Tag: កូវីដ

  • កូវីដ-19 ប្រហែលជាខ្លាច!!!

    កូវីដ-19 ប្រហែលជាខ្លាច!!!

    ពួកយើង “ខ្លាច” មេរោគកូវីដ-19
    តែមិនដឹងថា កូវីដ-19 វានឹង “ខ្លាចយើង” ខ្លះដែរអត់ហ្ន៎?
    តែបើ មេរោគវីរុសកូវីដ-19 វាដឹង ឬមើលឃើញពី “ភាពរួមដៃគ្នា” ចិត្តតែមួយរបស់មនុស្សយើង
    ក្នុងការ “ទប់ស្កាត់” ការចម្លងរាតត្បាតរបស់ពួកវាវិញនោះ…
    យើងគិតថា កូវីដ-19 ប្រហែលជា “ញញើតៗ” យើងដូចគ្នា។

    ដូច្នេះចាប់ផ្ដើមពីពេលនេះ ចូរមនុស្សម្នាទូទាំងពិភពលោក ព្យាយាមឧស្សាហ៍លាងសម្អាតដៃ, ពាក់ម៉ាស់អនាម័យការពារ និងនៅឆ្ងាយពីគ្នា ចម្ងាយ 2ម៉ែត្រ…ដើម្បីទប់ស្កាត់ការឆ្លងមេរោគ។

    កូវីដ-19 ប្រហែលជាខ្លាច!!!ក៏ប៉ុន្តែ នៅមាន “អ្នកខ្លះ” ធ្វើខ្លាំងជាងហ្នឹងទៅទៀត!!
    ឧទាហរណ៍ដូចជា អ្នកម្ដាយម្នាក់នៅក្នុងប្រទេសអង់គ្លេស ត្រូវបានកូនស្រីរបស់គាត់ ដែលជាម្ចាស់ធ្វីតធ្វើរ@Evielancaster បាននាំយករូបភាពដ៏គួរឱ្យអស់សំណើចមួយមកស៊ែរនៅលើបណ្ដាញសង្គមថា ម៉ាក់របស់នាង ខ្លាចមេរោគ ដល់ថ្នាក់យករបស់ញ៉ាំគ្រប់យ៉ាងដែលបានកុម្ម៉ង់ទិញមកពីស៊ុបភើរ ម៉ាឃេត មកត្រាំទឹកសាប៊ូ នៅក្នុងអាងងូតទឹក ដើម្បីសម្លាប់មេរោគទាំងអស់…។

    ក្ដីភ័យខ្លាច ធ្វើឱ្យមនុស្សយើងធ្វើបានគ្រប់យ៉ាង…
    ហ៊ីសៗៗ…

    ប្រភព៖ សារព័ត៌មានបរទេស

  • ក្រសួងទេសចរណ៍ណែនាំដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ឱ្យបិទអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្ន

    ក្រសួងទេសចរណ៍ណែនាំដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ឱ្យបិទអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្ន

    ក្រសួងទេសចរណ៍ នៅថ្ងៃទី25 ខែមីនា ឆ្នាំ2020នេះ បានជូនដំណឹងទៅអភិបាលរាជធានី-ខេត្តទាំងអស់ បិទអាជីវកម្មបៀរហ្កាឌិនតាមមូលដ្ឋានរបស់ខ្លួនជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី25 ខែមីនា ឆ្នាំ2020តទៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ក្នុងប្រទេសកម្ពុជា។

    ការសម្រេចបិទបៀរហ្កាឌិន ជាបណ្តោះអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីមានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយពេលដែលជំងឺកូវីដ-19 បានរីករាលដាលក្នុងប្រទេសកម្ពុជា ដោយមានអ្នកឆ្លងចំនួន 93នាក់។

    សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដក្នុងប្រទេសកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលបានអនុវត្តវិស្សមកាលមុនកាលកំណត់ បិទក្លឹបកម្សាន ខារ៉ាអូខេ រង្គសាល រោងភាពយន្ត និងសារៈមន្ទីរជាដើម៕

