Tag: ខេត

  • កម្ពុជា​ ចំណាយ 100 លានដុល្លារ ដើម្បី​ទម្លាក់​ថ្លៃ​អគ្គិសនី

    កម្ពុជា​ ចំណាយ 100 លានដុល្លារ ដើម្បី​ទម្លាក់​ថ្លៃ​អគ្គិសនី

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា ដើម្បីជួយ​សម្រួល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ទាក់​ទង​នឹង​ភ្លើង​អគ្គិសនី ក៏ដូច​ជាជួយរក្សាលំនឹង និងស្ថិរភាពអភិវឌ្ឍន៍សេដ្ឋកិច្ច «រដ្ឋសុខចិត្ត​ខាត» នៅ​ក្នុង​ការ​លក់​អគ្គិសនី​។

    ការ​ថ្លែង​របស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត នេះ ធ្វើ​ឡើងកាលពីថ្ងៃទី 30 ខែ វិច្ឆិកា ឆ្នាំ 2023 ​នៅក្នុងពិធីបិទ​ស្ទឹង​សាង​សង់ទំនប់វារីអគ្គិសនីតាតៃលើ ដែល​មាន​អានុភាព​ 150 មេហ្គាវ៉ាត់ នៅក្នុងខេត្តកោះកុង។

    យោង​តាម​ប្រសាសន៍​របស់ប្រមុខ​រាជរដ្ឋាភិបាល​ នៅក្នុងឆ្នាំ 2023 កម្ពុជា​គ្រោងចំណាយថវិកា 100 លានដុល្លារអាម៉េរិក​ សម្រាប់ការ​ឧបត្ថម្ភធន និង​ទម្លាក់ថ្លៃអគ្គិសនី​ ដោយរដ្ឋសុខចិត្តខាត។

    ទាក់​ទិន​នឹង​វិស័យ​អគ្គិសនី រាជរដ្ឋាភិបាល​បច្ចុប្បន្ន បាន​កំណត់​គោលនយោបាយ​សំខាន់​ៗ​មួយ​ចំនួន រួម​មាន បន្ត​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី បន្ត​ធ្វើ​ទំនើប​កម្ម​លើ​ការ​ផ្ដល់​សេវាកម្ម​អគ្គិសនី និង​ពិនិត្យ​លទ្ធភាពក្នុង​ការ​​ទម្លាក់​ថ្លៃ​អគ្កិសនី​ឱ្យ​កាន់​តែ​ទាប​ជាងមុន​៕

  • រោង​ចក្រ​ថ្មី​ចំនួន​ប្រាំ មាន​ទុន​សរុប​ជាង 35 លាន​ដុល្លារ គ្រោង​នឹង​​បង្កើត​ឡើង​នា​ពេល​ខាងមុខ

    រោង​ចក្រ​ថ្មី​ចំនួន​ប្រាំ មាន​ទុន​សរុប​ជាង 35 លាន​ដុល្លារ គ្រោង​នឹង​​បង្កើត​ឡើង​នា​ពេល​ខាងមុខ

    យោង​តាម គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបាន​ប្រកាស​កាល​ពីថ្ងៃទី 30 វិច្ឆិកា 2023​ ក្រុមហ៊ុនចំនួនប្រាំទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​សាងសង់រោងចក្រថ្មីចំនួនប្រាំ ជាមួយ​នឹង​ទុន​វិនិយោគ 35.3 លានដុល្លារ នៅ​ខេត្តតាកែវ កំពង់ស្ពឺ កណ្តាល និងភ្នំពេញ។

    ក្រុម​ហ៊ុន​ទាំង​នេះ​រួម​មាន​៖

    ក្រុម​ហ៊ុន XIN ANG SHOES (CAMBODIA) MANUFACTURING CO., LTD ៖ គម្រោងបង្កើត រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ប្រមាណ 13.3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 4,370 កន្លែង។

    ក្រុម​ហ៊ុន NEW HUICHEN (CAMBODIA) TEXTILE CO., LTD ៖ គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ 499 ផ្លូវលេខ126 ភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ 5.8 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,896 កន្លែង។

    ក្រុម​ហ៊ុន SIN-TIANCHENG WADDING (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិត គ្រឿងបន្សំសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទទឹង ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 5.6 លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន 238 កន្លែង។

    ក្រុម​ហ៊ុន XING KUN DA LEATHER INDUSTRIAL CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិត កាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ 5.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន 1,790 កន្លែង។

    ក្រុម​ហ៊ុន GOLDEN VESSEL (CAMBODIA) ELECTRONIC AND LIGHTING CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ គីឡូម៉ែត្រលេខ69 ផ្លូវជាតិលេខ2 ភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ 5.4 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 467 កន្លែង។

