Tag: មាតា និងទារក

  • កូនក្អួតក្រោយពេលបញ្ចុកថ្នាំ តើត្រូវបញ្ចុកម្តងទៀតឬទេ?

    កូនក្អួតក្រោយពេលបញ្ចុកថ្នាំ តើត្រូវបញ្ចុកម្តងទៀតឬទេ?

    ឡារ៉ែន ជឿថានៅរៀងរាល់ពេលបញ្ចុកថ្នាំក្នុងពេលដែលកូនតូចមានអាការឈឺថ្កាត់ម្តងៗនោះ គឺពិតជារឿងមួយដែលធ្វើឱ្យលោកឪពុកអ្នកម្តាយឈឺក្បាលវឹលមុខមិនស្ទើរឡើយ ព្រោះណាមួយកូនមិនព្រមញ៉ាំ ឬលេបថ្នាំនោះសោះ និងមួយទៀត គឺលេបចូល​ទៅហើយ តែក្អួតចេញមកវិញអស់ ធ្វើឱ្យលោកឪពុកអ្នកម្តាយកើតមានការស្ទាក់ស្ទើរក្នុងចិត្តថា តើគួរបញ្ចុកម្តងទៀតឬយ៉ាងណា?

    ដូច្នេះ ខាងក្រោមនេះគឺជាចម្លើយចំពោះចម្ងល់នេះ។

    មូលហេតុកូនក្អួតក្រោយពេលបញ្ចុកថ្នាំរួច

    អាការក្អួតរបស់កូនក្រោយពេលត្រូវប៉ាម៉ាក់បញ្ចុកថ្នាំរួច ជាបញ្ហាដែលជួបញឹកញាប់ និងកើតឡើងដដែលៗ។ កូនក្អួតក្រោយការបញ្ចុកថ្នាំច្រើនតែបណ្តាលមកពីការយំយ៉ាងខ្លាំងក្លាព្រោះមិនចូលចិត្តរសជាតិរបស់ថ្នាំ មិនចូលចិត្តក្លិនរបស់ថ្នាំ កូនត្រូវការបដិសេធទើបព្យាយាមធ្វើឱ្យកើតអាការក្អួត ឬកើតពីតិចនិកក្នុងការបញ្ចុកថ្នាំមិនល្អ ធ្វើឱ្យរសជាតិថ្នាំទៅប៉ះនឹងបរិវេណគល់អណ្តាតនាំ ឱ្យកើតប្រតិកម្មការខ្ជាក់ចេញមកវិញដោយស្វ័យប្រវត្តិ ដែលខាងវេជ្ជសាស្រ្តហៅថា gag reflex ធ្វើឱ្យក្មេងក្អួតចេញមក ។

    កូនក្អួតក្រោយពេលបញ្ចុកថ្នាំ តើត្រូវបញ្ចុកថ្នាំម្តងទៀតឬទេ?

    1 – ត្រូវបញ្ចុកឡើងវិញម្តងទៀត ៈ ក្នុងករណីបញ្ចុកហើយក្អួតភ្លាម (មិនមែនក្អែចេញមកបន្តិចបន្តួចទេ) ចូរអ្នកម្តាយបញ្ចុកថ្នាំក្នុងបរិមាណដដែលឡើងវិញម្តងទៀតក្រោយពីកូនឈប់ក្អួតហើយ។

    2 – មិនបាច់បញ្ចុកម្តងទៀតទេ ៈ ក្នុងករណីដែលកូនក្អួតបន្ទាប់ពីការបញ្ចុកថ្នាំកន្លងផុតទៅយូរក្រែលហើយ ឬចាប់ពីកន្លះម៉ោងឡើងទៅនោះ មិនចាំបាច់បញ្ចុកឡើងវិញម្តងទៀតទេ ព្រោះថ្នាំមួយចំនួនអាចត្រូវបានបឺតជ្រាបចូលទៅក្នុងរាងកាយខ្លះហើយ តែត្រូវបញ្ចុកតាមពេលវេលាដែលពេទ្យកំណត់នៅលើកក្រោយទៀត។

    តិចនិកការបញ្ចុកថ្នាំ ឱ្យកូនបានទទួលថ្នាំគ្រប់ចំនួនតាមវេជ្ជបញ្ជា

    1- បញ្ចុកថ្នាំសម្រេចគ្រប់ពេល ត្រូវមានអារម្មណ៍ល្អតាំងពីលើកដំបូង។ លើកដំបូងរបស់ការបញ្ចុកថ្នាំត្រូវបបួលកូនតូចលេងឱ្យមើលនេះមើលនោះ ចាប់ កាន់ ឧបករណ៍ផ្សេងៗ បើស្ថិតក្នុងវ័យយល់ដឹងខ្លះហើយត្រូវអធិប្បាយ ឱ្យពេលវេលា និងកុំបង្ហាញអាការធុញថប់តានតឹងឱ្យកូនឃើញឱ្យសោះ។

