Tag: ប្រៀប​ធៀប​

  • ចិនបញ្ជូនយានទៅយកសំណាកដីតំបន់ងងឹតរបស់ព្រះចន្ទ

    ចិនបញ្ជូនយានទៅយកសំណាកដីតំបន់ងងឹតរបស់ព្រះចន្ទ

    យាន​ Chang’e 6 ហោះ​ឡើង​ជាមួយ​នឹង​រ៉ុក្កែត​ Long March 5 ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប Wenchang លើ​កោះ Hainan កាល​ពី​វេលា​ម៉ោង 16និង27​នាទី ថ្ងៃទី​3 ខែ​ឧសភា ម៉ោង​នៅ​កម្ពុជា​។

    ក្នុង​ការ​ហោះ​ហើរ​ 53​ថ្ងៃ យាន​អវកាស​ Chang’e 6 នឹង​ឆ្ពោះ​ទៅ​កាន់​តំបន់​ទំនាប​នៅប៉ូល​ខាង​ត្បូង Aitken (SPA) ដែល​ស្ថិត​ក្នុង​តំបន់​ងងឹត​របស់​ព្រះ​ចន្ទ​ ជា​ទី​ដែល​មិន​អាច​មើល​ឃើញ​ពី​ផែនដី​។ នេះបើ​តាម​ទីភ្នាក់​ងារ​អវកាស​ចិន​ (CNSA)។

    បេសកកម្ម​នេះ​នឹង​រើស​យក​សំណាក​ដី​ និង​ថ្ម​ចំនួន​ពីរ​គីឡូក្រាម​ពី​តំបន់​ចុះ​ចត​ និង​នាំ​យក​មក​កាន់​ផែនដី​ដើម្បី​វិភាគ​លម្អិត​។ ដំណើរ​ការ​រើស​យក​សំណាក​ដី​ព្រះ​ចន្ទ​នឹង​ត្រូវ​បាន​គាំទ្រ​ដោយ​ផ្កាយ​រណប​ Queqiao-2 ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ខែ​មីនា និង​កំពុង​គោចរ​ជុំវិញ​ព្រះ​ចន្ទ​ រង់​ចាំ​យាន​ Chang’e 6។

    នោះ​នឹងជា​សំណាក​ដី​ព្រះចន្ទ​ដំបូង​ដែល​ត្រូវ​បាន​នាំ​យក​មក​កាន់​ផែនដី បន្ទាប់​ពី​បេសក​កម្ម​ Apollo របស់​អាម៉េរិក​ និង Luna របស់​អតីត​សូវៀត កាល​ពី​ប្រាំ​ទសវត្សរ៍​មុន​។

    យានចុះ​ចត​ និង​យាន​យក​សំណាក​នឹង​ចុះ​ចត​ក្នុង​​ភាគ​ឦសាន​​លើ​តំបន់​ទំនាប​ SPA ជា​ទី​ដែល​មាន​ភូមិសាស្ត្រ​ស្មុគ​ស្មាញ និង​មាន​តម្លៃ​ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​។ បន្ទាប់​ពី​បាន​រើស​យក​សំណាក​ដី និង​ថ្ម យាន​យក​សំណាក​នេះ​នឹង​ហោះ​ត្រលប់​ទៅ​កាន់​គន្លង​តារាវិថី​ព្រះ​ចន្ទ​ ដើម្បី​ប្រគល់​ឱ្យ​ម៉ូឌុល​ដែល​នៅ​ចាំ​ទទួល​ក្នុង​អវកាស​ មុន​នឹង​នាំ​យក​សំណាក​ទាំង​នេះ​មក​កាន់​ផែនដី​។

    កាល​ពី​ឆ្នាំកន្លង អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​នៅ​ប្រទេស​ចិន បាន​កំណត់​ទី​តាំង​ចំនួន​បី​ដ៏មាន​សក្ដានុពល​សម្រាប់​ការ​ចុះ​ចត​របស់​យាន​ Chang’e 6 នៅ​ក្នុង​តំបន់​ទំនាប​ SPA ដែល​ជា​រណ្ដៅ​យក្ស​ទំហំ 2,500 គីឡូម៉ែត្រ និង​ជម្រៅ​ 8​គីឡូម៉ែត្រ​ កើត​ឡើង​ក្រោយ​ពី​ករណី​ធ្លាក់​អាចម៍​ផ្កាយ​កាល​ពី​រាប់​ពាន់​លាន​ឆ្នាំ​មុន​។

    យោង​តាម​ទិន្នន័យ​ដែល​បាន​សង្កេត​ពី​ចម្ងាយ​ តំបន់​ទំនាប SPA សម្បូរ​ទៅ​ដោយ​សារធាតុ​គីមី និង​មាន​អាយុកាល​យូរ​។ យាន​របស់​ចិន​នឹង​ជ្រើស​ទីតាំង​សុវត្ថិភាព​បំផុត​ដើម្បី​ចុះ​ចត​ នៅ​ពេល​ហោះ​បន្ទាប​ខ្លួន​បន្តិច​ម្ដង​ៗ​។

