Tag: ដី

  • ក្រសួង​សាធារណការ ដាក់​ឱ្យ​ប្រើ​ប្រាស់​ចំណត​ផែ​រណប​ពហុ​បំណង​ចំនួន​បី​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ

    ក្រសួង​សាធារណការ ដាក់​ឱ្យ​ប្រើ​ប្រាស់​ចំណត​ផែ​រណប​ពហុ​បំណង​ចំនួន​បី​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ

    (ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី 12 មករា 2024 ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតផែរណបពហុបំណង TS11, UM2 និង LM26 របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក​ជំទាវ លោក​ លោក​ស្រីជា​​មន្ត្រី និងបុគ្គលិក កម្មករ​ និយោជិត​នៃ​កំពង់ផែ​​។

    យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចំណតផែរណបពហុបំណងទាំង 03 ទីតាំងខាង​លើ​នេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលនឹងបម្រើឱ្យប្រតិបត្តិការផ្ទេរ ផ្ទុកទំនិញ និងលើកដាក់កុងតឺន័រ។

    ក្រសួង​សាធារណការ បាន​ឱ្យ​ដឹង​ថា ចំណតផែរណបពហុបំណង TS11 មានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​មាន​ផ្ទៃ​ដី​ទំហំ​ 4 ហិកតា ខណៈ​ដែល​ចំណតផែរណបពហុបំណង UM2 មានទីតាំងស្ថិតនៅ ភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ មាន​ផ្ទៃ​ដី​ទំហំ​16.3 ហិកតា និង​ចំណតផែរណបពហុបំណង LM26 មានទីតាំងស្ថិតនៅ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង មានផ្ទៃដីទំហំ 18.6 ហិកតា។

    គោលបំណងនៃការបង្កើតចំណតផែរណបពហុបំណងទាំង​នេះ គឺ​ដើម្បីធ្វើ​ប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ មាន​ដូចជា គ្រឿងសំណង់ ដំឡូងមី ចំណីសត្វ កៅស៊ូ ស្រូវ ផលិតផលកសិផលផ្សេងទៀត។ល។

  • តម្លៃថ្មី​សម្រាប់​សេវា និង​ការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

    តម្លៃថ្មី​សម្រាប់​សេវា និង​ការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

    នាថ្ងៃទី 11 មករា 2024 នេះ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី “ដំណោះស្រាយលើបញ្ហាតម្លៃសេវា ការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត”។ នេះ​បើ​តាម​ក្រសួង​ព័ត៌មាន​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​។

    សេចក្ដី​ប្រកាស​ព័ត៌មាន​ខាងលើ​ រួម​មាន៖

    ទីមួយ​៖ ក្រុមហ៊ុនបានឯកភាពមិនយកថ្លៃចំណតសម្រាប់ការចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្រោមរយៈពេល 15 នាទី សម្រាប់រថយន្តធុនតូចមិនលើស 7 កៅអី និងរយៈពេល 30 នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។

    ទីពីរ​៖ ក្រុមហ៊ុនបានយល់ព្រមបញ្ចុះតម្លៃបន្ថែមទៀត ក្នុងការប្រើប្រាស់ផ្លូវសម្រាប់គ្រប់ប្រភេទយានយន្តដែលមានព័ត៌មានលម្អិតដូចមានភ្ជាប់ក្នុងតារាងខាងក្រោម សម្រាប់រយៈពេលពីរឆ្នាំ (ឆ្នាំ 2024 និងឆ្នាំ 2025)។ ចំពោះតម្លៃថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី 15 មករា 2024៕

  • ភ្លៀង​ត្បូង​ពេជ្រ​នឹង​កើត​មាន​ញឹក​ញាប់​ជាង​មុន​នៅ​ក្នុង​ទីអវកាស

    ភ្លៀង​ត្បូង​ពេជ្រ​នឹង​កើត​មាន​ញឹក​ញាប់​ជាង​មុន​នៅ​ក្នុង​ទីអវកាស

    ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ភ្លៀង​ត្បូង​ពេជ្រ​នឹង​កើត​ឡើង​ញឹក​ញាប់​ជាង​មុន​នៅ​ក្នុង​ទីអវកាស ​បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​ ស្ដីពី​លក្ខខណ្ឌ​នៃ​ការ​កកើត​ភ្លៀង​ត្បូង​ពេជ្រ​។

