Tag: បញ្ចប់

  • ការសាកល្បង​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី​របស់​អាម៉េរិក ​បានទទួល​ជោគ​ជ័យ

    ការសាកល្បង​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី​របស់​អាម៉េរិក ​បានទទួល​ជោគ​ជ័យ

    ផ្កាយរណប​​លើ​គន្លង​តារាវិថី​ដែល​ធ្វើការ​​សាកល្បង​លទ្ធភាព​នៃ​បច្ចេកវិទ្យា​ទាញ​យក និង​បាញ់បញ្ជូន​ថាមពល​ព្រះ​អាទិត្យ​មក​កាន់​ផែនដី​ បាន​បញ្ចប់បេសកកម្ម​មួយ​ឆ្នាំ​របស់​ខ្លួន​ប្រកប​ដោយជោគ​ជ័យ​។

    វិទ្យាស្ថាន​បច្ចេកវិទ្យា​ California (Caltech) ​ប្រកាស​កាល​ពី​ថ្ងៃទី 16 មករា​ថា ក្រុម​វិស្វករ​នៃ​គម្រោង​ Solar Space Power Demonstrator (SSPD-1) បាន​វាយ​តម្លៃ​ថា ឧបករណ៍​ទាំង​បី​ដែល​ដាក់​នៅ​លើ​ផ្កាយ​រណប​ទម្ងន់ 50 គីឡូក្រាម​ សុទ្ធ​តែ​ដំណើរ​ការ​ដោយជោគ​ជ័យ ហើយ​ជឿ​ជាក់​ថា គម្រោង​នេះ​ «នឹង​បើក​ផ្លូវ​សម្រាប់​អនាគត​របស់ថាមពល​ព្រះ​អាទិត្យ​ក្នុង​ទីអវកាស​»​ នេះ​បើ​តាម​ Popular Science។

    SSPD-1 ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​តាម​រយៈរ៉ុក្កែត Falcon 9 របស់​ SpaceX កាលពី​ដើម​ខែ​មករា 2023 បាន​ធ្វើ​ការ​ពិសោធ​ចំនួន​បី​ រួម​មាន ការ​ធ្វើ​តេស្ត​ភាព​ធន់​ និង​ប្រសិទ្ធភាព​របស់​ផ្ទាំងសូឡា​មហា​ស្ដើង​, ការធ្វើ​តេស្ត​ និង​​ជ្រើស​រើស​ប្រភេទ​ផ្ទាំង​សូឡា​ដែល​សម​ស្រប​បំផុត​សម្រាប់​អវកាស​ រួម​នឹង​ការ​ធ្វើ​តេស្ត​បាញ់​បញ្ជូន​រលក​មីក្រូវ៉េវ​ដែល​ប្រមូល​បានពី​កម្ដៅ​ព្រះ​អាទិត្យក្នុង​ទីអវកាស​ មក​កាន់​ផែនដី​៕

  • គម្រោង​ព្រែក​ជីក​តម្លៃ 1.7 ពាន់​លាន​ដុល្លាររបស់​កម្ពុជា នឹង​បើកការដ្ឋាន​នៅ​ត្រីមាស​ចុង​ក្រោយក្នុង​ឆ្នាំ​នេះ

    គម្រោង​ព្រែក​ជីក​តម្លៃ 1.7 ពាន់​លាន​ដុល្លាររបស់​កម្ពុជា នឹង​បើកការដ្ឋាន​នៅ​ត្រីមាស​ចុង​ក្រោយក្នុង​ឆ្នាំ​នេះ

    (ភ្នំពេញ) ៖ «យើងនឹងមាន គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ដែលគ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងអំឡុងត្រីមាសទី 4 ឆ្នាំ 2024 ខាងមុខនេះ» ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យ​ដឹង​ដូច្នេះ​។

    ប្រសាសន៍​​ស្ដី​ពី​​ព្រែក​ជីក​ជា​ប្រវត្តិសាស្ត្រ​ដែលជា​គម្រោង​​ធ្លាប់ត្រូវ​បាន​វៀតណាម​សម្ដែង​ការ​ព្រួយ​បារម្ភ​នា​ពេល​កន្លង ត្រូវ​បាន​លើក​ឡើង​នាព្រឹក​​ថ្ងៃទី 17 មករា​ 2024 នេះ​ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​។

    យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក ព្រែក​ជីក​ហ្វូណន​តេជោ ដែល​នឹង​លាត​សន្ធឹង​លើ​ខេត្ត​ចំនួន​ 4 គឺ ខេត្ត​កណ្ដាល តាកែវ កំពត និង​ខេត្ត​កែប​ នេះ​ ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធលទ្ធផលរួចរាល់ និង​គ្រោងចំណាយទុនវិនិយោគ 1.7 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ព្រែក​ជីក​នេះ​ នឹង​​មានប្រវែង 180 គីឡូម៉ែត្រ លាត​សន្ធឹង​​ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ក្នុង​ស្រុកកោះធំ ហើយបញ្ចប់​នៅ​ត្រង់​ដៃសមុទ្រខេត្តកែប៕

  • យានចុះចតលើឋានព្រះចន្ទឯកជនអាម៉េរិក ធ្លាក់ត្រលប់មកកាន់ផែនដី

    យានចុះចតលើឋានព្រះចន្ទឯកជនអាម៉េរិក ធ្លាក់ត្រលប់មកកាន់ផែនដី

    យានអវកាស Peregrine ដែលលេចធ្លាយឥន្ធនៈបន្ទាប់ពីត្រូវបានបាញ់បង្ហោះកាលពីសប្ដាហ៍កន្លង កំពុងធ្លាក់ត្រលប់មកកាន់ផែនដីវិញ។ នេះបើតាមប្រកាសកាលពីថ្ងៃទី 13 មករា របស់ក្រុមហ៊ុន Astrobotic។

    Peregrine ត្រូវបានបាញ់បង្ហោះទៅកាន់ឋានព្រះចន្ទកាលពីថ្ងៃទី 08 មករា 2024 ដោយប្រើប្រាស់រ៉ុក្កែត Vulcan Centaur ប៉ុន្តែវាបានជួបបញ្ហាធំ ក្រោយពីផ្ដាច់ខ្លួនពីរ៉ុក្កែតរុញច្រាន។ បញ្ហាលេចធ្លាយឥន្ធនៈបានបញ្ចប់ឱកាស​​ចុះចតលើឋានព្រះចន្ទក្នុងខែក្រោយរបស់ Peregrine។

    «លទ្ធផលនៃការវាយតម្លៃរបស់យើងគឺថា យានអវកាសកំពុងនៅលើផ្លូវធ្លាក់ត្រលប់មកកាន់ផែនដី ហើយអាច​ឆេះ​ក្នុងបរិយាកាស» ភាគីខាងក្រុមហ៊ុន Astrobotic ឱ្យដឹងដូច្នេះ។

    Astrobotic មិនបាននិយាយដល់ពេលវេលាដែលយាន Peregrine របស់ពួកខ្លួនអាចធ្លាក់ឆ្លងកាត់បរិយាកាសផែនដីនោះទេ ប៉ុន្តែក្រុមវិស្វកររបស់ក្រុមហ៊ុននេះកំពុងបន្តកិច្ចការជួយសង្គ្រោះយាន តាមដែលអាចធ្វើទៅបាន។

    គិតត្រឹមថ្ងៃទី 14 មករា 2024 យាន Peregrine កំពុងស្ថិតនៅក្នុងចម្ងាយពីផែនដីប្រហែល 389,000 គីឡូ​ម៉ែត្រ និងស្ថិតនៅផ្នែកខាងក្រៅនៃគន្លងគោចររបស់ព្រះចន្ទ៕

  • Microsoft ផ្ដួល​ Apple និង​ក្លាយ​ជា​ក្រុម​ហ៊ុន​ធំ​បំផុត​លើ​ពិភពលោក​

    Microsoft ផ្ដួល​ Apple និង​ក្លាយ​ជា​ក្រុម​ហ៊ុន​ធំ​បំផុត​លើ​ពិភពលោក​

    ជា​លើក​ដំបូង​រាប់​ពី​ឆ្នាំ 2021 តម្លៃ​មូលធន​ទីផ្សារ​របស់​ Microsoft បាន​លោត​ឡើង​ខ្ពស់​ជាង​ Apple ហើយ​ក៏​ក្លាយ​ជា​ក្រុម​ហ៊ុន​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​លើ​ពិភពលោក​។

