Tag: ដំបូង

  • អ្នក​អវកាស​ដែល​ «ឯកាបំផុត» ​ក្នុង​ប្រវត្តិសាស្ត្រ

    អ្នក​អវកាស​ដែល​ «ឯកាបំផុត» ​ក្នុង​ប្រវត្តិសាស្ត្រ

    ជាង 50 ឆ្នាំ​បន្ទាប់​ពី​បេសក​កម្ម​ Apollo 11 អ្នក​អវកាស​ Michael Collins នៅ​តែ​ត្រូវ​បាន​គេ​រម្លឹក​ថា​ជា​អ្នក​ក្លាហាន​ស្ងាត់​ស្ងៀម​ ដែល​មាន​រហ័សនាម​ថា «មនុស្ស​ឯកាបំផុត»។

    កាល​ពី​ឆ្នាំ 1969 ក្នុង​ពេល​ Neil Armstrong និង Buzz Aldrin ចុះ​ដើរ​លើ​ឋាន​ព្រះចន្ទ​ជា​លើក​ដំបូង​របស់មនុស្ស​ជាតិ​ លោក Michael Collins អង្គុយ​ម្នាក់​ឯង​នៅក្នុង​បន្ទប់​បញ្ចា​ការ​​ Columbia របស់​យាន​អវកាស Apollo 11 និង​ហោះ​ពី​ក្រោយ​តំបន់​ងងឹត​របស់​ព្រះចន្ទ​។

    លោក Collins ទទួល​ខុស​ត្រូវ​ក្នុង​ការ​បញ្ជា​ម៉ូឌុល Eagle នាំ​មិត្ត​រួម​ក្រុម​ពីរ​នាក់​ចុះ​ចត​លើឋាន​ព្រះចន្ទ​។ នៅ​ពេល​នោះ រាល់​ទំនាក់ទំនង​ជាមួយ​ផែនដី​ត្រូវ​បាន​កាត់​ផ្ដាច់​ ដោយ​សារ​តែមាន​ការ​រារាំង​ពី​​ព្រះចន្ទ​ ធ្វើ​ឱ្យ Collins ត្រូវ​ដាច់​ទំនាក់​ទំនង​​ទាំង​ស្រុង​ជាមួយ​នឹង​មនុស្ស​នៅលើ​ផែនដី​ ហើយ​ក៏​ឆ្ងាយ​ពី​ផ្ទះ​រាប់​សែន​គីឡូម៉ែត្រ​។

    អ្នកអវកាស Michael Collins

    លោក Collins ​​និយាយ​ថា «នៅ​ខាង​ក្រៅ​កញ្ចក់យាន​ ខ្ញុំ​អាច​មើល​ឃើញ​តែ​ដួង​តារា​ គឺ​មាន​តែប៉ុណ្ណឹង»។ លោក​បន្ត​ថា អារម្មណ៍​ពេល​នោះ គឺ​ដូច​ទៅ​នឹង​លោក​កំពុងអង្គុយ​លើ​កូន​ទូក​តូច​មួយ​ដែល​កំពុង​អណ្ដែត​លើ​ផ្ទៃ​ទឹក​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ក្នុង​រាត្រី​ងងឹត​សូន្យ​សុង។

    អ្នកអវកាស Michael Collins ថតរូបម៉ូឌុល Eagle របស់យានអវកាស Apollo 11 រួមនឹងព្រះចន្ទ និងផែនដី

    លោក Collins បាន​ស្ថិត​នៅ​លើ​យាន​ Columbia អស់​រយៈ​ពេល 21 ម៉ោង​ គ្រា​ដែល​ Buzz Aldrin និង Neil Armstrong ចុះ​ចត​ និង​ដើរ​លើឋាន​ព្រះចន្ទ​។ ទោះជាយ៉ាង​ណា​ក៏​ដោយ លោក Collins ធ្លាប់​បាន​និយាយ​ថា លោក​​នៅ​តែ​ពេញ​ចិត្ត​នឹង​អារម្មណ៍​ឯកានោះ៕

  • ឃ្លាំង​ពេជ្រ​អាយុកាល​ជិត 13 ពាន់​លាន​ឆ្នាំ បង្ហើប​ពី​ភាវៈរស់​ក្រៅ​ផែនដី

    ឃ្លាំង​ពេជ្រ​អាយុកាល​ជិត 13 ពាន់​លាន​ឆ្នាំ បង្ហើប​ពី​ភាវៈរស់​ក្រៅ​ផែនដី

    តេ​ឡេ​ស្កុប​អវកាស​ទំនើប​បំផុត​លើ​ពិភពលោក​បាន​រកឃើញ​ឃ្លាំង​ពេជ្រ​មួយ នេះ​បើ​និយាយ​ទៅតាម​ទាំង​ន័យត្រង់ និង​ន័យធៀប។

