Tag: កម្ពុជា

  • WB ថា អត្រានៃភាពក្រីក្រ​នៅ​​កម្ពុជា​ អាចនឹងកើន 6% នៅឆ្នាំ 2040

    WB ថា អត្រានៃភាពក្រីក្រ​នៅ​​កម្ពុជា​ អាចនឹងកើន 6% នៅឆ្នាំ 2040

    របាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា (CCDR) របស់ធនាគារពិភពលោក (World Bank – WB) ដែលត្រូវ​បាន​ចេញផ្សាយកាលពីថ្ងៃទី 16 តុលា 2023 បានបញ្ជាក់អំពីភាពបន្ទាន់នៃ​ការ​ដោះ​ស្រាយ​​បញ្ហា​អាកាសធាតុ ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងផ្ដល់​អនុសាសន៍សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា​នេះផងដែរ​។

    របាយការណ៍នេះ​​របស់ WB បានអះអាងថា សមិទ្ធផលសេដ្ឋកិច្ចរីកចម្រើនដែលកម្ពុជា​សម្រេច​បានកន្លងមក កំពុងមាន​ការ​គំរាមកំហែង​ពី​បញ្ហាអាកាសធាតុ​​។ គោលដៅរបស់កម្ពុជាដែល​ចង់​ក្លាយ​ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 អាចនឹងនៅតែមិនទាន់សម្រេចបាន ប្រសិនបើមិនមានវិធានការ​តឹង​រ៉ឹង​ និង​គ្រប់​គ្រាន់ នៅ​​ក្នុង​ការ​ដោះស្រាយបញ្ហាអាកាសធាតុ។

    របាយការណ៍នេះក៏​បានព្រមានអំពីការធ្លាក់ចុះនៃ​ផលិតផលក្នុងស្រុកសរុប​របស់​កម្ពុជា​ រហូតដល់ 9% នៅឆ្នាំ 2050 និងការកើនឡើងរបស់​អត្រានៃភាពក្រីក្ររហូតដល់ 6% នៅឆ្នាំ 2040។

    WB បានរៀបរាប់​អំពី​កត្តាជាច្រើនដែលជាមូលហេតុនាំ​ឱ្យ​មាន​ការព្រួយបារម្ភខាង​លើ ក្នុង​នោះ​ក៏​មាន​​ទាំងឧបសគ្គផ្នែកច្បាប់ដែលទាក់ទងនឹងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ការវិនិយោគក្នុងស្រុកនៅតិច និងការកើនឡើងបំណុលឯកជនជា​ដើម​។ ក្រៅ​ពី​នេះ កត្តាម៉ាក្រូសេដ្ឋកិច្ចពីខាងក្រៅ ដែល​មាន​ដូច​ជា​បញ្ហា​ទីផ្សារ ឬប្រភពហិរញ្ញប្បទាននៅមាន​កម្រិត​ជា​ដើម​ ក៏​​អាច​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងការប៉ះពាល់​។

    លើស​ពី​នេះ “ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា កើនឡើងបន្ថែមទៀត ដោយសារ​បញ្ហា​អាកាសធាតុ ដែលបន្ថែមភាពស្មុគស្មាញដល់ការ​អភិវឌ្ឍន៍» លោក Mariam Sherman នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ បញ្ជាក់ដូច្នេះ​។

    លោក Manuela V Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និយាយ​ថា កម្ពុជាត្រូវដោះស្រាយផលប៉ះពាល់ធ្ងន់​ធ្ងរ​នៃការប្រែប្រួលអាកាសធាតុមកលើសេដ្ឋកិច្ច និង​ដាក់វិធានការតឹងរ៉ឹង​​ក្នុងការ​កាត់បន្ថយការបំភាយកាបូន។