    ជា​សរុប បណ្ដា​គម្រោង​ដែល​មាន​​សរុប​ 35.3 លានដុល្លារ​​អាម៉េរិក​នេះ អាច​បង្កើត​ការ​ងារ​បានជាង​ 8,700 កន្លែង​៕

  • កម្ពុជា​ ប្រកាស​បញ្ឈប់​ការ​សាងសង់​រោង​ចក្រ​ផលិត​អគ្គិសនី​ប្រើ​​ធ្យូង​ថ្ម

    កម្ពុជា​ ប្រកាស​បញ្ឈប់​ការ​សាងសង់​រោង​ចក្រ​ផលិត​អគ្គិសនី​ប្រើ​​ធ្យូង​ថ្ម

    រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​បញ្ឈប់​ការ​សាងសង់​រោង​ចក្រ​ផលិត​អគ្គិសនី​ដែល​ប្រើ​ប្រាស់​​ថាមពលពី​​ធ្យូង​ថ្ម និង​ពិនិត្យ​លទ្ធភាព​បិទ​ទ្វារ​បណ្ដា​រោង​ចក្រ​ប្រភេទ​នេះ​នៅ​មុន​កាល​កំណត់​។

    ប្រកាស​ខាងលើ​ត្រូវ​បាន​សម្ដេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ លើក​ឡើង​នៅ​ក្នុង​ពិធីបិទ​ទ្វារ​ទំនប់​សាង​សង់​វារី​អគ្គិសនី​ស្ទឹងតាតៃលើ ក្នុង​ខេត្ត​កោះកុង​ កាល​ពី​ថ្ងៃទី 30 វិច្ឆិកា 2023​។

    យោង​តាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ការ​សម្រេច​ចិត្ត​នេះ ធ្វើ​ឡើង​ដើម្បី​ធានា​ចំពោះគោល​ដៅ​បន្សាប​កាបូន​ និង​គោល​ដៅ​ផ្គត់​ផ្គង់​ថាមពល​​ស្ថិរភាព​ ប្រសិទ្ធភាព និង​តម្លៃ​សម​រម្យ​។

    មុន​នោះ កាល​ពី​ថ្ងៃទី 02 វិច្ឆិកា 2023 រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ចិត្ត​ផ្អាក​គម្រោង​អភិវឌ្ឍ​រោង​ចក្រ​ផលិត​អគ្គិសនី​ប្រើប្រាស់​ធ្យូង​ថ្ម​កម្លាំង 700 មេហ្គាវ៉ាត់ (MW) នៅ​ក្នុង​ខេត្ត​កោះកុង​ និង​ប្ដូរ​ទៅ​ជា​កម្រោងអភិវឌ្ឍ​​ថាមពល​​ឧស្ម័ន​ធម្មជាតិ​រាវ (LNG)។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត

    បច្ចុប្បន្ន ក្រសួង​រ៉ែនិង​ថាមពល ក៏​កំពុង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​មេ ស្ដីពី​ការ​ប្រើ​ប្រាស់​ថាមពល​កកើត​ឡើង​វិញ និង​ជំរុញការ​ប្រើប្រាស់​យាន​យន្ត​អគ្គិសនី​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​ឥន្ធនៈ និង​ដើម្បី​ការ​ពារ​បរិស្ថាន​៕

  • តម្លៃ​មធ្យមភាគនៃ​ស្រូវ​សើម​ នៅ​តាម​បណ្ដា​ស្រុក​នៃ​ខេត្ត​មួយ​ចំនួន​

    តម្លៃ​មធ្យមភាគនៃ​ស្រូវ​សើម​ នៅ​តាម​បណ្ដា​ស្រុក​នៃ​ខេត្ត​មួយ​ចំនួន​

    តម្លៃ​មធ្យមភាគ​ស្រូវ​សើម​ នៅ​តាម​បណ្ដា​ស្រុក​នៃ​ខេត្ត​មួយ​ចំនួន​ ចាប់​ពី​ថ្ងៃទី 29 ខែ​វិច្ឆិកា 2023 នឹង​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​ចាប់​ពី 1,250 រៀល​/គីឡូក្រាម​។

    យោង​តាម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ចាប់​ពី​ថ្ងៃទី 29 ខែ​វិច្ឆិកា ឆ្នាំ 2023 ស្រូវ​សើម​នឹង​ត្រូវ​បាន​ទិញ​ក្នុង​តម្លៃ​មធ្យម​ ចាប់​ពី 1,250 ដល់ 1,375 រៀល​​/គីឡូក្រាម​ អាស្រ័យទៅ​​លើ​ប្រភេទ​ស្រូវ​។

