Tag: ផ្លែ

  • 14 ចំណុចហាមឃាត់ ដែលស្រ្តីមានគភ៌ត្រូវតែធ្វើតាម

    14 ចំណុចហាមឃាត់ ដែលស្រ្តីមានគភ៌ត្រូវតែធ្វើតាម

    ខណៈតាំងគភ៌ ជាពិសេសតាំងគភ៌លើកដំបូង ស្រ្តីមានគភ៌អាចនៅមិនទាន់ដឹង ឬដឹងមិនអស់សេចក្ដីពាក់ព័ន្ធនឹងទង្វើដែលមិនស័ក្តិសម ឬចំណុចហាមឃាត់ផ្សេងៗដែលគ្រូពេទ្យជំនាញបានហាម ឬអនុញ្ញាតឱ្យធ្វើដែរ តែត្រូវធ្វើឱ្យតិចបំផុតដើម្បីសុខភាពរបស់ទាំងម្ដាយ និងកូនក្នុងគភ៌។ ចំណុចហាមឃាត់ទាំងនោះមានហេតុផលត្រឹមត្រូវច្បាស់លាស់ខាងវិទ្យាសាស្រ្ត មិនមែនជាជំនឿតៗគ្នានោះឡើយ។

    1 . ហាមមួម៉ៅ ធុញថប់ តានតឹងអារម្មណ៍

    ខណៈដែលរាងកាយមានភាពធុញថប់តានតឹង ខួរក្បាលនឹងបញ្ជាទៅក្រពេញ អាឌ្រីណាលីន ដែលស្ថិតនៅខាងលើក្រលៀនឱ្យបញ្ចេញអ័រម៉ូននៃភាពធុញថប់តានតឹងអារម្មណ៍មួយប្រភេទចេញមក ហុចផលឱ្យរាងកាយមានអារម្មណ៍ចង់ញ៉ាំអាហារ ធ្វើឱ្យស្រ្តីមានគភ៌ត្រូវតែញ៉ាំអាហារចូលទៅច្រើន។ ធុញថប់តានតឹងច្រើន ញ៉ាំច្រើន ធាត់ច្រើន ធ្វើឱ្យស្រ្តីមានគភ៌ឡើងទម្ងន់ព្រឹបៗដែលជារឿងមិនល្អឡើយសម្រាប់ស្រ្តីមានគភ៌ និងក្រៅពីនោះ ស្រ្តីមានគភ៌ដែលមានអារម្មណ៍មួម៉ៅធុញថប់តានតឹងច្រើន ទារកក្នុងផ្ទៃក៏នឹងទទួលផលប៉ះពាល់ដូចគ្នា ដែលក្រោយពេលប្រសូតចេញមក ទារកច្រើនតែមានទង្វើពិបាកចិញ្ចឹម និងយំរករឿងច្រើន។

     

    2 . ហាមហាត់ប្រាណបង្ខំ និងហាត់ខ្លាំង

    គ្រប់ត្រីមាសរបស់ការតាំងគភ៌ គួរហាត់ប្រាណតែល្មមសមរម្យបានហើយ។ ក្នុងត្រីមាសដំបូង បើប្រឹងហាត់ប្រាណខ្លាំង និងហក់លោតពេក នឹងកើតកម្លាំងញ័ររញ្ជួយខ្លាំង មានផលប៉ះពាល់តួកំណើត អាចបណ្ដាលឱ្យរលូតបាន។ សម្រាប់ត្រីមាសទី2 និងទី3 វិញ បើសិនហាត់ប្រាណខ្លាំងក្លាពេក រាងកាយនឹងប្ដូរផ្លាស់ហ្គាសអុកស៊ីហ្ស៊ែនមិនទាន់ ធ្វើឱ្យទារកកើតមានសភាវខ្វះអុកស៊ីហ្ស៊ែនបាន។

    3 . ហាមពាក់ស្បែកជើងកែងចោត

    ស្រ្តីមានគភ៌ច្រើនតែមកជួបគ្រូពេទ្យដោយអាការឈឺខ្នងជាញឹកញាប់ តើនរណាទៅនឹកឃើញថា មូលហេតុគឺមកពីស្បែកជើង?។ ការដែលស្រ្តីមានគភ៌ពាក់ស្បែកជើងកែងចោតខ្ពស់ៗ ធ្វើឱ្យសាច់ដុំនៅម្ដុំកំភួនជើង ភ្លៅ ចង្កេះ និងខ្នង កើតភាពតានតឹង និងអាការឈឺចាប់តាមមក។ ក្រៅពីនេះនៅជួបប្រទះទៀតថា ស្បែកជើងកែងចោតបានធ្វើឱ្យចំណុចរួមនៃទម្ងន់ខ្លួនរបស់ស្រ្តីមានគភ៌បាត់បង់តុល្យភាព អាចធ្វើឱ្យដួល និងបណ្ដាលឱ្យរលូតបុត្របាន។

    4 . ហាមញ៉ាំថ្នាំផ្ដេសផ្ដាស់

    ចំណុចនេះសំខាន់ខ្លាំងណាស់ ជាពិសេស 12សប្ដាហ៍ដំបូង ព្រោះជាអំឡុងពេលកកំណើត សាងអវយវៈដែលសំខាន់ៗរបស់តួកំណើត។ បើញ៉ាំថ្នាំដែលបង្កអន្តរាយ នឹងមានភាពប៉ះពាល់បណ្ដាលឱ្យមានពិការភាពដល់ទារកក្នុងគភ៌បាន ដូចជា ពិការដៃជើង ឆែបមាត់ ជាដើម ជាពិសេសពពួកថ្នាំបំបាត់មុន និងនៅឱ្យឆ្ងាយពីសារធាតុគីមីផ្សេងៗ ដូចជា ថ្នាំបាញ់មូស។ល។ បើមានអាការជំងឺធ្ងន់ធ្ងរគួរទៅជួបគ្រូពេទ្យជំនាញ។

    5 . ហាមចូលគេងយប់ជ្រៅ

    ស្រ្តីមានគភ៌ត្រូវគេងលក់សម្រាកឱ្យបានគ្រប់គ្រាន់យ៉ាងតិច 8ម៉ោងក្នុងមួយយប់។ បើគេងពេលយប់មិនគ្រប់គ្រាន់ ក្នុងអំឡុងពេលថ្ងៃចូរស្រ្តីមានគភ៌គេងលក់សម្រាកមួយស្រឡេត ជាពិសេសបំផុតក្នុងរយៈពេល 14សប្ដាហ៍ដំបូងនៃការតាំងគភ៌។ មានការសិក្សាស្រាវជ្រាវនៅប្រទេសសហរដ្ឋអាមេរិកមួយបានរកឃើញថា ស្រ្តីមានគភ៌ដែលគេងបានតិចជាងមួយយប់ 5ម៉ោង នឹងប្រថុយនឹងការត្រូវជំងឺផ្សេងៗយាយីរហូតពេលមួយរយៈកាលនៃការតាំងគភ៌ ដែលអាចបង្កគ្រោះថ្នាក់ទៅដល់ទារកក្នុងគភ៌នៅទីបំផុត។

    6 . ហាមអត់អាហារ និងសម្រកទម្ងន់

    បើស្រីមានគភ៌គ្មានចំណុចកម្រិតខាងវេជ្ជសាស្រ្តថា ត្រូវកម្រិតអាហារទេនោះ គួរទទួលទាមអាហារឱ្យគ្រប់ និងសមល្មមទៅតាមតម្រូវការរបស់រាងកាយ ព្រោះការសិក្សាស្រាវជ្រាវដដែលនោះបានរកឃើញថា ស្រ្តីមានគភ៌ដែលតម ឬអត់អាហារ ធ្វើឱ្យទារកមានអត្រាក្នុងការប្រសូតមុនកាលកំណត់ខ្ពស់ និងអាចពិការខួរក្បាល ដោយសារតែនៅក្នុងអាហារទាំង 5ប្រភេទក្រុមមានសារធាតុអាហារដែលសំខាន់ដល់ការបំប៉នខួរក្បាលទារក ដូចជា សារធាតុហ្វូលេតដែលបានពីបន្លែផ្លែឈើ និងវីតាមីនផ្សេងៗដែលជួយក្នុងការសាងអវយវៈសំខាន់ៗ។ សម្រាប់ស្រ្តីមានគភ៌ដែលបារម្ភខ្លាចធាត់នោះ ក្រោយពេលប្រសូត ឡារ៉ែន សូមណែនាំ ឱ្យចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងតែម្យ៉ាងគត់ នោះធានាថា ទម្ងន់នឹងស្រកចុះយ៉ាងឆាប់រហ័សមិនខាន។

    7 . ហាមរំលង ឬខកខានការណាត់ពិនិត្យគភ៌

    ស្រ្តីមានគភ៌ត្រូវតែដឹងខ្លួនជាប់ជានិច្ចអំពីភាពសំខាន់នៃការពិនិត្យគភ៌ ព្រោះរាងកាយរបស់ម្ដាយ និងកូនក្នុងផ្ទៃមានការប្រែប្រួលគ្រប់ពេលវេលា បើរកឃើញភាពខុសប្រក្រតីណាមួយរបស់ម្ដាយ ឬទារកក្នុងគភ៌ គ្រូពេទ្យនឹងបានផ្ដល់ការជួយសង្រ្គោះទាន់ពេលវេលា តែបើសិនជាខកខាន ឬរំលងការណាត់ពិនិត្យគភ៌នៅថ្ងៃនោះ គួរតែទៅជួបគ្រូពេទ្យនៅថ្ងៃបន្ទាប់កុំរំលងឱ្យសោះ។

    (នៅមានត)

  • អាណាព្យាបាលទាំងឡាយ មកនាំគ្នាបង្រៀនកូនឱ្យស្គាល់ពីសេចក្ដីស្រឡាញ់វិញប្រសើរជាង!

    អាណាព្យាបាលទាំងឡាយ មកនាំគ្នាបង្រៀនកូនឱ្យស្គាល់ពីសេចក្ដីស្រឡាញ់វិញប្រសើរជាង!

    សេចក្ដីស្រឡាញ់ធ្វើឱ្យពិភពលោកភ្លឺថ្លាស្រស់ស្រាយ និងកាន់តែគួរឱ្យចង់រស់នៅខ្លាំងឡើង តែ តើទស្សនៈពាក់ព័ន្ធនឹងសេចក្ដីស្រឡាញ់របស់កូនតូចរបស់យើងវិញ យ៉ាងណាដែរទៅហ្ន៎?…ក្មេងវ័យតេះតះនៅមិនទាន់ស្គាល់សេចក្ដីស្រឡាញ់ទេ គេដឹងតែត្រឹមថា ប៉ា និងម៉ាក់ គឺជារបស់ផស់គេ គឺបើគេត្រូវការនៅពេលណា ឬយ៉ាងណានោះ ប៉ាម៉ាក់ត្រូវតែជាអ្នកតបស្នងឱ្យគេភ្លាម មិនថាតែការឱបថើប លួងលោម របស់លេង ឬចំណីអាហារនោះឡើយ គេត្រូវតែបានវាមកតាមដែលគេត្រូវការ។

    ដូច្នេះ យើងនាំគ្នាមកបណ្ដុះសេចក្ដីស្រឡាញ់នៅក្នុងចិត្តរបស់កូនយើងទាំងអស់គ្នា និងបើកចិត្តឱ្យទូលាយដើម្បីមេរៀនជីវិតរបស់កូន…

    បេះដូងសំខាន់របស់ការបណ្ដុះសេចក្ដីស្រឡាញ់នៅក្នុងចិត្តកូនឱ្យបានសម្រេចគឺ អាណាព្យាបាលត្រូវមានក្ដីមេត្តាករុណាចំពោះកូនតូចរបស់លោកអ្នកជាមុនសិន ព្រោះក្មេងតូចៗតែងតែធ្វើរឿងខុសឆ្គងជាប់ជានិច្ច និងត្រូវរឭកដឹងជាប់ជានិច្ចថា កំហុសឆ្គងដែលកើតឡើងពីភាពមិនដឹងក្ដីរបស់កូននោះ គឺជាមេរៀនជីវិតរបស់កូន ដូច្នេះឪពុកម្ដាយត្រូវចិត្តត្រជាក់ៗ តាំងសតិស្មារតី មិនគួរស្រែកគំហក ក្រេវក្រោធ ឬដាក់ទោសកូនហាក់ដូចជាថា រឿងរ៉ាវដែលកើតឡើងនោះជាកំហុសដ៏ធំធេង ព្រោះរឹតតែលោកអ្នកដាក់ទោស និងប្រើកំហឹងដាក់កូនខ្លាំងប៉ុនណា នឹងរឹតតែទៅបាំងរារាំងបេះដូងតូចមួយរបស់កូនលែងឱ្យហ៊ានក្នុងការរៀនយល់ដឹង មិនហ៊ានក្នុងការហាមាត់សួរ ឬលែងហ៊ាននិយាយស្ដីជាមួយម្ដាយរបស់ខ្លួនទៀតផង។ នៅពេលទៅជាដូច្នេះ វាក៏ប្រហែលជាការលំបាកណាស់ដែលគ្រាប់ពូជនៃសេចក្ដីស្រឡាញ់ក្នុងចិត្តរបស់កូននឹងរីកចម្រើនធំធាត់ចេញផ្កា ចេញផ្លែដើម្បីអ្នកដទៃជាបន្តនោះ។

