធផលនៃការពិសោធនេះបង្ហាញថា វិធីខាងលើនេះមានប្រសិទ្ធភាពចំពោះតែការចុចកុំព្យូទ័ររយៈពេលខ្លីប៉ុណ្ណោះ។ ដូច្នេះ ការវាយប្រហារពីចោរអ៊ីនធើណិត ទំនងជាប្រើប្រាស់វិធីនេះដើម្បីលួចតែទិន្នន័យសំខាន់ៗ និងមានតម្លៃខ្ពស់ មានជាអាទិ៍ ឈ្មោះគណនី លេខសម្ងាត់ និងព័ត៌មានកាត ATM ជាដើម។
វិធីដែលអាចកាត់បន្ថយហានិភ័យត្រូវគេលួចថតសំឡេងចុចកុំព្យូទ័រ គឺការប្រើប្រាស់លេខសម្ងាត់ស្មុគស្មាញ រួមមានអក្សរពិសេសៗ បូកនឹងអក្សរធំ អក្សរតូច និងលេខជាដើម ហើយដាក់លេខកូដបញ្ជាក់ច្រើនជាន់ ឬប្រើវិធីស្កេនផ្ទៃមុខ ក្រយៅដៃដើម្បីការពារសុវត្ថិភាពទិន្នន័យ៕

ភ្ញាក់ផ្អើលខ្លាំងពេលអាវធ្លាប់ពាក់លេងពីក្មេង បែរជាមានតម្លៃខ្ពស់បែបនេះ
កាលពីថ្ងៃអាទិត្យ (30 កក្កដា) ភ្ញៀវដែលចូលរួមកម្មវិធី Antiques Roadshow (កម្មវិធីវាយតម្លៃវត្ថុបុរាណរបស់ BBC 1 នៅប្រទេសអង់គ្លេស) បានមានឱកាសទស្សនាវត្ថុនានាដែលភ្ញៀវទាំងឡាយបាននាំយកមកទីនេះ។
យោងតាម Daily Mail ព្រឹត្តិការណ៍វាយតម្លៃវត្ថុបុរាណត្រូវបានធ្វើឡើងនៅឯវិមាន Ham House ក្នុងតំបន់ Richmond ក្បែរទន្លេ Thames នៃទីក្រុងឡុងដ៍ ដែលសាងសង់តាំងពីសតវត្សរ៍ទី 17 ដោយមានការចូលរួមរបស់អ្នកជំនាញខាងវត្ថុបុរាណ Lee Young។
គូស្វាមីភរិយាវ័យចំណាស់មួយគូ បាននាំយកអាវសម្រាប់រាជវង្សានុវង្សនៅប្រទេសចិនតាំងពីបុរាណ មកឱ្យអ្នកជំនាញ Lee Young ធ្វើការពិនិត្យ និងវាយតម្លៃ។
យោងតាមបុរសជាស្វាមី ភូសា (អាវ) នេះគឺជាវត្ថុដែលត្រូវបានជីតារបស់ភរិយាគាត់ (ជាអ្នកដែលធ្លាប់កាន់តំណែងនាយកប្រតិបត្តិរបស់ធនាគារ Standard នៅប្រទេសឥណ្ឌា) នាំយកមកកាន់ប្រទេសអង់គ្លេស កាលពីដើមទសវត្សរ៍ឆ្នាំ 1930 នៃសហស្សវត្សរ៍មុន។
អ្នកស្រី Sara ភរិយារបស់បុរសខាងលើ ឱ្យដឹងថា អ្នកស្រីបានរក្សាទុកអាវក្រៅនេះនៅក្នុងប្រអប់ដាក់សម្លៀកបំពាក់ ហើយកាលពីនៅក្មេង គាត់តែងតែយកវាមកពាក់លេង។