    បញ្ចប់​ការ​ជួញដូរ​កាល​ពី​​ថ្ងៃទី 12 មករា ភាគហ៊ុន​ Apple បាន​កើន​ 0.2% ខណៈ​ដែល Microsoft កើន​ 1%​។ ដូច្នេះ តម្លៃ​មូលធន​ទីផ្សារ​របស់ Microsoft ក៏​ឡើង​ដល់ 2,887 ពាន់​លាន​ដុល្លារ​អាម៉េរិក ដែលជា​តួលេខ​ខ្ពស់​ជាង​គេ​បង្អស់​នា​បច្ចុប្បន្ន​។ តម្លៃ​មូលធន​ទីផ្សារ​របស់ Apple បច្ចុប្បន្ន​គឺ 2,875 ពាន់​លាន​ដុល្លារ​។

    ​ការ​បារម្ភ​អំពី​តម្រូវ​ការ​ទូរស័ព្ទ​ឆ្លាត​វៃ បាន​អូស​ភាគ​ហ៊ុន​ Apple ឱ្យ​ធ្លាក់​ចុះ​ 0.6% នៅ​ក្នុង​ឆ្នាំនេះ​ បន្ទាប់​ពី​បាន​កើន​ដល់ 48% កាល​ពី​ឆ្នាំ​កន្លង​។ ចំណែក​ភាគ​ហ៊ុន​ Microsoft វិញ បាន​កើន 4% ក្រោយ​ពី​កើន 57% កាល​ពី​ឆ្នាំ​មុន​។ យោង​តាម​ Reuters អ្នក​វិនិយោគ​មាន​ការ​សប្បាយចិត្ត​ខ្លាំង​នៅ​ពេល​ Microsoft វិនិយោគ​ទៅ​លើ OpenAI ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ Chat GPT​។

  • នៅ​សល់​ 92 ថ្ងៃ​ទៀត ស្ពាន​អាកាស​ព្រះ​មុនីវង្ស​ ​នឹង​បញ្ចប់​ការ​សាងសង់​ដំណាក់​កាល​ទី​មួយ

    នៅ​សល់​ 92 ថ្ងៃ​ទៀត ស្ពាន​អាកាស​ព្រះ​មុនីវង្ស​ ​នឹង​បញ្ចប់​ការ​សាងសង់​ដំណាក់​កាល​ទី​មួយ

    (ភ្នំពេញ) ៖ ស្ពានអាកាសព្រះមុនីវង្ស ដែល​ស្ថិត​នៅទីតាំង​​ប្រសព្វគ្នា​រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ​ 60 ម៉ែត្រ) និងមហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ 271) ​គ្រោង​នឹង​បញ្ចប់​ដំណាក់​កាលទីមួយ​មុនកាលកំណត់រយៈពេល 4 ខែ ពោល​គឺ​នៅ​សល់​ 92 ថ្ងៃ​ទៀត​​ បើ​រាប់ចាប់ពីថ្ងៃទី 11 ខែមករា 2024​។

    ស្ពានអាកាសព្រះមុនីវង្សដែល​មានកម្ពស់ 2 ជាន់​នេះ​ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី 31 សីហា 2022។ តាមផែនការ ​ជំហានទីមួយ​នៃ​គម្រោង​នេះ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ​ក្នុង​ឆ្នាំ​ 2024 ខណៈ​ដែល​ជំហានទីពីរ​នឹងបញ្ចប់មុនបុណ្យ​ចូលឆ្នាំខ្មែរ​ ក្នុង​ឆ្នាំ 2025​។

    ស្ពាន​អាកាស​ព្រះ​មុនីវង្ស​ ​សាងសង់​ដោយក្រុម​ហ៊ុ​ន​វិ​​និយោ​គ​ទុន​អា​ណិ​ក​ជ​​ន​កម្ពុ​ជា​ (O​C​​IC) គ្រោងចំណាយថវិកា 36,775,000 ដុល្លារ​អាម៉េរិក និង​​ចំណាយពេលសាងសង់ជាង 30 ខែ គ្រោង​នឹង​បញ្ចប់ដំណាក់​កាលទីមួយ​មុនកាលកំណត់រយៈពេល 4 ខែ ពោល​គឺ​នៅ​សល់​ 92 ថ្ងៃ​ទៀត​​ បើ​រាប់ចាប់ពីថ្ងៃទី 11 ខែមករា 2024​។

    គម្រោង​ស្ពាន​អាកាស​ព្រះមុនីវង្ស​ក្បាល​ថ្នល់

    បន្ទាប់​ពី​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ស្ពានអាកាស​ស្ថិតក្នុងទឹកដីខណ្ឌចំការមន និង​ខណ្ឌមានជ័យនេះ​ នឹង​រួម​ចំណែក​យ៉ាង​ធំ​​ក្នុង​ការ​​កាត់បន្ថយ​ស្ថាន​ភាព​កក​ស្ទះ​ចរាចរណ៍នៅ​រាជធានីភ្នំពេញ៕