    ខាងក្រោមនេះជាលិខិតរបស់ក្រសួងទេសចរណ៍៖

  • តួនាទី​របស់​ឪពុក​ម្ដាយ អ្នក​មើល​ថែ​កុមារ និង​សហគមន៍​ឆ្លើយ​តប​នឹង​ការ​រីក​រាល​ដាល​នៃ​វីរុស​កូវីដ-19

    តួនាទី​របស់​ឪពុក​ម្ដាយ អ្នក​មើល​ថែ​កុមារ និង​សហគមន៍​ឆ្លើយ​តប​នឹង​ការ​រីក​រាល​ដាល​នៃ​វីរុស​កូវីដ-19

    បើសិន​ជា​មាន​រោគសញ្ញានៃវីរុសកូវីដ-19 ដូចជា ក្អក គ្រុនក្តៅ ពិបាកដកដង្ហើមជា​ដើម កើន​ឡើង​លើកូនរបស់លោកអ្នក សូម​ធ្វើ​ដូច​ខាងក្រោម៖

    ស្វែងរកការណែនាំពីគ្រូពេទ្យតាមរយៈការទូរស័ព្ទទៅកាន់អ្នកផ្តល់សេវាសុខភាព/អ្នកផ្តល់សេវារបស់
    លោកអ្នកជាមុនសិន មុននឹងជូនកូនរបស់លោកអ្នកទៅតាមការណៃនាំ។ សូមចងចាំថារោគសញ្ញានៃជំងឺកូវីដ-19​ មានដូចជា ក្អក ឬគ្រុនក្តៅអាចស្រដៀងនឹងរោគសញ្ញាផ្តាសាយ ឬជំងឺផ្តាសាយទូទៅ។

    ប្រសិនបើកូនរបស់លោកអ្នកឈឺ សូមទុកពួកគេនៅផ្ទះកុំឱ្យមកសាលារៀន ហើយត្រូវជូនដំណឹងដល់សាលារៀនអំពីអវត្តមាន និងរោគសញ្ញាកូនរបស់លោកអ្នក។ សូមដាក់ការអាន និងកិច្ចការផ្សេងៗដើម្បីឱ្យសិស្សអាចបន្តការសិក្សាពេលនៅផ្ទះ។ ពន្យល់កូនរបស់លោកអ្នកអំពីអ្វីដែលកំពុងកើតឡើងជាពាក្យសាមញ្ញ ហើយធានាថាពួកគេមានសុវត្ថិភាព៕

    ប្រភព៖ MoEYS Cambodia

  • ក្រសួងទេសចរណ៍ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញគ្រប់គ្រងវត្តមានស្នាក់នៅទេសចរណ៍នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ដើម្បីចូលរួមវិធានការទប់ស្កាត់ជំងឺឆ្លង Covid-19

    ក្រសួងទេសចរណ៍ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញគ្រប់គ្រងវត្តមានស្នាក់នៅទេសចរណ៍នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ដើម្បីចូលរួមវិធានការទប់ស្កាត់ជំងឺឆ្លង Covid-19

    ក្រសួងទេសចរណ៍ បានជម្រាបជូន និងអំពាវនាវដល់ ម្ចាស់សេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ ដោយអនុវត្តតាម នូវសេចក្តីជូនដំណឹងលេខ147 សជណ.អគឧ ចុះថ្ងៃទី25 ខែមីនា ឆ្នាំ2020 ស្តីពីការតម្រូវឱ្យប្រើប្រាស់ជាកាតព្វកិច្ចនូវ “ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍” ដែល មានគេហទំព័រផ្លូវការ “www.accommodationregistrar.net” ។

    “ការគ្រប់គ្រងបញ្ជីស្នាក់នៅទេសចរណ៍” តាមអនឡាញនេះ​ផ្តល់ភាពងាយស្រួលដល់ក្រសួងទេសចរណ៍​អាចសហការផ្តល់ព័ត៌មានជូនអជ្ញាធរមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យ​ ឬតាមដានវត្តមានឈ្មោះភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកស្នាក់នៅក្នុងសេវាកម្មស្នាក់នៅទេសចរណ៍ក្នុងករណីដែលចាំបាច់ និងមានតំរូវការ ក្នុងការចូលរួមដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលមានការកើតឡើងចេញពីភ្ញៀវទេសចរក្នុងករណីជាយថាហេតុណាមួយ។

