Tag: មាតា និងទារក

  • រឿងដែលគួរដឹង មុននឹងឆុងទឹកដោះឱ្យកូន

    រឿងដែលគួរដឹង មុននឹងឆុងទឹកដោះឱ្យកូន

    ទឹកដោះម្តាយគឺជាអាហារសម្រាប់ទារកដែលល្អបំផុតដែលអ្នកម្តាយដឹងច្បាស់ណាស់ តែក៏មានអ្នកម្តាយមិនតិចនាក់ទេដែលមិនអាចចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងបាន ឬបំបៅទឹកដោះកូនបានតែមិនប៉ុន្មានខែ បន្ទាប់ពីនោះក៏ងាកទៅពឹងលើទឹកដោះម្សៅវិញម្តង តែដើម្បីសុខភាព និងសុវត្ថិភាពរបស់កូនតូចជាទីស្រឡាញ់ ឡារ៉ែនសូមលើកយកចំណេះដឹងក្នុងការជ្រើសរើសម្សៅទឹកដោះ វិធីឆុង និងទុកដាក់ថែរក្សាមកជម្រាបជូនដូចខាងក្រោម។

    ភាគច្រើនរបស់ម្សៅទឹកដោះគឺច្នៃប្រឌិតមកពីទឹកដោះគោដែលធ្វើឱ្យមានចំណែករបស់ប្រូតេអ៊ីន ខ្លាញ់ និងស្ករ ស័ក្តិសមសម្រាប់ក្មេងតូចៗដែលហៅថា “ម្សៅទឹកដោះគោកែច្នៃសម្រាប់ទារក” និងបន្ទាប់ពីទារកអាយុបាន 6 ខែឡើងទៅ អ្នកម្តាយក៏អាចនឹងប្តូរជាម្សៅទឹកដោះគោដែលមានប្រូតេអ៊ីនកាន់តែខ្ពស់ឡើង ដើម្បីឱ្យកូនតូចបានទទួលប្រូតេអ៊ីនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ ដែលនឹងនាំយកទៅសាងជាសាច់ដុំផ្សេងៗ ព្រោះក្មេងតូចក្នុងវ័យនេះរាងកាយនឹងចម្រើនធំធាត់លឿនណាស់។

    មុនគេបង្អស់ នៅពេលអ្នកម្តាយសម្រេចចិត្តចិញ្ចឹមកូនដោយម្សៅទឹកដោះគោហើយនោះ រឿងដំបូងគេដែលអ្នកម្តាយត្រូវនឹកដល់ពេលទៅទិញម្សៅទឹកដោះគោនោះគឺ ការពិនិត្យមើលម្សៅទឹកដោះដែលមានស្តង់ដារ ជ្រើសរើសប្រភេទរបស់ម្សៅទឹកដោះគោឱ្យកូនយ៉ាងត្រឹមត្រូវ ស័ក្តិសមនឹងវ័យរបស់កូន បន្ទាប់ពីនោះត្រូវពិនិត្យមើលថ្ងៃខែឆ្នាំផលិត និងថ្ងៃផុតកំណត់គ្រប់ពេល និងអ្វីដែលសំខាន់គឺកុំទិញមកស្តុកទុកច្រើនជ្រុលពេកដោយសារតែឃើញមានតម្លៃថោកឱ្យសោះ ព្រោះទុកយូរអាចនឹងខូចគុណភាព និងមុនពេលទិញរៀងរាល់លើកអ្នកម្តាយគួរតែពិនិត្យមើលសភាពរបស់កំប៉ុងកុំឱ្យមានស្នាមក្រពិត ឬទ្រុឌខុសទម្រង់ដើមឱ្យសោះ និងរឿងដែលសំខាន់មួយទៀតនោះគឺ នៅពេលទិញមកហើយគួរទុកដាក់នៅក្នុងកន្លែងដែលស្អាតមានអានាម័យ មិនត្រូវកម្តៅថ្ងៃ និងស្ងួត។

    រឿងដែលអ្នកម្តាយគួរដឹងមុននឹងឆុងទឹកដោះគោឱ្យកូនតូច ករណីដំបូង សម្រាប់អ្នកម្តាយដែលចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងរួមជាមួយម្សៅទឹកដោះគោនោះ ដើម្បីឱ្យកូនតូចបានទទួលគុណប្រយោជន៍ច្រើនបំផុត និងជាការសន្សំសំចៃផងនោះ អ្នកម្តាយគួរៈ

    – ឱ្យកូនតូចបៅទឹកដោះគោឆុងចំពោះតែពេលណាដែលចាំបាច់បានហើយ ដូចជា ពេលអ្នកម្តាយមានធុរៈត្រូវចេញទៅក្រៅ និងពេលត្រឡប់មកផ្ទះវិញគួរឱ្យកូនបាន​បៅទឹកដោះម្តាយតាមប្រក្រតី។

    – ឆុងទឹកដោះគោឱ្យត្រូវតាមក្បួន ដោយអានពាក្យណែនាំនៅលើកំប៉ុងម្សៅទឹកដោះគោ ព្រោះម្សៅទឹកដោះគោនីមួយៗមានចំណែកផ្សំមិនដូចគ្នាទេ។

    – ភាពស្អាតមានអនាម័យគឺជារឿងសំខាន់បំផុតសម្រាប់ទារក ឧបករណ៍ផ្សេងៗដែលប្រើសម្រាប់ឆុងទឹកដោះគោត្រូវលាងឱ្យបានស្អាតគ្រប់ពេល និងត្រូវដាក់ចំហុយ ឬស្ងោរសម្លាប់មេរោគគ្រប់ពេល។

    – ឆុងក្នុងបរិមាណដែលល្មមនឹងតម្រូវការរបស់កូនតូច មិនគួរឆុងទុកចោលយូរពេកទេ ទឹកដោះដែលសល់ពីការឱ្យទារកបៅហើយនោះ ចូរចាក់ចោល មិនគួរយកមកឱ្យកូនតូចបៅម្តងទៀតឡើយ។

    – ក្នុងអំឡុងពេលបៅទឹកដោះគ្រប់ពេល បើកូនតូចបៅឈប់ បៅឈប់នោះ ពេលអ្នកម្តាយទុកដបទឹ​កដោះគោ អ្នកម្តាយត្រូវតែបិទគម្របភ្លាម និងត្រូវលាងសម្អាតដបទឹកដោះគោភ្លាមៗនៅពេលឈប់ឱ្យកូនបៅហើ​យ ព្រោះបើទុលចោលវានឹងក្លាយជាកំណក ធ្វើឱ្យពិបាកលាងសម្អាត ងាយនឹងកើតមេរោគ និងនៅពេលលាងស្អាត និងស្ងោរសម្លាប់មេរោគរួ​ចហើយ គួររៀបចំទុក​ដាក់នៅក្នុងកន្លែងដែលស្ងួត និងស្អាត៕

  • នៅពេលកូនតូចគេងភ្ញាក់កន្រ្ទាក់ៗ តើអ្នកម្តាយគួរធ្វើយ៉ាងណា?

    នៅពេលកូនតូចគេងភ្ញាក់កន្រ្ទាក់ៗ តើអ្នកម្តាយគួរធ្វើយ៉ាងណា?

    អ្នកម្តាយដែលមានកូនខ្ចី ឬទារកទើបនឹងកើតរហូតដល់ជាងមួយឆ្នាំ ប្រហែលជាធ្លាប់ជួបអាការភ្ញាក់កន្រ្ទាក់របស់កូនតូចជា​ញឹកញាប់ក្នុងខណៈដែលកូនតូចកំពុងគេងលក់ខ្លះមិនខាន បើធ្លាប់ឆ្លងកាត់បទពិសោធន៍ធ្វើជាអ្នកម្តាយរួចមកហើយនោះ ក៏ប្រហែលជាមានវិធីកែខៃខ្លះហើយ តែបើសម្រាប់អ្នកម្តាយថ្មោងថ្មីវិញ អាចនឹងកើតក្តីវិតក្កកង្វល់ថា តើមានរឿងអ្វីកើតឡើងចំពោះកូនតូច និងតើអាចបង្កជាគ្រោះថ្នាក់ដល់កូនសម្លាញ់ដែរឬទេ?។

    អាការភ្ញាក់កន្រ្ទាក់ៗ គឺជាប្រតិកម្មតបស្នងមកវិញដោយស្វ័យប្រវត្តិ ( Reflex ) របស់ទារក ជារឿងប្រក្រតីធម្មតាទេ ហើយអាការនេះនឹងបាត់ទៅវិញនៅពេលក្មេងធំឡើងជារឿយៗ ចំណែកមូលហេតុខាងក្រៅផ្សេងទៀតដែលធ្វើឱ្យទារកភ្ញាក់កន្រ្ទាក់ ឬភ្ញាក់ភ័យនោះមានបច្ច័យ 2 យ៉ាងគឺ ៈ

    1 – ភាពរហ័សចំពោះសំឡេង

    ដោយសារតែទារកមានរន្ធត្រចៀកតូចជាងមនុស្សធំនោះ ធ្វើឱ្យរហ័សចំពោះសំឡេងខ្លាំងជាង ដោយសំឡេងដែលទារកបានឮនោះគឺ -10 ទៅដល់ 140 ដេស៊ីបេល ដែលខុសផ្លែកពីមនុស្សទូទៅដែលបានឮសំឡេងក្នុងចន្លោះ 0 – 120 ដេស៊ីបេល ធ្វើឱ្យទារកភ្ញាក់កន្រ្ទាក់បានយ៉ាងងាយទោះជាមានសំឡេងត្រឹមតែស្រាលៗក៏ដោយ។