  • ថៃ និង​ចិន លើក​លែង​ទិដ្ឋាការ​ជា​រៀង​រហូត​ដល់​ពលរដ្ឋរបស់​គ្នា

    ថៃ និង​ចិន លើក​លែង​ទិដ្ឋាការ​ជា​រៀង​រហូត​ដល់​ពលរដ្ឋរបស់​គ្នា

    នាយករដ្ឋមន្ត្រី​ថៃ Srettha Thavisin នា​ថ្ងៃទី 02 មករា 2024 នេះ បាន​ឱ្យ​ដឹង​ថា ប្រទស​ថៃ និង​ប្រទេស​ចិន​ នឹង​អនុវត្តគោលនយោបាយ​លើកលែង​ទិដ្ឋាការ​ជា​រៀង​រហូត​ដល់​ពលរដ្ឋ​របស់​គ្នា​ ចាប់​ពី​ថ្ងៃទី 01 មីនា 2024​។

    នេះ​គឺជា​ជំហាន​ថ្មី​មួយ បន្ទាប់​ពី​​រាជ​រដ្ឋាភិបាល​ថៃ បាន​ចាប់​ផ្ដើម​​អនុវត្ត​គោលនយោបាយ​លើក​លែង​ទិដ្ឋាការ​ជា​ឯកតោ​ភាគី​ ដល់​ពលរដ្ឋ​ចិន​ ចាប់​ពី​ថ្ងៃទី 25 កញ្ញា 2023​ និង​បញ្ចប់​ត្រឹម​​ថ្ងៃទី 29 កុម្ភៈ 2024​។

    លទ្ធផល​ខាង​លើ​ស្ថិត​ក្នុង​គោលនយោបាយរបស់​ថៃ​ ក្នុង​បំណង​ពង្រឹង​ «អំណាច» របស់​លិខិត​ឆ្លង​ដែន​ថៃនៅ​លើឆាក​អន្តរជាតិ​។

    ក្រសួង​ទេសចរណ៍និង​កីឡា​ថៃ កាល​ពី​ម្សិលមិញបាន​ប្រកាស​ថា ប្រទេស​នេះ​បាន​ទទួល​ភ្ញៀវ​អន្តរជាតិ​ចំនួន 28.04 លាន​នាក់​ នៅ​ក្នុង​ឆ្នាំ 2023​។ ក្នុង​នោះ ប្រទេស​ចិន​ឈរ​លំដាប់​​ទីពីរ​ (3.52 លាន​នាក់) ក្នុង​ចំណោម​ប្រទេស​ និង​ដែន​ដី​ដែល​មាន​ពលរដ្ឋ​មក​លេង​ប្រទេស​នេះ​​ច្រើន​ជាង​គេ​នៅ​ក្នុង​ឆ្នាំ 2023​។

    ប្រទេស​ថៃ​ដាក់គោលដៅ​ទទួល​ភ្ញៀវ​អន្តរជាតិឱ្យ​បាន​យ៉ាង​តិច 35 លាន​នាក់​នៅ​ក្នុង​ឆ្នាំ​ 2024 ក្នុងនោះ​ ពលរដ្ឋ​ចិន​ត្រូវ​បាន​រំពឹង​ថា នឹង​រួម​ចំណែក​​ប្រហែល 8 លាននាក់​៕

  • តាក់ស៊ីហោះ​ស្វ័យ​ប្រវត្ត​របស់​ចិន ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម

    តាក់ស៊ីហោះ​ស្វ័យ​ប្រវត្ត​របស់​ចិន ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម

    (ប្រទេស​ចិន​) – EH216-S ដែល​ជា​តាក់​ស៊ី​ហោះ​អគ្គិសនី​ពីរ​កៅអី ដែល​ទទួល​បាន​វិញ្ញាបនបត្រ​សុវត្ថិភាព​ ទើប​តែ​​​​សម្រេច​បាន​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម​ដំបូង​នៅ​ក្នុង​ខេត្ត Anhui កាល​ពី​ថ្ងៃទី 28 ធ្នូ 2023​។

