Tag: ប្រទេស

  • គ្រាន់​តែ​លក់ «​​សំណល់​» ទៅ​ឱ្យបរទេស​ វៀតណាម​រក​ចំណូល​ជិត 3,000 លាន​ដុល្លារ

    គ្រាន់​តែ​លក់ «​​សំណល់​» ទៅ​ឱ្យបរទេស​ វៀតណាម​រក​ចំណូល​ជិត 3,000 លាន​ដុល្លារ

    មិន​ត្រឹម​តែ​អ្នក​ជំនួញ​ចិន​ ជប៉ុន​នោះ​ទេ ប៉ុន្តែ​អ្នក​ទិញ​មក​ពី​ប្រទេស​ជាង​ 10 សុទ្ធ​តែ​ចង់​នាំ​ចូល​ទំនិញ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ «សំណល់» នៅ​វៀតណាម​។ នេះ​បើ​តាម​ការ​អួត​អាង​របស់​សារព័ត៌មាន​វៀតណាម​​។

    ទំនិញ​ដែល​កំពុង​និយាយ​នេះ​ គឺជា​គ្រាប់កម្ទេច​​ឈើគាប។ យោង​តាម​សមាគម​ឈើ​ និង​ផលិត​ផល​ធ្វើ​ពី​ឈើ​វៀតណាម (Viforest) ក្នុង​ឆ្នាំ 2023 ប្រទេស​នេះ​បាន​នាំ​ចេញ​ «សំណល់ឈើ» ដែល​មាន​តម្លៃ​រហូត​ដល់​ 2.9 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    ជាក់​ស្ដែង ក្នុង​ឆ្នាំ​កន្លង វៀតណាម​បាន​នាំ​ចេញ​សំណល់​ឈើ​ជិត 14.42 លាន​តោន​ រក​ចំណូល​បាន​​ 2.22 ពាន់​លាន​ដុល្លារ​ ដែល​ប្រហែលនឹង​​ 8.8% នៃ​ការ​នាំ​ចេញ​សរុប​របស់​វិស័យ​ឈើ​។ ចំណែក​គ្រាប់​កម្ទេច​ឈើ​គាប​វិញ​ វៀតណាម​នាំ​ចេញ​បាន​ 4.67 លាន​តោន​ រក​ចំណូល​បាន​ជិត 680 លាន​ដុល្លារ​ ស្មើ​នឹង​ 5.2% នៃ​ការ​នាំ​ចេញ​សរុប​របស់​វិស័យ​ឈើ​។

    គ្រាប់​កម្ទេច​ឈើ​គាប

    គ្រាប់​កម្ទេច​ឈើ​គាប​របស់​វៀតណាម ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ចំនួន​ 22 ក្នុង​ឆ្នាំ​កន្លង។​ ក្នុង​នោះ ជប៉ុន​ និង​កូរ៉េខាងត្បូង​ គឺជា​អតិថិជន​ធំជាង​គេ​។

    សមាគម​ Viforest ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិតផល​ខាងលើ​របស់​វៀតណាម ក្នុង​ឆ្នាំ​កន្លង​ មាន​ការ​ថយ​ចុះ​។ ក៏ប៉ុន្តែ ដើម​ឆ្នាំ​ 2024 វិស័យ​នេះ​បាន​បង្ហាញ​​សញ្ញាណ​វិជ្ជមាន​​ឡើង​វិញ​។

  • រ៉ុក្កែត​ Space One របស់​ជប៉ុន ផ្ទុះ​ខ្ទេច​ ពេល​ទើប​ហោះ​ឡើង​ពី​ប្រព័ន្ធ​ទម្រ

    រ៉ុក្កែត​ Space One របស់​ជប៉ុន ផ្ទុះ​ខ្ទេច​ ពេល​ទើប​ហោះ​ឡើង​ពី​ប្រព័ន្ធ​ទម្រ

    ការ​បាញ់បង្ហោះ​រ៉ុក្កែត​ជាលើក​ដំបូង​របស់​ Space One ដែល​ជា​ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន បាន​ទទួល​បរាជ័យ​ នៅ​ពេល​រ៉ុក្កែត​ផ្ទុះ​ ខណៈទើប​​ហោះ​ឡើង​ពី​ជើង​ទ្រ​។

    កាល​ពី​ព្រឹក​ថ្ងៃទី 13 មីនា ក្រុម​ហ៊ុន​អវកាស​ជប៉ុន បាន​បាញ់​បង្ហោះ​រ៉ុក្កែត​មួយ​គ្រឿង​ដែល​មាន​ឈ្មោះ​ថា KAIROS លេខ​ 1 ដើម្បី​នាំ​យក​ផ្កាយ​រណប​សិប្បនិម្មិត​ទៅ​កាន់​គន្លង​គោចរ​។

    បើ​សិន​បាន​ឆ្លង​ផុត​ឧបសគ្គ​នេះ Space One នឹង​ក្លាយ​ជា​ក្រុម​ហ៊ុន​ឯកជន​ដំបូង​គេ​របស់​ជប៉ុន ដែល​បាញ់បង្ហោះ​រ៉ុក្កែត​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ដោយ​ជោគ​ជ័យ​។

