Tag: ផ្សារ

  • យន្តហោះ​ដឹក​មេ​ក្រុម​ទាហាន​ស៊ី​ឈ្នួល Wagner ដែល​បាន​ធ្លាក់ «មិន​ធ្លាប់​ជួប​បញ្ហា​សុវត្ថិភាព​»

    យន្តហោះ​ដឹក​មេ​ក្រុម​ទាហាន​ស៊ី​ឈ្នួល Wagner ដែល​បាន​ធ្លាក់ «មិន​ធ្លាប់​ជួប​បញ្ហា​សុវត្ថិភាព​»

    ប្រភេទ​យន្តហោះ Legacy 600 ដែល​ត្រូវ​បាន​មេ​ក្រុម​ទាហាន​ស៊ីឈ្នួល​ Wagner ប្រើប្រាស់​ជា​ញឹក​ញាប់​ក្នុង​ការ​ធ្វើ​ដំណើរ​ មិន​ធ្លាប់​កើត​មាន​គ្រោះ​ថ្នាក់​ស្លាប់​មនុស្ស​ឡើយ នៅ​មុន​ករណី​ធ្លាក់​នៅ​រុស្ស៊ី​។

    សារព័ត៌មាន​រុស្ស៊ី TASS កាល​ពី​ថ្ងៃទី 23 សីហា បាន​រាយការណ៍​ថា មេក្រុម​ទាហាន​ស៊ី​ឈ្នួល​ Wagner លោក Yevgeny Prigozhin មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ដំណើរ​លើ​យន្តហោះឯកជន​ Embraer Legacy 600 ដែល​បាន​​ធ្លាក់​នៅ​ក្នុង​ខេត្ត​ Tver។ ក្រសួង​ស្ថានការណ៍​បន្ទាន់​រុស្ស៊ី​បាន​ឱ្យ​ដឹង​ថា មនុស្ស​ទាំង​ 10 នាក់​លើ​យន្តហោះ​នេះ​បាន​បាត់​បង់​ជីវិត​។

    ទិន្នន័យ​ពី​ទំព័រ​តាម​ដាន​​ជើង​ហោះ​ហើរ Flightradar24 បង្ហាញ​ថា យន្តហោះ Embraer Legacy 600 ដែល​មាន​លេខ​សម្គាល់ RA-02795 បាន​បាត់​ខ្លួន​ពី​រ៉ាដា​វេលា​ម៉ោង 18 និង 11 នាទី ថ្ងៃ​ទី 23 សីហា (ម៉ោង​ 22 និង 11 នាទី នៅ​កម្ពុជា)​។ វីដេអូ​មួយ​ដែល​បាន​បង្ហោះ​លើបណ្ដាញ​សង្គម​បង្ហាញ​ថា​ យន្តហោះ​នេះ​បាក់​ស្លាប​ម្ខាង​ និង​ធ្លាក់​បុក​ដី​។

    លោក Prigozhin (ស្ដាំ) និង​លោក Putin

    Grey Zone ដែល​ជា​ទំព័រ​ Telegram ផ្សារ​ភ្ជាប់​នឹង Wagner ប្រកាស​ថា លោក Prigozhin បាន​បាត់​បង់​ជីវិត​។ មេបញ្ជាការ​ជាន់​ខ្ពស់​របស់ Wagner លោក Dmitry Utkin ដែល​ជា​ដៃស្ដាំ​របស់​លោក Prigozhin ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ដំណើរ​លើ​យន្តហោះ​នេះ​ផងដែរ​។ គណៈកម្មការ​ស៊ើប​អង្កេត​រុស្ស៊ី​ប្រកាស​ថា បាន​បើក​ការ​ស្រាវ​ជ្រាវ​លើ​ករណី​ធ្លាក់​យន្តហោះ​នេះ​ហើយ។

    យោង​តាម​ទំព័រ​ International Aviation HQ យន្តហោះ Legacy 600 ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ចាប់​ពី​ឆ្នាំ 2002 ក្នុង​នោះ​ជិត 300 គ្រឿង​ត្រូវ​បាន​លក់​ រហូត​ដល់​ឈប់​ផលិតនៅ​ឆ្នាំ 2020​។ ក្នុង​រយៈ​ពេល​ជាង 20 ឆ្នាំ ក្នុង​ចំណោម​យន្តហោះ Legacy 600 មាន​តែ​មួយ​ករណី​ប៉ុណ្ណោះ​ដែល​បាន​ជួប​គ្រោះ​ថ្នាក់​៕

