Tag: មាតា និងទារក

  • របស់មិនល្អពេលមានផ្ទៃពោះរបស់ស្រ្តី

    របស់មិនល្អពេលមានផ្ទៃពោះរបស់ស្រ្តី

    ស្រ្តីមានផ្ទៃពោះត្រូវតែប្រយ័ត្នឱ្យបានច្រើនលើគ្រប់ៗរឿង ជាពិសេសក្នុងត្រីមាសដំបូង (1-3 ខែដំបូង) រឹតតែត្រូវប្រយ័ត្នខ្លាំង ជាងអំឡុងពេលណាទាំងអស់ ព្រោះជារយៈពេលដែលអាចនឹងកើតការរលូតបានយ៉ាងងាយ ជាអំឡុងពេលដែលកូនកំពុងសាងអវយវៈ និងកំពុងតោងជាប់នឹងជញ្ជាំងស្បូន។ ក្នុងអំឡុងពេលមានគភ៌ ប្រព័ន្ធការពារជំងឺរបស់អ្នកម្តាយនឹងធ្លាក់ចុះទាប ដែលជាការសម្របសម្រួលខ្លួនដើម្បីបន្ថយការបដិសេធគភ៌ ដែលប្រៀបដូចជារឿងផ្លែកចម្លែកមួយដែរ។

    ដូច្នេះ យើងនឹងមើលឃើញថា ស្រ្តីមានគភ៌មានឱកាសឆ្លងមេរោគបានយ៉ាងងាយជាងមនុស្សធម្មតាទូទៅ និងនៅពេលឆ្លងមេរោគហើយ ក៏នឹងកើតសភាវជ្រៀតជ្រែកពីជំងឺផ្សេងកាន់តែងាយឡើង ដូចជា បើឆ្លងមេរោគគ្រុនផ្តាសាយធំ ឱកាសក្នុងការកើតសភាវរលាកសួតមានខ្ពស់ជាងមនុស្សប្រក្រតីទូទៅ ប្រព័ន្ធរំលាយអាហារក៏ដូចគ្នាដែរ បើបានទទួលអាហារដែលមិនស្អាត ស្ទើរឆៅ ស្ទើរឆ្អិននោះ ក៏ធ្វើឱ្យងាយមានការឆ្លងមេរោគក្នុងប្រព័ន្ធរំលាយអាហារ ដែលជាមូលហេតុធ្វើឱ្យស្រ្តីមានគភ៌មានអាការរាករូស ក្អួតចង្អោរ ឈឺពោះ និងត្រូវមកគេងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដើម្បីបញ្ចូលសេរ៉ូមជំនួសជាតិទឹកដែលបាត់បង់ចេញពីរាងកាយដោយសារការក្អួត ឬបន្ទោបង់រាគជាទឹកច្រើនៗដង និងឱ្យញ៉ាំថ្នាំសម្លាប់មេរោគ ដូច្នេះស្រ្តីមានគភ៌គួរតែផ្តល់ភាពសំខាន់ និងផ្ចិតផ្ចង់រឿងអាហារការហូបចុកឱ្យបានដិតដល់ជាពិសេស ដោយសារតែ បើសិនជាមានអាការធ្ងន់ធ្ងរខ្លាំងរហូតរាងកាយទប់ទល់នឹងការឆ្លងមេរោគលែងរួច (ដូចជា ធ្ងន់ធ្ងររហូតទទួលទានអាហារ និងទឹកមិនបាន រហូតធ្វើឱ្យតុល្យភាពទឹក និងសារធាតុរ៉ែក្នុងរាងកាយខុសប្រក្រតី)នោះ រាងកាយអាចកាត់បន្ថយបន្ទុកការធ្វើការងារដោយការទម្លាក់កូនចេញ ដែលធ្វើឱ្យកើតការរលូតតាមមកហ្នឹងឯង។

    ទើបអ្នកម្តាយដែលកំពុងមានគភ៌គួរចៀសវាងអាហារទាំងនេះ ទាំងដែលក្នុងអំឡុងពេលមុនមានផ្ទៃពោះអាចទទួល​ទាន​បានក៏ដោយ ព្រោះសភាពរាងកាយស្ថិតក្នុងអំឡុងពេលដែលខុសផ្លែកពីគ្នា គួរចៀសវាងអាហារឆៅ ដូចជា ត្រីឆៅផ្សេងៗ តែបើចង់ទទួល​ទានមែនទែននោះ ក៏ត្រូវជ្រើសរើសហាងណាដែលជឿទុកចិត្តបានក្នុងរឿងភាពស្អាត និងអនាម័យ។

    ចំណែក ទឹកតែ កាហ្វេ បើឈប់ញ៉ាំក្នុងខណៈពេលតាំងគភ៌បានគឺជារឿងល្អ ព្រោះទោះជាកាហ្វេអ៊ីននៅក្នុងទឹកតែ និងកាហ្វេគ្មានចំណែកធ្វើឱ្យកើតភាពពិការចំពោះកូននៅក្នុងផ្ទៃក៏ដោយ តែវាមានចំណែកជំរុញការធ្វើការងាររបស់បេះដូងអ្នកម្តាយមានគភ៌ឱ្យធ្វើការកាន់តែខ្លាំងឡើង ព្រោះបេះដូងរបស់ស្រ្តីមានគភ៌នឹងធ្វើការកើនឡើង 10 – 15 ភាគរយ ជាប្រក្រតីរបស់ការប្រែប្រួលក្នុងអំឡុងពេលមានគភ៌។ ការបន្ថែមបរិមាណកាហ្វេអ៊ីនចូលទៅទៀត អាចនឹងធ្វើឱ្យអ្នកម្តាយមានគភ៌មានអារម្មណ៍ញ័រដើមទ្រូង ឆាប់ហត់ និងថាមពល​ផ្សេងៗដែលគួរបញ្ជូនទៅឱ្យកូនក្នុងផ្ទៃអាចត្រូវបាននាំទៅប្រើក្នុងការធ្វើការងាររបស់ម្តាយ ធ្វើឱ្យកូនក្នុងផ្ទៃបានទទួលសារជាតិអាហារផ្សេងៗថយចុះ ហើយក្នុងរយៈពេលវែងអាចនឹងហុចផលឱ្យកូនក្នុងគភ៌ខ្លួនតូច ចម្រើនធំធាត់យឺត និងមានទម្ងន់ខ្លួនតិចនៅពេលកើតដំបូង។ ចំពោះស្រ្តីមានគភ៌ដែលញៀនកាហ្វេខ្លាំង ឬអ្នកខ្លះបើមិនបានញ៉ាំហើយនឹងមានអាការឈឺក្បាលនោះ សូមណែនាំថា អាចញ៉ាំបានក្នុងមួយថ្ងៃ មួយកែវដែលជាបរិមាណអាចទទួលយកបាន ឬជ្រើសរើសញ៉ាំកាហ្វេប្រភេទដែលចម្រាញ់យកជាតិកាហ្វេអ៊ីន​ចេញគឺជាការល្អបំផុត៕

  • ទង្វើ 7 យ៉ាងដែលឪពុកម្តាយធ្វើបាបកូនដោយមិនដឹងខ្លួន

    ទង្វើ 7 យ៉ាងដែលឪពុកម្តាយធ្វើបាបកូនដោយមិនដឹងខ្លួន

    ការចិញ្ចឹមមើលថែទាំកូនត្រូវធ្វើឡើងបែបសន្សឹមៗ ព្រោះទង្វើមួយចំនួនរបស់លោកឪពុកអ្នកម្តាយអាចនឹងធ្វើបាបកូនៗដោយមិនដឹងខ្លួន ថ្ងៃនេះ ឡារ៉ែនមានចំ​ណេះដឹងក្នុងការចិញ្ចឹមមើលថែកូនដែលមិនធ្វើឱ្យកូនៗធ្លាក់ទឹកចិត្តមកជម្រាបជូនថា តើឪពុកម្តាយត្រូវកែខៃយ៉ាងណាដូចខាងក្រោមនេះ។

