Tag: ភាសា

  • វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវតែដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវតែដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែគួរតែមានបែបណាខ្លះនោះ លោកឪពុកអ្នកម្ដាយគួរតែដឹង ដូច្នេះសូមនាំគ្នាមកតាមដានអំពីការវិវឌ្ឍអ្វីខ្លះដែលកូនតូចគួរតែធ្វើបានក្នុងផ្នែកនីមួយៗពេលដែលគេមានអាយុ 15ខែព្រមៗគ្នាជាមួយនឹងឡារ៉ែនដូចតទៅ…។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែ ផ្នែករាងកាយ និងការធ្វើចលនា

    កូនតូចក្នុងវ័យនេះគួរតែដើរបានពូកែហើយ និងចូលចិត្តអូស ឬរុញរបស់លេងដើរទៅមក និងក្មេងខ្លះអាចហាត់ដើរថយក្រោយបាន។ ចាប់ផ្ដើមចេះប្រើស្លាបព្រា និងសមក្នុងការដួសចំណីអាហារបានកាន់តែចំណានឡើង កូននឹងចូលចិត្តឱ្យលោកឪពុកអ្នកម្ដាយលេងល្បែងកម្សាន្តជាមួយគេ ដូចជាលើកដៃចង្អុលត្រចៀក ហើយសួរថា ត្រចៀកនៅឯណា? ឬសម្លឹងកញ្ចក់មើលខ្លួនឯង ហើយសួរថា អ្នកណាគេហ្នឹង?ជាដើម។ កូននឹងចូលចិត្តយករបស់របរទម្លាក់ចូលទៅក្នុងឡាំង និងចូលចិត្តសាកល្បងមើលថា របស់ណានឹងចង្អៀត ឬល្មមជាមួយប្រឡោះណា(គួររករបស់លេងដែលជាប្រអប់ដែលមានគម្របជាប្រឡោះទំហំខុសៗគ្នា និងមានរបស់លេងតូចៗជាជ័រប្លាស្ទិកដែលមានរូបរាងផ្សេងៗដែលមានទំហំធំល្មមឱ្យកូនបានសាកល្បងដាក់ចូលទៅក្នុងប្រឡោះនីមួយៗនោះ ដើម្បីហ្វឹកហាត់ជំនាញក្នុងការសង្កេតពីរូបរាងដែលខុសប្លែកពីគ្នា)។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែ ផ្នែកសតិបញ្ញា និងការរៀនយល់ដឹង

    ដោយសារតែក្មេងចាប់ផ្ដើមបំបែកខ្លួនឯងចេញពីម្ដាយបាន និងកំពុងហ្វឹកហាត់ជួយខ្លួនឯងនោះ ទើបក្មេងមើលទៅហាក់ដូចជាមិនព្រមស្ដាប់បង្គាប់មនុស្សធំដែលតែងនៅចាំហាមមិនឱ្យគេធ្វើនេះធ្វើនោះ ឬត្រូវការឱ្យគេត្រូវតែធ្វើតាមអ្វីដែលមនុស្សធំប្រាប់ឱ្យធ្វើ តែគេក៏មិនព្រមធ្វើតាមដែរ ព្រោះគេត្រូវការធ្វើជាអ្នកសម្រេចចិត្តដោយខ្លួនឯង( Sense of self )ទើបធ្វើឱ្យឪពុកម្ដាយជាច្រើនអាចមានអារម្មណ៍ថា កូនចាប់ផ្ដើមឌឺ និងរឹងហើយ។ ដូច្នេះបើឪពុកម្ដាយយល់ដឹងពីដំណាក់កាលនៃការវិវឌ្ឍរបស់កូនក្នុងអំឡុងអាយុនេះហើយ ក៏នឹងមិនមានអារម្មណ៍ខឹងសម្បា ហើយនឹងមិនព្យាយាមពោលពាក្យថា “ហាមធ្វើ…កុំណា៎…” ឬនឹងមិនឆេវឆាវឡើយ។ យើងគួរតែរិះរកវិធីក្នុងការកាត់បន្ថយបញ្ហាភាពមិនជំទាស់គ្នានេះដោយការនិយាយ ឬបង្ហាញចេញក្នុងលក្ខណៈវិជ្ជមាន ដូចជាជំនួសឱ្យពាក្យដែលចង់និយាយថា “កុំកាន់កែវហ្នឹងណា៎!” មកជានិយាយថា “កូនសម្លាញ់មកលេងជាមួយម៉ាក់នៅកន្លែងនេះមកកូន” ជាដើម ដែលនឹងធ្វើឱ្យកូនស្ដាប់បង្គាប់យើងច្រើនជាង។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 15ខែ ផ្នែកភាសា និងការទំនាក់ទំនង

    ក្មេងចាប់ផ្ដើមនិយាយជាពាក្យសម្ដីបានច្រើនឡើងហើយ ចាប់ផ្ដើមយល់ដឹងពីភាសា អាចធ្វើតាមបញ្ជា 2 – 3ម៉ាត់បាន និងអាចឆ្លើយតប ឬប្រាប់ឈ្មោះវត្ថុបានត្រឹមត្រូវហើយ។ មានឧបករណ៍ដែលជួយក្នុងការជំរុញវិវឌ្ឍនាការ គឺកូនបាល់ តុក្កតា កូនឡាន-ល- ដោយអ្នកម្ដាយអាចបង្ហាត់កូនបានក្នុងគ្រប់ស្ថានការណ៍ ឬតាមទីកន្លែងផ្សេងៗបានដើម្បីជាការជំរុញវិវឌ្ឍនាការផ្នែកការយល់ដឹងពីភាសាឱ្យកាន់តែលឿនឡើង។

