Tag: ខេត

  • ថៃ​រកឃើញ​រ៉ែ​ដ៏មាន​តម្លៃ​សម្រាប់​ការ​ផលិត​រថយន្ត​អគ្គិសនី​

    ថៃ​រកឃើញ​រ៉ែ​ដ៏មាន​តម្លៃ​សម្រាប់​ការ​ផលិត​រថយន្ត​អគ្គិសនី​

    ប្រទេស​ថៃ​បាន​រកឃើញ​រ៉ែ​លីចូម (lithium) ជិត 15 លាន​តោន​ ដែល​អាច​រួម​ចំណែក​ជួយ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​អគ្គិសនី​នៅ​ក្នុង​តំបន់​។

    កាល​ពី​ថ្ងៃទី 19 មករា 2024 អ្នក​នាំ​ពាក្យ​រង​របស់​រាជរដ្ឋាភិបាល​ថៃ Rudklao Inttawong Suwankiri បានប្រាប់​សារព័ត៌មាន The Nation ​ថា អាជ្ញាធរ​ប្រទេស​នេះ​បាន​រកឃើញ​រ៉ែ​លីចូម​ប្រមាណ​ 14.8 លាន​តោន​ នៅ​ក្នុង​ខេត្ត​ Phang Nga​។

    «… នោះ​គឺជា​ដំណឹង​ល្អ​។ នេះ​ជា​ឱកាស​ដើម្បី​ឱ្យ​ថៃ​មាន​ម្ចាស់​ការ​ក្នុង​ការ​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​» លោក​ស្រី Rudklao ប្រាប់​ The Nation ដូច្នេះ​។

    ការ​រក​ឃើញ​នេះ​នាំ​ឱ្យ​ថៃ​ក្លាយ​ជា​ប្រទេស​ដែល​មាន​រ៉ែ​លីចូម​ច្រើន​ជាង​គេ​លំដាប់​ទី​បី​លើ​ពិភពលោក បន្ទាប់​ពី​បូលីវី និង​អាហ្សង់ទីន​។​ ក៏ប៉ុន្តែ មិន​ទាន់​ដឹង​ច្បាស់​ថា ថៃ​នឹង​អាច​​ទាញ​យក​រ៉ែ​លីចូម​បាន​ប៉ុន្មាន​លាន​តោន​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​នៅ​ឡើយ​៕

  • តំបន់រុនតាឯក ត្រូវ​បាន​កែ​ប្រែ​ជា «ទីក្រុងរុនតាឯកតេជោសែន» ជាផ្លូវការ

    តំបន់រុនតាឯក ត្រូវ​បាន​កែ​ប្រែ​ជា «ទីក្រុងរុនតាឯកតេជោសែន» ជាផ្លូវការ

    យោងតាមអនុក្រឹត្យលេខ 07 អនក្រ.បក ចុះថ្ងៃទី 11 មករា 2024 រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេចកែប្រែតំបន់​រុនតាឯក នៅ​ក្នុង​ខេត្ត​សៀមរាប​ ទៅជា «ទីក្រុងរុនតាឯកតេជោសែន» ជាផ្លូវការ។

    អនុក្រឹត្យ​ខាងលើ​បញ្ជាក់​ថា ក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ត្រូវបានបង្កើតឡើងដោយការ​កាត់​យក​ឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង ហើយ​មានសង្កាត់ចំនួនពីរ​ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក ខណៈ​ទីតាំងរដ្ឋបាលក៏​ស្ថិតនៅក្នុងសង្កាត់រុនតាឯក។

    កន្លង​មក តំបន់រុនតាឯក ត្រូវបានរាជរដ្ឋាភិបាល គ្រោងបង្កើត​ទៅជាទីក្រុងមួយ ដើម្បីឱ្យក្លាយជាតំបន់ដែលបង្កើតការងារនៅនឹងកន្លែង ព្រម​ទាំង​ផ្ដោតសំខាន់​ទៅ​​លើនិរន្តរភាព​នៃ​ការ​លើក​កម្ពស់​ជីវភាព​ប្រជា​ជន​ក្នុង​តំបន់​៕

