Tag: ដី

  • ស្ថានីយ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​អាម៉េរិក មិន​អាច​ «រស់» ឡើងវិញ

    ស្ថានីយ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​អាម៉េរិក មិន​អាច​ «រស់» ឡើងវិញ

    ស្ថានីយ​ចុះ​ចត​ឯកជន​ដំបូង​ដែល​បាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ មិន​អាច​ងើប​ឡើង​វិញ​ បន្ទាប់​ពី​ «ដេក» អស់ជាច្រើន​សប្ដាហ៍​នៅ​ក្នុង​ស្បៃ​រាត្រី​នៃ​ឋាន​រណប​មួយ​នេះ​។

    ក្រុម​ហ៊ុន Intuitive Machines នៅ​សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 23 មីនា បាន​ប្រកាស​ថា ស្ថានីយ​ចុះ​ចត​ Odysseus មិនបញ្ជូន​ទិន្នន័យ​មក​កាន់​ផែនដី​ បើ​ទោះ​តាម​ការ​គ្រោង​ទុក ផ្ទាំង​សូឡា​របស់​វា​នឹង​ទទួល​បាន​ពន្លឺ​ព្រះ​អាទិត្យ​គ្រប់​គ្រាន់​ ដើម្បី​បើក​វិទ្យុ​។

    Odysseus បាន​ចុះ​ចត​ប្រកប​ដោយ​ភាព​ប្រថុយ​ប្រថាន​កាល​ពី​ថ្ងៃទី 22 កុម្ភៈ ប៉ុន្តែ​នៅ​តែ​អាច​ធ្វើការ​ពិសោធ​មួយ​ចំនួន និង​បញ្ជូន​រូប​ថត​មក​កាន់​ផែនដី មុន​ពេល​ក្រុម​អ្នកគ្រប់​គ្រង​សម្រេច​ចិត្ត​បញ្ចប់​បេសក​កម្ម​ ក្រោយ​រយៈ​ពេល​មួយ​សប្ដាហ៍​ នៅ​ពេល​វា​បាន​ឆ្លង​កាត់​រាត្រី​ព្រះ​ចន្ទ​ច្រើន​សប្ដាហ៍​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ AFP។

  • អាស៊ាន​ (ASEAN) ​កែទម្រង់​​ប្រព័ន្ធ​ប្រមូលពន្ធ​រួម

    អាស៊ាន​ (ASEAN) ​កែទម្រង់​​ប្រព័ន្ធ​ប្រមូលពន្ធ​រួម

    តំណាង​បណ្ដា​ប្រទេស​ជាសមាជិក​​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) បាន​បើក​កិច្ច​ប្រជុំ​​​នៅ​រដ្ឋធានី​វៀងចន្ទន៍​របស់​ឡាវ នៅក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ប្រជុំ​លើក​ទី 18 របស់​ក្រុម​បេសកកម្ម​ស្ដី​ពី​វេទិកា​ពន្ធ​អាស៊ាន​ និង​កិច្ច​ប្រជុំ​លើក​ទី 15 នៃ​អនុវេទិកា​អាស៊ាន​ស្ដី​ពី​ពន្ធ​លើ​ការ​ប្រើ​ប្រាស់​ពិសេស​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី 20 ដល់ 22 ខែ​មីនា 2024​។

    ទូរទស្សន៍ជាតិ​ឡាវ ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ឡាវ​កំពុង​សហការ​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ប្រមូល​ពន្ធ​ ក្នុង​បំណង​ធានា​ ជំរុញ​​សមាហរណកម្ម​បន្ថែម​ទៀត ក៏ដូច​ជា​ដើម្បី​កាត់បន្ថយ​អម្រែក​​ពន្ធ​។

    កិច្ច​ប្រជុំ​នេះ​ ពិភាក្សា​អំពី​បញ្ហា​ពាក់​ព័ន្ធ​ ដើម្បី​សម្រេចឱ្យ​​បាន​​កិច្ច​ព្រម​ព្រៀង​ដែល​បញ្ចៀស​ការ​យក​ពន្ធ​ពីរ​លើក​ រវាង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ ​ជា​ផ្នែក​មួយ​នៃ​បណ្ដា​កិច្ច​ព្រម​ព្រៀង​ប្រមូល​ពន្ធ​ទ្វេ​ភាគី​ដែល​កំពុង​អនុវត្ត​ និង​គម្រោង​សកម្មភាព​ក្នុង​បំណង​អនុវត្ត​ការ​កាត់​បន្ថយពន្ធ​ឱ្យ​បាន​ល្អ​បំផុត​។ ក្នុង​នោះ អង្គ​ប្រជុំ​ក៏​បាន​និយាយ​ដល់​​ការ​ងាក​ទៅ​រក​ការ​គ្រប់​គ្រង​ពន្ធ​ក្នុង​អនាគត​ តាម​រយៈ​បរិវត្តកម្មឌីជីថល។

