Tag: មាតា និងទារក

  • ស្ត្រីមានគភ៌ញៀនកាហ្វេ គួរធ្វើយ៉ាងណាទៅ?

    ស្ត្រីមានគភ៌ញៀនកាហ្វេ គួរធ្វើយ៉ាងណាទៅ?

    ស្រ្តីជាច្រើននាក់ញៀនកាហ្វេ ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនជាប្រចាំនោះ ត្រូវតែញ៉ាំរាល់ថ្ងៃ ថ្ងៃណាមិនបានញ៉ាំនឹងមានអាការមួម៉ៅ ឈឺក្បាល មិនស្រួលខ្លួនជានិច្ច តែនៅពេលមានផ្ទៃពោះ តើគួរធ្វើយ៉ាងម៉េចស្រួលទៅ?

    ទោះជាស្រ្តីមានគភ៌ជាច្រើននាក់អាចញ៉ាំអាហារបានដូចប្រក្រតីមែន តែនៅក្នុងអាហារមួយចំនួន វាចាំបាច់ណាស់ដែលត្រូវចៀសវាងដើម្បីវិវឌ្ឍនាការ និងសុខភាពរបស់កូនតូចនៅក្នុងផ្ទៃ ព្រោះអាហារដែលអ្នកម្តាយញ៉ាំចូលទៅនោះនឹងត្រូវបានបញ្ជូនទៅដល់កូនតូចក្នុងគភ៌ផងដែរ។

    ទោះជានៅមិនទាន់មានលទ្ធផលសរុបពីការស្រាវជ្រាវដែលអះអាងច្បាស់លាស់ថា ជាតិកាហ្វេអ៊ីននៅក្នុងភេសជ្ជៈ ឬកាហ្វេមានផលប៉ះពាល់ដល់កូនជីវិតនៅក្នុងគភ៌ ឬក៏អត់មែនក៏ដោយ តែបរិមាណដែលច្រើនជ្រុលពេក អាចបង្កើនភាពប្រថុយប្រថានដល់បញ្ហាសុខភាពរបស់កូនតូចក្នុងគភ៌អ្នកម្តាយបាន ដូចជា ផលប៉ះពាល់ដល់សរសៃឈាម និងប្រព័ន្ធបេះដូង ជាដើម។ លោកគ្រូពេទ្យតែងណែនាំឱ្យចៀសវាង ឬកំណត់បរិមាណឱ្យតិចបំផុត។

    ស្រ្តីមានគភ៌អាចនឹងកំណត់បរិមាណកាហ្វេអ៊ីនក្នុងភេសជ្ជៈមិនឱ្យលើស 200 មីល្លីក្រាមក្នុងមួយថ្ងៃ ដែលបើសិនជាស្រ្តីមានគភ៌ចង់ញ៉ាំ ក៏អាចញ៉ាំបានបន្តិចបន្តួចដែរ និងមិនគួរញ៉ាំជាប្រចាំរាល់ថ្ងៃឡើយ តែដើម្បីក្តីសប្បាយចិត្តរបស់ម្តាយ និងវិវឌ្ឍនាការរបស់កូននៅក្នុងផ្ទៃ ស្រ្តីមានគភ៌ទាំងឡាយគួរតែតមភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬកាហ្វេក្នុងអំឡុងពេលមានគភ៌ និងបំបៅដោះកូន។

    ស្រ្តីមានផ្ទៃពោះដែលញៀនកាហ្វេ តើត្រូវជ្រើសរើសញ៉ាំភេសជ្ជៈបែបណាល្អ?

    – ញ៉ាំទឹកផ្លែឈើ 100% គ្មានជាតិស្ករ ជាទឹកផ្លែឈើដែលច្របាច់ស្រស់ៗថ្មីៗ ព្រោះនឹងបានទទួលសារធាតុអាហារពីផ្លែឈើដោយត្រង់ តែគួរជ្រើសរើសផ្លែឈើដែលស្រស់ ស្អាត និងមិនចាំបាច់ប្រើស្ករឡើយ។

    – ទឹកពិសាបរិសុទ្ធជាភេសជ្ជៈដែលមានប្រយោជន៍បំផុត គួរញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យរាងកាយបានទទួលភាពស្រស់បស់ និងអារម្មណ៍ស្រស់ថ្លា។

    – ជ្រើសរើសញ៉ាំទឹកដោះដែលមានសារធាតុអាហារពីធម្មជាតិ ដូចជា ទឹកដោះពពែ ដែលមាន Omega 3, 6, 9 DHA និងAHA ដែលក្រៅពីគ្មានជាតិកាហ្វេអ៊ីនហើយ នៅជួយបង្កើនកាល់ស្យូម និងផ្តល់នូវសារធាតុអាហារ បំប៉នខួរក្បាល ប្រព័ន្ធប្រសាទ និងអភិវឌ្ឍការរីកចម្រើនធំធាត់ដល់កូនតូចនៅក្នុងគភ៌ទៀតផង។

    បើស្រ្តីមានគភ៌ចង់ផ្តាច់កាហ្វេ អាចនឹងបន្ថយបរិមាណចុះម្តងបន្តិចៗ រហូតដល់ផ្តាច់បាននៅទីបំផុត ព្រោះបើតម ឬផ្តាច់ឈប់ញ៉ាំភ្លាមតែម្តងនោះ អាចនឹងធ្វើឱ្យមានអាការឆាប់មួម៉ៅ មានផលមិនល្អដល់អារម្មណ៍របស់ខ្លួនឯង និងសុខភាពផ្លូវចិត្តរបស់កូននៅក្នុងផ្ទៃបាន៕

  • ជំនឿផ្សេងៗ រឿងការចិញ្ចឹមមើលថែកូន

    ជំនឿផ្សេងៗ រឿងការចិញ្ចឹមមើលថែកូន

    ឡារ៉ែនបានរួបរួមជំនឿផ្សេងៗក្នុងការចិញ្ចឹមមើលថែទាំកូនតូចមកជម្រាបជូនលោកឪពុកអ្នកម្តាយសម័យថ្មីឱ្យបានដឹង ជាវិធីការចិញ្ចឹមមើលថែទាំកូនដែលបន្តកេរ្ត៍ដំណែលគ្នាមកតាំងពីជំនាន់តាយាយដែលរឿងខ្លះនៅតែមានរហូតមកដល់បច្ចុប្បន្ន។ រឿងខ្លះក៏មានហេតុផលដែលវិទ្យាសាស្រ្តអាចអធិប្បាយបាន តែរឿងខ្លះក៏នៅត្រឹមតែជាជំនឿដែលជឿតៗគ្នាមកប៉ុណ្ណោះ។ សូមលោកឪពុកអ្នកម្តាយថ្មោងថ្មីសាកល្បងអានលមើល និងអាស្រ័យលើវិចារណញាណរបស់គ្រួសារនីមួយដែរ។

    ចិញ្ចឹមកូនដោយទឹកដោះម្តាយ ក្រោយ 6 ខែហើយ ចាំបាច់ត្រូវតែបំបៅកូនដោយទឹកដោះផ្សេងទៀត

    មិនពិតទេ! ព្រោះទឹកដោះម្តាយផ្តល់នូវគុណប្រយោជន៍គ្រប់យ៉ាងដល់ទារកដូចគ្នានឹងអ្វីដែលមាននៅក្នុងទឹកដោះផ្សេងទៀតដែរ និងមានច្រើនជាងទៀតផង។ ដរាបណាដែលទារកនៅតែបានទទួលការចិញ្ចឹមដោយទឹកដោះម្តាយ ទឹកដោះគោ ឬទឹកដោះលាយផ្សំផ្សេងៗនោះមិនមែនជារបស់ចាំបាច់នោះទេ។

    ស្នាមដៅ និងស្លាមស្នាមផ្សេងៗលើរាងកាយកូន

    យើងនាំគ្នាជឿថា រឿងស្នាមដៅ ឬស្លាកស្នាមផ្សេងៗទាំងនោះ បុរាណប្រកាន់ថា ក្មេងដែលកើតមកនោះ ធ្លាប់កើតមួយជាតិរួចមកហើយ ហើយត្រូវបានលាបដោយកំបោរ ឬរបស់ដែលធ្វើឱ្យក្លាយជាស្លាកស្នាម ស្នាមដៅពណ៌ក្រហម ឬខ្មៅ ដើម្បីនៅពេលកើតជាតិថ្មី ឪពុកម្តាយសាច់ញាតិបងប្អូនកាលពីជាតិមុនអាចចំណាំបាន។