  • គម្រោង​ព្រែក​ជីក​តម្លៃ 1.7 ពាន់​លាន​ដុល្លាររបស់​កម្ពុជា នឹង​បើកការដ្ឋាន​នៅ​ត្រីមាស​ចុង​ក្រោយក្នុង​ឆ្នាំ​នេះ

    គម្រោង​ព្រែក​ជីក​តម្លៃ 1.7 ពាន់​លាន​ដុល្លាររបស់​កម្ពុជា នឹង​បើកការដ្ឋាន​នៅ​ត្រីមាស​ចុង​ក្រោយក្នុង​ឆ្នាំ​នេះ

    (ភ្នំពេញ) ៖ «យើងនឹងមាន គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ដែលគ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងអំឡុងត្រីមាសទី 4 ឆ្នាំ 2024 ខាងមុខនេះ» ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យ​ដឹង​ដូច្នេះ​។

    ប្រសាសន៍​​ស្ដី​ពី​​ព្រែក​ជីក​ជា​ប្រវត្តិសាស្ត្រ​ដែលជា​គម្រោង​​ធ្លាប់ត្រូវ​បាន​វៀតណាម​សម្ដែង​ការ​ព្រួយ​បារម្ភ​នា​ពេល​កន្លង ត្រូវ​បាន​លើក​ឡើង​នាព្រឹក​​ថ្ងៃទី 17 មករា​ 2024 នេះ​ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​។

    យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក ព្រែក​ជីក​ហ្វូណន​តេជោ ដែល​នឹង​លាត​សន្ធឹង​លើ​ខេត្ត​ចំនួន​ 4 គឺ ខេត្ត​កណ្ដាល តាកែវ កំពត និង​ខេត្ត​កែប​ នេះ​ ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធលទ្ធផលរួចរាល់ និង​គ្រោងចំណាយទុនវិនិយោគ 1.7 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ព្រែក​ជីក​នេះ​ នឹង​​មានប្រវែង 180 គីឡូម៉ែត្រ លាត​សន្ធឹង​​ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ក្នុង​ស្រុកកោះធំ ហើយបញ្ចប់​នៅ​ត្រង់​ដៃសមុទ្រខេត្តកែប៕

  • ក្រុម​ហ៊ុន GWM ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ

    ក្រុម​ហ៊ុន GWM ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ

    GWM បាន​អភិវឌ្ឍ​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ និង​មាន​ផែនការ​ចាប់​ផ្ដើម​លក់​រថយន្ត​អគ្គិសនី​ដែលផលិត​នៅ​ក្នុង​ប្រទេស​នេះ​ ចាប់​ពី​ខែ​នេះ​តទៅ​។

    ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ Great Wall Motor (GWM) កំពុង​ពង្រីក​សកម្មភាព​ជំនួញផ្នែក​រថយន្ត​អគ្គិសនី​របស់​ខ្លួន​នៅ​អាស៊ី​អាគ្នេយ៍​ ដោយ​ការ​ចាប់​ផ្ដើម​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ​។ រោង​ចក្រ​ Rayong របស់​ GWM នៅ​ប្រទេស​ថៃ នឹង​ផលិត​រថយន្ត​អគ្គិសនី Ora Good Cat EV 8,000 គ្រឿង​ ដើម្បី​ចូល​រួម​ទទួល​ផល​ប្រយោជន៍​ពី​កញ្ចប់​ជំរុញ​ EV ដំណាក់​កាល​ទីពីរ​របស់​រាជរដ្ឋាភិបាល​ថៃ​។

    តម្លៃ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ នឹង​ទាប​ជាង​ 100,000 បាត បើ​ធៀប​នឹង​រថយន្ត​អគ្គិសនី​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​ ដែល​នេះ​នឹង​នាំ​មក​នូវ​​អត្ថប្រយោជន៍​ដល់​ការ​ប្រកួត​ប្រជែង​សម្រាប់​ GWM នៅ​លើ​ទីផ្សារ​។