    កិច្ច​ប្រជុំ​នេះ​ក៏​ពិភាក្សា​​អំពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ដំណោះ​ស្រាយ​ផ្នែក​ឌីជីថល់​ នៅ​ក្នុង​ការ​គ្រប់​គ្រង​ពន្ធ​លើ​ការ​ប្រើប្រាស់​ពិសេស​ផងដែរ​​។

  • បណ្ដាញ​​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ នឹង​បង្ហាញ​ខ្លួន​នា​ពេល​អនាគត

    បណ្ដាញ​​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ នឹង​បង្ហាញ​ខ្លួន​នា​ពេល​អនាគត

    បណ្ដាញ​ផ្លូវ​រថភ្លើង​លើឋាន​ព្រះ​ចន្ទ​ អាច​ដឹក​មនុស្ស ទំនិញ និង​ធនធាន​ធម្មជាតិ​ សម្រាប់បម្រើ​ដល់​សកម្មភាព​ពាណិជ្ជកម្ម និង​រួម​ចំណែក​ទៅក្នុង​សេដ្ឋកិច្ច​អវកាស​។

    ស្ថាប័ន​គ្រប់​គ្រង​បណ្ដា​គម្រោង​ស្រាវ​ជ្រាវ​ការ​ពារ​ជាតិ​ទំនើប​អាម៉េរិក (DARPA) បាន​ជ្រើស​យក​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ការ​ពារ​ជាតិ​ និង​អវកាសចរណ៍​ Northrop Grumman ដើម្បី​អភិវឌ្ឍ​គំនិត​ស្ដី​ពី​ការ​ស្ថាបនា​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ​។ នេះ​គឺជា​ផ្នែក​មួយ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​អំពី​ស្ថាបត្យកម្ម​ព្រះ​ចន្ទ​រយៈ​ពេល​ 10 ឆ្នាំ (LunA-10) ដែល​ ADRPA ប្រកាស​កាល​ពី​ឆ្នាំ​កន្លង​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ហ៊ុន​ចំនួន 14 ផ្សេង​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Interesting Engineering កាល​ពី​ថ្ងៃទី 20 មីនា​។

    ជាមួយ​នឹង​គម្រោង​ LunA-10 ស្ថាប័ន​ DARPA សង្ឃឹម​ថា អាច​រក​ឃើញ​ដំណោះ​ស្រាយ​សម្រាប់​ការ​បង្កើត​ប្រព័ន្ធ​ពហុ​មុខ​ងារ​នៅ​លើ​ឋាន​ព្រះ​ចន្ទ ដោយ​ប្រព័ន្ធ​មួយ​អាច​បំពេញ​ភារកិច្ច​ច្រើន​ តាំង​ពី​ការ​ផ្គត់ផ្គង់​អគ្គិសនី​គ្មាន​ខ្សែ​ ស្ថានីយ​ទំនាក់​ទំនង រហូត​ដល់​តួនាទី​ជា​មជ្ឈមណ្ឌល​កំណត់​ទិស​​ជា​ដើម​។

    Northrop Grumman គឺជា​ក្រុម​ហ៊ុន​ដំបូង​ដែល​បង្ហើប​ឱ្យ​ដឹង​តួនាទី​នៅ​ក្នុង​គម្រោង​ ដែល​នឹង​អភិវឌ្ឍ​បច្ចេកទេស​ស្ថាបនា​ផ្លូវ​ដែក​លើ​ឋាន​ព្រះ​ចន្ទ​។

    ដូច​ទៅ​នឹង​វត្តមាន​ដំបូង​របស់​ផ្លូវ​ដែក​កាល​ពី​សតវត្សរ៍​ទី 19 ដែល​បាន​ជួយ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​នៅ​ភាគ​ខាងលិច​សហរដ្ឋ​អាម៉េរិក​ បច្ចេកវិទ្យា​ថ្មី​ត្រូវ​បាន​រំពឹង​ថា នឹង​ចាប់​ផ្ដើម​ ក៏​ដូច​ជា​រក្សា​កំណើន​សេដ្ឋកិច្ច​នៅ​លើផ្ទៃ​ព្រះ​ចន្ទ​។

    យោង​តាម​ក្រុម​ហ៊ុន​ខាងលើ បណ្ដាញ​ផ្លូវ​ដែក​ឋានព្រះ​ចន្ទ​ អាច​ដឹក​មនុស្ស ទំនិញ និង​ធនធាន​ធម្មជាតិ​ សម្រាប់បម្រើ​ដល់​សកម្មភាព​ពាណិជ្ជកម្ម និង​រួម​ចំណែក​ទៅក្នុង​សេដ្ឋកិច្ច​អវកាស​​របស់​សហរដ្ឋ​អាម៉េរិក និង​ដៃគូ​សហការ​អន្តរជាតិ​។

