Tag: ឆ្នេរសមុទ្រ

  • មី​ស៊ី​ល​កូរ៉េខាងជើង​ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាង​ភ័យ​ស្លន់​ស្លោ មុន​ពេល​​ធ្លាក់ចូល​សមុទ្រ​បាត់​ស្រមោល

    មី​ស៊ី​ល​កូរ៉េខាងជើង​ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាង​ភ័យ​ស្លន់​ស្លោ មុន​ពេល​​ធ្លាក់ចូល​សមុទ្រ​បាត់​ស្រមោល

    កូរ៉េខាងជើង​បានបញ្ជាក់​ថា រ៉ុក្កែត​​ដឹក​ផ្កាយរណប​យោធា​បាន​ធ្លាក់ចូល​សមុទ្រ​ ដោយសារតែ​មាន​បញ្ហា​ក្នុងពេល​បាញ់​បង្ហោះ​នៅ​ព្រឹក​នេះ។

    «រ៉ុក្កែត​រុញច្រាន Cheollima-1 ដែល​នាំយក​ផ្កាយរណប​ឈ្លបយកការណ៍​ផ្នែក​យោធា បាន​ធ្លាក់ចូល​តំបន់​សមុទ្រ​ភាគ​ខាងលិច ព្រោះតែ​បាត់បង់​ថាមពល ដោយសារ​មាន​បញ្ហា​ក្នុងការ​បញ្ឆេះ​ម៉ាស៊ីន​នៅ​កំណាត់​ទី​ពីរ» ទីភ្នាក់ងារសារព័ត៌មាន​មជ្ឈិម​កូរ៉េខាងជើង (KCNA) ថ្ងៃទី 31 ឧសភា​នេះ បាន​រាយការណ៍​ដូច្នេះ។

    មុន​នោះ អគ្គសេនាធិការ​ចម្រុះ​នៃ​សាធារណរដ្ឋ​កូរ៉េ (JSC) ឱ្យដឹងថា នៅវេលា​ម៉ោង 06:29 (ម៉ោង​ប្រហែល 4 កន្លះ​នៅ​កម្ពុជា) កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​រ៉ុក្កែត​ពី​តំបន់ Tongchang-ri នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​ប្រទេស ឆ្ពោះទៅ​ទិស​ខាងត្បូង។

    រ៉ុក្កែត​កូរ៉េខាងជើង ហោះ​លើ​លំហ​សមុទ្រ​របស់​កោះ Baengnyeong នៅ​ភាគ​ខាងលិច​ប្រទេស​កូរ៉េខាងត្បូង និង​មិន​ប៉ះពាល់​ដល់​រដ្ឋធានី​សេ​អ៊ូ​ល។ យោងតាម JSC ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​​កូរ៉េខាងត្បូង ក៏បាន​ប្រកាស​បើក​កិច្ចប្រជុំ​បន្ទាន់​ផងដែរ។

    កងទ័ព​កូរ៉េខាងត្បូង​ក៏បាន​ដឹងថា រ៉ុក្កែត​នេះ​បាន​បាត់​ខ្លួន​ពី​រ៉ា​ដា​មុនពេល​ហោះ​ទៅដល់​គោលដៅ​​ដែល​បានគ្រោង​ទុក និង​បាន​សន្និដ្ឋានថា វា​បាន​ផ្ទុះ​លើ​អាកាស ឬ​ធ្លាក់ចូល​សមុទ្រ។

    សា​រ៉ែ​ន​ប្រកាសអាសន្ន​បាន​បន្លឺឡើង​នៅ​រដ្ឋធានី​សេ​អ៊ូ​ល នៅ​ម៉ោង​ប្រហែល 6 កន្លះ គ្រា​ដែល​អាជ្ញាធរ​ស្នើឱ្យ​ប្រជាជន​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​សម្រាប់​ការជម្លៀស។ ក្រសួងមហាផ្ទៃ​កូរ៉េខាងត្បូង ក្រោយមក​បានឱ្យដឹងថា ការប្រកាសអាសន្ន​ពី​អាជ្ញាធរ​សេ​អ៊ូ​ល គឺ​ «មិន​ត្រឹមត្រូវ»។ ចំណែក​ការជូន​ដំណឹង​​អំពី​ការជម្លៀស​នៅ​តំបន់​ក្បែរ​ព្រំដែន​ភាគ​ខាងលិច​របស់​កូរ៉េខាងត្បូង ក៏ត្រូវ​បាន​ដកចេញ​នៅវេលា​ម៉ោង​ប្រហែល 8 ព្រឹក។