    ជួនកាលយើងអាចមិនដឹងខ្លួនផងថា អ្វីដែលនិយាយទៅ អ្វីដែលធ្វើ ឬបង្ហាញឡើងចំពោះកូននោះ ក្លាយជាទង្វើបំផ្លាញផ្លូវចិត្តកូនទៅវិញ នៅពេលកើតឡើងញឹកញាប់នោះក៏នឹងហុចផលប៉ះពាល់ដល់បុគ្គលភាពរបស់កូនបាន ៈ

    1 – មិនឱ្យធ្វើ

    និយាយងាយៗក៏គឺ អ្នកជាអ្នកគ្រប់គ្រងចាត់ការអ្វីៗគ្រប់យ៉ាង (ម៉ាក់ធ្វើម្នាក់ឯង) ដោយកូនមិនបានមានចំណែកចូលរួម ឬបានជួយធ្វើអ្វីឡើយ ដែលការធ្វើបែបនេះស្មើនឹងការកាត់ចរន្តការរៀនយល់ដឹងរបស់ក្មេងលើផ្នែកផ្សេងៗ ធ្វើឱ្យជំនាញក្នុងការជួយខ្លួនឯងថយចុះ និងធ្វើឱ្យកូនបាត់បង់ភាពជឿជាក់លើខ្លួនឯង ជាដើម។

    2 – គ្មានដែនកំណត់

    គឺតាមចិត្តកូនគ្រប់យ៉ាងដោយភ្លេចពីអ្វីត្រូវអ្វីខុស ឬអ្វីគួរអ្វីមិនគួរ ព្រោះតែគិតថាកូននៅតូច ដែលផលប៉ះពាល់នោះគឺ នៅពេលកូនចូលទៅក្នុងសង្គមធំ រស់នៅរួមជាមួយអ្នកដទៃទៀតនោះ ក៏នឹងក្លាយជាក្មេងដែលពិបាកសម្របសម្រួលខ្លួន យកតែចិត្តខ្លួនឯងជាធំ ខ្វះភាពអំណត់អត់ធន់ មានសម្ព័ន្ធភាពជាមួយបុគ្គលផ្សេងមិនរលូនល្អ និងមានបញ្ហាផ្សេងៗទៀតជាច្រើន។

    3 – មិនចេះបត់បែន

    ព្រោះអ្នកត្រូវការចង់ឱ្យអ្វីគ្រប់យ៉ាង ល្អ ត្រឹមត្រូវឥតខ្ចោះជានិច្ច រឹតតែកូនធ្វើមិនបានដូចចិត្តផងនោះ ក៏នឹងខឹង ទិតៀន គ្រាន់តែរឿងតូចមួយ ក៏ធ្វើឱ្យក្លាយជារឿងធំ។ ការធ្វើបែបនេះនឹងធ្វើឱ្យវិវឌ្ឍនាការដែលគួរនឹងទៅបានរបស់កូនធ្លាក់យ៉ាប់យ៉ឺន ដោយសារតែមានអារម្មណ៍អស់សង្ឃឹម មានអារម្មណ៍ថា ខ្លួនគ្មានតម្លៃ គ្មានអ្វីល្អ គ្មានសមត្ថភាព ធ្វើអ្វីក៏មិនដែលត្រូវចិត្តឪពុកម្តាយ។

    4 – មិនទទួលស្គាល់ការពិត

    ការដែលអ្នកច្រើនតែវិតក្កកង្វល់ហួសហេតុពេក ដូចជា មិនឱ្យកូនទៅណាជាមួយមិត្តភ័ក្តិ ព្រោះខ្លាចកូនមានគ្រោះថ្នាក់ ឬឧបត្តិហេតុ ខ្លាចកូនមានរឿង ខ្លាចកូនត្រូវគេបោកប្រាស់ មិនឱ្យចេញពីផ្ទះ ខ្លាចកូនមិនស្រួលខ្លួន នេះឯងគឺបញ្ហានាពេលអនាគតដែលនឹងធ្វើឱ្យកូនក្លាយជាក្មេងងាយនឹងវិតក្កកង្វល់ ភ័យខ្លាចរហូតគ្មានសេចក្តីសុខ និងបាត់ភាពជឿជាក់លើខ្លួនឯង។

    5 – មិនចេះការពារ

    គឺរឿងសុវត្ថិភាពហ្នឹងឯង ព្រោះជាច្រើនដងណាស់ដែលមានហេតុការណ៍ដែលមិននឹកស្មានដល់កើតឡើង។ មានស្ថិតិតួលេខកើនឡើងរបស់ឧបត្តិហេតុដែលបណ្តាលមកពីការដែលអាណាព្យាបាល ឬឪពុកម្តាយមិនបានប្រយ័ត្នប្រយែង ដូចជាភ្លេចបិទទ្វាផ្ទះ ជក់និយាយទូរស័ព្ទពេក ឬការប្រើប្រាស់សូសៀលណេតវើករហូតភ្លេចខ្លួន ជាដើម។ ចូរកុំភ្លេចថា សភាពបរិស្ថានជុំវិញខ្លួនក៏ជារឿងមួយសំខាន់ដែរ។

    6 – មិនចេះនិយាយសរសើរ

    មានតែពាក្យបន្ទោសទិតៀន ប្រមាថផ្សេងៗ ព្រោះមិនជឿថា កូននឹងមានសមត្ថភាពអាចធ្វើបាន មិនជឿថាកូននឹងធ្វើបានសម្រេច។ ទង្វើដែលរៀបរាប់មកនេះ ប្រៀបដូចជាអាវុធដែលបំផ្លាញផ្លូវចិត្ត បំផ្លាញគំនិតល្អៗរបស់កូន ធ្វើឱ្យកូនៗរបស់អ្នកខ្វះភាពជឿជាក់ និងមោទនភាពលើខ្លួនឯង។ សូមជម្រាបថា រឿងបែបនេះគ្រាន់តែគិត ក៏ខុសស្រេចទៅហើយ។

    7 – មិនយល់អំពីកូន

    ព្រោះអ្នកគិតថា ហេតុអីបានកូនមិនពូកែដូចក្មេងឯទៀត ដែលការពិតទៅ ក្មេងគ្រប់គ្នាមានភាពជាខ្លួនរបស់ខ្លួនឯង មានឧបនិស្ស័យ មានសមត្ថភាពផ្សេងៗពីគ្នា ទើបអ្នកមិនគួរប្រៀបធៀបកូនជាមួយក្មេងដទៃទៀតឡើយ ព្រោះជាការសាងអារម្មណ៍ថាខ្លួនឯងអន់ឱ្យកើតឡើងចំពោះកូនបាន ហើយផលអាក្រក់ដែលធ្ងន់ធ្ងរជាងទៀតនោះគឺ អាចធ្វើឱ្យកូនមានអារម្មណ៍ឈឺចាប់ សុខចិត្តចុះចាញ់បោះបង់ក្តីព្យាយាម ឬកើតគំនិតដែលផ្ទុយ ធ្វើបាបគូប្រជែងរបស់ខ្លួន។ អ្នកគួរនិយាយសរសើរនូវអ្វីដែលកូនមាន គាំទ្រនូវអ្វីដែលដែលកូនចាប់អារម្មណ៍ ឬចូលចិត្តវិញទើបជាការប្រសើ៕

  • តើវីតាមីនសម្រាប់ក្មេង ចាំបាច់ដែរឬទេ?

    តើវីតាមីនសម្រាប់ក្មេង ចាំបាច់ដែរឬទេ?

    ឱ្យកូនញ៉ាំវីតាមីនបន្ថែមសម្រាប់កុមារ តើមានភាពចាំបាច់ដែរឬទេ?

