Tag: កំណត់ហេតុ

  • ស្ត្រី​​ជាប់ពន្ធនាគារ​ព្រោះ​​សម្លាប់​កូន​បួន​នាក់នៅ​អូស្ត្រាលី​ ត្រូវបាន​ដោះលែង

    ស្ត្រី​​ជាប់ពន្ធនាគារ​ព្រោះ​​សម្លាប់​កូន​បួន​នាក់នៅ​អូស្ត្រាលី​ ត្រូវបាន​ដោះលែង

    Kathleen Folbigg ជា​ស្ត្រី​ម្នាក់​ដែល​ធ្លាប់​ត្រូវបាន​កាត់ទោស​ពីបទ​សម្លាប់​កូនតូច​បួន​នាក់ ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ ក្រោយ​រយៈពេល 20 ឆ្នាំ នៅពេល​មានការ​សង្ស័យថា ត្រូវបាន​កាត់ទោស​ដោយ​អយុត្តិធម៌។

    ប្រធាន​តុលាការ New South Wales កាលពី​ថ្ងៃទី 05 មិថុនា 2023 បានឱ្យដឹងថា បាន​ពិភាក្សា​ជាមួយ​អភិបាលរដ្ឋ​នេះ និង​បានស្នើ​ឱ្យមាន​ការដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ Kathleen Folbigg ក្រោយពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​បឋម​បង្ហាញថា មាន​ចំណុច​ខុស​ប្រក្រតី​ទាក់ទិន​នឹង​ការកាត់ទោស​ស្ត្រី​ដែល​ត្រូវបាន​ចោទថា​បានសម្លាប់​កូនតូច​បួន​នាក់។ Folbigg ត្រូវបាន​ដោះលែង​ក្នុង​ថ្ងៃ​ដដែល។

    Kathleen Folbigg អាយុ 55 ឆ្នាំ បាន​ជាប់ពន្ធនាគា​រកា​លពី​ឆ្នាំ 2003 ដោយ​ត្រូវបាន​កាត់ទោស​ពីបទ​សម្លាប់​មនុស្ស បន្ទាប់ពី​កូន​បួន​នាក់​របស់គាត់​បាន​ស្លាប់​ជា​បន្តបន្ទាប់​ក្នុង​រង្វង់​ជាង​មួយ​ទសវត្សរ៍ ចាប់ពី​ឆ្នាំ 1989។ Folbigg សុទ្ធតែជា​អ្នករក​ឃើញ​សាកសព​របស់កូនៗ ប៉ុន្តែ​ពុំមាន​ភស្ដុតាង​អ្វីដែល​បញ្ជាក់ថា ស្ត្រី​រូបនេះ​ជា​ជនដៃដល់។

    Kathleen Folbigg ត្រូវជាប់​​ពន្ធនាគារ​ក្រោយពី​តុលាការ​យល់ថា លទ្ធភាព​ដែល​ក្មេង​បួន​នាក់​ក្នុង​គ្រួសារ​សុទ្ធតែ​បាន​ស្លាប់​ដោយ​គ្មាន​មូលហេតុ​គឺជា​រឿង «ពិបាក​ទៅរួច»។ ការសម្រេច​របស់​តុលារ​ក៏​យោងទៅលើ​ខ្លឹមសារ​នៅក្នុង​កំណត់ហេតុ​របស់ Folbigg ដែល​បាន​សរសេរ​អំពី​ការចាកចេញ​របស់កូនៗផងដែរ។