    2- ឧបករណ៍សម្រាប់បញ្ចុកក៏សំខាន់ដែរ ត្រូវជ្រើសរើសឱ្យស័ក្តិសម ដូចជាថ្នាំដែលមានរសជាតិល្វីង ឡារ៉ែនណែនាំឱ្យប្រើបំពង់ម្ជុលចាក់ថ្នាំ បាញ់បញ្ចូលមាត់កូនតែម្តង រួចឱ្យញ៉ាំទឹកតាមក្រោយ ចំណែកថ្នាំដែលមានរសជាតិផ្អែមអាចប្រើស្លាបព្រាបញ្ចុកបាន

    3- ឥរិយាបថរបស់កូនក្នុងពេលបញ្ចុកក៏សំខាន់ដូចគ្នាដែរ កុំបញ្ចុុកដោយឱ្យកូនគេងរាបស្មើ ព្រោះកូននឹងលេបមិនទាន់ ធ្វើឱ្យក្អួតព្រួសចេញមកវិញ ឬអាចឈ្លក់ថ្នាំបាន គួរបញ្ចុកថ្នាំកូនក្នុងឥរិយាបទដែលក្បាលនៅខ្ពស់ជាងខ្លួន។

    4- ត្រូវត្រៀមទឹកទុកជាមុនបន្តិចបន្តួច បន្ទាប់ពីបញ្ចុកថ្នាំហើយ ចូរឱ្យទឹកញ៉ាំបន្តិច ព្រោះថ្នាំប្រភេទទឹកស៊ីរ៉ូធ្វើឱ្យស្អិតក្នុងបំពង់ក អាចធ្វើឱ្យកូនក្អក ហើយការឱ្យញ៉ាំទឹកបន្តិចអាចការពារអាការក្អកបាន។

    5- ប្តូររសជាតិរបស់ថ្នាំ ពីល្វីងឱ្យទៅជាផ្អែម តែត្រូវសួរនាំលោកគ្រូពេទ្យជាមុនសឹន ព្រោះថ្នាំខ្លះអាចកើតប្រតិកម្មខាងគីមីជាមួយទឹកស៊ីរ៉ូ អាចមានផលប៉ះពាល់ដល់ការបឺតជ្រាបរបស់រាងកាយបាន។

    បានដឹង និងស្គាល់ពីតិចនិកល្អៗពាក់ព័ន្ធនឹងវិធីបញ្ចុកថ្នាំកូនហើយ ឡារ៉ែនសង្ឃឹមថា ក្មេងតូចៗទាំងឡាយនឹងលែងសូវក្អួត ឬព្រួសថ្នាំចេញទៀតហើយ តែអាការក្អួតនេះក៏អាចបណ្តាលមកពីការកើតប្រតិកម្មចាញ់ថ្នាំដែលញ៉ាំនោះដែរ ដូច្នេះអ្នកម្តាយគួរសង្កេតមើលអាការរួមផ្សេងទៀតផង ដូចជា ឡើងកន្ទួលរមាស់ ភ្នែកហើម មាត់ហើម ពិបាកដកដង្ហើមជាដើម បើឃើញកូនតូចកើតមានអាការទាំងនេះក្រោយពេលបញ្ចុកថ្នាំរួចនោះ អ្នកម្តាយគួរប្រញាប់នាំកូនទៅមន្ទីពេទ្យជាបន្ទាន់កុំបង្អង់យូរ៕

  • អាការ 4 យ៉ាងរបស់កូនដែលអាចមើលថែឱ្យបាត់ទៅវិញខ្លួនឯងដោយមិនបាច់ពឹងថ្នាំ

    អាការ 4 យ៉ាងរបស់កូនដែលអាចមើលថែឱ្យបាត់ទៅវិញខ្លួនឯងដោយមិនបាច់ពឹងថ្នាំ

    តើទារកទើបនឹងកើតអាចញ៉ាំថ្នាំបានឬទេ? អ្នកម្តាយថ្មោងថ្មីជាច្រើននាក់ប្រហែលជានឹកកង្វល់ចំពោះរឿងនេះមិនតិចឡើយមែនទេ? ចំពោះចម្ងល់នេះ គ្រូពេទ្យជំនាញបានប្រាប់ថា ទារកទើបនឹងកើតអាចញ៉ាំថ្នាំបានយ៉ាងគ្មានបញ្ហាអ្វីឡើយ ព្រោះក្នុងពេលបច្ចុប្បន្ននេះក៏មានថ្នាំសម្រាប់ក្មេងទើបនឹងកើតជាច្រើនដែរ តែអ្វីដែលសំខាន់បំផុតនោះគឺ ការមើលថៃទាំ និងរក្សាសុខភាពរាងកាយរបស់កូនឱ្យរឹងប៉ឹង មាំមួន និងចាក់វ៉ាក់សាងការពារឱ្យគ្រប់ ដើម្បីចៀសវាងមិនឱ្យទារកញ៉ាំថ្នាំដោយមិនចាំបាច់។ អាការបន្តិចបន្តួច ក៏យើងអាចមើលថែទាំ និងចាត់ការដោយខ្លួនឯងបានដែរ ដូច្នេះសូមអ្នកម្តាយថ្មោងថ្មីមកមើលថា តើមានអាការអ្វីខ្លះរបស់កូនតូចដែលលោកឪពុកអ្នកម្តាយអាចមើលថែទាំឱ្យបាត់ទៅវិញបានដោយខ្លួនឯង ដោយមិនចាំបាច់ពឹងថ្នាំ និងគ្រូពេទ្យឡើយ។

