មនុស្ស​ជាង​ពីរពាន់​លាន​នាក់​នឹង​រស់នៅ​​ក្នុង​កម្ដៅ​ដ៏​គ្រោះថ្នាក់​​របស់​ផែនដី​ ចាប់ពី​ឆ្នាំ 2100

កម្ដៅ​ផ្ទៃផែនដី​កំពុងស្ថិត​ក្នុង​កំណើន 2.7 អង្សា​សេ ធៀប​នឹងដំណាក់​កាល​ដំបូង​នៃ​វិស័យ​ឧស្សាហកម្ម នៅ​ឆ្នាំ 2100 ដែល​ប្រការនេះ​នឹង​រុញច្រាន​មនុស្ស​ជាង​ពីរពាន់​លាន​នាក់ (ប្រហែល 22% នៃ​ប្រជាជន​សរុប​ក្នុង​ពិភព​លោក) ឱ្យ​ចេញពី​តំបន់​អាកាសធាតុ​ស្រួល​រស់នៅ។

យោងតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Sustainability ក្រុម​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា បណ្ដា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​ដែល​ត្រូវ​ប្រឈម​នឹង​កម្ដៅ​ដ៏​គ្រោះថ្នាក់ គឺ ឥណ្ឌា (600 លាន​នាក់), នី​ហ្សេ​រី​យ៉ា (300 លាន​នាក់), ឥណ្ឌូណេស៊ី (100 លាន​នាក់), ហ្វ៊ី​លី​ពី​ន និង​ប៉ា​គី​ស្ថាន (80 លាន​នាក់​ដូច្នេះ)។ នេះ​បើតាម AFP ចុះផ្សាយ​កាលពី​ថ្ងៃទី 22 ឧសភា 2023។

ការកាត់បន្ថយ​ការកើនឡើង​កម្ដៅ​ទូទាំង​ពិភពលោក​នៅក្នុង​កម្រិត 1.5 អង្សា​សេ ទៅតាម​គោលដៅ​របស់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ 2015 នឹង​ជួយ​បន្ថយ​ចំនួន​មនុស្ស​ដែល​ជួប​គ្រោះថ្នាក់​ដោយសារ​កម្ដៅ​ព្រះអាទិត្យ ចុះមក​នៅ 500 លាន​នាក់ ដែល​ស្មើនឹង 5% នៃ​ចំនួន​ប្រជាជន​សរុប​ប្រមាណ 9.5 ពាន់​លាន​នាក់​របស់​ពិភពលោក នៅក្នុង​រយៈពេល​ពី 6 ទៅ 7 ទសវត្សរ៍​ខាងមុខ។

មកដល់​បច្ចុប្បន្ន ការឡើង​កម្ដៅ​ក្រោម 1.2 អង្សា​សេ ក៏បាន​បង្កើន​កម្រិត ឬ​ពេលវេលា​របស់​រដូវ​រល​កក​ម្ដៅ គ្រោះរាំងស្ងួត និង​ករណី​ឆេះ​ព្រៃ។ 8 ឆ្នាំ​កន្លង គឺជា​ពេលវេលា​ដែល​ផែនដី​រង​កម្ដៅ​ខ្ពស់បំផុត​ដែល​មនុស្ស​ធ្លាប់បាន​កត់ត្រា។

កម្ដៅ​ដែល​បង្ក​គ្រោះថ្នាក់​ទៅតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​នេះ នោះ​គឺ​នៅពេល​សីតុណ្ហភាព​មធ្យម​ប្រចាំឆ្នាំ (MAT) ឡើងដល់ 29 អង្សា​សេ។

យោងតាម​ធនាគារពិភពលោក ប្រទេស​ឥណ្ឌា​បំ​ភាយ​ឧស្ម័ន CO2 (ឧស្ម័ន​ដែល​ធ្វើ​ឱ្យ​បរិយាកាស​ផែនដី​ឡើង​កម្ដៅ) ជា​មធ្យម​ប្រហែល​ពីរ​តោន/ម្នាក់/ឆ្នាំ, នី​ហ្សេ​រី​យ៉ា​បំ​ភាយ​ប្រហែល​កន្លះ​តោន ខណៈដែល​សហភាព​អឺរ៉ុប​ជិត 7 តោន និង​សហរដ្ឋ​អាម៉េរិក 15 តោន។

ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ​ក៏​ព្រមាន​ថា លទ្ធភាព​ដែល​សីតុណ្ហភាព​ផ្ទៃផែនដី​កើន​បន្ថែម​លើសពី 2.7 អង្សា​សេ គឺអាច​កើតឡើង។ បើសិនជា​សកម្មភាព​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​អាច​នាំឱ្យ «ធ្លុះធ្លាយ» ឃ្លាំង​ធម្មជាតិ​​ផ្ទុក​កាបូន​ មាន​ជាអាទិ៍ ស្រទាប់ Permafrost (ស្រទាប់ដី​ស្ថិតនៅត្រង់ ឬ​ក្រោម​តំបន់​ទឹក​កដែល​កក​​រយៈពេល​ចាប់ពី​ពីរ​ឆ្នាំ​ឡើងទៅ) ឬ​ធ្វើឱ្យ​បរិយាកាស​ផែនដី​ក្ដៅ​ជាង​ការរំពឹងទុក នោះ​សីតុណ្ហភាព​​ពិភព​លោក​អាច​កើន​​បន្ថែម​ជិត​ 4 អង្សា​សេ បើ​ធៀប​នឹង​កម្ដៅ​នៅ​ពាក់កណ្ដាល​សតវត្សរ៍​ទី 19៕

Advertisement