Tag: ព័ត៌មាន

  • ចំណេញភ្លាមៗពី Samsung Galaxy A ស៊េរី ជាមួយការផ្ដល់ជូនដ៏ពិសេស…!

    ចំណេញភ្លាមៗពី Samsung Galaxy A ស៊េរី ជាមួយការផ្ដល់ជូនដ៏ពិសេស…!

    គ្រាន់តែទិញស្មាតហ្វូន Galaxy A ស៊េរីណាមួយពីសាមសុងនឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ…!

    (ភ្នំពេញ) ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2023 ៖ បើអតិថិជនត្រូវទិញ…ទិញឱ្យហើយទៅ…កុំនៅឡើយបង្អង់យូរ… ប្រយ័ត្ន​ប្រម៉ូសិនអស់ធ្វើមុខជូរ…ស្មាតហ្វូនល្អលក់ដាច់មិនយូរ…ទិញប្រើភ្លាមជាប់ចិត្តភ្លែត…! អតិថិជនទាំង អស់នឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ ព្រមទាំងរង្វាន់ម៉ាគាប់ចិត្តតែម្ដង…ចាប់ពីថ្ងៃទី 16 រហូតដល់ ថ្ងៃទី 30 មិថុនា 2023 ដោយគ្រាន់តែទិញស្មាតហ្វូន Galaxy A ស៊េរីណាមួយដូចក្រោម៖

    *Galaxy A34 | A54 5G

    – បានប្រាក់ត្រលប់មកវិញចំនួន 81,000៛

    – កៅអីបត់ពិចនិក

    – កាបូបរក្សាសីតុណ្ហភាពដ៏ស្រស់ស្អាត

    *Galaxy A24

    – បានប្រាក់ត្រលប់មកវិញចំនួន 61,000៛

    – ស្រោមទូរស័ព្ទថ្លា និងកញ្ចក់ការពារអេក្រង់

    – ឆ្នាំងសាកល្បឿនលឿនរហូតដល់ 15W

    *Galaxy A14 | A14 5G

    – បានប្រាក់ត្រលប់មកវិញចំនួន 61,000៛

    – ឆ្នាំងសាកល្បឿនលឿនរហូតដល់ 15W

    *ចំណែក Galaxy A04s

    – បានប្រាក់ត្រលប់មកវិញចំនួន 61,000៛

    អ៊ែមណាស់…! ឡូយណាស់…! នៅចាំអីទៀត…ប្រញាប់រួសរាន់ឡើងណាហ្វេនៗ! ទិញទូរស័ព្ទបាន ទាំងរង្វាន់…បានទាំងប្រាក់ត្រលប់មកវិញ…រកឯណាទៀត! មានតែក្រុមហ៊ុន សាមសុង ប៉ុណ្ណោះ…!

    សូមបញ្ជាក់ផងដែរថាក្នុងចំណោមស្មាតហ្វូនស៊េរី A ខាងលើដែលក្រុមហ៊ុន សាមសុង ផ្តល់ប្រូម៉ូសិនជូន អតិថិជននាពេលនេះគឺសុទ្ធសឹងជាស្មាតហ្វូនដែលអាចឆក់យកបេះដូងអ្នកប្រើប្រាស់លើទីផ្សារទាំងអស់ដែលមានតម្លៃប្រហាក់ប្រហែលគ្នា…និងទទួលបានការពេញនិយមគាំទ្រយ៉ាងខ្លាំងនឹកស្មានមិនដល់! តើមានអ្វីដែលពិសេសសម្រាប់ជោគជ័យដ៏អស្ចារ្យនេះ? ព្រោះថាស្មាតហ្វូន A34 5G, A54 5G, A24 , A14, A14 5G, ឬ A04s ត្រូវបានផលិតឡើងជាមួយនឹងគុណភាពខ្ពស់…បំពាក់បច្ចេកវិទ្យាចុងក្រោយនិងមានតម្លៃ សមរម្យបំផុតស្ទើរមិនគួរឱ្យជឿ…!

