Tag: ប្រសូត

  • តើក្នុងអំឡុងអាយុប៉ុន្មាន ទើបស័ក្តិសមនឹងការមានបុត្រខ្លាំងបំផុត?

    តើក្នុងអំឡុងអាយុប៉ុន្មាន ទើបស័ក្តិសមនឹងការមានបុត្រខ្លាំងបំផុត?

    ដោយយុគសម័យដែលផ្លាស់ប្ដូរ និងតិចណូឡូជីខាងវេជ្ជសាស្រ្តកាន់តែឈានទៅមុខនោះ បានធ្វើឱ្យគូស្នេហ៍ជាច្រើនគូកាន់តែក្ររៀបការ ខុសពីសម័យមុនដែលក្រោយពីរៀនចប់បានតែប៉ុន្មានឆ្នាំក៏នាំគ្នាមានគ្រួសារអស់ទៅហើយ តែមនុស្សនាពេលបច្ចុប្បន្ននេះភាគច្រើនៗតែរង់ចាំឱ្យមានភាពសម្បូរបែបគ្រប់ផ្នែកជាមុនសិន ទើបសម្រេចចិត្តរៀបការ និងមានបុត្រ។

    យ៉ាងណាក៏ដោយ លទ្ធផលនៃការសិក្សាស្រាវជ្រាវពី Royal College of Obstetrics and Gynecology ក្នុងប្រទេសអង់គ្លេសបានរកឃើញថា អំឡុងអាយុដែលស័ក្តិសមក្នុងការមានបុត្រខ្លាំងបំផុតគឺ 20 – 35ឆ្នាំ ព្រោះឱកាសប្រថុយនឹងការរលូតមានតិចតួចបំផុត និងថែមទាំងងាយស្រួលប្រសូតដោយមិនចាំបាច់ពឹងលើការវះប្រសូតដែលត្រូវការពេលវេលាសម្រាកព្យាបាលយូរជាងទៀតផង។

    ក្រៅពីនេះ ក្នុងអំឡុងអាយុខាងលើនៅអាចទប់ទល់នឹងសភាវគេងមិនលក់ ឬគេងមិនឆ្អែតបានល្អជាងអំឡុងអាយុដែលច្រើនជាងនេះពេលដែលត្រូវភ្ញាក់ឡើងមកមើលកូនតូចនៅពេលយប់ព្រលប់ទៀតផង ក្នុងពេលជាមួយគ្នា ការមានបុត្រក្នុងអំឡុងអាយុ 20 – 35ឆ្នាំនេះថែមទាំងរឹងប៉ឹង និងមានកម្លាំងថាមពលខ្លាំងគ្រប់គ្រាន់ក្នុងការរួមធ្វើកិច្ចការងារជាមួយកូនៗក្នុងពេលលេងកីឡានៅពេលដែលពួកគេធំឡើងបានយ៉ាងរីករាយទៀតផង។

    យ៉ាងណាក៏ដោយ លទ្ធផលនៃការស្រាវជ្រាវពីមហាវិទ្យាល័យ Aarhus University ក្នុងប្រទេសដាណឺម៉ាក បានរកឃើញថា អំឡុងអាយុដែលស័ក្តិសមក្នុងការអប់រំចិញ្ចឹមមើលថែកូន គួរតែស្ថិតក្នុងអំឡុងអាយុ 33ឆ្នាំឡើងទៅ ព្រោះស្រ្តីជាម្ដាយនឹងមានវុឌ្ឍិភាពច្រើនគ្រប់គ្រាន់ក្នុងការអប់រំ និងទប់ទល់ជាមួយទង្វើរបស់កូនបាន។ ដោយសារតែក្មេងដែលមានអាយុចន្លោះ 7 – 11ឆ្នាំ ជាអំឡុងពេលដែលពិបាកចិញ្ចឹមមើលថែខ្លាំងបំផុត ដូច្នេះអ្នកម្ដាយដែលមានអាយុច្រើនឡើងបន្តិច នឹងមានភាពអំណត់អត់ធន់ និងចេះអត់ឱនអភ័យឱ្យកូនៗរបស់ខ្លួនបានខ្លាំងជាង ដោយលទ្ធផលនៃការវិភាគបានរកឃើញថា ពួកគាត់ច្រើនតែចៀសវាងពីការដាក់ទោសកូនៗដោយការវាយ ឬប្រើកម្លាំងបាយ៕

  • អ្នកម្ដាយកំពុងបំបៅដោះកូន គួរអានជាបន្ទាន់ មុននឹងចង់សម្រករាងដោយថ្នាំបញ្ចុះទម្ងន់!

    អ្នកម្ដាយកំពុងបំបៅដោះកូន គួរអានជាបន្ទាន់ មុននឹងចង់សម្រករាងដោយថ្នាំបញ្ចុះទម្ងន់!

    បន្ទាប់ពីសភាវប្រសូតបុត្រកន្លងផុតទៅយ៉ាងល្អប្រសើរហើយនោះ បញ្ហាដែលអ្នកម្ដាយច្រើនតែកង្វល់ចិត្តជាពិសេសប្រហែលៗនឹងការចិញ្ចឹមកូនដែរនោះ គឺរឿងរូបរាងរបស់ខ្លួន រឹតតែបើអ្នកម្ដាយណាពូកែញ៉ាំក្នុងអំឡុងពេលតាំងគភ៌ផងនោះ គឺរឹតតែមានឱកាសក្នុងការកើតដុំខ្លាញ់នៅតាមផ្នែកផ្សេងៗរបស់រាងកាយដែលនៅសេសសល់ក្រោយពីការប្រសូតបុត្រ ដែលនាំឱ្យមិនគួរចង់មើលទាល់តែសោះ តែក៏មិនដឹងថានឹងសម្រកទម្ងន់ក្រោយពេលប្រសូតនេះយ៉ាងណាដែរ។ ញ៉ាំថ្នាំសម្រកទម្ងន់ តើល្អដែរទេ? តើញ៉ាំហើយនឹងហុចផលយ៉ាងណាខ្លះទៅ?។ ថ្ងៃនេះ ឡារ៉ែនសូមលើកយករឿងរ៉ាវរបស់ការបញ្ចុះទម្ងន់ក្រោយពេលប្រសូតដែលទទួលបានផលល្អបំផុត និងមិនមានគ្រោះថ្នាក់ មកជម្រាបជូនដូចតទៅ។

    ហេតុអ្វីបានមិនគួរញ៉ាំថ្នាំបញ្ចុះទម្ងន់ក្រោយពេលប្រសូត?

