Tag: កិច្ចព្រមព្រៀង

  • ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

    ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

    ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន​វៀតណាម Thai Binh Hung Thinh (Thai Hung) នឹង​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​នៅ​ឆ្នាំក្រោយ។

    កាលពី​ថ្ងៃទី 28 មិថុនា 2023 ក្រុមហ៊ុន Thai Hung របស់​វៀតណាម និង​ក្រុមហ៊ុន Roding Mobility របស់​អាល្លឺម៉ង់ បាន​ចុះ​កិច្ចព្រមព្រៀង​ស្រាវជ្រាវ អភិវឌ្ឍ និង​ផលិត​ម៉ូតូ​អគ្គិសនី រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​ប្រទេស​វៀតណាម។

    យោងតាម​កិច្ចព្រមព្រៀង​ខាងលើ Roding នឹង​ទទួលខុសត្រូវ​ក្នុង​ផ្នែក​ព្រឹក្សា​យោបល់​លើ​បញ្ហា​បច្ចេកទេស គ្រប់គ្រង​ដំណាក់កាល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ផលិតផល រហូតដល់​ផលិត​បានជា​ស្ថាពរ។ ក្រោយមក បច្ចេកវិទ្យា​ទាំងមូល​របស់​ពួកគេ​នឹងត្រូវ​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន​វៀតណាម Thai Hung។

    ក្រុមហ៊ុន​វៀតណាម​នឹង​ទទួល​បច្ចេកវិទ្យា​ពី Roding ដើម្បី​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​វៀតណាម ដើម្បី​លក់​ក្នុងស្រុក។

    រោងចក្រ​របស់​ពួកគេ​នឹង​អាច​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​សរុប​បាន 15,000 គ្រឿង/ឆ្នាំ ក្នុងនោះ​រថយន្ត​អគ្គិសនី​នឹងមាន​ប្រហែល 5,000 គ្រឿង/ឆ្នាំ។ តាម​គម្រោង រោងចក្រ​ខាងលើ​នឹង​ដំណើរការ​ចាប់ពី​ត្រីមាស​ទី​បួន ឆ្នាំ 2023។ ផលិតផល​ដំបូង​របស់​ក្រុមហ៊ុន​ខាងលើ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ 2024។

    ដូច្នេះ Thai Hung នឹង​ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទី​បី​ដែលមាន​រោងចក្រ​ដំឡើង​នៅ​វៀតណាម បន្ទាប់ពី VinFast របស់​មហាសេដ្ឋី​វៀតណាម និង Wuling របស់​ចិន៕

  • ឥណ្ឌូណេស៊ី​ចំណាយ​ជាង 380 លាន​ដុល្លារ​អាម៉េរិក ទិញ​ឧបករណ៍​ការ​ពារ​ជាតិ​ 13 គ្រឿង

    ឥណ្ឌូណេស៊ី​ចំណាយ​ជាង 380 លាន​ដុល្លារ​អាម៉េរិក ទិញ​ឧបករណ៍​ការ​ពារ​ជាតិ​ 13 គ្រឿង

    កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​រ៉ា​ដា GM-403 ចំនួន 13 គ្រឿង ត្រូវបាន​ក្រុម​ហ៊ុន​ឥណ្ឌូណេស៊ី និង​បារាំង ចុះហត្ថលេខា​កាលពី​ថ្ងៃទី 20 មេសា 2022 ក្រោម​វត្តមាន​របស់​ប្រធានាធិបតី និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី។

    យោងតាម​ព័ត៌មាន​ពី​ឥណ្ឌូណេស៊ី រដ្ឋាភិបាល​នៅ​ហ្សា​ការ​តា បាន​បញ្ជា​ទិញ​ប្រព័ន្ធ​រ៉ា​ដា​បញ្ជា​បាញ់​ស្កាត់​ពី​ដី (GCI) GM-403 ដែល​ផលិត​ដោយ​ក្រុមហ៊ុន Thales របស់​បារាំង​ ចំនួន 13 គ្រឿង ក្នុងតម្លៃ 354 លាន​អឺរ៉ូ (ប្រហែល​នឹង 386.23 លាន​ដុល្លារ​អាម៉េរិក)។

    កាលពី​ថ្ងៃទី 28 មិថុនា 2023 លោក Edwin Adrian Sumantha ប្រធានការិយាល័យ​ទំនាក់ទំនង​សាធារណៈ​របស់​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី បាន​និយាយថា ប្រព័ន្ធ​រ៉ា​ដា GCI មានតម្លៃ​ប្រហែល 30 លាន​ដុល្លារ​អាម៉េរិក​/គ្រឿង។

    កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​រ៉ា​ដា GM-403 ចំនួន 13 គ្រឿង ត្រូវបាន​ក្រុម​ហ៊ុន​ Thales និង​ក្រុមហ៊ុន​ឧស្សាហកម្ម​ការពារជាតិ PT Len Industri Indonesia ចុះហត្ថលេខា​កាលពី​ថ្ងៃទី 20 មេសា 2022 ក្រោម​វត្តមាន​របស់​ប្រធានាធិបតី និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី។​

    ការប្រគល់ និង​ទទួល​ទំនិញ​ខាងលើ​នឹង​ត្រូវបាន​អនុវត្ត​ក្នុងអំឡុង 48 ខែ រាប់​ចាប់ពីពេល​​កិច្ចព្រមព្រៀង​មាន​សុពលភាព។

    ប្រព័ន្ធ​រ៉ា​ដា GCI GM-403 ដែល​មាន​រង្វង់​ប្រតិបត្តិកា​រ 450 គីឡូម៉ែត្រ នឹង​ដើរតួនាទី​ជា​អ្នក​នាំ​ផ្លូវ​សម្រាប់​យន្តហោះ​ចម្បាំង​ស្ទាក់​វាយ និង​យន្តហោះ​ប្រមាញ់​នាវាមុជទឹក​របស់​កង​ទ័ព​ឥណ្ឌូណេស៊ី ក្នុងការ​ប្រយុទ្ធ។

    កិច្ចព្រមព្រៀង​ខាងលើ​ក៏​រាប់បញ្ចូល​ទាំង​ផែនការ​ផ្ទេរ​បច្ចេកវិទ្យា​សម្រាប់​ប្រព័ន្ធ​រ៉ា​ដា​យោធា និង​ស៊ីវិល ការថែទាំ ក៏ដូចជាការ​​អភិវឌ្ឍ​សម្រាប់​ការធ្វើ​សម​កាល​កម្ម​ប្រព័ន្ធ​រ៉ា​ដា​ជាតិ​របស់​ឥណ្ឌូណេស៊ី​ផងដែរ៕

  • សហរដ្ឋ​អាម៉េរិក​អនុម័ត​លក់ប្រព័ន្ធ​មីស៊ីល Patriot តម្លៃ 15 ពាន់​លាន​ដុល្លារ​​ឱ្យ​​ប៉ូឡូញ

    សហរដ្ឋ​អាម៉េរិក​អនុម័ត​លក់ប្រព័ន្ធ​មីស៊ីល Patriot តម្លៃ 15 ពាន់​លាន​ដុល្លារ​​ឱ្យ​​ប៉ូឡូញ

    សហរដ្ឋ​អាម៉េរិក បានប្រកាសថា ប្រទេស​ប៉ូឡូញ​នឹង​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល Patriot រួម​នឹង​ឧបករណ៍​ដែល​ទាក់ទង ទៅតាម​កិច្ចសន្យា​មួយ​ដែលមាន​តម្លៃ​ប្រហែល 15 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ការ​ទិញដូរ​អាវុធ​នេះ​នឹង​ជួយ​ឱ្យ​ប៉ូឡូញ​បង្កើន​សមត្ថភាព​ការពារ​មី​ស៊ី​ល រួមចំណែក​ជំរុញ​ឱ្យ​ប្រទេស​នេះ​សម្រេចបាន​គោលដៅ​លើកកម្ពស់​សមត្ថភាព​ក​ង​ទ័ព។ នេះ​បើតាម​ស្ថាប័ន​សហប្រតិបត្តិការ​ណ៍ស​ន្តិ​សុខ​ជាតិ (DSCA) នៃ​ក្រសួងការពារជាតិ​អាម៉េរិក ដែល​បានឱ្យដឹង​កាលពី​ថ្ងៃទី 28 មិថុនា 2023។

    ការលក់​អាវុធ​តម្លៃ 15 ពាន់​លាន​ដុល្លារ​ដែល​ត្រូវបាន​ក្រសួងការបរទេស​អាម៉េរិក​យល់ព្រម​រួចហើយ​នេះ ​នឹង​រួមមាន ប្រព័ន្ធ​មី​ស៊ី​ល Patriot PAC-3 ចំនួន 48 គ្រឿង, មី​ស៊ី​ល​វាយ​ស្កាត់ Patriot PAC-3 MSE ចំនួន 644 គ្រឿង អម​នឹង​រ៉ា​ដា និង​ឧបករណ៍​គ្រប់គ្រង​ក្នុង​ប្រព័ន្ធ។ ក្រុមហ៊ុន​ដែល​ទទួលខុសត្រូវ​ក្នុង​ការលក់​អាវុធ​នេះ​គឺ Raytheon និង Lockheed Martin។