    ប៉ុន្តែយ៉ាងណាក៏ដោយការប្រើប្រាស់ប្រព័ន្ធនេះទាមទារឱ្យមានកិច្ចសហការ និងការចូលរួមពីម្ចាស់អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ ក្នុងការបញ្ចូលព័ត៌មានរបស់ភ្ញៀវរបស់ខ្លួនក្នុងពេលស្នាក់នៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន។

    ក្នុងដំណាក់កាលនៃវិបត្តិ Covid-19 នេះ ក្រសួងទេសចរណ៍សូមស្នើដល់គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្ម ស្នាក់នៅទេសចរណ៍ទាំងអស់ ចូលរួមប្រើប្រាស់ជាកាតព្វកិច្ច “ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍” ឱ្យបានគ្រប់គ្នា និងធ្វើការចុះវត្តមានរបស់ភ្ញៀវទេសចរ ឱ្យបានគ្រប់គ្នាៗ និងទៀតទាត់។

    របៀបប្រើប្រាស់ប្រព័ន្ធចុះវត្តមានស្នាក់នៅទេសចរណ៍អនឡាញមានបង្ហាញក្នុងសេចក្តីជូនដំណឹង និងវីដេអូពន្យល់ខាងក្រោម៖

    ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

  • ធនាគារអភិវឌ្ឍន៍អាស៊ីថា សេដ្ឋកិច្ច​កម្ពុជា​ ងាយ​រង​ផលប៉ះពាល់​ជាងគេ​ក្នុង​តំបន់ កំឡុងពេលកូវីដ-19 កំពុងរាតត្បាត

    ធនាគារអភិវឌ្ឍន៍អាស៊ីថា សេដ្ឋកិច្ច​កម្ពុជា​ ងាយ​រង​ផលប៉ះពាល់​ជាងគេ​ក្នុង​តំបន់ កំឡុងពេលកូវីដ-19 កំពុងរាតត្បាត

    ដោយសារ​តែ​ការរីករាលដាល​កូវីដ​-19 ជុំវិញ​ពិភពលោក និង​ក្នុង​តំបន់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ព្យាករ​ថា កម្ពុជា​ជា​ប្រទេសមួយ​ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដល់​សេដ្ឋកិច្ច​របស់ខ្លួន​ធៀប​នឹង​បណ្ដា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ 9 ​ផ្សេង​ទៀត​។

    ADB កាលពី​ដើមខែ​នេះ​បាន​ប៉ាន់ប្រមាណ​ថា កម្ពុជា​នឹង​ខាតបង់​ជាង​ 390 ​លាន​ដុល្លារ​ លើ​ផលប៉ះពាល់​ដោយសារ​តែ​ការរីករាលដាល​កូវីដ​19 ឬ​ធ្លាក់ចុះ​ 1,59 ​ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅ​ឆ្នាំ​នេះ ដែល​បណ្ដាល​ឱ្យប្រទេស​នេះ​ជា​ប្រទេស​មាន​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ខ្លាំង​បំផុត​ដែល​បាន​បង្កឡើង​ដោយ​ការរីករាលដាល​កូវីដ​19 ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ផ្សេងទៀត​។

    រដ្ឋាភិបាល​បាន​ទម្លាក់​ការព្យាករ​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន​នៅ​ឆ្នាំនេះ​មក​នៅ​ត្រឹម​ 6,1 ​ភាគរយ​ ពី​ការព្យាករ​លើកមុន​របស់ខ្លួន 6,5 ​ភាគរយ ​ដោយសារ​ការរីករាលដាល​កូវីដ​-19 ការប្រែប្រួល​អាកាសធាតុ និង​ភូមិសាស្ដ្រ​នយោបាយ​។

    ADB បាន​ឱ្យ​ដឹងថា ផលប៉ះពាល់​លើ​ពិភពលោក​ចាប់ពី​ 77 ​ពាន់​លាន​ដុល្លារ​ ទៅ​ 347 ​ពាន់​លាន​ដុល្លារ​ក្នុង​នោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មាន​ចំនួន​ 2 ​ភាគ​ 3 នៃ​ចំនួន​សរុប​។