    លោកឪពុកអ្នកម្តាយជាច្រើននាក់ដែលចាប់ផ្តើមមានកង្វល់ ដោយសារតែកូនច្រើនតែញ៉ាំអាហារមិនទៀងទាត់ពេលវេលា និងពេលខ្លះក៏ញ៉ាំអាហារមិនគ្រប់ 5 ប្រភេទក្រុម ក្មេងខ្លះជក់លេង គិតតែពីលេង មិនញ៉ាំអាហារ ក្មេងខ្លះទៀតមិនញ៉ាំបន្លែ ក្មេងខ្លះ​​មិនញ៉ាំទឹកដោះគោ និងក្មេងខ្លះមិនញ៉ាំផ្លែឈើ។

    ទើបរឿងផ្សេងៗទាំងអស់នេះ ធ្វើឱ្យលោកឪពុកអ្នកម្តាយអត់មិនបារម្ភមិនបានឡើយ ព្រោះខ្លាចក្រែងថាកូនសម្លាញ់ខ្វះសារជាតិអាហារ ទើបខំព្យាយាមស្វែងរកអាហារបន្ថែមផ្សេងៗ ដូចជា វីតាមីនបន្ថែមដែលអាចចេញមកក្នុងរូបបែបរបស់សូកូឡា ថ្នាំ ឬបង្អែមផ្សេងៗមកឱ្យកូនបានញ៉ាំដើម្បីបំពេញនូវអ្វីដែលបាត់បង់។

    ការឱ្យវីតាមីនបន្ថែមដល់កូននេះ ឡារ៉ែនមានគោលគំនិតមួយជម្រាបដល់លោកឪពុកអ្នកម្តាយ គឺចូរសង្កេតមើលថា តើមានអាហារក្រុមណា ដែលកូនមិនបានញ៉ាំខ្លះឬទេ? តើកូនញ៉ាំបន្លែ ផ្លែឈើ ទឹកផ្លែឈើដែរឬទេ? កូនញ៉ាំ​សាច់សត្វ សាច់ត្រី ស៊ុត ឬញ៉ាំទឹកដោះគោខ្លះដែរឬទេ? បើកូនញ៉ាំ​បានគ្រប់យ៉ាង ហើយញ៉ាំឆ្លាស់គ្នាម្តងនេះម្តងនោះក៏មិនគួរជាមានបញ្ហាអ្វីឡើយ កូនប្រហែលជាបានទទួលសារធាតុអាហារគ្រប់ចំនួនហើយ មិនចាំបាច់ត្រូវឱ្យកូនញ៉ាំវីតាមីនបន្ថែមទៀតទេ។

    ព្រោះអាហារគឺជាប្រភពរបស់សារជាតិអាហារដែលល្អបំផុត តែបើកូនរបស់អ្នកមានបញ្ហាខាងការញ៉ាំ ដូចជា មិនព្រមញ៉ាំអាហារក្នុងប្រភេទក្រុមណាមួយ មិនញ៉ាំសាច់សត្វអ្វីទាំងអស់ ឬកូនញ៉ាំតែបាយតែម្យ៉ាង មិនញ៉ាំបន្លែ ឬផ្លែឈើឡើយ។ ក្មេងខ្លះមានប្រតិកម្មចាញ់អាហារមួយចំនួន ឬនៅពេលខ្លះដែលកូនឈឺថ្កាត់រយៈពេលយូរ ក៏អាចនឹងធ្វើឱ្យគេញ៉ាំបានតិចដែរ ក្នុងករណីនេះលោកឪពុកអ្នកម្តាយគួរតែប្រឹក្សាជាមួយគ្រូពេទ្យ។

    ការឱ្យវីតាមីនបន្ថែមសម្រាប់កូន គួរតែស្ថិតនៅក្រោមការមើលថែទាំរបស់ពេទ្យជាចំបង លោកឪពុកអ្នកម្តាយមិនគួររកទិញមកឱ្យកូនញ៉ាំដោយខ្លួនឯងឡើយ ព្រោះវីតាមីនប្រភេទខ្លះ បើក្មេងបានទទួលក្នុងបរិមាណច្រើនជ្រុលពេក ជំនួសឱ្យការបានទទួលប្រយោជន៍ តែបែរជាហុចផលឱ្យក្លាយជាគ្រោះថ្នាក់វិញបាន បើរាងកាយប្រមូលសន្សំទុក និងមិនបណ្តេញចំណែកដែលលើសនោះចេញមកទេ។

    ដូច្នេះ វីតាមីនដែលល្អបំផុតមាននៅក្នុងអាហារដែលកូនបរិភោគប្រក្រតីនោះស្រាប់ហើយ បើកូនបានបរិភោគអាហារគ្រប់ 5 ប្រភេទក្រុមក្នុងមួយថ្ងៃៗរួមគ្នាដែលមិនចាំបាច់គ្រប់ពេលក៏បានដែរនោះ តែប៉ុណ្ណឹង វីតាមីនបន្ថែម ក៏លែងចាំបាច់ត្រូវឱ្យកូនញ៉ាំហើយ៕

  • វិធី 6 យ៉ាងពិនិត្យមើលវិវឌ្ឍនាការរបស់កូនពីវ័យ 0 – 24 ខែ ថាតើត្រូវតាមវ័យឬទេ?

    វិធី 6 យ៉ាងពិនិត្យមើលវិវឌ្ឍនាការរបស់កូនពីវ័យ 0 – 24 ខែ ថាតើត្រូវតាមវ័យឬទេ?

    ទារកទើបនឹងកើតអាចនឹងធ្វើអ្វីបានមិនច្រើនប៉ុន្មានទេក្នុងអំឡុងពេលកើតដំបូង តែនៅពេលកន្លងទៅ 1 – 2 ខែ នឹងចាប់ផ្តើមមានវិវឌ្ឍនាការមួយចំនួនដែលអ្នកម្តាយអាចសង្កេតឃើញបាន ឬអ្នកម្តាយអាចសាកល្បងពិនិត្យមើលវិវឌ្ឍនាការរបស់កូនបាន ថាតើត្រូវទៅតាមវ័យដែរឬទេ ដូចខាងក្រោមនេះ។

    1 – ការសម្លឹងមើលរូបភាព សម្រាប់ក្មេងវ័យ 4 – 12 ខែ ៈ អ្នកម្តាយអាចយករូបភាពដែលជាពណ៌ខ្មៅ ក្រហមអ្វីក៏បានមកចាប់ឱ្យកូនមើល រំកឹលទៅខាងឆ្វេងម្តង រំកឹលទៅខាងស្តាំម្តង ឡើងលើ ឬចុះក្រោម បើកូនបែរមុខមើលតាមនោះ បញ្ជាក់ថាកូនមានវិវឌ្ឍនាការខាងការមើលឃើញត្រឹមត្រូវតាមវ័យហើយ។

    2 – កណ្តឹង ឬវត្ថុព្យួរលើអង្រឹងពណ៌ផ្សេងៗសម្រាប់ទារក 2 – 4 ខែ ៈ អាចនឹងព្យួរកណ្តឹង ឬរូបតុក្កតាពណ៌ផ្សេងៗដែលស្រស់ស្អាត ឬមានសម្លេងនៅលើអង្រឹងកូន ឬពីមុខកៅអីរទេះកូនក៏បាន កូននឹងបានហ្វឹកហាត់ការប្រើភ្នែក និងការបានឮ។ ក្រៅពីរឿងការប្រើខ្សែភ្នែក និងការបានឮហើយនោះ ក្មេងខ្លះនឹងប្រើដៃឈោងចាប់ទៀតផង គឺជាការបានហ្វឹកហាត់ប្រើសាច់ដុំដៃផងដែរ។ ក្រៅពីនេះក្មេងមួយចំនួននៅបញ្ចេញសំឡេងទៀតផង អាចនិយាយបានថាជាវត្ថុដើម្បីវិវឌ្ឍនាការសម្រាប់ក្មេងតូចដែលល្អមែនទែន។