«អាវនេះត្រូវបានផលិតឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1750 ដែលពិតជាភូសាសម្រាប់រាជវង្សានុវង្ស។ វាជាអាវក្រៅសម្រាប់ស្ត្រី ហើយអាវធំដែលត្រូវបានផលិតឡើងកាលពីអំឡុងទសវត្សរ៍ឆ្នាំ 1750 គឺជាវត្ថុដ៏កម្រ។ អាវបែបនេះមាននៅសល់តែប៉ុន្មានឈុតប៉ុណ្ណោះ។ បើតាមខ្ញុំដឹង ដើម្បីបានមើលភូសាប៉ុន្មានឈុតនោះ អ្នកត្រូវធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំង និងសារមន្ទីរវាំងចាស់។ វាពិតជាវត្ថុដែលមានតែនៅក្នុងសារមន្ទីរ» អ្នកជំនាញ Lee បន្ថែមដូច្នេះ។
យោងតាមលោក Lee ពណ៌លឿងរបស់ភូសានេះគឺជាពណ៌សម្រាប់តែមហេសីស្ដេច ឬស្នំដែលមានឋានៈខ្ពស់។ រូបភាពនាគមានក្រញ៉ាំជើងប្រាំនៅលើភូសា ក៏ជានិមិត្តរូបបង្ហាញថា វាជាវត្ថុសម្រាប់រាជវង្សានុវង្ស។
ប្រការដែលអ្នកជំនាញ Lee Young ត្រៀមនឹងប្រកាស ធ្វើឱ្យម្ចាស់អាវនេះមិនភ្ញាក់ផ្អើលមិនបាន។ «បើសិនយកទៅលក់ដេញថ្លៃក្នុងទីផ្សារនាបច្ចុប្បន្ន ភូសានេះនឹងអាចលក់បានក្នុងតម្លៃ 200,000 ផោន (ប្រហែល 256.000 ដុល្លារអាម៉េរិក)» លោក Lee បញ្ជាក់ដូច្នេះ។
ស្ដាប់ដល់ត្រឹមនេះ អ្នកស្រី Sara មានការភ្ញាក់ផ្អើលខ្លាំង និងនិយាយថា «ពិតជាភ្ញាក់ផ្អើលណាស់។ ព្រះអឺយ! សូមអរគុណលោកច្រើនណាស់។ ពួកយើងប្រាកដជាលែងដាក់វាទៅក្នុងប្រអប់សម្លៀកបំពាក់ទៀតហើយ»៕

បាញ់ចរន្តអគ្គិសនីមួយលានវ៉ុលឱ្យរត់ឆ្លងកាត់មនុស្សដើម្បីឃោសនាឡានអគ្គិសនី
អ្នកបង្ហាញម៉ូដត្រូវបានគេឱ្យស្លៀកពាក់ឈុតពិសេស រួចបាញ់ចរន្តអគ្គិសនីមួយលានវ៉ុលឱ្យរត់ឆ្លងកាត់រាងកាយ ដើម្បីផ្សព្វផ្សាយរថយន្តអគ្គិសនីថ្មីរបស់ក្រុមហ៊ុន Kia។
តារាម៉ូដែល Jodie Kidd ដែលជាអ្នកចូលចិត្តរថយន្តទំនើប ហើយក៏ជាពិធីការិនីទូរទស្សន៍ដែរនោះ បានយល់ព្រមឱ្យគេឆក់ខ្សែភ្លើង ប៉ុន្តែនាងនៅតែមានសុវត្ថិភាព បើទោះចរន្តអគ្គិសនីកម្លាំងមួយលានវ៉ុលរត់ឆ្លងកាត់រាងកាយ។
តាមការពិត នេះគឺជាការផ្សាយពាណិជ្ជកម្មឱ្យរថយន្ត SUV អគ្គិសនី Kia EV9 ថ្មី។ ដើម្បីអះអាងថា EV9 គឺជារថយន្ត SUV ដ៏ល្អសម្រាប់គ្រួសារ Kidd បានប្រើប្រាស់ឈុតសម្លៀកបំពាក់ពិសេសដែលមានមុខងារដូចទៅនឹងអង់តែនការពាររន្ទះ ដែលការពារនាងពីចរន្តអគ្គិសនីដ៏គ្រោះថ្នាក់ នៅពេលអនុញ្ញាតឱ្យអគ្គិសនីបាញ់ចេញពីម្រាមដៃ។