    សូមរំលឹកថា ក្រុមហ៊ុន សាមសុង គឺជាសមាជិកសកម្មក្នុងវិស័យឯកជនដែលធ្វើសកម្មភាពគាំទ្រដល់ទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាង មុខផងដែរ។

    សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាម ហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាច ចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើ អតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

    *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

  • វីដេអូ​បង្ហាញ​ពី​ទិដ្ឋភាព Messi និយាយ​ភាសា​ចិន មុន​ការ​ប្រកួត​ជាមួយ​អូស្ត្រាលី

    វីដេអូ​បង្ហាញ​ពី​ទិដ្ឋភាព Messi និយាយ​ភាសា​ចិន មុន​ការ​ប្រកួត​ជាមួយ​អូស្ត្រាលី

    Lionel Messi បាន​ចូលរួម​កិច្ច​សម្ភាស​មួយ​នៅ​ទីក្រុង​ប៉េកាំង ហើយ​ពិធីករ​ក៏បាន​បង្រៀន​គាត់​​ឱ្យ​ចេះ​ហៅ​ឈ្មោះ​ខ្លួនឯង​ជា​ភាសា​ចិន។

    ថ្ងៃទី 14 មិថុនា នៅមុន​ការប្រកួត​មិត្តភាព​ជាមួយនឹង​អូស្ត្រាលី​នៅឯ​កីឡដ្ឋាន​បាល់ទាត់​ពលករ​ប៉េកាំង Messi បាន​ចូលរួម​កិច្ច​សម្ភាស​មួយ​​​របស់​​ទីភ្នាក់ងារសារព័ត៌មាន​ធំជាងគេ​របស់​ប្រទេស​ចិន ហើយ​ពិធីករ​ក៏បាន​បង្រៀន​គាត់​ក្នុង​ការ​​ហៅ​ឈ្មោះ​ខ្លួនឯង​ជា​ភាសា​ចិន។

    នៅក្នុង​ភាពច្របូកច្របល់ និង​រំភើប ចុងក្រោយ Messi ក៏​អាច​សើច និង​និយាយ​ឈ្មោះ​ខ្លួនឯង​ជា​ភាសា​ចិន​ឡើងវិញ​យ៉ាងរ​ដិ​បរ​ដុប ធ្វើឱ្យ​អ្នក​ដែលមាន​វត្តមាន​នៅក្នុង​បន្ទប់​ថត​នោះ​ ផ្ទុះសំណើច​គ្រប់​គ្នា។ វីដេអូ​នេះ​ក៏ត្រូវ​បាន​គេ​ចែករំលែក​ត​គ្នា​ពេញ​បណ្ដាញ​សង្គម​ បន្ទាប់ពី​ត្រូវបាន​បង្ហោះ​។

    https://www.youtube.com/watch?v=lYHf5Miyv8Q

    អំពី​ការប្រកួត​បាល់ទាត់​វិញ អា​ហ្ស​ង់​ទីន និង​អូស្ត្រាលី នឹង​ប៉ះគ្នា​នៅវេលា​ម៉ោង 19 ថ្ងៃទី 15 មិថុនា (ម៉ោង​នៅ​កម្ពុជា)។ នៅក្នុង​ការប្រកួត​នេះ Messi ទំនងជា​នឹង​ចូល​ទាត់​តាំងពី​ដំបូង និង​ត្រូវបាន​រំពឹងថា នឹង​បង្ហាញ​ថ្វី​ជើង​ប្រកបដោយ​ភាព​អស្ចារ្យ​កម្រិត​កំពូល​ជូន​ទស្សនិកជន។

  • អ្នកវិទ្យាសាស្ត្រ​បង្កើតបានទម្រង់​ដំបូង​របស់​ទារក​​ដោយ​មិន​បាច់​មាន​មេជីវិត

    អ្នកវិទ្យាសាស្ត្រ​បង្កើតបានទម្រង់​ដំបូង​របស់​ទារក​​ដោយ​មិន​បាច់​មាន​មេជីវិត

    ក្រុម​អ្នកជំនាញ​ប្រើប្រាស់​កោសិកា​ដើម​ដើម្បី​បង្កើត​អំប្រ៊ីយ៉ុង (ទម្រង់​ដំបូង​របស់​ទារក​ក្នុង​ស្បូន) គំរូ ដោយ​មិនបាច់​មាន​ស៊ុត​មេជី​វិត​ញី ឬ​មេជី​វិត​ឈ្មោល ដើម្បី​ស្វែងយល់​អំពី​ដំណាក់កាល​ដំបូង​របស់​ទារក​ក្នុង​ផ្ទៃ។

    លោកស្រី Magdalena Zernicka-Goetz សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Cambridge និង​វិទ្យាស្ថាន​បច្ចេកវិទ្យា California បាន​អធិប្បាយ​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​ខាងលើ​ ​កាលពី​ថ្ងៃទី 14 មិថុនា 2023 នៅ​សហរដ្ឋ​អាម៉េរិក។