    មិនពិតទេ! ជាប្រក្រតីទារកអាចនឹងកើតមានសន្លាកស្នាម ឬស្នាមដៅទាំងនោះបានតាមពូជកំណើត ហើយការកើតមានសន្លាកស្នាមនេះទោះជាពណ៌អ្វីក៏ដោយ គឺដោយសារតែកោសិកាស្បែកមានភាពខុសប្រក្រតីហ្នឹងឯង គឺជារឿងរបស់ស្បែករបស់ក្មេងម្នាក់ៗ។ ក្មេងខ្លះដល់ពេលធំឡើងសន្លាកស្នាមនោះនឹងរលុបបាត់ទៅវិញបន្តិចម្តង តែវាអាស្រ័យលើប្រភេទរបស់សន្លាកស្នាមដែរ បើប្រភេទខ្លះមានភាពខុសប្រក្រតីខ្លាំង គួរតែទៅជួបលោកគ្រូពេទ្យ។

    ត្រូវពត់ជើងតាំងពីតូចដើម្បីកុំឱ្យជើងកោង

    ការពិតទៅ លក្ខណៈជើងទារកកើតមកដំបូងៗ មើលទៅរាងកោងៗស្រាប់ហើយ លុះដល់វិវឌ្ឍនាការតាមវ័យរបស់កូនក្នុងអំឡុង 2 ឆ្នាំ ជើងដែលមើលទៅកោងៗនោះ ក៏នឹងត្រង់វិញដោយខ្លួនឯង ដោយមិនចាំបាច់ពត់ឡើយ។

    យកកន្ទបដែលទទឹកទឹកនោមកៀរលើអណ្តាតកូនតូច ដើម្បីកុំឱ្យកើតជ្រាំង

    ការពិតទៅ ទឹកនោម គឺជាវត្ថុកាកសំណល់របស់រាងកាយ ដែលបណ្តេញសារធាតុមួយចំនួនដែលរាងកាយលែងត្រូវការចេញមកក្រៅ ដូចជា យូរៀ ជាដើម ដែលមិនស័ក្តិសមក្នុងការយកមកកៀរលើអណ្តាតរបស់កូនឡើយ តែការជូតសម្អាតអណ្តាតរបស់កូនតូច គួរប្រើតែទឹកស្អាតធម្មតា ដោយយកក្រណាត់កន្ទបដែលស្អាត ឬក្រណាត់ដែលស្អាតជ្រលក់ទឹកស្អាតនោះ ឬទឹកក្តៅឧណ្ហៗមកជូតកៀរក៏ស្អាតបាត់ទៅហើយ។

    ដាក់ឱ្យគេងផ្កាប់ ដើម្បីឱ្យក្បាលស្អាត និងគេងបានយូរ

    ការពិតទៅ ការដាក់ទារកឱ្យគេងផ្កាប់នេះ តាមគោលការណ៍វិជ្ជាការមិនបានណែនាំឱ្យធ្វើឡើយ វាអាចធ្វើឱ្យក្បាលស្អាតក៏ពិតមែន តែគេតែងជួបប្រទះករណីក្មេងតូចដែលគេងផ្កាប់ហើយលែងដកដង្ហើម និងស្លាប់បាន បើចង់ឱ្យកូនគេងបានយូរ និងឱ្យមានក្បាលស្អាតផងនោះ គួរដាក់ឱ្យកូនគេងផ្អៀង ឬគេងផ្ងារដោយមានខ្នើយទន់ៗទ្រាប់ពីក្រោមជាការប្រសើរបំផុត។

    បូតច្រមុះពេលងូតទឹកនឹងធ្វើឱ្យច្រមុះកូនស្រួចស្អាត

    ការពិតទៅ ឆ្អឹងនៅត្រង់ច្រមុះរបស់យើងគឺជាឆ្ងឹងខ្ចី ដូច្នេះ ឆ្អឹងខ្ចីវានឹងរីកធំឡើងដោយខ្លួនឯង ការដែលយើងទៅច្របាច់ បូតនេះ មិនបានជួយឱ្យវាធំឡើងទេ តែអាចនឹងធ្វើឱ្យមើលទៅឃើញរាងទល់ឡើងបន្តិចបានមួយស្របក់ តែរួចហើយវាក៏នឹងស្រកចុះមកវិញតាមទម្រង់ដើមរបស់វាដដែល។

    ទឹកដោះម្តាយព្យាបាលរោគភ្នែកក្រហម

    ជឿថា ពេលកូនកើតភ្នែកក្រហម ឱ្យយកទឹកដោះម្តាយបន្តក់លើភ្នែកកូន នឹងអាចព្យាបាលឱ្យបាត់ទៅវិញបាន។ លោកគ្រូពេទ្យប្រាប់ថា ទឹកដោះមិនអាចសម្លាប់មេរោគ ឬព្យាបាលអាការភ្នែកក្រហមបានទេ និងណែនាំមិនឱ្យធ្វើបែបនោះជាដាច់ខាត។

    ស្រ្តីមានគភ៌ហាមទៅចូលរួមបុណ្យសព

    ការពិតទៅ ករណីនេះប្រហែលជាកើតចេញពីមនុស្សជំនាន់មុនៗដែលចង់បង្ហាញពីភាពហួងបារម្ភ មិនចង់ឱ្យស្រ្តីមានគភ៌ត្រូវចូលទៅក្នុងស្ថានភាពបរិយាកាសនៃក្តីសោកសង្រេង ព្រោះអាចធ្វើឱ្យផ្លូវចិត្តត្រូវស្លុតរន្ធត់ស្រងេះស្រងោច និងជាពិសេសបំផុតបើជាបុណ្យសពសាច់ញាតិបងប្អូនជាទីស្រឡាញ់ផងនោះ អាចនឹងធ្វើស្រ្តីមានគភ៌កើតអាការ “តានតឹង” ក្នុងអារម្មណ៍ ដែលនាំឱ្យប៉ះពាល់ទៅដល់ទារកដែលនៅក្នុងផ្ទៃបាន ដែលវាក៏ប្រហែលជាហេតុផលមួយដែលចាស់ៗបុរាណតែងតែប្រាប់ថា “ខ្លាចមានព្រលឹងវិញ្ញាណកំណាចពីវត្តតាមមក” ហ្នឹងឯង៕

  • កាល់ស្យូមពីធម្មជាតិ ជាមួយស្រ្តីមានគភ៌ និងកូនតូច

    កាល់ស្យូមពីធម្មជាតិ ជាមួយស្រ្តីមានគភ៌ និងកូនតូច

    កាល់ស្យូម ជាសារធាតុអាហារដែលមានភាពចាំបាច់ដល់ការរស់នៅ ជួយឱ្យឆ្អឹង និងធ្មេញមានសុខភាពរឹងមាំ ជួយកាត់បន្ថយការប្រថុយប្រថានក្នុងការកើតរោគឆ្អឹងចុះខ្សោយ និងបាក់ឆ្អឹង។ កាលស្យូមជាសារធាតុដែលចាំបាច់ណាស់ក្នុងអំឡុងពេលនៃការតាំងគភ៌ និងអំឡុងពេលបំបៅដោះកូន ទើបអាហារគ្រប់ពេលដែលស្ត្រីមានគភ៌ទទួលទាននោះ មានភាពសំខាន់ខ្លាំងណាស់។

    ពេញមួយអំឡុងវ័យកុមារ វ័យនៃការចម្រើនធំធាត់(កើតដំបូង – 14 ឆ្នាំ) កាលស្យូមមានភាពសំខាន់ណាស់ ដោយជាទូទៅក្មេងអាយុ 3 – 10 ឆ្នាំគួរបានទទួលកាល់ស្យូមប្រមាណជា 800 មីល្លីក្រាមក្នុងមួយថ្ងៃ វ័យជំទង់ និងមនុស្សធំ 800 – 1,000 មីល្លីក្រាមក្នុងមួយថ្ងៃ ស្រ្តីមានគភ៌ និងអ្នកម្តាយដែលបំបៅដោះកូនគួរបានទទួលកាល់ស្យូមថែមឡើងគឺ 1,200 ក្នុងមួយថ្ងៃ រហូតដល់មនុស្សចាស់ទាំងឡាយក៏ត្រូវតែបានទទួលកាល់ស្យូមដែរ ដើម្បីការពារសភាវពុកឆ្អឹង និងជួយការពារអាការឆ្អឹងងាយបាក់។

    “ឯកាល់ស្យូមដែលជាអាហារបន្ថែមវិញនោះ ជាកាល់ស្យូមពីគីមី មិនមែនពីធម្មជាតិនោះទេ រាងកាយអាចបឺតជ្រាបយកកាល់ស្យូមបានត្រឹមតែប្រមាណជា 30% ប៉ុណ្ណោះ អ្វីដែលនៅសល់នឹងត្រូវបញ្ចេញចោលមកក្រៅតាមទឹកនោម”