    វិធីកែបញ្ហានេះ គឺ បើកបទភ្លេងឱ្យឮរហ៊ឹមៗតិចៗ ជាពិសេសបទភ្លេងដែលធ្លាប់បានឮខណៈនៅក្នុងគភ៌ ឬបង្ហើបទ្វាបន្ទប់បន្តិចដើម្បីឱ្យបានឮសំឡេងឪពុកម្តាយជជែកគ្នា សំឡេងធ្វើកិច្ចការងារប្រចាំថ្ងៃរបស់ក្រុមគ្រួសារ និងសំឡេងបរិស្ថានជុំវិញផ្ទះ តែមិនគួរឮខ្លាំងពេកទេ ព្រោះនឹងមានគ្រោះថ្នាក់ដល់ប្រព័ន្ធការចម្រើនធំធាត់របស់ត្រចៀក និងខួរក្បាលរបស់កូនតូច។

    2 – ភ្ញាក់កន្រ្ទាក់ដោយសារការយល់សប្តិ

    អ្នកម្តាយនឹងសង្កេតឃើញថា ត្របកភ្នែករបស់ទារកនឹងញ័រខណៈពេលគេងលក់ នោះក៏ព្រោះតែទារកកំពុងតបស្នងនឹងអ្វីដែលកំពុងយល់សប្តិ តែក្មេងតូចនឹងគ្នានការយល់សប្តិអាក្រក់នោះទេ នឹងមានត្រឹមតែឃើញរូបភាពគាំងៗប៉ុណ្ណោះ ដោយនឹងយល់សប្តិច្រើនបំផុតក្នុង 2 សប្តាហ៍ដំបូង ហើយនឹងថយចុះជាបណ្តើរៗនៅពេលធំឡើងរហូតក្រោយអាយុ 3 ឆ្នាំទើបយល់សប្តិដូចមនុស្សធំ។ ខណៈពេលដែលទារកយល់សប្តិខួរក្បាលរបស់គេនឹងធ្វើការ កោសិកាខួរក្បាលមានការតភ្ជាប់គ្នាជាប់ជានិច្ច និងមានចំណែកសំខាន់ណាស់សម្រាប់វិវឌ្ឍនាការផ្នែកការគិត។

    វិធីកែខៃនៅពេលទារកភ្ញាក់កន្រ្ទាក់ ឬភ្ញាក់ភ័យ

    – យកក្រណាត់រុំខ្លួន ព្រោះនឹងធ្វើឱ្យទារកមានអារម្មណ៍ថាកក់ក្តៅដូចនៅក្នុងគភ៌ម្តាយ តែគួរជ្រើសរើសក្រណាត់ឱ្យស័ក្តិសម​នឹងសភាពធាតុអាកាសដែលជាប្រទេសក្តៅរបស់ស្រុកយើងផង បើនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ចូរប្រើក្រណាត់រុំខ្លួនបែបធម្មតាទូទៅ ឬកន្សែងពោះគោក៏បាន។

    – ដាក់ក្មេងឱ្យគេងផ្កាប់ វិធីនេះប្រើបានផលល្អស្ទើរតែ 100% តែស័ក្តិសមជាមួយទារកដែលកចាប់ផ្តើមរឹង ឬមានទម្ងន់ខ្លួនប្រមាណ 3,500 – 4,000 ក្រាមប៉ុណ្ណោះ ដែលអាយុម្នាក់ៗអាចនឹងខុសផ្លែកពីគ្នា ហើយពូកគេងគួរតែរាបស្មើ តែទន់ល្មម មិនគួរជាពូកដែលទន់ខ្លាំងរហូតលេចខ្លួនដែលអាចធ្វើឱ្យក្មេងពិបាកដកដង្ហើមនោះទេ។

    – យកក្រណាត់រាងក្រាស់បន្តិចមកបត់ច្រើនជាន់ឱ្យប៉ុនបាតជើងមនុស្សធំ រួចយកទៅដាក់លើដើមទ្រូងរបស់ទារកខណៈពេលគេងលក់ អាចនឹងជួយកាត់បន្ថយអាការភ្ញាក់កន្រ្ទាក់បាន។

    – ដាក់ឱ្យគេងផ្អៀង ស័ក្តិសមជាមួយទារកទើបនឹងកើត ឬទារកដែលមានទម្ងន់ខ្លួនតិចជាង 3,500 ក្រាម អាស្រ័យលើភាពរឹងប៉ឹងមាំមួនរបស់ទារកម្នាក់ៗ និងគួរដាក់ខ្នើយទប់ខ្នងរបស់ក្មេងផង។

    លោកឪពុកអ្នកម្តាយទាំងឡាយសាកល្បងពិចារណាមើលទៅថា តើវិធីណាស័ក្តិសម និងមានសុវត្ថិភាពបំផុតសម្រាប់កូនតូចរបស់លោកអ្នក៕

  • ទម្លាប់ញ៉ាំបន្លែ សាងបានតាំងពីកូននៅក្នុងផ្ទៃ

    ទម្លាប់ញ៉ាំបន្លែ សាងបានតាំងពីកូននៅក្នុងផ្ទៃ

    “កៀរបន្លែទៅដាក់កៀនចានទៀតហើយ!” នេះប្រហែលជាបញ្ហាដែលសាងក្តីលំបាកចិត្តដល់អ្នកម្តាយជាច្រើននាក់មិនខានឱ្យតែដល់ពេលត្រូវញ៉ាំអាហាររបស់កូនតូច ព្រោះធម្មជាតិរបស់ក្មេងតូច ច្រើនតែជាប់ចិត្តនឹងរសជាតិរបស់អាហារដែលមានចំណែកផ្សំពីស្ករ និងអំបឹលបានយ៉ាងងាយ ទើបច្រើនតែបដិសេធការញ៉ាំអាហារដែលមានរសជាតិល្វីង ជាពិសេសបន្លែស្លឹកបៃតងដែលមានប្រយោជន៍ចំពោះសុខភាព។

    តែលទ្ធផលនៃការស្រាវជ្រាវដែលបានបញ្ជាក់ថា ទារកភាគច្រើនៗតែមានសញ្ញាថាចូលចិត្តរសជាតិអាហារដែលម្តាយបរិភោគក្នុងអំឡុងពេលដែលនៅក្នុងគភ៌ និងពេលបៅទឹកដោះម្តាយ ទើបអាចរាប់បានថាជាឱកាសដ៏ល្អមួយបើសិនជាអ្នកម្តាយចង់សាងទម្លាប់ចូលចិត្តញ៉ាំបន្លែដល់កូនតូចនោះ ដោយជ្រើសរើសទទួលទានអាហារដែលត្រឹមត្រូវ និងស័ក្តិសម មិនមែនជាអាហារដែលមានរសជាតិខ្លាំង(ប្រៃខ្លាំង ផ្អែមខ្លាំង) និងបរិភោគបន្លែផ្លែឈើឱ្យបានច្រើនមុខ ច្រើនប្រភេទក្នុងបរិមាណច្រើនក្នុងអំឡុងពេលមានគភ៌ និងពេលបំបៅទឹកដោះកូន ដើម្បីឱ្យកូនតូចបើកទទួលយកការបរិភោគបន្លែ និងផ្លែឈើច្រើនឡើងបន្ទាប់ពីលែងបៅទឹកដោះហើយនោះ ព្រោះពួកគេនឹងស៊ាំធ្លាប់ជាមួយរសជាតិរបស់អាហារទាំងនោះ។

    ការស្រាវជ្រាវនេះគឺជាលទ្ធផលដែលបានមកពីការពិនិត្យមើលលើទារកដែលមានអាយុចាប់ពី 6 ខែរហូតដល់ 1 ឆ្នាំដែលរកឃើញថា ក្មេងដែលអ្នកម្តាយញ៉ាំទឹកការ៉ុតក្នុងអំឡុងពេលតាំងគភ៌ជាប្រចាំ ឬមួយសប្តាហ៍ច្រើនដងនោះ នឹងចូលចិត្តញ៉ាំអាហារស៊ីរៀល​រសជាតិការ៉ុតខ្លាំងជាងក្មេងក្នុងក្រុមដទៃទៀត ទើបអាចអះអាងបានថា រសជាតិរបស់អាហារដែលមាតាបរិភោគចូលទៅនោះអាចបញ្ជូនទៅដល់កូនតូចតាមរយៈទឹកភ្លោះ និងទឹកដោះរបស់មាតាបាន ទើបសរុបបានថា រូបបែបការបរិភោគអាហាររបស់មាតាហុចផលដល់លក្ខណៈនិស្ស័យការញ៉ាំរបស់កូនតូច ដូច្នេះ រឹតតែអ្នកម្តាយបរិភោគអាហារសម្បូរបែបច្រើនប៉ុនណា កូនដែលកើតមកក៏នឹងមិនរឿងច្រើនក្នុងការញ៉ាំអាហារតាមនោះដែរ។

