Tag: ប្រើប្រាស់

  • រង្វង់​មូល​បៃតងកំពុង​​កែប្រែ​សមុទ្រ​ខ្សាច់​នៅ​ប្រទេស​ចិន​ទៅជា​ដី​មាន​ជីជាតិ

    រង្វង់​មូល​បៃតងកំពុង​​កែប្រែ​សមុទ្រ​ខ្សាច់​នៅ​ប្រទេស​ចិន​ទៅជា​ដី​មាន​ជីជាតិ

    បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ការស្រោចស្រព អនុញ្ញាតឱ្យ​កសិករ​ដាំ​រុក្ខជាតិ​ដែលមាន​តម្លៃ​ខ្ពស់​នៅលើ​សមុទ្រ​ខ្សាច់​ទំហំ​មួយ​លាន​ហិកតា។

    សមុទ្រ​ខ្សាច់ Ulan Buh ដែលមាន​ផ្ទៃក្រឡា​មួយ​លាន​ហិកតា គឺជា​សមុទ្រ​ខ្សាច់​ធំជាងគេ​លំដាប់​ទី 8 នៅ​ប្រទេស​ចិន។ Ulan Buh ធ្លាប់​ល្បី​ឈ្មោះថា​ជា​ប្រភព​នៃ​ព្យុះ​ខ្សាច់​ប្រចាំឆ្នាំ​ដែលតែង​តែ​​វាយលុក​ភាគ​ខាងជើង​ប្រទេស​ចិន។

    បច្ចុប្បន្ន វិធានការ​ជាច្រើន​ត្រូវបាន​អនុញ្ញាត​ដើម្បី​ទប់​ទល់នឹង​បញ្ហា​ខាងលើ ក្នុងនោះ​មានដូចជា ការរារាំង​ខ្យល់ និង​ការកែលំអ​បរិស្ថាន​ធម្មជាតិ​ជាដើម ហើយ​បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​នេះ​គឺជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ខាងលើ ក៏ដូចជា​សកម្មភាព​ស្រោចស្រព​ដំណាំ​របស់​ពលរដ្ឋ​ក្នុង​តំបន់។ ចំពោះ​ការដាំដុះ ការស្រោចស្រព​តាមបែប​បាញ់​ទឹកជា​រង្វង់​មូល​នេះ​គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​នៅក្នុង​ការរក្សា​ទឹក។

    ដោយ​ការប្រឹងប្រែង​ដើម្បី​កែលំអ​លក្ខខណ្ឌ​ធម្មជាតិ ដី​ជាង 30,000 ហិកតា​នៅ​តំបន់​សមុទ្រ​ខ្សាច់ Ulan Buh នេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដាំ​រុក្ខជាតិ​ដែលមាន​គុណភាព​ខ្ពស់ ដែល​ភាគច្រើន​គឺជា​ស្រូវ​សាលី, ស្មៅ leymus chineensis និង​ស្មៅ alfalfa ជាដើម។ បរិមាណ​នៃ​ដំណាំ​ខាងលើ រកប្រាក់​ចំណូល​ប្រចាំឆ្នាំបាន​​លើសពី 97.7 លាន​ដុល្លារ​អាម៉េរិក។

    បច្ចុប្បន្ន បណ្ដាញ​ឧស្សាហកម្ម​មួយ​ដែល​រួមមាន​ទាំង​ការដាំដុះ ការបណ្ដុះ​ពូជ ការទិញ និង​លក់​ផលិតផល​កសិកម្ម​នៅ​តំបន់​ខាងលើ​ត្រូវបាន​បង្កើតឡើង​ដើម្បី​សម្រេចបាន​គោលដៅ​រួមចំណែក​ក្នុងការ​គ្រប់គ្រង​សមុទ្រ​ខ្សាច់ និង​កសិកម្ម។

    បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​​ខាងលើ ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ស្រុក​ Dengkou របស់​ទីក្រុង Bayannur ក្នុង​តំបន់​ស្វយ័តម៉ុងហ្គោលី​ខាង​ក្នុង នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន​៕

  • ចិន​សាងសង់​អគារ​គ្មាន​ទំនាញផែនដី​កម្ពស់​រាប់សិប​ម៉ែត្រ

    ចិន​សាងសង់​អគារ​គ្មាន​ទំនាញផែនដី​កម្ពស់​រាប់សិប​ម៉ែត្រ

    ក្រុម​អ្នកជំនាញ​របស់​ប្រទេស​ចិន កំពុងតែ​សាងសង់​មូលដ្ឋាន​ថ្មី​ដើម្បី​បម្រើ​ដល់​ការពិសោធ​ដែល​ទាក់ទង​នឹង​ដែន​ទំនាញផែនដី រួមចំណែក​ក្នុងការ​សិក្សា​ស្រាវជ្រាវ​ទី​អវកាស។