    ការ​ប្រែប្រួល​អាកាសធាតុ​គឺជា​ដើម​ហេតុ​នៃ​គ្រោះ​ធម្មជាតិ​នានា​។ ឧទាហរណ៍ គិតពីឆ្នាំ 2019 មកនេះ​ កម្ពុជា​ បាន​ខាត​បង់គិតជាតម្លៃសេដ្ឋកិច្ចប្រហែល 100 លានដុល្លារក្នុងផលិតកម្មស្រូវ ដែលបណ្តាលមកពីគ្រោះរាំងស្ងួតបង្កឡើងដោយបាតុភូតអាកាស​ធាតុ El Nino។ ក្រៅ​ពី​នេះ ក្នុងខែកញ្ញា ឆ្នាំ 2022 ប្រទេសកម្ពុជា ក៏បានជួបនឹងជំនន់ទឹកភ្លៀងខ្លាំងបំផុតក្នុងអំឡុងបីឆ្នាំ ប៉ះពាល់ដល់គ្រួសាររាប់​ម៉ឺន​គ្រួ។

    ធនាគារពិភពលោក ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជន បញ្ជូលវិធានការឆ្លើយតបនឹងបញ្ហា​អាកាសធាតុ ទៅក្នុងការវិនិយោគ​ផងដែរ​៕

  • សូមស្វាគមន៍ «បើកសម្ពោធ OPPO Flagship Store និង Find N3 Series First Sale» ក្នុងពេលតែមួយ គួរឲ្យភ្ញាក់ផ្អើល!​

    សូមស្វាគមន៍ «បើកសម្ពោធ OPPO Flagship Store និង Find N3 Series First Sale» ក្នុងពេលតែមួយ គួរឲ្យភ្ញាក់ផ្អើល!​

    នៅថ្ងៃទី05 ខែវិច្ឆិកា ឆ្នាំ2023 គឺជាថ្ងៃពិសេសសម្រាប់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ដែលបាន​បើក​សម្ពោធ​និង​បើកដំណើរការនូវ OPPO Flagship Store យ៉ាងកក្រើកនៅក្នុងផ្សារទំនើប AEON Mall (ជាន់ទី1) ហើយក្នុងថ្ងៃតែមួយនេះផងដែរក៏ជាថ្ងៃ Find N3 Series First Sale ជាស្មាតហ្វូនអធិរាជអេក្រង់បត់របស់ OPPO ដែលទើបដាក់សម្ពោធកាលពីថ្ងៃទី27 ខែតុលា ឆ្នាំ2023 រំលងទៅថ្មីៗនេះ។

    តួយ៉ាង នៅក្នុងកម្មវិធីសម្ពោធ OPPO Flagship Store & Find N3 Series First Sale ក៏ឃើញមានការចូលរួមពីបណ្តាដៃគូសហការ តារាល្បីៗជាច្រើនរូបដូចជា រ៉េត ស៊ូហ្សាណា, ជូរី ល្អហួស, ភឹម ស្រីនោ, តាន់ ជេស៊ី, គុយ អេណា, Lee Xin និង Chma ព្រមទាំងបងប្អូនសារព័ត៌មានជាច្រើនស្ថាប័នក្នុងស្រុក។

    រឹតតែពិសេសឃើញថាក្រុមហ៊ុន OPPO ក៏បានផ្តល់ជូនកាដូ Free Free ដល់ហ្វេនៗគ្រប់ៗគ្នាដែលបានអញ្ជើញចូលរួមកម្មវិធី។ មិនតែប៉ុណ្ណោះ OPPO ក៏បានផ្តល់ជូនឱកាសពិសេសដែលមិនធ្លាប់មានជាមួយការបញ្ចុះតម្លៃលើ OPPO Pad Air និងរាល់ការទិញស្មាតហ្វូន OPPO គ្រប់ម៉ូដែលនឹងទទួលបានកាដូពិសេសៗជាច្រើនពី OPPO ដែលឱកាសនេះមិនធ្លាប់មានពីមុននោះទេ។

