Tag: ធនាគារ

  • វីដេអូ​៖ តំណាង​រាស្ត្រ​ប្រហែល​ម្ភៃ​នាក់​វាយ​តប់​គ្នា​ក្នុង​សភា​នៅ​បូលីវី

    វីដេអូ​៖ តំណាង​រាស្ត្រ​ប្រហែល​ម្ភៃ​នាក់​វាយ​តប់​គ្នា​ក្នុង​សភា​នៅ​បូលីវី

    តំណាង​​រាស្ត្រ​ច្រើន​រូប​នៅ​សភា​បូលីវី វាយតប់ បោចសក់​គ្នា​នៅក្នុង​សភា​នៅ​ពេល​តំណាង​រដ្ឋាភិបាល​វាយ​ការណ៍​អំពី​ការ​ដាក់​ពន្ធនាគារ​ចំពោះ​អតីត​អភិបាល​​មួយ​រូប​។

    រដ្ឋមន្ត្រី​ Eduardo del Castillo កាល​ពី​ថ្ងៃទី 23 ឧសភា ត្រូវ​បាន​សភា​បូលីវី​កោះហៅ​ឱ្យ​ចូល​មក​រាយការណ៍​អំពី​ករណីលោក​​ Luis Fernando Camacho អតីត​អភិបាល​​តំបន់ Santa Cruz និង​ជា​អ្នក​នយោបាយ​ដ៏ល្បី​ឈ្មោះ​របស់​បក្ស​ប្រឆាំង​ ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ 12 ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ថា មាន​ផែនការ​ធ្វើ​រដ្ឋប្រហារ​។

    លោក Castillo ការ​ពារ​សេចក្ដីសម្រេច​ចំពោះ​ការ​កាត់​ទោស​អតីត​អភិបាល​ Camacho ព្រម​ទាំង​បាន​រិះ​គន់​ថា​ ក្រុម​តំណាង​រាស្ត្រ​បក្ស​របស់​លោក Camacho ជា​ «ក្រុម​ជ្រុល​និយម លួច​ប្លន់ ហិង្សា ចូល​ចិត្ត​រឹប​អូប​ទ្រព្យ​​របស់​ប្រជាជន​បូលីវី»។

    ​ពេល​លោក Castillo កំពុងនិយាយ​ តំណាង​រាស្ត្រ​មួយ​ក្រុម​របស់​បក្ស​ប្រឆាំង​ នាំ​គ្នា​លើក​បដា​​ប្រឆាំង​នឹង​ការ​ដាក់​ទោស​លើ​លោក Camacho អម​នឹង​អក្សរមួយ​ឃ្លា «រដ្ឋមន្ត្រី​ភេរវកម្ម»។ ក្នុង​ពេល​តំណាង​រាស្ត្រ​មួយ​ក្រុម​ដែល​គាំទ្រ​រដ្ឋាភិបាល​ព្យាយាម​ដណ្ដើម​យក​បដា ភ្លាម​នោះ​ តំណាង​រាស្ត្រ​ប្រហែល​ 20 នាក់​ ភាគ​ច្រើន​ជា​ស្ត្រី ក៏​​ចូល​ទៅ​វាយ​តប់​ និង​បោច​សក់​គ្នា​ក្នុង​សភា។

    ប៉ុន្មាន​នាទី​ក្រោយ​មក ហេតុ​ការណ៍​វាយ​តប់​គ្នា​ក៏បាន​បញ្ចប់​នៅ​ពេល​ក្រុម​តំណាង​រាស្ត្រ​ជា​បុរស​ចូល​ធ្វើ​អន្តរាគមន៍​។ ក្នុង​ហេតុ​ការណ៍​នេះ​ពុំ​មាន​អ្នក​រង​របួសធ្ងន់​ធ្ងរ​​នោះ​ទេ​។

    នេះ​គឺជា​ហេតុការណ៍​ថ្មី​បំផុត​ដែល​បង្ហាញ​អំពី​ស្ថានការណ៍​ប្រកាន់​បក្ស​ពួក​ក្នុងរឿង​នយោបាយ​នៅ​ ​បូលីវី​ ជា​ប្រទេស​ដែល​បក្ស​ប្រឆាំង​ប្រកាស​ថា សកម្មជន​បក្ស​ប្រឆាំង​ប្រហែល 180 នាក់​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​។

    រដ្ឋាភិបាល​របស់​ប្រធានាធិបតី Luis Arce បាន​ចោទ​ប្រកាន់​សកម្មជន​ទាំង​នោះ​ថា បាន​គាំទ្រ​រដ្ឋប្រហារ​ប្រឆាំង​អតីត​ប្រធានាធិបតី​​ Evo Morales កាល​ពី​ឆ្នាំ 2019 និង​ជួយ​ឱ្យលោក​ស្រី Jeanine Anez អ្នក​នយោបាយ​ស្ដាំនិយម​ឡើង​កាន់​អំណាច​។

    យោង​តាម AFP លោក Arce ធ្លាប់​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ក្នុង​សម័យ​ប្រធានាធិបតី Morales និង​ត្រូវ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ម៉ិកស៊ិក នៅ​ពេល​លោក Morales ត្រូវ​បាន​ផ្ដួល​រំលំ​។ ក្រោយ​មក លោក Arce ក៏​បាន​ត្រលប់​មក​ប្រទេស​ និង​ត្រូវ​បាន​បោះ​ឆ្នោត​ជា​ប្រធានាធិបតី​បូលីវី​កាល​ពី​ឆ្នាំ 2020​ គ្រា​ដែល​លោក​ស្រី Anez ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៕

  • ផែនដី​អាចនឹង​ត្រូវ​ម៉ាស៊ីន​ត្រជាក់ «ដុតក​ម្ដៅ» នៅ​អនាគត

    ផែនដី​អាចនឹង​ត្រូវ​ម៉ាស៊ីន​ត្រជាក់ «ដុតក​ម្ដៅ» នៅ​អនាគត

    បើ​សិន​ជា​ម៉ាស៊ីន​ត្រជាក់​នៅ​តែ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​បញ្ចុះ​កម្ដៅ​ដូច​បច្ចុប្បន្ន ពេល​​ដែល​តម្រូវ​ការ​ប្រើ​ប្រាស់​កាន់​តែ​កើន​ឡើង​ គ្រា​នោះ​​ផែនដីអាច​នឹង​ត្រូវ​ឆ្អិន​ដូច​បាយមិន​ខាន​។

    ទីភ្នាក់​ងារ​ថាមពល​អន្តរជាតិ​ (IEA) បានព្យាករ​ថា​ ពិភពលោក​ឆ្នាំ 2023 មាន​ម៉ាស៊ីន​ត្រជាក់​ជាង​ពីរ​ពាន់​លាន​គ្រឿង​, ឆ្នាំ​ 2030 នឹង​មាន​បី​ពាន់​លាន​គ្រឿង​ និង​ឆ្នាំ 2040 នឹង​មាន​ជាង​បួន​ពាន់​លាន​គ្រឿង។ ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​ត្រូវ​បាន​វាយ​តម្លៃ​ថា ជួយ​លើក​កម្ពស់​សុខភាព​​ និង​បង្កើន​សមត្ថភាព និង​​ប្រសិទ្ធ​ភាព​ការ​ងារ​។ ក៏ប៉ុន្តែ​ តម្រូវ​ការ​ប្រើ​ប្រាស់​ថាមពល​ដើម្បី​ដំណើរ​ការ​ម៉ាស៊ីន​ត្រជាក់​ រួម​នឹង​វត្ថុធាតុ​ធ្វើ​ឱ្យ​ត្រជាក់​នៅ​ក្នុង​បច្ចេក​វិទ្យា​របស់​ម៉ាស៊ីន​ត្រជាក់​បច្ចុប្បន្ន ក៏​បង្ក​ផល​វិបាក​ច្រើន​ដល់​អាកាស​ធាតុ​។

    Abhas Jha អ្នក​ជំនាញ​របស់​ធនាគារ​ពិភពលោក​ផ្នែក​​បម្រែ​បម្រួល​អាកាសធាតុ​នៅ​សិង្ហបុរី​ បាន​អះអាង​ថា​ «បើ​សិន​ជា​ស្ដង់ដា​ស្ដី​ពី​ប្រសិទ្ធ​ភាព​មិន​ត្រូវ​បាន​កែ​លំអ ផែនដី​នឹង​ត្រូវ​ក្ដៅ​ដល់​ឆ្អិន ទៅ​តាម​ន័យ​ធៀប​»​។

    យោង​តាម​ Bloomberg តំបន់​ក្រី​ក្រ​ធំៗ​មួយ​ចំនួន​លើ​ពិភពលោក​ក៏​ជា​កន្លែង​ដែល​មាន​អាកាសធាតុ​ក្ដៅ​បំផុត​។ ប៉ុន្តែ នៅ​ក្នុង​តំបន់​ទាំង​នេះ​ ប្រាក់ចំណូល​របស់​ប្រជាជន​កំពុងតែ​មាន​ការ​កើន​ឡើង​ ហើយ​ម៉ាស៊ីន​ត្រជាក់​ក៏​ក្លាយ​ជា​ទំនិញ​ដែល​មនុស្ស​រាប់​សិប​លាន​នាក់​​អាច​ទិញ​បាន​។

    នេះ​ក៏​ជា​មូលហេតុ​នៅ​ពីក្រោយ​ការ​លក់​ដាច់​ខ្លាំង​របស់​ម៉ាស៊ីន​ត្រជាក់​នា​ពេលកន្លង​ និង​អនាគត​។ បណ្ដា​ប្រទេស​មាន​ដូច​ជា ចិន និង​ឥណ្ឌា​ជា​ដើម ត្រូវ​បាន​ព្យាករ​ថា​ គឺ​ជា​ទីផ្សារ​ធំ​បំផុត​របស់​ឧបករណ៍​អេឡិច​ត្រូនិច​​មួយ​នេះ​នៅ​ក្នុង​អំឡុង​ច្រើន​ឆ្នាំ​ខាង​មុខ​។