    3 – សាកល្បងតម្រូវការរបស់កូនវ័យ 6 – 12 ខែ ៈ ដាក់វត្ថុ 2 យ៉ាងដែលមានលក្ខណៈស្រដៀងគ្នានៅចំពីមុខកូនរបស់អ្នក ដើម្បីឱ្យកូនបានសម្លឹងមើលមួយស្របក់ ហើយធ្វើការចាប់យកវត្ថុណាមួយចេញមក ឬរំកឹលទៅផ្នែកខាង រួចចាំមើលប្រតិកម្មរបស់កូនថា នឹងលូកដៃមកចាប់ឬទេ?។ ក្មេងខ្លះនឹងញញឹម ឬអាចធ្វើមុខជូរសម្តែងពីភាពមិនពេញចិត្ត ឬងឿងឆ្ងល់ នោះបញ្ជាក់ថា វិវឌ្ឍនាការរបស់កូនស្ថិតក្នុងកម្រឹតសមតាមវ័យហើយ។

    4 – សាកល្បងវិវឌ្ឍនាការ ដៃ និងជើង របស់ទារកវ័យ 2 – 6 ខែ ៈ យករបស់លេងដែលមានសំឡេងមកអង្រួនតិចៗនៅក្បែរដៃ ឬជើងរបស់កូន កូនតូចនឹងព្យាយាមឈោងដៃចាប់ដែលជាការហ្វឹកហាត់គ្រប់គ្រងដៃ និងជើងរបស់កូនហ្នឹងឯង។ ជាប្រក្រតី ទារកនឹងមានវិវឌ្ឍនាការពីផ្នែកខាងលើ ចុះទៅផ្នែកខាងក្រោម រឿងនេះអ្នកម្តាយអាចសាកល្បងហ្វឹកហាត់ផ្ទុយពីធម្មជាតិបន្តិចលមើលក៏បានដែរ។

    5 – សាកល្បងសម្ពាធអំពីរាងកាយឱ្យមាត់ហារឡើងចំពោះទារកវ័យ 0 – 6 ខែ ៈ ដាក់កូនឱ្យគេងផ្ងារាបនឹងកម្រាលដោយដែលដៃទាំងពីរបស់កូនដាក់នៅលើក្បាល ហើយអ្នកម្តាយក៏យកមេដៃទាំង 2 ខាងដាក់ពីលើបាតដៃរបស់កូនថ្នមៗ កូននឹងចាប់ម្រាមមេដៃរបស់អ្នក ព្រមទាំងហារមាត់ឡើងភ្លាមដែរ។

    6 – ដាក់ឱ្យអង្គុយលើកៅអីខ្ពស់ សម្រាប់ក្មេងវ័យពី 6 – 24 ខែ ៈ កូននឹងចាប់ផ្តើមអង្គុយបានតាំងពីខែទី 5 ឡើងទៅ អាចនឹងយឺតជាងនេះបន្តិចបន្តួច។ នៅពេលក្មេងតូចចាប់ផ្តើមអង្គុយលើកៅអីខ្ពស់សម្រាប់ក្មេងបានហើយនោះ អ្នកម្តាយគួរអង្គុយលេងជាមួយ ជជែកលេងជាមួយ ឬច្រៀងឱ្យកូនស្តាប់ រឹតតែបានអង្គុយញ៉ាំអាហារជាមួយគ្នាផង រឹតតែជារឿងល្អទៅទៀត កូននឹងមានបដិសម្ព័ន្ធជាមួយសមាជិកក្នុងគ្រួសារបានល្អ ធ្វើឱ្យវិវឌ្ឍនាការរបស់កូនតូចកាន់តែអភិវឌ្ឍទៅយ៉ាងឆាប់រហ័សទៀតផង។

    សាកល្បងនាំយកវិធីខាងលើទៅកែសម្រួលប្រើជាមួយកូនតូចលមើលថា តើកូននឹងមានប្រតិកម្មយ៉ាងណាខ្លះ។ ការពិតទៅនៅមានជាច្រើនវិធីទៀតដែលអាចនាំទៅសាកល្បងរឿងវិវឌ្ឍនាការរបស់កូនបាន អាស្រ័យលើភាពងាយស្រួលរបស់លោកឪពុក អ្នកម្តាយហ្នឹងឯង៕

  • 8 សំនួរសំខាន់ៗរបស់អ្នកដែលចង់ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង

    8 សំនួរសំខាន់ៗរបស់អ្នកដែលចង់ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង

    អ្នកម្តាយថ្មោងថ្មីជាច្រើននាក់ប្រហែលជាមានកង្វល់ច្រើនក្នុងរឿង ការចិញ្ចឹមកូនដោយទឹកដោះម្តាយ ព្រោះមានអ្នកម្តាយជាច្រើននាក់ដែលប្រសូតបុត្ររួចហើយទឹកដោះមិនបានហូរចេញមកភ្លាមៗ អ្នកម្តាយខ្លះទៀតក៏អាចនឹងមានកង្វល់ពាក់ព័ន្ធនឹងរាងកាយ និងសុខភាពរបស់ខ្លួនឯងថា តើត្រៀមជាស្រេចក្នុងការបំបៅទឹកដោះកូនហើយឬនៅ? ទើបកើតចេញជាសំនួរផ្សេងៗពាក់ព័ន្ធនឹងការបំបៅដោះកូនថា តើការបំបៅទឹកដោះកូនបែបនេះអាចធ្វើបានឬទេ?។ ដូច្នេះយើងនាំគ្នាមកមើលថា តើសំនួរទាំងនោះមានអ្វីខ្លះ?។

    1 – បៅដោះម្តាយហើយកូនក្អែរ ក្អួត បញ្ជាក់ថា កូនមានប្រតិកម្មចាញ់ជាមួយទឹកដោះម្តាយឬទេ? និងត្រូវបញ្ឈប់ការបំបៅទឹកដោះកូនឬទេ?

    រឿងនេះមិនពិតទេ បើកូនក្អែរទឹកដោះចេញមកវិញ ចូរគិតជាមុនថា អ្នកម្តាយឱ្យកូនបៅទឹកដោះច្រើនពេកទេដឹង? ដែលឃើញកូនស្រែកយំញឹកញាប់នោះ អាចនឹងមិនបានឃ្លានមឹមទេ អាចបណ្តាលមកពីមូលហេតុផ្សេងទៀត។ បើកូនស្រែកយំក៏គួរពដើរលេងខ្លះផង មិនមែនឃើញកូនស្រែកយំហើយ ក៏លើកកូនមកបំបៅដោះតែម្យ៉ាងបែបនេះ មិនមែនជារឿងល្អប៉ុន្មានឡើយ។

    2 – ម្តាយកើតប្រតិកម្មចាញ់នៅលើរាងកាយឱ្យកូនបៅទឹកដោះបានឬទេ?

    អាចឱ្យកូនបៅទឹកដោះបានតាមប្រក្រតី តែត្រូវកាត់បន្ថយអាហារណាដែលជំរុញឱ្យកើតប្រតិកម្ម ដូចជា សណ្តែក ផលិតផលធ្វើអំពីទឹកដោះ ស៊ុត អាហារសមុទ្រ និងម្សៅសាលី ជាដើម។

    3 – មានកូនភ្លោះឱ្យកូនបៅទឹកដោះម្តាយគ្រប់គ្រាន់ឬទេ?

    បើអ្នកម្តាយមានគភ៌ភ្លោះនោះ រាងកាយនឹងទទួលដឹងបានដោយខ្លួនឯងតាមធម្មជាតិ និងផលិតទឹកដោះចេញមកឱ្យគ្រប់គ្រាន់ជាមួយតម្រូវការរបស់កូនទាំងពីរយ៉ាងពិតប្រាកដ។

    4 – ដោះខ្វាក់ ក្បាលដោះខ្លី តើបំបៅទឹកដោះកូនបានឬទេ?