    យន្តហោះ​ដ្រូន​ដំបូងគេ​លើ​ពិភពលោក​​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ស្ដីពី​យាន​ជំនិះ​អគ្គិសនី​គ្មាន​មនុស្ស​បើក​បរ​ ដែល​ហោះ​ឡើង​-ចុះ​ចត​ត្រង់ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម​ដំបូង​នៅ​ក្នុង​ខេត្ត​ Anhui ភាគ​ខាង​កើត​​ប្រទេស​ចិន​ កាល​ពី​ថ្ងៃទី 28 ធ្នូ 2023​។

    ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ EHang Holdings ដែល​ជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​អាកាសចរណ៍​ទីក្រុង​របស់ចិន យន្តហោះ​​គ្មាន​មនុស្ស​បើកបរ (UAV) សម្រាប់​ដឹក​អ្នក​ដំណើរ EH216-S ត្រូវ​បាន​​នាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ចិន (CAAC) ទទួល​ស្គាល់​ថា​មាន​សុវត្ថិភាព​ក្នុង​ការ​ហោះ​ហើរ កាល​ពី​ខែ​តុលា 2023​។

    តាក់ស៊ី​ហោះ​ដែល​មាន​កៅអីចំនួន​ពីរ​ មាន​ស្លាប​កង្ហារ​ចំនួន 16 ​បញ្ចប់​ការ​​ហោះ​ហើរ​បែប​ពាណិជ្ជកម្ម​មួយ​ជើង​ៗ​ចំណាយ​​ពេល​ពី 3 ទៅ 5 នាទី​ និង​ហោះលើ​កម្ពស់​ប្រហែល 50 ម៉ែត្រ ក្នុង​ល្បឿន​ 36 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

    EH216-S ដំណើរ​ការ​ទាំង​ស្រុង​ដោយ​អគ្គិសនី​ និង​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹងស្ថានីយ​គ្រប់គ្រង​នៅលើដី ក៏​ដូច​ជា​ដំណើរ​ការ​ប្រព័ន្ធ​តាម​រយៈ​បណ្ដាញ​អ៊ីនធើណិត​ល្បឿន​លឿន​ ដូច្នេះ​អាច​ដោះ​ស្រាយ​បញ្ហា​អាក្រក់​បាន​ទាន់​ពេល​។

    តាក់ស៊ីហោះ EH216-S របស់​ក្រុម​ហ៊ុនចិន EHang Holdings មាន​តម្លៃ​ប្រហែល​ 283,500 ដុល្លារ​អាម៉េរិក​ក្នុង​មួយ​គ្រឿង​។

  • កត្តា​ជា​ច្រើន​ដែល​នាំ​ឱ្យ​គេ​សង្ឃឹម​ថា សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ 2024 នឹង​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន

    កត្តា​ជា​ច្រើន​ដែល​នាំ​ឱ្យ​គេ​សង្ឃឹម​ថា សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ 2024 នឹង​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន

    សន្ទស្សន៍​ភ្ញាក់ផ្អើលសេដ្ឋកិច្ចសកលរបស់ Citigroup បង្ហាញ​ថា ទិន្នន័យ​ជាក់​ស្ដែង​នានា​ក្នុង​ឆ្នាំ 2023 សុទ្ធ​តែ​ខ្ពស់ជាង​ការ​ព្យាករ ហើយ​នេះ​គឺជា​មូលហេតុ​ដែល​គ្រប់​គ្នាមាន​សុទិដ្ឋិនិយម​ចំពោះ​សេដ្ឋកិច្ច​របស់​ឆ្នាំ 2024​។

    ​ទំព័រ Financial Times ថ្មី​ៗ​នេះ​បាន​ចេញ​ផ្សាយ​ថា 2023 គឺជា​ឆ្នាំ​ដ៏​ប្រសើរ​មួយ​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក នៅ​ពេល​សន្ទស្សន៍​ភ្ញាក់ផ្អើលសេដ្ឋកិច្ចសកលរបស់ Citigroup (Global’s Global Citigroup Economic Surprise Index) បង្ហាញ​ថា ទិន្នន័យ​ជាក់​ស្ដែង​នានា​ក្នុង​ឆ្នាំ 2023 សុទ្ធ​តែ​ខ្ពស់ជាង​ការ​ព្យាករ។

    និន្នាការ​សេដ្ឋកិច្ច​ខាងលើ​នេះ​ក៏​ស្ដែង​ឱ្យ​ឃើញ​នូវ​មូលហេតុ​ជា​ច្រើន​ដែល​គ្រប់​គ្នា​អាច​ជឿ​ជាក់​បាន​ចំពោះ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ 2024​។ ខាង​ក្រោម​នេះ​គឺជា​កត្តា​មួយ​ចំនួន​ដែល​អាច​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ 2024 ល្អ​ប្រសើរ​ជាង​ឆ្នាំ 2023​៖