    លោកស្រី Magdalena ថ្លែងថា «យើង​អាច​បង្កើតបាន​អំប្រ៊ីយ៉ុង​គំរូ​ ​ដែល​ដូច​ទៅនឹង​ទារក​ក្នុង​ផ្ទៃ​មនុស្ស​ដំណាក់កាល​ដំបូង តាមរយៈ​ការរៀបចំ​ឡើងវិញ​នូវ​កោសិកា​ដើម​របស់​អំប្រ៊ីយ៉ុង»។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាងលើ​នឹង​ផ្ដល់ព័ត៌មាន​ដ៏​មានតម្លៃ​ទាក់ទង​នឹង​ផលប៉ះពាល់​នៃ​បញ្ហា​តំណពូជ និង​មូលហេតុ​នៃ​ការ​រលូត​កូន​ច្រើន​ដងដោយ​គ្មាន​កត្តា​ពី​ខាងក្រៅ។ ក៏ប៉ុន្តែ សេចក្ដីលំអិត​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​មិនទាន់​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី​នៅឡើយ។

  • ក្លឹប​បាល់​ទាត់ PSG ប្រកាស​អំពី​តម្លៃ​ខ្លួន​របស់​កំពូល​​កីឡាករ​ Mbappe

    ក្លឹប​បាល់​ទាត់ PSG ប្រកាស​អំពី​តម្លៃ​ខ្លួន​របស់​កំពូល​​កីឡាករ​ Mbappe

    ម្ចាស់ជើង​ឯក​ពាន​រង្វាន់ Ligue 1 ទំនង​ជា​នឹង​ទទួល​យក​ការ​លក់​ Kylian Mbappe ក្នុង​តម្លៃ​ 160 លាន​ដុល្លារអាម៉េរិក​ ក្នុង​ពេល​ឆាប់​ៗ​ ព្រោះ​មិន​ចង់​ប្រឈម​នឹង​ហានិភ័យ​ត្រូវ​បាត់​បង់​កីឡាករ​នេះទទេ​ៗ​ ​នៅ​រដូវ​ក្ដៅ​ឆ្នាំ 2024​។

    យោង​តាម​ ESPN ប្រធាន​ Nasser Al Khelaifi យល់​ព្រម​ឱ្យ​ Mbappe ចាក​ចេញ​នៅ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ 2023​ បើសិន​ជា​ទទួល​បាន​ប្រាក់​ដោះ​ដូរ​ 150 លាន​អឺរ៉ូ (ប្រហែល 160 លាន​ដុល្លារ​អាម៉េរិក)​ ព្រោះ​ថា សុពលភាព​កិច្ច​ព្រម​ព្រៀង​របស់​ Mbappe នៅ​ក្លឹប​ PSG នេះ នៅ​សល់​តែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។

    សារព័ត៌មាន​ខាងលើ​ក៏​បាន​ឱ្យ​ដឹង​ថា ក្លឹប​ថ្មី​របស់ Mbappe អាច​ជា​ Real បើ​សិន​ចាក​ចេញ​ពី PSG។ ចំណែកសារព័ត៌មាន​បារាំង L’Équipe ក៏​បាន​ផ្សាយ​ថា ក្លឹប Real បាន​​ត្រៀមខ្លួន​រួច​រាល់​ដើម្បី​ដោះ​ដូរ​យក​ Mbappe ដោយ​មិន​រង់​ចាំ​ទិញ​ក្នុង​ក្រម​ខណ្ឌ​កីឡាករ​សេរី​នៅ​រដូវ​ក្ដៅ​ឆ្នាំ​ក្រោយ​។

    PSG កំពុងស្ថិត​ក្នុង​ការ​ប្រែប្រួល​ខ្លាំង​នៅ​រដូវ​កាល​នេះ​។​ Sergio Ramos, Lionel Messi បាន​ចាក​ចេញ​ទៅ​តាម​ទម្រង់​សេរី ខណៈ​ដែល Neymar ទទួល​បាន​សំណើទិញ​ក្នុង​តម្លៃ​ 300 លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ​ ពី​​ក្លឹប Al Hilal នៅ​អារ៉ាប៊ីសាអូឌីត​​។ ចំណែក​ Mbappe វិញ​ក៏​បាន​ជូន​ដំណឹង​អំពី​ការ​​មិន​ពន្យារ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្លឹប​នេះ​ផងដែរ​។

    ទំព័រ ESPN យល់​ថា ការ​ចាកចេញ​របស់ Mbappe នឹង​បង្ក​ការ​ខាត​បង់​ធំ​សម្រាប់ PSG ព្រោះ​ថា បច្ចុប្បន្ន​កីឡាករ​រូប​នេះ​ត្រូវ​បាន​ចាត់ទុក​ថា ​ជា​និមិត្ត​រូប​របស់​ប្រទេស​បារាំង​ ដោយ​ត្រូវ​បាន​វាយ​តម្លៃ​ថា​ជា​តារា​ធំបំផុត​​បន្ទាប់​ពី​ Messi និង Ronaldo​៕

  • លោក Elon Musk ថា «មនុស្ស​បាន​ក្លាយ​ជា​ Cyborg» រួច​ទៅ​ហើយ!