    ត្រូវនាំគ្នាទទួលស្គាល់បែបពិតប្រាកដឱ្យបានជាមុនសិនថា អ្នកម្ដាយថ្មោងថ្មី(មានកូនដំបូង)ប្រហែលជាមានអារម្មណ៍មិនចូលចិត្តរូបរាងរបស់ខ្លួនក្រោយពេលប្រសូតបុត្រហើយប៉ុន្មានទេ។ អ្នកខ្លះក៏ខ្លាចថា ប្ដីនឹងលែងស្រឡាញ់ ហើយលួចទៅមានស្រីថ្មី(អ័រម៉ូនកង្វល់នៅតែប្រែប្រួលឥតឈប់ឈរ) ទើបជាហេតុធ្វើឱ្យលបលួចទៅទិញថ្នាំបញ្ចុះទម្ងន់សម្រករាងមកទទួលទាន ដើម្បីឱ្យមានរូបរាងស្វែលស្អាតដូចកាលពីមុនពេលមានគភ៌ជាថ្មីម្ដងទៀត។ តែពេលញ៉ាំចូលទៅហើយ ភាគច្រើននឹងមានអារម្មណ៍ថា ញ័រដើមទ្រូង វិលមុខ គេងមិនលក់ អ្នកខ្លះអាចដល់ថ្នាក់គាំងបាត់ស្មារតីតែម្ដងក៏មាន។ បើសិនមានការបំបៅដោះកូនដោយខ្លួនឯងផងនោះ ក៏មានឱកាសដែលឥទ្ធិពលថ្នាំប្រភេទខ្លះនឹងទៅប៉ះពាល់ដល់ទារកដូចគ្នា និងអាចហុចផលឱ្យកើតមានភាពខុសប្រក្រតីនៅលើកូនតូចបានទៀតផង។ ដូច្នេះទើបមិនគួរទិញថ្នាំសម្រករាង ឬថ្នាំបញ្ចុះទម្ងន់មកទទួលទានដោយខ្លួនឯងជាដាច់ខាត មិនថាមានសេចក្ដីត្រូវការក្នុងការបញ្ចុះទម្ងន់ក្រោយពេលប្រសូតខ្លាំងប៉ុនណាក៏ដោយ។

    វិធីបញ្ចុះទម្ងន់ក្រោយពេលប្រសូតយ៉ាងមានសុវត្ថិភាព និងទទួលបានលទ្ធផលល្អ

    1 . បំបៅដោះកូន ៈ គឺជាវិធីដែលងាយបំផុត និងល្អបំផុតទាំងចំពោះខ្លួនអ្នកម្ដាយ និងកូនតូច។ ហេតុដែលការបំបៅដោះកូនអាចបញ្ចុះទម្ងន់បាននោះ គឺដោយសារតែក្នុងដំណាក់កាលការសាងទឹកដោះនឹងមានការទាញយកជាតិខ្លាញ់ក្នុងផ្នែកផ្សេងៗរបស់រាងកាយម្ដាយមកប្រើធ្វើជាចំណែកផ្សំចម្បង ទើបធ្វើឱ្យទម្ងន់ខ្លួនរបស់ម្ដាយអាចស្រកចុះបានយ៉ាងមើលឃើញច្បាស់តែម្ដង។ ចំណែកឯកូនតូចវិញក៏នឹងបានទទួលប្រយោជន៍ក្នុងរឿងរបស់សារធាតុអាហារ និងភាពប្រឆាំងជំងឺរបស់រាងកាយផងដែរ។

    2 . ហាត់ប្រាណ ៈ គ្មានវិធីណាដែលនឹងជួយបញ្ចុះទម្ងន់បានល្អស្មើនឹងការហាត់ប្រាណទៀតទេ។ ទោះជាទើបតែប្រសូតបុត្រ និងរាងកាយនៅមិនទាន់សូវស្រួលបួលប៉ុន្មានក៏ដោយ ក៏អាចចាប់ផ្ដើមដោយការហាត់ប្រាណតិចៗ ស្រាលៗសិនបាន ដូចជា ធ្វើការងារផ្ទះ ការដើរហាត់ប្រាណ និងហ្វឹកយ៉ូហ្កា ជាដើម។

    3 . ចៀសវាងអាហារដែលមានខ្លាញ់ និងអាហារដែលគ្មានប្រយោជន៍ ៈ អ្នកម្ដាយមួយចំនួន នៅពេលប្រសូតបុត្រហើយ ក៏ប្រញាប់ទទួលទានអាហារច្រើនៗប្រភេទដែលខ្លួនចង់ញ៉ាំដោយមិនបានចាប់អារម្មណ៍ពីបរិមាណជាតិខ្លាញ់ និងកាឡូរីដែលខ្លួនបានទទួលឡើយ ទើបមិនមែនជារឿងប្លែកឡើយដែលទម្ងន់ខ្លួនមិនព្រមស្រកចុះនោះ។

    អ្នកម្ដាយថ្មោងថ្មីដែលកំពុងស្វែងរកវិធីបញ្ចុះទម្ងន់ខ្លួនក្រោយពេលប្រសូតបុត្ររួច ក៏អាចនាំយកវិធីផ្សេងៗដែលឡារ៉ែនបានណែនាំខាងលើទៅប្រើបានភ្លាមតែម្ដង។ ហាមទិញថ្នាំបញ្ចុះទម្ងន់(ភាពធាត់)មកទទួលទានដោយខ្លួនឯងជាដាច់ខាត ព្រោះអាចហុចផលឱ្យកើតមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ទាំងអ្នកម្ដាយខ្លួនឯង និងកូនតូចបាន៕

  • បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

    បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

    ពិបាកចិត្តណាស់ កូនសម្លាញ់អត់ជុះច្រើនថ្ងៃមកហើយ តើកូនតូចកើតអីទៅ? តើមានវិធីណាធ្វើឱ្យកូនត្រឡប់មកបន្ទោបង់ដូចប្រក្រតីឡើងវិញខ្លះ សូមអ្នកម្ដាយថ្មោងថ្មីទាំងឡាយតាមដានដូចតទៅ។

    ទារកតាំងពីកើតដំបូង នឹងមានវិវឌ្ឍនាការ និងការរីកចម្រើនធំធាត់ក្នុងផ្នែកផ្សេងៗរបស់រាងកាយជារៀងរាល់ថ្ងៃ មិនថាតែប្រព័ន្ធខួរក្បាល និងសរសៃប្រសាទ ប្រព័ន្ធឆ្អឹង និងសាច់ដុំ រួមទាំងប្រព័ន្ធបន្ទោបង់ក៏មានការប្រែប្រួល និងភាពខុសប្លែកគ្នាទៅតាមអំឡុងវ័យនីមួយៗ រួមទៅដល់បច្ច័យផ្សេងៗ ដូចជាសារធាតុអាហារដែលបានទទួលក៏ហុចផលដល់ប្រព័ន្ធផ្សេងៗរបស់រាងកាយដូចគ្នា។ ឧទាហរណ៍ ដូចជា ទារកដែលបោះទឹកដោះម្ដាយនឹងជួយឱ្យបន្ទោបង់បានស្រួល ជុះញឹកញាប់ តែបើថ្ងៃណាដែលកូនតូចមិនបន្ទោបង់ដូចប្រក្រតីវិញនោះ លោកឪពុកអ្នកម្ដាយក៏មិនបាច់កង្វល់អ្វីដែរ ព្រោះការពិតទៅ ទាំងអស់នេះគឺជាធម្មជាតិរបស់ប្រព័ន្ធបន្ទោបង់នៅលើក្មេងទារកដែលមានលក្ខណៈដូចតទៅនេះ ៖