    នៅក្នុង​ម៉ាស៊ីន​ត្រជាក់បច្ចុប្បន្ន hydrofluorocarbons (HFC) គឺ​មួយ​ក្នុង​ចំណោម​វត្ថុធាតុធ្វើ​ឱ្យ​ត្រជាក់​​ដែល​កំពុង​ពេញ​និយម​ ប៉ុន្តែ​ធាតុ​ដែល​​អាច​ធ្វើ​ឱ្យ​ផែនដី​ឡើង​កម្ដៅ​ខ្ពស់​ជាង​ 1,000 ដង បើ​ធៀប​នឹង​ carbon dioxide​​។ អ្នក​ស្រាវជ្រាវ​បាន​គណនា​ឃើញ​ថា បើ​សិន​មិន​កាត់បន្ថយ​ការ​ពឹង​ផ្អែក​លើ​​ HFC នោះ​នឹង​នាំ​ទៅ​រក​ការ​ឡើង​កម្ដៅ​បន្ថែម​កន្លះ​អង្សាសេ​នៅ​ចុង​សតវត្សរ៍​នេះ ហើយ​ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​​បញ្ហា​អាកាស​ធាតុ​អាក្រក់​ៗ​កើត​ឡើង​ញឹក​ញាប់​ជាង​បច្ចុប្បន្ន​ ក្នុង​នោះ​មាន​ដូច​ជា ខ្យល់​ព្យុះ គ្រោះ​រាំង​ស្ងួត​ និង​រលក​កម្ដៅ​​ជា​ដើម​។

    ដើម្បី​ជំនួស HFC វិស័យ​ឧស្សាហកម្ម​ម៉ាស៊ីន​ត្រជាក់​ត្រូវ​ការ​វត្ថុធាតុ​បញ្ចុះ​កម្ដៅ​មួយ​ផ្សេង​ទៀត​ដែល​មិន​សូវ​បង្ក​ផល​វិបាក​ដល់​បរិស្ថាន​។ បច្ចុប្បន្ន ក្រុម​ហ៊ុន Chemours និង Honeywell កំពុង​ផលិត​វត្ថុ​ធាតុ​បញ្ចុះ​កម្ដៅ​បៃតង​នេះ។ ក្រៅ​ពី​បណ្ដា​ក្រុម​ហ៊ុន​ខាងលើ ក្រុម​ហ៊ុន Daikin និង Mitsubishi ក៏​កំពុង​អភិវឌ្ឍ​ផលិត​ផល​បែប​នេះ​។ សង្ឃឹម​ថា អនាគត​ ផែនដី​នឹង​មិន​ឡើង​កម្ដៅ​ខ្លាំង​ដោយ​សារ​តែ​សារធាតុ HFC​៕

  • មនុស្ស​ជាង​ពីរពាន់​លាន​នាក់​នឹង​រស់នៅ​​ក្នុង​កម្ដៅ​ដ៏​គ្រោះថ្នាក់​​របស់​ផែនដី​ ចាប់ពី​ឆ្នាំ 2100

    មនុស្ស​ជាង​ពីរពាន់​លាន​នាក់​នឹង​រស់នៅ​​ក្នុង​កម្ដៅ​ដ៏​គ្រោះថ្នាក់​​របស់​ផែនដី​ ចាប់ពី​ឆ្នាំ 2100

    កម្ដៅ​ផ្ទៃផែនដី​កំពុងស្ថិត​ក្នុង​កំណើន 2.7 អង្សា​សេ ធៀប​នឹងដំណាក់​កាល​ដំបូង​នៃ​វិស័យ​ឧស្សាហកម្ម នៅ​ឆ្នាំ 2100 ដែល​ប្រការនេះ​នឹង​រុញច្រាន​មនុស្ស​ជាង​ពីរពាន់​លាន​នាក់ (ប្រហែល 22% នៃ​ប្រជាជន​សរុប​ក្នុង​ពិភព​លោក) ឱ្យ​ចេញពី​តំបន់​អាកាសធាតុ​ស្រួល​រស់នៅ។

    យោងតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Sustainability ក្រុម​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា បណ្ដា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​ដែល​ត្រូវ​ប្រឈម​នឹង​កម្ដៅ​ដ៏​គ្រោះថ្នាក់ គឺ ឥណ្ឌា (600 លាន​នាក់), នី​ហ្សេ​រី​យ៉ា (300 លាន​នាក់), ឥណ្ឌូណេស៊ី (100 លាន​នាក់), ហ្វ៊ី​លី​ពី​ន និង​ប៉ា​គី​ស្ថាន (80 លាន​នាក់​ដូច្នេះ)។ នេះ​បើតាម AFP ចុះផ្សាយ​កាលពី​ថ្ងៃទី 22 ឧសភា 2023។

    ការកាត់បន្ថយ​ការកើនឡើង​កម្ដៅ​ទូទាំង​ពិភពលោក​នៅក្នុង​កម្រិត 1.5 អង្សា​សេ ទៅតាម​គោលដៅ​របស់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ 2015 នឹង​ជួយ​បន្ថយ​ចំនួន​មនុស្ស​ដែល​ជួប​គ្រោះថ្នាក់​ដោយសារ​កម្ដៅ​ព្រះអាទិត្យ ចុះមក​នៅ 500 លាន​នាក់ ដែល​ស្មើនឹង 5% នៃ​ចំនួន​ប្រជាជន​សរុប​ប្រមាណ 9.5 ពាន់​លាន​នាក់​របស់​ពិភពលោក នៅក្នុង​រយៈពេល​ពី 6 ទៅ 7 ទសវត្សរ៍​ខាងមុខ។

    មកដល់​បច្ចុប្បន្ន ការឡើង​កម្ដៅ​ក្រោម 1.2 អង្សា​សេ ក៏បាន​បង្កើន​កម្រិត ឬ​ពេលវេលា​របស់​រដូវ​រល​កក​ម្ដៅ គ្រោះរាំងស្ងួត និង​ករណី​ឆេះ​ព្រៃ។ 8 ឆ្នាំ​កន្លង គឺជា​ពេលវេលា​ដែល​ផែនដី​រង​កម្ដៅ​ខ្ពស់បំផុត​ដែល​មនុស្ស​ធ្លាប់បាន​កត់ត្រា។

    កម្ដៅ​ដែល​បង្ក​គ្រោះថ្នាក់​ទៅតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​នេះ នោះ​គឺ​នៅពេល​សីតុណ្ហភាព​មធ្យម​ប្រចាំឆ្នាំ (MAT) ឡើងដល់ 29 អង្សា​សេ។

    យោងតាម​ធនាគារពិភពលោក ប្រទេស​ឥណ្ឌា​បំ​ភាយ​ឧស្ម័ន CO2 (ឧស្ម័ន​ដែល​ធ្វើ​ឱ្យ​បរិយាកាស​ផែនដី​ឡើង​កម្ដៅ) ជា​មធ្យម​ប្រហែល​ពីរ​តោន/ម្នាក់/ឆ្នាំ, នី​ហ្សេ​រី​យ៉ា​បំ​ភាយ​ប្រហែល​កន្លះ​តោន ខណៈដែល​សហភាព​អឺរ៉ុប​ជិត 7 តោន និង​សហរដ្ឋ​អាម៉េរិក 15 តោន។

    ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ​ក៏​ព្រមាន​ថា លទ្ធភាព​ដែល​សីតុណ្ហភាព​ផ្ទៃផែនដី​កើន​បន្ថែម​លើសពី 2.7 អង្សា​សេ គឺអាច​កើតឡើង។ បើសិនជា​សកម្មភាព​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​អាច​នាំឱ្យ «ធ្លុះធ្លាយ» ឃ្លាំង​ធម្មជាតិ​​ផ្ទុក​កាបូន​ មាន​ជាអាទិ៍ ស្រទាប់ Permafrost (ស្រទាប់ដី​ស្ថិតនៅត្រង់ ឬ​ក្រោម​តំបន់​ទឹក​កដែល​កក​​រយៈពេល​ចាប់ពី​ពីរ​ឆ្នាំ​ឡើងទៅ) ឬ​ធ្វើឱ្យ​បរិយាកាស​ផែនដី​ក្ដៅ​ជាង​ការរំពឹងទុក នោះ​សីតុណ្ហភាព​​ពិភព​លោក​អាច​កើន​​បន្ថែម​ជិត​ 4 អង្សា​សេ បើ​ធៀប​នឹង​កម្ដៅ​នៅ​ពាក់កណ្ដាល​សតវត្សរ៍​ទី 19៕

  • ទិញរថយន្តក្នុងក្តីស្រមៃដោយមិនចាំបាច់មានប្រាក់កក់ និងបង់រំលស់គ្មានការប្រាក់ដល់ទៅមួយឆ្នាំ

    ទិញរថយន្តក្នុងក្តីស្រមៃដោយមិនចាំបាច់មានប្រាក់កក់ និងបង់រំលស់គ្មានការប្រាក់ដល់ទៅមួយឆ្នាំ

    [ភ្នំពេញ – ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣] ផ្នែករថយន្ត Ford នៃ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក​ បានរៀបចំកម្មវិធី ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.កដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត​ ហ្វដ ប្រចាំប្រទេសកម្ពុជា​ និងធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឈានមុខគេនៅកម្ពុជា។​

    លោក ហាន ប៉េង ក្វាង អគ្គនាយក ធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីសោមន្សរីករាយ ដែលបានក្លាយជាដៃគូសហការជាមួយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដើម្បីរួមគ្នាផ្តល់ដំណោះស្រាយដ៏មានសារៈសំខាន់មួយសម្រាប់អតិថិជន” ។

    “យើងជឿជាក់ថាគ្រប់គ្នាស័ក្កិសមនឹងទទួលបានឱកាសក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃរបស់ពួកគេ។ ហើយយើងចង់ធ្វើឲ្យក្តីស្រមៃនោះក្លាយជាការពិត សម្រាប់អតិថិជនមិនថាជាប្រជាជនកម្ពុជា ឬជនជាតិបរទេសកំពុងរស់នៅប្រទេសកម្ពុជា នោះគឺអតិថិជនមិនបារម្មណ៍លើការចំណាយប្រាក់កក់ ហើយថែមទាំងមិនចំណាយបង់ការប្រាក់រហូតដល់ ១២ ខែ”។

    លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ សម្រាប់អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត ឥឡូវនេះយើងមានការផ្តល់ជូនពិសេសគឺ ការទិញរថយន្តដោយមិនតម្រូវមានប្រាក់កក់ និងការបង់រំលស់ដោយមិនចំណាយការប្រាក់ពេញមួយឆ្នាំពេញសម្រាប់រថយន្តម៉ូដែល Ford Ranger Wildtrak,  Everest, EcoSport, Territory ស៊េរីឆ្នាំ ២០២២ ដែលនេះជាលើកទី១ ដែលមានការសហការបែបនេះកើតឡើងរវាង អ អិម អេ (ខេមបូឌា) ជាមួយធនាគារ​ វីង ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ៕

    ឆ្លៀតក្នុងឱកាសនេះដែរ លោក លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានបន្ថែមថា “ បច្ចុប្បន្នក្រុមហ៊ុន ហ្វដ បានពង្រីកនូវវិសាលភាពនៃគ្រឿងបន្លាស់ និងសេវាកម្មជួសជុលរថយន្តនៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយយើងក៏មានយានដ្ឋានដៃគូសហការជាច្រើននៅទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជាផងដែរ។ ជាពិសេស ថ្មីៗនេះយើងក៏បានបង្កើតនូវ ការិយាល័យផ្នែកទំនាក់ទំនងអតិថិជន (Call Center) ដើម្បីផ្តល់នូវសេវាកម្មឆាប់រហ័ស និងផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការសាកសួរព័ត៌មាន ក៏ដូចជាធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំនាញរបស់យើង ។ ”

    សម្រាប់អតិថិជនដែលចង់សាកសួរព័ត៌មាន ឬមានបំណងចង់ទិញរថយន្ត Ford អាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 012 333 975 ឬ 077 666 357 ឬ 078 999 883

    សម្រាប់លោកអ្នកដែលមានតម្រូវការកម្ចីឥណទានតាមរយៈធនាគារ វីង សូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 078 989 767/078 989 511 ឬអញ្ជើញមកកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត៕

  • ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ ចាប់ដៃ​គូ​ជាមួយ​យូ​ញៀន​ ផេ​ ពង្រីក​សេវា​ទូទាត់​កាន់តែ​ទូលំទូលាយ​

    ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ ចាប់ដៃ​គូ​ជាមួយ​យូ​ញៀន​ ផេ​ ពង្រីក​សេវា​ទូទាត់​កាន់តែ​ទូលំទូលាយ​

    ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​យូ​ញៀន​ផេ​(UnionPay​ International​) ក្នុង​ការ​សហការ​បោះពុម្ព​បណ្ណ​ឥណពន្ធ​អេ​ស៊ី​លីដា​យូ​ញៀន​ផេ​ (Contactless​ Debit​ Card​) ដើម្បី​ពង្រីក​បណ្តាញ​ប្រតិបត្តិ​ការ​ទូទាត់​សម្រាប់​អតិថិជន​ឱ្យ​កាន់តែ​ទូលំទូលាយ​លើ​ពិភពលោក​។

    តាមរយៈ​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ យូ​ញៀន​ផេ​ និង​ធនាគារ​អេ​ស៊ី​លីដា​នេះ​ នឹង​ធ្វើ​ឱ្យ​មានការ​ពង្រីក​នូវ​ផលិតផល​ និង​សេវាកម្ម​ទូទាត់​សម្រាប់​អតិថិជន​ ដើម្បី​ឱ្យ​មាន​ជម្រើស​កាន់តែ​ច្រើន​ ប្រកបដោយ​ភាព​ងាយស្រួល​ សុវត្ថិភាព​ ការ​ទូទាត់​ប្រកប​ដោយសក្តានុពល​ ជំរុញ​ឱ្យ​មាន​អត្ថ​ប្រយោជន៍​កាន់តែ​ច្រើន​ និង​កាន់តែ​មាន​ភាព​ផ្តាច់​មុខ​លើ​ការទិញ​ទំនិញ​ និង​ការ​ធ្វើដំណើរ​ជា​អន្តរជាតិ​។

    លោក​បណ្ឌិត​ អុិន​ ចាន់​នី​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ បាន​លើកឡើង​ថា​ ការប្រកាស​កិច្ច​សហប្រតិបត្តិ​ការ​នៅ​ថ្ងៃនេះ​ គឺ​ដើម្បី​បម្រើ​អតិថិជន​រួម​ មានន័យថា​អាច​ជួយ​ដល់​អតិថិជន​របស់​អេ​ស៊ី​លីដា​ផង​ និង​អតិថិជន​របស់​យូ​ញៀន​ផេ​ផង​ សម្រាប់​ទូទាត់​ជា​អន្តរជាតិ​ផង​ និង​នៅក្នុង​ទីផ្សារ​កម្ពុជា​ផង​។ លោក​បណ្ឌិត​បាន​បញ្ជាក់​ផង​ដែរ​ថា​ ទាំង​ពាណិជ្ជករ​ និង​អតិថិជន​ ទូទៅ​ បច្ចុប្បន្ន​នេះ​មិនថា​ការ​ទៅក្រៅ​ប្រទេស​ដើម្បី​ធ្វើ​វិស្សមកាល​ឬធ្វើជំនួញ​នោះ​ទេ​ គាត់​ត្រូវការ​ប័ណ្ណ​ដែល​មាន​វិសាលភាព​ធំ​ទូលាយ​សម្រាប់​ធ្វើការ​ទូទាត់​ ហេតុនេះ​បើ​គិត​ដល់​ប័ណ្ណ​ដែល​មាន​វិសាលភាព​ធំ​ទូលាយ​ យូ​ញៀន​ផេ​ជា​ជម្រើស​ល្អ​បំផុត​ ព្រោះ​ស្ថាប័ន​នេះ​មាន​វិសាលភាព​ធំជាង​គេ​។ងាក​មក​កម្ពុជា​វិញ​ ស្ថាប័ន​ដែល​ធំ​ជាងគេ​ គឺ​អេ​ស៊ី​លីដា​ហេតុនេះ​ស្ថាប័ន​ធំៗ​ទាំង​ 2 នេះ​បាន​ចាប់ដៃ​គ្នា​ជា​ដៃគូ​យុទ្ធសាស្ត្រ​នឹង​ធ្វើ​ឱ្យ​អតិថិជន​កាន់តែ​មាន​ភាព​ងាយស្រួល​ និង​ប្រសើរ​ឡើង​។

    លោក​បណ្ឌិត​ អុិន​ ចាន់​នី​ បាន​មានប្រសាសន៍​ថា​៖ “នេះ​ជា​ជំហាន​វិជ្ជមាន​ថ្មី​មួយទៀត​ដែល​ពីមុន​មក​ អេ​ស៊ី​លីដា​ធ្លាប់​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ត្រឹមតែ​ការ​ទូទាត់​ធម្មតា​ តែ​បច្ចុប្បន្ន​នេះ​យើង​បាន​បោះពុម្ព​ប័ណ្ណ​សម្រាប់​ប្រើប្រាស់​ជា​ផ្លូវការ​ ដែល​ប័ណ្ណ​នេះ​មាន​លក្ខណៈ​ពិសេស​ គឺ​មិនបាច់​ស៊ក​បញ្ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ឆូត​កាត​ដែល​នាំ​ឱ្យ​ចំណាយពេល​វេលា​យូរ​នោះ​ទេ​ វា​ជា​ប្រភេទ​ប័ណ្ណ​ម្យ៉ាង​ដែលគេ​ហៅថា​ Contact​ less​ Card​ ដែល​អាច​ទូទាត់​ដោយ​គ្រាន់តែ​ដាក់ពីលើ​ម៉ាស៊ីន​ឆូត​កាត​ ចំណាយពេល​ខ្លី​ និង​មាន​សុវត្ថិភាព​ខ្ពស់​”។

    លោក​ប្រធាន​នាយក​ប្រតិបត្តិ​បាន​បន្ត​ទៀត​ថា​ យើង​តាំងចិត្ត​ថា​ ស្តាប់​អតិថិជន​របស់​យើង​ ហើយ​ងាក​មក​គិត​បន្ថែម​ដើម្បី​ធ្វើ​យ៉ាងណា​ឆ្លើយតប​ទៅ​គាត់​វិញ​ឱ្យ​បាន​ល្អ​។ សព្វថ្ងៃ​នេះ​អតិថិជន​របស់​យើង​បាន​បង្ហាញថា​ ការប្រើ​ប្រាស់​សេវាកម្ម​នៅ​តាម​បញ្ជរ​ បើ​ទោះបីជា​ចំណាយពេល​ត្រឹមតែ2​ ឬ 3នាទី​ ក៏​រាប់​ថា​យូរ​ដែរ​ ហើយ​ការប្រើ​ប្រាស់​នៅ​ម៉ាស៊ីន​អេ​ធី​អឹ​មក៏​រាប់​ថា​ចំណាយពេល​វេលា​ច្រើន​ដែរ​ ដោយ​ក្នុង​នោះ​មានតែ​ការប្រើ​ប្រាស់​តាម​សេវាកម្ម​អេ​ស៊ី​លីដា​ទាន់ចិត្ត​ប៉ុណ្ណោះ​ ទើប​មាន​ភាព​ឆាប់រហ័ស​ និង​ប្រសិនបើ​អតិថិជន​ទៅក្រៅ​ប្រទេស​ គាត់​ចាំបាច់​ត្រូវតែ​ប្រើប្រាស់​ប័ណ្ណ​នេះ​។ ហេតុនេះ​ហើយ​ទើប​យើង​ស្តាប់​អតិថិជន​ ហើយ​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់​យើង​ ដោយ​ការ​ចាប់ដៃ​គ្នា​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើងជា​មួយ​យូ​ញៀន​ផេ​នៅ​ថ្ងៃនេះ​។

    លោក​ Yang​ Wennhui​ នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ យូ​ញៀន​ផេ​ ប្រចាំ​នៅ​អាស៊ី​អាគ្នេយ៍​ បាន​លើកឡើង​ថា​ នៅក្នុង​ប្រទេស​កម្ពុជា​ កាត​ យូ​ញៀន​ផេ​ ត្រូវ​បាន​គេ​ប្រើប្រាស់​ជាង80ភាគរយ​នៃ​ម៉ាស៊ីន​អេ​ធី​អឹម​ និង90ភាគរយ​នៃ​ម៉ាស៊ីន​ឆូត​កាត​នៅ​ទូទាំង​ប្រទេស​។ ការ​ចូល​ទីផ្សារ​បាន​បន្ត​ពង្រីក​ ហើយ​អតិថិជន​កាន់តែ​ច្រើន​កំពុង​ប្រើប្រាស់​ ដែល​ជា​កាត​ជម្រើស​ដែល​បង្ហាញថា​ យូ​ញៀន​ផេ​ ជា​វិធី​ទូទាត់​ដ៏​មាន​សារៈសំខាន់​ចំពោះ​ប្រជាជន​កម្ពុជា​។ យូ​ញៀន​ផេ​ មានដៃ​គូ​ជាមួយ​ស្ថាប័ន​ប្រមាណ​ជាង​ 2,000នៅ​លើ​ពិភពលោក​ ហើយ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ជាង​ 174ប្រទេស​ ដែល​មាន​ចេញ​កាត​រហូតដល់​ទៅ​ 7.5ពាន់​លាន​កាត​។

