Tag: ពិភពលោក

  • ថៃ និង​វៀតណាម​ជំរុញ​ឱ្យ​ឆាប់​សម្រេច​បាន​គោល​ដៅ​ពាណិជ្ជកម្ម​ 25 ពាន់​លាន​ដុល្លារ​

    ថៃ និង​វៀតណាម​ជំរុញ​ឱ្យ​ឆាប់​សម្រេច​បាន​គោល​ដៅ​ពាណិជ្ជកម្ម​ 25 ពាន់​លាន​ដុល្លារ​

    ថៃ និង​វៀតណាម បាន​យល់​ព្រម​ប្រឹង​ប្រែង​ជំរុញ​ការ​នាំ​ចេញ​-នាំចូល​ទ្វេ​ភាគី​ ឱ្យ​ឆាប់​បាន​សម្រេច​​គោលដៅ​ពាណិជ្ជកម្ម​ 25 ពាន់​លាន​ដុល្លារ​អាម៉េរិក​ តាម​រយៈ​ការ​កាត់បន្ថយរនាំង​ពាណិជ្ជកម្ម​។

    ក្នុង​ឱកាស​ជួប​ពិភាក្សា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​នៅ​ទីក្រុង​ហាណូយ កាល​ពី​ម្សិល​មិញ រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក Parnpree Bahiddha-Nukara ឱ្យ​ដឹង​ថា វៀតណាម​គឺជា​ដៃគូ​សំខាន់​ជួរមុខ​របស់​ប្រទេស​ថៃនៅ​ក្នុង​តំបន់​។

    អំពី​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ភាគី​ទាំង​ពីរ​បាន​​យល់​ព្រម​ប្រឹង​ប្រែង​ជំរុញ​ការ​នាំ​ចេញ​-នាំចូល​ទ្វេ​ភាគី​ ឱ្យ​ឆាប់​សម្រេច​បាន​គោលដៅ​ពាណិជ្ជកម្ម​ 25 ពាន់​លាន​ដុល្លារ​អាម៉េរិក​ តាម​រយៈ​ការ​កាត់បន្ថយឧបសគ្គ​នានា​ ដែលជា​​រារាំង​រារាំង​​ពាណិជ្ជកម្ម និង​បើក​ទូលាយ​បន្ថែម​ទៀត​​សម្រាប់​ទំនិញ​របស់​ប្រទេស​ទាំង​ពីរ​។

    ការ​លើក​ឡើង​ខាងលើ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ពី​ថ្ងៃទី 25 ដល់ 26 តុលា របស់​លោក Parnpree នៅ​ប្រទេស​វៀតណាម​។

    ក្នុង​ឆ្នាំ 2022 តម្លៃ​នៃ​ការ​នាំ​ចេញ​-នាំចូល​រវាង​ប្រទេស​ថៃ និង​វៀតណាម សម្រេច​បាន​ 21.6 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ វៀតណាម​គឺជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​លំដាប់​ទីពីរ​របស់​ប្រទេស​ថៃ នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ និង​លំដាប់​ទី​ប្រាំ​នៅ​លើ​ពិភពលោក​៕

  • ស្បែក​ជើង Crocs រូបរាង​អាក្រក់​ ប៉ុន្តែ​រក​បាន​រាប់​ពាន់​លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ​

    ស្បែក​ជើង Crocs រូបរាង​អាក្រក់​ ប៉ុន្តែ​រក​បាន​រាប់​ពាន់​លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ​

    បើ​ទោះ​ជា​មាន​មនុស្ស​មិន​តិច​ដែល​រិះគន់​ថា​អាក្រក់ និង​ត្រូវ​បាន​ទំព័រ Time ដាក់​ចូល​ទៅក្នុង​ «របក​គំហើញ​ដែល​អន់» ព្រោះ​តែ​គ្មាន​ប្រយោជន៍​ ប៉ុន្តែ Crocs នៅ​តែ​អាច​រក​ប្រាក់បាន​រាប់​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​។

    ក្នុង​រយៈ​ពេល​ជាង​ 20 ឆ្នាំ ស្បែក​ជើង​ដែល​មាន​រូប​រាង​ដូច​ទៅ​នឹង​ឈីស​នេះ ​បាន​ធ្វើ​ឱ្យ​មាន​អ្នក​ចូល​ចិត្តខ្លាំង និង​អ្នក​ស្អប់​ខ្លាំង​មិន​តិច​ឡើយ​។ ប៉ុន្តែ Crocs នៅ​តែ​ជា​បាតុភូមិ​មួយ​របស់​វិស័យ​ម៉ូដែល​ទំនើប​ និង​រក​ប្រាក់​ចំណូល​បាន​ 3.6 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កាលពី​ឆ្នាំ​កន្លង​។

