Tag: កំណើន

  • មនុស្ស​ជាង​ពីរពាន់​លាន​នាក់​នឹង​រស់នៅ​​ក្នុង​កម្ដៅ​ដ៏​គ្រោះថ្នាក់​​របស់​ផែនដី​ ចាប់ពី​ឆ្នាំ 2100

    មនុស្ស​ជាង​ពីរពាន់​លាន​នាក់​នឹង​រស់នៅ​​ក្នុង​កម្ដៅ​ដ៏​គ្រោះថ្នាក់​​របស់​ផែនដី​ ចាប់ពី​ឆ្នាំ 2100

    កម្ដៅ​ផ្ទៃផែនដី​កំពុងស្ថិត​ក្នុង​កំណើន 2.7 អង្សា​សេ ធៀប​នឹងដំណាក់​កាល​ដំបូង​នៃ​វិស័យ​ឧស្សាហកម្ម នៅ​ឆ្នាំ 2100 ដែល​ប្រការនេះ​នឹង​រុញច្រាន​មនុស្ស​ជាង​ពីរពាន់​លាន​នាក់ (ប្រហែល 22% នៃ​ប្រជាជន​សរុប​ក្នុង​ពិភព​លោក) ឱ្យ​ចេញពី​តំបន់​អាកាសធាតុ​ស្រួល​រស់នៅ។

    យោងតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Sustainability ក្រុម​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា បណ្ដា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​ដែល​ត្រូវ​ប្រឈម​នឹង​កម្ដៅ​ដ៏​គ្រោះថ្នាក់ គឺ ឥណ្ឌា (600 លាន​នាក់), នី​ហ្សេ​រី​យ៉ា (300 លាន​នាក់), ឥណ្ឌូណេស៊ី (100 លាន​នាក់), ហ្វ៊ី​លី​ពី​ន និង​ប៉ា​គី​ស្ថាន (80 លាន​នាក់​ដូច្នេះ)។ នេះ​បើតាម AFP ចុះផ្សាយ​កាលពី​ថ្ងៃទី 22 ឧសភា 2023។

    ការកាត់បន្ថយ​ការកើនឡើង​កម្ដៅ​ទូទាំង​ពិភពលោក​នៅក្នុង​កម្រិត 1.5 អង្សា​សេ ទៅតាម​គោលដៅ​របស់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ 2015 នឹង​ជួយ​បន្ថយ​ចំនួន​មនុស្ស​ដែល​ជួប​គ្រោះថ្នាក់​ដោយសារ​កម្ដៅ​ព្រះអាទិត្យ ចុះមក​នៅ 500 លាន​នាក់ ដែល​ស្មើនឹង 5% នៃ​ចំនួន​ប្រជាជន​សរុប​ប្រមាណ 9.5 ពាន់​លាន​នាក់​របស់​ពិភពលោក នៅក្នុង​រយៈពេល​ពី 6 ទៅ 7 ទសវត្សរ៍​ខាងមុខ។

    មកដល់​បច្ចុប្បន្ន ការឡើង​កម្ដៅ​ក្រោម 1.2 អង្សា​សេ ក៏បាន​បង្កើន​កម្រិត ឬ​ពេលវេលា​របស់​រដូវ​រល​កក​ម្ដៅ គ្រោះរាំងស្ងួត និង​ករណី​ឆេះ​ព្រៃ។ 8 ឆ្នាំ​កន្លង គឺជា​ពេលវេលា​ដែល​ផែនដី​រង​កម្ដៅ​ខ្ពស់បំផុត​ដែល​មនុស្ស​ធ្លាប់បាន​កត់ត្រា។

    កម្ដៅ​ដែល​បង្ក​គ្រោះថ្នាក់​ទៅតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​នេះ នោះ​គឺ​នៅពេល​សីតុណ្ហភាព​មធ្យម​ប្រចាំឆ្នាំ (MAT) ឡើងដល់ 29 អង្សា​សេ។

    យោងតាម​ធនាគារពិភពលោក ប្រទេស​ឥណ្ឌា​បំ​ភាយ​ឧស្ម័ន CO2 (ឧស្ម័ន​ដែល​ធ្វើ​ឱ្យ​បរិយាកាស​ផែនដី​ឡើង​កម្ដៅ) ជា​មធ្យម​ប្រហែល​ពីរ​តោន/ម្នាក់/ឆ្នាំ, នី​ហ្សេ​រី​យ៉ា​បំ​ភាយ​ប្រហែល​កន្លះ​តោន ខណៈដែល​សហភាព​អឺរ៉ុប​ជិត 7 តោន និង​សហរដ្ឋ​អាម៉េរិក 15 តោន។

    ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ​ក៏​ព្រមាន​ថា លទ្ធភាព​ដែល​សីតុណ្ហភាព​ផ្ទៃផែនដី​កើន​បន្ថែម​លើសពី 2.7 អង្សា​សេ គឺអាច​កើតឡើង។ បើសិនជា​សកម្មភាព​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​អាច​នាំឱ្យ «ធ្លុះធ្លាយ» ឃ្លាំង​ធម្មជាតិ​​ផ្ទុក​កាបូន​ មាន​ជាអាទិ៍ ស្រទាប់ Permafrost (ស្រទាប់ដី​ស្ថិតនៅត្រង់ ឬ​ក្រោម​តំបន់​ទឹក​កដែល​កក​​រយៈពេល​ចាប់ពី​ពីរ​ឆ្នាំ​ឡើងទៅ) ឬ​ធ្វើឱ្យ​បរិយាកាស​ផែនដី​ក្ដៅ​ជាង​ការរំពឹងទុក នោះ​សីតុណ្ហភាព​​ពិភព​លោក​អាច​កើន​​បន្ថែម​ជិត​ 4 អង្សា​សេ បើ​ធៀប​នឹង​កម្ដៅ​នៅ​ពាក់កណ្ដាល​សតវត្សរ៍​ទី 19៕

  • សីតុណ្ហភាព​ទូទាំង​សកលលោក​នឹង​រុញ​កម្ដៅ​ផែន​ដី​ឡើង​ខ្ពស់​ខ្លាំង​មិន​ធ្លាប់​មាន​

    សីតុណ្ហភាព​ទូទាំង​សកលលោក​នឹង​រុញ​កម្ដៅ​ផែន​ដី​ឡើង​ខ្ពស់​ខ្លាំង​មិន​ធ្លាប់​មាន​

    អង្គការ​ឧតុនិយម​ពិភពលោក​បាន​ព្រមាន​ថា El Nino ក្ដៅ ដែល​កើនឡើង​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ និង​ការប្រែប្រួល​អាកាសធាតុ​ដែល​កើតឡើង​ដោយសារ​មនុស្ស នឹង​ជំរុញ​សីតុណ្ហភាព​ឱ្យ​កើន​ឡើងដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់បាន​ជួប​ពីមុនមក ហើយ​ឡើងដល់​កំណត់ត្រា​ថ្មី​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត។

    កំណើន​សីតុណ្ហភាព​ទូទាំង​ពិភពលោក​អាច​នឹងឡើង​​​ផុត​ពី​ 1.5 អង្សា​សេ ដែល​បាន​កំណត់​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​​ប៉ារីស ក្នុង​ប្រាំ​ឆ្នាំ​ខាងមុខ នេះ​បើ​តាម​​របាយការណ៍​របស់​អង្គការសហប្រជាជាតិ (UN)។ អង្គការ​ឧតុនិយម​ពិភពលោក (WMO) របស់ UN បាន​ព្រមាន​ដូច្នេះ​នៅក្នុង​ការវាយតម្លៃ​ប្រចាំឆ្នាំ​លើកចុងក្រោយ​បង្អស់​។ WMO បានឱ្យដឹងថា លទ្ធភាព​​ដែល​សីតុណ្ហភាព​លើ​ផ្ទៃផែនដី​នឹង​កើនឡើង​ប្រចាំឆ្នាំ​ខ្ពស់ជាង 1.5 អង្សា​សេ ធៀប​នឹង​សម័យមុន​ឧស្សាហកម្ម ​គឺមាន​រហូតដល់ 66%។ ការកើនឡើង​កម្ដៅ​នេះ​នឹង​ក្លាយជា​កំណត់​ត្រា​មិន​ធ្លាប់មាន​ពីមុន​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ។

    អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា កម្ដៅ​ប្រចាំឆ្នាំ​ដែល​កើន​ជាង 1.5 អង្សា​សេ នឹង​ធ្វើឱ្យ​ពិភពលោក​ប្រឈម​នឹង​ហានិភ័យធំៗ អាច​បង្កឱ្យមាន​បម្រែបម្រួល​អាកាសធាតុ​ដែល​មិនអាច​ប្រសើរ​ឡើងវិញ​បាន មានដូចជា ហេតុការណ៍​បាក់​ផ្ទាំង​ទឹកកក​នៅ​ Greenland និង​នៅ​អង់​តា​ទិ​ក​ខាងលិច, កម្ដៅ​ព្រះអាទិត្យ​មាន​កម្រិត​ខ្ពស់​ខ្លាំង គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ បញ្ហា​ខ្វះ​ទឹក និង​អាកាសធាតុ​អាក្រក់​ខ្លាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅលើ​ពិភពលោក។

    ប្រទេស និង​ដែនដី​ប្រហែល 200 បាន​សន្យា​កាត់បន្ថយ​កំណើន​នៃ​សីតុណ្ហភាព​សកល 1.5 អង្សា​សេ ឬ​ទាប​ជាង​នេះ ទៅតាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ​កាលពី​ឆ្នាំ 2015។ ប​ច្ច​ប្បន្ន ដែន​កំណត់​នោះ​អាច​នឹងត្រូវ​ឆ្លង​ផុត​ជា​លើកដំបូង បើទោះជា​បណ្ដោះអាសន្ន​ក៏​ដោយ​។