    លោកឪពុកអ្នកម្ដាយត្រូវយល់ថា ក្មេងម្នាក់ៗកើតមកព្រមជាមួយគុណលក្ខណៈប្រចាំខ្លួនដោយឡែកពីគ្នា និងមានវិធីក្នុងការតបស្នងទៅអ្នកដទៃ និងរឿងផ្សេងៗតាមបែបរបស់ខ្លួនគេដែលខុសពីក្មេងឯទៀត ដែលនៅពេលគេធំឡើង គុណសម្បត្តិ និងបុគ្គលិកលក្ខណៈដោយឡែកទាំងនេះនឹងបង្ហាញឡើងយ៉ាងច្បាស់ ដែលការចិញ្ចឹមមើលថែឱ្យស៊ីចង្វាក់គ្នានឹងតម្រូវការរបស់កូន នឹងរឹតតែក្លាយជាការបង្កើន និងជំរុញឱ្យគេអាចនាំផ្នែកដែលល្អរបស់ខ្លួនឯងចេញមកប្រើប្រាស់បាន ដែលវានឹងក្លាយជាគោលសំខាន់ក្នុងការជួយឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សដែលទទួលបានជោគជ័យនាពេលអនាគតបាន៕

  • វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែ ៈ ក្នុងអំឡុងវ័យនេះ អាចហៅបានថា ទាំងជាអ្នកស្រាវជ្រាវ និងជាអ្នកតតាំងតូចល្អិតម្នាក់។ កូនកំពុងស្ថិតក្នុងវ័យដែលមានវិវឌ្ឍនាការឆាប់រហ័ស ដូច្នេះឪពុកម្ដាយចាំបាច់ត្រូវផ្ដល់ភាពសំខាន់ ត្រូវជំរុញ និងតាមដានវិវឌ្ឍនាការរបស់កូនជាប់ជានិច្ច។ ថ្ងៃនេះ ឡារ៉ែនសូមនាំលោកឪពុកអ្នកម្ដាយមកមើលពីវិវឌ្ឍនាការផ្សេងៗរបស់កូនតូចវ័យ 14ខែទាំងអស់គ្នាដូចខាងក្រោម។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែខាងផ្នែករាងកាយ និងការធ្វើចលនា

    វិវឌ្ឍនាការផ្នែករាងកាយ និងការធ្វើចលនាដែលកូនគួរតែធ្វើបានគឺ ក្នុងអំឡុងអាយុនេះ កូនគួរតែចេះធ្វើដៃ “បា៎យ…បា៎យ” បានហើយ និងនៅលើក្មេងខ្លះអាចនឹងចេះប្រមៀលបាល់លេងទៅមកបាន អាចញ៉ាំទឹកពីកែវបាន និងខ្លះទៀតនឹងចាប់ផ្ដើមធ្វើខ្លួនដូចជា “មនុស្សធំជាងគេ” នៅក្នុងផ្ទះទៀតផង។ កូនក្នុងវ័យនេះ គួរតែចេះឈរដោយខ្លួនឯងបានយូរហើយ និងអាចអង្គុយចុះវិញបានដោយខ្លួនឯង និងក្រោកឈរបានដោយខ្លួនឯង និងនៅលើក្មេងខ្លះដែលមានភាពចំណានរហ័សរហួន អាចនឹងដើរបានយ៉ាងចំណាប់ និងអាចដើរថយក្រោយបានខ្លះៗហើយ។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែខាងផ្នែកសតិបញ្ញា និងការរៀនយល់ដឹង

    ក្មេងក្នុងវ័យនេះជាក្មេងដែលចង់ដឹង-ចង់សាកល្បងគ្រប់យ៉ាង។ ដោយក្ដីរំភើបត្រេកអរដែលគេអាចដើរទៅរកអ្វីដែលគេចាប់អារម្មណ៍បានដោយងាយនោះ ធ្វើឱ្យកូនមើលឃើញអ្វីក៏គួរឱ្យចាប់កាន់ គួរឱ្យចង់សាកទាំងអស់ ដូច្នេះហើយទើបលោកឪពុកអ្នកម្ដាយត្រូវពិនិត្យមើលសភាពក្នុងបន្ទប់របស់កូន និងក្នុងផ្ទះត្រង់កន្លែងដែលកូននឹងអាចទៅដល់បានឱ្យមានសុវត្ថិភាព ដូចជាចាក់សោថតតុ ថតទូ យកបង់ស្អិតបិទបាំងរន្តដោតភ្លើងអគ្គិសនិ ប្រមូលទុកដាក់វត្ថុមុតស្រួច ឬគ្រឿងកែវចានដែលងាយបែកឱ្យផុតពីដៃកូន ជាដើម ។ វានឹងធ្វើឱ្យឪពុកម្ដាយអាចសប្បាយចិត្តបានថា កូននឹងមានសុវត្ថិភាពបានមួយកម្រិត។ លោកអ្នកអាចនឹងរកឡាំងក្រដាស ឬឡាំងជ័រមួយសម្រាប់ឱ្យកូនទុកដាក់របស់លេងយ៉ាងមានសុវត្ថិភាព និងទុកឱ្យរើជ្រាវលេង និងយកចេញ-ចូលបានយ៉ាងងាយស្រួលដោយខ្លួនឯង ហើយគេនឹងចូលចិត្តខ្លាំងណាស់ដែលបានជួយប៉ាម៉ាក់ “ទុកដាក់របស់របរ” និងនេះហើយគឺ ការរៀនយល់ដឹងដ៏សំខាន់មួយកម្រិតទៀតសម្រាប់កូន។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 14ខែខាងផ្នែកភាសា និងការទំនាក់ទំនង

