Tag: ទូរស័ព្ទ

  • មានគភ៌ដោយមិនមានកើតអាការនៃការមានគភ៌

    មានគភ៌ដោយមិនមានកើតអាការនៃការមានគភ៌

    សំណួរ ៈ ខ្ញុំចាប់ផ្ដើមតាំងគភ៌ តែគ្មានកើតអាការរបស់ការតាំងគភ៌សោះ ទើបខ្ញុំមានអារម្មណ៍នឹកកង្វល់ថា តើវាប្រក្រតីដែរទេ? ឬក៏មានន័យថា ខ្ញុំអាចនឹងកំពុងរលូត?

    ចម្លើយ ៈ នៅពេលអ្នកនឹកដល់ការតាំងគភ៌ អ្នកច្រើនតែបានឮរឿងពាក់ព័ន្ធនឹងអាការក្នុងអំឡុងត្រីមាសដំបូង ដូចជា ចាញ់កូននៅពេលព្រឹក ឈឺក្រហាយក្នុងទ្រូង អស់កម្លាំងល្វើយ និងឈឺណែនសុដន ជាដើម។ អ្នកអាចនឹងនឹកឃើញរូបភាពខ្លួនឯងដែលកំពុងក្អួតចង្អោរនៅក្នុងបន្ទប់ទឹកក្នុងអំឡុងខែដំបូង តែទោះជាស្រ្តីអាចមានអាការនៃការមានគភ៌មួយចំនួនមែន តែក៏មានអ្នកខ្លះអាចមិនដែលមានអាការអ្វីប្លែកពេញមួយរយៈពេលមានគភ៌សោះក៏មានដែរ ហើយនេះគឺជារឿងប្រក្រតីសម្រាប់មនុស្សក្រុមនេះ។

    តើពេលណាទើបចាប់ផ្ដើមកើតមានអាការនៃការតាំងគភ៌?

    អាការភាគច្រើន ជាពិសេសក្អួតចង្អោរ ហើមពោះ ឬឈឺខ្នង ច្រើនតែមិនបានចាប់ផ្ដើមកើតតាំងពីថ្ងៃដំបូងក្នុងអំឡុងសប្ដាហ៍ដំបូងៗនៃការតាំងគភ៌នោះទេ។ ក្រោយពីការពិនិត្យការតាំងគភ៌ទទួលបានផលវិជ្ជមាន ច្រើនតែមិនមានអាការអ្វីប្លែកទេ រហូតទាល់តែឈានចូលដល់សប្ដាហ៍ទី6 ឬទី7 នៃការតាំងគភ៌។

    ស្រ្តីមានគភ៌ម្នាក់ដែលជាមិត្តភក្តិរបស់ស្មេរ បានរៀបរាប់ថា “ខ្ញុំគិតថា ខ្លួនឯងនឹងចាប់ផ្ដើមមានអាការរបស់ការតាំងគភ៌តាំងពីដំបូងតែម្ដង ដោយសារខ្ញុំពិនិត្យគភ៌ទទួលបានលទ្ធផលវិជ្ជមាន(មានបុត្រ)​ និងដឹងថា ជីវិតចាប់ពីពេលនេះទៅនឹងផ្លាស់ប្ដូរខុសពីមុនស្រឡះមិនខាន…ហើយខ្ញុំគិតថា ខ្ញុំគួរតែមានអារម្មណ៍ដឹងថា វានឹងមានការប្រែប្រួលអ្វីខ្លះកើតឡើងជាមួយរាងកាយរបស់ខ្ញុំ?…តែនេះ អត់មានសោះ! វាធ្វើឱ្យស្ទើរតែឆ្កួតតែម្ដង។ ខ្ញុំសរសេរចម្ងល់របស់ខ្ញុំផ្ញើទៅមន្ទីរសម្ភព គេប្រាប់ថា គេនឹងមកពិនិត្យមើលខ្ញុំ តែបន្ទាប់ពីនោះមក សុខៗ ពេលខ្ញុំភ្ញាក់ឡើងនៅពេលព្រឹកថ្ងៃមួយ ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងពោះយ៉ាងខ្លាំង ពេលនោះខ្ញុំតាំងគភ៌បានជិត 8សប្ដាហ៍ ហើយបន្ទាប់ពីនោះ ខ្ញុំមិនដែលមានសេចក្ដីសុខជាមួយការក្អួតចង្អោរខ្លាំងដល់ថ្នាក់នេះពីមុនមកសោះក្នុងមួយជីវិតនេះ(អាការចាញ់កូនចាប់ផ្ដើម)”។

    ជួនកាល វាគ្រាន់តែជាការព្យាយាមរកការអធិប្បាយណាមួយពាក់ព័ន្ធនឹងអាការខាងរាងកាយដែលកំពុងកើតឡើង ដូចជាមានស្រ្តីមួយចំនួនដែលកើតអាការរបស់ការតាំងគភ៌ តែបែរជាគិតថា បណ្ដាលមកពីហេតុផលផ្សេងៗ ដូចជាអាការមុនពេលមានវដ្ដរដូវ ឬកើតគ្រុនផ្ដាសាយធំទៅវិញ តែការអធិប្បាយពីអាការរបស់ការតាំងគភ៌ដោយអាការផ្សេងៗនោះ គឺជារឿងដែលប្រក្រតី និងអាចធ្វើឱ្យកើតក្ដីកង្វល់បាន។