    ស្រូវ​រំដួល/សុម៉ាលីសើមនៅ​ក្នុង​ស្រុក​បរសេដ្ឋ និង​ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ មាន​តម្លៃ​ខ្ពស់​ជាង​គេ​ ពោល​គឺ​ 1,375 រៀល​/គីឡូក្រាម​។ ចំណែក​ស្រូវ​រំដួល/សុម៉ាលីសើម​ដែល​មាន​តម្លៃ​ទាប​ជាង​គេ​ (1,250 រៀល​/គីឡូក្រាម​) គឺ​នៅ​ក្នុង​ស្រុក​សំរោង និង​ស្រុក​ចុង​កាល ខេត្ត​ឧត្ដរមាន​ជ័យ។

    ដោយ​ឡែក ស្រូវអូអឹម​សើម​វិញ ​មាន​តម្លៃ​ខ្ពស់​បំផុត​ត្រឹម​ 1,260 រៀល​ក្នុង​មួយ​គីឡូក្រាម​ ខណៈ​ស្រូវ​ស្រងែ​មាន​តម្លៃ​ 1,250 រៀល​/គីឡូក្រាម​៕

  • ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ នៅ​​វៀតណាម កើន​ 15 ភាគ​រយ

    ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ នៅ​​វៀតណាម កើន​ 15 ភាគ​រយ

    ក្នុង​រយៈ​ពេល 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 វៀតណាម​ទាក់​ទាញ​ទុន​វិនិយោគ​ផ្ទាល់​ពីបរទេស (FDI) ​បាន​ជិត 28.85 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើនជិត 15% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​ 2022​។ នេះ​បើ​តាម​ក្រសួង​សេដ្ឋកិច្ច​និង​វិនិយោគ​វៀតណាម​។

    ​សារព័ត៌មាន​វៀតណាម​បាន​ចេញ​ផ្សាយ​ថា គោលនយោបាយ​គាំពារ កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​រដ្ឋាភិបាល​ ក្រសួង និង​មូលដ្ឋាន ត្រូវ​បាន​គេ​ជឿ​ថា​ បាន​ជួយឱ្យ​​សហគ្រាស​នានា​ទទួល​បាន​ស្ថិរភាព​ក្នុង​ការ​ផលិត និងការ​​ធ្វើ​អាជីវកម្ម​ នាំ​ឱ្យ​ទុន FDI មាន​ការ​កើន​ឡើង​។

    ដៃគូសហការ​លំដាប់​កំពូលៗ​របស់​វៀតណាម នៅ​តែ​ជា សិង្ហបុរី ហុងកុង និង​កូរ៉េខាងត្បូង​។ បើ​ទោះ​ជា​ការ​នាំ​ចេញ នាំចូល​ដែល​បាន​ពី​គម្រោង​ FDI មាន​ការ​ថយ​ចុះ ប៉ុន្តែ​​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​តែ​រួម​ចំណែក​ធំធេង​នៅ​ក្នុង​ចំណូលសរុប​​ទូទាំង​ប្រទេស​។

    គិត​ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​ថ្ងៃទី 20 វិច្ឆិកា 2023 វៀតណាម​ទាក់​ទាញ​ទុន​វិនិយោគ​ផ្ទាល់​ពីបរទេស (FDI) ថ្មី​​បាន​ជិត 28.85 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន 14.8​% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​ 2022​ និង​កើន​ 0.1% បើ​ធៀប​នឹង​ខែ​តុលា 2023​។

    បច្ចុប្បន្ន FDI នៅ​វៀតណាម នៅ​មាន​​គម្រោង​ចំនួន 38,844 ទៀត​ដែល​នៅ​មាន​សុពលភាព​ និង​មាន​តម្លៃ​សរុប​ជិត 462.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ​ឧស្សាហកម្ម​កែច្នៃ និង​ផលិតកម្ម នៅ​តែ​ជា​វិស័យ​​ដែល​ទទួល​បាន​ទុន​វិនិយោគ​ច្រើន​ជាង​គេ​។ ទីក្រុង​ហូជីមិញ ខេត្ត​ប៊ិញយឿង និង​រដ្ឋធានី​ហាណូយ នៅ​តែ​ជា​តំបន់​ដែល​ទាក់​ទាញ​បាន​ទុន FDI ច្រើន​ជាង​គេ​ ខណៈ​ខេត្ត​ក្វាងនិញ និង​បាក់និញ​ ក៏​​ជា​តំបន់​ដែល​កំពុង​លេខ​ធ្លោ​ផងដែរ​៕