  • យន្តហោះ​បុគ្គលមាន​រាង​ដូច​ស៊ុត​ អាច​ហោះ​ក្នុងល្បឿន​មួយ​រយ​គីឡូម៉ែត្រ​/ម៉ោង

    យន្តហោះ​បុគ្គលមាន​រាង​ដូច​ស៊ុត​ អាច​ហោះ​ក្នុងល្បឿន​មួយ​រយ​គីឡូម៉ែត្រ​/ម៉ោង

    Airscooter ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជំនួស​​កូន​រថយន្ត​ អាច​ហោះ​ហើរ​ក្នុង​ល្បឿន​ 100 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ហោះ​ឡើង និង​ចុះ​ចត​ត្រង់​ដូច​ឧទ្ធម្ភាគ​ចក្រ​។

    អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​បារាំង Franky Zapata បាន​បង្ហាញ​យន្តហោះ​លក្ខណៈ​បុគ្គល​ថ្មី​មួយ​ប្រភេទ​ ​មាន​កាប៊ីន​សម្រាប់​អ្នក​បើក​បរ​ដែល​មាន​រូប​រាង​ដូច​ស៊ុត​ និង​អាច​ហោះ​ក្នុង​កម្ពស់ 2,900 ម៉ែត្រ​។ យោង​តាម​ Mail ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 21 សីហា 2023 យន្តហោះ Airscooter ​អាច​ជួយ​​ឱ្យ​ការ​ធ្វើ​ដំណើរ​ប្រហែល​ពីរ​ម៉ោង​តាម​​​​រថយន្ត​នៅ​​​ក្នុង​ពេល​​ចរាចរណ៍​ចង្អៀត ចុះ​មក​នៅ​ត្រឹម​ 10 នាទី​។

    ក្រុម​ហ៊ុន Zapata ឱ្យ​ដឹង​ថា យាន​ជំនិះ​ថ្មី​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍ​។ Airscooter គឺជា​យន្តជំនិះ​ដែល​ហោះ​ឡើង​ និង​ចុះ​ចត់​ត្រង់​ដូច​ឧទ្ធម្ភាគចក្រ​ (VTOL)។ នេះ​គឺជា​យន្តហោះ​កូន​កាត់​ (ហាយព្រីដ) ប្រើ​ប្រាស់​អគ្គិសនី​ និង​ប្រេង​ឥន្ធនៈ​ ដើម្បី​ផ្ដល់​ថាមពល​ដល់​រ៉ូទ័រ​ 6 គ្រឿង​​ដែល​បំពាក់ពី​​ខាង​លើ​កាប៊ីន​។ Airscooter អាច​ហោះ​ហើរ​រយៈ​ពេល​ពីរ​ម៉ោង​បន្ត​បន្ត​បន្ទាប់​ យូរ​ជាង​យាន VTOL ដទៃ​។

    Airscooter មាន​ទម្ងន់ 115 គីឡូក្រាម។ គ្រប់​គ្នា​អាច​បើកបរ​យន្តហោះ​នេះ​បាន​ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​រយៈ​ពេល​ខ្លី​។ បើ​ទោះ​ជា​ផលិត​ឡើង​ក្នុង​បំណង​ជំនួស​កូន​រថយន្ត ប៉ុន្តែ Airscooter នឹង​មិន​ត្រូវ​បាន​ដាក់​លក់​ក្នុង​ទីផ្សារ​នោះ​ទេ។ ជំនួស​មក​វិញ អ្នក​ប្រើ​ប្រាស់​នឹង​ត្រូវ​បង់​ប្រាក់​មួយ​ចំនួន​សម្រាប់​ការ​​​បើកបរ​ 40 នាទី​​ដោយ​ផ្ទាល់​ដៃ និង​គយគន់​ទេសភាព​តាម​បង្អួច​។

    ចាប់​ពី​ដើម​ឆ្នាំ​ក្រោយ Zapata នឹង​បើក​មជ្ឈមណ្ឌល​ហោះ​ហើរ​នៅ​សហរដ្ឋ​អាម៉េរិក​ ដើម្បី​ផ្ដល់​សេវាកម្ម​ហោះ​ហើរ​កម្សាន្ត​ដល់​អតិថិជន​។ មជ្ឈមណ្ឌល​ដំបូង​នឹងមាន​នៅ​ក្នុង​ទីក្រុង Lake Havasu រដ្ឋ Arizona៕

  • សូម​ប្រយ័ត្ន​ពេល​ទិញ​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ផ្ដាសាយ-ក្អក​ឱ្យ​កូន​លេប

    សូម​ប្រយ័ត្ន​ពេល​ទិញ​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ផ្ដាសាយ-ក្អក​ឱ្យ​កូន​លេប

    អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​អំពី​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ជំងឺ​ផ្ដាសាយ Cold Out ដែល​កំពុង​ត្រូវបាន​​ដាក់លក់​ក្នុង​ទីផ្សារ ពិសេស​គឺ​នៅ​ប្រទេស​អ៊ីរ៉ាក់ ដោយសារ​មាន​ផ្ទុក​ជាតិពុល​ក្នុង​កម្រិត​ខ្ពស់។