    ស្បែក​ជើង​នេះ​ធ្វើ​ពី croslite ដែល​ជា​ជ័រ​ប្រភេទ​ទន់ ស្រាល និង​មិន​រក្សា​ក្លិន​។ ដំបូង​ឡើយ​ វា​ត្រូវ​បាន​វាយ​តម្លៃ​ថា​អាក្រក់​ ប៉ុន្តែ​នៅ​តែ​ត្រូវ​បាន​លក់ ព្រោះ​តែ​ងាយស្រួល​ពាក់​ ទាំង​នៅ​លើដីគោក ទាំង​នៅ​ក្នុង​ទឹក​។

    កាល​ពី​ឆ្នាំ 2010 ទស្សនាវដ្ដី Time បាន​ដាក់​បញ្ចូល Crocs ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ស្ដី​អំពី​របក​គំហើញ​ដែល​អន់​បំផុត​ទាំង​ 50 របស់​ពិភពលោក​។ ក៏ប៉ុន្តែ បច្ចុប្បន្ន​ បុគ្គល​​ល្បី​ឈ្មោះ​​ជា​ច្រើនរូប​​​កំពុង​ប្រើប្រាស់​ស្បែក​ជើង​យីហោ​នេះ​។

    យោង​តាម Lucy Thornley ដែល​ជា​អនុប្រធាន​ផ្នែក​និន្នាការ អតិថិជន រចនា និង​ផលិត​ផល​របស់ Crocs ឱ្យ​ដឹង​ថា មាន​មូលហេតុពីរ​យ៉ាង​ដែល​នាំ​ឱ្យ​ Crocs ទទួល​បាន​ជោគ​ជ័យ​ រួម​មាន​ អ្នក​ប្រើ​ប្រាស់​វ័យ​ក្មេង​ចូល​ចិត្ត​ប្រើប្រាស់​ស្បែក​ជើង​នេះ​ និង​រចនា​រូប​រាងរបស់​វា​​ត្រូវ​បាន​បន្ទាន់​សម័យ​៕

  • Nissan Sakura ក្លាយ​ជា​រថយន្ត​អគ្គិសនីលក់​ដាច់​ជាង​គេ​នៅ​ជប៉ុន

    Nissan Sakura ក្លាយ​ជា​រថយន្ត​អគ្គិសនីលក់​ដាច់​ជាង​គេ​នៅ​ជប៉ុន

    បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​របស់​ជប៉ុន​កន្លង​មក​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា មាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ងាក​ទៅ​រក​យាន​ជំនិះ​អគ្គិសនី​ ប៉ុន្តែ​ Nissan Sakura ដែល​ត្រូវ​បាន​សហការ​អភិវឌ្ឍ​ជាមួយ​ Mitsubishi Motors Corp និងប្រើ​ប្រាស់​រូប​រាង​របស់​រថយន្ត​សាំង eK X គឺជា​ម៉ូដែល​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​ជាង​គេ​បង្អស់​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​នេះ​។

    ទិន្នន័យ​របស់​ក្រុម​អ្នក​ផលិត​រថយន្ត​បង្ហាញ​​ថា Nissan Sakura ដែល​ធ្លាប់​បាន​ទទួល​ពាន​​រង្វាន់​រថយន្ត​ប្រចាំ​ឆ្នាំ​របស់​ជប៉ុន​កាល​ពី​ឆ្នាំ 2022 រួមចំណែក​ជិត​ពាក់​កណ្ដាល ដែល​ស្មើ​នឹង​ 35,009 គ្រឿង​ ​ក្នុង​ចំណោម​រថយន្ត​អគ្គិសនី​ដែល​ត្រូវ​បាន​លក់​ចេញ​នៅ​ក្នុង​ប្រទេស​នេះ រាប់​ចាប់​ពីដើម​ឆ្នាំ​ 2023​ ដល់​បច្ចុប្បន្ន​។

    Sakura និង eK X កំពុង​នាំ​មុខ​គេ​នៅ​ប្រទេស​ជប៉ុន ​ជា​ទីផ្សារ​ដែល​រថយន្ត​អគ្គិសនី​រួម​ចំណែក​ត្រឹម​តែ​ 1.5% ប៉ុណ្ណោះ ធៀប​នឹង​ចំនួន​រថយន្ត​ថ្មី​ដែល​ត្រូវ​បាន​លក់​នៅ​ប្រទេស​នេះ​កាល​ពីឆ្នាំ​កន្លង​។