    យាន​ Chang’e 6 ទំនង​ជា​អាច​​រកឃើញ​ និង​នាំ​យក​ថ្មី basalt ដែល​ជា​កម្អែរ​ភ្នំ​ភ្លើង​ដែល​បាន​ត្រជាក់​នៅ​តំបន់​ទំនាប​ខាងលើ។ អ្នកវិទ្យាសាស្ត្រ​អាច​វាស់​ស្ទង់​អាយុ​កាល សមាសធាតុ​ និង​របៀប​កកើត​របស់​វា​។ តាម​រយៈ​ការ​ប្រៀប​ធៀប​ថ្ម​ដែល​​នាំ​យក​ពី​តំបន់​ភ្លឺ​របស់​ព្រះ​ចន្ទ ពួក​គេ​នឹង​អាច​រក​ឃើញ​តម្រុយ​ដែល​ទាក់​ទង​នឹង​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​តំបន់​ងងឹត​ និង​តំបន់​ភ្លឺ​នៅ​លើ​ឋាន​ព្រះ​ចន្ទ​។

  • ប្រទេស​ជិត​ខាង​របស់​កម្ពុជា​មួយ​នេះ ទទួល​បាន​ទុន​វិនិយោគ​ពី​បរទេស​ច្រើន​ជាង​ដប់​ដង​ ធៀប​នឹង​កម្ពុជា នៅក្នុង​ខែ​មករា​កន្លង​ទៅ​

    ប្រទេស​ជិត​ខាង​របស់​កម្ពុជា​មួយ​នេះ ទទួល​បាន​ទុន​វិនិយោគ​ពី​បរទេស​ច្រើន​ជាង​ដប់​ដង​ ធៀប​នឹង​កម្ពុជា នៅក្នុង​ខែ​មករា​កន្លង​ទៅ​

    នៅ​ក្នុង​ខែ​មករា ឆ្នាំ 2024 ប្រទេស​ជាប់​ព្រំ​ដែន​ខាង​កើត​របស់​កម្ពុជា ទទួល​បាន​គម្រោង​​​វិនិយោគ​ពី​បរទេស​​ចំនួន​ 190 គម្រោង​ ច្រើន​ជាង​ឆ្ងាយ​ បើ​ធៀប​នឹង​ 32 គម្រោង​ដែល​​កម្ពុជា​​បាន​ទទួល​។

    យោង​តាម​ទំព័រ Stockbiz របស់​វៀតណាម នៅ​ក្នុង​ខែមករាឆ្នាំ 2024 វៀតណាម​បាន​ផ្ដល់​វិញ្ញាបនបត្រ​ចុះ​បញ្ជី​វិនិយោគ​ចំនួន 190 គ្រោង​ កើន​ 24.2% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​ ដោយ​មាន​ទុន​វិនិយោគ​សរុប​ជាង 2 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ 66.9% ធៀប​នឹង​ខែមករា​ឆ្នាំ 2023​។

    ក្នុង​ខែ​មករា​ឆ្នាំ 2024 មាន​ប្រទេស​ និង​ដែន​ដី​ចំនួន 39 ដែល​​វិនិយោគ​នៅ​វៀតណាម ក្នុង​នោះ សិង្ហបុរី​គឺ​ជា​ប្រទេស​នាំ​មុខ​គេ​ ដោយ​បណ្ដាក់​ទុន​ជាង 1.4 ពាន់​លាន​ដុល្លារ​អាម៉េរិក ស្មើ​នឹង 59.5% ធៀប​នឹង​ទុន​វិនិយោគ​សរុប​។

    បើ​និយាយ​អំពី​ចំនួន​គម្រោង​វិនិយោគថ្មី​​វិញ ប្រទេស​ចិន​គឺជា​ដៃ​គូ​ធំ​ជាង​គេ​​របស់​វៀតណាម ដោយ​រួម​ចំណែក​ជិត 19%។

    ដើម្បី​ជា​ការ​ប្រៀប​ធៀប​ នៅក្នុង​ខែ​មករា​ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគពី​បរទេស​​ជិត 187 លាន​ដុល្លារ​​។ តួលេខ​នេះ​របស់​វៀតណាម​គឺជាង 2.36 ពាន់​លាន​ដុល្លារ​។ ​ប្រទេសចិនគឺជា​អ្នក​​វិនិយោគ​ធំ​​ជាង​គេ​ទាំង​នៅ​កម្ពុជា ទាំងនៅ​វៀតណាម​ នៅ​ក្នុង​ខែមករា​ឆ្នាំ 2024​៕

  • ទីក្រុង​ចំនួន​ដប់​ដែល​ «ថ្លៃ» ជាង​គេ​លើ​ពិភពលោក

    ទីក្រុង​ចំនួន​ដប់​ដែល​ «ថ្លៃ» ជាង​គេ​លើ​ពិភពលោក

    ក្នុង​បញ្ជី​​​ចំណាត់​ថ្នាក់​នៃ​បណ្ដា​ទីក្រុង​ដែល​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​របស់​ប្រជាជន​ មាន​កម្រិត​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ សម្រាប់​ឆ្នាំ 2023 ទីក្រុង​សិង្ហបុរី និង​ហ្សូរិច​កំពុង​នាំមុខ​គេ​។

