Tag: ប្រទេស

  • ថៃ​នឹង​បញ្ចេញ​គោលនយោបាយ​ជំរុញ​ការ​ទិញ​ផ្ទះ​ស្នាក់នៅ​

    ថៃ​នឹង​បញ្ចេញ​គោលនយោបាយ​ជំរុញ​ការ​ទិញ​ផ្ទះ​ស្នាក់នៅ​

    ក្រសួង​ហិរញ្ញវត្ថុ​ថៃ ឱ្យ​ដឹង​ថា ប្រទេស​នេះ​នឹង​បញ្ចេញ​គោលនយោបាយ​ថ្មី​ជា​ច្រើន​ ដែល​​គាំទ្រ​ដល់​ទីផ្សារ​អចលន​ទ្រព្យ​ ដើម្បី​រួម​ចំណែក​ស្ដារ​សេដ្ឋកិច្ច​ជាតិ​។

    ក្រសួង​ហិរញ្ញវត្ថុ​ថៃ គ្រោង​នឹង​ដាក់​សំណើ​ស្ដី​ពី​ការ​បន្ថយ​ការ​ចំណាយ​ទៅ​លើ​សេវា​​ផ្ទេរ​សិទ្ធិ​កាន់​កាប់​អចលនទ្រព្យ ​ពី 2% ចុះ​មកនៅ​​ត្រឹម​ 0.01% សម្រាប់​ផ្ទះ​ដែល​មាន​តម្លៃ​ដល់ 7 លាន​បាត (ប្រហែល​ 190,890 ដុល្លារ​អាម៉េរិក​)​ ជូន​គណៈរដ្ឋមន្ត្រី​​នា​ពេល​ខាងមុខ​។

    ទន្ទឹម​នឹង​នេះ ថៃ​ក៏​អាច​នឹង​បន្ធូរ​បន្ថយ​ពន្ធ​ចំពោះ​អ្នក​ដែល​ចង់​សាងសង់​ផ្ទះ​ ព្រម​ទាំង​បន្ថយ​អត្រា​ការ​ប្រាក់​ចំពោះ​អ្នកមាន​ចំណូល​ទាប​​ដែល​ចង់​ខ្ចី​ប្រាក់​ទិញ​ផ្ទះ​ផងដែរ​។

    ស្ថាប័ន​ខាង​លើ​ក៏​នឹង​ដាក់​សំណើ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​ទាក់​ទង​នឹង​សិទ្ធិ​កាន់​កាប់​ផ្ទះ​របស់​ជន​បរទេស​។ ក្នុង​នោះ រយៈ​ពេល​នៃ​ការ​ជួល​ផ្ទះ​ អាច​នឹង​ត្រូវ​បាន​បន្ថែម​សុពលភាព​​ពី 30 ឡើង​ដល់ 99 ឆ្នាំ​ ព្រម​ទាំង​អាច​អនុញ្ញាត​ឱ្យ​ជន​បរទេស​ទិញ​ផ្ទះស្នាក់​នៅ​​ប្រភេទ​ខ្លះ​ទៀត​ផង​។

    ក្រុម​ហ៊ុន​ទិន្នន័យ​ Statista (អាល្លឺម៉ង់) បាន​គណនា​ឃើញ​ថា ទំហំ​​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ នឹង​កើន​ឡើង​ដល់ជាង​ 2.5 ទ្រីលាន (2,500,000,000,000) ​ដុល្លារ​អាម៉េរិក​ ក្នុង​ឆ្នាំ​នេះ​។ ក្នុង​នោះ ទីផ្សារ​​ផ្ទះ​ស្នាក់​នៅ​មាន​តម្លៃ​សរុប​ជាង 2 ទ្រីលាន​ដុល្លារ​៕

  • ប្រព័ន្ធ​ផលិត​អគ្គិសនី​​ព្រះ​អាទិត្យ​ពី​ទីអវកាសជំនាន់​ថ្មី​របស់​អង់គ្លេស

    ប្រព័ន្ធ​ផលិត​អគ្គិសនី​​ព្រះ​អាទិត្យ​ពី​ទីអវកាសជំនាន់​ថ្មី​របស់​អង់គ្លេស

    (អង់គ្លេស) – Space Solar ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​ផ្កាយ​រណប​ទំហំ​មួយ​គីឡូម៉ែត្រ​ដែល​បំពាក់​ផ្ទាំង​សូឡា​ និង​ប្រព័ន្ធ​កញ្ចក់​ដើម្បី​ប្រមូល​ពន្លឺ​ព្រះ​អាទិត្យ​ និង​បាញ់​បញ្ជូន​មក​កាន់​ផែនដី​ ក្នុង​ទម្រង់​រលក​វិទ្យុ។

    ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី Space Solar នៅ​ប្រទេស​អង់គ្លេស​ប្រកាស​ថា បាន​ទទួលជោគ​ជ័យ​មួយ​ជំហាន​នៅ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ជូន​អគ្គិសនី​ដោយ​មិន​ប្រើខ្សែ​ ដែល​ជា​ជំហាន​សំខាន់​ជួយ​ប្រែ​ក្លាយ​គំនិត​ស្ដី​ពី​ការ​ផលិត​អគ្គិសនី​ពី​ថាមពល​ព្រះអាទិត្យ​ក្នុង​ទីអវកាស​​ឱ្យ​ទៅ​ជា​ការ​ពិត​។

    ជោគ​ជ័យ​នេះ​នឹង​ជួយ​ឱ្យ​ក្រុម​ហ៊ុន​ Space Solar ឆ្ពោះ​ទៅ​ជិត​ដល់​គោលដៅ​ផ្គត់​ផ្គង់​ថាមពល​ស្អាត​ច្រើន​ជីហ្គាវ៉ាត់​ដល់​ផែនដី​ តាម​រយៈ​ការ​ប្រើប្រាស់​ផ្ទាំង​សូឡា​ដែល​ដាក់​នៅ​លើ​គន្លង​តារាវិថី​ផែនដី​។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 7 មេសា 2024​។

    Space Solar គឺជា​ក្រុម​ហ៊ុន​ដំបូង​គេ​លើពិភពលោក​ ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​បាញ់​បញ្ជូន​អគ្គិសនី​ដោយ​មិន​បាច់​មាន​ខ្សែ​ 360 ដឺក្រេ។ ប្រព័ន្ធ​សម្រាប់​សាកល្បង HARRIER របស់​ពួក​គេ​ ដោះ​ស្រាយ​ឧបសគ្គ​ធំ​មួយ​នៅ​ក្នុង​ការ​ផលិត​អគ្គិសនី​ពី​ព្រះអាទិត្យ​នៅ​ក្នុង​ទីអវកាស​។

    មិន​ដូច​ទៅ​នឹង​បច្ចេកវិទ្យា​ចាស់ ប្រព័ន្ធ HARRIER អនុញ្ញាត​ឱ្យ​បាញ់​បញ្ជូន​អគ្គិសនី​ទៅ​គ្រប់​ទិស​ ដោយ​មិន​ត្រូវ​ការ​ផ្នែក​ចល័ត​ ជួយ​បង្កើន​ទាំង​ប្រសិទ្ធភាព​ ទាំង​ទំនុក​ចិត្ត​។

    Space Solar អាច​នឹង​អភិវឌ្ឍ​ផ្កាយ​រណប​ដែល​មាន​ទំហំ​មួយ​គីឡូម៉ែត្រ បំពាក់​ផ្ទាំង​សូឡា​ និង​ប្រព័ន្ធ​កញ្ចក់​ប្រមូល​ពន្លឺ​ព្រះ​អាទិត្យ​។ អគ្គិសនី​ដែល​ផលិត​បាន​នឹង​ត្រូវ​បាន​បំប្លែង​ទៅ​ជា​រលក​វិទ្យុប្រេកង់ខ្ពស់​ និង​បាញ់​បញ្ជូន​មក​កាន់​ប្រព័ន្ធ​ទទួល​នៅលើ​ផែនដី​។

    ប្រព័ន្ធ​របស់​ក្រុម​ហ៊ុន​ខាងលើ​ទទួល​បាន​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​អង់គ្លេស និង​ទីភ្នាក់​ងារ​អវកាស​អឺរ៉ុប​។

  • ក្រុម​ហ៊ុន​ Chery បង្កើតរោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

    ក្រុម​ហ៊ុន​ Chery បង្កើតរោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

    ក្រសួង​ពាណិជ្ជកម្ម​វៀតណាម កាលពីសប្ដាហ៍​កន្លង បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ផលិត​រថយន្ត​រដ្ឋ​ចិន Chery Automobile បាន​យល់​ព្រម​សង់រោង​ចក្រ​ដំឡើង​រថយន្ត​អគ្គិសនី​តម្លៃ 800 លាន​ដុល្លារ​អាម៉េរិក នៅ​ប្រទេស​វៀតណាម តាម​រយៈ​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​មួយ​នៅក្នុង​ស្រុក​។