    កាលពី​ថ្ងៃទី 07 សីហា WHO បានឱ្យដឹងថា ថ្នាំ​ស៊ី​រ៉ូ​ក្អក​​កំពុង​ដាក់លក់​នៅ​អ៊ីរ៉ាក់ ដែល​បន្ទប់ពិសោធន៍  Fourrts នៅ​ប្រទេស​ឥណ្ឌា ផលិត​ឱ្យ​ក្រុមហ៊ុន Dabilife Pharma មាន​ផ្ទុក​សារធាតុពុល​កម្រិត​ខ្ពស់។ ជាក់ស្ដែង ទំនិញ​នេះ​មាន​ផ្ទុក diethylene glycol 0.25% និង ethylene glycol 2.1% ខណៈ​បរិមាណ​សុវត្ថិភាព​ដែល​ត្រូវបាន​អនុញ្ញាត​​សម្រាប់​សារធាតុ​ទាំងពីរ​នេះ​គឺ 0.1%។ WHO បន្ថែមថា អ្នក​ផលិត និង​អ្នក​ចែកចាយ​មិនអាច​ធានា​អំពី​សុវត្ថិភាព និង​គុណភាព​របស់​ផលិតផល។

    នេះ​គឺជា​សេចក្ដីប្រកាស​ថ្មី​បំផុត​នៅក្នុង​ការព្រមាន​ជាច្រើន​ដែល​ត្រូវបាន​ស្ថាប័ន​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ​លើកឡើង​អំពី​ប្រភេទ​ថ្នាំ​គុណភាព​ទាប​ដែល​នាំ​ចេញពី​ប្រទេស​ឥណ្ឌា និង​ត្រូវបាន​ដាក់លក់​លើ​ពិភព​លោក។ មុន​នោះ មាន​ថ្នាំ​ស៊ី​រ៉ូ​យ៉ាងតិច 5 ប្រភេទ ស្ថិតក្នុង​ការស៊ើបអង្កេត​ ដោយ​មាន​ជាប់ទាក់ទង​នឹង​ក្រុមហ៊ុន​ផលិត​នៅ​ឥណ្ឌា។

    Propylene glycol មិន​ពុល ប៉ុន្តែ diethylene glycol (DEG) និង Ethylene glycol (EG) គឺមាន​ពិតជា​គ្រោះ​ថ្នាក់​​ខ្លាំង។ អ្នកស្រាវជ្រាវ​អះអាងថា ពេល​ចូលដល់​ក្នុង​រាងកាយ ពួកវា​នឹងធ្វើ​ឱ្យ​ខ្សោយតម្រងនោម និង​ស្លាប់ បើសិន​មិនបាន​ព្យាបាល​ទាន់ពេល។ បរិមាណ​ដែល​អាច​បង្ក​ឱ្យស្លាប់​គឺ​អាស្រ័យ​លើ​ទម្ងន់​របស់​រាងកាយ។ ក្មេង​តូច​ងាយ​រងគ្រោះ​ជាង​មនុស្ស​ធំ៕

  • ភ្ញាក់ផ្អើល​ខ្លាំង​ពេល​អាវ​ធ្លាប់​ពាក់​​លេង​​ពីក្មេង បែរជា​មានតម្លៃ​ខ្ពស់​បែប​នេះ

    ភ្ញាក់ផ្អើល​ខ្លាំង​ពេល​អាវ​ធ្លាប់​ពាក់​​លេង​​ពីក្មេង បែរជា​មានតម្លៃ​ខ្ពស់​បែប​នេះ

    កាលពី​ថ្ងៃអាទិត្យ (30 កក្កដា) ភ្ញៀវ​ដែល​ចូលរួម​កម្មវិធី Antiques Roadshow (កម្មវិធី​វាយតម្លៃ​វត្ថុ​បុរាណ​របស់ BBC 1 នៅ​ប្រទេស​អង់គ្លេស) បាន​មានឱកាស​ទស្សនា​វត្ថុ​នានា​ដែល​ភ្ញៀវ​ទាំងឡាយ​បាន​នាំយកមក​ទីនេះ។

    យោងតាម Daily Mail ព្រឹត្តិការណ៍​វាយតម្លៃ​វត្ថុ​បុរាណ​ត្រូវបាន​ធ្វើឡើង​នៅឯ​វិមាន Ham House ក្នុង​តំបន់ Richmond ក្បែរ​ទន្លេ Thames នៃ​ទីក្រុង​ឡុង​ដ៍ ដែល​សាងសង់​តាំងពី​សតវត្សរ៍​ទី 17 ដោយមាន​ការចូលរួម​របស់​អ្នកជំនាញ​ខាង​វត្ថុ​បុរាណ Lee Young។

    គូ​ស្វាមីភរិយា​វ័យ​ចំណាស់​មួយគូ បាន​នាំយក​​អាវ​​សម្រាប់​រាជវង្សានុវង្ស​នៅ​ប្រទេស​ចិន​តាំងពី​បុរាណ មកឱ្យ​អ្នកជំនាញ Lee Young ធ្វើការ​ពិនិត្យ និង​វាយតម្លៃ។