    ADB បាន​បន្តថា ការរីក​រាលដាល​កូវីដ​-19 ​ជា​បន្ត​ប៉ះពាល់​ដល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងទៀត​តាមរយៈ​បណ្ដាញ​ជាច្រើន​ដែល​រួមមាន​ការធ្លាក់ចុះ​យ៉ាង​ខ្លាំង​ផ្នែក​តម្រូវការ​ក្នុងស្រុក ទេសចរណ៍ និង​ការធ្វើ​ដំណើរ​អាជីវកម្ម​កាន់តែ​ទាប ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការផលិត​ការរំខាន​ការផ្គង់ផ្គង់ និង​ផលប៉ះពាល់​ផ្នែក​សុខភាព​។

    បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​ភាគច្រើន​កំពុង​ឆ្លើយតប​នឹង​ការរីករាលដាល​កូវីដ-19​ រួចហើយ​តាម​មធ្យោបាយ​ផ្សេងៗ​។ រដ្ឋាភិបាល​ជាច្រើន​បាន​ប្រមូល​កម្លាំង​ពិសេស​អន្តរ​ភ្នាក់ងារ និង​យន្តការ​សម្របសម្រួល​ផ្សេងទៀត ដើម្បី​ធានា​ការឆ្លើយតប​ប្រកប​ដោយ​ការចុះ​សម្រុង​គ្នា​។ នេះ​បើ​យោងតាម ADB​។

    លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ដើមខែ​នេះ​បាន​ឲ្យ​ដឹងថា ​រដ្ឋាភិបាល​បាន​លៃ​ទុក​ប្រាក់​ចន្លោះ​ពី​ 800 ​លាន​ដុល្លារ ​ទៅ​ 2​ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​សេដ្ឋកិច្ច ដោយសារ​តែ​ការរីករាលដាល​កូវីដ-​19 ដែល​រួមទាំង​ 30លាន​ដុល្លារ ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ក្នុង​ការគាំទ្រ​ដល់​ក្រសួង​សុខាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​កូវីដ-​19៕

  • បុរស​ខ្មែរ​ 2នាក់ ត្រូវបានឱ្យទៅផ្ទះវិញក្រោយ​តេស្ដ​អវិជ្ជមាន ​2លើក នៅមន្ទីពេទ្យខេត្ដសៀមរាប

    បុរស​ខ្មែរ​ 2នាក់ ត្រូវបានឱ្យទៅផ្ទះវិញក្រោយ​តេស្ដ​អវិជ្ជមាន ​2លើក នៅមន្ទីពេទ្យខេត្ដសៀមរាប

    ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក ក្រុស សារ៉ាត់ ប្រាប់​សារព័ត៌​មាននៅ​រសៀល​ថ្ងៃទី​25 មីនា ថា បុរស​ជនជាតិខ្មែរ​ដែ​ល​មានការ​សង្ស័យ​ឆ្លង​ជំងឺ​កូ​វីដ-​19 ពី​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​នៅ​ព្រឹក​ថ្ងៃទី​25​នេះ​។ លោកពន្យល់ថា បុរស​ទាំង​2 ​មាន​សុខភាព​ធម្មតា ហើយ​បើ​រាប់​ចាប់ពី​ថ្ងៃទី​3 ពេល​ត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី គឺមាន​រយៈពេល ​21​ថ្ងៃ​ហើយ ដូច្នេះ​អ្នក​ទាំង​2 ​ពិតជា​គ្មាន​ជំងឺ​កូ​វីដ​-19​ឡើយ​។

    ​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​បញ្ជាក់ថា​៖« ក្រុមគ្រូពេទ្យ​បានផ្តល់​ប្រឹក្សា​យោបល់ និង​ឱ្យធ្វើ​អ្វី​ទៅតាម​ការណែនាំ​ពី​គ្រូពេទ្យ ជា​លក្ខណៈពិសេស​គឺ​ការធ្វើ​តេស្ដ​ត្រួតពិនិត្យ​ 2លើក លទ្ធផល​អវិជ្ជមាន ចឹ​ង​មានន័យថា ពួកគាត់​អត់​មាន​មេរោគ​ទេ​។