    1 – នៅពេលកូនត្អើក ៈ ដោយសារតែទារកប្រញាប់បៅទឹកដោះ ឬបៅច្រើនជ្រុលពេក ធ្វើឱ្យក្រពះពង្រីកខ្លួនទៅរុញក្បាំងខ្យល់ធ្វើឱ្យកូនកើតអាការត្អើក ដូច្នេះចូរដាក់កូនឱ្យអង្គុយ ឬពដោយពាក់ខ្លួនកូនលើស្មារប្រមាណ 5 – 10 នាទី អាការត្អើកនោះនឹងថយចុះ រហូតដល់បាត់ដូចប្រក្រតីឡើងវិញ។

    2 – នៅពេលកូនក្អែរទឹកដោះចេញមកវិញ ៈ លោកឪពុកអ្នកម្តាយត្រូវបែងចែកឱ្យច្បាស់ថា តើជាអាការក្អួត ឬក៏ជាការក្អែរទឹកដោះ ព្រោះទារកជាង 90% សុទ្ធតែធ្លាប់ក្អែរទឹកដោះចេញមកទាំងអស់ មិនថាទឹកដោះម្តាយ ឬទឹកដោះគោនោះឡើយ។ អាការក្អែរទឹកដោះកើតឡើងដោយសារប្រព័ន្ធរំលាយអាហាររបស់ទារកនៅមិនទាន់រឹងមាំល្អឥតខ្ចោះ ធ្វើឱ្យកូនតូចក្អែរទឹកដោះចេញមកវិញ តែអាការក្អួតវិញកើតឡើងដោយសារក្មេងតូចបៅទឹកដោះ ឬញ៉ាំអាហារច្រើនពេកហួសនឹងក្រពះទប់ទល់រួចហ្នឹងឯង។

    3 – កូនមានអាការភ្ញាក់ៗ ឬភ័យ រួចស្រែកយំវ៉ា ៈ ទារកតូចៗច្រើនតែរហ័សចំពោះសំឡេង និងការប៉ះពាល់ ព្រោះប្រព័ន្ធប្រសាទទាំង 5 កំពុងចម្រើនធំធាត់ធ្វើឱ្យគេបានឮសូរសំឡេងអ្វីថ្មីៗគ្រប់ពេលវេលា ទើបក្មេងតូចច្រើនតែភ្ញាក់ៗភ័យៗ ឬឆ្លើយតបនឹងសំឡេងទាំងនោះ មិនមែនជាអាការខូលិក ដូចដែលឪពុកម្តាយយល់ច្រឡំនោះទេ។

    4 – កូនមិនបន្ទោបង់ រួមទាំងឆ្អល់ហើមពោះ និងក្អួត ៈ អាការខុសប្រក្រតីរបស់ក្មេងតូចអាចសង្កេតឃើញបានតាមរយៈការបន្ទោបង់ ទារកទើបកើតដំបូងរយៈពេល 2 – 3 ថ្ងៃ លាមកដែលជុះចេញមកមានពណ៌ប្រផេះ ឬបៃតងលាយលឿង រួចហើយទើបចាប់ផ្តើមក្លាយជាពណ៌លឿងទាំងអស់។ ជាប្រក្រតី បើទារកដែលបៅទឹកដោះម្តាយ នឹងជុះចេញមកមានលាយពពុះ ខ្លះជាគ្រាប់លាយសាច់ល្អិតៗ ដែលនឹងជុះមួយថ្ងៃ 6 – 10 ដង គឺជារឿងប្រក្រតីមិនមែនជាអាការរាករូសនោះទេ តែបើបៅទឹកដោះម្តាយគួបផ្សំជាមួយទឹកដោះគោម្សៅវិញ នឹងជុះក្នុងមួយថ្ងៃ 2 – 3 ដង។ យ៉ាងណាក៏ដោយ បើក្មេងតូចមិនជុះមក 2 – 3 ថ្ងៃ និងមានអាការហើមខ្លួន រួមទាំងមានអាការក្អួតផងនោះ គួរនាំទៅជួបលោកគ្រូពេទ្យ ព្រោះអាចមានសភាវឆ្លងមេរោគ ប្រតិកម្មចាញ់ប្រូតេអុីនក្នុងទឹកដោះគោ ឬសភាវពោះវៀនស្ទះណែន។

    ចូចាំទុកថា ថ្នាំមិនមែនជានំ ឬចំណីអាហារនោះទេ បើអាចទៅរួច សម្រាប់ទារកទើបនឹងកើតរហូតដល់ 2 ឆ្នាំ បើចៀសវាងក្នុងការឱ្យញ៉ាំថ្នាំបាននោះ ចូរចៀសវាង ព្រោះជំងឺខ្លះមិនខ្លាំងក្លាដូចដែលយើងគិតនោះទេ និងអាចធ្វើឱ្យធូរស្រាលបានដោយខ្លួនឯងដោយមិនចាំបាច់ពឹងថ្នាំឡើយ តែបើមិនប្រាកដក្នុងចិត្តលើអាការ ឬអាការមិនធូរស្រាលក្នុងអំឡុងពេល 2 ថ្ងៃទេនោះ គួរប្រញាប់នាំកុនតូចទៅមន្ទីរពេទ្យកុមារជាបន្ទាន់៕

  • ហេតុអីបានទារកចូលចិត្តញញឹមពេលគេងលក់?