    ស្រ្តីមានគភ៌ម្នាក់ទៀតបាននិយាយថា “ខ្ញុំមានអារម្មណ៍នឿយល្វើយខ្លាំងណាស់ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងមិនបានធ្វើការងារធ្ងន់ជាងប្រក្រតីទេ តែបែរជាមានអារម្មណ៍ថា ងងុយគេងខ្លាំងជាងប្រក្រតី។ ពេលខ្ញុំសួរគ្រូពេទ្យពាក់ព័ន្ធនឹងការដែលខ្ញុំគ្មានកើតអាការរបស់ការតាំងគភ៌សោះ ហើយយើងចាប់ផ្ដើមជជែកគ្នាអំពីអាការផ្សេងៗដែលខ្ញុំកើតមាននោះ ពេទ្យប្រាប់ថា ស្រ្តីមានគភ៌ម្នាក់ៗតែងមានអាការខុសប្លែកពីគ្នា និងមិនចាំបាច់ទៅកង្វល់ច្រើនឡើយ បើខ្ញុំគ្មានកើតអាការអ្វីសោះនោះ”

    តើអ្នកគួរធ្វើយ៉ាងណា បើសិននៅតែមានអារម្មណ៍កង្វល់?

    អ្នកមិនចាំបាច់ត្រូវកង្វល់ជាមួយនឹងការដែលគ្មានកើតអាការរបស់ការតាំងគភ៌នោះទេ។ មានស្រ្តីមានគភ៌ជាច្រើននាក់ដែលគ្មានការប្រែប្រួលកើតឡើងសោះ និងមានអារម្មណ៍សុខសប្បាយល្អធម្មតា។ ក្នុងពេលជាមួយគ្នា អ្វីដែលអ្នកគួរកង្វល់នោះគឺ បើសិនជាអាការទាំងនោះបាត់ទៅវិញយ៉ាងឆាប់រហ័សក្នុងអំឡុងត្រីមាសទី1 ដែលវាអាចជាការបញ្ជាក់ប្រាប់ថា មានការថយចុះរបស់អ័រម៉ូនដែលបង្ហាញអំពីភាពខុសប្រក្រតីរបស់ការតាំងគភ៌។ បើអ្នកមានអាការដាស់តឿនខុសប្រក្រតីអ្វីម្យ៉ាងរបស់ការតាំងគភ៌ គួរទូរស័ព្ទរកគ្រូពេទ្យអ្នកពិនិត្យគភ៌ ឬបើមានចំណុចសង្ស័យ​អ្វីម្យ៉ាង គួរទូរស័ព្ទសុំការណែនាំពីគ្រូពេទ្យអ្នកពិនិត្យគភ៌គ្រប់ពេល៕

  • នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 9

    នៅពេលខ្ញុំតាំងគភ៌ចូលដល់ខែទី 9

    នៅក្នុងខែនេះ អាចហៅបានថាជាខែចុងក្រោយនៃការតាំងគភ៌ហើយ វិវឌ្ឍនាការផ្សេងៗរបស់ទារកក្នុងផ្ទៃមានដូចជា ប្រវែងខ្លួននឹងមានប្រមាណជា 20អ៊ិញ ទម្ងន់ខ្លួនប្រមាណជា 3,000 – 3,400ក្រាម អវយវៈគ្រប់ផ្នែក រួមទាំងសួតផងមានភាពពេញលេញល្អត្រៀមជាស្រេចក្នុងការប្រសូតហើយ។ ផ្នែកនាំមុខ ឬក្បាលនឹងរំកិលចុះមករកម្ដុំឆ្អឹងត្រគាក និងទារកក្នុងផ្ទៃមានការកម្រើកតិចជាងមុន។

    ក្នុងខែទី 9 នៃការតាំងគភ៌នេះនឹងមានការប្រែប្រួលផ្សេងៗដែលស្រ្តីមានផ្ទៃពោះអាចមានអារម្មណ៍ដឹងដូចតទៅ…ៈ

    – ទារកលែងសូវរើ។

    – ធ្លាក់សច្រើនឡើង និងរអិលខាប់។ ពេលខ្លះមានឈាមស្លេកៗហូរចេញមកក្រោយការពិនិត្យគភ៌ ឬក្រោយពេលមានភេទសម្ព័ន្ធរួច។