    តាមពិត យើង​គួរតែ​ឱ្យ​គាត់​ត្រឡប់ទៅផ្ទះ​តាំងពី​ថ្ងៃ​ដំបូង (​លទ្ធផល​តេស្ដ​) តែ​ខ្ញុំ​ចេះតែ​ខ្លាច បារម្ភ ដូច្នេះ​រយៈពេល​មួយ​សប្ដាហ៍​នេះ​គឺ​យើង​ធ្វើការ​យ៉ាង​ហ្មត់ចត់​បំផុត​»​៕

  • កម្ពុជាកំពុងសិក្សាពីការរឹបអូសម៉ាស់ និងបិទឱសថស្ថានចោលមិនឱ្យរកស៊ីមួយជីវិត បើឡើងថ្លៃម៉ាស់

    កម្ពុជាកំពុងសិក្សាពីការរឹបអូសម៉ាស់ និងបិទឱសថស្ថានចោលមិនឱ្យរកស៊ីមួយជីវិត បើឡើងថ្លៃម៉ាស់

    នៅក្នុងជំនួបជាមួយនឹងក្រុមនិស្សិតស្ម័គ្រចិត្តនាព្រឹកថ្ងៃទី24 ខែមីនា ឆ្នាំ2020នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា​ សម្តេច កំពុងសិក្សាលទ្ធភាពផ្លូវច្បាប់ ដើម្បីរឹបអូសម៉ាស់ដល់ផ្ទះប្រសិនបើអ្នកណានៅតែបន្តលក់ម៉ាស់ឡើងថ្លៃខ្លាំង។

    នៅក្នុងនោះដែរ សម្តេចក៏បញ្ជាក់ផងដែរថា ប្រសិនបើនៅតែមិនស្តាប់គ្នា មិនត្រឹមតែរឹបអូសនោះទេ គឺនឹងបិទឱសថស្ថាននោះចោលតែម្តង ហើយឈប់ឱ្យរកស៊ីមួយជីវិតចំពោះអ្នកដែលនៅតែដំឡើងថ្លៃ។

    ភ្លាមៗសម្តេចនាយករដ្ឋមន្ត្រីក៏ជំរុញឱ្យក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធពិនិត្យមើល និងប្រជាពលរដ្ឋចូលរួមរាយការណ៍ ដើម្បីធ្វើយ៉ាងណាកំណត់ចំនួនឱ្យជាក់លាក់ដើម្បីចាត់វិធានការណ៍៕

  • សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាគ្មានផែនការបិទភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារ និងរោងចក្រទេ

    សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាគ្មានផែនការបិទភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារ និងរោងចក្រទេ

    កម្ពុជានឹងបិទខេធីវី និងបិទក្លិបកម្សាន្ត តែកម្ពុជាគ្មាន​ផែនការបិទភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារ និងរោងចក្រទេ។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    សម្តេចមានប្រសាសន៍ថា អ្នកខ្លះរុញឱ្យយើងបិទទាំងអស់ តែបើបិទម្លឹងៗតើយើងរស់របៀបម៉េច? ហេតុនេះយើងមិនបិទនោះទេ តែយើងនឹងមានការប្រុងប្រយ័ត្នកុំឱ្យមានការប្រមូលផ្តុំមនុស្សច្រើន។ កន្លងមក​មានថ្នាក់ក្រោមខ្លះធ្វើលើស ត្រង់គេឱ្យបិទ​ត្រឹម​ខេធីវី និងក្លិបកម្សាន្ត តែ​គាត់ទៅបិទដល់ហាងកាហ្វេ កន្លែងលក់គុយទាវ និង​កន្លែងផ្សេងៗទៀត។

    សម្តេចតេជោ បានបញ្ជាក់ផងដែរថា ក្រៅពីបញ្ហាទាំងអស់នេះ កម្ពុជា​មិនបិទកម្មវិធីចូលឆ្នាំនោះទេ គ្រាន់តែកុំឱ្យមានការប្រមូលផ្តុំ ដោយប្រជាជន​អាចកម្សាន្តបាននៅតាមផ្ទះរៀងៗខ្លួនក្នុងឱកាសចូលឆ្នាំ។ ចំណែកឯការប្រគុំតន្ត្រីក៏នៅតែអនុញ្ញាតដែរ តែអនុញ្ញាតសម្រាប់ការផ្សាយនៅស្ថានីយដោយគ្មានអ្នកចូលមើល ហើយឱ្យអ្នកទស្សនានានាមើលតាមកញ្ចក់ទូរទស្សន៍វិញ៕

