Tag: ប្រយ័ត្ន

  • ចម្លើយលើចំណុចសង្ស័យ 7រឿងដែលស្ត្រីមានគភ៌ចង់ដឹងបំផុត

    ចម្លើយលើចំណុចសង្ស័យ 7រឿងដែលស្ត្រីមានគភ៌ចង់ដឹងបំផុត

    ស្ត្រីដែលទើបតែមានគភ៌ជាលើកដំបូងដែលកើតមានក្តីសង្ស័យ និងមិនប្រាកដក្នុងចិត្តថា តើក្នុងអំឡុងពេលមានគភ៌នោះ ត្រូវមើលថែទាំអ្វីខ្លះទៀត ក្រៅពីការជ្រើសរើសចំណីអាហារត្រូវតាមភោជនាការរបស់ស្ត្រីមានគភ៌ហើយ ហាត់ប្រាណយ៉ាងត្រឹមត្រូវ និងសម្រាកយ៉ាងគ្រប់គ្រាន់ហើយ តើនៅមានរឿងអ្វីដែលគួរធ្វើបន្ថែមទៀតឬទេ? និងតើមានរឿងអ្វីខ្លះដែលគួរចៀសវាង? និងកិច្ចការងារពីមុនដែលធ្លាប់ធ្វើ តើអាចធ្វើបានទៀតឬទេ? ឬហុចផលអាក្រក់ប៉ុនណា?។ ចំណុចសង្ស័យទាំងនេះ សុទ្ធតែជារឿងដែលអ្នកមានផ្ទៃពោះនៅសង្ស័យច្រើនគ្នាណាស់ ដូច្នេះយើងនាំគ្នាមកបកស្រាយចំណុចសង្ស័យទាំងនេះទាំងអស់គ្នា។

    1-ទម្ងន់ខ្លួនដែលស័ក្តិសមសម្រាប់អ្នកមានគភ៌

    បើអ្នកមានគភ៌ទទួលទានអាហារតាមការណែនាំហើយ (ប្រូតេអុីន វិតាមីន សារធាតុរ៉ែ អុីយ៉ូដ កាល់ស្យូម ហ្វូលេត សារធាតុដែក)នោះ ទម្ងន់ខ្លួននឹងកើនឡើងប្រមាណជា 12 -15គីឡូក្រាម ជាមធ្យមកើន 1ខែ 2គីឡូក្រាម តែក្នុងត្រីមាសដំបូងទម្ងន់ខ្លួនអាចថយចុះ ដោយសារតែអាការចាញ់កូនដែលធ្វើឱ្យក្អួតចង្អោរញឹកញាប់ ឬមិនអាចញ៉ាំអាហារបានច្រើន។ ក្នុងត្រីមាសទី2 ជាអំឡុងពេលអស់អាការចាញ់កូនហើយ ស្ត្រីមានគភ៌អាចហាត់ប្រាណបានយ៉ាងត្រឹមត្រូវ ដើម្បីគ្រប់គ្រងកុំឱ្យទម្ងន់ខ្លួនកើនឡើងលឿនជ្រុលពេក។ ចំណែកត្រីមាសចុងក្រោយ ត្រូវប្រយ័ត្នប្រយែងបន្តិច ព្រោះឱកាសប្រសូតមុនកំណត់មានខ្ពស់ណាស់ បើសិនបញ្ចេញកម្លាំងធ្វើអ្វីមួយខ្លាំងជ្រុលពេក។ ក្នុងត្រីមាសនេះ ទម្ងន់ខ្លួនអ្នកម្តាយនឹងកើនឡើងខ្ពស់បំផុត។

    2-បើចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ ក្នុងអំឡុងពេលមានគភ៌ត្រីមាសដំបូងដោយសារតែមិនដឹង តើនឹងមានគ្រោះថ្នាក់អ្វីដែរទេ?

    បើវ៉ាក់សាំងដែលចាក់នោះជាវ៉ាក់សាំងការពារតេតាណូស គ្រុនផ្តាសាយធំ ឬកញ្រ្ជឹល មិនជាគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ និងជាការសាងប្រព័ន្ធការពារជំងឺឱ្យខ្លួនទារកទៀតផង។​ ពេញមួយរយៈពេល 9ខែ ស្ត្រីមានគភ៌អាចត្រូវចូលទៅទទួលយកការចាក់វ៉ាក់សាំងការពារជំងឺយ៉ាងត្រឹមត្រូវ ដើម្បីទារកចម្រើនធំធាត់ រឹងប៉ឹង និងពេញលេញ ប្រាសចាកជំងឺតម្កាត់។

    3-តើវីតាមីនបន្ថែម ចាំបាច់ដែរឬទេ?

    សារធាតុអាហារដែលអ្នកមានគភ៌គួរទទួលទានបន្ថែមនោះគឺ សារធាតុដែកដែលជួយគាំទ្រការធ្វើការងាររបស់ហ៊ីម៉ូគ្លោប៊ីនក្នុងគ្រាប់ឈាមក្រហម ដែលជាអ្នកនាំអុកស៊ីហ្ស៊ែនឆ្ពោះទៅទារកដែលនៅក្នុងផ្ទៃ បើអ្នកមានគភ៌បានទទួលសារធាតុដែកមិនគ្រប់គ្រាន់ នឹងធ្វើឱ្យកើតសភាវលោហិតស្លេកស្លាំង ហុចផលឱ្យកើតអាការនឿយល្វើយ ហត់ និងដកដង្ហើមមិនស្រួល។ ទាំងអស់នេះ ការទទួលទានសារធាតុដែកគួរស្ថិតក្នុងបរិមាណដែលសមល្មមតាមដែលរាងកាយត្រូវការ ចំណែកវិតាមីន និងសារធាតុអាហារផ្សេងទៀត បើទទួលទានអាហារគ្រប់ 5ប្រភេទក្រុមតាមពាក្យណែនាំរបស់គ្រូពេទ្យហើយនោះ មិនចាំបាច់ទទួលទានវីតាមីនបន្ថែមក៏បានដែរ តែគួរញ៉ាំទឹកដោះគោជាប្រចាំ ដើម្បីបង្កើនភាពរឹងមាំដល់ឆ្អឹងរបស់ទារកនៅក្នុងផ្ទៃ មិនគួរទទួលទានថ្នាំសារធាតុដែកលាយគ្នាជាមួយទឹកដោះគោឡើយ ព្រោះវាធ្វើឱ្យមានគុណវិបត្តិច្រើនជាងគុណសម្បត្តិ។

    4-ស្វាមីទ្រាំមិនបាន សុំមានភេទសម្ព័ន្ធក្នុងអំឡុងពេលមានគភ៌

    ការមានភេទសម្ព័ន្ធ មិនមែនជារឿងគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ លើកលែងតែខាងប្រុសមានជំងឺកាមរោគ។ ក្នុងអំឡុងត្រីមាសទី3 សូមឱ្យលោកប្ដីអត់ទ្រាំបន្តិច ព្រោះជាដំណាក់កាលសំខាន់ណាស់ គភ៌របស់ភរិយាមិនគួរទទួលរងកម្លាំងញ័ររញ្ជួយអ្វីទាំងអស់ ដើម្បីការពារការប្រសូតមុនកំណត់ និងអាចធ្វើឱ្យទារកមិនរឹងប៉ឹងបាន។ បើត្រីមាសទី1 និង 2 ស្ត្រីមានគភ៌គួរសង្កេតមើលផងថា តើមានអាការខុសប្រក្រតីអ្វីឬទេ? ដូចជា ឈឺពោះមុនពេលកំណត់ និងមានឈាមធ្លាក់ចេញពីមាត់ស្បូន ជាដើម។ បើមានអាការទាំងនេះ គួរបញ្ឈប់ការមានភេទសម្ព័ន្ធ និងប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។

    5-ទឹកដោះដែលគួរញ៉ាំ

    ក្នុងអំឡុងពេលមានគភ៌ ស្ត្រីអាចញ៉ាំទឹកដោះបានគ្រប់ប្រភេទ ទាំងទឹកដោះគោ ទឹកដោះពពែ ឬទឹកសណ្តែកលឿង (មិនចាំបាច់តែទឹកដោះសម្រាប់ស្រ្តីមានគភ៌ក៏បានដែរ) និងគួរញ៉ាំឱ្យបានទ្វេដង ព្រោះរាងកាយរបស់អ្នកមានគភ៌ត្រូវការកាល់ស្យូម និងកូនតូចក៏ត្រូវការកាល់ស្យូមដែរ ព្រោះកាល់ស្យូមនេះជួយការពារសភាវលើសឈាមបាន។

    6-មុនប្រើថ្នាំក្នុងអំឡុងពេលមានគភ៌…

    …គួរប្រឹក្សាជាមួយគ្រូពេទ្យសម្ភព គឺជាវិធីដែលល្អបំផុត ព្រោះថ្នាំប្រភេទខ្លះមានគ្រោះថ្នាក់ដល់ទារក ដូចជាស្ត្រីមានគភ៌ដែលរក្សាសម្ផស្ស ត្រូវការញ៉ាំថ្នាំព្យាបាលមុន និងថ្នាំព្យាបាលមុនខ្លះជាប្រភេទលាប និងខ្លះទៀតជាប្រភេទលេប ដែលអាចចាត់ទុកថាជាប្រភេទថ្នាំគ្រោះថ្នាក់ ដែលមានផលប៉ះពាល់ទៅដល់ទារកនៅក្នុងគភ៌ អាចធ្វើឱ្យកើតពិការភាពបាន ដូច្នេះមុននឹងប្រើថ្នាំគួរប្រឹក្សាជាមួយគ្រូពេទ្យ និងត្រូវប្រាប់គ្រូពេទ្យគ្រប់ពេលថា ខ្លួនឯងមានគភ៌ ដើម្បីបានទទួលការផ្តល់ថ្នាំដែលត្រឹមត្រូវ។

    7-មានដុំសាច់ដុះលើរាងកាយក្នុងអំឡុងពេលមានគភ៌

    ភាពគ្រោះថ្នាក់ អាស្រ័យលើទីតាំង និងលក្ខណៈរបស់សាច់ដុះនោះ។ នៅពេលស្ទាបប៉ះ ស្ត្រីមានគភ៌គួរទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីវាយតម្លៃពីដុំសាច់ដុះនោះ និងធ្វើការព្យាបាលជាបន្ត។ យ៉ាងណាក៏ដោយ ការត្រៀមខ្លួនជាស្រេចមុនពេលមានគភ៌ គឺជារឿងចាំបាច់ ដូចជា ពិនិត្យរកមើលសាច់ដុះ និងធ្វើការព្យាបាលឱ្យជាសះស្បើយមុនពេលសម្រេចចិត្តមានគភ៌ វានឹងជួយកាត់បន្ថយសភាវគភ៌ប្រថុយប្រថានបាន។

    ការមើលថែទាំគភ៌យ៉ាងត្រឹមត្រូវតាមគោលភោជនាហារ និងពាក្យណែនាំរបស់ពេទ្យ ទារកនឹងធំធាត់ឡើងយ៉ាងល្អឥតខ្ចោះ និងរឹងប៉ឹង។ នៅពេលគេធំឡើង ឪពុក-ម្តាយនឹងមានមោទនភាពដែលបានមើលថែទាំគភ៌យ៉ាងល្អ។ បើមានចំណុចសង្ស័យអ្វីផ្សេងក្រៅពីនេះ ការប្រឹក្សាជាមួយពេទ្យសម្ភព នឹងទទួលបានការណែនាំយ៉ាងត្រឹមត្រូវ ព្រោះរាងកាយស្ត្រីម្នាក់ៗ មិនដូចគ្នាទេ ដូច្នេះហើយការទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញពេញមួយរយៈពេល 9ខែនោះ នឹងយល់បានច្បាស់ល្អជាង៕

  • រឿងត្រូវប្រយ័ត្ន 5យ៉ាង ពេលនាំកូនដើរក្នុងហាងផ្សាទំនើប

    រឿងត្រូវប្រយ័ត្ន 5យ៉ាង ពេលនាំកូនដើរក្នុងហាងផ្សាទំនើប

    តាមរយ:ឧប្បត្តិហេតុជាច្រើនដងដែលតែងតែកើតឡើងនៅក្នុងហាងផ្សារទំនើបធំៗ និងភាគច្រើនៗកើតឡើងចំពោះកុមារតូចៗដោយសារតែស្ថិតក្នុងវ័យដ៏សែនរពឹស និងឪពុកម្តាយមិនបានប្រុងប្រយ័ត្នផងនោះ ទើបធ្វើឱ្យកើតឧប្បត្តិហេតុដែលមិននឹក​ស្មានដល់ឡើងបាន។ ដូច្នេះការបង្ហាត់ ឬប្រាប់កូនឱ្យចេះប្រុងប្រយ័ត្នជាមុននោះ គឺជាវិធីការពារបញ្ហាជាមុនដ៏ល្អបំផុតមួយ។ នៅក្នុងទស្សនាវដ្តី ឡារ៉ែនលេខនេះ យើងនាំគ្នាមកមើលថា នៅពេលដែលចង់នាំកូនៗទៅលេងផ្សារទំនើប តើមានរឿងអ្វីខ្លះដែលលោកឪពុកអ្នកម្តាយត្រូវប្រយ័ត្ន?