    យូ​ញៀន​ផេ​ ចាត់ទុក​ធនាគារ​អេ​ស៊ី​លីដា​ជា​ដៃគូ​ប្រកបដោយ​គុណ​តម្លៃ​ និង​ជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​នៅ​កម្ពុជា​។ យើង​នឹង​បង្កើន​កិច្ចសហការ​កាន់តែ​ប្រសើរ​ដើម្បី​ជំរុញ​ឱ្យ​ការបម្រើ​អតិថិជន​កាន់តែ​មាន​ភាព​សម្បូរ​បែប​ និង​បន្ត​បង្កើន​ភាពរឹងមាំ​នៅក្នុង​ទីផ្សារ​កម្ពុជា​៕

  • ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​បើក​ដំណើរការ​សាខា​ថ្មី​របស់​ខ្លួន​មួយទៀត​ ​នៅ​ខេត្តបាត់ដំបង​

    ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​បើក​ដំណើរការ​សាខា​ថ្មី​របស់​ខ្លួន​មួយទៀត​ ​នៅ​ខេត្តបាត់ដំបង​

    ​ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​មាន​មោទនភាព​ជម្រាប​ជូន​ថា​ ​ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​បាន​បើក​សម្ពោធ​សាខា​បាត់ដំបង​របស់​ខ្លួន​ ​ដែល​ជា​សាខា​ទី5​ ​របស់​ធនាគារ​ ​បន្ទាប់ពី​បើក​ដំណើរការ​ការិយាល័យ​កណ្តាល​របស់​ខ្លួន​កាលពី​ខែមីនា​ ​ឆ្នាំ2017​ ​បើក​សាខា​ទួលគោក​ ​នៅ​ខែសីហា​ ​ឆ្នាំ2018​ ​បើក​សាខា​ខេត្តសៀមរាប​នៅ​ខែតុលា​ ​ឆ្នាំ2018​ ​និង​សាខា​ម៉ៅសេទុង​ ​នៅ​ខែមករា​ ​ឆ្នាំ2019​។​

    ​​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​ ​ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​សាខា​បាត់ដំបង​បាន​ប្រព្រឹត្ត​ធ្វើ​ ​ឡើង​កាលពី​ថ្ងៃពុធ​ ​ទី10​ ​ខែមេសា​ ​ឆ្នាំ2019​ ​ចាប់ពី​ម៉ោង8​:​30​ ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ ​សឿម​ ​ប៊ុ​នរិ​ទ្ធិ​ ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ ​ឯកឧត្តម​ ​រ័ត្ន​ ​សុវណ្ណ​នរៈ​ ​អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិនៃកម្ពុជា​ ​និង​លោក​ ​Guillaume​ ​Perdon​ ​អគ្គនាយក​នៃ​ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​នៅ​អាសយដ្ឋាន​ ​ផ្ទះលេខ36​ ​និង37​ ​ផ្លូវ​លេខ1​ ​ភូមិ​ព្រែក​មហាទេព​ ​សង្កាត់​ស្វាយប៉ោ​ ​ក្រុង​បាត់ដំបង​ ​ខេត្តបាត់ដំបង​។​

    ​លោកស្រី​ ​មាស​ ​គន្ធា​ ​នាយិកា​គ្រប់គ្រង​បណ្ដាញ​សាខា​នៃ​ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​បាន​ធ្វើ​កំណត់សម្គាល់​ថា​៖​ ​”​ការ​បើក​ទីតាំង​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ​ក៏ដូចជា​នៅ​តាម​បណ្តា​ខេត្ត​សំ​ខាន់​ៗ​ ​ផ្តល់​ឱកាស​ឱ្យ​យើង​ក្នុង​ការពង្រីក​វិសាលភាព​នៅក្នុង​ប្រទេស​ ​និង​ពង្រីក​សេវាកម្ម​សម្រាប់​អតិថិជន​របស់​យើង​នា​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​។​ ​ការ​បើក​បណ្តាញ​នេះ​គឺជា​ចំណែក​ដ៏​សំខាន់​ ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ធនាគារ​ដ៏​ពេញលេញ​មួយ​។​ ​បន្ថែម​ពីលើ​កម្មវិធី​ធនាគារ​ចល័ត​ ​(​Mobile​ ​App​)​ ​និង​ប្រព័ន្ធ​ផ្តល់​សេវា​ធនាគារ​តាម​អ៊ី​ន​ធើ​ណិ​ត​ ​ទី​តាំង​ថ្មី​ៗ​របស់​យើង​ជួយ​យើង​ក្នុង​ការ​នាំ​យក​សេវាកម្ម​ធនាគារ​កាន់តែ​កៀក​ទៅ​នឹង​អតិថិជន​របស់​យើង​។​ ​អាទិភាព​របស់​យើង​ ​គឺ​បំពេញ​តម្រូវការ​ផ្នែក​ធនាគារ​ ​និង​ការ​ផ្តល់​ប្រាក់កម្ចី​តាមរយៈ​បណ្ដាញ​ដែល​មាន​ទាំងអស់​”​។​ ​

    ​លោក​ ​Olivier​ ​Klein​ ​នាយក​ប្រតិបត្តិ​ក្រុម​ធនាគារ​ ​ប្រេដ​ ​គ្រុប​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​ក្រុម​ធនាគារ​ ​ប្រេដ​ ​គ្រុប​ ​(​BRED​ ​Group​)​ ​បាន​ដាក់​យុទ្ធ​សាស្រ្ត​ ​”​ធនាគារ​គ្មាន​រយៈ​ចម្ងាយ​”​ ​ចាប់តាំងពី​ឆ្នាំ2016​ ​តាមរយៈ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ ​”​ធនាគារ​មួយ​ដែល​នៅ​ជិត​អតិថិជន​របស់​ខ្លួន​ ​ទាំង​ទីតាំង​ភូមិ​សា​ស្ដ្​រ​ ​ក៏ដូចជា​ទំនាក់ទំនង​ ​ធ្វើ​យ៉ាងណា​ឱ្យ​ទទួល​បាន​នូវ​អ្វី​ដែល​ល្អ​បំផុត​តាមដែល​ការ​ខិត​ជិត​ផ្នែក​ឌីជីថល​ ​និង​បណ្តាសា​ខា​អាច​ផ្តល់​ទៅ​បាន​”​។​ ​

    ​​លោក​ ​Guillaume​ ​Perdon​ ​អគ្គនាយក​នៃ​ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​ក៏បាន​លើកឡើង​ដែរ​ថា​៖​ ​“​គោលបំណង​របស់​យើង​គឺ​ការ​បំបាត់​នូវ​គម្លាត​ ​និង​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​នូវ​ដៃគូ​ទំនាក់ទំនង​ដែល​អាច​ទុកចិត្ត​បាន​ ​និង​ដែល​អាច​ពិភាក្សា​ដោយសេរី​ជាមួយ​បាន​ពី​គម្រោង​ ​និង​មហិច្ឆតា​របស់​ពួកគាត់​។​ ​អ្វី​ដែល​សំខាន់​សម្រាប់​យើង​ ​គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​យើង​អាច​បម្រើ​លោកអ្នក​ ​និង​ជួយ​លោកអ្នក​ឱ្យ​រីកចម្រើន​បាន​។​ ​ចាប់ផ្តើម​ជាមួយ​ ​ប្រេដ​ ​រីកចម្រើន​ជាមួយ​ ​ប្រេដ​”​។​ ​

    ​ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​គ្រោង​នឹង​បើក​បណ្តាញ​សា​ខា​ថ្មី​ៗ​ជាច្រើន​ទៀត​នៅ​រាជធានី​ភ្នំពេញ​ ​និង​នៅ​តាម​បណ្តា​ខេត្ត​នានា​ ​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​ដូចជា​នៅ​ចោមចៅ​ ​នៅ​ខែមិថុនា​ ​នៅ​ម្តុំ​ផ្សារ​អូឡាំពិក​ ​នៅ​ខែកញ្ញា​ ​និង​នៅ​ផ្លូវ271​ ​ក្រុងភ្នំពេញ​ ​ឬនៅ​ក្រុង​ព្រះសីហនុ​ ​នៅ​ចុងឆ្នាំ2019​។​

    ​ទិសដៅ​របស់​ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​គឺ​បើក​សាខា​ចំនួន20​ ​និង​ដាក់​ឱ្យ​ដំណើរការ​ទូ​អេ​ធី​អឹ​ម​ចំនួន100​ ​នៅ​ចុងឆ្នាំ2020​ ​ខាងមុខនេះ​៕​

    Website: https://www.bredcambodia.com

  • ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​ឧបត្ថម្ភ​មូលនិធិ​បាល់ទាត់​ ​KMH​

    ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​ឧបត្ថម្ភ​មូលនិធិ​បាល់ទាត់​ ​KMH​

    ​ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​ដែល​ជា​ធនាគារ​អឺរ៉ុប​តែមួយគត់​ ​និង​ជា​ធនាគារ​អន្តរជាតិ​ដ៏​ធំជាង​គេ​បង្អស់​ ​នៅ​ប្រទេស​កម្ពុជា​ ​មាន​សេចក្តី​សោមនស្ស​រីករាយ​ ​និង​មាន​មោទនភាព​យ៉ាង​ក្រៃលែង​ ​ដែល​បាន​ធ្វើជា​អ្នកឧបត្ថម្ភ​ធំ​របស់​មូលនិធិ​បាល់ទាត់​ ​KMH​។​