    កូននឹងរៀនយល់ដឹងពីស័ព្ទផ្សេងៗថ្មីៗរៀងរាល់ថ្ងៃ ហើយនឹងនិយាយបានកាន់តែច្រើនពាក្យឡើង។ គេនឹងចាប់ផ្ដើមដឹងថា គេត្រូវការអ្វី និងដឹងពីវិធីក្នុងការប្រាប់ប៉ាម៉ាក់ថា អ្វីគឺជារឿងដែលគេត្រូវការ។ ការបង្កើន និងជំរុញវិវឌ្ឍនាការផ្នែកភាសា និងការទំនាក់ទំនង ឪពុកម្ដាយគួរបង្ហាត់កូនឱ្យនិយាយលើផ្នែករបស់វាក្យស័ព្ទផ្សេងៗ អាចជាស័ព្ទបរទេសដែលងាយស្រួលបញ្ចេញសំឡេងដែលកូនអាចនិយាយបានដើម្បីជំនាញខាងភាសាដ៏ល្អរបស់កូននៅថ្ងៃអនាគត។

    អ្វីដែលសំខាន់នោះគឺ ក្មេងក្នុងវ័យនេះចាប់ផ្ដើមត្រូវការភាពជឿជាក់ក្នុងចិត្ត និងរឿងផ្សេងៗ​ដែលជួយឱ្យគេមានអារម្មណ៍សប្បាយចិត្ត ដូច្នេះហើយទើបយើងមើលឃើញថា ក្មេងខ្លះចាប់ផ្ដើមចូលចិត្តតុក្កតា ក្មេងខ្លះចាប់ផ្ដើមស្រឡាញ់ភួយ ឬខ្នើយ ជាអ្វីមួយដែលគេនឹងអាចងាកទៅរក និងកាន់ជាប់ក្នុងដៃដើម្បីភាពសប្បាយចិត្តនៅពេលពេលកើតមានអារម្មណ៍ខ្លាច ឬមិនសប្បាយចិត្ត ជាពិសេសនៅពេលនឿយហត់ ឬងងុយគេង និងពេលដែលប៉ាម៉ាក់មិនបាននៅជិតកូន ដែលការស្រឡាញ់ចូលចិត្ត ឬញៀនវត្ថុអស់ទាំងនេះគឺជាដំណាក់កាលការវិវឌ្ឍដែលប្រក្រតី និងមិនមានផលប៉ះពាល់អវិជ្ជមានចំពោះក្មេងនាពេលអនាគតឡើយ ទើបឡារ៉ែនចង់ណែនាំឱ្យលោកឪពុកអ្នកម្ដាយយល់ដឹងពីគេ និងយល់ព្រមឱ្យគេបានមានវត្ថុទាំងនោះនៅក្បែរកាយនៅពេលដែលគេនឹកឃើញវា។

    រឿងវិវឌ្ឍនាការរបស់កូនជារឿងល្អិតល្អន់ លោកឪពុកអ្នកម្ដាយត្រូវយល់ដឹង និងគួរតាមដានការជំរុញវិវឌ្ឍនាការយ៉ាងជាប់លាប់។ ដោយក្ដីស្រឡាញ់ និងបារម្ភពីអ្នកគ្រូ ឆវី៕

  • វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវដឹង!

    ការចិញ្ចឹមកូនអាចជារឿងពិបាកសម្រាប់លោកឪពុកអ្នកម្ដាយថ្មោងថ្មី ព្រោះការមានកូនគឺជាចំណុចចាប់ផ្ដើមនៃការរស់នៅបែបក្រុមគ្រួសារដែលគ្រប់បរិបូរណ៍ ដូច្នេះរឿងដែលលោកឪពុកអ្នកម្ដាយត្រូវប្រតិបត្តិនោះគឺ ការយកចិត្តទុកដាក់ និងតាមដានវិវឌ្ឍនាការរបស់កូនក្នុងគ្រប់អំឡុងវ័យ ដើម្បីជំរុញ និងបង្កើនវិវឌ្ឍនាការគ្រប់ផ្នែកដល់កូនតូច។ ថ្ងៃនេះ យើងនាំគ្នាមកពិនិត្យមើលពីវិវឌ្ឍនាការរបស់កូនតូចអាយុ 13ខែជាមួយ ឡារ៉ែនទាំងអស់គ្នា។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែ ផ្នែកសតិបញ្ញា និងការរៀនយល់ដឹង

    ការដែលកូនចាប់ផ្ដើមធ្វើដោយខ្លួនឯង មិនត្រូវការឱ្យអ្នកណាមកបីពរូបគេទៅកន្លែងផ្សេងៗដូចកាលពីមុននោះ មានន័យថា គេមានភាពត្រៀមខ្លួនរួចរាល់ហើយក្នុងការឈានឆ្ពោះទៅកាន់ពិភពលោកដ៏ធំទូលាយដោយខ្លួនឯងហើយ។ កូននឹងចាប់ផ្ដើមពិនិត្យមើលវត្ថុផ្សេងៗ ចាប់ផ្ដើមចាប់កាន់របស់របរ ក្មេងខ្លះអាចនឹងចាប់ផ្ដើមគូរជារាងខ្សែវែងដោយខ្មៅដៃដែលនៅក្នុងដៃ តែគ្រាន់តែជាការគូសវាសទូទៅប៉ុណ្ណោះ មិនមែនជារូបរាងអ្វីមួយនោះទេ។ ក្មេងខ្លះទៀតអាចនឹងចាប់កាន់ស្លាបព្រាញ៉ាំបាយបាន តែក៏នៅមិនទាន់អាចបញ្ចុកចូលមាត់ខ្លួនឯងបាននៅឡើយ។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 13ខែ ផ្នែកភាសា និងការទំនាក់ទំនង