    តាម​ការ​ព្យាករ រដូវ​កាល El Nino ក្ដៅ​ដែល​នឹង​រីកធំឡើង​ក្នុង​រង្វង់​ច្រើន​ខែ​ខាងមុខ នឹង​រួមផ្សំ​ជាមួយ​បម្រែបម្រួល​អាកាសធាតុ​ដែល​បង្កឡើង​ដោយ​មនុស្ស រុញច្រាន​កម្ដៅ​ផែនដី​ឡើងដល់​ចំណុច​ខ្ពស់​មិន​ធ្លាប់មាន​ពីមុនមក នេះ​បើតាម Petteri Taalas អគ្គលេខាធិការ​នៃ​អង្គការ WMO។ ប្រការ​នោះ​នឹង​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព សន្តិសុខ​ស្បៀង ការគ្រប់គ្រង​ទឹក និង​បរិស្ថាន។

    បាតុភូត El Nino កើតឡើង​នៅពេល​របប​ខ្យល់​អា​លី​សេ (trade winds) ចុះខ្សោយ នាំឱ្យ​ទឹក​ក្ដៅ​កាន់តែច្រើន​ស្ថិត​​នៅ​មួយ​កន្លែង។ បាតុភូត​នេះ​ប៉ះពាល់​ខ្លាំង​ដល់​រូបមន្ត​អាកាសធាតុ​ពិភពលោក បណ្ដាលឱ្យ​តំបន់​អាម៉េរិក​ខាងត្បូង​មាន​សំណើម​ជាង​ធម្មតា និង​បង្ក​គ្រោះរាំងស្ងួត​នៅតាម​តំបន់​នានា មានដូចជា អូស្ត្រាលី ឥណ្ឌូណេស៊ី ភាគ​ខាងជើង​ប្រទេស​ចិន និង​ភាគ​ឦសាន​ប្រទេស​ប្រេ​ស៊ី​ល​ជាដើម៕

  • ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនមានកំណើនជាង 20 ភាគរយ

    ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនមានកំណើនជាង 20 ភាគរយ

    ឈរលើមូលដ្ឋានទំនាក់ទំនងដែលមានជាយូរលង់មកហើយនោះ បានធ្វើឱ្យទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា និងចិនកើនឡើងយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាមធ្យមកើនឡើង 26%ក្នុងមួយឆ្នាំ នេះជាការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ថ្លៃងក្នុងពិធីវេទិកាស្តីពីការជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា-ចិនដែលប្រារព្ធពិធីបើកជាផ្លូវការនៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី 17 ឧសភា ម្សិលមិញ។

    សម្តេចបានមានប្រសាសន៍ថា ក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះ នៅក្នុងឆ្នាំ2016ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង4800លានដុល្លារអាមេរិក ក្នុងនោះការនាំចេញពីកម្ពុជាមានទំហំ 830លានដុល្លារអាមេរិក និងការនាំចូលមានប្រមាណ3900លានដុល្លារអាមេរិក។ ចិនក៏ជាប្រទេសវិនិយោគធំជាងគេបំផុតនៅកម្ពុជាដែលគិតមកដល់ឆ្នាំ2016 សន្និធិវិនិយោគរបស់ចិនបានកើនដល់ 5100លានដុល្លារអាមេរិក ដែលផ្តោតលើវិស័យមួយចំនួន រួមមានកម្មន្តសាលសំណង់ វាយនភណ្ឌ និងអគ្គិសនី។ ជាមួយគ្នានេះដែរ នៅឆ្នាំ2016ភ្ញៀវទេសចរចិនមកទស្សនកិច្ចនៅកម្ពុជាមានចំនួន 83 ម៉ឺននាក់ កើនឡើង 20% ធៀបនឹងឆ្នាំ2015 ដោយឡែកនៅក្នុងហិរញ្ញប្បទានដើម្បីអភិវឌ្ឍ កម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ផ្លូវការព្រមទាំងជំនួយឥតសំណង និងកម្ចីពីសាធារណរដ្ឋប្រជាមានិតចិនរហូតដល់ 4200លានដុល្លារអាមេរិក គិតត្រឹមខែកុម្ភៈ ឆ្នាំ2017នេះ ដែលភាគច្រើនសម្រាប់ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ឋជារូបវន្តក្នុងវិស័យកសិកម្ម សុខាភិបាល និងអប់រំ។

    ចំពោះមុខ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រទេសទាំងពីរបានប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយលើវិស័យសំខាន់ៗរួមមានការពង្រឹងផលិតភាពសេដ្ឋកិច្ចការបង្កើនពាណិជ្ជកម្មទ្វេភាគី ទេសចរណ៍វប្បធម៌ ការវិនិយោគ និងការអភិវឌ្ឍកសិកម្ម។ល៕