    តែរឿងនោះក៏មិនទាន់ហួសពេលដែរសម្រាប់អ្នកម្តាយដែលកំពុងនឹកស្តាយថា “បើដឹងថាអ៊ីចឹង ញ៉ាំបន្លែឱ្យបានច្រើនៗតាំងពីពេលមានផ្ទៃពោះទៅហើយ” នោះ ព្រោះយើងនៅអាចបង្រៀនឱ្យក្មេងសម្របខ្លួនទទួលយក និងចូលចិត្តញ៉ាំបន្លែយ៉ាងឆាប់រហ័សបានតាំងពីពេលចាប់ផ្តើមផ្លាស់ប្តូរពីការញ៉ាំទឹកដោះមកជាអាហាររឹងបាន។ បទសរុបរបស់ការស្រាវជ្រាវនេះ កើតពីការសាកល្បងឱ្យក្មេងញ៉ាំសណ្តែកហោឡាន់តៅជាប់ៗគ្នារយៈពេល 8 ថ្ងៃ ក្រោយពេលចាប់ផ្តើមប្តូរពីទឹកដោះមកជាអាហារ ហើយរកឃើញថា ក្មេងនឹងញ៉ាំសណ្តែកគិតជាមធ្យមច្រើនឡើងនៅពេលពេលវេលាកន្លងទៅ។ ដូច្នេះ មិនមែនចំពោះតែក្មេងដែលបៅទឹកដោះម្តាយប៉ុណ្ណោះទេ ក្មេងដែលបៅទឹកដោះគោម្សៅក៏អាចសម្របខ្លួន និងមានទម្លាប់ចូលចិត្តការញ៉ាំបន្លែបានដែរ បើពួកគេបានរៀនយល់ដឹងពីរឿងការញ៉ាំបន្លែ និងផ្លែឈើតាំងពីពេលឈប់បៅទឹកដោះភ្លាមនោះ។

    ចូរចាំទុកថា ការលួចដាក់បន្លែល្វីងៗនៅក្នុងអាហារដែលក្មេងៗចូលចិត្តញ៉ាំនោះ មិនមែនជាវិធីដែលល្អក្នុងការបង្រៀនពួកគេឱ្យស្គាល់ការញ៉ាំបន្លែនោះទេ ព្រោះក្មេងៗចាំបាច់ត្រូវរៀនយល់ដឹងក្នុងការចូលចិត្តរសជាតិរបស់វាដោយប្រាសចាករសជាតិដទៃទៀតដែលនឹងធ្វើឱ្យពិបាកក្នុងការសាងទម្លាប់ចូលចិត្តការញ៉ាំបន្លែ៕

  • អ្នកម្តាយថ្មោងថ្មីត្រូវដឹងអ្វីខ្លះ មុននឹងចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង

    អ្នកម្តាយថ្មោងថ្មីត្រូវដឹងអ្វីខ្លះ មុននឹងចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង

    អ្នកម្តាយទាំងអស់គ្នាបានដឹងច្បាស់ហើយថា ទឹកដោះម្តាយគឺជាសារធាតុអាហារដ៏សំខាន់ និងមានភាពចាំបាច់ចំពោះរាងកាយរបស់កូនខ្លាំងណាស់ ព្រោះសារធាតុអាហារដែលមាននៅក្នុងទឹកដោះម្តាយគឺសារធាតុអាហារពិសេសដែលហៅថា “ព្រីបៃអូទិក” ជាសារធាតុអាហារដែលជួយឱ្យការចម្រើនធំធាត់របស់កូនតូចកាន់តែមានប្រសិទ្ធភាពឡើង។

    ថ្ងៃនេះទំព័រសុខភាពមាតា និងទារក របស់ទស្សនាវដ្តី ឡារ៉ែនសូមលើកយកចំណេះដឹងរឿងទឹកដោះម្តាយមកជម្រាបជូនមិត្តអ្នកអាន រួមទាំងវិធីជំរុញឱ្យមានទឹកដោះច្រើនផងដែរ។

    1 – ត្រៀមកាយ ត្រៀមចិត្តឱ្យរួចជាស្រេច

    សម្រាប់អ្នកម្តាយដែលតាំងចិត្តចង់ចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងពិតៗនោះ ប្រាកដណាស់ថានឹងមានការព្យាយាមយ៉ាងខ្លាំងចំពោះការបំបៅដោះកូនតូច និងដែលសំខាន់នោះ ការចិញ្ចឹមកូនដោយទឹកដោះម្តាយគឺជាចំណុចចាប់ផ្តើមដែលល្អក្នុងការត្រៀមរួចជាស្រេចទាំងចិត្ត – កាយ និងក្នុងរឿងផ្សេងទៀតផង។

    2 – ស្វែងរកព័ត៌មាន និងចំណេះដឹងបន្ថែម

    ប្រាកដណាស់ថា ការស្វែងរកចំណេះដឹងនឹងជួយឱ្យអ្នកម្តាយកាន់តែមានភាពជឿជាក់ខ្លាំងឡើងថា ខ្លួនឯងនេះគឺជាអ្នកម្តាយដែលល្អបំផុតសម្រាប់កូនសម្លាញ់ពិតមែន ព្រោះព័ត៌មានផ្សេងៗនោះនឹងអាចធ្វើឱ្យយើងដឹងពីវិធីការបំបៅទឹកដោះកូនតូចយ៉ាងត្រឹមត្រូវ និងពេលជួបនឹងបញ្ហាផ្សេងៗនោះ ក៏អ្នកម្តាយអាចទប់ទល់បានទាន់ពេលដែរ។

    3 – ជំរុញទឹកដោះ 3 ថ្ងៃដំបូងក្រោយប្រសូត

    ក្នុងអំឡុងពេលបីថ្ងៃដំបូងដែលកូនប្រសូតចេញមកនោះ អាចនឹងនិយាយបានថា ជាអំឡុងពេលដែលមិនបានសង្កត់ធ្ងន់លើការបំបៅទឹកដោះកូនតូចបែបច្បាស់លាស់ប៉ុន្មាននោះទេ ដោយសារតែក្រពះអាហាររបស់កូននៅតូច ដូច្នេះទើបគេត្រូវការទឹកដោះមិនច្រើនប៉ុន្មានទេ តែរឿងដែលសំខាន់នោះគឺ ភាពជិតដិតស្និទ្ធស្នាលរវាងអ្នកម្តាយ ជាមួយកូនតូចដែលនឹងត្រូវតែស្អិតល្មួត និងស្ថិតស្ថេរកាន់តែខ្លាំងឡើង។

    4 – អ្នកជំនួយការដ៏សំខាន់ក្នុងការជំរុញទឹកដោះនោះ គឺកូន

    បន្ទាប់ពីប្រសូតរួចរាល់ហើយ អ្នកគ្រូពេទ្យច្រើនតែបីកូនមកឱ្យបៅទឹកដោះម្តាយ ដោយសារតែកូនទើបនឹងកើតភ្លាមនោះមានសមត្ថភាពក្នុងការបៅជញ្ជក់ទឹកដោះបានជាស្រេចហើយហ្នឹងឯង រឹតតែលើកយកមកដាក់នៅលើដើមទ្រូងរបស់អ្នកម្តាយ ឬយកមកដាក់នៅលើពោះរបស់អ្នកម្តាយក៏ដោយ កូនសម្លាញ់នឹងព្យាយាមរើប្រវេប្រវាទៅឱ្យជិតដោះអ្នកម្តាយ ហើយកម្រើកមាត់ដើម្បីត្របាក់ក្បាលដោះអ្នកម្តាយ ហើយការប៉ះពាល់នេះក៏នឹងបញ្ជូនសញ្ញានេះទៅឯខួរក្បាលរបស់អ្នកម្តាយថា កូនមកបៅដោះហើយ បន្ទាប់ពីនោះក៏នឹងមានកម្មវិធីបញ្ជាការផលិតទឹកដោះឡើង ទើបការបំបៅទឹកដោះម្តាយដំណើរការទៅតាមធម្មជាតិ នេះគឺដោយសារតែកូនស៊ាំធ្លាប់នឹងការបៅដោះម្តាយតាំងពីដំបូងហ្នឹងឯង។

    5 – កុំអាលទិញដបទឹកដោះគោឱ្យកូន

    សម្រាប់អ្នកម្តាយដែលត្រូវការបំបៅទឹកដោះម្តាយដល់កូនឱ្យបានជោគជ័យនោះ ក្នុងអំឡុងពេលដំបូងៗនោះ កុំទិញដបទឹកដោះគោមកប្រើជាដាច់ខាត ព្រោះនៅពេលមានដបទឹកដោះគោនៅជិតដៃ ក៏នឹងមានសញ្ញាថា អ្នកម្តាយនឹងស្រវាយកមកឱ្យកូនបៅមិនខាន។ រឿងនេះអាចនឹងក្លាយជាចំណុចតូចមួយដែលអ្នកម្តាយមើលរំលង រហូតធ្វើឱ្យការបំបៅទឹកដោះកូនដោយទឹកដោះម្តាយមិនបានទទួលជោគជ័យហ្នឹងឯង។

    អ្នកម្តាយម្នាក់ណាដែលចង់ចិញ្ចឹមកូនដោយទឹកដោះដែលចេញមកពីដោះរបស់ខ្លួនឯងឱ្យបានជោគជ័យនោះ កុំភ្លេចយកចិត្តទុកដាក់លើរឿងតូចៗដែលឡារ៉ែនបានយកមកជម្រាបជូននេះ ព្រោះការបំបៅទឹកដោះកូន គឺជារឿងសំខាន់ និងគួរឱ្យមានមោទនភាពណាស់សម្រាប់ស្រ្តីជាម្តាយគ្រប់រូប៕