    Omoda & Jaecoo របស់​ Chery នឹង​បង្កើត​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​ ជាមួយ​នឹង Geleximco ដែលមាន​ទីស្នាក់ការ​នៅ​វៀតណាម​ ដើម្បី​គ្រប់គ្រង​រោង​ចក្រ​ខាងលើ​។

    ដំណាក់​កាល​សាងសង់ដំបូង គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ត្រីមាស​ទីមួយនៃ​ឆ្នាំ 2026​៕

  • សូរ្យគ្រាស​ពេញ​វង់​តែ​មួយ​គត់​ក្នុង​ឆ្នាំ 2024 មាន​រយៈ​ពេល​​ 5 នាទី

    សូរ្យគ្រាស​ពេញ​វង់​តែ​មួយ​គត់​ក្នុង​ឆ្នាំ 2024 មាន​រយៈ​ពេល​​ 5 នាទី

    សូរ្យគ្រាស​ពេញ​វង់​ (ពេញលេញ) លើក​នេះ​ ដែល​នឹង​បង្ហាញ​ខ្លួន​ពី​តំបន់​មាត់​សមុទ្រ​ប៉ាស៊ីហ្វិក​របស់​ប្រទេស​ម៉ិកស៊ិក នៅ​វេលា​ម៉ោង 11 និង 07 នាទី ថ្ងៃទី 08 មេសា ត្រូវ​នឹង​ម៉ោង​ 01 និង 07 នាទី ថ្ងៃទី 09 មេសា​នៅ​កម្ពុជា​ គឺជា​សូរ្យគ្រាស​ដែល​យូរ​បំផុត​នៅ​លើដី​គោគ​ ក្នុង​រង្វង់​ជាង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ​។

    នេះ​គឺជា​សូរ្យគ្រាស​ពេញ​វង់​ដែល​អូស​បន្លាយ​វែង​បំផុត​នៅ​សហរដ្ឋ​អាម៉េរិក រាប់​ចាប់​ពី​ឆ្នាំ 1860​។ នេះ​ក៏​ជា​សូរ្យ​គ្រាស​ពេញ​វង់​ដែល​ងងឹត​បំផុត​នៅ​សហរដ្ឋ​អាម៉េរិក ក្នុង​រង្វង់ 217 ឆ្នាំ​កន្លង​។

    អ្វី​ដែល​ពិសេស​ជាង​គេ​ នោះគឺ​ថា ក្នុង​ពេល​បាតុភូត​ខាងលើ​កើត​ឡើង មនុស្ស​ម្នា​ក៏​អាច​មើល​ឃើញ​ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks ផងដែរ​។

    សូម​ស្វែង​យល់​បន្ថែម​នៅ​ទីនេះ​

  • Taylor Swift ក្លាយ​ជា​មហាសេដ្ឋិនី​ថ្មី​ និង​ល្បី​ឈ្មោះ​ជាង​គេ​​ក្នុង​​ឆ្នាំ​នេះ

    Taylor Swift ក្លាយ​ជា​មហាសេដ្ឋិនី​ថ្មី​ និង​ល្បី​ឈ្មោះ​ជាង​គេ​​ក្នុង​​ឆ្នាំ​នេះ

    តារា​ចម្រៀង​ Taylor Swift មាន​ឈ្មោះ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​របស់ Forbes សម្រាប់​​ឆ្នាំ​ 2024 នេះ​។