    ការទំនាក់ទំនងឆ្លើយឆ្លងជាមួយមនុស្សដទៃរបស់ក្មេងវ័យនេះ ក្មេងនឹងចាប់ផ្ដើមមានពាក្យសម្ដីមួយម៉ាត់ៗដែលមានអត្ថន័យ ដូចជា ម៉ាក់ម៉ាក់ ឬប៉ាប៉ា ជាដើមបានហើយ និងទោះជាកូនតូចទើបនឹងចេះនិយាយបានតែប៉ុន្មានម៉ាត់មែន តែក៏នឹងមានវិធីក្នុងការប្រាប់ឱ្យលោកឪពុកអ្នកម្ដាយបានដឹងថា គេត្រូវការអ្វី ដូចជាចង្អុលឱ្យដាក់គេចុះទៅដីនៅពេលត្រូវការចុះដី ឬទាញដៃ ទាញអាវឪពុកម្ដាយនៅពេលគេត្រូវការឱ្យឪពុកម្ដាយងាកមកចាប់អារម្មណ៍រូបគេា និងមើលទៅហាក់ដូចជាគេស្ដាប់យល់ពីអ្វីដែលឪពុកម្ដាយនិយាយបានល្មមសមគួរហើយ ដូចជាពេលលោកអ្នកលេងជាមួយគេ ឬប្រាប់ឱ្យគេធ្វើអ្វីជាដើម។ នៅពេលប្រើពាក្យសម្ដីងាយៗជាមួយគេ ដូចជា “អ៊ើ…ចាំមើលមើល៍ វានឹងយ៉ាងម៉េចវិញ បើ…” កូនតូចនឹងមើលទៅប្រៀបដូចជាអ្នកសាកល្បងតូចមួយ គេកំពុងរៀនយល់ដឹង មើលប្រតិកម្មតបស្នងរបស់វត្ថុផ្សេងៗ ឬមនុស្សជុំវិញខ្លួន មើលថា តើនឹងទៅជាយ៉ាងម៉េចវិញ…បើ…ដូចជាសាកល្បងយកកូនពែងទម្លាក់ទៅលើដី ឬសាកល្បងយកដៃទៅប្រឡូកប៉ូកប៉ាកជាមួយចំណីអាហារដែលនៅក្នុងចានខាងមុខខ្លួន…កូននឹងចាំសង្កេតមើលថា

    តើនឹងមានអ្វីកើតឡើងនៅពេលដែលគេធ្វើបែបហ្នឹង និងដោយសារតែការចងចាំរបស់កូនតូចនៅមិនទាន់អភិវឌ្ឍពេញទំហឹង ទើបកូនចូលចិត្តធ្វើរឿងមួយនោះដដែលៗ។

    សម្រាប់ក្មេងវ័យនេះ មានរឿងមួយទៀតដែលអ្នកម្ដាយនឹងត្រូវផ្ដល់ភាពសំខាន់ដែរនោះគឺ រឿងការទទួលយកវ៉ាក់សាំងការពារជំងឺរបស់កូនតូចដែលនឹងមានវ៉ាក់សាំងសំខាន់ៗជាច្រើនមុខដែលនឹងត្រូវចាក់នៅក្នុងអំឡុងពេលនេះ ដូចជា វ៉ាក់សាំងការពារជំងឺគ្រុនរលាកស្រោមខួរ វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង ជាដើម។

    លោកឪពុកអ្នកម្ដាយទាំងឡាយសូមកុំភ្លេចតាមដានវិវឌ្ឍនាការរបស់កូនតូចក្នុងគ្រប់អំឡុងវ័យ ព្រមទាំងបង្កើនវិវឌ្ឍនាការរបស់កូនតូចឱ្យបានជាប់លាប់ផង។ ដោយក្ដីស្រឡាញ់ និងបារម្ភពី ទស្សនាវដ្ដី ឡារ៉ែន៕

  • សំបុត្រពីស្រ្តីជាម្ដាយ ជូនដល់ស្រ្តីជាម្ដាយ ៈ “រឿងតូចៗដែលសាងអនាគតកូន”

    សំបុត្រពីស្រ្តីជាម្ដាយ ជូនដល់ស្រ្តីជាម្ដាយ ៈ “រឿងតូចៗដែលសាងអនាគតកូន”

    ជូនស្រ្តីជាម្ដាយគ្រប់រូបលើពិភពលោកនេះ

    ខ្ញុំមានអាជីពជាម្ដាយគេ និងក៏មិនខុសប្លែកពីស្រ្តីជាម្ដាយដទៃទៀតដែរ យើងព្យាយាមក្នុងការសម្របសម្រួលជីវិតការធ្វើការងាររបស់យើង ជាមួយនឹងការធ្វើជាម្ដាយគេ។ យើងត្រូវបានធ្វើឱ្យភ័យខ្លាច និងមិនសូវមានទំនុកចិត្តជាប់ជានិច្ចថា តើយើងបានធ្វើខ្លួនជាម្ដាយដែលល្អគ្រប់គ្រាន់ហើយឬនៅ?។

    កំណត់ត្រាទាំងឡាយរឹតតែធ្វើឱ្យយើងញាប់ញ័រ មិនថាតែ “ជាងពាក់កណ្ដាលនៃកុមារយើង សព្វថ្ងៃមានសៀវភៅអានមិនដល់ 3ក្បាលឡើយ” “ឪពុកៗជិតពាក់កណ្ដាល គ្មានពេលវេលាលេងជាមួយកូន” “40ភាគរយនៃក្មេងតូច ខកខានឱកាសល្អៗក្នុងការអភិវឌ្ឍ” និង “កុមារយើងបច្ចុប្បន្នមាន IQ ទាបជាងកម្រិតស្តង់ដារ”។