    នៅ​ប្រទេស​ជប៉ុន​វិញ អាជ្ញាធរ​ក៏បាន​ចេញ​សេចក្ដីជូន​ដំណឹង​​ទាក់ទង​នឹង​បញ្ហា​ខាងលើ​តាមរយៈ​ប្រព័ន្ធ J-Alert។ ប៉ុន្តែ​ក្រោយមក ប្រព័ន្ធនេះ​​ក៏បាន​ប្រាប់ថា រ៉ុក្កែត​នឹងមិន​ហោះ​រំលង​ទឹកដី​ជប៉ុន ហើយក៏​បាន​ដក​ចោល​សេចក្ដី​ជូន​ដំណឹង​​នេះ។

    ជប៉ុន មុន​នោះបាន​ឱ្យដឹងថា កូរ៉េខាងជើង​បាន​ជូនដំណឹង​មក​តូ​ក្យូ​អំពី​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប​ចាប់ពី​ថ្ងៃទី 31 ឧសភា ដល់ 11 មិថុនា។ ជប៉ុន​ក៏បាន​ប្រកាសថា នឹង​បាញ់​ទម្លាក់​រាល់​រ៉ុក្កែត​របស់​កូរ៉េខាងជើង បើសិន​វា​ត្រូវបាន​បញ្ជាក់ថា​នឹង​ធ្លាក់ចូល​ទឹកដី​ប្រទេស​នេះ។

    សហរដ្ឋ​អាម៉េរិក កូរ៉េខាងត្បូង និង​ជប៉ុន សុទ្ធតែ​យល់ថា ការបាញ់​បង្ហោះ​ផ្កាយរណប​របស់​កូរ៉េខាងជើង​គឺ​គ្រាន់តែ​ជា «សម្បក» ដើម្បី​សាកល្បង​មី​ស៊ី​ល ដោយសារតែ​ពួកវា​ប្រើប្រាស់​បច្ចេកវិទ្យា​ដូច​គ្នា។ កូរ៉េខាងជើង​ធ្លាប់បាន​បាញ់​បង្ហោះ​រ៉ុក្កែត​រុញច្រាន​ដែលមាន​ផ្ទុក​ផ្កាយរណប​កាលពី​ឆ្នាំ 2012 និង 2016 ហើយ​រ៉ុក្កែត​ទាំងនេះ​សុទ្ធតែ​បាន​ហោះ​រំលង​ខេត្ត Okinawa នៅ​ភាគខាងត្បូង​របស់​​ប្រទេស​ជប៉ុន៕

  • អាចម៍ផ្កាយ​ធ្លាក់ និង​ផ្ទុះ​ឆេះភ្លឺ​ពេញ​ផ្ទៃ​មេឃ​​នៅ​​អូស្ត្រាលី

    អាចម៍ផ្កាយ​ធ្លាក់ និង​ផ្ទុះ​ឆេះភ្លឺ​ពេញ​ផ្ទៃ​មេឃ​​នៅ​​អូស្ត្រាលី

    កាលពី​យប់​ថ្ងៃទី 20 ឧសភា ផ្ទៃមេឃ​នៅពេល​រាត្រី​ក្នុង​រដ្ឋ Queensland ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី បែរជា​ភ្លឺ​ចាំង​ភ្នែក នៅពេល​អាចម៍ផ្កាយ​មួយ​ដុំ​ហោះ​កាត់​បរិយាកាស ធ្លាក់​ទៅលើ​ផែនដី បង្ក​ជា​សំឡេង​ផ្ទុះ​ដ៏​ខ្លាំង។

    រូបភាព​ដែល​ថត​បាន​ដោយ​កាមេរ៉ា​តាំងពី​ទីក្រុង Cairns នៅ​តំបន់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត រហូតដល់ Normanton នៅ​ឈូង​សមុទ្រ Carpentaria បង្ហាញថា ដុំ​ភ្លើង​មួយ​ដុំ​ធំ ធ្លាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​ចុះមក​កាន់​ផែនដី ហើយ​មាន​ពន្លឺ​មួយ​ខ្សែ​ពណ៌​បៃតង ពណ៌​ខៀវ និង​លឿង​លេចចេញ​តាម​ពីក្រោយ។

    ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង 09:22 យប់ ថ្ងៃទី 20 ឧសភា ឆ្នាំ 2023 (ពេលវេលា​ក្នុងស្រុក)។ ប្រជាជន​នៅ​ទីរួមស្រុក Croydon ដែលមាន​ចម្ងាយ​ពី Cairns ប្រហែល 500 គីឡូម៉ែត្រ​ទៅ​ទិស​ខាងលិច ក៏​បានឮ​សំឡេង​ផ្ទុះ។

    អាចម៍ផ្កាយ​ខាងលើនេះ​ប្រហែល​ជាមាន​ទំហំ​ពី 0.5 ដល់ 1 ម៉ែត្រ តូច​ជាង​អាចម៍ផ្កាយ​ទំហំ​មធ្យម និង​ផ្លាស់​ទី​ក្នុង​ល្បឿន 150,000 គីឡូម៉ែត្រ/ម៉ោង។ នេះ​បើតាម​បណ្ឌិត Brad Tucker មកពី​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី​។

    អាចម៍ផ្កាយ​ធ្លាក់ និង​ផ្ទុះ​ឆេះ​នៅ Queensland ប្រទេស​អូស្ត្រាលី

    យោងតាមបណ្ឌិត​ Tucker អាចម៍ផ្កាយ​នេះ​នឹងមិន​បង្កឱ្យមាន​រណ្ដៅ ដោយសារតែ​វា​ត្រូវ​បែក​ជា​បំណែក​មុនពេល​ធ្លាក់​ដល់​ដី ប៉ុន្តែ​វា​ក៏​អាច​នៅសល់​បំណែក​ខ្លះ​ត្រង់​​កន្លែង​ធ្លាក់។

    កាលពី​ឆ្នាំ 2013 អាចម៍ផ្កាយ​មួយ​ដុំ​ទំហំ 20 ម៉ែត្រ បាន​ផ្ទុះ​នៅ​ខាងលើ​ទីក្រុង Chelyabinsk របស់​រុស្ស៊ី។ ការផ្ទុះ​នេះ​មាន​កម្លាំង​ប្រហាក់ប្រហែល​នឹង​ការផ្ទុះ 500 គីឡូតោន (100,000 តោន) របស់​រំសេវ TNT។ ការផ្ទុះ​នេះ​បានធ្វើឱ្យ​មនុស្ស​ជាច្រើន​ត្រូវ​ប៉ើង និង​បំបែក​បង្អួច​កញ្ចក់​រប​ស់​អគារ​រាប់ពាន់ខ្នង​ ខណៈដែល​​រោងចក្រ​មួយ​ក៏ត្រូវ​បាក់​រលំ។ យោងតាម​ទំព័រ Guardian អាចម៍ផ្កាយ Chelyabinsk ភ្លឺ​ជាង​ព្រះអាទិត្យ 30 ដង ធ្វើឱ្យ​ប្រជាជន​នៅ​ឆ្ងាយ​ពី​ទីនោះ​ជិត 30 គីឡូម៉ែត្រ ក៏​ត្រូវ​រលាក​ស្បែក និង​ភ្នែក៕

  • ណា​សា​ (NASA) រកឃើញ​សញ្ញា​ទឹកសមុទ្រ​ឡើងក​ម្ដៅ​ខុស​ប្រក្រតី​ El Nino ពី​អវកាស

    ណា​សា​ (NASA) រកឃើញ​សញ្ញា​ទឹកសមុទ្រ​ឡើងក​ម្ដៅ​ខុស​ប្រក្រតី​ El Nino ពី​អវកាស

    ផ្កាយរណប Sentinel-6 Michael Freilich បាន​កត់ត្រា​រលក Kelvin ផ្លាស់​ទី​ទៅកាន់​ភាគ​ខាងកើត ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ បាតុភូត​នេះ​តែង​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា​ជា​សញ្ញា​របស់បាតុភូត​ El Nino។