    យោងតាម​បុរស​ជា​ស្វាមី ភូសា (អាវ) នេះ​គឺជា​វត្ថុ​ដែល​ត្រូវបាន​ជីតា​របស់​ភរិយា​គាត់ (ជា​អ្នក​ដែល​ធ្លាប់​កាន់តំណែង​នាយក​ប្រតិបត្តិ​របស់​ធនាគារ Standard នៅ​ប្រទេស​ឥណ្ឌា) នាំយក​មកកាន់​ប្រទេស​អង់គ្លេស​ កាលពីដើម​ទសវត្សរ៍​ឆ្នាំ 1930 នៃ​សហស្ស​វត្សរ៍​មុន។

    អ្នកស្រី Sara ភរិយា​របស់​បុរស​ខាងលើ ឱ្យដឹងថា អ្នកស្រី​បាន​រក្សាទុក​អាវ​ក្រៅ​នេះ​នៅក្នុង​ប្រអប់​ដាក់​សម្លៀកបំពាក់ ហើយ​កាលពី​នៅ​ក្មេង គាត់​តែងតែ​យ​កវាម​កពាក់​លេង។

    «អាវ​នេះ​ត្រូវបាន​ផលិតឡើង​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ 1750 ដែល​ពិតជា​ភូសា​សម្រាប់​រាជវង្សានុវង្ស។ វា​ជា​អាវ​ក្រៅ​សម្រាប់​ស្ត្រី ហើយ​អាវធំ​ដែល​ត្រូវបាន​ផលិតឡើង​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1750 គឺជា​វត្ថុ​ដ៏​កម្រ។ អាវ​បែបនេះ​មាន​នៅសល់តែ​ប៉ុន្មាន​ឈុត​ប៉ុណ្ណោះ។ បើតាម​ខ្ញុំ​ដឹង ដើម្បី​បាន​មើល​ភូសា​ប៉ុន្មាន​ឈុត​នោះ អ្នក​ត្រូវ​ធ្វើដំណើរ​ទៅកាន់​រដ្ឋធានី​ប៉េកាំង និង​សារមន្ទីរ​វាំង​ចាស់​។ វា​ពិតជា​វត្ថុ​ដែល​មានតែ​នៅក្នុង​សារមន្ទីរ» អ្នកជំនាញ Lee បន្ថែម​ដូច្នេះ។

    យោងតាម​លោក Lee ពណ៌​លឿង​របស់​ភូសា​នេះ​គឺជា​ពណ៌​សម្រាប់តែ​មហេសី​ស្ដេច ឬ​ស្នំ​ដែលមាន​ឋានៈ​ខ្ពស់។ រូបភាព​នាគ​មាន​ក្រ​ញ៉ាំ​ជើង​ប្រាំ​នៅលើ​ភូសា ក៏​ជា​និមិត្តរូប​បង្ហាញថា វា​ជាវ​ត្ថុ​សម្រាប់​រាជវង្សានុវង្ស។

    ប្រការ​ដែល​អ្នកជំនាញ Lee Young ត្រៀម​នឹង​ប្រកាស ធ្វើឱ្យ​ម្ចាស់​អាវ​នេះ​មិន​ភ្ញាក់ផ្អើល​មិនបាន។ «បើសិន​យកទៅលក់​ដេញថ្លៃ​ក្នុង​ទីផ្សារនា​បច្ចុប្បន្ន ភូសា​នេះ​នឹង​អាច​លក់​បាន​ក្នុងតម្លៃ 200,000 ផោន (ប្រហែល 256.000 ដុល្លារ​អាម៉េរិក)» លោក Lee បញ្ជាក់​ដូច្នេះ។

    ស្ដាប់​ដល់​ត្រឹមនេះ អ្នកស្រី Sara មានការ​ភ្ញាក់ផ្អើល​ខ្លាំង និង​និយាយថា «ពិតជា​ភ្ញាក់ផ្អើល​ណាស់។ ព្រះ​អឺយ! សូម​អរគុណ​លោក​ច្រើនណាស់។ ពួកយើង​ប្រាកដជា​លែង​ដាក់​វា​ទៅក្នុង​ប្រអប់​សម្លៀកបំពាក់​ទៀតហើយ»៕

  • ​ម៉ូតូ​អគ្គិសនីទំនើប​ ផលិត​ដោយ​​ក្រុមហ៊ុន​វៀតណាម

    ​ម៉ូតូ​អគ្គិសនីទំនើប​ ផលិត​ដោយ​​ក្រុមហ៊ុន​វៀតណាម

    NU-E មាន​រូបរាង​បែប​អនាគតកាល លាយ​នឹង​បុរាណកាល ខណៈ​គ្រឿង​ម៉ាស៊ីន ថ្ម​ផ្ទុក​អគ្គិសនី និង​គ្រឿង​ដទៃ​ជាច្រើន​ទៀត សុទ្ធ​តែមាន​ស្រាប់​នៅក្នុង​ទីផ្សារ។