    រឿងល្អៗក្នុងសង្គម ចាប់ផ្ដើមពីគ្រួសារ

    កូនតូចគួរបានរៀនយល់ដឹងថា ការជួយគ្នាបន្តិចបន្តួចនោះ គឺជារឿងដែលគ្រួសារត្រូវការ ដោយសារតែគេជាចំណែកមួយរបស់គ្រួសារ ព្រោះយើងសុទ្ធតែអាស្រ័យនៅក្រោមដំបូលតែមួយជាមួយគ្នា និងចុងក្រោយបំផុតទៅគឺ ព្រោះវាជារឿងដែលត្រឹមត្រូវមួយដែលគួរធ្វើ ដូចជា បង្រៀនឱ្យកូនចេះរៀបចំទុកដាក់កន្លែងគេងដោយខ្លួនឯងក្រោយភ្ញាក់ពីគេង ឬប្រមូលទុកដាក់របស់លេងរៀងរាល់ពេលលេងរួច ដោយអាណាព្យាបាលអាចធ្វើជាតារាងតួនាទីការទទួលខុសត្រូវរបស់កូនបិទនៅលើកន្លែងណាដែលងាយមើលឃើញ។ នៅពេលកូនធ្វើតាមតួនាទីក្នុងមួយថ្ងៃបានសម្រេចហើយ ក៏គួរតែមានរង្វាន់ ឬពាក្យសរសើរបន្តិចបន្តួច ដើម្បីឱ្យកូនមានមោទនភាពចំពោះអ្វីដែលគេមានចំណែកធ្វើនោះផង។

    យកចិត្តទុកដាក់ បារម្ភ និងអនុគ្រោះ សណ្ដោសមេត្តាគ្នាទៅវិញទៅមក

    បង្ហាញឱ្យកូនឃើញថា លោកអ្នកមានក្ដីអាណិតមេត្តាចំពោះបុគ្គលជុំវិញខ្លួន ដោយការយកចិត្តទុកដាក់ និងកង្វល់បារម្ភពីជីវិតរបស់គ្នាទៅវិញទៅមក។ ចាបផ្ដើមយ៉ាងងាយៗពីមនុស្សក្នុងក្រុមគ្រួសារ ដូចជា បើសិនលោកតា លោកយាយឈឺថ្កាត់ លោកអ្នកអាចនឹងបបួលកូនទៅសួរសុខទុក្ខគាត់ដល់ផ្ទះ ដោយមានទិញរបស់ផ្ញើជាប់ដៃទៅជាមួយផង ឬបបួលកូនចូលចង្រ្កានដើម្បីធ្វើម្ហូបអាហារឆ្ងាញ់ៗយកទៅផ្ញើគាត់ក៏បាន។ ការបង្ហាញពីភាពមានទឹកចិត្តល្អ កង្វល់បារម្ភរកគ្នាទៅវិញទៅមកបែបនេះឱ្យកូនៗបានឃើញរហូតក្លាយជារឿងធម្មតា ទម្លាប់ល្អៗទាំងនេះក៏នឹងជ្រួតជ្រាបជាសន្សឹមៗទៅក្នុងដួងចិត្តរបស់កូន និងបញ្ជូនបន្តទៅក្នុងសង្គមដោយស្វ័យប្រវត្តិនៅពេលដែលគេធំឡើង។

    ចែករំលែកសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក

    រឿងងាយៗដែលគ្រប់ក្រុមគ្រួសារអាចធ្វើបាន តែច្រើនតែមើលរំលងនោះគឺ ការបរិច្ចាគវត្ថុរបស់របរទៅឱ្យអ្នកដែលខ្វះឱកាស។ បើទូដាក់សៀវភៅនៅក្នុងផ្ទះចាប់ផ្ដើមពេញ ឬរាងកាយរបស់កូនចាប់ផ្ដើមធំធាត់រហូតស្លៀកពាក់ខោអាវពីមុនលែងត្រូវ សាកល្បងរៀបចំវត្ថុទាំងនោះ ឬវត្ថុណាដែលលែងត្រូវការប្រើប្រាស់ហើយដាក់ចូលក្នុងឡាំង ហើយបបួលកូនទៅចែករំលែកវត្ថុទាំងនោះដល់អ្នកដទៃ។ រឿងនេះគឺជាមេរៀននៃការចែករំលែកដំបូងគេដែលអាណាព្យាបាលអាចធ្វើបានជាមួយកូនៗ រួមទាំងការធ្វើឱ្យកូនៗមើលឃើញថា លោកអ្នកបានធ្វើនូវរឿងដែលក្រៅពីមុខនាទីរបស់លោកអ្នក ដូចជារីករាយស្វាគមន៍ បើអ្នកជិតខាងផ្ទះត្រូវការជំនួយ ឬផ្ដាំផ្ញើមើលថែទាំសត្វសុនខខណៈដែលពួកគេទៅខរ្តឆ្ងាយ ឬបបួលកូនទៅអានសៀវភៅឱ្យមនុស្សពិការភ្នែកស្ដាប់ ជាដើម។ ការដែលលោកអ្នកលះបង់ពេលវេលារបស់ខ្លួនទៅធ្វើរឿងផ្សេងៗដើម្បីអ្នកដទៃយ៉ាងស្ម័គ្រចិត្ត និងមានសេចក្ដីសុខនេះ មិនត្រឹមតែកូនៗនឹងមានមោទនភាពលើរូបអ្នកប៉ុណ្ណោះទេ តែគេនៅមើលឃើញលោកអ្នកថា ជាគំរូក្នុងការធ្វើអំពើល្អទៀតផង។

    សម្លឹងមើលពិភពលោកក្នុងន័យវិជ្ជមាន

    ក្នុងពិភពនៃព័ត៌មាន និងការប្រកួតប្រជែងគ្នាដូចសព្វថ្ងៃនេះ វាអាចទៅរួចខ្លាំងណាស់ដែលកូនៗនឹងមានអារម្មណ៍ថា ពិភពលោកជុំវិញខ្លួនគេពិតជាអាក្រក់ និងមានគ្រោះថ្នាក់ណាស់ ដូច្នេះអាណាព្យាបាលគួរតែដឹកនាំឱ្យកូនសម្លឹងមើលរឿងល្អៗរបស់ពិភពលោកមួយនេះ ឱ្យកូនមានអារម្មណ៍ថា ក្នុងពិភពលោកមួយនេះនៅមានរឿងរ៉ាវជាច្រើនទៀត មិនមែនមានតែភាពអាក្រក់ៗដែលយើងបានឮតាមរយៈព័ត៌មានប៉ុណ្ណោះទេ។

    យ៉ាងណាក៏ដោយ ការដែលលោកអ្នកចង់បង្រៀនឱ្យកូនសម្លឹងពិភពលោកក្នុងន័យវិជ្ជមានបាននោះ ឪពុកម្ដាយក៏ត្រូវតែសម្លឹងពិភពលោកក្នុងន័យវិជ្ជមានដូចគ្នា។ អ្វីដែលសំខាន់នោះគឺ បើលោកអ្នកចង់ឱ្យកូនធំឡើងក្លាយជាមនុស្សបែបណា លោកអ្នកក៏ត្រូវធ្វើជាគំរូបែបនោះឱ្យទៅកូន ព្រោះទីបំផុតទៅ រូបកូនហ្នឹងឯងដែលនឹងក្លាយជាផ្ទាំងកញ្ចក់ឆ្លុះបង្ហាញពីរូបពិតប្រាកដរបស់លោកអ្នកចេញមក…។ ដូច្នេះ តើលោកអ្នកចង់ឱ្យកូនធំឡើងក្លាយជាមនុស្សបែបណា???៕

  • នៅពេលកូនតូចឈានចូលខែទី 12 (អាយុ 1ឆ្នាំ)

    នៅពេលកូនតូចឈានចូលខែទី 12 (អាយុ 1ឆ្នាំ)

    ខែទី 12

    លក្ខណៈរបស់កូនតូច

    នៅពេលកូនអាយុជិតគ្រប់ 1ឆ្នាំ ភាពរពឹសរបស់កូនក៏រឹតតែខ្លាំងក្លាទ្វេគុណឡើងដែរ ទោះជាក្មេងខ្លះនៅមិនទាន់អាចដើរបានក៏ដោយ តែក៏អាចវារបានលឿនរហូតឪពុកម្ដាយដេញតាមចាប់មិនទាន់ក៏មាន។ កាលនៅជាក្មេងតូច ការចិញ្ចឹមមើលថែក្មេងប្រុស និងក្មេងស្រីមិនទាន់មានភាពខុសប្លែកពីគ្នាប៉ុន្មានឡើយ តែពេលមកដល់វ័យនេះ នឹងហាក់ដូចជាមើលឃើញច្បាស់លាស់ហើយ ដូចជា ក្មេងប្រុសនឹងមានសញ្ញារពឹសចេញឱ្យឃើញយ៉ាងច្បាស់តែម្ដង ធ្វើចលនារហ័សរហួន ចំណែកក្មេងស្រីនឹងហាក់ដូចជារាងនឹងធឹងបន្តិច ខ្លាំងទៅខាងបញ្ចេញសំឡេង ចង់និយាយស្ដីច្រើនជាង ដែលទាំងអស់នេះជាវិវឌ្ឍនាការប្រក្រតីរបស់ក្មេង។

    វ័យនេះ ក្ដីចង់ដឹងចង់ឃើញកើនឡើងកាន់តែច្រើន ដូច្នេះអ្នកម្ដាយហាមភ្លេចខ្លួនជាដាច់ខាត មិនថាតែតោងឡើងជណ្ដើរ មួលបើកចង្រ្កានហ្គាស ទាញឌុយភ្លើង បើកគម្របដបលេង សុទ្ធតែជារឿងដែលគួរឱ្យចាប់អារម្មណ៍សម្រាប់កូនតូចទាំងអស់។

    ដល់វ័យត្រូវប្ដូរទឹកដោះឱ្យហើយ

    អ្នកម្ដាយគួរចាប់ផ្ដើមប្ដូរពីទឹកដោះគោម្សៅទៅជាទឹកដោះគោប្រអប់បានហើយ ដោយឱ្យបឺតពីប្រអប់ដោយបំពង់បឺតតែម្ដង ឬចាក់ដាក់កែវញ៉ាំក៏បាន ព្រមទាំងចាប់ផ្ដើម(ឱ្យផ្ដាច់)ឱ្យឈប់រវល់ជាមួយដបទឹកដោះគោបានហើយ។ នៅពេលកូនធ្វើបានសម្រេច ក៏កុំភ្លេចសរសើរ និងបញ្ចេញកាយវិការត្រេកអរឱ្យកូនបានឃើញផង កូននឹងមានមោទនភាព។ វិធីផ្ដាច់ដបទឹកដោះគោគឺ ដំបូងៗអ្នកម្ដាយគួរគេងជាមួយកូន និយាយរឿងនិទានឱ្យកូនស្ដាប់ ឬបំពេរកូនរហូតដល់គេងលក់ ព្រោះបើមានអ្នកម្ដាយនៅគេងជាមួយ កូនច្រើនតែមិននឹកឃើញដបទឹកដោះគោទេ។ នៅពេលធ្វើដូច្នេះបានមួយរយៈពេលហើយ ចូរយកដបទឹកដោះគោទៅលាក់ទុកកុំឱ្យកូនឃើញរហូតតែម្ដង។