  • ចិន​កំពុង​ដំណើរ​ការ​សាកល្បង​ស្ថានីយអគ្គិសនី​ព្រះ​អាទិត្យ​អវកាស

    ចិន​កំពុង​ដំណើរ​ការ​សាកល្បង​ស្ថានីយអគ្គិសនី​ព្រះ​អាទិត្យ​អវកាស

    (ប្រទេស​ចិន) – គំរូ​ដំបូង​របស់ SSPS ដែល​ជា​ប្រព័ន្ធ​ទាញ​យក​ និង​ប្រើប្រាស់​អគ្គិសនី​ពីព្រះ​អាទិត្យនៅ​ទី​អវកាស​ ដើម្បី​បាញ់​បញ្ជូន​មក​កាន់​ផែនដី និង​បញ្ចូល​ថាមពលឱ្យ​​ផ្កាយ​រណប ត្រូវបាន​ស្ថាបនា​រួច​រាល់ និង​កំពុង​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​។

    ប្រទេស​ចិន​កំពុង​តែ​អភិវឌ្ឍ​ស្ថានីយ​អគ្គិសនី​ព្រះអាទិត្យ​អវកាស (SSPS – Space Solar Power System) ដែល​មាន​សមត្ថភាព​បាញ់បញ្ជូន​អគ្គិសនី​ចុះ​មក​កាន់​ផែនដី និង​បញ្ចូល​អគ្គិសនី​ឱ្យ​ផ្កាយរណប​នៅ​លើ​គន្លង​តារា​វិថី​ផែនដី​។ ស្ថានីយ​គំរូរបស់ SSPS ត្រូវ​បាន​ស្ថាបនា​រួច​រាល់ និង​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​នៅ​ទីក្រុងស៊ីអាន (Xi An) នៃ​ខេត្តសានស៊ី (Shaanxi)។

    គម្រោង​អភិវឌ្ឍ​ SSPS ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា Zhu Ri ដែល​មាន​ន័យ​ថា «ដេញតាម​ព្រះ​អាទិត្យ»​ ចាប់​ផ្ដើម​ដំណើរ​ការ​តាំង​ពី​ 6 ឆ្នាំ​មុន​។ ស្ថានីយ​គំរូ​ដំបូង​នេះ​រួម​មាន គ្រោង​ដែក​កម្ពស់ 75 ម៉ែត្រ និង​មាន​ចាន​ដែក​បំពាក់​ផ្ទាំ​សូឡា​ដ៏ធំ​មួយ​នៅ​ខាងលើ​ ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ធ្វើ​តេស្ត​ប្រព័ន្ធ​ផលិត​អគ្គិសនី​ពេញ​លេញ​មួយ​នៅ​ទីអវកាស​ និង​បាញ់​បញ្ជូន​មក​កាន់​ផែនដី​ ដើម្បី​បំប្លែង​ និងផ្គត់ផ្គង់តាម​​តម្រូវ​ការ​។

    SSPS នឹង​បញ្ជាក់​អំពី​លទ្ធភាព និង​សក្ដានុពល​​នៃ​ដំណើរ​ការ​ទាំង​ស្រុង តាំង​ពី​ការ​បំប្លែង​ពន្លឺ​ឱ្យ​​ទៅ​ជា​អគ្គិសនី ការ​បំប្លែង​អគ្គិសនី​ឱ្យ​ទៅ​ជា​​រលកកម្ដៅ​មីក្រូវ៉េវ ការ​បាញ់​បញ្ជូន​រលក​មីក្រូវ៉េវ និងការ​​បំប្លែង​រលកកម្ដៅ​មីក្រូវ៉េវ​​ឱ្យ​ទៅ​ជា​អគ្គិសនី​ចរន្ត​ជាប់​។ នេះ​គឺជា​ប្រព័ន្ធ​ដំបូង​ដែល​ស្ថិត​ក្នុង​ប្រភេទ​នេះ​នៅ​លើ​ពិភពលោក​ ដែល​បាន​ឆ្លង​កាត់​ការ​សាកល្បង​បែប​នេះ​។

    «យើង​សម្រេច​បាន​ការ​សាកល្បង​គំរូ​ដំបូង​នៅ​លើ​ផែនដី» លោក Duan Baoyan ប្រធាន​គម្រោង​ Zhu Ri ​មក​ពី​បណ្ឌិត្យ​សភា​បច្ចេក​ទេស​ចិន​ ឱ្យ​ដឹង​ដូច្នេះ។ លោក​ Baoyan បន្ត​ថា កាល​ពី​ថ្ងៃទី 05 មិថុនា 2022 ប្រព័ន្ធ​នេះ​បាន​ឆ្លង​ផុត​ការ​ត្រួត​ពិនិត្យ​របស់​ក្រុម​ប្រឹក្សា​ជំនាញ​មួយរួច​ទៅ​ហើយ​៕