    ប្រកាស​ខាងលើ​របស់​ក្រុមមន្ត្រី​អាម៉េរិក មិនបាន​លើកឡើងថា ពួកគេ​បាន​ចុះ​កិច្ចព្រមព្រៀង​រួចហើយ ឬ​ការចរចា​បានបញ្ចប់​ហើយ ឬ​នៅ។

    ក្រុម​ប្រទេស​ជា​សមាជិក​ណា​តូ នៅ​អឺរ៉ុប​ខាងកើត កំពុងតែ​ប្រញាប់​បង្កើន​សមត្ថភាព​ការពារជាតិ បន្ទាប់ពី​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​តាំងពី​ខែកុម្ភៈ 2022។

    កាលពី​ខែមករា ឆ្នាំ 2023 ប៉ូឡូញ​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​រថក្រោះ M1A1 Abrams ចំនួន​ជាង 110 គ្រឿង​ពី​សហរដ្ឋ​អាម៉េរិក រួម​នឹង​ឧបករណ៍​យោធា​ជាច្រើន​ទៀត​ដែលមាន​តម្លៃ​សរុប 1.4 ពាន់​លាន​ដុល្លារ។ កាលពី​ឆ្នាំ 2022 ទីក្រុង​វ៉ា​សូវី​បាន​បញ្ជា​ទិញ​រថក្រោះ M1A2 Abrams ចំនួន 250 គ្រឿង ដែល​គ្រោង​នឹង​ទទួលបាន​ចាប់ពី​ឆ្នាំ 2025 ដល់ 2026៕

  • យន្តហោះ​ដឹក​អ្នកដំណើរ​ល្បឿន​លឿន​ជាង​សំឡេង Overture អាច​ហោះ​បាន​ជាង 2,000 គីឡូម៉ែត្រ/ម៉ោង

    យន្តហោះ​ដឹក​អ្នកដំណើរ​ល្បឿន​លឿន​ជាង​សំឡេង Overture អាច​ហោះ​បាន​ជាង 2,000 គីឡូម៉ែត្រ/ម៉ោង

    យន្តហោះ Overture របស់​ក្រុមហ៊ុន​អាម៉េរិក Boom Supersonic បំពាក់​ម៉ាស៊ីន​ដែលមាន​កម្លាំង​រុញច្រាន 16 តោន គ្រោង​នឹង​អាច​ដឹក​អ្នកដំណើរ​បាន​ពី 65 ទៅ 80 នាក់។

    នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​អាកាសចរណ៍​ Paris Air Show ចាប់ពី​ថ្ងៃទី 19 ដល់ 25 មិថុនា នៅ​ទីក្រុង​ប៉ារីស ក្រុមហ៊ុន Boom Supersonic បានប្រកាស​កិច្ចព្រមព្រៀង​ជា​បន្តបន្ទាប់​ជាមួយនឹង​អ្នកផ្គត់ផ្គង់ថ្មីៗ និង​បង្ហើប​ឱ្យដឹងខ្លះៗអំពី​គម្រោង​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង Overture និង​ម៉ាស៊ីន Symphony។ នេះ​បើតាម​ទំព័រ New Atlas។

    បណ្ដា​ដៃគូថ្មីៗរបស់ Boom Supersonic រួមមាន​ដូចជា ក្រុមហ៊ុន​អ៊ីតាលី Leonardo, ក្រុមហ៊ុន​អេ​ស្ប៉ា​ញ Aernnova និង Aciturri ជាដើម។ ក្រៅពីនេះ Boom Supersonic ក៏​ប្រកាស​ព័ត៌មាន​ស្ដីពី​ប្រព័ន្ធ​ហោះហើរ បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និ​ច ឧបករណ៍​ចុះចត ក៏ដូចជា​ម៉ាស៊ីន​សម្រាប់​យន្តហោះ​នេះ​ផងដែរ។