    ទីក្រុង​សិង្ហបុរី (Singapore) ធ្លាប់​បាន​នាំ​មុខ​គេ 9 លើក​ ​ក្នុង​រយៈ​ពេល 11 ឆ្នាំ​ នៅ​​ក្នុង​បញ្ជី​​​ចំណាត់​ថ្នាក់ប្រចាំ​ឆ្នាំ​ ស្ដីពី​​បណ្ដា​ទីក្រុង​ដែល​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​របស់​ប្រជាជន​ មាន​កម្រិត​ខ្ពស់​ជាង​គេ​លើ​ពិភពលោក ខណៈ​ដែល​ទីក្រុង​ហ្សូរិច​ បាន​លោត​ពី​ចំណាត់​ថ្នាក់​ទី​ 6 ឡើង​មក​កាន់​លេខ​ 1 ជាមួយ​នឹង​សិង្ហបុរី​។ ការ​ចំណាយ​ខ្ពស់​នៅ​ទីក្រុង​សិង្ហបុរី​ កើត​មាន​ដោយ​សារ​ថ្លៃ​ដឹក​ជញ្ជូន ថ្លៃ​សម្លៀក​បំពាក់ ស្បៀង​អាហារ​ និង​ភេសជ្ជៈ​ជា​ដើម​​។ ចំណែក​ទីក្រុង​ហ្សូរិច​របស់​ប្រទេស​ស្វ៊ីស កើន​ចំណាត់​ថ្នាក់​ដោយ​សារ​តែ​ឥទ្ធិពល​របស់​រូបិយប័ណ្ណ​ហ្វ្រង់ស្វ៊ីស និង​ការ​ឡើង​ថ្លៃ​របស់​ទំនិញ​ និង​សេវាកម្ម​កម្សាន្ត​។

    បណ្ដា​ទីក្រុង​ដូច​ជា ហ្សឺណែវ (Geneva) របស់​ប្រទេស​ស្វ៊ីស, ញូវយ៉ក (New York) របស់​សហរដ្ឋ​អាម៉េរិក, ហុងកុង (Hong Kong) របស់​ប្រទេសចិន, ឡូសអាន់ជឺឡេស (Los Angeles) របស់​សហរដ្ឋ​អាម៉េរិក, ប៉ារីស (Paris) របស់​ប្រទេស​បារាំង, កូប៉ិនហាក (Copenhagen) របស់​ដាណឺម៉ាក, តេលអាវីវ (Tel Aviv) របស់​អ៊ីស្រាអែល និងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) របស់​សហរដ្ឋ​អាម៉េរិក ក៏​ស្ថិត​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​នេះ​។

    ទ្វីប​អាស៊ីមាន​កំណើន​អតិផរណា​​ទាប​ជាង​ បើ​ធៀប​នឹង​តំបន់​ដទៃ​។ ការ​​​ប្រៀប​ធៀប​តម្លៃ​ទំនិញ និង​សេវាកម្ម 200 មុខ​ ត្រូវ​បាន​ធ្វើ​ឡើង​លើ​ទីក្រុង​ចំនួន 173 ក្នុង​​ពិភពលោក​។ ​ដាម៉ាស (Damascus) របស់​ប្រទេស​ស៊ីរី និង​ ​តេហេរ៉ង់ របស់ប្រទេស​អ៊ីរ៉ង់​ គឺជា​ទីក្រុង​ដែល​មាន​ថ្លៃ​ទំនិញ​ និង​សេវាកម្ម​ទាប​​ជាង​គេ​លើ​ពិភពលោក​។ នេះ​បើ​តាម​បញ្ជី​ចំណាត់ថ្នាក់​របស់ The Economist​៕

  • លទ្ធផលនៃ​ការ​ប្រកួតបញ្ជូន​ទិន្នន័យ​​រវាង​សត្វព្រាប​ និង​​អ៊ីនធើណិត​ខ្សែកាប​អុបទិច​

    លទ្ធផលនៃ​ការ​ប្រកួតបញ្ជូន​ទិន្នន័យ​​រវាង​សត្វព្រាប​ និង​​អ៊ីនធើណិត​ខ្សែកាប​អុបទិច​

    ដោយធ្លាប់​ត្រូវ​បាន​ប្រើ​ប្រាស់ក្នុងការ​បញ្ជូន​សារ​ក្នុង​រយៈ​ពេល​រាប់​សិប​សតវត្សរ៍​កាល​ពី​សម័យ​មុន​ៗ សត្វ​ព្រា​បច្ចុប្បន្ន​នៅ​តែ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បញ្ជូន​ទិន្នន័យ​ បើ​ធៀប​នឹង​បណ្ដាញ​អ៊ីនធើណិត​ខ្សែ​កាប​កញ្ចក់​។