ឈុតសម្លៀកបំពាក់នោះគឺជាប្រភេទក្រណាត់ពិសេសម្យ៉ាងដែលមានពណ៌ប្រផេះ ហើយ Kidd ត្រូវពាក់គ្របជិតរាងកាយ ដូចនៅក្នុងរូបភាពខាងលើ។
បន្ទាប់ពីបានថតរូបខាងលើរួច Kidd ក៏ត្រូវបានតម្រូវឱ្យស្លៀករ៉ូបទៅតាមស្ដង់ដាអ្នកបង្ហាញម៉ូដ។ រូបភាពថ្មីនេះនឹងត្រូវបានកាត់តដើម្បីបង្កើតបានជារូបចុងក្រោយសម្រាប់ការផ្សាយពាណិជ្ជកម្ម។
និយាយឱ្យងាយយល់ តារាម៉ូដែលនេះត្រូវចរន្តអគ្គិសនីមួយលានវ៉ុលរត់ឆ្លងកាត់រាងកាយគឺជារឿងពិត ប៉ុន្តែមិនមែននៅក្នុងរ៉ូបធម្មតានៅក្នុងរូបថតផ្សាយពាណិជ្ជកម្មនោះទេ។
«ឈុតឆាកផ្សងព្រេងនេះគឺដើម្បីលើកកម្ពស់តម្លៃរបស់ថាមពលអគ្គិសនី និងអនាគតរបស់រថយន្តអគ្គិសនី នៅក្នុងឱកាសបង្ហាញរថយន្តអគ្គិសនីម៉ូដែលថ្មី Kia EV9» Kidd បកស្រាយដូច្នេះ។

តារាម៉ូដែល Jodie Kidd ចំណែកក្រុមហ៊ុន Kia វិញ និយាយថា គោលដៅនៃការឃោសនានេះ គឺដើម្បីបញ្ជាក់ថា EV9 គឺជាម៉ូដែលរថយន្តអគ្គិសនីដ៏សមស្របសម្រាប់គ្រួសារដែលមានសមាជិកច្រើន។
Kia EV9 អាចបើកបរក្នុងចម្ងាយផ្លូវ 483 គីឡូម៉ែត្រ និងអាចដាក់បានមនុស្ស 7 នាក់។ រថយន្តនេះមានតម្លៃចាប់ពី 64,995 ផោនអង់គ្លេស (ប្រហែល 63,000 ដុល្លារអាម៉េរិក)៕


ស្បែកជើងដែល Apple ផ្ដល់ឱ្យបុគ្គលិក ត្រូវបានដាក់លក់ក្នុងតម្លៃរាប់ម៉ឺនដុល្លារ
ស្បែកជើង sneakers មួយគូដែលក្រុមហ៊ុន Apple បញ្ជាឱ្យផលិតសម្រាប់បុគ្គលិកក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1990 កំពុងត្រូវបានដាក់លក់ក្នុងតម្លៃ 50,000 ដុល្លារអាម៉េរិក។
ស្បែកជើងមួយគូដែលមានឈ្មោះថា Omega Sports Apple Computer ត្រូវបានដាក់លក់លើថ្នាល Sotheby’s មានពណ៌ស អមនឹងពាណិជ្ជសញ្ញា Apple ពណ៌ឥន្ទធនូ។ ខ្សែចងពណ៌ស ប៉ុន្តែមានអមនឹងខ្សែបម្រុងពណ៌ក្រហម។
យោងតាមព័ត៌មានលើថ្នាល Sotheby’s ស្បែកជើងមួយគូនេះត្រូវបានផលិតកាលពីឆ្នាំ 1990 ដើម្បីទុកផ្ដល់ជូនបុគ្គលិកមួយចំនួននៅក្នុងព្រឹត្តិការណ៍ផ្ទៃក្នុងមួយរបស់ Apple។
