Tag: ប៉ូឡូញ

  • កាមេរូន និង​ប៉ូឡូញ​អភិវឌ្ឍ​ «កាក់​ហោះ» ដូច​ UFO ដំបូង​គេ​លើ​ពិភពលោក

    កាមេរូន និង​ប៉ូឡូញ​អភិវឌ្ឍ​ «កាក់​ហោះ» ដូច​ UFO ដំបូង​គេ​លើ​ពិភពលោក

    ធនាគារ​ជាតិ​កាមេរូន និង​រោង​ចក្រ​​ស្ល​កាក់​ប្រាក់​ប៉ូឡូញ Mennica Polska ថ្មី​ៗ​នេះ​បាន​អភិវឌ្ឍ​ជោគ​ជ័យ​នូវ​កាក់​ UFO MP-1766 ដែល​ជា​ឧបករណ៍​ហោះ​ហើរ​ស្រប​ច្បាប់​ដំបូង​គេ​លើ​ពិភពលោក​។

    យោង​តាម​ទំព័រ Oddity Central (អង់គ្លេស) ឈ្មោះ​របស់​កាក់​នេះ​ត្រូវ​បាន​ដាក់​ទៅ​តាម​លំនាំ​នៃ​ថាស​ហោះ​ និង​សមត្ថភាព​វិល​យឺត​ក្នុង​អាកាស​ដូច​ទៅ​នឹង​យាន​អវកាស​របស់​មនុស្ស​ពិភព​ផ្កាយ (UFO)​។ ចំណែក​លេខ 1766 គឺជា​ថ្ងៃ​បង្កើត​នាយកដ្ឋាន​ស្លកាក់​ប្រាក់​ប៉ូឡូញ​ ក៏​ដូច​ជា​តម្លៃ​របស់​កាក់​ 1,766 ហ្វ្រង់កាមេរូន ដែល​ប្រហែល​នឹង 2.91 ដុល្លារ​អាម៉េរិក​។

    កាក់​ប្រាក់​នេះ​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ស្រប​ច្បាប់​នៅ​ប្រទេស​កាមេរូន​។ ជាង​នេះ តម្លៃ​របស់​វា​ក៏​ខ្ពស់​ជាង​បើ​ធៀប​នឹង​តម្លៃ​ផ្លូវ​ការ​របស់​វា​។ ដោយ​សារ​តែ​បរិមាណ​មាន​កំណត់ត្រឹម​តែ​ 510 កាក់ ​នៅ​ទូទាំង​សកល​លោក​ មួយ​កាក់ UFO MP-1766 មាន​តម្លៃ​ជាង 1,000 ដុល្លារ​អាម៉េរិក​ នៅ​ពេល​កក់​មុន​។

    Mennica Polska មិនទាន់​​បង្ហើប​ឱ្យ​ដឹង​ព័ត៌មាន​លម្អិត​អំពី​បច្ចេកវិទ្យា​នៅ​ពី​ក្រោយ UFO MP-1766 ប៉ុន្តែ​បើ​តាម​ព័ត៌មាន​ដែលបាន​​លេច​ធ្លាយ​ កាក់​នេះ​ត្រូវ​បាន​បំពាក់​កូន​ម៉ាស៊ីន​មួយ​គ្រឿង​នៅ​ខាង​ក្នុង និង​ត្រូវ​បញ្ឆេះ​ដោយ​កម្លាំង​ម៉ាញ៉េទិច​​ដែល​បង្កើត​ឡើង​រវាង​កាក់ និង​រចនា​សម្ព័ន្ធ​ពិសេស​ដែល​អម​ជាមួយ​។ ប្រការ​នេះ​អនុញ្ញាត​ឱ្យ​កាក់ UFO MP-1766 អាច​បណ្ដែត​ខ្លួន​ និង​វិល​ដូច​ទៅ​នឹង​ថាស​ហោះ (UFO)។