    កាល់ស្យូមពីធម្មជាតិ រំលាយស្រួល ជាមិត្តជាមួយរាងកាយមនុស្ស។ ប្រភពរបស់កាលស្យូមមានច្រើននៅក្នុងពួករុក្ខជាតិបន្លែស្លឹកបៃតង។ បន្លែនៅក្នុងស្រុកយើងដែលគេរកឃើញថាមានកាលស្យូមច្រើននោះមានដូចជា ស្លឹកឆះភ្លូ ស្លឹកញ ត្រួយស្តៅ ខាត់ណា កន្ទក់ ជីពងទាកូន ត្រួយអង្គារដី គ្រាប់ល្ងខ្មៅ ល្ងស តៅហ៊ូគ្រប់ប្រភេទ និងគ្រាប់សណ្តែកគ្រប់ប្រភេទ។ល។

    នៅក្នុងទំព័រនេះ យើងនឹងនិយាយអំពី “គ្រាប់ល្ងខ្មៅ” ព្រោះល្ងខ្មៅមានគុណតម្លៃ និងគុណប្រយោជន៍ចំពោះមនុស្សច្រើនណាស់ ជាកាល់ស្យូមកម្រឹតលេខ 1 មានកាល់ស្យូមច្រើនជាងទឹកដោះដល់ទៅ 6 ដង។ ដោយហេតុផលនេះឯង ទើបផលិតផលទឹកសណ្តែកកំប៉ុងផ្សេងៗមានការដាក់បន្ថែមល្ងខ្មៅដើម្បីបន្ថែមកាល់ស្យូមឱ្យខ្ពស់ឡើងហ្នឹងឯង។

    25879878 – heap of black sesame on wooden spoon

    មុខម្ហូបងាយៗសម្រាប់អ្នកម្តាយ និងកូនតូចដើម្បីបន្ថែមកាល់ស្យូមដល់រាងកាយនោះ អ្នកម្តាយអាចធ្វើ ចេកណាំវ៉ាស្ងោរ រួចកិនឱ្យហ្មត់ លាយល្ងខ្មៅ សម្រាប់ញ៉ាំទាំងម្តាយទាំងកូន ឬស៊ុបល្ពៅរោយល្ងខ្មៅក៏បាន ក្រៅពីនេះការបរិភោគគ្រាប់ល្ងខ្មៅនៅមានច្រើនវិធីទៀត អាស្រ័យលើអ្នកម្តាយចេះកែច្នៃប្រឌិតដើម្បីសុខភាពរឹងមាំទាំងម្តាយទាំងកូន៕

  • មើលថែទាំស្បែកកូនតូចយ៉ាងងាយៗ ឱ្យមានសុវត្ថិភាពពីពន្លឺថ្ងៃ

    មើលថែទាំស្បែកកូនតូចយ៉ាងងាយៗ ឱ្យមានសុវត្ថិភាពពីពន្លឺថ្ងៃ

    ចូលដល់រដូវក្តៅពេញទំហឹងហើយ ដោយមួយរយៈនេះយើងសង្កេតឃើញថា សីតុណ្ហភាពក្នុងស្រុកយើងកាន់តែក្តៅឡើងៗជារឿយៗ…ក្តៅរហូតឡើងចង់ឆេះតែម្តង។ ឡារ៉ែនគិតថា អ្នកម្តាយទាំងឡាយច្បាស់ជាដឹងហើយថា ការចេញទៅត្រូវកំដៅថ្ងៃយូរៗអាចសាងនូវភាពខូចខាតដល់ស្បែក និងអាចមានគ្រោះថ្នាក់ដល់ជីវិតទៀតផង ជាពិសេសចំពោះកូនក្មេងតូចៗ ថ្ងៃនេះឡារ៉ែនមានវិធីការពារស្បែកកូនតូចពីកំដៅថ្ងៃ និងខ្លួនអ្នកម្តាយខ្លួនឯងជាច្រើនវិធីមកជម្រាបជូន។

    – ក្នុងអំឡុងពេលនៃថ្ងៃដែលមានពន្លឺព្រះអាទិត្យក្តៅខ្លាំងនោះ បើអ្នកគ្មានភាពចាំបាច់អីត្រូវចេញទៅខាងក្រៅទេនោះ វិធីងាយៗ គឺគ្មានអ្វីល្អជាងការគេចពីពន្លឺថ្ងៃដោយការចូលទៅនៅក្នុងទីដែលមានម្លប់ ឬនៅក្នុងផ្ទះនោះឡើយ។

    – បើចៀសមិនរួចពីការត្រូវនាំកូនតូចចេញទៅនៅកណ្តាលថ្ងៃទេនោះ ចូរចៀសវាងអំឡុងពេលដែលមានកាំរស្មី UV ច្រើន ចាប់ពីម៉ោង 10ៈ00 – 16ៈ00 និងខ្លាំងបំផុតនៅពេលថ្ងៃត្រង់។

    – បាំងឆ័ត្រ ឬពាក់មួកដែលមានហាមធំ តែកុំភ្លេចជ្រើសរើសយកខ្នាតដែលសម និងត្រូវជាមួយក្បាលកូនផង បើជាកូនតូចដែលជិះក្នុងរទេះរុញវិញ កុំភ្លេចបិទដំបូល និងបាំងក្រណាត់ការពារពន្លឺក្តៅឱ្យផង។

    – ជ្រើសរើសស្លៀកសម្លៀកបំពាក់ឱ្យកូន និងខ្លួនឯងយ៉ាងគត់មត់ តែធ្វើពីសាច់ក្រណាត់ដែលត្រជាក់ បញ្ចេញកំដៅបានល្អនិងស្លៀកពាក់ទៅសប្បាយស្រួលខ្លួនទាំងកូនតូច និងអ្នកម្តាយខ្លួនឯង។

    – បើនាំកូនតូចទៅហែលទឹក ឬលេងទឹក គួរជ្រើសរើសស្លៀកឈុតលេងទឹកដែលមានដៃវែង ជើងវែង ព្រោះពេលកូនតូចអង្គុយលេងដីខ្សាច់នៅលើឆ្នេរសមុទ្រ បែរខ្នងដាក់កំដៅថ្ងៃនោះ ខោជើងខ្លីតែមួយមិនអាចទប់ទល់បានទេ។

    – ពាក់វ៉ែនតាការពារពន្លឺថ្ងៃឱ្យកូនតូច(ជ្រើសរើសវ៉ែនតាដែលស័ក្តិសមនឹងភ្នែកកូន) និងខ្លួនឯង ដើម្បីការពារកែវភ្នែក កាត់បន្ថយពន្លឺដែលចាំងពីព្រះអាទិត្យ ឬកន្លែងដែលមាន UV ច្រើន ជាពិសេសពេលជិះរថយន្ត។

    – ឱ្យកូនញ៉ាំទឹក និងញ៉ាំទឹកខ្លួនឯង(សម្រាប់អ្នកម្តាយ)ឱ្យបានញឹកញាប់ ព្រោះក្នុងអំឡុងពេលធាតុអាកាសក្តៅ រាងកាយមនុស្សយើងបាត់បង់ជាតិទឹកច្រើន បើញ៉ាំទឹកមិនបានគ្រប់គ្រាន់ អាចនឹងធ្វើឱ្យកើតសភាវខ្វះជាតិទឹកបាន។

    សម្រាប់ទារកតូចក្នុងវ័យ 0 – 6 ខែវិញនោះ ឡារ៉ែនសូមណែនាំថា មិនគួរលាបឃ្រីមការពារកំដៅថ្ងៃឱ្យឡើយ ព្រោះក្មេងតូចក្នុងវ័យនេះស្បែកនៅស្តើងខ្លាំងណាស់ អាចនឹងមានឱកាសកើតប្រតិកម្មចាញ់ឃ្រីមការពារកំដៅថ្ងៃបានងាយទៀតផង វិធីដែលល្អ គឺគួរប្រើវិធីចៀសវាងពីពន្លឺថ្ងៃប្រសើរជាង៕