    មូលដ្ឋាន​ពិសោធន៍​មីក្រូ​ទំនាញ​ជាមួយនឹង​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច (Microgravity Experiment Facility with Electromagnetic Launch – MEFEL) នៅ​ទីក្រុង​ប៉េកាំង មាន​កម្ពស់ 40 ម៉ែត្រ ប្រើប្រាស់​ម៉ាស៊ីន​ពិសេស​ដែល​នាំ​វត្ថុ​ឡើង-ចុះ និង​ទទួល​បទពិសោធន៍​នៃ​ស្ថានភាព​ដែល​ស្ទើរតែ​មិនមាន​ទំនាញផែនដី​ក្នុង​រយៈពេល 4 វិនាទី។ នេះ​បើតាម​ការចុះផ្សាយ​របស់ SCMP កាលពី​ថ្ងៃទី 20 កក្កដា 2023។

    MEFEL អាចឱ្យ​ធ្វើការ​ពិសោធ 100 ដង/ថ្ងៃ និង​ចំណាយ​អគ្គិសនី​ប្រហែល​តែ 1 គីឡូវ៉ាត់ម៉ោង​ប៉ុណ្ណោះ​សម្រាប់​ការពិសោធ​មួយ។ វា​ក៏​​អាចបង្កើត​កម្លាំង​ទំនាញ​ស្រាល​ដើម្បី​ធ្វើ​ត្រាប់​តាម​លក្ខខណ្ឌ​​ធម្មជាតិ​នៅលើ​ព្រះ​ចន្ទ និង​ភព​អង្គារ។

    កាលពី​ឆ្នាំ 2019 មូលដ្ឋាន​ដំបូង​ដែល​ស្ថិតក្នុង​ប្រភេទ MEFEL ចាប់ផ្ដើម​ដំណើរការ​នៅ​ប្រទេស​អាល្លឺម៉ង់ និង​មាន​ឈ្មោះថា Einstein – Elevator។ អគារ​នេះ​មាន​កម្ពស់ 40 ម៉ែត្រ អាច​ឱ្យទទួល​បទពិសោធ​ន៍​ស្ថានភាព​គ្មាន​ទំនាញ​ប្រហែល 4 វិនាទី ហើយ​អាចធ្វើ​ការពិសោធ​បាន 300 ដង/ថ្ងៃ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន បានចាប់ផ្ដើម​អភិវឌ្ឍ MEFEL តាំងពី​ឆ្នាំ 2017។ ពួកគេ​ប្រើប្រាស់​ម៉ាស៊ីន​ប្រវែង 3 ម៉ែត្រ ដើម្បី​បង្កើត​បរិស្ថាន​គ្មាន​ទំនាញ​ក្នុង​រយៈពេល​ខ្លី។ នៅ​ខាងក្នុង MEFEL ឈុត​សម្រាប់​ពិសោធន៍​នឹង​ផ្ដល់​បរិស្ថាន​មាន​ទំនាញផែនដី​ស្មើនឹង 1/100,000 នៃ​កម្រិត​​ទំនាញ​ធម្មតា​នៅលើ​ផែនដី ក្នុង​រយៈពេល 4 វិនាទី។

    ក្រុម​វិស្វករ​ចិន ក៏​ពុង​តែ​អភិវឌ្ឍ MEFEL ជំនាន់​ថ្មី ដែល​គ្រោង​នឹង​អាចបង្កើត​ស្ថានភាព​គ្មាន​ទំនាញ​ឱ្យបាន​ដល់ 20 វិនាទី និង​ទម្ងន់​​អតិបរមា​​សម្រាប់​ការពិសោធ នឹង​ឡើងដល់ 500 គីឡូក្រាម៕

  • SpaceX បាញ់​បង្ហោះ​ផ្កាយរណប Starlink នៅពេល​យប់ បង្កើតឱ្យមាន​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត

    SpaceX បាញ់​បង្ហោះ​ផ្កាយរណប Starlink នៅពេល​យប់ បង្កើតឱ្យមាន​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត

    សន្សើម​ធ្លាក់ និង​ផ្ទៃមេឃ​ស្រឡះ​ល្អ​របស់ California បាន​ជួយ​បង្កើត​ទិដ្ឋភាព​ដ៏​ទាក់ទាញ​នៅពេល SpaceX បាញ់​បង្ហោះ​ផ្កាយរណប​នៅពេល​យប់។