    ប្រព័ន្ធបន្ទោបង់របស់ទារក

    នៅលើទារកទើបប្រសូត តាំងពី 1 – 48 ម៉ោង នឹងមានការបន្ទោបង់ទឹកមូត្រ និងលាមកលើកដំបូងបំផុតរបស់ខ្លួនដែលហៅថា លាមកប្រផេះ មានលក្ខណៈពណ៌ខ្មៅលាយខៀវ ម៉ដ្ឋស្អិត ប្រកបដោយល្បាយផ្សេងៗដែលត្រូវរំលាយអំឡុងពេលនៅក្នុងផ្ទៃម្ដាយ ដូចជា កោសិកាជញ្ជាំងពោះវៀនតូច រោមខ្ចី ទឹករំអិល ទឹកភ្លោះ ទឹកប្រមាត់ និងទឹក។ តែបើទារកមិនទាន់ជុះលាមកប្រផេះនេះចេញមកក្នុងអំឡុង 48 ម៉ោងដំបូងនេះទេ គួរប្រញាប់យកទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះអាចកើតអាការខុសប្រក្រតី ដូចជា ពោះវៀនណែនស្ទះជាដើម។

    ទារកនឹងជុះលាមកប្រផេះចេញមកអស់ក្នុងអំឡុងពេល 1 – 3 ថ្ងៃ តែទាំងអស់នេះអាស្រ័យលើការបានទទួលទឹកដោះក្នុងមួយថ្ងៃៗដែរ ដោយក្នុងអំឡុងពេល 1 សប្ដាហ៍ដំបូង ទារកនឹងជុះប្រមាណជា 5 – 12 ដងក្នុងមួយថ្ងៃ អាស្រ័យលើការឱ្យបៅ។ តែនៅពេលកូនអាយុ 1 ខែឡើងទៅ ពោះវៀនរបស់ទារកនឹងអភិវឌ្ឍ និងបឺតជញ្ជក់សារធាតុអាហារបានកាន់តែល្អឡើង និងអាចរំលាយទឹកដោះម្ដាយបានអស់ និងដោយសារតែទឹកដោះម្ដាយគ្មានរបស់សំណល់ និងកាកច្រើន ទើបមិននៅសល់កាកអាហារសម្រាប់បន្ទោបង់ ធ្វើឱ្យកូនលែងសូវជុះ ក្មេងខ្លះអាចយូរច្រើនថ្ងៃ ឬយូរដល់ 2 – 3 សប្ដាហ៍ក៏មាន ដែលអាចនិយាយបានថា ជាអាការប្រក្រតីរបស់ទារក។

    តែយ៉ាងណាក៏ដោយ ទារកដែលបៅដោះម្ដាយក៏មានសិទ្ធិទល់លាមកបានដែរ រួមទៅដល់ទារកដែលប្ដូរពីបៅទឹកដោះម្ដាយមកជាទឹកដោះគៅម្សៅភ្លាមៗ ក៏មានចំណែកធ្វើឱ្យប្រព័ន្ធបន្ទោបង់របស់កូនប្រែប្រួលបានដូចគ្នា។ នោះគឺដោយសារតែនៅក្នុងទឹកដោះគោម្សៅមានអត្រាចំណែករបស់កាបូហាយដ្រេត និងប្រូតេអ៊ីនខ្ពស់ជាងទឹកដោះម្ដាយ ធ្វើឱ្យពិបាករំលាយ និងហុចផលឱ្យកូនទល់លាមកបាន។

    ក្រៅពីនេះការឱ្យញ៉ាំអាហារបន្ថែមមួយចំនួនដែលមិនស័ក្តិសមជាមួយកូន ក៏អាចធ្វើឱ្យកូនទល់លាមកបានដូចគ្នា ទើបឪពុកម្ដាយគួរសង្កត់ធ្ងន់លើអាហារបន្ថែមណាដែលមានជាតិកាកសរសៃខ្ពស់ និងបញ្ចុកឱ្យញ៉ាំជាបណ្ដើរៗ ម្ដងបន្តិចៗដើម្បីឱ្យក្រពះរបស់កូនសម្របខ្លួន។ តែបើកូនតូចមានអាការទល់លាមកខ្លាំង ឬមានអាការទល់លាមកញឹកញាប់ និងលោកឪពុកអ្នកម្ដាយចង់ឱ្យកូនតូចត្រឡប់មកបន្ទោបង់ដូចប្រក្រតីវិញនោះ អាចជួយបានដោយវិធីដូចតទៅនេះ ៖

    វិធីជួយឱ្យកូនបន្ទោបង់ និងបំបាត់អាការទល់លាមក

    – ក្នុងករណីដែលទារកមានអាយុតិចជាង 6 ខែ នៅមិនទាន់អាចញ៉ាំបន្លែ និងផ្លែឈើបាន អ្នកម្ដាយត្រូវជាអ្នកញ៉ាំអាហារដែលមានប្រយោជន៍ ដូចជា បន្លែ និងផ្លែឈើដែលមានជាតិកាកសរសៃ និងជួយបញ្ចេញលាមក ជាពិសេស ល្ហុងទុំ ផ្លែអម្ពិលទុំ ក្រូច ទំពាំងបាយជូរ រួមទាំងញ៉ាំទឹកឱ្យបានច្រើនៗ ព្រោះអាហារទាំងអស់នេះអាចបញ្ជូនតាមរយៈទឹកដោះម្ដាយទៅដល់ទារកបាន ដែលនឹងជួយឱ្យកូនតូចបន្ទោបង់បានប្រក្រតី។

    – បើទារកមានអាយុលើស 6 ខែហើយ ចូរឱ្យញ៉ាំច្រើនៗ រួមទាំងឱ្យញ៉ាំបន្លែផ្លែឈើដែលស័ក្តិសម ដើម្បីជួយជំរុញការបន្ទោបង់។

    – សាកល្បងប្ដូរទឹកដោះគោ ដោយ​យកទឹកដោះគោណាដែលមានរូបមន្តជួយក្នុងរឿងបន្ទោបង់ដល់កូនតូច។

    – ឡារ៉ែនមិនណែនាំឱ្យស៊ុលតាមរន្ធគូទដើម្បីឱ្យកូនតូចបន្ទោបង់នោះទេ ព្រោះការសុលរន្ធគូទជាការរំខានកម្មវិធីការធ្វើការរបស់ពោះវៀនធំឱ្យធ្វើការខុសប្រក្រតី។