    ម៉ូតូ​អគ្គិសនី NU-E គឺជា​ម៉ូតូ​អគ្គិសនី​បែប​គំរូ​របស់​ក្រុមហ៊ុន​វៀតណាម Nuen Moto ​នៅ​ទីក្រុង​ព្រៃនគរ (ហូជីមិញ)។ ម៉ូតូ​នេះ​ត្រូវបាន​ផលិតឡើង​ដោយយោង​ទៅតាម​រូបមន្ត​ដែលមាន​ស្រាប់​ ដោយ​​ក្រុមហ៊ុន​នេះ​គ្រាន់តែ​រចនា​រូបរាង និង​ផលិត​គ្រោងឆ្អឹង គ្រា​ដែល​គ្រឿង​ផ្គុំ​នានា​ដែល​ NU-E ប្រើប្រាស់​ គឺជា​របស់​​អាច​រក​ទិញ​បាន​នៅក្នុង​ទីផ្សារ។ គ្រឿង​ផ្គុំ​ដែល​ NU-E ប្រើប្រាស់​ រួមមាន ​គ្រឿង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ស៊ុយអែត អង់គ្លេស ជប៉ុន ចិន។ល។

    NU-E មាន​ទម្ងន់​ប្រហែល 160 គីឡូក្រាម។ ម៉ូ​ទ័​រ​មាន​កម្លាំង​ពី 6 ទៅ 10 គីឡូវ៉ាត់។ ថ្ម​របស់​វា​អាច​ផ្ទុក​ថាមពល 72 វ៉ុល 120 អំពែរ​ម៉ោង ស្មើនឹង 8.64 គីឡូវ៉ាត់ម៉ោង។ ម៉ូតូ​នេះ​អាច​បើកបរ​ក្នុង​ល្បឿន 150 គីឡូម៉ែត្រ/ម៉ោង និង​ធ្វើដំណើរ​បាន​ចម្ងាយ 100 គីឡូម៉ែត្រពេល​បរ​លឿន និង 200 គីឡូម៉ែត្រពេល​បើកបរ​យឺត។

    យោងតាម​ក្រុមហ៊ុន Nuen ម៉ូតូ​អគ្គិសនី NU-E នេះ គ្រាន់តែ​ជា​កំណែ​សម្រាប់​បង្ហាញ​ពី​និន្នាការ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ប៉ុន្តែ Nuen នឹងដាក់​លក់​ម៉ូតូ​អគ្គិសនី​ដំបូង​របស់ខ្លួន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ៕

  • ម៉ូតូ​អគ្គិសនី​របស់​ជប៉ុន​នឹង​វាយ​លុក​ទីផ្សារ​​អាស៊ីអាគ្នេយ៍ឆាប់ៗ​នេះ

    ម៉ូតូ​អគ្គិសនី​របស់​ជប៉ុន​នឹង​វាយ​លុក​ទីផ្សារ​​អាស៊ីអាគ្នេយ៍ឆាប់ៗ​នេះ

    Honda Motor នឹង​បង្ហាញ​ម៉ូ​ដែល​នានា​របស់​ម៉ូតូ​អគ្គិសនី​ដំបូង​របស់ខ្លួន​នៅ​ឥណ្ឌូណេស៊ី ព្រោះ​ចាត់ទុកថា អាស៊ីអាគ្នេយ៍​គឺជា​ទីផ្សារ​ដែលមាន​សក្ដា​នុព​ល​ខ្លាំង​សម្រាប់​ម៉ូតូ​អគ្គិសនី។

    ម៉ូតូ​អគ្គិសនី​ប្រភេទ scooter ដែលមាន​ឈ្មោះថា EM1 e: របស់​ Honda ដែល​គ្រោង​នឹងត្រូវ​បានដាក់​លក់​នៅ​ប្រទេស​ជប៉ុន​នៅ​ចុងខែ​សីហា​ខាងមុខ ក៏​ជា​ម៉ូតូ​អគ្គិសនី​ដំបូង​ដែល Honda ផលិតឡើង​សម្រាប់​ទីផ្សារ​ឥណ្ឌូណេស៊ី។ ម៉ូតូ​ដែល​អាចឱ្យ​ធ្វើដំណើរ​បាន 53 គីឡូម៉ែត្រ​នេះ នឹងមាន​តម្លៃ​ប្រហែល 300,000 យេន (2,100 ដុល្លារ​អាម៉េរិក) នៅ​ប្រទេស​ជប៉ុន។