  • BYD ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី​ ឆាប់​ៗ​នេះ

    BYD ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី​ ឆាប់​ៗ​នេះ

    ថ្មី​ៗ​នេះ រថយន្ត​មន្ត្រីមួយ​រូប​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ 2026 ក្រុម​ហ៊ុន​ចិន BYD នឹង​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ​។

    Luhut Panjaitan រដ្ឋមន្ត្រី​សម្រប​សម្រួល​កិច្ច​ការ​សមុទ្រ និង​វិនិយោគ​ កាល​ពី​ថ្ងៃទី 20 មីនា ​បាន​បង្ហោះ​​សារ​​លើ​គណនី​ Instagram របស់​ខ្លួន​ ឱ្យ​ដឹង​ថា BYD គ្រោង​នឹងប្រារព្ធ​ពិធីសម្ពោធ​បើក​ការដ្ឋាន​សាងសង់​រោង​ចក្រ​មួយ​ក្នុង​ទឹក​ដី​ឥណ្ឌូណេស៊ី​ នៅ​ខែ​កក្កដា​ខាងមុខ​។

    រដ្ឋមន្ត្រី​រូប​នេះ​បន្ថែម​ថា BYD បាន​ដាក់​គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​របស់​ខ្លួន​នៅ​ឥណ្ឌូណេស៊ី ចាប់​ពី​ដើម​ឆ្នាំ 2026​។

    កាល​ពី​ខែ​មករា រដ្ឋមន្ត្រី​សេដ្ឋកិច្ចឥណ្ឌូណេស៊ី ក៏​ធ្លាប់​បាន​ឱ្យ​ដឹង​ថា BYD មាន​គម្រោង​វិនិយោគ​ 1.3 ពាន់​លាន​ដុល្លារ​ ដើម្បី​សង់​រោង​ចក្រ​ដែល​អាច​ផលិត​រថយន្ត​អគ្គិសនី​បាន 150,000 គ្រឿង​/ឆ្នាំ​ នៅ​ប្រទេស​នេះ​។

    ចំណែក​ខាង​ BYD ក៏​បាន​ប្រាប់​ថា កំពុង​កសាង​ហេដ្ឋារចនាសម្ព័ន្ធសម្រាប់​គាំទ្រ​ដល់​ការ​ផលិត​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ ហើយ​ថា នឹង​បង្កើត​បណ្ដាញ​លក់រាយ​រហូត​ដល់ 50 ទីតាំង​ នៅ​ចុង​ឆ្នាំ 2024​។

  • Shell បិទ​ទ្វារ​ស្ថានីយ​ប្រេង​សាំង​ 1,000 កន្លែង ដើម្បី​ងាក​ទៅ​រក​​ស្ថានីយ​សាកថ្ម​រថយន្ត​អគ្គិសនី

    Shell បិទ​ទ្វារ​ស្ថានីយ​ប្រេង​សាំង​ 1,000 កន្លែង ដើម្បី​ងាក​ទៅ​រក​​ស្ថានីយ​សាកថ្ម​រថយន្ត​អគ្គិសនី

    ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​ Shell កំពុង​រក​វិធី​បិទ​ទ្វារស្ថានីយលក់​រាយ​​ប្រេង​សាំង​រហូត​ដល់ 1,000 កន្លែង​ ក្នុង​ពេល​ឆាប់​ៗ​​ខាង​មុខ​ ដើម្បី​ងាក​ទៅ​រក​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​ ដែល​ពិភព​លោក​កំពុង​នាំ​គ្នា​ជំរុញ​យ៉ាង​ខ្លាំង​ក្លា។

    នៅ​ក្នុង​របាយការណ៍​ថ្មី​បំផុត​របស់​ខ្លួន ក្រុម​ហ៊ុន Shell ដែល​មាន​ទីស្នាក់ការ​នៅ​ចក្រភព​អង់គ្លេស បាន​ឱ្យ​ដឹង​ថា ខ្លួន​មាន​គម្រោង​បិទ​ទ្វារ​ទីតាំង​លក់​រាយ​ប្រេង​សាំង​ចំនួន 500 កន្លែង​/ឆ្នាំ សម្រាប់​ឆ្នាំ 2024 និង​ 2025​។ ជំនួស​មក​វិញ ក្រុម​ហ៊ុន​នេះ​គ្រោង​នឹង​ផ្ដោត​ទៅ​លើ​ការ​ពង្រីក​បណ្ដាញ​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​ ហើយ​សង្ឃឹម​ថា ចំនួន​ស្ថានីយ​សាក​ថ្ម​រថយន្ត​អគ្គិសនី​របស់​ខ្លួន​នឹង​កើន​ដល់​ 200,000 កន្លែង​នៅ​ក្នុង​ឆ្នាំ 2030​ ច្រើន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង 54,000 កន្លែង​ នា​បច្ចុប្បន្ន​។

