Tag: ថៃ

  • U-22 ទី​ម័​រ​ខាងកើត​ប្រហែល​នឹង​ក្លាយជា «ចំណី​ឆ្ងាញ់» សម្រាប់ U-22 មី​យ៉ាន់​ម៉ា នៅថ្ងៃនេះ

    U-22 ទី​ម័​រ​ខាងកើត​ប្រហែល​នឹង​ក្លាយជា «ចំណី​ឆ្ងាញ់» សម្រាប់ U-22 មី​យ៉ាន់​ម៉ា នៅថ្ងៃនេះ

    នៅ​ល្ងាច​ម៉ោង 16 ថ្ងៃទី 02 ឧសភា​នេះ ក្រុមបាល់ទាត់​បុរស​ជ​ម្រើ​ស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​មី​យ៉ាន់​ម៉ា នឹងត្រូវ​ប្រកួត​ជាមួយ U-22 របស់​ប្រទេស​ទី​ម័​រ​ខាងកើត នៅក្នុង​ជើង​ទី​ពីរ​បស់​ពូ​ល A នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    នៅមុន​ស៊ី​ហ្គេម​ចូលមក​ដល់ U-22 របស់​មី​យ៉ាន់​ម៉ា បាន​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេម។ ក៏ប៉ុន្តែ លទ្ធផល​ដែល U-22 មី​យ៉ាន់​ម៉ា បានទទួល គឺ​មិនល្អ​ប៉ុន្មាន ដោយសារតែ​ពួកគេ​បានឈ្នះ​តែមួយ​ប្រកួត និង​ចាញ់​រហូតដល់​បី​ប្រកួត។

    ទោះជា​យ៉ាងណាក៏ដោយ នៅក្នុង​ពូ​ល​ «ស្រួល​ដកដង្ហើម» ដែល​រួមមាន ឥណ្ឌូណេស៊ី ទី​ម័​រ​ខាងកើត ហ្វ៊ី​លី​ពី​ន និង​កម្ពុជា គេ​ឃើញថា U-22 មី​យ៉ាន់​ម៉ា នៅតែមាន​សង្ឃឹម​អាច​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​ការប្រកួត​ជាមួយ​ទី​ម័​រ​ខាងកើត​នៅ​ល្ងាច​ថ្ងៃទី 02 ឧសភា​នេះ ក្រុម​មី​យ៉ាន់​ម៉ា​ប្រាកដជា​នឹង​បង្ហាញ​សមត្ថភាព​បានល្អ​បំផុត។

    ចំណែក U-22 ទី​ម័​រ​ខាងកើត​វិញ ទើបតែ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ​នៅក្នុង​ការប្រកួត​បើកឆាក ដោយ​លទ្ធផល 0-4។ ក្រុមទី​ម័​រ​ខាងកើត​បានបង្ហាញ​យ៉ាងច្បាស់​នូវ​ចំណុចខ្សោយ​ដ៏​គ្រោះថ្នាក់​របស់ខ្លួន​ទាក់ទង​នឹង​ខ្សែប្រយុទ្ធ និង​ខ្សែការពារ។ ជាមួយនឹង​សមត្ថភាព​បច្ចុប្បន្ន ទី​ម័​រ​ខាងកើត​ហាក់ដូច​កំពុង​ដើរតួ​ជា​ក្រុម «បម្រើ» នៅ​ស៊ី​ហ្គេម​លើក​នេះ។ ដូច្នេះ ក្នុងការ​ប្រកួត​នៅ​ថ្ងៃនេះ កូនសិស្ស​របស់​គ្រូបង្វឹក Park Soon Tae ប្រហែលជា​អាច «ជូន» បី​ពិន្ទុ​ឱ្យ U-22 មី​យ៉ាន់​ម៉ា ដោយ​ស្រួល។

    ការប្រកួត​រវាង U-22 មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត​នៅវេលា​ម៉ោង 16 ថ្ងៃទី 02 ឧសភា ឆ្នាំ 2023 នឹងធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ៕

  • U-22 ឡាវ​ដែលមាន​កីឡាករ​ដើមកំណើត​វៀតណាម​ពីរ​រូប​ ថា អាច «យក​ស្មើ» នឹង​ក្រុម​ផ្កាយ​លឿង​នៅ​ស៊ី​ហ្គេម

    U-22 ឡាវ​ដែលមាន​កីឡាករ​ដើមកំណើត​វៀតណាម​ពីរ​រូប​ ថា អាច «យក​ស្មើ» នឹង​ក្រុម​ផ្កាយ​លឿង​នៅ​ស៊ី​ហ្គេម

    ខ្សែបម្រើ Damoth Thongkhamsavath របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​ប្រទេស​ឡាវ ប្រកាស​យ៉ាង​ជឿជាក់ថា នឹង​យក​ស្មើ​ជាមួយនឹង​ក្រុម U-22 វៀតណាម​នៅក្នុង​ការប្រកួត​បើកឆាក​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    កាលពី​ល្ងាច​ថ្ងៃទី 28 មេសា U-22 ឡាវ ក្រោម​ការដឹកនាំ​របស់​ប្រធាន​ក្រុម​គ្រូបង្វឹក Michael Weiss បាន​ហ្វឹកហាត់​ក្នុង​ថ្ងៃ​សំខាន់​ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​ជាមួយ​វៀតណាម​នៅ​ស៊ី​ហ្គេម។ នៅក្នុងពេល​ហ្វឹកហាត់​នោះ ខ្សែបម្រើ​ដើមកំណើត​វៀតណាម​រប​ស់ U-22 ឡាវ Damoth Thongkhamsavath បានលើកឡើង​អំពី​ការ​ប៉ះគ្នា​រវាង ឡាវ និង​វៀតណាម​នៅ​ថ្ងៃទី 30 មេសា​ខាងមុខ។