    ​មូលនិធិ​បាល់ទាត់​ ​KMH​ ​ត្រូវ​បាន​បង្កើត​ឡើង​ ​នៅ​ឆ្នាំ2012​ ​ដោយ​សមាជិក​ក្រុម​ ​ISI​ ​ក្នុង​ទិសដៅ​លើកកម្ពស់​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ ​និង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​យុវជន​កម្ពុជា​ឲ្យ​ក្លាយជា​កីឡាករ​អាជីព​ ​តាមរយៈ​ការ​ហ្វឹកហ្វឺន​ដែល​មាន​លក្ខណៈ​ស្តង់ដារ​។​

    ​លោក​ ​Guillaume​ ​Perdon​ ​អគ្គនាយក​នៃ​ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​បាន​យល់​ច្បាស់​ពីអ​ត្ថ​ប្រយោជន៍​របស់​កីឡា​ ​សម្រាប់​សុខភាព​ ​ហើយ​ជាពិសេស​ ​បាន​សង្កេតឃើញ​ថា​ ​ជនជាតិ​ខ្មែរ​ ​ទាំងប្រុស​ ​ទាំងស្រី​ ​ទាំង​ចាស់​ ​ទាំង​ក្មេង​ ​សុទ្ធតែ​ចូលចិត្ត​លេង​កីឡា​ ​មិនថា​ពួកគាត់​ធ្វើ​កីឡា​ ​ដើម្បី​សុខភាព​ ​ឬ​ដើម្បី​ជា​ការ​កំសាន្ត​សប្បាយ​នោះ​ទេ​។​ ​លោក​ក៏បាន​បន្ថែម​ទៀត​ថា​ ​ការចូលរួម​ឧបត្ថម្ភ​ក្នុង​គម្រោង​កីឡា​នេះ​ ​គឺជា​ឆន្ទៈ​ដ៏​មោះមុត​របស់​ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គម​កម្ពុជា​ ​ក៏ដូចជា​លើកស្ទួយ​សុខភាព​របស់​ប្រជាជន​ខ្មែរ​ផង​ដែរ​។​

    ​សូម​បញ្ជាក់​ថា​ ​ចាប់តាំងពី​បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ ​នៅ​ខែមីនា​ ​ឆ្នាំ2017​ ​ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​បាន​ចូលរួម​ឧបត្ថម្ភ​កម្ម​វិ​ធី​ផ្សេង​ៗ​ជាច្រើន​ ​ដែល​ជា​កម្មវិធី​លើកស្ទួយ​សកម្មភាព​សង្គម​ ​សិល្បៈ​ ​ក៏ដូចជា​វប្បធម៌​ខ្មែរ​ ​ក្នុង​នោះ​មាន​ជាអាទិ៍​ ​មហោស្រព​រូបថត​អង្គរ​ ​(​Angkor​ ​Photo​ ​Festival​)​ ​ពិព័រណ៍​នារី​សម័យថ្មី​ ​(​Ladies​ ​Fair​)​ ​សិល្បៈគំនូរ​ទីក្រុង​កម្ពុជា​ ​(​Cambodian​ ​Urban​ ​Art​)​ ​ពិព័រណ៍​កុមារ​និង​គ្រួសារ​ ​(​Kids​ ​Fair​ ​&​ ​Family​ ​Expo​)​។​ល​។​

    ​បច្ចុប្បន្ន​ ​ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​មាន​សាខា​សរុប​ ​ចំ​នូន​ ​4​ ​ដែល​ ​3​ ​នៅ​ទីក្រុង​ភ្នំពេញ​ ​1 ​នៅ​ខេត្តសៀមរាប​។​ ​នៅក្នុង​ខែកុម្ភៈ​នេះ​ ​ធនាគារ​នឹង​ដាក់​ដំណើរការ​សាខា​ថ្មី​ ​នៅ​ខេត្តបាត់ដំបង​ ​ហើយក៏​នឹង​គ្រោង​បើក​សាខា​មួយទៀត​ ​នៅ​រង្វង់​មូល​ចោមចៅ​ ​នៅមុន​រដូវភ្លៀង​ខាងមុខនេះ​ដែរ​។​ ​ទិសដៅ​របស់​ ​ធនាគារ​ ​ប្រេដ​ ​ប៊ែង​ ​ខេម​បូ​ឌា​ ​គឺ​បើក​សាខា​ឲ្យបាន​ចំនួន​ ​20​ ​និង​ដាក់​ដំណើរការ​ម៉ាស៊ីន​អេ​ធី​អឹម​ឲ្យបាន​ចំនួន​ ​1000​ ​នៅ​ត្រឹម​ដំណាច់​ ​ឆ្នាំ​ ​2020​៕​

    Website: https://www.bredcambodia.com

  • ទស្សនវិស័យ​ម៉ាក្រូសេដ្ឋកិច្ច​ និងវិស័យ​ធនាគារ​ឆ្នាំ2019

    ទស្សនវិស័យ​ម៉ាក្រូសេដ្ឋកិច្ច​ និងវិស័យ​ធនាគារ​ឆ្នាំ2019

    ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា​បាន​បន្ត​រីកចម្រើន និង​មាន​ភាពរឹងមាំ ទោះបី​បាន​ប្រឈម​នឹង​ហានិភ័យ​មួយចំនួន​ក្តី ដែល​កំណើន​សម្រាប់​ឆ្នាំ2018 ត្រូវបាន​ប៉ាន់ប្រមាណ​ថា បាន​កើនឡើង​ក្នុង​អត្រា7.3% ស្ថិតនៅក្នុង​កម្រិត​ខ្ពស់​ក្នុង​រយៈពេល 6ឆ្នាំ​ចុងក្រោយ និង​ខ្ពស់ជាង​អត្រាកំណើន​មធ្យម​នៃ​ប្រទេស​កំពុង​លូតលាស់ និង​ប្រទេស​ក្នុង​តំបន់​ទៀតផង។ នេះ​បើ​យោងសេចក្តី​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ស្តីពី​វឌ្ឍនភាព​ម៉ាក្រូ​សេដ​កិច្ច និង​វិស័យ​ធនាគារ​ឆ្នាំ2018 និង​ទស្សនវិស័យ​ឆ្នាំ2019។

    ទោះបីជា​ប្រឈម​នឹង​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ចិន និង​ឥទ្ធិពល​នៃ​ប្រតិកម្ម​គោលនយោបាយ​រូបិយវត្ថុ​ក្នុងប្រទេស​អភិវឌ្ឍន៍​មួយចំនួន​ក៏ដោយ ក៏​កំណើន​សេដ្ឋកិច្ចពិភពលោក និង​តំបន់​នានា​មាន​ភាពល្អប្រសើរ និង​បានផ្តល់​កាលានុវត្តភាព​ល្អ​ដល់​សេដ្ឋកិច្ចកម្ពុជា។

    សេចក្តីប្រកាស​ខាងលើ​បាន​បង្ហាញថា វិស័យ​កាត់ដេរ សំណង់ និង​ទេសចរណ៍​បន្ត​មាន​កំណើន​ក្នុង​អត្រា 2ខ្ទង់​ក្នុង​បរិយាកាស​អំណោយផល​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក និង​មានការ​គាំទ្រ​ពី​គោលនយោបាយ​សារពើរ​ពន្ធ​វិត្ថារ​កម្ម គោលនយោបាយ​រូបី​យ​វត្ថុនិង​ផ្លែផ្កា និង​វឌ្ឍនភាព​វិស័យ​ធនាគារ និង​វិស័យផ្សេងៗទៀត។

    លំហូរ​ចូល​នៃ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ត​កើនឡើង​ក្នុង​អត្រា​ខ្ពស់12% ជាពិសេស​ទៅលើ​វិស័យ​ធនាគារ អចលនទ្រព្យ និង​កាត់​ដេរ ហើយ​បាន​គាំទ្រ​ជញ្ជីងទូទាត់​ឱ្យមាន​អតិរេក​ប្រមាណ4.5% នៃ​ផលិតផល​ក្នុងស្រុក​សរុប(ផ.ស.ស)។ អតិរេក​ជញ្ជីងទូទាត់​បានរួម​ចំណែក​គរ​ពូន​ទុនបម្រុង​អន្តរជាតិ​ដល់ 10ប៊ី​លាន​ដុល្លារ​អាមេរិក​ដែល​អាច​ធានា​បានការ​នាំចូល​ទំនិញ និង​សេវាកម្ម​សម្រាប់​ឆ្នាំ​បន្ទាប់​បាន​ជាង 5ខែ ដែលជា​កម្រិត​មួយ​ខ្ពស់ បើ​ធៀប​នឹង​កម្រិត​អប្បបរមា​ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន(3ខែ)។

    យោងតាម​ការសិក្សា​រប​ស់​ធនាគារពិភពលោក (WB) ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​បាននិងកំពុង​នាំឱ្យ​មានការ​បំ​ផ្លាស់​ទី​នៃ​ការវិនិយោគ និង​កំណើន​នៃ​ការនាំចេញ​ក្នុង​តំបន់។

    ទន្ទឹមនឹងនេះ ការសិក្សា​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​បានបង្ហាញ​ថា កម្ពុជា​អាច​ទទួលបាន​កំណើន​វិនិយោគ​ក្នុង​វិស័យ​កម្មន្តសាល និង​កសិកម្ម ដោយសារ​កម្ពុជា​អាច​ផលិត និង​នាំចេញ​ទំនិញ​មួយចំនួន​ក្នុង​វិស័យនេះ​ដែល​មិន​ស្ថិតក្នុង​គោលដៅ​ដែល​ត្រូវ​ដំឡើងពន្ធ​ទាំង​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន។

    ជាក់ស្តែង​ការនាំចេញ​របស់​កម្ពុជា​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ជាពិសេស​ផលិតផល​កាត់ដេរ​ត្រូវបាន​ប៉ាន់​ស្មានថា កើនឡើង24.7% ស្រប​ពេលដែល​ការនាំចេញ​ផលិតផល​មួយចំនួន​បាន​កើនឡើង​ក្នុង​អត្រា 2-3ខ្ទង់ ដូចជា​ការនាំចេញ​អង្ករ​កើន23% ទោចក្រយាន​កើន12% និង​គ្រឿងបន្លាស់​យានយន្ត​កើនឡើង 3ដង។