    បណ្ដាញ​ផលិត​រថយន្ត​អគ្គិសនី GWM Ora Good Cat ថ្មី​នេះ ត្រូវ​បាន​សម្ពោធ​បើក​ដំណើរ​ការ​កាល​ពី​ថ្ងៃទី 12 មករា 2024 នៅ​ឯ​រោង​ចក្រ​ GWM ក្នុង​តំបន់​សេដ្ឋកិច្ច​ Eastern Seaboard នៅ​ខេត្ត​ Rayong

    GWM បាន​វិនិយោគ​ 22 ពាន់​លាន​បាត​ទៅ​ក្នុង​ទីតាំង​ផលិត​រថយន្ត​អគ្គិសនី និង​អភិវឌ្ឍ​ថាមពល​កកើត​ឡើង​វិញ​។ ក្រុម​ហ៊ុន​នេះ​បាន​ដាក់​គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន 80,000 គ្រឿង​ក្នុង​មួយ​ឆ្នាំ បូក​រួម​ទាំង​ Ora Good Cat ផងដែរ​។

    រាជរដ្ឋាភិបាល​ថៃ បាន​កំណត់​គោលដៅ​ជំរុញ​ទីផ្សារ​រថយន្ត​អគ្គិសនី​ឱ្យ​សម្រេច​បាន​ 30% នៃ​វិស័យ​ផលិត​រថយន្ត​ក្នុង​ស្រុក​នៅ​ឆ្នាំ 2030​។ គោលនយោបាយ​ដែល​គាំទ្រ​ដល់​គោលដៅ​នេះ​ កំពុង​តែ​ទាក់​ទាញ​ក្រុម​អ្នក​ផលិត​រថយន្ត​ចិន ក្នុង​នោះ ក្រៅ​ពី GWM នេះ ក៏​​នៅ​មាន​ SAIC Motor និង​ BYD ជា​ដើមផងដែរ​​៕

  • ក្រសួង​សាធារណការ ដាក់​ឱ្យ​ប្រើ​ប្រាស់​ចំណត​ផែ​រណប​ពហុ​បំណង​ចំនួន​បី​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ

    ក្រសួង​សាធារណការ ដាក់​ឱ្យ​ប្រើ​ប្រាស់​ចំណត​ផែ​រណប​ពហុ​បំណង​ចំនួន​បី​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ

    (ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី 12 មករា 2024 ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតផែរណបពហុបំណង TS11, UM2 និង LM26 របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក​ជំទាវ លោក​ លោក​ស្រីជា​​មន្ត្រី និងបុគ្គលិក កម្មករ​ និយោជិត​នៃ​កំពង់ផែ​​។

    យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចំណតផែរណបពហុបំណងទាំង 03 ទីតាំងខាង​លើ​នេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលនឹងបម្រើឱ្យប្រតិបត្តិការផ្ទេរ ផ្ទុកទំនិញ និងលើកដាក់កុងតឺន័រ។

    ក្រសួង​សាធារណការ បាន​ឱ្យ​ដឹង​ថា ចំណតផែរណបពហុបំណង TS11 មានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​មាន​ផ្ទៃ​ដី​ទំហំ​ 4 ហិកតា ខណៈ​ដែល​ចំណតផែរណបពហុបំណង UM2 មានទីតាំងស្ថិតនៅ ភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ មាន​ផ្ទៃ​ដី​ទំហំ​16.3 ហិកតា និង​ចំណតផែរណបពហុបំណង LM26 មានទីតាំងស្ថិតនៅ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង មានផ្ទៃដីទំហំ 18.6 ហិកតា។

    គោលបំណងនៃការបង្កើតចំណតផែរណបពហុបំណងទាំង​នេះ គឺ​ដើម្បីធ្វើ​ប្រតិបត្តិការផ្ទេរ-ផ្ទុក លើកដាក់ កុងតឺន័រ និងទំនិញរាយ មាន​ដូចជា គ្រឿងសំណង់ ដំឡូងមី ចំណីសត្វ កៅស៊ូ ស្រូវ ផលិតផលកសិផលផ្សេងទៀត។ល។

  • ក្រុម​ហ៊ុន​ចិន​ចំណាយ 1.64 លាន​ដុល្លារ​ ដើម្បី​ផ្ដល់​រង្វាន់​ចុង​ឆ្នាំ​​ដល់​កសិករ