    Damoth Thongkhamsavath បាន​ប្រាប់​អ្នកសារព័ត៌មាន​ដោយ​ភាព​ជឿជាក់ថា «វៀតណាម​ឆ្នាំ​នៅតែ​ខ្លាំង​នៅ​ស៊ី​ហ្គេម ពួកគេ​ជា​បេក្ខភាព​ទីមួយ។ ក៏ប៉ុន្តែ ខ្ញុំ​គិតថា U-22 ឡាវ នៅតែ​អាច​យក​ស្មើ​នៅក្នុង​ការប្រកួត​ដំបូង។ លទ្ធផល​នៃ​ការប្រកួត​នឹង​ជា 0-0»។

    Damoth Thongkhamsavath មាន​ជី​ដូ ជីតា​កើត​នៅ​ប្រទេស​វៀតណាម និង​ចេះ​ភាសា​នេះ​យ៉ាង​ស្ទាត់ ដោយសារ​ឪពុកម្ដាយ​តែង​និយាយ​ភាសា​វៀតណាម​ជាមួយគ្នា។ កីឡាករ​រូបនេះ​ក៏​ធ្លាប់បាន​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 31 ផងដែរ។

    Damoth Thongkhamsavath

    ទ​ន្ទឺ​ម​នឹង Damoth Thongkhamsavath នៅ​ស៊ី​ហ្គេម​លើក​នេះ U-22 ឡាវ ក៏មាន​តារាបាល់ទាត់​បី​រូប​ទៀត​ដែល​កំពុង​ទាត់​ឱ្យ​បរទេស រួមមាន Theo Klein (Omaha Mavericks នៅ​សហរដ្ឋ​អាម៉េរិក), Roman Angot (Bahlinger អាល្លឺម៉ង់) និង Victor Yovinasak (Montceau បារាំង)។

    ទោះជា​យ៉ាងណាក៏ដោយ គ្រូបង្វឹក​ជនជាតិ​បារាំង​របស់​វៀតណាម លោក Troussier បាន​សង្កត់ធ្ងន់ថា «ក្រុម​កីឡាករ​វៀតណាម​ក្មេង​បំផុត​ដែល​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម..។ ខ្ញុំ​ពេញចិត្ត។ ក្រុម​មានសង្ឃឹម ហើយ​យើង​នឹង​ប្រឹងប្រែង​ដើម្បី​បាន​លទ្ធផល​ល្អ​បំផុត»។

    Nalongsit Chanthalangsy ក៏ជា​កីឡាករ​របស់​ក្រុម​ U-22 ឡាវ ដែល​មាន​ដើម​កំណើត​វៀតណាម

    នៅ​ស៊ី​ហ្គេម​លើក​នេះ U-22 ឡាវ​ស្ថិតក្នុង​ពូ​ល B ជាមួយ​ម្ចាស់​មេដាយមាស​ពីរលើក​ចុងក្រោយ​គឺ វៀតណាម រួម​នឹង ថៃ ម៉ាឡេស៊ី និង​សិង្ហ​បុរី។ U-22 ឡាវ​នឹងត្រូវ​ប៉ះ​វៀតណាម​នៅក្នុង​ការប្រកួត​បើកឆាក​នៅ​ថ្ងៃទី 30 មេសា 2023 នៅឯ​កីឡដ្ឋាន​ព្រី​នស៍៕

  • ក្រុម​បាល់​ទាត់​ U-22 ថៃ ប្រកាសថា មិន​ខ្លាច​អាជ្ញាកណ្ដាល បើ​ទោះ​មិនមាន VAR

    ក្រុម​បាល់​ទាត់​ U-22 ថៃ ប្រកាសថា មិន​ខ្លាច​អាជ្ញាកណ្ដាល បើ​ទោះ​មិនមាន VAR

    គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​បុរស​​ជម្រើសជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​ប្រទេស​ថៃ បាន​អះអាងថា មិន​ព្រួយបារម្ភ​អំពី​ការងារ​របស់​ក្រុម​អាជ្ញាកណ្ដាល បើ​ទោះ​មិនមាន​ជំនួយ​ពី​បច្ចេកវិទ្យា VAR នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    ដើម្បី​ត្រៀមខ្លួន​ឱ្យ​បានល្អ​បំផុត​សម្រាប់​ការប្រកួត​នៅ​ស៊ី​ហ្គេម​លើក​នេះ កាលពី​ល្ងាច​ថ្ងៃទី 28 មេសា ក្រុម U-22 ថៃ បានធ្វើការ​ហ្វឹកហាត់​ថ្ងៃទី​ពីរ​នៅឯ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា (EDC) នៅ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Issara Sritaro ។

    នៅពេល​ត្រូវបាន​សួរ​អំពី​ការងារ​របស់​ក្រុម​អាជ្ញាកណ្ដាល​នៅ​ស៊ី​ហ្គេម​លើក​នេះ គ្រូបង្វឹក Sritaro ឱ្យដឹងថា លោក​មិនមាន​ការព្រួយបារម្ភ​ចំពោះ​អាជ្ញាកណ្ដាល បើ​ទោះ​បច្ចេកវិទ្យា VAR ដែល​ជួយ​ផ្ដល់​ភាព​សុក្រឹត​ដល់​ការ​កាត់​ក្ដី​របស់​អាជ្ញាកណ្ដាល មិន​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ 2023។

    គ្រូបង្វឹក​របស់ U-22 ថៃ និយាយថា «នោះ​គឺជា​កត្តា​ខាងក្រៅ។ យើង​មិនអាច​គ្រប់គ្រង​បាន ដូច្នេះ U-22 ថៃ នឹងមិន​ផ្ដោតអារម្មណ៍​ច្រើន​ទៅលើ​អាជ្ញាកណ្ដាល»។ លោក Sritaro បន្ថែមថា «យើង​មិន​ខ្លាច ហើយ​យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព។ … កីឡាករ​របស់​យើង​ក៏ត្រូវ​បាន​រម្លឹក​អំពី​បញ្ហា​មួយចំនួន មានដូចជា ការបង្ក​កំហុស​នៅក្នុង​តំបន់​គ្រោះថ្នាក់ និង​អក​ហ្សឺ​ជាដើម»។