    1 . ជណ្តើរយន្ត

    ត្រូវធ្វើ :

    • -ចាប់កាន់ដៃកូនតូចជាប់ជានិច្ច ខណ:ពេលឡើងជណ្តើរយន្ត។ ឱ្យកូនឈរបែរមុខទៅរកទិសស្របគ្នានឹងការរំកឹល​(ឡើង ឬចុះ)របស់ជណ្តើរ។
    • ពិនិត្យមើលភាពរៀបរយរបស់សម្លៀកបំពាក់កូន ដូចជាជាយអាវ ជើងខោ ឬជាយសំពត់ ខ្សែចងស្បែក​ជើង -ល- ថាតើមានផ្នែកណាមួយត្រូវកៀបជាប់នៅក្នុងធ្មេញរបស់កាំជណ្តើរយន្តឬអត់?។
    • នៅពេលកើតហេតុបន្ទាន់ ដូចជាជណ្តើរយន្តកំពុងកៀបកូន ឬទាញជាយខោអាវ ឬខ្សែស្បែកជើងកូនចូលទៅនោះ ចូរចុចកុងតាក់បញ្ឈប់ជណ្តើរយន្តជាបន្ទាន់(នៅជាប់នឹងបង្កាន់ដៃនៃកាំទី1)ភ្លាម។ បើស្ថិតនៅឆ្ងាយមិនអាចចុចដោយ​ខ្លួន​​ឯង​​បាន ត្រូវប្រញាប់ប្រាប់បុគ្គលិករបស់ហាង ឬអ្នកឡើងជណ្តើយន្តជាមួយគ្នា ឱ្យគេជួយចុចឱ្យក៏បាន។

    មិនត្រូវធ្វើ :

    • កុំឱ្យកូនអង្គុយ ឬលេង ខណ:ពេលកំពុងឡើងជណ្តើរយន្ត (សូម្បីតែការឈរបែរខ្នងដាក់ជណ្តើរក៏មិនគួរធ្វើ​ដែរ) ព្រោះវាអាចប្រថុយនឹងការត្រូវកៀបដៃ ឬជើងបានយ៉ាងងាយ។
    • ចៀសវាងការយករទេះកូនក្មេងឡើងតាមជណ្តើរយន្ត តែត្រូវឡើងតាមជណ្តើរយន្តប្រអប់ជំនួសវិញ ព្រោះវា​អាច​នឹងកើតឧប្បត្តិហេតុ ដូចជារទេះរុញកូនអាចនឹងរបូតពីដៃ រអិលធ្លាក់ទៅក្រោម នាំឱ្យកើតមានគ្រោះថ្នាក់ដល់កូនបាន។

    2 . ជណ្តើរយន្តប្រអប់

    ត្រូវធ្វើ :

    • -ការរង់ចាំឡើងជណ្តើរយន្តប្រអប់យ៉ាងមានសុជីវធម៌ និងមានសុវត្ថិភាពនោះគឺ ឈរតម្រង់ជួរគ្នាមុខ-ក្រោយ។ បើមាន​មនុស្សរង់ចាំច្រើនពេក អាណាព្យាបាលដែលមានកូនតូចគួររង់ចាំឡើង ឬចុះលើកក្រោយ(បន្ទាប់ទៀត)ក៏បាន ព្រោះការចូលទៅប្រជ្រៀតគ្នាណែននៅក្នុងប្រអប់ជណ្តើរយន្តនោះ អាចធ្វើឱ្យជណ្តើរយន្តគាំងនៅមួយកន្លែង ឬអាចបង្កជាហេតុគ្រោះថ្នាក់អ្វីផ្សេងៗបាន។
    • អ្នកម្តាយត្រូវចាំសង្កេតមើល និងប្រាប់កូនកុំឱ្យឈរផ្អែកទ្វារប្រអប់ជណ្តើរយន្ត។
    • នៅពេលកើតហេតុរអាក់រអួលផ្សេងៗ ដូចជាជណ្តើរយន្តប្រអប់គាំងនៅមួយកន្លែង ជាដើម លោកឪពុកអ្នក​ម្តាយ​ត្រូវតាំងស្មារតី ពិនិត្យមើលផ្ទាំងសញ្ញាបញ្ជា(នៅជិតមាត់ទ្វារជណ្តើរយន្ត)ដែលតែងមានកុងតាក់មួយដែលសរសេរថា Emergency Call ចូរចុចកុងតាក់មួយនោះ ដើម្បីប្រាប់ទៅបុគ្គលិករបស់ហាងឱ្យដឹង និងជាការសុំជំនួយ។

    មិនត្រូវធ្វើ :

    • -មិនត្រូវបណ្ដោយឱ្យកូនតូចហក់លោត រត់លេងប្រឡែងគ្នានៅក្នុងប្រអប់ជណ្តើរយន្ត ឬចុចកុងតាក់ឡើង-ចុះលេងនោះទេ ព្រោះអាចបណ្ដាលឱ្យជណ្តើរយន្តមានបញ្ហា និងអាចគាំងដំណើរការ។
    • ខណ:ពេលរង់ចាំ មិនគួរនាំកូនតូចទៅឈរនៅជិតមាត់ទ្វារពេកទេ ព្រោះអាចនឹងត្រូវបុកដោយអ្នកដែលនៅខាងក្នុងពេលដែលទ្វារជណ្តើរយន្តបើកឡើង ដែលនឹងធ្វើឱ្យដួល និងទទួលគ្រោះថ្នាក់បាន។
    • រឿងដែលត្រូវដឹង និងចាំទុកនោះគឺ ពេលមានទឹកលិច ផ្លេកបន្ទោរ រន្ទះ រញ្ជួយផែនដី និងអគ្គិភ័យ មិន​ត្រូវប្រើជណ្តើរយន្តប្រអប់ជាដាច់ខាត។

    3 . ទ្វារ និងកម្រាលឥដ្ឋ

    ត្រូវធ្វើ :

    • -ពេលដើរចេញ ឬចូលតាមមាត់ទ្វារ ត្រូវឱ្យកូននៅចំកណ្តាលមាត់ទ្វារ ដោយមានលោកឪពុក ឬអ្នកម្តាយនៅ​ក្បែរចាប់ដៃកូន ឬលើកកូនពក៏បានដែរ។
    • ពេលដើរនៅក្នុងហាង នៅក្នុងទីកន្លែងដែលស្រឡះៗក៏មិនអាចធ្វេសប្រហែសបានដែរ ព្រោះអាចនឹងមានវត្ថុដែលដាក់ពាំងពីមុខដែលយើងមិនបានមើលឃើញ ឬក៏មានទឹកដក់នៅលើកម្រាលឥដ្ឋ ជាដើម ដែលអាចធ្វើឱ្យកូនដើរបុក ឬរអិលដួលបាន។

    មិនត្រូវធ្វើ :

    • មិនថាកន្លែងណាក៏ដោយនៅក្នុងហាង សូមកុំបណ្តោយឱ្យកូនរត់លេងស្រេចតែចិត្តតែម្នាក់ឯងឱ្យសោះ ជាពិសេសនៅមុខមាត់ទ្វារចេញចូល ព្រោះបើសិនជាទ្វារដែលបើក-បិទដោយស្វ័យប្រវត្តិផងនោះ អាចនឹងធ្វើឱ្យកូនត្រូវទ្វារកៀប​បាន​​​។

    4 . ទូថ្នាក់ៗដាក់ទំនិញ

    ត្រូវធ្វើ :

    • ក្នុងពេលដែលអ្នកម្តាយកំពុងដើររើសទិញទំនិញនៅក្នុងផ្សារទំនើប បើមានមនុស្សធំទៅជាមួយដែរ​ អ្នកម្ដាយអាចឱ្យអ្នកមកជាមួយនោះនាំក្មេងៗទៅលេងនៅកន្លែងរង់ចាំ ឬក្នុងភោជនីយដ្ឋានណាមួយ រង់ចាំឱ្យអ្នកម្តាយទិញឥវ៉ាន់រួចសិន សឹមជួបគ្នាវិញ។ តែបើសិនគ្មានអ្នកជួយមើលទេនោះ គួរឱ្យកូនតូចអង្គុយនៅក្នុងរទេះសម្រាប់កូនក្មេង ឬរទេះដើរទិញឥវ៉ាន់ទៅជាមួយគ្នាក៏បានដែរ។

    មិនត្រូវធ្វើ :

    • មិនគួរនាំកូនដើរនៅកន្លែងដែលមានការសម្តែងអ្វីម្យ៉ាង កន្លែងដាក់តាំង ឬកន្លែងដាក់លក់ទំនិញ ឬផលិតផល​ណា​ដែល​​ងាយបែកបាក់ឡើយ ជាពិសេសគ្រឿងកែវចាន។
    • ចូរប្រយ័ត្នកន្លែងណាដែលមានទូថ្នាក់ៗដាក់ទំនិញច្រើនជ្រុលពេក និងខ្ពស់ៗ ដោយមិនត្រូវឱ្យកូនដើរទៅជិតទីនោះឡើយ។

    5 . រទេះដាក់ឥវ៉ាន់

    • ការប្រើប្រាស់រទេះដាក់ឥវ៉ាន់ គឺជួយសម្រាលបន្ទុកក្នុងការយួរ ឬកាន់របស់របរផ្សេងៗ ងាយស្រួលក្នុងការដើររើសទិញទំនិញ តែជាញឹកញាប់ណាស់ដែលយើងសង្កេតឃើញថា រទេះដាក់ឥវ៉ាន់ បានក្លាយជារទេះដឹកកូនក្មេងតូចៗ ដូច្នេះអ្វីដែលត្រូវប្រយ័ត្ន​ឱ្យបានខ្លាំងបំផុតនោះគឺ ការប្រយឹតប្រតោងលេង លោតឡើងចុះ និងក្រោកឈរដើម្បីស្រវាចាប់យកឥវ៉ាន់ ឬរបស់របរផ្សេងៗរបស់កូនៗ ព្រោះវាអាចធ្វើឱ្យកើតឧប្បត្តិហេតុបានយ៉ាងងាយ។