    Sakura និង eK X អាច​រត់​ក្នុង​ល្បឿន​ប្រហែល 130 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ប៉ុន្តែ​មិន​ត្រូវ​បាន​ដាក់​លក់​នៅទូទាំង​ពិភពលោក​ ដោយ​សារ​តែ​កត្តា​ជា​ច្រើន​ មាន​ជាអាទិ៍​ មិនអាច​ឆ្លើយ​តប​ទៅ​នឹង​ស្ដង់ដា​​នៃ​ការ​ប៉ះ​ទង្គិច​នៅ​ប្រទេស​មួយ​ចំនួនជា​ដើម​។

  • អង់គ្លេស​ពិសោធ​ការ​ផលិត​ខ្លាញ់​សិប្បនិម្មិតបណ្ដុះ​ពី​កោសិកា​ជ្រូក​

    អង់គ្លេស​ពិសោធ​ការ​ផលិត​ខ្លាញ់​សិប្បនិម្មិតបណ្ដុះ​ពី​កោសិកា​ជ្រូក​

    សាច់​សិប្បនិម្មិត​ មក​ដល់​ពេលនេះ​​នឹង​ត្រូវ​តែ​មាន​ទាំង​សាច់​​ ទាំង​ខ្លាញ់ លាយ​ឡំ​គ្នា ដើម្បី​ឱ្យ​មាន​ឱជារស​​​ជាង​មុន​។ នេះ​គឺជា​គោល​ដៅ​នៃ​ការ​ពិសោធ​ដែល​កំពុង​ត្រូវ​បាន​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​​ជីវសាស្ត្រ​មួយ​នៅ​ប្រទេស​អង់គ្លេស​​ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​។

    បន្ទប់​ពិសោធន៍​ Hoxton Farms កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផលិត​ខ្លាញ់សិប្បនិម្មិត​ដែល​មាន​រចនា​សម្ព័ន្ធ​ និង​សមាសធាតុ​ដូច​ទៅ​នឹង​ខ្លាញ់សត្វ​។

    កន្លង​មក​នេះ សាច់​សិប្បនិម្មិតដែល​​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​បន្ទប់​ពិសោធន៍ មាន​ដូច​ជាសាច់​មាន់ និង​សាច់​គោ​ជា​ដើម​ ​គឺ​សុទ្ធ​តែ​ជា​សាច់សុទ្ធ​។ ចំណែក​លើក​នេះ បន្ទប់​ពិសោធន៍​ Hoxton Farms កំពុង​បណ្ដុះ​កោសិកា​ខ្លាញ់​ពី​សត្វ​ជ្រូក​។

    ក្រុម​អ្នក​ស្រាវ​ជ្រាវ​ក៏​កំពុង​រក​វិធី​ដើម្បី​បញ្ចុះ​តម្លៃ​របស់​ផលិត​ផល​សាច់​សិប្បនិម្មិត​ផងដែរ​។ នំ​ប៉័ង​ហែម​បឺរហ្គើរ​កៀប​​សាច់​គោ​សិប្បនិម្មិត​​ដំបូង​គេ​លើ​ពិភពលោក​កាល​ពី​ដប់​ឆ្នាំ​មុន​ មាន​តម្លៃ​ប្រហែល 330 ដុល្លារ​អាម៉េរិក​។ ក៏ប៉ុន្តែ បច្ចុប្បន្ន​នំ​ប៉័ង​សាំងវិច​សាច់​មាន់​សិប្បនិម្មិត​​ដែល​កំពុង​ត្រូវ​បាន​ដាក់​លក់​នៅ​ប្រទេស​សិង្ហបុរី​ មាន​តម្លៃប្រហែល​តែ 13 ដុល្លារ​ប៉ុណ្ណោះ​៕

  • ពិភពលោក​រក​ចំណូល​បន្ថែម​បាន​ 250 ពាន់​លាន​ដុល្លារ​ បើ​សិនក្រុម​មហា​សេដ្ឋី​ត្រូវ​បាន​​យក​ពន្ធ​​អប្បបរមា

    ពិភពលោក​រក​ចំណូល​បន្ថែម​បាន​ 250 ពាន់​លាន​ដុល្លារ​ បើ​សិនក្រុម​មហា​សេដ្ឋី​ត្រូវ​បាន​​យក​ពន្ធ​​អប្បបរមា

    គម្រោង​ស្រាវជ្រាវ​ EU Tax Observatory បាន​រក​ឃើញ​ថា ប្រទេស​នានា​នឹង​មាន​ប្រាក់​ចំណូល​បន្ថែម​រាប់​​រយ​ពាន់​លាន​​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ បើ​សិន​យក​ពន្ធ​អប្បបរមា​ 2% នៅ​ទូទាំង​សកល​លោក​ចំពោះ​ក្រុម​មហា​សេដ្ឋី​។