    កាល​ពី​មាន​អាយុ 20 ឆ្នាំ Kathleen Folbigg បាន​រៀបការ​ជាមួយ Craig Folbigg។ ក្នុង​រង្វង់​មួយឆ្នាំ Folbigg ក៏មាន​កូននៅ​ក្នុង​ឆ្នាំ 1989 ប៉ុន្តែ​កូន​ច្បង​នេះ​បាន​ស្លាប់​ទៅវិញ​​ក្រោយ​ការ​ចាប់​កំណើត​បាន​​19 ថ្ងៃ។ មួយឆ្នាំ​បន្ទាប់ Folbigg បង្កើតបាន​កូនប្រុស​ឈ្មោះ Patrick តែ​ក៏បាន​ស្លាប់​ពេល​មាន​អាយុ 8 ខែ។ ពីរ​ឆ្នាំ​បន្ទាប់មកទៀត កូន​ទី​បី​ឈ្មោះ Sarah របស់ Folbigg ក៏បាន​ស្លាប់​ក្នុង​​​អាយុ 10 ខែ។ ចំណែក​កូនពៅ​ឈ្មោះ Laura កើត​ឆ្នាំ 1999 ក៏​ឃើញ​ពន្លឺ​ថ្ងៃ​បានតែ 18 ខែ។

    ពេល Laura បាន​ស្លាប់ សមត្ថកិច្ច​ក៏​បើក​ការស៊ើបអង្កេត ហើយពីរ​ឆ្នាំ​ក្រោយមក តុលាការ​ក៏​កាត់ទោស​ដាក់ពន្ធនាគារ​ចំពោះ Folbigs។

    Kathleen Folbigg មិន​ព្រម​ទទួលកំហុស ប៉ុន្តែ​នៅតែ​ត្រូវ​ជាប់ពន្ធនាគារ 40 ឆ្នាំ។ កាលពី​ឆ្នាំ 2019 រឿងក្ដី​របស់ Kathleen Folbigg ក៏​ត្រូវបាន​សមត្ថកិច្ច​ស៊ើបអង្កេត​ឡើងវិញ ហើយក៏​រកឃើញ​ចំណុច​គួរឱ្យ​សង្ស័យ។ កាលពី​ឆ្នាំ 2022 ការស៊ើបអង្កេត​មួយ​ផ្សេងទៀត​ក៏ត្រូវ​បានធ្វើ​ឡើង បន្ទាប់ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​បង្ហាញ​ភស្ដុតាង​បញ្ជាក់ថា មូលហេតុ​នៃ​ការស្លាប់​របស់​ក្មេង​ទាំង​បូ​ន​នាក់​ខាងលើ​គឺ​ដោយសារ​ជំងឺ​តំណពូជ៕

  • ពពោះដំបូងដោយក្តីស្រឡាញ់

    ពពោះដំបូងដោយក្តីស្រឡាញ់

    ខាងក្រោមនេះ ជាកំណត់ហេតុ 1ច្បាប់របស់អ្នកម្ដាយ 1រូបដែលបានសរសេរទុកនៅពេលដែលខ្លួនកំពុងពពោះជាលើកដំបូងក្នុងជីវិត ដែលបានបង្ហាញនូវទឹកចិត្តដ៏ល្អបរិសុទ្ធ និងក្ដីស្រឡាញ់កូនលើសពីជីវិតរបស់ខ្លួន…ពេលនេះឡារ៉ែនសូមធ្វើជាតំណាងក្នុងការបកស្រាយនូវខ្លឹមសារទាំងស្រុងដូចតទៅ៖

    ក្តីស្រឡាញ់

    “ម៉ាក់ស្រឡាញ់កូន” ខ្លីៗ តែផ្តល់នូវអារម្មណ៍ល្អខ្លាំងណាស់នៅពេលដែលម៉ាក់បាននិយាយពាក្យនេះចេញមក។ លោកគ្រូពេទ្យបានអះអាងហើយថា ការ​និយាយលេងជាមួយកូននៅក្នុងផ្ទៃញឹកញាប់ គឺជាការបង្កើតទំនាក់ទំនងសម្ព័ន្ធនៃក្តីស្រឡាញ់ ដែលល្អដល់ការវិវឌ្ឍខាងរាងកាយ និងផ្លូវចិត្តរបស់កូន ហើយម៉ាក់ដឹងថា កូនក៏បានដឹងដែរ។ គួរឱ្យអស្ចារ្យខ្លាំងណាស់ចំពោះធម្មជាតិ ដែលបានសាងឡើងឱ្យម៉ាក់បាន​រៀនយល់ដឹងថា គ្មានសេចក្តីស្រឡាញ់គ្រាណាមួយ អស្ចារ្យស្មើនឹងសេចក្តីស្រឡាញ់របស់ម៉ាក់ដែលមានចំពោះកូននាពេលនេះឡើយ។