    បើ​ទោះ​ព័ត៌មាន​លម្អិត​ស្ដីពី​លក្ខណៈ​បច្ចេកទេស​របស់ EM1 e: មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង ប៉ុន្តែ តំណាង​របស់ Honda បាន​ហៅ​ម៉ូតូ​អគ្គិសនី​នេះ​ថា​ ជា​ម៉ូ​ដែល​មហាជន​ដំបូង​របស់​ខ្លួន។

    ក្រុមហ៊ុន Honda មាន​គម្រោង​បញ្ចេញ​ម៉ូតូ​អគ្គិសនី​ចំនួន 7 ម៉ូ​ដែល និង​លក់​ឱ្យបាន 3.5 លាន​គ្រឿង ចាប់ពីពេលនេះ​ដល់​ឆ្នាំ 2030 ហើយ​គ្រោង​នឹង​ផលិត​តែ​ម៉ូតូ​អគ្គិសនី​សុទ្ធ​នៅ​ពាក់កណ្ដាល​ទសវត្សរ៍ឆ្នាំ 2040៕

  • ប្រទេស​ណាខ្លះ​ជា​អ្នក​ផលិត និង​លក់​​អាវុធ​ច្រើនជាងគេ​លើ​ពិភពលោក?

    ប្រទេស​ណាខ្លះ​ជា​អ្នក​ផលិត និង​លក់​​អាវុធ​ច្រើនជាងគេ​លើ​ពិភពលោក?

    រុស្ស៊ី​គឺជា​ប្រទេស​ដែល​ឈរ​លំដាប់​ទី​ពីរ​នៅក្នុង​តារាង​ចំណាត់ថ្នាក់​ស្ដីពី​បណ្ដា​ប្រទេស​ដែល​ផលិត​ និង​លក់ល​សព្វាវុធច្រើន​ជាង​គេ​លើ​ពិភពលោក បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក។

    យោងតាម​ស្ថិតិ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ Stockholm (SIPRI) សហរដ្ឋ​អាម៉េរិក​កំពុង​នាំមុខគេ​នៅក្នុង​វិស័យ​ផលិត និង​លក់​​អាវុធ​របស់​ពិភពលោក។ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក គឺ​រុស្ស៊ី បារាំង ចិន និង​អាល្លឺម៉ង់។

    បរិមាណ​អាវុធ​របស់​សហរដ្ឋ​អាម៉េរិក ក្ដោប​ក្ដាប់ 40% លើ​​ទីផ្សារ​ទូទាំង​សកលលោក ​​ក្នុង​ដំណាក់កាល​ពី​ឆ្នាំ 2018 ដល់ 2022 ហើយ​​កើន 33% បើ​ធៀប​នឹង 5 ឆ្នាំមុន​នោះ។ ទីក្រុង​វ៉ា​ស៊ី​ង​តោន បច្ចុប្បន្ន​គឺជា​អ្នកផ្គត់ផ្គង់​អាវុធ​សំខាន់​ជាងគេ​របស់​ប្រទេស និង​ដែនដី​ចំនួន 103 នៅ​ទូទាំង​ពិភពលោក។

    យោងតាម SIPRI 41% នៃ​សព្វាវុធ​ដែល​សហរដ្ឋ​អាម៉េរិក​បាន​លក់​ចេញ​គឺ​បាននាំ​ចូល​​​តំបន់​មជ្ឈិម​បូ​ព៌ា ចាប់ពី​ឆ្នាំ 2018 ដល់ 2022។ តួលេខ​នេះ​នៅ​អាស៊ី និង​អូ​សេ​អា​នី​គឺ 32% ខណៈ​អឺរ៉ុប​បាន​ទិញចំនួន 23%។ ចាប់ពី​ឆ្នាំ 2022 ការ​ផ្គត់​ផ្គង់​អាវុធ​របស់​សហរដ្ឋ​អាម៉េរិកសម្រាប់​​អ៊ុយ​ក្រែ​ន បាន​កើនឡើង​ខ្ពស់​ខ្លាំង។

    រុស្ស៊ី​គឺជា​ប្រទេស​ដែល​ឈរ​លំដាប់​ទី​ពីរ​នៅក្នុងការ​ផ្គត់​ផ្គង់​​អាវុធ ដោយ​កាន់កាប់ 16% នៃ​បរិមាណ​អាវុធ​សរុប​ដែល​បាន​លក់​ចេញ​នៅ​ទូទាំង​ពិភពលោក។ ចំណែក​លំដាប់​ទី​បី​វិញ បាន​ទៅលើ​ប្រទេស​បារាំង ដោយ​កាន់កាប់​ចំណែក​ទីផ្សារ 11%។ ប្រទេស​ចិន​ឈរ​លេខ​រៀង​ទី​បួន ដោយ​កាន់កាប់ 5.2% នៃ​ទីផ្សារ​អាវុធ។ រីឯ​អាល្លឺម៉ង់​វិញ ក្ដោប​ក្ដាប់​ចំណែក​ទីផ្សារ​ប្រមាណ 4.2% ត្រូវ​ជាប់​លេខ​ប្រាំ៕