    Shell ក៏​កំពុង​តែ​មាន​ផែនការ​វិនិយោគ​ពី 10 ទៅ 15 ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅ​ក្នុង​បណ្ដា​គម្រោងដែល​​បំភាយ​ឧស្ម័ន​កាបូន​កម្រិត​ទាប​ផងដែរ​។

    នៅ​សហរដ្ឋ​អាម៉េរិក ក្រុម​ហ៊ុន​ដែល​កំពុង​នាំមុខ​គេ​ក្នុង​វិស័យ​បញ្ចូល​ថាមពល​ល្បឿន​លឿន​សម្រាប់​រថយន្ត​អគ្គិសនី​ ដែល​ហៅ​ថា Supercharger គឺ​ Tesla ដោយ​រួម​ចំណែក​រហូត​ដល់ 61.7% នៃ​បណ្ដា​ញ​សាក​ថ្ម​ EV នៅ​លើ​ទឹក​ដី​នេះ​ ខណៈ​ដែល​ ​Shell Recharge របស់ក្រុម​ហ៊ុន​អង់គ្លេស​នៅ​សហរដ្ឋ​អាម៉េរិកវិញ មាន​ចំណែក​ប្រមាណ 1.7% ប៉ុណ្ណោះ​ នៅ​ក្នុង​វិស័យ​នេះ​។

  • ប្រទេស​ណា​​ផលិត​ប្រេងឆៅ​ច្រើន​ជាង​គេ​លើ​ពិភពលោក?

    ប្រទេស​ណា​​ផលិត​ប្រេងឆៅ​ច្រើន​ជាង​គេ​លើ​ពិភពលោក?

    បន្ទាប់​ពី​បាន​យក​ឈ្នះ​រុស្ស៊ី​កាលពី​ឆ្នាំ 2018 មក​ដល់​បច្ចុប្បន្ន សហរដ្ឋ​អាម៉េរិក​នៅ​តែ​ជា​ប្រទេសនាំ​មុខ​គេ​ក្នុង​ការ​ផលិត​ប្រេង​ពី​អណ្ដូង​រ៉ែ​ នៅ​ក្នុង​​ពិភពលោក​ និង​ពង្រីក​គម្លាត​នៅ​ក្នុង​ top 3 ផងដែរ​។

    ទិន្នន័យ​របស់​ស្ថាប័ន​ព័ត៌មាន​ថាមពល​អាម៉េរិក (EIA) ឱ្យ​ដឹង​ថា បរិមាណ​ប្រេង​បាន​ពីរ៉ែដែល​ផលិត​​ក្នុង​ឆ្នាំ 2023 ឡើង​ដល់ 12.9 លាន​ធុង​ក្នុង​មួយ​ថ្ងៃ​ ច្រើន​ជាង​ អារ៉ាប៊ីសាអូឌីត និង រុស្ស៊ី ហើយ​ក៏​បំបែក​កំណត់​ត្រា​ឆ្នាំ 2022 ដែល​ផលិត​បាន​ត្រឹម​តែ​ 12.3 លាន​ធុង​/ថ្ងៃ​។

    «សហរដ្ឋ​អាម៉េរិក បាន​ផលិត​ប្រេង​ឆៅ​ច្រើន​ជាង​ប្រទេស​ណា​ៗ​ទាំង​អស់​ នៅ​ក្នុង​ 6 ឆ្នាំ​ជាប់​ៗ​គ្នា​​កន្លង​ទៅ​នេះ​» EIA បញ្ជាក់​ដូច្នេះ​។

    បច្ចុប្បន្ន ដោយ​សារ​តែ​ សហរដ្ឋ​អាម៉េរិក មិន​មែន​ជា​សមាជិក​របស់​អង្គការ​បណ្ដា​ប្រទេស​នាំ​ចេញ​ប្រេង​ឆៅ (OPEC) ប៉ុន្តែ​រួម​ចំណែក​ក្នុង​បរិមាណ​យ៉ាង​ច្រើន​ ទើប OPEC និង OPEC+ ត្រូវ​ជួប​ការ​លំបាក​នៅ​ក្នុង​ការ​កំណត់​តម្លៃ​ប្រេង​ក្នុង​ទីផ្សារ​ពិភពលោក​ ទៅ​តាម​ចិត្ត​ចង់​​របស់​ខ្លួន​។ ប្រការ​នេះធ្វើ​ឱ្យ OPEC+ ត្រូវ​កាត់​បន្ថយ​ការ​ផលិត​ដោយ​ខ្លួន​ឯង ដើម្បី​រក្សា​តម្លៃ​ប្រេង​មិន​ឱ្យ​ធ្លាក់​ថ្លៃ​ខ្លាំង។