    ព័ត៌មានទាំងអស់នេះធ្វើឱ្យយើងត្រៀមខ្លួនជាស្រេចក្នុងការតស៊ូដើម្បីក្លាយជាម្ដាយដ៏ល្អ តែក៏ចង់លើកទង់ជ័យសចុះចាញ់ម្ដងម្កាលដែរ ​ព្រោះមិនមានជំនួយ…ឬមួយក៏ដល់ពេលត្រូវទទួលស្គាល់ការពិតហើយថា ការចិញ្ចឹមកូនក្នុងសង្គមបែបនេះ ពិតជាលំបាកមែនទែន?។

    ខ្ញុំបានដឹងពីលោកគ្រូពេទ្យជំនាញម្នាក់ដែលតែងតែបញ្ជាក់ប្រាប់ដដែលៗថា ការចិញ្ចឹមក្មេង សំខាន់បំផុតក្នុងអំឡុងបីឆ្នាំដំបូង។ ក្មេងនឹងសាងខ្លួនឯង និងជឿទុកចិត្តពិភពលោកមួយនេះតាមរយៈការទទួលបានសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់យ៉ាងគ្រប់គ្រាន់…ត្រូវហើយ! ខ្ញុំដឹង អ្នកក៏ដឹង តែបញ្ហាសេដ្ឋកិច្ចគ្រួសារបានរឹតរួតយើងឱ្យនៅជាប់នឹងកៅអីធ្វើការ ហើយយើងត្រូវជួលមនុស្សម្នាក់មកចិញ្ចឹមមើលថែដំណក់ឈាមរបស់ខ្លួនឯង…ពិភពលោកគឺដូច្នេះឯង ហើយតួនាទីរបស់យើងគឺត្រូវតែទទួលយកបែបហ្នឹង។

    ព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតគឺ អង្គប្រកបផ្សេងៗរបស់ស្ថានភាពជុំវិញខ្លួនមានភាពសំខាន់បំផុត គឺបើឱ្យកុមារធំធាត់ឡើងដោយខ្លួនឯង សក្ដានុពលរបស់គេនឹងថយចុះ 30ភាគរយ…តួលេខនេះ គឺជាភាពធ្ងន់ធ្ងរមួយដែលអ្នកម្ដាយគ្រប់រូបត្រូវទទួលបន្ទុក។

    ក្នុងឋានៈជាម្ដាយ ខ្ញុំដឹងច្បាស់ណាស់ថា ម្ដាយគ្រប់រូបចង់ឱ្យកូន “ពូកែ ល្អ ឆ្លាត” ពាក្យបីម៉ាត់នេះគឺ ភាពសាកល្បង។ ទោះជាហត់នឿយប៉ុនណា បើមិនបានអានរឿងនិទានមុនពេលគេងឱ្យកូនស្ដាប់ យើងនឹងក្លាយជាម្ដាយដែលមិនបានការភ្លាមតែម្ដង ព្រោះលុយកាក់មិនមានន័យស្មើនឹងពេលវេលា និងការយកចិត្តទុកដាក់ចំពោះកូនៗឡើយ។ ការចាប់ផ្ដើមធ្វើដោយដៃទាំងពីររបស់ម្ដាយ គឺជារឿងតូចមួយដែលជួយជំរុញវិវឌ្ឍនាការរបស់កូនបានល្អបំផុត។ យើងគ្រប់គ្នាគួរតែបានដឹងពីវិធីការសាងវិវឌ្ឍនាការដល់កូន។

    ចេះគិត ចេះធ្វើការ ចេះរៀនសូត្រ ចេះដោះស្រាយបញ្ហា ចេះរស់នៅជាមួយអ្នកដទៃ និងអ្វីដែលសំខាន់បំផុតគឺ “ចេះមានសេចក្តីសុខ” ពាក្យចុងក្រោយគេនេះ ជាពាក្យដែលសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះខ្ញុំខ្លាចមែនទែន ខ្លាចកូនមិនដឹងពីវិធីមានសេចក្ដីសុខក្នុងពិភពលោកដែលកាន់តែពិបាករស់នៅទៅដូចសព្វថ្ងៃ។

    មួយទៀត ការបន្ថែមជំនាញផ្នែកភាសា ក៏ជារឿងដែលមិនគួរមើលរំលងដែរ ដូច្នេះអ្វីដែលសំខាន់គឺ “ការអានសៀវភៅ” ។

    លោកគ្រូពេទ្យខាងលើបន្ថែមថា “រឿងចាំបាច់ចំពោះការជំរុញវិវឌ្ឍនាការរបស់កុមារគឺ សេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ ស្ថានភាពជុំវិញខ្លួនដែលល្អ អានសៀវភៅ និងកន្លែងក្មេងលេង” គាត់បន្តថា របស់លេងនៅក្នុងកន្លែងក្មេងលេង សំខាន់ស្មើនឹងសៀវភៅដែរ។ ខួរក្បាលរបស់កុមារ ជាមួយនឹងការអានក្នុងអំឡុង 3 ដំណាក់កាលនឹងអភិវឌ្ឍសន្សឹមៗតាមលំដាប់ ចាប់ផ្ដើមពីការរៀនអានដើម្បីូការរៀនយល់ដឹង រៀនយល់ដឹងពីជំនាញការអាន រហូតទៅដល់អានបានដោយខ្លួនឯងដើម្បីការរៀនយល់ដឹងបន្ត។

    ការជ្រើសរើសសៀវភៅដែលមានពាក្យចុងជួន មិនចាំបាច់មានអត្ថន័យខ្លឹមសារឱ្យគិតច្រើន មានសំឡេងឡើងចុះ នឹងធ្វើឱ្យខួរក្បាលរបស់កុមារបើកទទួលយកកាន់ងាយស្រួលឡើង…អ៊ីចឹងតើ! បានជាកូនតូចរបស់ខ្ញុំសើចក្អាកក្អាយគ្រប់ពេលដែលម្ដាយធ្វើសំឡេងឡើងចុះ ឬអានរឿងនិទានដែលមើលទៅដូចជាគ្មានន័យអ្វីទាំងអស់ឱ្យស្ដាប់។