  • ស្ពាន​ឆ្លង​សមុទ្រ​ដែល​មាន​គម្លាត​សសរវែង​ជាង​គេ​បំផុត​នៅ​ប្រទេស​ចិន​

    ស្ពាន​ឆ្លង​សមុទ្រ​ដែល​មាន​គម្លាត​សសរវែង​ជាង​គេ​បំផុត​នៅ​ប្រទេស​ចិន​

    ប្រទេស​ចិន​បាន​បោះមួយ​ជំហាន​ធំ​ក្នុង​ការ​សាងសង់​ Shuangyumen ដែលជា​ស្ពាន​មាន​គម្លាត​រវាង​សសរ​ចម្បង​វែង​រហូត​ដល់ 18.78 គីឡូម៉ែត្រ​ តភ្ជាប់​កោះ​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​ Zhejiang។

    បច្ចុប្បន្ន ស្ពាន Shuangyumen ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​បង្គោល​ចម្បង​នៅ​លើ​សមុទ្រ​។ ស្ពាន​នេះ​តភ្ជាប់​ពី​កោះ Liuheng និងកោះ Fodu របស់​ទីក្រុង​ Chu San នៃ​ខេត្ត Zhejiang ភាគខាង​កើត​ប្រទេស​ចិន​។

    សំណង់​នេះ​មាន​គម្លាត​រវាង​សសរ​ចម្បង​រហូត​ដល់ 18.78 គីឡូម៉ែត្រ ហើយ​​គ្រោង​នឹង​ស្ថាបនា​រួច​រាល់​នៅ​ឆ្នាំ 2027​ ខណៈ​ដែល​គ្រឹះ​ត្រូវ​បាន​សាងសង់រួច​រាល់​កាល​ពី​ថ្ងៃទី 19 វិច្ឆិកា 2023​។

    ក្រោយ​ពី​ត្រូវ​បាន​ស្ថាបនា​រួច​រាល់​ជា​ស្ថាពរ និង​​ដាក់​ឱ្យ​ប្រើ​ប្រាស់ ស្ពាន​នេះ​នឹង​ជួយ​បង្កើន​ការ​តភ្ជាប់​ទៅ​ខាង​ក្រៅ​របស់​បណ្ដា​កោះនៅ​ Chu San។

  • ក្រុម​ហ៊ុន​កៅស៊ូវៀតណាម​នៅ​កម្ពុជា​ ស្ថិត​ក្នុង​ដំណាក់​កាល​​ចំណេញ​ពី​កៅស៊ូ​ជិត​ 90,000 ហិកតា

    ក្រុម​ហ៊ុន​កៅស៊ូវៀតណាម​នៅ​កម្ពុជា​ ស្ថិត​ក្នុង​ដំណាក់​កាល​​ចំណេញ​ពី​កៅស៊ូ​ជិត​ 90,000 ហិកតា

    ក្រុមហ៊ុន​ឧស្សាហកម្មកៅស៊ូវៀតណាម VRG​ បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន 16 ដែល​​អនុវត្ត​​គម្រោង​កៅស៊ូ​លើ​ផ្ទៃ​ដី​ជិត 90,000 ហិកតា​នៅ​កម្ពុជា​ ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ប្រមូល​ផល​ និង​មាន​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​។

     

    ក្រុមហ៊ុន​ឧស្សាហកម្មកៅស៊ូវៀតណាម VRG (Vietnam Rubber Group) បាន និង​កំពុង​​វិនិយោគ​លើ​គម្រោង​ដាំដើម​កៅស៊ូ​ក្នុង​ខេត្ត​ចំនួន​ 7 នៅ​កម្ពុជា​ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​តំបន់​ដាច់​ស្រយាល​ តំបន់​ព្រំ​ដែន​ជាប់​នឹង​ប្រទេស​វៀតណាម​។ នេះបើ​តាម​សារព័ត៌មាន​វៀតណាម NLD ចុះ​ផ្សាយ​នា​ថ្ងៃទី 15 វិច្ឆិកា 2023។

     

    លោក ឡេ វ៉ាន់ឡាំ អគ្គនាយក​ក្រុម​ហ៊ុន​កៅស៊ូដុងណៃ​ – ក្រចេះ ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​ឧស្សាហកម្មកៅស៊ូវៀតណាម VRG ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ 2021​ ក្រុម​ហ៊ុន​នេះរក​បាន​ប្រាក់​ចំណេញប្រចាំ​ឆ្នាំ​ 8.18 ពាន់​លាន​ដុង (336,000 ដុល្លារ​អាម៉េរិក) ខណៈ​ដែល​គម្រោង​នេះ​នៅ​ខាត​ 25.8 ពាន់​លាន​ដុង​ ព្រោះ​នេះ​ជា​គម្រោង​យូរ​អង្វែង​។ លោក វ៉ាន់ឡាំ​ បន្ត​ថា ក្នុង​ឆ្នាំ 2022 ក្រុមហ៊ុន​ដែល​​លោក​​គ្រប់​គ្រង​ រក​បាន​ប្រាក់​ចំណេញ 18.9 ពាន់​លាន​ដុង (778,000 ដុល្លារ​អាម៉េរិក​)