គិតមកដល់បច្ចុប្បន្ន មានស្បែកជើងដូចគ្នានេះតែពីរគូប៉ុណ្ណោះដែលត្រូវបានលក់ដោយការដេញថ្លៃ ក្នុងនោះមានមួយគូនៅឆ្នាំ 2017 និងមួយគូនៅឆ្នាំ 2020 និងលក់ក្នុងតម្លៃរាប់ពាន់ដុល្លារ។ ប៉ុន្តែ ស្បែកជើងមួយគូដែលទើបតែដាក់លក់នេះ មានតម្លៃខ្ពស់ជាងគេ គឺរហូតដល់ 50,000 ដុល្លារអាម៉េរិក។
កាលពីចុងទសវត្សរ៍ឆ្នាំ 1980 ក្រុមហ៊ុន Apple ធ្លាប់លក់សម្លៀកបំពាក់ក្រោមឈ្មោះ The Apple Collection។ ក៏ប៉ុន្តែក្រោយមក មុខជំនួញនេះមិនទទួលបានជោគជ័យ ហើយក៏ត្រូវឈប់ដំណើរការផលិត។

Ford បញ្ចុះតម្លៃរថយន្ត F-150 Lightning ពេល «សង្គ្រាមរថយន្តអគ្គិសនី» កំពុងតានតឹង
កាលពីថ្ងៃទី 17 កក្កដា ក្រុមហ៊ុន Ford បានបញ្ចុះតម្លៃរថយន្តអគ្គិសនី F-150 Lightning (បញ្ចុះតម្លៃ 17% សម្រាប់កំណែស្ដង់ដា) ព្រោះតែចង់បង្កើនចំណែកទីផ្សាររបស់ខ្លួន នៅក្នុងទីផ្សារដែលត្រូវបានគ្រប់គ្រងដោយ Tesla។
Ford បានដំឡើងថ្លៃ Lightning កាលពីដើមឆ្នាំនេះ ហើយក្រោយមក ក្រុមហ៊ុននេះក៏ឱ្យដឹងថា ពួកគេអាចបញ្ចុះតម្លៃបន្ទាប់ពីការកែលំអនានាសម្រាប់រថយន្តនេះ។ ក្នុងត្រីមាសទីពីរ ចំនួនរថយន្តអគ្គិសនី Ford ដែលបានលក់ចេញ បានថយចុះ 2.8%។
ការបញ្ចុះតម្លៃរបស់ Ford កើតឡើងក្នុងគ្រាដែលការប្រកួតប្រជែកតម្លៃដែលបានចាប់ផ្ដើមដោយ Tesla កាលពីប៉ុន្មានខែមុន ធ្វើឱ្យរថយន្តអគ្គិសនីរបស់បណ្ដាក្រុមហ៊ុនចាស់ៗត្រូវគរលើគ្នានៅតាមទីតាំងចែកចាយ ដោយសារតែល្បឿននៃការលក់ចេញបានថមថយ។
បច្ចុប្បន្ន កំណែ Lightning Pro មានតម្លៃចាប់ពី 49,995 ដុល្លារអាម៉េរិក ទាបជាងបន្តិចបើធៀបនឹងតម្លៃ 59,974 ដុល្លារដែលបានលក់មុននោះ។ ចំណែកកំណែ Platinum លំដាប់ប្រណិតជាងនឹងមានតម្លៃ 91,995 ដុល្លារ។ ដោយឡែក ភាគហ៊ុនរបស់ Ford ក៏បានធ្លាក់ថ្លៃនៅសល់ 14.09 ដុល្លារ/ហ៊ុន នៅពេលបញ្ចប់ការជួញដូរកាលពីម្សិលមិញ៕

Tesla បង្អួតរថយន្តអគ្គិសនី Cybertruck ដំបូង ក្រោយការពន្យារពេលពីរឆ្នាំ