    នៅពេលកូនមិនព្រមញ៉ាំបាយ

    ប្រយោជន៍ដែលបានមកពីបាយគឺ ម្សៅ និងជាតិស្ករ និងប្រូតេអ៊ីន ឬញ៉ាំនំប៉័ង និងគុយទាវក៏ទទួលបានម្សៅ និងជាតិស្ករដូចគ្នា ចំណែកត្រី ស៊ុត និងសាច់សត្វវិញផ្ដល់ប្រូតេអ៊ីនច្រើនជាងបាយ ដូច្នេះទោះជាកូនមិនព្រមញ៉ាំបាយមែន តែបើបានអាហារផ្សេងគ្រប់គ្រាន់ក៏មិនមានបញ្ហាអ្វីដែរ តែបើមិនព្រមញ៉ាំបាយ ហើយញ៉ាំតែនំពេញមួយថ្ងៃដែលមានតែម្សៅ និងស្ករក្នុងបរិមាណច្រើន នឹងធ្វើឱ្យកូនឆ្អែត មិនចង់ញ៉ាំបាយ ធ្វើឱ្យខ្វះសារធាតុអាហារ។ បើកូនមានទម្លាប់បែបនេះ ចូរបបួលកូនវារ ឬរត់លេង ឬលេងបិទពួនដេញចាប់ឱ្យបានច្រើន នោះកូនក៏នឹងញ៉ាំបាយបានច្រើនឡើងដោយឯកឯង ដោយអ្នកម្ដាយមិនចាំបាច់បង្ខំឡើយ ព្រោះការដែលកូនបានរត់លេងច្រើននេះ វាប្រៀបដូចជាការហាត់ប្រាណម្យ៉ាងដែរ។ ឯក្មេងដែលឪពុក ម្ដាយ តា យាយតឹងរ៉ឹងខ្លាំង មិនសូវបណ្ដោយឱ្យចេញទៅរត់លេងក្រៅផ្ទះ ច្រើនតែជាក្មេងដែលស្ពឹកស្រពន់ មិនសូវញ៉ាំ មិនសូវមានកម្លាំង និងឈឺញឹកញាប់។ តែយ៉ាងណាក៏ដោយ អ្នកម្ដាយត្រូវចេះសង្កេតមើលថា តើកូនមិនព្រមញ៉ាំបាយដោយសារអ្វី ទើបអាចកែបញ្ហាបានត្រូវ។

    អាការដែលអាចកើតឡើង

    . ធ្មេញកូននៅមិនទាន់ដុះឡើង

    ទោះជាដឹងថា ក្មេងខ្លះឆាប់ដុះធ្មេញ និងក្មេងខ្លះក្រដុះធ្មេញក៏ដោយ តែបើកូនអាយុមួយខួបហើយនៅមិនទាន់ឃើញមានធ្មេញផុសឡើងមួយគ្រាប់ណាសោះនោះ ឪពុកម្ដាយប្រហែលជានឹកកង្វល់ចិត្តមិនតិចឡើយ។ ការពិតទៅ កូនមានធ្មេញនៅក្រោមអញ្ចាញរួចរាល់ហើយ គ្រាន់តែក្រផុសឡើងមកលើសាច់អញ្ចាញប៉ុណ្ណោះ ដូច្នេះអ្នកម្ដាយមិនគួរនឹកកង្វល់ច្រើនពេកឡើយ គួររង់ចាំពេលវេលាបន្តិចទៀត។ មិនគួរទិញថ្នាំវីតាមីនបន្ថែមមកឱ្យកូនញ៉ាំដោយមិនបានប្រយ័ត្នប្រយែងនោះឡើយ ព្រោះនឹងធ្វើឱ្យកូនបានទទួលវីតាមីនច្រើនជ្រុល រហូតកើតអាការធុញទ្រាន់ទឹកដោះគោ ចង់ញ៉ាំតែទឹក ទឹកផ្លែឈើ និងអាចមានអាការជ្រៀតជ្រែកផ្សេងទៀតដូចជា ក្អួតចង្អោរ ហើមពោះ នោមច្រើន និងញឹកញាប់ ទាល់តែឈប់ឱ្យញ៉ាំវីតាមីនទើបបាត់ជាដើម ហើយការឱ្យកូនញ៉ាំកាល់ស្យូម ក៏មិនបានជួយឱ្យធ្មេញឆាប់ដុះឡើងដែរ។

    វិវឌ្ឍនាការរបស់កូន

    – រាងកាយ

    . ឡើងចុះជណ្ដើរកាន់តែពូកែឡើង។

    . ចេះរុញរបស់ផ្សេងៗចេញឆ្ងាយពីខ្លួនបាន។

    . ក្មេងខ្លះអាចដោះខោខ្លួនឯងបានហើយ។

    . ចេះប្រើដៃចាប់នេះ ចាប់នោះបានកាន់តែពូកែឡើង។

    . អាចកាន់វត្ថុ2 នៅក្នុងដៃតែម្ខាងបាន។

    . ចេះចាប់ស្លាបព្រាដើម្បីដួសអាហារដាក់ចូលមាត់បានខ្លះហើយ។

    . ព្យយាមចាប់របស់របរបង្វិលលេង និងចូលចិត្តមើលរបស់ដែលវិលបាន។

    – សង្គមជុំវិញខ្លួន

    . ចេះធ្វើត្រាប់តាមអាកប្បកិរិយាមនុស្សធំបានច្រើនឡើង។

    . ចេះនិយាយមួយម៉ាត់ៗបានច្រើនឡើង តែក្មេងស្រីនឹងឆាប់ចេះនិយាយជាងក្មេងប្រុស។

    . ដឹងពីអារម្មណ៍របស់អ្នកដទៃបានច្រើនឡើង។

    . ខ្លាចមនុស្សមិនដែលស្គាល់(ប្លែកមុខ) និងទីកន្លែងថ្មីៗ ប្លែកៗដែលមិនធ្លាប់ស្គាល់។

    . យល់ដឹងពីហ្គេមដែលកំពុងលេងច្រើនជាងមុន និងចេះលេងហ្គេមបានច្រើនមុខហើយ។

    . កាន់តែចេះបដិសេធការញ៉ាំខ្លាំងជាងមុន និងចាប់ផ្ដើមហួងហែងរបស់លេងខ្លះៗហើយ។

    – លេងជាមួយកូនឱ្យបានញឹកញាប់

    . គួរឱ្យកូនហាត់ដើរដោយខ្លួនឯង ដោយរៀបចំបរិវេណជុំវិញទីនោះឱ្យមានសុវត្ថិភាព កុំឱ្យកូនមានគ្រោះថ្នាក់នៅពេលដួល។ របស់ជ្រុងៗ ស្រួចៗត្រូវប្រមូលទុកឱ្យអស់។ ពេលរៀបចំទីកន្លែងរួចហើយ មិនចាំបាច់ដើរតាមកូនគ្រប់ពេលនោះទេ កូនដួលខ្លះ អីខ្លះគឺជារឿងធម្មតាបើមានកម្រាលព្រំពីក្រោម តែដែលត្រូវប្រយ័ត្នគឺ កម្រាលឥដ្ឋ ឬក្ដារឈើ។

    . អ្នកម្ដាយគួរឧស្សាហ៍និយាយឈ្មោះអវយវៈផ្សេងៗឱ្យកូនបានស្ដាប់ ព្រមទាំងចង្អុលបង្ហាញផង ដើម្បីកូនបានរៀនយល់ដឹងអំពីរាងកាយរបស់ខ្លួនឯងច្រើនឡើង។

    . កុំនិយាយពាក្យថា “កុំ” ជាមួយកូនតូចគ្រប់តែរឿងពេកបើជារឿងដែលមិនមានគ្រោះថ្នាក់ ឧស្សាហ៍ឱ្យកូនបានធ្វើដោយខ្លួនឯង ដើម្បីឱ្យកូនបានរៀនយល់ដឹង៕

  • សារធាតុអាហារល្អៗសម្រាប់កូនតូចដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    សារធាតុអាហារល្អៗសម្រាប់កូនតូចដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    ម៉ឺនុយអាហាររបស់កូនតូចក្នុងមួយថ្ងៃៗ តាំងពីវ័យ 6ខែឡើងទៅ គួរបានទទួលសារធាតុអាហារដែលសម្បូរបែប។ អាហារសម្រាប់ក្មេងតូចៗ ប្រាកដណាស់ត្រូវតែមានបន្លែ និងផ្លែឈើជាគ្រឿងផ្សំ ហើយមានឈ្មោះថាបន្លែផ្លែឈើ គឺពិតជាមានប្រយោជន៍ដល់រាងកាយខ្លាំងណាស់ តែបន្លែប្រភេទនីមួយៗ ពណ៌នីមួយៗសុទ្ធតែផ្ដល់នូវសារធាតុអាហារដែលល្អៗផ្សេងៗពីគ្នា។ តើកូនតូចរបស់យើងញ៉ាំបន្លែដែលមានពណ៌ផ្សេងៗគ្នានោះហើយនឹងបានទទួលសារធាតុសំខាន់អ្វីខ្លះ? ថ្ងៃនេះ ឡារ៉ែននឹងញែកពណ៌របស់បន្លែផ្លែឈើជា 5ក្រុមពណ៌ ដើម្បីឱ្យអ្នកម្ដាយដឹងថា ក្នុងពណ៌នីមួយៗនោះផ្ដល់នូវសារធាតុអាហារល្អៗខុសប្លែកគ្នាយ៉ាងណាខ្លះ?

    1 . បន្លែផ្លែឈើពណ៌បៃតង ៈ បន្លែ និងផ្លែឈើពណ៌បៃតងដែលអ្នកម្ដាយគួរនាំយកមកផ្សំធ្វើជាអាហារឱ្យកូន និងស័ក្តិសមសម្រាប់កូនមានដូចជា ប្រូខូលី ស្លឹកបាស ខាត់ណា ផ្ទី ផ្លែត្របែក ផ្លែទំពាំងបាយជូរបៃតង ផ្លែប៉ោមពណ៌បៃតង។ល។ សារធាតុពណ៌បៃតងនៅក្នុងបន្លែ និងផ្លែឈើទាំងនេះគឺ ខ្លូរ៉ូហ្វីល( Chlorophyll)មានគុណសម្បត្តិក្នុងការតតាំងការកើតមហារីកបានយ៉ាងល្អ។ បន្លែផ្លែឈើពណ៌បៃតងមានសារធាតុកាកសរសៃខ្ពស់ ជួយក្នុងរឿងបន្ទោបង់បានល្អ បន្ថយអាស៊ីតក្នុងក្រពះ និងជួយបន្ថយអាការប្រតិកម្មចាញ់ផ្សេងៗទៀតផង។ ពេលណាដែលកូនពិបាកក្នុងការបន្ទោបង់ ត្រូវរៀបចំមុខម្ហូបក្រុមនេះឱ្យញ៉ាំ។

    2 . បន្លែផ្លែឈើពណ៌ក្រហម ៈ បន្លែ និងផ្លែឈើពណ៌ក្រហមដែលអ្នកម្ដាយយកមកផ្សំជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងៗមានដូចជា ផ្លែស្រ្តបឺរី ប៉េងប៉ោះ ឃែនបឺរី ផ្លែទទឹម ឪឡឹក ល្ហុងទុំ។ល។ បន្លែផ្លែឈើពណ៌ក្រហមមានសារធាតុ ឡៃខូពីន( Lycopene)និងបេតាសៃស៊ីន( Betacycin) ដោយសារធាតុទាំង 2ប្រភេទនេះមានចំណែកសំខាន់ក្នុងការមើលឃើញរបស់ក្មេងតូចៗ ជួយតតាំងជំងឺមហារីកផ្សេងបានយ៉ាងល្អ និងសំខាន់គឺ មានគុណសម្បត្តិក្នុងការប្រឆាំងរ៉ាឌីកាល់សេរី។

    3 . បន្លែផ្លែឈើពណ៌លឿង និងពណ៌លឿងទុំ ៈ ក្រុមពណ៌លឿង និងពណ៌លឿងទុំដែលអ្នកម្ដាយយកមកផ្សំជាម្ហូបអាហារឱ្យកូនញ៉ាំជាញឹកញាប់មានដូចជា មើមការ៉ុត ផ្លែល្ពៅ ផ្លែពោត មានសារធាតុសំខាន់ៗដូចជា លូធីន( Lutein)ជួយការពារភាពចុះខ្សោយរបស់ប្រសាទកញ្ចក់ប្រស្រីភ្នែក ជួយឱ្យមើលឃើញច្បាស់នៅពេលយប់ និងមានសារធាតុ បេតាឃែរ៉ូធីន( Betacarotene)ជួយបន្ថយកម្រិតលូលេស្តេរ៉ូល ជួយឱ្យសាច់ស្បែកភ្លឺរលោង បន្ថយភាពចុះខ្សោយរបស់កោសិកាដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី។

    4 . បន្លែផ្លែឈើពណ៌ស្វាយ ៈ បន្លែ និងផ្លែឈើពណ៌ស្វាយដែលអ្នកម្ដាយតែងនាំយកមកធ្វើជាម្ហូបអាហារឱ្យកូនញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ប្ល៊ែកបឺរី ប្លូ៊បឺរី ស្ពៃក្ដោបពណ៌ស្វាយ ផ្លែទំពាំងបាយជូរពណ៌ស្វាយ មានសារធាតុ អ៊ែនថូសៃយ៉ានីន( Anthocyanin) មានគុណសម្បត្តិបំផ្លាញសារធាតុដែលបង្កឱ្យកើតមហារីក ជួយពង្រីកសរសៃឈាម ជួយបំប៉នសរសៃសក់ឱ្យខ្មៅក្រិបទៀតផង។