    កីឡដ្ឋាន​ EDC កាលពីឆ្នាំ 2018

    ទន្ទឹមនឹង​បញ្ហា​ខាងលើ គ្រូបង្វឹក​អាយុ 43 ឆ្នាំ​របស់ U-22 ថៃ ក៏បាន​ឱ្យដឹងថា លោក​មិន​ពេញចិត្ត​ចំពោះ​ទីលាន​ហ្វឹកហាត់ EDC ដែល​ម្ចាស់ផ្ទះ​កម្ពុជា​ផ្ដល់ឱ្យ U-22 ថៃ។ ក្រុម​គ្រូបង្វឹក​ថៃ​ក៏បាន​សម្រេចចិត្ត​ស្វែងរក​ទីលាន​ហ្វឹកហាត់​ថ្មី​ដើម្បី​មាន​លក្ខខណ្ឌ​ល្អ​បំផុត​សម្រាប់ U-22 ថៃ នៅ​ស៊ី​ហ្គេម។

    លោក Sritaro ពន្យល់ថា «ទីលាន​ហ្វឹកហាត់ EDC ដែល​ម្ចាស់ផ្ទះ​ផ្ដល់ជូន U-22 ថៃ ប្រើប្រាស់​ស្មៅ carpet ខុសពី​ស្មៅ bermuda នៅ​កីឡដ្ឋាន​ព្រី​នស៍…។ ផ្ទៃ​របស់​ទីលាន EDC រឹង​ខ្លាំងពេក ដូច្នេះ​ហានិភ័យ​រងរបួស​រប​ស់​កីឡាករ​ក៏មាន​កម្រិត​ខ្ពស់។ យើង​ពិតជា​ព្រួយបារម្ភ​ចំពោះ​បញ្ហា​នេះ»។

    នៅ​ស៊ី​ហ្គេម​លើក​ទី 32 U-22 ថៃ ស្ថិតក្នុង​ពូ​ល B ជាមួយនឹង​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ។ ប្រធាន​សហព័ន្ធ​បាល់ទាត់​ថៃ (FAT) បានដាក់​គោលដៅ​ឱ្យ​ក្រុម U-22 ថៃ និង​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ប្រទេស​នេះ ត្រូវ​ដណ្ដើម​ឱ្យបាន​មេដាយមាសពី​​ស៊ី​ហ្គេម​នៅ​កម្ពុជា៕

  • តម្លៃ​អគ្គិសនី​នៅ ប្រទេស​ថៃ កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន

    តម្លៃ​អគ្គិសនី​នៅ ប្រទេស​ថៃ កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន

    ប្រទេស​ថៃ ថ្មីៗនេះ បានអនុម័ត​ដំឡើងថ្លៃ​អគ្គិសនី​ក្នុង​អត្រា ១៨% ចាប់ពី​ខែកញ្ញា ២០២២ នាំឱ្យ​តម្លៃ​អគ្គិសនី​នៅ​ប្រទេស​នេះ ​ឡើងដល់ ៤.៧២ បាត/គីឡូ​វ៉ាត​ម៉ោង។

    តម្លៃ​អគ្គិសនី​សម្រាប់​ប្រើប្រាស់​តាម​គ្រួសារ​នៅ ប្រទេស​ថៃ នឹង​កើន​ឡើងដល់ ៤.៧២ បាត (៥៥១ រៀល) ក្នុង​ ១ គីឡូ​វ៉ាត​ម៉ោង ខ្ពស់បំផុត​មិន​ធ្លាប់មាន​ពីមុន​មក​របស់​ប្រទេស​នេះ នៅពេល គណៈកម្មការ​គ្រប់គ្រង​ថាមពល (ERC) ដំឡើងថ្លៃ​ឥន្ធនៈក្នុងអំឡុងពេល​ពី​ខែកញ្ញា​ដល់​ខែធ្នូ ២០២២។

    តម្លៃ​ឥន្ធនៈ​នៅ ប្រទេស​ថៃ បាន​កើនឡើង​ខ្ពស់​ខ្លាំង ព្រោះតែ​ប្រទេស​នេះ​ត្រូវ​នាំចូល​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) ពី​ទីផ្សារ​ដែលមាន​ស្រាប់ ដើម្បី​បង្គ្រប់​ទៅលើ​ការថយចុះ​នៃ​បរិមាណ​ដែល​ផលិត​បាន​ពី ឈូង​សមុទ្រ​ថៃ។ ថៃ នាំចូល LNG រហូតដល់ ៦០% ធៀប​នឹង​ឥន្ធនៈ​សរុប​ដែល​ប្រើប្រាស់​ដើម្បី​ផលិត​អគ្គិសនី​នៅ ប្រទេស​នេះ។

    ERC បានឱ្យ​ដឹង​ថា ការផលិត LNG ក្នុងស្រុក​របស់ ថៃ បាន​ថយចុះ​ច្រើន បង្ខំ​ឱ្យ​ប្រទេស​នេះ​ត្រូវ​នាំចូល LNG បន្ថែមទៀត ដើម្បី​ផ្គត់ផ្គង់​ដល់​បណ្ដា​រោងចក្រ​ផលិត​អគ្គិសនី​របស់ខ្លួន។ ទន្ទឹមនឹងនេះ សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ក៏បាន​រុញច្រាន​តម្លៃ LNG នៅក្នុង​ទីផ្សារ​អន្តរជាតិ ឡើង​ខ្ពស់ខ្លាំង ធ្វើឱ្យ​ការចំណាយ​លើ​ការផលិត​អគ្គិសនី​នៅ ប្រទេស​ថៃ កើនឡើង​ថែម​មួយកម្រិត​ទៀត។