    នៅក្នុង​លទ្ធផល​នៃ​ការ​សិក្សាស្រាវជ្រាវ​ដែល​បាន​ចុះ​ផ្សាយ​នា​ថ្ងៃ​ទី 23 តុលា 2023 EU Tax Observatory យល់​ថា ដោយ​គ្រាន់​តែ​យក​ពន្ធ​ 2% ចំពោះ​ទ្រព្យ​សម្បត្តិ​ជិត 13 ទ្រីលាន​ (13,000,000,000,000) ដុល្លារ​អាម៉េរិក​ របស់​មហាសេដ្ឋី​ 2,700 នាក់​នៅ​ទូទាំងផែនដី ពិភពលោក​នឹង​មាន​ប្រាក់​ចំណូល​បន្ថែម​ 250 ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​។ បច្ចុប្បន្ន ជាក់​ស្ដែង​ អត្រាពន្ធ​លើ​ប្រាក់ចំណូល​បុគ្គល​​របស់ក្រុម​​មហា​សេដ្ឋី​ គឺទាប​ជាង​ឆ្ងាយ​​ បើ​ធៀប​នឹង​ក្រុម​ដទៃ​ ដោយ​សារ​តែ​ពួក​គេ​អាច​ទុក​ដាក់​ទ្រព្យ​ទៅ​ក្នុង​បណ្ដា​ក្រុម​ហ៊ុន​ដែល​មាន​តែ​ឈ្មោះ​ ដើម្បី​គេច​ពន្ធ​។

    ស្ថាប័ន​ខាង​លើ​បាន​រកឃើញ​ថា ប្រាក់​ចំណូល​ពី​ការ​បង់​ពន្ធ​ធៀប​នឹង​ប្រាក់​ចំណូល​របស់​មហា​សេដ្ឋី​អាម៉េរិក​ គឺប្រហែល​តែ​ 0.5% ប៉ុណ្ណោះ​។ នៅ​បណ្ដា​ប្រទេស​ដូច​បារាំង​ជា​ដើម អត្រា​នេះ​គឺប្រហែល 0%​។

    EU Tax Observatory ឱ្យ​ដឹង​ថា ការ​ប្រឹង​ប្រែង​ដើម្បី​យក​ពន្ធ​លើ​ទ្រព្យ​របស់ក្រុម​អ្នក​មាន​ជាង​គេ​​នៅទូទាំង​សកល​លោក​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ទៀត​។ ក៏ប៉ុន្តែ ពួក​គេ​នៅ​តែ​មាន​ក្ដី​សង្ឃឹម​ បើ​ទោះ​មាន​ការ​លំបាក​ក្នុង​ការ​កំណត់​តម្លៃ​មូលធន​របស់​ក្រុម​​ហ៊ុន​ឯក​ជន​៕

  • ចិន​អភិវឌ្ឍ​ទួរប៊ីន​ខ្យល់​ថ្មី ធំជាង​គេ​បង្អស់​លើ​ពិភពលោក

    ចិន​អភិវឌ្ឍ​ទួរប៊ីន​ខ្យល់​ថ្មី ធំជាង​គេ​បង្អស់​លើ​ពិភពលោក

    ក្រុម​ហ៊ុន​ថាមពល​ឆ្លាតវៃ​ Ming Yang របស់​ប្រទេស​ចិន នឹង​អភិវឌ្ឍ​ទួរប៊ីន​ខ្យល់​សម្រាប់​ដាំ​លើ​សមុទ្រ​ធំ​បំផុត​លើ​ពិភពលោក​ថ្មី​មួយ​ទៀត​ ដែល​មាន​ស្លាប​ចក្រ​ប្រវែង​ជិត​ស្មើ​នឹង​កម្ពស់​របស់​តួ Eiffel នៅប្រទេស​បារាំង​។

    ក្រុម​ហ៊ុន Ming Yang ឱ្យ​ដឹង​ថា គោលដៅ​របស់​ខ្លួន​គឺ​ការ​អភិវឌ្ឍ​ទួរប៊ីន​ខ្យល់​កម្លាំង 22 មេហ្គាវ៉ាត់ (MW) ដែល​មាន​រ៉ូទ័រ​មាន​អង្កត់​ផ្ចិត​ប្រវែង​ជាង 310 ម៉ែត្រ​ និង​អាច​ទទួល​បាន​ខ្យល់​ច្រើន​ជាង​ និង​ផលិត​អគ្គិសនី​បាន​ច្រើន​ជាង​​ទួរប៊ីន​ដទៃ​នា​បច្ចុប្បន្ន​។ នេះ​បើ​តាម​ទំព័រ Interesting Engineering ចុះផ្សាយ​កាល​ពី​ថ្ងៃទី 20 តុលា​។