    យោងតាម​ទំព័រ Space តេ​ឡេ​ស្កុប James Webb របស់​ណា​សា បាន​រកឃើញ​ធូលី​កាបូន​ដូច​ពេជ្រ​នៅក្នុង​បណ្ដា​កាឡាក់ស៊ី​ដែល​ទំនង​ជា​បាន​​កកើតឡើង​​តែ​ប៉ុន្មាន​រយ​ឆ្នាំ​ប៉ុណ្ណោះ​បន្ទាប់ពី​ Big Bang ដែលជា​ហេតុការណ៍​ចាប់កំណើត​របស់​ចក្រវាល។

    ការរកឃើញ​នេះ​អាចជះឥទ្ធិពល​ដល់​ទ្រឹស្ដី​ដែល​ទាក់ទង​នឹង​ការវិវត្ត​របស់​គីមី​នៅក្នុង​ចក្រវាល។ កន្លងមក អ្នកវិទ្យាសាស្ត្រ​ជឿថា ដំណើរការ​នៃ​ការកកើត និង​បែងចែក​ធាតុ​រឹង​ដូចជា​កាបូន​ជាដើម ​ស៊ី​ពេលវេលា​ច្រើន មិនអាច​មាននៅ​ក្នុង​បណ្ដា​កាឡាក់ស៊ី​វ័យក្មេង។

    ការរកឃើញ​ថ្មី​នេះ​បានចាប់ផ្ដើម​ពី​ការពិនិត្យមើល​​ឆ្លងកាត់​ពេលវេលា និង​លំហ​អវកាស​​នៃ​កាឡាក់ស៊ី​បុរាណ​ចំនួន 10។ អំពី​ទ្រឹស្ដី រូបភាព​ដែល​មនុស្ស​មើលឃើញ​វត្ថុ​អវកាស​មួយ គឺមាន​អត្រា​យឺត​ដូច​ទៅនឹង​ពេលវេលា​ដែល​ពន្លឺ​ពី​វត្ថុ​អវកាស​នោះ​ធ្វើដំណើរ​ដល់​ភ្នែក​របស់​មនុស្ស។

    ដោយ​ការ​មើលទៅ​ទីតាំង​ដែលមាន​ចម្ងាយ​រាប់ពាន់​លាន​ឆ្នាំ​ពន្លឺ James Webb បាន​នាំមក​នូវ​រូបភាព​កាលពី 12.8 ពាន់​លាន​ឆ្នាំមុន ជា​ពេលដែល​កាឡាក់ស៊ី​ទាំងនេះ​នៅ​ក្មេង និង​ស្ថិតក្នុង​ចក្រវាល​ក្មេងខ្ចី។ ធូលី​កាបូន​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​មើលឃើញ បាន​រីកចម្រើន​ទៅជា​ម៉ូលេគុល​អ៊ី​ដ្រូ​កាបូន​ក្រអូប (PAH) ដែលជា​ប្រការ​មិនអាច​ជឿ​បាន​ថា មាននៅ​ក្នុងអំឡុងពេល​ជិត 13 ពាន់​លាន​ឆ្នាំមុន។

    ការសិក្សា​ស្រាវជ្រាវ​កន្លងមក​បាន​បញ្ជាក់ថា ចក្រវាល​ក្រោយពី Big Bang ភ្លាមៗ នៅមាន​ភាព «ឯកា» ខ្លាំងណាស់ ដោយ​វា​ភាគច្រើន​មានតែ​អ៊ីដ្រូសែន និង​អេ​ល្យូ​ម។

    យោងតាម​ទ្រឹស្ដី​នានា​ដែល​ត្រូវបាន​ទទួលស្គាល់​ទូលំទូលាយ បណ្ដា​ធាតុ​ដែល​រឹង​ជាង​អ៊ីដ្រូសែន និង​អេ​ល្យូ​ម សុទ្ធតែ​កកើតឡើង​ក្នុងដំណាក់កាលក្រោយៗមកទៀត បន្ទាប់ពី​ការកកើត​ផ្កាយ​រាប់លាន​ជំនាន់។ ស្នូល​របស់​ផ្កាយ​នានា​គឺជា «ឡ» ប្រតិកម្ម បង្កើត​ធាតុធ្ងន់ៗជាង​មុន នៅពេល​ពួកវា​ផ្ទុះស្លាប់។

    កាបូន​ក៏​ជា «ឆ្អឹងខ្នង​របស់​ភាវៈរ​ស់»។ វា​អាច​កកើត​នៅក្នុង​កាឡាក់ស៊ីចាស់ៗទាំង 10 ដែល​អ្នកវិទ្យាសាស្ត្រ​ទើបតែ​រកឃើញ។ នេះ​បើតាម​ការស្រាវជ្រាវ​រប​ស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Cambridge (អង់គ្លេស) ដែល​បាន​និយាយ​ខាងលើ។