  • ស្រ្តីមានគភ៌ត្រូវតែដឹង! វិធីទប់ទល់នឹងអាការចាញ់កូន

    ស្រ្តីមានគភ៌ត្រូវតែដឹង! វិធីទប់ទល់នឹងអាការចាញ់កូន

    ពេលមានផ្ទៃពោះថ្មីៗអំឡុង 3 ខែដំបូង ស្រ្តីមានគភ៌ត្រូវប្រឈមនឹងអាការចាញ់កូន ដែលបើសិនជាមានផ្ទៃពោះកូនដំបូងផងនោះ ស្រ្តីជាច្រើននាក់ប្រហែលជាតាំងខ្លួនដើម្បីទប់ទល់នឹងអាការចាញ់កូននេះមិនត្រូវឡើយមើលទៅ។ ក្នុងអត្តបទនេះ ឡារ៉ែនសូមនាំយកវិធីងាយៗដើម្បីត្រៀមខ្លួនទប់ទល់ជាមួយអាការចាញ់កូននេះមកជម្រាបជូន តើជាវិធីបែបណាខ្លះនោះ សូមតាមដានជាបន្ត។

    បែងពេលញ៉ាំអាហារជាពេលតូចៗ(ញ៉ាំច្រើនដង ម្តងបន្តិច)

    ហេតុអីចាំបាច់បែងពេលញ៉ាំអាហារចម្បងៗជាពេលតូចៗ? នោះក៏ព្រោះថា ក្នុងខណៈមានគភ៌ ក្រពះអាហាររបស់យើងអាចនឹងរំលាយអាហារយឺតជាងប្រក្រតី ពេលទទួលទានអាហារម្តងៗច្រើនៗនោះ ក្រពះនឹងរំលាយមិនទាន់ និងជំរុញឱ្យកើតអាការក្អួតចង្អោរឡើងហ្នឹងឯង ដូច្នេះការបែងពេលញ៉ាំអាហារជាពេលតូចៗគឺជាវិធីដែលជួយបានល្អបំផុត និងដែលសំខាន់គួរជ្រើសរើសទទួលទានអាហារណាដែលទន់ៗ ងាយស្រួលរំលាយផង។

    ញ៉ាំផ្លែឈើ ឬអាហារដែលមានរសជាតិជូរៗ

    ផ្លែឈើ ឬអាហារដែលមានរសជាតិជូរនឹងជួយសម្រាលអាការចាញ់កូនបានល្អ ជាពិសេសអាការក្អួតចង្អោរ ហើយផ្លែឈើដែលស័ក្តិសមបំផុតនោះមានដូចជា ក្រូច ស្វាយខ្ចី ម្នាស់ ឬអំពឹល ធានាថាញ៉ាំហើយជូរយ៉ាងឆ្ងាញ់មាត់ និងថែមទាំងអាការចាញ់កូនក៏ធូរស្រាលចុះទៀតផង តែក៏កុំទទួលទានច្រើនជ្រុលពេក ព្រោះអាចធ្វើឱ្យរាករូសបាន។

    សម្រាកឱ្យបានគ្រប់គ្រាន់

    នៅពេលកើតអាការចាញ់កូន ស្រ្តីមានផ្ទៃពោះនឹងមានអារម្មណ៍នឿយល្វើយ និងចង់សម្រាកខ្លាំងបំផុត ក្នុងអំឡុងពេលនេះស្រ្តីមានផ្ទៃពោះមិនគួរបង្ខំខ្លួនឯងឡើយ ទោះជាមានការងារច្រើនប៉ុនណាក៏ដោយ ក៏ត្រូវតែរកពេលវេលាគេងសម្រាកឱ្យបានច្រើនដែរ។ ទាំងអស់នេះគឺដើម្បីសម្រាលអាការចាញ់កូន និងមើលថែទាំកូនតូចក្នុងគភ៌ឱ្យមានសុខភាពល្អសមនឹងវ័យហ្នឹងឯង។

    ថែទាំផ្លូវចិត្តឱ្យរីករាយស្រស់ស្រាយជាប់ជានិច្ច

    ស្រ្តីមានគភ៌មិនគួរបណ្តោយឱ្យខ្លួនឯងមានអារម្មណ៍ធុញថប់តានតឹងច្រើនជ្រុលពេកនោះទេ ព្រោះភាពធុញថប់តានតឹង ឬអារម្មណ៍ដែលមិននឹងនរនឹងធ្វើឱ្យអាការចាញ់កូនរឹតតែខ្លាំងក្លាជាងមុន និងនៅហុចផលអាក្រក់ដល់កូនតូចក្នុងផ្ទៃទៀតផង ដូច្នេះស្រ្តីមានគភ៌គួរធ្វើចិត្តឱ្យធូរស្រាលដោយអាចបបួលក្រុមគ្រួសារទៅដើរលេងកំសាន្តតាមទីកន្លែងដែលចង់ទៅក៏បាន។

    ព្យួរសេរ៉ូម

    សម្រាប់ស្រ្តីមានគភ៌ដែលមានអាការចាញ់កូនយ៉ាងខ្លាំងក្លា រហូតរាងកាយគ្មានកម្លាំងកំហែងនឿយល្វើយយ៉ាងធ្ងន់ធ្ងរនោះ នឹងត្រូវបញ្ចូលសេរ៉ូមដែលមានលាយជាមួយវីតាមីន ឬថ្នាំសម្រាលអាការចាញ់កូន ដើម្បីឱ្យរាងកាយរឹងប៉ឹងឡើងវិញ និងអាការចាញ់កូនធូរស្រាលចុះហ្នឹងឯង តែទាំងអស់នេះគួរទុកឱ្យវិធីនេះជាជម្រើសចុងក្រោយបំផុតរបស់អ្នកប្រសើរជាង ព្រោះទឹកសេរ៉ូមអាចធ្វើឱ្យកើតសភាវហើមខ្លួនបាន។

    នៅពេលចាប់ផ្តើមតាំងគភ៌ ស្រ្តីទាំងឡាយកុំភ្លេចត្រៀមខ្លួនទប់ទល់នឹងអាការចាញ់កូនផង ដោយសម្រាប់ស្រ្តីមួយចំនួនអាចនឹងចាញ់កូនមិនសូវជាខ្លាំង ក៏មិនអីដែរ តែចំពោះអ្នកម្តាយដែលមានអាការចាញ់កូនធ្ងន់ធ្ងរវិញនោះ ត្រូវតែបានទទួលការមើលថែទាំយ៉ាងដិតដល់ និងទប់ទល់ជាមួយអាការចាញ់កូននេះឱ្យបានល្អ ដែលវិធីទាំងអស់ខាងលើនេះនឹងជួយស្រ្តីមានគភ៌បានមិនតិចឡើយ៕

  • រឿង 12 យ៉ាងដែលទារកទើបនឹងកើតងាយស្រួលចិញ្ចឹមជាងក្មេងវ័យតេះតះ

    រឿង 12 យ៉ាងដែលទារកទើបនឹងកើតងាយស្រួលចិញ្ចឹមជាងក្មេងវ័យតេះតះ

    អ្នកម្តាយថ្មោងថ្មី ឬអ្នកម្តាយដែលធ្លាប់មានបទពិសោធន៍ហើយជាច្រើននាក់អាចធ្លាប់គិត និងទន្ទឹងរង់ចាំថា តើពេលណាកូននឹងធំ? តើពេល​ណាកូននឹងចេះដើរ?ខ្លះមិនខាន តែបើបានអានរឿងទាំង 12 យ៉ាងដែល ឡារ៉ែនលើកយកមកជម្រាបជូនដូចតទៅនេះរួចហើយ អ្នកម្តាយអាចនឹងប្តូរចិត្តនៅមិនទាន់ចង់ឱ្យកូនធំឡើងចេះដើរតេះតះក៏អាចថាបានដែរ ដោយសារតែទារកទើបនឹងកើតងាយស្រួលចិញ្ចឹមមើលថែទាំជាងក្មេងវ័យចេះដើរតេះតះហ្នឹងឯង។ តើងាយស្រួលចិញ្ចឹមមើលថែទាំយ៉ាងណាខ្លះនោះ សូមតាមដានជាបន្តដូចតទៅ។

    1 – ទារកទើបនឹងកើត ញ៉ាំតែទឹកដោះម្តាយ ឬទឹកដោះគោម្សៅប៉ុណ្ណោះរហូតដល់អាយុ 6 ខែ (ពិតជាងាយស្រួលណាស់ មិនចាំបាច់ត្រៀមអ្វីច្រើននាំឱ្យពិបាកនោះទេ) ខណៈដែលក្មេងវ័យចេះដើរតេះតះវិញ ត្រូវញ៉ាំអាហាររឹងដែលអ្នកម្តាយត្រូវផ្ជិតផ្ចង់ធ្វើឱ្យញ៉ាំ ក្មេងខ្លះបញ្ចុកឱ្យញ៉ាំស្រួល ក្មេងខ្លះពិបាកឱ្យញ៉ាំណាស់ ឯក្មេងខ្លះទៀតញ៉ាំនំ ញ៉ាំនេះ ញ៉ាំនោះពេញមួយថ្ងៃមិនឈប់មាត់ក៏មាន។