    កាល​ពី​សម័យ​បុរាណ សត្វ​ព្រាប​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​អ្នក​នាំ​សារ​ ព្រោះ​តែ​វា​អាច​ហោះ​ហើរ​រាប់​ពាន់​គីឡូម៉ែត្រ​ ឬ​ឆ្ងាយ​ជាង​នេះ​ក្នុង​ល្បឿន​ប្រហែល 100 គីឡូម៉ែត្រ​/ម៉ោង​។ សត្វព្រាប​មួយ​ចំនួន​អាច​ហោះ​ក្នុង​ល្បឿន​រហូត​ដល់ 180 គីឡូម៉ែត្រ​/ម៉ោង ជួយ​បញ្ជូន​សារ​បាន​យ៉ាង​ឆាប់​រហ័ស​។

    ក៏ប៉ុន្តែ ក្នុង​សម័យ​បច្ចេកវិទ្យា​នេះ តើ​សត្វ​ព្រាប​អាច​យក​ឈ្នះ​លើ​អ៊ីនធើណិត​ ឬ​អត់​?

    ដើម្បី​ឆ្លើយ​នឹង​សំនួរ​ខាងលើ ការ​ពិសោធ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​​កាល​ពី​ឆ្នាំ 2009 ហើយ​បន្ទាប់​មក​ក៏​ធ្វើ​ឡើង​ជា​ថ្មី​ក្នុង​ឆ្នាំ​ 2023​។ ក្នុង​ការ​ប្រកួត​លើ​នេះ សត្វ​ព្រាប​នៅ​តែ​មិន​មាន​ការ​ប្រែ​ប្រួល​ បើ​ធៀប​នឹង​ឆ្នាំ 2009​។ ចំណែក​ល្បៀន​របស់​អ៊ីនធើណិត​ ពិសេស​គឺ​បណ្ដាញ​ខ្សែ​កាប​អុប​ទិច​ដែល​ធ្វើ​ពី​កញ្ចក់​ នៅ​ឆ្នាំ​ 2023 មាន​ល្បឿន​លឿន​ជាង​ ADSL របស់​ឆ្នាំ 2009 ​ឆ្ងាយ​ណាស់​។ កាល​នោះ ក្រុម​ហ៊ុនអ៊ីនធើណិត​ Telkom ​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​វាស់​វែង​ពេល​វេលា​ និង​ល្បឿន​នៃ​ការ​បញ្ជូន​ទិន្នន័យ​របស់​សត្វ​ព្រាប​មួយ​ក្បាល​ ដែល​បំពាក់​អង្គ​ចងចាំ​ 4 GB ប្រៀប​ធៀប​ជាមួយ​នឹង​ល្បឿន​អ៊ីនធើណិត​ ADSL របស់​ Telkom។

    ដោយ​ហោះ​ក្នុងល្បឿន​រហូត​ដល់ 125 គីឡូម៉ែត្រ/ម៉ោង សត្វ​ព្រាប​ខាង​លើ​បាន​យក​ឈ្នះ​លើ​អ៊ីនធើណិត​របស់ក្រុម​ហ៊ុន Telkom។ លទ្ធផល​បង្ហាញ​ថា សត្វ​ព្រាប​បាន​ចំណាយ​ពេល​ប្រហែល​មួយ​ម៉ោង​ និង​ 8 នាទី ដើម្បី​ហោះ​ដល់​ទីតាំង​ដែល​បាន​កំណត់​ដែល​មាន​ចម្ងាយ​ពី​ដើម​ទី​ប្រហែល 96 គីឡូម៉ែត្រ​។ បើ​គិតទាំង​ពេល​វេលា​ផ្ទេរ​ទិន្នន័យ​ 4GB ដែល​ស៊ី​ពេល​អស់​មួយ​ម៉ោង​ទៀត ពេល​វេលា​សរុប​សម្រាប់​ដំណើរ​ការ​បញ្ជូន​ទិន្នន័យ​តាម​សត្វ​ព្រាប​គឺ​ប្រហែល​ជាង​ពីរ​ម៉ោង​។

    ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ សេវា​ ADSL របស់ Telkom ទើប​តែ​ផ្ញើ​ (ឬ upload) បាន​ 4% ធៀប​នឹង​ទិន្នន័យ 4GB ដែល​បញ្ជូន​ទៅ​កាន់​កុំព្យូទ័រ​មួយផ្សេង​ទៀត​ដែល​នៅ​ឆ្ងាយ​ពី​នោះ​ 96 គីឡូម៉ែត្រ​។

    សត្វ​ព្រាប​ និង​អ៊ីនធើណិត​បន្ត​ប្រកួត​នឹង​គ្នា​ក្រោយ​រយៈ​ពេល 14 ឆ្នាំ

    14 ឆ្នាំ​ បន្ទាប់ពី​ការ​ប្រកួត​ដំបូង​ ការ​ប្រកួត​មួយ​ទៀត​រវាង​សត្វ​ព្រាប និង​អ៊ីនធើណិត​ក៏​ត្រូវ​បាន​ធ្វើ​ឡើងជា​ថ្មី​ក្នុង​​ឆ្នាំ 2023​ ដោយ​ YouTuber ផ្នែក​បច្ចេក​វិទ្យា Jeff Geerling។