    កាល​ពី​ថ្ងៃទី 2 មេសា ទស្សនាវដ្ដី Forbes បាន​ប្រកាស​បញ្ជី​ឈ្មោះ​ស្ដី​ពី​ក្រុម​អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​ សម្រាប់​​ឆ្នាំ 2024​។ Forbes ឱ្យ​ដឹង​ថា ពិភពលោក​បច្ចុប្បន្ន​មាន​មហាសេដ្ឋី​ថ្មី​ចំនួន 265 នាក់​បន្ថែម​ទៀត​ ដោយ​សារ​ទីផ្សារ​មូលបត្រ​កាល​ពី​ឆ្នាំ​កន្លង​។ ពួក​គេ​មក​ពី​ប្រទេស​ចំនួន 32 និង​មាន​ទ្រព្យ​សរុប​ 510 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    មហា​សេដ្ឋិនី​ដែល​ល្បី​ឈ្មោះ​ជាង​គេ​ក្នុង​ឆ្នាំ​នេះ គឺ​តារា​ចម្រៀង​ស្រី​អាម៉េរិក Taylor Swift។ ដំណើរ​សម្ដែង​ជុំវិញ​ពិភពលោក​ Eras Tour របស់​នាង​ បាន​ក្លាយ​ជា​ដំណើរ​សម្ដែង​ដំបូង​លើ​ពិភពលោក ​ដែល​រក​ចំណូល​បាន​ 1,000 លាន​ដុល្លារ​។

    បច្ចុប្បន្ន Taylor Swift មាន​ទ្រព្យ​ប្រមាណ 1.1 ពាន់​លាន​ដុល្លារ​​អាម៉េរិក។ Swift ក៏​ជា​អ្នក​ចម្រៀង​ដំបូង​គេ​ដែល​រក​បាន​ទ្រព្យ​ពាន់​លាន​ដុល្លារ ​ដោយ​សារ​តែ​ការ​និពន្ធ​ និង​ការ​សម្ដែង​។

  • កាមេរ៉ា​ឌីជីថល់​ធំជាង​គេ​លើ​ពិភពលោក​៖ សង្កេត​រក​អាថ៌កំបាំង​នៃ​ចក្រវាល

    កាមេរ៉ា​ឌីជីថល់​ធំជាង​គេ​លើ​ពិភពលោក​៖ សង្កេត​រក​អាថ៌កំបាំង​នៃ​ចក្រវាល

    LSST 3,200 megapixel ត្រូវ​បាន​អភិវឌ្ឍដោយ​មន្ទីរ​ពិសោធន៍​​ជាតិ​បង្កើន​ល្បឿន​ SLAC របស់​សហរដ្ឋ​អាម៉េរិក​ គឹជា​កាមេរ៉ា​ឌីជីថល់​ធំជាង​គេ​បង្អស់​លើ​ពិភពលោក​​។ វា​នឹង​ត្រូវ​បាន​ដំឡើង​នៅ​ឯស្ថានីយ​សង្កេត Vera C. Rubin នៅ​ប្រទេស​ស៊ីលី។

    បេសកកម្ម​​របស់​ LSST

    • ​ស្រាវជ្រាវអាថ៌កំបាំង​នៃ​​វត្ថុ​ធាតុ និង​ថាមពល​ងងឹត​ក្នុង​ចក្រវាល​ ដែល​មាន​ភាគ​ច្រើន​នៅ​ក្នុង​ចក្រវាល​ ប៉ុន្តែ​មិន​អាច​មើល​ឃើញដោយ​ភ្នែក​ទទេ​។
    • វា​ក៏​នឹង​តាម​ដាន​កាឡាក់ស៊ី​រាប់​ពាន់​លាន​ ផ្កាយ​ប្រហែល 17 ពាន់​លាន​ដួង​ក្នុង​កាឡាក់ស៊ី​មេលគីវ៉េ និង​វត្ថុ​អវកាស​រាប់​ពាន់​លាន​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​។
    • កាមេរ៉ា​នេះ​ក៏​អាច​សង្កេត​មើល​បាតុភូត​អវកាស​នានា​ មាន​ដូច​ជា ការ​ផ្ទុះ​ផ្កាយ​ ការ​រីក​មាឌ​របស់​ចក្រ​វាល​ជា​ដើម​។

    សមត្ថភាព​​របស់ LSST

    • ទំហំ​ធំ​៖ ប៉ុន​កូន​រថយន្ត​ និង​មាន​ទម្ងន់​ 3 តោន​។
    • សមត្ថភាព​សង្កេត​៖ លម្អិត​ដល់​ថ្នាក់​ អាច​មើល​ឃើញ​កូលគោល​ពី​ចម្ងាយ​ 24 គីឡូម៉ែត្រ​។.
    • សមត្ថភាព​ថតូប​៖ អាច​ថត​ទិដ្ឋភាព​ផ្ទៃ​មេឃ​​ ដើម្បី​តាម​ដាន​ការ​ប្រែ​ប្រួល​ក្នុង​រង្វង់ 10 ឆ្នាំ​។
    • កាមេរ៉ា​ LSST គ្រោង​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ចុង​ឆ្នាំនេះ និង​ត្រូវ​បាន​រំពឹង​ថា នាំ​មក​នូវ​របក​គំហើញថ្មី​ៗ​ស្ដី​ពី​ចក្រវាល​។
  • យានបាឡុងហោះដំបូងរបស់​ចិន ​ជោគ​ជ័យ​ក្នុង​ជើង​ហោះ​ហើរ​សម្ពោធ​ជា​ផ្លូវការ