    5 . បន្លែផ្លែឈើពណ៌ស ៈ បន្លែ និងផ្លែឈើពណ៌សដែលអ្នកម្ដាយយកមកធ្វើជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ស្ពៃបូកគោ មើមឆៃថាវ ផ្កាស្ពៃ មើមខ្ទឹមស ផ្សិតម្ជុល គ្រាប់ល្ងស។ល។ បន្លែពណ៌សនេះនឹងផ្ដល់នូវសារធាតុកាកសរសៃខ្ពស់ និងមានជារួមគឺ ប្រឆាំងរ៉ាឌីកាល់សេរី បង្កើនបរិមាណវីតាមីន E ក្នុងរាងកាយ ជាពិសេសក្រុមគ្រាប់ធញ្ញជាតិផ្ដល់នូវវីតាមីន និងប្រូតេអ៊ីនខ្ពស់ ល្អខ្លាំងណាស់សម្រាប់ក្មេងតូចៗ។

    បន្លែ និងផ្លែឈើ ជាអាហារដែលល្អចំពោះក្មេងតូចៗខ្លាំងណាស់ តែក្នុងអំឡុងអាយុតិចជាង 12ខែ អ្នកម្ដាយត្រូវសង្កត់លើការចម្អិនឱ្យឆ្អិន ដោយសារតែប្រព័ន្ធតតាំងជំងឺផ្សេងៗរបស់រាងកាយកូននៅមិនទាន់ល្អគ្រប់គ្រាន់ បើឱ្យញ៉ាំបន្លែស្រស់ៗ អាចនឹងមានការប្រឡាក់ប្រឡូសដោយសត្វល្អិត មេរោគបាក់តេរី សារធាតុពុលពីជីផ្សេងៗ ឬថ្នាំសម្លាប់សត្វល្អិតជាដើម ធ្វើឱ្យកើតបញ្ហាដល់ប្រព័ន្ធសុខភាពរបស់កូនតូចបាន។ គោលការណ៍បរិភោគរបស់កូនក្នុងគ្រប់អំឡុងវ័យ គឺគួរតែបានញ៉ាំអាហារដែលសម្បូរបែប និងគ្រប់ 5ប្រភេទក្រុមរៀងរាល់ថ្ងៃ៕

  • ឪពុកម្ដាយថ្មោងថ្មីគួរដឹង…សភាវកូនតូចស្លេកស្លាំង សង្កេតយ៉ាងណា?

    ឪពុកម្ដាយថ្មោងថ្មីគួរដឹង…សភាវកូនតូចស្លេកស្លាំង សង្កេតយ៉ាងណា?

    សភាវស្លេកស្លាំង ជាអាការដែលគេប្រទះឃើញនៅលើកុមារតូចៗ បង្ហាញពីភាពខុសប្រក្រតីរបស់រាងកាយដែលស្បែក ឬសាច់ភ្នាសក្នុងរាងកាយមានពណ៌ស្លេក ដែលអាចកើតឡើងបានទូទាំងរាងកាយ ឬអាចកើតនៅលើតែបរិវេណណាមួយ និងច្រើនតែកើតឡើងនៅលើផ្ទៃមុខ សាច់ភ្នាសក្នុងមាត់ អណ្ដាត និងកែវភ្នែក។ នៅពេលដែលរាងកាយមានបរិមាណគ្រាប់ឈាមក្រហមថយចុះ ឬភាពខាប់របស់ “អេម៉ូគ្លោប៊ីន” ថយចុះនឹងធ្វើឱ្យសុខភាពរបស់កូនមិនរឹងមាំ រួមទាំងមានវិវឌ្ឍនាការខាងផ្នែកផ្សេងៗយឺតយ៉ាវទៀតផង ដូច្នេះលោកឪពុកអ្នកម្ដាយចាំបាច់ត្រូវសិក្សារឿងសភាវកូនស្លេកស្លាំងនេះផង ដើម្បីទុកជាគន្លងក្នុងការការពារ និងព្យាបាលដូចខាងក្រោមនេះ…។

    កូនស្លេកស្លាំង ធ្វើម្ដេចឪពុកម្ដាយដឹងបាន?

    ការសង្កេតមើលថា តើកូនស្លេកស្លាំងឬទេនោះ អ្នកម្ដាយអាចដឹងបានតាមរយៈការសង្កេតមើលថា កូនមានអាការនឿយដង្ហក់ ឆាប់ហត់ជាងធម្មតា ដកដង្ហើមញាប់ សាច់ស្បែកឡើងស្លេក ឬលឿង ខុសប្រក្រតីពីពណ៌ស្បែកដើម។ អាចសង្កេតនៅលើបបូរមាត់ ឬផ្នែកក្នុងត្របកភ្នែកខាងក្រោម និងការមើលនៅលើស្បែកដូចជា លើផ្ទៃមុខអាចនឹងពិបាកសម្គាល់ បើក្មេងមានសម្បុរ-ស តែបើសិនជាត្រូវការចង់ដឹងច្បាស់លាស់ ត្រូវជោះឈាមពិនិត្យមើលពណ៌ និងចំនួនរបស់គ្រាប់ឈាមក្រហម។ បើរកឃើញថា កូនមានអាការទាំងនោះ ឪពុកម្ដាយមិនគួរប្រហែស និងបណ្ដែតបណ្ដោយឡើយ ព្រោះអាការទាំងនោះ បើមិនបានទទួលការព្យាបាល អាចហុចផលអាក្រក់ដល់វិវឌ្ឍនាការរបស់កូនជាច្រើនទៀត។

    កូនស្លេកស្លាំង មានមូលហេតុមកពីអ្វី?

    បញ្ហារោគស្លេកស្លាំងអាចកើតឡើងដោយសារច្រើនមូលហេតុ ដោយអាចបណ្ដាលមកពីការដែលរាងកាយខ្វះសារធាតុអាហារប្រភេទខ្លះ ដូចជាខ្វះសារធាតុដែក ប្រូតេអ៊ីន អាស៊ីតហ្វូលិក និងវីតាមីន B12 ដែលជាសារធាតុសំខាន់ក្នុងការផលិតឈាម។ ការខ្វះសារធាតុទាំងនេះនឹងធ្វើឱ្យក្មេងស្លេកស្លាំងបាន និងការប្រសូតមុនកំណត់ ការមានព្រូន ឬមានសភាវខាងពូជអម្បូរប្រភេទម្យ៉ាង

    ក៏ជាមូលហេតុដែលធ្វើឱ្យក្មេងកើតជំងឺស្លេកស្លាំង។ ភាគច្រើនជំងឺស្លេកស្លាំង ច្រើនបណ្ដាលមកពីការខ្វះសារធាតុដែក ឬអាចហៅម្យ៉ាងទៀតថា “ជំងឺឈាមស្លេក”។

    កូនស្លេកស្លាំង តើត្រូវព្យាបាលឬទេ?

    បើឪពុកម្ដាយរកឃើញថា កូនកើតជំងឺស្លេកស្លាំង ឬមានអាការប្រថុយនឹងការកើតជំងឺស្លេកស្លាំង ឪពុកម្ដាយមិនគួរប្រហែសឡើយ ត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាល ព្រោះអាការរបស់ជំងឺស្លេកស្លាំងនេះ បើមិនបានទទួលការព្យាបាលទេនោះ អាចហុចផលអាក្រក់ដល់វិវឌ្ឍនាការរបស់កូនជាច្រើនទៀត ដូចជាអាចបណ្ដាលឱ្យខួរក្បាលធ្វើការយឺតយ៉ាវ ដោយសារតែបានទទួលអុកស៊ីហ្ស៊ែនពីគ្រាប់ឈាមក្រហមតិចតួច បណ្ដាលឱ្យមានអារម្មណ៍មិនស្វាហាប់ ស្ពឹកស្រពន់ អាចហុចផលឱ្យកូនរៀនយល់ដឹងយឺតជាងក្មេងក្នុងវ័យដូចគ្នា ដោយសារតែសភាវស្លេកស្លាំងធ្វើឱ្យកូនមិនឃ្លានចំណីអាហារ ញ៉ាំបានតិច ធ្វើឱ្យរាងកាយកាន់តែខ្វះសារធាតុអាហារ ហុចផលប៉ះពាល់ដល់សុខភាពធ្វើឱ្យសុខភាពរបស់កូនមិនរឹងមាំ ងាយឈឺថ្កាត់ និងថែមទាំងធ្វើឱ្យកូនមានការចម្រើនធំធាត់យឺតទៀតផង។

    កូនស្លេកស្លាំង តើត្រូវចិញ្ចឹម និងមើលថែទាំយ៉ាងណា?

    ការមើលថែទាំ ពេលកូនមានសភាវស្លេកស្លាំង ឪពុកម្ដាយអាចធ្វើបាន គឺប្រតិបត្តិតាមពាក្យណែនាំរបស់គ្រូពេទ្យ ឱ្យកូនញ៉ាំថ្នាំយ៉ាងត្រឹមត្រូវតាមវេជ្ជបញ្ជា មើលថែទាំលើរឿងអនាម័យរបស់កូនដើម្បីកាត់បន្ថយឱកាសឆ្លងមេរោគផ្សេងទៀត។ គួរឱ្យកូនញ៉ាំអាហារដែលមានប្រយោជន៍គ្រប់ 5ប្រភេទក្រុមឱ្យបានរាល់ថ្ងៃ ដើម្បីឱ្យកូនបានទទួលសារធាតុអាហារគ្រប់ចំនួន ដើម្បីឱ្យរាងកាយកូនបានរឹងមាំ និងដែលសំខាន់មួយទៀត គឺ​ត្រូវនាំកូនទៅជួបគ្រូពេទ្យតាមការណាត់ និងប្រញាប់ទៅជួបមុនណាត់នៅពេលដែលអាការផ្សេងៗកាន់តែអាក្រក់ឡើង ឬមានអាការមិនប្រក្រតីណាមួយខុសពីមុន។

    សភាវស្លេកស្លាំងលើកុមារតូចជារឿងគួរឱ្្យខ្លាច តែក៏អាចការពារបានយ៉ាងងាយដែរ ដោយចាប់ផ្ដើមពីការឱ្យញ៉ាំអាហារឱ្យបានគ្រប់ 5ប្រភេទក្រុម ទាំងបាយ ស៊ុតក្រហម សាច់សត្វ បន្លែផ្លែឈើ និងអាហារដែលមានសារធាតុដែកដែលមាននៅក្នុងសាច់ក្រហម ស៊ុតក្រហម គ្រឿងក្នុងសត្វ ថ្លើមជ្រូក ឈាមជ្រូក គ្រាប់ធញ្ញជាតិ បន្លែស្លឹកបៃតង និងទឹកដោះ ជាដើម។ ចំពោះទារកទើបនឹងកើតបានទទួលសារធាតុអាហារពីទឹកដោះម្ដាយ អ្នកម្ដាយអាចបង្កើនបានដោយការញ៉ាំអាហារដែលមានសារធាតុដែកខ្ពស់។ ត្រឹមតែប៉ុណ្ណឹង អ្នកម្ដាយក៏អាចការពារកូនតូចពីសភាវខ្លួនប្រាណស្លេកស្លាំងបានហើយ៕

  • នៅពេលកូនតូចឈានចូលខែទី 10

    នៅពេលកូនតូចឈានចូលខែទី 10

    ខែទី 10

    លក្ខណៈរបស់កូនតូច

    រយៈនេះកូនច្រើនមានធ្មេញខាងមុខដុះឡើងគ្រប់ 4 គ្រាប់ហើយ តែនៅមិនទាន់ដល់ថ្នាក់ត្រូវដុសធ្មេញឱ្យបានទេ គ្រាន់តែយកក្រណាត់ស្អាតមកជូតឱ្យក៏គ្រប់គ្រាន់ហើយ។ ថ្ងៃនេះអត្រាកើនឡើងនៃទម្ងន់ខ្លួននឹងថយចុះប្រមាណជា 5 – 10ក្រាមក្នុងមួយថ្ងៃជាមធ្យម។

    ខែនេះចាប់ផ្ដើមមានភាពជាខ្លួនឯងច្រើនឡើងហើយ ចេះតតាំងនឹងអ្វីដែលមិនចង់ធ្វើច្រើនឡើង ដូចជាមិនចូលចិត្តឱ្យគេចាប់ដាក់អង្គុយលើកន្ថោរដើម្បីជុះ ជាដើម។ អំឡុងពេលនេះអ្នកម្ដាយអាចនឹងបណ្ដោយកូនឱ្យលេងតែឯងខ្លះ ហើយការលេងកូននឹងបង្កប់ទៅដោយការចង់ដឹងចង់ឃើញ និងចងចាំជាបណ្ដើរៗហើយ។