    ក្រុម​ហ៊ុន​ចិន​ចំណាយ 1.64 លាន​ដុល្លារ​ ដើម្បី​ផ្ដល់​រង្វាន់​ចុង​ឆ្នាំ​​ដល់​កសិករ

    ក្រុម​ហ៊ុន​កសិកម្ម​មួយ​នៅ​ក្នុង​ខេត្ត​ជាំងស៊ី ​ប្រារព្ធ​កម្មវិធី​ផ្ដល់រង្វាន់​​ចុង​ឆ្នាំ​​ជា​ទឹក​ប្រាក់​សរុប 11.69 លាន​យុន (1.64 លាន​ដុល្លារ​អាម៉េរិក) ដល់​កសិករ​ បន្ទាប់​ពីបាន​​ធ្វើ​កសិកម្ម​ពេញ​មួយ​ឆ្នាំ​ដោយ​ជោគ​ជ័យ​។

    ស្ថាប័ន​ដែល​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​​ដល់​កសិករ​ខាងលើ​ គឺ​ក្រុម​ហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ថា ក្រុម​ហ៊ុនកសិកម្មបៃតង នៅ​ក្នុង​ខេត្ត​ជាំងស៊ី (Jiangxi) ភាគ​អាគ្នេយ៍​ប្រទេសចិន​។

    នេះ​គឺជា​ឆ្នាំ​ទី 13 ហើយ​ដែល​ក្រុម​ហ៊ុន​ខាងលើ​បាន​ផ្ដល់​ប្រាក់​រង្វាន់​ចុង​ឆ្នាំ​ដល់​កសិករ ​ដែល​ជាដៃគូ​សហការ​របស់​ក្រុម​ហ៊ុន​។ ក្នុង​រយៈ​ពេល 13 ឆ្នាំ​មកនេះ ក្រុម​ហ៊ុន​សកិកម្ម​បៃតង បាន​ផ្ដល់ប្រាក់​រង្វាន់​ដល់​កសិករ​សរុប​ចំនួន 7.6 លាន​ដុល្លារ​អាម៉េរិក​។

  • ឱកាស​ល្អ​សម្រាប់​អ្នក​ជំនួញ​ដែល​ចង់​ពង្រីក​​អាជីវកម្ម​នៅ​ខេត្ត​បាត់​ដំបង

    ឱកាស​ល្អ​សម្រាប់​អ្នក​ជំនួញ​ដែល​ចង់​ពង្រីក​​អាជីវកម្ម​នៅ​ខេត្ត​បាត់​ដំបង

    ចាប់​ពី​ថ្ងៃទី 14 ដល់ 16 កុម្ភៈ 2024 សភា​ពាណិជ្ជកម្ម​កម្ពុជា​ នឹង​រៀប​ចំ​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​ទៅ​កាន់​ខេត្ត​បាត់​ដំបង​ ដែល​នេះគឺ​ជា​ឱកាស​ល្អ​សម្រាប់​​អ្នក​ជំនួញ​​ទាំង​ឡាយ​ណា​ដែល​ចង់​ពង្រីក​​អាជីវកម្ម​ទៅ​កាន់​ខេត្ត​នេះ​។

    កាល​ពី​ថ្ងៃទី 03 មករា 2024 សភា​ពាណិជ្ជកម្ម​កម្ពុជា បានចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ជា​សាធារណៈ ទាក់​ទង​នឹង​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​ទៅ​កាន់​ខេត្ត​បាត់​ដំបង​ ក្នុង​បំណង​ស្វែង​យល់​ពី​សង្វាក់​ផលិតកម្ម​ចំណី​អាហារ សក្ដានុពល​សេដ្ឋកិច្ច កសិកម្ម ទំនាក់​ទំនង​ដៃ​គូ​ពាណិជ្ជកម្ម និង​ឱកាស​វិនិយោគ​នានា​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​។