    រូប​មន្ត​នៃការ​ប្រកួត​ក្នុង​ឆ្នាំ 2023 គឺ​ដូច​ទៅ​នឹង​ឆ្នាំ 2009 នៅ​ពេល​ YouTuber ឈ្មោះ Jeff Geerling បាន​ភ្ជាប់​ USB, SSD, SanDisk Extreme PRO 1TB (មួយ​គ្រាប់​ទម្ងន់​ 5 ក្រាម) ទៅ​លើ​ជើង​សត្វ​ព្រាប​ និង​ឱ្យ​ហោះទៅ​កាន់​ទីតាំង​មួយ​ដែល​មាន​ចម្ងាយ​ 1.6 គីឡូម៉ែត្រ​

    លទ្ធផល​នៃ​ការ​ប្រកួត​លើក​នេះបង្ហាញ​ថា សត្វ​ព្រាប​ចំណាយ​ពេលប្រហែល​មួយ​នាទី​ដើម្បី​ហោះ​ដល់​គោល​ដៅ។ បើ​បូក​ទាំង​ពេល​វេលា​ចម្លង​ទិន្នន័យ​ 3TB ទៀត ព្រាប​នៅ​តែ​យក​ឈ្នះ​លើបណ្ដាញ​អ៊ីនធើណិត​ខ្សែ​កាប។

  • អំពូល​ភ្លើង​ប្រភេទ​ណា​ដែល​ស៊ី​ភ្លើង​ច្រើនជាងគេ? LED ឬ Halogen?

    អំពូល​ភ្លើង​ប្រភេទ​ណា​ដែល​ស៊ី​ភ្លើង​ច្រើនជាងគេ? LED ឬ Halogen?

    អំពូល​ភ្លើង​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​គ្រប់គ្នា​ពុំមែន​សុទ្ធតែ​ដឹងថា ប្រភេទ​ណា​ស៊ី​ភ្លើង​ច្រើន ឬ​តិច​នៅទេ។

    ខាងក្រោម​នេះ​គឺជា​ប្រភេទ​អំពី​ភ្លើង​ដែល​ត្រូវបាន​គេ​ប្រៀបធៀប​កម្រិត​ភ្លឺ និង​កម្រិត​ស៊ី​ភ្លើង៖

    មើល​ទៅលើ​តារាង​នេះ​ក៏​ដឹងថា អំពូល LED ស៊ី​ភ្លើង​តិចជាង​អំពូល​សរសៃ​ដល់​ទៅ​ប្រហែល 80%។ អំពី CFL ឈរ​លំដាប់​ទី​ពីរ បើ​និយាយ​ពី​កម្រិត​នៃ​ការ​សន្សំសំចៃ​ភ្លើង ខណៈ Halogen ជាប់​លេខ​បី៕

  • រកឃើញ​វត្ថុ​ចម្លែក​ក្រោម​សមុទ្រ​ សង្ស័យ​ថា​ជា​បច្ចេកវិទ្យា​របស់​មនុស្ស​ភព​ដទៃ

    រកឃើញ​វត្ថុ​ចម្លែក​ក្រោម​សមុទ្រ​ សង្ស័យ​ថា​ជា​បច្ចេកវិទ្យា​របស់​មនុស្ស​ភព​ដទៃ

    អ្នក​វិទ្យាសាស្ត្រ​អាម៉េរិក​ដើម​កំណើត​អ៊ីស្រាអែល​បាន​រកឃើញ​ដុំ​មូល​ៗ​ចំនួន​ 10 គ្រាប់​ដែល​មាន​រូប​រាង និង​ល្បឿន​ខុសប្រក្រតី​ នៅ​តំបន់សមុទ្រ​ដែល​មាន​អាចម៍​ផ្កាយ​ធ្លាក់​កាល​ពី​ឆ្នាំ 2014។

    អ្នក​វិទ្យាសាស្ត្រ​ Avi Loeb មក​ពី​សាកល​វិទ្យាល័យ​ Harvard យល់​ថា លោក​ទំនង​ជា​បាន​រក​ឃើញ​ភស្ដុតាង​ស្ដី​ពី​បច្ចេក​វិទ្យា​របស់​មនុស្ស​ក្រៅភព​ផែនដី នៅ​ពេល​បាន​រក​ឃើញ​​អាចម៍​ផ្កាយ IM1 ដែល​បាន​ធ្លាក់​នៅ​លើ​តំបន់​សមុទ្រ​របស់​ Papua New Guinea កាល​ពី​ឆ្នាំ 2014។ នេះ​បើ​តាម Business Insider ចុះ​ផ្កាយ​​កាល​ពី​ថ្ងៃ​ទី 08 កក្កដា។

    អង្គភាព​អវកាសរបស់​សហរដ្ឋ​​អាម៉េរិក បាន​ឱ្យ​ដឹង​ថា បំណែក​អាចម៍​ផ្កាយ​ទាំង​នេះ​ទំនង​ជា​មាន​ប្រភព​ពី​ប្រព័ន្ធ​​ផ្កាយ​ដទៃ​។

