(ហុងគ្រី) – គ្រូបង្វឹក Jose Mourinho ស្ដីបន្ទោសអាជ្ញាកណ្ដាល Anthony Taylor យ៉ាងចាស់ដៃ ពេលជួបគ្នានៅចំណតឡាន ក្រោយពីការប្រកួតបាល់ទាត់រវាងក្រុម Roma របស់អ៊ីតាលី និងក្រុម Sevilla របស់អែស្ប៉ាញក្នុងវគ្គផ្ដាច់ព្រ័ត្រនៅពានរង្វាន់ Europa League។
«អ…ចង្រៃ អ…ថោកទាប» លោក Mourinho និយាយជាភាសាអង់គ្លេស ជេរទៅលើអាជ្ញាកណ្ដាល Taylor ដូច្នេះ។ បន្ទាប់មក គ្រូបង្វឹកក្រុម Roma របស់អ៊ីតាលីរូបនេះក៏ជេរបន្តជាភាសាអ៊ីតាលីថា «អ…ងា.ប់»។ ជាងនេះ មុនពេលឡើងឡានរបស់ក្រុម Roma លោក Mourinho ក៏បន្តថា «សូមអបអរ អ…ថោក»។
មុននោះ លោក Mourinho និងក្រុមកីឡាកររបស់ក្លឹប Roma យល់ថា អាជ្ញាកណ្ដាល Taylor លំអៀងទៅរក Sevilla។ ពួកគេចោទថា អាជ្ញាកណ្ដាលជនជាតិអង់គ្លេស មិនពិន័យកាតលឿងទីពីរចំពោះ Erik Lamela ពេលមានករណីប៉ះទង្គិចគ្នានៅចុងម៉ោង។ ក្រោយមក Lamela ក៏ចូលរួមទាត់មួយគ្រាប់នៅក្នុងការប្រកួតទាត់ប៉េណាំងទីម្ដងម្នាក់ឱ្យ Sevilla។ ខាងក្រុម Roma ក៏ក្ដៅចិត្តខ្លាំងនៅពេលអាជ្ញាកណ្ដាលមិនផ្លុំកញ្ចែពិន័យប៉េណាំងទី បន្ទាប់ពីដៃរបស់ Fernando ប៉ះបាល់ក្នុងតំបន់គ្រោះថ្នាក់ផងដែរ។
អាជ្ញាកណ្ដាល Taylor បានពិន័យកាតលឿងចំនួន 14 ដែលនេះគឺជាកំណត់ត្រាថ្មីក្នុងការប្រកួតផ្ដាច់ព្រ័ត្រមួយប្រកួតនៅទ្វីបអឺរ៉ុប។
នេះមិនមែនជាលើកដំបូងឡើយដែលលោក Mourinho បានទៅរកអាជ្ញាកណ្ដាលដើម្បីស្ដីបន្ទោស បន្ទាប់ពីការប្រកួត។ កាលពីឆ្នាំ 2012 ក្រោយការប្រកួតចាញ់ Barca នៅពានរង្វាន់ Copa del Rey របស់អេស្ប៉ាញ គ្រូបង្វឹករូបនេះក៏ត្រូវរងការចោទប្រកាន់ដូចគ្នានេះដែរ។
ការប្រកួតបាល់ទាត់រវាងក្រុម Roma របស់អ៊ីតាលី និងក្រុម Sevilla របស់អែស្ប៉ាញក្នុងវគ្គផ្ដាច់ព្រ័ត្រនៅពានរង្វាន់ Europa League ដែលធ្វើឡើងនៅទីលាន Puskas Arena របស់ប្រទេសហុងគ្រី កាលពីព្រលប់ថ្ងៃទី 31 ឧសភា 2023 ក្រុមទាំងពីរទទួលបានលទ្ធផល 1-1 ក្នុង 120 នាទីដំបូង។ ប៉ុន្តែ Roma បានចាញ់ Sevilla 1-4 ក្នុងការទាត់ប៉េណាំងទីម្ដងម្នាក់។ លទ្ធផលនេះជួយឱ្យ Sevilla លើកពានជើងឯកនៅ Europa League។
អតីតកីឡាករឆ្នើម Piyapong Pew On ធ្វើឱ្យមានការចាប់អារម្មណ៍បន្ទាប់ពីបានប្រកាសឈរឈ្មោះជាបេក្ខភាពសម្រាប់តំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសថៃ។
ចែករំលែកអំពីការសម្រេចចិត្តខាងលើ លោក Piyapong Pew On បានបង្កការចាប់អារម្មណ៍ខ្លាំងនៅពេលប្រកាសថា នឹងលាលែងពីតំណែង បើសិនមិនអាចជួយឱ្យបាល់ទាត់ថៃបានចូលរួមប្រកួតនៅ World Cup។
«… ខ្ញុំបានត្រៀមខ្លួនរួចហើយសម្រាប់ការកាន់តំណែងប្រធាន FAT។ បើសិនសមាជិក សមាជិកាគាំទ្រ ខ្ញុំសន្យាចំពោះគ្រប់គ្នាថា នឹងបំពេញកាតព្វកិច្ចក្នុងរង្វង់បួនឆ្នាំ។ បើសិនក្រុមជម្រើសជាតិថៃមិនបានចូលរួម World Cup ខ្ញុំនឹងលាលែងពីតំណែង ហើយធ្វើកិច្ចការក្នុងវិស័យបាល់ទាត់ជាមួយនឹងតួនាទីផ្សេង» អតីតកីឡាករឆ្នើមរបស់ប្រទេសថៃ លោក Piyapong Pew On អះអាងដូច្នេះ។