    លោក Elon Musk ថា «មនុស្ស​បាន​ក្លាយ​ជា​ Cyborg» រួច​ទៅ​ហើយ!

    មហា​សេដ្ឋី​អាម៉េរិក​ លោក Elon Musk យល់​ថា មនុស្ស​កំពុង​តែ​រស់​នៅ​តាម​បែប​ Cyborg (ពាក់​កណ្ដាល​មនុស្ស​ ពាក់​កណ្ដាល​ម៉ាស៊ីន) ព្រោះ​ប្រើ​ប្រាស់ម៉ាស៊ីន​សម្រាប់​ការ​ចង​ចាំ​ព័ត៌មាន​។

    កាល​ពី​ថ្ងៃទី 06 មិថុនា Marc Andreessen ដែល​ជា​អ្នក​វិនិយោគ​ម្នាក់​នៅ​ជ្រលង​ភ្នំ​ Silicon បាន​បង្ហោះ​អត្ថបទ​មួយ​និយាយ​ពី AI (បញ្ញា​សិប្បនិម្មិត) នៅ​លើ​ប្លក់​ផ្ទាល់​ខ្លួន​ដែលពិភាក្សា​គ្នា​អំពី​ថា​ តើ​​មនុស្ស​ប្រើ​ប្រាស់​ AI នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​​ដល់​កម្រិត​ណា។​ លោក Marc ក៏​ច្រាន​ចោល​គំនិត​ដែល​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ AI។ អ្នក​វិនិយោគ​នេះ​ជឿ​ថា បច្ចេក​វិទ្យា​នេះ​កំពុង​ជួយ​ឱ្យគ្រប់​យ៉ាង​ប្រសើរ​ឡើង​។

    កាល​ពី​ថ្ងៃទី 12 មិថុនា មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង លោក Elon Musk ក៏​បាន​ឆ្លើយ​តប​នឹង​អត្ថបទ​ខាងលើ​ ដោយ​និយាយ​ថា «ពេល​នេះ យើង​គ្រប់​គ្នាបាន​ក្លាយ​ជា Cyborg រួច​ទៅ​ហើយ​។ ការ​ចង​ចាំ​របស់​យើង​ត្រូវ​បាន​ប្រគល់​ឱ្យ​កុំព្យូទ័រ​។ ពួក​វា​ចង​ចាំ​គ្រប់​យ៉ាង​បាន​ល្អ​ក្នុង​កម្រិត​ខ្ពសខ្លាំង​»។ Cyborg គឺជា​ពាក្យ​ប្រើ​សម្រាប់​ហៅ​សត្វ​មួយ​ប្រភេទ​ដែល​ពាក់​កណ្ដាល​ជា​មនុស្ស និង​ពាក់​កណ្ដាល​ជា​ម៉ាស៊ីន​។

    យោង​តាម​លោក Musk​ បញ្ញា​សិប្បនិម្មិត​នៅ​តែ​អាច​បង្ក​ហានិភ័យ​ដ៏​គ្រោះ​ថ្នាក់​សម្រាប់​មនុស្ស​។ លើ​​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃទី 13 មិថុនា លោក Musk សរសេរ​ថា «តើមនុស្សជាតិ​នៅ​សល់​​ប៉ុន្មាន​ឆ្នាំ​ទៀត​ មុន​នឹង​ត្រូវ​ AI សម្លាប់​?»។

    កាល​ពី​ចុង​ខែ​មីនា 2023 លោក Musk រួម​នឹង​បុគ្គល​ល្បី​ឈ្មោះ​​ក្នុង​វិស័យ​បច្ចេកវិទ្យា​​ ជាង 1,000 នាក់ បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ដែល​​អំពាវនាវ​សូម​ឱ្យ​​បណ្ដា​ក្រុម​ហ៊ុន ស្ថាប័ន​ទូទាំង​សកល​លោក ផ្អាក​សកម្មភាព​រត់​ប្រណាំង​ផ្នែក​ AI ក្នុង​រយៈ​ពេល 6 ខែ​ដើម្បី​រួម​គ្នា​បង្កើត​គោល​ការណ៍​រួម​ស្ដី​ពី​បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត។