    បាន! នៅពេលពិនិត្យគភ៌ គ្រូពេទ្យនឹងបានដឹងរឿងពួកនេះស្រេចទៅហើយ និងណែនាំវិធីការបំបៅទឹកដោះកូនដែលត្រឹមត្រូវឱ្យអ្នកម្តាយយកទៅប្រតិបត្តិដោយខ្លួនឯង។ អ្នកម្តាយមិនចាំបាច់មានកង្វល់អំពីរឿងនេះ ព្រោះកូននឹងរិះរកវិធីបឺតជញ្ជក់ទឹកដោះបានដោយខ្លួនឯង ហើយនឹងស៊ាំធ្លាប់ជាមួយដោះរបស់អ្នកម្តាយដោយឯកឯង។

    5 – កូនបៅទឹកដោះម្តាយហើយ បន្ទោបង់មិនប្រក្រតី

    មិនមែនជាការពិតទេ ព្រោះទឹកដោះម្តាយងាយរំលាយ ធ្វើឱ្យប្រព័ន្ធការបន្ទោបង់របស់កូនធ្វើការល្អ ក្រពះធ្វើការបានល្អ កូន​នឹងមិនឆ្អល់ពោះ ពោះមិនឡើងរឹងណែន មិនតឹងថប់ ឬក្អួត តែនឹងគេងលក់ស្រួល និងបៅទឹកដោះស្រួល។

    6 – កូនខ្លួនឡើងលឿងត្រូវតែបានទទួលទឹកដោះម្តាយភ្លាម

    ទារកភាគច្រើននឹងខ្លួនឡើងលឿងបណ្តាលមកពីការធ្វើការរបស់ថ្លើម និងទឹកប្រមាត់នៅធ្វើការមិនទាន់ល្អ។ បើទឹកដោះរបស់អ្នកម្តាយនៅមិនទាន់មានក្នុងអំឡុងពេលដំបូងៗក៏មិនអីដែរ តែបើទឹកដោះចាប់ផ្តើមមានហើយ គួរឱ្យកូនបានបៅទឹកដោះម្តាយភ្លាម ដើម្បីកាត់បន្ថយអាការខ្លួនលឿងរបស់កូន។

    7 – ម្តាយមិនស្រួលខ្លួន កើតជំងឺផ្តាសាយ តើអាចបំបៅទឹកដោះកូនបានឬទេ?

    បំបៅបានតាមប្រក្រតី លើកលែងតែពេលអ្នកម្តាយគ្រុនក្តៅខ្លួនខ្លាំង ព្រោះអ ាការគ្រុនក្តៅកើតពីមេរោគបាក់តេរីអាចធ្វើឱ្យកូនឈឺបាន តែបើអ្នកម្តាយគ្រាន់តែក្អក ហៀរសំបោ ឬឈឺកនោះ អាចបំបៅទឹកដោះកូនបានតាមប្រក្រតី និងមិនគួរទិញថ្នាំមកលេបខ្លួនឯងទេ ព្រោះថ្នាំខ្លះមានផលដល់ទារកដែលបៅទឹកដោះម្តាយ គួរប្រឹក្សាជាមួយគ្រូពេទ្យមុនពេលទិញថ្នាំជានិច្ច។

    8 – អ្នកម្តាយដែលធ្វើការវះកាត់បំប៉ោងសុដន់ តើអាចបំបៅទឹកដោះកូនបានឬទេ?

    អាចបំបៅទឹកដោះកូនបានដូចប្រក្រតី តែនៅក្នុងអំឡុងពេលដែលដោះស្ទះនឹងមានអារម្មណ៍ថាថប់ៗ និងតឹងណែនជាងប្រក្រតី តែនៅពេលកូនបៅបានមួយរយៈហើយនោះ សុដន់នឹងត្រឡប់មកជាប្រក្រតីវិញ និងមិនយារធ្លាក់នោះឡើយ។

    ជំនឿទាំងឡាយពាក់ព័ន្ធនឹងការបំបៅទឹកដោះកូន ជារឿងដែលមនុស្សភាគច្រើននិយាយតៗគ្នាមក ទើបធ្វើឱ្យអ្នកម្តាយថ្មីថ្មោងមួយចំនួនកើតការសង្ស័យ និងអាចយល់ច្រឡំបានហ្នឹងឯង៕

  • ដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗតាំងពីនៅក្នុងគភ៌ម្តាយម្ល៉េះ

    ដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗតាំងពីនៅក្នុងគភ៌ម្តាយម្ល៉េះ

    តើអ្នកម្តាយមានគភ៌ទាំងឡាយដឹងដែរឬទេថា ទារកដែលនៅក្នុងគភ៌អាចទទួលដឹងពីអ្វីផ្សេងៗដែលនៅខាងក្រៅគភ៌បាន និងនៅពេលប្រសូតចេញមកហើយថែមទាំងនៅបានត្រៀមខ្លួនជាស្រេចក្នុងការរៀនយល់ដឹងរឿងផ្សេងៗលើសភាពបរិស្ថានជុំវិញខាងក្រៅបានល្អទៀតផង។ ឥលូវនេះយើងនាំគ្នាមកមើលថា តើទារករៀនយល់ដឹងពីអ្វីខ្លះពេលនៅក្នុងគភ៌អ្នកម្តាយ?។

    1 – រៀនយល់ដឹងពីការស្តាប់ និងឮ

    កូននៅក្នុងស្បូនដែលនៅក្នុងគភ៌ម្តាយមួយជាន់ទៀតនោះ ក៏បានឮសំឡេងដែលនៅជុំវិញ និងសំឡេងដែលនៅក្នុងរាងកាយរបស់អ្នកម្តាយច្បាស់ដែរ ដូចជា សំឡេងកូរពោះរបស់ម្តាយ សំឡេងបេះដូង សំឡេងរញេរញ៉ៃជុំវិញ ឬសំឡេងនៅលើផ្លូវថ្នល់ ជាដើម​។ អ្នកម្តាយអាចសាកល្បងបានយ៉ាងងាយ នៅពេលដែលកូនរើខ្លាំងៗនោះ ចូរអ្នកម្តាយអង្អែលក្បាលពោះ និងនិយាយជាមួយកូនថ្នម​ៗ កូននឹងស្ងប់ស្ងាត់ទៅវិញ ព្រោះចាំសំឡេងម្តាយបាន។

    2 – ប្រែភាសាបានទៀតផង

    ពិតប្រាកដណាស់ នៅពេលកូនបានឮក៏នឹងអាចដឹងពីភាសា និងអត្ថន័យនោះបាន អ្នកម្តាយអាចសង្កេតមើលបានថា ពេលកូនប្រសូតចេញមកហើយ នឹងអាចយល់ដឹងពីភាសាដើមក្នុងតំបន់ដែលធ្លាប់ឮញឹកញាប់បាន ទើបមានការណែនាំឱ្យអ្នកម្តាយដែលផ្ទៃពោះស្តាប់បទភ្លេងតិចៗ ពិរោះៗ ឬអ្នកណាដែលចង់និយាយភាសាអង់គ្លេសជាមួយកូនក៏ចូរស្តាប់បទភ្លេងភាសាអង់គ្លេសដើម្បីឱ្យចងចាំសំនៀងបាន។

    Relaxing pregnant woman on sofa with headphones

    3 – មើលឃើញពន្លឺភ្លើងបានហើយ

    ទារកនឹងមើលឃើញពន្លឺបានច្បាស់នៅពេលមានអាយុក្នុងគភ៌ខែទី 7 បើមានពន្លឺចាំងខ្លាំងមកចំពីមុខ ទារកនឹងបែរខ្លួនចេញព្រោះពន្លឺភ្លឺខ្លាំងជ្រុលពេក។ អ្នកម្តាយមួយចំនួនដែលធ្វើអាល់ត្រាសោនដ៍ក្នុងអំឡុងពេលជិតប្រសូតអាច នឹងបានឃើញកូនតូចបើកភ្នែកឱ្យមើលទៀតផង។