  • អាយុ និងការរក្សាទុកថ្នាំសម្រាប់ក្មេង

    អាយុ និងការរក្សាទុកថ្នាំសម្រាប់ក្មេង

    ថ្ងៃនេះ ទំព័រម្តាយ និងទារករបស់ទស្សនាវដ្តី ឡារ៉ែន មានវិធីរក្សាទុកថ្នាំពេទ្យសម្រាប់ក្មេងមកជម្រាបអ្នកម្តាយដែលត្រូវមើលថែទាំកូនតូចដែលឈឺថ្កាត់ថា តើថ្នាំប្រភេទនីមួយៗគួររក្សាទុកដាក់យ៉ាងណា និងមានអាយុការប្រើប្រាស់យូរប៉ុនណា? ព្រោះរឿងរបស់អាយុ និងការរក្សាទុកដាក់ថ្នាំពេទ្យឱ្យត្រឹមត្រូវនេះ គឺជារឿងសំខាន់ណាស់ដែលអ្នកម្តាយគួរតែដឹង និងផ្តល់នូវភាពសំខាន់ ព្រោះបើថែរក្សាទុកដាក់ខុសវិធី ថ្នាំបាត់គុណភាពនឹងហុចផលប៉ះពាល់ដោយត្រង់ចំពោះសុខភាពកូនជាទីស្រឡាញ់របស់យើងប្រាកដណាស់។ ខាងក្រោមនេះគឺជា ការណែនាំថា តើយើងគួររក្សាទុកដាក់ថ្នាំពេទ្យសម្រាប់កូនតូចយូរប៉ុនណា និងយ៉ាងណា?។

    ថ្នាំសម្រាប់លាបលើស្បែក ដូចជា គ្រីម ឬក្រមួន

    ក្រោយពីបើកប្រើហើយ មិនគួររក្សាទុកលើសពី 6 ខែឡើយ

    ថ្នាំបន្តក់ដាក់ត្រចៀក ភ្នែក ច្រមុះ

    មានអាយុការប្រើការ 1 – 3 ខែ បន្ទាប់ពីបើកប្រើហើយ

    ថ្នាំបដិបក្ខប្រាណ(បែបម្សៅ)ដែលត្រូវលាយជាមួយទឹក

    ក្រោយពេលលាយហើយ អាចរក្សាទុកបាន 7 ថ្ងៃដែលមានសីតុណ្ហភាពក្នុងបន្ទប់ធម្មតា និង 14 ថ្ងៃក្នុងទូទឹកកក។

    ថ្នាំគ្រាប់

    តាមថ្ងៃផុតកំណត់ដែលបញ្ជាក់នៅលើស្លាក ឬមិនលើស 1 ឆ្នាំ។

    វិធីការរក្សាទុកថ្នាំពេទ្យបន្ថែម

    សម្រាប់ថ្នាំទូទៅដែលមិនមានបញ្ជាក់ពីវិធីរក្សាទុកជាពិសេសនោះ ចូររក្សាទុកថ្នាំនៅក្នុងសីតុណ្ហភាពក្នុងបន្ទប់កន្លែងដែលមិនក្តៅ និងគ្មានពន្លឺថ្ងៃចាំងដល់។ ហាមទុកថ្នាំចោលនៅក្នុងឡាន ព្រោះសីតុណ្ហភាពក្នុងរថយន្ត (ជាពិសេសប្រទេសយើង!)ក្តៅខ្លាំងណាស់ ធ្វើឱ្យថ្នាំបាត់បង់ប្រសិទ្ធភាពបានយ៉ាងងាយ និងដែលសំខាន់គឺ ត្រូវទុកដាក់ឱ្យផុតពីដៃក្មេងតូចៗ។

    ក្នុងករណីថ្នាំដែលមានបញ្ជាក់ថា ចូរ “រក្សាទុកក្នុងទូទឹកកក” នោះគឺមានន័យថា ទុកក្នុងកន្លែងធម្មតា(2 – 8 អង្សា C ) ហាមទុកក្នុងកន្លែងកក និងក៏មិនគួរទុកក្នុងធ្នើជិតកន្លែងកកដែរ ព្រោះភាពត្រជាក់អាចធ្វើឱ្យកើតមានកករបាន និងក៏មិនគួររក្សាទុកថ្នាំនៅនឹងទ្វាទូទឹកកកដែរ ព្រោះសីតុណ្ហភាពអាចនឹងមិននឹងនរដោយសារតែការបើក-បិទទ្វាទូទឹកកកញឹកញាប់ពេកហ្នឹងឯង។

    ថ្នាំដែលផ្ទុកនៅក្នុងដបពណ៌ទឹកតែ ព្រោះតែត្រូវការការពារមិនឱ្យថ្នាំត្រូវពន្លឺ ដូច្នេះមិនគួរប្តូរដបដាក់ថ្នាំទៅជាដបពណ៌សថ្លានោះទេ ព្រោះអាចនឹងធ្វើឱ្យថ្នាំបាត់បង់ប្រសិទ្ធភាពបាន។ គួររក្សាទុកថ្នាំនៅក្នុងដបចាស់ដដែល ដែលមានស្លាកបញ្ជាក់ពីឈ្មោះថ្នាំ និងថ្ងៃដែលទទួលបានថ្នាំនោះ វានឹងធ្វើឱ្យអាចពិចារណាពីរយៈពេលដែលគួររក្សាទុកថ្នាំដែលនៅសល់នោះបាន។

    ទាំងអស់នេះអាចនឹងមានសេចក្តីលម្អិតបន្ថែម ឬវិធីរក្សាទុកជាពិសេសរបស់ថ្នាំប្រភេទនីមួយៗផ្សេងទៀត ដូច្នេះបើមិនប្រាកដក្នុងចិត្តត្រូវប្រឹក្សាជាមួយឱសថការីជាមុនគ្រប់ពេល៕

  • 3 ប្រយោគដែលឪពុកម្តាយសម័យថ្មី គួរតែឈប់ប្រើជាមួយកូន!

    3 ប្រយោគដែលឪពុកម្តាយសម័យថ្មី គួរតែឈប់ប្រើជាមួយកូន!

    ពាក្យសំដី ឬទង្វើមួយចំនួនអាចហុចផលប៉ះពាល់ដល់កូនជាទីស្រឡាញ់របស់អ្នកបាន ពាក្យសំដីខ្លះដែលឪពុកម្តាយគិតថាប្រហែលជាមិនអីទេ ព្រោះនិយាយតែម្តងដើម្បីបញ្ឈប់ទង្វើរបស់កូននោះ តើអ្នកដឹងទេថា មានពាក្យសំដីខ្លះ ប្រយោគខ្លះដែលឪពុកម្តាយដូចរូបអ្នកភ្លេចខ្លួននិយាយចេញទៅហើយនោះ នឹងហុចផលប៉ះពាល់ដល់កូនសម្លាញ់បាន ដូច្នេះគួរតែបញ្ឈប់ 3 ប្រយោគដូចខាងក្រោមនេះ។

    1 – សម្លុតកូនដោយយកអ្នកដទៃមកអាង

    “កុំរត់លេងរពឹសណា៎ ប្រយ័ត្នពូម្នាក់នោះគាត់ស្តីឱ្យណា៎!”

    “បើកូននៅតែមិនបាត់យំទៀត ម៉ាក់នឹងឱ្យប៉ូលីសមកចាប់!”

    ការដែលឪពុកម្តាយនិយាយប្រយោគនេះ អាចនឹងកើតចេញពីការដែលយើងមានអារម្មណ៍ថា ហាមកូនលែងស្តាប់ ឬខ្លាចថាកូនមិនចូលចិត្ត ឬស្អប់ឪពុកម្តាយបើឪពុកម្តាយជាអ្នកស្តីឱ្យដោយខ្លួនឯង ទើបបោះតួនាទីតួចិត្តអាក្រក់នេះឱ្យកូនទៅស្អប់ ឬខ្លាចអ្នកដទៃជំនួសវិញ ដែលចំពោះរឿងនេះ ដំបូងៗកូនអាចនឹងជឿ និងធ្វើតាម តែដល់យូរៗទៅ កូនក៏នឹងចាប់ផ្តើមដឹងថា ប៉ាម៉ាក់មិនបាននិយាយការពិតទេ និងលែងមានអារម្មណ៍ថាខ្លាចតទៅទៀត។ វិធីដែលល្អ ឪពុកម្តាយគួរស្តីបន្ទោសកូនដោយខ្លួនឯង និងប្រាប់ឱ្យច្បាស់លាស់ថា ចង់ឱ្យកូនធ្វើយ៉ាងណា ដូចជា “ម៉ាក់ចង់ឱ្យកូនដើរមួយៗ មិនចង់ឱ្យកូនជំពប់ជើងដួល” ព្រោះសម្រាប់មនុស្សដែលជាឪពុកម្តាយនោះ មិនថាចង់ស្តីបន្ទោសកូនប៉ុនណា ក៏នៅតែជាមនុស្សសំខាន់ក្នុងដួងចិត្តរបស់កូនជានិច្ច។

    2 – សម្លុតកូនថា តិចត្រូវទណ្ឌកម្ម!