    ក្នុងនោះ ឥន្ធនៈ SAF (SAF-Sustainable aviation fuels) ក៏​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​យន្តហោះ Overture។ SAF គឺជា​ឥន្ធនៈ​អាកាសចរណ៍​ដែល​ត្រូវបាន​កំណត់ថា អាច​កកើត​ឡើងវិញ​បាន។

    តាម​គម្រោង Overture នឹង​អាច​ដឹក​អ្នកដំណើរ​បាន​ចាប់ពី 65 ដល់ 80 នាក់ និង​អាច​ហោះ​ក្នុង​ល្បឿន​កម្រិត Mach 1.7 (លឿន​ជាង​សំឡេង 1.7 ដង) ឬ​ប្រហែល​នឹង 2,100 គីឡូម៉ែត្រ/ម៉ោង ពេល​ហោះ​លើ​សមុទ្រ។ Overture អាច​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ចាប់ពី​ឆ្នាំ 2029៕

  • Beckham ចំណាយ​មួយ​ពាន់​លាន​ដុល្លារ​ដើម្បី «បម្រើ» ដល់ Messi ក្នុង​ការ​​ប្រកួត​នៅ​សហរដ្ឋ​អាម៉េរិក

    Beckham ចំណាយ​មួយ​ពាន់​លាន​ដុល្លារ​ដើម្បី «បម្រើ» ដល់ Messi ក្នុង​ការ​​ប្រកួត​នៅ​សហរដ្ឋ​អាម៉េរិក

    កីឡាដ្ឋាន​ថ្មី​របស់​ក្លឹប Inter Miami ដែល​ត្រូវ​ចំណាយ​ប្រាក់​ឡើងដល់​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក កំពុងស្ថិត​ក្នុងដំណាក់កាល​បង្ហើយ​ការងារ​ចុងក្រោយ មុននឹង​ដាក់ឱ្យ Messi និង​មិត្ត​រួម​ក្រុម​ប្រើប្រាស់។

    គម្រោង​ស្ថាបនា​កីឡាដ្ឋាន​ថ្មី​​ស្ថិតនៅ​លើដី​មួយកន្លែង​មានឈ្មោះ​ថា Miami Freedom Park ​លាតសន្ធឹង​ក្បែរ​ឆ្នេរសមុទ្រ​របស់​រដ្ឋ Florida ទំហំ 73,000 ហិកតា អម​នឹងអ្វីៗជាច្រើន​ទៀត​ដែល​នឹង​ទាក់ទាញ​សាធារណជន​ក្នុងពេល​ខាងមុខ។ ក្នុងនោះ​មាន​ជាអាទិ៍ ឧទ្យាន​ធំ​បំផុត​ប្រចាំ​ទីក្រុង សណ្ឋាគារ ហាង និង​ភោជនីយដ្ឋាន​លំដាប់​ប្រណិត។ល។

    កីឡដ្ឋាន​ថ្មី​នេះ​នឹង​ជា​កន្លែង​សម្រាប់​ហ្វឹកហាត់​របស់​ក្រុម​ទីមួយ​ក្នុង​​ក្លឹប Inter Miami និង​បណ្ដា​ក្រុម​វ័យក្មេង​របស់​វិទ្យាស្ថាន Inter Miami ដែល​រួមមាន​ចាប់ពី​ក្រុម U12 ដល់ U17 និង​​ស្ថិតក្នុង​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​យូរអង្វែង​នៅ Miami និង​សហរដ្ឋ​អាម៉េរិក ដែល​មាន​ឈ្មោះថា MLS NEXT។

    David Beckham និង Lionel Messi កាល​ពី​ឆ្នាំ 2013

    Lionel Messi ​ក្លាយជា​មនុស្ស​រប​ស់​ក្លឹប Inter Miami នៅ​ថ្ងៃ​ដំបូង​របស់​ខែកក្កដា ឆ្នាំ 2023 ក្រោយពី​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប​បារាំង PGS ​អស់​សុពលភាព។

    កីឡដ្ឋាន​បាល់ទាត់​ខាងលើ​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​នៅ​ឆ្នាំក្រោយ បន្ទាប់ពី​បានចាប់ផ្ដើម​ស្ថាបនា​តាំងពី​ឆ្នាំ 2019៕