    ក៏ប៉ុន្តែ សារព័ត៌មាន Business Insider បាន​ផ្សាយ​ថា លោក Musk ក៏​បាន​ទិញ​ GPU 10,000 គ្រឿង​ ដើម្បី​ត្រៀម​សម្រាប់​ការ​បណ្ដុះ​បណ្ដាល​ AI នៅ​លើ Twitter។ ទន្ទឹមនឹង​នេះ ក្រុម​ហ៊ុន Tesla ដែល​លោក Musk ធ្វើ​ជា​ CEO ក៏​កំពុង​អភិវឌ្ឍ​រ៉ូបូត​រាង​មនុស្ស​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះថា Optimus ដោយ​រំពឹង​ថា​នឹង​អាច​ប្រើ​ប្រាស់ជាក់​ស្ដែង​​បាន​នៅ​ក្នុង​វិស័យ​ AI។ លោក Musk ក៏​បាន​ព្យាករ​ដែរថា ចុង​ក្រោយ​ រ៉ូបូត​នឹង​មាន​ចំនួន​ច្រើន​ជាង​មនុស្ស​លោក​៕

  • ការ​ពិត​នៅពី​ក្រោយ​ «ជោគ​ជ័យ​ក្នុង​ការ​ទិញ​ដូរ​ក្លឹប​​ Man United» របស់ Sheikh Jassim

    ការ​ពិត​នៅពី​ក្រោយ​ «ជោគ​ជ័យ​ក្នុង​ការ​ទិញ​ដូរ​ក្លឹប​​ Man United» របស់ Sheikh Jassim

    ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី 13 មិថុនា ឱ្យ​ដឹង​​ថា ការ​ទិញ​ដូរ​ក្លឹប​បាល់​ទាត់ Man United ពី​គ្រួសារ​ត្រកូល Glazer របស់​មហា​សេដ្ឋី​នៅ​កាតា ហាក់​ទទួល​បាន​ជោគ​ជ័យ។ ក៏ប៉ុន្តែ នៅ​ពី​ក្រោយ​ដំណឹង​នេះ នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​កំពុង​រារាំង​​អ្នក​វិនិយោគ​នៅ​កាតា​ ក្នុង​ដំណើរ​ចូល​មក​កាន់កាប់​​ក្លឹប​បីសាច​ក្រហមជា​ផ្លូវការ​​។

    ក្រោយ​រយៈ​ពេល​ 8 ខែ​នៃ​ការ​​ដណ្ដើម​ទិញ​ Man United រវាង​ មហា​សេដ្ឋី​អង់គ្លេស Jim Ratcliffe និង​ Sheikh Jassim bin Hamad Al Thani សារព័ត៌មាន​កាតា កាល​ពី​ម្សិល​មិញ​ថា មហាសេដ្ឋី​នៅ​ប្រទេស​កាតា​ ​ទទួល​បាន​ការ​យល់​ព្រម​ពីគ្រួសារ​ត្រកូល​ Glazer ដែល​ជា​​ម្ចាស់ក្លឹប​ នៅ​ក្នុង​ការ​ទិញ​ដូរ​នេះ​។

    ក៏ប៉ុន្តែ ព័ត៌មាន​នេះ​ហាក់​​មិន​ទាន់​ត្រឹម​ត្រូវ​ ច្បាស់​ការណ៍​នៅ​ឡើយ​។ ​សារព័ត៌មាន Qatari ដែលបាន​​បាយ​រាយការណ៍ដំណឹង​​ខាងលើ​ ថ្មី​ៗ​នេះ​ក៏​បាន​ដក​អត្ថបទ​នោះ​មក​វិញ​ ក្រោយ​ការ​ចុះ​ផ្សាយ​បាន​ជិត 12 ម៉ោង​។

    យ៉ាង​ណា​ក៏​ដោយ ព័ត៌មានដំបូង​បាន​ជួយ​ឱ្យ​ភាគ​ហ៊ុន​របស់​ក្លឹប​ Man United ហក់​ឡើង​ខ្ពស់​ ប៉ុន្តែ​ក៏​ធ្លាក់​ចុះ​មក​វិញ​នៅ​ពេល​មាន​ដំណឹង​ថា ព័ត៌មាន​ដំបូង​មិន​ទាន់​ច្បាស់​ការណ៍​។