  • SuperComputer របស់អាមេរិក នឹងយកទៅប្រើការប្រយុទ្ធប្រឆាំងវីរុស COVID-19 លឿនដល់ 30លានពាន់លានដងក្នុង 1វិនាទី

    SuperComputer របស់អាមេរិក នឹងយកទៅប្រើការប្រយុទ្ធប្រឆាំងវីរុស COVID-19 លឿនដល់ 30លានពាន់លានដងក្នុង 1វិនាទី

    កំពូល​កុំព្យូទ័រ​ SuperComputer អាច​ដំណើរ​ការ​នូវ​ទិន្នន័យ​ទំហំ​ដ៏ធំ​មហិមា ហើយ​អាច​បង្កើត​នូវ​​ការ​សាក​ល្បង​ដ៏ស្មុគស្មាញ​នៃ​អត្តចរិត​របស់​ម៉ូលេគុល ​បាន​ល្បឿន​ជាង​កុំព្យូទ័រ​ដទៃ​ទៀត។ ដូច​នេះ ​គេ​សង្ឃឹម​ថា ​វា​នឹង​ជួយ​ពន្លឿន​ល្បឿន​ក្នុង​ការ​ប្រយុទ្ធ​នឹង​កូវីដ​-19។

    ក្រៅ​ពី​មាន​ការ​ចូល​រួម​ជា​សមាជិក​ ពី​សំណាក់​អ្នក​ជំនាញ​ជា​ច្រើន​ហើយ​នោះ Google Cloud, Amazon Web Services និង Microsoft ​ក៏​ជា​ផ្នែក​មួយ​នៃ​សហព័ន្ធ​នេះដែរ ហើយ​ពួក​គេ​នឹង​ផ្ដល់​សិទ្ធិឱ្យ​ប្រើ​ប្រាស់​សេវាកម្ម Cloud របស់​ពួក​គេ ដើម្បី​ពន្លឿន​កិច្ចការ​ស្រាវជ្រាវ។

    កំពូល​កុំព្យូទ័រ​​ ដែល​ក្នុង​នោះ​រួម​មាន​ឈ្មោះ supercomputers Summit ផង​​នោះ (កំពូល​កុំព្យូទ័រ​កម្លាំង​ខ្លាំង​ជាង​គេ​ក្នុង​លោក) គឺ​គ្រប់​គ្រង​ដោយ​សមាជិក​នៃ​​សហព័ន្ធ​ COVID-19 High Performance Computing ដែល​បាន​ប្រកាស​បង្កើត​ឡើង​នា​ថ្ងៃ​នេះ​ដោយ​ការិយាល័យ​សេតវិមាន​។

    ​កំពូល​កុំព្យូទ័រ​ទាំង 16 គឺ​មាន​​សមត្ថភាព​នៃ​ការ​គណនា​ក្នុង​ល្បឿន 330 Petaflop ដែល​មាន​ន័យ​ថា ​ពួក​វា​អាច​ធ្វើ​ការ​គណនា​បាន​ 330លាន​ពាន់​លាន​ដង​ក្នុង​ 1​វិនាទី។ គ្រាន់​តែ Summit តែ​ឯង ​គឺ​មាន​សមត្ថភាព​ដល់ 200 Petaflop ឯណោះ កន្លង​មក​គឺ​មាន​ដំណឹង​​ថា ​កំពូល​កុំព្យូទ័រ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​-19។

    ជាក់​ស្ដែង​​ការ​បញ្ជាក់​ ​​ពី​​វេបសាយ​​របស់​ក្រុមហ៊ុន IBM បាន​ឱ្យ​ដឹង​ថា ​​ក្រុម​ការងារ​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Tennessee និង​មន្ទីរ​ពិសោធន៍​ Oak Ridge National បាន​ប្រើ​ប្រាស់​ Summit ​ដើម្បី​​បង្កើត​ការ​​​​សាក​ល្បង​មើល​​​​ពី​ម៉ូលេគុល​ចំនួន 8ពាន់​ផ្សេង​គ្នា។​