    “បើឌឺរឹងទទឹង តិចម៉ាក់វាយណា!”

    “បើរករឿងងង៉ក់ ម៉ាក់នឹងទុកចោលនៅកន្លែងហ្នឹងតែម្តង!”

    មានច្រើនដងណាស់ដែលប្រាប់កូនល្អៗក៏ប្រាប់ហើយ ហាមក៏ហាមហើយ តែកូនក៏នៅតែមិនព្រមស្តាប់សោះ ដល់គ្រាន់តែសម្លុតថា តិចវាយណា៎ តែប៉ុណ្ណឹង មើលទៅដូចជាបានផលល្អ និងលឿនជាងទៀតផង ប៉ុន្តែពេលខ្លះការដាក់ទោសដោយការវាយដំមិនបានជួយធ្វើឱ្យកូនបានរៀនយល់ដឹងថា មិនគួរធ្វើទង្វើមួយនោះដោយសារអ្វីនោះឡើយ ថែមទាំងក្មេងអាចនឹងមានអារម្មណ៍គុំគួនឪពុកម្តាយ និងយល់ថា ការប្រើកម្លាំងបាយ ឬការធ្វើបាបលើរូបរាងកាយអ្នកដទៃដែលធ្វើខុស គឺជារឿងត្រឹមត្រូវ និងអាចធ្វើបានទៀតផង។ បើចង់ដាក់ទោសកូនដោយការវាយដំ គួរតែវាយដោយដៃ ព្រោះបើកូនឈឺ យើងក៏ឈឺដែរ និងប្រាប់ឱ្យកូនដឹងថា ត្រូវទទួលទោសដោយសាររឿងអ្វី និងដែលសំខាន់បំផុតនោះគឺ ហាមប្រើកំហឹងជាមួយកូនឱ្យសោះ។

    3 – សម្លុតកូនដោយប្រើសេចក្តីស្រឡាញ់មកធ្វើជាលក្ខខណ្ឌ

    “បើឌឺ រឹងទទឹង តិចម៉ាក់ឈប់ស្រឡាញ់!”

    ឪពុកម្តាយអាចនឹងនិយាយចេញទៅដោយមិនបានគិតអ្វី ព្រោះគិតថា កូនគួរតែដឹងហើយថា យ៉ាងណាៗក៏ប៉ាម៉ាក់នៅតែស្រឡាញ់កូនស្រាប់ទៅហើយ តែមិនបានដឹងឡើយថា ពាក្យសំដីធម្មតាៗនេះអាចនឹងកាត់បន្ថយអារម្មណ៍ និងភាពជឿជាក់របស់កូនបាន ព្រោះកូននឹងចាប់ផ្តើមមានអារម្មណ៍មិនប្រាកដនៅក្នុងចិត្តថា សរុបទៅ តើប៉ាម៉ាក់នៅតែស្រឡាញ់រូបគេឬក៏អត់?។ ក្មេងខ្លះមានអារម្មណ៍វឹលវល់ និងអាចយល់ឃើញតែម្នាក់ឯងថា ប៉ាម៉ាក់ឈប់ស្រឡាញ់មែន ធ្វើឱ្យពេលខ្លះមានបញ្ហាខាងអារម្មណ៍មិននឹងនរ ព្រោះមានអារម្មណ៍ដឹងពីភាពមិនស្ថិតស្ថេរចំពោះសេចក្តីស្រឡាញ់របស់ឪពុកម្តាយដែលមានចំពោះខ្លួន។

    ឡារ៉ែនចង់ជម្រាបថា ឪពុកម្តាយគឺជាមនុស្សដែលសំខាន់បំផុត មិនថាមានរឿងអ្វីកើតឡើងឡើយ ត្រូវតែធ្វើឱ្យកូនដឹងថា ប៉ាម៉ាក់នៅតែស្រឡាញ់គេរហូតគ្រប់ពេលវេលា ស្រឡាញ់យ៉ាងគ្មានលក្ខខណ្ឌ មិនថាគេនឹងក្លាយជាយ៉ាងណា ឬធ្វើអ្វីខុសក៏ដោយ៕

  • គួរចាប់ផ្តើមបង្ហាត់កូនតូចឱ្យចេះចូលបន្ទប់ទឹកដោយខ្លួនឯងនៅពេលណាល្អ?

    គួរចាប់ផ្តើមបង្ហាត់កូនតូចឱ្យចេះចូលបន្ទប់ទឹកដោយខ្លួនឯងនៅពេលណាល្អ?

    តើគួរចាប់ផ្តើមបង្ហាត់កូនតូចឱ្យចេះចូលបន្ទប់ទឹកដោយខ្លួនឯងនៅពេលណាល្អ? ឡារ៉ែនជឿថា លោកឪពុកអ្នកម្តាយជាច្រើននាក់ប្រហែលជាមិនទាន់ច្បាស់ក្នុងចិត្តនៅឡើយទេថា បើចង់ឱ្យកូនតូចចាប់ផ្តើមរៀនប្រើប្រាស់បន្ទប់ទឹកដោយខ្លួនឯងនោះ តើគួរចាប់ផ្តើមនៅពេលកូនតូចស្ថិតក្នុងអំឡុងអាយុប៉ុន្មានទើបស័ក្តិសម?។

    តាមរយៈព័ត៌មានដែលឡារ៉ែនស្រាវជ្រាវមកបាននោះគឺ “ភាពត្រៀមខ្លួនរួចជាស្រេចរបស់ក្មេងម្នាក់ៗមិនដូចគ្នាទេ” ទោះជាក្មេងៗទាំងនោះមានភេទ និងស្ថិតក្នុងវ័យដូចគ្នាក៏ដោយ ក៏ភាពត្រៀមខ្លួនរួចជាស្រេច ខុសពីគ្នាដែរ។ បើដូច្នោះ តើធ្វើម៉េចទើបលោកឪពុកអ្នកម្តាយអាចដឹងបានទៅថា កូនតូចរបស់ខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការរៀនបន្ទោបង់ហើយ?។

    ដំបូងបង្អស់លោកឪពុកអ្នកម្តាយត្រូវសង្កេតមើលថា តើកូនតូចមានបង្ហាញសញ្ញាក្នុងការត្រៀមខ្លួនរួចជាស្រេចហើយឬនៅ​? សញ្ញាដែលថានេះគឺ សញ្ញានៃការត្រៀមខ្លួនរួចហើយក្នុងការឈប់ប្រើក្រណាត់កន្ទប ឬខោទឹកនោម។ ជាប្រក្រតី ក្មេងៗភាគច្រើនអាចចាប់ផ្តើមរៀនចូលបន្ទប់ទឹកបានក្នុងអំឡុងអាយុពី 18 – 24 ខែ តែក្មេងខ្លះអាចមានសញ្ញានៃភាពត្រៀមខ្លួនរួចជាស្រេចនេះមុន ឬក្រោយអំឡុងអាយុខាងដើមនេះក៏អាចថាបានដែរ។

    តើមានសញ្ញានៃភាពត្រៀមខ្លួនរួចជាស្រេចអ្វីខ្លះដែលលោកឪពុកអ្នកម្តាយគួរដឹងថា មានសញ្ញាអ្វី និងយ៉ាងណាខ្លះនោះ សូមអានអត្ថបទនេះជាបន្ត។

    – កូនតូចអាចធ្វើតាម ឬប្រតិបត្តិខ្លួនតាមពាក្យណែនាំ និងអាចធ្វើតាមបញ្ជាស្រួលៗបាន និងនៅត្រូវយល់ដឹងថា ប៉ាម៉ាក់និយាយពីអ្វី ដូចជា ប្រាប់ឱ្យក្រោក អង្គុយ ដើរ ឈរ ដោះខោ ចាបយករបស់អ្វីម្យ៉ាងបានដោយខ្លួនឯង ជាដើម ។ល។

    – កូនតូចត្រូវតែយល់ពីពាក្យងាយៗស្រួលៗដែលពាក់ព័ន្ធនឹងការប្រើប្រាស់បន្ទប់ទឹក ដូចជា នោម ឬជុះ ឬក៏ការបបួលគ្នាទៅចូលបន្ទប់ទឹកជាដើម។

    – កូនតូចអាចទ្រាំទប់អាការឈឺនោមបាន ដោយអាចសង្កេតបានតាមរយៈក្រណាត់កន្ទប ឬខោទឹកនោមដែលកូនស្លៀកនោះនៅស្ងួតរហូតរយៈពេល 2 ម៉ោង ឬយូរជាងនោះ។