    យានបាឡុងហោះដំបូងរបស់​ចិន ​ជោគ​ជ័យ​ក្នុង​ជើង​ហោះ​ហើរ​សម្ពោធ​ជា​ផ្លូវការ

    យានប្រភេទ​បាឡុងហោះ​មាន​មនុស្ស​បើកបរ​ AS700 ដែល​អភិវឌ្ឍ​ដោយ​ក្រុម​វិស្វករ​ចិន បាន​ទទួល​ជោគជ័យ​ក្នុង​ជើងហោះ​ហើរ «សម្ពោធ» ជា​ផ្លូវ​ការ​​លើក​ដំបូង​​ កាល​ពី​ថ្ងៃទី 30 ខែ​មីនា ឆ្នាំ 2024​។

    យាន AS700 ហោះ​ឡើង​ពី​ទីក្រុង​ Jingmen នៃ​ខេត្ត Hubei នៅវេលាម៉ោងជាង​ 6 ព្រឹក​ ថ្ងៃទី 30 ខែមីនា ឆ្នាំ 2024​ និង​ចុះ​ចត​ដោយ​ជោគ​ជ័យ​នៅឯ​ទីក្រុង​ Jingzhou របស់​ខេត្ត​ Hubei ដដែល​ បន្ទាប់​ពី​ការ​ហោះ​ហើរ​រយៈ​ពេល​ 106 នាទី​។ AS700 ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ Jingzhou ក្នុង​រយៈ​ពេល​ខ្លី មុន​នឹង​​ហោះ​ត្រលប់​ទៅ​កាន់​ទីក្រុង​ Jingmen វិញ ដើម្បី​បញ្ចប់​ជើង​ហោះសម្ពោធ​ជា​ផ្លូវការ​​លើក​ដំបូង​។

    ស្ថាប័ន​ដែល​អភិវឌ្ឍ​ AS700 គឺជា​ក្រុម​ហ៊ុន​ឧស្សាហកម្ម​អាកាសចរណ៍​ចិន (AVIC) ដែល​ជា​អ្នក​ផលិត​យន្តហោះ​​ដ៏​ធំ​មួយ​របស់​ប្រទេស​នេះ​។ AS700 ត្រូវ​បាន​រំពឹង​ថា នឹង​អាច​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ទេសចរណ៍​នៅ​លើ​អាកាស​ បេសកកម្មសង្គ្រោះ​បន្ទាន់ ក៏ដូច​ជា​ការ​ផ្ដល់​សេវាកម្ម​នានា​នៅ​ក្នុង​ទីក្រុង​។

    យានបាឡុង​ហោះ​ថ្មី​នេះ​អាចផ្ទុក​​ទម្ងន់​បាន​ 4,150 គីឡូក្រាម​ និង​អាច​ហោះ​បានចម្ងាយ​ 700 គីឡូម៉ែត្រ​ ក៏ដូច​ជា​ហោះហើរ​​បាន​ 10 ម៉ោង​។​ AS700 ​អាច​ដឹក​មនុស្ស​បាន​ 10 នាក់ បូក​រួម​ទាំង​អ្នក​បើក​បរ​ម្នាក់​។ យាន​ជំនិះ​នេះ អាច​ហោះ​ក្នុង​ល្បឿន​រហូត​ដល់ 100 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

    ជើងហោះ​ហើរ​កាលពី​ថ្ងៃទី 30 មីនា បាន​​ជួយ​បញ្ជាក់​​អំពី​ប្រសិទ្ធភាព​របស់ AS700។ ជើង​ហោះ​ហើរ​នេះ​ក៏​បាន​ជួយត្រួត​​ពិនិត្យ​​អំពី​លទ្ធភាព​គាំទ្រ​របស់ក្រុម​បច្ចេកទេស​ផងដែរ​។