    ហេតុអីបានទារកចូលចិត្តញញឹមពេលគេងលក់?

    ច្រើនដងណាស់ដែលយើងតែងបានឮថា ទារក ឬកូនតូចៗញញឹមពេលគេងលក់មានន័យថា កូនកំពុងតែយល់សប្តិល្អ ឬកូនញញឹមពេលគេងលក់មានន័យថា កូនកំពុងតែលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិន ដែលជំនឿទាំងនោះអាចនឹងធ្វើឱ្យអ្នកម្តាយជាច្រើននាក់មានកង្វល់ចិត្ត តែការពិតវិញយ៉ាងណានោះ យើងនាំគ្នាមកមើលចម្លើយទាំងអស់គ្នា។

    កូនតូចញញឹមពេលគេងលក់ព្រោះអ្វី?
    ទារកក្នុងអំឡុង 0 – 1ខែដំបូងក្រោយពេលប្រសូត ការញញឹមមិនបានកើតចេញពីការយល់សប្តិនោះទេ តែកើតចេញពីការបង្រួញខ្លួនរបស់សាច់ដុំផ្ទៃមុខ ព្រោះទារកនៅមិនទាន់អាចញែកអារម្មណ៍ល្អ ឬអាក្រក់បាននៅឡើយទេ។

    ទារកក្នុងអំឡុង 2 – 5ខែ ខណៈពេលគេងលក់ទារកនឹងមានអាការខាងទឹកមុខច្រើនយ៉ាង ដូចជា ទឹកមុខមាំ
    ចងចិញ្ចើម ធ្វើមាត់ជីបអូចៗ និងញញឹម អាការទាំងនេះមិនបានបណ្តាលមកពីការកំពុងយល់សប្តិ ឬកំពុងលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិននោះទេ តែគឺជាវិវឌ្ឍនាការសាច់ដុំផ្ទៃមុខរបស់ទារកទៅវិញទេ។

    ទារកក្នុងអំឡុង 6 ខែឡើងទៅ នឹងចាប់ផ្តើមចេះយល់សប្តិហើយ ដោយសារតែទារកក្នុងវ័យនេះមើលឃើញបានពេញទំហឹងហើយ ទើបកើតមានការចងចាំទុកយកទៅយល់សប្តិ ដោយការយល់សប្តិរបស់ទារកវ័យ 6 ខែនេះនៅមិនទាន់ពេញជារឿងជារ៉ាវដូចមនុស្សធំទេ តែជារូបភាពស្លៃដ៍បែបមិនជាប់លាប់ និងទារកនៅមិនទាន់យល់ដឹងថា នេះគឺជាសុបិនឡើយ។

    កូនតូចចូលចិត្តញញឹមពេលគេងលក់ មិនមែនព្រោះកូនកំពុងលេងជាមួយអ្នកឃុំគ្រងការពារក្មេងក្នុងសុបិនតាមជំនឿដែលយើងធ្លាប់បានឮនោះទេ តែកើតចេញពីវិវឌ្ឍនាការរបស់សាច់ដុំផ្ទៃមុខដូចដែលបានរឿបរាប់ពីខាងលើរួចហើយប៉ុណ្ណោះឯង ដូច្នេះលោកឪពុកអ្នកម្តាយមិនចាំបាច់ព្រួយកង្វល់ឡើយ ព្រោះវិវឌ្ឍនាការផ្សេងៗនឹងហុចផលល្អឱ្យកូនក្លាយជាក្មេងឆ្លាតនាពេលអនាគត៕

  • តើ​ស្ត្រី​មានគភ៌​គួរ​ទទួលទាន​ទឹក​ក្តៅឧណ្ហៗ ឬ​ទឹក​ត្រជាក់​ល្អ​ជាង?

    តើ​ស្ត្រី​មានគភ៌​គួរ​ទទួលទាន​ទឹក​ក្តៅឧណ្ហៗ ឬ​ទឹក​ត្រជាក់​ល្អ​ជាង?