    នៅ​ក្នុង​​ដំណាក់​កាល​ត្រៀម​​ ក្រុម​ការ​ងារ​មិន​បាន​រកឃើញ​បញ្ហាណា​មួយ​ឡើយ​។ រ៉ុក្កែត​ដែល​មាន​ 4 ជាន់ ​ប្រវែង 18 ម៉ែត្រ និង​ទម្ងន់ 23 តោន របស់ Space One ក៏​ហោះ​ឡើង​ត្រូវ​ទៅ​តាម​ការ​គ្រោង​ទុក​ នៅ​វេលា​ម៉ោង 11:01 (ម៉ោង​នៅ​ប្រទេស​ជប៉ុន​)។

    ក៏ប៉ុន្តែ រ៉ុក្កែត​បាន​ផ្ទុះ​ បន្ទាប់ពី​ហោះ​ឡើង​ពី​ប្រព័ន្ធ​ទម្រ​បាន​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។ បំណែក​ខ្លះ​របស់​វា​បាន​ធ្លាក់​ទៅ​លើ​ភ្នំ​នៅ​ក្បែរ​នោះ ចំណែក​ខ្លះ​ទៀត​ក៏​ធ្លាក់​ទៅ​លើ​សមុទ្រ​។

    នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​បរាជ័យ​ដ៏ធំ​មួយ​សម្រាប់​ការ​ប្រឹង​ប្រែង​របស់​ជប៉ុន ដើម្បី​ចូល​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​បាញ់​បង្ហោះ​ផ្កាយ​រណប ​ដែល​មាន​សក្តានុពល​ក្នុង​ការ​រក​ផល​ចំណេញ​។

     

  • ទុនវិនិយោគ​ជិត 1.2 ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់​ពីខែកុម្ភៈ 2024

    ទុនវិនិយោគ​ជិត 1.2 ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់​ពីខែកុម្ភៈ 2024

    នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ 2024 ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (ក.អ.ក) បាន​អនុម័ត​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន 37 គម្រោង​ ដែល​មាន​ទុន​វិនិយោគ​សរុប​ជិត 1.2 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​អាច​បង្កើត​ការ​ងារ​បាន​ប្រមាណ 38 ពាន់​កន្លែង​។

    យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍកម្ពុជា​ នៅ​ក្នុង​កុម្ភៈ មាន​គម្រោង​វិនិយោគ​ចំនួន 5 ដែល​លេច​ធ្លោ​ជាង​គេ​ រួម​មាន​ដូច​ខាង​ក្រោម​៖​

    1-គម្រោង​វិនិយោគ​សាងសង់​វារី​អគ្គិសនី​ស្ទឹងមេទឹក អានុភាព​ 150 MW ក្នុង​ខេត្ត​កោះ​កុង​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ 440 លាន​ដុល្លារ​អាម៉េរិក​

    2-គម្រោង​វិនិយោគ​សាងសង់​កំពង់ផែ​ពហុបំណង​ និង​មណ្ឌល​ភស្តុភារ​កម្ម​កំពង់ឆ្នាំង ក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​ទុន​ប្រមាណជាង 108 លាន​ដុល្លារ​

    3-គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ នៅក្នុង​ខណ្ឌ​ដូន​ពេញ​ ​រាជធានី​ភ្នំ​ពេញ ​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង 107 លាន​ដុល្លារ​

    4-គម្រោង​វិនិយោគ​បង្កើត និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំ​ពេញ ​មាន​ទុន​ប្រមាណ​ 30 លាន​ដុល្លារ​

    5-គម្រោង​ពង្រីក​ផលិតកម្ម​របស់​គម្រោង​វិនិយោគ​ផលិតសំបក​កង់​រថយន្ត នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង ​មាន​ទុន​វិនិយោគ​ប្រមាណ 212 លាន​ដុល្លារ​អាម៉េរិក​។

    ក.អ.ក ឱ្យ​ដឹង​ថា ក្នុង​ខែ​កុម្ភៈ ឆ្នាំ​ 2024 វិនិយោគិន​ក្នុង​ស្រុក​បាន​រួម​ចំណែក​បណ្ដាក់​ទុន​វិនិយោគ​សរុប​ចំនួន 58.41% ស្រប​ពេល​ដែល​ទុន​​មាន​ប្រភព​ពី​ប្រទេស​ចិន រួម​ចំណែក​ 33.19%​, សិង្ហបុរីរួម​ចំណែក​ 4.3% និង​វៀតណាម 4.09%​៕