    សម្ព័ន្ធភាព

    រៀងរាល់ថ្ងៃម៉ាក់តែងយកដៃអង្អែលពោះទៅមក បញ្ជូនក្តីស្រឡាញ់តាមរយៈការប៉ះពាល់ជាមួយកូន យូរថ្ងៃទៅ សម្ព័ន្ធនៃក្តី​​​​ស្រឡាញ់នេះកាន់តែកកើតច្រើនឡើង ក្លាយជាភាពកក់ក្តៅក្នុងចិត្ត និងអារម្មណ៍ល្អៗដែលម៉ាក់អាចដឹងបាន និងជឿជាក់ក្នុងចិត្តទៀត​ផងថា កូនក៏បានដឹងដូចគ្នាដែរ។ កូនដឹងទេ? សម្ព័ន្ធនៃក្តីស្រឡាញ់រវាងយើង 2នាក់បានកើតឡើងតាំងពីវិនាទីដំបូងដែលម៉ាក់ចាប់ផ្តើមមានផ្ទៃពោះម្ល៉េះ។

    ការប្រែប្រួល

    ដោយគ្មានលក្ខខណ្ឌ វា​កើតឡើងដោយអត្តនោម័ត ទាំងរឿងញ៉ាំ រឿងគេង និងទម្លាប់មួយចំនួន ឬធ្វើអ្វីក៏ត្រូវគិតឱ្យច្រើន គិតដល់កូនមុនគេបង្អស់។ អ្វីៗគ្រប់យ៉ាងនៃការប្រែប្រួលសុទ្ធតែកើតចេញពីក្តីស្រឡាញ់ ក្តីតាំងចិត្តដែលចង់តែបញ្ជូនអ្វីល្អៗដល់កូនសម្លាញ់។ មើលចុះ…កូនក៏ធំឡើង ហើយពោះម៉ាក់ក៏ធំឡើងដូចគ្នា។

    ដំបូង

    ទន្ទឹងរង់ចាំយូរបំផុត តាមដែលធ្លាប់ដឹងកន្លងមក គឺជិត 9ខែ ដែលម៉ាក់នឹងបានជួបមុខ បានឃើញមុខម្ចាស់ក្សត្រី ឬម្ចាស់ក្សត្រាតូចមួយរបស់ម៉ាក់។ ជាការទន្ទឹងរង់ចាំយ៉ាងស្ម័គ្រចិត្ត មានសេចក្តីសុខក្នុងចិត្ត។ ជាការទន្ទឹងរង់ចាំដ៏មានតម្លៃ ព្រោះថា “កូនម៉ាក់ស្អាតគួរឱ្យស្រឡាញ់ជាទីបំផុតលើពិភពលោកនេះ! ៉។ រឹតតែពេលកូនញញឹមដាក់ ឬធ្វើហាក់ដូចជាប្រុងសើចឱ្យម៉ាក់ឃើញផងនោះ ម៉ាក់រំភើបចិត្តជាទីបំផុតតែម្តង។

    អ្នកម្តាយថ្មោងថ្មី

    ម៉ាក់អាន និងស្វែងរកព័ត៌មានក៏ច្រើន បទពិសោធន៍ពីអ្នកនៅជុំវិញខ្លួន ក៏ម៉ាក់បានស្តាប់ហើយ លុះមកដល់វគ្គប្រតិបត្តិ រឿងមួយចំនួន​របស់កូន ម៉ាក់ត្រូវអាស្រ័យសញ្ជាតិញ្ញាណការសម្រេចចិត្តរបស់ម៉ាក់ខ្លួនឯង តែអ្វីដែលជួយបាននោះគឺ ភាពស្និទ្ធស្នាល ចំណងសម្ព័ន្ធភាព ហើយនិងការសាកខុសផង សាកត្រូវផង នឹងជួយឱ្យម៉ាក់បានដឹងថា តើម៉ាក់ត្រូវលួងលោមពេលកូនយំឃ្លាន ឬយំពេលងងុយគេងរបៀបណា?។