    – បើលោកឪពុកអ្នកម្ដាយធ្វើគ្រប់វិធីហើយ តែកូនតូចនៅតែមិនទាន់បន្ទោបង់ចេញមកជាយូរថ្ងៃទៀតនោះ ឡារ៉ែនណែនាំឱ្យទៅប្រឹក្សាគ្រូពេទ្យដើម្បីរកមូលហេតុជាបន្ត។

    ការបន្ទោបង់របស់កូន ជាពិសេសក្នុងអំឡុងវ័យទារករហូតទៅដល់អំឡុងវ័យ 5 ឆ្នាំ ជារឿងដែលលោកឪពុកអ្នកម្ដាយត្រូវតែយកចិត្តទុកដាក់ ព្រោះការបន្ទោបង់អាចបញ្ជាក់ពីសុខភាពរបស់កូនបាន ​ដូច្នេះទើបចាំបាច់ត្រូវតែមើលថែទាំរឿងអាហារការហូបចុក និងសុខភាពរបស់កូនតូចឱ្យល្អជាប់ជានិច្ច តែបើសិនជាសង្កេតឃើញថា កូនមានបញ្ហារឿងការបន្ទោបង់យ៉ាងធ្ងន់ធ្ងរនោះ គួរប្រញាប់ប្រឹក្សាជាមួយគ្រូពេទ្យកុមារដើម្បីវិនិច្ឆ័យរកមូលហេតុយ៉ាងដិតដល់ និងកុំបណ្ដោយទុកយូរ៕

  • ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

    គ្រួសារជាច្រើន(ជាពិសេសគ្រួសារខ្មែរកាត់ចិន)ច្រើនតែមិនសូវបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូនដោយការឱបរឹតប៉ុន្មានឡើយ តែបច្ចុប្បន្ន ឪពុកម្ដាយជំនាន់ថ្មីចាប់ផ្ដើមបង្ហាញពីសេចក្ដីស្រឡាញ់ដែលមានចំពោះកូនដោយការឱបរឹតច្រើនឡើងហើយ។ តើការឧស្សាហ៍ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីកូនស្ថិតក្នុងវ័យទើបនឹងកើត រហូតដល់ពេលគេធំ នឹងហុចផលល្អឱ្យគេធំធាត់ឡើងក្លាយជាមនុស្សបែបណានោះ យើងនាំគ្នាមកមើលពីចម្លើយដូចតទៅ។

    1 . ឱបកូនតាំងពីវិនាទីដំបូងដែលគេបើកភ្នែកមើលពិភពលោក

    ចាប់តាំងពីកូនតូចប្រសូតចេញមកបើកភ្នែកមើលពិភពលោក គេត្រូវជួបនឹងការផ្លាស់ប្ដូរយ៉ាងធំធេងរវាងពិភពដែលគេរស់នៅមក 9 ខែ(នៅក្នុងផ្ទៃម្ដាយ)ជាមួយនឹងពិភពខាងក្រៅដែលទាំងភ្លឺ ទាំងសីតុណ្ហភាពដែលមិនស្ថិតស្ថេរ ឬត្រជាក់ខ្លាំង និងធ្វើឱ្យទារកភ័យខ្លាច ដែលរឿងទាំងអស់នេះហើយជាហេតុផលថា ហេតុអីបានជាទារកដែលកើតមកភ្លាម ស្រែកយំខ្លាំងៗ និងស្ងាត់ទៅវិញនៅពេលបានទទួលភាពកក់ក្ដៅ និងការឱបបីពអំពីអ្នកម្ដាយនោះ។

    ការឱបកូន និងប៉ះពាល់កូនតាំងពីពេលកើតមកភ្លាម ទោះជាកូននៅមិនទាន់ដឹងថា នរណាជាអ្នកឱបរូបគេក៏ដោយ តែការឱបកូនគឺជាការជួយឱ្យទារកមានអារម្មណ៍កក់ក្ដៅសប្បាយ និងមានសុវត្ថិភាព មានភាពនឹងនរក្នុងចិត្តកាន់តែខ្លាំងឡើងបន្ទាប់ពីបានជួបនឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សខណៈពេលប្រសូតរួច។

    2 . ការឱបកូនក្នុងអំឡុង 6 ខែដំបូង

    ក្នុងអំឡុងខែដំបូងៗ ខ្សែសម្ព័នភាពរវាងកូនជាមួយឪពុកម្ដាយនឹងចាប់ផ្ដើមវេញត្បាញចូលគ្នាច្រើនឡើង រឹតតែជាកូនដំបូងផងនោះ លោកឪពុកអ្នកម្ដាយថ្មោងថ្មីជឿចុះថា លោកអ្នកប្រហែលជាត្រេកអរ និងស្រឡាញ់កូនខ្លាំងណាស់ រឿងនេះគឺជារឿងដែលកើតឡើងតាមធម្មជាតិ ជារូបបែបសម្ព័ន្ធភាពខាងអារម្មណ៍រវាងម្ដាយ និងកូន ដែលបើក្មេងបានទទួលសម្ព័ន្ធភាពខាងអារម្មណ៍យ៉ាងល្អតាំងពីពេលកើតមកដំបូង នឹងហុចផលដល់ការអភិវឌ្ឍខាងអារម្មណ៍របស់កូននៅពេលដែលគេធំឡើង។

    ក្មេងដែលមានសម្ព័ន្ធភាពខាងអារម្មណ៍ដែលល្អជាមួយអ្នកម្ដាយតាំងពីពេលកើតដំបូង នៅពេលគេធំឡើង វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់គេនឹងល្អប្រសើរ គេនឹងក្លាយជាក្មេងរួសរាយសប្បាយ និងមានសភាវខាងអារម្មណ៍ដែលកាន់តែល្អឡើង។

    ការឱបរឹតកូនក្នុងអំឡុងពេលកើតមកភ្លាមរហូតដល់ 6 ខែដំបូងនេះ អ្នកម្ដាយនឹងឱបកូនរៀងរាល់ថ្ងៃ មួយថ្ងៃច្រើនៗដងតាមរយៈការបំបៅដោះកូន។ ចូរចងចាំទុកជានិច្ចថា គ្រប់ពេលដែលកូនតូចកំពុងបឺតជញ្ជក់ទឹកដោះចេញពីដើមទ្រូងរបស់អ្នក បើអ្នកនិយាយ និងប៉ះពាល់ខ្លួនប្រាណគេ វានឹងបង្ហាញឱ្យដឹងថា អ្នកស្រឡាញ់គេខ្លាំងប៉ុនណា។ ទារកតូចនឹងបានដឹង និងជ្រួតជ្រាបពីអ្វីទាំងអស់នោះ ហើយខ្សែសម្ព័ន្ធភាពរបស់ម្ដាយ និងកូននឹងរឹតណែនទ្វេឡើង និងហុចផលឱ្យវិវឌ្ឍនាការផ្នែកអារម្មណ៍របស់កូនរឹតតែល្អខ្លាំងឡើងទៀតផង។