    យោង​តាម​អ្នក​នាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​ខាងលើ ពួក​គេ​សង្ឃឹម​ថា នឹង​អាច​ផលិត​គំរូ​ដើមរបស់​ទួរប៊ីន​ខ្យល់​នេះ​​នៅ​ឆ្នាំ 2024 ឬ 2025​។

    ប្រកាស​ខាង​លើ​ត្រូវ​បាន​លើក​ឡើង​ក្រោយ​ពី Ming Yang បាន​បង្ហាញ​ទួរប៊ីន​ខ្យល់លើ​សមុទ្រ​​ធំជាង​គេ​លើ​ពិភពលោក​ កម្លាំង 18 MW ដែល​មាន​អង្កត់​ផ្ចិត​ 140 ម៉ែត្រ កាល​ពី​ខែ​មករា​ ឆ្នាំ 2023​។ នៅ​ក្នុង​សប្ដាហ៍​នេះដែរ ក្រុម​ហ៊ុន​ Ming Yang ​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ទួរប៊ីន​ខ្យល់​សម្រាប់​ដំឡើង​លើ​ដី​គោក​ ​កម្លាំង 11 MW ដែល​មាន​ស្លាប​ចក្រ​​មាន​ផ្ទៃ​ធំ​ស្មើ​នឹង​ទីលាន​បាល់​ទាត់​ចំនួន​ 6 បូក​ចូល​គ្នា​​។

    កាល​ពី​ខែ​កុម្ភៈឆ្នាំ​នេះ ប្រទេស​ចិន​បាន​ដំឡើង​ទួរប៊ីនខ្យល់​ 16 MW នៅ​លើ​សមុទ្រ​ដែល​មាន​ចម្ងាយ​ពី​ដីគោក​របស់​ខេត្ត Fujian ជិត 33 គីឡូម៉ែត្រ​។ គម្រោង​ដែល​មាន​តម្លៃ 885 លាន​ដុល្លារ​អាម៉េរិក​នេះ​ឆ្ពោះ​ទៅ​កាន់​ការ​ដំឡើង​ទួរប៊ីនខ្យល់​ដែល​មាន​កម្លាំង​ 400 MW ក្នុង​ដំណាក់​កាល​ទី​ពីរ​របស់​ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់ Zhangpu Liuao។ ទួរប៊ីន​ខ្យល់​ 16 MW មួយ​ដើម​ៗ​នៅ​ក្នុង​គម្រោង​នេះ​ មាន​ប្រអប់​គ្រឿង​ចក្រ​ដែល​ស្ថិត​នៅ​លើ​ក្បាល​បង្គោល​ទួរប៊ីន​ កម្ពស់ 146 ម៉ែត្រ​ ស្មើ​នឹង​អគារ​ 50 ជាន់​ ខណៈ​ដែល​ស្លាប​កង្ហារមាន​អង្កត់​ផ្ចិត​ប្រវែង 252 ម៉ែត្រ​ និង​ទទួល​ខ្យល់​ក្នុង​ផ្ទៃ​អាកាស​ទំហំ​ 50,000 ម៉ែត្រ​ការ៉េ​។ រៀង​រាល់​ពេល​ដែល​ស្លាប​កង្ហារ​នេះ​វិល​បាន​មួយ​ជុំ ទួរប៊ីន​ខ្យល់​នេះ​អាច​ផលិត​អគ្គិសនី​បាន​ 34.2 គីឡូវ៉ាត់​ម៉ោង​ និង​ 66 ជីហ្គាវ៉ាត់​ម៉ោង (GWh) ​ក្នុង​មួយ​ឆ្នាំ ដែល​គ្រប់​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​ដល់​មនុស្ស​ចំនួន 25,000 គ្រួសារ​។ ជា​សរុប គម្រោង​មួយ​នេះ​នឹង​ផលិត​អគ្គិសនី​បាន​ 1.6 តេរ៉ាវ៉ាត់​ម៉ោង (TWh) ជួយ​សំចៃ​ធ្យូង​ថ្ម​បាន 500,000 តោន និង​កាត់​បន្ថយ​ឧស្ម័ន​ពុលបាន​​ 1.36 លាន​តោន​ជា​រៀង​រាល់​ឆ្នាំ៕

  • យាន​ជំនិះ​កង់​ពីរ​ទន្ទឹមគ្នា​​ឆ្លាត​វៃ​ ប្រើ​ប្រាស់​អគ្គិសនី និងរក្សា​លំនឹង​ដោយ​ស្វ័យប្រវត្ត