    ដល់ពេលញ៉ាំអាហារបន្ថែម

    វ័យនេះ ញ៉ាំអាហារបរិមាណប៉ុនណា អាស្រ័យលើសេចក្ដីត្រូវការ មិនចាំបាច់ធ្វើទុកឱ្យញ៉ាំជាពិសេសនោះទេ អាចបែងពីអាហាររបស់មនុស្សធំមកញ៉ាំបាន។ បើអាហារដែលញ៉ាំមានទាំងម្សៅ បន្លែ សាច់ និងសណ្ដែកហើយ ក៏មិនចាំបាច់បារម្ភថា កូននឹងខ្វះសារជាតិអាហារនោះឡើយ។ ចំណែកកាលវិភាគអាហារបន្ថែមដែលថាកូនគួរតែបានទទួលប៉ុន្មានក្នុងមួយថ្ងៃ 2ពេល ឬ3ពេលនោះគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ។ បើញ៉ាំបាយអស់ក្នុងរយៈពេល 10 – 15 នាទីនោះ ចង់ឱ្យញ៉ាំមួយថ្ងៃ 3ពេលក៏បាន តែបើបញ្ចុកបាយម្ដងៗចំណាយពេលដល់ទៅ 1 ម៉ោងនោះ បើឱ្យញ៉ាំមួយថ្ងៃ 3ពេល កូននឹងគ្មានពេលចេញទៅលេងខាងក្រៅផ្ទះ ព្រោះយ៉ាងហោចណាស់ក៏ត្រូវឱ្យបានចេញទៅលេងនៅក្រៅផ្ទះនៅពេលព្រឹក និងពេលល្ងាចម្ដងៗពី 1ម៉ោង – 1ម៉ោងកន្លះដែរ ហើយពេលវេលានៅសល់ចូរទុកជាពេលវេលាគេង ពេលញ៉ាំបាយ តាមភាពស័ក្តិសមរបស់ក្មេងម្នាក់ៗវិញប្រសើរជាង។

    នំនែក ជារឿងដែលត្រូវតែបណ្ដោយខ្លះៗហើយ

    អ្នកខ្លះមិនព្រមឱ្យកូនញ៉ាំនំឡើយ ព្រោះខ្លាចឆ្អែតរហូតមិនញ៉ាំបាយ តែកូនក៏នៅតែចង់ញ៉ាំដដែលហ្នឹងឯង ដូច្នេះគួរអនុញ្ញាតឱ្យកូនបានញ៉ាំខ្លះចុះ ដូចជានំប៉័ងស្រួយៗ នំប៉ាវ នំបារាំង នំខេក នំចេក នំអាកោ ឬនំខ្មែរផ្សេងៗ តែគួរឱ្យស្អាតមានអនាម័យ រសជាតិផ្អែមល្មមៗ។ ចំណែកផ្លែឈើវិញ គួរឱ្យញ៉ាំជាចំណិតៗ មិនចាំបាច់កិនឱ្យម៉ដ្ឋទៀតទេ។ កំណត់ពេលឱ្យញ៉ាំមិនលើស 2 ដងក្នុងមួយថ្ងៃ ដូចជាឱ្យញ៉ាំទឹកដោះមុនពេលរសៀលជាដើម មិនមែនចេះតែឱ្យញ៉ាំពេញមួយថ្ងៃនោះទេ ព្រោះនឹងធ្វើឱ្យដល់ពេលញ៉ាំបាយ ញ៉ាំបានតិច។

    អាការរោគដែលអាចកើតឡើង

    – នឹកដល់ជំងឺរាតត្បាត

    . បើក្មេងណាមិនដែលគ្រុនក្ដៅខ្លួនពីមុនមក ពេលមិនស្រួលខ្លួនចូរនឹកដល់ជំងឺគ្រុនផ្ដាសាយ បើស្ថិតក្នុងរដូវដែលជំងឺគ្រុនឈាមរាតត្បាត ចូរនឹកដល់ជំងឺគ្រុនឈាម។ ព្យាយាមឱ្យកូនបានញ៉ាំទឹកឱ្យច្រើនក្នុងពេលគ្រុនក្ដៅខ្លួន។ ត្រូវប្រយ័ត្នកុំឱ្យកូនកើតជំងឺដែលឆ្លងមកពីក្មេងដែលលេងជាមួយគ្នា។

    . ចូរនាំកូនទៅចាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្សេងៗតាមអំឡុងអាយុ និងកាលកំណត់របស់ពេទ្យ។

    – ខាងក្រោយត្រចៀកកូនមានដុំអ្វីម្យ៉ាងរឹងៗ

    . អ្នកម្ដាយអាចប្រទះឃើញមានដុំរឹងៗប៉ុនគ្រាប់សណ្ដែកនៅក្រោយស្លឹកត្រចៀក អាចមានតែម្ខាង ឬទាំងសងខាងក៏មាន ពេលចុច ឬសង្កត់ប៉ះ កូនមិនបានបង្ហាញអាការឈឺចាប់អ្វីឡើយ។ ការពិតដុំសាច់នេះគឺ ក្រពេញទឹករងៃដែលធំឡើងខ្លាំង ជាពិសេសបើមានបូសរមាស់នៅលើក្បាល ហើយកូនចូលចិត្តអេះផង មេរោគដែលជាប់នឹងក្រចកដៃនឹងចូលទៅក្នុងក្រោមស្បែកក្បាល ហើយក្រពេញទឹករងៃដែលធ្វើការទប់ស្កាត់នោះនឹងរីកធំឡើង តែក្រោយមកនឹងបាត់ទៅវិញដោយឯកឯង។ តែបើក្រពេញទឹករងៃរលាកក្លាយ បរិវេណនោះនឹងឡើងក្រហម ឈឺនៅពេលចុចចំ។ វិធីការពារ គឺកុំឱ្យកូនកើតបូសរមាស់នៅលើក្បាល កាត់ក្រចកដៃឱ្យខ្លី ហើយបើដុំរឹងៗនោះធំឡើង ត្រូវនាំកូនទៅឱ្យគ្រូពេទ្យពិនិត្យ។

    វិវឌ្ឍនាការរបស់កូនតូច

    – រាងកាយ

    . ចេះតោងតុ ឬឱ្យដឹកដៃ ហើយដើរទៅមកជុំវិញបានហើយ

    . ចាប់ផ្ដើមហាត់ឈរដោយមិនបាច់តោងអ្វីបានហើយ អាចឈរដោយខ្លួនឯងបានមួយភ្លែតៗ។

    . សម្រាប់ក្មេងដែលឆាប់ចេះដើរ អាចដើរបានហើយក្នុងអំឡុងពេលនេះ។

    .​ ចេះចង្អុលប្រាប់ពីអវយវៈរបស់ខ្លួនឯងបាន។

    . ចាប់ផ្ដើមចេះកាន់របស់ដោយដៃម្ខាងបានហើយ តែនៅមិនទាន់អាចបញ្ជាក់បានថា កូនថ្នឹកប្រើដៃខាងណាបាននៅឡើយ។

    . ចេះទាញមួកចេញពីក្បាលខ្លួនឯងបានហើយ។

    – សង្គមជុំវិញខ្លួន

    . ចេះភ្ជាប់ពាក្យសម្ដីជាមួយអាកប្បកិរិយា ដូចជា ការបញ្ជូនស្នាមថើប ញញឹមស្រស់ស្រាយជាដើម។

    . ញ៉ាំចំណីដោយខ្លួនឯងកាន់តែថ្នឹកឡើង និងលើកកែវទឹកញ៉ាំដោយខ្លួនឯងបាន។

    . ចេះធ្វើត្រាប់អាកប្បកិរិយា និងទឹកមុខរបស់អ្នកនៅជិតដិតនឹងខ្លួនបាន។

    . ចេះស្ដាប់បទចម្រៀង និងយោលខ្លួនតាមនៅពេលបានឮសំឡេងបទភ្លេង។

    ឧស្សាហ៍លេងជាមួយកូនផង

    . កូនចូលចិត្តលេងបិទភ្នែកវាក់អ៊ើ ធ្វើមាត់ចំបូញ ចូលចិត្តលេងបើក-បិទគម្របដបហើយចាក់ទឹកចោល ឬលេងជាមួយពពុះសាប៊ូពេលងូតទឹក ជាដើម។

    . គួរឱ្យកូនបានហាត់ប្រាណខ្លះ ដោយឱ្យតោងធុង ឬកេសធំៗដែលមានដាក់ឥវ៉ាន់ធ្ងន់ៗ ហើយរុញដើរ តែមិនគួរឱ្យដើររុញរទេះដែលមានកង់រអិលៗឡើយ ព្រោះរទេះនឹងរអិលទៅមុខលឿន តែបើកៅអីធ្ងន់ៗដែលមានកង់ អាចឱ្យក្មេងរុញលេងបាន តែឪពុកម្ដាយត្រូវនៅមើល នៅចាំជួយ និងប្រុងប្រយ័ត្ន។

    . វ័យនេះចូលចិត្តលេងអង្គុយអង្រឹង ដូច្នេះបើចង់ឱ្យលេង ឪពុកម្ដាយត្រូវអង្គុយជាមួយ ហើយរកបន្ទះអ្វីទន់ៗមកក្រាលពីក្រោម ឬមានដីខ្សាច់ពីក្រោមអង្រឹង ដើម្បីការពារពេលកូនធ្លាក់មកកុំឱ្យមានគ្រោះថ្នាក់។

    . កូនមិនទាន់ឈរបានមាំនៅឡើយ ដូច្នេះគួរជួយបង្ហាត់បន្ថែម ដោយឱ្យកូនចាប់ដៃឪពុកម្ដាយទាំងសងខាង ហើយជួយទាញឱ្យឈរឡើង។ បង្ហាត់បែបនេះមួយថ្ងៃ 2ដង មួយដង 5 – 6 នាទីបានហើយ។ បើជាក្មេងដែលមាឌធំ ខ្លួនធ្ងន់រហូតក្រោកឈរមិនរួច មិនគួរបង្ហាត់ឱ្យរៀនក្រោកឈរទេ តែគួរបណ្ដោយឱ្យទៅលេងនៅក្រៅផ្ទះ ឬហាត់ប្រាណលើទីធ្លា យ៉ាងហោចណាស់មួយថ្ងៃ 2 – 3 ម៉ោងប្រសើរជាង៕

  • អាហារមានជាតិកាកសរសៃខ្ពស់ 2 មុខ (អាហារបន្ថែមសម្រាប់កូនតូចវ័យ 6 ខែ) ជួយដល់ការបន្ទោបង់

    អាហារមានជាតិកាកសរសៃខ្ពស់ 2 មុខ (អាហារបន្ថែមសម្រាប់កូនតូចវ័យ 6 ខែ) ជួយដល់ការបន្ទោបង់

    អាហារកុមារតូចក្នុងវ័យ 6 ខែឡើងទៅ ចាំបាច់ត្រូវតែបានទទួលសារធាតុអាហារដែលមានជាតិហ្វៃប៊ើរ(Fiber) ឬកាកសរសៃខ្លះហើយ ព្រោះជួយក្នុងការបន្ទោបង់របស់កូនសម្លាញ់មិនឱ្យកើតអាការទល់លាមក ព្រមទាំងទទួលបានគុណតម្លៃក្នុងផ្នែកសារធាតុអាហារផ្សេងទៀតជាច្រើនទៀតផង។ ថ្ងៃនេះ ឡារ៉ែនមានមុខម្ហូបជួយបំប៉នកូនៗមកជម្រាបជូនមិត្តអ្នកអាន ជាពិសេសអ្នកម្ដាយដែលកំពុងចិញ្ចឹមមើលថែកូនក្នុងវ័យ 6 ខែឡើងទៅ​ ដូចខាងក្រោមនេះ។

    បេប៊ីតូចៗក៏ត្រូវការហ្វៃប៊ើរដូចមនុស្សធំដែរ តែដោយសារប្រព័ន្ធរំលាយអាហាររបស់កូនតូចនៅធ្វើការមិនទាន់បានពេញលេញ ទើបអ្នកម្ដាយត្រូវជួយកិន ក្រឡុក បន្លែ-ផ្លែឈើផ្សេងៗ និងបញ្ចុកឱ្យញ៉ាំម្ដងបន្តិចៗរហូតដល់ធំ ក៏ជាការជួយកូនសម្លាញ់ឱ្យចេះញ៉ាំបន្លែបានតាំងពីតូចដែរ។

    Apple Soup

    (សម្រាប់ក្មេង 8 ខែ)

    – គ្រឿងផ្សំ

    1 . ផ្លែប៉ោមពណ៌បៃតងកិនម៉ដ្ឋ 1/2 ផ្លែ(ផ្លែតូច)