    ទីមួយ​៖ សេដ្ឋកិច្ច​ពិភពលោក​បាន​បង្ហាញ​នូវ​លទ្ធភាព​ងើប​ឡើង​វិញ​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​។ យោង​តាម​សន្ទស្សន៍​សកល​របស់ Fitch Ratings នៅ​ក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ 2023​ ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ពិភព​លោក គឺ​ខ្ពស់​ជាង​ 9% បើធៀប​នឹង​ដំណាក់​កាល​មុន​វិបត្តិសុខភាព​សកល​។

    ទីពីរ​៖ អតិផរណា​កំពុង​ថយ​ចុះ​លឿន​។ អតិផរណា​របស់​ពិភពលោក​ស្ថិត​នៅក្នុង​កម្រិត 8.9% កាល​ពី​ឆ្នាំ​ 2022 ហើយ​គ្រោង​នឹង​ថយ​ចុះ​ 5.1% នៅ​ចុង​ឆ្នាំ 2024​។

    ទីបី​៖ ការ​ព្រួយ​បារម្ភ​អំពី​វដ្ដ​នៃ​គោលនយោបាយ​រូបិយវត្ថុ​បែប​ «ភ្នំ​តុ (Table Mountain)» ដែល​ការ​ប្រាក់​ត្រូវ​បាន​ដំឡើង​ខ្ពស់​ខ្លាំង​ និង​រក្សាកម្រិត​កំពូល​​ក្នុង​រយៈ​ពេល​យូរ បាន​ថយ​ចុះ​។

    ទីបួន​៖ ការ​ផ្ទុះ​ឡើង​របស់​ទីផ្សារ​ហិរញ្ញវត្ថុ​។ សន្ទស្សន៍​លំដាប់​កំពូល​នានា​របស់ Wall Street ភាគ​ច្រើន​ជិត​ស្មើ ឬ​លើស​ពី​កម្រិត​ខ្ពស់បំផុត​ក្នុង​ខែ​ធ្នូ ឆ្នាំ​ 2023​។ ទីផ្សារ​មូលបត្រ​បំណុល​ក៏​បញ្ចប់​ឆ្នាំ​ចាស់​ប្រកប​ដោយ​ភាព​ខ្លាំង​ក្លា​។

    ចុង​ក្រោយ​៖ ឆ្នាំ​ 2023 គឺជា​ឆ្នាំ​ល្អ​ចំពោះ​វិស័យ​បច្ចេក​វិទ្យា​ ដូច​ទៅ​នឹង​អ្វី​ដែល​មនុស្ស​មួយ​ចំនួន​បាន​រំពឹង​ទុក​៕

  • នាយករដ្ឋមន្ត្រី​ថៃ ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ

    នាយករដ្ឋមន្ត្រី​ថៃ ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ

    នាយករដ្ឋមន្ត្រី​ថៃ លោក Srettha ប្រកាស​ថា លោក​មាន​ទ្រព្យ​ជិត 19 លាន​ដុល្លារ​អាម៉េរិក ក្នុង​នោះ​មាន​រថយន្ត​ទំនើប​មួយ​គ្រឿងដែល​មាន​តម្លៃ​ជាង 1.4 លាន​ដុល្លារ​អាម៉េរិក និង​នាឡិកា​ចំនួន 38 គ្រឿង​​ផងដែរ​។

    អង្គភាព​ជាតិ​​ប្រឆាំង​អំពើ​ពុក​រលួយ​ថៃ (NACC) កាល​ពី​ថ្ងៃទី 28 ធ្នូ បាន​ឱ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​ Srettha Thavisin និង​ជា​អតីតអ្នក​ជំនួញ​ផ្នែក​អចលនទ្រព្យ​ មាន​ទ្រព្យ​សម្បត្តិតម្លៃ​ជិត 660 លាន​បាត (ជាង 18.9 លាន​ដុល្លារ​អាម៉េរិក​)​។ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ប្រទេស​ថៃ តម្រូវ​ឱ្យ​មន្ត្រី​រាជការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល​របស់​ខ្លួន​ និង​ភរិយា/ស្វាមី​ ក្នុង​រង្វង់ 60 ថ្ងៃ​ រាប់​ចាប់​ពី​ថ្ងៃ​ចូល​កាន់​តំណែង​។