    ថ្វីបើ​ការនាំចេញ​ផលិតផល​កាត់ដេរ​នៅតែ​បន្ត​មាន​ចំណែក​ធំ​ប្រមាណ 2/3នៃ​ការនាំចេញ​សរុប​ក៏ដោយ ក៏​ចំណែក​នេះ​បាន​ថយចុះ​គួរឱ្យកត់សម្គាល់​បើ​ប្រៀបធៀប​នឹង​ប្រមាណ96% កាលពី 10ឆ្នាំមុន។ ចំពោះ​វិស័យ​ទេសចរណ៍​ភ្ញៀវទេសចរ​អន្តរជាតិ​បន្ត​កើនឡើង​ខ្ពស់​ក្នុង​អត្រា11.5%(ដល់6.2លាន​នាក់)ស្រប​ពេលដែល​គោលដៅ​ទេសចរណ៍សំខាន់ៗរបស់​កម្ពុជា​ត្រូវបាន​អភិវឌ្ឍ។

    ស្រប​ពេលដែល​ទំនាក់ទំនង​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាន់តែ​មាន​ភាព​ស៊ីជម្រៅ ស្ថិរភាព និង​ការរីកចម្រើន វិស័យ​ធនាគារ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការសម្រេចបាន​នូវ​វឌ្ឍនភាព​សេដ្ឋកិច្ចកម្ពុជា។ វិស័យ​ធនាគារ​បាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​សេដ្ឋកិច្ច​យ៉ាងរឹងមាំ ដោយបាន​ជំរុញ​ឱ្យ​ភាព​ស៊ីជម្រៅ​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ផ.ស.ស​កើន​ដល់78% ធៀប​នឹង73% នៅ​ឆ្នាំ2018 ហើយ​ទ្រព្យសកម្ម​សរុប​បាន​កើន​ដល់174% នៃ​ផ.ស.ស(កើន20%)។

    ឥណទាន​ចំពោះ​វិស័យ​ឯកជន បាន​កើន​ឡើងដល់102% នៃ​ផសស(កើន20.1%)ដែល​បានធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន។ ជាមួយគ្នានេះ​វិស័យ​ធនាគារ​ក៏បាន​ចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​កាត់បន្ថយ​ភាពក្រីក្រ​ដោយបាន​បង្កើន​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ជា​លំដាប់ ដែល​បច្ចុប្បន្ន 69%នៃ​ប្រជាជន​ពេញវ័យ​បានទទួល​សេវា​ហិរញ្ញវត្ថុ ស្រប​ពេលដែល​ចំណេះដឹង​ពី​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ត្រូវបាន​ពង្រឹង​ជាប្រចាំ។

    ចំពោះ​ទស្សនវិស័យ​សម្រាប់​ឆ្នាំ2019 សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​រំពឹងថា នឹង​បន្ត​មាន​កំណើន​ក្នុង​រង្វង់ 7% ហើយ​អត្រា​អតិផរណា​បន្ត​ស្ថិតក្នុង​កម្រិត​ទាប 2.6% ជាមួយនឹង​ស្ថិរភាព​នៃ​អត្រា​ប្តូរប្រាក់ 4050រៀល​ក្នុង 1ដុល្លារ។ ទុនបម្រុង​អន្តរជាតិ​រំពឹងថា នឹង​បន្ត​កើន​ដល់ 11,3ប៊ី​លាន​ដុល្លារ​អាមេរិក។

    ទោះជា​យ៉ាងណាក្តី ទន្ទឹមនឹង​ការវាយតម្លៃ​ពី​ភាពស្វាហាប់​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា NBCបានបង្ហាញ​ពី​ហានិភ័យ​មួយចំនួន​ផងដែរ ដូចជា​ការឡើង​ថ្លៃ​លុយ​ដុល្លារ​អាមេរិក ការ​ប្រឈម​នឹង​លទ្ធភាព​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ(EBA) និង​ការ​ប្រឈម​នឹង​ការប្រកួតប្រជែង​កាន់តែខ្លាំង​ជាង​មុន ដោយសារ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ក្នុង​តំបន់​មួយចំនួន។

    ក្រៅពី​ហានិភ័យ​ក្រៅប្រទេស កម្ពុជា​នៅ​បន្ត​ប្រឈម​បញ្ហា​មួយចំនួន​ទាក់ទង​នឹង​ថ្លៃដើម​ផលិត​ខ្ពស់ និង​ការកើនឡើង​ល្បឿន​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ ដែល​អាចជា​ហានិភ័យ​សម្រាប់​វិស័យ​ធនាគារ។

    អ្នកជំនាញ​សេដ្ឋកិច្ច ដែល​តាមដាន​សភាពការណ៍​សេដ្ឋកិច្ចកម្ពុជា បានបញ្ជាក់​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា ឆ្នាំ2018 វិស័យ​ធនាគារ​ពិត​ជាមាន​ភាពល្អប្រសើរដោយ​ភាពទៀងទាត់​នៃ​ការលូតលាស់​សេដ្ឋកិច្ច​យើង​ក្នុង​រង្វង់7% តាម​ដែល​យើង​មើលឃើញ​ពី​ការរីកចម្រើន​នៃ​វិស័យនេះ​វា​លឿន​ជាង​ការ​ទស្សន៍ទាយ។

    បើតាម​ការប្រមើលមើល​ក្នុង​វិស័យនេះ នៅ​ឆ្នាំ2019 កំណើនសេដ្ឋកិច្ច​ក៏ត្រូវ​បាន​រំពឹងថា នឹង​ស្ថិតនៅក្នុង​រង្វង់7%បន្តទៀត ទោះបី​មិនទាន់​ជាក់លាក់ ក៏​អង្គការ​អន្តរជាតិ​ខាង​ហិរញ្ញវត្ថុ មានដូចជា IMF និង​ADB ជាដើម​ក៏បាន​ព្យាករ​ដែរ​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​ស្ថិតក្នុង​រង្វង់7%។ តែ​ការលូតលាស់​នេះ​ស្ថិតក្នុង​ភាពផុយស្រួយ បើទោះបីជា​មានការ​លូតលាស់​ជាង​ប្រទេសជិតខាង ដែល​បានត្រឹមតែ3-5%ប៉ុណ្ណោះ​ក្ដី។

    លោក យក់ ចំរើន​ឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ហ្វ័​រ​តេ​បាន​មានប្រសាសន៍ថា៖ “ភាពផុយស្រួយ នេះ​គឺ​ចង់​និយាយថា ដោយសារ​យើង​ពឹងផ្អែក​ទៅលើ​ឧ​ស្សហកម្ម​ដែល​មិនមាន​ជំនាញ​ច្បាស់លាស់។ គឺ​ឧស្សាហកម្ម​អាច​បំ​ផ្លាស់​ទី​លឿន មាន​រោងចក្រ​កាត់ដេរ​ជាដើម។​ តែ​រដ្ឋាភិបាល​បាន​ខិតខំ​កៀងគរ​អ្នកវិនិយោគ​ឱ្យមក​វិនិយោគ​ទៅលើ​វិស័យថ្មីៗដែល​អាចឱ្យ​កម្មករ-ពលករ​របស់​យើង​មាន​ជំនាញ​ខ្ពស់ ដូចជា​រោងចក្រ​ដំឡើង​យានយន្ត រោងចក្រ​ផលិត​គ្រឿងបន្លាស់​យានយន្ត ជាដើម”។

    លោក យក់ ចំរើន​ឫទ្ធិ​ បាន​បញ្ជាក់ដែរថា ក៏ដូចជា​ស្រដៀង​គ្នា​ដែរ​ដែល​យើង​មើលឃើញ​វិស័យ​សំណង់ អចលនទ្រព្យ តែងមាន​ការបារម្ភ​ថា វិស័យនេះ​អាចជា​ហានិភ័យ​មួយ ព្រោះ​ការរីកចម្រើន​របស់​វា​ក៏មាន​ភាពផុយស្រួយ​ដែរ ពេលណា​ដែល​វា​បំពេញ​គ្រប់​តម្រូវការ​របស់​វា ឬ​មាន​អ្វីមួយ​មក​ខ្ទាស់ នោះ​វា​អាច​នឹងមាន​បញ្ហាព្រោះ​ហិរញ្ញវត្ថុ​ដែល​វិនិយោគ​ត្រូវបាន​ចាក់​បំពេញ​ក្នុងការ​សាងសង់ ហើយ​វា​មិនអាច​បំប្លែង​ទៅ​ផលិត​ជា​អ្វី​ផ្សេងទៀត​បានឡើយ។ ប៉ុន្តែ​នេះ​គ្រាន់​ជា​ក្តីបារម្ភ​ទៅលើ​វិស័យ​សំណង់ អចលនទ្រព្យ តែ​វិស័យនេះ​កន្លងមក​មិនទាន់មាន​អ្វី​ជា​បញ្ហា​នោះទេ៕

  • លោកឧកញ៉ា ចេង ខេង បង្ហាញពីយុទ្ធសាស្រ្ត​ធ្វើការជាមួយធនាគារឱ្យជោគជ័យ

    លោកឧកញ៉ា ចេង ខេង បង្ហាញពីយុទ្ធសាស្រ្ត​ធ្វើការជាមួយធនាគារឱ្យជោគជ័យ

    ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​កម្ពុជា ស៊ី​ភី​អិ​ល (CPL) បាន​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​ជា​ដៃគូ​សហប្រតិបត្តិការ​ដោយមាន​លោក​ឧកញ៉ា ចេង ខេង ជា​អគ្គនាយក និង​លោក Ha Trong Khiem អគ្គនាយករង MB Bank ជា​តំណាង​ហត្ថលេខី​នៃ​ភាគី​ទាំង2 ដែល​កិច្ចព្រមព្រៀង​នេះ​នឹង​បង្កើន​ការលក់​សេវា​អចលនទ្រព្យ​របស់ អេ​ម​ប៊ី តាមរយៈ​ស៊ី​ភី​អិ​ល ក្រោយពី​បានធ្វើ​កិច្ចការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា​ជាច្រើន​ឆ្នាំកន្លងមក។

    ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​កម្ពុជា ស៊ី​ភី​អិ​ល CPLបាន​មានប្រសាសន៍ថា នេះ​ជាការ​ចុះហត្ថលេខា​រវាង​ស៊ី​ភី​អិ​ល (CPL) ជាមួយ​ធនាគារ​អេ​ម​ប៊ី​ជា​លក្ខណៈ​ដៃគូ​មួយ​បានន័យថា គាត់​ប្រើ​សេវាកម្ម​ផ្តាច់មុខ​ជាមួយ​ស៊ី​ភី​អិ​ល​លើ“សេវាកម្ម​វាយតម្លៃ” ព្រោះ​ស៊ី​ភី​អិ​លអាច​ផ្តល់​សេវា​ដែល​គាត់​ចង់បាន ដែល​គាត់​ពេញចិត្ត លឿន​ទាន់​ចិត្ត​ដែល​យើង​ព្យាយាម​ធ្វើ​កិច្ចការងារ​នេះ​ទាំងថ្ងៃទាំងយប់ និងបានសម្រេច​ផល​ក្នុង​មោទនភាព។

    លោក Trinh DucCuong នាយក​ប្រតិបត្តិ​របស់​ធនាគារ MB បាន​មានប្រសាសន៍ថា ការលើកកម្ពស់​អភិវឌ្ឍន៍​លើ​ការវាយតម្លៃ​អចលនទ្រព្យ គឺជា​មធ្យោបាយ​ជំរុញឱ្យមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ភាគី​ទាំង2។ ភាពជា​ដៃគូ​របស់​យើង​ត្រូវបាន​ពង្រីក​ដល់​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​គុណសម្បត្តិ​ក្នុង​គោលបំណង​បង្កើន​ការប្រកួតប្រជែង។

    លោក​ឧកញ៉ា ចេង ខេង បាន​បន្ថែមថា ជា​កិត្តិយស​របស់ CPLដែល MB បានជ្រើសរើស​ធ្វើជា​ដៃគូ​ក្នុង​ការធ្វើ​ជំនួញ​ជាមួយគ្នា។ ក្នុងនាម​ជា​អគ្គនាយក ខ្ញុំ​ប្តេជ្ញាចិត្ត​ថា​នឹង​បម្រើសេវា​កម្ម​ឱ្យ​ល្អ​តាម​ដែល​អាច​ធ្វើបាន តាម​តម្លៃ​ការងារ​របស់​យើង​ជូន​ដល់​អតិថិជន​មុននឹង​ទទួលបាន​អត្ថប្រយោជន៍​ផ្ទាល់ខ្លួន។ លោក​ថា “នេះ​ជាការ​ប្តេជ្ញាចិត្ត​កន្លងមក​នូវ​អ្វីដែល​យើង​បានធ្វើ​ដោយ​ទទួលបាន​ជោគជ័យ រហូតដល់​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​ជាតិ គឺ​ពានរង្វាន់​ប្រចាំឆ្នាំ2018 ដែល​នេះ​គឺ​មិនមែនជា​រឿង​ងាយស្រួល​នោះទេ គឺ​ដោយសារ​យើង​ខំប្រឹងប្រែង យើង​ខំ​សព្វគ្រប់​បែបយ៉ាង​លើ​បញ្ហា​ប្រឈម​របស់​អតិថិជន​ទើប​យើង​មាន​ដូច​សព្វថ្ងៃ”។

    លោក​បញ្ជាក់ថា ការចុះហត្ថលេខា​នេះ គឺ​យើង​ធ្វើការ​តែ​លើ​សេវា​វាយតម្លៃ​ទេ ព្រោះ​ធនាគារ​ភាគច្រើន​មុននឹង​ផ្ដល់​កម្ចី​ជូន​អតិថិជន គឺ​គាត់​ត្រូវការ​ក្រុមហ៊ុន​មួយ​ដែលមាន​សមត្ថភាព​លើ​កិច្ចការងារ​ដែល​គាត់​ដាក់​មកឱ្យ​ដោយ​មិន​លម្អៀង មិន​ពុករលួយ។ គឺ​រឿង​នេះហើយ​ដែល​យើង​ត្រូវ​ប្រឹងប្រែង​ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​បម្រើការ​លើ​សេវាកម្ម​ដីធ្លី​នេះ។ យើង​ចង់​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដទៃទៀត​ដែល​បម្រើ​សេវាកម្ម​ដីធ្លី គឺ​ដាច់ខាត​ត្រូវតែ​ប្រឹង​ប្រឺ​ង​ធ្វើការ​ងារ​ដោយ​តម្លាភាព ឱ្យ​អតិថិជន​មាន​ទំនុកចិត្ត​ដូច CPL បាន​អនុវត្ត​កន្លងមក និង​រហូតមកទល់​ស​ព្វ​ថ្ងៃជា​សក្ខីភាព​ស្រាប់។

    លោក Ha Trong Khiem និងលោកឧកញ៉ា ចេង ខេង ក្នុងកម្មវិធីចុះហត្ថលេខាមួយ

    លោក​ឧកញ៉ា​បានឱ្យដឹងថា មិន​ត្រឹមតែ​ធនាគារ MB នោះទេ​ដែល CPL បាន​សហការ​ជាមួយ ជារួម​ក្រុមហ៊ុន​យើង​សហការ​ជាមួយ​ធនាគារ​ជាច្រើន​នៅ​កម្ពុជា​គឺមាន​ធនាគារ​សឹងតែ 90%ដែល​ប្រើប្រាស់ CPL ក្នុងការ​វាយតម្លៃ​អចលនវត្ថុ​មុននឹង​ផ្ដល់​កម្ចី​ហើយ​ក្នុងចំណោម​ធនាគារ​ទាំងអស់ ក៏មាន​ធនាគារមួយចំនួន​បាន​ផ្តាច់មុខ​ឱ្យ​ក្រុមហ៊ុន CPL ដែរ គ្រាន់តែ​យើង​មិនទាន់​បានធ្វើ​ពិធី​ចុះហត្ថលេខា​បង្ហាញ​ជា​សាធារណៈ។

    ជាមួយគ្នានេះដែរ ក្រុមការងារ​បច្ចេកទេស​ក៏បាន​បង្ហាញ​ពី​បច្ចេកវិទ្យា​ដែល​សហការី​របស់ CPL ធ្វើការ​បាន​យ៉ាង​ឆាប់រហ័ស​ក្នុងការ​ស្វែងរក​ទីតាំង​ដី ទំហំ និង​តម្លៃ​តាមរយៈ​ស្មា​ត​ហ្វូ​ន(មិនមែន​តាមរយៈ​Google)មិន​ដល់​រយៈពេល 1នាទី​ផង។

    សូមបញ្ជាក់ថា យោងតាម​ការវាយតម្លៃ គេ​មើលឃើញថា ក្រុមហ៊ុន CPL អាច​ទទួល​ការងារ​បានតែ​ត្រឹម 200 ទៅ300ករណី​ប៉ុណ្ណោះ​ក្នុង1ខែ តែដោយសារ​តែ​ការបង្កើន​សមត្ថភាព គេ​ឃើញ​មានការ​កើនឡើង​ខ្លាំង​មែនទែន ពីព្រោះ CPLមាន​បច្ចេកវិទ្យា​ជួយ និង​ក្រុមការងារ​ជួយ ទើប​អាច​កើនឡើង​ពី300 ទៅ3000ករណី។ ឃើញថា​មាន​លក្ខណៈ​មួយ​ខុសប្លែកគ្នា​មែនទែន និង​សង្ឃឹមថា នៅ​ឆ្នាំ2019ខាងមុខ​យើង​នឹង​អាចមាន​សមត្ថភាព​សម្រេច​បាន 6000ករណី​ក្នុង1ខែ ទៅតាម​ផែនការ​ដែល​យើង​ចង់បាន។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ឧកញ៉ា​ចេង​ខេង។

    ចំពោះ​ភាគលាភ វា​គឺជា​អ្វីដែល​យើង​ចង់បានព្រោះ​ជា​តម្រូវការ​របស់​ក្រុមហ៊ុន។ នេះ​ជាការ​បញ្ជាក់ប្រាប់​ចំពោះ​អ្នកសារព័ត៌មាន​របស់​លោក​ឧកញ៉ា​ចេង ខេង។ លោក​មានប្រសាសន៍ថា និយាយ​ទៅ តម្រូវការ​មាន​ច្រើន យើង​ដឹងថា ធនាគារ​មាន​ច្រើន។ បើតាម​ការ​គន់គូរ បើ​សាខានីមួយៗមាន​ពី3ទៅ4 ក្នុង1ខែ ក៏​យើង​ទទួលបាន​រាប់រយ​រាប់ពាន់​គម្រោង​ដែរ។ ក្នុងនាម​យើង​ជា​អ្នកបម្រើ​អតិថិជន យើង​ត្រូវ​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​រង់ចាំ​ឱកាស​មកដល់។ ចៀសវាង​នៅពេលដែល​ឱកាស​មកដល់​ហើយ តែ​យើង​បែរជា​មិនអាច​ចាប់យក​ឱកាស​នោះបាន ធ្វើឱ្យ​យើង​បាត់បង់​ឱកាស​ដ៏​ល្អ។ ដូច្នេះ​យើង​ត្រូវតែ​ផ្ចង់ស្មារតី និង​កសាង​សមត្ថភាព​ក្រុម​របស់​យើង​ឱ្យ​ខ្លាំង នៅពេល​ឱកាស​មកដល់ យើង​អាច​ចាប់យក​បាន​ដោយ​មិន​បាត់បង់។

    លោក​ឧកញ៉ា​ក៏បាន​បញ្ជាក់ទៀតថា លើ​ការវាយតម្លៃ​នេះ CPL បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ជួយ ធ្វើឱ្យ​ការងារ​ដំណើរការបាន​លឿន​រហ័ស និង​ធ្វើបាន​ច្រើន​ដល់​ទៅ 3,000ករណី​ក្នុង1ខែ ដែល​ប្រព័ន្ធ​នេះ​យើង​បាន​ប្រើ​យូរ​មកហើយ។ យើង​មាន(ដេ​តា)ច្រើន​នៅក្នុង​ប្រព័ន្ធ(System)យើង​មិនមែន​ទើប​តែមាន​ថ្ងៃនេះ​ទេ គឺ​យើង​កសាង និង​បានធ្វើ 20ឆ្នាំ​មកហើយ និង​មិន​នឹកស្មានថា យើង​មាន​សមត្ថភាព​អាច​ធ្វើបាន​បែបនេះ​ផង។ នេះ​ជា​មោទនភាព​របស់​យើង ហើយ​អតិថិជន​យើង​ក៏មាន​មោទនភាព​លើ​កិច្ច​ការដែល​យើង​អាច​សម្រេច​បានដែរ។ នេះ​ជាការ​ខិតខំ និង​ការផ្តល់​តម្លៃ​ដែល​ក្រុមហ៊ុន​យើង​ខំប្រឹងប្រែង​មកទល់​សព្វថ្ងៃនេះ។