    4 – រៀនយល់ដឹងពីរសជាតិ

    ទារកនៅក្នុងគភ៌អាចដឹងពីរសជាតិអាហារដែលអ្នកម្តាយទទួលទានបានចាប់តាំងពីសប្តាហ៍ទី 7 – 8 និងដឹងគ្រប់រសជាតិ ចាប់តាំងពីសប្តាហ៍ទី 14 ឡើងទៅ។ ក្រៅពីអាហារដែលមានរសជាតិហឹរ ជូរ ផ្អែម ល្វីង ដែលអ្នកម្តាយលេបចូលទៅហើយនោះ កូនតូចនៅបានភ្លក់ទឹកភ្លោះដែលអណ្តែតនៅជុំវិញខ្លួនកូនទៀតផង។ អាចសង្កេតឃើញបានថា នៅពេលដែលកូនតូចប្រសូតចេញមកហើយ កូនអាចទទួលយករសជាតិអាហារក្នុងបែបផ្សេងៗបានទាំងអស់នៅពេលដល់វ័យដែលស័ក្តិសម។

    5 – ចាំក្លឹនម្តាយបានមុនគេទាំងអស់

    ក្រៅពីចាំរសជាតិអាហារបានហើយ នៅអាចចាំក្លឹនអាហារបានទៀតផង តែដែលចាំបានល្អបំផុតនោះគឺ ក្លឹនរបស់ម្តាយ អាចសង្កេតឃើញបានថា បន្ទាប់ពីប្រសូតចេញមក កូនអាចបែរមុខទៅរកម្តាយ ឬបញ្ជាក់ពីខ្លួនម្តាយបានតែម្តង ហើយរឹតតែចិញ្ចឹមទៅបានមួយរយៈហើយ កូននឹងដឹងភ្លាមតែម្តងថា ម្តាយនៅជិត ឬក៏អត់ទៀតផង។ ក្មេងខ្លះដល់ថ្នាក់យំងង៉ក់រករឿងទៀតផងពេលមិនបានធុំក្លឹនម្តាយនៅជិតខ្លួននោះ។

    6 – ចេះយល់សប្តិតាំងពីនៅក្នុងពោះម្ល៉េះ

    មានលទ្ធផលនៃការស្រាវជ្រាវមួយបានរកឃើញថា ទារកដែលស្ថិតនៅក្នុងអាយុគភ៌ 32 សប្តាហ៍ឡើងទៅ អាចចេះយល់សប្តិបានហើយ ដោយសារតែលោកគ្រូពេទ្យបានសាកល្បងពិនិត្យមើលលទ្ធផលនៃការស្រាវជ្រាវក្នុងការធ្វើអាល់ត្រាសោនដ៍ទារកជាច្រើនដង ហើយរកឃើញថា កែវភ្នែក និងរាងកាយរបស់ទារកមានការធ្វើចលនាយ៉ាងរហ័សនៅពេលគេងលក់នៅក្នុងផ្ទៃម្តាយ។

    7 – ត្រៀមខ្លួនជាស្រេចដើម្បីចេញឆ្ពោះមករកពិភពដ៏ធំខាងក្រៅ

    លទ្ធផលស្រាវជ្រាវបានរកឃើញថា ទារកដែលមានអាយុនៅក្នុងគភ៌ 20 សប្តាហ៍ឡើងទៅ នឹងរៀនយល់ដឹងអ្វីផ្សេងៗបានឆាប់រហ័សណាស់ ដូចជា ការបឺតទឹកដោះម្តាយបានភ្លាមៗក្រោយពេលប្រសូតចេញមក។ អ្នកម្តាយខ្លះដែលធ្វើអាល់ត្រាសោនដ៍នៅបានឃើញបឺតម្រាមដៃខ្លួនឯងតាំងពីនៅក្នុងគភ៌ទៀតផង ដែលនោះអាចនិយាយបានថា ជាការហាត់បឺតជញ្ជក់របស់កូនតូចតាំងពីនៅក្នុងផ្ទៃ ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការរស់នៅក្រោយពេលកើតចេញមកហ្នឹងឯង៕

  • អ្នកម្តាយដែលចាញ់កូនខ្លាំង កូននៅក្នងផ្ទៃច្បាស់ជារឹងប៉ឹងខ្លាំងដែរ

    អ្នកម្តាយដែលចាញ់កូនខ្លាំង កូននៅក្នងផ្ទៃច្បាស់ជារឹងប៉ឹងខ្លាំងដែរ

    តាមរយៈការពិនិត្យសម្រាប់ស្រ្តីមានផ្ទៃពោះ 85% ក្នុងអំឡុងត្រីមាសដំបូងនឹងមានអាការចាញ់កូនយ៉ាងខ្លាំងក្លា អ្នកខ្លះដល់ថ្នាក់ញ៉ាំអ្វីមិនបាន ញ៉ាំហើយក្អួតចេញមកវិញអស់ អ្នកខ្លះទៀតចាញ់កូនធ្ងន់ធ្ងរដល់ថ្នាក់ត្រូវទៅគេងព្យួរសេរ៉ូមនៅឯមន្ទីរពេទ្យក៏មាន តែសូមជឿចុះថា អាការចាញ់កូនធ្ងន់ធ្ងររបស់អ្នកម្តាយនេះ គឺជាការបញ្ជាក់ឱ្យដឹងថា កូនមានសុខភាពរាងកាយរឹងមាំល្អតាំងពីនៅក្នុងពោះហ្នឹងឯង។

    លទ្ធផលនៃការតាមដានពិនិត្យមើលអ្នកម្តាយមានគភ៌ជាង 850,000 នាក់ បានដឹងថា អ្នកម្តាយដែលមានអាការចាញ់កូន មិនថាតែចាញ់ខ្លាំង ឬចាញ់តិចនោះទេ ច្រើនតែប្រសូតត្រូវចំគំណត់ពេល ហើយទារកដែលប្រសូតចេញមកក៏មានសុខភាពរាងកាយរឹងមាំល្អ តែសម្រាប់អ្នកម្តាយដែលគ្មានអាការចាញ់កូនសោះនោះ គិតជាភាគរយ 9,5% ច្រើនតែប្រសូតមុនពេលកំណត់ និងអ្នកខ្លះអាចស្លាប់បាត់បង់ជីវិតតាំងពីនៅក្នុងគភ៌ផងក៏មាន។

    អាការចាញ់កូនកើតឡើងបានចំពោះអ្នកម្តាយគ្រប់រូប កើតឡើងដោយសារការដែលអ័រម៉ូនក្នុងរាងកាយប្រែប្រួលយ៉ាងឆាប់រហ័ស រហូតធ្វើឱ្យរាងកាយបញ្ជូនសញ្ញាអ្វីម្យ៉ាងចេញមក ដូចជា ក្អួត អស់កម្លាំងល្វើយ ចង់តែគេងសម្រាករហូត ឆាប់ទទួលដឹងក្លិនលឿនជាងសព្វដង មានកង្វល់ មិនសប្បាយក្នុងខ្លួន ជាដើម តែអាការចាញ់កូនទាំងនេះនឹងកើតធ្ងន់ធ្ងរចំពោះតែក្នុងត្រីមាសដំបូងប៉ុណ្ណោះ លុះឈានចូលដល់អំឡុងត្រីមាសទី 2 អាការចាញ់កូនទាំងនេះនឹងបាត់អស់ទៅវិញ ឬមានអាការស្រួលខ្លួនឡើងវិញជាងមុន បើអ្នកម្តាយមានអាការចាញ់កូន មិនថានឹងច្រើន ឬក៏តិចយ៉ាងណានោះទេ គួរតែប្រាប់ទៅលោកគ្រូពេទ្យឱ្យបានដឹងគ្រប់ពេលដែលទៅពិនិត្យរាងកាយ ដើម្បីលោកគ្រូពេទ្យនឹងបានវាយតម្លៃសុខភាពទារកក្នុងគភ៌របស់អ្នកម្តាយបាន។ អ្នកម្តាយម្នាក់ណាដែលមានអាការចាញ់កូនខ្លាំងអាចញ៉ាំអាហារដើម្បីសម្រាលអាការបានដូចតទៅ ៈ