    ការចំណាយ

    អំឡុងពេលត្រៀមខ្លួនទិញរបស់ប្រើប្រាស់ឱ្យកូន គឺជារឿងដែលម៉ាក់ចូលចិត្តបំផុត ព្រោះរបស់នីមួយៗសុទ្ធតែ​គួរឱ្យ​ស្រឡាញ់ គួរឱ្យចង់ទិញ មានកន្លែងសបភីងសម្រាប់ម្តាយកូនខ្ចីជាច្រើនកន្លែង ដូច្នេះហើយទើបម៉ាក់ត្រូវជ្រើសរើស និងគិតពីភាពចាំបាច់ក្នុងការប្រើប្រាស់ និងតម្លៃថ្លៃថ្នូរដែលល្មមអាចទិញបានជាមុនសិន។ គឺជាទិចនិកការពារភាពប្រថុយប្រថានក្នុងរឿងខ្វះខាតលុយកាក់។

    កក់ក្តៅ ទន់ភ្លន់ពេលដែលម៉ាក់និយាយ សម្លឹងមើលភ្នែក ថើបថ្ពាល់ ឬស្រវាឱបពកូន ម៉ាក់មានអារម្មណ៍ថា ប្រៀបដូចជាថ្នាំវិសេសខាងផ្លូវចិត្តរបស់​ម៉ាក់ ដែលជួយបំពេញបន្ថែមនូវកម្លាំងចិត្តល្អៗបានជានិច្ច និងក៏ជាផលល្អដល់កូនបានយ៉ាងច្រើនអនេកដែរ ព្រោះការប៉ះពាល់ដោយក្តី​ស្រឡាញ់តាមរយៈរង្វង់ដៃឱបរបស់ម៉ាក់ អាចលួងលោមបំពេបានគ្រប់ពេលដែលកូនទួញយំ ជួយឱ្យកូនក្លាយជាក្មេងដែលមានអារម្មណ៍ល្អ មានស្នាមញញឹមនៃសេចក្តីសុខ។

    គេងងាយ សប្បាយពោះ

    ព្រោះម៉ាក់បានពិសោធដឹងហើយថា ទឹកដោះម្តាយ គឺជាអាហារកម្រិតកំពូលដែលឧត្តមសម្បូរទៅដោយសារជាតិអាហារ​គ្រប់គ្រឿង ល្អចំពោះកូនពិតៗ ព្រោះគ្រប់ពេលដែលកូននៅក្នុងរង្វង់ដៃឱបរបស់ម៉ាក់ ក្រៅពីឆ្អែតពោះហើយ កូនគេងលក់បាន​យ៉ាង​ងាយ ហើយ​បន្ទោបង់ក៏ស្រួលទៀតផង។ អេ៎…តើបែបនេះឬ ដែលគេហៅថា ទឹកដោះម្តាយល្អជាងគេបំផុតនោះ!។

    លេងសប្បាយ

    ការពកូនទៅដើរលេងកម្សាន្ត ក្រៅពីកូនបានដឹងថា ពិភពលោកនេះធំធេងតាមរយៈការពិត ដូចជាសំឡេងចាបយំ ឆ្កែព្រុស ឬបានដឹងពីបរិយាកាសមនុស្សម្នា ដើមឈើ តាមវិវឌ្ឍនាការដែលគួរកើតឡើងហើយ ម៉ាក់ក៏ឆ្លៀតឱកាសបានបន្ធូរអារម្មណ៍ បាន​ហាត់ប្រាណតិចៗ បានធូរស្បើយពីការចិញ្ចឹមមើលថែទាំកូនពេញ 1ថ្ងៃ​រួចមកដែរ។