    – ឈឺផ្សាក្នុងក្រពះ អាហារមិនរំលាយ ឆ្អល់ពោះ។

    – ឈឺក្បាលម្ដងម្កាល ស្រវាំងភ្នែក និងកើតខ្យល់ញឹកញាប់។

    – តឹងច្រមុះ អាចមានឈាមហូរចេញមកតាមច្រមុះ និងហ៊ឹងត្រចៀកខ្លះៗ។

    – មានឈាមចេញតាមជើងធ្មេញពេលដុសសម្អាតធ្មេញ។

    – កើតប្រគ្រីវកាច់នៅលើជើង។

    – ហើមកជើង និងខ្នងជើង និងអាចមានហើមលើមុខ និងដៃផងដែរ។

    – រមាស់នៅលើស្បែកក្បាលពោះ។

    – កាន់តែឈឺខ្នងឡើង និងឈឺខ្លាំងឡើងៗ។

    – កើតសភាវសរសៃឈាមត្បៀតនៅលើជើង។

    – កើតឬសដូងបាត។

    – ដកដង្ហើមរាងញាប់ឡើង។

    – គេងមិនលក់ ឬលក់មិនបានយូរ។

    – មានអារម្មណ៍ថា ស្បូនបង្រួញខ្លួនញាប់ឡើង ខ្លាំងឡើង ជួនកាលមានអាការឈឺចាប់ទៀតផង។

    – អ៊ីកអ៊ាក ពិបាកកម្រើកខ្លួន និងប្រថុយប្រថាននឹងការរអិលដួល។

    – មានទឹកដោះពណ៌លឿងស្លេកៗហូរចេញមកពីក្បាលដោះច្រើនឡើង។

    – ឆាប់ហត់ ឬមានអារម្មណ៍ថាមានកម្លាំងថាមពលខ្លាំងឡើង ឬមានទាំង 2យ៉ាងឆ្លាស់គ្នា។

    – ឆាប់ឃ្លាន ឬឃ្លានញឹកញាប់ ញ៉ាំច្រើន ឬធុញទ្រាន់ចំណីអាហារ ញ៉ាំបានតិចៗ(មិនទៀង)។

    – មានអារម្មណ៍ញាប់ញ័រ វិតក្កកង្វល់ ឬភ័យខ្លាចខ្លាំងឡើង។

    – មានអារម្មណ៍ធូរស្រាលខ្លាំងឡើង ព្រោះជិតដល់ពេលប្រសូតហើយ។

    – ឆាប់មួម៉ៅ ឆាប់ទន់ជ្រាយនឹងពាក្យសំដីរបស់អ្នកនៅជិតៗខ្លួន ជាពិសេសរឿងពាក់ព័ន្ធនឹងការប្រសូត។

    – ឆាប់ខឹង និងមានអារម្មណ៍វិលវល់។

    រឿងដែលពេទ្យអ្នកពិនិត្យតាមដានគភ៌របស់អ្នកចង់ឱ្យអ្នកធ្វើក្នុងអំឡុងខែនេះ មានដូចជា…ៈ

    1 . ថ្លឹងទម្ងន់ខ្លួន និងវាស់សម្ពាធឈាម។

    2 . ពិនិត្យជាតិស្ករ និងសារធាតុស៊ុតសនៅក្នុងទឹកមូត្រ។

    3 . ស្ដាប់ចង្វាក់បេះដូងរបស់ទារកក្នុងគភ៌។

    4 . ពិនត្យមើលទំហំ និងរូបឬាងរបស់ស្បូន និងឥរិយាបថរបស់ទារកក្នុងគភ៌។

    5 . កម្ពស់របស់ស្បូន។

    6 . អាការហើមនៅលើដៃ និងជើង និងសរសៃឈាមនៅលើជើង។

    7 . វាយតម្លៃសភាពស្បូនដោយការពិនិត្យផ្ទៃក្នុង។

    8 . ភាពញឹកញាប់ឆ្ងាយពីគ្នា និងភាពខ្លាំងខ្សោយនៃការបង្រួញខ្លួនរបស់ស្បូន។

    9 . អាការខុសប្រក្រតីផ្សេងៗដែលអាចកើតឡើង។

    រឿងដែលត្រូវមើលថែទាំជាពិសេសនៅក្នុងខែនេះ

    – ការជ្រើសរើសវិធីប្រសូតបុត្រថា តើត្រូវការប្រសូតតាមបែបធម្មជាតិ ឬការវះកាត់ប្រសូត។

    – សាងទម្លាប់ជាមួយមន្ទីពេទ្យ និងបន្ទប់ប្រសូត ដូចជាអាចនឹងដើរទៅមើលទារកទើបនឹងកើត បន្ទប់សម្រាកក្រោយប្រសូត ឬសុំពេទ្យមើលពីខ្សែវីដេអូពាក់ព័ន្ធនឹងបន្ទប់ប្រសូត ដើម្បីឱ្យមានភាពស៊ាំធ្លាប់ជាមួយវាខ្លាំងឡើង។

    – ទារកហួសកំណត់ប្រសូត គឺតាំងគភ៌យូរលើស 42សប្ដាហ៍។ ការតាំងគភ៌ដែលយូរជាងប្រក្រតី គឺយូរលើស 39សប្ដាហ៍ឡើង គ្រូពេទ្យដែលពិនិត្យតាមដានគភ៌នឹងពិចារណាជាពិសេសថា នឹងត្រូវធ្វើយ៉ាងណាបន្តទៀត។ បើសិនជាគ្រប់ 42សប្ដាហ៍ គ្រូពេទ្យនឹងជំរុញឱ្យកើតការប្រសូតតាមធម្មជាតិ ឬអាចនឹងត្រូវវះកាត់តាមតែករណីនីមួយៗ។

