Tag: ប្រកាស

  • BYD បង្ហាញ​ម៉ូដែល​រថយន្ត​អគ្គិសនី​ប្រភេទ​ SUV ខ្នាត​តូច​ថ្មី Yuan Up

    BYD បង្ហាញ​ម៉ូដែល​រថយន្ត​អគ្គិសនី​ប្រភេទ​ SUV ខ្នាត​តូច​ថ្មី Yuan Up

    BYD (OTCMKTS: BYDDF) កំពុង​ដំណើរ​ការ​គម្រោង​សម្រាប់​ម៉ូដែល​ SUV អគ្គិសនី​ថ្មី មាន​ទំហំ​តូច​ ដែល​នេះ​​បង្ហាញ​ថា តម្លៃ​របស់​វា​ទំនង​ជា​នឹង​ទាប​។

    យោង​តាម BYD ម៉ូដែល​រថយន្ត​នេះ​ត្រូវ​បាន​ហៅ​ថា Yuan Up ហើយ​វា​នឹង​ជា​ការ​បំពេញ​បន្ថែម​ថ្មីបំផុត​សម្រាប់​គ្រួសារ​ Yuan របស់​ Build Your Dream​។

    BYD មិន​ទាន់​ប្រកាស​អំពី​ទំហំ​របស់ Yuan Up ប៉ុន្តែ​ ឯកសារ​កន្លង​មក​បង្ហាញ​ថា ម៉ូដែល​រថយន្ត​អគ្គិសនី​នេះ​មាន​បណ្ដោយប្រវែង 4,310 មម, ទទឹង​ 1,830 មម និង​កម្ពស់ 1,675 មម គ្រា​ដែល​បណ្ដោយ​មូលដ្ឋាន​មាន​ប្រវែង 2,620 មម​។

    នេះ​មាន​ន័យ​ថា Yuan Up នឹង​ធំ​ជាង Dolphin ប៉ុន្តែ​មាន​បណ្ដោយ​មូលដ្ឋាន​ខ្លី​ជាង​បន្តិច​។ តម្លៃ​របស់​ BYD Dolphin គឺ​ចាប់​ពី 16,240 ដល់ 19,560 ដុល្លារ​អាម៉េរិក​។ Yuan Up ដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង Dolphin អាច​នឹង​មាន​តម្លៃ​ចាប់​ពី 13,100 ដល់ 20,100 ដុល្លារ​អាម៉េរិក​។

    បច្ចុប្បន្ន គ្រួសារ​ត្រកូល Yuan របស់​ BYD រួម​មាន Yuan Plus និង Yuan Pro។ ក្នុង​នោះ Yuan Plus មាន​តម្លៃ​ចាប់​ពី 19,000 ដុល្លារ​ ខណៈ​ Yuan Pro ​មាន​តម្លៃ​ចាប់​ពី 13,400 ដុល្លារ​អាម៉េរិក​។

  • CEO រាប់ពាន់​នាក់​ព្យាករ​ថា បញ្ញាសិប្បនិម្មិត​នឹង​នាំ​ឱ្យ​មនុស្ស​បាត់​បង់​ការ​ងារ​ច្រើន​ក្នុង​ឆ្នាំ​នេះ​

    CEO រាប់ពាន់​នាក់​ព្យាករ​ថា បញ្ញាសិប្បនិម្មិត​នឹង​នាំ​ឱ្យ​មនុស្ស​បាត់​បង់​ការ​ងារ​ច្រើន​ក្នុង​ឆ្នាំ​នេះ​

    ​ការ​ស្ទង់​មតិ​មួយ​ដែល​ត្រូវ​បាន​ប្រកាស​ដំណាល​គ្នា​នឹង​កិច្ច​ប្រ​ជុំ​របស់ក្រុម​​មេដឹក​នាំពិភពលោក និង​ក្រុម​ហ៊ុននានា​ ដែល​ធ្វើ​ឡើង​​នៅ Davos ប្រទេស​ស្វ៊ីស ឱ្យ​ដឹង​ថា មួយ​ភាគ​បី​នៃ​ក្រុម​នាយកប្រតិបត្តិ​ ឬ​ប្រធាន​ក្រុម​ហ៊ុន​នៅ​ទូទាំង​ពិភពលោក ​រំពឹង​ថា ការ​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត​ទូទៅ​នឹង​ជួយ​កាត់បន្ថយចំនួន​បុគ្គលិក​យ៉ាង​តិច 5% នៅ​ក្នុង​ឆ្នាំ 2024​។

