Tag: ក្រសួង

  • ប្រទេស​ថៃយក​ពន្ធអាករ​ VAT 7% ចំពោះ​ទំនិញ​នាំ​ចូល​

    ប្រទេស​ថៃយក​ពន្ធអាករ​ VAT 7% ចំពោះ​ទំនិញ​នាំ​ចូល​

    មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ នា​ថ្ងៃ​ទី 29 មេសា​នេះ ឱ្យ​ដឹង​ថា​ ប្រទេស​នេះ​នឹង​យក​ពន្ធអាករ​លើ​តម្លៃ​បន្ថែម​ 7% ចំពោះ​រាល់​ទំនិញ​នាំ​ចូល​ ដោយមិន​បែង​ចែក​តម្លៃ​ ចាប់​ពី​ខែ​ឧសភា​តទៅ​។

    លោក Lavaron Sangsnit លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ពាណិជ្ជកម្មថៃ ថ្លែង​ថា បច្ចុប្បន្ន​ ប្រទេស​ថៃ​អនុវត្ត​គោលនយោបាយ​លើក​លែង​ពន្ធ​នាំ​ចូល​ និង​​អាករ​លើ​តម្លៃ​បន្ថែម​ (VAT) ចំពោះ​ទំនិញ​នាំ​ចូល​នីមួយ​ៗ​ដែល​មាន​តម្លៃ​ក្រោម​ 1,500 បាត ដែល​ប្រហែល​នឹង 40.5 ដុល្លារ​អាម៉េរិក​។

    ក៏ប៉ុន្តែ ការ​លើក​លែង​ពន្ធ​នាំចូលខាង​លើ​នា​ពេល​កន្លង បាន​ធ្វើ​ឱ្យ​កើត​មាន​បញ្ហា​មិន​ស្មើ​ភាព​គ្នា​ ពិសេស​គឺ​នៅ​ពេល​ទំនិញ​តម្លៃ​ទាប​របស់​ចិន​ ត្រូវ​បាន​នាំ​ចូល​លក់​ពាស​ពេញ​ទីផ្សារ​ប្រទេស​ថៃ​។ បញ្ហា​នេះ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ថៃ ចាត់​វិធានការ​ជា​បន្ទាន់​ ហើយ​ការយក​ពន្ធ​លើក​តម្លៃ​បន្ថែម 7% ​ចំពោះ​ទំនិញ​នាំ​ចូល​គ្រប់មុខ​នឹង​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី1 ខែ​ឧសភា​តទៅ​។

  • ក្រុមហ៊ុន Beijing Municipal Construction ស្វែងរកឱកាសវិនិយោគ​នៅ​កម្ពុជា

    ក្រុមហ៊ុន Beijing Municipal Construction ស្វែងរកឱកាសវិនិយោគ​នៅ​កម្ពុជា

    នារសៀលថ្ងៃពុធ ទី24 ខែមេសា ឆ្នាំ2024 ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Municipal Construction Group Co.,Ltd (BMCG) ដែលដឹកនាំដោយលោក Zhai Yongshan នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន BMCG ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

    ជំនួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យកិច្ចសហការ សិក្សាឱកាសវិនិយោគ និងសក្កានុពលលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ផ្លូវដែក និងកំពង់ផែ នៅកម្ពុជា។

    គណៈប្រតិភូក្រុមហ៊ុន BMCG ​បានស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង​គម្រោង​វិនិយោគ​លើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

  • ចិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ផ្លែដូង​ស្រស់​ពី​កម្ពុជា គ្រា​ដែល​ទំនិញនាំ​ចូល​​ពី​កម្ពុជា ​នៅ​មាន​ទំហំ​តូច​ខ្លាំង

    ចិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ផ្លែដូង​ស្រស់​ពី​កម្ពុជា គ្រា​ដែល​ទំនិញនាំ​ចូល​​ពី​កម្ពុជា ​នៅ​មាន​ទំហំ​តូច​ខ្លាំង

    ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ទទួល​បាន​ការ​អនុម័តទទួលស្គាល់ជាផ្លូវការពី​អគ្គរដ្ឋបាល​គយ​ចិន។ នេះបើតាមលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី 22 ខែមេសា ឆ្នាំ 2024។

    ការ​ទទួល​បាន​ការ​អនុម័ត​ទទួល​ស្គាល់​ខាង​លើ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​ កាល​ពី​ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2023។

    កន្លង​មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ភាគី​ពាក់​ព័ន្ធ​នឹង​ដូង ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឱ្យដាក់ពាក្យស្នើសុំចុះបញ្ជី។

    បន្ទាប់ពីទទួលបានពាក្យស្នើសុំ ក្រសួង​កសិកម្ម បានចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ ហើយបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះ ទៅកាន់ភាគីចិន ដើម្បីពិនិត្យ និងវាយតម្លៃបន្ត។

    គិតត្រឹមពេលនេះ អគ្គរដ្ឋបាលគយយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 របស់​កម្ពុជា ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ទៅកាន់ប្រទេសចិន។

    យោង​តាម​របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅត្រីមាសទីមួយ​នៃ​ឆ្នាំ 2024 ស្ថានភាពនៃការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មាន​ភាព​ប្រសើរ​ឡើង​។ ប្រទេស​ចិន​ក្លាយ​​ជា​ដៃគូ​ដោះដូរ​ពាណិជ្ជកម្ម​ធំជាង​គេ​របស់​កម្ពុជា​ ដោយ​សម្រេច​បាន​ជាង 3ពាន់​2រយ​លាន​ដុល្លារ​អាម៉េរិក។​​ ក្នុង​នោះ​ កម្ពុជា​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ក្នុង​ទំហំ​ទឹក​ប្រាក់​តែ​ជាង 3រយ​លាន​ដុល្លារ​ប៉ុណ្ណោះ​ ខណៈដែលការ​​នាំ​ចេញ​របស់​ចិន​មក​កម្ពុជា​ សម្រេចបាន​រហូតជាង 2ពាន់8រយលានដុល្លារ។

    ដោយ​ឡែក​ ​សហរដ្ឋ​អាម៉េរិក​ដែល​​ជា​ទីផ្សារ​នាំ​ចេញ​ធំជាង​គេ​របស់​កម្ពុជា​ ​បាន​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ក្នុង​ទំហំ​ទឹក​ប្រាក់​ជិត 2​ពាន់​លាន​ដុល្លារ​ គ្រា​ដែល​កម្ពុជា​បាន​នាំ​ចូលទំនិញ​ពី​សហរដ្ឋ​អាម៉េរិក​ក្នុង​ទំហំ​ទឹក​ប្រាក់​តែ​ជាង​ 57 លាន​ដុល្លារ​ប៉ុណ្ណោះ នៅ​ត្រីមាស​ទីមួយ​​នៃ​ឆ្នាំ​ 2024​។

  • ថៃ​គ្រោង​នឹង​នាំចេញ​ទុរេនមួយ​លាន​តោន​ក្នុង​ឆ្នាំនេះ

    ថៃ​គ្រោង​នឹង​នាំចេញ​ទុរេនមួយ​លាន​តោន​ក្នុង​ឆ្នាំនេះ

    អាជ្ញាធរ​ថៃ គ្រោង​នឹង​នាំចេញ​ផ្លែទុរេន​ប្រហែល​មួយ​លាន​តោន​ ដែល​មាន​តម្លៃប្រមាណ 130 ពាន់​លាន​បាត (3.53 ពាន់​លាន​ដុល្លារ​អាម៉េរិក) ទៅ​កាន់​ទីផ្សារ​បរទេស​នៅ​ក្នុង​ឆ្នាំ 2024 នេះ ក្នុងនោះ ប្រទេស​ចិន​គឺជា​ទីផ្សារ​ធំជាង​គេ​។

    រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថៃ កាល​ពី​ថ្ងៃទី 20 មេសា​​ 2024 បាន​ឱ្យ​ដឹង​ថា លោក​បាន​ណែនាំ​ឱ្យគណៈកម្មការ​ផ្លែ​ឈើ ជួប​ជាមួយ​កសិករ​ដាំដើម​ទុរេន ក្រុម​អ្នក​បែងចែក​ប្រភេទ​ និង​កាត់​ផ្លែ​ទុរេន ឈ្មួញ ​ក្រុម​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ដែល​ទាក់​ទង​នឹង​ទុរេន អ្នក​នាំចេញ រួម​នឹង​ស្ថាប័ន​ដែល​ទាក់​ទង ដើម្បី​ពិភាក្សា​គ្នា រក​ដំណោះ​ស្រាយ​សម្រាប់​ការ​ធានាគុណភាព​ផ្លែទុរេន និង​ឆ្លើយតប​ទៅ​នឹង​ស្ដង់ដា​គុណភាព​ ក៏ដូច​ជា​ការតម្រូវ​ GAP របស់​ប្រទេស​ចិន​។

    រដ្ឋមន្ត្រី​កសិកម្ម​ថៃ ក៏​បាន​ស្នើ​ឱ្យ​រក​វិធី​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាកសិករ​ ទៅ​លើ​ជី និង​ថ្នាំ​សម្រាប់​ទុរេន​។ ចំណែក​នាយកដ្ឋាន​ធារាសាស្ត្រ​ថៃ ក៏​ត្រូវ​បាន​ណែនាំ​ឱ្យ​គ្រប់​គ្រង​ប្រព័ន្ធ​ស្រោច​ស្រព ដើម្បី​ធានា​ឱ្យ​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ចម្ការ​ទុរេន​នៅ​ក្នុង​ខេត្តនានា​របស់​ប្រទេស​នេះ​។

    យោង​តាម​ក្រុម​មន្ត្រី​កសិកម្ម​ថៃ ចម្ការ​ទុរេន​ជាង 64 ពាន់​ហិកតា​នៅ​ក្នុង​បណ្ដា​ខេត្ត​ភាគ​ខាង​កើត​ប្រទេស​ថៃ បាន​ចុះ​ឈ្មោះ​ជាមួយ​នឹង​ស្ថាប័ន​គយ​របស់​ប្រទេស​ចិន​ និងបាន​ទទួល​​វិញ្ញាបនបត្រ​ GAP ពី​ស្ថាប័ន​នេះ​។ ប្រការ​នេះ​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​នាំ​ចេញ​ផ្លែទុរេន​របស់​ពួក​គេ​ទៅ​កាន់​ទីផ្សារ​ចិន​។

  • ​ស្ថានីយ​​សំចត​របស់​​ផ្លូវ​ល្បឿន​លឿននៅ​វៀតណាម ត្រូវ​តម្រូវឱ្យ​មានទីតាំង​សាកថ្ម​រថយន្ត​អគ្គិសនី​

    ​ស្ថានីយ​​សំចត​របស់​​ផ្លូវ​ល្បឿន​លឿននៅ​វៀតណាម ត្រូវ​តម្រូវឱ្យ​មានទីតាំង​សាកថ្ម​រថយន្ត​អគ្គិសនី​

    (វៀតណាម) – ​ក្រសួង​ដឹក​ជញ្ជូន​វៀតណាម​ ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​តុលា​ខាងមុខ បណ្ដា​ស្ថានីយ​សំចត​របស់​ផ្លូវ​ល្បឿន​លឿន​នានា​នៅ​ប្រទេស​វៀតណាម នឹង​មាន​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​។ សេចក្ដី​សម្រេច​ថ្មី​នេះ​នឹង​មាន​សុពលភាព​ចាប់​ពី​ថ្ងៃទី 5 ខែ​តុលា ឆ្នាំ 2024​។