    2 – ទារកទើបនឹងកើតមិនចាំបាច់ពាក់ស្បែកជើងទេ ខណៈដែលក្មេងវ័យចេះដើរតេះតះវិញត្រូវប្តូរខ្នាតស្បែកជើងថ្មីស្ទើរតែរៀងរាល់បីខែម្តង។

    3 – ទារកទើបនឹងកើតមិនលេងរបស់លេងទេ តែក្មេងវ័យចេះដើរតេះតះចង់លេងរបស់លេងថ្មីគ្រប់ពេលវេលា។

    4 – ទារកទើបនឹងកើត អាចគេងលក់បាននៅក្នុងគ្រប់ទីកន្លែងទាំងលើគ្រែ ក្នុងអង្រឹង ក្នុងខារ៍ស៊ីត ក្នុងអង្រឹងបី ជាដើម ខណៈដែលក្មេងវ័យតេះតះវិញត្រូវតែគេងនៅ​លើគ្រែតែប៉ុណ្ណោះ ឱបរបស់ដែលនៅជិតខ្លួនមួយនេះតែប៉ុណ្ណោះ ដណ្តប់តែភួយមួយនេះប៉ុណ្ណោះ ជាដើម។

    5 – បើនាំទារកទើបនឹងកើតជិះឡាន ហើយបើកទៅទីណាមួយនោះ គេនឹងគេងលក់យ៉ាងងាយស្រួល ខណៈដែលក្មេងវ័យតេះតះវិញនឹងបបួលជជែកនិយាយ សួរនេះសួរនោះមិនឈប់មាត់តាមផ្លូវរហូត។

    6 – ទារកទើបនឹងកើត និងក្មេងវ័យតេះតះមួយចំនួនចង់ឱ្យម៉ាក់ពគ្រប់ពេលវេលា តែទារកទើបនឹងកើតមានទម្ងន់ខ្លួនត្រឹមតែ 3 – 4 គីឡូក្រាមប៉ុណ្ណោះ តែក្មេងវ័យដើរតេះតះវិញមានទម្ងន់ 8 – 13 គីឡូក្រាមឯណោះ។

    7 – ពេលកូនវ័យទារកទាញសក់របស់អ្នក អ្នកអាចនឹងមើលថាគួរឱ្យស្រឡាញ់ និងគ្រាន់តែស្រែក អូយ! ឈឺ តែពេលកូនវ័យចេះដើរតេះតះទាញសក់អ្នកវិញនោះ ច្បាស់ជាដល់ពេលត្រូវបង្រៀនរឿងសុជីវធម៌ និងអាចត្រូវដាក់ទណ្ឌកម្មខ្លះហើយ។

    8 – ទារកទើបនឹងកើតស្ទើរតែគ្មានអ្វីឱ្យត្រូវកខ្វក់ ប្រឡាក់ប្រឡូសឡើយ ខណៈដែលក្មេងវ័យចេះដើរតេះតះវិញស្អាតបាតបានត្រឹមតែវិនាទីដំបូងដែលភ្ញាក់ពីគេងប៉ុណ្ណោះ បន្ទាប់ពីនោះហើយក៍…។

    9 – ក្នុងទីសាធារណៈស្ទើរតែគ្រប់គ្នានឹងយល់ចិត្តអ្នក បើបានឮសម្លេងទារកយំខ្លាំងៗនោះ តែបើក្មេងវ័យចេះដើរតេះតះស្រែកយំខ្លាំងៗ ដេកននៀលទធាក់ដីផងនោះ ច្បាស់ជាគ្មាននរណាសម្លឹងមើលអ្នកដោយខ្សែភ្នែកយល់ចិត្តនោះឡើយ។

    10 – ទារកទើបនឹងកើតមិនអាចនិយាយពាក្យថា “ម៉ាក់” បានច្រើនដល់ទៅ 40 ដង ក្នុងរយៈពេល 12 វិនាទីនោះទេ តែក្មេងវ័យចេះដើរតេះតះអាចធ្វើបាន។

    11 – ទារកទើបនឹងកើតមិនអាចនិយាយពាក្យអាក្រក់ៗដែលចាំបានមកពីអ្នកនៅចំពោះមុខមនុស្សដែលអ្នកគោរពកោតខ្លាចនោះទេ តែក្មេងវ័យចេះដើរតេះតះអាចធ្វើបាន។

    12 – បើដាក់ទារកទើបនឹងកើតនៅត្រង់ណា គេនឹងនៅតែត្រង់នោះ ខណៈដែលក្មេងវ័យចេះដើរតេះតះវិញមិនខុសអីនឹងតុក្កតាមួលឡាននោះឡើយ គឺនឹងមិនចេះនៅស្ងៀមឡើយ គេកម្រើកខ្លួនចុះឡើង ដើរឡើងចុះជណ្តើរ មុជចូលក្រោមតុ ឡើងលើគ្រែធ្វើចលនាគ្រប់ពេលវេលា៕

  • អាហារពិសេសសម្រាប់កូនសម្លាញ់

    អាហារពិសេសសម្រាប់កូនសម្លាញ់

    ឡារ៉ែន សូមបបួលអ្នកម្តាយដែលជាប្រិយមិត្តអ្នកអានដែលតែងតែតាមដានទំព័រសុខភាពមាតា និងទារកមកសាកល្បងធ្វើមុខម្ហូបដែលងាយស្រួលធ្វើ ងាយស្រួលញ៉ាំ និងញ៉ាំហើយសប្បាយពោះសម្រាប់កូនតូច ដូចជាមុខម្ហូប បបរ និងស្ងោ ដែល ឡារ៉ែនធានាថានឹងក្លាយជាអាហារដ៏ពិសេសមួយនៅក្នុងចំណោមអាហារដែលកូនតូចដ៏ជាទីស្រឡាញ់របស់អ្នកម្តាយចូលចិត្តមិនខាន។

    អាហារសម្រាប់កូនតូចវ័យ 6 – 8 ខែ

    ស៊ុបប្រូខូលី

    គ្រឿងផ្សំ

    – ប៊័រ 30 ក្រាម – ទឹកដោះ 1/2 ពែង

    – ខ្ទឹមសចិញ្រ្ចាំ 1 កំពិស – ខ្ទឹមបារាំងចិញ្ច្រាំ 1 មើម

    – ទឹកស៊ុបសាច់មាន់ 2 – 3 ពែង

    – ប្រូខូលីកាត់ជាចំណិតតូចៗ 2 ពែង

    – ឈីសសេតតារ៍កោសជាខ្សែៗ 1 ពែង

    វិធីធ្វើ

    1- រំលាយប៊័រ ដាក់ខ្ទឹមបារាំងចិញ្រ្ចាំ និងខ្ទឹមស ឆាត្រឡប់រហូតឡើងទន់ ដាក់ប្រូខូលីចូលហើយឆាឱ្យឆ្អឹន រួចសឹមដាក់ទឹកស៊ុបសាច់មាន់ចូលឱ្យលិចបន្លែ។

    2- ស្ងោឱ្យពុះ ហើយកិនឱ្យហ្មត់

    3- ដាក់ទឹកដោះចូល ហើយស្ងោឱ្យពុះម្តងទៀត រួចដាក់ឈីសចូល កូរឱ្យរលាយសព្វ។

    អាហារសម្រាប់កូនតូចវ័យ 9 – 10 ខែ

    មាន់ស្ងោបន្លែ

    គ្រឿងផ្សំ

    – សាច់ភ្លៅមាន់ 1 ដុំ – ខ្ទឹមបារាំងចិញ្រ្ចាំ 1/4 មើម

    – ទឹកស៊ុបសាច់មាន់ 1/2 ពែង – ខ្ទឹមសចិញ្រ្ចាំ 1 កំពិស

    – មើមការ៉ុតហាន់ដុំជ្រុងតូចៗ 1 មើម – ប្រេងម្កាក់ 1/2 ស្លាបព្រាបាយ

    – ដំឡូងបារាំងបកសំបកហើយ ហាន់ដុំជ្រុងតូចៗ 1 មើម

    – ឃឹនឆាយបកសំបក ហើយហាន់ខ្លីៗ 1 ធាង

    – ទឹកប៉េងប៉ោះខាប់ 1/2 ស្លាបព្រាបាយ

    វិធីធ្វើ

    1- ដាក់សាច់ភ្លៅមាន់ចូលក្នុងខ្ទះដែលមានខ្លាញ់បន្តិច ទុកឱ្យឆ្អឹនទាំងសាច់ និងស្បែក

    2- ទុកឱ្យត្រជាក់បន្តិច រួចហើយបកស្បែក និងជៀរយកតែសាច់ចេញមកចិញ្រ្ចាំឱ្យតូចៗ

    3- ឆាខ្ទឹមបារាំងចិញ្រ្ចាំនៅក្នុងឆ្នាំងមួយផ្សេងទៀតជាមួយប្រេងម្កាក់រហូតដល់ឡើងឆ្អឹនទន់

    4- ដាក់សាច់មាន់ ការ៉ុត ឃឹនឆាយ ដំឡូងបារាំង ខ្ទឹមស និងទឹកប៉េងប៉ោះចូលទៅឆាត្រឡប់ឱ្យចូលគ្នា

    5- ដាក់ទឹកស៊ុបសាច់មាន់ចូលទៅ ហើយស្ងោឱ្យពុះ បន្ថយភ្លើង និងស្ងោតទៅទៀតប្រមាណ 20 នាទី ឬរហូតទាល់តែបន្លែឡើងទន់