រថយន្តអគ្គិសនីប្រភេទទ្រុង Cybertruck មួយគ្រឿងដំបូងគេ ត្រូវបានផលិត និងដំឡើងរួចរាល់នៅឯរោងចក្រ Gigafactory របស់ក្រុមហ៊ុន Tesla នៅ Austin រដ្ឋ Texas សហរដ្ឋអាម៉េរិក។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក Tesla បានបង្ហោះរូបថតមួយសន្លឹកបង្ហាញថា រថយន្តអគ្កីសនីប្រភេទទ្រុងមួយគ្រឿងរបស់ពួកគេ ត្រូវបានផលិតរួចរាល់ អមជាមួយនឹងបុគ្គលិកខ្ទង់រយនាក់ស្ថិតនៅជុំវិញរថយន្ត។
ការផលិត Cybertruck ត្រូវបានពន្យារពេលអស់ពីរឆ្នាំ ដូច្នេះការមើលឃើញរថយន្តដែលត្រូវបានផលិតរួចរាល់នឹងមកនូវភាពធូរស្រាលក្នុងចិត្តសម្រាប់អ្នកដែលបានបញ្ជាទិញ និងកំពុងទន្ទឹងរង់ចាំទទួលទំនិញ។
នាយកប្រតិបត្តិរបស់ Tesla លោក Elon Musk ថ្មីៗនេះបានសន្យាថា ព្រឹត្តិការណ៍ប្រគល់រថយន្តអគ្គិសនីដល់ដៃអតិថិជននឹងត្រូវបានធ្វើឡើងនៅក្នុងត្រីមាសទីបីឆ្នាំនេះ។ ប៉ុន្តែមិនបានលើកឡើងអំពីពេលវេលាជាក់លាក់នៅឡើយ។
Tesla បានបង្ហាញ Cybertruck កាលពីឆ្នាំ 2019 និងកំណត់គោលដៅផលិតក្នុងទ្រង់ទ្រាយធំនៅចុងឆ្នាំ 2021 ប៉ុន្តែកាលបរិច្ឆេទនេះត្រូវបានពន្យារពេលជាច្រើនលើកមកហើយ។
របាយការណ៍នានាបង្ហាញថា Cybertruck របស់ Tesla ត្រូវបានបញ្ជាទិញជាមុនជាងមួយលានគ្រឿង។ Cybertruck មានបីកំណែសម្រាប់ជ្រើសរើស និងមានតម្លៃចាប់ពី 39,900 ដល់ 69,900 ដុល្លារអាម៉េរិក អាស្រ័យទៅលើមុខងារនានារបស់កំណែនីមួយ។
ក៏ប៉ុន្តែ ទិន្នន័យស្ដីពីតម្លៃខាងលើនេះត្រូវបានលុបចេញពីគេហទំព័ររបស់ក្រុមហ៊ុននេះបាត់ទៅហើយ។ មនុស្សជាច្រើនយល់ថា តម្លៃរបស់ Cybertruck នឹងខ្ពស់ជាងតម្លៃដែលបានលុបខាងលើ៕


តម្លៃរថយន្តអគ្គិសនីថ្មី ធ្លាក់ថ្លៃអស់ 20% ធៀបនឹងឆ្នាំមុន
យោងតាមក្រុមហ៊ុន Kelley Blue Book តម្លៃជាមធ្យមរបស់រថយន្តអគ្គិសនីថ្មីនៅសហរដ្ឋអាម៉េរិក បាន និងកំពុងបន្តធ្លាក់ចុះពីមួយខែទៅមួយខែ រហូតដល់ 20% ធៀបនឹងឆ្នាំ 2022។