    3 . ការឱបកូនក្នុងអំឡុងវ័យ 7 ខែរហូតដល់ 1 ខួបកន្លះ

    ក្នុងអំឡុងពេលដែលកូនអាយុ 7 ខែឡើងទៅ អ្វីគ្រប់យ៉ាងជុំវិញខ្លួនរបស់គេនឹងក្លាយជាកត្តាជំរុញចំណាប់អារម្មណ៍របស់គេបានយ៉ាងល្អ។ កូននឹងព្យាយាមស្រវាចាប់កាន់នេះ ចាប់កាន់នោះគ្រប់យ៉ាងដើម្បីរៀនយល់ដឹងដោយខ្លួនឯង និងប្រាកដណាស់ គេនឹងចាប់ផ្ដើមលេង ញញឹម សើចជាមួយលោកឪពុកអ្នកម្ដាយច្រើនឡើង រឹតតែដល់វ័យដែលគេចាប់ផ្ដើមចេះអង្គុយ ក្រោកឡើងដើរផងនោះ គ្រប់ជំហាននៃវិវឌ្ឍនាការរបស់គេ បើលោកឪពុកអ្នកម្ដាយស្ថិតនៅក្បែរៗគេ ឱបរឹតកូនយ៉ាងជាប់លាប់ ផ្ដល់កម្លាំងចិត្ត និងកោតសរសើរលើភាពចម្រើនទៅមុខរបស់ការរៀនយល់ដឹងរបស់កូនផងនោះ កូននឹងធំធាត់ឡើងក្លាយជាកុមារដែលមានភាពជឿជាក់ក្នុងចិត្ត និងសម្លឹងពិភពលោកក្នុងន័យល្អ ជាក្មេងដែលមានសភាវអារម្មណ៍ដ៏ល្អ។

    ក្មេងដែលបានទទួលការឱបរឹត បានទទួលការស្រឡាញ់យ៉ាងជាប់លាប់ នឹងមានវិវឌ្ឍនាការខាងផ្នែករាងកាយ និងសភាវខាងអារម្មណ៍ល្អប្រសើរជាងក្មេងដេលត្រូវបានចិញ្ចឹមមើលថែដោយអ្នកដទៃ(ដូចជាមេដោះ)ដែលជាញឹកញាប់គេមើលឃើញថា ក្មេងដែលចិញ្ចឹមដោយអ្នកដទៃដែលមិនមែនជាឪពុកម្ដាយច្រើនតែមានសភាវខាងអារម្មណ៍មិនសូវជាល្អប្រសើរប៉ុន្មានឡើយ។

    4 . ការឱបកូនក្រោយអាយុ 1 ឆ្នាំកន្លះ – 3ឆ្នាំ

    បើអ្នកមានទម្លាប់ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីពេលកើតដំបូងមក នៅពេលកូនចូលមកដល់វ័យនេះ គេក៏នៅតែចង់ឱ្យអ្នកឱបរឹត ចង់ឱ្យអ្នកថើបគេដដែល តែបើសិនជាគ្រប់ពេលរហូតមកអ្នកស្ទើរតែមិនដែលធ្លាប់ឱបរឹតគេ មិនដែលថើបគេ ហើយមកចង់ឱបរឹតគេនៅពេលនេះ គេអាចនឹងមិនព្រមឱ្យអ្នកឱបថើបគេឡើយ ដោយសារតែក្មេងក្នុងវ័យនេះនឹងចាប់ផ្ដើមចាប់អារម្មណ៍ពីពិភពខាងក្រៅច្រើនឡើង និងរូបគេក៏មិនធ្លាប់ដែលទទួលបានសម្ព័ន្ធភាពដែលល្អអំពីឪពុកម្ដាយផងនោះ ទើបគេចាប់អារម្មណ៍ពីអ្វីជុំវិញខ្លួនខ្លាំងជាងឪពុកម្ដាយ។ តែបើសិនជាកូនធំធាត់ឡើងមកព្រមជាមួយនឹងសម្ពន្ធភាពដ៏ល្អ ការឱបថើប និងសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះគេវិញនោះ ប្រាកដណាស់ថា គេនឹងក្លាយជាក្មេងដែលមានចំណាប់អារម្មណ៍លើអ្វីជុំវិញខ្លួនដូចគ្នា តែគេនឹងក្លាយជាក្មេងដែលមានភាពជឿជាក់ ព្រោះដឹងថា អ្នកនៅក្បែររូបគេជានិច្ច ទើបកូនធំឡើងក្លាយជាក្មេងដែលមានទស្សនគតិល្អ អារម្មណ៍ល្អ និងមានភាពជឿជាក់លើខ្លួនឯងខ្ពស់។

    នៅពេលកូនមានអាយុ 3ឆ្នាំឡើងទៅ

    ក្រោយពី 3 ឆ្នាំឡើងទៅ ពិភពរបស់គេនឹងលែងមានត្រឹមតែលោកឪពុក និងអ្នកម្ដាយទៀតហើយ គេនឹងជួបរឿងថ្មីៗ មិត្តភ័ក្តិថ្មីៗ សង្គមថ្មីៗ ដែលមនុស្សជាច្រើនតែងតែមើលឃើញថា នៅពេលដែលក្មេងៗមកពីគ្រួសារផ្សេងៗគ្នាមកនៅរួមគ្នាជាក្រុមនោះ ក្មេងខ្លះនឹងអៀនច្រើន និងចូលចិត្តនៅតែឯងៗ ក្មេងខ្លះនឹងរីករាយ រួសរាយសប្បាយ និងហ៊ានបង្ហាញចេញ ខណៈដែលក្មេងខ្លះទៀតនឹងឌឺរឹង ច្រងេងច្រងាង ឬមានអារម្មណ៍ដែលឆេវឆាវមួម៉ៅគ្រប់ពេលវេលា។