  • រកឃើញ​ «សមុទ្រ​អវកាស» មាន​ទឹក​ច្រើន​ជាង​បី​ដង ធៀប​នឹង​ផែនដី

    រកឃើញ​ «សមុទ្រ​អវកាស» មាន​ទឹក​ច្រើន​ជាង​បី​ដង ធៀប​នឹង​ផែនដី

    នៅ​ទីឋាន​ដែល​ភព​មួយ​ ឬ​ច្រើន​ជិត​កកើត​ឡើង ក្រុម​អ្នក​តារា​សាស្ត្រ​បាន​រកឃើញ​ទឹក​ក្នុង​បរិមាណ​ច្រើន​ជាង​បី​ដង​ បើ​ធៀប​នឹង​ទឹក​ទាំង​អស់​នៅ​ក្នុង​មហា​សមុទ្រ​លើ​ភព​ផែនដី​។

    ដោយ​ការ​ប្រើ​ប្រាស់​ស្ថានីយ​តារា​សាស្ត្រ​ ALMA ដែល​ជា​ឧបករណ៍​សង្កេត​រលក​វិទ្យុ​អានុភាព​ខ្លាំង​បំផុត​លើ​ពិភពលោក​ និង​​មាន​ទីតាំង​នៅលើ​សមុទ្រ​ខ្សាច់ Atacama របស់​ប្រទេស​ស៊ីលី (Chile) ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ «សមុទ្រ​អវកាស» ដ៏​មហិមា​ ស្ថិត​នៅ​តំបន់​មួយ​ដែល​មាន​ចម្ងាយ​ពី​ផែនដី​ 450 ឆ្នាំ​ពន្លឺ​ នៅ​ក្នុង​បណ្ដុំ​ផ្កាយ​ Taurus។

    នោះ​គឺជា​កូន​ផ្កាយ​វ័យ​ក្មេង​មួយដួង​ ត្រូវ​បាន​​ព័ទ្ធ​ជុំ​វិញ​ដោយ​ថាស​ធូលីដែល​បង្ហាញ​ថា ​ភព​ថ្មី​ដំបូង​ជិត​​កកើត​ឡើង​ និង​ត្រូវ​បាន​ហៅ​ថា HL Tauri ហើយ​នៅ​ទី​នោះ​មាន​ផ្ទុក​ទឹក​ក្នុង​បរិមាណ​ដ៏​ច្រើន​ នឹក​ស្មាន​មិន​ដល់​។

    តាម​ការ​គណនា​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ បរិមាណ​ទឹក​នៅ​ទី​នោះអាច​ស្មើ​នឹង​ទឹក​ទាំង​អស់​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក អាត្លង់ទិក មហា​សមុទ្រ​ឥណ្ឌា អង់តាកទិក និង​មហាសមុទ្រខាងត្បូង (Southern Ocean) បូក​ចូល​គ្នា​ រួច​គុណ​នឹង​បី​។

    យោង​តាម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ​ Milan ប្រទេស​អ៊ីតាលី ការ​រកឃើញ​នេះ​បង្ហាញ​ថា វត្តមាន​របស់​ទឹក​អាច​ជះឥទ្ធិពល​យ៉ាង​ដូច​ម្ដ៉េច​ ដល់​ការ​រីក​ចម្រើន​របស់​ប្រព័ន្ធ​ផ្កាយ​។

    អ្វី​ដែល​យើង​កំពុង​មើល​ឃើញ​នៅ​ក្នុង​បណ្ដុំ​ផ្កាយ Taurus អាច​ជា​រូប​ភាពដូច​​ប្រព័ន្ធ​ព្រះ​អាទិត្យ​កាល​ពី​ 4.5 ពាន់​លាន​ឆ្នាំ​មុន​ គ្រា​ដែល​ «ពន្លក» របស់ភព​ផែនដី​ ក៏​ដូច​ជា​បណ្ដា​ភព​ជា​បង​ប្អូន​ កំពុង​កកើត​ពី​ថាស​ធូលី​ដ៏​សែន​ក្រាស់​។

    ពិសេស​ជាង​នេះ យើង​ក៏​ទំនង​ជា​កំពុង​សម្លឹង​មើល​ទៅ​លើ​រូប​ភាព​កាល​ពី​វ័យ​ក្មេង​ជាង 4.5 ពាន់​លាន​ឆ្នាំ​របស់​ភព​ផែនដី​។

    បរិមាណ​ទឹក​ក្នុង​ HL Tauri មិន​បាន​បែង​ចែក​ស្មើ​គ្នា​ ដោយ​ទឹក​ប្រមូល​ផ្ដុំ​ច្រើន​ជាង​គេ​នៅ​ត្រង់​ចង្អូរ​មួយ​ក្នុង​ថាស​ធូលី​ដែល​ជា​ដើម​កំណើត​របស់​ភព​ (protoplanetary disk)។ នេះ​បើ​តាម​ទំព័រ Space.com ។

    បណ្ដា​ចង្អូរ​ក្នុង​ថាស​ដើម​កំណើត​ភព​នេះ​ បាន​កកើត​ឡើង​គ្រា​ដែល​ទីឋាន​ណា​មួយ​នោះ ឧស្ម័ន ធូលីប្រមូល​ផ្ដុំ​គ្នា​ក្លាយ​ជា​ពន្លក​ភព​។ ដូច្នេះ នៅ​ក្នុង​តំបន់​ដែល​មាន​ទឹក​ច្រើន​នោះ ភព​មួយទំនង​ជា​កំពុង​ចាប់​កំណើត​។