    ប្រការនេះ​អាចឱ្យ​យើង​ចាប់ផ្ដើម​ងាក​ទៅ​ជឿថា ភាវៈ​រស់ក្នុង​យុគសម័យដំបូងៗទំនងជា​បានចាប់ផ្ដើមត្រូវ​បាន​ «ភ្ញាស់» ក្នុង​ចក្រវាល​តាំងពី​យូរ​ឡុង​ ជាង​អ្វីដែល​មនុស្ស​បានគិត។ ចំណែក​ជីវិត​នៅលើ​ផែនដី​ក៏​ប្រហែលជា​ស្ថិតក្នុង​ដំណាក់កាល​វ័យ​ក្មេង​នៅឡើយ បើ​ធៀប​នឹង​ជីវិត​នៅតាម​បណ្ដា​ភព​ក្នុង​ប្រព័ន្ធ​ផ្កាយ​នានា​របស់​កាឡាក់ស៊ី​បុរាណៗ៕

  • ចិន​សាងសង់​អគារ​គ្មាន​ទំនាញផែនដី​កម្ពស់​រាប់សិប​ម៉ែត្រ

    ចិន​សាងសង់​អគារ​គ្មាន​ទំនាញផែនដី​កម្ពស់​រាប់សិប​ម៉ែត្រ

    ក្រុម​អ្នកជំនាញ​របស់​ប្រទេស​ចិន កំពុងតែ​សាងសង់​មូលដ្ឋាន​ថ្មី​ដើម្បី​បម្រើ​ដល់​ការពិសោធ​ដែល​ទាក់ទង​នឹង​ដែន​ទំនាញផែនដី រួមចំណែក​ក្នុងការ​សិក្សា​ស្រាវជ្រាវ​ទី​អវកាស។

    មូលដ្ឋាន​ពិសោធន៍​មីក្រូ​ទំនាញ​ជាមួយនឹង​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច (Microgravity Experiment Facility with Electromagnetic Launch – MEFEL) នៅ​ទីក្រុង​ប៉េកាំង មាន​កម្ពស់ 40 ម៉ែត្រ ប្រើប្រាស់​ម៉ាស៊ីន​ពិសេស​ដែល​នាំ​វត្ថុ​ឡើង-ចុះ និង​ទទួល​បទពិសោធន៍​នៃ​ស្ថានភាព​ដែល​ស្ទើរតែ​មិនមាន​ទំនាញផែនដី​ក្នុង​រយៈពេល 4 វិនាទី។ នេះ​បើតាម​ការចុះផ្សាយ​របស់ SCMP កាលពី​ថ្ងៃទី 20 កក្កដា 2023។

    MEFEL អាចឱ្យ​ធ្វើការ​ពិសោធ 100 ដង/ថ្ងៃ និង​ចំណាយ​អគ្គិសនី​ប្រហែល​តែ 1 គីឡូវ៉ាត់ម៉ោង​ប៉ុណ្ណោះ​សម្រាប់​ការពិសោធ​មួយ។ វា​ក៏​​អាចបង្កើត​កម្លាំង​ទំនាញ​ស្រាល​ដើម្បី​ធ្វើ​ត្រាប់​តាម​លក្ខខណ្ឌ​​ធម្មជាតិ​នៅលើ​ព្រះ​ចន្ទ និង​ភព​អង្គារ។

    កាលពី​ឆ្នាំ 2019 មូលដ្ឋាន​ដំបូង​ដែល​ស្ថិតក្នុង​ប្រភេទ MEFEL ចាប់ផ្ដើម​ដំណើរការ​នៅ​ប្រទេស​អាល្លឺម៉ង់ និង​មាន​ឈ្មោះថា Einstein – Elevator។ អគារ​នេះ​មាន​កម្ពស់ 40 ម៉ែត្រ អាច​ឱ្យទទួល​បទពិសោធ​ន៍​ស្ថានភាព​គ្មាន​ទំនាញ​ប្រហែល 4 វិនាទី ហើយ​អាចធ្វើ​ការពិសោធ​បាន 300 ដង/ថ្ងៃ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន បានចាប់ផ្ដើម​អភិវឌ្ឍ MEFEL តាំងពី​ឆ្នាំ 2017។ ពួកគេ​ប្រើប្រាស់​ម៉ាស៊ីន​ប្រវែង 3 ម៉ែត្រ ដើម្បី​បង្កើត​បរិស្ថាន​គ្មាន​ទំនាញ​ក្នុង​រយៈពេល​ខ្លី។ នៅ​ខាងក្នុង MEFEL ឈុត​សម្រាប់​ពិសោធន៍​នឹង​ផ្ដល់​បរិស្ថាន​មាន​ទំនាញផែនដី​ស្មើនឹង 1/100,000 នៃ​កម្រិត​​ទំនាញ​ធម្មតា​នៅលើ​ផែនដី ក្នុង​រយៈពេល 4 វិនាទី។