    យោង​តាម​ការ​ស្ទង់មតិ​ដែល​ធ្វើ​ឡើង​ដោយ​ PwC នៅ​មុន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក វិស័យ​ផ្សព្វផ្សាយ​ និង​កម្សាន្ត ធនាគារ ធានារ៉ាប់រង និង​ដឹក​ជញ្ជូន​ គឺជា​វិស័យ​នាំ​មុខ​គេ​នៃ​លទ្ធភាព​កាត់​បន្ថយបុគ្គលិក​ដោយ​សារ​តែ​ការ​ប្រើប្រាស់​ឧបករណ៍ ឬ​កម្មវិធី​​ AI ទំនើប​បំផុត​។ ចំណែក​បណ្ដា​ក្រុម​ហ៊ុន​បច្ចេកទេស និង​សំណង់​ ត្រូវ​បាន​ព្យាករ​ថា មាន​លទ្ធភាព​តិច​តួច​ក្នុង​ការ​កាត់បន្ថយ​បុគ្គលិក​ព្រោះ​តែ​បច្ចេកវិទ្យា​ស្វ័យប្រវត្ត។

    ការ​រកឃើញ​នេះ​គឺ​យោង​ទៅ​លើ​កិច្ច​សម្ភាស​ជាមួយ​នឹង​ប្រធាន​ក្រុម​ហ៊ុន​ជាង 4,700 នាក់​ នៅក្នុង​ប្រទេស​ជាង 100 លើ​ពិភពលោក​។ ពួក​គេក៏​បាន​បង្ហាញ​នូវ​ផល​ប៉ះពាល់​ធំធេង​ដែល​បច្ចេកវិទ្យា​ AI គ្រោង​នឹង​បង្ក​ឡើង​ចំពោះ​សេដ្ឋកិច្ច​ និង​សង្គម​៕

  • ការសាកល្បង​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី​របស់​អាម៉េរិក ​បានទទួល​ជោគ​ជ័យ

    ការសាកល្បង​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី​របស់​អាម៉េរិក ​បានទទួល​ជោគ​ជ័យ

    ផ្កាយរណប​​លើ​គន្លង​តារាវិថី​ដែល​ធ្វើការ​​សាកល្បង​លទ្ធភាព​នៃ​បច្ចេកវិទ្យា​ទាញ​យក និង​បាញ់បញ្ជូន​ថាមពល​ព្រះ​អាទិត្យ​មក​កាន់​ផែនដី​ បាន​បញ្ចប់បេសកកម្ម​មួយ​ឆ្នាំ​របស់​ខ្លួន​ប្រកប​ដោយជោគ​ជ័យ​។

    វិទ្យាស្ថាន​បច្ចេកវិទ្យា​ California (Caltech) ​ប្រកាស​កាល​ពី​ថ្ងៃទី 16 មករា​ថា ក្រុម​វិស្វករ​នៃ​គម្រោង​ Solar Space Power Demonstrator (SSPD-1) បាន​វាយ​តម្លៃ​ថា ឧបករណ៍​ទាំង​បី​ដែល​ដាក់​នៅ​លើ​ផ្កាយ​រណប​ទម្ងន់ 50 គីឡូក្រាម​ សុទ្ធ​តែ​ដំណើរ​ការ​ដោយជោគ​ជ័យ ហើយ​ជឿ​ជាក់​ថា គម្រោង​នេះ​ «នឹង​បើក​ផ្លូវ​សម្រាប់​អនាគត​របស់ថាមពល​ព្រះ​អាទិត្យ​ក្នុង​ទីអវកាស​»​ នេះ​បើ​តាម​ Popular Science។