    យើង​ពិត​ជា​កំពុង​សម្លឹង​មើល​ចំ​ភព​មួយ​ដែល​រាប់​ពាន់​លាន​ឆ្នាំ​ក្រោយ​ នឹង​មាន​អរិយធម៌​មួយ​ដែល​ដូច​ទៅ​នឹង​មនុស្ស​ជាតិ​បច្ចុប្បន្ន​ ជា​ទី​ដែល​មាន​ភ្នំ បឹង​ ទន្លេ​នៅ​លើ​ទ្វីប​ និង​មហា​សមុទ្រធំធេង​។

    ការ​រកឃើញ​នេះ​មិន​ត្រឹម​តែ​ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​យល់​ដឹង​របស់​មនុស្ស​ជាតិ​អំពី​ការកកើត​របស់​ភព​ ប៉ុន្តែ​ក៏​ជា​សមិទ្ធផល​ធំ​របស់ ALMA។

  • ផ្លូវ​ដែល​វែង​ជាង​គេ​បង្អស់​លើ​ពិភពលោក

    ផ្លូវ​ដែល​វែង​ជាង​គេ​បង្អស់​លើ​ពិភពលោក

    យោងតាម​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness ផ្លូវ Pan-American Highway គឺជា​ផ្លូវ​ល្បឿន​លឿន​ដែល​វែង​ជាង​គេលើពិភពលោក​ ដោយ​មាន​ប្រវែង​ 30,000 គីឡូម៉ែត្រ រាប់​ចាប់​ពី​ Alaska របស់​សហរដ្ឋ​អាម៉េរិក​ រហូត​ដល់​តំបន់​ចុង​ភាគ​ខាង​ត្បូង​របស់​អាហ្សង់ទីន​។

    ការ​ផ្ដួច​ផ្ដើម​គំនិត​ស្ដីពី​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ទ្វីប​អាម៉េរិក ត្រូវ​បាន​លើក​ឡើង​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ 1923 ដោយ​សហរដ្ឋ​អាម៉េរិក​។ ឆ្នាំ 1924​ ការ​ចរចា​​រវាង​សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេសនៅ​តំបន់​​អាម៉េរិក​ឡាទីន​ ក៏​សម្រេច​បាន​កិច្ច​ព្រមព្រៀង​រួម​ និង​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ 1937​​។

    ក៏ប៉ុន្តែ ជាក់​ស្ដែង មក​ដល់​បច្ចុប្បន្ន ផ្លូវ​ល្បឿន​លឿន​ Pan-American នេះ​ មិន​ទាន់​ត្រូវ​បាន​តភ្ជាប់​គ្នា​ទាំង​ស្រុង​នៅ​ឡើយ​។ តំបន់​មួយ​​ដែល​មិន​ទាន់​តភ្ជាប់​នឹង​ផ្លូវ​ល្បឿន​លឿន​នេះ​ ស្ថិត​នៅ​ Darien Gap ​ប្រវែង​ 160 គីឡូម៉ែត្រ ដែល​​ជា​ចំណុច​ភ្ជាប់​រវាង​​ប្រទេស​ប៉ាណាម៉ា និង​ប្រទេស​កូឡុំប៊ី​។ តំបន់ Darien Gap ពុំ​ទាន់​មាន​ផ្លូវ​ណា​មួយ​រត់​ឆ្លង​កាត់​​ ព្រោះ​តែជា​​តំបន់​ព្រៃ មាន​​ភ្លៀង​ធ្លាក់​ទៅ​តាម​រដូវ និង​បញ្ហា​បរិស្ថាន​ ហើយ​​​ជា​ពិសេស​ តំបន់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ សម្បូរ​គ្រោះ​ថ្នាក់ អសន្តិសុខ ​ព្រោះ​តែ​មាន​​ក្រុម​ប្រដាប់​អាវុធ​ ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ជា​ច្រើន​ធ្វើ​សកម្មភាព​​។

    ផ្លូវល្បឿនលឿន Pan-American និង​តំបន់​ដែល​មិនទាន់​តភ្ជាប់

    បើ​ទោះ​ជា​​តំបន់​ខាងលើ​មិន​ត្រូវ​បាន​ភ្ជាប់​ក៏​ដោយ ផ្លូវ​ល្បឿន​លឿន Pan-American នៅ​តែ​រក្សា​បាន​កំណត់​ត្រា​ពិភពលោក Guinness សម្រាប់​ «ផ្លូវ​វែង​ជាង​គេ​លើពិភពលោក​ដែល​អាច​បើក​បរ​ឆ្លង​កាត់​»​។