  • កីឡាករ CR7 អះអាង​ពី​រឿង​ត្រលប់​ទៅកាន់​វាលស្មៅ​អឺរ៉ុប

    កីឡាករ CR7 អះអាង​ពី​រឿង​ត្រលប់​ទៅកាន់​វាលស្មៅ​អឺរ៉ុប

    បណ្ដាញ​ផ្សព្វផ្សាយ​អន្តរជាតិ​ផ្នែក​កីឡាបាល់ទាត់ ឱ្យដឹងថា Cristiano Ronaldo បានបញ្ជាក់​អំពី​អនាគត​ទាក់ទិន​នឹង​រឿង​ចាក​ចេញពី​ក្លឹប​នៅ​តំបន់​អារ៉ាប់ ទៅកាន់​តំបន់​អឺរ៉ុប។

    ក្នុង​សប្ដាហ៍​នេះ ទំព័រ El Nacional បាន​ផ្សាយ​ថា កីឡាករ​ខ្សែប្រយុទ្ធ​ជនជាតិ​ព័រទុយហ្កាល់ Cristiano Ronaldo នៅ​តែ​គោរព​ទាំងស្រុង​ចំពោះ​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​រវាង​ខ្លួន និង​ក្លឹប Al Nassr នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ក្រោយពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា CR7 អាច​នឹង​វិល​ទៅ​​ទាត់​ឱ្យ​ក្លឹប​​នៅ​អឺរ៉ុបឆាប់ៗនេះ។​​​

    ទំព័រសារព័ត៌មាន​ខា​ង​លើ​បន្ថែមថា Cristiano Ronaldo បាន​បញ្ជាក់ដែរថា នឹងមិន​បង្ហាញ​វត្តមាន​នៅលើ​វាលស្មៅ​អឺរ៉ុប​ឡើយ សម្រាប់​រដូវ​កាល​ទិញដូរ​កីឡាករ​នា​រដូវក្ដៅ​ឆ្នាំនេះ។

    បច្ចុប្បន្ន Cristiano Ronaldo ទទួលបាន​ប្រាក់ 3.3 លាន​ផោន​ក្នុង​មួយ​សប្ដាហ៍​ពី​ក្លឹប Al Nassr នៅ​​អា​រ៉ា​ប៊ី​សា​អូឌីត នៅក្នុង​កិច្ចព្រមព្រៀង​តម្លៃ 428 លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ពីរ​រដូវ​កាល។

  • ប្រធានាធិបតី​បារាំង​ថ្លែង​អំពី​រឿង​អនាគត​របស់ Kylian Mbappe

    ប្រធានាធិបតី​បារាំង​ថ្លែង​អំពី​រឿង​អនាគត​របស់ Kylian Mbappe

    ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ថ្លែងថា លោក​នឹង​ព្យាយាម​បញ្ចុះបញ្ចូល Kylian Mbappe ឱ្យនៅ​ជាមួយ​ក្លឹប Paris Saint-Germain ម្ដងទៀត នៅ​រដូវក្ដៅ​ឆ្នាំនេះ។

    លោក Emmanuel Macron បញ្ជាក់ថា លោក​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការជជែក​គ្នា​ម្ដងទៀត​ជាមួយនឹង Mbappe ក្នុង​បំណង​បញ្ចុះបញ្ចូល​ឱ្យ​កីឡាករ​បារាំង​រូបនេះ​លេង​បាល់​ឱ្យ​ក្លឹប​ក្នុងស្រុក។ ប្រសាសន៍​របស់លោក Emmanuel Macron ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី Mbappe កាលពីពេលថ្មីៗនេះ បានប្រកាស​ជា​ផ្លូវការ​ថា មិនមាន​បំណង​ពន្យារ​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប PSG និង​ត្រូវ​ចាកចេញ​ក្រោយពី​ចប់​កិច្ចសន្យា។ ចំណែក PSG ក៏បាន​ប្រកាស​អំពី​តម្លៃ​ខ្លួន 200 លាន​អឺរ៉ូ​របស់ Mbappe។

    លោក Emmanuel Macron ថ្លែងថា «Mbappe គឺជា​កីឡាករ​ឆ្នើម និង​ស្ថិតក្នុង​លំដាប់​កំពូល ដូចដែល​គ្រប់គ្នា​បានដឹង។ ដូច្នេះ គាត់​មាន​ទំនោរ​ទៅរក​ការធ្វើ​ចំណាកស្រុក​ដើម្បី​អភិវឌ្ឍ​សមត្ថភាព និង​យកឈ្នះ​លើ​ឧបសគ្គ​ថ្មី​ក្នុង​អាជីព»។ លោក​បន្ថែមថា «ក៏ប៉ុន្តែ បច្ចុប្បន្ន ខ្ញុំ​មិនមាន​ដំណឹង​ល្អ​ណាមួយ​សម្រាប់​គ្រប់គ្នា តែ​យ៉ាងណាក៏ដោយ ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យអស់​ពី​លទ្ធភាព (ក្នុង​ការ​បញ្ចុះ​បញ្ចូល​ Mbappe) ដូច​អ្វីដែល​ខ្ញុំ​បានធ្វើ​កន្លងមក»។