    – កូនតូចត្រូវតែអាចប្រាប់ពីតម្រូវការឱ្យឪពុកម្តាយដឹង និងយល់បាន ដូចជា កូនអាចប្រាប់ថា ឈឺពោះបត់ជើងធំ ឬបត់ជើងតូចបាន ឬមានការធ្វើទឹកមុខ ឬសម្តែងអកប្បកិរិយាថាចង់ចូលបន្ទប់ជាដើម។

    – កូនតូចល្មមអាចជួយខ្លួនឯងបានហើយ ដូចជា អាចដើរទៅបន្ទប់ទឹកបានដោយខ្លួនឯង អាចចេះដោះ – ស្លៀកខោ ឬទាញក្រណាត់កន្ទប ឬខោទឹកនោមចេញពីខ្លួនបាន។

    – សញ្ញានៃភាពត្រៀមខ្លួនរួចហើយដែលកូនតូចបង្ហាញពីចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់បន្ទប់ទឹក ដូចជា កូនតូចអាចអង្គុយលើបង្គន់បត់ជើង – ក្រោកចេញវិញ ឬចុចទឹកសម្អាតបាន ឬការដែលឃើញកូនតូចព្យាយាមលេងធ្វើត្រាប់ការប្រើប្រាស់បន្ទប់ទឹកជាដើម។

    នៅពេលមើលឃើញសញ្ញានៃភាពត្រៀមខ្លួនរួចហើយទាំងនេះ លោកឪពុកអ្នកម្តាយអាចចាប់ផ្តើមបង្រៀនបានហើយ ដោយ បង្រៀនបែបសន្សឹមៗ កុំបង្ខំ។ ក្នុងអំឡុងពេលបង្ហាត់នេះ បើកូនតូចមិនព្រមប្រតិបត្តិតាម ក៏កុំទៅថាឱ្យ ឬបន្ទោសកូនដោយក្តីខឹងមួម៉ៅឱ្យសោះ និងអ្វីដែលសំខាន់នោះ គឺលោកឪពុកអ្នកម្តាយមិនគួរបង្ខំកូនឱ្យចូលបន្ទប់ទឹកដោយខ្លួនឯងនោះឡើយ៕

  • រឿងដែលអ្នកម្តាយត្រូវដឹង! ពេលកូនប្រសូតមុនកំណត់

    រឿងដែលអ្នកម្តាយត្រូវដឹង! ពេលកូនប្រសូតមុនកំណត់

    ប្រសូតមុនកំណត់របស់ស្រ្តីមានគភ៌អាចកើតឡើងបានតាមច្រើនមូលហេតុ តើត្រូវទប់ទល់យ៉ាងណាដើម្បីឱ្យកូនតូចមានសុខភាពរាងកាយរឹងមាំ ថ្ងៃនេះ? ឡារ៉ែនមានចំណេះដឹងក្នុងការត្រៀមខ្លួន និងមើលថែទាំនៅពេលកូនប្រសូតចេញមកមុនកំណត់ និងតើមានរឿងណាដែលត្រូវប្រយ័ត្នប្រយែងជាពិសេសដែរឬទេនោះ យើងនាំគ្នាតាមដានជាបន្តទាំងអស់គ្នា។

    ទារកតូចដែលបើកភ្នែកមើលពិភពលោកមុនអាយុគភ៌គ្រប់ 37 សប្តាហ៍ អាចហៅបានថាជាទារកដែលប្រសូតមុនកំណត់ និងចាំបាច់ត្រូវទទួលបានការមើលថែទាំជាពិសេសយ៉ាងដិតដល់ ដោយសារតែសួត និងអវយវៈផ្សេងៗក្នុងរាងកាយនៅមិនទាន់វិវឌ្ឍបានល្អឥតខ្ចោះនៅឡើយ ធ្វើឱ្យត្រូវស្ថិតក្នុងការមើលថែទាំរបស់គ្រូពេទ្យ រហូតទាល់តែគ្រូពេទ្យប្រាកដក្នុងចិត្តថា ទារកត្រៀមខ្លួនរួចរាល់ហើយក្នុងការចេញឆ្ពោះទៅរកពិភពខាងក្រៅយ៉ាងមានសុវត្ថិភាពហើយ។

    ចំណុចគួរប្រយ័ត្ន!!

    ទារកប្រសូតមុនកំណត់ ពេលត្រឡប់មកដល់ផ្ទះហើយនោះ បើមានអាការក្តៅខ្លួន គ្រុន ខ្លួនឡើងលឿង ភ្នែកឡើងលឿង បៅទឹកដោះបានតិច ឬមិនបៅសោះនោះ គួរនាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់ កុំបង្អង់យូរ!។

    NICU ពេលទារកតូចត្រូវនៅក្នុងទូចិញ្ចឹម

    NICU (Neonatal Intensive Care Unit) ឬបន្ទប់មើលថែទាំទារកទើបនឹងកើត ជាកន្លែងដែលឪពុកម្តាយរបស់ទារកកើតមុនកំណត់ត្រូវតែស្គាល់ ព្រោះក្នុងអំឡុងពេលដំបូងៗរបស់ជីវិតកូនសម្លាញ់នឹងត្រូវស្ថិតនៅក្នុងបន្ទប់នេះ អាចច្រើនសប្តាហ៍ ឬច្រើនខែអាស្រ័យលើអាយុគភ៌របស់ទារកខណៈពេលប្រសូត និងសភាវជ្រៀតជ្រែកផ្សេងៗ។ ជាទូទៅទារកនឹងស្ថិតនៅក្នុងទូចិញ្ចឹមដែលផ្តល់នូវភាពកក់ក្តៅ និងការពារមេរោគ និងថែមទាំងមានឧបករណ៍ពេទ្យរយីងរយោងមើលទៅឃើញគួរឱ្យភ័យខ្លាចទៀតផង តែកុំបារម្ភអី ព្រោះឧបករណ៍ទាំងនេះមានតួនាទីជួយមើលថែទាំឱ្យកូនតូចមានសុវត្ថិភាព ព្រោះទារកដែលប្រសូតមុនកំណត់ច្រើនតែមានទម្ងន់ខ្លួនតិច ទើបពេទ្យចាំបាច់ត្រូវតែមើលថែទាំយ៉ាងដិតដល់ រហូតទាល់តែកូនតូចមានទម្ងន់ខ្លួនជាង 2 គីឡូក្រាមឡើងទៅ ឬអវយវៈផ្សេងៗក្នុងរាងកាយរបស់កូនអភិវឌ្ឍរហូតអាចរស់នៅដោយខ្លួនឯងបានដោយមិនចាំបាច់ប្រើទូចិញ្ចឹម គ្មានសភាវរោគជ្រៀតជ្រែក ទើបគ្រូពេទ្យអនុញ្ញាតិឱ្យកូនតូចត្រឡប់ទៅផ្ទះបាន។

    តើត្រូវមើលថែទាំយ៉ាងណា ពេលនាំកូនត្រឡប់មកផ្ទះហើយ?

    ការបាននាំកូនសម្លាញ់ត្រឡប់មកផ្ទះ គឺជាពេលវេលាដែលឪពុកម្តាយទន្ទឹងរង់ចាំ ទោះជាគ្រូពេទ្យប្រាប់ថា កូនសម្លាញ់រឹងប៉ឹងអាចត្រឡប់ទៅផ្ទះបានហើយក៏ដោយ តែការមើលថែទាំទារកប្រសូតមុនកំណត់ក៏នៅតែចាំបាច់ត្រូវប្រយ័ត្នប្រយែងជាពិសេសខ្លាំងជាងទារកដែលប្រសូតតាមកំណត់ដដែល ព្រោះកូនតូចមានឱកាសក្នុងការឆ្លងមេរោគផ្សេងៗបានយ៉ាងងាយ ដោយសារតែប្រព័ន្ធប្រឆាំងជំងឺនៅមិនទាន់រឹងមាំល្អ។