    ក្នុងអំឡុងពេល​តាំង​គភ៌ ស្ត្រី​មួយចំនួន​អាច​ធ្លាប់​បានឮ​គេ​និយាយ​គ្នា​ថា ហាម​ញ៉ាំ​ទឹក​ត្រជាក់ ព្រោះ​នឹង​ហុច​ផលប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ តែ​ការពិតទៅ​ស្ត្រី​មានគភ៌​នៅតែ​អាច​ញ៉ាំ​ទឹក​ត្រជាក់​បាន​តាម​ប្រក្រតី មិនមាន​ចំណុច​ហាមឃាត់​ឡើយ ការ៉េមត្រជាក់ៗក៏​អាច​​ញ៉ាំ​បាន​ធម្មតា​ដែរ គ្រាន់តែ​មិនគួរ​ញ៉ាំ​ញឹកញាប់​ប៉ុណ្ណោះ ព្រោះ​ការ៉េម​នេះ​មាន​ទាំង​ផ្អែម​ខ្លាំង ទាំង​ម្សៅ​ច្រើន ដែល​អាចធ្វើឱ្យ​ឡើង​ជា​តិ​ស្ករ​នៅក្នុង​ឈាម និង​ហុច​ផល​ឱ្យ​ទម្ងន់​ខ្លួន​របស់​ស្ត្រី​មានគភ៌​ខ្លួនឯង​កើនឡើង​ទៀតផង។ អ្វីដែល​ល្អ​បំផុត​នោះ​គឺ គួរ​ជ្រើសរើស​ញ៉ាំ​ទឹក​ផ្លែឈើស្រស់ៗវិញ​ប្រសើរ​ជាង ព្រោះ​ក្រៅពី​ផ្អែម​ត្រជាក់​ស្រស់ស្រាយ​ចិត្ត​ហើយ នៅមាន​សារធាតុ​រ៉ែ និង​វីតាមីន​ដែលមាន​ប្រយោជន៍​​ដល់​ខ្លួន​អ្នក​ម្តាយ និង​កូន​ក្នុង​ផ្ទៃ​ទៀតផង។

    ចំណែក​ទឹក​ក្តៅឧណ្ហៗវិញ ស្ត្រី​មានគភ៌​គួរ​ញ៉ាំ​ឱ្យបានច្រើនៗ ព្រោះ​វា​ជួយ​ឱ្យ​សរសៃឈាម​ពង្រីកខ្លួន ត្រៀម​ជាស្រេច​សម្រាប់​ការ​បំបៅ​ទឹកដោះ​កូន​ក្រោយពេល​ប្រសូត។ មុនពេល​គេង ឬ​នៅពេល​ព្រឹក ការ​ញ៉ាំ​ទឹក​ក្តៅឧណ្ហៗ ឬ​ការ​ញ៉ាំ​ទឹកដោះគោក្តៅឧណ្ហៗ ឬភេសជ្ជៈ​ក្តៅឧណ្ហៗ ដូចជា សូកូឡាក្តៅៗ ទឹក​កូ​កូក្តៅៗ ឬក៏​ម៉ៃ​ឡូ​ អូ​វ៉ាន់​ទីន​នឹង​ជួយ​ឱ្យ​សប្បាយ​ស្រួល​ពោះ ឈាម​ហូរ​វិល​បានល្អ រឹតតែពេល​ក្រោយ​ប្រសូត ពេល​បំបៅ​ទឹកដោះ​កូន​ផង នឹង​ជួយ​ឱ្យ​ទឹកដោះ​ហូរ​បានល្អ​ឡើង ហើយ​រាងកាយ​របស់​អ្នក​ម្តាយ​ដែល​កំពុង​បំបៅ​ដោះ​កូន​អាច​នឹង​ងាយ​ខ្វះ​ជាតិ​ទឹក ព្រោះតែ​បាត់បង់​ជាតិ​ទឹក​ទៅលើ​ការ​បំបៅ​ទឹកដោះ​កូន ដូច្នេះហើយ​ទើប​ការបន្ថែម​បរិមាណ​ជាតិ​ទឹក​ទៅក្នុង​រាងកាយ
    អ្នក​ម្តាយ​គួរតែ​ញ៉ាំ​ទឹក​ក្តៅឧណ្ហៗឱ្យបាន1កែវ។

    សម្រាប់​ស្ត្រី​មានគភ៌​ដែល​ប្រសូត​តាម​ធម្មជាតិ អាច​ញ៉ាំ​ទឹក​ក្តៅឧណ្ហៗបាន​ភ្លាម​ក្រោយពេល​ប្រសូត ព្រោះ​អាច​ញ៉ាំ​អាហារ​បានតែ​ម្តង តែ​សម្រាប់​ស្ត្រី​មានគភ៌​ដែល​ប្រសូត​ដោយ​ការវះកាត់​វិញ នៅពេលដែល​គ្រូពេទ្យ​ឱ្យ​ញ៉ាំអាហារ​រាវបាន ក៏​គួរតែ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ និង​ញ៉ាំ​ទៅជារឿយៗរហូត​ទាល់​តែមាន​ទឹកដោះ​គ្រប់គ្រាន់​ឱ្យ​កូនបៅ និង​នៅពេល​មាន​ទឹកដោះ​គ្រប់គ្រាន់ និង​ហូរ​ចេញមក​បានល្អ​ហើយ អ្នក​ម្តាយ​អាច​ញ៉ាំ​ទឹក​ក្តៅឧណ្ហៗឆ្លាស់គ្នា​នឹង​ទឹក​ត្រជាក់​ខ្លះ​ក៏បាន៕

  • តើឪពុកម្តាយត្រូវធ្វើដូចម្តេច ទើបកូនមានទឹកចិត្តក្លាហាន ?

    តើឪពុកម្តាយត្រូវធ្វើដូចម្តេច ទើបកូនមានទឹកចិត្តក្លាហាន ?