    ក្រុមហ៊ុន​អាម៉េរិក SpaceX បាន​បាញ់​បង្ហោះ​ផ្កាយរណប Starlink ចំនួន 15 គ្រឿង​របស់ខ្លួន ឡើងទៅ​កាន់​គន្លង​គោចរ នៅក្នុង​មួយ​យប់ ដើម្បី​បង្កើន​វិសាលភាព​អ៊ី​ន​ធើ​ណិ​ត។ ការបាញ់​បង្ហោះ​ដែល​ប្រើប្រាស់​រ៉ុក្កែត Falcon 9 ត្រូវបាន​ធ្វើឡើង​នៅវេលា​ម៉ោង 9:09 យប់ ថ្ងៃទី 19 កក្កដា ម៉ោង​នៅ California (ថ្ងៃទី 20 នៅ​កម្ពុជា) ពី​មូលដ្ឋាន​របស់ SpaceX ក្នុង​បន្ទាយទ័ព​អវកាស Vandenberg។

    នេះ​គឺជា​ការបាញ់​បង្ហោះ​លើក​ទី 10 របស់​រ៉ុក្កែត Falcon 9 និង​ជា​លើក​ទី 48 ក្នុងឆ្នាំនេះ​របស់ SpaceX។ ប្រហែល 9.5 នាទី​បន្ទាប់ពី​បាន​បាញ់​បង្ហោះ កំណាត់​ដំបូង​របស់​រ៉ុក្កែត បាន​ចុះចត​លើ​ស្រឡាង​ស្វ័យប្រវត្ត​គ្មាន​មនុស្ស​បើកបរ​របស់ SpaceX មាន​ឈ្មោះថា Of Course I Still Love You ដែល​រង់ចាំ​នៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

    ខាងក្រោម​នេះ​គឺជា​បណ្ដា​រូបថត​ដែល​ត្រូវបាន​ក្រុមហ៊ុន SpaceX ចែករំលែក​លើ​បណ្ដាញ​សង្គម បន្ទាប់ពី​បានទទួល​ជោគជ័យ​ក្នុង​ការបាញ់​បង្ហោះ​ខាងលើ៖

  • អាម៉េរិក​អនុម័ត​លក់​មី​ស៊ី​លបាញ់​លើ​អាកាស តម្លៃ​ជិត​បី​ពាន់​លាន​ដុល្លារ​ឱ្យ​​អាល្លឺម៉ង់

    អាម៉េរិក​អនុម័ត​លក់​មី​ស៊ី​លបាញ់​លើ​អាកាស តម្លៃ​ជិត​បី​ពាន់​លាន​ដុល្លារ​ឱ្យ​​អាល្លឺម៉ង់

    ក្រសួងការបរទេស​អា​ម៉េ​រិ​ក បាន​យល់ព្រម​លក់​មី​ស៊ី​ល​អាកាស​ប្រឆាំង​អាកាស​ខ្នាត​មធ្យម AMRAAM ជិត 1,000 ដើម ក្នុងតម្លៃ 2.9 ពាន់​លាន​ដុល្លារ ដល់​ប្រទេស​អាល្លឺម៉ង់។

    មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី 19 កក្កដា បានប្រកាសថា ក្រសួងការបរទេស​អា​ម៉េ​រិ​កបាន​អនុញ្ញាតឱ្យ​លក់​មី​ស៊ី​លបាញ់​ពី​អាកាស​ទៅ​អាកាស​ប្រភេទ​មធ្យម AIM-120C-8 AMRAAM ចំនួន 969 ដើម រួម​នឹង​ប្រព័ន្ធ​បញ្ជា​បម្រុង រូបមន្ត​នៃ​ការហ្វឹកហាត់ ឧបករណ៍​បច្ចេកទេស និង​ជំនួយ​ផ្នែកហ្វឹក​​ហ្វឺ​ន ក្នុងតម្លៃ 2.9 ពាន់​លាន​ដុល្លារ ទៅឱ្យ​ប្រទេស​អាល្លឺម៉ង់។

    «ការលក់​អាវុធ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក តាមរយៈ​ការកែលំអ​សន្តិសុខសម្រាប់​សម្ព័ន្ធមិត្ត​មួយ​នៅក្នុង​ណា​តូ ហើយក៏​ជា​ប្រទេស​ដែល​ដើរតួនាទី​សំខាន់​នៅក្នុង​ការរក្សា​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​អឺរ៉ុប» ប្រកាស​របស់​ក្រសួងការពារជាតិ​អាម៉េរិក មាន​ឃ្លា​សរសេរ​ដូច្នេះ។

    យោងតាម​មន្ទីរ​បញ្ច​កោណ ការ​ទិញដូរ​អាវុធ​នេះ​នឹង​ជួយ​ឱ្យ​អាល្លឺម៉ង់​មាន​អាវុធ​ប្រឆាំង​អាកាស​ទំនើប លើកកម្ពស់​សមត្ថភាព​ទប់ទល់​នឹង​ការគំរាមកំហែង​នាបច្ចុប្បន្ន និង​អនាគត។