កាលពីខែឧសភា 2023 តម្លៃជាមធ្យម (ATP) សម្រាប់រថយន្តអគ្គិសនីគឺ 54,528 ដុល្លារអាម៉េរិក ខណៈកាលពីខែមករា 2023 រថយន្តអគ្គិសនីមានតម្លៃជាង 61,000 ដុល្លារ។ កាលពីខែមិថុនា 2022 ATP សម្រាប់រថយន្តអគ្គិសនីថ្មីនៅសហរដ្ឋអាម៉េរិកគឺ 66,390 ដុល្លារ។ ដូច្នេះ តម្លៃជាមធ្យមរបស់រថយន្តអគ្គិសនីថ្មី បានថយចុះអស់ជិត 13,000 ដុល្លារក្នុងមួយឆ្នាំ។
Cox Automotive ដែលជាក្រុមហ៊ុននៅពីក្រុង Kelley Blue Book បញ្ជាក់ថា Tesla (ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលនាំមុខគេនៅសហរដ្ឋអាម៉េរិក) គឺជាដើមហេតុនៃការធ្លាក់ថ្លៃនេះ ដោយសារតែក្រុមហ៊ុននេះបានទម្លាក់តម្លៃរថយន្តរបស់ខ្លួនជាបន្តបន្ទាប់នាពេលកន្លង។
កត្តាមួយផ្សេងទៀតដែលត្រូវបាន Kelley Blue Book លើកឡើង នោះគឺ បរិមាណរថយន្តសល់នៅឃ្លាំងរបស់ក្រុមហ៊ុនមួយចំនួន បានកើនឡើងខ្ពស់នៅក្នុងឆ្នាំនេះ៕

BYD ចាប់ផ្ដើមលក់រថយន្តអគ្គិសនី Dolphin នៅសិង្ហបុរី
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានបង្ហាញវត្តមានរថយន្ត Dolphin នៅប្រទេសសិង្ហបុរី ក្នុងយុទ្ធនាការបញ្ជ្រាបផលិតផលទៅគ្រប់ទីផ្សារ។
BYD បានប្រារព្ធកម្មវិធីបង្ហាញរថយន្តអគ្គិសនី Dolphin ជាមួយនឹងតំណាងចែកចាយ Vantage Automotive របស់សិង្ហបុរី កាលពីថ្ងៃទី 03 កក្កដា។ Dolphin ដែលជារថយន្តអគ្គិសនីទីពីររបស់ក្រុមហ៊ុននេះដែលត្រូវបានដាក់លក់នៅប្រទេសសិង្ហបុរី បន្ទាប់ពី Atto 3។
BYD បានដាក់លក់ Atto 3 នៅសិង្ហបុរីតាំងពីឆ្នាំ 2022 ហើយវាគឺរថយន្តអគ្គិសនីដែលលក់ដាច់ជាងគេនៅក្នុងតំបន់ នៅក្នុង 5 ខែដើមឆ្នាំ។
BYD ឱ្យដឹងថា Dolphin នឹងក្លាយជារថយន្តអគ្គិសនីដែលទទួលបានការពេញនិយមខ្លាំងពីអតិថិជនគ្រប់វ័យនៅសិង្ហបុរី ហើយវានឹងត្រូវបានប្រជាជននៅទីនេះស្គាល់កាន់តែច្រើន។

BYD Dolphin ត្រូវបានដាក់លក់តាំងពីថ្ងៃទី 29 សីហា 2021។ វាគឺជារថយន្តខ្នាតតូចល្មម និងដំណើរការទាំងស្រុងដោយអគ្គិសនី ហើយបច្ចុប្បន្នមានតម្លៃចាប់ពី 16,120 ដុល្លារអាម៉េរិក នៅប្រទេសចិន។ នៅសិង្ហបុរី BYD Dolphin មានតម្លៃចាប់ពី 156,888 ដុល្លារសិង្ហបុរី (115,900 ដុល្លារអាម៉េរិក)។