    ដុំ​បាល់​ទាំង​នេះមានផ្ទុក​សារធាតុ​ដែក​ 84%, ស៊ីលីកុន 8%, ម៉ាញេស្យូម 4%, ទីតានីញ៉ូម 2% រួម​នឹង​សារធាតុ​ដទៃ​មួយ​ចំនួន​​ទៀត

    ការ​វិភាគ​បង្ហាញ​ថា គ្រាប់​បាល់​ទាំង​នេះ​រួម​មាន សារធាតុ​ដែក​ 84%, ស៊ីលីកុន 8%, ម៉ាញេស្យូម 4%, ទីតានីញ៉ូម 2% រួម​នឹង​សារធាតុ​ដទៃ​មួយ​ចំនួន​​ទៀត​។ ដុំ​បាល់​ទាំង​នេះ​​មាន​ទំហំ​មិន​ដល់​ 1 មិល្លីម៉ែត្រ និង​មាន​ពណ៌​លឿង ខៀវ ប្រផេះ ហើយ​មួយ​ចំនួន​ទៀត​មាន​រូប​រាង​ដូច​ទៅ​នឹង​ផែនដី​។ នេះ​បើ​តាម​ Loeb។

    Loeb បាន​ប្រៀប​ធៀប​ករណី​នេះ​ជាមួយ​នឹង​យាន​ Voyager របស់​ណាសា​ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ឆ្នាំ 1977។ លោក​គិត​ថា Voyager នឹង​ធ្លាក់​ទៅ​លើ​ភព​ដ៏សែន​ឆ្ងាយ​មួយ​នៅ​ក្នុង​រយៈ​ពេល​​មួយ​ពាន់​លាន​ឆ្នាំ​ទៀត​ ហើយ​ពួក​វា​នឹង​ធ្លាក់​ដូច​អាចម៍​ផ្កាយ​។

    «មនុស្ស​យើង​នឹង​ត្រូវ​ចំណាយ​ពេល​រាប់​ម៉ឺន​ឆ្នាំ​ដើម្បី​ហោះ​ចេញ​ផុត​ពី​ប្រព័ន្ធ​ព្រះ​អាទិត្យ​ និង​ទៅ​ដល់​ប្រព័ន្ធ​ផ្កាយ​មួយ​ផ្សេង​ទៀត​ តាម​រយៈ​បច្ចេក​វិទ្យា​របស់​យាន​អវកាស​ទំនើប​។ ដុំ​វត្ថុ​ធាតុ​នេះ​ប្រហែល​ជា​បាន​ចំណាយ​ពេល​ប្រហាក់​ប្រហែល​នេះ​ដើម្បី​មក​ដល់​ភព​របស់​យើង» Loed និយាយ​ដូច្នេះ​។

    អាចម៍​ផ្កាយ​ Oumuamua

    លោក Loed គឺជា​សមាជិក​របស់​ក្រុម​ប្រឹក្សា​វិទ្យា និង​បច្ចេក​វិទ្យា​របស់​ប្រធានាធិបតី និង​ជា​ប្រធាន​ Galileo ដែល​ជា​គម្រោង​ស្វែង​រក​ភស្ដុតាំង​ស្ដី​ពី​មនុស្ស​ភព​ក្រៅ​ និង​បច្ចេក​វិទ្យា​របស់​ពួក​គេ​។ លោកធ្លាប់​បាន​និយាយ​ច្រើន​ដង​ថា «Oumuamua (វត្ថុ​អវកាស​អន្តរ​តារា​ដំបូង​គេ​ដែល​ «មក​លេង» ប្រព័ន្ធ​ព្រះ​អាទិត្យ) អាច​ជា​ឧទាហរណ៍​អំពី​បច្ចេក​វិទ្យា​របស់​មនុស្ស​ភព​ដទៃ៕

  • អត្រា​អ្នកប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ ChatGPT ថយចុះ​គួរឱ្យកត់សម្គាល់

    អត្រា​អ្នកប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ ChatGPT ថយចុះ​គួរឱ្យកត់សម្គាល់

    យោងតាម​ការស្រាវជ្រាវ​របស់ Morgan Stanley បណ្ដា chatbot AI ដូចជា ChatGPT ឬ Google Bard ជាដើម កំពុង​តែមាន​អត្រា​អ្នកប្រើប្រាស់​ទាប​គួរឱ្យភ្ញាក់ផ្អើល។

    ចាប់តាំងពី​ខែធ្នូ 2022 ChatGPT បាន​បង្ក «ព្យុះភ្លៀង» ទូទាំង​សកលលោក ដោយមាន​អ្នកប្រើប្រាស់​ជាង​មួយ​លាន​នាក់​ចុះឈ្មោះបន្ទាប់ពី​បង្ហាញ​វត្តមាន​បាន​មួយ​សប្ដាហ៍ និង​ឡើង​លើសពី 100 លាន​នាក់​ក្រោយ​រយៈពេល​ពីរ​ខែ ធ្វើឱ្យមាន​ការរត់​ប្រណាំង​ផ្នែក AI (បញ្ញា​សិប្បនិម្មិត) ទូទាំង​ពិភពលោក។