    ជា​លទ្ធផល​គេ​​អាច​ស្វែង​រក​ម៉ូលេគុល​ជាប់​ជា​បេក្ខភាព​ចំនួន 77 ម៉ូលេគុល ដែល​អ្នក​ស្រាវជ្រាវ​ដទៃ​ទៀត​អាច​តេស្ត​ក្នុង​ដំណាក់​កាល​សាក​ល្បង​ថា ​វា​អាច​ព្យាបាល​កូវីដ​-19 បាន​ឬ​យ៉ាង​ណា?៕

  • អ្នកវិទ្យាសាស្រ្ត កំពុងតេស្តឧបករណ៍សំឡេងក្អក បច្ចេកវិទ្យា AI បើជោគជ័យបន្តតេស្តរក COVID-19

    អ្នកវិទ្យាសាស្រ្ត កំពុងតេស្តឧបករណ៍សំឡេងក្អក បច្ចេកវិទ្យា AI បើជោគជ័យបន្តតេស្តរក COVID-19

    FluSense ជា​ឧបករណ៍​ស្រូប​​សំឡេង​ ដូច​ទៅ​នឹង​ microphone ប៉ុន្តែ​វា​ឆ្លាត​វៃត្រង់​ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា AI បង្ហាញ​ចេញ​ជា​ភាគ​រយ​ ដើម្បី​វិភាគ​ថា តើ​មនុស្សម្នាក់នោះ​ឈឺ​ឬ​ក៏​អត់?។

    ​សហស្ថាបនិក ​លោក Tauhidur Rahman ផលិត​ឧបករណ៍​ដ៏​មាន​សារៈ​សំខាន់​នេះបាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ដាក់​វា​​សាក​ល្បង​នៅ​បន្ទប់​រង់​ចាំ​នៅ​ក្នុង​បរិវេណ Campus សាកលវិទ្យាល័យ ​ចំនួន 4កន្លែង​ (Campus Clinic)។ ជា​លទ្ធផល​ប្រមូល​បាន​ទិន្នន័យបាន​គួរ​ឱ្យ​កត់​សម្គាល់​ FluScense ចាប់គំរូ​​បាន 21លាន​សំឡេង​ដែល​គ្មាន​បញ្ហា និង​វិភាគ​បាន​ 350 000 សង្ស័យ​ថា​ កំពុង​ចេញ​រោគ​សញ្ញា​ (Thermographic cameras) ។

    ឧបករណ៍នេះ ទើប​នឹង​បង្កើត​បាន​ជា​រូបរាង​ដោយ​​អ្នក​ស្រាវជ្រាវ​​ 1ក្រុម​មក​ពី​មហាវិទ្យាល័យ​វិទ្យសាស្រ្ត​កុំព្យូទ័រ​នៃ​សាកលវិទ្យាល័យ Massachusetts Amherst សហរដ្ឋ​អាមេរិក។ ដំណើរការ​ FluSense ​គឺតាមដាន​​ជា​បឋម​​នូវ​ចង្វាក់​ដង្ហើម​​ធម្មតា ឬ​មិន​ប្រក្រតីទៅ​តាម​សីតុណ្ហភាព​ក្នុង​ខ្លួន ចំនួន​ដងនៃការ​ដក​ដង្ហើម និង​ការក្អក ឬកណ្ដាស់​ជាដើម។

    ​ត្រឹម​តែ​ការ​សាកល្បង ស្ថាបនិក​ដដែល​ មាន​សុទិដ្ឋិនិយម​ថា​ ម៉ូដែល​ឧបករណ៍​នេះ​នឹង​អាច​ធ្វើ​ការ​បាន​ល្អ​ចាប់​បាន​ទម្រង់​ជា​វីរុស​ COVID-19 ឬ SARS ផង​ដែរ​ ប្រសិន​ណា​បើ​អភិវឌ្ឍ​វា​បន្ថែម​ទៀត។ លើសពី​នេះ​ទៀត​ លោក​ក៏​បាន​ជួប​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ ដើម្បី​ឱ្យឧបករណ៍​នេះ​បាន​តេស្ត​ផ្ទាល់ស្វែង​រក​កម្រិត​ដែលអាច​ទុក​ចិត្ត​បាន​៕