    នៅពេលកូនរបស់យើងធំឡើង ការចង់ចូលទៅឱបគេនៅពេលក្រោយ ទាំងកាលពីពេលមុនៗយើងមិនដែលធ្លាប់ឱបរឹតគេ មិនដែលយកចិត្តទុកដាក់លើការឱបផងនោះ វានឹងក្លាយជារឿងដែលពិបាកទៅហើយ។ កូនរបស់យើងអាចនឹងមានអារម្មណ៍ចម្លែក ឬអៀនខ្មាស់នៅពេលត្រូវឪពុកម្ដាយឱប តែបើយើងធ្លាប់បានឱបថើបរូបគេតាំងតែពីក្មេងមក កូននឹងគ្មានអារម្មណ៍អៀនបន្តិចណាឡើយនៅពេលឪពុកម្ដាយបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះគេ។ ដូច្នេះបើយើងមិនបានឱបថើបគេឱ្យបានច្រើនក្នុងអំឡុង 3ឆ្នាំដំបូងមកហើយនោះ ក្រៅពីនឹងធ្វើឱ្យគេធំឡើងក្លាយជាក្មេងដែលមានវិវឌ្ឍនាការផ្នែកអារម្មណ៍មិនល្អហើយ ការគិតចង់មកឱបរឹតគេនៅពេលក្រោយ(នៅពេលដែលគេធំឡើងហើយ) វាអាចក្លាយជារឿងដែលពិបាកធ្វើមួយ និងធ្វើឱ្យគេមានអារម្មណ៍អៀនខ្មាស់។

    ចុះបើយើងមិនបានឱបថើបគេតាំងពីដំបូង…ហើយចង់ឱបថើបកូនថ្ងៃនេះ តើនៅមិនទាន់យឺតពេលទេ ឬយ៉ាងណា?

    យ៉ាងណាៗការឱបថើបកូន មិនថាតែនៅពេលកើតដំបូង ឬធំហើយក៏ដោយ វាជាការបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូន ដូច្នេះ ចូរកុំអាលអស់កម្លាំងចិត្តអី បើអ្នកមិនបានមើលថែទាំគេ មិនបានឱបថើបគេតាំងពីពេលកើតដំបូង ហើយថ្ងៃនេះគេក្លាយជាក្មេងឆាប់ខឹងមួម៉ៅ ឌឺរឹង និងអាត្មានិយមនោះ ចូរចាប់ផ្ដើមឱបកូន និយាយ និងសម្ដែងចេញឱ្យគេដឹងថា លោកអ្នកស្រឡាញ់គេ ព្រួយបារម្ភពីគេខ្លាំងប៉ុនណា។ ដួងចិត្តរបស់កូនយ៉ាងណាៗក៏គេនៅតែត្រូវការការទទួលស្គាល់ពីឪពុកម្ដាយដែរ និង ទោះជាការចាប់ផ្ដើមឱបថើបកូននៅពេលដែលគេធំហើយ អាចដូចជារាងប្លែកៗក្នុងអំឡុងពេលចាប់ផ្ដើមដំបូងៗក្ដី តែនៅពេលដែលអ្នកបានធ្វើវាយ៉ាងជាប់លាប់ កូននឹងចាប់ផ្ដើមបានដឹង និងកែសម្រួលទង្វើឥរិយាបថ រួមទាំងសភាវផ្នែកអារម្មណ៍បានល្អឡើងជាបណ្ដើរៗមិនខាន៕

    អ្នកគ្រូ ឆវីសូមជូនពរឱ្យសង្គមគ្រួសារខ្មែរពោរពេញដោយសេចក្ដីស្រឡាញ់ ប្រាសចាកអំពើហិង្សា និងកុំឱ្យមានការព្រាត់ប្រាស ហើយបើលោកអ្នកភ្លេច ឬខកខានមិនបានឱបថើបកូនៗរបស់លោកអ្នកយូរមកហើយនោះ ថ្ងៃនេះចូរកុំឱ្យខកខានទៀតឱ្យសោះ…ប្រាប់កូនៗថា លោកអ្នកស្រឡាញ់ពួកគេស្មើនឹងជីវិត

  • ស្រ្តីមានគភ៌ត្រូវត្រៀមខ្លួនឱ្យបានស្រេច1ខែមុនពេលប្រសូត

    ស្រ្តីមានគភ៌ត្រូវត្រៀមខ្លួនឱ្យបានស្រេច1ខែមុនពេលប្រសូត

    នៅសល់​ពេល​ 1ខែ​ទៀត​មុន​ឆ្លងទន្លេ​ គឺជា​អំឡុង​ពេល​នៃ​ការ​ទន្ទឹងរង់ចាំ​របស់​ស្រ្តី​មានគភ៌​គ្រប់រូប​ ដែល​មាន​ទាំង​ការ​រំភើបចិត្ត​ផង​ ទាំង​ត្រេកអរ​ផង​ ព្រោះ​ជិត​បានឃើញ​មុខ​កូនសម្លាញ់​ តែ​ខណៈ​ពេល​ជាមួយគ្នា​ក៏​មាន​អារម្មណ៍​នឹក​ភ័យខ្លាច​នឹង​ក្តី​ឈឺចាប់​ដែល​នឹង​កើតមានឡើង​ ហើយនិង​រឿង​ផ្សេង​ៗជាច្រើន​ទៀត​។ តែ​អ្វី​ទាំងអស់​នេះ​ គ្រូពេទ្យ​ជំនាញ​ខាង​សម្ភព​នឹង​មក​ជម្រាប​អនាគត​អ្នកម្តាយ​ថ្មោងថ្មី​ ដែល​នៅ​មិនទាន់​មាន​បទ​ពិសោធ​ក្នុង​រឿង​នេះ​ថា​ តើ​ត្រូវ​ត្រៀមខ្លួន​យ៉ាងណា​ខ្លះ​មុន​ពេល​ប្រសូត​ដូច​ខាងក្រោម​នេះ​៖

    ឈាន​ចូល​ដល់​ខែទី​ ៩
    ក្នុងអំឡុងពេល​នេះ​ គ្រូពេទ្យ​នឹង​ណាត់​ឱ្យ​ទៅ​ពិនិត្យ​គភ៌​កាន់តែ​ញឹកញាប់​ឡើង​រៀងរាល់​សប្តាហ៍​ ដើម្បី​ពិនិត្យមើល​ភាព​ត្រៀមខ្លួន​ជាស្រេច​របស់​ស្រ្តី​មានគភ៌​ និង​អា​ការ​ផ្សេង​ៗដែល​កើតមានឡើង​ថា​ តើ​ប្រក្រតី​ ឬក៏​អត់​? ក្នុង​អំឡុង​ពេលនេះ​ ស្រ្តី​មានគភ៌​នឹង​មាន​អាការ​ឈឺពោះ​រាង​ធ្ងន់​ៗនៅ​ម្តុំ​ក្រោម​ផ្ចិត​នៅពេល​ដើរ​ ជើង​នឹង​ហើម​ឡើង​ មាន​អារម្មណ៍​ឈឺ​ផ្សា​ៗនៅត្រង់​ចុងដង្ហើម​ដោយសារតែ​អាស៊ីត​រំលាយអាហារ​ហូរ​បញ្រ្ចាស់​ឡើង​ ព្រោះ​ទំហំ​ក្បាលពោះ​ដែល​ធំ​ឡើង​ ធ្វើ​ឱ្យ​ក្រពះ​ត្រូវ​បាន​រុញ​ឡើង​មក​លើ​ អាហារ​មិនសូវ​រំលាយ​ ឆ្អល់​ណែន​ពោះ​ និង​ជួនកាល​អាច​ត្រូវ​ភ្ញាក់​ឡើង​កណ្តាល​យប់​ ព្រោះតែ​ប្រគ្រីវកាច់​ជើង​ រហូតដល់​ត្រូវ​ដាស់​លោក​ប្តី​ឱ្យ​ជួយ​រឺត​ជើង​ឱ្យ​ទៀតផង​។