    ក៏ប៉ុន្តែ ការរំជើបរំជួល​ខាងលើ​បាន​កន្លងផុត​យ៉ាង​លឿន​នៅពេល​អ្នកប្រើប្រាស់​ជាក់ស្ដែង​បច្ចុប្បន្ន​មាន​កម្រិត​ទាប។ យោងតាម​ការស្រាវជ្រាវ​របស់​ស្ថាប័ន​វិនិយោគ​ផ្នែក​ធនាគារ Morgan Stanley ដែល​បាន​ធ្វើ​ឡើង​ទៅលើ​មនុស្ស 2,000 នាក់​នៅក្នុង​ខែមេសា បង្ហាញថា មានតែ 19% ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​សួរ ឱ្យដឹងថា ធ្លាប់បាន​ប្រើប្រាស់ ChatGPT ខណៈដែល Google Bard វិញ គឺ 9%។

    ចំណែក​មនុស្ស​ភាគច្រើន​ដែល​មិនទាន់បាន​ប្រើ chatbot និយាយថា នឹងមិន​មាន​តម្រូវការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី​នេះ យ៉ាងតិច​ក៏​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ទៀត។

    ភាគច្រើន អ្នកប្រើប្រាស់ ChatGPT គឺ​ដើម្បី​ស្វែងយល់​ប្រធានបទថ្មីៗ ដូច្នេះ​ការដែល​ថា​ឧបករណ៍​នេះ​អាច​រកប្រាក់​ចំណូល​បាន​គឺ​ពិបាក​កើតឡើង​នាបច្ចុប្បន្ន។ Chatbot AI អាច​រកប្រាក់​បាន​តាម​រយៈ​ការផ្សាយពាណិជ្ជកម្ម លុះណាតែ​អ្នកប្រើប្រាស់​អាចចូល​​ទៅប្រើ​ ChatGPT , Google Bard ជាដើម ដើម្បី​ស្វែងរក​ផលិតផល សេវាកម្ម ការ​ប្រៀបធៀប​តម្លៃ និង​ទិញ​ទំនិញ។

    បញ្ញា​សិប្ប​ន្មិ​តអាចជួយ​ឱ្យ​បណ្ដា​ថ្នាល​ពាណិជ្ជកម្ម​ឌីជីថល និង​ទេសចរណ៍​រកប្រាក់​ចំណូល​បាន​ពី​ការលើក​ជាការ​ណែនាំ និង​ជំនួយ​របស់​បច្ចេកវិទ្យា chatbot។ បច្ចុប្បន្ន នៅពេល​ទិញ​ទំនិញ​តាម​អន​ឡាញ អ្នកប្រើប្រាស់​រហូតដល់ 56% ស្វែងយល់​ផលិតផល​តាមរយៈ Google Search បន្ទាប់​មក​គឺ​ YouTube និង Bard។ ចំពោះ​សេវាកម្ម​ទេសចរណ៍​វិញ អ្នកប្រើប្រាស់ 37% ចូលទៅ​កាន់ Google និង 33% ចូលទៅ​កាន់​បណ្ដា​គេហទំព័រ​ដែល​ជំនាញ​ខាង​ទេសចរណ៍។

    Morgan Stanley ឱ្យដឹងថា Google នៅតែ​អាចមាន​ប្រៀប​ជាងគេ​នៅក្នុង «សង្គ្រាម» AI នៅពេល​ផ្ដល់​សេវាកម្ម​ស្វែងរក​បែប​បុគ្គល និង​ពេញលេញ​ចំពោះ​វិស័យ​ទេសចរណ៍ តាមរយៈ​​ការ​ប្រើប្រាស់​លទ្ធផល​នៃ​ការស្វែងរក​ដែល​បានលើកឡើង​ដោយ​បញ្ញា​សិប្បនិម្មិត​ដូចជា Bard នេះ៕

  • ការប្រៀបធៀប​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​

    ការប្រៀបធៀប​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​

    ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា-NASA) កាលពី​ថ្ងៃទី 02 ឧសភា បាន​ចែករំលែក​វីដេអូ​មួយ​ស្ដីពី​បណ្ដា​ប្រហោង​​ខ្មៅ​ខ្នាត​យក្ស​ដែលមាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ចាប់ពី 100,000 ដង​ដល់ 66 ពាន់​លាន​ដង។

    ព្រះអាទិត្យ​គឺជា​វត្ថុ​តែមួយគត់​នៅក្នុង​ទិដ្ឋភាព​ដំបូង ហើយ​វា​តូចទៅៗនៅពេល​កាមេរ៉ា​ថយក្រោយ​ឆ្ងាយទៅៗ។ ប្រហោង​ខ្មៅ​ធំ​ជាង​ម៉ាស​ព្រះអាទិត្យ 100,000 ដង ស្ថិតក្នុង​កាឡាក់ស៊ី J1601 មាន​ស្រមោល​កណ្ដាល​តូច​ជាង​ព្រះអាទិត្យ។