    កូនម៉ាក់ធំឡើងរៀងរាល់ថ្ងៃ មានវិវឌ្ឍនាការប្រែប្រួលជានិច្ច ថ្ងៃនេះម្យ៉ាង ស្អែកឡើងម្យ៉ាង។ ម៉ាក់រៀនយល់ដឹងគ្រប់ពេលវេលាជាមួយរឿងកូន និងស្រឡាញ់កូនដំបូងរបស់ម៉ាក់ ដែលមានទាំងក្តីបារម្ភកង្វល់ និងវិលវល់ខ្លះៗក្នុងរឿងដែលម៉ាក់មិនធ្លាប់ធ្វើ មិនធ្លាប់ដឹង តែគ្រប់ពេលក៏កន្លងផុតមកបានដោយសេចក្តីស្រឡាញ់ សេចក្តីសុខចាប់តាំងពីថ្ងៃដំបូងដែលកើតឡើង រហូតមកដល់ថ្ងៃនេះ និងគ្មានទីបញ្ចប់…៕

  • តើគួរធ្វើយ៉ាងណា បើរៀបការហើយ ស្រាប់តែមានគភ៌ដោយមិនបានតាំងចិត្ត?

    តើគួរធ្វើយ៉ាងណា បើរៀបការហើយ ស្រាប់តែមានគភ៌ដោយមិនបានតាំងចិត្ត?

    ក្រោយពីរៀបការរួចហើយ គូស្នេហ៍ជាច្រើនគូអាចកំពុងតែនឹកស្រមៃដល់ផែនការការធ្ចើដំណើរទេសចរណ៍ទៅទីឆ្ងាយៗ ផែនការទិញផ្ទះ កែសម្រួលគេហដ្ឋាន ឬសន្សំលុយទិញឡានថ្មីជាដើម តែ ស្រាប់តែមកដឹងខ្លួនថា ខែនេះអ្នកកំពុងតែជិតក្លាយខ្លួនជាអ្នកម្តាយថ្មីម្នាក់ទៅវិញ នោះគឺការមានគភ៌ដោយមិនបានតាំងចិត្ត ដែលវាអាចកើតឡើងដោយសារការពន្យារកំណើតខុសឆ្គង។ ទាំងអស់នេះ វាអាចធ្វើឱ្យគូស្វាមីភរិយា​​ខ្លះ​ស្រាប់តែកើតមានសភាវតានតឹងក្នុងអារម្មណ៍ដោយមិនដឹងខ្លួន ឬមិនដឹងជារៀបចំខ្លួនយ៉ាងណាជាមួយនឹង​ការជិត​មាន​សមាជិក​ថ្មីម្នាក់​នៅក្នុងផ្ទះ។

    ថ្ងៃនេះឡា រ៉ែនមានដំបូន្មានល្អៗអំពីរឿងនេះមកជម្រាបជូនដូចខាងក្រោម៖

    តាំងស្មារតី

    អាចមិនមែនជារឿងងាយប៉ុន្មានឡើយក្នុងការរៀបចំផ្លូវចិត្តដើម្បីទទួលយកការប្រែប្រួលដ៏ធំធេងលើកនេះ ដូច្នេះអ្វីដែលល្អបំផុត​គឺ សូមកុំភ្ញាក់ផ្អើល ឬភិតភ័យអ្វីខ្លាំងជ្រុលពេក។ អាចនឹងសុំឈប់សម្រាកពីការងារ 1ថ្ងៃ ដើម្បីពិនិត្យមើលភាពត្រៀមខ្លួនជាស្រេចក្នុង​ផ្នែកផ្សេងៗ ដែលទោះជាជួនកាលអាចមើលឃើញថា មិនទាន់ពេញលេញល្អប៉ុន្មានក្ដី ទាំងរឿងប្រាក់ចំណូល ពេលវេលា ឬលក្ខណៈ​​ការងារក៏ដោយ តែគួរសម្លឹងមើលក្នុងន័យវិជ្ជមានជាមុនសិន ព្រោះជួនកាលការមានសមាជិកថ្មីនៅក្នុងផ្ទះ អាចជាអ្វីមួយដែលក្រុមគ្រួសាររបស់អ្នកប្រាថ្នាចង់បានស្រាប់ទៅហើយ គ្រាន់តែបន្ថយពេលវេលាឱ្យឆាប់ជាងមុន និងពិភាក្សាគ្នាដើម្បីកែសម្រួលផែនការជីវិតជាថ្មីប៉ុណ្ណោះ ដូច្នេះចូរនាំគ្នាគិតម្តង 1ចំណុចៗ ជឿថា អ្វីៗគ្រប់យ៉ាងនឹងមិនមែនជារឿងពិបាកឡើយ។