    ក្រៅ​ពី​នេះ UFO MP-1766 ក៏​ត្រូវ​បាន​បំពាក់​សមាសធាតុ​ដែល​បញ្ចេញ​ពន្លឺ​ក្នុង​ទីងងឹត​ ធ្វើ​ឱ្យ​វា​កាន់​តែ​មាន​ភាព​ទាក់​ទាញ​៕

  • ទារក​ដំបូងនៅ​វៀតណាម​ដែល​ត្រូវ​បាន​ព្យាបាល​បេះដូង​ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ បាន​ចាប់​កំណើត​ហើយ

    ទារក​ដំបូងនៅ​វៀតណាម​ដែល​ត្រូវ​បាន​ព្យាបាល​បេះដូង​ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ បាន​ចាប់​កំណើត​ហើយ

    ទារក​ម្នាក់​ដែល​ធ្លាប់ឆ្លង​កាត់​ការ​វះកាត់​ធំ​មួយ ​គ្រា​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ ព្រោះ​តែ​ជំងឺ​បេះដូង​ពី​កំណើត​ បាន​ចាប់​កំណើត​ហើយ និង​មាន​ទម្ងន់​ 2.9 គីឡូក្រាម ហើយ​ស្រែក​យំ​ដោយសំឡេង​ធំ​ទៀត​ផង​។ នេះ​គឺជា​ទារក​ដំបូង​នៅ​វៀតណាម​ដែល​ត្រូវ​បាន​ព្យាបាល​ជំងឺ​បេះដូង​ពេល​នៅក្នុង​ផ្ទៃ​ម្ដាយ​។

    ទារក​ខាង​លើ​នេះ​បាន​ចាប់​កំណើត​ដោយ​ការ​វះកាត់​នៅ​វេលា​ម៉ោង​ 9 និង 17 នាទី​ព្រឹក​ ថ្ងៃទី 30 មករា 2024​។ យោងតាម​សារព័ត៌មាន​វៀតណាម នេះ​គឺជា​ករណី​ដំបូង​គេ​នៅ​វៀតណាម និង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ទាក់​ទង​នឹង​ព្យាបាល​ជំងឺ​បេះដូង​របស់​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​។

    ក្រោយ​ពី​ការ​វះកាត់​ផ្ដល់​កំណើត មន្ត្រី​ជំនាញ​នៅមន្ទីរ​ពេទ្យ​កុមារ​ក្រុង​ហូជីមិញ (ព្រៃនគរ) និង​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ទៀត​ ឱ្យ​ដឹង​ថា SpO2 ឡើង​ដល់ 89% ដោយ​ទារក​ដក​ដង្ហើម​បាន​​តាម​ធម្មជាតិ​។ ម្ដាយ​ និង​ទាក​សុទ្ធ​តែ​មាន​សុវត្ថិភាព​។

    មុន​នោះ កាល​ពី​ថ្ងៃទី 4 មករា ក្រុម​វេជ្ជបណ្ឌិត​នៅ​ទីក្រុង​ព្រៃ​នគរ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ព្យាបាល​បេះដូង​ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ដែល​មាន​អាយុ​ 32 សប្ដាហ៍​។ អ្នក​ម្ដាយ​ដែល​ស្ថិត​ក្នុង​ករណី​ពិសេស​នេះ​ មាន​អាយុ 28 ឆ្នាំ មក​ពីខេត្ត​ដាណាំង​។ មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ព្យាបាល​ជា​ពិសេស​នេះ គឺដោយសារ​ទឹក​ចិត្ត​របស់​អ្នក​ម្ដាយ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុម​វេជ្ជបណ្ឌិត​។ 