    ណា​សា​​កំណត់​បាន​សញ្ញា​ដំបូង​របស់ El Nino ពី​អវកាស បន្ទាប់​ពីមួយ​ក្នុងចំណោម​ផ្កាយរណប​របស់​ស្ថាប័ន​នេះ ​ប្រទះឃើញ​តំបន់​ទឹក​ក្ដៅ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ផ្លាស់​ទី​ទៅ​ទិសខាងកើត ទៅដល់​តំបន់​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​របស់​តំបន់​អាម៉េរិក​ខាងត្បូង នៅ​ក្នុង​ខែមីនា និង​មេសា។ ទិន្នន័យ​ពី​ផ្កាយរណប Sentinel-6 Michael Freilich បង្ហាញថា រលក Kelvin ផ្លាស់​ទី​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ប្រភេទ​រលក​នេះ​មាន​កម្ពស់​តែ​ពី 5-10 សង់ទីម៉ែត្រ ប៉ុន្តែ​លាត​សន្ធឹង​ទំហំ​រាប់រយ​គីឡូម៉ែត្រ។ ពួកវា​ត្រូវបាន​ចាត់ទុក​ដូច​ជាស​ញ្ញា​ដំបូង​របស់ El Nino នៅពេល​កើតឡើង​នៅ​តំបន់​អេក្វាទ័រ និង​បញ្ជូន​​​ទឹក​ក្ដៅ​​នៅ​ស្រទាប់​ខាងលើ​​របស់​សមុទ្រ ទៅកាន់​ភាគ​ខាងលិច​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ នេះ​បើតាម Live Science ចុះផ្សាយ​កាលពី​ថ្ងៃទី 16 ឧសភា​។

    El Nino គឺជា​បាតុភូត​ឡើង​កម្ដៅ​ខុស​ប្រក្រតី​នៃ​ស្រទាប់​លើ​របស់​ទឹកសមុទ្រ​នៅ​តំបន់​អេក្វាទ័រ និង​ភាគ​ខាងកើត​​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ក៏​​​ជា​ផ្នែក​មួយ​នៅក្នុង​វដ្ដ​នៃ​អាកាសធាតុ ENSO (ENSO គឺជា​អាកាសធាតុ​ដែលមាន​បាតុភូត El Nino និង​បាតុភូត​ទឹកសមុទ្រ​ចុះ​ត្រជាក់​ខុស​ប្រក្រតី La Nina​។​

    El Nino តែង​កើតឡើង​ពី 3-5 ឆ្នាំ/ម្ដង ប៉ុន្តែ​ក៏​អាច​កើតឡើង​ញឹកញាប់​ជាង​មុន។ បាតុភូត El Nino ចុងក្រោយ​បានកើត​ឡើង​កាលពី​ឆ្នាំ 2019។ មន្ត្រី​តំណាង​ស្ថាប័ន​ឧតុនិយម​អាម៉េរិក (NOAA) បានឱ្យដឹងថា លទ្ធភាព​ដែល El Nino អាច​នឹង​កើតឡើង​នៅក្នុង​ឆ្នាំនេះ​គឺមាន​រហូតដល់ 90% ហើយ​អូសបន្លាយ​ដល់​រដូវរងា​នៅ​អឌ្ឍគោល​ខាងជើង ដែល​អាចធ្វើឱ្យ​ទឹកសមុទ្រ​ឡើង​កម្ដៅ​​បន្ថែម​ចាប់ពី 1 ដល់ 1.5 អង្សា​សេ៕

  • ទៅលេងទីក្រុងជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត Gold Coast ប្រទេសអូស្ត្រាលី

    ទៅលេងទីក្រុងជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត Gold Coast ប្រទេសអូស្ត្រាលី

    Gold Cost គឺជាទីក្រុងជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតដែលមានទីតាំងនៅក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី ហើយភ្ញៀវទេសចរ៍ប្រមាណ១០លាននាក់បានមកកម្សាន្តនៅក្នុងទីក្រុងដ៏ទំនើបមួយនេះជារៀងរាល់ឆ្នាំ។ Gold Coast ត្រូវបានគេទទួលស្គាល់ថាជាទីក្រុងមួយដែលសម្បូរទៅដោយឆ្នេរដ៏ស្រស់ស្អាតជាច្រើនស្ទើរចាំមិនអស់។

    ប្រសិនបើអ្នកអញ្ជើញទៅកម្សាន្តនៅទីក្រុង Gold Coast អ្នកនឹងទទួលបាននូវទិដ្ឋភាពថ្មីសន្លាង ស្រលះភ្នែក ស្រស់ស្រាយក្នុងអារម្មណ៍ ដោយសារតែទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រពណ៌ខៀវស្រងាត់ដាច់កន្ទុយភ្នែក និងឆ្នេរខ្សាច់ពណ៌មាសដ៏ស្រស់ស្អាតខ្នាតអន្តរជាតិ។