    ប្រឹក្សាជាមួយមនុស្សចាស់ និងអ្នកជិតដិត

    កុំសន្សំទុកភាពតានតឹងនៅក្នុងខ្លួនតែម្នាក់ឯង បើមានអារម្មណ៍ថាខ្លាចក្នុងការបង្ហើបប្រាប់ទៅមិត្តរួមការងារ សាច់ញាតិ ឬមនុស្ស​ក្នុងគ្រួសារ ក្នុងករណីដែលអ្នកមិនធ្លាប់ប្រាប់ពួកគេពីមុនមកថា មានផែនការចង់បានបុត្រនោះ ចូរគិតជាប់ជានិច្ចថា អ្វីៗគ្រប់យ៉ាងសុទ្ធតែមានការប្រែប្រួលជានិច្ច ហើយមនុស្សដែលសំខាន់បំផុតគឺ ខ្លួនអ្នកហ្នឹងឯង។ បើការមានគភ៌ គឺជាដំណឹងល្អរបស់អ្នក ចូរព្យា​យាមរកពេលវេលាល្អៗប្រាប់ទៅអ្នកដទៃ និងជឿថា គ្រប់គ្នានឹងច្បាស់ជាសប្បាយចិត្តដែរមិនខាន បើខ្លួនអ្នកមានសេចក្តីសុខ រួចហើយ​ចូរកុំភ្លេចសុំពាក្យណែនាំ ឬដំបូន្មានល្អៗពីមនុស្សចាស់ដែលធ្លាប់មានបទពិសោធពីមុនផង។

    ទៅពិនិត្យរាងកាយភ្លាម

    នេះគឺជារឿងទី1 ដែលត្រូវតែធ្វើ បន្ទាប់ពីដឹងខ្លួនថាមានគភ៌ ដែលវាមានភាពសំខាន់ខ្លាំងណាស់ចំពោះការសម្រេចចិត្តថាតើអ្នកមានភាពត្រៀមខ្លួនជាស្រេចសម្រាប់ការមានគភ៌នេះឬទេ? ជាពិសេសភាពត្រៀមជាស្រេចរបស់រាងកាយ ដែលកម្មវិធីការពិនិត្យនោះ នឹងមានទាំងការពិនិត្យឈាម ពិនិត្យរកមើលរោគប្រចាំកាយ និងផ្សេងៗទៀត ដើម្បីគ្រូពេទ្យបានផ្តល់នូវពាក្យណែនាំដែលល្អៗបំផុតសម្រាប់ការមើលថែទាំគភ៌របស់អ្នកម្តាយ។

    ទៅពិនិត្យគភ៌ក្នុងអំឡុង 2 – 3 ខែ

    ការពិនិត្យគភ៌ មិនត្រឹមតែនឹងធ្វើឱ្យអ្នកដឹងពីការប្រែប្រួលរបស់គភ៌ប៉ុណ្ណោះទេ​ តែនៅបានដឹងពីពាក្យណែនាំក្នុងការថែទាំគភ៌ ការថែទាំខ្លួនរបស់ស្ត្រីក្នុងអំឡុងពេលមានគភ៌រហូតដល់ពេលប្រសូត្រ។ ការកែបញ្ហាសភាវជ្រៀតជ្រែកផ្សេង​​​ៗ និងបានទទួល​ការ​ពិនិត្យ​គភ៌ជាដំណាក់​កាលយ៉ាងជាប់លាប់ទៀតផង។ ក្នុងករណីដែលកូននៅក្នុងផ្ទៃមានភាពខុសប្រក្រតីណាមួយ ក៏នឹង​អាចជួយកែ​បញ្ហា​បានទាន់ពេលវេលា។