    ដូច្នេះ គោលការណ៍ងាយៗដែលគួរប្រត្តិបត្តិនោះគឺ កុំឱ្យកូនរបូតផុតពីខ្សែភ្នែកយើងឱ្យសោះ ព្រោះត្រឹមតែ​ប៉ុន្មាននាទីប៉ុណ្ណោះ ឧប្បត្តិហេតុអាចនឹងកើតឡើងបានជានិច្ច។ ពេលនាំកូនៗទៅលេងហាងផ្សារទំនើប លោកឪពុកអ្នក​​ម្តាយត្រូវតែធ្វើជាអ្នកសង្កេតការណ៍ ភ្នែករហ័ស ត្រចៀករហ័ស ដឹងជាមុន ប្រយ័ត្នជាមុន ដើម្បីសុវត្ថិភាពរបស់កូនជាទីស្រឡាញ់៕

  • តើត្រូវពិនិត្យមើលយ៉ាងណា ទើបដឹងថា មិនអីទេ…នៅពេលអ្នកមានផ្ទៃពោះកើតឧប្បត្តិហេតុដោយចៃដន្យ

    តើត្រូវពិនិត្យមើលយ៉ាងណា ទើបដឹងថា មិនអីទេ…នៅពេលអ្នកមានផ្ទៃពោះកើតឧប្បត្តិហេតុដោយចៃដន្យ

    ឧប្បត្តិហេតុ គឺជារឿងដែលមិនអាចស្មានដឹងមុនថា វានឹងកើតឡើងនៅពេលណា ចំពោះអ្នកណា និងរបៀបណានោះទេ ដូច្នេះស្រ្តីដែលកំពុងមានគភ៌ គួរមើលថែទាំ និងប្រុងប្រយ័ត្នខ្លួនឯងឱ្យបានល្អ និងព្យាយាមចៀសវាងពីអ្វីដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង និងកូនក្នុងផ្ទៃ ដូចជា អ្នកមានគភ៌ច្រើនតែរអឹលដួលក្នុងបន្ទប់ទឹក ជាដើម ដូច្នេះគួររកបន្ទះ​ការពារការ​​​​រអឹលយកមកក្រាលពីលើកម្រាលឥដ្ឋដើម្បីការពារជាមុន តែបើសិនជាមានឧប្បត្តិហេតុកើតឡើងយ៉ាងនឹកស្មានមិនដល់នោះ ស្រ្តីមានគភ៌ត្រូវ​ពិនិត្យ​មើលខ្លួនឯងឱ្យច្បាស់លាស់ថា តើរឿងដែលកើតឡើងនោះ វាមានប៉ះពាល់អីធ្ងន់ធ្ងរដល់ខ្លួនឯង និងកូនក្នុងផ្ទៃឬក៏អត់?

    វិធី 3យ៉ាងក្នុងកាេពិនិត្យមើលរាងកាយរបស់អ្នកមានគភ៌ក្រោយពេលកើតមានឧប្បត្តិហេតុណាមួយ ៖

    1 . ពិនិត្យមើលថា តើមានអាការឈឺគភ៌ដែរឬទេ?

    នៅពេលកើតមានឧប្បត្តិហេតុកើតឡើង ស្រ្តីមានគភ៌ត្រូវពិនិត្យមើលថា តើផ្ទៃពោះមានទៅបោកប៉ះនឹងអ្វីដែរឬ​ទេ? ហើយបើមិនមានអាការឈឺចុកចាប់អ្វីទេនោះ គឺរាប់ថាជាសំណាងល្អរបស់អ្នកហើយ តែបើកើតមានអាការបន្តិចឈឺ បន្តិចបាត់ទៅវិញនោះ បញ្ជាក់ថា អាចនឹង​មានការប្រសូតមុនពេលកំណត់ហើយ និងបើសឹនឈឺបែបរឹងៗក្នុងពោះរហូត នោះបញ្ជាក់ថាស្បូនអាច​នឹងសកខ្លួនមុនពេលកំណត់។ តែបើសិនជាឈឺពោះខ្លាំង និងមានអាការឈឺនៅលើមាត់ស្បូន និងអាចមានការធ្លាក់ឈាមផងនោះ បើសិនជួបអាការបែបនេះ កុំបង្អង់យូរ ត្រូវប្រញាប់ទៅមន្ទីពេទ្យជាបន្ទាន់!។

    2 . ពិនិត្យមើលថា តើមានឈាមចេញមកតាមមាត់ស្បូនដែរឬទេ?

    ព្រោះថាបើសឹនមានឈាមចេញមកនោះ អាចនឹងទៅរួចដែលថា ស្បូនសកខ្លួន បើមានឈាមចេញមកតិច ក៏មិនសូវជា​គ្រោះ​ថ្នាក់អីប៉ុន្មានទេ អាចព្យាបាលបាន តែបើមានឈាមចេញមកច្រើនដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកម្តាយនោះ លោកគ្រូពេទ្យអាចនឹងត្រូវឱ្យធ្វើការប្រសូតភ្លាមតែម្តង ដោយមិនបាច់គិតថា គភ៌មានអាយុប៉ុន្មានហើយនោះទេ។

    3 . ពិនិត្យមើលថា តើកូននៅរើល្អដូចមុនដែរឬទេ?

    បន្ទាប់ពីអ្នកម្តាយមានគភ៌ទទួលរងឧប្បត្តិហេតុហើយ បើកូននៅក្នុងផ្ទៃនៅតែរើធាក់ដូចប្រក្រតីនោះ ប្រហែលជាគ្មានបញ្ហាអ្វី​ទេ តែបើកូននៅស្ងៀម លែងរើ ទោះជាធ្វើការជំរុញហើយក៏នៅតែមិនរើដដែលនោះ អ្នកម្តាយត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ហើយកុំបង្អង់យូរ!។

    ឧប្បត្តិហេតុគឺជារឿងដែលមិនអាចការពារជាមុនបានទេ តែអាចរកវិធីចៀសវាងបាន តែបើកើតមានឧប្បត្តិហេតុឡើងមែននោះ ចូរអ្នកម្តាយចាំទុកថា កុំឈឺពោះ កុំធ្លាក់ឈាម កូននៅរើធាក់ដដែល បើមានអាការបីយ៉ាងនេះ បញ្ជាក់ថា អ្នកម្តាយ និងកូនក្នុងផ្ទៃនៅមានសុវត្ថិភាពល្អដដែលទេ៕

  • នាំកូនទៅលេងក្រៅផ្ទះ ដើម្បីរៀនយល់ដឹងពីអ្វីៗដែលថ្មី

    នាំកូនទៅលេងក្រៅផ្ទះ ដើម្បីរៀនយល់ដឹងពីអ្វីៗដែលថ្មី

    នៅពេលឈប់សម្រាកច្រើនថ្ងៃជាប់ៗគ្នា គ្រួសារជាច្រើនតែងជ្រើសរើសយកការធ្វើដំណើរទៅកម្សាន្តនៅតាមបណ្តាខេត្ត និង​ឆ្លៀត​​​​​​​ឱកាសនាំកូនៗទៅប៉ះពាល់នឹងធម្មជាតិ ដែលវាអាចជួយឱ្យកូនតូចៗបានរៀនយល់ដឹងពីអ្វីថ្មីៗដែលខុសប្លែកគ្នាពីក្នុងផ្ទះ តែបើ​សិន​​ជាគ្មានពេលវេលាច្រើនទេនោះ ថ្ងៃឈប់សម្រាកសៅរ៍ – អាទិត្យ ឬពេលល្ងាចៗ ក៏អាណាព្យាបាលអាចនាំកូនតូចដើរលេងកម្សាន្តនៅតាមសួនច្បារ​សាធារ​ណៈក្បែរៗផ្ទះក៏ជាការមួយល្អដែរ។

    ព្រោះការបណ្តោយឱ្យក្មេងៗបាននៅជិតនឹងធម្មជាតិ និងសភាពជុំវិញខ្លួនដែលប្លែកថ្មី ក្រៅពីនឹងធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ថ្លា បានហាត់ប្រាណកណ្តាលខ្យល់អាកាសបរិសុទ្ធហើយនោះ នៅបានជួយឱ្យពួកគេត្រៀមខ្លួនសម្រាប់ការរៀនយល់ដឹងពីអ្វីដែលថ្មីៗថែមទៀតផង។

    …តែមុននឹងនាំកូនចេញទៅលេងខាងក្រៅផ្ទះនោះ ចាំបាច់ត្រូវមានការត្រៀមខ្លួនបន្តិចសិន ៈ

    ត្រៀមឱ្យរួចរាល់មុនចេញទៅខាងក្រៅផ្ទះ

    ចង់ចេញទៅលេងនៅខាងក្រៅផ្ទះម្តង ត្រូវតែត្រៀមឱ្យបានរួចរាល់ជាមុនសិន ប្រសើរជាងទៅដើររកទិញនៅពេលក្រោយ ដែលអាចនឹងធ្វើឱ្យមិនទាន់ចិត្តកូនតូចបាន។ សម្រាប់អាហារដែលគួរត្រៀមយកទៅជាមួយ ដើម្បីទុកបម្រុងពេលកូនឃ្លាន គួរតែជាអាហារដែលងាយស្រួលញ៉ាំ ដូចជានំស៊ែនវិច និងនំប៊ីស្គីត -ល- ដែលពេលណាកូនឃ្លានភ្លាម អ្នកម្ដាយអាចយកចេញមកឱ្យកូនញ៉ាំបានភ្លែត។ ក្រៅពីនេះគួរ​ត្រៀមក្រដាសជូតដៃ ខោទឹកនោម(សម្រាប់ក្មេងតូច) រទេះរុញកូនតូច និងកន្ទេលសម្រាប់ក្រាលអង្គុយលេងផង។

    ពិនិត្យមើលទីកន្លែង

    ពេលទៅដល់គោលដៅហើយ មុននឹងបណ្តោយឱ្យកូនរត់លេង លោកឪពុកអ្នកម្តាយគួរតែធ្វើការពិនិត្យមើលបរិវេណម្តុំៗ​នោះជាមុនសិនថា តើមានសុវត្ថិភាព ឬក៏អត់? ដូចជាមានដុំឥដ្ឋ អំបែងកែវ ឬវត្ថុដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដែរឬទេ?   បើជា​ទីធ្លាសម្រាប់កុមាររត់លេង គួរតែពិនិត្យមើលកម្រាលទីធ្លានោះថា ជាផ្ទៃរាបស្មើ ឬក៏មិនមែន តើមានជង្ហុក ឬរណ្តៅតូចៗដែលអាចនឹងធ្វើឱ្យកូនជំពប់ជើងដួលដែរឬទេ? ផ្ទៃដី ឬកម្រាលរឹងពេកដែលអាចបណ្តាលឱ្យមានបញ្ហាពេលកូនរអឹលធ្លាក់ពីលើឧបករណ៍ ឬក៏អត់? និងត្រូវពិនិត្យមើលឧបករណ៍គ្រឿងលេងទាំងនោះផងថា តើមានភាពរឹងមាំ ឬមានចំណុចណាមួយស្រួច មុត ដែរឬទេ?។

    រៀនជាមួយនឹងធម្មជាតិ

    ក្មេងៗមានភាពចង់ដឹង ចង់ឃើញនូវអ្វីៗជុំវិញខ្លួនគេស្រាប់ទៅហើយ រឹតតែពេលបានមកនៅកណ្តាលធម្មជាតិដែលមាន​ទាំងវាលស្មៅ ដើមឈើ ផ្ទៃមេឃ សត្វបក្សីបក្សា និងសត្វល្អិតផ្សេងៗក្នុងពេលដែលអ្នកម្តាយដឹកដៃគេដើរលេងផងនោះ គេអាចនឹងមានសំនួរជាច្រើនសួរឡើង ដែលអ្នកម្តាយអាចនឹងសៀតស៊កនូវចំណេះដឹង និងបង្ហាត់បង្ហាញពីការចេះសង្កេតដល់កូនបាន។