    មក​ដល់​បច្ចុប្បន្ន មិន​ទាន់​មាន​ព័ត៌មាន ឬ​សេចក្ដី​បញ្ជាក់​ជា​ផ្លូវ​ការ​ណា​មួយ​ពី​ Avram, Joel Glazer ឬ Raine Group (ធនាគារ​អាម៉េរិក​ដែល​​ជា​តំណាង​របស់​ម្ចាស់​ក្លឹប​ Man United សម្រាប់​ការ​ទិញ​ដូរ​ក្លឹប​នេះ​) នៅ​ឡើយ ទាក់​ទង​នឹង​​ស្ថានការណ៍​ក្នុងរឿង​ទិញ​ដូរក្លឹប​បាល់​ទាត់​មួយ​​នេះ​​៕

  • Messi ឆ្លើយតប​នឹង​សំណួរ​ស្ដី​ពី​​​វត្តមាន​របស់​ខ្លួន​នៅ​ World Cup 2026

    Messi ឆ្លើយតប​នឹង​សំណួរ​ស្ដី​ពី​​​វត្តមាន​របស់​ខ្លួន​នៅ​ World Cup 2026

    (ប្រទេស​ចិន) – ប្រធាន​ក្រុមបាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន ចាត់​ទុក​ World Cup 2022 ​ថា​ជា​​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ពិភពលោក​​ចុង​ក្រោយ​នៅ​ក្នុង​អាជីព​របស់​ខ្លួន​។

    «ខ្ញុំ​គិត​ថា​ មិន​ទេ។ កាតា 2022 គឺជា​ World Cup ចុង​ក្រោយ​របស់​ខ្ញុំ​។ …ខ្ញុំ​នឹង​​មិន​ចូល​រួម​​រដូវ​កាល​បន្ទាប់​ទៀត​នោះ​ទេ» Lionel Messi បាន​ឆ្លើយ​តបទៅ​កាន់​ទីភ្នាក់​ងារ​សារព័ត៌មាន​កីឡា​ចិន Titan Sports កាល​ពី​ព្រលប់​ថ្ងៃ​ទី 13 មិថុនា ពេល​ត្រូវ​បាន​សួរ​អំពី​លទ្ធភាព​អូស​បន្លាយ​អាជីព​នៅ​អន្តរជាតិ​រហូត​ World Cup 2026​។

    កាល​ពី​ខែ​កុម្ភៈ Messi ធ្លាប់​បាន​និយាយ​ដល់​លទ្ធភាព​នៃ​ការ​មិន​ចូល​រួម​ប្រកួត​នៅ​ World Cup 2026 ម្ដង​រួច​មក​ហើយ​។ គាត់​បារម្ភ​ចំពោះ​កាតា​អាយុ​ និង​កម្លាំង​ដែល​អាច​​ផ្ដល់​ផល​អាក្រក់​ដល់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន​។

    កាល​ពី​ខែ​វិច្ឆិកា 2022 នៅ​ប្រទេស​កាតា Messi ​រួម​ចំណែក​រក​បាន​ 7 គ្រាប់​ និង​បង្ក​ឱកាស​បាន​ 3​ គ្រាប់ ​ដែល​ជួយ​ឱ្យ​អាហ្សង់ទីន​ដណ្ដើម​បាន​ពាន​រង្វាន់​ជើង​ឯក World Cup និង​ទទួល​បាន​ងារ​ជា​កីឡាករ​ឆ្លើម​បំផុត​​នៅ​រដូវ​កាល​នោះ​។

    បច្ចុប្បន្ន Messi មាន​​ពាន​រង្វាន់​បាល់​មាស​​ចំនួន 7 ដែល​នេះ​គឺជា​​​កំណត់​​​ពិភពលោក​។ បើ​សិន​ជា​ចូល​រួម​ប្រកួត​នៅពេល​ Word Cup 2026 ដែល​នឹង​ធ្វើ​ឡើង​នៅ​សហរដ្ឋ​អាម៉េរិក ម៉ិកស៊ិក និង​កាណាដា​ Messi នឹង​មាន​ឱកាស​បំបែក​កំណត់​ត្រា​របស់​ខ្លួន​។ ក៏ប៉ុន្តែ ពេល​ World Cup 2026 ត្រូវ​បាន​រៀប​ចំ ក៏​ជា​ពេល​ដែល Messi ​មាន​អាយុ​ 39 ឆ្នាំ​៕

  • ករណី​ទិញដូរក្លឹប​ Man Utd ចាត់​ទុក​ថា​ «បាន​សម្រេច»​ បន្ទាប់​ពី​គ្រួសារ​ត្រកូល Glazer ​យល់​ព្រម

    ករណី​ទិញដូរក្លឹប​ Man Utd ចាត់​ទុក​ថា​ «បាន​សម្រេច»​ បន្ទាប់​ពី​គ្រួសារ​ត្រកូល Glazer ​យល់​ព្រម