    យោង​តាម IFL Science ការ​ពិសោធ​នានា​នៅ​ក្នុង​បន្ទប់​ពិសោធន៍​បង្ហាញ​ថា ភ្លៀង​ត្បូង​ពេជ្រ​កើត​ឡើង​នៅ​ក្នុង​សីតុណ្ហភាព និង​សម្ពាធ​ទាប​ជាង ​បើ​ធៀប​នឹង​ការពិសោធ​មុន​ៗ​​។

    ប្រការ​ខាងលើនេះ​មាន​ន័យ​ថា ភ្លៀង​ត្បូង​ពេជ្រ​កើត​ឡើង​​ញឹក​ញាប់​នៅ​ក្នុង​អវកាស​​។ ក្នុង​នោះ វា​មិន​ត្រឹម​តែ​កើត​នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​របស់មនុស្ស​នោះ​ទេ ប៉ុន្តែ​ក៏​កើត​ឡើង​នៅ​ទីដទៃ​ក្នុង​អវកាស​។ ភ្លៀង​នេះ​ក៏​អាច​ប៉ះពាល់​ដល់​ដែន​ទំនាញ​របស់​ភព​នានា​ផងដែរ​៕

  • យាន​អវកាស​សង្កេត​មើល​ព្រះ​អាទិត្យ​ដំបូង​របស់​ឥណ្ឌា ហោះ​​ដល់​គោលដៅ​ដោយ​ជោគ​ជ័យ​

    យាន​អវកាស​សង្កេត​មើល​ព្រះ​អាទិត្យ​ដំបូង​របស់​ឥណ្ឌា ហោះ​​ដល់​គោលដៅ​ដោយ​ជោគ​ជ័យ​

    ស្ថានីយ​សង្កេត​ព្រះ​អាទិត្យ​ដំបូង​របស់​ប្រទេស​ឥណ្ឌា បាន​ហោះ​ដល់​គន្លងជុំវិញ​ព្រះ​អាទិត្យ​​ដូច​​បាន​គ្រោង​ទុក​។ នេះ​បើ​តាម​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) ដែល​បាន​ប្រកាស​កាល​ពី​ចុង​សប្ដាហ៍​កន្លង​។

    យាន​អវកាស Aditya-L1 បាន​ហោះ​ដល់​ចំណុច Lagrange Point L1 ជា​ទីតាំង​ក្នុង​អវកាស​ដែល​មាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 1.5 លាន​គីឡូម៉ែត្រ និង​មើល​ឃើញ​ព្រះ​អាទិត្យ​ដោយ​ពុំ​មាន​អ្វី​មក​រារាំង។ នេះ​គឺជា​ការ​​បើក​ផ្លូវ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​បង្កើន​ការ​ស្រាវ​ជ្រាវ​អំពី​ព្រះ​អាទិត្យ​-ផែនដី​ ពិសេស​គឺ​អ្វី​ៗ​ដែល​កើត​ឡើង​ដោយ​សារ​ព្រះ​អាទិត្យ​។

    Aditya-L1 ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃទី 02 កញ្ញា 2023 បន្ទាប់​ពី​ ISRO បាន​បញ្ជា​ឱ្យ​យាន​Chandrayaan-3 ចុះ​ចត​នៅ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ កាល​ពី​ជិត​ពីរ​សប្ដាហ៍​មុន​នោះ​។

    ចំណុច Lagrange Point L1 ជា​ទីតាំង​ក្នុង​អវកាស​ដែល​មាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 1.5 លាន​គីឡូម៉ែត្រ
  • នៅ​សល់​ 92 ថ្ងៃ​ទៀត ស្ពាន​អាកាស​ព្រះ​មុនីវង្ស​ ​នឹង​បញ្ចប់​ការ​សាងសង់​ដំណាក់​កាល​ទី​មួយ