    យាន​ជំនិះ​កង់​ពីរ​ទន្ទឹមគ្នា​​ឆ្លាត​វៃ​ ប្រើ​ប្រាស់​អគ្គិសនី និងរក្សា​លំនឹង​ដោយ​ស្វ័យប្រវត្ត

    SHANE អាច​ដឹក​មនុស្ស​បាន​ប្រាំ​នាក់ និង​អាច​រក្សា​លំនឹង​ដោយ​ស្វ័យ​ប្រវត្ត​នៅ​ពេល​រត់​លើ​ផ្លូវ​ក្នុង​ក្រុង​ ឬ​លើ​ផ្លូវ​ល្បឿន​លឿន​។

    រចនា​រូបរាង​របស់​យាន​ជំនិះ​កង់ពីរ​ទន្ទឹម​គ្នា​ដំបូង​គេ​លើ​ពិភពលោក​មួយ​នេះ ​ត្រូវ​បាន​បង្ហាញ​ដោយ​ Shane Chen ដែល​ជា​អ្នក​បង្កើត​ស្គី hoverboard រក្សា​លំនឹង​ដោយ​ស្វ័យ​ប្រវត្ត​ដ៏​ល្បី​ឈ្មោះ​។ Chen បាន​ដាក់​ឈ្មោះ​ឱ្យ​យាន​ជំនិះ​ថ្មី​នេះ​ថា SHANE និង​អះអាង​ថា នេះ​គឺជា​ «រូប​រាង​ទោចក្រ​យានយន្ត​ពិតៗ និង​មានប្រសិទ្ធភាព​ដើម្បីប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ទីក្រុង និង​តាម​ផ្លូវ​ល្បឿន​លឿន»។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 18 តុលា 2023​។

    យាន​ជំនិះ​នេះ​មាន​រូប​រាង​មិន​ដូច​យាន​ជំនិះ​ដទៃ​ និង​អាច​ដាក់​មនុស្ស​បាន​ប្រាំ​នាក់​បាន​យ៉ាង​ស្រួល​ ព្រមទាំង​មាន​ទ្វារ​ចេញ​ចូល​ដ៏ធំ​ទូលាយ​នៅ​ខាង​មុខ​ និង​ខាង​ក្រោយ​។

    SHANE ប្រើ​ប្រាស់​កង់​ធំៗ​ចំនួន​ពីរ​ និង​អាច​រក្សា​លំនឹង​របស់​ផ្នែក​ខាង​មុខ​ និង​ខាង​ក្រោយ​ ​តាម​រយៈ​ប្រព័ន្ធ​អង្គញាណ​ (សែនស៊ើរ) ឆ្លាតវៃ និង​ម៉ូទ័រ​នៅ​ត្រង់​គ្រោង​យាន​។ វា​ពុំ​មាន​ចង្កូត ប៉ុន្តែអាច​ប្ដូរ​ទិស​ដៅ​ដោយ​ការ​បង្កើន​ ឬ​បន្ថយ​កម្លាំង​ និង​ល្បឿន​ទៅ​កាន់​កង់​មួយគ្រាប់​​ ឬ​កង់​ទាំង​ពីរគ្រាប់​។

    ទោចក្រយាន​យន្ត​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដើម្បី​អាច​រត់​ទាំង​នៅ​ក្នុង​ក្រុង ទាំង​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ និង​អាច​ធ្វើ​ដំណើរ​ក្នុង​រង្វង់ 160 គីឡូម៉ែត្រ និង​ល្បឿន​ 112 គីឡូម៉ែត្រ​/ម៉ោង​។

    បច្ចុប្បន្ន លោក Shane Chen កំពុង​ធ្វើ​ការ​ជាមួយ​ដៃគូ​នានា​ដើម្បី​ប្រែក្លាយ​រចនា​រូប​រាង​របស់​យាន​នេះ​ឱ្យ​ទៅ​ជា​ការ​ពិត​៕

  • រថយន្ត​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ បរ​បាន​ជាង 700 គីឡូម៉ែត្រ​ ដោយ​មិន​បាច់​បញ្ចូល​អគ្គិសនី​

    រថយន្ត​ប្រើ​ថាមពល​ព្រះ​អាទិត្យ​ បរ​បាន​ជាង 700 គីឡូម៉ែត្រ​ ដោយ​មិន​បាច់​បញ្ចូល​អគ្គិសនី​

    Stella Terra ដែល​ជា​រថយន្ត​ off-road ដំណើរ​ការ​ដោយ​ថាមពល​ព្រះ​អាទិត្យ​ដំបូង​គេ​លើ​ពិភពលោក បាន​បញ្ចប់​ដំណើរសាក​ល្បង​បរ​ឆ្លង​កាត់​ប្រទេស​ម៉ារ៉ុក និង​សមុទ្រ​ខ្សាច់សាហារ៉ា កាល​ពី​ដើម​ខែ​តុលា​ 2023​។