  • ​​ចិន​ ចាក​ផុត​ពីបញ្ហា​បរិត្ត​ផរណា ដែល​ជួយ​បន្ធូរ​បន្ថយ​សម្ពាធ​លើ​សេដ្ឋកិច្ច

    ​​ចិន​ ចាក​ផុត​ពីបញ្ហា​បរិត្ត​ផរណា ដែល​ជួយ​បន្ធូរ​បន្ថយ​សម្ពាធ​លើ​សេដ្ឋកិច្ច

    ជាលើក​ដំបូង​ក្រោយ​រយៈ​ពេល​ជិត​កន្លះ​ឆ្នាំ តម្លៃ​ទំនំនិញ​ប្រើប្រាស់​នៅ​ប្រទេស​ចិន​ បាន​កើន​ឡើង​ជា​ថ្មី ជួយ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​ចាក​ផុត​ពី​បរិត្តផរណា។

    កាល​ពី​ថ្ងៃទី 09 មីនា វិទ្យាស្ថាន​ជាតិស្ថិតិ​ចិន ប្រកាស​ទិន្នន័យ​ឱ្យ​ដឹង​ថា សន្ទស្សន៍​ថ្លៃ​ទំនិញ (CPI) ប្រទេស​នេះ​ កើន​ 0.7% ក្នុង​ខែ​កុម្ភៈ​។ នេះ​គឺជា​លើក​ដំបូង​ក្នុង​អំឡុង​ជិត​កន្លះ​ឆ្នាំ​ ដែល​ CPI ចិន​ កើន​ឡើង​។

    មុន​នោះ ប្រទេស​ចិន​បាន​ឃើញ​បរិត្តផរណា​ក្នុង​រយៈ​ពេល​ 4 ខែ​បន្ត​បន្ទាប់​។ ខែ​មករា​ ឆ្នាំ 2024 CPI ចិន​ ធ្លាក់​​ចុះ​ 0.8%​ ដែល​នេះ​គឺជា​ជា​តួលេខ​ធ្លាក់​ចុះ​ជ្រៅ​​​បំផុត​ក្នុង​រង្វង់​ 15 ឆ្នាំ​កន្លង​។

    បរិត្ត​ផរណា (ពាក្យ​អង់គ្លេស​ថា Deflation) គឺជា​ពាក្យ​សំដៅ​ទៅ​លើ​ការ​ធ្លាក់​ថ្លៃ​ជា​រួម​របស់​ទំនិញ និង​សេវាកម្ម​។ បរិត្តផរណា គឺជា​ការដក​ចំនួន​រូបិយវត្ថុ​មួយ​ភាគ ចេញពី​ទីផ្សារ​ដែល​លើស​ចំនួន​ត្រូវការ​ចរាចរណ៍​របស់​សាច់ប្រាក់ ដើម្បី​ធ្វើ​ឲ្យ​ចំនួន​រូបិយវត្ថុ​សមាមាត្រ​នឹង​តម្រូវការ​ចាំបាច់​សម្រាប់​ចរាចរណ៍។ នេះ​មិន​មែន​ជា​ប្រការ​ល្អ​សម្រាប់​សេដ្ឋកិច្ច​ឡើយ ព្រោះ​ថា នៅ​ពេល​អ្នក​ប្រើ​ប្រាស់​ និង​ក្រុម​ហ៊ុននានា​​ពន្យារ​ពេល​លើ​ការ​ផ្អាក​ការ​​ចំណាយ​ដើម្បី​រង់​ចាំ​ទំនិញ ឬ​សេវាកម្ម​ធ្លាក់​ថ្លៃ​បន្ថែម​ទៀត​ សកម្មភាព​សេដ្ឋកិច្ច​នឹង​ត្រូវ​រឹត​ត្បិត​។

    ធៀប​នឹង​ខែ​មុន CPI ចិន​ ក្នុង​ខែ​កុម្ភៈបាន​កើន​ 1%​។ ល្បឿន​នេះ​ខ្ពស់ជាង​ការ​ព្យាករ​របស់​ក្រុម​អ្នក​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ចុះ​​ផ្សាយ​ដោយ​ Reuters។

    តួលេខ​ថ្មី​បំផុត​នេះ​បាន​បន្ថយ​សម្ពាធ​មួយ​ផ្នែក​សម្រាប់​សេដ្ឋកិច្ច​ចិន​ នៅ​ក្នុង​ស្ថានភាព​តម្រូវ​ការ​ក្នុង​ស្រុក​ធ្លាក់​ចុះ​ អចលនទ្រព្យ​មិន​ទាន់​ចាក​ផុត​ពី​វិបត្តិ​ និង​​បំណុល​របស់​រដ្ឋ​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​៕

  • រដូវ​រងា​ «កំពុង​វិលមកវិញ»៖ ជិត​ដល់​ចុង​ខែ​មីនា នឹង​មាន​រដូវ​ត្រជាក់​ថ្មី ចំ​ពេល​វេលា​ពិសេស​!

    រដូវ​រងា​ «កំពុង​វិលមកវិញ»៖ ជិត​ដល់​ចុង​ខែ​មីនា នឹង​មាន​រដូវ​ត្រជាក់​ថ្មី ចំ​ពេល​វេលា​ពិសេស​!