    ស៊ុម​ទិដ្ឋភាព​​បន្ត​គឺជា​គន្លង​គោចរ​របស់​ភព​ពុធ (Mercury)។ ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី Circinus មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​មួយ​លាន​ដង។

    បន្ទាប់មក​គឺជា​គន្លង​គោចរ​របស់​ផែនដី។ ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី M32 ដែលជា​កាឡាក់ស៊ី​រណប​របស់​កាឡាក់ស៊ី Andromeda មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ពីរលាន​ដង។

    ប្រហោង​ខ្មៅ Sagittarius A* នៅ​កណ្ដាល​កាឡាក់ស៊ី​មី​ល​គី​វ៉េ មាន​ម៉ាស​ធំ​ជាង​បួន​លាន​ដង ធៀប​នឹង​ម៉ាស​ព្រះអាទិត្យ។

    កាឡាក់ស៊ី NGC 7727 មាន​ប្រហោង​ខ្មៅធំៗចំនួន​ពីរ ក្នុងនោះ ប្រហោង​ខ្មៅ​តូច​ជាងគេ​មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ 6 លាន​ដង។

    https://www.youtube.com/watch?v=jU1DsipURcM

    វីដេអូ​បង្ហាញ​ពី​​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​

    តមក​ទៀត​ យើង​ហោះ​ឆ្លងកាត់​គន្លង​គោចរ​របស់​ភព​ព្រហស្បតិ៍ (Jupiter), ភព​ណេ​ប​ទូ​ន (Neptune) និង​ខ្សែក្រវាត់​អាចម៍ផ្កាយ (Kuiper)។ បន្ទាប់មក​​គឺជា​ប្រហោង​ខ្មៅ​ដែល​ធំជាងគេ​របស់ NGC 7727 ដែល​ធំ​ជាង 150 លាន​ដង​ធៀប​នឹង​​ម៉ាស​ព្រះអាទិត្យ។

    ចំណែក​ប្រហោង​ខ្មៅ​របស់​កាឡាក់ស៊ី Andromeda អាចមាន​ម៉ាស​ធ្ងន់​ជាង​ព្រះអាទិត្យ 140 លាន​ដង។ កាឡាក់ស៊ី Cygnus A មាន​ប្រហោង​ខ្មៅ​ដែល​ធំ​ជាង 2.5 ពាន់​លាន​ដង​ធៀប​នឹង​ម៉ាស​ព្រះអាទិត្យ។

    ពេលនេះ​យើង​នឹង​ហោះ​ឆ្លងកាត់​ពពក​ផ្កាយដុះកន្ទុយ​ដែល​ព័ទ្ធជុំវិញ​ប្រព័ន្ធ​ព្រះអាទិត្យ (Oort cloud)។ ប្រហោង​ខ្មៅ M87 ដែល​ធ្ងន់​ជាង​ម៉ាស​ព្រះអាទិត្យ 5.4 ពាន់​លាន​ដង​គឺជា​ប្រហោង​ខ្មៅ​ដំបូង​គេ​ដែល​ត្រូវបាន​ថត​ដោយផ្ទាល់។

    ប្រហោង​ខ្មៅ TON 618 ស្ថិតក្នុង​កាឡាក់ស៊ី​មួយ​ដែល​នៅ​ឆ្ងាយ​សែន​​​ឆ្ងាយ រហូតដល់​ពន្លឺ​របស់​វា​ត្រូវការ​ពេល 10 ពាន់​លាន​ឆ្នាំ​ទើប​មកដល់​ផែនដី។ ដោយមាន​ម៉ាស​ធំ​ជាង 66 ពាន់​លាន​ដង​នៃ​ម៉ាស​ព្រះអាទិត្យ TON 618 គឺជា​ប្រហោង​ខ្មៅ​ធំ​បំផុត​ដែល​មនុស្ស​ធ្លាប់បាន​រកឃើញ​នៅក្នុង​ចក្រវាល​ដែល​អ្នកវិទ្យាសាស្ត្រ​​អាច​សង្កេតឃើញ។

  • ប្រៀបធៀប​កម្លាំងយោធា​ឆ្នាំ ២០២២ រវាង ប្រទេស​អ៊ុយ​ក្រែ​ន និង រុស្ស៊ី

    ប្រៀបធៀប​កម្លាំងយោធា​ឆ្នាំ ២០២២ រវាង ប្រទេស​អ៊ុយ​ក្រែ​ន និង រុស្ស៊ី

    សម្រាប់​ឆ្នាំនេះ អ៊ុយ​ក្រែ​ន ឈរលើ​ចំណាត់ថ្នាក់​ទី ២២ ក្នុងចំណោម​ប្រទេស​ចំនួន ១៤០ ដែល​ត្រូវបាន​រាប់​ចូលក្នុង​តារាង​ចំណាត់ថ្នាក់​ស្ដីពី​អំណាច​យោធា (Military Strength Ranking) របស់ Globalfirepower។ ចំណែក រុស្ស៊ី វិញ ឈរ​លំដាប់ថ្នាក់​ទី ២ បន្ទាប់ពី សហរដ្ឋ​អាម៉េរិក។