    យោង​តាម​ក្រុម​អ្នកជំនាញ បច្ចេក​ទេស​ព្យាបាល​ជំងឺ​បេះដូង​របស់​ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ដូច​ករណី​នេះ​ គឺ​ទើបតែត្រូវ​បាន​អភិវឌ្ឍ​​ក្នុង​រង្វង់​ 5 ឆ្នាំ​មក​នេះ​តែប៉ុណ្ណោះ​។ លើ​ពិភពលោក​ មាន​តែ​ប្រទេស​តិច​តួច​ប៉ុណ្ណោះ​ដែល​ធ្វើ​បាន​ជោគ​ជ័យ ក្នុង​នោះ​មាន​ប្រេស៊ីល និង​ប៉ូឡូញ​ជា​ដើម​៕

  • ភ្នំភ្លើង​ធំជាងគេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ធ្លាប់ជា​កោះ​នៅ​កណ្ដាល​សមុទ្រ

    ភ្នំភ្លើង​ធំជាងគេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ធ្លាប់ជា​កោះ​នៅ​កណ្ដាល​សមុទ្រ

    ភ្នំភ្លើង Olympus Mons ដែលមាន​កម្ពស់ 25 គីឡូម៉ែត្រ នៅលើ​ផ្ទៃ​ភព​អង្គារ ទំនងជា​ធ្លាប់​ស្ថិតនៅ​កណ្ដាល​មហាសាគរ។

    ពេល​ភព​អង្គារ​នៅ​ក្មេង និង​ពេញ​ដោយ​ទឹក​កាលពី​រាប់ពាន់​លាន​ឆ្នាំមុន ភ្នំភ្លើង​ខ្នាត​ធំ Olympus Mons ទំនង​ជាមាន​រូបរាង​ដូច​ទៅនឹង​ភ្នំភ្លើង Stromboli ឬ Savai’l នៅលើ​ផែនដី ប៉ុន្តែ​ធំ​ជាង​ឆ្ងាយ។ ការវិភាគ​ថ្មី​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី Earth and Planetary Science Letters ដែល​បង្ហាញ​អំពី​ចំណុច​ប្រហាក់ប្រហែលគ្នា​រវាង​ភ្នំភ្លើង Olympus Mons និង​បណ្ដា​កោះ​ភ្នំភ្លើង​សកម្ម​នៅលើ​ផែនដី ផ្ដល់​អំណះអំណាង​ថ្មី​ស្ដីពី​អតីតកាល​ដែល​ពេញ​ដោយ​ទឹក​រាវ​របស់​ភព​អង្គារ។ នេះ​បើតាម Science Alert ចុះផ្សាយ​កាលពី​ថ្ងៃទី 27 កក្កដា 2023។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Paris-Saclay នៅ​ប្រទេស​បារាំង បានឱ្យដឹងថា ផ្នែក​ខាងលើ​នៃ​ចង្កេះភ្នំ​ដែលមាន​កម្ពស់ 6 គីឡូម៉ែត្រ ព័ទ្ធជុំវិញ​ភ្នំភ្លើង Olympus Mons ទំនងជា​បានកើត​ឡើង​ដោយសារ​កំ​អែ​ភ្នំភ្លើង​ហូរ​ចូលទៅក្នុង​ទឹក​រាវ នៅពេល​រចនាសម្ព័ន្ធ​នេះ​គឺជា​កោះ​ភ្នំភ្លើង​ដែល​ធ្វើ​សកម្មភាព​អំឡុងពេល​ប្រហែល​នៅ​ចុង​យុគសម័យ Noachian និង​ដើម​យុគសម័យ Hesperian។