    – ការបែកទឹកភ្លោះ ជាទូទៅច្រើនតែមានការបែកមុនមួយខែ គឺនឹងមានការជ្រាបចេញមកបន្តិចបន្តួច ជាពិសេសពេលក្រោកអង្គុយ ឬខណៈពេលធ្វើចលនា ដូច្នេះទើបមិនចាំបាច់ភ័យព្រួយទេ ព្រោះមានតិចតួចណាស់ដែលបែកចេញមកច្រើន។

    ពេលវេលាស័ក្តិសមដែលគួរទៅមន្ទីពេទ្យដើម្បីប្រសូត អាចពិចារណាបានដូចខាងក្រោម ៈ

    1 . នៅពេលចាប់ផ្ដើមមានការឈឺពោះឆ្លងទន្លេមែនទែន ដោយការឈឺនោះនឹងឈឺជាប់រហូត និងឈឺខ្លាំងឡើងៗជារឿយៗ។

    2 . ការឈឺពោះប្រសូតមិនអាចជ្រើសពេលវេលា ឬដឹងមុនបានឡើយ ដូច្នេះ មិនថានៅទីណា ឬកំពុងធ្វើអ្វីនោះឡើយ គួរប្រញាប់ទៅមន្ទីពេទ្យ មិនចាំបាច់រង់ចាំឱ្យដល់ពេលម៉ោងពេទ្យធ្វើការនោះទេ។

    3 . បើមានឈឺពោះតិចៗ គួរសម្រាកនៅផ្ទះ 4 – 8ម៉ោង ដើម្បីឱ្យប្រាកដក្នុងចិត្តថា ពិតជាឈឺពោះឆ្លងទន្លេមែនហើយ ឬអាចនឹងទូរស័ព្ទសុំការណែនាំពីគ្រូពេទ្យ ឬឆ្មបបាន៕

  • ហោះហើរដើរលេងសប្បាយ តាមនិស្ស័យអ្នកម្ដាយពពោះ

    ហោះហើរដើរលេងសប្បាយ តាមនិស្ស័យអ្នកម្ដាយពពោះ

    រៀបផែនការប្រុងទៅហាន់នីមូនលើកទី2 ជាមួយស្វាមីជាច្រើនខែមកហើយ និងសង្ស័យប្រហែលជាបេប៊ីចង់ទៅដើរលេងដែរហើយមើលទៅ ទើបមកចាប់កំណើតចំពេលហ្នឹងតែម្ដង តែក៏មិនខូចផែនការដែរ…សុំពេលឱ្យម៉ាក់ត្រៀមខ្លួនថែមបន្តិច ម៉ាក់នឹងនាំកូន(ក្នុងផ្ទៃ)ហោះទៅដើរលេងជាមួយដែរមិនខាន។

    អ្នកជំនាញខាងសរសេរអត្ថបទស្រ្តីមានផ្ទៃពោះ និងទារកបានគាំទ្រថា “អ្នកនឹងគ្មានថ្ងៃបានធ្វើដំណើរយ៉ាងងាយស្រួល និងមានសេចក្ដីសុខស្មើនឹងពេលនេះទៀតឡើយ ដូច្នេះចូរទៅដើរលេងសម្រាកកម្សាន្ត និងធ្វើឱ្យខ្លួនឯងមានសេចក្ដីសុខ ខណៈដែលគ្រប់យ៉ាងនៅល្អប្រសើរ(ពោះនៅតូច)នៅឡើយ” បើអ្នកគ្មានចំណុចអ្វីគួរឱ្យប្រយ័ត្នប្រយែងដែលនឹងធ្វើឱ្យមិនគួរធ្វើដំណើរដោយយន្តហោះ ដូចជា សភាវស្បូនធ្លាក់ចុះទាបមាត់ស្បូនយារ ឬមានប្រវត្តិធ្លាប់រំខានដោយការរលូតបុត្រនោះ ក៏ទៅប្រឹក្សាគ្រូពេទ្យសម្ភពផ្ទាល់ខ្លួនម្ដងទៀត រួចហើយត្រៀមខ្លួនហោះទៅដើរលេងកម្សាន្តបានតែម្ដង។

    អំឡុងពេល

    ប៉ាន់ប្រមាណអំឡុងពេលហោះហើរទៅដើរលេងកម្សាន្តក្នុងចន្លោះត្រីមាសទី 2 ព្រោះស្រ្តីមានគភ៌ភាគច្រើននឹងចាប់ផ្ដើមស៊ាំធ្លាប់នឹងការមានគភ៌ហើយ អាការចាញ់កូនក៏ធូរស្រាលចុះ ថែមទាំងក្បាលពោះក៏នៅមិនទាន់ធំ និងធ្ងន់រហូតទៅណាមកណាលំបាក ឬប្រថុយប្រថាននឹងការប្រសូតមុនកំណត់ដូចត្រីមាសទី 3ដែរ(ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនៗតែហាមបម្រើសេវាហោះហើរឆ្លងប្រទេសសម្រាប់ស្រ្តីតាំងគភ៌ចាប់ពី 28 – 30សប្ដាហ៍ឡើងទៅ)។