    លោក Emmanuel Macron លើកទឹកចិត្ត Kylian Mbappe នៅ World Cup 2022

    កាលពី​ឆ្នាំមុន ប្រធានាធិបតី​បារាំង ក៏បាន​ជជែក​គ្នា​ជាមួយ Mbappe ទាក់ទង​នឹង​អនាគត​របស់​កីឡាករ​នេះ ហើយ PSG ក៏​រក្សាបាន Mbappe ​មួយឆ្នាំ​ទៀត។ ក៏ប៉ុន្តែ លើក​នេះ ស្ថានភាព​នៅ​ក្លឹប PSG ហាក់​មិនល្អ​ប្រសើរ គ្រា​ដែល​កីឡាករកំពូលៗរបស់​ក្លឹប​នេះ មានដូចជា Messi ជាដើម ត្រូវបាន​អ្នកគាំទ្រ​របស់ PSG ធ្វើបាប​ផ្លូវចិត្ត ហើយ​ជើង​ខ្លាំង​ខ្លះ​ក៏​ចាកចេញ ឬ​មាន​បំណង​ចាក​ចេញ​​ជា​បន្តបន្ទាប់ ស្រប​ពេលដែល​ទីផ្សារ​ក្រៅប្រទេស​កំពុង​មានភាព​​ទាក់ទាញ​ខ្លាំង៕

  • ក្លឹប​បាល់​ទាត់ PSG ប្រកាស​អំពី​តម្លៃ​ខ្លួន​របស់​កំពូល​​កីឡាករ​ Mbappe

    ក្លឹប​បាល់​ទាត់ PSG ប្រកាស​អំពី​តម្លៃ​ខ្លួន​របស់​កំពូល​​កីឡាករ​ Mbappe

    ម្ចាស់ជើង​ឯក​ពាន​រង្វាន់ Ligue 1 ទំនង​ជា​នឹង​ទទួល​យក​ការ​លក់​ Kylian Mbappe ក្នុង​តម្លៃ​ 160 លាន​ដុល្លារអាម៉េរិក​ ក្នុង​ពេល​ឆាប់​ៗ​ ព្រោះ​មិន​ចង់​ប្រឈម​នឹង​ហានិភ័យ​ត្រូវ​បាត់​បង់​កីឡាករ​នេះទទេ​ៗ​ ​នៅ​រដូវ​ក្ដៅ​ឆ្នាំ 2024​។

    យោង​តាម​ ESPN ប្រធាន​ Nasser Al Khelaifi យល់​ព្រម​ឱ្យ​ Mbappe ចាក​ចេញ​នៅ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ 2023​ បើសិន​ជា​ទទួល​បាន​ប្រាក់​ដោះ​ដូរ​ 150 លាន​អឺរ៉ូ (ប្រហែល 160 លាន​ដុល្លារ​អាម៉េរិក)​ ព្រោះ​ថា សុពលភាព​កិច្ច​ព្រម​ព្រៀង​របស់​ Mbappe នៅ​ក្លឹប​ PSG នេះ នៅ​សល់​តែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។

    សារព័ត៌មាន​ខាងលើ​ក៏​បាន​ឱ្យ​ដឹង​ថា ក្លឹប​ថ្មី​របស់ Mbappe អាច​ជា​ Real បើ​សិន​ចាក​ចេញ​ពី PSG។ ចំណែកសារព័ត៌មាន​បារាំង L’Équipe ក៏​បាន​ផ្សាយ​ថា ក្លឹប Real បាន​​ត្រៀមខ្លួន​រួច​រាល់​ដើម្បី​ដោះ​ដូរ​យក​ Mbappe ដោយ​មិន​រង់​ចាំ​ទិញ​ក្នុង​ក្រម​ខណ្ឌ​កីឡាករ​សេរី​នៅ​រដូវ​ក្ដៅ​ឆ្នាំ​ក្រោយ​។