    បើ​ទោះ​ជា​ក្នុង​ខែ​នេះ​ អាកាសធាតុ​នៅ​តំបន់​ភាគ​ច្រើន​ បាន​ និង​កំពុង​ឡើង​កម្ដៅ​ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ឧតុនិយម​បាន​ណែ​នាំ​ថា គ្រប់​គ្នា​ពុំ​គួរ​ប្រញាប់​បត់​ទុក​សម្លៀក​បំពាក់​ក្រាស់​ៗ​នោះ​ទេ​។

    Mark Margavage អ្នក​ជំនាញ​ផ្នែក​ឧតុនិយម​អាម៉េរិក​ ថ្មី​ៗ​នេះ​អះអាង​ថា «រដូវ​ត្រជាក់​ទីពីរ​ (របស់​ឆ្នាំ 2023 – 2024) កំពុង​វិល​មកវិញ»​។

    អ្នកជំនាញ​ខាងលើ​និយាយ​ថា បណ្ដា​រូបមន្ត​ ឬ​កម្មវិធីម៉ូដែល​​ព្យាករ​របស់​កុំព្យូទ័រ​ល្បី​ៗ​ ដែល​មាន​ដូច​ជា GFS និង EPS ជា​ដើម សុទ្ធ​តែ​យល់​ថា នឹង​មាន​រដូវ​ «ផ្ទុះ​ប៉ូល​ខាង​ជើង» មួយ​ កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

    ​រដូវ​ «ផ្ទុះ​ប៉ូល​ខាង​ជើង» គឺជា​ខ្យល់​អាកាស​ត្រជាក់​ខ្លាំង​ ដែល​តែង​តែ​មាន​ប្រភព​ពី​តំបន់ Siberia របស់​ទ្វីប​អាស៊ី​ ធ្វើ​ដំណើរ​ចុះ​មក​ទិស​ខាង​ត្បូង​ ហើយ​អាច​ប៉ះពាល់​ដល់​ប្រទេស​ជា​ច្រើន​នៅ​អឌ្ឍគោល​ខាង​ជើង​។

    លោក Margavage ឱ្យ​ដឹង​ថា ប្រព័ន្ធ​ព្យាករ​បែប​បញ្ញា​សិប្បនិម្មិត​ (AIFS) ក៏​បាន​ព្យាករ​ដូច​ GFS និង EPS ផងដែរ​។ ប្រព័ន្ធ​នេះ​បាន​បញ្ជាក់​ថា មួយ​ក្នុង​ចំណោម​បណ្ដា​រដូវ​ «ផ្ទុះ​ប៉ូល​ខាង​ជើង» ដែល​ខ្លាំង​ក្លា​បំផុត​របស់​រដូវ​រងា​ឆ្នាំ 2023 – 2024 ជិត​កើត​ឡើង​។

    ឆាប់​ៗ​នេះ រដូវ​ត្រជាក់​ទីពីរ​របស់​ឆ្នាំ 2023-2024 នឹង​កើត​ឡើង​នៅ​អឌ្ឍគោលខាង​ជើង ក្នុង​នោះ​មាន​ កម្ពុជា​​ ផងដែរ

    មិន​ត្រឹម​តែ​ប៉ុណ្ណោះ បណ្ដា​ប្រព័ន្ធ​ព្យាករ​ឧតុនិយម​ខាង​លើ ក៏​បញ្ជាក់​ថា រដូវ​ «ផ្ទុះប៉ូល​ខាង​ជើង» ដែល​ជិត​កើត​មាន នឹងកើត​ឡើង​​​ចំ​ដំណាក់​កាល​ចាប់​ផ្ដើម​នៃ​​​រដូវ​ផ្ការីក​។ ហេតុ​នេះ​ហើយ ទើប​ក្រុម​អ្នក​ឧតុនិយម​របស់​លោក​ខាង​លិច​ យល់​ថា «រដូវ​រងា​ទីពីរ​» នឹង​ចូល​មក​ជំនួស​កន្លែង​របស់​រដូវ​ផ្ការីក​នាឆ្នាំ​នេះ​។

    យោង​តាម​ទំព័រ​ Time and Date ដំណាក់​កាល​ចាប់​ផ្ដើម​រដូវ​ផ្ការីក​របស់​ប្រទេស​ខ្លះ​នៅ​ទ្វីប​អាស៊ី នឹង​ចាប់​ផ្ដើម​នៅ​វេលា​ម៉ោង​ប្រហែល​ 10 ថ្ងៃទី 20 មីនា​។ តាម​ការ​ព្យាករ​ឧតុនិយម​បច្ចុប្បន្ន​ នៅ​ក្នុង​ថ្ងៃ​នោះ អាកាសធាតុ​​ក្នុង​ប្រទេស​ខ្លះ​ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផងដែរ​ នឹង​ត្រូវ​ប្រែ​ប្រួល​៖ សីតុណ្ហ​ភាព​ថយ​ចុះ​ និង​មាន​ភ្លៀង​តិច​តួច​ ខុស​បន្តិច​ធៀប​នឹង​ដំណាក់​កាល​មុន​នោះ​។ ក៏ប៉ុន្តែ សីតុណ្ហភាព​​​ពេល​នោះ​នឹង​ធ្លាក់​ចុះខ្លាំង​នៅ​តំបន់​ភាគ​ខាង​ជើង​នៃ​អឌ្ឍគោល​ខាង​ជើង​៕

  • Kia សង់រោង​ចក្រ​ផលិត​ EV នៅ​ប្រទេស​ថៃ ដើម្បី​ប្រជែង​នឹង​ Toyota និង BYD?