    Olympus Mons គឺជា​ភ្នំភ្លើង​ដែលមាន​រូបរាង​ដូច​ខែល​បុរាណ កម្ពស់ 25 គីឡូម៉ែត្រ និង​លាតសន្ធឹង​លើ​ផ្ទៃដី​ដែល​ធំ​ប៉ុន​ប្រទេស​ប៉ូឡូញ។ នេះ​មិន​ត្រឹមតែ​ជា​ភ្នំភ្លើង​ធំ​បំផុត ប៉ុន្តែ​ក៏​ជា​ភ្នំភ្លើង​ខ្ពស់បំផុត​ផងដែរ នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ ជើងភ្នំ​ភ្លើង​នេះ​មិន​ដូច​ទៅនឹង​ជើងភ្នំ​ធម្មតា​នៅលើ​ដីគោក ព្រោះថា នៅក្នុង​រយៈកម្ពស់​ប្រហែល 6 គីឡូម៉ែត្រ មាន​ជញ្ជាំង​ថ្ម​ឈរ​ត្រង់ ព័ទ្ធ​ស្ទើរតែ​ជុំ​ភ្នំ និង​ចាក់​ចុះ​ត្រង់​ទៅ​ក្រោម។ ប្រភព​នៃ​ជញ្ជាំង​ថ្មភ្នំ​ចាក់​ចុះ​ត្រង់នេះ នៅតែ​ជា​រឿង​អាថ៌កំបាំង​នៅឡើយ។

    បច្ចុប្បន្ន ភព​អង្គារ​គឺជា​ទីឋាន​ដ៏​សែន​សោះកក្រោះ គ្មាន​ទឹក និង​ពេញ​ដោយ​ខ្សាច់ ធូលី។ ទឹក​នៅលើ​ផ្ទៃ​របស់​ភព​នេះ នៅមាន​ខ្លះ​ដែរ តែ​នៅក្នុង​ទម្រង់​ទឹកកក។ ក៏ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​ភ័ស្ដុតាង​ជា​បន្តបន្ទាប់​ដែល​បង្ហាញថា ទឹក​រាវ​ធ្លាប់​គ្របដណ្ដប់​ពាសពេញ​ផ្ទៃ​ភព​អង្គារ៕

     

  • យន្តហោះ​មួយ​គ្រឿង​ ​ជ្រុល​ទៅបុក​ឃ្លាំង បណ្ដាលឱ្យ​មនុស្ស​​ជាង​ដប់​នាក់​​ស្លាប់ និង​រង​របួស​

    យន្តហោះ​មួយ​គ្រឿង​ ​ជ្រុល​ទៅបុក​ឃ្លាំង បណ្ដាលឱ្យ​មនុស្ស​​ជាង​ដប់​នាក់​​ស្លាប់ និង​រង​របួស​

    (ប៉ូឡូញ) – យន្តហោះ Cessna 208 មួយ​គ្រឿង​ បាន​ជ្រុល​ចង្កូត​ទៅបុក​នឹង​រោង​ដាក់​យន្តហោះ​នៅក្បែរ​រដ្ឋធានី​វ៉ា​សូវី បណ្ដាលឱ្យ​មនុស្ស​ចំនួន 5 នាក់​បាត់​បង់ជីវិត និង 8 នាក់​ផ្សេងទៀត​រងរបួស។

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​ថ្ងៃទី 17 កក្កដា នៅឯ​ព្រលានយន្តហោះ​ក្បែរ​ភូមិ Chrcynno ដែល​មាន​ចម្ងាយ​ពី​រដ្ឋធានី​វ៉ា​សូវី​ប្រហែល 45 គីឡូម៉ែត្រ​ទៅ​ទិស​ពាយព្យ នៅពេល​យន្តហោះ Cessna 208 ជ្រុល​ទៅបុក​ឃ្លាំង​ដាក់​យន្តហោះ ជាទី​ដែលមាន​មនុស្ស​ចំនួន 13 នាក់​កំពុង​ជ្រក​ព្យុះភ្លៀង។

    យោងតាម​ក្រុមមន្ត្រី​ប៉ូឡូញ ជនរងគ្រោះ 5 នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ខាងលើ រួមមាន អ្នកបើកបរ​យន្តហោះ Cessna 208 ម្នាក់ និង 4 នាក់​ទៀត​ដែល​កំពុង​ជ្រក​ភ្លៀង។ ក្នុងចំណោម​មនុស្ស 8 នាក់​រងរបួស ក៏មាន​ក្មេង​ម្នាក់​ផងដែរ។

    សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​គ្រោះថ្នាក់ ខណៈ​ក្រុម​ពន្លត់​អគ្គិភ័យ និង​ក្រុម​ជំនួយ​កំពុង​បន្ត​ស្វែងរក​ជនរងគ្រោះ។

    Cessna 208 Caravan គឺជា​ស៊េរី​យន្តហោះ​ពហុមុខ​ងារ ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន Cessna របស់​សហរដ្ឋ​អាម៉េរិក។ Cessna 208 Caravan ចំនួន​ប្រហែល 3,000 គ្រឿង​ត្រូវបាន​ផលិត និង​តែងតែ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការហ្វឹកហាត់ ការ​ដឹក​អ្នកដំណើរ និង​ចូលរួម​ធ្វើ​សកម្មភាព​មនុស្ស​ធ៌។ យន្តហោះ​នេះ​អាចមាន​ពី​ឡុ​តម្នាក់ ឬ​ពីរ​នាក់ និង​អាច​ដឹក​មនុស្ស​បាន​ពី 9 ទៅ 13 នាក់។ Cessna 208 Caravan អាច​​ហោះ​ហើរ​​​ក្នុង​ល្បឿន​អតិបរមា 344 គីឡូម៉ែត្រ/ម៉ោង ហើយ​អាច​ហោះ​បាន​ចម្ងាយ 1,980 គីឡូម៉ែត្រ៕

  • សហរដ្ឋ​អាម៉េរិក​អនុម័ត​លក់ប្រព័ន្ធ​មីស៊ីល Patriot តម្លៃ 15 ពាន់​លាន​ដុល្លារ​​ឱ្យ​​ប៉ូឡូញ

    សហរដ្ឋ​អាម៉េរិក​អនុម័ត​លក់ប្រព័ន្ធ​មីស៊ីល Patriot តម្លៃ 15 ពាន់​លាន​ដុល្លារ​​ឱ្យ​​ប៉ូឡូញ

    សហរដ្ឋ​អាម៉េរិក បានប្រកាសថា ប្រទេស​ប៉ូឡូញ​នឹង​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល Patriot រួម​នឹង​ឧបករណ៍​ដែល​ទាក់ទង ទៅតាម​កិច្ចសន្យា​មួយ​ដែលមាន​តម្លៃ​ប្រហែល 15 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ការ​ទិញដូរ​អាវុធ​នេះ​នឹង​ជួយ​ឱ្យ​ប៉ូឡូញ​បង្កើន​សមត្ថភាព​ការពារ​មី​ស៊ី​ល រួមចំណែក​ជំរុញ​ឱ្យ​ប្រទេស​នេះ​សម្រេចបាន​គោលដៅ​លើកកម្ពស់​សមត្ថភាព​ក​ង​ទ័ព។ នេះ​បើតាម​ស្ថាប័ន​សហប្រតិបត្តិការ​ណ៍ស​ន្តិ​សុខ​ជាតិ (DSCA) នៃ​ក្រសួងការពារជាតិ​អាម៉េរិក ដែល​បានឱ្យដឹង​កាលពី​ថ្ងៃទី 28 មិថុនា 2023។

    ការលក់​អាវុធ​តម្លៃ 15 ពាន់​លាន​ដុល្លារ​ដែល​ត្រូវបាន​ក្រសួងការបរទេស​អាម៉េរិក​យល់ព្រម​រួចហើយ​នេះ ​នឹង​រួមមាន ប្រព័ន្ធ​មី​ស៊ី​ល Patriot PAC-3 ចំនួន 48 គ្រឿង, មី​ស៊ី​ល​វាយ​ស្កាត់ Patriot PAC-3 MSE ចំនួន 644 គ្រឿង អម​នឹង​រ៉ា​ដា និង​ឧបករណ៍​គ្រប់គ្រង​ក្នុង​ប្រព័ន្ធ។ ក្រុមហ៊ុន​ដែល​ទទួលខុសត្រូវ​ក្នុង​ការលក់​អាវុធ​នេះ​គឺ Raytheon និង Lockheed Martin។