    វិវឌ្ឍនាការសក្តិសមនឹងវ័យដោយធម្មជាតិ

    ការបណ្តោយឱ្យកុមារបានរត់លេងនៅក្នុងទីធ្លាដែលស្រឡះ កណ្តាលវាលនោះ នឹងជួយឱ្យកុមារមានទីធ្លាសម្រាប់ការរៀន​យល់​ដឹងមួយដែលមានភាពខុសប្លែកពីក្នុងបន្ទប់រៀន ឬក្នុងផ្ទះ។ កុមារនឹងបានរៀនយល់ដឹងកាន់តែច្រើនបែបច្រើនយ៉ាងឡើង តាមរយៈស្ថានភាពជុំវិញខ្លួនដែលប្លែកថ្មីជានិច្ច ដូចជាដើមឈើ ស្លឹកឈើ ផ្កាដែលមានពណ៌ល្អៗ និងចំនួនវត្ថុដែលខុសពីគ្នាទៅតាមរដូវកាល និងថែមទាំងបានសប្បាយរីករាយតាមរយៈការលេង ដែលនឹងធ្វើឱ្យកុមារមានអារម្មណ៍ល្អ នាំទៅរកការវិវឌ្ឍខាងអារម្មណ៍ ឬ EQ ដ៏ល្អទៀតផង។ ក្រៅពីនោះ ការធ្វើចលនារបស់រាងកាយរបស់កូនយ៉ាងពេញទំហឹងតាមរយៈការរត់លេង មិនថាតែការរត់ លោត ហក់តោង ឬឡើងនោះក្ដី វាប្រៀបដូចជាការហាត់ប្រាណដែលនឹងធ្វើឱ្យកូនមានសុខភាពល្អ សាច់ដុំមាំមួនទៀតផង។

    . ចំណុចគួរប្រយ័ត្នក្នុងការនាំកូនចេញទៅលេងខាងក្រៅផ្ទះ

    ទោះជាការលេងនៅខាងក្រៅផ្ទះនេះមានចំណុចល្អច្រើនមែនក៏ដោយ តែក៏មានចំណុចគួរប្រយ័ត្នប្រយែងដែរ ជាពិសេស គឺការវង្វេងបាត់តែម្តង ដូច្នេះដើម្បីចៀសវាងនូវការសោកស្តាយនៅពេលក្រោយ ឬការកើតមានឡើងនូវបញ្ហាជាយថា​ហេតុណាមួយនោះ លោកឪពុក ឬអ្នកម្តាយគួរប្រុងប្រយ័ត្នដូចតទៅ ៈ

    1. កុំនាំកូនទៅលេងនៅកន្លែងណាដែលមានមនុស្សច្រើនណែនណាន់តាន់តាប់ពេក(ព្រោះអាចនឹងវង្វេងគ្នាដោយសារហ្វូងមនុស្ស)។
    2. កុំបណ្តោយកូនឱ្យរត់លេងតែឯងដោយមិនបានរវីរវល់មើលឱ្យសោះ ទោះជាកន្លែងដែលទៅលេងនោះនៅជិតផ្ទះក៏ដោយ។
    3. មិនផ្ញើកូនជាមួយនឹងមនុស្សចាស់ជរា ដែលមិនអាចមើលក្មេងដែលស្ថិតក្នុងវ័យរពឹសបាន។
    4. ព្យាយាមនៅក្បែរកូនជានិច្ច ឬកុំបណ្តោយឱ្យកូនបាត់ពីខ្សែភ្នែកឱ្យសោះ។

    នៅពេលដែលកូនលេងជក់រហូតភ្លេចហត់

    រឿងចុងក្រោយដែលឡារ៉ែនចង់ផ្តាំលោកឪពុកអ្នកម្តាយទាំងអស់ សម្រាប់ការនាំកូនៗចេញទៅលេងនៅខាងក្រៅផ្ទះនោះគឺ ក្នុងអំឡុងពេល​ដែលកូនៗបានលេងនោះ ពួកគេអាចនឹងសប្បាយយ៉ាងភ្លេចខ្លួន រហូតលែងមានអារម្មណ៍ហត់ គ្មានអារម្មណ៍ថា ហេវ ដូច្នេះលោកឪពុក​អ្នកម្តាយត្រូវចាំសង្កេតមើលថា បើឃើញកូនចាប់ផ្តើមហត់ ឬនៅមិនទាន់បានញ៉ាំអី និងមិនបានញ៉ាំទឹកយូរហើយនោះ គួរតែប្រាប់ឱ្យកូនឈប់សម្រាកបន្តិច ដើម្បីបន្ថែមថាមពលសិន សឹមទៅលេងសប្បាយបន្តទៀត៕

  • រាងកាយទារក ដែលអ្នកម្តាយត្រូវតែស្គាល់…

    រាងកាយទារក ដែលអ្នកម្តាយត្រូវតែស្គាល់…

    ព្រោះតែរាងកាយកូនតូចនៅខ្ចី គួរឱ្យថ្នាក់ថ្នម ទើបតម្រូវឱ្យលោកឪពុកអ្នកម្តាយត្រូវតែនៅចាំមើលថែទាំយ៉ាងដិតដល់ ជាពិ​សេស​​​​រឿងសុខភាពរាងកាយកូនតូច។ ថ្ងៃនេះយើងនាំគ្នាមកស្គាល់អំពីការធ្វើការងាររបស់អវយវៈសំខាន់ផ្សេងៗនៅលើរាងកាយកូនតូច ព្រមទាំងវិធីមើលថែទាំដ៏ត្រឹមត្រូវទាំងអស់គ្នា។

    បង្ហើយ : គឺជាផ្នែកមួយរបស់លលាដ៍ក្បាលដែលនៅមិនទាន់ជាប់គ្នាណែនល្អ ទើបកើតមានជាកន្លែងទន់ៗមួយនៅលើក្បាល។ ពេលយើងសង្កត់នឹងទ្រុឌចុះ ដែលទាំងអស់មាន 2កន្លែង គឺបង្ហើយមុខ មានរាង 4ជ្រុង និងបង្ហើយក្រោយ មានរាងត្រីកោណដែលមានទំហំតូចជាង។ បង្ហើយមុខនឹងឡើងរឹងនៅពេលកូនតូចអាយុបាន 1ឆ្នាំទៅ 1ឆ្នាំកន្លះ ចំណែកបង្ហើយក្រោយនឹងឡើងរឹងនៅ​ពេលអាយុបានប្រមាណ 6ខែ។

    ចំណុចគួរប្រយ័ត្ន ៖ កុំកង្វល់បារម្ភក្នុងការប៉ះពាល់បង្ហើយ គ្រាន់តែប្រយ័ត្នកុំចុចសង្កត់ ឬប៉ះខ្លាំងៗទៅបានហើយ។ បើស្ទាបប៉ះទៅឃើញថា ទ្រុឌចុះខ្លាំង ហើយកូនតូចនៅស្ងៀម មិនលេង មិនសើចញញឹម មិនរវើកដូចសព្វដង ភ្នែករាងខូង នោះជាសញ្ញាបញ្ជាក់ថា ​កូនអាចកើតអាការខ្វះជាតិទឹកធ្ងន់ធ្ងរ ឬបើឃើញថា បង្ហើយឡើងប៉ោងទុល មិនលោតដូចចង្វាក់ជីពចរ នោះបញ្ជាក់ថា កូនតូចអាចមានបញ្ហាពាក់ព័ន្ធនឹងខួរក្បាល គួរនាំកូនតូចទៅជួបលោកគ្រូពេទ្យជាបន្ទាន់។

    ស្លឹកត្រចៀក : គឺជាអវយវៈសំខាន់ក្នុងការស្តាប់ និងឮ កើតឡើងដោយសាររលកសំឡេងធ្វើដំណើរទៅប៉ះនឹងក្រដាសត្រចៀក ឆ្លងកាត់ឆ្អឹងត្រចៀកមកសសៃប្រសាទត្រចៀក រួចមកដល់ខួរក្បាល ដូច្នេះហើយទើបត្រចៀកមានភាពសំខាន់ដល់ការរៀនយល់ដឹងពីអ្វីៗជុំវិញខ្លួន តាមរយ:ការស្តាប់សំឡេង ការបានឮ។ បើសិនជាកើតមានភាពខុសប្រក្រតីទាក់ទងនឹងការបានឮតាំងពីតូច ការវិវឌ្ឍខាងការ​និយាយក៏មានបញ្ហាដែរ។

    ចំណុចគួរប្រយ័ត្ន ៖ អាចម៍ត្រចៀកនឹងជួយការពារសត្វល្អិតៗ ដូចជាស្រមោច ឬចៃឆ្កែមិនឱ្យចូលបាន ដូច្នេះអ្នកម្ដាយមិនគួរខ្វេះ ឬកេះត្រចៀកឡើយ ព្រោះមិនត្រឹមតែធ្វើឱ្យអាចម៍ត្រចៀកចូលទៅញ៉ុកណែននៅខាងក្នុងប៉ុណ្ណោះទេ តែនៅអាចធ្វើឱ្យកូនតូចឈឺត្រចៀក ឬក្រដាសត្រចៀកអាចនឹងធ្លុះបានទៀតផង។ ជាធម្មតាអាចម៍ត្រចៀកដែលកើតឡើងនោះ នៅពេលដែលវាមានច្រើន វានឹងជ្រុះចេញមកក្រៅ​ដោយឯកឯង។ ចំណែកទារកដែលបានឮជាធម្មតា ត្រូវតែចេះញញឹម ចេះមើលមុខ សម្លឹងភ្នែក និងបែរមើលតាមសំឡេងបាន តែបើកន្លងផុតទៅ 6ខែហើយ នៅតែធ្វើដូចការរៀបរាប់មកមិនបាន នោះបង្ហាញថា កូនតូចអាចនឹងមានបញ្ហាខាងការស្តាប់ឮហើយ ដូច្នេះគួរតែនាំកូនតូចទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ។

    កែវភ្នែក : តាមធម្មជាតិ ក្រពេញទឹកភ្នែកអាចបង្ហូរទឹកភ្នែកចេញមកបាន ដែលប្រកបទៅដោយ អេនហ្សៃម៍ ឡៃសូហ្សៃម៍ (Lysozyme) អាចបំផ្លាញសម្បកកោសិការបស់មេរោគបាក់តេរីបាន ដូច្នេះទើបទឹកភ្នែកជាសារធាតុរលាយដែលការពារការឆ្លងមេរោគនៅក្នុងកែវភ្នែក ។ បើមានវត្ថុចម្លែកចូលក្នុងកែវភ្នែក ក្រពេញទឹកភ្នែកនឹងធ្វើការ ដោយបញ្ចេញទឹកភ្នែកមកភ្លាម ដើម្បីលាងសម្អាតវត្ថុចម្លែកនោះចេញ។

    ចំណុចគួរប្រយ័ត្ន ៖ មិនគួរប៉ះពាល់ ឬរវល់នឹងកែវភ្នែកកូនតូចឡើយ តែបើឃើញមានភាពខុសប្រក្រតីណាមួួយ ដូចជា ភ្នែក​ពណ៌សមិនស តែមានពណ៌ក្រហមព្រឿងៗ ភ្នែកហើមឡើងក្រហម ភ្នែកសើមមានទឹកភ្នែកដក់ជាប់រហូត ឃើញមានចំណុចសៗ​នៅ​​ក្នុងប្រស្រីភ្នែក ភ្នែកញាក់ៗ គ្រាប់ភ្នែកញ័រៗ មានអាចម៍ភ្នែកពណ៌លឿងលាយបៃតង ពេលបើកភ្នែក ត្របកភ្នែកបើក​ឡើងមិនស្មើគ្នា ឬអាយុ 2-3​ ខែហើយ តែនៅមិនទាន់ចេះមើលមុខឪពុកម្តាយ ភ្នែកប៉ះពន្លឺមិនបាន ធ្វើភ្នែកក្រឡឺតក្រឡាប់មិនកើត ពេលសម្លឹងមើលទៅខាងៗក៏បែរទៅទាំងក្បាលជាដើម …បើសង្កេតឃើញមានកើតអាការមួយណាក្នុងចំណោមអាការទាំងអស់ដែលបានរៀបរាប់មកនោះ លោកឪពុកអ្នកម្តាយគួរប្រញាប់នាំកូនទៅជួបលោកគ្រូពេទ្យដើម្បីពិនិត្យកែវភ្នែកកូនជាបន្ទាន់។