    ការលក់​អាវុធ​ខាងលើ​ក៏ត្រូវ​បាន​ជូនដំណឹង​ដល់​សភា​អាម៉េរិក ជាទី​ដែល​ស្ថាប័ន​នេះ​មាន​ពេលវេលា 30 ថ្ងៃ ដើម្បី​ធ្វើការ​សម្រេចចិត្តថា ត្រូវ​យល់ព្រម​ឱ្យ​លក់ ឬ​បដិសេធ។ បើសិន​ទទួលបាន​ការយល់ព្រម​ពីស​ភា ការលក់​អាវុធ​នេះ​នឹងត្រូវ​បញ្ជូន​ឡើងទៅ​កាន់​ប្រធានាធិបតី ចូ បៃ​ដិ​ន ដើម្បី​ចុះហត្ថលេខា​ចុងក្រោយ។

    បុគ្គលិក​យោធាអាម៉េរិក កំពុង​ដំឡើង​មីស៊ីល AMRAAM

    AIM-120 AMRAAM គឺជា​មី​ស៊ី​លម្ចាស់​ការ​ដែល​​នាំ​ផ្លូវ​ដោយ​រ៉ា​ដា​ អាចធ្វើ​សកម្មភាព​នៅក្នុង​លក្ខខណ្ឌ​អាកាសធាតុខុសៗគ្នា។ ក្បាល​រ៉ា​ដា​បំពាក់​បច្ចេកវិទ្យា​ម្ចាស់ការ អនុញ្ញាតឱ្យ​មី​ស៊ី​ល​អនុវត្ត​គោលការណ៍ «បាញ់ ហើយ​ភ្លេច» ដែល​ជួយ​ឱ្យ​យន្តហោះ​មិនចាំបាច់​ចុច​តម្រង់​គោលដៅ​ជា​បន្តបន្ទាប់ និង​គេច​ផុតពី​ការបាញ់​តបត​​ពី​​សត្រូវ​។

    កំណែ​ដើម AIM-120A អាច​បាញ់​បាន​ចម្ងាយ 50 គីឡូម៉ែត្រ គ្រា​ដែល​កំណែ AIM-120C-8 របស់​ AMRAAM  អាច​បាញ់​ចំ​គោលដៅ​ពី​ចម្ងាយ 180 គីឡូម៉ែត្រ។

    ក្រុមហ៊ុន​ការពារជាតិ Raytheon ឱ្យដឹងថា មី​ស៊ី​ល AMRAAM កំពុង​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង​ជួរ​កងទ័ព​អាម៉េរិក និង​ប្រទេស​ជិត 40 ក្នុង​ពិភពលោក៕

  • អាយុ 99 ឆ្នាំ តែ​សុខភាព​មាំមួន​ដូច​អាយុ 40 ដោយ​សារ​តែ​ខ្ញី

    អាយុ 99 ឆ្នាំ តែ​សុខភាព​មាំមួន​ដូច​អាយុ 40 ដោយ​សារ​តែ​ខ្ញី

    (ប្រទេស​ចិន) – ដោយសារតែ​ទម្លាប់​ទទួលទាន​ខ្ញី​ត្រាំ​ទឹកខ្មេះ​បី​ចំណិត​ជា​រៀងរាល់ថ្ងៃ វេជ្ជបណ្ឌិត Lu Zhizheng មាន​សុខភាព​មាំមួន​ដូច​ទៅនឹង​បុរស​វ័យ​កណ្ដាល បើ​ទោះ​គាត់​មាន​អាយុ 99 ឆ្នាំ​ហើយក៏​ដោយ។

    ក្នុង​វ័យ​ជិត 100 ទៅហើយ ប៉ុន្តែ​វេជ្ជបណ្ឌិត​ផ្នែក​ឱសថ​បុរាណ Lu Zhizheng នៅមាន​រាងកាយ​មាំមួន សុខភាព​ល្អ ការចងចាំ​ល្អ​ជាង​មនុស្ស​ចាប់ពី​វ័យ 60 ទៅ 70 ឆ្នាំ​ទៅទៀត។ នៅពេល​ត្រូវបាន​សួរ​អំពី​អាថ៌កំបាំង​ដែល​បាន​ជួយ​ឱ្យ​គាត់​មាន​សុខ​ភាពល្អ​បែបនេះ វេជ្ជបណ្ឌិត Lu ប្រាប់ថា ដោយសារតែ​គ្រឿងទេស​​ពីរ​ប្រភេទ​ដែលមាន​តម្លៃ​ទាប និង​តែង​ត្រូវបាន​ប្រើប្រាស់​ក្នុង​គ្រួសារ នោះ​គឺ​ខ្ញី និង​ទឹកខ្មេះ។