    Top 3 ស្ដីពី​បណ្ដា​ប្រទេស​ផលិត​ប្រេង​ឆៅ​ច្រើន​ជាង​គេ​លើ​ពិភពលោក​ ក្នុង​រយៈ​ពេល​ 10 ឆ្នាំ​កន្លង​
    បរិមាណ​ប្រេង​ឆៅ​របស់​បណ្ដា​ប្រទេស​ ដែល​បាន​ផលិត​ក្នុង​ឆ្នាំ 2023 (លានធុងបារ៉ែល​ក្នុង​មួយ​ថ្ងៃ)
  • Mori JP Tower ៖ អគារ​ទប់​ទល់​នឹង​រញ្ជួយ​ដី​ខ្ពស់​ជាង​គេ​នៅ​ជប៉ុន

    Mori JP Tower ៖ អគារ​ទប់​ទល់​នឹង​រញ្ជួយ​ដី​ខ្ពស់​ជាង​គេ​នៅ​ជប៉ុន

    (តូក្យូ)Mori JP Tower ដែលជា​អគារ​ខ្ពស់​បំផុត​នៅប្រទេស​ជប៉ុន (325.2 ម៉ែត្រ) មានទីតាំង​នៅ​​តំបន់ Azabudai Hills។

    អគារ​ Mori JP Tower​ មាន​សមត្ថភាព​ទប់​ទល់​នឹង​គ្រោះ​រញ្ជួយ​ដី​ដែល​មាន​កម្លាំង​រហូត​ដល់ 9 រិចទ័រ​។

    អគារ​នេះ​ក៏មាន​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​បរិស្ថាន​ផងដែរ ព្រោះ​អគ្គិសនី​ទាំង​អស់​គឺ​មាន​ប្រភព​ពី​ថាមពល​អាច​កកើត​ឡើងវិញ​ ខណៈ​ដែល​ទឹក​ភ្លៀង​ត្រូវ​បាន​ប្រើ​ប្រាស់​ឡើង​វិញ​សម្រាប់​ការ​ស្រោច​រុក្ខជាតិ និង​អនាម័យ​។

    ខាង​ក្នុង​ Mori JP Tower មាន​បន្ទប់​ការិយាល័យ និង​បន្ទប់​ស្នាក់​នៅ​ចំនួន 64 ជាន់​​ រួម​នឹង​សម្ភារៈ​ទំនើប​ៗ​។ អគារ​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​ក្លាយ​ជា​និមិត្តរូប​ថ្មី​របស់រាជធានី​តូក្យូ​ ដោយ​​មាន​សុវត្ថិភាព​ ស្ថិរភាព និង​ទាន់​សម័យ​។

  • កំណប់​ 1.1 លាន​ឆ្នាំ ធ្វើ​ឱ្យ​​ប្រវត្តិសាស្ត្រមនុស្ស​ជាតិត្រូវ​ចារ​ឡើង​វិញ

    កំណប់​ 1.1 លាន​ឆ្នាំ ធ្វើ​ឱ្យ​​ប្រវត្តិសាស្ត្រមនុស្ស​ជាតិត្រូវ​ចារ​ឡើង​វិញ

    មនុស្ស​សម័យ​បុរាណ​ បាន​មក​ដល់​ដែន​ដី​មួយ​ដែល​បច្ចុប្បន្ន​ជា​ប្រទេស​ចិន​ ឆាប់​ជាង​ច្រើន​ បើ​ធៀប​នឹង​ការ​រក​ឃើញ​កន្លងមក និង​មាន​បច្ចេកវិទ្យា​ជឿ​លឿន​ខ្លាំង​។

    ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​ដឹក​នាំ​ដោយ​សាស្ត្រាចារ្យ PEI Shuwen មក​ពី​សភា​វិទ្យាសាស្ត្រ​ចិន និង​សាស្ត្រាចារ្យ Ignacio de la Torre មក​ពី​វិទ្យាស្ថាន​ប្រវត្តិសាស្ត្រ​ នៃ​ក្រុមប្រឹក្សា​ស្រាវ​ជ្រាវ​អេស្ប៉ាញ បាន​ធ្វើ​ឱ្យ​មាន​ការប្រែប្រួល​​នូវ​ពេល​វេលា​នៃ​ការ​វិវឌ្ឍ​របស់​មនុស្ស​ជាតិ​ ដែល​បាន​ចារ​នា​ពេល​កន្លង។