    ច្រមុះ : ច្រមុះមានតួនាទីដកដង្ហើម និងហឹតក្លិនផ្សេងៗ។ នៅក្នុងច្រមុះមានរោមតូចៗជាច្រើនដើម្បីការពារកម្ទេចលម្អងធូលី ឬសត្វល្អិតដែលប៉ុនប៉ងចូលទៅក្នុងផ្លូវដង្ហើម ព្រមទាំងមានតួនាទីចាំស្ទាក់ចាប់វត្ថុចម្លែកដែលស្រូបចូលទៅ និងកណ្តាស់ចេញមកវិញ។ សាច់ជាលិកាដែលក្រាលខាងក្នុងប្រហោងច្រមុះ នឹងបំពេញតួនាទីបញ្ចេញជាតិទឹកមកចិញ្ចឹមប្រហោងច្រមុះ ពេលដកដង្ហើមចូលទៅ ជាតិទឹកនៅក្នុងច្រមុះជាអ្នកបន្ថែមសំណើមឱ្យខ្យល់។ បើសាច់ជាលិកាក្នុងច្រមុះរលាក ទឹកច្រមុះនឹងត្រូវបានបញ្ចេញមកច្រើនជាងធម្មតា។

    ចំណុចគួរប្រយ័ត្ន ៖​​ ពេលកូនតូចមិនស្រួលខ្លួន កើតផ្តាសាយ តែងតែមានទឹកសំបោរច្រើន អ្នកម្ដាយគួរយកក្រណាត់ជ្រលក់ទឹកអំបិលជូតថ្នមៗ។ បើប្រើសំឡីត្បារត្រចៀកជូតសម្អាត ត្រូវប្រយ័ត្នពេលកូនតូចរើ ព្រោះអាចនាំឱ្យកើតឧប្បត្តិហេតុបាន ។ រឿង​ដែល​​​​ត្រូវប្រយ័ត្ននោះគឺ អ្នកម្ដាយកុំយកម្រាមដៃរបស់ខ្លួនទៅកេះច្រមុះកូន ព្រោះក្រចកដៃអាចធ្វើឱ្យរយះសាច់ច្រមុះកូនតូចបាន។ ចំណែកច្រមុះដែលមានស្នាមអុចៗសៗ ស្រដៀងមុនខ្សាច់នោះ មិនបាច់កេះចេញទេ ព្រោះវាគ្មានបណ្តាលឱ្យមានគ្រោះថ្នាក់អ្វីទេ។

    ក្រចកដៃ : ក្រចកដៃមានតួនាទី អេះ កេះ កោស ខ្វាច ហែកចំណីអាហារ ឬរបស់ផ្សេងៗឱ្យក្លាយជាបំណែកតូចៗ។​ ក្រចកដៃ-ជើងរបស់កុមារតូចៗ ក៏ដូចក្រចកដៃ-ជើងរបស់មនុស្សធំដែលឆាប់វែងដែរ។ គេសង្កេតឃើញថា អត្រានៃការដុះរបស់ក្រចកដៃ តែងវែងលឿនជាងក្រចកជើងដល់ទៅ 2ដង ដូច្នេះហើយទើបយើងត្រូវកាត់ក្រចកដៃញឹកញាប់ជាងក្រចកជើង។ ជាធម្មតាគេនិយមកាត់ក្រចករៀងរាល់ 1 – 2សប្តាហ៍ម្តង ចំណែកលក្ខណៈរបស់ក្រចក ជាធម្មតាច្រើនមានពណ៌ផ្កាឈូកស្តើងៗ រាបស្មើគ្នា គ្មានស្នាមរួញ ឬកោងងឡើយ។

    ចំណុចគួរប្រយ័ត្ន ៖ ពេលកាត់ក្រចកដៃឱ្យកូនតូច ត្រូវប្រយ័ត្នកុំឱ្យប៉ះសាច់កូន គួរធ្វើនៅពេលដែលកូនតូចគេងលក់។ គួរជ្រើសរើសប្រើកន្រ្តៃកាត់ក្រចកសម្រាប់ទារក និងពេលកាត់ហើយ គួររូស​ក្រចកឱ្យទាលផង ហើយបើឃើញមានអ្វីខុសប្រក្រ​តីដែលកើតឡើងនៅលើក្រចកកូនតូច គួរទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ ដូចជា ក្រចកឡើងពណ៌ខ្មៅជាំ ឬមានពណ៌ខុស​ប្រក្រតី ក្រចកដុះចេញមកវៀច រួញ ក្រឹន ឬផ្សេងទៀត។ល។

    រន្ធផ្ជិត : ជាប្រក្រតី ចំណែករបស់ទងផ្ជិតនឹងស្ងួតជាបណ្តើរៗ ហើយជ្រុះដោយខ្លួនឯងក្នុងរយ:ពេល 2-3សប្តាហ៍ តែគេក៏​ធ្លាប់ជួបប្រទះដែរថា ទារកខ្លះអាចប្រើពេលយូរជាងនេះទៅទៀត។ តាមការណែនាំរបស់លោកគ្រូពេទ្យ គោលការណ៍នៃ​ការសម្អាត គឺជាវិធីមួយដែលល្អបំផុត ដើម្បីការពារការឆ្លងមេរោគដែលអាចបង្កគ្រោះថ្នាក់ដល់កូនតូចបាន។

    ចំណុចគួរប្រយ័ត្ន ៖ បើទងផ្ចិត និងស្រទាប់ស្បែកជុំវិញឡើងពណ៌ក្រហម និងមានធំក្លិន នោះបញ្ជាក់ថា អាចមានឆ្លងមេរោគ ឬបើសង្កេតឃើញផ្ចិតរបស់កូនឡើងសើម ផ្ចិតរលាកក្លាយ មានឈាមចេញមកតាមផ្ចិត…អ្នកម្តាយគួរប្រញាប់នាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់។ សម្រាប់ផ្ចិតប៉ោង ឬទុលឡើង អ្នកម្តាយមិនគួរកង្វល់បារម្ភឡើយ ព្រោះផ្ចិតនឹងរួញចូលវិញដោយឯកឯងក្នុងអំឡុងពេល 2 – 3ខែ ឬមានទារកខ្លះអាចយូរដល់ 1ឆ្នាំក៏មាន។

    ស្បែក : ទារកក្នុងវ័យទើបនឹងកើត អ្នកម្តាយអាចសង្កេតឃើញថា នៅលើស្បែករបស់កូនមានស្នាមអុចៗក្រហមៗពេញ​ខ្លួន ដែលភាគច្រើននឹងរលប់បាត់ទៅវិញដោយឯកឯងនៅពេលដែលធំឡើងជាបណ្តើរៗ តែស្នាមដែលបង្ហាញពីភាពខុសប្រក្រតីខ្លះ ដូចជា ស្នាមនៅលើមុខ ស្នាមនៅលើកំប៉េះគូទ គួរតែប្រញាប់រកមើលមូលហេតុ និងមើលថែទាំតាមអាការ។

    ចំណុចគួរប្រយ័ត្ន ៖ ភាពស្អាតបាតមានអនាម័យ គឺជារឿងសំខាន់ណាស់សម្រាប់ស្បែករបស់ទារក ដូច្នេះបើឃើញមានស្នាមដែលគួរឱ្យសង្ស័យ ដូចជាស្នាមនៅលើគូទ ជាដើម គួរតែសម្អាត ឬជូតឱ្យស្អាត និងផ្លាស់កន្ទបឱ្យរៀងរាល់ពេលបន្ទាប់ពី​ទារកបន្ទោបង់រួច និងមិនគួរស្លៀកខោទឹកនោមគ្រប់ពេលវេលានោះទេ គួរស្លៀកក្រណាត់កន្ទបផាឌិប ឬក៏ឱ្យស្បែកកូនបានប៉ះនឹងខ្យល់អាកាសខ្លះផង៕

  • តើស្រ្តីមានផ្ទៃពោះ ជិះយន្តហោះបានដែរឬទេ?

    តើស្រ្តីមានផ្ទៃពោះ ជិះយន្តហោះបានដែរឬទេ?

    យើងទាំងអស់គ្នាប្រហែលជាធ្លាប់បានឮពីជំនឿកាលពីបុរាណដែលពាក់ព័ន្ធនឹងការហាមប្រាមមិនឱ្យស្រីៗធ្វើក្នុងអំឡុងពេលខ្លួនមានគភ៌ខ្លះៗមកហើយមិនខាន។ គឺជាការហាមប្រាមធម្មតាៗ ដូចជា ហាមកាន់កន្ត្រៃ ហាមទៅចូលរួមបុណ្យសព រហូតទៅដល់ហាមលាបពណ៌សក់ជាដើម ហើយស្រ្តីៗយើងក៏​ប្រហែល​ជាធ្លាប់បានឮមកខ្លះៗដែរហើយថា ស្ត្រីមានគភ៌ត្រូវបានហាមមិនឱ្យជិះយន្តហោះឡើយ តើជារឿងពិតឬដែលគេនិយាយថា ការធ្វើដំណើរតាមយន្តហោះក្នុងអំឡុងពេលមានផ្ទៃពោះនឹងបង្កឱ្យមានគ្រោះថ្នាក់? ដូច្នេះសរុបមកថា តើស្រ្តីមានផ្ទៃពោះអាចជិះយន្តហោះបានដែរឬទេ? ឡា រ៉ែនមានចម្លើយសម្រាប់សំនួរនេះ…។

    អ្នកជំនាញការផ្នែកសុខភាពស្រ្តី បានរៀបរាប់ផ្ទុយពីចំណុចហាមប្រាមចាស់ៗដែលលោកអ្នកធ្លាប់បានឮមកនោះថា នៅក្នុងផ្នែកជំនួញ ការធ្វើដំណើរដោយយន្តហោះមិនមានភាពប្រថុយប្រថានជាពិសេសណាមួយសម្រាប់ស្ត្រីមានគភ៌ដែលមានសុខភាពរឹងមាំ​ល្អ ឬសូម្បីតែចំពោះទារកនៅក្នុងផ្ទៃឡើយ តែហេតុផលធំចម្បងគឺ ជាក្តីកង្វល់របស់ក្រុមហ៊ុនអាកាសចរណ៍នោះទៅវិញទេ ព្រោះ​មាន​​​ភាពអាចទៅរួចច្រើនដែលស្រ្តីមានគភ៌នឹងប្រសូតបុត្រនៅក្នុងយន្តហោះដែលកំពុងហោះហើរ ដែលធ្វើឱ្យក្រុមហ៊ុន​អាកាសចរណ៍​នោះត្រូវចេញថ្លៃចាយវាយបន្ថែមតាមច្បាប់កំណត់ និងថែមទាំងជាការរុកគួនរំខានអ្នកដំណើរដទៃទៀតផង។

    ខាងក្រោមនេះ គឺគន្លឹះសំខាន់ៗសម្រាប់ស្រ្តីមានគភ៌ខណៈជិះយន្តហោះ ៈ

    1. ក្រោកឡើងដើររយៈចម្ងាយខ្លីៗតាមផ្លូវដើរនៅក្នុងយន្តហោះរៀងរាល់ 30នាទីម្តង បើសិនជាមានសុវត្ថិភាពក្នុងការធ្វើ។
    2. សណ្តូកជើងឱ្យត្រង់ និងធ្វើចលនាជើងបែប អៃហ្សូមេធ្រិក(Isometric)។
    3. ញ៉ាំទឹកឱ្យបានច្រើន។
    4. ជ្រើសរើសកន្លែងអង្គុយដែលនៅក្បែរបន្ទប់ទឹក។
    5. គួរបំពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យទាប ម្តុំជុំវិញឆ្អឹងត្រគាកជាប់រហូតក្នុងពេលធ្វើដំណើរ។
    6. ចៀសវាងអាហារដែលធ្វើឱ្យកើតមានហ្កាស និងអាហារដែលបម្រើនៅក្នុងយន្តហោះ។ ព្យាយាមយកអាហាររបស់ខ្លួនឯងទៅទុកញ៉ាំ។