    6- កិនឱ្យហ្មត់ មុននឹងយកទៅបញ្ចុក

    អាហារសម្រាប់កូនតូចវ័យ 11 – 12 ខែ

    ស្ទីវតៅហ៊ូ

    គ្រឿងផ្សំ

    – ប្រេងល្អ 1 – 2 ស្លាបព្រាបាយ – ខ្ទឹមឥណ្ឌាហាន់ជ្រុងដុំតូចៗ 1 មើម

    – តៅហ៊ូដុំហាន់ដុំជ្រុងតូចៗ 1 ដុំ – ទឹកស្ងោបន្លែ ឬសាច់មាន់ 1 ពែង

    – ការ៉ុតហាន់ដុំជ្រុងតូចៗ 1/4 ពែង – ស្លឹកខ្ទឹមហាន់ល្អិតៗ 1/4 ពែង

    – ប៉េងប៉ោះពុះខ្វេះគ្រាប់ចេញ រួចហានដុំជ្រុងតូចៗ 1 ពែង

    វិធីធ្វើ

    1- ឆាខ្ទឹមឥណ្ឌា និងការ៉ុតឱ្យទន់នៅក្នុងប្រេងល្ង ដាក់ប៉េងប៉ោះចូលឆាជាមួយ

    2- ចាក់ទឹកស្ងោបន្លែ ឬសាច់មាន់ ស្ងោជាមួយបន្លែ ស្ងោឱ្យទឹករីងអស់ពាក់កណ្តាល

    3- ដាក់តៅហ៊ូចូលទៅ ស្ងោឱ្យទន់ទាំងអស់រហូតនៅសល់ទឹកខាប់ៗ

    4- ដាក់ស្លឹកខ្ទឹមកូរច្របល់ឱ្យសព្វ

    អាហារសម្រាប់ក្មេងតូចអាយុ 1 ឆ្នាំឡើង

    សណ្តែកគួចំហុយស្រួយ ជាមួយទឹកជ្រលក់ប៉េងប៉ោះ

    គ្រឿងផ្សំទឹកជ្រលក់ប៉េងប៉ោះ

    – ផ្លែប៉េងប៉ោះបកសំបកហើយ 2 ផ្លែ – ខ្ទឹមសចិញ្រ្ចាំ 1 កំពិស

    – ខ្ទឹមបារាំងចិញ្ច្រាំ 1/2 មើម -ការ៉ុតហាន់ជ្រុងដុំតូចៗ 1/2 មើម

    – ស្លឹកវ៉ាន់ស៊ុយបារាំងចិញ្រ្ចាំ 1 ស្លាបព្រាបាយ   – ប្រេងម្កាក់ 1 ស្លាបព្រាបាយ

    – ទឹកប៉េងប៉ោះខាប់ 1/2 ស្លាបព្រាបាយ

    គ្រឿងផ្សំសណ្តែកគួចំហុយស្រួយ

    – សណ្តែកគួ កាត់កង់ៗ 100 ក្រាម – ស៊ុត 1 គ្រាប់ – អំបឹល ម្រេច

    – ផាមេហ្សានឈីសកោស 1/4 ពែង – កំទេចនំប៉័ង 1/2 ពែង

    វិធីធ្វើទឹកជ្រលក់ប៉េងប៉ោះ

    1- ឆាការ៉ុត ខ្ទឹមបារាំង និងខ្ទឹមសឱ្យឆ្អឹន ជាមួយប្រេងម្កាក់

    2- ដាក់ទឹកប៉េងប៉ោះខាប់ និងប៉េងប៉ោះចូលឆា ផ្សំរសជាតិដោយ អំបឹល ម្រេច តាមចូលចិត្ត

    3- រំងាស់ឱ្យឡើងខាប់តាមតម្រូវការ ភ្លក្សកែកុនរសជាតិតាមចូលចិត្ត ដាក់ស្លឹកវ៉ាន់ស៊ុយបារាំងចូលច្របល់ឱ្យសព្វ

    វិធីធ្វើសណ្តែកគួចំហុយស្រួយ

    1- លាងសណ្តែកគួឱ្យស្អាត ជូតផ្តិតឱ្យស្ងួត

    2- យកទៅច្របល់ជាមួយស៊ុត ហើយយកមកប្រមៀលៗលើកំទេចនំប៉័ងដែលលាយជាមួយឈីសរួចស្រេច

    3+ យកទៅដាក់ចំហុយស្ងួតក្នុងកំដៅ 170 អង្សា ប្រមាណជា 15 នាទី ឬរហូតទាល់តែឆ្អឹន៕

  • វិវឌ្ឍនាការខុសប្រក្រតី 5 យ៉ាងរបស់កូនតូចវ័យ 2 – 18 ខែ

    វិវឌ្ឍនាការខុសប្រក្រតី 5 យ៉ាងរបស់កូនតូចវ័យ 2 – 18 ខែ

    ក្នុងអំឡុងពេលទារកទើបនឹងកើតរហូតដល់អាយុ 2 ឆ្នាំ វិវឌ្ឍនាការនឹងដំណើរការទៅមុខលឿន និងបន្តបន្ទាប់គ្នាយ៉ាងជាប់លាប់ អាចមានវិវឌ្ឍនាការខ្លះលោតរំលងដែរ អាស្រ័យលើការចិញ្ចឹមថែទាំ និងសុខភាពរបស់ក្មេងម្នាក់ៗ ចំណែកក្មេងខ្លះទៀតវិញបែរជាមានវិវឌ្ឍនាការយឺតជាងក្មេងដែលស្ថិតក្នុងវ័យដូចគ្នារហូតធ្វើឱ្យលោកឪពុកអ្នកម្តាយមានកង្វល់ជាខ្លាំង ដូច្នេះយើងនាំគ្នាមកមើលថា តើវិវឌ្ឍនាការរបស់កូនតូចវ័យ 2 – 18 ខែបែបណាដែលអាចហៅបានថាខុសប្រក្រតី ដែលត្រូវនាំទៅជួបលោកគ្រូពេទ្យ។

    វិវឌ្ឍនាការ 5 យ៉ាងរបស់កូនតូចវ័យ 2 – 18 ខែ ដែលអាចហៅបានថាខុសប្រក្រតី ដែលត្រូវនាំទៅជួបលោកគ្រូពេទ្យ

    1 – កូនអាយុ 2 ខែជាងហើយ តែកនៅមិនទាន់រឹង

    បើកូនអាយុបាន 2 ខែនោះ ករបស់កូនត្រូវតែរឹង អាចងើយកបានហើយ តែបើកផ្អៀងទៅមកគ្មានទិសដៅ ត្រូវឱ្យអ្នកម្តាយ​នៅ​​ចាំជួយទប់កឱ្យរហូតបែបនេះ គឺជារឿងខុសប្រក្រតីហើយ ដែលអាចបណ្តាលមកពីសាច់ដុំខ្សោយគ្មានកម្លាំង បែបនេះអាចហៅបានថា ជាវិវឌ្ឍនាការយឺតយ៉ាវហើយ។

    2 – កូនអាយុ 3 – 4 ខែហើយ តែដៃនៅចាប់កាន់របស់លេងមិនបាន

    ជាប្រក្រតីទារកទើបកើតដំបូងអាចចាប់ម្រាមដៃរបស់អ្នកម្តាយបានភ្លាមតែម្តង និងនៅពេលអាយុបាន 3 – 4 ខែអាចចាប់កាន់របស់បានហើយ បន្ទាប់ពីនោះ ទារកនឹងប្រើប្រាស់ដៃកាន់តែចំ​ណានឡើងជារឿយៗ តែបើចាប់កាន់អ្វីហើយមើលទៅដូចជាគ្មានកម្លាំង ចាប់កាន់អ្វីក៏របូតជ្រុះនោះ បញ្ជាក់ថា សាច់ដុំដៃមិនរឹងមាំ អ្នកម្តាយគួរតែរកវិធីបង្វឹកសាច់ដុំដៃឱ្យកូន និងបើហ្វឹកហើយនៅតែប្រើការមិនបានទៀតនោះ ត្រូវតែនាំទៅជួបគ្រូពេទ្យជំនាញហើយ។

    3 – កូនអាយុ 9 ខែហើយ នៅអង្គុយដោយខ្លួនឯងមិនបាន

    រឿងនេះ វិវឌ្ឍនាការទូទៅអាចនឹងយឺតយ៉ាវ និងហុចផលប៉ះពាល់ទៅដល់វិវឌ្ឍនាការដំណាក់កាលបន្តទៅទៀត នោះក៏គឺ ការឈរ និងការដើរ បើកូនរបស់អ្នកនៅមិនអាចងើបអង្គុយដោយខ្លួនឯងបាននោះ គឺបណ្តាលមកពីបញ្ហាកម្រងសាច់ដុំមិនរឹងមាំ រឿងនេះក៏ត្រូវទៅប្រឹក្សាជាមួយលោកគ្រូពេទ្យដូចគ្នាដែរ។