    2 . សាច់មាន់ស្ងោរកិនម៉ដ្ឋ 1 ស្លាបព្រាបាយ

    3 . ទឹកដោះដែលកូនបៅ ឬទឹកដោះម្ដាយ 1 ពែង

    – វិធីធ្វើ

    ដាក់ដាំទឹកដោះឱ្យពុះ ដាក់សាច់មាន់ និងសាច់ផ្លែប៉ោមចូល កូរឱ្យចូលគ្នាសព្វ នឹងបានស៊ុបពណ៌បៃតងខ្ចី។

    Tip : លាងផ្លែប៉ោមពណ៌បៃតងនោះឱ្យស្អាត ហាន់ពាក់កណ្ដាលផ្លែ យកបណ្ដូលកណ្ដាល និងគ្រាប់ចេញ កិនឱ្យម៉ដ្ឋទាំងសម្បក ដើម្បីឱ្យបានហ្វៃប៊ើរ(ជាតិកាកសរសៃ)បែបរលាយក្នុងទឹកបានពេញបរិបូរណ៍។

    បាយកិនវីតាមីន – ហ្វៃប៊ើរខ្ពស់

    (សម្រាប់ក្មេងវ័យ 6 – 9 ខែ)

    – គ្រឿងផ្សំ

    1 . បាយអង្ករបីកំណាត់ 2 ស្លាបព្រាបាយ

    2 . មើមការ៉ុតស្ងោរឆ្អិនកិនម៉ដ្ឋ 2 ស្លាបព្រាបាយ

    3 . ស្លឹកបាសស្ងោរឆ្អិនកិនម៉ដ្ឋ 2 ស្លាបព្រាបាយ

    4 . ទឹកស្អាត 1 ពែង

    – វិធីធ្វើ

    ស្ងោរមើមការ៉ុត ស្លឹកបាស និងបាយអង្ករបីកំណាត់រហូតឡើងផុយ ហើយកិនបញ្ចូលគ្នាឱ្យទៅជាសាច់មួយ ក្លាយជាបាយកិនវីតាមីន។ បន្ថែមគ្រឿងផ្សំដទៃទៀតបានតាមអំឡុងវ័យ បន្ថែមគុណតម្លៃឱ្យអាហារមួយពេលនេះឆ្ងាញ់ឆ្អែត និងទទួលបានប្រយោជន៍៕

  • បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

    បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

    ពិបាកចិត្តណាស់ កូនសម្លាញ់អត់ជុះច្រើនថ្ងៃមកហើយ តើកូនតូចកើតអីទៅ? តើមានវិធីណាធ្វើឱ្យកូនត្រឡប់មកបន្ទោបង់ដូចប្រក្រតីឡើងវិញខ្លះ សូមអ្នកម្ដាយថ្មោងថ្មីទាំងឡាយតាមដានដូចតទៅ។

    ទារកតាំងពីកើតដំបូង នឹងមានវិវឌ្ឍនាការ និងការរីកចម្រើនធំធាត់ក្នុងផ្នែកផ្សេងៗរបស់រាងកាយជារៀងរាល់ថ្ងៃ មិនថាតែប្រព័ន្ធខួរក្បាល និងសរសៃប្រសាទ ប្រព័ន្ធឆ្អឹង និងសាច់ដុំ រួមទាំងប្រព័ន្ធបន្ទោបង់ក៏មានការប្រែប្រួល និងភាពខុសប្លែកគ្នាទៅតាមអំឡុងវ័យនីមួយៗ រួមទៅដល់បច្ច័យផ្សេងៗ ដូចជាសារធាតុអាហារដែលបានទទួលក៏ហុចផលដល់ប្រព័ន្ធផ្សេងៗរបស់រាងកាយដូចគ្នា។ ឧទាហរណ៍ ដូចជា ទារកដែលបោះទឹកដោះម្ដាយនឹងជួយឱ្យបន្ទោបង់បានស្រួល ជុះញឹកញាប់ តែបើថ្ងៃណាដែលកូនតូចមិនបន្ទោបង់ដូចប្រក្រតីវិញនោះ លោកឪពុកអ្នកម្ដាយក៏មិនបាច់កង្វល់អ្វីដែរ ព្រោះការពិតទៅ ទាំងអស់នេះគឺជាធម្មជាតិរបស់ប្រព័ន្ធបន្ទោបង់នៅលើក្មេងទារកដែលមានលក្ខណៈដូចតទៅនេះ ៖

    ប្រព័ន្ធបន្ទោបង់របស់ទារក

    នៅលើទារកទើបប្រសូត តាំងពី 1 – 48 ម៉ោង នឹងមានការបន្ទោបង់ទឹកមូត្រ និងលាមកលើកដំបូងបំផុតរបស់ខ្លួនដែលហៅថា លាមកប្រផេះ មានលក្ខណៈពណ៌ខ្មៅលាយខៀវ ម៉ដ្ឋស្អិត ប្រកបដោយល្បាយផ្សេងៗដែលត្រូវរំលាយអំឡុងពេលនៅក្នុងផ្ទៃម្ដាយ ដូចជា កោសិកាជញ្ជាំងពោះវៀនតូច រោមខ្ចី ទឹករំអិល ទឹកភ្លោះ ទឹកប្រមាត់ និងទឹក។ តែបើទារកមិនទាន់ជុះលាមកប្រផេះនេះចេញមកក្នុងអំឡុង 48 ម៉ោងដំបូងនេះទេ គួរប្រញាប់យកទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះអាចកើតអាការខុសប្រក្រតី ដូចជា ពោះវៀនណែនស្ទះជាដើម។

    ទារកនឹងជុះលាមកប្រផេះចេញមកអស់ក្នុងអំឡុងពេល 1 – 3 ថ្ងៃ តែទាំងអស់នេះអាស្រ័យលើការបានទទួលទឹកដោះក្នុងមួយថ្ងៃៗដែរ ដោយក្នុងអំឡុងពេល 1 សប្ដាហ៍ដំបូង ទារកនឹងជុះប្រមាណជា 5 – 12 ដងក្នុងមួយថ្ងៃ អាស្រ័យលើការឱ្យបៅ។ តែនៅពេលកូនអាយុ 1 ខែឡើងទៅ ពោះវៀនរបស់ទារកនឹងអភិវឌ្ឍ និងបឺតជញ្ជក់សារធាតុអាហារបានកាន់តែល្អឡើង និងអាចរំលាយទឹកដោះម្ដាយបានអស់ និងដោយសារតែទឹកដោះម្ដាយគ្មានរបស់សំណល់ និងកាកច្រើន ទើបមិននៅសល់កាកអាហារសម្រាប់បន្ទោបង់ ធ្វើឱ្យកូនលែងសូវជុះ ក្មេងខ្លះអាចយូរច្រើនថ្ងៃ ឬយូរដល់ 2 – 3 សប្ដាហ៍ក៏មាន ដែលអាចនិយាយបានថា ជាអាការប្រក្រតីរបស់ទារក។

    តែយ៉ាងណាក៏ដោយ ទារកដែលបៅដោះម្ដាយក៏មានសិទ្ធិទល់លាមកបានដែរ រួមទៅដល់ទារកដែលប្ដូរពីបៅទឹកដោះម្ដាយមកជាទឹកដោះគៅម្សៅភ្លាមៗ ក៏មានចំណែកធ្វើឱ្យប្រព័ន្ធបន្ទោបង់របស់កូនប្រែប្រួលបានដូចគ្នា។ នោះគឺដោយសារតែនៅក្នុងទឹកដោះគោម្សៅមានអត្រាចំណែករបស់កាបូហាយដ្រេត និងប្រូតេអ៊ីនខ្ពស់ជាងទឹកដោះម្ដាយ ធ្វើឱ្យពិបាករំលាយ និងហុចផលឱ្យកូនទល់លាមកបាន។

    ក្រៅពីនេះការឱ្យញ៉ាំអាហារបន្ថែមមួយចំនួនដែលមិនស័ក្តិសមជាមួយកូន ក៏អាចធ្វើឱ្យកូនទល់លាមកបានដូចគ្នា ទើបឪពុកម្ដាយគួរសង្កត់ធ្ងន់លើអាហារបន្ថែមណាដែលមានជាតិកាកសរសៃខ្ពស់ និងបញ្ចុកឱ្យញ៉ាំជាបណ្ដើរៗ ម្ដងបន្តិចៗដើម្បីឱ្យក្រពះរបស់កូនសម្របខ្លួន។ តែបើកូនតូចមានអាការទល់លាមកខ្លាំង ឬមានអាការទល់លាមកញឹកញាប់ និងលោកឪពុកអ្នកម្ដាយចង់ឱ្យកូនតូចត្រឡប់មកបន្ទោបង់ដូចប្រក្រតីវិញនោះ អាចជួយបានដោយវិធីដូចតទៅនេះ ៖

    វិធីជួយឱ្យកូនបន្ទោបង់ និងបំបាត់អាការទល់លាមក

    – ក្នុងករណីដែលទារកមានអាយុតិចជាង 6 ខែ នៅមិនទាន់អាចញ៉ាំបន្លែ និងផ្លែឈើបាន អ្នកម្ដាយត្រូវជាអ្នកញ៉ាំអាហារដែលមានប្រយោជន៍ ដូចជា បន្លែ និងផ្លែឈើដែលមានជាតិកាកសរសៃ និងជួយបញ្ចេញលាមក ជាពិសេស ល្ហុងទុំ ផ្លែអម្ពិលទុំ ក្រូច ទំពាំងបាយជូរ រួមទាំងញ៉ាំទឹកឱ្យបានច្រើនៗ ព្រោះអាហារទាំងអស់នេះអាចបញ្ជូនតាមរយៈទឹកដោះម្ដាយទៅដល់ទារកបាន ដែលនឹងជួយឱ្យកូនតូចបន្ទោបង់បានប្រក្រតី។

    – បើទារកមានអាយុលើស 6 ខែហើយ ចូរឱ្យញ៉ាំច្រើនៗ រួមទាំងឱ្យញ៉ាំបន្លែផ្លែឈើដែលស័ក្តិសម ដើម្បីជួយជំរុញការបន្ទោបង់។

    – សាកល្បងប្ដូរទឹកដោះគោ ដោយ​យកទឹកដោះគោណាដែលមានរូបមន្តជួយក្នុងរឿងបន្ទោបង់ដល់កូនតូច។

    – ឡារ៉ែនមិនណែនាំឱ្យស៊ុលតាមរន្ធគូទដើម្បីឱ្យកូនតូចបន្ទោបង់នោះទេ ព្រោះការសុលរន្ធគូទជាការរំខានកម្មវិធីការធ្វើការរបស់ពោះវៀនធំឱ្យធ្វើការខុសប្រក្រតី។

    – បើលោកឪពុកអ្នកម្ដាយធ្វើគ្រប់វិធីហើយ តែកូនតូចនៅតែមិនទាន់បន្ទោបង់ចេញមកជាយូរថ្ងៃទៀតនោះ ឡារ៉ែនណែនាំឱ្យទៅប្រឹក្សាគ្រូពេទ្យដើម្បីរកមូលហេតុជាបន្ត។

    ការបន្ទោបង់របស់កូន ជាពិសេសក្នុងអំឡុងវ័យទារករហូតទៅដល់អំឡុងវ័យ 5 ឆ្នាំ ជារឿងដែលលោកឪពុកអ្នកម្ដាយត្រូវតែយកចិត្តទុកដាក់ ព្រោះការបន្ទោបង់អាចបញ្ជាក់ពីសុខភាពរបស់កូនបាន ​ដូច្នេះទើបចាំបាច់ត្រូវតែមើលថែទាំរឿងអាហារការហូបចុក និងសុខភាពរបស់កូនតូចឱ្យល្អជាប់ជានិច្ច តែបើសិនជាសង្កេតឃើញថា កូនមានបញ្ហារឿងការបន្ទោបង់យ៉ាងធ្ងន់ធ្ងរនោះ គួរប្រញាប់ប្រឹក្សាជាមួយគ្រូពេទ្យកុមារដើម្បីវិនិច្ឆ័យរកមូលហេតុយ៉ាងដិតដល់ និងកុំបណ្ដោយទុកយូរ៕