BYD លក់រថយន្តអគ្គិសនីបាន 253,046 គ្រឿងក្នុងខែមិថុនា កើន 88.79% ធៀបនឹង 134,036 គ្រឿងក្នុងដំណាក់កាលដូចគ្នាកាលពីឆ្នាំ 2022។

ឥណ្ឌូណេស៊ីចំណាយជាង 380 លានដុល្លារអាម៉េរិក ទិញឧបករណ៍ការពារជាតិ 13 គ្រឿង
កិច្ចព្រមព្រៀងទិញប្រព័ន្ធរ៉ាដា GM-403 ចំនួន 13 គ្រឿង ត្រូវបានក្រុមហ៊ុនឥណ្ឌូណេស៊ី និងបារាំង ចុះហត្ថលេខាកាលពីថ្ងៃទី 20 មេសា 2022 ក្រោមវត្តមានរបស់ប្រធានាធិបតី និងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ី។
យោងតាមព័ត៌មានពីឥណ្ឌូណេស៊ី រដ្ឋាភិបាលនៅហ្សាការតា បានបញ្ជាទិញប្រព័ន្ធរ៉ាដាបញ្ជាបាញ់ស្កាត់ពីដី (GCI) GM-403 ដែលផលិតដោយក្រុមហ៊ុន Thales របស់បារាំង ចំនួន 13 គ្រឿង ក្នុងតម្លៃ 354 លានអឺរ៉ូ (ប្រហែលនឹង 386.23 លានដុល្លារអាម៉េរិក)។
កាលពីថ្ងៃទី 28 មិថុនា 2023 លោក Edwin Adrian Sumantha ប្រធានការិយាល័យទំនាក់ទំនងសាធារណៈរបស់ក្រសួងការពារជាតិឥណ្ឌូណេស៊ី បាននិយាយថា ប្រព័ន្ធរ៉ាដា GCI មានតម្លៃប្រហែល 30 លានដុល្លារអាម៉េរិក/គ្រឿង។
កិច្ចព្រមព្រៀងទិញប្រព័ន្ធរ៉ាដា GM-403 ចំនួន 13 គ្រឿង ត្រូវបានក្រុមហ៊ុន Thales និងក្រុមហ៊ុនឧស្សាហកម្មការពារជាតិ PT Len Industri Indonesia ចុះហត្ថលេខាកាលពីថ្ងៃទី 20 មេសា 2022 ក្រោមវត្តមានរបស់ប្រធានាធិបតី និងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ី។
ការប្រគល់ និងទទួលទំនិញខាងលើនឹងត្រូវបានអនុវត្តក្នុងអំឡុង 48 ខែ រាប់ចាប់ពីពេលកិច្ចព្រមព្រៀងមានសុពលភាព។
ប្រព័ន្ធរ៉ាដា GCI GM-403 ដែលមានរង្វង់ប្រតិបត្តិការ 450 គីឡូម៉ែត្រ នឹងដើរតួនាទីជាអ្នកនាំផ្លូវសម្រាប់យន្តហោះចម្បាំងស្ទាក់វាយ និងយន្តហោះប្រមាញ់នាវាមុជទឹករបស់កងទ័ពឥណ្ឌូណេស៊ី ក្នុងការប្រយុទ្ធ។
កិច្ចព្រមព្រៀងខាងលើក៏រាប់បញ្ចូលទាំងផែនការផ្ទេរបច្ចេកវិទ្យាសម្រាប់ប្រព័ន្ធរ៉ាដាយោធា និងស៊ីវិល ការថែទាំ ក៏ដូចជាការអភិវឌ្ឍសម្រាប់ការធ្វើសមកាលកម្មប្រព័ន្ធរ៉ាដាជាតិរបស់ឥណ្ឌូណេស៊ីផងដែរ៕