    4 – កូនអាយុ 10 ខែហើយ នៅឈរមិនទាន់បាន

    ក្មេងដែលស្ថិតក្នុងអំឡុងអាយុ 10 ខែ ជាអំឡុងពេលដែលក្មេងអាចនឹងក្រោកឈរបានហើយ តែអាចនឹងមិនទាន់ដើរ មិនទាន់​ឈាន រឿងនេះមិនជាអ្វីទេ ព្រោះក្មេងក្នុងអំឡុងវ័យនេះអាចនឹងយឺត ឬឆាប់ខុសផ្លែកពីគ្នា តែគួរតែចេះងើបអង្គុយ ឬចាប់តោងអ្វីក្រោកឈរបានហើយ។

    5 – កូនអាយុ 18 ខែហើយនៅដើរមិនទាន់បាន

    បើកូនរបស់អ្នកមានអាយុ 18 ខែហើយនៅដើរមិនទាន់បាននោះ អាចនិយាយបានថា មានបញ្ហាធ្ងន់ធ្ងររឿងការប្រើកម្រងសាច់ដុំហើយ ដោយជាប្រក្រតីនោះវិវឌ្ឍនាការរបស់ក្មេងក្នុងអំឡុងអាយុ 1ខួបកន្លះនេះ ក្មេងត្រូវក្រោក និងដើរដោយខ្លួនឯងបានហើយ តែបើនៅតែដើរមិនទាន់បាននោះ ត្រូវតែទៅប្រឹក្សាជាមួយលោកគ្រូពេទ្យជាបន្ទាន់ហើយ។

    វិវឌ្ឍនាការរបស់ក្មេងតូចម្នាក់ៗអាចនឹងយឺត ឬលឿនខុសផ្លែកពីគ្នាស្រាប់ទៅហើយ មិនចាំបាច់ត្រូវតែធ្វើបានដូចគ្នាគ្រប់គ្នានោះទេ តែយ៉ាងហោចណាស់ក៏គួរមានវិវឌ្ឍនាការឱ្យស្ថិតក្នុងកម្រឹតដែលស័ក្តិសមត្រឹមត្រូវនឹងអាយុដែរ ចំណែកមូលហេតុធំដែលធ្វើឱ្យក្មេងតូចមានវិវឌ្ឍនាការយឺត ឬលឿន មិនស្មើគ្នានោះ គឺអាស្រ័យលើការចិញ្ចឹមមើលថែទាំ និងសុខភាពរបស់ក្មេងខ្លួនឯងផងដែរ៕

  • ត្រូវប្រយ័ត្ន និងត្រូវដឹង អាការប្រកាច់ដែលបណ្តាលមកកូនតូចក្តៅខ្លួនខ្លាំង

    ត្រូវប្រយ័ត្ន និងត្រូវដឹង អាការប្រកាច់ដែលបណ្តាលមកកូនតូចក្តៅខ្លួនខ្លាំង

    ជំងឺនៅលើក្មេងតូចបើលោកឪពុកអ្នកម្តាយដឹងច្បាស់ ស្គាល់ច្បាស់ពីជំងឺរបស់ក្មេងនោះ ក៏មិនមានអ្វីគួរឱ្យភ័យខ្លាចដូចការគិតនោះឡើយ ថ្ងៃនេះឡារ៉ែន មានចំណេះដឹងល្អៗរឿងអាការប្រកាច់ដែលអាចកើតឡើងបាននៅពេលកូនតូចមានកម្តៅខ្លួនខ្ពស់ ព្រមជាមួយវិធីមើលថែទាំរយៈដំបូង និងយល់ដឹងនៅពេលកូនតូចមានអាការប្រកាច់មកជម្រាបជូន។

    ជាសភាវដែលជួបប្រទះជាញឹកញាប់ និងឃើញបានប្រមាណជា 2 – 4 ភាគរយនៅលើ់ក្មេងអាយុតិចជាង 5 ឆ្នាំ តែនៅពេលធំឡើងឱកាសរបស់ការប្រកាច់ដោយសារក្តៅខ្លួនខ្លាំងនេះនឹងថយចុះ។ យើងជឿថា ឪពុកម្តាយមួយចំនួនអាចនឹងធ្លាប់ឃើញ ឬធ្លាប់មានបទពិសោធន៍ក្នុងរឿងនេះរួចមកហើយ។ សភាវប្រកាច់មកពីក្តៅខ្លួនខ្លាំងនេះមិនបានបណ្តាលមកពីការឆ្លងមេរោគនៅក្នុងប្រព័ន្ធប្រសាទកណ្តាល ភាពខុសប្រក្រតីរបស់តុល្យការទឹក និងសារធាតុរ៉ែ ឬជំងឺសួពូជនោះទេ តែច្រើនជួបប្រទះនៅលើក្មេងដែលមានកម្តៅខ្លួនកើនឡើងខ្ពស់ និងឆាប់រហ័ស ដែលច្រើនជួបក្នុងរយៈពេល 24 ម៉ោងដំបូងរបស់ជំងឺគ្រុនក្តៅ។

    មកយល់ដឹងយ៉ាងត្រឹមត្រូវអំពីសភាវនេះ ព្រមជាមួួយវិធីដែលល្អក្នុងការមើលថែទាំកូនតូចជាមួយគ្នា ៈ

    អាការ និងអាការដែលបង្ហាញឡើងក្មេងនឹងលែងដឹងខ្លួន បញ្ឈរភ្នែក ដៃជើងឡើងរឹង ឬញាក់ទូទាំងខ្លួនប្រាណ ក្មេងខ្លះមានបែកពពុះមាត់ ហៀរលាមក និងទឹកមូត្រ សភាវនេះមើលទៅឃើញគួរឱ្យខ្លាចណាស់ តែរឿងដែលឪពុកម្តាយ ឬអាណាព្យាបាលគួរដឹងជាបថមនោះគឺ ភាគច្រើនទៅអាការប្រកាច់នៅលើក្មេងនេះនឹងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេល 5 នាទី ដូច្នេះ ពេលកើតហេតុការណ៍នេះឡើង អ្នកឃើញហេតុការណ៍គួរតាំងស្មារតី កុំភ័យខ្លាច។

    ការមើលថែទាំដំបូង

    – ដាក់ក្មេងឱ្យគេងផ្អៀងនៅក្នុងកន្លែងដែលមានសុវត្ថិភាព នៅឆ្ងាយពីវត្ថុគ្រោះថ្នាក់ ឬរបស់មុតស្រួច។

    – ចៀសវាងការនាំយកឧបករណ៍ផ្សេងៗ ប្រភេទឈើ កំទេចក្រណាត់ ស្លាបព្រា ឬសូម្បីតែម្រាមដៃរបស់អ្នកជួយសង្រ្គោះដាក់ចូលទៅក្នុងមាត់ក្មេង ព្រោះអាចធ្វើឱ្យកើតមានរបួសស្នាមចំពោះក្មេងបាន(អាចបាក់ធ្មេញ ឬរុញអណ្តាតឱ្យញ៉ុកស្ទះផ្លូវដង្ហើមបាន) ឬអាចកើត​មានរបួសស្នាមចំពោះអ្នកជួយសង្រ្គោះបាន(ក្មេងរងគ្រោះពេលនោះមិនដឹងខ្លួនទេ អាចនឹងខាំម្រាមដៃអ្នកជួយស​ង្រ្គោះ ធ្វើឱ្យរងរបួសបាន)។

    – ព្យាយាមរកអ្នកជួយសង្រ្គោះបន្ថែម ដើម្បីពិចារណាទាក់ទងបញ្ជូនទៅមន្ទីពេទ្យជាបន្ទាន់។

    ឪពុកម្តាយ ឬអាណាព្យាបាលមួយចំនួនអាចបានទទួលការណែនាំមកថា នៅពេលកើតអាការប្រកាច់ អាចធ្វើឱ្យក្មេងខាំអណ្តាតខ្លួនឯងដាច់បាន តែនៅក្នុងសភាពពិតវិញ ឱកាសដែលក្មេងប្រកាច់នឹងខាំអណ្តាតខ្លួនឯងនោះកើតឡើងតិចបំផុត អាចមានអាការរងរបួសដែលបណ្តាលមកពីធ្មេញប៉ះគ្នានៅម្តុំផ្នែកខាងអណ្តាតបាន តែច្រើនតែមិនធ្ងន់ធ្ងរឡើយ តែបើប្រើរបស់របរដាក់ចូលទៅក្នុងមាត់ដើម្បីជួយសង្រ្គោះនោះអាចនឹងធ្វើឱ្យកើតមានគ្រោះថ្នាក់ច្រើនជាង។

    ការពិនិត្យ និងព្យាបាល

    ពេលនាំទៅដល់មន្ទីរពេទ្យ លោកគ្រូពេទ្យនឹងធ្វើការសាកសួរពីប្រវត្តិ ពាក់ព័ន្ធនឹងរយៈពេលគ្រុនក្តៅ រកមូលហេតុរបស់ជំងឺគ្រុនក្តៅ សាកសួរអំពីលក្ខណៈ ឬរូបបែបរបស់អាការប្រកាច់ និងរយៈពេលដែលកើតការប្រកាច់ ដូច្នេះអ្នកដែលឃើញហេតុការណ៍អាចនឹងត្រូវព្យាយាមរៀបរាប់ពីហេតុការណ៍ដែលកើតឡើងឱ្យលោកគ្រូពេទ្យបានដឹងផង ដោយសារតែអាការប្រកាច់ក្នុងរូបបែបខ្លះអាចត្រូវមានការពិនិត្យព្យាបាលបន្ថែម ឬមានការតបស្នងល្អជាមួយថ្នាំប្រភេទខ្លះ។