    ក្រុម​វិស្វករ​ចិន ក៏​ពុង​តែ​អភិវឌ្ឍ MEFEL ជំនាន់​ថ្មី ដែល​គ្រោង​នឹង​អាចបង្កើត​ស្ថានភាព​គ្មាន​ទំនាញ​ឱ្យបាន​ដល់ 20 វិនាទី និង​ទម្ងន់​​អតិបរមា​​សម្រាប់​ការពិសោធ នឹង​ឡើងដល់ 500 គីឡូក្រាម៕

  • ទួ​រ​ប៊ី​ន​ខ្យល់​លើ​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ចាប់ផ្ដើម​ដំណើរការ

    ទួ​រ​ប៊ី​ន​ខ្យល់​លើ​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ចាប់ផ្ដើម​ដំណើរការ

    ទួ​រ​ប៊ី​ន​ខ្យល់​លើ​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ចាប់ផ្ដើម​ដំណើរការ​នៅក្នុង​ខេត្ត Fujian ភាគ​អាគ្នេយ៍​របស់​ប្រទេស​ចិន និង​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អគ្គិសនី​កាលពី​ថ្ងៃទី 19 កក្កដា ឆ្នាំ 2023។

    ក្រុមហ៊ុន China Three Gorges Corporation បាន​ត​ភ្ជាប់​ទួ​រ​ប៊ី​ន​ខ្យល់​លើ​សមុទ្រ កម្លាំង 16 ម៉េ​ហ្គា​វ៉ា​ត់ (MW) ដំបូង​លើ​ពិភពលោក ទៅ​នឹង​បណ្ដាញ​អគ្គិសនី​។ ដោយមាន​អង្កត់ផ្ចិតរ​ង្វិ​ល​ជុំ​ប្រវែង 260 ម៉ែត្រ ទួ​រ​ប៊ី​ន​ខ្នាត​យក្ស​នេះ​នឹង​ផ្គត់ផ្គង់​អគ្គិសនី​ស្អាត​ដល់​តម្រូវការ​រប​ស់មនុស្ស 36,000 គ្រួសារ​នៅ​ប្រទេស​ចិន។

    ទួ​រ​ប៊ី​ន​ខ្យល់​ដែលមាន​ឈ្មោះថា MySE 16-260 និង​​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន MingYang Smart Energy គឺជា​ទួ​រ​ប៊ី​ន​ធំ​បំផុត​ដែល​បាន​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អគ្គិសនី។ ម៉ូ​ទ័​រ​ផលិត​អគ្គិសនី​ក្នុង​ស្នូល​ដែល​ដាក់​លើ​បង្គោល​ទួ​រ​ប៊ី​ន​កម្ពស់ 152 ម៉ែត្រ មាន​ទម្ងន់ 385 តោន។ ស្លាប​កង្ហារនីមួយៗមាន​ប្រវែង 123 ម៉ែត្រ និង​ទម្ងន់ 54 តោន។

    នៅពេល​វិល​បាន​មួយ​ជុំ ស្លាប​កង្ហារ​បក់​ក្នុង​ទំហំ​ផ្ទៃក្រឡា 50,000 ម៉ែត្រការ៉េ ស្មើនឹង​ទីលាន​បាល់ទាត់​ស្ដង់ដា​ចំនួន 7 បូក​ចូលគ្នា និង​បញ្ចូល​អគ្គិសនី 34.2 គីឡូវ៉ាត់ម៉ោង​ទៅក្នុង​បណ្ដាញ​អគ្គិសនី​របស់​ប្រទេស​ចិន។ ជា​រៀងរាល់ឆ្នាំ ទួ​រ​ប៊ី​ន​នេះ​នឹង​ផ្គត់ផ្គង់​អគ្គិសនី​ប្រហែល 66 ជី​ហ្គា​វ៉ា​ត់​ម៉ោង។

    ទួ​រ​ប៊ី​ន​ខ្យល់​សម្រាប់​ដាក់​លើ​សមុទ្រ​នឹងមាន​ទំហំ​ធំ​ជាង​នេះ នាពេលខាងមុខ។ ក្រុមហ៊ុន​សាងសង់​កប៉ាល់​ចិន ធ្លាប់​ផលិត​ទួ​រ​ប៊ី​ន​ខ្យល់ 18 MW កាលពី​ខែមករា ឆ្នាំ 2023 ហើយ​បន្ទាប់មកទៀត នឹង​ជា​កំណែ 20 ម៉េ​ហ្គា​វ៉ា​ត់៕

  • SpaceX បាញ់​បង្ហោះ​ផ្កាយរណប Starlink នៅពេល​យប់ បង្កើតឱ្យមាន​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត

    SpaceX បាញ់​បង្ហោះ​ផ្កាយរណប Starlink នៅពេល​យប់ បង្កើតឱ្យមាន​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត

    សន្សើម​ធ្លាក់ និង​ផ្ទៃមេឃ​ស្រឡះ​ល្អ​របស់ California បាន​ជួយ​បង្កើត​ទិដ្ឋភាព​ដ៏​ទាក់ទាញ​នៅពេល SpaceX បាញ់​បង្ហោះ​ផ្កាយរណប​នៅពេល​យប់។

    ក្រុមហ៊ុន​អាម៉េរិក SpaceX បាន​បាញ់​បង្ហោះ​ផ្កាយរណប Starlink ចំនួន 15 គ្រឿង​របស់ខ្លួន ឡើងទៅ​កាន់​គន្លង​គោចរ នៅក្នុង​មួយ​យប់ ដើម្បី​បង្កើន​វិសាលភាព​អ៊ី​ន​ធើ​ណិ​ត។ ការបាញ់​បង្ហោះ​ដែល​ប្រើប្រាស់​រ៉ុក្កែត Falcon 9 ត្រូវបាន​ធ្វើឡើង​នៅវេលា​ម៉ោង 9:09 យប់ ថ្ងៃទី 19 កក្កដា ម៉ោង​នៅ California (ថ្ងៃទី 20 នៅ​កម្ពុជា) ពី​មូលដ្ឋាន​របស់ SpaceX ក្នុង​បន្ទាយទ័ព​អវកាស Vandenberg។

    នេះ​គឺជា​ការបាញ់​បង្ហោះ​លើក​ទី 10 របស់​រ៉ុក្កែត Falcon 9 និង​ជា​លើក​ទី 48 ក្នុងឆ្នាំនេះ​របស់ SpaceX។ ប្រហែល 9.5 នាទី​បន្ទាប់ពី​បាន​បាញ់​បង្ហោះ កំណាត់​ដំបូង​របស់​រ៉ុក្កែត បាន​ចុះចត​លើ​ស្រឡាង​ស្វ័យប្រវត្ត​គ្មាន​មនុស្ស​បើកបរ​របស់ SpaceX មាន​ឈ្មោះថា Of Course I Still Love You ដែល​រង់ចាំ​នៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

    ខាងក្រោម​នេះ​គឺជា​បណ្ដា​រូបថត​ដែល​ត្រូវបាន​ក្រុមហ៊ុន SpaceX ចែករំលែក​លើ​បណ្ដាញ​សង្គម បន្ទាប់ពី​បានទទួល​ជោគជ័យ​ក្នុង​ការបាញ់​បង្ហោះ​ខាងលើ៖

  • កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ផលិត​ក្នុងស្រុក​ដំបូង​របស់​ចិន ចាប់ផ្ដើម​ដំណើរការ

    កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ផលិត​ក្នុងស្រុក​ដំបូង​របស់​ចិន ចាប់ផ្ដើម​ដំណើរការ

    កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស ប្រវែង 323.6 ម៉ែត្រ ដែល​ត្រូវបាន​ប្រដូច​ទៅនឹង​ទីក្រុង​អណ្ដែត​ចល័ត បានចាប់ផ្ដើម​ធ្វើដំណើរ​ជើង​ដំបូង​នៅលើ​សមុទ្រ ដែល​នឹង​ចំណាយពេល 9 ថ្ងៃ។

    កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ដំបូង​ដែល​ផលិត​ដោយ​វិស្វករ​ក្នុងស្រុក​របស់​ប្រទេស​ចិន បាន​ចាក​ចេញពី​កំពង់ផែ​នៅ​សៀង​ហៃ​កាលពី​ថ្ងៃទី 17 កក្កដា ដើម្បី​ចាប់ផ្ដើម​ដំណើរការ​សាកល្បង។ កប៉ាល់​ដែលមាន​ឈ្មោះថា Adora Magic City (H1508) នេះ នឹង​បរ​លើ​ផ្ទៃសមុទ្រ​ចំនួន 9 ថ្ងៃ។ នេះ​បើតាម​ទំព័រ CGTN ដកស្រង់​ព័ត៌មាន​ពី​ក្រុមហ៊ុន​ផលិត​កប៉ាល់​សៀង​ហៃ Waigaoqiao។

    ដោយមាន​បណ្ដោយ 323.6 ម៉ែត្រ ទទឹង 37.2 ម៉ែត្រ និង​ទម្ងន់ 135,500 តោន កប៉ាល់ Adora Magic City អាចដាក់​មនុស្ស​បានជា​ង 6,500 នាក់ នៅក្នុង​កាប៊ីន​ចំនួន 2,826។ កប៉ាល់​នេះ​ត្រូវបាន​គេ​ប្រដូច​ទៅនឹង​ទីក្រុង​អណ្ដែត​លើ​សមុទ្រ ព្រោះ​តែមាន​កន្លែង​កម្សាន្ត​ជាច្រើន។ Adora Magic City មាន​សា​លម​ហោច​ស្រព ភោជនីយដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សួន​ទឹក និង​ច្រករបៀង​សិល្បៈ។ល។