    យោង​តាម​សេចក្ដី​ជូន​ដំណឹង​ ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​នេះ​​​​នឹង​ត្រូវ​​ធ្វើ​ឡើងរយៈ​ពេល​​ពីរ​យប់​ បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី 14 ដល់ 16 កុម្ភៈ 2024​​។ សភាពាណិជ្ជកម្ម​កម្ពុជា​ ក៏​បាន​បញ្ជាក់​ថា តម្លៃសំបុត្រ​សម្រាប់​ការ​ចូល​រួម​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​នេះ​គឺ 185 ដុល្លារ​/​ម្នាក់​។

  • ឡាវ​មាន​ផែនការ​អភិវឌ្ឍ​ព្រលាន​យន្តហោះ Nongkhang ឱ្យ​ទៅ​ជា​អាកាសយានដ្ឋាន​អន្តរជាតិ

    ឡាវ​មាន​ផែនការ​អភិវឌ្ឍ​ព្រលាន​យន្តហោះ Nongkhang ឱ្យ​ទៅ​ជា​អាកាសយានដ្ឋាន​អន្តរជាតិ

    ព្រលានយន្តហោះ Nongkhang នៅក្នុង​ខេត្ត Huaphan ត្រូវ​បាន​កំណត់​គោលដៅ​អភិវឌ្ឍ​ទៅ​ជា​អាកាសយានដ្ឋាន​អន្តរជាតិ​ ដើម្បី​ទាក់​ទាញ​ទេសចរ​បរទេស​ ក៏​ជា​គាំទ្រ​ដល់​ក្រុម​ហ៊ុន​ទាំង​ឡាយ​ដែល​ចង់​មក​វិនិយោគ​នៅ​ខេត្ត​នេះ​។

    អភិបាល​​ខេត្ត​ Huaphan លោក Khampheng Saysompheng ថ្មី​ៗ​នេះ​បាន​ចែករំលែក​អំពី​ការ​លើក​សំណើ​ស្ដី​ពី​ការ​កែប្រែ​ព្រលាន​យន្តហោះ Nongkhang នៅ​ក្នុង​កិច្ច​ប្រជុំ​ទូលាយ​របស់​រដ្ឋាភិបាល​​ ដែល​ធ្វើ​ឡើង​នៅ​រដ្ឋធានី​វៀងចន្ទន៍​កាល​ពី​ចុង​ឆ្នាំ​ 2023​។

    លោក Khampheng ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​យល់​ព្រម​ជាមួយ​នឹង​សំណើ​របស់​អាជ្ញាធរ​ខេត្ត​ Huaphan។ លោក​ជឿ​ជាក់​ថា ការ​ពង្រីក​ព្រលាន​យន្តហោះ​ដើម្បី​ឆ្លើយ​តប​នឹង​ជើង​ហោះ​ហើរ​អន្តរ​ជាតិ​ នឹង​នាំមក​នូវ​ផល​ប្រយោជន៍​ធំធេង​ដល់​សេដ្ឋកិច្ច​របស់​ខេត្ត​ ក៏​ដូច​ជា​សេដ្ឋកិច្ច​ជាតិ​។

    បច្ចុប្បន្ន ការ​អភិវឌ្ឍ​នៅ​ខេត្ត Huaphan នៅ​មាន​កម្រិត​ ដោយ​សារ​តែ​ការ​ធ្វើ​ចរាចរណ៍លើ​ផ្លូវ​គោក​មាន​ការ​លំបាក ខណៈ​ដែល​ព្រលាន​យន្ត​ហោះ​អាច​ទទួល​បាន​តែ​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​។

    ទន្ទឹម​នឹង​ការ​ពង្រីក​អាកាសយានដ្ឋាន​ អាជ្ញាធរ​ខេត្ត​ខាងលើ​ក៏​នឹង​បង្កើន​ការ​គាំទ្រ​ដល់​វិស័យ​ឯកជន​ដែល​មាន​បំណងរកស៊ី​ក្នុង​វិស័យ​​ហេដ្ឋារចនា​សម្ព័ន្ធ​ សំណង់​អគារ​នៅ​ក្នុង​ខេត្ត​នេះ​ផងដែរ​។