    ប្រវត្តិ/ធានាសុខភាព

    ស្រ្តីមានគភ៌គួរដាក់សៀវភៅប្រវត្តិការតាមដានផ្ទៃពោះតាមខ្លួនទៅជាមួយផង ដើម្បីក្រែងលោឈឺថ្កាត់អ្វី នឹងបានយកប្រវត្តិនោះទៅឱ្យគ្រូពេទ្យនៅក្នុងប្រទេសដែលខ្លួនទៅសម្រាកកម្សាន្តនោះពិនិត្យមើលដើម្បីប្រកបក្នុងការវិនិច្ឆ័យ និងបើគ្មានពេលរៀបចំទេនោះ គួរយកលេខទូរស័ព្ទរបស់លោកគ្រូពេទ្យដែលពិនិត្យគភ៌ជាប្រចាំទៅជាមួយផងក៏បាន។

    ជ្រើសរើសកៅអីអង្គុយ

    កៅអីអង្គុយជាប់ផ្លូវដើរ ជាជម្រើសដែលស័ក្តិសមបំផុត ព្រោះស្រ្តីមានគភ៌នឹងត្រូវក្រោកទៅចូលបន្ទប់ទឹកញឹកញាប់ជាងមនុស្សឯទៀត(ខានទស្សនាទេសភាពដែលអង្គុយនៅជាប់មាត់បង្អួចសិនទៅ) និងបើជ្រើសរើសបាន គួរជ្រើសរើសអង្គុយកៅអីជួរមុខដែលអាចសណ្ដូកជើងបានស្រួលផង។ នៅពេលអង្គុយលើកៅអីហើយ កុំភ្លេចបំពាក់ខ្សែក្រវាត់សុវត្ថិភាពក្រោមពោះផង។

    ការពារអាការខ្វះជាតិទឹក

    អាកាសធាតុនៅក្នុងយន្តហោះនឹងស្ងួតជាងប្រក្រតី ស្រ្តីមានគភ៌គួរការពារអាការខ្វះជាតិទឹកដោយការញ៉ាំទឹកឱ្យបានញឹកញាប់ តែបើសិនខ្លាចថាអ្នកបម្រើលើយន្តហោះដើរមកចាក់ទឹកឱ្យញឹកញាប់នោះ អ្នកអាចដាក់តាមខ្លួននូវបំពង់ទឹកតូចមួយក្នុងកាបូបស្ពាយទៅជាមួយ និងគ្រាន់តែសុំឱ្យបុគ្គលិកលើយន្តហោះជួយចាក់ទឹកឱ្យពេញទុកញ៉ាំក៏បាន។

    ការពារប្រគ្រីវកាច់ / ហើមជើង

    ស្លៀកសម្លៀកបំពាក់ណាដែលសប្បាយៗស្រួលខ្លួន ចៀសវាងខោណាដែលរឹតតឹងណែនភ្លៅ និងកំភួនជើង ដោះស្បែកជើងចេញ ហើយដាក់ជើងលើភ្នាក់ជើង ឬដាក់កាបូបធ្វើដំណើរនៅខាងក្រោមកៅអីខាងមុខ ហើយដាក់ជើងគងសម្រាកលើនោះក៏បាន។ ក្រោកឡើងដើរទៅ-មកនៅតាមផ្លូវដើរដើម្បីផ្លាស់ប្ដូរឥរិយាបថរៀងរាល់ 1ម៉ោងម្ដង និងសណ្ដូកជើងដើម្បីឱ្យយឺតសរសៃរៀងរាល់កន្លះម៉ោងម្ដង។ អ៎! កុំភ្លេចត្រៀមស្រោមជើងស្ដើងៗ ឬស្បែកជើងផ្ទាត់ទៅជាមួយទុកពាក់ដើរទៅ-មកផងក៏រឹតតែល្អទៅទៀត៕

  • វិវឌ្ឍនាការរបស់ក្មេងអាយុ 17ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវតែដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 17ខែយ៉ាងណាខ្លះ…អ្នកម្ដាយត្រូវតែដឹង!