    1 – ទឹកខ្ញីក្តៅៗ ឬត្រជាក់ ផ្អែមតិចៗ។

    2 – បែងអាហារដែលចង់ទទួលទានចេញជាពេលអាហារតូចៗ ដើម្បីទទួលទានក្នុងពេលថ្ងៃ។

    3 – នំឃុកគី ឬ គ្រែកឃើរ៍ដុំតូចៗទុកយកញ៉ាំក្នុងពេលថ្ងៃ។

    4 – ញ៉ាំទឹកឱ្យបានច្រើនៗ និងសម្រាករាងកាយឱ្យបានគ្រប់គ្រាន់។

    សម្រាប់អាការចាញ់កូន អាចនិយាយបានថាជារឿងប្រក្រតីសម្រាប់អ្នកមានគភ៌ ចូរគិតថា ចាញ់កូនខ្លាំង កូនរឹងប៉ឹងខ្លាំង ព្រោះបញ្ចេញអ័រម៉ូនការមានជីវិតចេញមកច្រើន តែសម្រាប់ស្រ្តីមានគភ៌ដែលគ្មានអាការចាញ់កូនសោះនោះក៏មិនចាំបាច់កង្វល់ដែរ បើពិនិត្យរាងកាយគ្រប់យ៉ាងប្រក្រតីនោះ ក៏បញ្ជាក់ថា អ្នកជាម្តាយដែលសំណាងល្អខ្លាំងណាស់ដែលមិនចាំបាច់នឿយហត់ជាមួយអាការចាញ់កូន៕

  • មិនស្រួលខ្លួនខណៈមានផ្ទៃពោះ ត្រូវមើលថែទាំខ្លួនឯងយ៉ាងណា?

    មិនស្រួលខ្លួនខណៈមានផ្ទៃពោះ ត្រូវមើលថែទាំខ្លួនឯងយ៉ាងណា?

    ត្រឹមតែមានផ្ទៃពោះតែម្យ៉ាងក៏ធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថានឿយហត់ និងចង់សម្រាកឱ្យបានច្រើនៗណាស់ទៅហើយ តែបើអ្នកម្តាយមានគភ៌មានអាការឈឺថ្កាត់ ឬមិនស្រួលខ្លួនរួមជាមួយទៀតផងនោះ ក៏រឹតតែធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថាយ៉ាប់យ៉ឺនទុរុនទុរា ព្រោះអ្នកម្តាយនឹងអស់កម្លាំងខ្លាំងឡើងដល់ទៅទ្វេរដង និងមិនដឹងថានឹងចាត់ការចំពោះខ្លួនឯងយ៉ាងណាស្រួល ដូច្នេះថ្ងៃនេះ ឡារ៉ែន មានវិធីដែលអ្នកម្តាយមានគភ៌ត្រូវធ្វើពេលមានអាការឈឺថ្កាត់ ឬមិនស្រួលខ្លួនមកជម្រាបជូន។

    1 – ពិនិត្យមើលខ្លួនឯង ៈ តើអ្នកគ្រុនក្តៅមិនស្រួលខ្លួនដោយសារអ្វី? អ្នកម្តាយមានគភ៌គួរប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីឱ្យគ្រូពេទ្យពិនិត្យមើលថា អាការដែលអ្នកឈឺថ្កាត់នោះបណ្តាលមកពីឆ្លងមេរោគបាក់តេរី ឬមេរោគវីរុស ព្រោះក្នុងអំឡុងពេលមានគភ៌អ្នកម្តាយនឹងមានប្រព័ន្ធប្រឆាំងជំងឺទាបជាងប្រក្រតីស្រាប់ហើយ និងគួរតែឱ្យគ្រូពេទ្យរកមើលមូលហេតុឱ្យឃើញឱ្យបានលឿនបំផុត។

    2 – នៅពេលដឹងថា ឈឺដោយសារអ្វីហើយ គួរតែបញ្ឈប់ទង្វើនោះ ៈ ដើម្បីកុំឱ្យកើតមានទៀតនៅលើកក្រោយ ដូចជា ប្រឡូកប៉ូកប៉ាកជាមួយអ្នកជំងឺញឹកញាប់ ឬចេញទៅនៅក្នុងកន្លែងដែលមានមនុស្សម្នាច្រើនកុះករញឹកញាប់ជាដើម។

    3 – បើមានអាការដូចតទៅនេះ ស្រ្តីមានគភ៌គួរប្រញាប់ទៅជួបពេទ្យ ៈ គ្រុនក្តៅខ្លួនខ្លាំង នឿយល្វើយខ្លាំងជាងធម្មតា ឈឺ-ក មានអាការហើម ណែនថប់ក្នុងដើមទ្រូង ពិបាកដកដង្ហើម ខ្លួនប្រាណស្លេកស្លាំង វឹលមុខ ឈរទប់ខ្លួនមិនជាប់ អាការទាំងអស់នេះត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។

    ការមើលថែទាំខ្លួនឯងរបស់អ្នកម្តាយមានគភ៌នៅពេលឈឺថ្កាត់

    ជាប្រក្រតីអ្នកម្តាយដែលមានគភ៌ បើឈឺថ្កាត់បន្តិចបន្តួចមិនចាំបាច់ទៅជួបគ្រូពេទ្យក៏បាន អាចព្យាបាលខ្លួនឯងបានបែបងាយៗដោយការទទួលទានទឹកឱ្យបានច្រើន សម្រាកឱ្យបានគ្រប់គ្រាន់ និងមិនគួរប្រើថ្នាំក្នុងការព្យាបាល​ខ្លួនឯងឡើយបើគ្មានវេជ្ជបញ្ជា។

    អ្វីដែលអ្នកម្តាយគួរធ្វើនៅពេលមានអាការឈឺថ្កាត់ គ្រុនក្តៅ មិនស្រួលខ្លួននោះគឺ ទទួលទានទឹកឱ្យបានច្រើនៗ ព្រោះពេលមិនស្រួលខ្លួន រាងកាយនឹងត្រូវការទឹកច្រើនជាងពេលប្រក្រតី ដូច្នេះការទទួលទានទឹកច្រើនធ្វើឱ្យរាងកាយរបស់ស្រ្តីមានគភ៌ឆាប់ស្រួលខ្លួនឡើងវិញ និងមានអារម្មណ៍ល្អឡើង។ ទឹកដែលគួរទទួលទានគឺ ទឹករ៉ែ ទឹកបរិសុទ្ធ បើទទួលទានអាហារមិនបាន គួរទទួលទានទឹកផ្លែឈើច្រ-បាច់ស្រស់ៗ ដើម្បីឱ្យទារកក្នុងគភ៌បានទទួលសារធាតុអាហារដែលចាំបាច់ និងភេសជ្ជៈដែលមិនគួរទទួលទានសោះនោះគឺ ភេសជ្ជៈដែលមានកាហ្វេអ៊ីន និងភេសជ្ជៈដែលមានជាតិអាល់កុល៕

  • ចំណេះដឹងក្នុងការត្រៀមអាហារបន្ថែមសម្រាប់កូនតូច

    ចំណេះដឹងក្នុងការត្រៀមអាហារបន្ថែមសម្រាប់កូនតូច

    នៅពេលកូនតូចចូលដល់វ័យត្រូវញ៉ាំអាហារបន្ថែម លោកឪពុកអ្នកម្តាយត្រូវយកចិត្តទុកដាក់ជាពិសេសបន្តិច ថ្ងៃនេះ ឡារ៉ែនមានចំណេះដឹងល្អៗក្នុងរឿងការត្រៀមជាស្រេចរឿងអាហារបន្ថែមដែលល្អសម្រាប់កូនតូចមកជម្រាបជូនដូចតទៅ។

    ចំណេះដឹងរឿងអាហារបន្ថែម

    ដំបូងគេបង្អស់លោកឪពុកអ្នកម្តាយគួរសិក្សាពីព័ត៌មានការឱ្យអាហារបន្ថែមសម្រាប់កូន ដូចខាងក្រោម ៈ

    – អាហារប្រភេទណាស័ក្តិសមក្នុងការនាំមកបញ្ចុកធ្វើជាអាហារបន្ថែមឱ្យកូនក្នុងរយៈដំបូង និងអំឡុងខែបន្តបន្ទាប់មកទៀត នៅពេលកូនមានវិវឌ្ឍនាការល្អឡើងហើយ។