    វេជ្ជបណ្ឌិត Lu ឱ្យដឹងថា ក្នុង​រយៈពេល​ប្រហែល​ពី 20 ទៅ 30 ឆ្នាំកន្លង គាត់​តែងតែ​បរិភោគ​ខ្ញី​ត្រាំ​ទឹកខ្មេះ​ចំនួន​បី​ចំណិត​ជា​រៀងរាល់​ព្រឹក។ គាត់​ប្រាប់ថា វិធី​នេះ​ជួយ​កាត់បន្ថយ​អាការ​ទល់ខ្យល់ ពិបាក​រំលាយ​អាហារ​ចំពោះ​មនុស្ស​ដែលមាន​ការងារ​មមាញឹក និង​មាន​របប​អាហារ​មិន​ត្រឹមត្រូវ។ ក្រៅពីនេះ ខ្ញី​ក៏​ជួយ​កម្ដៅ​ក្រពះ និង​កាត់បន្ថយ​បញ្ហា​ផ្ដាសាយ​ផងដែរ។

    ដើម្បី​បញ្ជាក់​អំពី​ប្រសិទ្ធភាព​របស់​ខ្ញី​ត្រាំ​ទឹកខ្មេះ លោក Lu ក៏បាន​ប្រកាស​បង្ហាញ​ល​ទ្ធ​ផល​នៃ​ការពិនិត្យ​សុខ​ភាពជា​ទៀត​ទាត់​របស់គាត់។ លទ្ធផល​បង្ហាញថា សរសៃឈាម​របស់គាត់​ល្អ ប្រហាក់ប្រហែល​នឹង​មនុស្ស​វ័យ​កណ្ដាល។ រាងកាយ​អាយុ 90 ឆ្នាំ ប៉ុន្តែ​បេះដូង​នៅក្នុង​វ័យ 40 ឆ្នាំ។

    វិធី​ធ្វើ​ខ្ញី​ត្រាំ​ទឹកខ្មេះ​របស់​វេជ្ជបណ្ឌិត Lu មាន​ដូចតទៅ៖ យក​ខ្ញី​​ខ្ចី លាង​ឱ្យ​ស្អាត ទុកឱ្យ​ស្ងួត ចិត​ជា​ចំណិត រួច​រោយ​អំបិល​បន្តិច ហើយ​ផ្អាប់​ទុក 12 ម៉ោង។ បន្ទាប់មក យក​ចំណិត​ខ្ញី​ទាំងនេះ​ទៅក្នុង​ក្រឡ ចាក់ទឹក​ខ្មេះ​ពីលើ​បន្តិច រួច​គ្រប​ឱ្យ​ជិត ទុក​ពី 4 ទៅ 5 ថ្ងៃ មុនពេល​បរិភោគ។ គាត់​ថា ល្អ​បំផុត​គឺ​ប្រើប្រាស់​ទឹកខ្មេះ​ធ្វើ​ពី​អង្ករ និង​លាយ​ជាមួយ​ទឹក នៅក្នុង​ការ​ត្រាំ​ខ្ញី​នេះ។

    ការទទួល​ទាន​ខ្ញី​ត្រាំ​ទឹកខ្មេះ​ ឬ​ហៅ​ថា​ខ្ញី​ជ្រក់​ទឹក​ខ្មេះ​ ក៏​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម ជួយ​ព្យាបាល​ជំងឺ​លើស​ខ្លាញ់​អាក្រក់​ទៀតផង៕

  • អាម៉េរិក​ជិត​ផ្ដល់​​ជំនួយ​បន្ថែម​ ​តម្លៃ​ជាង​មួយ​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    អាម៉េរិក​ជិត​ផ្ដល់​​ជំនួយ​បន្ថែម​ ​តម្លៃ​ជាង​មួយ​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    មន្ត្រី​អាម៉េរិក​ពីររូប​បានឱ្យដឹងថា ប្រទេស​នេះ​ជិត​ប្រកាស​អំពី​កញ្ចប់​ជំនួយ​ផ្នែក​យោធា​ថ្មី​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ដែលមាន​តម្លៃ 1.3 ពាន់​លាន​ដុល្លារ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

    កញ្ចប់​ជំនួយ​ថ្មី​នេះ​នឹងមាន​ទាំង​អាវុធ​ការពារ​ដែនអាកាស ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV), UAV អត្តឃាត និង​គ្រាប់កាំភ្លើង​ផងដែរ។ នេះ​បើតាម​ការ​បង្ហើប​ឱ្យដឹងកាលពី​ថ្ងៃទី 17 កក្កដា ពី​មន្ត្រី​អាម៉េរិក​មួយរូប ក្នុងចំណោម​ពីររូប​ខាងលើ។