    REC ព្យាករ​ថា ស្ថាន​ភាពខ្វះ LNG នឹង​អូសបន្លាយ​ដល់​ឆ្នាំ ២០២៣ ដោយសារ​ប្រភព​ផ្គត់ផ្គង់​នៅ ប្រទេស​ថៃ និង មី​យ៉ាន​ម៉ា នៅតែ​មិនអាច​ធានាបាន ហើយ​ស្ថានការណ៍​សេដ្ឋកិច្ច​បច្ចុប្បន្ន​ក៏​មិនទាន់មាន​អំណោយផល​ល្អ​សម្រាប់​ការវិនិយោគ​ទៅលើ​គម្រោង​ថ្មី​ដើម្បី​ស្វែងរក LNG។

    បច្ចុប្បន្ន ERC កំពុង​ស្រាវជ្រាវ​លើ​លទ្ធភាព​នៃ​ការប្រើប្រាស់​ប្រភព​ឥន្ធនៈ​ជំនួស​សម្រាប់​បណ្ដា​រោងចក្រ​អគ្គិសនី​របស់ ប្រទេស​ថៃ រួមមាន ប្រេង, ប្រេងម៉ាស៊ូត, ធ្យូង, វា​រី​អគ្គិសនី និង​ថាមពល​កកើត​ឡើងវិញ។

    គណៈកម្មការ​គ្រប់គ្រង​ថាមពល (ERC) របស់ ថៃ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន សហគ្រាស​ទាំងអស់ ឱ្យ​មាន​សន្សំសំច័យ​អគ្គិសនី ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​របស់ ប្រទេស​ថៃ ទៅលើ​ប្រភព LNG ពី​បរទេស៕

  • ពាណិជ្ជកម្ម​ទ្វេភាគី​រវាង ថៃ និង វៀតណាម នឹង​សម្រេចបាន ២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ ២០២៥

    ពាណិជ្ជកម្ម​ទ្វេភាគី​រវាង ថៃ និង វៀតណាម នឹង​សម្រេចបាន ២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ ២០២៥

    លោក Nikorndej Balankura ឯកអគ្គរាជទូត​ប្រទេស​ថៃ ប្រចាំ ប្រទេស​វៀតណាម នៅក្នុង​ពិធី​សម្ពោធ​ព្រឹត្តិការណ៍​សប្ដាហ៍​ថៃ ឆ្នាំ ២០២២ នៅ ទីក្រុង​ព្រៃនគរ (ក្រុង​ហូជីមិញ) នាពេលថ្មីៗនេះ បាន​អះអាងថា ក្នុង​ឆ្នាំ ២០២៥ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង ថៃ និង វៀតណាម នឹង​សម្រេចបាន ២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ទំនាក់ទំនង​ពិសេស​រវាង ប្រទេស​ថៃ និង វៀតណាម បាន​ឈានដល់​ដំណាក់កាល​ចាស់ទុំ និង​ត្រូវបាន​លើកកម្ពស់​ទៅជា «ទំនាក់ទំនង​យុទ្ធសាស្ត្រ​កម្រិត​ជំរុញ​បន្ថែម» ចាប់តាំងពី​ឆ្នាំ ២០១៩។

    កាលពី​ឆ្នាំ ២០២១ ប្រទេស​ថៃ បាន​បង្កើត​សមាគម​សហគ្រាស​ថៃ នៅ ប្រទេស​វៀតណាម ឬ​ហៅថា ThaiCham ក្នុង​បំណង​ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ។

    ឯកអគ្គរាជទូត​ប្រទេស​ថៃ ប្រចាំ ប្រទេស​វៀតណាម ឱ្យដឹងថា ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង ថៃ និង វៀតណាម ក្នុង​ឆ្នាំ ២០២១ សម្រេចបាន ១៨.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក កើន ១៧.៩% ធៀប​នឹង​ឆ្នាំ ២០២០។ ប្រ​ទស​ថៃ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់ វៀតណាម នៅក្នុង​តំបន់អាស៊ីអាគ្នេយ៍ និង​ជា​អ្នកវិនិយោគ​បរទេស​ធំ​លំដាប់​ទី ៨ របស់ វៀតណាម។

    ទន្ទឹមនឹង​ប្រការ​ខាងលើ ប្រទេស​ថៃ និង វៀតណាម កំពុងតែ​ប្រឹងប្រែង​ដើម្បី​សម្រេចបាន​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបាន ២៥ ពាន់​លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ឆ្នាំ ២០២៥ ខាងមុខ នេះ​បើតាម​ការអះអាង​របស់​លោក Nikorndej Balankura ឯកអគ្គរាជទូត​ប្រទេស​ថៃ ប្រចាំ ប្រទេស​វៀតណាម។

    ពិធីសម្ពោធព្រឹត្តិការណ៍សប្ដាហ៍ថៃ ឆ្នាំ ២០២២ នៅ ទីក្រុងព្រៃនគរ (ក្រុងហូជីមិញ) នាពេលថ្មីៗនេះ
    ពិព័រណ៍​ពាណិជ្ជកម្ម​មួយ​​របស់ ថៃ នៅ វៀតណាម កាលពី​ពេល​ថ្មីៗនេះ
  • ឡាវ និង ថៃ ព្រមព្រៀងគ្នា​ថា នឹង​បើក​ច្រកទ្វារព្រំដែន​ឡើងវិញឆាប់ៗនេះ

    ឡាវ និង ថៃ ព្រមព្រៀងគ្នា​ថា នឹង​បើក​ច្រកទ្វារព្រំដែន​ឡើងវិញឆាប់ៗនេះ

    ប្រភពព័ត៌មាន​ពី រដ្ឋធានី​វៀងចន្ទន៍ នា​ថ្ងៃទី ២៤ កុម្ភៈ​នេះ ឱ្យដឹងថា ប្រទេស​ឡាវ និង ប្រទេស​ថៃ បាន​យល់ព្រម​បើក​ច្រកទ្វារព្រំដែន​នានា​ឡើងវិញ ឱ្យបាន​កាន់តែ​ឆាប់ កាន់តែ​ល្អ។