    ក្រៅពីការផ្តល់ជូនដ៏ពិសេសខាងលើ គោលបំណងធំដែលក្រុមហ៊ុន OPPO នៅកម្ពុជាបើកដំណើរការនូវ Flagship Store ដំបូងរបស់ខ្លួនគឺដើម្បីផ្តល់ជូននូវភាពងាយស្រួល សេវាកម្មដ៏ទាន់ចិត្ត និងផ្តល់បទពិសោធដ៏ល្អប្រសើរដល់អតិថិជនក្នុងការមកតេស្តទូរស័ព្ទ OPPO គ្រប់ស៊េរីគ្រប់ម៉ូដែលដោយផ្ទាល់នៅក្នុងហាង ព្រមទាំងមានបុគ្គលិកជំនាញៗដែលអាចប្រឹក្សាមតិយោបល់។ អ្វីដែលកាន់តែពិសេស រាល់ការអញ្ជើញមកជាវស្មាតហ្វូន OPPO គ្រប់ម៉ូដែល​នៅ Flagship Store អតិថិជននឹងទទួលបានការបិត Screen ដោយឥតគិតថ្លៃ៕

  • កម្ពុជា​កំពុង​ក្លាយជា​​គោល​ដៅនៃ​ការ​ជ្រើស​រើស​អ្នក​​ផ្គត់ផ្គង់អង្ករ​របស់​ឥណ្ឌូណេស៊ី

    កម្ពុជា​កំពុង​ក្លាយជា​​គោល​ដៅនៃ​ការ​ជ្រើស​រើស​អ្នក​​ផ្គត់ផ្គង់អង្ករ​របស់​ឥណ្ឌូណេស៊ី

    កាល​ពី​ថ្ងៃទី 03 វិច្ឆិកា 2023 ទីភ្នាក់ងារភស្តុភារជាតិឥណ្ឌូនេស៊ី (Bulog) បាន​ចុះ​កិច្ច​ព្រម​ព្រៀង​នាំ​ចូល​អង្ករ​មួយ​លាន​តោន​ពី​​ប្រទេស​​មួយ​ចំនួន​នៅ​អាស៊ី នៅក្នុង​គម្រោង​នាំចូល​អង្ករ​បន្ថែម​​ 1.5 លាន​តោន​របស់ប្រទេស​នេះ​។

    លោក Mokhamad Suyamto ប្រធាន​បណ្ដាញ​ផ្គត់ផ្គង់​ និង​សេវា​សាធារណៈ​របស់ Bulog ឱ្យ​ដឹង​ថា ការ​នាំ​ចូល​បន្ថែម​នេះ​​​ធ្វើ​ឡើង​ក្នុង​បំណង​បង្កើន​បរិមាណ​អង្ករ​ក្នុង​ឃ្លាំង​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ ​រហូត​ដល់​ឆ្នាំ 2024​។

    «បច្ចុប្បន្ន យើង​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​បណ្ដា​ប្រទេស​នាំ​ចេញ​អង្ករ​ធំៗ រួម​មាន ថៃ វៀតណាម ប៉ាគីស្ថាន និង​មីយ៉ាន់ម៉ា​» លោក Suyamto ឱ្យ​ដឹង​ដូច្នេះ និង​បញ្ជាក់​ថា «យើង​ក៏​នឹង​ពិចារណា​ក្នុង​ការ​នាំចូល​អង្ករ​ពី​ ឥណ្ឌា កម្ពុជា និង​បណ្ដា​ប្រទេស​ដទៃ​ បើ​សិន​ពួក​គេ​អាច​ឆ្លើយ​តប​នឹងលក្ខខណ្ឌ​​តម្រូវ​ការ​»​។

    យោង​តាមលោក Suyamto បើ​ទោះ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​នាំ​ចូល​អង្ករ​បន្ថែម​ 1.5 លាន​តោន​​ក៏ដោយ ប៉ុន្តែ​បរិមាណ​អង្ករ​នាំ​ចូល​​នេះ​នឹង​អាច​ត្រូវ​បាន​កែប្រែ​ទៅ​តាម​តម្រូវ​ការ​​ជាក់​ស្ដែង​​របស់​ទីផ្សារ​ក្នុង​ប្រទេស​។