    អាវុធ​ទាំងនេះ​នឹងត្រូវ​បាន​ទិញ​ដោយ​ការប្រើប្រាស់​ថវិកា​ក្នុង​កម្មវិធី​ផ្ដួចផ្ដើម​ជំនួយ​សម្រាប់​អ៊ុយ​ក្រែ​ន (USAI) ដែល​អនុញ្ញាតឱ្យ​លោក បៃ​ដិ​ន ទិញ​ទំនិញ​ពី​បណ្ដា​ក្រុមហ៊ុន​ការពារជាតិ ជំនួស​ឱ្យ​ការដក​ពី​ឃ្លាំង​កងទ័ព។

    សហរដ្ឋ​អាម៉េរិក​គឺជា​ប្រទេស​ដែល​ផ្ដល់ជំនួយ​ផ្នែក​យោធា​ច្រើនជាងគេ​សម្រាប់​ទីក្រុង​កៀវ បន្ទាប់ពី​អ៊ុយ​ក្រែ​ន​ត្រូវបាន​កងទ័ព​រុស្ស៊ី​ចូល​ឈ្លានពាន​ចាប់ពី​ខែកុម្ភៈ 2022 រហូត​ដល់​បច្ចុប្បន្ន។

  • ចិន​នឹង​បាញ់​បង្ហោះ​យាន​ដឹក​មនុស្ស​អាច​ប្រើ​ឡើងវិញ​បាន​នៅ​ឆ្នាំ 2027

    ចិន​នឹង​បាញ់​បង្ហោះ​យាន​ដឹក​មនុស្ស​អាច​ប្រើ​ឡើងវិញ​បាន​នៅ​ឆ្នាំ 2027

    យានអវកាស​ដឹក​មនុ​ស្ស​ថ្មី​របស់​ប្រទេស​ចិន អាចដាក់​មនុស្ស​បាន 7 នាក់ ហើយ​គ្រឿងសំខាន់ៗរបស់​យាន​នេះ អាច​ត្រូវបាន​ប្រើប្រាស់​ឡើងវិញ​បាន​រហូតដល់ 10 ដង។

    Yang Liwei ដែលជា​អនុប្រធាន​កម្មវិធី​អវកាស​មាន​មនុស្ស​បើកបរ របស់​ទីភ្នាក់ងារ​អវកាស​ចិន បានឱ្យដឹងថា យានអវកាស​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​ដំបូង​គេ​របស់​ប្រទេស​ចិន នឹងត្រូវ​បាន​បាញ់​បង្ហោះ​យ៉ាង​ឆាប់​ត្រឹម​ឆ្នាំ 2027។ កាលពី​ថ្ងៃទី 17 កក្កដា 2023 លោក Yang បានឱ្យដឹងថា យាន​ថ្មី​នេះ​អាច​ដឹក​មនុ​ស្សបាន 7 នាក់។ ប្រការ​នោះ​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​សាងសង់​ស្ថានីយ​អវកាស​ចិន និង​បេសកកម្ម​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។

    យាន​គំរូ​ដែលមាន​ទំហំ​តាម​ខ្នាត​ផ្លូវការ​មួយគ្រឿង​របស់​ស្ថាប័ន​ខាងលើ បានបញ្ចប់​ដោយ​ជោគជ័យ​នូវ​ជើងហោះហើរ​​សាក​ល្បង​​រយៈ​ពេល 67 ម៉ោង និង​ប្រើប្រាស់​រ៉ុក្កែត Long March 5 កាលពី​ឆ្នាំ 2020។

    តាម​ទ្រឹស្ដី យ៉ាងហោចណាស់ បណ្ដា​គ្រឿងសំខាន់ៗរបស់​យានអវកាស​នេះ អាច​ប្រើប្រាស់​ឡើងវិញ​បាន 10 ដង ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​បាន​ច្រើន។

    យានអវកាស​ថ្មី​ខាងលើ​របស់​ប្រទេស​ចិន អាច​បៀ​ប​ស្មើ​ទៅនឹង​បណ្ដា​យានអវកាស​ជំនាន់​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក ដែលមាន​ដូចជា យាន Dragon V2 របស់ SpaceX និង CST-100 Starliner របស់ Boeing ជាដើម៕

  • ស្ថានីយ​ថាមពលព្រះអាទិត្យ​អាច​បាញ់​បញ្ជូន​អគ្គិសនី​ទៅឱ្យ​ឋាន​ព្រះ​ចន្ទ

    ស្ថានីយ​ថាមពលព្រះអាទិត្យ​អាច​បាញ់​បញ្ជូន​អគ្គិសនី​ទៅឱ្យ​ឋាន​ព្រះ​ចន្ទ

    ក្រុម​វិស្វករ​របស់​ប្រទេស​ស្វ៊ី​ស កំពុង​រៀប​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ពី​កម្ដៅ​ព្រះអាទិត្យ​ដែល​អាច​ផ្គត់ផ្គង់​អគ្គិសនី​ជា​បន្តបន្ទាប់​ទៅឱ្យ​មូលដ្ឋាន​នៅលើ​ឋាន​ព្រះ​ចន្ទ ក្នុង​ទម្រង់​រលក​មីក្រូ​វ៉េវ។