    ការសម្រេច​ខាងលើនេះ​ត្រូវបាន​លើកឡើង​នៅពេល ឯកអគ្គរដ្ឋទូត​ឡាវ ប្រចាំ ប្រទេស​ថៃ Seng Soukhathivong បាន​ចូល​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ នាយករដ្ឋមន្ត្រី​ថៃ លោក Prayut Chan-o-cha។ ក្នុងជំនួប​នេះ ភាគី​ប្រទេស​ទាំងពីរ បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​អំពី​សារសំខាន់ និង​ផលប្រយោជន៍​នៃ​ការបើក​ច្រកព្រំដែន​ឡើងវិញ ចំពោះ​វិស័យសេដ្ឋកិច្ច។

    នាយករដ្ឋមន្ត្រី​ថៃ ស្នើឱ្យ ឡាវ ពិចារណា​អំពី​ការអភិវឌ្ឍ​ផ្លូវ R១២ ដែល​ត​ភ្ជាប់​ប្រទេស​ចំនួន ៣ គឺ ឡាវ ថៃ និង វៀតណាម ដើម្បី​សម្រួល​ដល់​សហគមន៍​ក្នុង​តំបន់​មូលដ្ឋាន​របស់​ប្រទេស​ទាំងនេះ។

    ឯកអគ្គរដ្ឋទូតឡាវ ប្រចាំ ប្រទេសថៃ Seng Soukhathivong និង នាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha

    តាម​គម្រោង នាយករដ្ឋមន្ត្រី​ឡាវ Phankham Viphavanh នឹងធ្វើ​ទស្សនកិច្ច ប្រទេស​ថៃ នៅ​ពាក់កណ្ដាល​ឆ្នាំនេះ។ នាយករដ្ឋមន្ត្រី​ថៃ លោក Prayut បាន​សម្ដែង​ការ​សាទរ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នោះ និង​ថា នោះ​គឺជា​ឱកាសល្អ​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ក្នុង​គោលដៅ​រីកចម្រើន​យូរអង្វែង៕

  • ការប្ដូរឈ្មោះ​រាជធានី​របស់ ប្រទេស​ថៃ ត្រូវបាន​ក្រុមមន្ត្រី​ពន្យល់​បញ្ជាក់

    ការប្ដូរឈ្មោះ​រាជធានី​របស់ ប្រទេស​ថៃ ត្រូវបាន​ក្រុមមន្ត្រី​ពន្យល់​បញ្ជាក់

    សារព័ត៌​មាននៅ ប្រទេស​ថៃ បាន​រាយការណ៍​ថា រាជធានី​បាងកក ត្រូវ​ប្ដូរ​ឈ្មោះ​ទៅជា ក្រុង​ទេព​មហានគរ ប៉ុន្តែ ក្រុមមន្ត្រី​ឱ្យដឹងថា ការផ្លាស់ប្ដូរ​នេះ​គ្រាន់តែ​ទាក់ទង​ទៅនឹង​វណ្ណយុត្តិ​នៅក្នុង​ឃ្លា​តែប៉ុណ្ណោះ។

    Bangkok Post និង​បណ្ដា​ទំព័រសារព័ត៌មាន​ជាច្រើន​ទៀត​នៅ ប្រទេស​ថៃ កាលពី​ថ្ងៃទី ១៦ កុម្ភៈ បានចេញ​ផ្សាយ​ថា ប្រទេស​នេះ​នឹង​ប្ដូរ​ឈ្មោះ​ផ្លូវការ​របស់​រាជធានី​បាងកក ទៅជា ក្រុង​ទេព​មហានគរ (Krung Thep Maha Nakhon) ប៉ុន្តែ ឈ្មោះ បាងកក នៅតែ​ត្រូវបាន​ទទួលស្គាល់។

    ដំណឹង​ខាងលើនេះ ធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​មានការ​ភ្ញាក់ផ្អើល ក្នុងនោះ​អ្នកខ្លះ​មិនដឹងថា គួរតែ​ហៅ​រាជធានី​របស់ ថៃ ថា បាងកក ដែលជា​ឈ្មោះ​ត្រូវបាន​ស្គាល់​តាំងពី​យូរយារ​មកហើយ ឬ​ឈ្មោះ​ផ្លូវការ​ថ្មី ក្រុង​ទេព​មហានគរ ដែល​បង្ក​ការលំបាក​ក្នុងការ​ចងចាំ។

    នៅ​ចំពោះមុខ​ភាពច្របូកច្របល់​លើ​បណ្ដាញ​សង្គម អ្នកនាំពាក្យ​រង​របស់​រាជរដ្ឋាភិបាល​ថៃ Rachada Dhnadirek កាលពី​ថ្ងៃទី ១៧ កុម្ភៈ បាន​បកស្រាយ​ថា ក្រុង​ទេព​មហានគរ ត្រូវបាន​ដាក់​ជា​ឈ្មោះ​ផ្លូវការ​របស់​រាជធានី តាំងពី​ឆ្នាំ ២០០១ និង​មិនមាន​ការផ្លាស់ប្ដូរ​ឈ្មោះ​នោះទេ លើកលែងតែ​វិធី​សរសេរ​វណ្ណយុត្ត​នៅក្នុង​ឃ្លា។

    «ចាប់ពី​ឆ្នាំ ២០០១ យើង​ប្រើប្រាស់​ការសរសេរ ‘ក្រុង​ទេព​មហានគរ; បាងកក’ ដោយមាន​សញ្ញា​ចុច​ក្បៀស​នៅ​កណ្ដាល» Rachada Dhnadirek ពន្យល់។ «ប៉ុន្តែ បច្ចុប្បន្ន វិធី​សរសេរ​នឹងត្រូវ​ប្ដូរ​ទៅជា ‘ក្រុង​ទេព​មហានគរ (បាងកក)’» ដោយមាន​សញ្ញា​វង់ក្រចក»។