    PSG កំពុងស្ថិត​ក្នុង​ការ​ប្រែប្រួល​ខ្លាំង​នៅ​រដូវ​កាល​នេះ​។​ Sergio Ramos, Lionel Messi បាន​ចាក​ចេញ​ទៅ​តាម​ទម្រង់​សេរី ខណៈ​ដែល Neymar ទទួល​បាន​សំណើទិញ​ក្នុង​តម្លៃ​ 300 លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ​ ពី​​ក្លឹប Al Hilal នៅ​អារ៉ាប៊ីសាអូឌីត​​។ ចំណែក​ Mbappe វិញ​ក៏​បាន​ជូន​ដំណឹង​អំពី​ការ​​មិន​ពន្យារ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្លឹប​នេះ​ផងដែរ​។

    ទំព័រ ESPN យល់​ថា ការ​ចាកចេញ​របស់ Mbappe នឹង​បង្ក​ការ​ខាត​បង់​ធំ​សម្រាប់ PSG ព្រោះ​ថា បច្ចុប្បន្ន​កីឡាករ​រូប​នេះ​ត្រូវ​បាន​ចាត់ទុក​ថា ​ជា​និមិត្ត​រូប​របស់​ប្រទេស​បារាំង​ ដោយ​ត្រូវ​បាន​វាយ​តម្លៃ​ថា​ជា​តារា​ធំបំផុត​​បន្ទាប់​ពី​ Messi និង Ronaldo​៕

  • Mbappe មិន​ព្រម​​ពន្យារ​សុពលភាព​កិច្ច​សន្យា​ជាមួយ​ក្លឹប​បារាំង PSG

    Mbappe មិន​ព្រម​​ពន្យារ​សុពលភាព​កិច្ច​សន្យា​ជាមួយ​ក្លឹប​បារាំង PSG

    ក្លឹប​ PSG កំពុង​ពិចារណា​លើ​ការ​លក់​ Kylian Mbappe នៅ​ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ជន​ជាតិ​បារាំង​រូប​នេះ​បាន​ប្រកាស​ថា នឹង​មិន​ពន្យារ​សុពលភាព​នៃ​កិច្ច​ព្រមព្រៀង​ដល់​ខែ​មិថុនា 2025​។

    មុន​ពេល​រដូវ​កាល​ទិញ​ដូរ​កីឡាករ​នៅ​រដូវ​ក្ដៅ​ឆ្នាំ 2022 ត្រូវ​បាន​ធ្វើ​ឡើង PSG បាន​ប្រកាស​ថា បន្ត​សុពលភាព​កិច្ច​ព្រម​ព្រៀង​បី​ឆ្នាំ​ជាមួយ​នឹង Mbappe។ ក៏ប៉ុន្តែ យោង​តាម​សារព័ត៌មាន​បារាំង L’Équipe កិច្ច​សន្យា​នេះ​មាន​រយៈ​ពេល​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​នោះ​មានការ​​កំណត់​ថា ឆ្នាំ​ចុង​ក្រោយ​ត្រូវ​ការ​ការ​យល់​ព្រម​ពី Mabppe ហើយ​មាន​សុពលភាព​ត្រឹម​តែ​ថ្ងៃទី 31 កក្កដា 2023​។

    ក៏ប៉ុន្តែ សារព័ត៌មានបារាំង​​មួយ​ផ្សេង​ទៀត​ គឺ Le Parisien បាន​ផ្សាយ​ថា ថ្ងៃ​ទី 12 មិថុនា (ម៉ោង​នៅ​ប៉ារីស) Mbappe ផ្ញើ​សំបុត្រ​ទៅ​កាន់​គណៈ​គ្រប់​គ្រង​ក្លឹប PSG ដើម្បី​ប្រកាស​អំពី​ការ​សម្រេច​ចិត្ត​មិន​បន្ត​កិច្ច​សន្យា​មួយ​ឆ្នាំ​ទៀតដែល​អូស​បន្លាយ​ដល់​ឆ្នាំ 2025 នោះ​ឡើយ​។

    ប្រការ​ខាងលើ​នេះ​មាន​ន័យ​ថា ម្ចាស់​ជើង​ឯក​ World Cup 2018 អាច​នឹង​ចាក​ចេញ​ពី PSG ទៅ​តាម​ទម្រង់​សេរី​ នៅ​ក្នុង​រដូវ​​ក្ដៅ​ឆ្នាំ 2024​។ ដើម្បី​ចៀស​វាង​ហានិភ័យ​ត្រូវ​បាត់​បង់​​ទទេៗ ពេល​នោះ PSG នឹង​ត្រូវ​លក់ Mbappe នៅ​ក្នុង​ឆ្នាំ​នេះ​។