    វិវឌ្ឍនាការរបស់ក្មេងអាយុ 17ខែ គួរតែរីកចម្រើនយ៉ាងណាខ្លះ លោកឪពុកអ្នកម្ដាយត្រូវតែដឹង…ដូច្នេះពេលនេះ យើងនាំគ្នាមកតាមដានមើលពីវិវឌ្ឍនាការរបស់ក្មេងពេលចូលមកដល់វ័យ 17ខែអំពីអ្វីដែលគេគួរតែធ្វើបានក្នុងវិវឌ្ឍនាការលើផ្នែកនីមួយជាមួយឡារ៉ែនទាំងអស់គ្នាជាបន្តដូចតទៅ។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 17ខែ ខាងផ្នែករាងកាយ និងការធ្វើចលនា

    ក្មេងមកដល់វ័យនេះ ចាប់ផ្ដើមដើរបានយ៉ាងចំណាប់ហើយ ចាប់ផ្ដើមចេះតោងឡើងទៅកាន់ទីកាន់តែខ្ពស់ឡើង ដូចជាចូលចិត្តតោងឡើងគ្រែ ឡើងកៅអី និងកាំជណ្ដើរជាដើម។ ពេលអ្នកម្ដាយបើកបទភ្លេងឱ្យគេស្ដាប់ គេនឹងចូលចិត្តរាំតាមចង្វាក់ភ្លេង និងរឿងដែលគេចូលចិត្តបំផុតនោះ គឺមួលកុងតាក់ផ្សេងៗរបស់វិទ្យុ ទូរទស្សន៍ចុះឡើងតាមដែលគេអាចមួលបាន ជាពិសេសបណ្ដាកុងតាក់ទាំងឡាយណាដែលពេលមួលហើយ នឹងមានសំឡេង ឬរូបភាពផ្លាស់ប្ដូរឱ្យគេឃើញ។ ដោយសារតែអំឡុងពេលនេះ សាច់ដុំចង្កោមតូចៗរបស់ក្មេងមានការវិវឌ្ឍដ៏ល្អ ធ្វើឱ្យគេអាចចាប់ កាន់ ឬសង្កត់ ចុចវត្ថុដែលមានទំហំតូចៗបាន។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 17ខែ ខាងផ្នែកសតិបញ្ញា និងការរៀនយល់ដឹង

    កូនតូចក្នុងវ័យនេះ ពេលបង្ហាត់បង្រៀនអ្វី គេនឹងធ្វើបានទាំងអស់ ដូចជា បង្រៀនឱ្យចេះស្លៀកខោ បង្រៀនឱ្យចេះប្រមូលរបស់លេងទុកដាក់ក្នុងកន្រ្តក ជាដើម។ កូនចាប់ផ្ដើមចេះប្រើពាក្យខ្លីៗដើម្បីចង់ប្រាប់ថា គេត្រូវការអ្វី ដូចជាប្រើពាក្យថា “ម៉ាំ” ឬ “ញ៉ាំ” ដើម្បីប្រាប់ឱ្យឪពុកម្ដាយបានដឹងថា គេឃ្លានហើយ ជាដើម។ល។ ក្មេងវ័យនេះ ជាវ័យដែលកំពុងរៀនយល់ដឹង ចូលចិត្តក្នុងការស្ទាប ឬប៉ះពាល់របស់ ឬវត្ថុផ្សេងៗជុំវិញខ្លួន ដូច្នេះឪពុកម្ដាយគួរប្រើឱកាសនេះក្នុងការជំរុញ បង្កើនវិវឌ្ឍនាការល្អៗដល់កូន ដោយបបួលកូនចាប់កាន់ និងពិនិត្យមើលវត្ថុរបស់របរផ្សេងៗដែលមាននៅក្នុងផ្ទះ ដើម្បីឱ្យកូនបានរៀនយល់ដឹង និងស្គាល់ភាពខុសគ្នាម្នាក់មួយបែបនៃរបស់ទាំងនោះ និងអ្វីដែលសំខាន់ ក្មេងវ័យនេះ នៅតែចូលចិត្តធ្វើត្រាប់តាមកាយវិការរបស់មនុស្សធំ មិនថាតែឥរិយាបថអង្គុយញាំអាហារ ការនិយាយទូរស័ព្ទ ជាដើម ដូច្នេះលោកឪពុកអ្នកម្ដាយចាំបាច់ត្រូវតែធ្វើជាគំរូដ៏ល្អដល់កូន។

    វិវឌ្ឍនាការរបស់ក្មេងអាយុ 17ឆ្នាំ ខាងផ្នែកភាសា និងការទំនាក់ទំនង

    ក្មេងវ័យនេះនឹងចេះនិយាយពាក្យផ្សេងៗបានល្អច្រើនជាងមុនហើយ និងចាប់ផ្ដើមចេះរួមពាក្យឱ្យក្លាយជាប្រយោគងាយៗ ខ្លីៗ ដូចជា “អត់ទៅ” “ដើរលេង” ឬ”ចាប់ចាប” ជាដើម។ ឪពុកម្ដាយត្រូវនិយាយជាមួយកូនឱ្យបានច្រើន នាំកូននិយាយពាក្យផ្សេងៗ ថ្មីៗ ដោយចាប់ផ្ដើមពីពាក្យ 2ព្យាង្គ បន្ថែមឡើងជារឿយៗ។ ការហៅឈ្មោះកូនឱ្យបានញឹកញាប់ ក៏ជាការជំរុញ និងបង្កើនវិវឌ្ឍនាការខាងផ្នែកភាសាដ៏ល្អយ៉ាងគ្រប់ផ្នែករបស់កូនតូចដែរ។