  • ក្រុមហ៊ុន​វៀតណាម សង់រោង​ចក្រ​តម្លៃ 4 ពាន់​លាន​ដុល្លារ​នៅ​អាម៉េរិក ក្នុង​សប្ដាហ៍​ក្រោយ

    ក្រុមហ៊ុន​វៀតណាម សង់រោង​ចក្រ​តម្លៃ 4 ពាន់​លាន​ដុល្លារ​នៅ​អាម៉េរិក ក្នុង​សប្ដាហ៍​ក្រោយ

    នេះ​នឹង​ក្លាយជា​រោងចក្រ​ផលិត​​រថយន្ត​អគ្គិសនី​ដំបូង​នៅ Carolina ខាងជើង​របស់​ក្រុមហ៊ុន​វៀតណាម VinFast ដែល​នឹង​ផ្គត់ផ្គង់​សម្រាប់​ទីផ្សារ​អាម៉េរិក​ខាងជើង។

    នៅ​ថ្ងៃទី 19 កក្កដា 2023 នេះ VinFast បានប្រកាស​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅក្នុង​រដ្ឋ Carolina ខាងជើង របស់​សហរដ្ឋ​អាម៉េរិក នៅ​ថ្ងៃទី 28 កក្កដា​ខាងមុខ។ រោងចក្រ​នេះ​មាន​ទីតាំង​នៅក្នុង​តំបន់ឧស្សាហកម្ម Triangle Innovation Point របស់​ស្រុក Chatham ក្នុង​រដ្ឋ Carolina ខាងជើង។ គម្រោង​ដែល​ស្ថិតនៅលើ​ផ្ទៃដី​ប្រហែល 733 ហិកតា​នេះ គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​បាន 150,000 គ្រឿង/ឆ្នាំ នៅក្នុង​ដំណាក់កាល​ទីមួយ។

    យោងតាម​ក្រុមហ៊ុន VinFast រោងចក្រ​ខាងលើ​គ្រោង​នឹង​ផ្ដើម​ការផលិត​ចាប់ពី​ឆ្នាំ 2025។ មុន​នោះ VinFast ក៏បាន​ប្រកាសថា បានទទួល​ការអនុគ្រោះ​ក្នុងតម្លៃ 1.2 ពាន់​លាន​ដុល្លារ​ពី​រដ្ឋបាល​រដ្ឋ Carolina ខាងជើង, ទីក្រុង Sanford, តំបន់ Chatham និង​មូលនិធិ Golden Leaf ផងដែរ សម្រាប់​គម្រោង​សាងសង់​រោងចក្រ​នេះ។

    នៅ​ប្រទេស​វៀតណាម VinFast បានប្រគល់​រថយន្ត​អគ្គិសនី​ដល់ដៃ​អតិថិជន​ចំនួន​ជាង 11 ពាន់​គ្រឿង នៅក្នុង 6 ខែ​ដើម​ឆ្នាំនេះ ក្នុងនោះ​មាន 3,155 គ្រឿង ត្រូវបាន​ប្រគល់​ក្នុង​ខែមិថុនា​កន្លងទៅ៕

  • Ford បញ្ចុះតម្លៃ​រថយន្ត F-150 Lightning ពេល «សង្គ្រាម​រថយន្ត​អគ្គិសនី» កំពុង​តានតឹង

    Ford បញ្ចុះតម្លៃ​រថយន្ត F-150 Lightning ពេល «សង្គ្រាម​រថយន្ត​អគ្គិសនី» កំពុង​តានតឹង

    កាលពី​ថ្ងៃទី 17 កក្កដា ក្រុមហ៊ុន Ford បាន​បញ្ចុះតម្លៃ​រថយន្ត​អគ្គិសនី F-150 Lightning (បញ្ចុះតម្លៃ 17% សម្រាប់​កំណែ​ស្ដង់ដា) ព្រោះតែ​ចង់​បង្កើន​ចំណែក​ទីផ្សារ​របស់ខ្លួន នៅក្នុង​ទីផ្សារ​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ Tesla។

    Ford បាន​ដំឡើងថ្លៃ Lightning កាលពីដើម​ឆ្នាំនេះ ហើយ​ក្រោយមក ក្រុមហ៊ុន​នេះ​ក៏​ឱ្យដឹងថា ពួកគេ​អាច​បញ្ចុះតម្លៃ​បន្ទាប់ពី​ការកែលំអ​នានា​សម្រាប់​រថយន្ត​នេះ។ ក្នុង​ត្រីមាស​ទី​ពីរ ចំនួន​រថយន្ត​អគ្គិសនី Ford ដែល​បាន​លក់​ចេញ បាន​ថយចុះ 2.8%។