    អាកាសយានដ្ឋាន​ Nongkhang អាច​ទទួល​ភ្ញៀវ​បាន​ 100,000 នាក់​ជា​រៀង​រាល់​ឆ្នាំ​ ដែល​ភាគ​ច្រើន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ខ្នាត​តូច​ ATR72 និង MA-60 ដែល​មាន​ពី 70 ទៅ 100 កៅអី​។ បច្ចុប្បន្ន Lao Airlines និង Lao Skyway កំពុង​ផ្ដល់សេវា​កម្ម​ដឹក​ជញ្ជូនទៅ​មក​រវាង​អាកាសយានដ្ឋាន Vientiane និង Nongkhang​៕

  • គម្រោង​វិនិយោគ​ដែល​មាន​ទុន​សរុប​ជិត 4.9 ពាន់​លាន​ដុល្លារអាម៉េរិក​ ត្រូវ​បាន​កម្ពុជា​អនុម័ត​ក្នុង​ឆ្នាំ 2023

    គម្រោង​វិនិយោគ​ដែល​មាន​ទុន​សរុប​ជិត 4.9 ពាន់​លាន​ដុល្លារអាម៉េរិក​ ត្រូវ​បាន​កម្ពុជា​អនុម័ត​ក្នុង​ឆ្នាំ 2023

    ក្នុង​ឆ្នាំ​ 2023 ក្រុម​ប្រឹក្សា​អភិវឌន៍​កម្ពុជា (CDC) បាន​អនុម័ត​គម្រោងវិនិយោគ​សរុប​ចំនួន 268 ក្នុង​នោះ​មាន​គម្រោង​​វិនិយោគ​ថ្មី​ចំនួន 247 និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន 21 ដែល​មាន​ទុន​សរុប​ប្រមាណ​ជិត 4.9 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​អាច​បង្កើត​ការ​ងារ​បាន​ប្រមាណ 307,000 កន្លែង។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ CDC ចុះ​ផ្សាយ​នា​ថ្ងៃទី 03 មករា 2024​។

    យោង​តាម​ CDC ចំនួន​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​បាន​រួម​ចំណែក​រហូត​ដល់ 92% នៃ​ចំនួន​គម្រោង​វិនិយោគ​សរុប​ គ្រា​ដែល​ទុន​វិនិយោគ​បាន​មក​ពី​វិស័យនេះរួម​ចំណែក​ប្រមាណ 46%​​។ ចំណែក​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​វិស័យ​ផ្សេង​ៗ​ទៀត​ ដែល​មាន​តែ 2.6% នៃ​ចំនួន​គម្រោង​វិនិយោគ​សរុប បាន​រួម​ចំណែក​ប្រមាណ 44% នៃ​ទុន​វិនិយោគ​សរុប​។

    ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ឱ្យ​ដឹង​ថា ការ​ហូរ​ចូល​នៃ​ទុន​វិនិយោគ​ឯក​ជន​នៅក្នុង​ឆ្នាំ 2023 មាន​ការ​កើន​ឡើង​ក្នុង​រង្វង់​ប្រមាណ 22% បើ​ធៀប​នឹង​ឆ្នាំ 2022​។

    CDC បាន​បញ្ជាក់​ថា រំហូរ​ទុន​វិនិយោគ​ក្នុង​ឆ្នាំ​កន្លង ភាគ​ច្រើន​មាន​ប្រភព​មក​ពី​ប្រទេស​ចិន​ និង​ក្នុង​ស្រុក​។ ក្នុង​នោះ ប្រភព​ទុន​ពី​ចិន​រួម​មាន​រហូត​ដល់ 66% ខណៈ​ក្នុង​ស្រុក​រួម​ចំណែក 24%​។ គម្រោង​វិនិយោគ​ទាំង​នេះ ភាគ​ច្រើន​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ខណៈ​មួយចំនួន​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នៅ​ជុំវិញ​រាជធានី​​ មាន​ដូច​ជា ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ ហើយ​ខ្លះ​ទៀត​ក៏​ស្ថិត​នៅ​ក្នុង​បណ្ដា​ខេត្ត​ដែល​មាន​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ គឺ ខេត្ត​ស្វាយ​រៀង និង​ខេត្ត​ព្រះសីហនុ​​៕