    ការធ្វើដំណើរក្នុងរយៈដំបូងនៃការមានគភ៌ គឺមានសុវត្ថិភាព តែអ្វីដែលគួរប្រុងប្រយ័ត្ននោះគឺ អាការពាក់ព័ន្ធនឹងការមានគភ៌ ដូចជាអាការចាញ់កូនដែលអាចនឹងកាន់តែអាក្រក់ឡើង ដូច្នេះអ្នកគួរមានថង់សម្រាប់ក្អួតនៅជិតខ្លួន 2 – 3សម្រាប់។

    មានស្រ្តីជាច្រើនមានអារម្មណ៍ថា សប្បាយ និងស្រួលខ្លួនល្អឡើងវិញនៅក្នុងអំឡុងត្រីមាសទី2 នៃការមានគភ៌។ អាការចាញ់កូនរបស់អ្នកបាត់ទៅវិញហើយ នៅក្នុងត្រីមាសនេះមានភាពប្រថុយប្រថានតិចបំផុតក្នុងការប្រសូតមុនកំណត់ ទើបមិនមែនជារឿង​ប្លែក​ឡើយដែលស្រ្តីជាច្រើនឆ្លៀតឱកាសនេះធ្វើដំណើរទៅកម្សាន្តនៅទីឆ្ងាយ តែយ៉ាងណាក៏ដោយអ្នកគួរប្រយ័ត្នរឿងប្រព័ន្ធឈាមរត់ផង។ យើងមានពាក្យណែនាំដើម្បីជួយឱ្យលំហូរវិលរបស់លោហិតរបស់ស្រ្តីមានគភ៌ដំណើរការយ៉ាងប្រក្រតី ដូចខាងក្រោម ៖

    • គួរស្លៀកសម្លៀកបំពាក់ណាដែលធូររលុងសប្បាយស្រួលខ្លួន។
    • គួរពាក់ស្រោមជើងបារ៍ដែលមានភាពរឹប ដើម្បីជួយបង្កើនការហូរវិលរបស់ឈាមពីកជើងទៅរកបេះដូង និងសួតរបស់អ្នក។
    • ចៀសវាងការអង្គុយគងអន្ទាក់ខ្លា។
    • ញ៉ាំទឹកឱ្យបានច្រើន ដើម្បីរក្សាភាពស្រស់ថ្លាក្នុងរាងកាយ។

    រឿងមួយទៀតដែលជួយរក្សាលំហូរវិលរបស់លោហិតបានច្រើននោះ គឺការធ្វើចលនារាងកាយដោយការក្រោកឡើងដើរនៅតាម​ផ្លូវ​ដើរ​ក្នុងយន្តហោះ សណ្តូកជើង និងពង្រឹងសាច់ដុំជើងរៀងរាល់កន្លះម៉ោងម្ដង បង្វិលកជើងទៅមក និងកម្រើកម្រាមជើង។ អ្វីទាំងអស់នេះ គឺជាឧទាហរណ៍តូចៗដែលស្រ្តីមានគភ៌អាចធ្វើបាននៅនឹងកន្លែងដែលខ្លួនអង្គុយដោយមិនរំខានអ្នកធ្វើដំណើរដែលអង្គុយក្បែរឡើយ៕

  • បង្ហាត់កូនតូចឱ្យមានការវិវឌ្ឍទាំងរាងកាយ និងផ្លូវចិត្តដ៏ល្អតាំងពីនៅក្នុងគភ៌

    បង្ហាត់កូនតូចឱ្យមានការវិវឌ្ឍទាំងរាងកាយ និងផ្លូវចិត្តដ៏ល្អតាំងពីនៅក្នុងគភ៌

    ក្តីស្រឡាញ់ និងសម្ព័ន្ធទាក់ទងរវាងម្តាយ និងកូន…ចាប់ផ្តើមឡើងតាំងពីអ្នកម្តាយមានគភ៌ថ្មីៗ ភ្លាមៗម៉្លេះ អ្វីៗ​​​​គ្រប់​យ៉ាងដែលពាក់ព័ន្ធជាមួយអ្នកម្តាយសុទ្ធតែហុចផលទៅដល់កូនតូចក្នុងគភ៌ជានិច្ច ទាំងខាងរូបកាយ អារម្មណ៍ និងផ្លូវចិត្ត។ បើសិនជាស្ត្រីមានគភ៌មានសុខភាពផ្លូវចិត្តល្អ កូនតូចដែលនៅក្នុងគភ៌ក៏មានការវិវឌ្ឍល្អដែរ តែផ្ទុយទៅវិញ…បើស្ត្រីមានគភ៌ស្ថិតក្នុងសភាវផ្លូវចិត្តដែលមានភាពតឹងតែងធុញថប់ ឆាប់ខឹង ឬឆាប់ភ័យបារម្ភជាប់ជាប្រចាំ ​ដែលមួយចំណែកបណ្តាលមកពីកម្រិតអ័រម៉ូននៅក្នុងរាងកាយមានការប្រែប្រួល និងមួយចំណែកទៀតមកពីអារម្មណ៍ដែលចេះតែគិតថា ខ្លួនឯងនឹងចុះអន់ថយទាំងខាងរូបរាងកាយ មុខមាត់ និងការចងចាំនៅពេលតាំងគភ៌នោះ កូនតូចនៅក្នុងគភ៌ក៏នឹងបានទទួលផលប៉ះពាល់មិនល្អ រហូតដល់មានការវិវឌ្ឍយឺតយ៉ាវទៅតាមនោះដែរ។

    ដូច្នេះហើយទើបការត្រៀមខ្លួនធ្វើជាអ្នកម្តាយដ៏ល្អ គឺជារឿងមួយសំខាន់បំផុត និងអាចធ្វើបានយ៉ាងងាយៗដូចខាងក្រោមនេះ៖

    .ធ្វើចលនារាងកាយ…

    ជួយអភិវឌ្ឍខួរក្បាលកូន…ការធ្វើចលនានៅទីនេះមានន័យថា ធ្វើចលនារាងកាយយ៉ាងសមល្មមដែលនឹងហុច​ផលល្អដល់ទឹកភ្លោះនៅក្នុងស្បូន និងសភាពជុំវិញខ្លួនកូនតូចនៅក្នុងគភ៌ ធ្វើឲ្យកូនតូចមានអារម្មណ៍ដូចបានទទួលការប៉ះពាល់​ដោយដៃរបស់អ្នកម្តាយផ្ទាល់ ជួយអភិវឌ្ឍប្រព័ន្ធសរសៃប្រសាទទទួលដឹង និងអារម្មណ៍ ហើយថែមទាំងមានការពត់ពេនខ្លួន​ប្រាណ​​​​​​​​ទៅតាមចង្វាក់ការធ្វើចលនារបស់ម្តាយទៀតផង។ តែចំណុចគួរប្រយ័ត្ន គឺកុំធ្វើចលនាខ្លាំងៗ និងច្រើន ឬយូរជ្រុល​ពេក ព្រោះនឹងធ្វើឱ្យកូនតូចមិនបានសម្រាក និងហត់តាមម្ដាយដែរ ហើយទារកនៅក្នុងគភ៌អាចនឹងបញ្ចេញអាការធាក់ ឬរើយ៉ាងធុញថប់ជាដើម។

    .សំឡេង…

    ជួយអភិវឌ្ឍអារម្មណ៍របស់កូន…ដោយសារប្រព័ន្ធសរសៃប្រសាទខាងការស្តាប់របស់កូនតូចក្នុងគភ៌ចាប់ផ្តើមធ្វើការពេលអាយុបាន 18សប្តាហ៍ និងការបានឮនឹងវិវឌ្ឍបន្តទៅទៀតជារឿយៗតាមលំដាប់នោះ រលកសំឡេងដែលមានគ្រោងសាងដ៏សក្តិសមល្អនឹងជួយជំរុញបណ្តាញសរសៃប្រសាទដែលពាក់ព័ន្ធជាមួយការបានឮឱ្យអភិវឌ្ឍប្រព័ន្ធការងារបានកាន់តែលឿនឡើង។ នៅពេលកូនតូចប្រសូតចេញមកហើយនឹងធ្វើឱ្យសមត្ថភាពក្នុងការរៀងលំដាប់ការគិតនៅក្នុងខួរក្បាល មានអារម្មណ៍ធូរស្រាល និងអាចចងចាំរឿងរ៉ាវផ្សេងៗបានយ៉ាងល្អ។

    ទារកនឹងមានការអភិវឌ្ឍសមត្ថភាពក្នុងការទទួលដឹងពាក់ព័ន្ធនឹងចង្វាក់របស់សំឡេងតាំងពីនៅក្នុងគភ៌ម្ដាយ អាចឆ្លើយតបនឹងសំឡេងដែលមានចង្វាក់លឿន និងយឺតបាន។ ចេះបែងចែកសំឡេងដែលធ្លាប់ស្គាល់តាំងពីនៅក្នុងគភ៌ម្ដាយ ដូចជាសំឡេង​ម៉ាក់ សំឡេងប៉ា ដែលបើសិនជាសំឡេងដែលល្អៗផងនោះ ទារកនឹងកើតក្តីសប្បាយចិត្ត និងមានអារម្មណ៍ល្អ។ ការដែលស្ត្រីមានគភ៌ឧស្សាហ៍និយាយជាមួយកូនតូចក្នុងផ្ទៃ រួមទាំងការបើកបទភ្លេងបំពេរផងនោះនឹងជួយសាងសម្ព័ន្ធភាពដ៏ល្អរវាងម្តាយ និងទារកបាន។

    .អាហារ…

    ជួយបង្កើនការអភិវឌ្ឍរបស់កូន…អាហារដែលអ្នកម្តាយទទួលទានចូលទៅ នៅមិនទាន់បញ្ជូនទៅដល់​ទារកភ្លាមៗទេ តែសារជាតិអាហារផ្សេងៗទាំងនោះនឹងស្ថិតនៅក្នុងខ្លួនអ្នកម្តាយ ព្រោះលំហូរវឹលនៃឈាមរបស់អ្នកម្តាយ និងកូននៅផ្សេងពីគ្នា តែមានចំណុចតភ្ជាប់គ្នាតាមរយ:ទងសុក ហើយសារធាតុអាហារដែលល្អៗនឹងត្រូវបឺតជញ្ជក់ទៅឱ្យកូនតាមរយ:ទងសុកនេះឯង។ ដូច្នេះបើអ្នកម្តាយចង់ឱ្យកូនបានទទួលសារធាតុអាហារដែលល្អ មានផលល្អដល់ការវិវឌ្ឍរបស់ទារកនោះ គួរតែទទួលទានអាហារឱ្យគ្រប់ 5ប្រភេទក្រុម ដើម្បី​ឱ្យកូនតូចអាចទាញយកទៅប្រើប្រាស់ក្នុងបរិមាណដែលគ្រប់គ្រាន់ ។

    ការដែលទារកអាចបឺតជញ្ជក់យកសារធាតុអាហារបានល្អ ឬមិនល្អនោះ វាអាស្រ័យនៅលើ​​​​​ទងសុកដែរ បើទងសុកមានទំហំ​តូច ការបឺតជញ្ជក់អាហារនឹងបានតិចជាងទងសុកដែលមានទំហំធំ តែវិធីដែលល្អបំផុតនោះគឺ អ្នកម្តាយត្រូវទទួលទានអា​ហារ​​ដែលមានប្រយោជន៍ឱ្យបានច្រើនបំផុត ដើម្បីមានផលល្អដល់ការវិវឌ្ឍរបស់ទារកនៅក្នុងគភ៌ ។

    ទារកនៅក្នុងគភ៌…គឺជាវ័យនៃការពឹងពាក់លើអ្នកម្តាយ មិនទាន់អាចជួយ ឬឆ្លើយតបនឹងតម្រូវការរបស់ខ្លួន​ឯង​បាន​​ទេ ដូច្នេះបើអ្នកម្តាយចិញ្ចឹម និងថែទាំយ៉ាងត្រឹមត្រូវនោះ វានឹងហុចផលឱ្យកូនតូចកើតមានអារម្មណ៍កក់ក្តៅ ជឿជាក់លើសុវត្ថិភាព រហូតដល់មានការវិវឌ្ឍដ៏ល្អឡើងតាមលំដាប់ជាមិនខាន៕

  • តើមែនឬ ដែលថាទារកក្នុងផ្ទៃក៏បានដឹងពីអ្វីផ្សេងៗដែលនៅខាងក្រៅដែរ?