     

    បើ​សិនជា​​ការ​រីក​ចម្រើន​បន្ត​រលូន​ដូច​ឆ្នាំ 2022 គម្រោង​វិនិយោគ​នេះ​នឹង​អាច​ស្រង់​ដើម​ទុន​គ្រប់​ចំនួន​នៅ​ក្នុង​ឆ្នាំ 2026​ និង​ចាប់​ផ្ដើម​ការ​វិនិយោគ​សម្រាប់​វដ្ត​ថ្មី​ចាប់​ពី​ឆ្នាំ 2028​។​ យោង​តាម​លោក វ៉ាន់​ឡាំ ពេល​នោះ ក្រុម​ហ៊ុន​នឹង​មាន​ប្រភព​ចំណូល​បន្ថែម​ពី​ឈើ​កៅស៊ូ ដែល​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​​ប្រហែល 250 លាន​ដុង​/ហិកតា​ គ្រា​ដែលការ​​ដាំ​ឡើង​វិញ​គឺ​ចំណាយ​ប្រហែលតែ 65 លាន​ដុង​/ហិកតា»​។

     

    ចំណែក​ក្រុមហ៊ុន​កៅស៊ូដុងហ្វូ – ក្រចេះ​ វិញ មាន​រោង​ចក្រ​កែច្នៃ​ដ៏​ធំ ដែល​អាច​កែច្នៃ​ជ័រ​កៅស៊ូ​បាន​ពី​12,000 ដល់ 13,000 តោន​/ឆ្នាំ​។ ឆ្នាំ 2021 ក្រុម​ហ៊ុន​នេះ​រក​ប្រាក់​ចំណេញ​បាន​ 69.3 ពាន់​លាន​ដុង​ ខណៈ​ឆ្នាំ 2022 ចំណេញ​ 53.26 ពាន់​លាន​ដុង​។

     

    ទន្ទឹម​នឹង​នេះ​ Vketi ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​​ Locninh Rubber ដែល​ជា​សមាជិក​មួយ​របស់​ VRG ក៏​មាន​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​ ចាប់​ពី​ឆ្នាំ 2021 ក្នុង​នោះ​ ​ឆ្នាំ 2022 ចំណេញ​ជាង 5 ពាន់​លាន​ដុង​។

     

    ចំណែកសមាជិក​មួយ​ទៀត​របស់​ Vietnam Rubber Group គឺ​ក្រុម​ហ៊ុនកៅស៊ូ​ Dau Tieng ក្រចេះ និង​ Dau Tieng កម្ពុជា (នៅក្រចេះ) ក៏​សុទ្ធ​តែ​មាន​ប្រាក់​ចំណេញ​ក្នុង​ឆ្នាំ 2022។​ ក្នុង​នោះ ក្រុម​ហ៊ុនកៅស៊ូ​ Dau Tieng ក្រចេះ ចំណេញ​ 12 ពាន់​លាន​ដុង និង Dau Tieng កម្ពុជា ចំណេញ 6.7 ពាន់​លាន​ដុង​។ នេះ​បើ​តាម​លោក ទ្រិញ វ៉ាន់ហ្វាង អគ្គនាយក​របស់​​ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ​៕

  • ដឹកផាវជាង​ 200 គីឡូក្រាម​ពីកម្ពុជា​ទៅ​លក់​នៅ​វៀតណាម ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​

    ដឹកផាវជាង​ 200 គីឡូក្រាម​ពីកម្ពុជា​ទៅ​លក់​នៅ​វៀតណាម ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​

    បុរស​ម្នាក់​ដឹក​ផាវ​ 250 គីឡូក្រាម​ពី​តំបន់​ព្រំ​ដែន​កម្ពុជា​ ទៅ​កាន់​ខេត្ត​វុងតាវ (Vung Tau – ខេត្ត​អូរកាប់ ឬខេត្ត​​ព្រះសួគ៌ា) ដើម្បី​លក់​យក​ចំណេញ​ ប៉ុន្តែ​ក៏​ត្រូវ​អាជ្ញាធរ​វៀតណាមនៅ​​ក្នុង​ខេត្ត​ឡុង​អាន​ (Long An – កំពង់​គោ) ចាប់​បាន​។