    យោង​តាម​អត្ថបទ​នៅលើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ PNAS ពួក​គេ​បាន​វិភាគ​ទៅ​លើ​ឃ្លាំង​វត្ថុ​បុរាណ​មួយ​ដ៏មាន​តម្លៃ​ ដែល​ត្រូវ​បាន​រកឃើញ​នៅ​តំបន់ Nihewan ស្ថិត​ក្នុង​ខេត្ត​ Hunan ប្រទេស​ចិន​ និង​រកឃើញ​ថា ពួក​វា​មាន​អាយុ​កាល​ 1.1 លាន​ឆ្នាំ​ទៅ​ហើយ​។

    អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជាង​នេះ គឺ​ថា បច្ចេកវិទ្យា​ដែល​បាន​ប្រើ​ប្រាស់​សម្រាប់​ច្នៃ​​ឧបករណ៍នានា​​ក្នុង​យុគថ្ម (Stone Age) ​​គឺ Mode 2 ​ជា​វិធី​សាស្ត្រ​ច្នៃ​ឧបករណ៍​ដែល​ទំនើប​ជាងយុគ​ដំបូង​ដែល​ហៅ​ថា Mode 1​។

    Mode 2 មាន​ចំណុច​ពិសេស​ ព្រោះ​បច្ចេកទេស​ឆ្លាក់​នៅ​លើ​ដុំថ្ម​ប្រកប​ដោយ​ការ​យកចិត្ត​ទុក​ដាក់​ ហើយ​​ដំណាក់​កាល​នៃ​ការ​ផលិត​ត្រូវ​បាន​ធ្វើ​ឱ្យ​មាន​ស្តង់ដា​។ ក្រៅ​ពី​នេះ ឧបករណ៍​មួយ​ចំនួន​ថែម​ទាំង​មាន​រន្ធ​ខួង​ផងដែរ​។

    យោង​តាម​ SciTech Daily ​បុរាណ​វិទូ​ក៏​បាន​រកឃើញ​បំណែក​ថ្ម​ដែល​បែក​ចេញ​ពី​ឧបករណ៍​ ជាមួយ​នឹង​ភាព​ស៊ី​គ្នា​ ដែល​បញ្ជាក់​អំពី​ស្តង់ដា​​នេះ​។

    Mode 2 គឺជា​ជំហាន​ដ៏​លេចធ្លោ​នៅ​ក្នុង​បច្ចេកវិទ្យា​របស់​មនុស្ស​សម័យ​ដំបូង​ ដោយ​មាន​ភាព​​ស្មុគ​ស្មាញ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រើ​ប្រាស់ជាង​ឆ្ងាយ​ បើធៀប​នឹង​ Mode 1។

    កន្លងមក គេ​ជឿ​ថា ក្នុង​មួយ​រយៈ​ពេល​វែង បច្ចេកវិទ្យា​នៅ​តំបន់​អាស៊ី​ខាងកើត​​ នៅ​តែ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ច្នៃ​ឧបករណ៍​បែប​ Mode 1។

    ការ​រកឃើញ​ខាងលើ​ នាំ​មក​នូវ​ទិន្នន័យ​ថ្មី​សំខាន់​ចំនួន​ពីរ​៖

    *ទីមួយ មនុស្សបុរាណច្រើនអំបូរ​បាន​បង្ហាញ​វត្តមាន​នៅ​អាស៊ីខាងកើត ដែល​បច្ចុប្បន្ន​គឺជា​ប្រទេស​ចិន​ ឆាប់​ជាង​ឆ្ងាយ បើធៀប​នឹង​ការ​យល់​ដឹង​កន្លងមក​។

    *ទីពីរ​ ពួក​មាន​បច្ចេកវិទ្យា​ជឿលឿន​ខ្លាំង​ ដែល​អាច​អភិវឌ្ឍ​សមត្ថភាព​ច្នៃ​ឧបករណ៍​ Mode 2 ឆាប់ជាង​យ៉ាងតិចបំផុត 300,000 ឆ្នាំ បើធៀប​នឹង​ទិន្នន័យនៃ​ការ​សិក្សា​ស្រាវជ្រាវ​​ចាស់​។

    ដូច្នេះ អាស៊ី​ខាង​កើត​អាច​មិន​មែន​ជា​តំបន់​ដំបូង​គេ​លើ​ផែនដី​ ដែល Mode 2 បង្ហាញ​វត្តមាន​ ប៉ុន្តែ​គឺជា​មួយ​ក្នុង​ចំណោម​តំបន់​ដែល​មនុស្សបាន​​នាំ​បច្ចេកវិទ្យា​នេះមក​រស់​នៅ​ឆាប់​ជាង​គេ​។ មូលហេតុ​នេះ​ហើយ ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ អាច​ត្រូវ​សរសេរ​ឡើងវិញ​ម្ដង​ទៀត​៕