    យោង​តាម​សារព័ត៌មាន​វៀតណាម ស្ថានីយ​សំចត​របស់​ផ្លូវ​ល្បឿន​លឿន​ត្រូវ​បាន​ចែក​ជា​បួន​ប្រភេទ ក្នុង​នោះ​ប្រភេទ​ទីមួយ​មាន​ទំហំ​ផ្ទៃ​ក្រឡា​យ៉ាង​តិច 10,000 ម៉ែត្រ​ការ៉េ និង​ទីពីរ​ត្រូវ​មាន​ទំហំ​ 5,000 ម៉ែត្រ​ការ៉េ ខណៈ​ទី​បី​ត្រូវ​មាន​ទំហំ​ 3,000 ម៉ែត្រ​ការ៉េ និង​ទីបួន​ត្រូវ​មាន​ទំហំ​ 1,000 ម៉ែត្រ​ការ៉េ​។

    សេចក្ដី​សម្រេច​ថ្មី​ខាងលើ​ក៏​បាន​ចែង​ថា ចំនួន​ទីតាំង​សម្រាប់​ចត​ឡាន​ដែល​អាច​បញ្ចូល​ឡាន​អគ្គិសនី​ចូល​សាក​ថ្ម​ ត្រូវ​តែ​មាន​ចំណែក​ 10% ធៀប​នឹង​ទំហំ​ផ្ទៃ​ក្រឡា​សរុប​សម្រាប់​ចត​ឡាន​ ហើយ​វា​ត្រូវ​បាន​តម្រូវ​ឱ្យ​មាន​នៅ​ក្នុង​ស្ថានីយ​សំចត​ប្រភេទ​ទីមួយ និង​ទីពីរ​។ ចំណែក​ស្ថានីយ​ប្រភេទ​ទី​បី និង​ទីបួន​ ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ផងដែរ​។

  • ព្រែកជីក​ហ្វូណនតេជោ «ល្អមើល​ផង ល្អហូបផង»

    ព្រែកជីក​ហ្វូណនតេជោ «ល្អមើល​ផង ល្អហូបផង»

    (ភ្នំ​ពេញ) – សម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត បាន​មាន​ប្រសាសន៍​ថា ប្រទេសយើងជាមហាអំណាច ពេលដែលមាន​សេដ្ឋកិច្ចខ្លាំង ដូច្នេះ​ព្រែកជីក (ហ្វូណនតេជោ) នេះ គឺបម្រើដល់ការបង្កើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។

    ប្រសាសន៍​របស់​សម្ដេច​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ខាងលើ​នេះ ត្រូវ​បាន​ធ្វើ​ឡើងនា​​ព្រឹក​ថ្ងៃទី 11 ខែ​មេសា ឆ្នាំ 2024 ​នៅ​ក្នុង​ពិធី​សម្ពោធកសិដ្ឋាន​ចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅ​ភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

    សម្ដេច​ធិបតី បាន​បញ្ជាក់​ថា ព្រែក​ជីកហ្វូណនតេជោ​ «ល្អមើល​ផង និង​ល្អ​ហូប​ផង» បន្ទាប់​ពី​មាន​មតិ​រិះគន់ខ្លះ​ចំពោះ​គម្រោង​ព្រែក​ជីក​នេះ​។ គម្រោង​នេះ​​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ក៏​ដូច​ជា​​មិន​បង្ក​ការ​គំរាម​កំហែង​ដល់​ប្រទេស​ជិត​ខាង​។

    សូម​រំលឹក​ថា គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ​មាន​ប្រវែង​ 180 ​គីឡូម៉ែត្រ ចាប់​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លៃ​បាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លង​កាត់​ខេត្ត​ចំនួន​ 4 រួមមាន​ ខេត្ត​កណ្តាល​ ខេត្តតាកែវ​ ខេត្តកំពត​ និង​ខេត្តកែប​ ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​ 1.6 ​លាន​នាក់​ រស់​នៅអម​សង​ខាង​ផ្លូវទឹក។