    ការ​បញ្ចុះ​តម្លៃ​របស់​ Ford ​កើតឡើង​ក្នុង​គ្រា​ដែល​ការប្រកួត​ប្រ​ជែក​តម្លៃ​ដែល​បានចាប់ផ្ដើម​ដោយ Tesla កាលពី​ប៉ុន្មាន​ខែ​មុន ធ្វើឱ្យ​រថយន្ត​អគ្គិសនី​របស់​បណ្ដា​ក្រុមហ៊ុនចាស់ៗត្រូវ​គរ​លើ​គ្នា​នៅតាម​ទីតាំង​ចែកចាយ ដោយសារតែ​ល្បឿន​នៃ​ការលក់​ចេញ​បាន​ថមថយ។

    បច្ចុប្បន្ន កំណែ Lightning Pro មានតម្លៃ​ចាប់ពី 49,995 ដុល្លារ​អាម៉េរិក ទាប​ជាង​បន្តិច​បើ​ធៀប​នឹង​តម្លៃ 59,974 ដុល្លារ​ដែល​បាន​លក់​មុន​នោះ។ ចំណែក​កំណែ Platinum លំដាប់​ប្រណិត​ជាង​នឹងមាន​តម្លៃ 91,995 ដុល្លារ។ ដោយឡែក ភាគហ៊ុន​របស់ Ford ក៏បាន​ធ្លាក់​ថ្លៃ​នៅសល់ 14.09 ដុល្លារ/ហ៊ុន នៅពេល​បញ្ចប់​ការ​ជួញដូរ​​​កាលពី​ម្សិលមិញ៕

  • Messi នាំ​ភរិយា និង​​កូនៗ​​ ដើរ​ផ្សារ​នៅ​សហរដ្ឋ​អាម៉េរិក

    Messi នាំ​ភរិយា និង​​កូនៗ​​ ដើរ​ផ្សារ​នៅ​សហរដ្ឋ​អាម៉េរិក

    (សហរដ្ឋ​អាម៉េរិក) – Lionel Messi ចាប់ផ្ដើម​ផ្ស៊ាំ​នឹង​ជីវភាព​​ថ្មី​នៅ Miami នៅពេល​ជូន​ភរិយា Antonella Roccuzzo និងកូនៗដើរ​ផ្សារ។

    Messi បាន​ទៅដល់​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃទី 11 កក្កដា 2023 ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការពិនិត្យ​សុខភាព និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ជាមួយនឹង​ក្លឹប​បាល់ទាត់ Inter Miami។ M10 ហាក់​ស៊ាំ​នឹង​ជីវភាព​ថ្មី​បាន​លឿន​ជាង បើ​ធៀប​នឹង​ពេល​ទាត់​ឱ្យ​ក្លឹប PSG និង​ការ​រស់នៅក្នុង​ទឹកដី​បារាំង។

    កាលពី​ថ្ងៃទី 14 កន្លងទៅ Messi បានបង្ហាញ​ខ្លួន​ពេល​កំពុង​ដើរ​ទិញ​ទំនិញ​ក្នុង​ផ្សារ​ទំនើប Publix។ កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន​រូបនេះ បាន​ដើរ​ផ្សារ​ជាមួយនឹង​ភរិយា Antonella និង​កូនប្រុស​ទាំងបី​នាក់​រួម​មាន Thiago, Mateo និង Ciro។

    គ្រួសារ​របស់ Messi បានបង្ហាញ​ភាពសប្បាយ​រីករាយ​នៅពេល​ដើរ​ឆ្លងកាត់​ហាង​មួយចំនួន​ក្នុង​ផ្សារ​ទំនើប Publix។ ពួកគេ​ក៏បាន​ថតរូប​ជាមួយនឹង​អ្នកគាំទ្រ​មួយចំនួន​ដែល​បាន​ស្គាល់​ផងដែរ។

    ក្រោយពី​ចប់​កិច្ចសន្យា​ជាមួយ PSG លោក Messi ក៏​សម្រេច​ចិត្ត​មក​ទាត់​ឱ្យ Inter Miami ដោយមាន​កិច្ចព្រមព្រៀង​រយៈពេល​ពី​រ​ឆ្នាំ អម​នឹង​ជម្រើស​ពន្យារ​កិច្ចសន្យា​ថែម​ពីរ​ឆ្នាំ ដែល​នេះ​មានន័យថា M10 មាន​សិទ្ធិ​ចាក​ចេញពី​ក្លឹប​នេះ​នៅ​រដូវក្ដៅ​ឆ្នាំ 2024 ឬ 2025 បើសិនគាត់​​ចង់។

    កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន​រូបនេះ​នឹង​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅក្នុង​មហា​ព្រឹត្តិការណ៍​មួយ​ដែលមាន​ឈ្មោះថា «The Unveil» នៅ​ឯ​កីឡដ្ឋាន​របស់ Inter Miami នា​ថ្ងៃទី 16 កក្កដា​ខាងមុខ៕