    ជោគជ័យ​ក្នុងការ​សាងសង់​កប៉ាល់ Adora Magic City នេះ បាន​ជួយ​ឱ្យ​ចិន​ក្លាយជា​ប្រទេស​ទី​ប្រាំ​លើ​ពិភពលោក ដែលមាន​សមត្ថភាព​ស្ថាបនា​កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស បន្ទាប់ពី​ប្រទេស​អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​ហ្វាំ​ង​ឡង់៕

  • ក្រុមហ៊ុន​វៀតណាម សង់រោង​ចក្រ​តម្លៃ 4 ពាន់​លាន​ដុល្លារ​នៅ​អាម៉េរិក ក្នុង​សប្ដាហ៍​ក្រោយ

    ក្រុមហ៊ុន​វៀតណាម សង់រោង​ចក្រ​តម្លៃ 4 ពាន់​លាន​ដុល្លារ​នៅ​អាម៉េរិក ក្នុង​សប្ដាហ៍​ក្រោយ

    នេះ​នឹង​ក្លាយជា​រោងចក្រ​ផលិត​​រថយន្ត​អគ្គិសនី​ដំបូង​នៅ Carolina ខាងជើង​របស់​ក្រុមហ៊ុន​វៀតណាម VinFast ដែល​នឹង​ផ្គត់ផ្គង់​សម្រាប់​ទីផ្សារ​អាម៉េរិក​ខាងជើង។

    នៅ​ថ្ងៃទី 19 កក្កដា 2023 នេះ VinFast បានប្រកាស​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅក្នុង​រដ្ឋ Carolina ខាងជើង របស់​សហរដ្ឋ​អាម៉េរិក នៅ​ថ្ងៃទី 28 កក្កដា​ខាងមុខ។ រោងចក្រ​នេះ​មាន​ទីតាំង​នៅក្នុង​តំបន់ឧស្សាហកម្ម Triangle Innovation Point របស់​ស្រុក Chatham ក្នុង​រដ្ឋ Carolina ខាងជើង។ គម្រោង​ដែល​ស្ថិតនៅលើ​ផ្ទៃដី​ប្រហែល 733 ហិកតា​នេះ គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​បាន 150,000 គ្រឿង/ឆ្នាំ នៅក្នុង​ដំណាក់កាល​ទីមួយ។

    យោងតាម​ក្រុមហ៊ុន VinFast រោងចក្រ​ខាងលើ​គ្រោង​នឹង​ផ្ដើម​ការផលិត​ចាប់ពី​ឆ្នាំ 2025។ មុន​នោះ VinFast ក៏បាន​ប្រកាសថា បានទទួល​ការអនុគ្រោះ​ក្នុងតម្លៃ 1.2 ពាន់​លាន​ដុល្លារ​ពី​រដ្ឋបាល​រដ្ឋ Carolina ខាងជើង, ទីក្រុង Sanford, តំបន់ Chatham និង​មូលនិធិ Golden Leaf ផងដែរ សម្រាប់​គម្រោង​សាងសង់​រោងចក្រ​នេះ។

    នៅ​ប្រទេស​វៀតណាម VinFast បានប្រគល់​រថយន្ត​អគ្គិសនី​ដល់ដៃ​អតិថិជន​ចំនួន​ជាង 11 ពាន់​គ្រឿង នៅក្នុង 6 ខែ​ដើម​ឆ្នាំនេះ ក្នុងនោះ​មាន 3,155 គ្រឿង ត្រូវបាន​ប្រគល់​ក្នុង​ខែមិថុនា​កន្លងទៅ៕

  • ចិន​នឹង​បាញ់​បង្ហោះ​យាន​ដឹក​មនុស្ស​អាច​ប្រើ​ឡើងវិញ​បាន​នៅ​ឆ្នាំ 2027

    ចិន​នឹង​បាញ់​បង្ហោះ​យាន​ដឹក​មនុស្ស​អាច​ប្រើ​ឡើងវិញ​បាន​នៅ​ឆ្នាំ 2027

    យានអវកាស​ដឹក​មនុ​ស្ស​ថ្មី​របស់​ប្រទេស​ចិន អាចដាក់​មនុស្ស​បាន 7 នាក់ ហើយ​គ្រឿងសំខាន់ៗរបស់​យាន​នេះ អាច​ត្រូវបាន​ប្រើប្រាស់​ឡើងវិញ​បាន​រហូតដល់ 10 ដង។