    នៅក្នុងទីក្រុងជាប់ឆ្នេរសមុទ្រនេះ អ្នកក៏អាចទៅកម្សាន្តនៅកន្លែងដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនកន្លែងទៀតដូចជាៈ កោះ Stradbroke ខាងត្បូង, កំពង់ផែ The Spit, ឆ្នេរខ្សាច់ Main, ឆ្នេរស្ថានសួគ៌ Surfers, ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត Broad beach, ឆ្នេរ Mermaid, ឆ្នេរ Nobby, ឆ្នេរ Miami, ឆ្នេរ Burleigh, ឧទ្យានជាតិ Burleigh Heads, ឆ្នេរ Tallebudgera, ឆ្នេរ Palm, ឆ្នេរ Currumbin, សាល Tugun, ឆ្នេរ Billnga, ឆ្នេរ Kirra, ទីក្រុងឆ្នេរ Coolangatta, ឆ្នេរ Greenmount, ឆ្នេរ ្Rainbow Bay, តំបន់ថ្មដុះ Snapper Rocks និងឆ្នេរ Froggies ជាដើម។ នៅទីក្រុង Gold Coast ក៏មានឆ្នេរមួយឈ្មោះថា Duranbah ជាឆ្នេរខ្សាច់ដ៏ល្បីល្បាញ ដែលភ្ញៀវទេសចរភាគច្រើនតែងនិយមទៅសម្រាកកាយ និងកម្សាន្តជាមួយ នឹងការជិះទូកក្តោងលេងយ៉ាងសប្បាយរីករាយ ដោយសារនៅទីនោះទាំងទីកន្លែងទាំងផ្ទៃទឹក និងទាំងអាកាសធាតុគឺមានអំណោយផលដល់ការជិះទូកក្តោងលេងជាខ្លាំង។

    មិនថាការកម្សាន្តបែបណានោះទេ នៅក្នុងទីក្រុងជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះ ពិតជាអាចផ្តល់ឱ្យអ្នកនូវអារម្មណ៍ដ៏ស្រស់ថ្លា និងសប្បាយ រីករាយគ្រប់ពេលវេលា ជាមួយនឹងទីកន្លែងកម្សាន្តដ៏សម្បូរបែប និងកន្លែងសម្រាកកាយដ៏ស្រស់សោភាដូចអ្នកបានទៅដល់ស្ថានសួគ៌ាដ៏ស្រសស្អាតលើសពីការពិពណ៌នាទៅទៀត។ នៅទីនោះអ្នកក៏អាចជ្រើសរើសរបៀបនៃការកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកថែមទៀតផង។ អ្នកក៏អាចទៅទស្សនាការសម្តែងបែបប្រពៃណីរបស់ជនជាតិដើមនៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាត នៅពេលរាត្រីដ៏សែនមនោរម្យជាមួយគូស្នេហ៍របស់អ្នក ឬជាមួយក្រុមគ្រួសារប្រកបដោយភាពរ៉ូមែនទិកក្រៃលែង ហើយអ្នកអាចដើរលេងតាមឆ្នេរខ្សាច់នាពេលថ្ងៃរៀបលិច ឬថ្ងៃរៀបរះ, ញ៉ាំអាហារប្លែកៗនៅលើកោះ និងអាហារនៅក្នុងតំបន់នីមួយៗនៅក្នុងទីក្រុង Gold Coast, ដើរមើលពីជីវិត និងការរស់នៅរបស់សត្វព្រៃ, ស្ប៉ាខ្លួនបែបធម្មជាតិ ដើម្បីថែរក្សាសម្រស់ និងជួយអ្នកបន្ធូរអារម្មណ៍ពីការនឿយហត់ផ្សេងៗ, ជួលម៉ូតូ ឬរថយន្តជិះលេងជុំវិញទីក្រុង និងការចូលលេងកម្សាន្តជាមួយល្បែងប្លែកៗរបស់ប្រជាជននៅក្នុងតំបន់-ល-។

    ការទៅកម្សាន្តនៅក្នុងទីក្រុង Gold Coast ប្រទេសអូស្ត្រាលីគឺពិតជាមិនធ្វើឱ្យអ្នកខកបំណងនោះទេ ដោយសារតែភាពល្អឥតខ្ចោះនៃទេសភាព និងទីកន្លែងកម្សាន្តបែបធម្មជាតិដ៏សម្បូរបែប ផ្តល់នូវជម្រើសជាច្រើនទៅដល់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ដែលទៅកម្សាន្តនៅលើទីដីជាប់ឆ្នេរសមុទ្រដ៏ល្បីល្បាញមួយនេះ៕