    ចំណែក​នៅលើ​ទំព័រ Facebook របស់ខ្លួន ការិយាល័យ​ព្រះបរមរាជវាំង (ORST) បានឱ្យដឹងថា ប្រជាជន​អាច​ប្រើប្រាស់​ឈ្មោះ​ទាំងពីរ​នេះ​បាន គឺ ក្រុង​ទេព​មហានគរ និង បាងកក។

    កាលពី​ថ្ងៃទី ១៥ កុម្ភៈ គណៈរដ្ឋមន្ត្រី​ថៃ បានអនុម័ត​កំណែទម្រង់​នេះ ប៉ុន្តែ ការផ្លាស់ប្ដូរ​នេះ​នឹង​មិនទាន់មាន​សុពលភាព រហូត​ដល់ពេល​ត្រូវបាន​គណៈកម្មការ​តាមដាន​ខ្លឹមសារ​ច្បាប់ ធ្វើការ​ត្រួតពិនិត្យ។

    ក្រុង​ទេព​មហានគរ មានន័យថា «ទីក្រុង​ធំ​របស់​ពពួក​ទេវតា» ដែលជា​ពាក្យកាត់​នៃ​ពិធីបុណ្យ​មួយ​ដែលមាន​ឈ្មោះថា «Krung Thep Mahankhon Amon Rattanakosin Mahinthara Ayuthaya Mahadilok Phop Noppharat Ratchathani Burirom Udomratchniwet Mahasathan Amon Piman Awatan Sathit Sakkathattiya Witsanukam Prasit»៕

  • ទស្សនា «ស្រែ​កាំជណ្ដើរ លើដំបូងអគារ» ទំហំ​ជាង ២២,០០០ ម៉ែត្រក្រឡា របស់​សាកល​វិទ្យាល័យ នៅ ប្រទេស​ថៃ

    ទស្សនា «ស្រែ​កាំជណ្ដើរ លើដំបូងអគារ» ទំហំ​ជាង ២២,០០០ ម៉ែត្រក្រឡា របស់​សាកល​វិទ្យាល័យ នៅ ប្រទេស​ថៃ

    ដំបូល​នៃ​អគារ​របស់​សាកលវិទ្យាល័យ ធ​ម្មា​សាធ (Thammasat) ត្រូវបាន​ប្ដូរ​ទៅជា​ទីកន្លែង​ដាំ​ដំណាំ​របស់​ក្រុមនិស្សិត និង​បុគ្គលិក​នៃ​សាកលវិទ្យាល័យ ដែលមាន​រូបរាង​ជា​កាំជណ្ដើរ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍។

    ការប្ដូរ​ទៅជា​ស្រែចំការ​នៃ​ផ្ទៃ​ដំបូល​ទំហំ​ជាង ២២,០០០ ម៉ែត្រក្រឡា​នេះ បានអនុញ្ញាត​ឱ្យ​និស្សិត និង​បុគ្គលិក​របស់​សាលារៀន ដាំ​ដំណាំ​ច្រើន​ប្រភេទ មាន​ទាំង​ស្រូវ មាន​ទាំង​បន្លែ ផ្លែឈើ។

    ដោយមាន​ទម្រង់​ជា​ស្រែ​កាំជណ្ដើរ​បែប​បុរាណ ផ្លូវ zigzag ទាំងឡាយ បាន​ជួយ​ឱ្យ​ស្រែចំការ​ទាំងមូល​នៅលើ​ដំបូង​អគារ ទទួលបាន​ទឹកភ្លៀង​គ្រប់គ្រាន់ និង​នាំ​ទឹក​ដែល​សល់​ចុះទៅ​កាន់​បឹង​ផ្ទុក​ទឹក​ពិសេស សម្រាប់​ប្រើប្រាស់​នៅក្នុងពេល​រាំងស្ងួត។

    កាលពី​ប្រហែល ១ សតវត្សរ៍​មុន ទីតាំង​នៃ​សាកលវិទ្យាល័យ​ធ​ម្មា​សាធ នេះ គឺជា​វាលស្រែ​ស្រូវ ដែល​ផ្គត់​ផ្គង់ស្បៀង​ដល់​សហគមន៍ និង​ស្រូបយក​ទឹក​សល់​នៅក្នុង​រដូវវស្សា។

    https://www.youtube.com/watch?v=080Uy-419SU

    បច្ចុប្បន្ន ក្រុម​វិស្វករ​ក្នុង​តំបន់ កំពុង​ឆ្ពោះទៅរក​ធម្មជាតិ​ដើម្បី​ផ្លាស់ប្ដូរ​ការអភិវឌ្ឍ​ទីក្រុង និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ជួយ​គ្រប់គ្រង​បាតុភូតធម្មជាតិអាក្រក់ៗ ដែល​ទាក់ទង​នឹង​បំ​រ៉ែ​បំ​រួល​អាកាសធាតុ៕

  • នាយករដ្ឋមន្ត្រី​ថៃ​ស្នើឱ្យ​ពលរដ្ឋ​នៅក្នុង​ផ្ទះ ក្នុង​គ្រា​ករណី​វិជ្ជមាន​នឹង Covid-19 កំពុង​កើនឡើង​យ៉ាងខ្ពស់

    នាយករដ្ឋមន្ត្រី​ថៃ​ស្នើឱ្យ​ពលរដ្ឋ​នៅក្នុង​ផ្ទះ ក្នុង​គ្រា​ករណី​វិជ្ជមាន​នឹង Covid-19 កំពុង​កើនឡើង​យ៉ាងខ្ពស់

    នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់ខ្លួន​នៅក្នុង​ផ្ទះ​ដើម្បី​ទប់ស្កាត់ «រលក​ធំ​បំផុត» នៃ​ការឆ្លង​រាលដាល​របស់​វីរុស Covid-19 បន្ទាប់ពី​ក្រុមមន្ត្រី​បញ្ជាក់​អំពី​ការកើនឡើង​ខ្ពស់​នៃ​ករណី​ឆ្លង​ថ្មី​ដល់​ទៅ 745 នាក់​ក្នុងថ្ងៃនេះ។