    យោង​តាម​ក្រសួង​សាធារណៈការនិង​ដឹក​ជញ្ជូន​ ​ការដ្ឋាន​សាង​សង់​ព្រែក​ជីក​ដែល​នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ត្រីមាស​ទី​ 4 នៃ​ឆ្នាំ​ 2024 ខាង​មុខ​នេះ មានតម្លៃ​ប្រមាណ ​1,700 ​លាន​ដុល្លារ​អាម៉េរិក ហើយ​នឹង​ត្រូវ​ចំណាយ​ពេល​ 4 ឆ្នាំ​ ក្នុង​ការ​ស្ថាបនា។ គម្រោង​នេះ​​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (Belt and Road Initiative ឬBRI) របស់​រដ្ឋាភិបាល​ចិន​៕

  • ថៃ​នឹង​បញ្ចេញ​គោលនយោបាយ​ជំរុញ​ការ​ទិញ​ផ្ទះ​ស្នាក់នៅ​

    ថៃ​នឹង​បញ្ចេញ​គោលនយោបាយ​ជំរុញ​ការ​ទិញ​ផ្ទះ​ស្នាក់នៅ​

    ក្រសួង​ហិរញ្ញវត្ថុ​ថៃ ឱ្យ​ដឹង​ថា ប្រទេស​នេះ​នឹង​បញ្ចេញ​គោលនយោបាយ​ថ្មី​ជា​ច្រើន​ ដែល​​គាំទ្រ​ដល់​ទីផ្សារ​អចលន​ទ្រព្យ​ ដើម្បី​រួម​ចំណែក​ស្ដារ​សេដ្ឋកិច្ច​ជាតិ​។

    ក្រសួង​ហិរញ្ញវត្ថុ​ថៃ គ្រោង​នឹង​ដាក់​សំណើ​ស្ដី​ពី​ការ​បន្ថយ​ការ​ចំណាយ​ទៅ​លើ​សេវា​​ផ្ទេរ​សិទ្ធិ​កាន់​កាប់​អចលនទ្រព្យ ​ពី 2% ចុះ​មកនៅ​​ត្រឹម​ 0.01% សម្រាប់​ផ្ទះ​ដែល​មាន​តម្លៃ​ដល់ 7 លាន​បាត (ប្រហែល​ 190,890 ដុល្លារ​អាម៉េរិក​)​ ជូន​គណៈរដ្ឋមន្ត្រី​​នា​ពេល​ខាងមុខ​។

    ទន្ទឹម​នឹង​នេះ ថៃ​ក៏​អាច​នឹង​បន្ធូរ​បន្ថយ​ពន្ធ​ចំពោះ​អ្នក​ដែល​ចង់​សាងសង់​ផ្ទះ​ ព្រម​ទាំង​បន្ថយ​អត្រា​ការ​ប្រាក់​ចំពោះ​អ្នកមាន​ចំណូល​ទាប​​ដែល​ចង់​ខ្ចី​ប្រាក់​ទិញ​ផ្ទះ​ផងដែរ​។

    ស្ថាប័ន​ខាង​លើ​ក៏​នឹង​ដាក់​សំណើ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​ទាក់​ទង​នឹង​សិទ្ធិ​កាន់​កាប់​ផ្ទះ​របស់​ជន​បរទេស​។ ក្នុង​នោះ រយៈ​ពេល​នៃ​ការ​ជួល​ផ្ទះ​ អាច​នឹង​ត្រូវ​បាន​បន្ថែម​សុពលភាព​​ពី 30 ឡើង​ដល់ 99 ឆ្នាំ​ ព្រម​ទាំង​អាច​អនុញ្ញាត​ឱ្យ​ជន​បរទេស​ទិញ​ផ្ទះស្នាក់​នៅ​​ប្រភេទ​ខ្លះ​ទៀត​ផង​។

    ក្រុម​ហ៊ុន​ទិន្នន័យ​ Statista (អាល្លឺម៉ង់) បាន​គណនា​ឃើញ​ថា ទំហំ​​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ នឹង​កើន​ឡើង​ដល់ជាង​ 2.5 ទ្រីលាន (2,500,000,000,000) ​ដុល្លារ​អាម៉េរិក​ ក្នុង​ឆ្នាំ​នេះ​។ ក្នុង​នោះ ទីផ្សារ​​ផ្ទះ​ស្នាក់​នៅ​មាន​តម្លៃ​សរុប​ជាង 2 ទ្រីលាន​ដុល្លារ​៕