    តើមែនឬ ដែលថាទារកក្នុងផ្ទៃក៏បានដឹងពីអ្វីផ្សេងៗដែលនៅខាងក្រៅដែរ?

    បច្ចុប្បន្ន ខាងវេជ្ជសាស្រ្តបានពិសោធ និងបានទទួលស្គាល់ហើយថា ទារកនៅក្នុងផ្ទៃមានសមត្ថភាពក្នុងការទទួលដឹងអ្វីៗដែលនៅជុំវិញខ្លួនគេបានតាំងពីនៅក្នុងគភ៌របស់ម្ដាយម្ល៉េះ ដោយកម្រិតនៃការបានដឹងនោះ នឹងអភិវឌ្ឍជាសន្សឹមៗតាមអាយុគភ៌ ហើយការបានដឹងចម្បងៗដែលទារកអាចទទួលបាននោះគឺ ពន្លឺ សំឡេង ការធ្វើចលនា និងការប៉ះពាល់ផ្សេងៗ។

    ការបានដឹងពីពន្លឺ

    ពេលទារកនៅក្នុងគភ៌ដែលមានអាយុ 29សប្ដាហ៍ ទារកនឹងអាចបើកភ្នែក និងមើលឃើញជញ្ជាំងស្បូនដែលឱបក្រសោបខ្លួនគេ។ តមក នៅពេលអាយុគភ៌ច្រើនឡើងជារឿយៗ ជញ្ជាំងស្បូនក៏នឹងស្ដើងទៅជារឿយៗដែរ ពន្លឺពីខាងក្រៅក៏អាចឆ្លងកាត់ចូលមកខាងក្នុងស្បូនបាន។ ពន្លឺដែលឆ្លុះភ្លឺចូលមក នឹងជំរុញការទទួលដឹងរបស់ទារក ធ្វើឱ្យទារកបានស្គាល់ពីភាពផ្សេងគ្នារវាងពេលថ្ងៃ និងពេលយប់ ដែលព័ត៌មាននេះកើតឡើងពីការពិសោធខាងវេជ្ជសាស្រ្ត ដោយការសាកល្បងបញ្ចាំងពន្លឺភ្លើងចូលទៅបរិវេណស្បូន បន្ទាប់ពីនោះក៏ប្រើអេកូសាស្រ្តឆ្លុះពិសោធន៍មើលប្រតិកម្មរបស់ទារកនៅក្នុងគភ៌ និងបានរកឃើញថា ពេលបញ្ចាំងពន្លឺចូលទៅ ទារកបានលើកដៃឡើងបាំងថ្ងាសក្នុងលក្ខណៈបាំងពន្លឺ និងកម្រិតការលោតរបស់បេះដូងទារកក៏កើនឡើងខ្ពស់ជាងប្រក្រតីដែរ។

    ការបានដឹងផ្នែកសំឡេង

    ទារកដែលនៅក្នុងគភ៌មានអាយុ 16សប្ដាហ៍ ចាប់ផ្ដើមបានឮសំឡេងផ្សេងៗហើយ ទាំងសំឡេងបេះដូងលោតរបស់ម្ដាយ សំឡេងការហូរវិលរបស់ចរន្តឈាមរត់ ឬសូម្បីតែសំឡេងដែលលាន់ឮមកពីខាងក្រៅស្បូន ដូចជាសំឡេងជជែកគ្នារបស់ឪពុកម្ដាយ សំឡេងភ្លេង ឬសំឡេងឮខ្លាំងៗពីខ្សែភាពយន្តដែលម្ដាយកំពុងមើលទៀតផង។ ធ្លាប់មានឧទាហរណ៍ពេលដែលស្រ្តីមានគភ៌ទៅមើលខ្សែភាពយន្តដែលមានឆាកត្រូវមានសំឡេងឮខ្លាំងៗ ឬសំឡេងស្រែកឮៗ ទារកនៅក្នុងគភ៌នឹងរើទធាក់ជើងឡើង ព្រោះទារកក្នុងគភ៌បានតបស្នងនឹងសំឡេងដែលគេបានឮនោះ រួមទាំងសំឡេងនិយាយរបស់ឪពុកម្ដាយផងដែរ។ មានការពិសោធ និងអះអាងលទ្ធផលរួចហើយ អំពីអ្នកវិទ្យាសាស្រ្តថា បើឪពុកម្ដាយបាននិយាយលេងជាមួយកូនតាំងពីនៅក្នុងគភ៌យ៉ាងជាប់លាប់ នៅពេលកូនប្រសូតចេញមក ទារកនឹងអាចចងចាំសំឡេងឪពុក និងម្ដាយបានភ្លាមតែម្ដង និងអាចឆ្លើយតបដោយការព្យាយាមបែរទៅរកប្រភពសំឡេងរបស់ឪពុក និងម្ដាយ ដោយទារកនឹងមានប្រតិកម្ម និងញែកសំឡេងរបស់ឪពុកម្ដាយ ពីសំឡេងរបស់អ្នកដទៃបានភ្លាមៗក្រោយពីប្រសូតចេញមក និងអាចចងចាំឪពុកម្ដាយបានក្នុងអំឡុងពេល 4ថ្ងៃបន្ទាប់ពីប្រសូតចេញមក ទោះជាខ្សែភ្នែកអាចមើលឃើញក្នុងរយៈចម្ងាយត្រឹមតែ 1អ៊ិញក្ដី។

    ក្រៅពីនោះ បើសិនជាក្នុងអំឡុងពេលដែលតាំងគភ៌ ស្រ្តីជាម្ដាយបានចាក់បទភ្លេងដែលមានបរិយាកាសបែបកក់ក្ដៅស្រទន់ មានអារម្មណ៍ត្រជាក់ ដូចជាភ្លេងក្លាសស៊ិក ព្រមជាមួយនឹងការនិយាយជាមួយកូនយ៉ាងជាប់លាប់ផងនោះ ពេលកូនប្រសូតចេញមក និងស្រែកយំ ការចាកបទភ្លេងដដែលដែលធ្លាប់បានបើកឱ្យកូនស្ដាប់ បែរជាមានផលធ្វើឱ្យទារកមានអារម្មណ៍ស្ងប់ទៅវិញបានយ៉ាងគួរឱ្យចម្លែកចិត្ត។ ទាំងអស់នេះ ដោយសារតែទារកអាចចងចាំសំឡេងបទភ្លេងដែលគេធ្លាប់បានឮកាលពីពេលនៅក្នុងគភ៌ ដែលសភាវនេះ ទារកនឹងមានអារម្មណ៍ថាមានសុវត្ថិភាព និងស្ងប់ស្ងាត់ទៅវិញ។

    ការបានដឹងពីការប៉ះពាល់ និងការធ្វើចលនា

    ដោយសារតែទារកកាលពីពេលនៅក្នុងគភ៌ត្រូវអណ្ដែតទៅមក និងរឹតតែស្រ្តីជាម្ដាយធ្វើចលនាផងនោះ រាងកាយរបស់ទារកនៅក្នុងគភ៌ក៏នឹងមានចលនាទៅមកដូចគ្នាដែរ។ ការមានចលនាក្នុងលក្ខណៈអណ្ដែតទៅមកនេះ ទារកនឹងប៉ះពាល់ជាមួយស្រទាប់ផ្នែកខាងក្នុងរបស់ស្បូនគ្រប់ពេល ដែលមានផលល្អដល់ការអភិវឌ្ឍប្រព័ន្ធប្រសាទទទួលអារម្មណ៍របស់ទារក។ ក្រៅពីនេះ ទារកនៅបានស្គាល់ពីការសម្របខ្លួន និងស្គាល់ពីការរក្សាលំនឹងរបស់រាងកាយទៀតផង។

    ដូច្នេះយើងឃើញថា ទារកនៅក្នុងគភ៌មានសមត្ថភាពក្នុងការទទួលដឹង និងចងចាំអារម្មណ៍ផ្សេងៗពីសភាពជុំវិញខ្លួនបាន ដូច្នេះហើយទើបឪពុកម្ដាយគួរប្រយ័ត្នប្រយែងឱ្យខ្លាំងជាមួយសភាពបរិស្ថានដែលនៅជុំវិញខ្លួនក្នុងអំឡុងពេលតាំងគភ៌ ព្រោះរឿងទាំងអស់នោះ អាចហុចផលប៉ះពាល់ដល់ទារកក្នុងគភ៌បាន។ បើយើងចេះនាំយករឿងទាំងអស់នេះមកកែច្នៃប្រើដើម្បីបង្កើនការរៀនយល់ដឹងរបស់ទារកក្នុងគភ៌ផងនោះ វានឹងធ្វើឱ្យកើតផលល្អៗចំពោះកូនមិនខាន៕

  • ប្ដីចាញ់កូនជំនួសប្រពន្ធ…ជារឿងពិត ឬគ្រាន់តែជាអារម្មណ៍?

    ប្ដីចាញ់កូនជំនួសប្រពន្ធ…ជារឿងពិត ឬគ្រាន់តែជាអារម្មណ៍?

    បើសិនអនាគតអ្នកម្ដាយណាម្នាក់ជិតមានបេប៊ី តែមើលឃើញថា លោកប្ដីបែរជាមានអាការនឿយល្វើយទុរន់ទុរា ក្អួតចង្អោរ ចង់ញ៉ាំរបស់ជូរៗ វិលមុខដូចមនុស្សមានផ្ទៃពោះនោះ សាកល្បងអានអត្ថបទនេះលេងៗទៅមើលថា តើមានប្ដីប្រពន្ធណាកើតរឿងបែបហ្នឹងខ្លះ? ហើយអាការហ្នឹងជារឿងពិត ឬគ្រាន់តែជាអារម្មណ៍?