    រៀបចំតារាងពេលវេលារង់ចាំទទួលកូនសម្លាញ់

    កត់ជាកំណត់ហេតុទុកនូវគ្រប់រឿងរ៉ាវដែលកើតឡើង និងសាកល្បងគិតទៅដល់ 9ខែខាងមុខទៀត ដើម្បីរាប់ពេលវេលាថយក្រោយថា ក្នុងខែនីមួយៗ ក្នុងអំឡុងពេលនីមួយៗ តើអ្នកត្រូវត្រៀមអ្វីខ្លះ ដើម្បីផ្តល់ពេលវេលាមួយរយៈសម្រាប់ការត្រៀមខ្លួនជាស្រេច។ ឡារ៉ែនជឿថា ទំរាំតែដល់ថ្ងៃនោះ អ្នកនឹងមានភាពត្រៀមខ្លួនជាស្រេច និងមានសេចក្តីសុខសម្រាប់ការប្រសូតសមាជិកតូចមួយចេញមក ដោយគ្មានអ្វីមួយរញ៉េរញ៉ៃ ឬតក់ក្រហល់ឡើយ៕

  • កំណត់ហេតុប្រចាំថ្ងៃ មានគុណសម្បត្តិយ៉ាងអស្ចារ្យ ដែលគ្រប់គ្នាមិននឹកស្មានដល់

    កំណត់ហេតុប្រចាំថ្ងៃ មានគុណសម្បត្តិយ៉ាងអស្ចារ្យ ដែលគ្រប់គ្នាមិននឹកស្មានដល់

    កំណត់ហេតុប្រចាំថ្ងៃ គឺជារឿងដែលយុវជនភាគច្រើនចូលចិត្តធ្វើ តែក៏មានយុវជនមិនតិចដែរដែលចាប់ផ្តើមសរសេរវាហើយបោះបង់ចោលវិញ។ មានអ្នកខ្លះសរសេរកំណត់ហេតុប្រចាំថ្ងៃដើម្បីកត់ត្រាពីអារម្មណ៍ និងលទ្ធផលការងារ ឬដើម្បីតែបញ្ចេញនូវការព្រួយបារម្ភ ក៏ដូចជាភាពសប្បាយក្នុងចិត្តទៅក្នុងអត្ថបទប៉ុណ្ណោះ។ ទម្លាប់នៃការសរសេរកំណត់ហេតុប្រចាំថ្ងៃត្រូវបានអ្នកស្រាវជ្រាវផ្នែកអប់រំផ្លូវចិត្តរកឃើញថា វាបានផ្តល់ផលវិជ្ជមានជាច្រើនដល់ការគិត និងបង្កើនភាពស្វាហាប់ក្នុងជីវិត។

    ១. កំណត់ហេតុព្យាបាលរបួសស្នាមក្នុងចិត្ត
    នៅពេលដែលមនុស្សម្នាក់មានការឈឺចាប់ ឬមានបញ្ហាអ្វីមួយកើតឡើង ពួកគេត្រូវការបំផុតក្នុងការបញ្ចេញរឿងនោះពីក្នុងខ្លួនទៅឱ្យអ្នកដទៃបានដឹង។ ជាធម្មតា មនុស្សចូលចិត្តស្តាប់រឿងសប្បាយៗ ហើយក៏គ្មានមនុស្សណាម្នាក់សុខចិត្តស្តាប់រឿងរ៉ាវក្នុងចិត្តរបស់មនុស្សម្នាក់ទៀតជារៀងរាល់ពេលនោះដែរ ព្រោះវាសុទ្ធសឹងជារឿងដែលនាំឱ្យឈឺក្បាល តែកំណត់ហេតុគឺអាចនៅជាមួយអ្នកគ្រប់ពេលវេលា។ នៅពេលដែលមានការមិនសប្បាយចិត្ត ជួបរឿងភ្ញាក់ផ្អើលក្នុងជីវិត និងមានការតក់ស្លុតបន្ទាប់ពីបានឃើញរឿងដែលពិបាកទទួលយកក្នុងជីវិត អ្នកអាចសរសេរវាក្នុងសៀវភៅកំណត់ហេតុដើម្បីឱ្យរឿងរ៉ាវទាំងអស់នោះវាបានចេញពីក្នុងខ្លួន ហើយវាក៏ធ្វើឱ្យអ្នកមានភាពធូរស្រាលក្នុងចិត្តដែរ។ គុណសម្បត្តិនេះផងដែរ ក៏អាចជំរុញឱ្យអ្នកស្ងប់អារម្មណ៍ ហើយធ្វើឱ្យមានអារម្មណ៍រឹងមាំដើម្បីបន្តគិតពីរឿងវិជ្ជមានរហូតបង្កើតជាសកម្មភាពប្រកបដោយគុណតម្លៃក្នុងជីវិត។