    SSPD-1 ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​តាម​រយៈរ៉ុក្កែត Falcon 9 របស់​ SpaceX កាលពី​ដើម​ខែ​មករា 2023 បាន​ធ្វើ​ការ​ពិសោធ​ចំនួន​បី​ រួម​មាន ការ​ធ្វើ​តេស្ត​ភាព​ធន់​ និង​ប្រសិទ្ធភាព​របស់​ផ្ទាំងសូឡា​មហា​ស្ដើង​, ការធ្វើ​តេស្ត​ និង​​ជ្រើស​រើស​ប្រភេទ​ផ្ទាំង​សូឡា​ដែល​សម​ស្រប​បំផុត​សម្រាប់​អវកាស​ រួម​នឹង​ការ​ធ្វើ​តេស្ត​បាញ់​បញ្ជូន​រលក​មីក្រូវ៉េវ​ដែល​ប្រមូល​បានពី​កម្ដៅ​ព្រះ​អាទិត្យក្នុង​ទីអវកាស​ មក​កាន់​ផែនដី​៕

  • សេដ្ឋកិច្ច​ចិន​ក្នុង​ឆ្នាំ 2023 មាន​កំណើន​ជាង​ប្រាំ​ភាគ​រយ

    សេដ្ឋកិច្ច​ចិន​ក្នុង​ឆ្នាំ 2023 មាន​កំណើន​ជាង​ប្រាំ​ភាគ​រយ

    បើទោះ​ជា​ជួប​ឧបសគ្គ​ច្រើន​ ប៉ុន្តែផលិតផល​ក្នុង​ស្រុក​សរុប​របស់ប្រទេស​​ចិន​ ដែល​ជា​ខឿន​សេដ្ឋកិច្ច​ធំជាង​គេ​លំដាប់​ទីពីរ​ក្នុង​ពិភពលោក​ នៅ​តែ​មាន​កំណើន​ជាង 5% នៅ​ក្នុង​ឆ្នាំ 2023​ ស្រប​នឹង​គោល​ដៅ​ដែល​បាន​កំណត់​។

    តួលេខ​ខាងលើ​ត្រូវ​បាន​នាយកដ្ឋាន​ជាតិ​ស្ថិតិ​ចិន​ ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃទី 17 មករា​នេះ​។ គោល​ដៅកំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ 2023 ដែល​ប្រទេស​នេះ​បាន​ដាក់​ចេញ​គឺក្នុង​រង្វង់ 5%​។

    កាល​ពី​ថ្ងៃទី 16 មករា 2024 នាយករដ្ឋមន្ត្រី​ចិន លោក Li Qiang ក៏​បាន​និយាយ​ថា ​សេដ្ឋកិច្ច​ប្រទេស​ចិន​​ក្នុង​ឆ្នាំ​កន្លង​ មាន​កំណើន​ 5.2%​។ កំណើន​នេះ​ស្រប​ទៅ​នឹង​ការ​ព្យាករ​នានា​របស់​ធនាគារ​ធំៗ​​នៅ​លើ​ពិភពលោក ក្នុង​នោះ​មាន​ទាំង​ Goldman Sachs និង Morgan Stanley ផងដែរ​។

    កាល​ពី​ឆ្នាំ 2022 សេដ្ឋកិច្ច​របស់​ចិន​ មាន​កំណើន​តែ​ 3% ដោយ​សារ​តែ​គោលនយោបាយ​រឹត​បន្តឹង​ការ​គ្រប់​គ្រង​កូវីដ-19​។ ល្បឿន​នៃ​កំណើន​នេះ​មិន​សម្រេច​បាន​គោលដៅ​ 5.5% ដែល​បាន​ដាក់​ចេញ​ក្នុង​ឆ្នាំ​នោះ៕

  • ប្រទេស​មួយ​នៅ​ទ្វីប​អាម៉េរិក​ សាកល្បង​ធ្វើ​ការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍

    ប្រទេស​មួយ​នៅ​ទ្វីប​អាម៉េរិក​ សាកល្បង​ធ្វើ​ការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍

    សាធារណរដ្ឋដូមីនីក (Dominica) ​សាកល្បងធ្វើ​ការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ប៉ុន្តែ​ កម្មករ និយោជិត​នៅ​តែ​ទទួល​បាន​ប្រាក់​ខែ​ដូច​មុន​។

    រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ដូមីនីក ប្រកាស​ថា គំនិត​ផ្ដួច​ផ្ដើម​ស្ដី​ពី​ការ​ធ្វើ​ការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ​នឹង​ចាប់​ផ្ដើម​អនុវត្ត​ពី​ខែ​កុម្ភៈ 2024។ ក្នុង​នោះ បណ្ដា​ក្រុម​ហ៊ុន​អាច​ស្ម័គ្រ​ចិត្ត​សាកល្បង​ប្រើ​ប្រាស់​កាលវិភាគ​ធ្វើការ​នេះ​ក្នុង​រង្វង់​ 6 ខែ​។