    Kia សង់រោង​ចក្រ​ផលិត​ EV នៅ​ប្រទេស​ថៃ ដើម្បី​ប្រជែង​នឹង​ Toyota និង BYD?

    ក្រុម​ហ៊ុន Kia បាន​កែលម្អ​ស្លាក​យីហោ​ នៅ​ពេល​វិស័យ​ឧស្សាហកម្ម​ងាក​ទៅ​រក​រថយន្ត​អគ្គិសនី​ ដោយ​ប្រើ​ប្រាស់​ឡូហ្គោ​ និង​រចនា​បថ​ថ្មី​។

    ក្រុម​ហ៊ុន​កូរ៉េខាងត្បូងមួយ​នេះ​​ ក៏​កំពុង​ឈាន​ទៅ​រក​ការ​សម្រេច​បាន​ជោគជ័យ​ជាមួយ​នឹងរថយន្ត​​ម៉ូដែល​ SUV អគ្គិសនី​កៅអីបី​ជួរ​ដំបូង​របស់​ខ្លួន នោះ​គឺ EV9។

    Kia បាន​បង្ហើប​ឱ្យ​ដឹង​អំពី​រថយន្ត​អគ្គិសនី​ថ្មី​នៅ​ក្នុង​ព្រឹត្តិការណ៍​ «ថ្ងៃ EV» កាល​ពី​ខែ​តុលា​ 2023។ ពួក​គេ​បាន​បញ្ជាក់​ថា SUV EV5 នេះ​ នឹង​ជា​គូ​ប្រជែង​របស់ Volvo EX30 និង​មាន​តម្លៃ​ចាប់​ពី​ 35,000 ដុល្លារ​អាម៉េរិក​។

    ម៉ូដែល​ concept ថ្មី​​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ គឺ EV3 និង EV4។ EV3 គឺជា​ម៉ូដែល​រថយន្ត​អគ្គិសនី​ខ្នាត​តូច​របស់ EV9 និង​មាន​តម្លៃ​ទាប​ជាង​។

    រថយន្ត​អគ្គិសនី​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ Kia ដើម្បី​ធ្វើ​ពិពិធកម្ម​រថយន្ត​អគ្គិសនី​ជាមួយ​នឹង​តម្លៃ​ទាប​ ចាប់​ពី 30,000 ដល់ 80,000 ដុល្លារ​។

    Kia អាច​នាំ​រថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ទាប​ទៅ​កាន់​ទីផ្សារ​បរទេស​ មាន​ដូច​ជា ថៃ ជា​ដើម ជា​ទីផ្សារ​ដែល​មាន​គូប្រជែង​ច្រើន​ ក្នុង​នោះ​មាន​ Toyota ផងដែរ​។

    ក្រុម​ប្រឹក្សា​វិនិយោគ​ថៃ (BOI) ឱ្យ​ដឹង​ថា Kia កំពុង​ពិនិត្យ​លើ​ការ​វិនិយោគ​ទៅ​មក​កាន់​ប្រទេស​នេះ​ បន្ទាប់​មាន​ព័ត៌មាន​ថា ក្រុម​ហ៊ុន​នេះ​បាន​ប្ដូរទិសដៅ​ចេញ​ពី​ប្រទេស​ថៃ​។

    ថៃ​គឺជា​ប្រទេស​ផលិត​ និង​នាំ​ចេញ​រថយន្ត​ធំបំផុត​នៅ​អាស៊ី​។ ប្រទេស​នេះ​កំពុងទាក់​ទាញ​ការ​វិនិយោគ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​ និង​មាន​គោល​ដៅ​ធ្វើ​ឱ្យ​រថយន្ត​អគ្គិសនី​គ្របដណ្ដប់ចំណែក​ទី​ផ្សារ​​ 30% នៃ​រថយន្ត​សរុប​ដែល​ផលិត​ក្នុង​ស្រុក​ នៅ​ឆ្នាំ 2030​។

    មន្ត្រី​ថៃ​មួយ​រូប កាល​ពី​ដើម​សប្ដាហ៍​នេះ​ ឱ្យ​ដឹង​ថា Tesla ក៏​កំពុង​ចរចា​ជាមួយ​អាជ្ញាធរ​ថៃ ​អំពី​រោង​ចក្រ​ថ្មី​ដែល​អាច​ទាក់​ទង​នឹង​ការ​ផលិត​រថយន្ត​អគ្គិសនី និង​ថ្មផ្ទុក​ថាមពល​។