    យោង​តាម​ការ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 17 តុលា របស់ Guardian រថយន្ត​អគ្គិសនី Stella Terra ដែល​មាន​កៅអីពីរ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​និស្សិត​នៅ​សាកលវិទ្យាល័យ​បច្ចេក​វិទ្យា Eindhoven។ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​តេស្ត​នេះ រថយន្ត​ Stella Terra ​បាន​ឆ្លង​កាត់​ផ្លូវ​លំបាក​ជា​ច្រើន​នៅ​ក្នុង​ភូមិសាស្ត្រ​ខុស​ៗ​គ្នា​ ដោយ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​បាន​ពី​ផ្ទាំង​សូឡា​ដែល​បំពាក់​លើដំបូល​។​

    Stella Terra ដែល​មាន​ទម្ងន់​សរុបត្រឹម​តែ​ 1,200 គីឡូក្រាម​ បំពាក់​ថ្ម​ផ្ទុក​អគ្គិសនី​ប្រភេទ​លីចូម​-អ៊ីយ៉ុង (lithium-ion) អាច​បើកបរ​បាន​ចម្ងាយ​ 710 គីឡូម៉ែត្រ និង​​មាន​ល្បឿន​ 145 គីឡូម៉ែត្រ​/ម៉ោង​។ ថាមពល​ពី​ប្រព័ន្ធ​ផ្ទាំង​សូឡា​លើរថយន្ត​នេះ​អាច​ផ្គត់​ផ្គង់អគ្គិសនី​គ្រប់​គ្រាន់​សម្រាប់​ការ​ចម្អិន​អាហារ​ និង​បញ្ចូល​ថាមពលដល់​ឧបករណ៍​នានា​ មាន​ដូច​ជា ទូរស័ព្ទ និង​ម៉ាស៊ីន​ថត​រូប​ជា​ដើម​។ Stella Terra ដំណើរ​ការ​មាន​ប្រសិទ្ធភាព​​ជាងប្រហែល​​ 30% បើ​ធៀប​នឹង​ការ​រំពឹង​​ទុក​ដំបូង​៕

  • Kia ដាក់​គោលដៅ​លើ​​រថយន្ត​អគ្គិសនី​ខ្នាត​តូច​ដើម្បី​បង្កើន​ការ​លក់​

    Kia ដាក់​គោលដៅ​លើ​​រថយន្ត​អគ្គិសនី​ខ្នាត​តូច​ដើម្បី​បង្កើន​ការ​លក់​

    ក្រុម​ហ៊ុន​ Kia បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាត​តូច​ល្មម និង​តូច​ចំនួន​បី​ម៉ូដែល​ ក្នុង​បំណង​លក់​ឱ្យ​បាន​មួយ​លាន​គ្រឿង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ឆ្នាំ 2026​ និង​ឡើង​ដល់​ 1.6 លាន​គ្រឿង​​នៅ​ឆ្នាំ 2030​។

    Kia បាន​ឱ្យ​ដឹង​ថា ពួក​គេ​កំណត់​គោលដៅ​ផ្គត់ផ្គង់​រថយន្ត​អគ្គិសនី​ច្រើន​ប្រភេទ​ប្រកប​ដោយ​ភាព​សម្បូរ​បែប ដែល​មាន​តម្លៃ​ចាប់​ពី 30,000 ដល់ 80,000 ដុល្លារ​អាម៉េរិក​ ក្នុង​នោះ​ក៏​រួម​ទាំង​បណ្ដា​ម៉ូដែល​ដែល​មាននា​​បច្ចុប្បន្ន​ដូច​ EV6 និង EV9 ក៏ដូច​ជា​បណ្ដា​ម៉ូដែល​ថ្មី​ដែល​មាន​ទំហំ​តូច​ជាង​ នៅក្នុង​ប្រភេទ​រថយន្ត compact និង subcompact (C និង B) មាន​ជា​អាទិ៍ EV5, EV4 និង EV3។

    ​រថយន្ត​ទាំង​នេះ​នឹងមាន​តម្លៃ​​ចាប់​ពី​ 35,000 ដល់ 50,000 ដុល្លារ​អាម៉េរិក ដែល​នេះ​ត្រូវ​បាន​ Kia រំពឹង​ថា នឹង​ជួយ​ជំរុញ​ការ​លក់​ និង​ពង្រីក​វិសាល​ភាព​នៃ​ការ​ប្រើ​ប្រាស់រថយន្ត​អគ្គិសនី​នៅទូទាំង​ពិភពលោក​។ រថយន្ត​អគ្គិសនី​ EV2 ខ្នាតតូច​ដែល​ជិត​នឹង​បង្ហាញ​ខ្លួន​នឹង​មាន​តម្លៃ​ទាប​ជាង​តម្លៃ​ខាង​លើ​។