    យោង​តាម​សារព័ត៌មាន​របស់​កាតា Sheikh Jassim បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ប្រជែង​ទិញ​ក្លឹប​បាល់​ទាត់​អង់គ្លេស​​ Manchester United។

    ក្នុង​មួយ​រយៈ​ពេល​កន្លង​ Qatari Sheikh Jassim bin Hamad al-Thani បាន​ប្រកួត​ប្រជែង​ជាមួយ​នឹង Sir Jim Ratcliffe ដើម្បី​ទិញ​យក​បីសាច​ក្រហម​ Man Utd​។

    សម្រាប់​ Ineos (ក្រុម​ហ៊ុន​​​វិនិយោគ​​អង់គ្លេស​) ការ​ដែល​ Jim Ratcliffe ចង់​ទិញ​ភាគ​ហ៊ុន 60% របស់ Man United គឺនៅ​តែ​អនុញ្ញាត​ឱ្យ​គ្រួសារ​ត្រកូល Glazer បន្ត​ដើរ​តួ​ជា​អ្នក​គ្រប់​គ្រង​នៅ Old Trafford។ ប៉ុន្តែ បើ​តាម​សារព័ត៌មាន​ Al-Watan ដែល​ជា​កម្មសិទ្ធិ​របស់​ឪពុក​លោក Sheikh Jassim ករណី​ទិញ​ដូរ​ក្លឹប Man United គឺ​បាន​ជោគ​ជ័យ​ទៅ​ហើយ​។

    ប្រភព​ព័ត៌មាន​ខាងលើ​បាន​ឱ្យ​ដឹង​ថា សេចក្ដី​ប្រកាស​មួយ​ស្ដី​ពី​ការ​ចូល​កាន់កាប់​របស់ Sheikh Jassim នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ឆាប់​ៗ​នេះ​។ សំណើថ្មី​បំផុត​របស់​អ្នក​ជំនួញ​ជនជាតិ​កាតា​ គឺ​ការ​ទិញ​ភាគ​ហ៊ុន 100% របស់​ក្លឹប​ Man Utd ក្នុង​តម្លៃ​ប្រហែល​ 5 ពាន់​លាន​​ផោន​​អង់គ្លេស​។

    បើ​សិន​ជា​សេចក្ដី​រាយការណ៍​នៅ​កាតា​ត្រូវ​បាន​ទទួល​ស្គាល់​ នោះ​ Ratcliffe នឹង​បាត់​បង់ឱកាស​ក្នុងការ​ទិញ​ក្លឹប​បាល់​ទាត់​ដែល​លោក​ស្រឡាញ់​ចូល​ចិត្ត​តាំង​ពីវ័យ​កុមារ​។

    មូលនិធិ​ Qatari របស់​អ្នក​វិនិយោគ​នៅ​កាតា​បាន​សន្យា​ថា​ នឹង​ប្រគល់​ប្រាក់​​ជា​មុន ព្រម​ទាំង​ជួយ​សង​បំណុល​ទាំង​អស់​ដែល​បីសាច​ក្រហម​កំពុង​ជំពាក់​ ហើយ​ថា នឹង​ស្ថាបនា​ឡើង​វិញ​នូវ​មជ្ឈមណ្ឌល​ហ្វឹក​ហាត់​ រួម​នឹង​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​ដែល​ទាក់​ទង​ផងដែរ​៕

  • Messi ត្រូវ​ប៉ូលិស​ចិន​ឃាត់​ខ្លួន​នៅ​ឯ​អាកាសយានដ្ឋានអស់​ជា​ច្រើន​ម៉ោង​

    Messi ត្រូវ​ប៉ូលិស​ចិន​ឃាត់​ខ្លួន​នៅ​ឯ​អាកាសយានដ្ឋានអស់​ជា​ច្រើន​ម៉ោង​

    ប្រធាន​ក្រុម​ Lionel Messi ត្រូវ​បាន​សមត្ថកិច្ច​នៅ​ឯ​ព្រលាន​យន្តហោះអន្តរជាតិ​​ប៉េកាំង​ ឃាត់​ខ្លួន​ ដោយ​សារ​តែ​លិខិត​ឆ្លង​ដែន​មិន​សម​ស្រប​ នៅ​ពេល​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់​ទីន​​។