    នៅ​​ថ្ងៃទី 11 វិច្ឆិកា សារព័ត៌មាន​វៀតណាម​បាន​ចុះ​ផ្សាយ​ថា ប៉ូស្តិ៍​ការ​ពារ​ព្រំ​ដែន​នៅ​ច្រក  ម៉ី គ្វី តៃ (My Quy Tay), ស្រុក ឌិកហ្វែ (Duc Hue), ខេត្ត​ឡុងអាន ទល់​មុខ​នឹង​ឃុំសំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង បាន​បញ្ជូន​ឈ្មោះ ង្វៀន យ្វី​ អាញ់ (Nguyen Duy Anh) អាយុ 34 ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​វុងតាវ រួម​នឹង​វត្ថុតាង ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ឌិកហ្វែ ខេត្តឡុងអាន​ ដើម្បី​ស៊ើប​អង្កេត​លើ​ករណី​ដឹក​ជញ្ជូន​ផាវ​ខុស​ច្បាប់​។

    មុននោះ កាល​ពី​ថ្ងៃទី 07 វិច្ឆិកា អាជ្ញាធរ​វៀតណាម​នៅ​ប៉ូស្តិ៍​ការ​ពារ​ព្រំ​ដែនឃុំ​ ម៉ី គ្វី តៃ ​បាន​រកឃើញ​ថា ឈ្មោះ​ ង្វៀន យ្វី អាញ់ ដែល​កំពុង​បើកបរ​រថយន្ត​ Ford Ranger លើ​ដង​ផ្លូវ​ក្នុង​ឃុំ​នេះ​ មាន​ចំណុច​គួរ​ឱ្យ​សង្ស័យ​ ក៏​ហៅ​ឱ្យ​ឈប់​ដើម្បី​ត្រួត​ពិនិត្យ​ និង​រក​ឃើញ​ផាវ​ដែល​ផលិត​នៅ​បរទេស​ចំនួន 18 ប្រអប់ ​ទម្ងន់​ 250 គីឡូក្រាម​។

    បន្ទាប់​ពី​បាន​សួរនាំ ជន​សង្ស័យ​ខាងលើ​ក៏​បាន​សារភាព​ថា ផាវ​ទាំង​នេះ​ត្រូវ​បាន​ទិញ​ពី​ឈ្មួញ​នៅ​ កម្ពុជា​។ ក្រោយ​មក​ យ្វី អាញ់ ក៏​ដឹក​ផាវ​ទាំង​នេះ​ចូល​ទឹក​ដី​វៀតណាម ទៅ​តាមផ្លូវ​លុំដោយ​ខុសច្បាប់​ ដើម្បី​យក​ទៅ​លក់​យក​ចំណេញ​នៅ​ឯ​ខេត្ត​វុង​តាវ តែ​​ក៏​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ឃាត់​ខ្លួន​៕

  • វិស័យ​ទេសចរណ៍​កម្ពុជា​ងើប​ឡើង​វិញ​ គ្រា​ដែល​ភ្ញៀវ​បរទេស​វិល​មក​ជា​បណ្ដើរ​ៗ

    វិស័យ​ទេសចរណ៍​កម្ពុជា​ងើប​ឡើង​វិញ​ គ្រា​ដែល​ភ្ញៀវ​បរទេស​វិល​មក​ជា​បណ្ដើរ​ៗ

    កម្ពុជា​រំពឹង​ខ្ពស់​ទៅ​លើ​កំណើន​ទេសចរ​អន្តរជាតិ​​នៅ​ក្នុង​រដូវ​បុណ្យនា​​ចុង​ឆ្នាំ​នេះ​ និង​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ​ដែល​មក​ទស្សនា​តំបន់​ទេសចរណ៍​ល្បីៗ​ ពិសេស​គឺ​អង្គរវត្ត​។

    លោក ហុង​ ប៉ូលីន ដែល​មាន​បទ​ពិសោធន៍​ជា​មគ្គុទេសក៍​​ទេសចរណ៍​ជាង​មួយ​ទសវត្សរ៍​ ហើយ​បច្ចុប្បន្ន​ជា​ម​គ្គុ​ទេស​ក៍​ទេសចរណ៍នៅ​តំបន់​អង្គរ​ បាន​សម្ដែង​ការ​សប្បាយ​រីក​រាយ​នៅ​ពេល​ឃើញ​ទេសចរ​បរទេស​ជា​ច្រើន​វិល​ត្រលប់​មក​វិញ។ យោង​តាម​ម​គ្គុ​ទេស​ក៍​ទេសចរណ៍​រូប​នេះ វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​តែ​បង្ហាញ​សញ្ញាវិជ្ជមាន​ច្រើន​ បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដោយ​សារ​កូវីដ-19។