    – កំណត់បរិមាណអ្នកមកសួរសុខទុក្ខ ៈ អ្នកណាៗក៏ចង់ឃើញសមាជិកតូចថ្មីរបស់ក្រុមគ្រួសារដែរ តែបើសិនជាអាចទៅរួចក្នុងអំឡុង 3 ខែដំបូង អ្នកម្តាយគួរតែកំណត់បរិមាណអ្នកដែលនឹងមកសួរសុខទុក្ខចំពោះតែសាច់ញាតិ និងមិត្តភ័ក្តិជិតដិតមែនទែនបានហើយ សម្រាប់អ្នកមានជំងឺ ឬមានរោគប្រចាំកាយ គួរតែសុំឱ្យតមការមកសួរសុខទុក្ខសិន ដើម្បីឱ្យអ្នកម្តាយ និងកូនបានសម្រាកយ៉ាងគ្រប់គ្រាន់ រួមទាំងការពារភាពប្រថុយប្រថានក្នុងការឆ្លងរោគផ្សេងៗទៀតផង។ អ្នកអាចជូនដំណឹងទៅមិត្តភ័ក្តិឱ្យបានដឹងថា កូនប្រសូតមុនកំណត់ និងនៅមិនទាន់រឹងប៉ឹងល្អទេ សុំពេលវេលាបន្តិចទៀត មិនយូរទេគ្រប់គ្នានឹងបានឃើញមុខក្មួយសម្លាញ់យ៉ាងពិតប្រាកដ។

    – ចៀសវាងការនាំកូនទៅទីសាធារណ ៈ បើមិនចាំបាច់មែនទែនទេនោះ មិនគួរនាំកូនតូចចេញទៅខាងក្រៅផ្ទះឡើយ បើត្រូវទៅជួបលោកគ្រូពេទ្យ គួរតែណាត់នៅពេលព្រឹក និងមុនៗគេ ដើម្បីឱ្យបានមិនចាំបាច់រងចាំនៅក្នុងមន្ទីពេទ្យយូរជ្រុលពេក។

    – ការប៉ះពាល់ស្បែកនឹងស្បែក ៈ មានការស្រាវជ្រាវមួយដែលរកឃើញថា ការបីកូនតូចបែបសត្វកង់ហ្គារូ ( Kangaroo Care ) ដោយបីទារកដែលស្លៀកតែក្រណាត់កន្ទបមួយ ដាក់ផ្អឹបនៅលើដើមទ្រូងរបស់ឪពុក ឬម្តាយ ឱ្យស្បែករបស់កូនបានប៉ះជាមួយស្បែករបស់ឪពុកម្តាយនោះ នឹងជួយជំរុញវិវឌ្ឍនាការ និងសុខភាពជារួមរបស់ទារក និងអាចសាងសម្ព័ន្ធភាពរវាងឪពុកម្តាយកូនបាន។

    – សភាពបរិស្ថាន និងភាពស្អាតមានអនាម័យ ៈ ខ្យល់អាកាសក្នុងផ្ទះគួរតែមានចេញមានចូល មិនហប់អាប់ គួរបោសសម្អាតផ្ទះឱ្យបានស្អាតជាស្រេចមុននឹងនាំកូនត្រឡប់មកផ្ទះ។ បើមានសត្វចិញ្ចឹមក្នុងផ្ទះ ក្នុងអំឡុងពេលដំបូងនេះគួរតែបំបែកឱ្យនៅឆ្ងាយដោយឡែកពីទារក សម្រួលសីតុណ្ហភាពក្នុងផ្ទះកុំឱ្យក្តៅ ឬត្រជាក់ជ្រុលពេក មិនគួរបើកកង្ហារដាក់ចំខ្លួនកូន ឬបើបើកម៉ាស៊ីនត្រជាក់ ក៏គួរកំណត់សីតុណ្ហភាពឱ្យទាបជាងខាងក្រៅបន្ទប់ប្រមាណ 4 – 5 អង្សាបានហើយ តែមិនគួរឱ្យទាបជាង 25 អង្សានោះទេ និងមិនគួរឱ្យកូននៅតែក្នុងបន្ទប់ម៉ាស៊ីនត្រជាក់រហូតនោះទេ នៅពេលព្រឹកអាចបើកបង្អួចឱ្យខ្យល់អាកាសចេញចូលខ្លះផង។

    – ព្យាយាមឱ្យកូនបៅទឹកដោះម្តាយ ៈ ទឹកដោះម្តាយមានគុណសម្បត្តិជួយឱ្យទារកកើតមុនកំណត់កាន់តែឆាប់រឹងប៉ឹងឡើង បើកូននៅមិនទាន់ចេះបៅ ចូរអ្នកម្តាយច្របាច់ទឹកដោះចេញមក ហើយយកទឹកដោះនោះមកបន្តក់លើមាត់របស់កូនខណៈដែលកូនកំពុងបៀមក្បាលដោះម្តាយ ទឹកដោះនោះនឹងជ្រាបចូលទៅក្នុងមាត់ កូននឹងបានហាត់រៀនបៅបឺតជញ្ជក់ទឹកដោះម្តាយ និងបន្ទាប់ពីនោះប្រមាណជា 2 អាទិត្យ កូននឹងចេះបៅដោះម្តាយកាន់តែពូកែឡើងមិនខាន៕

  • កំពូលផ្លែឈើដែលស្ត្រីមានគភ៌មិនគួរខកខាន

    កំពូលផ្លែឈើដែលស្ត្រីមានគភ៌មិនគួរខកខាន

    ក្នុងអំឡុងពេលមានគភ៌ អ្នកម្តាយត្រូវថែបំប៉នរាងកាយឱ្យបានច្រើនជាងប្រក្រតី ព្រោះសារធាតុអាហារផ្សេងៗដែលស្រ្តីមានគភ៌បានទទួលនោះនឹងហុចផលទៅដល់កូនតូចដែលនៅក្នុងផ្ទៃផងដែរ។ ផ្លែឈើក៏ជាអាហារថែបំប៉នគភ៌ដែលល្អ និងមានប្រយោជន៍ដ៏ច្រើនមួយដែលស្រ្តីមានគភ៌ត្រូវតែទទួលទានឱ្យបានរាល់ថ្ងៃ ព្រោះនៅក្នុងផ្លែឈើមានសារធាតុអាហារ និងវីតាមីនដែលសំខាន់សម្រាប់ស្រ្តីមានគភ៌ និងកូនក្នុងផ្ទៃ។ ប្រហែលជាចង់ដឹងហើយមែនទេថា តើមានផ្លែឈើអ្វីខ្លះទៅ? សូមតាមដានជាបន្តទាំងអស់គ្នា។

    1 – ផ្លែត្របែក

    ជាផ្លែឈើដែលងាយស្រួលរកទទួលទានណាស់ សម្បូរទៅដោយវីតាមីន C និងវីតាមីន A ច្រើន ។ វីតាមីនដែលមាននៅក្នុងផ្លែត្របែកនឹងជួយការពារមិនឱ្យកើតជំងឺផ្តាសាយ និងធ្វើឱ្យអញ្ចាញ និងធ្មេញរបស់ស្រ្តីមានគភ៌រឹងមាំល្អ។

    2 – ផ្លែដូងខ្ចី

    មានគុណតម្លៃខាងអាហារខ្ពស់ ជួយបំបាត់ការស្រេកទឹក ជួយកាត់បន្ថយអាការនឿយល្វើយ មានសារធាតុអាហារដូចជា ប្រូតេអ៊ីន កាល់ស្យូម និងស្ករ។ ស្រ្តីមានគភ៌ដែលជិតប្រសូតជាច្រើននាក់និយមញ៉ាំទឹកដូងខ្ចី ព្រោះជឿថា នឹងធ្វើឱ្យកូនមានសាច់ និងស្បែកសភ្លឺរលោងតាំងពីពេលកើតភ្លាម។

    3 – ផ្លែចេកទុំ

    នៅក្នុងផ្លែចេកទុំមានសារធាតុអាហារដែលសំខាន់ៗដូចតទៅនេះ សារធាតុដែក ផូស្វ័រ ណៃអាស៊ិន វីតាមីន A, B1, B2, B6 និងវីតាមីន C និងសារធាតុថេបតូភែន។ នៅក្នុងផ្លែចេកទុំនៅមានកាកសរសៃអាហារខ្ពស់ ធ្វើឱ្យប្រព័ន្ធបន្ទោបង់របស់ស្រ្តីមានគភ៌ដំណើរការល្អ បន្ទោបង់បានតាមប្រក្រតី និងថែមទាំងជាផ្លែឈើដែលងាយស្រួលរកទទួលទានបានទៀតផង។

    4 – ផ្លែល្ហុងទុំ

    នៅក្នុងផ្លែល្ហុងទុំមានសារធាតុប្រឆាំងអនុមូលឥស្សរៈ និងមានកាកសរសៃច្រើន ស្រ្តីមានគភ៌ណាដែលច្រើនតែមានអាការទល់លាមកខណៈពេលមានគភ៌ញឹកញាប់នោះ គួរទទួលទានផ្លែល្ហុងទុំឱ្យបានច្រើនដើម្បីការបន្ទោបង់ដែលល្អ។

    5 – ផ្លែភ្រូន (Prune)