    ឪពុកម្តាយគ្រប់រូបតែងតែ ចង់ឱ្យកូនជាទីស្រឡាញ់ក្លាយជាមនុស្ស ក្លាហានអង់អាច តែមានចិត្តស្លូតបូត កាន់ធម៌សុចរិតនៅក្នុងខ្លួន ។ អ្វីដែលធ្វើឱ្យយើងកាន់តែសប្បាយចិត្តទៅទៀតនោះ គឺពេលបានឃើញកូនរបស់យើងហ៊ាន ប្រឈមមុខ និងដោះស្រាយនូវរាល់បញ្ហាបាន និងឈានទៅរកភាពជោគជ័យបានទៀតផង។ ដូច្នេះលោកឪពុកអ្នកម្តាយទាំងអស់ គួរតែអប់រំបុត្រធីតារបស់ខ្លួនឲ្យមានភាពក្លាហាន ហើយចំណុចដែលគួរ អប់រំ និងបង្ហាត់ដល់កូននោះមានដូចជា ៖

    1 .បណ្តុះផ្នត់គំនិត ឱ្យកូនមានភាពក្លាហាន៖ យើងអាចបង្កើតនូវមោទនភាពក្នុងគ្រួសារ ដោយបង្ហាញពីជាតិសាសន៍របស់ខ្លួនថា មានភាពក្លាហានជាងគេ នោះគឺយើងបានបង្រៀនឱ្យកូនមានភាពក្លាហាន ក្នុងការធ្វើអ្វីមួយ ឬដោះស្រាយ បញ្ហាអ្វីមួយរួចស្រេចទៅហើយ ។ ការបង្រៀនកូនឱ្យយល់ដឹងពីប្រវត្ដិសាស្ដ្រនៃពូជសាសន៍បែបនេះ វា អាចជាការជំរុញឱ្យកូនកាន់តែមានទឹកចិត្ដអង់អាចក្លាហានឡើងទៀតដែរ ។

    2 .ត្រូវសរសើរកូននៅពេលណាដែលគេក្លាហានហ៊ានប្រឈមមុខ និងហ៊ានដោះស្រាយ៖ លោកឪពុកអ្នកម្ដាយ អាចបង្ហាត់បង្រៀនឱ្យកូនក្លាហានហ៊ានប្រឈមមុខនឹងបញ្ហានានាជាប្រចាំដូចជា ការឡើងនិយាយនៅចំពោះមុខសិស្សដូចគ្នានៅក្នុងថ្នាក់រៀន ចេះហ៊ានសំរេចចិត្តក្នុងការជួយសង្រ្គោះមិត្តភក្តិ ឬក៏លេងកីឡា ជាដើម ។ នៅពេលកូនរបស់លោកអ្នកក្លាហានហ៊ានធ្វើការងារទាំងនោះបាន លោកឪពុកអ្នកម្តាយត្រូវតែចេះសរសើរលើកទឹកចិត្ដ និង ផ្ដល់កម្លាំងចិត្ដដល់កូន ។ ទាំងអស់នេះ គឺជាការបង្រៀនឱ្យកូនលោកអ្នក កាន់តែមានទឹកចិត្តល្អ និងមានភាពក្លាហានឡើងផងដែរ ។

    3 .ត្រូវលើកពីបុគ្គលដែលមានភាពក្លាហានពិតៗក្នុងសង្គមប្រាប់កូន៖ នៅពេលគិតដល់អ្នកដែលមានសេចក្ដីក្លាហាន គឺយើងតែងនឹកទៅដល់កងទ័ព ពួកអ្នកស្ម័គ្រចិត្ត ពួកអ្នកជួយសង្រ្គោះ អ្នកពន្លត់អគ្គីភ័យជាដើម ពួកគេទាំងនោះ អាចផ្ដល់គំរូនៃភាពក្លាហានដល់កូនរបស់លោកអ្នកបាន ។ ក្រៅពីនេះ អ្នកក៏អាចសរសេរជាសុភាសិត បិទជាប់នឹងជញ្ជាំង ឬសរសេរពាក្យស្លោកលើក្ដារខៀន ដែលបណ្តុះទឹកចិត្ដកូនរបស់លោកអ្នកឱ្យមានភាពក្លាហាន ដូចជា “ភាពក្លាហាននឹងធ្វើឱ្យមនុស្សទទួលជោគជ័យ” ជាដើម ។

    4 .ត្រូវបង្កើតទំនាក់ទំនងស្និទ្ធស្នាលជាមួយកូនជាប្រចាំ៖ ជជែកលេងជាមួយកូនរបស់អ្នកជាប្រចាំ និងដោយចំហ រៀបរាប់ប្រាប់គេនូវអ្វីដែលបានកើតឡើងចំពោះអ្នក ពេលដែលអ្នកនៅមានវ័យប៉ុនគេ និងប្រាប់ពីវិធី និងរបៀបដោះស្រាយរាល់បញ្ហានានាដែលអ្នកធ្លាប់ជួបនៅពេលនោះ ។ ប្រសិនបើកូនអ្នកមានភាពក្លាហានហ៊ាននិយាយប្រាប់អ្នកវិញ ពីបញ្ហារបស់គេដោយចំហនោះ អ្នកអាចនឹងជួយពន្យល់គេឱ្យចេះដោះស្រាយបញ្ហាដោយភាពក្លាហាន និងសន្តិភាពបាន ។