    Yang Liwei ដែលជា​អនុប្រធាន​កម្មវិធី​អវកាស​មាន​មនុស្ស​បើកបរ របស់​ទីភ្នាក់ងារ​អវកាស​ចិន បានឱ្យដឹងថា យានអវកាស​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​ដំបូង​គេ​របស់​ប្រទេស​ចិន នឹងត្រូវ​បាន​បាញ់​បង្ហោះ​យ៉ាង​ឆាប់​ត្រឹម​ឆ្នាំ 2027។ កាលពី​ថ្ងៃទី 17 កក្កដា 2023 លោក Yang បានឱ្យដឹងថា យាន​ថ្មី​នេះ​អាច​ដឹក​មនុ​ស្សបាន 7 នាក់។ ប្រការ​នោះ​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​សាងសង់​ស្ថានីយ​អវកាស​ចិន និង​បេសកកម្ម​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។

    យាន​គំរូ​ដែលមាន​ទំហំ​តាម​ខ្នាត​ផ្លូវការ​មួយគ្រឿង​របស់​ស្ថាប័ន​ខាងលើ បានបញ្ចប់​ដោយ​ជោគជ័យ​នូវ​ជើងហោះហើរ​​សាក​ល្បង​​រយៈ​ពេល 67 ម៉ោង និង​ប្រើប្រាស់​រ៉ុក្កែត Long March 5 កាលពី​ឆ្នាំ 2020។

    តាម​ទ្រឹស្ដី យ៉ាងហោចណាស់ បណ្ដា​គ្រឿងសំខាន់ៗរបស់​យានអវកាស​នេះ អាច​ប្រើប្រាស់​ឡើងវិញ​បាន 10 ដង ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​បាន​ច្រើន។

    យានអវកាស​ថ្មី​ខាងលើ​របស់​ប្រទេស​ចិន អាច​បៀ​ប​ស្មើ​ទៅនឹង​បណ្ដា​យានអវកាស​ជំនាន់​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក ដែលមាន​ដូចជា យាន Dragon V2 របស់ SpaceX និង CST-100 Starliner របស់ Boeing ជាដើម៕

  • ក្លឹប Inter Miami មិន​អនុញ្ញាតឱ្យ​អ្នកគាំទ្រ​ចូល​មើលការ​ហ្វឹក​ហាត់​របស់​ Messi

    ក្លឹប Inter Miami មិន​អនុញ្ញាតឱ្យ​អ្នកគាំទ្រ​ចូល​មើលការ​ហ្វឹក​ហាត់​របស់​ Messi

    (សហរដ្ឋ​អាម៉េរិក) – ថ្ងៃ​ហ្វឹកហាត់​ដំបូង​របស់ Lionel Messi នៅ​ក្លឹប Inter Miami បើកទ្វារ​សម្រាប់តែ​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ ខណៈ​សាធារណជន​ទូទៅ​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​មើល​ឡើយ។

    កាលពី​ថ្ងៃទី 18 កក្កដា មួយថ្ងៃ​កន្លះ​បន្ទាប់ពី​ព្រឹត្តិការណ៍​បង្ហាញខ្លួន​នៅ​កីឡដ្ឋាន DRV PNK កំពូល​តារាបាល់ទាត់ Messi និង Sergio Busquets ក៏បាន​ចាប់ផ្ដើម​ហ្វឹកហាត់​ជាមួយនឹង​សមាជិក​ក្រុម​ថ្មី។ ក្នុងពេល​ហាត់ ក្លឹប​នេះ​អនុញ្ញាតឱ្យ​អ្នកសារព័ត៌មាន​ចូល​ថតរូប និង​ថត​វីដេអូ និងមិន​បើក​ទ្វារ​សម្រាប់​សាធារណជន​ទូទៅ​ឡើយ។ ប្រការ​នេះ​គឺ​ផ្ទុយ​ពី​ការទទួល​ស្វាគមន៍​អ្នកគាំទ្រ​នៅក្នុង​ថ្ងៃ​ហ្វឹកហាត់​ដំបូង​របស់ Cristiano Ronaldo នៅឯ​ក្លឹប Al Nassr។

    ការហ្វឹកហាត់​បានចាប់ផ្ដើម​ពី​ម៉ោង 9 ព្រឹក ដែលមាន​សីតុណ្ហភាព​ប្រហែល 30 អង្សា​សេ។ គ្រូបង្វឹក Tata Martino និង​មិត្ត​រួម​ក្រុម​បានទទួល​ស្វាគមន៍​សមាជិក​ថ្មី ដោយ​ការ​ឱប និង​គោះ​ដៃ​គ្នា។ គ្រូបង្វឹក Tata Martino ក៏​ធ្លាប់បាន​ដឹកនាំ Messi និង Busquets នៅឯ​ក្លឹប Barca។