    កាល​ពី​សប្ដាហ៍​កន្លង Messi បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ ជាមួយ​នឹង​អង្គរក្ស និង​មិត្ត​រួម​ក្រុម Angel Di Maria​ ដោយ​យន្តហោះ​ផ្ទាល់​ខ្លួន​ ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​រវាង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន និង​អូស្ត្រាលី​ នៅ​ថ្ងៃទី 15 មិថុនា 2023​។ ប៉ុន្តែ នៅ​ពេល​ទៅ​ដល់​ប៉េកាំង M10 ក៏​ត្រូវ​ប៉ូលិស​ចិន​ឃាត់​ខ្លួន​។

    យោង​តាម​សារព័ត៌មាន​ចិន បញ្ហា​ខាងលើ​បាន​កើត​ឡើង​ដោយ​សារ​តែ​ Messi ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​​អេស្ប៉ាញ​ ជំនួស​ឱ្យ​លិខិត​ឆ្លង​ដែន​អាហ្សង់​ទីន​ ទើប​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ដោយ​ផ្ទាល់​។

    បន្ទាប់​ពី​រាយការណ៍​ថា​មិន​មាន​លិខិត​ឆ្លង​ដែន​អាហ្សង់ទីន Messi ក៏​ត្រូវ​ស្ថិត​នៅ​ក្នុង​ព្រលាន​យន្តហោះ​រយៈ​ពេល​ពីរ​ម៉ោង​ មុន​ពេល​បញ្ហា​ត្រូវ​បាន​ដោះ​ស្រាយ​។

  • Mbappe មិន​ព្រម​​ពន្យារ​សុពលភាព​កិច្ច​សន្យា​ជាមួយ​ក្លឹប​បារាំង PSG

    Mbappe មិន​ព្រម​​ពន្យារ​សុពលភាព​កិច្ច​សន្យា​ជាមួយ​ក្លឹប​បារាំង PSG

    ក្លឹប​ PSG កំពុង​ពិចារណា​លើ​ការ​លក់​ Kylian Mbappe នៅ​ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ជន​ជាតិ​បារាំង​រូប​នេះ​បាន​ប្រកាស​ថា នឹង​មិន​ពន្យារ​សុពលភាព​នៃ​កិច្ច​ព្រមព្រៀង​ដល់​ខែ​មិថុនា 2025​។

    មុន​ពេល​រដូវ​កាល​ទិញ​ដូរ​កីឡាករ​នៅ​រដូវ​ក្ដៅ​ឆ្នាំ 2022 ត្រូវ​បាន​ធ្វើ​ឡើង PSG បាន​ប្រកាស​ថា បន្ត​សុពលភាព​កិច្ច​ព្រម​ព្រៀង​បី​ឆ្នាំ​ជាមួយ​នឹង Mbappe។ ក៏ប៉ុន្តែ យោង​តាម​សារព័ត៌មាន​បារាំង L’Équipe កិច្ច​សន្យា​នេះ​មាន​រយៈ​ពេល​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​នោះ​មានការ​​កំណត់​ថា ឆ្នាំ​ចុង​ក្រោយ​ត្រូវ​ការ​ការ​យល់​ព្រម​ពី Mabppe ហើយ​មាន​សុពលភាព​ត្រឹម​តែ​ថ្ងៃទី 31 កក្កដា 2023​។

    ក៏ប៉ុន្តែ សារព័ត៌មានបារាំង​​មួយ​ផ្សេង​ទៀត​ គឺ Le Parisien បាន​ផ្សាយ​ថា ថ្ងៃ​ទី 12 មិថុនា (ម៉ោង​នៅ​ប៉ារីស) Mbappe ផ្ញើ​សំបុត្រ​ទៅ​កាន់​គណៈ​គ្រប់​គ្រង​ក្លឹប PSG ដើម្បី​ប្រកាស​អំពី​ការ​សម្រេច​ចិត្ត​មិន​បន្ត​កិច្ច​សន្យា​មួយ​ឆ្នាំ​ទៀតដែល​អូស​បន្លាយ​ដល់​ឆ្នាំ 2025 នោះ​ឡើយ​។

    ប្រការ​ខាងលើ​នេះ​មាន​ន័យ​ថា ម្ចាស់​ជើង​ឯក​ World Cup 2018 អាច​នឹង​ចាក​ចេញ​ពី PSG ទៅ​តាម​ទម្រង់​សេរី​ នៅ​ក្នុង​រដូវ​​ក្ដៅ​ឆ្នាំ 2024​។ ដើម្បី​ចៀស​វាង​ហានិភ័យ​ត្រូវ​បាត់​បង់​​ទទេៗ ពេល​នោះ PSG នឹង​ត្រូវ​លក់ Mbappe នៅ​ក្នុង​ឆ្នាំ​នេះ​។