    លោក Li Hong ដែល​ជាអ្នក​បើកបរ​នៅក្នុង​ជើង​ហោះ​ហើរ​កាល​ពី​ថ្ងៃទី 30 មីនា​ និយាយ​ថា AS700 អាច​ហោះឡើង និង​ចុះ​ចត​បញ្ឈរ​ត្រង់​នៅ​ទីតាំង​ចង្អៀត ដែល​នេះ​ក៏ជួយ​កាត់បន្ថយ​ការ​ចំណាយ​បាន​ច្រើន​ទៅ​លើ​ដំណើរ​ការ​ ព្រោះ​តែ​ដី​ធ្លី​បច្ចុប្បន្ន​មាន​តម្លៃ​ខ្ពស់​ខ្លាំង​។

    យាន​ជំនិះ AS700 បាន​ទទួល​វិញ្ញាបនបត្រ​ពី​នាយកដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ចិន (CAAC) កាល​ពី​ខែ​ធ្នូ ឆ្នាំ 2023​ ហើយ​ក៏​បាន​ក្លាយ​ជា​យន្តហោះ​ទម្រង់​បាឡុង​ដំបូង​ដែល​អភិវឌ្ឍ​ និង​ទទួល​ស្គាល់​ដោយ «​ឯករាជ្យ»​។

    លោក Du Wei ប្រធាន​គម្រោង​ AS700 បាន​ឱ្យ​ដឹង​ថា ពួក​គេ​ទទួលបាន​ការ​បញ្ជា​ទិញ​ប្រហែល​ 20 គ្រឿង​រួចទៅ​​ហើយ ក្នុង​នោះ​ មួយ​គ្រឿង​ដំបូង​គ្រោង​នឹង​ត្រូវ​បាន​ប្រគល់​ឱ្យ​អតិថិជន​នៅ​ចុង​ឆ្នាំ​នេះ​។

    លោក Du និយាយ​ថា ក្រុម​របស់​លោក​កំពុង​ឆ្ពោះ​ទៅ​រក​គោលដៅ​ដែល​ផ្ដោត​​សំខាន់​ទៅ​លើ​សេវា​គយគន់​ទេសភាព​ពី​អាកាស ហើយ​សង្ឃឹម​ថា នឹង​ពង្រីក​​ទៅ​កាន់​វិស័យ​ដទៃ ដូច​ជា​បេសកកម្ម​សង្គ្រោះ​បន្ទាន់​ និង​សេវា​សាធារណៈ​នៅ​ក្នុងទីក្រុង​ជា​ដើម​៕

  • Ford Ranger ជាប់ជាជម្រើសរថយន្ត Pick-Up ដែលទទួលបានចំណាត់ថ្នាក់លេខ១ ​ប្រចាំឆ្នាំ២០២៣!

    Ford Ranger ជាប់ជាជម្រើសរថយន្ត Pick-Up ដែលទទួលបានចំណាត់ថ្នាក់លេខ១ ​ប្រចាំឆ្នាំ២០២៣!

    រថយន្ត Next-Generation Ford Ranger បានទទួលការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង និងរួមបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយដ៏ទំនើប និងឈានមុខគេរបស់ Ford ។មិនតែប៉ុណ្ណោះ រថយន្ត Next-Generation Ford Ranger ក៏មានជម្រើសជាច្រើនដូចជា Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, និងកំពូលរថយន្តFord Ranger Raptor សម្រាប់អតិថិជនជ្រើសរើស ដែលសមស្របទៅនឹងតម្រូវការរបស់អតិថិជនទាំងអស់ ដែលមានគោលបំណងចង់បានរថយន្ត Pick-UP  ដែលរឹងមាំ មានផាសុកភាព និងសន្សំសំចៃខ្ពស់។ ដោយសារតែកត្តាទាំងនេះ ទើបនាំអោយរថយន្ត Next-Generation Ford Ranger ក្លាយជារថយន្ត Pick-Up លក់ដាច់បំផុត ប្រចាំឆ្នាំ២០២៣ នៅក្នុងទីផ្សារប្រទេសអូស្រ្តាលី ដោយយោងទៅតាមអត្រាការលក់ប្រចាំឆ្នាំរបស់ទីផ្សាររថយន្ត Pick-Up  ទាំងមូល កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤​។