    ការអភិវឌ្ឍខួរក្បាលជារឿងសំខាន់ក៏ពិតមែន តែការសម្រាកខួរក្បាលក៏សំខាន់មិនចាញ់គ្នាប៉ុន្មានដែរ ហើយនេះអាចជាលេសមួយដែលអាចឱ្យម្ដាយៗដូចរូបយើងរកពេលសម្រាក និងបានធ្វើការងាររបស់ខ្លួនខ្លះ ព្រោះវាប្រហែលជាដូចដែលគេនិយាយមែនហើយថា ម្ដាយដែលមានសេចក្ដីសុខ នឹងសាងកូនដែលមានសេចក្ដីសុខបានដូចគ្នា។

    សូមជួយជាកម្លាំងចិត្តដល់អ្នកម្ដាយគ្រប់រូបយ៉ាងមុតមាំ ហើយយើងនឹងឆ្លងកាត់សមរភូមិនៃការចិញ្ចឹមមើលថែកូនទៅជាមួយគ្នា…។

    ពីខ្ញុំ ស្រ្តីជាម្ដាយម្នាក់

  • ហេតុអីបានការជជែកលេងជាមួយកូន គឺជារឿងសំខាន់?

    ហេតុអីបានការជជែកលេងជាមួយកូន គឺជារឿងសំខាន់?

    កុំគិតថា កូននៅក្មេងមិនដឹងរឿងអី ឬប្រហែលជាមិនយល់អីឱ្យសោះ ព្រោះការពិតទៅ នៅក្នុងជីវិតប្រចាំថ្ងៃ និងកិច្ចការងារផ្សេងៗដែលបានធ្វើរួមគ្នានោះ សំឡេង និងពាក្យសំដីរបស់ឪពុកម្ដាយមានផលទៅដល់អារម្មណ៍ ការគិត និងការរៀនយល់ដឹងរបស់កូនជានិច្ច។ ខាងក្រោមនេះគឺជាចំណុចល្អៗទទួលបានពីជជែកលេងជាមួយកូន ដែលឪពុកម្ដាយគួរតែប្រតិបត្តិដើម្បីជាប្រយោជន៍ដល់កូន។

    1 . កូនបានរៀនយល់ដឹងពីភាសា ៈ តាមរយៈការធ្វើត្រាប់តាមពាក្យសំដីដែលឪពុកម្ដាយប្រើ តាមរយៈបទសន្ទនាតាមបែបផ្សេងៗដែលបានជជែកឆ្លើយឆ្លងគ្នា រឹតតែយើងបានជជែកគ្នាបានច្រើនប៉ុនណា កូនក៏នឹងរឹតតែស្គាល់ពាក្យពេចន៍ និងបង្កើនជំនាញក្នុងការឆ្លើយឆ្លងទាក់ទងកាន់តែច្រើនឡើងប៉ុននោះដែរ។

    2 . ជំរុញខួរក្បាល ៈ ឪពុកម្ដាយដែលឧស្សាហ៍និទានរឿង ជជែកនិយាយ ឧស្សាហ៍សួរសំណួរ នឹងជួយឱ្យកូនបានហ្វឹកហាត់ប្រើការគិត មានគំនិតច្នៃបង្កើត ចេះបត់បែន និងចេះគិតរឿងរ៉ាវបន្តៗគ្នាបានល្អ។ ក្មេងឆ្លាត ព្រោះមានឱកាសសំលៀងខួរក្បាលញឹកញាប់ហ្នឹងឯង។

    3 . បង្កើនចំណេះដឹង ៈ ចំណេះដឹងមិនមែនបានមកតែពីក្បួនតម្រាប៉ុណ្ណោះទេ តែមួយផ្នែកក៏បានមកពីការជជែកនិយាយគ្នាដែរ។ ខួរក្បាលរបស់កុមារប្រៀបដូចជាឃ្លាំងផ្ទុកទំនិញដែលធំទូលាយ និងអាចពង្រីកទំហំបានយ៉ាងគ្មានដែនកំណត់។ ឧស្សាហ៍និទានរឿង ឧស្សាហ៍បង្រៀន ឧស្សាហ៍បន្ថែមរឿងរ៉ាវល្អៗចូលទៅ នោះនឹងកើតផលល្អមិនខាន។

    4 . យល់ពីខ្លួនឯង យល់ពីអ្នកដទៃ ៈ ការបបួលកូនជជែកគ្នាដើម្បីឱ្យកូនបង្ហាញពីគំនិតយោបល់របស់ខ្លួនឯង ប្រាប់ពីអារម្មណ៍របស់ខ្លួនឯងចេញមកឱ្យបាន។ រឿងនេះនឹងធ្វើឱ្យកូនកើតការទទួលស្គាល់ខ្លួនឯង ចេះសម្រាលអារម្មណ៍ និងនាំឆ្ពោះទៅរកការទទួលស្គាល់ និងយល់ពីអារម្មណ៍អ្នកដទៃជាបន្ត។

    5 . ចេះឆ្លើយឆ្លងទាក់ទង ៈ ចង់ឱ្យកូនក្លាយជាអ្នកនិយាយ និងជាអ្នកស្ដាប់ដ៏ល្អរបស់សង្គម ឪពុកម្ដាយត្រូវជួយគ្នាបង្ហាត់តាំងពីថ្ងៃនេះទៅ ដោយធ្វើជាគំរូដ៏ល្អ និងបង្ហាត់បង្រៀនតាមរយៈការបបួលជជែក មិនថាតែរឿងការចេះទទួលស្ដាប់ពីគំនិតយោបល់របស់អ្នកដទៃ និងការបញ្ចេញគំនិតយោបល់ដែលខុសប្លែកពីគ្នាដោយហេតុផល មិនប្រើអារម្មណ៍ និងជាពិសេស បង្ហាត់កូនៗរបស់យើងឱ្យហ៊ានគិត ហ៊ាននិយាយ តែមិនច្រងេងច្រងាង៕

  • ចង់ចិញ្ចឹមកូនតូចឱ្យពូកែ 2ភាសា ឬច្រើនភាសាត្រូវធ្វើយ៉ាងណា?