    នៅ​សល់​ 92 ថ្ងៃ​ទៀត ស្ពាន​អាកាស​ព្រះ​មុនីវង្ស​ ​នឹង​បញ្ចប់​ការ​សាងសង់​ដំណាក់​កាល​ទី​មួយ

    (ភ្នំពេញ) ៖ ស្ពានអាកាសព្រះមុនីវង្ស ដែល​ស្ថិត​នៅទីតាំង​​ប្រសព្វគ្នា​រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ​ 60 ម៉ែត្រ) និងមហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ 271) ​គ្រោង​នឹង​បញ្ចប់​ដំណាក់​កាលទីមួយ​មុនកាលកំណត់រយៈពេល 4 ខែ ពោល​គឺ​នៅ​សល់​ 92 ថ្ងៃ​ទៀត​​ បើ​រាប់ចាប់ពីថ្ងៃទី 11 ខែមករា 2024​។

    ស្ពានអាកាសព្រះមុនីវង្សដែល​មានកម្ពស់ 2 ជាន់​នេះ​ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី 31 សីហា 2022។ តាមផែនការ ​ជំហានទីមួយ​នៃ​គម្រោង​នេះ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ​ក្នុង​ឆ្នាំ​ 2024 ខណៈ​ដែល​ជំហានទីពីរ​នឹងបញ្ចប់មុនបុណ្យ​ចូលឆ្នាំខ្មែរ​ ក្នុង​ឆ្នាំ 2025​។

    ស្ពាន​អាកាស​ព្រះ​មុនីវង្ស​ ​សាងសង់​ដោយក្រុម​ហ៊ុ​ន​វិ​​និយោ​គ​ទុន​អា​ណិ​ក​ជ​​ន​កម្ពុ​ជា​ (O​C​​IC) គ្រោងចំណាយថវិកា 36,775,000 ដុល្លារ​អាម៉េរិក និង​​ចំណាយពេលសាងសង់ជាង 30 ខែ គ្រោង​នឹង​បញ្ចប់ដំណាក់​កាលទីមួយ​មុនកាលកំណត់រយៈពេល 4 ខែ ពោល​គឺ​នៅ​សល់​ 92 ថ្ងៃ​ទៀត​​ បើ​រាប់ចាប់ពីថ្ងៃទី 11 ខែមករា 2024​។

    គម្រោង​ស្ពាន​អាកាស​ព្រះមុនីវង្ស​ក្បាល​ថ្នល់

    បន្ទាប់​ពី​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ស្ពានអាកាស​ស្ថិតក្នុងទឹកដីខណ្ឌចំការមន និង​ខណ្ឌមានជ័យនេះ​ នឹង​រួម​ចំណែក​យ៉ាង​ធំ​​ក្នុង​ការ​​កាត់បន្ថយ​ស្ថាន​ភាព​កក​ស្ទះ​ចរាចរណ៍នៅ​រាជធានីភ្នំពេញ៕

  • ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន ដាំក្បាល​ចុះ​ជាង 20%

    ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន ដាំក្បាល​ចុះ​ជាង 20%

    ក្រោយ​ពី​មាន​ព័ត៌មាន​ស្ដីពីអនុ​ប្រធានក្រុម​ហ៊ុន​ត្រូវ​បាន​ចាប់​ខ្លួន ភាគហ៊ុន​ China Evergrande New Energy Vehicle Group ក៏​ដាំ​ក្បាល​ចុះ​នៅ​ក្នុង​ការ​ជួញ​ដូរ​នា​ថ្ងៃទី 08 មករា​នេះ​។