    ក្នុង​ 7 ខែ​ដើម​ឆ្នាំ 2023 អង្ករ​សរុប​ដែល​ត្រូវ​បាន​ឥណ្ឌូណេស៊ី​​នាំ​ចូល​គឺ​​មាន​ 50% មក​ពី​ប្រទេស​ថៃ និង​ 47% មក​ពី​ប្រទេស​វៀតណាម​។ នេះ​បើ​តាម​អាជ្ញាធរ​ឥណ្ឌូណេស៊ី​៕

  • កម្ពុជា​ គ្រោង​នឹង​ទទួល​បាន​ទុន​វិនិយោគ​ថ្មី​ តម្លៃ​ 500 លាន​ដុល្លារ​ពី​ក្រុម​ហ៊ុន​មួយ​របស់​ចិន​

    កម្ពុជា​ គ្រោង​នឹង​ទទួល​បាន​ទុន​វិនិយោគ​ថ្មី​ តម្លៃ​ 500 លាន​ដុល្លារ​ពី​ក្រុម​ហ៊ុន​មួយ​របស់​ចិន​

    ទីតាំង​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ពីរ​កន្លែង​នៅ​កម្ពុជា​ កំពុង​ត្រូវ​បាន​សិក្សា​ពី​សំណាក់​ក្រុម​ហ៊ុន​ធំ​មួយ​របស់​ចិន ដែល​គ្រោង​នឹង​បណ្ដាក់​ទុន​វិនិយោគ​ចំនួន 500 លាន​ដុល្លារ​អាម៉េរិក​។

    កាល​ពី​ថ្ងៃទី 31 តុលា 2023 ក្នុង​ពេល​ចុះ​ធ្វើ​ទស្សនកិច្ច​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ស្វាយ​រៀង ឯកឧត្ដម​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទីមួយ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ បាន​ថ្លែង​ថា ក្រុម​ហ៊ុន​ចិន​ដ៏ធំ​មួយ​ កំពុងសិក្សា​ទីតាំង​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ពីរ​កន្លែង​ សម្រាប់​ការ​វិនិយោគ​ 500 លាន​ដុល្លារ​របស់​ខ្លួន​។

    ឯកឧត្ដម​ ស៊ុន ចាន់ថុល ធ្លាប់​បាន​ឱ្យ​ដឹង​ថា ក្នុងរយៈពេលទស្សនកិច្ចនៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី 20 ដល់ថ្ងៃទី 24 តុលា ឯកឧត្តម បានជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុនធំៗរបស់ចិនចំនួន 12 ក្រុមហ៊ុន និង​បាន​ពន្យល់​ពួក​គេ​អំពី​គោល​នយោបាយ​គាំពារ​អ្នក​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ។ ក្នុង​នោះ មានក្រុមហ៊ុនធំមួយរបស់ចិន បានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ហើយ​បច្ចុប្បន្ន​​​កំពុងជ្រើស​រើស​ទីតាំង​បណ្ដាក់​ទុនមួយ​ក្នុង​ចំណោម​ពីរ​ ដែល​មួយ​គឺ​​តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងពីរ​គឺ​ ​តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង៕

  • កម្ពុជា​ បាន​កំណត់​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​​ការ​ចាយ​វាយក្នុង​​​​ឆ្នាំ 2024

    កម្ពុជា​ បាន​កំណត់​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​​ការ​ចាយ​វាយក្នុង​​​​ឆ្នាំ 2024

    យោង​តាម​សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2024 កម្ពុជា​ ត្រៀមចំណាយថវិកាសម្រាប់ការ​ចាយ​វាយ​ក្នុង​ឆ្នាំ 2024 ចំនួន 38 ពាន់ពាន់លានរៀល ឬប្រមាណ 9.4 ពាន់លានដុល្លារ​អាម៉េរិក​។