    ចង់ចិញ្ចឹមកូនតូចឱ្យពូកែ 2ភាសា ឬច្រើនភាសាត្រូវធ្វើយ៉ាងណា?

    ឪពុកម្ដាយ​មួយចំនួន​ចង់ឱ្យ​កូន​តូច​ៗពូកែ​ភាសាអង់គ្លេស​(ឬភាសា​ផ្សេងទៀត​)មួយទៀត​ តែ​ក៏​នឹក​ភ័យ​បារម្ភ​(គិតតែខ្លួនឯង​)ថា​ តិច​លោ​និយាយ​អង់គ្លេស​ផង​ និយាយ​ខ្មែរ​ផង​ នឹង​ធ្វើ​ឱ្យ​កូន​វិលវល់​យល់​ច្រឡំ​ និង​ក្លាយជា​ការក្រ​ចេះ​និយាយ​ ឬមិន​យល់​ពី​ភាសា​ជាដើម​-ល- តែ​ ឡា​រ៉ែ​ន សូម​ឱ្យ​លោកឪពុក​អ្នកម្ដាយ​ទាំងអស់​យល់ដឹង​ជាថ្មី​ឡើងវិញ​ថា​ ទារក​ចាប់ពី​ពេល​កើត​ដំបូង​រហូតដល់​អាយុ​ 3ឆ្នាំ​នឹង​មានការ​សាង​កោសិកា​ខួរក្បាល​ និង​វិវឌ្ឍនាការ​ផ្នែក​ខួរក្បាល​ឆាប់​រហ័ស​ណាស់​ ដូច្នេះ​បើ​យើង​ចង់​បង្ហាត់​កូន​ ក៏​ត្រូវតែ​បង្ហាត់​ក្នុងអំឡុងពេល​នេះ​ ព្រោះ​នឹង​ងាយស្រួល​បង្ហាត់​ និង​ឆាប់​មើលឃើញ​លទ្ធផល​បំផុត​។

    តើ​កូនស្រី​ប្រើប្រាស់​ភាសា​បាន​ល្អ​ជាង​កូន​ប្រុស​មែន​ឬ?
    ជាទូទៅ​ ក្មេងស្រី​នឹង​ប្រើប្រាស់​ភាសា​បាន​ល្អ​ និង​ចំណាន​ជាង​ក្មេងប្រុស​(បើ​ប្រៀបធៀប​អាយុ​ប៉ុនគ្នា​) ដោយសារតែ​ថា​ ខួរក្បាល​ផ្នែក​ឆ្វេង​(ដែល​មាន​តួនាទី​គ្រប់គ្រង​លើ​ការប្រើ​ភាសា​)របស់​ក្មេងស្រី​នឹង​ចាប់ផ្ដើម​ធ្វើការ​បាន​លឿន​ជាង​ក្មេងប្រុស​ ធ្វើ​ឱ្យ​កូនស្រី​ច្រើនតែ​និយាយ​បាន​លឿន​ជាង​កូនប្រុស​ តែ​ទាំងអស់​នេះ​មិនមែន​មានន័យថា​ យើង​នឹង​មិន​អាច​ចិញ្ចឹម​កូន​ប្រុស​ឱ្យ​ពូកែ​ 2ភាសា​ ឬច្រើនជាង​ហ្នឹង​បាន​នោះ​ឡើយ​ គ្រាន់តែ​ឪពុកម្ដាយ​ត្រូវ​យល់ដឹង​លើ​ផ្នែក​នេះ​ផង​តែប៉ុណ្ណោះ​។