    5 .ត្រូវធ្វើជាគំរូល្អដល់កូន៖ គំរូនៃភាពក្លាហាន ត្រូវចាប់ផ្ដើមពីអ្នកជាមុន ។ ចំពោះរឿងអ្វីមួយដែលអ្នកគិតថា កូនរបស់អ្នកអាចនឹងពិបាកធ្វើបាន ឧទាហរណ៍ដូចជា ការរាំរែក ជាដើម លោកឪពុកអ្នកម្តាយអាចនឹងត្រូវឡើងរាំ ដើម្បីឱ្យកូនឃើញពីភាពក្លាហានរបស់អ្នក។ ក្រៅពីនេះ លោកអ្នកអាចបង្ហាញឲ្យកូនបានឃើញតាមរយៈ ទង្វើ និងសកម្មភាពល្អៗប្រចាំថ្ងៃទាំងឡាយណា ដែលអ្នកគិតថា ល្អ និងជាគំរូល្អចំពោះកូន៕

  • 21 រឿងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    21 រឿងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    សូមចូលរួមត្រេកអរផងណា៎ សម្រាប់ស្រ្តីដែលចាប់ផ្តើមតាំងគភ៌គ្រប់គ្នា ចាប់ពីពេលនេះទៅអ្នកនឹងបានរៀនយល់ដឹងពីការរស់នៅមួយបែបទៀតដែលខុសប្លែកពីមុន។ រឿងសំខាន់ដែលអ្នកគួរតែដឹងនោះគឺ រឿងសុខភាពក្នុងអំឡុងពេល 9 ខែតពីពេលនេះទៅថា តើនឹងមានអ្វីកើតឡើងចំពោះអ្នកខ្លះ? ជាពិសេស ស្រ្តីដែលតាំងគភ៌លើកដំបូងទាំងឡាយ ដែល ឡា រ៉ែន មិនចង់ឱ្យខកខានក្នុងការអានអត្ថបទនេះឡើយ។