    ត្រៀមខ្លួន​ជាស្រេច​ មុន​ពេល​ប្រសូត​
    ការ​ត្រៀម​រួចជាស្រេច​ទាំង​រាងកាយ​ ផ្លូវចិត្ត​ និង​របស់របរ​ប្រើ​ប្រាស់​ផ្សេង​ៗ នឹង​ជួយ​ឱ្យ​ស្រ្តី​មានគភ៌​ទៅ​ប្រសូត​បុត្រ​បាន​យ៉ាង​ជឿជាក់​ក្នុង​ចិត្ត​ និង​មាន​អារម្មណ៍​ធូរស្រាល​ ដូច្នេះ​ តើ​ត្រូវ​ត្រៀម​រឿង​អ្វីខ្លះ​នោះ​ សូម​តាមដាន​ជា​បន្ត​…៖

    ១. មន្ទីរពេទ្យ
    ​- ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជានិច្ច​ បើសិន​មាន​បញ្ហា​អ្វី​គួរ​ឱ្យ​សង្ស័យ​ពាក់ព័ន្ធ​នឹង​គភ៌​របស់​ខ្លួន​។
    – អាច​នឹង​ត្រូវ​សាកល្បង​ជិះរថយន្ត​ ដើម្បី​ប៉ាន់ស្មាន​រយ:ពេល​ធ្វើដំណើរ​ពី​ផ្ទះ​ទៅ​មន្ទីរពេទ្យ​ ឬរកមើល​ផ្លូវ​ណា​ផ្សេង​ដែល​ងាយស្រួល​ និង​លឿន​ជាងគេ​ ទុកបម្រុង​នៅ​ថ្ងៃ​ឈឺពោះ​ប្រសូត​ឱ្យ​រួចជាស្រេច​។

    ២. ត្រៀម​រាងកាយ​
    – រឿង​អាហារ​ការ​ហុប​ចុក​ គួរ​បរិភោគ​អាហារ​ណា​ដែល​មាន​ប្រូ​តេ​អុីន​ច្រើន​ តែ​កាត់បន្ថយ​អាហារ​ណា​ដែល​មាន​រស​ជា​តិ​ខ្លាំង​ៗ ដូចជា​ ប្រៃ​ខ្លាំង​ ជូរខ្លាំង​ ជាពិសេស​ ហឹរ​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ស្រ្តី​មានគភ៌​ហើម​។ គួរ​ទទួល​បន្លែ​ផ្លែឈើ​រួម​ជាមួយ​ផង​ ដើម្បី​កាត់បន្ថយ​អាការ​ណែន​ឆ្អល់ពោះ​។
    – គួរ​ញ៉ាំ​ថ្នាំ​បំប៉ន​តាមដែល​គ្រូពេទ្យ​ឱ្យមក​ឱ្យ​គ្រប់​ ដូចជា​ ថ្នាំ​បំប៉ន​លោហិត​ វីតាមីន​រួម​ និង​កាល់ស្យូម​ជាដើម​ ព្រោះ​ក្នុងអំឡុងពេល​ប្រសូត​ អ្នកម្តាយ​ត្រូវ​បាត់បង់​ឈាម​ច្រើន​ ហើយ​ការ​ញ៉ាំ​ថ្នាំ​បំប៉ន​នឹង​ជួយ​ធ្វើ​ឱ្យ​អ្នកម្តាយ​ឆាប់​ស្រួលខ្លួន​ឡើងវិញ​ផង​។
    – រក​ទិញ​របស់របរ​ប្រើប្រាស់​ចាំ​បាច់​ៗ ទាំង​របស់​ម្តាយ​ និង​របស់​កូនតូច​ទុកជា​ស្រេច​ ព្រោះ​ក្រោយពេល​ប្រសូត​រួច​ ម្តាយ​មិន​អាច​មាន​ពេល​ទៅដើរ​រក​ទិញ​បានទេ​។

    ៣. ត្រៀមខ្លួន​ប្រសូត​
    ក្នុងករណី​ដែល​ស្ត្រី​មានគភ៌​មិន​មាន​លក្ខណៈ​ខុសប្រក្រតី​ខាង​រាងកាយ​ ឬខាង​វេជ្ជ​សាស្រ្ត​ណា​ដែល​តម្រូវ​ឱ្យ​ប្រសូត​ដោយ​ការវះកាត់​ទេ​នោះ​ ស្ត្រី​មានគភ៌​គួរតែ​ប្រសូត​តាមវិធី​ធម្មជាតិ​។
    – កំណត់​ផែនការ​ក្រោយពេល​ប្រសូត​ទុក​ជាមុន​ថា​ តើ​ត្រូវ​ពន្យារកំណើត​ ឬលែងយក​បុត្រ​ទៀត​ ឬយ៉ាងណា​? បើ​ត្រូវ​ពន្យារកំណើត​(លែងយក​បុត្រ​ទៀត​) គួរតែ​ប្រាប់​គ្រូពេទ្យ​ឱ្យ​បានដឹង​ជាមុន​ ដើម្បី​ភាព​ងាយស្រួល​ក្នុង​ការ​ត្រៀមខ្លួន​របស់​គ្រូពេទ្យ​ ក្នុង​ការ​បំពេញ​តម្រូវ​ការ​របស់​អ្នក​ប្រសូត​។

    ៤. ត្រៀម​ចិត្ត​ ត្រៀម​ថ្លើម​ទុកជា​ស្រេច​
    – ស្រ្តី​មានគភ៌​(ពេល​គ្រប់ខែ​)ត្រូវ​ត្រៀមខ្លួន​ទប់ទល់​នឹង​សភាវ​សោកសៅ​ក្នុងចិត្ត​ដែល​អាច​កើតឡើង​ក្រោយពេល​ប្រសូត​រួច​ ដែល​មាន​ដូចជា​ អាច​នឹង​យំខ្សឹកខ្សួល​ពេញមួយថ្ងៃ​ ភ័យខ្លាច​ប្តី​លែង​ស្រឡាញ់​ និង​ត្រូវ​បោះបង់ចោល​ ខ្លាច​ខ្លួន​លែង​ស្អាត​ដូច​កាលពី​ពេលមុន​ជាដើម​-ល- និង​កុំ​ភ្លេច​សួរ​ពី​វិធី​កែ​បញ្ហា​នេះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទុក​ប្រតិបត្តិ​តាម​ផង​។