  • រក​បាល់​បាន​ជាង 10 គ្រាប់​ឱ្យ Al-Nassr ប៉ុន្តែ CR7 នៅតែ​​មិន​អាច​សប្បាយ​​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត

    រក​បាល់​បាន​ជាង 10 គ្រាប់​ឱ្យ Al-Nassr ប៉ុន្តែ CR7 នៅតែ​​មិន​អាច​សប្បាយ​​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត

    Cristiano Ronaldo មិនមាន​ឈ្មោះ​ក្នុង​ក្រុម​កីឡាករ​ឆ្នើម​របស់​ពានរង្វាន់ Saudi Pro League ក្នុង​រដូវ​កាល 2022-2023 បើ​ទោះ​ទាត់​បញ្ចូល​ទី​បាន 14 គ្រាប់​ឱ្យ Al-Nassr។

    Ronaldo មក​ទាត់​ឱ្យ​ក្លឹប Al-Nassr កាលពី​ខែមករា​ឆ្នាំនេះ តែ​មិនមាន​ឈ្មោះ​ក្នុង​ក្រុម​កីឡាករ​ឆ្នើម​បំផុត​​នៅ​​ពានរង្វាន់​លំដាប់​កំពូល​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នា​រដូវ​កាល 2022-2023។ ជំនួស​មកវិញ កីឡាករ​ដែល​ត្រូវបាន​ជ្រើសរើស​ជា​កំពូល​កីឡាករ​ឆ្នើម​គឺ Odion Ighalo របស់​ក្លឹប Al-Hilal ក្រោយពី​រកបាន 19 គ្រាប់​នៅក្នុង 27 ប្រកួត រួម​នឹង​កីឡាករ​ដទៃ​ទៀត​។

    ក្លឹប Al-Nassr អូសទាញ​បាន CR7 ក្រៅ​ពី​កីឡាករ​ព័រទុយហ្កាល់​រូបនេះ​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ Manchester United។ បន្ទាប់មក Ronaldo បាន​ចូលរួម​ប្រកួត​ឱ្យ​ក្លឹប​ថ្មី​បាន 16 ប្រកួត និង​រកបាន 14 គ្រាប់។ ប៉ុន្តែ ទោះ​ជាមាន​វត្តមាន​រប​ស់ CR7 ក្លឹប​នៅ​រាជធានី​រី​យ៉ា​ដ នៅតែ​មិនអាច​ដណ្ដើមបាន​តំណែង​ជើងឯក ដោយបាន​ត្រឹមតែ​លេខ​ពីរ​បន្ទាប់ពី Al-Ittihad។

    បើ​សិន​ជា​​គិត​រក​មធ្យម​ភាគ​នៃ​ចំនួន​គ្រាប់​បាល់​ដែល​ Odion Ighalo និង​ Cristiano Ronaldo រក​បាន​នៅ​ក្នុង​មួយ​ប្រកួត​ ​ឃើញ​ថា Ighalo រក​បាន​​ 0.703 គ្រាប់​​/ប្រកួត តិច​ជាង​ 0.172 គ្រាប់​/​ប្រកួត​ ​ធៀប​នឹង​ 0.875 គ្រាប់​​/​ប្រកួត​​របស់​ CR7។

    ការដែល​ម្ចាស់​គ្រាប់​បាល់​មាស 5 គ្រាប់​មិនមាន​ឈ្មោះ​នៅក្នុង​ក្រុម​កីឡាករ​ឆ្នើម​របស់ Saudi Pro League បានធ្វើឱ្យ​អ្នកគាំទ្រ​មួយចំនួន​មិន​សប្បាយចិត្ត។

    កីឡាករ​ឆ្នើម​ជាង​គេ​ប្រចាំ​ Saudi Pro League រដូវកាល​ 2022-2023

    Ronaldo ប្រាកដជា​នឹង​ស្ដារ​សមិទ្ធផល​របស់ខ្លួន​នៅ​រដូវ​កាល​ក្រោយ និង​អាចជួយ​ឱ្យ Al-Nassr លើក​ពាន​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ឆ្នាំ 2023-2024។ ក៏ប៉ុន្តែ ពួកគេ​នឹងត្រូវ​ប៉ះ​ជើង​ខ្លាំង​របស់ Al-Ittihad ជាថ្មី ដោយនៅ​ទីនោះ​នឹងមាន​វត្តមាន​របស់ Karim Benzema និង Kante ផងដែរ៕