    កម្មករ និយោជិត​នៅ​សាធារណរដ្ឋ​ដូមីនីក នឹង​បាន​ធ្វើ​ការ​តែ​ 36 ម៉ោង​ក្នុង​មួយ​សប្ដាហ៍ ជំនួស​ឱ្យ​ 44 ម៉ោង​ ចាប់​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍​ និង​នៅ​តែ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ដូច​ដើម​។

    «គំនិត​ផ្ដួច​ផ្ដើម​នេះ​ផ្ដល់​អាទិភាព​ដល់​មនុស្ស​ជាតិ​ កែលម្អ​សុខភាព​ និង​សុខុមាលភាព​ ព្រម​ទាំង​ជំរុញ​ផលិតភាព​ការ​ងារ​ឱ្យ​មាន​និរន្តរភាព និង​សម​ស្រប​នឹង​បរិស្ថាន​» រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​របស់​សាធារណរដ្ឋ​ដូមីនីក លោក Luis Miguel de Camps បញ្ជាក់​ដូច្នេះ​។

    សារព័ត៌មាន​នានា​បាន​ឱ្យ​ដឹង​ថា បណ្ដា​ក្រុម​ហ៊ុន​ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​សាកល្បង​ធ្វើ​ការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ រួម​មាន ក្រុម​ហ៊ុន​ទូរគមនាគមន៍ អគ្គិសនី ក្រុម​ហ៊ុន​ធានារ៉ាប់រង​ជាតិ​ផ្នែក​សុខាភិបាល និង​ក្រុម​ហ៊ុន​ទាំង​ឡាយ​ដែល​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ធុន​ធ្ងន់​។

    សាកល​វិទ្យាល័យ​មួយ​របស់​ប្រទេស​នេះ ត្រូវ​បាន​ប្រគល់​ភារកិច្ច​វាយ​តម្លៃ​លទ្ធផល​នៃ​ការ​សាកល្បង​នេះ​។ ក្នុង​នោះ ពួក​គេ​នឹង​ផ្ដោត​សំខាន់ទៅ​​លើ​ការ​តាម​ដាន​សុខភាព​ ក៏​ដូច​ជា​ទំនាក់​ទំនង​រវាង​ការ​ងារ​ និង​ជីវភាពរស់​នៅ​​របស់​កម្មករ និយោជិត៕

  • កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ជំនួយ​ឥត​សំណង​ 86 លាន​អឺរ៉ូពី​សហភាព​អឺរ៉ុប

    កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ជំនួយ​ឥត​សំណង​ 86 លាន​អឺរ៉ូពី​សហភាព​អឺរ៉ុប

    ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃទី 15 មករា 2024 បាន​ឱ្យ​ដឹង​ថា​ កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 86 លាន​អឺរ៉ូ (ជិត 94 លាន​ដុល្លារ​អាម៉េរិក) ពី​សហភាពអឺរ៉ុប (EU) ដើម្បី​អភិវឌ្ឍ​កម្មវិធី​មួយ​ចំនួន​។

    សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជំនួប​រវាង​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ​នឹង​ឯកឧត្តម ទ្រីសម៉ាន់ ពីរហ្គាវ័ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    យោង​តាម​ក្រសួង​សេដ្ឋកិច្ច​ និ​ងហិរញ្ញវត្ថុ ជំនួយ​ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ផ្ដល់​ជូន​កម្ពុជា​ តាម​រយៈ​​កម្មវិធី​ Global Gateway នេះ គឺ​សម្រាប់​កម្មវិធី​ចំនួន​បួន​ ដែល​រួម​មាន​ដូច​ខាង​ក្រោម​៖

    ទីមួយ​៖ កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព

    ទីពីរ​៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យ​​កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ

    ទីបី​៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស 2024-2027

    ទីបួន​៖ កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន។

  • យានចុះចតលើឋានព្រះចន្ទឯកជនអាម៉េរិក ធ្លាក់ត្រលប់មកកាន់ផែនដី

    យានចុះចតលើឋានព្រះចន្ទឯកជនអាម៉េរិក ធ្លាក់ត្រលប់មកកាន់ផែនដី

    យានអវកាស Peregrine ដែលលេចធ្លាយឥន្ធនៈបន្ទាប់ពីត្រូវបានបាញ់បង្ហោះកាលពីសប្ដាហ៍កន្លង កំពុងធ្លាក់ត្រលប់មកកាន់ផែនដីវិញ។ នេះបើតាមប្រកាសកាលពីថ្ងៃទី 13 មករា របស់ក្រុមហ៊ុន Astrobotic។