    សុខភាពក្នុងអំឡុងពេលមានគភ៌ទាំង 9 ខែ

    1 . ក្នុងរយៈពេលរបស់ការតាំងគភ៌ ស្រ្តីមានគភ៌ 1 នាក់ក្នុងចំណោម 20 នាក់ ប្រសូតត្រូវតាមដែលលោកគ្រូពេទ្យរាប់ថ្ងៃប្រសូត តែភាគច្រើនវិញ ស្រ្តីមានគភ៌នឹងប្រសូតមុនកំណត់ប្រមាណជា 1 – 2 សប្តាហ៍មានចំនួនដល់ទៅ 1 នាក់ក្នុង 8 នាក់ ដែលនេះជារឿងប្រក្រតីទេ។
    2 . ការរាប់ពេលវេលាតាំងគភ៌របស់ស្រ្តីមានគភ៌នឹងរាប់ជាសប្តាហ៍ ដូចជា ការកំណត់ប្រសូតនឹងរាប់បន្ទាប់ពីថ្ងៃដែលអស់វដ្តរដូវ នឹងរាប់ជា 40 សប្តាហ៍ ហើយនឹងរាប់ចាប់ពីថ្ងៃចាប់បដិសន្ធិពិតៗគឺ 38 សប្តាហ៍ដែលជាកំណត់ប្រសូតរបស់ស្រ្តីមានគភ៌។
    3 . ការតាំងគភ៌ក្នុងត្រីមាសដំបូង ពោះរបស់ស្រ្តីមានគភ៌នឹងមិនសូវមើលឃើញធំប៉ុន្មានទេ តែនឹងមើលឃើញច្បាស់ថាមានគភ៌នោះ ក៏ក្នុងអំឡុងត្រីមាសទី 2។
    4 . អ្នកនឹងបានឮសំឡេងបេះដូងកូនជាលើកដំបូងប្រមាណជាក្នុងសប្តាហ៍ទី 10 ដោយប្រដាប់ស្តាប់សំឡេង ឬតាមរយៈការធ្វើអាល់ត្រាសោនដ៍។
    5 . រាងកាយរបស់អ្នកនឹងប្រែប្រួលច្រើនយ៉ាង ដូចជា ខ្លួនប្រាណ ដៃ ជើង ក្បាលពោះ សុដន ក្រចកដៃជើង សក់ ស្បែក ហើយអាការផ្សេងៗដែលកើតឡើងចំពោះរាងកាយទាំងនេះនឹងបាត់អស់ទៅវិញនៅពេលប្រសូតបុត្ររួច។
    6 . ក្នុងអំឡុងពេលមានគភ៌ ខាងក្នុងរាងកាយរបស់អ្នកនឹងមានឈាមហូរវឹលច្រើនជាងប្រក្រតី។
    7 . ក្នុង 1 ថ្ងៃអ្នកនឹងបត់ជើងតូចជាញឹកញាប់ ដោយសារតែបរិមាណរបស់ឈាមដែលកើនឡើង ហើយនឹងកើនច្រើនឡើង
    នៅពេលស្បូនរីកធំឡើងរហូតដល់ពេលប្រសូត។
    8 . អ្នកនឹងកាន់តែនឿយហត់ឡើងជារឿយៗក្នុងខណៈពេលតាំងគភ៌ តែនឹងមានអារម្មណ៍ថានឿយហត់ខ្លាំងក្នុងអំឡុងត្រីមាសដំបូង។
    9 . អ្នកនឹងមានអារម្មណ៍ច្រើនយ៉ាងកើតឡើងក្នុងអំឡុងពេលតាំងគភ៌ និងនឹងមានអាការនឿយល្វើយកើតឡើង ហើយនឹងធ្ងន់ធ្ងរខ្លាំងក្នុងអំឡុងពេលដំបូងៗ។
    10 . អ្នកនឹងជួបជាមួយអាការឈឺចាប់ទាំងឡាយ ដូចជា អាការឈឺក្បាល ឈឺខ្នង ឈឺជើង ក្អួតចង្អោរ ហើមដៃជើង និងវឹលមុខ។
    11 . ចំនួន 3 ភាគ 4 នៃស្រ្តីមានគភ៌ នឹងមានអាការចាញ់កូនក្នុងអំឡុងត្រីមាសដំបូង ជាពិសេសនៅពេលព្រឹកនឹងមានអាការ វឹលមុខ និងក្អួត។
    12 . អ្នកនឹងចង់ទទួលទានអាហារខ្លាំងជាងមុន តែនឹងទទួលទានអាហារមិនបានច្រើនដូចមុនទេ។
    13 . អ្នកនឹងមានអារម្មណ៍ដឹងថា កូនរើបំរះពេលអាយុគភ៌បានប្រមាណជា 16 – 22 សប្តាហ៍ ឬក្នុងអំឡុងត្រីមាសទី 2 នៃការតាំងគភ៌។
    14 . ពេលពោះចាប់ផ្តើមធំ អ្នកនឹងមិនអាចឱនចងខ្សែស្បែកជើងបាន អង្គុយលើកម្រាលឥដ្ឋ ឬកោររោមនៅម្តុំៗជើងបានទេ
    ដោយសារតែពោះដែលកាន់តែធំឡើងហ្នឹងឯង និងនៅពេលពោះធំឡើងអាចធ្វើឱ្យអ្នកដើរបុកវត្ថុរបស់របរនៅក្នុងបន្ទប់ជាញាឹកញាប់ ព្រោះនៅស្មានរយៈចម្ងាយមិនទាន់ត្រូវ។
    15 . អ្នកគួរសិក្សាពីរឿងការញ៉ាំអាហារ ភេសជ្ជៈ និងថ្នាំផ្សេងៗដែលអាចញ៉ាំបាន ឬគួរចៀសវាង និងសិក្សាពីរឿងការហាត់ប្រាណផងដែរ។
    16 . អ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងរឿងសុខភាពការតាំងគភ៌របស់អ្នក ជំងឺប្រចាំកាយ ឬជំងឺដែលអាចកើតឡើងបានក្នុងអំឡុងពេលមានគភ៌។
    17 . អ្នកនឹងពិបាកក្នុងការគេងលក់ និងនឹងមានអាការគេងមិនលក់ រឹតតែក្នុងអំឡុងពេលត្រីមាសទី3ផងនោះ នឹងរឹតតែគេង
    លែងសូវលក់ និងច្រើនតែយល់សប្តិអាក្រក់ ព្រោះតែកើតអាការវិតក្កកង្វល់នឹងអាការជិតប្រសូតហ្នឹងឯង។
    18 . ស្រ្តីមានគភ៌មួយចំនួននឹងមានអាការសោកសៅស្រងូតស្រងាត់ពេញមួយខណៈពេលតាំងគភ៌ និងអាការនេះនឹងរឹតតែធ្ងន់ធ្ងរឡើងនៅពេលប្រសូតរួច។
    19 . ស្រ្តីមានគភ៌ 1 នាក់ក្នុងចំណោម 5 នាក់នឹងមានសភាវជ្រៀតជ្រែកផ្សេងៗកើតឡើងខណៈពេលមានគភ៌ ដូចជា សភាវរលូតកូន គភ៌មានជាតិពុលជាដើម។
    20 . អ្នកគួរតែសិក្សាពីតំណាក់កាលនៃការប្រសូតឱ្យរួចជាស្រេច និងត្រៀមខ្លួនសម្រាប់ការប្រសូតដែលនឹងកើតឡើង។
    21 . ស្រ្តីមានគភ៌ 1 នាក់ ក្នុងចំណោម 5 នាក់ នឹងបានដឹងពីសញ្ញាប្រសូតប្រមាណជាក្នុងសប្តាហ៍ទី 37 ឬអាការឈឺពោះឱ្យដឹងមុនដើម្បីប្រាប់ឱ្យដឹងថា ការប្រសូតកំពុងជីតមកដល់ហើយ។
    ពេញមួយរយៈពេល 9 ខែនេះ រឿងផ្សេងៗដែលបានរៀបរាប់មកខាងលើនោះ គឺជារឿងដែលអ្នកត្រូវជួបនៅពេលអ្នកមានគភ៌ ការសិក្សាពីព័ត៌មានរឿងការតាំងគភ៌ជាអ្វីដែលអ្នកគួរតែត្រៀមខ្លួនឱ្យស្រេច និងនៅពេលជួបនឹងអាការខុសប្រក្រតីណាមួយ អ្នកគួរតែប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់៕