    លោកឪពុក អ្នកម្ដាយកុំភ្លេចបំពេញបន្ថែមបទពិសោធថ្មីៗទៅកូន ដើម្បីឱ្យកូនបានរៀនយល់ដឹង និងប្រមូលសន្សំបទពិសោធ ដើម្បីវិវឌ្ឍនាការដ៏ល្អគ្រប់ផ្នែករបស់កូនតូច៕

  • ទស្សនា​ដំណាក់​កាល​ត្រួត​ពិនិត្យ​បច្ចេក​ទេស​ និង​វេច​ខ្ចប់​​ Galaxy Z Flip នៅ​ក្នុង​រោង​ចក្ររបស់​​ Samsung (វីដេអូ)

    ទស្សនា​ដំណាក់​កាល​ត្រួត​ពិនិត្យ​បច្ចេក​ទេស​ និង​វេច​ខ្ចប់​​ Galaxy Z Flip នៅ​ក្នុង​រោង​ចក្ររបស់​​ Samsung (វីដេអូ)

    ក្រុម​ហ៊ុន​ Samsung ថ្មី​ៗ​នេះ បាន​បង្ហោះ​ឃ្លីប​វីដេអូ​មួយ​ បង្ហាញ​អំពី​ភាព​ហ្មត់​ចត់​ ប្រយ័ត្ន​ប្រយែង​ក្នុង​ដំណាក់​កាល​នៃ​ការ​ត្រួត​ពិនិត្យ​​លើ​ភាព​មាំ​មួនរបស់ Galaxy Z Flip នៅ​មុន​ពេល​ស្មាតហ្វូន​នេះ​ត្រូវ​បាន​វេច​ខ្ចប់​ និង​ទៅ​ដល់​ដៃ​អតិថិ​ជន​។

    យោង​តាម​ការ​បង្ហាញ​របស់​ឃ្លីបវីដេអូនេះ ស្មាតហ្វូន​ Galaxy Z Flip បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​​យ៉ាង​ល្អិត​ល្អន់ទៅ​លើ​ទូរស័ព្ទ​នេះ​ មិន​ថា​ផ្នែក​ទន់(software) ឬ​ផ្នែក​រឹង(hardware) ពិសេស​គឺ​សមត្ថ​ភាព​នៃ​ការ​បត់ ឬ​លា និង​សមត្ថ​ភាព​នៃ​ប្រតិបត្តិ​ការ​​របស់​ស្មាត​ហ្វូន​នេះ​។

    ក្រៅ​ពី​នេះ គេ​ឃើញ​ថា ដំណាក់​កាល​នៃ​ការ​វេច​ខ្ចប់​របស់​ស្មាត​ហ្វូន​នេះ​ក៏​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ដោយ​ប្រើ​ដៃ​ ជំនួស​ម៉ាស៊ីន​ស្វ័យប្រ​វត្ត។ បុគ្គលិក​វេចខ្ចប់ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជំហាន​ចុង​ក្រោយ​បង្អស់​នៃ​ដំណើរការ​ផលិត​។

    Galaxy Z Flip គឺជា​ស្មាតហ្វូន​ដែល​មាន​រូប​រាង​អាច​បត់​ជា​2បាន​​របស់​ក្រុម​ហ៊ុន Samsung បន្ទាប់​ពី​​ទូរស័ព្ទ​ឆ្លាត​វៃ Galaxy Fold ដែល​ត្រូវ​បាន​ផលិត​កាល​ពី​ឆ្នាំទៅ​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • ទូរស័ព្ទអេក្រង់បត់ Samsung Galaxy Flip តម្លៃប៉ុណ្ណឹង ចង់បានអត់? (មាន​វីដេអូ)

    ទូរស័ព្ទអេក្រង់បត់ Samsung Galaxy Flip តម្លៃប៉ុណ្ណឹង ចង់បានអត់? (មាន​វីដេអូ)

    តាំងពីថ្ងៃទី14 ខែកុម្ភៈ 2020 កន្លងមក ក្រុមហ៊ុន Samsung បានប្រកាសបើកលក់ Galaxy Z Flip ដែលប្រកាសចេញមុនគេក្នុងកម្មវិធី Unpacked ។ វាពិតជាបានបង្ហាញថា Samsung មានការខ្វល់ខ្វាយខ្លាំងលើ ការអភិវឌ្ឍស្មាតហ្វូនអេក្រង់បត់ បន្ទាប់ពី Galaxy Fold ដែលបានប្រកាសចេញលក់កាលពីឆ្នាំមុន មានបញ្ហា​អេក្រង់ខ្លះៗ។

    Galaxy Z Flip ដែលកំពុងលក់នៅលើទីផ្សារបរទេសជាមួយតម្លៃ 1,380ដុល្លារ មានជម្រើសពណ៌ខ្មៅលាយផ្កាឈូកស្រាល ឬ ស្វាយ និងខ្មៅសុទ្ធ។