  • ណាសា​ទទួល​បាន​រលក​សញ្ញា​អាច​អាន​បាន​ ​ពី​អវកាស​ចម្ងាយ​ 24,000 លាន​គីឡូម៉ែត្រ​

    ណាសា​ទទួល​បាន​រលក​សញ្ញា​អាច​អាន​បាន​ ​ពី​អវកាស​ចម្ងាយ​ 24,000 លាន​គីឡូម៉ែត្រ​

    ក្រោយ​ពី​ជួប​បញ្ហា​ផ្នែក​ទំនាក់​ទំនង​ជាមួយ​យាន​អវកាស Voyager 1 អស់​មួយ​រយៈ​ពេល​ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា – NASA) ក៏​ទទួល​បាន​រលក​សញ្ញា​ដែល​មាន​អត្ថន័យ​ ពី​យាន​អវកាស​ដែល​កំពុង​ហោះ​ហើរ​ក្នុង​តំបន់​អន្តរតារា។

    Live Science កាល​ពី​ថ្ងៃទី 15 មីនា បានចេញ​ផ្សាយ​ថា បន្ទាប់​ពី​ភាព​តាន​តឹង​អស់​រយៈ​ពេល 4 ខែ​ ចុង​ក្រោយ​ ណាសា​ក៏​បាន​ទទួល​រលក​សញ្ញា​ដែល​អាច​អាន​បាន​ ពី​យាន​អវកាស Voyager​។ ចាប់​ពី​ខែ​វិច្ឆិកា 2023 យាន​ Voyager 1 ដែល​មាន​អាយុ​ជិត 50 ឆ្នាំ បាន​ជួប​បញ្ហា​កុំព្យូទ័រ​នៅ​លើ​យាន​។ បើទោះជា​យាន​នេះ​នៅ​តែ​បញ្ជូន​រលក​​សញ្ញា​វិទ្យុ​​មក​កាន់​ផែនដី​ជា​ទៀង​ទាត់ ប៉ុន្តែ​​រលក​សញ្ញា​ទាំង​នោះ​មិន​មាន​ទិន្នន័យ​ដែល​មាន​ប្រយោជន៍ ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​ព្រួយ​បារម្ភ​។

    ប៉ុន្តែ កាល​ពី​ថ្ងៃទី 01 មីនា យាន​ Voyager 1 ក៏​បាន​ឆ្លើយ​តប​ដោយ​រលក​សញ្ញា​ថ្មី​ដែល​វិស្វករ​ណាសា​អាច​យល់​បាន​ បន្ទាប់​ពី​ពួក​គេ​បាន​​បញ្ជូន​រលក​វិទ្យុ​​បញ្ជា​ពី​ផែនដី​។ ពួក​គេ​យល់​ថា ព័ត៌មាន​នេះ​អាចជួយ​ឱ្យ​វិស្វករ​នៅ​ណាសា ​បក​ស្រាយ​បាន​នូវ​បញ្ហា​​ទំនាក់​ទំនង​​របស់​ Voyager 1 នា​ពេល​កន្លង។

    ក៏ប៉ុន្តែ ណាសា​​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​បក​ស្រាយ​រកមូលហេតុ​នៃ​​បញ្ហា​ ដោយ​សារ​តែ​រយៈ​ពេល​នៃ​ការ​បញ្ជូន​រលក​សញ្ញា​​ពីផែនដី និង​ទទួល​ពី​យាន​​ដែល​កំពុង​ស្ថិត​នៅចម្ងាយ​​​​ជាង 24 ពាន់​លាន​គីឡូម៉ែត្រ​ ស៊ី​ពេល​អស់ 45 ម៉ោង​៕

  • ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការទីតាំងប្រគល់​រថយន្ត ហ្វដ លំដាប់អន្តរជាតិ

    ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការទីតាំងប្រគល់​រថយន្ត ហ្វដ លំដាប់អន្តរជាតិ

    ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតង” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។

    លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន អ​ អិម អេ ជាក្រុមហ៊ុនដែលមានចំណែកទីផ្សាររថយន្តថ្មីធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបាន​ចំណាត់​​​ថ្នាក់លេខ១ អស់​រយៈពេល៥ឆ្នាំជាប់ៗគ្នា គិតចាប់ពីឆ្នាំ ២០១៩ មកដល់ពេលបច្ចុប្បន្ន។​ កត្តា​ដែល​ធ្វើ​អោយយើង​ទទួល​បានចំណែក​ទីផ្សារលេខ១​នេះ មិនមែនដោយសារតែការលក់រថយន្តថ្មី​​ តែមួយមុខ​ប៉ុណ្ណោះ​ទេ​​ ប៉ុន្តែគឺ​ដោយសារ​គុណភាពនៃសេវាកម្មដែល​ផ្តល់ជូនទៅកាន់អតិថិជន ដូចជា​មជ្ឈមណ្ឌលផ្តល់​សេវាកម្ម​ថែទាំ និងជួសជុលរថយន្តគ្រប់ខេត្ត​ក្រុង សេវាជំនួយជួសជុលចល័តដល់​កន្លែង​ ២៤ម៉ោង ទទួលបានអត្ថប្រយោជន៍ និងព័ត៌មានផ្សេងៗពីកម្មវិធី Ford Cambodia Mobile App ចំណេញពេលវេលា និងថវិការក្នុងការប្តូរប្រេងម៉ាស៊ីន​ (រៀងរាល់          10,000km ម្តង) មាន‍ឱកាសចូលរួម​ដំណើរ​​កម្សាន្តគ្រួសារ ហ្វដ ជារៀងរាល់ឆ្នាំ និងសេវាកម្មទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្ត​ថ្មី​ជាដើម។​ លើសពី​នេះ​​ទៅ​ទៀត​ យើងក៏មានបង្កើតនូវការិយាល័យទំនាក់ទំនងអតិថិជន (Call Center) ដែល​មាន​​តួនាទីផ្តល់ប្រឹក្សាយោបល់អំពីចម្ងល់ផ្សេងៗទៅកាន់អតិថិជន មិនអោយលើសពី ១៥នាទី។”

    លោក ងន សាំង ក៏បានមានប្រសាសន៍បន្ថែមទៀតថា៖ “ទីតាំងប្រគល់រថយន្ត ហ្វដ នេះ គឺជាមជ្ឈ​មណ្ឌល​ប្រគល់​រថយន្តធំជាងគេ ​និង​ដំបូងគេបង្អស់​ក្នុង​ទីផ្សារ​ប្រទេសកម្ពុជាយើង នៅពេលដែល​អតិថិជន​​ចូល​មកក្នុងទីតាំងប្រគល់រថយន្តនេះ នោះអតិថិជន​នឹង​មាន​អារម្មណ៍​​ហាក់ដូច​ជា កន្លែង​តាំង​បង្ហាញ​រថយន្ត ឬការិយាល័យ ឬក៏ជាហាងកាហ្វេដ៏ធំមួយ ដែល​មាន​កន្លែងអង្គុយបំពាក់នូវគ្រឿង​បរិក្ខារ​ទំនើបៗ ផ្តល់នូវផាសុកភាព ​និងភាពងាយស្រួលដល់​អតិថិជន​ដែលមកទទួលយករថយន្តនៅ​ទីនេះ ដើម្បី​ទទួលបាននូវបទពិសោធន៍ថ្មី និងសេវាកម្ម​ប្រកបដោយទំនុកចិត្ត ពីក្រុមហ៊ុន អ អិម អេ​ និង​ក្រុមហ៊ុន​ ហ្វដ។”

    លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ការសម្ពោធជាផ្លូវការនូវទីតាំងប្រគល់រថយន្ត ហ្វដ នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា តាមរយៈការបង្តើតនូវស្តង់ដារគុណនៃការប្រគល់រថយន្តលំដាប់អន្តរជាតិដំបូងគេបំផុតសម្រាប់ទីផ្សារប្រទេសកម្ពុជា។ យើងចង់ឱ្យអតិថិជនរបស់យើងមានអារម្មណ៍ថាកក់ក្តៅ និងមានទំនុកចិត្តលើរថយន្តរបស់ពួកគាត់ ជាពិសេសទទួលបានការណែនាំ និងការពន្យល់អំពីរបៀបប្រើប្រាស់មុខងាររថយន្ត បច្ចេកវិទ្យា ក៏ដូចជាប្រព័ន្ធសុវត្ថិភាពផ្សេងៗនៅក្នុងរថយន្តថ្មីរបស់ពួកគាត់ មុនពេលពួកគាត់បើកបររថយន្តនៅលើដងផ្លូវ។”​

    គួរបញ្ជាក់ផងដែរថា ទីតាំងប្រគល់រថយន្តថ្មីនេះ លាតសន្ធឹងលើផ្ទៃដីទំហំ ៦,៥៧៥ ម៉ែត្រការ៉េ ដែលមាន​ទីតាំងប្រគល់រថយន្តធំ ស្តង់ដារអន្តរជាតិ ចំនួន ១២កន្លែង ដែលមានសមត្ថភាពអាចប្រគល់​រថយន្តបាន​ចំនួន​ច្រើន​គ្រឿង​ក្នុង​ពេល​តែមួយ។ ​ទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតងនេះ គឺមានអាស័យដ្ឋានស្ថិតនៅតាមបណ្តោយវិថីឧកញ៉ាម៉ុងរិទ្ធី (ក្បែរផ្សារបឹងបៃតង) ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។​​ សម្រាប់ព័ត៌មានផ្នែកលក់ សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 099 999 747 និងសម្រាប់ផ្នែកសេវាកម្ម សូមទំនាក់ទំនង 078 992 992។