    អាការ​ប្រាប់​ឱ្យ​ដឹងខ្លួន​ មុន​ពេល​ប្រសូត​ដែល​ស្រ្តី​មានគភ៌​ត្រូវតែ​ដឹង​…
    ១. ឈឺពោះ​យ៉ាង​ខ្លាំង​ជាប់​ជានិច្ច​ រៀងរាល់​ 3នាទី​ម្ដង​ និង​ឈឺ​ម្តង​ៗប្រហែលជា​ 40វិនាទី​។
    ២. មាន​ឈាម​ចេញ​មក​តាម​រន្ធ​ស្បូន​ (អាការ​នេះ​ទោះ​មិន​ឈឺពោះ​ក៏ដោយ​ ក៏​ត្រូវ​ទៅ​មន្ទីរពេទ្យ​ដែរ​)។
    ៣. មាន​ទឹកភ្លោះ​ហូរចេញ​មក​តាម​រន្ធ​ស្បូន​ (អាការ​នេះ​ទោះ​មិន​ឈឺពោះ​ក៏ដោយ​ ក៏​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដែរ​) ព្រោះ​ថង់ទឹកភ្លោះ​អាច​បែក​ទៅ​ហើយ​ បើ​ទុកចោល​យូរ​អាច​នឹង​ធ្វើ​ឱ្យ​ឆ្លង​មេរោគ​ទៅដល់​ទារក​បាន​។

    សភាវ​ជ្រៀតជ្រែក​មិនល្អ​ដែល​អាច​កើតឡើង​ នៅពេល​គ្រប់ខែ​(មុន​ជិតដល់​ពេល​ប្រសូត​)
    ១. មាន​ធ្លាក់ឈាម​ ជាស​ភាវ​ដែល​សុក​ធ្លាក់​ចុះ​មក​ទាប​ ដោយ​សុក​នឹង​រំកិល​មក​តោង​នៅ​ម្តុំ​មាត់ស្បូន​ ឬផ្នែក​ក្រោម​របស់​មាត់ស្បូន​ ធ្វើ​ឱ្យ​មាត់ស្បូន​ដាច់​រហែក​ ហើយ​មាន​ឈាម​ហូរ​ជ្រាប​ចេញ​មក​។
    ២. សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ជាដើម​ហេតុ​របស់​សភាវ​គភ៌​មាន​ជាតិពុល​ នឹង​ធ្វើ​ឱ្យ​អ្នក​ម្តាយ​ហើមជើង​ ហើម​មុខ​ អ្នកខ្លះ​មាន​ឈឺក្បាល​ទៀតផង​ ដែល​ជាហេតុ​អាច​បណ្ដាល​ឱ្យ​ស្រ្តី​មានគភ៌​ប្រកាច់​ ឬបែក​សរសៃឈាម​ក្នុង​ខួរក្បាល​។ឭ
    ៣. ទារក​ក្នុង​គភ៌​លែង​សូវ​រើ​ ដែល​អាច​មាន​មូលហេតុ​មក​ពី​សុក​ចាប់ផ្តើម​ធ្វើការ​ខ្សោយ​ ឬខ្សែ​ទងសុក​រុំ​-កទារក​ ដែល​ជាស​ភាវ​គ្រោះថ្នាក់​ចំពោះ​ទារក​ខ្លាំង​ណាស់​ ពេល​ជួប​អាការ​ដែល​រៀបរាប់​មក​ខាងលើ​នេះ​ ចូរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​ជាបន្ទាន់​។
    នៅពេល​ត្រៀម​រាងកាយ​រួចរាល់​ ត្រៀម​ចិត្ត​រួចរាល់​ហើយ​… ពេលនេះ​អនាគត​អ្នកម្ដាយ​ថ្មោងថ្មី​អាច​ទៅ​ប្រសូត​បុត្រ​ដោយ​ភាព​ជឿជាក់​បាន​ហើយ​។ ក្តី​ឈឺចាប់​ដែល​កើតឡើង​ក្នុង​ពេល​ប្រសូត​ នឹង​រលាយ​បាត់​អស់​ នៅពេល​ដែល​អ្នកម្តាយ​ថ្មោងថ្មី​បានឃើញ​មុខ​កូនសម្លាញ់​ ហើយ​វា​នឹង​ក្លាយជា​ក្តី​រំភើប​សោមនស្ស​ពេញ​ក្នុងចិត្ត​វិញ​មិនខាន​(អ្នកគ្រូ​ ឆវី​ សូម​ជួយ​ជា​កម្លាំងចិត្ត​) និង​ខាងក្រោម​នេះ​គឺ​ ការ​ត្រៀម​សម្ភារ​សម្រាប់​ចូល​មន្ទីរសម្ភព​…៖

    សម្រាប់​អនាគ​អ្នកម្តាយ​
    ១. ប័ណ្ណ​ពិនិត្យ​សុខភាព​គភ៌​ និង​អត្តសញ្ញាណ​ប័ណ្ណ​
    ២. សំឡី​អនាម័យ​ និង​ អាវ​ក្នុង​សម្រាប់​បំបៅ​កូន​
    ៣. សម្លៀកបំពាក់​ម្តាយ​សម្រាប់​ស្លៀក​ពេល​ចេញពី​មន្ទីរពេទ្យ​
    ៤. អាហារ​ និង​ភេ​ស្ជ​ជៈ​ (ព្រោះ​ក្រោយពេល​ឆ្លងទន្លេ​រួច​ អ្នកម្តាយ​នឹង​ឃ្លាន​ខ្លាំង​ណាស់​)
    ៥. កូន​កាបូប​តូច​មួយ​សម្រាប់​ដាក់គ្រឿង​សម្អាង​
    ៦. កន្សែងជូតមុខ​ និង​កន្សែងពោះគោ​សម្រាប់​ជូត​ខ្លួន​
    ៧. កាមេរ៉ា​ថតរូប​ ក្នុងករណី​ដែល​ខាង​មន្ទីរពេទ្យ​អនុញ្ញាត​ឱ្យ​ថតរូប​បាន​។

    សម្រាប់​ទារក​
    ១. ក្រណាត់​កន្ទប​
    ២. ខោអាវ​កូនតូច​ (សម្រាប់​ទារក​ទើប​កើត​)
    ៣. ទឹកសាប៊ូ​សម្រាប់​បោក​ជម្រះ​ផ្សេង​ៗ
    ៤. កូនខ្នើយ​សម្រាប់​ទ្រាប់​ក្បាល​កូន​ពេល​បី​បំបៅ​ដោះ​
    ៥. ក្រណាត់​ ឬកន្សែង​សម្រាប់​រុំ​ខ្លួន​កូនសម្លាញ់​ពេល​ត្រឡប់ទៅ​ផ្ទះ​វិញ​៕