    ២. កំណត់ហេតុជួយឱ្យខួរក្បាលមានរបៀបរៀបរយ និងឆ្លាតជាងមុន
    ការសរសេរកំណត់ហេតុ ជារឿងពេញនិយមមួយរបស់សិស្សនិស្សិតដែលពូកែ និងបុគ្គលិកដែលមានគំនិតអភិវឌ្ឍន៍ច្រើននៅក្នុងក្រុមហ៊ុន ព្រោះទម្លាប់នៃការកត់ត្រាសមិទ្ធផលដែលអាចធ្វើបាន រួមទាំងបញ្ហាដែលបានកើតឡើងអាចជួយឱ្យមនុស្សស្ងប់ចិត្ត ហើយងាយរកឃើញឡើងវិញពីប្រភពនៃបញ្ហា។ នៅពេលដែលមនុស្សណាម្នាក់មានអារម្មណ៍ស្ងប់ ហើយរកឃើញប្រភពនៃបញ្ហាដែលយាយីដល់ការងារ និងដំណើរជីវិត ពួកគេនឹងអាចរកឃើញដោយងាយនូវដំណោះស្រាយឆ្លាតវៃដើម្បីជម្នះវាឱ្យបាន។ អ្នកដែលសរសេរកំណត់ហេតុប្រចាំថ្ងៃ ភាគច្រើនជាអ្នកដែលមើលឃើញពីដំណោះស្រាយលើបញ្ហាខ្ពស់ជាងមនុស្សធម្មតា ព្រោះរាល់បញ្ហាអវិជ្ជមាននៅក្នុងគំនិតរបស់គេត្រូវបានកត់ត្រាទុកយ៉ាងរៀបរយ ដែលអាចអនុញ្ញាតឱ្យគាត់មានពេលគិតពីវិធីជម្នះវាបានល្អ។

    ៣. កំណត់ហេតុប្រចាំថ្ងៃជាភស្តុតាងសម្រាប់ជីវិត
    មនុស្សតែងតែសោកស្តាយជាមួយនឹងរឿងរ៉ាវអាម៉ាសនៅក្នុងជីវិតនាពេលអតីតកាល តែក៏ចង់បង្ហាញពីការខិតខំប្រឹងប្រែង និងមោទនភាពនៃជីវិតទៅកាន់អ្នកដទៃផងដែរ។ ការសរសេរសៀវភៅកំណត់ហេតុបានធ្វើឱ្យមនុស្សមួយចំនួនក្លាយជាអ្នកល្បីល្បាញបាន ហើយក៏ធ្វើឱ្យមេរៀនជីវិតដែលបានកត់ទុកនោះក្លាយជាគំរូនៃការរៀនសូត្រសម្រាប់មនុស្សដទៃផងដែរ។
    ហេតុនេះការសរសេរសៀវភៅកំណត់ហេតុ គឺជាភស្តុតាងសំខាន់បំផុតមួយដែលអាចអប់រំមនុស្ស រួមទាំងជាមោទនភាពមួយសម្រាប់ជីវិតខ្លួនឯងទៀតផង៕