    ចំណែកឯនៅប្រទេសកម្ពុជាវិញ រថយន្ត Next Generation Ford Ranger គឺជារថយន្តដែលជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល ៥ ឆ្នាំជាប់គ្នាចាប់តាំងពីឆ្នាំ ២០១៩ មក រហូតមកដល់បច្ចុប្បន្ន គឺនៅតែជារថយន្តដែលកំពុងពេញនិយមបំផុត ​​​ដោយសារមានការផ្តល់នូវទំនុកចិត្តដល់អតិថិជន និងបច្ចេកវិទ្យាទំនើបលើសគេនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។​ លើសពីនេះទៅទៀត រថយន្ត Next Generation Ford Ranger ក៏បានគ្របដណ្តប់ទីផ្សាររថយន្ត Pick-Up  ជាច្រើនប្រទេសនៅជុំវិញពិភពលោក ជាពិសេសទីផ្សារព្រះរាជាណាចក្រកម្ពុជា។ នេះក៏ដោយសារតែការគាំទ្រពីអតិថិជន និងទំនុកចិត្តទៅលើសមត្ថភាព និងប្រព័ន្ធសុវត្ថិភាពដ៏ទំនើបរបស់រថយន្ត ដោយហេតុនេះហើយទើបធ្វើអោយរថយន្ត Next Generation Ford Ranger ទទួលបាននូវការផ្តល់ចំណាត់ថ្នាក់ផ្កាយ៥ ពីកម្មវិធីវាយតំលៃរថយន្តថ្មីរបស់អូស្រ្តាលី និងនូវែលសេឡង់​ (Australasian​ New Car ​Assessment Programme) ​ដែលក្រោមការរចនានៃគំនិតឆ្នៃប្រឌិត «Built Ford Tough» របស់សហរដ្ឋអាមេរិច​ ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជនប្រទេសអូស្រ្តាលី ក៏ដូចជាអតិថិជនជុំវិញពិភពលោកផងដែរ។

    សម្រាប់ការទំនាក់ទំនងផ្នែកលក់ និង បើកបរសាកល្បងរថយន្ត Next Generation Ford Ranger សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 និង 016 333 785។

    ចង់ជ្រាបច្បាស់ ពីមូលហេតុដែលធ្វើអោយរថយន្ត Ford Ranger ទទួល​បាន​ការគាំទ្រ និងពេញនិយម​នៅទីផ្សារប្រទេសកម្ពុជា សូមទស្សនាវីឌីអូនេះទាំងអស់គ្នា៖

  • ធនាគារពិភពលោក​៖ សេដ្ឋកិច្ច​អាស៊ី​មិន​ល្អដូច​ការ​រំពឹង​ទុក

    ធនាគារពិភពលោក​៖ សេដ្ឋកិច្ច​អាស៊ី​មិន​ល្អដូច​ការ​រំពឹង​ទុក

    យោង​តាម​ធនាគារ​ពិភពលោក (WB) កំណើន​សេដ្ឋកិច្ច​អាស៊ី​ឆ្នាំ​នេះ ត្រូវ​បាន​ព្យាករ​ថា នឹង​យឺត​ជាង​ឆ្នាំ​កន្លង​ ប៉ុន្តែ​នៅ​តែ​មាន​សក្ដានុពល​ខ្លាំង​។

    ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​គ្រោង​នឹង​ថយ​ចុះ​ពី 5.1% ក្នុង​ឆ្នាំ​ 2023 មក​នៅ​ត្រឹម​ 4.5% ក្នុង​ឆ្នាំ 2024​ ទាប​ជាង​បើ​ធៀប​នឹង​ដំណាក់​កាល​មុន​កូវីដ-19​។ បើ​ទោះ​នៅ​តែ​ខ្ពស់ជាង​បណ្ដា​តំបន់​ដទៃ​ ប៉ុន្តែ​អាស៊ី​ក៏​នៅ​តែ​មិន​ទាន់​សម្រេច​បាន​ដូច​ទៅ​នឹង​សក្ដានុពល​របស់​ខ្លួន​។

    ប្រទេស​ចិន​ដែល​ជា​ខឿន​សេដ្ឋកិច្ច​ធំជាង​គេ​នៅ​ទ្វីប​អាស៊ី បាន​កំណត់​គោលដៅ​សម្រេច​ឱ្យ​បាន​ 5% ក្នុង​ឆ្នាំ​នេះ ទាប​ជាង​ បើធៀប​នឹង 5.2% របស់​ឆ្នាំ​កន្លង​។ ប៉ុន្តែ WB ព្យាករ​ថា GDP របស់​ប្រទេស​ចិន​នឹង​មាន​កំណើន​ត្រឹម​តែ​ 4.5%​ ប៉ុណ្ណោះ។