  • ក្រុម​ហ៊ុន​ Chery បង្កើតរោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

    ក្រុម​ហ៊ុន​ Chery បង្កើតរោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

    ក្រសួង​ពាណិជ្ជកម្ម​វៀតណាម កាលពីសប្ដាហ៍​កន្លង បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ផលិត​រថយន្ត​រដ្ឋ​ចិន Chery Automobile បាន​យល់​ព្រម​សង់រោង​ចក្រ​ដំឡើង​រថយន្ត​អគ្គិសនី​តម្លៃ 800 លាន​ដុល្លារ​អាម៉េរិក នៅ​ប្រទេស​វៀតណាម តាម​រយៈ​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​មួយ​នៅក្នុង​ស្រុក​។

    Omoda & Jaecoo របស់​ Chery នឹង​បង្កើត​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​ ជាមួយ​នឹង Geleximco ដែលមាន​ទីស្នាក់ការ​នៅ​វៀតណាម​ ដើម្បី​គ្រប់គ្រង​រោង​ចក្រ​ខាងលើ​។

    ដំណាក់​កាល​សាងសង់ដំបូង គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ត្រីមាស​ទីមួយនៃ​ឆ្នាំ 2026​៕

  • អាម៉េរិក​ព្រមាន​ថា ចិន​លក់​បង្ខូច​តម្លៃ​រថយន្ត​អគ្គិសនី​

    អាម៉េរិក​ព្រមាន​ថា ចិន​លក់​បង្ខូច​តម្លៃ​រថយន្ត​អគ្គិសនី​

    រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាម៉េរិក យល់​ថា ប្រទេស​ចិន​អាច​លក់​ផលិត​ផលអគ្គិសនី​​លើស​តម្រូវ​ការ​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ប៉ះពាល់​ដល់​ផល​ប្រយោជន៍​អាម៉េរិក​។

    ក្នុង​ដំណើរ​ទស្សនកិច្ច​នា​ពេល​ខាងមុខ លោកស្រី Yellen នឹង​ពិភាក្សា​បញ្ហា​ខាងលើ​ជាមួយ​នឹង​ក្រុមមន្ត្រី​ចិន​។ ប្រការ​នេះ​កើត​ឡើង​ក្នុង​គ្រា​ដែល​អាម៉េរិក​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​ថាមពល​បៃតង​ ប៉ុន្តែ​នៅ​តែ​តាម​មិន​ទាន់​ប្រទេស​ចិន​។

    ភាព​តាន​តឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ និង​ចិន​ បន្ត​ជា​ឧបសគ្គ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​។ បើ​ទោះជា​ប្រធានាធិបតី​ បៃដិន បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​មេដឹក​នាំចិន​ លោក​ ស៊ី​ ជីនពីង កាល​ពី​ខែវិច្ឆិកា 2023 ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សន្តិសុខ​ជាតិ​នា​ពេល​ថ្មី​ៗ​នេះ​ ដែល​ជាប់ទាក់​ទង​នឹង​រថយន្ត​អគ្គិសនី​ឆ្លាត​វៃ​ចិន បង្ហាញ​ថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នៅ​មាន​ឧបសគ្គ​នៅ​ឡើយ​។

    រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាម៉េរិក លោក​ស្រី Janet Yellen ជឿ​ថា ប្រទេស​ចិន​អាច​នាំ​ចេញ​​ផលិត​ផល​​ទាក់​ទង​នឹង​អគ្គិសនី​បៃតង​​ដែល​លើស​តម្រូវ​ការ​របស់​ខ្លួន ទៅកាន់​ប្រទេស​នានា​ ដោយ​លក់​​​ក្នុង​តម្លៃ​ទាបខ្លាំង។ ប្រការ​នេះ​អាច​នឹង​ធ្វើ​ឱ្យ​សហរដ្ឋ​អាម៉េរិក​ ក៏​ដូច​ជា​បណ្ដា​ប្រទេសលើពិភពលោក ​ពិបាក​ប្រកួត​ប្រជែង​ ហើយ​ត្រូវ​ខាត​បង់​ផល​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​។