    យោង​តាម NACC នាយករដ្ឋមន្ត្រី​ថៃមាន​​សាច់​ប្រាក់​សុទ្ធ​មួយ​លាន​បាត (ជាង 28,700 ដុល្លារ​អាម៉េរិក)​, ជិត 69 លាន​បាត​ (ជាង 1.9 លាន​ដុល្លារ) ក្នុង​ធនាគារចំនួន 47 ស្ថាប័ន និង​ជាង 1.3 លាន​បាត (ជាង 37,300 ដុល្លារ) កំពុង​វិនិយោគ​។ លោក​ក៏​មាន​ដី​ដែល​មាន​តម្លៃ​ជាង 158 លាន​បាត (ជាង​ 4.5 លាន​ដុល្លារ​) នៅ​បាងកក​។

    នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ ក៏​ជា​ម្ចាស់​អគារ​មួយ​ចំនួន​ដែល​មាន​តម្លៃ​សរុប​ជាង 156 លាន​បាត (ជាង 4.4 លាន​ដុល្លារ) ​ក្នុង​នោះ​ក៏​មាន​ខុនដូ​នៅ​តំបន់​លម្ហែ​កាយ​ Hua Hin និង​ផ្ទះ​បី​ជាន់​មួយ​កន្លែង​នៅ​ក្នុង​ខណ្ឌ Khlong Toei នៅ​រាជធានី​បាងកក​​ផងដែរ​។

    អំពី​យាន​ជំនិះ លោក Srettha ​មានរថយន្តទំនើប Aston Martin DB5 តម្លៃ​ 50 លាន​បាត (ជាង 1.4 លាន​ដុល្លារ​)។ លោក​ក៏​នៅ​មាន​នាឡិកា​ 38 គ្រឿង ដែល​មាន​តម្លៃ​ជិត 122 លាន​បាត (ជាង 3.5 លាន​ដុល្លារ)​។ ចំណែក​បំណុល​វិញ នាយករដ្ឋមន្ត្រី​ថៃ​កំពុង​ជំពាក់​ជាង 10 លាន​បាត (ជាង 287,000 ដុល្លារ​)​។

    នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ ក៏​ជា​ម្ចាស់​អគារ​មួយ​ចំនួន​ដែល​មាន​តម្លៃ​សរុប​ជាង 156 លាន​បាត (ជាង 4.4 លាន​ដុល្លារ) ​ក្នុង​នោះ​ក៏​មាន​ខុនដូ​នៅ​តំបន់​លម្ហែ​កាយ​ Hua Hin និង​ផ្ទះ​បី​ជាន់​មួយ​កន្លែង​នៅ​ក្នុង​ខណ្ឌ Khlong Toei នៅ​រាជធានី​បាងកក​​ផងដែរ​។

    អំពី​យាន​ជំនិះ លោក Srettha ​មានរថយន្តទំនើប Aston Martin DB5 តម្លៃ​ 50 លាន​បាត (ជាង 1.4 លាន​ដុល្លារ​)។ លោក​ក៏​នៅ​មាន​នាឡិកា​ 38 គ្រឿង ដែល​មាន​តម្លៃ​ជិត 122 លាន​បាត (ជាង 3.5 លាន​ដុល្លារ)​។ ចំណែក​បំណុល​វិញ នាយករដ្ឋមន្ត្រី​ថៃ​កំពុង​ជំពាក់​ជាង 10 លាន​បាត (ជាង 287,000 ដុល្លារ​)​។

    NACC ឱ្យ​ដឹង​ថា ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​លោក Srettha រួម​មានប្រាក់​បៀវត្សរ៍​ ​ប្រាក់​រង្វាន់​ជាង 153 លាន​បាត​ (4.3 លាន​ដុល្លារ)​ រួម​នឹង​ប្រាក់​ឧបត្ថម្ភ​ជា​ច្រើន​ផ្សេង​ទៀត​។ ជា​រៀង​រាល់​ឆ្នាំ លោក​​ចំណាយ​ប្រហែល 36.5 លាន​បាត​ (ជាង​មួយ​លាន​ដុល្លារ​)​ សម្រាប់​ខ្ទង់​ចំណាយ​ផ្ទាល់​ខ្លួន​ គ្រួសារ ពន្ធ​អាករ និង​សប្បុរសធម៌​។