    រឿងដែលត្រូវដឹង ដើម្បីការពារ

    – សភាវប្រកាច់ដោយសារក្តៅខ្លួនខ្លាំង ភាគច្រើនៗប្រកាច់ក្នុងរយៈពេលខ្លីៗ ទើបមិនបានបង្កឱ្យកើតភាពខុសប្រក្រតីចំពោះសតិបញ្ញា ឬវិវឌ្ឍនាការរបស់ក្មេងឡើយ។

    – មានឱកាសប្រកាច់ដដែលៗបានបើមានភាពប្រថុយប្រថានដូចតទៅនេះ ប្រកាច់លើកដំបូងពេលអាយុតិចជាង 1 ឆ្នាំ មានសាច់ញាតិជិតដិតមានប្រវត្តិធ្លាប់ក្តៅខ្លួនខ្លាំងហើយប្រកាច់ ឬមានប្រវត្តិប្រកាច់រយៈពេលយូរ។

    – ក្មេងដែលធ្លាប់ប្រកាច់ដោយសារក្តៅខ្លួនខ្លាំង នៅពេលចាប់ផ្តើមក្តៅខ្លួន គួរប្រញាប់ធ្វើការជូតខ្លួនដោយក្រណាត់ត្រជាក់ដើម្បីបញ្ចុះកម្តៅ រួមទាំងឱ្យញ៉ាំថ្នាំបញ្ចុះកម្តៅមុននឹងនាំទៅមន្ទីរពេទ្យ។

    ជាទូទៅ សភាវនេះគ្មានភាពចាំបាច់ដែលត្រូវឱ្យញ៉ាំថ្នាំការពារប្រកាច់នោះទេ លើកលែងតែមានការបង្ហាញឱ្យឃើញពីសញ្ញាអ្វីម្យ៉ាងដែលត្រូវមានការពិភាក្សា និងសម្រេចចិត្តរួមគ្នារវាងអាណាព្យបាល និងលោកគ្រូពេទ្យអ្នកព្យបាលអំពីផលល្អ និងផលអាក្រក់របស់ថ្នាំការពារប្រកាច់នេះជាមុនសិន៕

  • អាហារបន្ថែម 10 យ៉ាងដែលមានគុណតម្លៃខាងភោជនាហារសម្រាប់កូនតូច

    អាហារបន្ថែម 10 យ៉ាងដែលមានគុណតម្លៃខាងភោជនាហារសម្រាប់កូនតូច

    ក្នុងរយៈពេលមួយថ្ងៃៗអ្នកម្តាយប្រហែលជាខំព្យាយាមស្វែងរកមុខម្ហូបអាហារបន្ថែមឱ្យកូនតូចបានញ៉ាំ ដើម្បីកុំឱ្យច្រំដែលៗហើយមែនទេ?។ ក្រៅពីបាយដែលជាប្រភពអាហារចម្បងរបស់កូនហើយនោះ អ្នកម្តាយអាចបន្ថែមដោយអាហារផ្សេងៗឱ្យកូនបានញ៉ាំដើម្បីសុខភាពបានច្រើនយ៉ាងច្រើនមុខទៀតដូចតទៅនេះ ៈ

    1 – ប៊័រសណ្តែក

    មានសារជាតិអាហារដែលសំខាន់ៗដូចជា ប្រូតេអ៊ីន អាស៊ីតខ្លាញ់ ដែលជាប្រយោជន៍ វិតាមីនE និងសារធាតុរ៉ែ ដូចជា ម៉ងហ្កានេស ប៉ូតាស្យូម និងសារធាតុដែក។ អ្នកម្តាយអាចឱ្យកូនញ៉ាំជាអាហារបន្ថែមបានតែម្តងតាំងពីកូនអាយុបាន 6 ខែ តែអ្នកម្តាយត្រូវប្រាកដក្នុងចិត្តជាមុនសិនថា កូននឹងមិនមានប្រតិកម្មចាញ់អាហារទាំងនេះទេ ដោយពិនិត្យ និងស៊ើបប្រវត្តិមនុស្សក្នុងក្រុមគ្រួសារបាន​។

     

    2 – ស៊ុត

    ស៊ុត អាចរាប់បានថាជាអាហារដែលពិសេសខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប តាំងពីពេលដែលអ្នកម្តាយចាប់ផ្តើមតាំងគភ៌ ក៏ត្រូវទទួលទានស៊ុតយ៉ាងហោចណាស់មួយថ្ងៃ 1 គ្រាប់ដែរ ដើម្បីបំប៉នទារកក្នុងគភ៌ និងនៅពេលកូនតូចចាប់ផ្តើមញ៉ាំអាហារបន្ថែមបានហើយនោះ ក៏ត្រូវចាប់ផ្តើមពីស៊ុតក្រហមជាមុនសិន។ នៅក្នុងស៊ុតមានសារធាតុអាហារសំខាន់ៗដូចជា សារធាតុដែក ហ្វូលេត និងខូលីនដែលជាប្រូតេអ៊ីន ដែលមានគុណភាពខ្ពស់ រួមទាំងវីតាមីនA .D និង E ដែលជាចំណែកបង្កើនប្រព័ន្ធប្រសាទ និងខួរក្បាលរបស់កូនបានយ៉ាងល្អ។

    3 – ប៊័រ

    ពេលនិយាយអំពីប៊័រ សូមកុំអាលទៅគិតពីរឿងខ្លាញ់អី តែប៊័រអាចជួយបំប៉នខួរក្បាល និងប្រព័ន្ធសរសៃប្រសាទបានល្អ និងជួយបឺតជ្រាបវីតាមីនផ្សេងៗបានល្អទៀតផង។ ការប្រើប៊័រធ្វើជាអាហារនឹងធ្វើឱ្យបានរសជាតិអាហារដែលឈ្ងុយ និងឆ្ងាញ់ឡើងទៀតផង។

    4 – ត្រី

    អាហារបន្ថែមរបស់កូនតូចមួយទៀតដែលមិនអាចខ្វះបានឡើយនោះគឺ សាច់ត្រី។ ចូរឱ្យញ៉ាំមួយសប្តាហ៍ម្តងក៏ល្អដែរ ព្រោះសាច់ត្រីនឹងជួយបំប៉នប្រព័ន្ធប្រសាទ និងខួរក្បាលរបស់កូនតូចបាន។

    5 – សណ្តែក

    ជាអាហារដែលស័ក្តិសមសម្រាប់មនុស្សគ្រប់រូបក្នុងក្រុមគ្រួសារ មិនមែនចំពោះតែក្មេងតូចប៉ុណ្ណោះទេ ព្រោះនៅក្នុងសណ្តែក មានសារធាតុដែក ហ្វូលេត ស័ង្កសី ម៉ង់ហ្កានេស។ សណ្តែកអាចយកទៅចម្អឹនជាអាហារបានយ៉ាងងាយ ដូចជា ធ្វើស៊ុប ឬស្ងោញ៉ាំលេងក៏បាន។

    6 – ឱសថបុរាណ

    ក្មេងតូចដែលមានអាយុលើស 12 ខែឡើងទៅអាចញ៉ាំអាហារដែលធ្វើមកអំពីឱសថបុរាណបានហើយ ដូចជា ទឹកឱសថ​បុរាណ ឬអាហារចម្បងដែលមានដាក់ឱសថបុរាណចូលទៅបន្តិចបន្តួច។

    7 – តៅហ៊ូ

    ជាអាហារសម្រាប់ក្មេងតូចដែលចាប់ផ្តើមញ៉ាំអាហារបន្ថែមបានហើយ គ្រប់គ្នាមិនគួរខកខានឡើយ ព្រោះជាអាហារដែលទន់ងាយស្រួលលេប និងថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង ក្មេងៗអាចញ៉ាំបានទាំងតៅហ៊ូស៊ុត និងតៅហ៊ូសណ្តែក។

    8 – នំប៉័ង

    នំប៉័ងចំហុយស្រួយ នំប៉័ងដែលធ្វើពីស្រូវសាលី នំប៉័ងជាប្រភពអាហារសំខាន់មួយទៀតមិនចាញ់បាយឡើយ។ បើកូនតូចចាប់ផ្តើមធុញទ្រាន់បាយនោះ អ្នកម្តាយអាចឱ្យកូនញ៉ាំនំប៉័ងជំនួសបាន អាចយកទៅអាំងបន្តិច រួចលាបជែម លាបប៊័រ ឬធ្វើជានំសេនវិចក៏ឆ្ងាញ់ និងឆ្អែតពោះដែរ។

    9 – យ៉ាអួ

    ជាប្រភពអាហារដែលបានមកពីធម្មជាតិដូចគ្នាដែរ បើញ៉ាំយ៉ាអួ កូននឹងបានទទួលកាល់ស្យូមខ្ពស់ និងធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការបានយ៉ាងប្រក្រតីល្អទៀតផង។

    10 – សាច់សត្វ

    ក្មេងតូចគួរគួរបានញ៉ាំសាច់សត្វយ៉ាងជាប់លាប់ ព្រោះសាច់សត្វសម្បូរទៅដោយ សារធាតុដែក និងស័ង្កសី អ្នកម្តាយអាចយកសាច់សត្វមកកិន ស្ងោ ឬស្ងោឱ្យផុយ រួចយកមកធ្វើជាម្ហូបឱ្យកូនញ៉ាំជាមួយបាយបានគ្រប់ពេល៕