    ចិញ្ចឹម​កូន​ឱ្យ​ពូកែ​ 2ភាសា​ ឬច្រើនជាង​ហ្នឹង​ ឪពុកម្ដាយ​ត្រូវ​ធ្វើ​យ៉ាងណា​?
    នៅពេល​ឪពុកម្ដាយ​តាំងចិត្ត​ឱ្យ​កូន​ពូកែ​ 2ភាសា​ ឬច្រើនជាង​នោះ​ហើយ​ គួរតែ​ចាប់ផ្ដើម​ភ្លាម​តែម្ដង​ ដោយ​ចាប់ផ្ដើម​តាំងពី​អំឡុង​ពេល​កើត​ដំបូង​រហូតដល់​អាយុ​ 3ឆ្នាំ​ ដោយ​ឪពុក​ និង​ម្ដាយ​គួរតែ​ឯកភាព​គ្នា​ជាមុន​សិន​ថា​ នឹង​ឱ្យ​អ្នកណា​និយាយ​ភាសា​មួយ​ណា​ ដូចជា​ ឪពុក​និយាយ​ភាសាខ្មែរ​ ម្ដាយ​និយាយ​ភាសាអង់គ្លេស​ជាដើម​។ ពេល​ចិញ្ចឹម​កូន​ក៏​គួរតែ​និយាយ​ជាមួយ​កូន​តាម​ភាសា​ដែល​ខ្លួនឯង​បាន​ឯកភាព​គ្នា​រួចហើយ​នោះ​។ បន្ទាប់ពី​នោះ​ គួរ​ត្រៀម​វត្ថុ​ផ្សេង​ៗដែល​បង្ហាញ​ពី​ 2ភាសា​ ដូចជា​ សៀវភៅ​ដែល​នឹង​អាន​ឱ្យ​កូន​ស្ដាប់​ របស់​លេង​ផ្សេង​ៗដែល​មាន​ទាំង​អក្សរខ្មែរ​ និង​អង់គ្លេស​ជាដើម​។ល។ ការរស់នៅ​បច្ចុប្បន្ន​ក៏​នៅតែ​ដំណើ​ការ​ទៅមុខ​ តែ​រឿង​ដែល​សំខាន់​បំផុត​នោះ​គឺ​ ការ​ជជែក​និយាយ​ជាមួយ​កូន​ដោយ​ភាសា​ដែល​បាន​ឯកភាព​គ្នា​នោះ​ ឪពុកម្ដាយ​មិន​គួរ​នឹក​កង្វល់​ថា​ តើ​កូន​នឹង​យល់​ពី​អ្វី​ដែល​ខ្លួនឯង​កំពុង​ទំនាក់ទំនង​ជាមួយ​កូន​ឬក៏​អត់​?នោះ​ទេ​ តែ​រឿង​ដែល​គួរ​ផ្ដល់​ភាព​សំខាន់​នោះ​គឺ​ ភាព​ច្បាស់លាស់​របស់​ពាក្យ​ និង​សំនៀង​សូរស័ព្ទ​ដែល​និយាយ​ចេញទៅ​ ព្រោះ​កូន​នឹង​ចងចាំ​ពី​អ្វី​ដែលគេ​បានឮ​នោះ​ឯង​។
    ការ​ចង់​ជំរុញ​ឱ្យ​កូន​មាន​ជំនាញ​ផ្នែក​ភាសា​ មិនមែន​ត្រឹមតែ​ការ​ចាក់​បទចម្រៀង​ ឬខ្សែភាពយន្ត​ភាសាអង់គ្លេស​ឱ្យ​កូន​មើល​នោះ​ទេ​ តែ​អ្វី​ដែល​បានផល​ល្អ​ខ្លាំង​ជាង​គឺ​ ការ​ជជែក​និយាយ​ ការឆ្លើយឆ្លង​ទៅ​មក​ផ្សេង​ៗ ព្រោះ​ជា​ការ​ទំនាក់ទំនង​បែប​ 2ផ្លូវ​។ ក្មេង​នឹងអាច​រៀន​យល់ដឹង​ និង​អភិវឌ្ឍ​ជំនាញ​ផ្នែក​ភាសា​បាន​លឿន​ជាង​ការ​ទំនាក់ទំនង​តែមួយ​ផ្លូវ​(ស្ដាប់​បទចម្រៀង​ មើលកុន​ អាច​រាប់​បាន​ថា​ជា​ការ​ទំនាក់ទំនង​តែមួយ​ផ្លូវ​)។
    ការ​នឹង​ចិញ្ចឹម​កូន​ឱ្យ​ពូកែ​ច្រើន​ភាសា​ ឪពុកម្ដាយ​ត្រូវ​ប្រើ​ភាព​អត់ធន់​ខ្ពស់​បន្តិច​ ព្រោះថា​ បើ​ឪពុកម្ដាយ​មិនមែន​ជា​ម្ចាស់​ភាសា​នោះ​ពិតប្រាកដ​(ជនបរទេស​) ដូចជា​ ឪពុកម្ដាយ​ជា​ជនជាតិ​ខ្មែរ​ទាំងពីរ​នាក់​ តែ​មាន​ម្នាក់​ត្រូវ​និយាយ​ភាសាបរទេស​នោះ​ គឺ​អាច​ជា​រឿង​មួយ​ដែល​ទាមទារ​ឱ្យ​ទាំងពីរ​នាក់​អត់ធន់​គួរសម​ដែរ​៕

  • ភែម ប៉េមិកា ប៉ាស៊ិណេតទី បវរកញ្ញាថៃនិយាយបាន 3 ភាសា

    ភែម ប៉េមិកា ប៉ាស៊ិណេតទី បវរកញ្ញាថៃនិយាយបាន 3 ភាសា

    ក្នុងយុគសម័យបវរកញ្ញាកំពុងរីកស្គុះស្គាយនេះ មនុស្សជាច្រើនបានតម្រង់ក្រសែភ្នែកសម្លឹងមើលទៅក្នុងឆ្នាំនីមួយៗថា បវរកញ្ញាដែលបានចូលរួមក្នុងកម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោក ទោះជានារីបែបណាក៏ត្រូវតែប្រាកដថា មានភាពស្រស់ស្អាតដែរ ក៏ប៉ុន្ដែមានរឿងមួយសំខាន់ជាងនេះទៅទៀត គឺត្រូវមានសមត្ថភាពខ្ពស់ និងភាពឈ្លាសវៃផងដែរ។

    ថ្ងៃនេះ សារព័ត៌មានកម្សាន្តរបស់ថៃដ៏ល្បីល្បាញមួយមានឱកាសបានជួបសម្ភាសជាមួយបវរកញ្ញា អ្នកនាង ភែម ប៉េមិកា ប៉ាស៊ិណេតទី ជាម្ចាស់តំណែង Miss Grand Thailand 2017 ដែលត្រូវបានគេនិយាយថា នាងមិនត្រឹមតែមានរូបសម្ផស្សស្អាតប៉ុណ្ណោះទេ តែថែមទាំងមានសមត្ថភាពពិសេសខាងផ្នែកភាសាជាច្រើន ព្រោះនាងអាចនិយាយបានដល់ទៅ 3 ភាសា។

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់ តោះ! យើងមកស្ដាប់នាងនិយាយទាំងអស់គ្នា ដូចខាងក្រោមនេះ៖