    – លក្ខណៈរបស់សាច់អាហារ ភាពទន់ ស្អិត ខាប់ រាវ ល្អិត មិនសូវម៉ត់ -ល- បែបណាទើបស័ក្តិសមជាមួយកូនតូចក្នុងអំឡុងខែនីមួយៗដែលកើនឡើង។

    – អាហារដែលមានភាពប្រថុយប្រថានក្នុងការកើតប្រតិកម្មចាញ់លើក្មេងតូចប្រភេទណាខ្លះដែលគួរចៀសវាង។

    – បរិមាណអាហារបន្ថែមដែលស័ក្តិសមជាមួយកូនក្នុងមួយពេលៗ។

    – ដំណាក់កាលក្នុងការត្រៀម ការធ្វើ ការរក្សាទុកអាហារបន្ថែមរបស់កូន រួមទាំងចំណែកផ្សំដែលគួរ និងមិនគួរនាំយកមកលាយផ្សំក្នុងអាហារបន្ថែមរបស់កូន។

    – ករណីដែលទិញអាហារបន្ថែមកញ្ចប់ ឬកំប៉ុង លោកឪពុកអ្នកម្តាយគួរសិក្សាពីវិធីការជ្រើសរើសទិញ វិធីការអានការណែនាំ ដើម្បីប្រយោជន៍ដែលល្អដល់កូនរបស់យើងខ្លួនឯង។

    ចំណេះដឹងរឿងភាពត្រៀមខ្លួនរួចហើយរបស់កូនតូច

    ក្មេងម្នាក់ៗមានវិវឌ្ឍនាការក្នុងការញ៉ាំយឺតលឿនមិនដូចគ្នាទេ បើក្នុងរយៈដំបូងៗកូននៅបដិសេធក្នុងការញ៉ាំអាហារបន្ថែមនោះ ឪពុកម្តាយក៏កុំអាលទៅកង្វល់អ្វីច្រើនពេក គ្រាន់តែធ្វើចិត្តត្រជាក់ និងខំទ្រាំបញ្ចុកតទៅទៀត ថ្ងៃនេះនៅមិនទាន់ញ៉ាំ ឬញ៉ាំត្រឹមតែ 1 – 2 ម៉ាត់ ក៏មិនអីដែរ ស្អែកនេះសឹមចាប់ផ្តើមម្តងទៀត ព្រោះអាហារជាអ្វីដែលក្មេងត្រូវការ និងចាំបាច់យ៉ាងខ្លាំងសម្រាប់គេក្នុងអំឡុងវ័យនេះគឺ ទឹកដោះ។

    ចំណេះដឹងរឿងភាពស្អាត និងមានអនាម័យ

    ជាដំណាក់កាលដែលសំខាន់បំផុតព្រោះក្នុងការបញ្ចុកឪពុកម្តាយគួរប្រយ័ត្នប្រយែងទង្វើខាងក្រោមនេះ ព្រោះអាចនាំមេរោគចូលទៅក្នុងរាងកាយកូនបាន។

    – ការផ្លុំដោយមាត់ដើម្បីឱ្យត្រជាក់គួរប្រយ័ត្នការខ្ទាតទឹកមាត់ផង។

    – ការបៀមអាហារឱ្យកូនដើម្បីឱ្យត្រជាក់។

    – ការទំពារ ឬប្រើធ្មេញខាំជាចំណឹតតូចៗមុននឹងបញ្ចុកកូន។

    – ការប្រើដៃ ឬវត្ថុផ្សេងៗចាប់អាហារបញ្ចុកចូលមាត់កូនដោយមិនបានលាងសម្ងាតឱ្យបានស្អាតជាមុន៕

  • ក្មេងលេងជាមួយទឹក បានទាំងក្តីសប្បាយ បានទាំងភាពឆ្លាត

    ក្មេងលេងជាមួយទឹក បានទាំងក្តីសប្បាយ បានទាំងភាពឆ្លាត

    ដោយសារតែក្មេងគ្រប់គ្នាចូលចិត្តលេងទឹក ពេលណាដែលខ្លួនប្រាណទទឹក អារម្មណ៍ធូរស្រាលនឹងកើតឡើងជាសន្សឹមៗ ដូច្នេះហើយទើបការលេងជាមួយទឹក គឺជាកិច្ចការដែលនឹងបានទទួលអារម្មណ៍ល្អៗ ស្រស់ថ្លា សប្បាយ និងរំភើបញាប់ញ័រ មិនថាជាមួយក្មេងក្នុងភេទ ឬវ័យណាក៏ដោយសុទ្ធតែមានប្រយោជន៍ទាំងចំពោះរាងកាយ និងការធ្វើការរបស់ខួរក្បាលទាំងអស់។

    1- ការលេងជាមួយទឹកគឺជាកិច្ចការមួយដែលជំរុញការធ្វើចលនារបស់រាងកាយ ដែលល្អចំពោះសុខភាព ធ្វើឱ្យកើតភាពយឺតយាររបស់សាច់ដុំ បណ្តុះសេចក្តីស្រឡាញ់ក្នុងការនៅកណ្តាលទីវាល និងមិនខ្លាចទឹក។

    2 – ភាគច្រើនក្មេងដែលចូលចិត្តលេងទឹកត្រូវបានរកឃើញថា មានសុខភាពរឹងប៉ឹង ជាពិសេសក្មេងដែលចូលចិត្តហែលទឹក នឹងបានទទួលការហាត់ប្រាណក្នុងរាងកាយគ្រប់ចំណែក មានសួតដែលរឹងមាំ និងចេះជួយខ្លួនឯងបាននៅពេលកើតឧបត្តិហេតុបន្ទាន់ខាងផ្លូវទឹក។

    3 – ក្មេងមានអារម្មណ៍ល្អពីការលេងទឹក ហុចផលឱ្យខួរក្បាលបង្ហូរសារធាតុអេនដូហ្វ៊ីនដែលមានទាំងសេចក្តីសុខ និងភាពក្លៀវក្លា។

    4 – ក្មេងនឹងបានយល់លើហេតុផលខាងវិទ្យាសាស្រ្តពាក់ព័ន្ធនឹងការធ្វើចលនារបស់ទឹក កម្លាំងទំនាញរបស់ផែនដី និងបរិស្ថានវិទ្យា ធ្វើឱ្យក្លាយជាក្មេងដែលមានហេតុផល ឆ្លាតវៃ និងមានចំណេះដឹងជុំវិញខ្លួនច្រើន។

    5 – ក្មេងនឹងបានប្រើការនឹកស្រមៃក្នុងការលេងជាមួយទឹក ក្មេងៗនឹងបានគំនិត និងការគិតស្រមៃផ្លាស់ប្តូរវិធីការលេងដោយខ្លួនឯងនៅក្នុងទឹក។

    6 – ការលេងទឹកនៅកណ្តាលទីវាលក្នុងពេលវេលាដែលស័ក្តិសម ដូចជាព្រឹក និងល្ងាច ធ្វើឱ្យក្មេងបានទទួលវីតាមីន D ពីធម្មជាតិ បានស្រូបយកខ្យល់អាកាសបរិសុទ្ធ និងមានភាពប្រឆាំងជំងឺកាន់តែល្អឡើងទៀតផង។

    7 – ការលេងទឹកជួយអភិវឌ្ឍជំនាញខាងសង្គមទៅជាមួយផង នៅពេលដែលត្រូវលេងជាមួយក្មេងឯទៀតៗ ឬប្រើអាងហែលទឹករួមជាមួយអ្នកដទៃ បានរៀនយល់ដឹងពីការធ្វើបដិសម្ព័ន្ធក្នុងទីសាធារណៈបានល្អទៀតផង។

    8 – កិច្ចការងារលេងទឹកដែលភាគច្រើនមានអាណាព្យាបាលទៅជាមួយដែរនោះ ជួយរឹតចំណងសម្ព័ន្ធភាពក្នុងគ្រួសារឱ្យមានកិច្ចការងារសប្បាយរីករាយរួមគ្នា៕