    Peregrine ត្រូវបានបាញ់បង្ហោះទៅកាន់ឋានព្រះចន្ទកាលពីថ្ងៃទី 08 មករា 2024 ដោយប្រើប្រាស់រ៉ុក្កែត Vulcan Centaur ប៉ុន្តែវាបានជួបបញ្ហាធំ ក្រោយពីផ្ដាច់ខ្លួនពីរ៉ុក្កែតរុញច្រាន។ បញ្ហាលេចធ្លាយឥន្ធនៈបានបញ្ចប់ឱកាស​​ចុះចតលើឋានព្រះចន្ទក្នុងខែក្រោយរបស់ Peregrine។

    «លទ្ធផលនៃការវាយតម្លៃរបស់យើងគឺថា យានអវកាសកំពុងនៅលើផ្លូវធ្លាក់ត្រលប់មកកាន់ផែនដី ហើយអាច​ឆេះ​ក្នុងបរិយាកាស» ភាគីខាងក្រុមហ៊ុន Astrobotic ឱ្យដឹងដូច្នេះ។

    Astrobotic មិនបាននិយាយដល់ពេលវេលាដែលយាន Peregrine របស់ពួកខ្លួនអាចធ្លាក់ឆ្លងកាត់បរិយាកាសផែនដីនោះទេ ប៉ុន្តែក្រុមវិស្វកររបស់ក្រុមហ៊ុននេះកំពុងបន្តកិច្ចការជួយសង្គ្រោះយាន តាមដែលអាចធ្វើទៅបាន។

    គិតត្រឹមថ្ងៃទី 14 មករា 2024 យាន Peregrine កំពុងស្ថិតនៅក្នុងចម្ងាយពីផែនដីប្រហែល 389,000 គីឡូ​ម៉ែត្រ និងស្ថិតនៅផ្នែកខាងក្រៅនៃគន្លងគោចររបស់ព្រះចន្ទ៕

  • តម្លៃថ្មី​សម្រាប់​សេវា និង​ការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

    តម្លៃថ្មី​សម្រាប់​សេវា និង​ការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

    នាថ្ងៃទី 11 មករា 2024 នេះ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី “ដំណោះស្រាយលើបញ្ហាតម្លៃសេវា ការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត”។ នេះ​បើ​តាម​ក្រសួង​ព័ត៌មាន​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​។

    សេចក្ដី​ប្រកាស​ព័ត៌មាន​ខាងលើ​ រួម​មាន៖

    ទីមួយ​៖ ក្រុមហ៊ុនបានឯកភាពមិនយកថ្លៃចំណតសម្រាប់ការចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្រោមរយៈពេល 15 នាទី សម្រាប់រថយន្តធុនតូចមិនលើស 7 កៅអី និងរយៈពេល 30 នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។

    ទីពីរ​៖ ក្រុមហ៊ុនបានយល់ព្រមបញ្ចុះតម្លៃបន្ថែមទៀត ក្នុងការប្រើប្រាស់ផ្លូវសម្រាប់គ្រប់ប្រភេទយានយន្តដែលមានព័ត៌មានលម្អិតដូចមានភ្ជាប់ក្នុងតារាងខាងក្រោម សម្រាប់រយៈពេលពីរឆ្នាំ (ឆ្នាំ 2024 និងឆ្នាំ 2025)។ ចំពោះតម្លៃថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី 15 មករា 2024៕