    បន្ទាប់​ពី​បើក​ការ​ជួញដូរ​សម្រាប់​ថ្ងៃទី 08 មករា ភាគ​ហ៊ុន China Evergrande New Energy Vehicle Group (Evergrande NEW) ដែល​ចុះ​ឈ្មោះ​នៅ​ផ្សារ​ហ៊ុន​ហុងកុង​ បាន​ធ្លាក់​ថ្លៃ​រហូរ​ដល់ 23%​។ បច្ចុប្បន្ន ភាគ​រយ​នេះ​បានកាត់​បន្ថយ​គម្លាត​​ចុះ​មក​នៅ​ 8.4%​។

    ភាគហ៊ុន​នេះ​ដាំ​ក្បាល​ចុះ​ បន្ទាប់​ពី Evergrande NEV បាន​ជូន​ដំណឹង​ទៅ​កាន់​ស្ថាប័ន​គ្រប់​គ្រង​ផ្សារ​មូលបត្រ​ហុង​កុង​ថា អនុប្រធាន​ Liu Yongzhuo ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​ស៊ើប​អង្កេត​លើ «ទង្វើ​ដែល​សង្ស័យ​ថា ជា​ការ​បំពាន​ច្បាប់​»​។

    គ្រាន់​តែ​ក្នុង​សប្ដាហ៍​​ដំបូង​របស់​ឆ្នាំ​នេះ ភាគ​ហ៊ុន Evergrande NEV បាន​ដាំក្បាល​ចុះ 18.6% ក្រោយ​ពី​បាន​ប្រកាស​​លុប​ចោល​គម្រោង​លក់​ភាគ​ហ៊ុន​ទៅ​ឱ្យ​ក្រុម​ហ៊ុន​រថយន្ត Dubai NWTN ដែល​បច្ចុប្បន្ន​បាន​ចុះ​ឈ្មោះបញ្ជី​នៅ​ផ្សារ​ហ៊ុន​អាម៉េរិក​។

  • ថៃ​អនុម័ត​ថវិកា​ជាតិ​ជាង 101 ពាន់​លាន​ដុល្លារ​ សម្រាប់​ឆ្នាំ 2024

    ថៃ​អនុម័ត​ថវិកា​ជាតិ​ជាង 101 ពាន់​លាន​ដុល្លារ​ សម្រាប់​ឆ្នាំ 2024

    សភាជាន់​ទាប​ថៃ កាល​ពី​ថ្ងៃទី 05 មករា 2024 បាន​បោះ​ឆ្នោត​អនុម័ត​យល់​ស្រប​នឹង​ការ​អាន​ដំបូង​នូវ​សេចក្ដី​ស្នើ​ច្បាប់​ថវិកាជាតិ​សម្រាប់​ឆ្នាំសារពើពន្ធ​ 2024​ ដែល​មាន​តម្លៃ​សរុប​ជាង 101 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដោយ​មាន​ការ​គាំទ្រចំនួន 311 សំឡេង, ប្រឆាំង 177 សំឡេង និង​អនុបវាទ 4 សំឡេង​។

    សភា​ជាន់​ទាប​ថៃ បាន​បោះ​ឆ្នោត​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​សារពើ​ពន្ធ 2024 ក្រោយ​ពី​ការ​ជជែក​តឹង​សរសៃ​ក​​រយៈ​ពេល​បី​ថ្ងៃ​ (3-5 មករា) រវាង​សម្ព័ន្ធ​ភាព​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​។

    យោង​តាម​គោលការណ៍ សេចក្ដី​ស្នើ​ច្បាប់​នេះ​នឹង​ត្រូវ​បាន​សភា​ជាន់​ទាប​ថៃ​ពិភាក្សា​ និង​អនុម័ត​ទៅលើ​ការ​អាន​ខ្លឹម​សារ​ជា​លើក​ទីពីរ និង​ទីបី​ នៅ​ក្នុង​ថ្ងៃទី 3 និង​ទី 4 ខែ​មេសា​ខាងមុខ​។ ក្រោយ​មក សេចក្ដីព្រាង​ច្បាប់​នេះ​នឹង​ត្រូវបញ្ជូន​ឡើង​ទៅកាន់​សភា​ជាន់​ខ្ពស់​ និង​ព្រះ​មហា​ក្សត្រ​ថៃ ដើម្បី​ពិនិត្យ​ អនុម័ត​នៅ​ក្នុង​ខែ​ឧសភា 2024​។