    ថវិកា​សម្រាប់​ការ​ចាយ​វាយ​នៅថ្នាក់ជាតិក្នុង​ឆ្នាំ 2024 ត្រូវ​បាន​កំណត់​ត្រឹម​ 34 ពាន់​​ពាន់លានរៀល ថយចុះ ​5.8% បើធៀបនឹង​ឆ្នាំ 2023 ខណៈដែល​ការចំណាយនៅថ្នាក់ក្រោមជាតិ ត្រូវ​បាន​កំណត់​ត្រឹម​ 4 ពាន់​ពាន់​លាន​រៀល កើនឡើង 6.6%។

    រាជ​រដ្ឋាភិបាលកម្ពុជា​ ក៏បានកំណត់វិស័យអាទិភាពចំនួន​បួន​នៅ​ក្នុង​​ការ​ចំណាយ​ខាងលើ​នេះ​​ រួម​មាន​ វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យការងារ និងវិស័យសង្គមកិច្ច។ នេះ​បើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2024​​៕

  • កម្ពុជានឹង​ខ្ចីលុយជាងពីរពាន់លានដុល្លារអាម៉េរិក​ទៀត ដើម្បីអភិវឌ្ឍប្រទេស​ក្នុងឆ្នាំ 2024

    កម្ពុជានឹង​ខ្ចីលុយជាងពីរពាន់លានដុល្លារអាម៉េរិក​ទៀត ដើម្បីអភិវឌ្ឍប្រទេស​ក្នុងឆ្នាំ 2024

    កម្ពុជា មាន​គម្រោង​ខ្ចីលុយ 1,700 លាន SDR (Special Drawing Rights) របស់ IMF ​ដែល​ស្មើ​នឹង​​ជាង 2.2 ពាន់លានដុល្លារអាម៉េរិក​ ឬប្រមាណជិត 9,3 ទ្រីលានរៀល ដើម្បីអភិវឌ្ឍវិស័យជាអាទិភាពមួយចំនួននៅក្នុង​ឆ្នាំ​ 2024​។

    យោង​តាម​សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2024 កម្ចីខាងលើ​នេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការ​អភិវឌ្ឍវិស័យសំខាន់ៗមួយ​ចំនួន រួម​មាន​ជា​អាទិ៍​ វិស័យថាមពលចំនួនមួយ​គម្រោង, វិស័យធារាសាស្ត្រចំនួនបីគម្រោង, វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន 16 គម្រោង, វិស័យអប់រំនិងបណ្តុះ​បណ្តាលវិជ្ជាជីវៈ​ចំនួនពីរ​គម្រោង រួម​នឹង កម្មវិធីជំរុញពាណិជ្ជកម្ម និងការប្រកួតប្រជែង​ផងដែរ​។

    គិត​ត្រឹម​ត្រី​មាស​ទី​បី ឆ្នាំ​ 2023 ​កម្ពុជា​មានបំណុល​សា​ធារណៈ​ក្រៅ​ប្រទេស​ ចំនួនជាង​ 10.74 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ស្មើនឹង 34% នៃផលិតផលក្នុងស្រុកសរុប។

    ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន​នៅ​ឡើយ​។ នេះបើតាមក្រសួងហិរញ្ញវត្ថុកម្ពុជា៕

  • ថៃ​បញ្ចុះ​ថ្លៃ​ទិដ្ឋាការ​ និងការ​​ស្នាក់​នៅ​សម្រាប់​ពលករ​កម្ពុជា

    ថៃ​បញ្ចុះ​ថ្លៃ​ទិដ្ឋាការ​ និងការ​​ស្នាក់​នៅ​សម្រាប់​ពលករ​កម្ពុជា

    ក្រសួង​ការ​ងារ​ថៃ បាន​ចេញ​អនុក្រឹត្យ​​ថ្មី​មួយ​ដែល​កំណត់​តម្លៃ​ថ្មី​ទៅ​លើ​​ការត្រួត​ពិនិត្យ​ និង​ផ្ដល់​លិខិត​ពលកម្ម​ ចំពោះ​ពលករ​បរទេស​ដែល​មក​ពី​ កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​​។