    លោក Srettha អាយុ 61 ឆ្នាំ កាល​ពី​ខែ​សីហា 2023 បាន​ក្លាយ​ជា​មេដឹក​នាំ​ថ្មី​របស់​ប្រទេស​ថៃ បញ្ចប់​ស្ថានភាព​​ជាប់​គាំង​ដែល​បាន​អូស​បន្លាយ​អស់​ច្រើន​ខែ​ ក្រោយ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​ឧសភា​៕

  • ថៃទទួល​បានទុន​វិនិយោគ​​ជាង 4,000 លាន​ដុល្លារពី​ជប៉ុន សម្រាប់​​វិស័យ​រថយន្ត​អគ្គិសនី​

    ថៃទទួល​បានទុន​វិនិយោគ​​ជាង 4,000 លាន​ដុល្លារពី​ជប៉ុន សម្រាប់​​វិស័យ​រថយន្ត​អគ្គិសនី​

    យោង​តាម​សារព័ត៌មាន Reuters ដក​ស្រង់​សម្ដី​របស់​​អ្នក​នាំពាក្យ​​រាជរដ្ឋាភិបាល​ថៃ កាល​ពី​ថ្ងៃទី 25 ធ្នូ បាន​ឱ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ជប៉ុនមួយ​ចំនួន​ នឹង​បណ្ដាក់​ទុន​វិនិយោគ​ចំនួន 150 ពាន់​លាន​បាត (4.34 ពាន់​លាន​ដុល្លារ​អាម៉េរិក​) នៅ​ប្រទេស​ថៃ ក្នុង​រយៈ​ពេល 5 ឆ្នាំ​ខាង​មុខ ដើម្បី​គាំទ្រ​ប្រទេស​នេះ​ងាក​ទៅ​រក​ការ​ផលិត​រថយន្ត​អគ្គិសនី​។

    អ្នកនាំពាក្យ​ Chai Wacharoke ឱ្យ​ដឹង​ថា Toyota Motor និង Honda Motor នឹង​វិនិយោគប្រហែល 100 ពាន់​លាន​បាត​ ខណៈ​ដែល Isuzu Motors នឹង​វិនិយោគ​ 30 ពាន់​លាន​បាត​ និង​ Mitsubishi Motors វិនិយោគ 20 ពាន់​លាន​បាត​ ដើម្បី​ផលិត​រថយន្តភិកអាប់​ដំណើរ​ការ​ដោយ​អគ្គិសនី​។

    ថៃ​គឺជា​ខឿន​សេដ្ឋកិច្ច​ធំជាង​គេ​លំដាប់​ទីពីរ​នៅ​អាស៊ី​អាគ្នេយ៍ និង​ជា​ប្រទេស​ផលិត និង​នាំ​ចេញ​រថយន្ត​ធំជាង​គេ​ក្នុង​តំបន់​នេះ​។ បណ្ដា​ក្រុម​ហ៊ុន​ជប៉ុន​បាន​គ្រប់​គ្រង​ទីផ្សារ​រថយន្ត​នៅ​ប្រទេស​ថៃ ក្នុង​រង្វង់​ច្រើន​ទសវត្សរ៍​កន្លង ប៉ុន្តែ​ថ្មី​ៗ​នេះ វិស័យ​រថយន្ត​អគ្គិសនី​ហាក់​កំពុង​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​បណ្ដា​ក្រុម​ហ៊ុន​ចិន​។

    យោង​តាមលោក Chai ខ្ទង់​វិនិយោគ​របស់​ក្រុម​ហ៊ុន​ជប៉ុន នឹង​គាំទ្រ​ដល់​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ថៃ នៅ​ក្នុង​ការ​ចាក​ចេញ​ពី​រថយន្ត​ម៉ាស៊ីន​ចំហេះ​ក្នុង និង​ឆ្ពោះ​ទៅ​រក​រថយន្ត​អគ្គិសនី​។

    នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin ទើប​តែ​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន កាល​ពីសប្ដាហ៍​កន្លង​។ ក្រៅ​ពី​ជប៉ុន នាយក​រដ្ឋមន្ត្រី​ថៃ នៅក្នុង​ខែ​នេះ​ក៏​បាន​ជួប​ពិភាក្សាការ​ងារ​ជាមួយ​នឹង​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla ក្នុង​នោះ លោក​ក៏បាន​លើក​ឡើង​អំពី​​សក្ដានុពល​​នៃការ​វិនិយោគ​ទៅ​លើវិស័យ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​ផងដែរ​៕