    តាម​ការ​គណនា ថវិកា​ជាតិ​សម្រាប់​ឆ្នាំ 2024 របស់​រាជរដ្ឋាភិបាល​ថៃ មាន​តម្លៃ​សរុប​ 3.48 លាន​លាន (ទ្រីលាន) ​បាត (ប្រហែល​នឹង 101.46 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ខណៈ​ដែល​ប្រភព​ចំណូល​ក្នុង​ឆ្នាំ​គ្រោង​នឹង​សម្រេច​បាន 2.787 លាន​លាន​បាត (ប្រហែល 81.25 ពាន់​លាន​ដុល្លារ​អាម៉េរិក)​។

    ឆ្នាំ​សារពើពន្ធ​ 2024 របស់​ប្រទេស​ថៃ ជាក់​ស្ដែង​បាន​ចាប់​ផ្ដើម​ពីថ្ងៃទី 01 តុលា 2023​។ ការ​យឺត​យ៉ាវ​នៃ​ការ​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ 2024 គឺ​ដោយ​សារ​ផល​ប៉ះ​ពាល់​ពី​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ឆ្នាំ 2023​ ក៏ដូច​ជា​ដំណើរ​ការ​បង្កើត​សភា​ជាន់​ទាប និង​រាជរដ្ឋាភិបាល​ ក្រោយ​ការ​បោះ​ឆ្នោត​នេះ៕

  • ណាសា​បង្ហាញ​គំរូ​យន្តហោះប្រើ​​ថាមពល​ព្រះអាទិត្យ​សម្រាប់​ភព​អង្គារ

    ណាសា​បង្ហាញ​គំរូ​យន្តហោះប្រើ​​ថាមពល​ព្រះអាទិត្យ​សម្រាប់​ភព​អង្គារ

    យន្តហោះ​ MAGGIE អាច​ហោះ​ចម្ងាយ​ 179 គីឡូម៉ែត្រ នៅលើ​កម្ពស់ 1,000 ម៉ែត្រ ជួយ​ស្រាវជ្រាវ​បរិយាកាស​ និង​ភូគព្ភសាស្ត្រ​នៃ​ភព​អង្គារ​។

    ក្រោយ​ពី​ជោគ​ជ័យ​របស់​ឧទ្ធម្ភាគ​ចក្រ​ Ingenuity នៅ​លើ​ភព​អង្គារ​ ក្រុម​អ្នក​ជំនាញ​កំពុង​ឆ្ពោះ​ទៅ​រក​ការ​ផលិត​យន្តហោះ​ប្រើ​ប្រាស់​ថាមពល​ព្រះ​អាទិត្យ​។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយកាល​ពី​ថ្ងៃទី 05 មករា​ 2024​។ យន្តហោះ​នេះ​មាន​ឈ្មោះ​ថា អ្នក​ស្រាវ​ជ្រាវ​ឆ្លាតវៃ​លើ​ដី និង​លើ​អាកាស​ភព​អង្គារ​ (MAGGIE) នេះ ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​កម្មវិធី​គំនិត​ច្នៃ​ប្រឌិត​កម្រិត​ខ្ពស់​របស់​ណាសា (​NASA Innovative Advanced Concepts – NIAC)​។

    នេះ​គឺជា​យន្តហោះ​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ប្រើ​ប្រាស់​ថាមពល​ព្រះ​អាទិត្យ អាច​ហោះ​នៅ​ក្នុង​បរិយាកាស​ភព​អង្គារ​។ គំរូ​យន្តហោះ MAGGIE ដែលស្នើ​ដោយ​ក្រុម​ហ៊ុន​អាកាសចរណ៍​អវកាស​អាម៉េរិក Coflow Jet ​ ​អាច​ស្រាវ​ជ្រាវ​បរិយាកាស​ទូទាំង​ភព​អង្គារ។ បច្ចេក​វិទ្យា​ CoFlow Jet (CFJ) អនុញ្ញាត​ឱ្យ​យន្តហោះ​នេះ​ហោះ​ហើរ​ក្នុង​បរិយាកាស​ស្ដើង​របស់​ភព​ក្រហម​នេះ​។