    ការដែលលោកប្ដីមានអាការស្រដៀងស្រ្តីមានផ្ទៃពោះកំពុងចាញ់កូន ដូចជាមានអាការ អារម្មណ៍ប្រែប្រួល ក្អួតចង្អោរ វិតក្កកង្វល់ ឃ្លាន និងចង់ញ៉ាំអាហារច្រើនឡើងជាដើមនោះ ខាងវេជ្ជសាស្រ្តហៅថា Couvade Syndrome ដែលប្រែថា ការភ្ញាស់កូន។

    ការពិតទៅ មិនទាន់មានការសិក្សាដែលបង្ហាញច្បាស់លាស់ពាក់ព័ន្ធនឹងអាការចាញ់កូនរបស់អនាគតលោកឪពុកទាំងឡាយនេះនៅឡើយ ទើបមិនអាចប្រាប់បានថា មានចំនួនអ្នកដែលកើតអាការបែបនេះប៉ុន្មាននាក់ តែធ្លាប់មានអ្នកស្រាវជ្រាវបានអះអាងប្រាប់ថា ជាង60%នៃបណ្ដាលោកស្វាមីទាំងឡាយបានសារភាពថា ពួកគេធ្លាប់កើតអាការចាញ់កូនជំនួសភរិយា។ ថាៗទៅ រឿងបែបនេះពិតជាអាចកើតឡើងបាន បើយើងនៅជិតនរណាម្នាក់ និងមើលឃើញទង្វើដែលម្នាក់នោះធ្វើញឹកញាប់ក្នុងអំឡុងពេលនោះ ក៏អាចធ្វើឱ្យធ្លាក់ទឹកចិត្តគិតទៅតាមគ្នាបានដែរ តែក៏ចង់ប្រាប់អនាគតឪពុកគេទុកជាមុនដែរថា បើសិនកើតមានអាការបែបហ្នឹងនោះ អនាគតលោកឪពុកគួរតែងាកមកថែទាំសុខភាពខ្លួនឯងឱ្យបានខ្លាំងឡើង គួរប្រយ័ត្នប្រយែងរឿងទម្ងន់ខ្លួនដែលអាចនឹងកើនឡើងតាមភរិយាដែលកំពុងតាំងគភ៌នោះដែរ។

    ហើយសុខៗ ម៉េចបានប្រុសៗចាញ់កូនទៅកើត?

    ព្រោះបើគិតតាមការពិត វាសឹងតែមិនអាចទៅរួចឡើយដែលមនុស្សខុសគ្នាសោះ តែមកមានអាការអ័រម៉ូនប្រែប្រួលដូចគ្នាក្នុងលក្ខណៈនេះ តែក៏ធ្លាប់មានអ្នកវិទ្យាសាស្រ្តបានអធិប្បាយអំពីរឿងការប្រែប្រួលរបស់អ័រម៉ូនភេទនៅពេលដែលមនុស្សយើងមានការនឹកគិតពីរឿងស្នេហា សេចក្ដីស្រឡាញ់ និងភាពពាក់ព័ន្ធគ្នា អ័រម៉ូនលែកទិកក្នុងរាងកាយក៏នឹងកើនឡើង និងជាហេតុបណ្ដាលឱ្យអ័រម៉ូន ថេសថូស្ទើរ៉ូនថយចុះ តែអ័រម៉ូនខូទិសូលកើនឡើង ទើបមានផលប៉ះពាល់ដល់ទម្ងន់ខ្លួនដែលកើនឡើងដែរ និងគ្រាន់តែលោកប្ដីនឹងគ្មានអាការឈឺពោះខ្លាំងក្លាពេលជិតប្រសូតដូចភរិយាតែប៉ុណ្ណឹងឯង(វាត្រូវហើយ មនុស្សភេទខុសគ្នាតើ!)។

    បើកើតអាការចាញ់កូនជំនួសភរិយា តើស្វាមីត្រូវធ្វើយ៉ាងណា?

    ដូចដែលប្រាប់ពីខាងដើមហើយថា រឿងនេះមិនមែនជារឿងធំដុំអ្វីទេ តែបើកើតមានអាការខ្លាំងក្លាដល់ថ្នាក់ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃនោះ គួរតែទៅជួបគ្រូពេទ្យដើម្បីទទួលបានថ្នាំសម្រាលអាការទាំងនោះ ដែលមើលទៅវាដូចជាអាការខាងផ្លូវចិត្តខ្លាំងជាង(ព្រោះគ្រូពេទ្យអាចគិតថា វាបណ្ដាលមកពីក្ដីវិតក្កកង្វល់ និងបារម្ភពីភរិយាជ្រុលហួសហេតុពេកក៏អាចថាបាន) ដូច្នេះទើបចង់ណែនាំដល់អនាគតឪពុកគេឱ្យធ្វើចិត្តសប្បាយៗ ទទួលយករឿងល្អៗដែលនឹងកើតឡើងចំពោះក្រុមគ្រួសាររបស់អ្នក បណ្ដោយឱ្យគ្រប់យ៉ាងដំណើរការទៅតាមច្បាប់ធម្មជាតិវាប្រសើរជាង ឬបើមើលឃើញថាភរិយាចាញ់កូនខ្លាំងពេក លោកប្ដីក៏មិនចាំបាច់ទៅពិបាកចិត្តតាមដែរ គ្រាន់តែជួយផ្ដល់ជាកម្លាំងចិត្ត និងរកកិច្ចការងារល្អៗមកធ្វើក្នុងអំឡុងពេលភរិយាតាំងគភ៌ដើម្បីឱ្យមានសម្ព័ន្ធភាពល្អៗចំពោះគ្នា រួមទាំងបានជាការសាងអនុស្សាវរីយ៍ដែលគួរឱ្យពេញចិត្តវិញប្រសើរជាង៕

  • សញ្ជាតិញាណ 5យ៉ាងរបស់ទារកទើបកើត

    សញ្ជាតិញាណ 5យ៉ាងរបស់ទារកទើបកើត

    ក្រោយពីអ្នកម្ដាយបានផ្ដល់កំណើតកូនតូចចេញមកពិភពខាងក្រៅរួចរាល់ហើយ បន្ទាប់ពីនោះអ្នកម្ដាយថ្មោងថ្មីក៏ត្រូវហ្វឹកហាត់រៀនយល់ដឹងអំពីតម្រូវការរបស់កូនតូចថា ​តើគេត្រូវការអ្វី? ចំណែកទារកខ្លួនឯងក៏ត្រូវរៀនយល់ដឹង និងសម្របខ្លួនជាមួយការរស់នៅដូចគ្នាដែរ…តែរឿងដែលអ្នកម្ដាយអាចមិនដឹងនោះគឺ ទារកទើបនឹងកើតមានសមត្ថភាពក្នុងការទទួលដឹង ធ្វើ និងតបស្នងចំពោះរឿងមួយចំនួនបានដោយមិនចាំបាច់មានការរៀនយល់ដឹង ឬឆ្លងកាត់បទពិសោធពីមុនមកដែលយើងហៅរឿងទាំងនោះថា “សញ្ជាតិញាណ”(ការដឹង-ចេះដោយឯកឯង)។ ប្រតិកម្មតបស្នងតាមសញ្ជាតិញាណនឹងជួយឱ្យកូនតូចអាចរស់នៅបាននៅពេលកើតសភាវអាសន្ន តើមានអ្វីខ្លះនោះ…តោះ តាមអ្នកគ្រូ ឆវីមក!

    ប្រតិកម្មតបស្នងតាមសញ្ជាតិញាណ 5យ៉ាងរបស់ទារកទើបកើត មានដូចតទៅ ៈ

    1 . ប្រព័ន្ធដកដង្ហើម

    ប្រតិកម្មតាមធម្មជាតិកម្រិតដំបូងបំផុត។ នៅពេលទារកប្រសូតចេញមកហើយ លែងមានថង់ទឹកភ្លោះនៅជុំវិញខ្លួនប្រាណ រាងកាយរបស់កូនតូចនឹងបញ្ជាឱ្យប្រព័ន្ធការដកដង្ហើមធ្វើការភ្លាមតែម្ដង។ ចំណែកអត្រាការដកដង្ហើមរបស់ទារកម្នាក់ៗក៏ខុសប្លែកពីគ្នាទៅតាមតម្រូវការរបស់ទារកខ្លួនឯងដែរ លើកលែងតែទារកដែលមានបញ្ហាក្រោយពីប្រសូតភ្លាមដែលក្រុមគ្រូពេទ្យអាចយកទារកចូលទៅក្នុងទូកញ្ចក់ដើម្បីថែរក្សាព្យាបាលជាបន្ត។

    2 . ការមើលឃើញ

    ក្រោយប្រសូត ទារកតូចៗនៅមិនទាន់បើកភ្នែកភ្លាមទេ ព្រោះកែវភ្នែកមិនទាន់សម្រួលស្ថានភាពទល់នឹងពន្លឺខាងក្រៅបាននៅឡើយ ដោយសារតែការរស់នៅក្នុងគភ៌មាតាមិនបង្កើតប្រតិកម្មដល់ការមើលឃើញឡើយ តែក្នុងរយៈពេលមិនលើស 3ថ្ងៃឡើយយ កូនតូចនឹងចាប់ផ្ដើមបើកភ្នែក អាចនឹងប្រិចភ្នែកញឹកញាប់ ព្រោះកែវភ្នែកមិនទាន់សម្រួលទល់នឹងសភាពពន្លឺបានល្អនៅឡើយ។ ការកម្រើកកែវភ្នែក គឺជាប្រតិកម្មតបស្នងដើម្បីការពារកែវភ្នែកដែលសែនផុយស្រួយពីពិភពខាងក្រៅ។

    3 . ការបឺត-លេបវត្ថុផ្សេងៗ

    នៅពេលអ្នកម្ដាយចាប់ផ្ដើមបំបៅដោះកូន រឿងដែលទារកធ្វើបានភ្លាមៗដោយឯកឯងនោះគឺ បឺតជញ្ជក់ និងលេបទឹកដោះដោយស្វ័យប្រវត្តិ ឬលោកឪពុកកំពូលលេងច្រើនដែលសាកល្បងដាក់ចង្អុលដៃលើមាត់កូនតូច ក៏កូនតូចសម្លាញ់នឹងបឺតជញ្ជក់ភ្លាមដូចគ្នា។ អំឡុងពេលហ្នឹងក្រុមគ្រួសារត្រូវប្រយ័ត្នប្រយែងវត្ថុរបស់របរដែលអាចបង្កជាគ្រោះថ្នាក់ដែលកូនតូចអាចនឹងលេបចូលទៅក្នុងរាងកាយបាន។

    4 . ការបែររកក្បាលដោះ

    ការបង្ហាត់កូនតូចឱ្យចេះបែរមុខរកក្បាលដោះ អ្នកម្ដាយសាកល្បងយកដៃប៉ះថ្ពាល់កូនថ្នមៗ សញ្ជាតិញាណរបស់ទារកនឹងបែរមុខមករកភ្លាមតែម្ដង។ អ្នកម្ដាយមិនចាំបាច់ត្រូវចាប់ក្បាលកូនតូចបែរមករកខ្លួនឡើយ គ្រាន់តែប៉ះថ្ពាល់គេថ្នមៗ កូនសម្លាញ់នឹងកើតក្ដីចង់ដឹង ចង់ឃើញ និងងាកក្បាលមករកយ៉ាងងាយស្រួល។

    5 . ការស្រវាចាប់ដោយដៃ

    នៅពេលអ្នកម្ដាយយកម្រាមដៃទៅប៉ះលើបាតដៃរបស់កូនតូច គេនឹងស្រវាចាប់ម្រាមដៃរបស់អ្នកភ្លាម តែបើមានអ្វីដែលធ្វើឱ្យភ្ញាក់ កូនតូចក៏នឹងមានសញ្ជាតិញាណកន្រ្តាក់ខ្លួនព្រើត ដោយម្រាមដៃទាំងអស់ក៏នឹងលារចេញលែងដៃអ្នកម្ដាយចេញភ្លាមដូចគ្នា។

    អ្វីទាំងអស់នេះគឺជារឿងធម្មជាតិរបស់ទារកទើបកើត ដែលអ្នកម្ដាយអាចមិនដឹងថា វាគឺជា សញ្ជាតិញាណ ដើម្បីការមានជីវិតរស់នៅក្នុងអំឡុងវ័យនេះ តែទោះជាកូនតូចនឹងមានប្រតិកម្មទាំងនោះក៏ដោយ យ៉ាងណាក៏អ្នកម្ដាយគួរតែយកចិត្តទុកដាក់ថែទាំគេឱ្យបានយ៉ាងល្អ ព្រោះត្រូវតែមិនភ្លេចឡើយថា ការដែលកូនតូចចេញមកនៅក្នុងពិភពខាងក្រៅនេះ វាខុសប្លែកពីការនៅក្នុងផ្ទៃរបស់អ្នកម្ដាយច្រើនណាស់៕