    រដ្ឋាភិបាល​ថៃ ថ្ងៃនេះ​បានប្រកាសថា ខេត្ត​ក្រុង​ចំនួន 28 រួមមាន​ទាំង​រាជធានី​បាងកក​ផងដែរ គឺជា​តំបន់​ដែល​កំពុងមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង Covid-19 ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ធ្វើការ​ក្នុងផ្ទះ ចៀសវាង​ការជួប​ជុំគ្នា ឬ​ចាក​ចេញពី​ខេត្ត​របស់ខ្លួន​ក្នុង​គ្រា​ដែលមាន​ការផ្ទុះ​ឆ្លង​រាលដាល​ខ្លាំង ក្រោយ​ការរកឃើញ​ករណី​ឆ្លង​នៅក្នុង​ផ្សារ​ត្រី​ក្បែរ​ទីក្រុង​បាងកក​កាលពីពេលថ្មីៗនេះ។

    នាយករដ្ឋមន្ត្រី​ថៃ លោក Prayuth Chan-ocha បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា៖ «យើង​មិន​ចង់​បិទទ្វារ​ប្រទេស​ទាំងមូល​នោះទេ ព្រោះ​យើង​ដឹង​ច្បាស់​អំពី​បញ្ហា ដូច្នេះ​តើ​គ្រប់គ្នា​អាច​បិទទ្វារ​ដោយ​ខ្លួនឯង​បានទេ?។ ប្រការនេះ​អាស្រ័យ​លើ​អ្នក​គ្រប់គ្នា ហើយ​បើសិនជា​មិន​ចង់​ឆ្លង​វីរុស គ្រប់គ្នា​គ្រាន់តែ​នៅផ្ទះ​ក្នុង​រយៈពេល​ពី 14-15 ថ្ងៃ។ បើសិន​អ្នក​គិត​ដូច្នេះ នោះ​គ្រប់យ៉ាង​នឹងមាន​សុវត្ថិភាព ហើយ​ងាយស្រួល​ក្នុងការ​គ្រប់គ្រង»។

    សម្រាប់​ថ្ងៃនេះ ប្រទេស​ថៃ​មាន​អ្នកស្លាប់​ថ្មី​ចំនួន 1 ករណី និង​បាន​រកឃើញ​ករណី​វិជ្ជមាន​ថ្មី​ចំនួន 745 នាក់ ដែល​នេះ​គឺជា​កម្រិត​ខ្ពស់បំផុត​រាប់​ចាប់ពី​ថ្ងៃ​ដែល​ប្រទេស​នេះ​រកឃើញ​ករណី​ដំបូង។ គិត​ត្រឹម​ថ្ងៃនេះ ប្រទេស​ថៃ​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 8,439 នាក់ និង​អ្នកស្លាប់​សរុប​ចំនួន 65 នាក់។ យ៉ាងនេះ​ក្ដី ប្រទេស​ថៃ​នៅតែ​ស្ថិត​ក្នុងចំណោម​បណ្ដា​ប្រទេស​ដែលមាន​ករណី​ឆ្លង​ទាប​ជាងគេ​នៅ​អាស៊ី។

    ករណី​ឆ្លង​ថ្មី​ភាគច្រើន​គឺ​ជាប់ទាក់ទង​នឹង​ក្រុម​ពលរដ្ឋ​បរទេស​ដែល​ចាប់ផ្ដើម​ឆ្លង​រាលដាល​នៅ​ខេត្ត Samut Sakhon នៅ​ភាគ​និរតី​ក្រុង​បាងកក និង​បាន​រាលដាល​ទៅកាន់​ខេត្ត​នានា​ជាង​ពាក់កណ្ដាល​របស់​ប្រទេស​នេះ។ រដ្ឋាភិបាល​ថៃ​បានចេញ​បញ្ជា​ឱ្យ​ហាង​នានា និង​អ្នកលក់​អាហារ​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​ចាប់ពី​ម៉ោង 19 យប់ ដល់​ម៉ោង 6 ព្រឹក​ថ្ងៃ​បន្ទាប់ ដោយ​ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី 5 ខែមករា ដើម្បី​ទប់ទល់​នឹង​ការឆ្លង​វីរុស។

    ការលក់​គ្រឿង​ស្រវឹង​នៅក្នុង​ហាង និង​បារ ក៏ដូចជា​ទីតាំង​កម្សាន្ត​នានា​នៅក្នុង​បណ្ដា​ខេត្ត​ដែលមាន​ហានិភ័យ​ខ្ពស់​ក៏ត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន។ អភិបាលខេត្ត-ក្រុង​នានា ទទួលបាន​សិទ្ធិ​ក្នុង​ការចេញ​បទបញ្ជា​ដោយឡែក​ដើម្បី​ចូលរួម​ទប់ស្កាត់ Covid-19។

    ចំណែក​សាលារៀន និង​មជ្ឈមណ្ឌល​អប់រំ​នៅ​ទូទាំងប្រទេស ក៏ត្រូវ​បិទទ្វារ ផ្អាក​ដំណើរការ​រយៈពេល​ពេញ​មួយខែ​ផងដែរ៕

    ប្រភព៖ Reuters

  • ម៉េចបានពិបាកមានកូនម្ល៉េះ? ម៉េចបានមិនមានកូនសោះអ៊ីចឹង?

    ម៉េចបានពិបាកមានកូនម្ល៉េះ? ម៉េចបានមិនមានកូនសោះអ៊ីចឹង?