    ទាំងអស់នេះ​គឺ​ដោយសារ​តែមាន​ធនាគារ​ច្រើនណាស់ ពេល​អតិថិជន​មករក​គាត់ ហើយ​គាត់​មិន​ចង់​បាត់​អតិថិជន ទើប​យើង​មានកម្ម​វិធី​នេះ​ដើម្បី​ជួយ​គាត់។ ឯ​ការបង្ហាញ​ទិន្នន័យ គឺ​មិន​ដល់​មួយ​នាទី​ទេយើង​អាច​ផ្តល់ព័ត៌មាន​លម្អិត​ជូន​អតិថិជន​នៅពេលនោះ​តែម្តង។ នេះ​ជាការ​ទប់ស្កាត់​អតិថិជន​មិនឱ្យ​ចាកចេញ ហើយ​ធនាគារ​អាច​នឹង​យក​ទិន្នន័យ​នេះ​ទៅ​សម្រេច​ផ្ដល់​កម្ចី​ជូន​អតិថិជន​បាន​ភា្លមៗតែម្ដង។

    ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​យើង​គិត​ហើយ គិត​ទៀត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​អតិថិជន​មាន​ទំនុកចិត្ត និង​ដោយសារ​យើង​មាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ទើប​យើង​អាចធ្វើ​កិច្ចការងារ​នេះ​បាន។ វា​ជាការ​ព្រួយបារម្ភ​ដែរ​នៅពេលដែល​យើង​មិនអាច​បម្រើសេវា​កម្ម​ជូន​អតិថិជន​បាន តែបើ​យើង​គិត​មកដល់​បច្ចុប្បន្ន​គឺ​យើង​ធ្វើបាន មិន​ទាំង​ដល់ 1នាទី​ផង យើង​អាច​ដឹង និង​អាច​ផ្តល់​កម្ចី​ជូន​អតិថិជន​ដោយ​មិនមាន​ហានិភ័យ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧកញ៉ា។

    លោក​ឧកញ៉ា​បាន​អះអាង​ទៀតថា អ្វីដែល​យើង​ធ្វើ គឺ​យើង​មាន​វិជ្ជាជីវៈ​របស់​យើង ធនាគារ​គាត់​មិន​ចង់បាន​ហានិភ័យ​នៅពេល​ផ្តល់​កម្ចី គាត់​ផ្តល់​កម្ចី​ដោយ​ទទួល​ការប្រាក់7 ឬ 9ភាគរយ​យ៉ាងច្រើន ហើយ​គាត់​ចំណាយ​លើ​កិច្ចប្រតិបត្តិការ​រាប់ពាន់​កម្ចី បើ​ខូច​មួយ គឺ​ខាតបង់​រាប់លាន​ដុល្លារ។ ធនាគារ​គាត់​ត្រូវការ​ដៃគូ​សហការ​ដែល​យល់​ពិធីសារ​ច្បាស់លាស់មាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ទើប​គាត់​ជ្រើស​រើសយក​ធ្វើជា​ដៃគូ ដូច្នេះហើយ​ការចុះហត្ថលេខា​ទទួលយក​ការបម្រើ​សេវាកម្ម​ផ្តាច់មុខ មិនមែនជា​រឿង​ធម្មតា​ទេ។

    លោក​ឧកញ៉ា ចេង ខេង បានបញ្ជាក់​ដោយ​មោទនភាព​ថា CPL ត្រូវបាន​ចាត់ទុកជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​កម្ពុជា តាមរយៈ​ពានរង្វាន់​ប្រចាំឆ្នាំ2018 ដែល​ពីមុនមក​ក្រុមហ៊ុន​ដីធ្លី និង​អចលនទ្រព្យ​ទាំងអស់​តែង​ចាត់ទុកថា​ខ្លួនឯង​ជា​អ្នក​លេខ1នៅពេល​ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ តែ​ឥឡូវ​គាត់​លែង​ហ៊ាន​ហើយ ព្រោះ​ពានរង្វាន់​នេះ​មានការវាយតម្លៃ​ដោយ​ចៅក្រម​ដែលមាន​ជំនាញ​លើ​វិស័យ​ដីធ្លី ផ្តល់ឱ្យ​យើង​មាន​កិត្តិយស។ ពីមុន យើង​អៀនខ្លួនឯង​នៅពេល​ថា​យើង​ជា​ក្រុមហ៊ុន​លេខ1 តែ​ពេលនេះ​យើង​អាច​និយាយ​យ៉ាង​ពេញមុខ ពេញមាត់ និងក្នុង​មោទនភាព ព្រោះ​យើង​មាន​ភស្តុតាង និង​មានការ​វាយតម្លៃ​ដោយ​ចៅក្រម​ដែលមាន​បទពិសោធ។

    ទោះជា​យ៉ាងណា លោក​ឧកញ៉ា ចេង ខេង បាន​ថ្លែង​មុន​ពី​ធី​ចុះហត្ថលេខា អំពី​ការប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ដែល​ធ្វើឱ្យ​លោក​ជោគជ័យ​ក្នុង​មុខ​ជំនួញ​អចលនទ្រព្យ​ជាង 20ឆ្នាំ​កន្លងមកនេះ។ លោក​គ្មាន​ចេះដឹង​អ្វី​ទាំងអស់​នៅពេល​ចាប់ផ្តើម​រកស៊ី​នៅក្នុង​វិស័យ​ដីធ្លី​នេះ គឺ​លោក​រៀន​បណ្តើរ ធ្វើការ​បណ្តើរ រៀន​ពី​កំហុស​មួយ ទៅ​កំហុស​មួយ ពី​អតិថិជន​ម្នាក់ ទៅ​អតិថិជន​ម្នាក់ រហូតដល់​ទទួលបាន​បទពិសោធ​ដែល​អាចបង្កើត​គោលការណ៍ និង​ដាក់ចេញ​ជា​រូបមន្ត​មួយចំនួន ដូចជា​ធ្វើ​ការងារ​ដោយ​ក្តី​ស្រឡាញ់​ពេញចិត្ត​លើ​កិច្ចការងារ​នេះ ជាពិសេស​គឺ​ធ្វើការ​ដោយ​បេះដូង។

    លោក​ក៏បាន​ថ្លែង​ទៀតថា ដើម្បី​បង្កើត​គោលដៅ​ឱ្យសម្រេចបាន​ជោគជ័យ យើង​ត្រូវបង្កើត​ផែនការ​ឱ្យបាន​ច្បាស់លាស់។ មុននឹង​បង្ហាញ​ព័ត៌មាន ត្រូវ​សិក្សា​ពី​ទីតាំង​ឱ្យ​លម្អិត។ បើ​ចង់បាន​លុយ​យើង​ត្រូវដាក់​ផែនការ​ជាក់លាក់ និង​ត្រូវមាន​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន។ យើង​ត្រូវ​គិតពី​គុណភាព​នៃ​ការបម្រើ​សេវាកម្ម និង​ប្រសិទ្ធភាព​ការងារ​របស់​យើង កុំ​មើលឃើញ​លុយ​ជាធំ​ពេក។ យើង​ត្រូវ​រៀន​ពី​កំហុស​ខ្លួន​យើង ហើយ​ចេះ​ទទួលយក​ការរិះគន់​ពី​អតិថិជន ដើម្បី​កែសម្រួល ច្នៃប្រឌិត ទើប​យើង​ទទួលបាន​ជោគជ័យ​ក្នុង​អាជីវកម្ម៕

  • ADB ៖ សេដ្ឋកិច្ចកម្ពុជាអាចសម្រេចបាន6.9ភាគរយក្នុងឆ្នាំ2018

    ADB ៖ សេដ្ឋកិច្ចកម្ពុជាអាចសម្រេចបាន6.9ភាគរយក្នុងឆ្នាំ2018

    ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនត្រឹម6.9ភាគរយនៅឆ្នាំ2018ខាងមុខនេះជាការព្យាករមួយមានភាពស្រដៀងគ្នានឹងការព្យាកររបស់ធនាគារពិភពលោក និងមូលនិធិរូបិយប័ណ្ណអន្តរជាតិដែរ។

    ថ្លែងនៅក្នុងជំនួបជាមួយឯកឧត្តមសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះ លោក ក្សាត្រាប៉ាទី ស៊ីវ៉ាជី (Kshratrapati Shivaji) នាយកប្រតិបត្តិនៃធនាគាADBបានថ្លែងលើកឡើងថា សេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសស្ថានភាពការរីកចម្រើននៃសេដ្ឋកិច្ចដែលសម្រេចបានកំណើនក្នុងរង្វង់7ភាគរយក្នុងរយៈពេល2ទស្សវត្សរ៍មកនេះក្នុងនោះបើតាមការព្យាករកំណើនសេដ្ឋកិច្ចនៅកម្ពុជានឹងអាចសម្រេ​ចបានប្រមាណ6.9ភាគរយនៅក្នុងឆ្នាំ2018ផងដែរ នេះគឺជាចក្ខុវិស័យចំពោះអនាគតកម្ពុជាដែលនៅតែសម្រេចបានមានលក្ខណៈវិជ្ជមាន។

    លោកបានលើកឡើងទៀតថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងរក្សាកំ​ណើនសេដ្ឋកិច្ចរយៈពេលវែងប្រកបដោយចីរភាពក្នុងរង្វង់7ភាគរយក្នុងមួយឆ្នាំៗ និងបានកាត់បន្ថយភាពក្រីក្របានលើស1ភាគរយក្នុងមួយឆ្នាំផងដែរ។ ការបន្តសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់បែបនេះនឹងធ្វើឲ្យចំណូលជាតិសរុបសម្រាប់ប្រជាជនម្នាក់ៗកើនឡើងដល់1,434ដុល្លារអាមេរិកនៅក្នុងឆ្នាំ2017 និងអាចរក្សាបានអតិផរណាជាមធ្យមប្រចាំឆ្នាំស្ថិតក្នុងរង្វង់3.5ភាគរយក្នុងមួយឆ្នាំ៕