    ក្រុម​វិស្វករ​នៅក្នុង​ក្រុមហ៊ុន​ហ៊ុន​ស្វ៊ី​ស Astrostrom បានបង្ហាញ​សេចក្ដីលំអិត​អំពី​ស្ថានីយ​អគ្គិសនី​ព្រះ​ចន្ទ – ផែនដី​ខ្នាត​ធំ (GE⊕-LPS)។ ស្ថានីយ​នេះ​រួមមាន​ផ្ទាំង​សូ​ឡា​រាង​អក្សរ V ជាច្រើន​ផ្ទាំង ត្រូវបាន​រៀប​ជា​រាងគូទខ្យង​នៅក្នុង​ផ្ទៃក្រឡា​មួយ​គីឡូ​ម៉ែត្រការ៉េ ដែល​អាច​បាញ់​បញ្ជូន​ថាមពល​ឡើងដល់ 23 ម៉េ​ហ្គា​វ៉ា​ត់ (MW) ទៅកាន់​មូលដ្ឋាន​របស់​មនុស្ស​នៅលើ​ផ្ទៃ​របស់​ឋាន​ព្រះ​ចន្ទ។

    យោងតាម​ការស្រាវជ្រាវ​របស់​ក្រុម​វិស្វករ​ខាងលើ ទាំង​ស្ថានីយ GE⊕-LPS ទាំង​ផ្ទាំង​សូ​ឡា អាច​ត្រូវបាន​ផលិតឡើង​ដោយ​ប្រើប្រាស់​វត្ថុ​ធាតុ​ដែលមាន​នៅលើ​ឋាន​ព្រះ​ចន្ទ។

    ស្ថានីយ​ផលិត​អគ្គិសនី​នឹងត្រូវ​បាន​បង្កើតឡើង​សម្រាប់​អ្នកស្នាក់នៅ​យូរអង្វែង ហើយ​ស្ថិតនៅក្នុង​តំបន់ Lagrange ត្រង់​ចន្លោះ​ផែនដី និង​ព្រះ​ចន្ទ ក្នុង​រយៈកម្ពស់ 61,350 គីឡូម៉ែត្រ​ពី​ផ្ទៃ​ព្រះ​ចន្ទ។

    «នៅពេល​គម្រោង​ដូច GE⊕-LPS បានបញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​ដំណើរ​ការផលិត និង​ដំឡើង​ផ្កាយរណប​ថាមពលព្រះអាទិត្យ យើង​នឹង​អាច​បង្កើន​វិសាលភាព​ក្នុង​ការផលិត​ផ្កាយរណប​ថាមពលព្រះអាទិត្យ​ពី​វត្ថុ​ធាតុ​ដែលមាន​នៅលើ​ឋាន​ព្រះ​ចន្ទ ដើម្បី​ផ្គត់ផ្គង់​ដល់​ភពផែនដី» Sanjay Vijendran ប្រធាន​គម្រោង​ស្រាវជ្រាវ​ថាមពលព្រះអាទិត្យ​ក្នុង​ទី​អវកាស SOLARIS របស់​អង្គការ ESA ឱ្យដឹង​ដូច្នេះ៕

  • យានអវកាស​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ប្រទេស​ចិន មាន​ទម្ងន់​ជាង 20 តោន

    យានអវកាស​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ប្រទេស​ចិន មាន​ទម្ងន់​ជាង 20 តោន

    ស្ថានីយ​ចុះចត ឬ​យានអវកាស​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ប្រទេស​ចិន នឹងមាន​ទម្ងន់​ប្រហែល 26 តោន ដោយ​រួមមាន ម៉ូឌុល​ព្រះ​ចន្ទ​ចំនួន​មួយគ្រឿង និង​ម៉ូឌុល​រុញច្រាន​មួយគ្រឿង។

    យោងតាម​មន្ត្រី​នៅ​ទីភ្នាក់ងារ​អវកាស​ចិន យាន​ចុះចត​នេះ​អាច​នាំ​អ្នក​អវកាស​ពីររូប ចុះចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ដោយ​សុវត្ថិភាព។ ម៉ូឌុល​ព្រះ​ចន្ទ​គឺជា​បន្ទប់​ដឹក​មនុស្ស ខណៈដែល​ម៉ូឌុល​រុញច្រាន​គឺជា​កំណាត់​ដែល​ជួយ​ទប់​មិនឱ្យ​យាន​ធ្លាក់ចុះ​លឿន​ពេក ក្នុងពេល​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។