    មូលហេតុពិបាកមានកូន

    កំពុងជួបបញ្ហា មែនទេ? កំពុងតែមានអារម្មណ៍តានតឹង មែនទេ? ហេតុអីបានមិនមានកូនសោះអ៊ីចឹង ទាំងរៀបការមកយូរហើយ ជីវិតសិចក៏ទៀងទាត់ល្អ និងមិនបានពន្យារកំណើតទៀត តែក៏នៅតែមិនព្រមមានគភ៌សោះ…នេះបញ្ជាក់ថា អ្នកកំពុងស្ថិតក្នុងសភាវពិបាកមានបុត្រហើយ។ តើហេតុអីបានពិបាកមានបុត្រ? ថ្ងៃនេះ ឡារ៉ែននឹងជួយគូស្វាមីភរិយាគ្រប់រូបមកស្វែងរកពីមូលហេតុនេះ ដើម្បីបើកចំហបញ្ហាពិបាកមានបុត្រនេះដូចតទៅ…។

    ពិបាកមានកូនដោយសារនរណា? នរណាជាមូលហេតុនៃការពិបាកមានកូន?

    -មូលហេតុពិបាកមានបុត្រដែលបណ្ដាលមកពីខាងស្រី ៈ បណ្ដាលមកពីភាពខុសប្រក្រតីរបស់ក្រពេញអន្តោមញ្ច័ន ដូចជា ហាយប៉ូថាឡាម៉ាស់ ក្រពេញក្រោមខួរក្បាល ក្រពេញថៃរ៉យដ៍ រួមទាំងសាច់ភ្នាសប្រអប់ស្បូនរីកធំធាត់ខុសកន្លែង ដុះសាច់ក្នុងស្បូន បំពង់បញ្ជូនស៊ុតណែនស្ទះ មានបញ្ហាក្នុងការទម្លាក់ស៊ុត ធ្លាប់ឆ្លងកាត់ការវះកាត់ពន្យារកំណើតពីមុន រួមទាំងការជក់បារី ញៀនគ្រឿងញៀន សេពសុរាជាប្រចាំ ឬរោគធាត់ក៏អាចធ្វើឱ្យពិបាកមានបុត្រដែរ។

    -មូលហេតុពិបាកមានបុត្រដែលបណ្ដាលមកពីខាងប្រុស ៈ ដោយសារតែភាពខុសប្រក្រតីរបស់ហាយប៉ូថាឡាម៉ាស់ ក្រពេញក្រោមខួរក្បាលធ្វើឱ្យមិនអាចសាងអ័រម៉ូនកូណាដូថ្រូពីន រីលីហ្ស៊ីងដែលគ្រប់គ្រងការធ្វើការរបស់ប្រព័ន្ធបន្តពូជក្នុងមនុស្សបាន។ ក្រៅពីនេះ ការឆ្លងរោគខ្ទុះខាងក្នុងបំពង់បញ្ជូនមេជីវិត ធ្វើឱ្យកើតការណែនស្ទះមិនអាចបញ្ជូនទឹកមេជីវិតបាន ឬឆ្លងមេរោគនៅបរិវេណសរសៃឈាមខ្មៅក្នុងពងស្វាស អាចហុចផលប៉ះពាល់ដល់ការផលិតទឹកមេជីវិត និងការដែលមេជីវិតមានរូបរាងខុសប្លែកពីប្រក្រតី ធ្វើចលនាយឺតយ៉ាវ មេជីវិតមានចំនួនតិច អវយវៈភេទមិនឡើងរឹង ជក់បារីច្រើនហួសហេតុ សេពសុរាជាប្រចាំ ញៀនគ្រឿងញៀនក៏ជាមូលហេតុធ្វើឱ្យពិបាកមានបុត្របានដែរ។

    ចង់កែខៃមូលហេតុពិបាកមានបុត្រត្រូវធ្វើយ៉ាងណា?

    ដំបូងបង្អស់ ត្រូវទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញដើម្បីរកមូលហេតុនៃការពិបាកមានបុត្រពិតប្រាកដ។

    ដឹងពីមូលហេតុពិបាកមានបុត្រហើយ បើចង់មានបុត្រ ត្រូវប្រើវិធីណា?

    នៅពេលដឹងពីមូលហេតុហើយថា ខ្លួនពិបាកក្នុងការមានបុត្រដោយសារអ្វី គ្រូពេទ្យជំនាញនឹងផ្ដល់ការប្រឹក្សាក្នុងការរៀបផែនការដើម្បីមានបុត្រ។ ជ្រើសរើសវិធីដែលស័ក្តិសម ដែលបច្ចុប្បន្នតិចណូឡូជីជួយបង្កើនពូជបានចូលមកមានតួនាទីខ្លាំងជាមួយអ្នកដែលពិបាកមានបុត្រ និងមានវិធីជាច្រើនដូចជា ៈ

    • ចាក់បញ្ចូលមេជីវិតផ្សំ
    • ធ្វើ GIFT
    • ធ្វើវិធីចិញ្ចឹមទារកក្នុងប្រអប់កែវ
    • ធ្វើ ICSI
    • ធ្វើ ZIFT
    • ស្វែងរកអ្នកពពោះជំនួសដោយត្រឹមត្រូវតាមច្បាប់

    មូលហេតុពិបាកមានបុត្រអាចកើតចំពោះទាំងស្រ្តី និងបុរស ការព្យាបាលត្រូវប្រឹក្សាជាមួយគ្រូពេទ្យជំនាញជាពិសេស ដើម្បីជ្រើសរើសវិធីដែលស័ក្តិសម។ វិធីខ្លះត្រូវប្រើការរៀបចំផែនការរយៈពេលយូរ​តាំងពីការត្រៀមសភាពរាងកាយ ថ្លៃចាយវាយក៏អាចខ្ពស់ខុសប្លែកគ្នាតាមវិធី និងទីកន្លែង តែបើចង់មានបុត្រពិតប្រាកដ អាចនិយាយបានថា ជាការវិនិយោគដែលមានតម្លៃបំផុត…

    ឡារ៉ែនសូមជួយជាកម្លាំងចិត្តគ្រប់គូស្វាមីភរិយា៕