    នៅ​ប្រទេស​ថៃ បើ​ទោះ​បណ្ដា​ក្រុម​ហ៊ុន​ដូច​ជា​ Toyota និង​ Honda ធ្លាប់​បាន​គ្រប់​គ្រង​ទីផ្សារ​នេះ ប៉ុន្តែ​បច្ចុប្បន្ន បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន បាន​សន្យា​ថា នឹង​វិនិយោគ​ជាង 1.44 ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ៕

  • ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិនក្នុង​ខែ​មករា​ 2024​ របស់​វៀតណាម សម្រេច​បាន​ជាង 4.5 ពាន់​លាន​ដុល្លារ

    ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិនក្នុង​ខែ​មករា​ 2024​ របស់​វៀតណាម សម្រេច​បាន​ជាង 4.5 ពាន់​លាន​ដុល្លារ

    យោង​តាម​តួលេខ​របស់​អគ្គនាយកដ្ឋាន​គយ​វៀតណាម ការ​នាំចេញ​ទំនិញ​វៀតណាម​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ នៅក្នុង​ខែមករា ឆ្នាំ 2024 សម្រេច​បាន​ជាង 4.5 ពាន់​លាន​ដុល្លារ​អាម៉េរិក ថយ​ចុះ​ 18.7% បើធៀប​នឹង​ខែ​ធ្នូ 2023​ និង​កើន 17.6% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​មុន​។

    នាំមុខ​គេ​នៅ​ក្នុង​ចំណោម​ទំនិញ​នាំ​ចេញ​ក្នុង​ខែ​មករា 2024 គឺ​​កុំព្យូទ័រ ផលិតផល​អេឡេចត្រូនិច និង​គ្រឿង​បន្លាស់​ ដោយ​សម្រេច​បាន​ 852.9 លាន​ដុល្លារ​ រួម​ចំណែក​ 18.7% នៃ​ទំនិញ​នាំចេញ​សរុប​។ បន្ទាប់​មក​គឺ​ទូរស័ព្ទ​ និង​គ្រឿង​បន្លាស់​ ដោយ​សម្រេច​បាន​ជាង​ 734 លាន​ដុល្លារ​ រួម​ចំណែក​ 16.1%​ នៃ​ផលិតផល​នាំ​ចេញ​សរុប​។

    ឆ្នាំ​ 2024 វៀតណាម​នៅ​តែ​ចាត់​ទុក​ប្រទេស​ចិន​ជា​ទីផ្សារ​នាំ​ចេញ​សំខាន់​របស់​កសិផល​ ដោយ​សង្ឃឹម​ថា ការ​នាំ​ចេញ​ប្រភេទ​ទំនិញ​នេះ​នឹង​កើន​ឡើង​ខ្ពស់​។

  • អារ៉ាប៊ីសាអូឌីត នឹង​សង់​អគារ​កប់​ពពក​ កម្ពស់​ 2 គីឡូម៉ែត្រ​

    អារ៉ាប៊ីសាអូឌីត នឹង​សង់​អគារ​កប់​ពពក​ កម្ពស់​ 2 គីឡូម៉ែត្រ​

    គម្រោង​អគារ​កម្ពស់​ 2 គីឡូម៉ែត្រ នឹង​ត្រូវ​បាន​សាងសង់​នៅ​តំបន់​ភាគ​ខាង​ជើង​នៃ​រាជធានី​រីយ៉ាត់ បើ​ទោះ​ជា​មាន​ឧបសគ្គ​ផ្នែក​សំណង់​ និង​ការ​ចំណាយ​ដ៏ធំ​សម្បើម​។

    យោង​តាម​ New Atlas ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុម​ហ៊ុន Foster + Partners រៀប​គម្រោង​រចនា​ គូរ​ប្លង់​អគារ​កម្ពស់​ 2 គីឡូម៉ែត្រ នៅ​រីយ៉ាត់​ ប្រទេស​អារ៉ាប៊ីសាអូឌីត​។ គម្រោង​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​មូលនិធិ​វិនិយោគ​សាធារណៈ​ (PIF) របស់​អារ៉ាប៊ីសាអូឌីត​។ អគារ​នេះ​នឹង​ខ្ពស់ជាង​ទ្វេដង បើ​ធៀប​នឹង​អគារ Burj Khalifa នៅ​ឌូបៃ (828 ម៉ែត្រ​) ដែលជា​អគារ​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ នា​បច្ចុប្បន្ន​។

    ក្រៅ​ពី​ព័ត៌មាន​ស្ដី​ពី​កម្ពស់ និង​ទីតាំង​សាងសង់ ក្រុម​មន្ត្រី​ពាក់​ព័ន្ធ​មិនទាន់​​បាន​បង្ហើប​ឱ្យ​ដឹង​អ្វី​ផ្សេង​អំពី​គម្រោង​នេះ​នៅ​ឡើយ​។ ក៏ប៉ុន្តែ តាម​ការ​ប៉ាន់​ស្មាន អគារ​នេះ​នឹង​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន​ ក្នុង​នោះ​មាន​ជា​អាទិ៍ គ្រឹះ​ត្រូវ​តែ​រឹង​មាំ​បំផុត និង​ការ​ចំណាយ​ខ្ពស់​ខ្លាំង​ជា​ដើម​។