    ស្ថានីយ​ចុះចត​របស់​ចិន ប្រើប្រាស់​រចនា​រូបរាង​ដែលមាន​លក្ខណៈ​ស្រាល និង​មាន​បំពាក់​មុខងារ​រក្សា​ថាមពល​បម្រុង​ផងដែរ ហើយក៏​មានលទ្ធភាព​ហោះហើរ​ដោយ​ស្វ័យប្រវត្ត។ ស្ថានីយ​នេះ​មាន​តួនាទី​នាំ​អ្នក​អវកាស​ពី​គន្លង​តារាវិថី​ព្រះ​ចន្ទ ចុះចត​លើ​ផ្ទៃ​របស់​វា ហើយ​ក្រោយមក ហោះ​ឡើងមក​កាន់​គន្លង​តារាវិថី​ព្រះ​ចន្ទ​វិញ មុននឹង​ក្រុម​អវកាស​ចរ ជិះ​យានអវកាស​ហោះ​ត្រឡប់​មកកាន់​ផែនដី។

  • យន្តហោះ​មួយ​គ្រឿង​ ​ជ្រុល​ទៅបុក​ឃ្លាំង បណ្ដាលឱ្យ​មនុស្ស​​ជាង​ដប់​នាក់​​ស្លាប់ និង​រង​របួស​

    យន្តហោះ​មួយ​គ្រឿង​ ​ជ្រុល​ទៅបុក​ឃ្លាំង បណ្ដាលឱ្យ​មនុស្ស​​ជាង​ដប់​នាក់​​ស្លាប់ និង​រង​របួស​

    (ប៉ូឡូញ) – យន្តហោះ Cessna 208 មួយ​គ្រឿង​ បាន​ជ្រុល​ចង្កូត​ទៅបុក​នឹង​រោង​ដាក់​យន្តហោះ​នៅក្បែរ​រដ្ឋធានី​វ៉ា​សូវី បណ្ដាលឱ្យ​មនុស្ស​ចំនួន 5 នាក់​បាត់​បង់ជីវិត និង 8 នាក់​ផ្សេងទៀត​រងរបួស។

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​ថ្ងៃទី 17 កក្កដា នៅឯ​ព្រលានយន្តហោះ​ក្បែរ​ភូមិ Chrcynno ដែល​មាន​ចម្ងាយ​ពី​រដ្ឋធានី​វ៉ា​សូវី​ប្រហែល 45 គីឡូម៉ែត្រ​ទៅ​ទិស​ពាយព្យ នៅពេល​យន្តហោះ Cessna 208 ជ្រុល​ទៅបុក​ឃ្លាំង​ដាក់​យន្តហោះ ជាទី​ដែលមាន​មនុស្ស​ចំនួន 13 នាក់​កំពុង​ជ្រក​ព្យុះភ្លៀង។

    យោងតាម​ក្រុមមន្ត្រី​ប៉ូឡូញ ជនរងគ្រោះ 5 នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ខាងលើ រួមមាន អ្នកបើកបរ​យន្តហោះ Cessna 208 ម្នាក់ និង 4 នាក់​ទៀត​ដែល​កំពុង​ជ្រក​ភ្លៀង។ ក្នុងចំណោម​មនុស្ស 8 នាក់​រងរបួស ក៏មាន​ក្មេង​ម្នាក់​ផងដែរ។

    សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​គ្រោះថ្នាក់ ខណៈ​ក្រុម​ពន្លត់​អគ្គិភ័យ និង​ក្រុម​ជំនួយ​កំពុង​បន្ត​ស្វែងរក​ជនរងគ្រោះ។

    Cessna 208 Caravan គឺជា​ស៊េរី​យន្តហោះ​ពហុមុខ​ងារ ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន Cessna របស់​សហរដ្ឋ​អាម៉េរិក។ Cessna 208 Caravan ចំនួន​ប្រហែល 3,000 គ្រឿង​ត្រូវបាន​ផលិត និង​តែងតែ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការហ្វឹកហាត់ ការ​ដឹក​អ្នកដំណើរ និង​ចូលរួម​ធ្វើ​សកម្មភាព​មនុស្ស​ធ៌។ យន្តហោះ​នេះ​អាចមាន​ពី​ឡុ​តម្នាក់ ឬ​ពីរ​នាក់ និង​អាច​ដឹក​មនុស្ស​បាន​ពី 9 ទៅ 13 នាក់។ Cessna 208 Caravan អាច​​ហោះ​ហើរ​​​ក្នុង​ល្បឿន​អតិបរមា 344 គីឡូម៉ែត្រ/ម៉ោង ហើយ​អាច​ហោះ​បាន​ចម្ងាយ 1,980 គីឡូម៉ែត្រ៕