    លោក ប៉ូលីន និយាយ​ថា «ក្រោយ​ពី​កូវីដ-19​ ត្រូវ​បាន​គ្រប់គ្រង ទេសចរ​ក៏​ចាប់​ផ្ដើម​វិល​ត្រលប់​មក​កាន់​អង្គរវត្ត​ក្នុង​ចំនួន​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​។ ពិសេស​គឺ​នៅ​ខែ​តុលា និង​ខែវិច្ឆិកា ខ្ញុំ​ឃើញ​ថា ចំនួន​ភ្ញៀវ​​បរទេស​ដែល​វិល​ត្រលប់មក​កម្ពុជា​ ពិត​ជា​ច្រើន​»។

    លោក ហុង ប៉ូលីន បច្ចុប្បន្នជាមគ្គុទេសក៍ទេសចរណ៍នៅតំបន់អង្គរ

    លោក ស៊ិន ច័ន្ទសិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា​ បាន​ឱ្យ​ដឹង​ថា ក្នុងសប្ដាហ៍​កន្លង​ ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ដល់ព្រលាន​យន្តហោះ​សៀម​រាប បាន​​កើនជាមធ្យម​ប្រហែល 2,700 នាក់​/ថ្ងៃ​។ ភាគ​ច្រើន​ពួក​គេ​មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ (75%) និង​អឺរ៉ុប (25%)។ តួលេខ​នេះ​បាន​បង្ហាញ​អំពី​ការ​ងើប​ឡើង​វិញ​យ៉ាង​ខ្លាំង​ក្លា​របស់វិស័យ​ទេសចរណ៍​របស់​កម្ពុជា​។

    ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2023 កម្ពុជា​ទាក់​ទាញ​ទេសចរ​បរទេស​បាន​ 3.92 លាន​នាក់​ កើន​ 211% បើធៀប​នឹង​ដំណាក់​កាល​ដូចគ្នា​ក្នុង​ឆ្នាំ 2022​។ ភ្ញៀវ​​ថៃឈរ​លំដាប់​លេខមួយ​​ក្នុង​ចំណោម​ភ្ញៀវ​បរទេស​ដែល​បាន​មក​ទស្សនា​កម្ពុជា​ ខណៈ​ដែល​វៀតណាម និង​ចិន​ឈរ​លំដាប់​លេខ​ពីរ​ និង​លេខ​បី​។

    អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា អះអាង​ថា ​ចាប់​ពីចុង​ខែ​តុលា​ឆ្នាំ 2023 ដល់​ខែ​មីនា​ឆ្នាំ 2024 ចំនួន​ជើង​ហោះហើរ​មក​កាន់​ព្រលាន​យន្តហោះ​សៀម​រាប​នឹង​កើន​ឡើង​ដល់ 40 ជើង​ជា​រៀង​រាល់​សប្ដាហ៍​ ខណៈ​ចំនួន​ក្រុម​ហ៊ុន​អាកាសចរណ៍​នឹង​កើន​​ពី​ 9 ឡើង​ដល់ 10 ក្រុម​ហ៊ុន​។ យោងតាម​លោក ស៊ិន ច័ន្ទសិរីវុត្ថា វិស័យ​ទេសចរណ៍​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចរាល់ និង​បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ត្រៀម​សម្រាប់​ការ​វិល​ត្រលប់​របស់​ភ្ញៀវ​អន្តរជាតិ​។

    កាល​ពី​ថ្ងៃទី 02 វិច្ឆិកា 2023 ក្រសួង​ទេសចរណ៍​កម្ពុជា ក៏​បាន​ចេញ​សេចក្តីជូនដំណឹងស្តីពី «កម្ពុជាជាគោលដៅទេសចរណ៍ឈានមុខគេលើពិភពលោក ផ្នែកទេសចរណ៍វប្បធម៌ និងដំណើរកម្សាន្តរបស់យុវជន ឆ្នាំ 2023»​ បន្ទាប់​ពី​មាន​កម្មវិធី​​បោះ​ឆ្នោត​ជ្រើស​រើស​​​តាម​អ៊ីនធើរណិត​ ដោយ​ក្រុម​អ្នក​ជំនាញ និងសាធារណជន​ពី​ជុំវិញ​ពិភពលោក​ ដែល​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន​ World Travel Awards នៅ​ចក្រភព​អង់គ្លេស។

    នៅ​ព្រឹក​ថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ 2023 កម្ពុជា​ក៏​បាន​ទទួល​ភ្ញៀវបរទេស​ចូលមកកម្សាន្តនៅខេត្តព្រះសីហនុ តាមនាវាទេសចរណ៍មួយ​គ្រឿង ឈ្មោះ VIKING ORION របស់ប្រទេសន័រវែស​ ដែល​ដឹក​មនុស្ស​សរុប​ 1,337 នាក់​ ផងដែរ​៕