  • នៅពេលកូនតូចឈានចូលខែទី 9

    នៅពេលកូនតូចឈានចូលខែទី 9

    ខែទី 9

    លក្ខណៈរបស់កូនតូច

    កូនច្រើនតែគេងនៅពេលព្រឹក និងអំឡុងពេលរសៀល ក្នុងមួយពេលៗប្រមាណជា 1 – 2.5 ម៉ោង តែក្មេងខ្លះអាចមិនគេងនៅពេលព្រឹកក៏មាន។ ក្មេងដែលភ្ញាក់នៅពេលកណ្ដាលយប់ហើយ នឹងពិបាកគេងលក់ទៅវិញ ហើយក្មេងដែលកំពុងបៅទឹកដោះគោស្រាប់ហើយ លុះដល់វ័យនេះ មានតិចនាក់ណាស់ដែលនៅតែមឹមទឹកដោះគោនៅពេលយប់នោះ តែបើសិនជាភ្ញាក់យំរំខាននៅពេលកណ្ដាលយប់ ពេលឱ្យបៅទឹកដោះគោហើយ ក៏នឹងគេងលក់ទៅវិញយ៉ាងងាយស្រួល ដូច្នេះអ្នកម្ដាយអាចឱ្យមឹមទឹកដោះគោពេលយប់តទៅទៀតខ្លះៗក៏បាន។

    ចំណែករឿងការបន្ទោបង់របស់កូនវិញនោះ នៅពេលកូនបានទទួលអាហារបន្ថែមច្រើនឡើង លាមកនឹងមានក្លិនកាន់តែស្អុយឡើង ឯពណ៌ក៏ប្រែប្រួលដែរ។ កូននឹងជុះមួយថ្ងៃ 1 – 2ដង ឬ2ថ្ងៃមួយដង សម្រាប់នោមវិញ នៅតែនោមប្រមាណមួយថ្ងៃ 10 ដងដដែល។ ចំនួនដងដែលនោមនៅពេលកណ្ដាលយប់នឹងខុសប្លែកពីគ្នា ក្មេងដែលញ៉ាំតិច នឹងនោមតិចដែរ ក្មេងខ្លះថែមទាំងមិននោមផងរហូតដល់ព្រឹក។ ក្មេងដែលញ៉ាំទឹកដោះគោ 1ដបមុនគេង ច្រើនតែនោមនៅពេលកណ្ដាលយប់ប្រហែល 1 – 2ដង និងក្មេងណាដែលគេងសើមខ្លួន នឹងភ្ញាក់ឡើងយំរំខាន តែពេលផ្លាស់ខោអាវ ឬកន្ទបឱ្យហើយ ក៏នៅតែមិនព្រមគេងលក់ទៅវិញនោះ អ្នកម្ដាយអាចបង្ខិតពេលឱ្យបៅទឹកដោះគោឱ្យឆាប់ជាងមុនបន្តិចក៏បាន និងមុនពេលដែលអ្នកម្ដាយចូលគេង គួរចាប់លើកកូនមកឱ្យនោមចេញបានម្ដង ក៏ជួយកាត់បន្ថយការភ្ញាក់យំរំខាននៅពេលកណ្ដាលយប់បានដែរ។

    ល្មមឱ្យឈប់បៀបបាយបានហើយ

    កាលពីអាយុមិនលើស 8ខែ កូននឹងចាប់ផ្ដើមលែងចូលចិត្តអាហារម៉ដ្ឋៗខ្ទេចៗហើយ ច្រើនតែចូលចិត្តញ៉ាំរបស់ដែលត្រូវទំពាដូចជា ផ្លែឈើត្រូវហាន់ចែកជាបំណែកតូចៗ ដូចជា ផ្លែត្របែក ជម្ពូ ប៉ោម ស្វាយ និងឱ្យកាន់ខាំញ៉ាំខ្លួនឯង។ វ័យនេះមិនសូវនៅស្ងៀមទេ បើឱ្យអង្គុយនៅលើកម្រាលឥដ្ឋ ប្រហែលជាត្រូវរត់ដេញតាមបញ្ចុកអាហារហើយ ដូច្នេះគួរឱ្យអង្គុយនៅក្នុងតុបាយសម្រាប់កុមារ ឬក្នុងកៅអីហាត់ដើរ ចំណែកការបញ្ចុកឱ្យញ៉ាំបាយវិញ អាស្រ័យលើទម្លាប់ និងនិស្ស័យរបស់ក្មេង ក្មេងខ្លះចូលចិត្តញ៉ាំយឺតៗ ក្មេងខ្លះញ៉ាំលឿន តែបើសិនជាញ៉ាំយឺតជ្រុលពេក ដូចជាទម្រាំតែញ៉ាំអស់បបរមួយកូនចាន ត្រូវខាតពេលបញ្ចុកដល់ទៅជិតមួយម៉ោងនោះ បញ្ជាក់ថា កូនតូចមិនចូលចិត្តអាហារនោះទេ នឹងបៀមក្នុងមាត់មិនព្រមលេប ព្រោះតែមានអារម្មណ៍ថាមិនឆ្ងាញ់ ដូច្នេះអ្នកម្ដាយមិនចាំបាច់ខាតពេលបញ្ចុកទៀតទេ គួរឱ្យកូនញ៉ាំអ្វីផ្សេងវិញប្រសើរជាង។

    ជាក្មេងដែលរើសច្រើន

    កូនក្នុងវ័យនេះ អ្នកម្ដាយនឹងមើលឃើញបានកាន់តែច្បាស់ឡើងហើយថា កូនចូលចិត្តញ៉ាំអ្វី? ក្មេងខ្លះមិនចូលចិត្តញ៉ាំបន្លែ អ្នកម្ដាយក៏គួរឱ្យញ៉ាំរួមជាមួយរបស់ដទៃទៀត ដូចជា ចិញ្ច្រាំបន្លែដាក់លាយនៅក្នុងបបរ ដាក់លាយនៅក្នុងស៊ុតក្រឡុកចៀន ជាដើម ឬបើមិនចូលចិត្តញ៉ាំបន្លែប្រភេទណាមួយ ក៏ប្ដូរទៅញ៉ាំបន្លែប្រភេទផ្សេងទៀត។ បើមិនចូលចិត្តញ៉ាំបន្លែសោះ ក៏ឱ្យញ៉ាំផ្លែឈើជំនួសវិញក៏បាន បើកូនតូចនៅតែញ៉ាំបបរ នំប៉័ង ឬទឹកដោះគោបានដដែលនោះ។ ទោះជាមិនសូវញ៉ាំ និងរើសច្រើនក្ដី ក៏មិនធ្វើឱ្យកូនខ្វះសារធាតុអាហារដែរ បើកូនមិនចូលចិត្តញ៉ាំស៊ុត ក៏ឱ្យញ៉ាំសាច់មាន់ជំនួសវិញ បើមិនចូលចិត្តញ៉ាំទាំងស៊ុត និងសាច់មាន់ ក៏ឱ្យញ៉ាំសាច់ត្រីជំនួសវិញ។ កូនដែលរើសអាហារ ច្រើនតែឆាប់ដឹងរសជាតិ បើប្រាកដក្នុងចិត្តថា កូនមិនបានញ៉ាំបានតិចរហូតដល់ថ្នាក់ខ្វះសារធាតុអាហារទេនោះ ក៏មិនគួរបង្ខំខ្លាំងពេកដែរ។

    អាការដែលអាចកើតឡើង

    – ប្រយ័ត្នហើមសួត

    នៅពេលកូនមានអាការគ្រុនក្ដៅខ្លាំង នឹងពិបាកដកដង្ហើម ពេលក្អកច្រើនតែឈឺចាប់ តែបច្ចុប្បន្នកុមារលែងមានគ្រោះថ្នាក់ដោយសារជំងឺនេះហើយ បើបណ្ដាលមកពីមេរោគវីរុសនឹងច្រើនតែជាទៅវិញដោយឯកឯង ហើយគ្រូពេទ្យនឹងឱ្យញ៉ាំថ្នាំបដិបក្ខប្រាណ(Antibiotic)។ បើកូននៅញ៉ាំអាហារបាន ក៏ឱ្យញ៉ាំអាហារបន្ថែមតទៅទៀត ញ៉ាំទឹកផ្លែឈើស្រស់ឱ្យបានច្រើន បើក្អក ចូរលើកពឱ្យទ្រោបលើស្មា ហើយទះអង្អែលខ្នងថ្នមៗ នឹងជួយឱ្យស្លេស្មធ្លាក់ចេញមកស្រួលជាងដាក់ឱ្យគេងរាមនៅលើគ្រែ។ តែបើសិនជាកើតអាការគ្រុនក្ដៅខ្លាំងយូរថ្ងៃ និងហើមសួតដែលបណ្ដាលមកពីឆ្លងមេរោគផ្ដាសាយពីមនុស្សធំ ត្រូវតែនាំទៅមន្ទីរពេទ្យ។

    វិវឌ្ឍនាការរបស់កូន

    . រាងកាយ

    . ក្មេងខ្លះអាចវារឡើងកាំជណ្ដើរបានហើយ។

    . ពេលវារ ដៃម្ខាងអាចកាន់របស់លេងបានទៀតផង។

    . ក្មេងខ្លះអាចអង្គុយចុះពីឥរិយាបថឈរដោយខ្លួនឯងបានហើយ។

    . ចេះអង្គុយមួយកន្លែងបានយូរហើយ។

    . ចូលចិត្តទះដៃ យករបស់លេងគោះគ្នា និងបោះរបស់លេងទៅលើឥដ្ឋជាដើម។

    . ចូលចិត្តយកម្រាមដៃលូកចូលរន្ធផ្សេងៗ(ចំណុចនេះ ឪពុកម្ដាយត្រូវប្រយ័ត្ន ព្រោះកូនតូចអាចលូកចូលរន្ធព្រីភ្លើង)។

    សង្គមជុំវិញខ្លួន

    . ក្មេងខ្លះចេះនិយាយពាក្យដែលមានអត្ថន័យបានហើយ ដូចជា ម៉ស់ ញ៉ាំៗ និងចូលចិត្តនិយាយដដែល។

    . ចេះធ្វើតាមបញ្ជាស្រួលៗបានហើយ ដូចជា ឱ្យទៅយករបស់លេង ជាដើម។

    . ខ្លាចមនុស្សដែលមិនធ្លាប់ស្គាល់មុខ និងពេលឃើញក្មេងដទៃយំ អាចនឹងយំតាម។

    . ចេះរើសរបស់លេងដែលខ្លួនឯងចូលចិត្តបានហើយ។

    . ចំណាំហ្គេមដែលខ្លួនឯងធ្លាប់លេងបានហើយ។

    ឧស្សាហ៍លេងជាមួយកូនផង

    . បង្ហាត់ឱ្យកូនឈរ ៈ ការបង្ហាត់ឱ្យចេះឈរ ឬឈានជើងដើរនេះ កូនអាចយកដៃចាប់ដៃម្ដាយ ឬម្ដាយជួយចាប់លើកឱ្យកូនឈានជើងដើរទៅខាងមុខ ក្នុងមួយថ្ងៃឱ្យបានមួយដង ឬ2ដង ម្ដងៗមិនគួរមិនលើស 5 នាទី។ ពេលបង្ហាត់គួរបង្ហាត់នៅខាងក្រៅផ្ទះក្នុងអំឡុងពេលដែលធាតុអាកាសល្អត្រជាក់ស្រួល។ ឪពុកម្ដាយគួរតែសប្បាយរីករាយជាមួយនឹងការបង្ហាត់នេះ បើកូនល្មមអាចឈរដោយខ្លួនឯងបាន ចូរស្រែកលើកទឹកចិត្តកូនថា “ឈានជើងដើរកូន! ឈានជើងដើរកូន!” កូននឹងបានសប្បាយ មានកម្លាំងចិត្ត ដែលទោះជាដួល ក៏នឹងព្យាយាមក្រោកឡើងវិញបានដែរ៕

  • សហគ្រាស​ក្នុង​ស្រុក​ រួមចំណែក​ដោះស្រាយ​ទីផ្សារ​បន្លែ​-ផ្លែឈើ​កសិករ​

    សហគ្រាស​ក្នុង​ស្រុក​ រួមចំណែក​ដោះស្រាយ​ទីផ្សារ​បន្លែ​-ផ្លែឈើ​កសិករ​

    សហគ្រាស​ក្នុង​ស្រុក​មួយ​ដែលគេ​ស្គាល់ឈ្មោះ​ថា​ ក្រុមហ៊ុន​លី​លី​ផលិត​នំ​ស្រួយ​បាន​ប្រមូល​ទិញ​បន្លែ​-ផ្លែឈើ​ពី​កសិករ​ ក្នុង​គោលបំណង​រួមចំណែក​ដោះស្រាយ​បញ្ហា​គ្មាន​ទីផ្សារ​ និង​ការ​ធ្លាក់​តម្លៃ​នៃ​ផលិតផល​បន្លែ​-ផ្លែឈើ​របស់​ប្រជាកសិករ​ដោយ​ការបង្កើត​ជា​នំ​ និង​ផលិតផល​អា​ហា​រថ្មីៗ​ជាច្រើន​ប្រភេទ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​។