    នៅក្នុងផ្លែភ្រូនមានសារធាតុដែកខ្ពស់ ជាផ្លែឈើថែបំប៉នគភ៌ដ៏ល្អបំផុតសម្រាប់ស្រ្តីមានគភ៌ដែលមានសភាវស្លេកស្លាំង ក្រៅពីសារធាតុដែកហើយនោះ ផ្លែភ្រូននៅមានកាល់ស្យូមដែលជួយសាងឆ្អឹង និងធ្មេញ ហើយនិងវីតាមីន B2 ដែលជួយសាងគ្រាប់ឈាមក្រហមទៀតផង។

    6 – ផ្លែក្រូចពោធិ៍សាត់

    មានកាកសរសៃអាហារខ្ពស់ ស្រ្តីមានគភ៌គួរតែទទួលទានជាប្រចាំដើម្បីឱ្យប្រព័ន្ធបន្ទោបង់ដំណើរការតាមប្រក្រតី ហើយផ្លែក្រូចថែមទាំងមានវីតាមីន C ខ្ពស់ទៀតផង ជាផ្លែឈើដែលទទួលទានហើយអាចប្រឆាំងនឹងជំងឺគ្រុនផ្តាសាយបានទៀតផង។

    7 – ផ្លែប៉ោម

    ជាផ្លែឈើដែលមានវីតាមីន និងសារធាតុអាហារច្រើនណាស់ ដូចជា មានវីតាមីន A, B1, B2, B6, បៃអូឌីន អាស៊ីតហ្វូ៉លិក អំបិលរ៉ែ កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម សូដ្យូម។ សារធាតុអាហារដែលរៀបរាប់មកទាំងអស់នេះ មានប្រយោជន៍ចំពោះរាងកាយស្រ្តីមានគភ៌ និងទារកក្នុងផ្ទៃណាស់។ ស្រ្តីមានគភ៌គួរទទួលទានផ្លែប៉ោមក្នុងមួយអាទិត្យឱ្យបានពី 1 – 2 ដងជាការល្អប្រសើរណាស់។

    ផ្លែឈើជាអាហារថែបំប៉នគភ៌ដែលមានប្រយោជន៍ និងងាយស្រួលទទួលទានណាស់ ហើយនៅក្នុងប្រទេសយើងក៏មានផ្លែឈើច្រើនយ៉ាងដើម្បីឱ្យស្រ្តីមានគភ៌ជ្រើសរើសទទួលទានបានតាមរដូវកាលដែរ៕

  • តើការលេងអាចអភិវឌ្ឍខួរក្បាលរបស់កូនតូចបានមែនឬ?

    តើការលេងអាចអភិវឌ្ឍខួរក្បាលរបស់កូនតូចបានមែនឬ?

    មែនឬដែលមានអ្នកនិយាយថា ក្មេងតូចដែលបានទទួលការគាំទ្រឱ្យលេងនឹងឆ្លាត ហើយពូកែជាងក្មេងដែលត្រូវបានហាម និងមិនបានទទួលការជំរុញឱ្យលេង។ ក្មេង និងការលេងគឺជារឿងគូគ្នាតាមធម្មជាតិ ដូច្នេះហើយទើបកើតមានចម្ងល់មួយពីអាណាព្យាបាល ឬឪពុកម្តាយថា តើការលេងអាចអភិវឌ្ឍខួរក្បាលរបស់កូនតូចបានមែនឬ?។

    តាមពិតទៅ ក្មេងចម្រើនធំធាត់ឡើងមកព្រមជាមួយវិវឌ្ឍនាការដែលពាក់ព័ន្ធនឹងការលេង នោះគឺ ក្មេងអាចលេងបានដោយមិនចាំបាច់មានអ្នកណាបង្រៀនឡើយ បើសង្កេតមើលឱ្យច្បាស់នឹងបានដឹងថា ក្មេងអាចលេងរបស់លេងដែលដាក់នៅចំពីមុខគេដោយឯកឯង ដោយមិនចាំបាច់មានអ្នកណាប្រាប់ ឬចង្អុលណែនាំពីវិធីការលេងនោះទេ ហើយក្មេងម្នាក់ៗមានវិធីការលេងរបស់លេងខុសផ្លែកពីគ្នា។

    មានភស្តុតាងអះអាងបញ្ជាក់ថា ការលេងមានចំណែកសំខាន់យ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរគ្រោងសាងរបស់ខួរក្បាល ដោយការលេងនឹងជំរុញឱ្យមានការកើនឡើងរបស់ការបញ្ជូនសញ្ញាប្រសាទ និងបង្កើនការទំនាក់ទំនងការងាររវាងគ្នានិងគ្នារបស់កោសិកាខួរក្បាល។ ការផ្លាស់ប្តូរនេះបានទទួលការអះអាងពីច្រើនស្ថាប័ន និងតាមរយៈការសិក្សាស្រាវជ្រាវនៅលើសត្វពិសោធន៍ក៏បានរកឃើញដែរថា ខួរក្បាលរបស់សត្វដែលត្រូវបានជំរុញឱ្យមានកិច្ចការលេងដូចគ្នានេះកើតការបង្កើនការបញ្ជូនសញ្ញាប្រសាទរវាងកោសិកាខួរក្បាលច្រើនជាងសត្វដែលមិនបានមានកិច្ចការលេងដល់ទៅ 25%ឯណោះ ក្រៅពីនោះនៅបានរកឃើញទៀតថា សត្វដែលមិនសូវមានកិច្ចការលេងឬមិនត្រូវបានជំរុ​ញនោះ កោសិកាខួរក្បាលធំនឹងរួញតូច។ លោកវេជ្ជបណ្ឌិតជំនាញការនៃមហាវិទ្យាល័យស៊ែនឌីអេហ្គោ បានរាយការណ៍ថា កោសិកាខួរក្បាលរបស់ក្មេងអាយុ 3 ឆ្នាំដំបូងដែលចម្រើនធំធាត់ឡើងក្នុងសភាពជុំវិញខ្លួនដែលមានភាពរស់រវើក មានការលេង និងការជំរុញយ៉ាង​ល្អប្រសើរនោះ នឹងមានការកើនឡើងរបស់ការបញ្ជូនសញ្ញាប្រសាទ ឬរលកចរន្តអគ្គិសនីក្នុងខួរក្បាល និងការតភ្ជាប់គ្នារវាងកោសិកាប្រសាទ។ ការកើនឡើងក្នុងផ្នែកនេះ ហុចផលសំខាន់ដល់វិវឌ្ឍនាការរបស់ខួរក្បាល ជាពិសេសបំផុតក្នុងរឿងរបស់ភាពឆ្លាតវៃ។

    ទាំងអស់នេះ ការលេងអាចជួយអភិវឌ្ឍ និងសាងការគិតស្រមៃ និងគំនិតច្នៃបង្កើតឱ្យកើតឡើងនៅក្នុងខ្លួនក្មេងបាន ដែលប្រយោជន៍របស់ការលេងនេះមានភាពសំខាន់ដល់ការអភិវឌ្ឍន៍ និងបង្កើនកម្រឹតការគិត និងសតិប្រាជ្ញាទៀតផង។ ការលេងនៅបានជួយបង្កើនឱ្យកុមារស្គាល់ពីរបៀបវិន័យ និងកតិការបស់ការលេង ហ្វឹកហាត់ឱ្យក្លាយជាមនុស្សមានវិន័យ រួមទាំងហ្វឹកហាត់ក្នុងរឿង ការចងចាំ ជំនាញ និងភាពវាងវៃ ជាពិសេសការលេងនេះជួយបង្កើនការប្រើប្រាស់ប្រព័ន្ធប្រសាទប៉ះពាល់ទាំង 5 ទៀតផង។

    ការលេងប្រភេទខ្លះថែមទាំងបានជួយជម្រុញវិវឌ្ឍនាការខាងរាងកាយ ដែលមានដូចជា វិវឌ្ឍនាការខាងផ្នែកសាច់ដុំ ធ្វើឱ្យក្មេងមានសុខភាពល្អ និងជួយបង្កើនជំនាញខាងផ្នែកភាសា និងសង្គមទៀតផង។

    ដូច្នេះទើបការលេងអាចរាប់បានថាមានប្រយោជន៍យ៉ាងខ្លាំងចំពោះកុមារ និងគួរផ្តល់នូវការគាំទ្រ និងជាពិសេសអាណាព្យាបាលគួរមានការជ្រើសរើសប្រភេទនៃការលេងឱ្យបានស័ក្តិសមទៅតាមវ័យរបស់កូន និងកុំភ្លេចពីរឿងសុវត្ថិភាពផង៕