    អតីត​តារាបាល់ទាត់ David Beckham ដែលជា​ប្រធាន និង​ជា​សហ​ស្ថាបនិក​របស់​ក្លឹប Inter Miami ក៏មាន​វត្តមាន​នៅក្នុង​ថ្ងៃ​ហ្វឹកហាត់​ដំបូង​របស់ Messi។

    ក្លឹប Inter Miami បានទទួល​ជោគជ័យ​ក្នុងការ​បញ្ចូល​បញ្ចូល Messi និង Busquets បន្ទាប់ពី M10 ចប់​កិច្ចសន្យា​ជាមួយនឹង​ក្លឹប PSG នៅ​ប្រទេស​បារាំង កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ក្រៅពី Messi និង Busquets ក្លឹប Inter Miami ក៏​គ្រោង​នឹង​ទទួល​ស្វាគមន៍​សមាជិក​ថ្មី​មួយរូប​ទៀត​នៅថ្ងៃនេះ នោះ​គឺ Jordi Alba។ ខ្សែការពារ​ជនជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ក៏​ចូល​ជា​សមាជិក​ក្លឹប Inter Miami តាម​ទម្រង់​សេរី។

  • ទួ​រ​ប៊ី​ន​ខ្យល់​កម្លាំង 15 MW នៅលើ​សមុទ្រ ផ្លាស់​ទី​ទៅរក​ខ្យល់​ដោយ​ស្វ័យប្រវត្ត

    ទួ​រ​ប៊ី​ន​ខ្យល់​កម្លាំង 15 MW នៅលើ​សមុទ្រ ផ្លាស់​ទី​ទៅរក​ខ្យល់​ដោយ​ស្វ័យប្រវត្ត

    ទួ​រ​ប៊ី​ន​ខ្យល់​របស់ X1 Wind មាន​ទម្រ​ដែលមាន​រូបរាង​ដូច​សជី ឬ​ពីរ៉ាមីត តូច​លើ​ធំ​ក្រោម អម​នឹង​ប្រព័ន្ធ​ពោង​អណ្ដែត​លើទឹក អនុញ្ញាតឱ្យ​វា​ផ្លាស់​ទី​ទៅកាន់​កន្លែង​មាន​ខ្យល់​បក់ ដូច្នេះ​វា​អាច​ផលិត​អគ្គិសនី​ស្ទើរតែ​មិន​ឈប់ឈរ។

    ទម្រ​ទួ​រ​ប៊ី​ន​ខ្យល់ X1 Wind បំពាក់​បច្ចេកវិទ្យា PivotBuoy ដែល​ក្នុងនោះ គ្រឹះ​របស់​វា​​ត​ភ្ជាប់​ជាមួយនឹង​ទីតាំង​មួយ​ដែល​អនុញ្ញាតឱ្យ​ទម្រ​ផ្លាស់​ទី​ទៅតាម​ទិស​របស់​ខ្យល់។ ប្រព័ន្ធ​នេះ​ដំណើរការ​បានល្អ​បំផុត​នៅពេល​វា​បែរខ្នង​ដាក់​ខ្យល់​ដែល​បក់​មកពី​ខាងក្រោយ។ ប្រភេទ​ទួ​រ​ប៊ី​ន​ខ្យល់​នេះ​ជួយ​ឱ្យ​វា​មិន​ប្រឈម​នឹង​ការប៉ះទង្គិច​រវាង​ស្លាប​កង្ហារ និង​ដងខ្លួន ព្រមទាំង​កាត់បន្ថយ​ការចំណាយ​ក្នុង​ការផលិត និង​ដំឡើង ក៏ដូចជា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការផលិត​អគ្គិសនី។

    កំណែ​ដំបូង​របស់ X1 Wind មាន​ឈ្មោះថា X30 ដែល​ត្រូវបាន​ដាក់ពង្រាយ និង​ធ្វើតេស្ត​នៅ​ប្រជុំ​កោះ Canary ប្រទេស​អេ​ស្ប៉ា​ញ។ គម្រោង​ខាងលើ​បានចាប់ផ្ដើម​តាំងពី​ខែមេសា​ឆ្នាំ 2019 ហើយ​ដំណើរ​ការផលិត​សម្រេចបាន​កាលពី​ខែវិច្ឆិកា​ឆ្នាំ 2020 ខណៈដែល​​ការសាកល្បង​ប្រព័ន្ធ​អម និង​ការដំឡើង​គ្រឹះ និង​ខ្សែកាប ត្រូវបាន​ធ្វើឡើង​រួចរាល់​កាលពី​ពាក់កណ្ដាល​ឆ្នាំ 2022។

    តាម​ផែនការ គម្រោង​ពាណិជ្ជកម្ម​របស់ X1 Wind នឹងត្រូវ​បានធ្វើ​ឡើង​នៅ​លើ​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​របស់​បារាំង នៅ​ឆ្នាំ 2025។ នេះ​បើយោង​​តាម​ទំព័រ Design Boom។