    ប្រកាស​ខាងលើ​របស់​ក្រុមមន្ត្រី​អាម៉េរិក មិនបាន​លើកឡើងថា ពួកគេ​បាន​ចុះ​កិច្ចព្រមព្រៀង​រួចហើយ ឬ​ការចរចា​បានបញ្ចប់​ហើយ ឬ​នៅ។

    ក្រុម​ប្រទេស​ជា​សមាជិក​ណា​តូ នៅ​អឺរ៉ុប​ខាងកើត កំពុងតែ​ប្រញាប់​បង្កើន​សមត្ថភាព​ការពារជាតិ បន្ទាប់ពី​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​តាំងពី​ខែកុម្ភៈ 2022។

    កាលពី​ខែមករា ឆ្នាំ 2023 ប៉ូឡូញ​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​រថក្រោះ M1A1 Abrams ចំនួន​ជាង 110 គ្រឿង​ពី​សហរដ្ឋ​អាម៉េរិក រួម​នឹង​ឧបករណ៍​យោធា​ជាច្រើន​ទៀត​ដែលមាន​តម្លៃ​សរុប 1.4 ពាន់​លាន​ដុល្លារ។ កាលពី​ឆ្នាំ 2022 ទីក្រុង​វ៉ា​សូវី​បាន​បញ្ជា​ទិញ​រថក្រោះ M1A2 Abrams ចំនួន 250 គ្រឿង ដែល​គ្រោង​នឹង​ទទួលបាន​ចាប់ពី​ឆ្នាំ 2025 ដល់ 2026៕

  • ប្រធានាធិបតី​​អ៊ុយ​ក្រែ​ន ​អំពាវ​នាវ​​រក​​ជំនួយ​​ពី​​អង្គ​ការ​ ណា​តូ​ (NATO)

    ប្រធានាធិបតី​​អ៊ុយ​ក្រែ​ន ​អំពាវ​នាវ​​រក​​ជំនួយ​​ពី​​អង្គ​ការ​ ណា​តូ​ (NATO)

    ប្រធានាធិបតី Zelensky របស់ ប្រទេស​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា លោក​បាន​ទូរស័ព្ទ​ពិភាក្សា​ជាមួយ​សមស​ភាគី ប៉ូឡូញ Andrzej Duda នា​ថ្ងៃនេះ ដើម្បី​ស្វែងរក​ជំនួយ​ផ្នែក​ការពារជាតិ​ពី​បណ្ដា​សមាជិក​នានា​របស់ ណា​តូ និង​បង្ខំ​ឱ្យ រុស្ស៊ី ចូល​តុ​ចរចា។

    «យើង​ត្រូវការ​សម្ព័ន្ធមិត្ត​មួយ​ដើម្បី​ប្រឆាំងនឹង​សង្គ្រាម» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Zelensky បាន​សរសេរ​នៅលើ Twitter ដូច្នេះ។

    មេដឹកនាំ​របស់ អ៊ុយ​ក្រែ​ន យល់ថា «យូរ ឬ​ឆាប់ រុស្ស៊ី ក៏​នឹងត្រូវ​ចរចា​ជាមួយ​យើងខ្ញុំ។ និយាយ​អំពី​របៀប​នៃ​ការបញ្ចប់​សង្គ្រាម និង​ទប់ស្កាត់​ការឈ្លានពាន​នេះ។ ការចរចា​ចាប់ផ្ដើម​កាន់តែ​ឆាប់ រុស្ស៊ី ក៏​នឹងរង​ការខូចខាត​កាន់តែ​តិច»។