  • យាន​អវកាស​សង្កេត​មើល​ព្រះ​អាទិត្យ​ដំបូង​របស់​ឥណ្ឌា ហោះ​​ដល់​គោលដៅ​ដោយ​ជោគ​ជ័យ​

    យាន​អវកាស​សង្កេត​មើល​ព្រះ​អាទិត្យ​ដំបូង​របស់​ឥណ្ឌា ហោះ​​ដល់​គោលដៅ​ដោយ​ជោគ​ជ័យ​

    ស្ថានីយ​សង្កេត​ព្រះ​អាទិត្យ​ដំបូង​របស់​ប្រទេស​ឥណ្ឌា បាន​ហោះ​ដល់​គន្លងជុំវិញ​ព្រះ​អាទិត្យ​​ដូច​​បាន​គ្រោង​ទុក​។ នេះ​បើ​តាម​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) ដែល​បាន​ប្រកាស​កាល​ពី​ចុង​សប្ដាហ៍​កន្លង​។

    យាន​អវកាស Aditya-L1 បាន​ហោះ​ដល់​ចំណុច Lagrange Point L1 ជា​ទីតាំង​ក្នុង​អវកាស​ដែល​មាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 1.5 លាន​គីឡូម៉ែត្រ និង​មើល​ឃើញ​ព្រះ​អាទិត្យ​ដោយ​ពុំ​មាន​អ្វី​មក​រារាំង។ នេះ​គឺជា​ការ​​បើក​ផ្លូវ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​បង្កើន​ការ​ស្រាវ​ជ្រាវ​អំពី​ព្រះ​អាទិត្យ​-ផែនដី​ ពិសេស​គឺ​អ្វី​ៗ​ដែល​កើត​ឡើង​ដោយ​សារ​ព្រះ​អាទិត្យ​។

    Aditya-L1 ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃទី 02 កញ្ញា 2023 បន្ទាប់​ពី​ ISRO បាន​បញ្ជា​ឱ្យ​យាន​Chandrayaan-3 ចុះ​ចត​នៅ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ កាល​ពី​ជិត​ពីរ​សប្ដាហ៍​មុន​នោះ​។

    ចំណុច Lagrange Point L1 ជា​ទីតាំង​ក្នុង​អវកាស​ដែល​មាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 1.5 លាន​គីឡូម៉ែត្រ
  • ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន ដាំក្បាល​ចុះ​ជាង 20%

    ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន ដាំក្បាល​ចុះ​ជាង 20%

    ក្រោយ​ពី​មាន​ព័ត៌មាន​ស្ដីពីអនុ​ប្រធានក្រុម​ហ៊ុន​ត្រូវ​បាន​ចាប់​ខ្លួន ភាគហ៊ុន​ China Evergrande New Energy Vehicle Group ក៏​ដាំ​ក្បាល​ចុះ​នៅ​ក្នុង​ការ​ជួញ​ដូរ​នា​ថ្ងៃទី 08 មករា​នេះ​។

    បន្ទាប់​ពី​បើក​ការ​ជួញដូរ​សម្រាប់​ថ្ងៃទី 08 មករា ភាគ​ហ៊ុន China Evergrande New Energy Vehicle Group (Evergrande NEW) ដែល​ចុះ​ឈ្មោះ​នៅ​ផ្សារ​ហ៊ុន​ហុងកុង​ បាន​ធ្លាក់​ថ្លៃ​រហូរ​ដល់ 23%​។ បច្ចុប្បន្ន ភាគ​រយ​នេះ​បានកាត់​បន្ថយ​គម្លាត​​ចុះ​មក​នៅ​ 8.4%​។

    ភាគហ៊ុន​នេះ​ដាំ​ក្បាល​ចុះ​ បន្ទាប់​ពី Evergrande NEV បាន​ជូន​ដំណឹង​ទៅ​កាន់​ស្ថាប័ន​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ហុង​កុង​ថា អនុប្រធាន​ Liu Yongzhuo ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​លើ «ទង្វើ​ដែល​សង្ស័យ​ថា ជា​ការ​បំពាន​ច្បាប់​»​។

    គ្រាន់​តែ​ក្នុង​សប្ដាហ៍​​ដំបូង​របស់​ឆ្នាំ​នេះ ភាគ​ហ៊ុន Evergrande NEV បាន​ដាំក្បាល​ចុះ 18.6% ក្រោយ​ពី​បាន​ប្រកាស​​លុប​ចោល​គម្រោង​លក់​ភាគ​ហ៊ុន​ទៅ​ឱ្យ​ក្រុម​ហ៊ុន​រថយន្ត Dubai NWTN ដែល​បច្ចុប្បន្ន​បាន​ចុះ​ឈ្មោះបញ្ជី​នៅ​ផ្សារ​ហ៊ុន​អាម៉េរិក​។