    តាម​គម្រោង MAGGIE អាច​ហោះ​បាន​ 179 គីឡូម៉ែត្រ នៅ​លើ​កម្ពស់ 1,000 ម៉ែត្រ បន្ទាប់​ពី​បាន​​បញ្ចូល​ថាមពលមួយ​​ពេញដែល​ប្រើ​ពេល​ 7.6 ថ្ងៃ​នៅ​លើ​ភព​អង្គារ​។ យន្តហោះ​នេះ​អាច​ដំណើរ​ការ​ឡើង​ដល់ 16,048 គីឡូម៉ែត្រ​នៅ​ក្នុង​មួយ​ឆ្នាំ​នៃ​ភព​ក្រហម​។

    តាម​ផែនការ​បឋម យន្តហោះ​នេះ​នឹង​បំពេញ​ភារកិច្ច​ស្រាវ​ជ្រាវ​យ៉ាង​តិច​ចំនួន​បី​ ទាក់​ទង​នឹង​បរិយាកាស​ និង​ភូគព្ភសាស្ត្រ​។ ទិន្នន័យ​ដែល​ប្រមូល​បាន​ នឹង​ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ភព​អង្គារ​ បង្កើន​សមត្ថភាព​ស្រាវ​ជ្រាវ​ក្នុង​អនាគត​៕

  • ឱកាស​ល្អ​សម្រាប់​អ្នក​ជំនួញ​ដែល​ចង់​ពង្រីក​​អាជីវកម្ម​នៅ​ខេត្ត​បាត់​ដំបង

    ឱកាស​ល្អ​សម្រាប់​អ្នក​ជំនួញ​ដែល​ចង់​ពង្រីក​​អាជីវកម្ម​នៅ​ខេត្ត​បាត់​ដំបង

    ចាប់​ពី​ថ្ងៃទី 14 ដល់ 16 កុម្ភៈ 2024 សភា​ពាណិជ្ជកម្ម​កម្ពុជា​ នឹង​រៀប​ចំ​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​ទៅ​កាន់​ខេត្ត​បាត់​ដំបង​ ដែល​នេះគឺ​ជា​ឱកាស​ល្អ​សម្រាប់​​អ្នក​ជំនួញ​​ទាំង​ឡាយ​ណា​ដែល​ចង់​ពង្រីក​​អាជីវកម្ម​ទៅ​កាន់​ខេត្ត​នេះ​។

    កាល​ពី​ថ្ងៃទី 03 មករា 2024 សភា​ពាណិជ្ជកម្ម​កម្ពុជា បានចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ជា​សាធារណៈ ទាក់​ទង​នឹង​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​ទៅ​កាន់​ខេត្ត​បាត់​ដំបង​ ក្នុង​បំណង​ស្វែង​យល់​ពី​សង្វាក់​ផលិតកម្ម​ចំណី​អាហារ សក្ដានុពល​សេដ្ឋកិច្ច កសិកម្ម ទំនាក់​ទំនង​ដៃ​គូ​ពាណិជ្ជកម្ម និង​ឱកាស​វិនិយោគ​នានា​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​។

    យោង​តាម​សេចក្ដី​ជូន​ដំណឹង​ ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​នេះ​​​​នឹង​ត្រូវ​​ធ្វើ​ឡើងរយៈ​ពេល​​ពីរ​យប់​ បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី 14 ដល់ 16 កុម្ភៈ 2024​​។ សភាពាណិជ្ជកម្ម​កម្ពុជា​ ក៏​បាន​បញ្ជាក់​ថា តម្លៃសំបុត្រ​សម្រាប់​ការ​ចូល​រួម​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​នេះ​គឺ 185 ដុល្លារ​/​ម្នាក់​។