  • វៀតណាម​៖ រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​របស់​ខ្លួន​ ដំណើរ​ការ​ល្អ​ក្នុង 40 ឆ្នាំ​កន្លង​

    វៀតណាម​៖ រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​របស់​ខ្លួន​ ដំណើរ​ការ​ល្អ​ក្នុង 40 ឆ្នាំ​កន្លង​

    រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ ឬ​ហៅ​ថា ម៉ាស៊ីន​រ៉េអាក់ទ័រ​ នៅ​ទីក្រុង​ដាឡាត ដំណើរ​ការ​ជាមួយ​អានុភាព​ 500 kWt ចាប់​ពី​ឆ្នាំ 1984​ និង​ប្រើ​ប្រាស់សម្រាប់​ការ​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ការ​ផលិត​ថ្នាំ​វិទ្យុសកម្ម​សម្រាប់​វិស័យ​សុខាភិបាល​ ឧស្សហកម្ម និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​។

    ព័ត៌មាន​នេះ​ត្រូវ​បាន​លើក​ឡើង​កាល​ពី​ថ្ងៃទី 23 មីនា 2024 ដោយ​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​វៀតណាម នៅ​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​ 40 ឆ្នាំ​​នៃ​ថ្ងៃ​​សម្ពោធ​រោង​ចក្រ​​រ៉េអាក់ទ័រ​ដាឡាត បន្ទាប់​ពី​បាន​​​បាន​ស្ដារ និង​ពង្រីក​​។

    យោង​តាម​រដ្ឋមន្ត្រី​ខាងលើ ក្នុង​ 40 ឆ្នាំ​កន្លង រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ដាឡាត​ បាន​ដំណើរ​ការ​ដោយ​សុវត្ថិភាព​។ វិទ្យាស្ថានស្រាវជ្រាវ​នុយក្លេអែរ​ដាឡាត បាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​ជោគ​ជ័យ​នូវ​បច្ចេកវិទ្យា​ផលិត​ថ្នាំ​បន្សាប​វិទ្យុសកម្ម​ និង​ព្យាបាល​ជំងឺ​ជា​ច្រើន​ផងដែរ​។

    រោង​ចក្រ​រ៉េអាក់ទ័រ​ TRIGA Mark-2 អានុភាព​ 250 kWt ត្រូវ​បាន​អាម៉េរិក​សាងសង់​នៅ​​ទីក្រុង​ដាឡាត នៃ​ខេត្ត​​ឡឹម​ដុង ប្រទេស​វៀតណាម កាល​ពីឆ្នាំ 1963​។ នៅ​មុន​ថ្ងៃទី 30 មេសា 1975 បន្ទះ​ឥន្ធនៈ​ទាំង​អស់​របស់​រោង​ចក្រ​នេះ​ត្រូវ​បាន​ដោះ​ និង​ដឹក​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក​ ធ្វើ​ឱ្យ​រោង​ចក្រ​មិន​អាច​ដំណើរ​ការ​។

    ក្រោយ​មក ចាប់​ពី​ឆ្នាំ 1982 សូវៀត (បច្ចុប្បន្ន​ជា​ រុស្ស៊ី) បាន​ជួយ​ស្ដារ និង​ពង្រីក​រោង​ចក្រ​រ៉េអាក់ទ័រ​ដាឡាត​នេះ​។ មក​ដល់​ឆ្នាំ 1984 រោង​ចក្រ​រ៉េអាក់ទ័រ​ដែល​​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅជា​រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​ដាឡាត​នេះ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ជាមួយ​អានុភាព​ 500 kWt ខ្ពស់​ជាង​ទ្វេ​ដង បើធៀប​នឹង​អានុភាព​មុន​នោះ​របស់​ TRIGA។