    Galaxy Z Flip មានបំពាក់ដោយអេក្រង់បត់ប្រភេទ AMOLED ទំហំ 6.7អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត​ 1080×2636 ភិកសែល។ អេក្រង់ទី2 ទំហំ 1.1អ៊ីញ ប្រភេទ Super AMOLED បន្ទះឈីប Snapdragon 855+ មាន RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 128GB កាមេរ៉ាមេមានកម្រិត 12MP និងកាមេរ៉ាទី2 ប្រភេទ Ultra-Wide កម្រិត 12MP កាមេរ៉ា Selfie កម្រិត10MP ទ្រនាប់ស្គែនម្រាមដៃនៅផ្នែកចំហៀងផង និងថ្មទំហំ 3300mAh ដែលអាចសាកបានលឿន 15វ៉ាត់ និងសាកដោយមិនប្រើខ្សែក៏បានផងដែរ។

    សូមទស្សនាវីដេអូខាងក្រោម៖

  • វិធីពិនិត្យលេខកូដទូរស័ព្ទ iPhone របស់លោកអ្នកផលិត​សម្រាប់​​ប្រទេស​​ណា?

    វិធីពិនិត្យលេខកូដទូរស័ព្ទ iPhone របស់លោកអ្នកផលិត​សម្រាប់​​ប្រទេស​​ណា?

    ទូរស័ព្ទ iPhone ត្រូវបាន​ក្រុមហ៊ុន Apple ផ្ដល់​សិទ្ធិ​ផលិត និង​ផ្គុំ​ចេញពី​រោងចក្រ Foxconn នៅ​ប្រទេស​ចិន ជាមួយនឹង​កម្រិតស្ដងដា​រ​តែមួយ ប៉ុន្តែ​ក្រុមហ៊ុន​បាន​បែងចែក​វា​ដោយមាន​លេខ​កូដ​សម្គាល់​តាម​ប្រទេសផ្សេងៗគ្នា ដើម្បី​ស្រួល​ចែកចាយ​លក់។ យ៉ាងណាមិញ គេ​ជឿជាក់ថា Apple អាច​នឹង កែប​ន្ទៈ​ឈី​ប​ខ្លះ ដែល​តម្រូវ​តាម​ប្រព័ន្ធ 3G/4G ដើម្បីឱ្យ​វា អាច​ចាប់​សេវា​បណ្តាញទូរស័ព្ទ នៅក្នុង​ប្រទេសនីមួយៗបានល្អ។

    ដើម្បី​មើល​កូដ Model របស់ iPhone លោកអ្នក​អាច​ចូលទៅ Settings-> About រួច​មើល​រក​ពាក្យ Model។ វា​មាន ប្រមាណ​ពី 7 ទៅ 8 តួអក្សរ តែ​សូម​រកមើល តួអក្សរ​ពីរ​ចុងក្រោយ (ដោយ​មិន​រាប់ អក្សរ​ដែលមាន​សញ្ញា / នៅ​ពីមុខ) រួច​ផ្ទៀងផ្ទាត់​នឹង​តារាង​ខាងក្រោម ដើម្បី​ស្វែងរក​ប្រភព​របស់​វា។

    ឧទាហរណ៍​ថា ទូរស័ព្ទ​លោកអ្នក​មាន​លេខ​កូដ MC604MY/A ដោយ​មិន​រាប់​អក្សរ​នៅ​ពីក្រោយ /A ដូចនេះ តួអក្សរ​ពី​ចុងក្រោយ MY ដូច្នេះ ក្រុមហ៊ុន​ផលិត​សម្រាប់​ប្រទេស Malaysia។

    • AB: Egypt, Jordan, Saudi Arabia, United Arab Emirates
    • B: Ireland, UK, also used for some replacement phones
    • BR: Brazil (Assembled in Brazil)
    • BZ: Brazil (Assembled in China)
    • C: Canada
    • CL: Canada
    • CH: China
    • CZ: Czech Republic
    • D: Germany
    • DN: Austria, Germany, Netherlands
    • E: Mexico
    • EE: Estonia
    • FB: France, Luxembourg
    • FD: Austria, Liechtenstein, Switzerland
    • GR: Greece
    • HN: India
    • IP: Italy
    • HB: Israel
    • J: Japan
    • KH: Korea
    • KN: Norway
    • KS: Finland, Sweden
    • LA: Colombia, Ecuador, El Salvador, Guatemala, Honduras, Peru
    • LE: Argentina
    • LL: USA
    • LZ: Chile, Paraguay, Uruguay
    • MG: Hungary
    • MY: Malaysia
    • NF: Belgium, France, Luxembourg
    • PL: Poland
    • PO: Portugal
    • PP: Philippines
    • RO: Romania
    • RS: Russia
    • SL: Slovakia
    • SO: South Africa
    • T: Italy
    • TH: Thailand
    • TA: Taiwan
    • TU: Turkey
    • X: Australia, New Zealand
    • VN: Vietnam ,also use for some replacement
    • Y: Spain
    • ZA: Singapore
    • ZP: Hong Kong, Macau