    Kia ក៏​បាន​ប្រកាស​ឱ្យដឹង​អំពី​យុទ្ធសាស្ត្រ​របស់​ខ្លួន​សម្រាប់​រថយន្ត​អគ្គិសនី​ ក្នុង​នោះ​ក៏​មាន​ទាំង​ការ​កែ​លំអ​ផាសុកភាព​ និង​ទំនុក​ចិត្ត​របស់​អតិថិជន​ផងដែរ ទន្ទឹម​នឹង​ដំណោះ​ស្រាយលើ​​បញ្ហា​ហេដ្ឋារចនា​សម្ព័ន្ធ​​​ដែល​ទាក់​ទង​នឹង​ការ​បញ្ចូលថាមពល​សម្រាប់​រថយន្ត​អគ្គិសនី៕

  • បឹង​ទឹក​ប្រៃ​ធំបំផុត​ប្រចាំ​មជ្ឈិមបូព៌ា បាន​រីង​ និង​​ក្លាយ​ជា​វាល​ស្រែ​អំបិល

    បឹង​ទឹក​ប្រៃ​ធំបំផុត​ប្រចាំ​មជ្ឈិមបូព៌ា បាន​រីង​ និង​​ក្លាយ​ជា​វាល​ស្រែ​អំបិល

    រូបភាព​ពី​ផ្កាយ​រណប​បង្ហាញ​ថា បឹង​ទឹក​ប្រៃ​ Urmia ពេញ​ដោយ​ទឹក​កាល​ពី​ខែ​កញ្ញា 2020 ប៉ុន្តែ​មក​ដល់​ខែ​កញ្ញា​ឆ្នាំ​នេះ បឹង​មួយ​នេះ​ហាក់​បាន​ក្លាយ​ជា​វាល​ស្រែអំបិល​ដ៏​ធំ​ធេង។

    ដោយ​មាន​ផ្ទៃ​ក្រឡា​ប្រហែល 5,200 គីឡូម៉ែត្រ​ការ៉េ បឹង Urmia នៅ​ភាគ​ពាយព្យ​នៃប្រទេស​អ៊ីរ៉ង់​ គឺជា​បឹង​ធំបំផុត​ប្រចាំ​តំបន់មជ្ឈិម​បូព៌ា​ និង​ជា​បឹង​មួយ​ក្នុង​ចំណោម​បឹង​ទឹក​ប្រៃ​ធំបំផុត​លើ​ពិភពលោក​ នៅ​ក្នុង​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​ច្រើន​។

    ប៉ុន្តែ ពេល​នេះ បឹង Urmia ហាក់​បាន​ក្លាយ​ជា​វាល​ស្រែអំបិល​ដ៏​ធំធេង​។ ភាព​ខុស​គ្នា​នេះ​បាន​បង្ហាញ​ច្បាស់​នៅ​ក្នុង​រូប​ភាព​ពីផ្កាយ​រណប​ Landsat 8 កាល​ពីខែ​កញ្ញា 2020 និង​រូប​ភាព​ពី​ផ្កាយរណប​ Landsat 9 កាល​ពី​ខែ​កញ្ញា 2023​។

    ឆ្នាំ​ 1995 បឹង Urmia មាន​ទឹក​ក្នុង​បរិមាណ​ច្រើន​ ប៉ុន្តែ​ក្នុង​ពីរ​ទសវត្សរ៍​បន្ទាប់​ កម្រិត​ទឹក​ក្នុង​បឹង​នេះ​បាន​ថយ​ចុះ​ជាង 7 ម៉ែត្រ ដោយ​បាន​បាត់​បង់ទឹក​អស់​ប្រហែល​ 90% ធៀប​នឹង​ផ្ទៃ​បឹង​ទាំង​មូល​​នៅ​មុន​នោះ​។

    គ្រោះ​រាំងស្ងួត​បន្តបន្ទាប់​ ក៏ដូច​ជា​ការ​ប្រើប្រាស់​ទឹក​សម្រាប់​កសិកម្ម​ និង​ការ​សាងសង់​ទំនប់​នៅតាម​ដងទន្លេ​នានា​ដែល​ជា​ប្រភព​ទឹក​សម្រាប់​បឹង​ Urmia គឺជា​កត្តា​សំខាន់​ដែល​បាន​រួម​ចំណែក​នាំ​ឱ្យ​ទឹក​ត្រូវ​អស់​ពី​បឹង​​៕