    មូលហេតុ​ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​អាស៊ី​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​កំណើន​ទាប​ដូច្នេះ ក៏​ដោយ​សារ​កត្តា​មួយ​ចំនួន​ រួម​មាន​៖

    • បំណុល
    • រនាំង​ពាណិជ្ជកម្ម
    • អស្ថិរភាព​គោលនយោបាយ
    • អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក
    • ការ​ប្រាក់​ខ្ពស់
    • ការ​ថយ​ចុះ​នៃ​ភ្ញៀវ​ទេសចរណ៍​ចិន
    • ការថយ​ចុះ​នៃ​ការ​​វិនិយោគ​ពី​វិស័យ​ឯកជន​ ​

    ដំណោះ​ស្រាយ​

    • ជំរុញ​ផ្នែក​ហិរញ្ញវត្ថុ
    • ជំរុញ​សុខុមាលភាព​សង្គម​ឱ្យ​បាន​ខ្លាំង​ក្លា​ជាង​មុន
    • បង្កើត​គោលនយោបាយ​ដែល​ជួយ​ជំរុញ​ការ​ចំណាយ​
    • លុបបំបាត់​រនាំង​ពាណិជ្ជកម្ម
    • កែលម្អ​ហេដ្ឋារចនា​សម្ព័ន្ធ​
    • កែទម្រង់​វិស័យ​អប់រំ

    ការសន្និដ្ឋាន​

    សេដ្ឋកិច្ច​អាស៊ី កំពុង​ជួប​ឧបសគ្គច្រើន​ ប៉ុន្តែ​នៅ​តែ​មាន​សក្ដានុពលរីកចម្រើន​យ៉ាង​ខ្លាំង​ក្លា​។ បណ្ដា​ប្រទេស​គួរ​តែ​អនុវត្ត​ដំណោះ​ស្រាយ​សម​ស្រប​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​លើក​កម្ពស់​ការ​ផលិត​។

  • BYD នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​ចាប់​ពី​ត្រីមាស​ទីបី​

    BYD នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​ចាប់​ពី​ត្រីមាស​ទីបី​

    ក្រុម​ហ៊ុន​ចិន​ BYD បាន​ប្រកាស​ថា​ នឹង​ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​នៅ​ឯ​រោង​ចក្ររបស់​ខ្លួន​​ក្នុង​ប្រទេស​ថៃ ចាប់​ពី​ត្រីមាស​ទីបី​ ឆ្នាំ 2024​។ ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើងក្នុង​​គ្រា​ដែល​ BYD ចូល​រួម​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​អន្តរជាតិ​បាងកក​លើកទី 45 ដែល​ប្រារព្ធ​ឡើង​ចាប់​ពី​ថ្ងៃទី 27 ខែ​មីនា ដល់ថ្ងៃទី 7 ខែ​មេសា ឆ្នាំ 2024​។

    BYD មិន​ត្រឹម​តែ​បង្កើត​រោង​ចក្រ​ផលិត​រថយន្តអគ្គិសនី​នៅ​ប្រទេស​ថៃ​នោះទេ តែ​ក៏​កំពុង​សង់រោង​ចក្រ​ដំឡើង​រថយន្ត​នៅ​ប្រទេស​ហុងគ្រី និង​ប្រេស៊ីល​ផងដែរ​។ ការ​ផលិត​រថយន្ត​អគ្គិសនី​ក៏​បាន​ចាប់​ផ្ដើម​នៅឯ​រោង​ចក្រ​របស់​ BYD ក្នុង​​ប្រទេស​អ៊ូសបេគីស្ថាន កាល​ពី​ដើម​ឆ្នាំ​នេះ​។

    ទោះជា​យ៉ាង​ណា​ក៏​ដោយ ទន្ទឹម​នឹង​បង្កើត​រោង​ចក្រ​ថ្មីនៅ​ប្រទេស​មួយចំនួន ក្រុម​ហ៊ុន​ BYD ក៏​បាន​ពន្យារ​ពេល​នៃ​ការ​សង់​រោង​ចក្រ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ក្នុង​នោះមាន​ដូច​ជា វៀតណាម​ជា​ដើម​៕