    លោកជំទាវ​ កែវ​ មុំ​ អគ្គ​នាយិកា​ក្រុមហ៊ុន​លី​លី​ផលិត​នំ​ស្រួយ​បានឱ្យ​ដឹង​ថា​៖“ក្រុមហ៊ុន​បាន​កែច្នៃ​បន្លែ​មួយចំនួន​ រួម​នឹង​ផ្លែឈើ​ក្នុង​ចន្លោះ​ពី​ 3 ទៅ​ 5តោន​ក្នុង​ 1ថ្ងៃ​ ដើម្បី​ធ្វើជា​នំ​ក្រៀម​ប្រភេទ​ថ្មី​ បន្ទាប់ពី​មើលឃើញ​ថា​ នៅ​រដូវ​ប្រមូល​ផលម្តងៗ​ ប្រជាកសិករ​តែង​ជួយ​ប្រទះ​បញ្ហា​កង្វះ​ទីផ្សារ​ និង​បញ្ហា​តម្លៃ​កសិផល​ធ្លាក់ចុះ​ ដែល​ធ្វើ​ឱ្យ​កសិករ​ខាតបង់​ប្រាក់ចំណេញ​ និង​ឈាន​ដល់​បោះបង់​ការ​ដាំដុះ​ ហើយ​ធ្វើ​ចំណាកស្រុក​”។

    លោកជំទាវ​បន្ត​ថា​៖“គម្រោង​កែច្នៃ​បន្លែ​ផ្លែឈើ​ក្រៀម​ ត្រូវ​បាន​គាំទ្រ​ថវិកា​មួយចំនួន​ដោយ​ អង្គការ​អាយ​ អេ​ ភី​(អង្គការ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ ឬ Inovations​ Against​ Poverty​(IAP​) សហការ​ជាមួយ​អង្គការ​ អេស​ អិន​ វី​ (SNV​) (អង្គការ​អភិវឌ្ឍន៍​ប្រទេស​ហូ​ឡង់​) ដើម្បី​ឱ្យ​ក្រុមហ៊ុន​លី​លី​ អនុវត្ត​គម្រោង​កែច្នៃ​បន្លែ​ផ្លែឈើ​ក្រៀម​ដើម្បី​ជួយ​ដល់​កសិករ​ និង​កម្មករ​ឱ្យ​មានការ​ងារ​ធ្វើ​កាន់តែ​ច្រើន​ និង​ចូលរួម​ចំណែក​ជួយ​ដោះស្រាយ​បញ្ហា​ដែល​កសិករ​ខ្មែរ​កំពុង​ជួបប្រទះ​”។|

    លោកជំទាវ​បាន​បន្ដ​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​បាន​ចុះ​កិច្ចសន្យា​ជាមួយ​កសិករ​នៅ​ខេត្តកំពត​ កោះកុង​ ព្រះវិហារ​ មណ្ឌលគិរី​ និង​ខេ​ត្ដ​កំពង់ចាម​ ដើម្បី​ឱ្យ​ពួកគាត់​បង្កើន​ការផលិត​ឱ្យ​ច្រើន​ ឡើង​សម្រាប់​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​តាម​ការកំណត់​ ដើម្បី​ផលិត​តាម​តម្រូវការ​ទីផ្សារ​។

    បើ​តាម​អ្នកជំនាញ​ផ្នែក​ផលិតកម្ម​របស់​សហគ្រាស​នំ​ស្រួយ​លី​លី​ បាន​បញ្ជាក់​ថា​៖“នំ​បន្លែ​ ផ្លែឈើ​ក្រៀម​ទាំងនេះ​ត្រូវ​បាន​ផលិត​ឡើង​តាម​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ក្មេង​ៗដែល​ខ្វះ​ជីវជាតិ​បំប៉ន​ និង​ជាមួយគ្នា​នេះ​ដែរ​ ក្មេង​ៗដែល​មិន​ចូលចិត្ត​ញ៉ាំ​បន្លែ​ ឪពុក​ម្តាយ​អាច​ឱ្យ​ពួកគេ​ញ៉ាំ​នំ​នេះ​ជំនួស​ ក៏បាន​ ដោយសារ​រសជាតិ​របស់​វា​នឹង​ធ្វើ​ឱ្យ​ក្មេង​ចូលចិត្ត​ ព្រោះ​វា​មាន​បន្លែ​ផ្លែ​ឈើ​គ្រប់​ពណ៌​ចម្រុះគ្នា​ ដូចជា​ចេក​ ល្ពៅ​ ការ៉ុត​ ឆៃថាវ​ប៉ិ​គក់​ សណ្តែក​កួរ​ ពោត​បារាំង​ និង​អូ​ក្រា​ ជាដើម​”។

    លោកជំទាវ​ កែវ​ មុំ​ បាន​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា​៖“នំ​បន្លែ​ផ្លែឈើ​ក្រៀម​នេះ​ យើង​ផលិត​ឡើង​គឺ​យើង​គិតគូរ​ពី​សុខភាព​ប្រជាពលរដ្ឋ​ ទាំង​ខ្វះ​អាហា​រូប​បត្ថម្ភ​ ជួយ​ដល់​សុខភាព​រាងកាយ​ ចំពោះ​អ្នក​សម្រក​ទម្ងន់​ក៏អាច​ហូប​បាន​ អ្នក​ហូប​អាហារ​បួស​ក៏អាច​ហូប​បាន​ ហូប​បាន​គ្រប់​វ័យ​ ទាំង​ពីក្មេង​ដល់​ចាស់​ អុីចឹង​វា​មាន​គ្រប់​ជីវជាតិ​នៅក្នុង​ហ្នឹង​ ហើយ​យើង​ក៏​បាន​ចូលរួម​ជួយ​ដល់​សេដ្ឋកិច្ច​របស់​កសិករ​ និង​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ទាំងមូល​ផង​ដែរ​”។

    គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​ទីផ្សារ​នំ​ស្រួយ​លី​លី​ ក្តោប​បាន​ចំណែក​ទីផ្សារ​ក្នុង​ស្រុក​ប្រមាណ​ 35​% ពោល​គឺ​គិត​ទាំង​ការប្រកួត​ប្រជែង​ជាមួយនឹង​ផលិតផល​នាំចូល​ និង​ក្នុង​ស្រុក​ទាំងមូល​ផង​ដែរ​ ហើយ​ នំ​ស្រួយ​លី​លី​ក៏បាន​និង​កំពុង​ចរាចរណ៍​នៅ​លើ​ទីផ្សារ​មួយ​ចំនួន​នៅក្នុង​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ ដូចជា​ ប្រទេស​មីយ៉ាន់ម៉ា​ ម៉ាឡេស៊ី​ និង​វៀតណាម​ជាដើម​ ព្រមទាំង​នៅ​ទីផ្សារ​ប៉ែក​ខាង​សហរដ្ឋអាមេរិក​ កាណាដា​ និង​កូរ៉េ​ផង​ដែរ​។

    បើ​តាម​តំណាង​អ្នកជំនាញ​ផ្នែក​ផលិតកម្ម​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖“សម្រាប់​គម្រោង​ថា​ នឹង​ត្រៀម​ដាក់​លក់​នំ​បន្លែ​ផ្លែឈើ​ក្រៀម​លើ​ទីផ្សារ​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន​លី​លី​ផលិត​នំ​ស្រួយ​ពុំ​ទាន់​មានកាល​បរិច្ឆេទ​ច្បាស់លាស់​ទេ​។ ដោយហេតុថា​ ក្រុមហ៊ុន​យើង​នៅ​ពិចារណា​ទៅលើ​កញ្ចប់​ ប្រអប់​វេច​ខ្ចប់​ ឬកែវ​ដោយ​ពុំ​ទាន់​ធ្វើការ​ពិភាក្សា​ជាក់លាក់​ ហើយ​យើង​បាន​ចេញ​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ជា​ប្រភេទ​នំ​បន្លែ​ក្រៀម​ តែ​ប្រអប់​វេច​ខ្ចប់​ពុំ​មាន​ភាព​ទាក់ទាញ​នៅ​ឡើយ​ ហើយក៏​នៅ​មាន​ប្រភេទ​នំ​ផ្លែឈើ​ក្រៀម​ចំនួន​8ប្រភេទ​ដែល​បាន​ផលិត​ហើយ​ តែ​នៅ​ពុំ​ទាន់​សម្រេច​ថា​ នឹង​យក​ប្រភេទ​វេច​ខ្ចប់​ ណាមួយ​នៅឡើយ​ដែរ​”។

    ចំពោះ​លោក​ ឡាក់​ ហាក់​ ជា​សហគមន៍​ដែល​ត្រូវ​នាំ​ផលិតផល​សម្រាប់​ផ្គត់ផ្គង់​សហគ្រាស​លី​លី​ផលិត​នំ​ស្រួយ​ បាន​បញ្ជាក់​ប្រាប់​ ឡា​រ៉ែ​ន ពាណិជ្ជ​តាម​ទូរស័ព្ទ​ថា​៖“បច្ចុប្បន្ន​សហគមន៍​ខ្ញុំ​មានតែ​ដំណាំ​ចេក​ដែល​ត្រូវ​ផ្គត់ផ្គង់​ទៅ​ឱ្យ​សហគ្រាស​នំ​ស្រួយ​ ដោយ​ 1អាទិត្យ​ត្រូវ​ផ្ញើ​ 1ដង​ ឯចំនួន​ក្នុង​ 1លើ​កៗ​ ប្រមាណ​ជា300Kg​”។

    លោក​ ហាក់​ បានឱ្យ​ដឹង​ទៀត​ថា​៖“ចំពោះ​តម្លៃ​វិញ​ គឺ​បាន​ខ្ពស់​ជាង​តម្លៃនៅលើទីផ្សារ​បន្តិច​ ដោយ​លោកជំទាវ​នាយិកា​បាន​បញ្ជាក់​ថា​ គាត់​ចង់​លើក​ទឹកចិត្ត​ដល់​កសិករ​អ្នក​ផលិត​”។

    លោក​ ហាក់​ បាន​បន្ថែម​ទៀត​ថា​៖“បើ​តាម​ការ​បញ្ជាទិញ​ គឺ​ខាង​ក្រុមហ៊ុន​បាន​បញ្ជាទិញ​ច្រើន​ គឺ​តម្រូវ​ឱ្យ​ខ្ញុំ​ផ្ញើ​ 1អាទិត្យ​ 4លើក​ តែ​ខាង​សហគមន៍​ខ្ញុំ​មិន​មាន​កសិផល​ឱ្យ​គ្រប់​តាម​ចំនួន​នៅឡើយ​ ហើយ​សហគមន៍​យើង​បាន​និង​កំពុង​ពង្រីក​ទៅតាម​ទំហំ​នៃ​តម្រូវការ​នេះ​ហើយ​។ ចំពោះ​ការ​លក់​ក្នុង​ 1លើក​ ខ្ញុំ​ទទួល​បាន​ប្រាក់​នៅសល់​តែ​ 30ម៉ឺន​រៀល​ទេ​ ដូច្នេះ​ខ្ញុំ​ត្រូវ​ប្រឹង​ផលិត​ឱ្យ​គ្រប់​ចំនួន​ដែល​បាន​បញ្ជាទិញ​ នោះ​ខ្ញុំ​នឹង​ទទួល​បាន​ប្រាក់កម្រៃ​កើនឡើង​ ហើយ​វា​នឹង​បាន​ទទួល​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​ ដោយ​សហគ្រាស​ក៏បាន​បញ្ជាទិញ​នូវ​ផលិតផល​ផ្សេង​ទៀតផង​ដែរ​”។

    លោក​ ហាក់​ បាន​បញ្ជាក់​ដែរ​ថា​៖“ខ្ញុំ​យល់ថា​ វា​ជាការល្អ​ប្រសើរណាស់​ដែល​មាន​សហគ្រាស​បាន​មក​បញ្ជាទិញ​ផលិតផល​ពី​កសិ​កបែបនេះ​ ព្រោះ​វា​ជា​ការ​ជួយ​ដល់​កសិករ​ដែល​ប្រកបរបរ​កសិកម្ម​ ស្រប​ពេល​ដែល​កសិករ​ពិបាក​ក្នុង​ការ​រក​ទីផ្សារ​ ហើយ​លក់​ក៏​មិនបាន​ថ្លៃ​ និង​មិន​ទៀងទាត់​ទៀតផង​ ហើយ​ការ​ដែល​មាន​សហគ្រាស​ក្នុង​ស្រុក​មក​បញ្ជាទិញ​បែប​នេះ​ គឺជា​ការ​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ធានា​សុវត្ថិភាព​ និង​ទប់ស្កាត់​ការនាំចូល​ពី​ខាងក្រៅ​ និង​ជួយ​លើកទឹកចិត្ត​ឱ្យ​កសិករ​ខំប្រឹង​ផលិត​ថែមទៀត​”៕