    យោង​តាម​សារព័ត៌មាន​ក្នុងស្រុក អនុក្រឹត្យ​​ខាងលើ​មាន​សុពលភាព​រយៈ​ពេល​ 4 ឆ្នាំ ដោយ​ចាប់​ផ្ដើម​អនុវត្ត​ពី​ថ្ងៃទី 10 វិច្ឆិកា 2023 និង​អនុវត្ត​សម្រាប់​ពលករ​ដែល​ធ្វើ​ការ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សន្យា ឬ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​ (MoU) ដែល​ទាក់​ទង​នឹង​ការ​ជ្រើស​រើស​ពលករ​។

    សេចក្ដី​សម្រេច​ថ្មី​នេះ​កំណត់​ថា ថ្លៃ​ទិដ្ឋាការ​សម្រាប់​ពលករ​មក​ពី​ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម​ ត្រូវ​បាន​កាត់​បន្ថយ​ពី 2,000 បាតនា​បច្ចុប្បន្ន មក​នៅត្រឹម​ 500 បាត ស្រប​ពេល​ដែល​ថ្លៃ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ (ថ្លៃ​ពន្យារ​ពេល​ទិដ្ឋាការ​រៀង​រាល់​ឆ្នាំ) ក៏​ត្រូវ​បាន​បន្ថយ​ពី 1,900 បាត​នា​បច្ចុប្បន្ន មក​នៅ​ត្រឹម​ 500 បាត​ផងដែរ​។

    ក្រសួង​ការ​ងារ​ថៃ​សង្កត់​ធ្ងន់​ថា អនុក្រឹត្យ​​ខាងលើ​គឺ​​ស្រប​នឹង​​វិធីសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រង​ការ​ជ្រើស​រើស​ពលករ​បរទេស​ ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ប្រទេស​នេះ ក៏​ដូចជា​ការ​រួម​ចំណែក​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​សម័យ​កូវីដ-19​។

    យោង​តាម​ព័ត៌មាន​របស់​នាយកដ្ឋាន​រដ្ឋបាល​ការ​ងារ​បរទេស​នៃ​ប្រទេស​ថៃ ក្នុង​ខែ​កញ្ញា ប្រទេស​នេះ​មាន​ពលករ​បរទេស​ចំនួន​ 2,593,439 នាក់​ និង​ប្រហែល​មួយ​លាន​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាលដាក់​ពាក្យ​​ស្នើ​សុំ​លិខិត​អនុញ្ញាត​ការ​ងារ​ ទៅតាម​អនុក្រឹត្យ​ចុះថ្ងៃទី 03 តុលា ឆ្នាំ 2023 របស់​រដ្ឋាភិបាល​ថៃ​៕

  • អ្នក​អវកាសចិន​​ត្រលប់មក​កាន់​ផែនដី​ ក្រោយ​ពី​នៅ​លើស្ថានីយអវកាស​​បាន​ប្រាំខែ

    អ្នក​អវកាសចិន​​ត្រលប់មក​កាន់​ផែនដី​ ក្រោយ​ពី​នៅ​លើស្ថានីយអវកាស​​បាន​ប្រាំខែ

    (ប្រទេស​ចិន) -អវកាសចរ​ 3 រូប​នៃ​បេសកកម្ម​ Shenzhou 16 ត្រលប់មក​កាន់​ផែនដី​វិញ​ដោយ​សុវត្ថិភាព​កាល​ពី​ព្រឹក​មិញ​ បន្ទាប់​ពី​បាន​រស់​នៅ​ និង​ធ្វើ​ការ​រយៈ​ពេល​ 5 ខែ​នៅ​លើ​ស្ថានីយ​អវកាស​ Tiangong។

    យោង​តាម​ការ​ប្រកាស​របស់​ទីភ្នាក់​ងារ​អវកាស​មាន​មនុស្ស​បើកបរ​ចិន (CMSA) ក្រុម​អ្នក​អវកាស​ដែល​រួមមាន Jing Haipeng, Zhu Yangzhu និង Gui Haichao បាន​ចុះ​ចត​ដោយ​កាប៊ីនឆ្លង​កាត់បរិយាកាស​​​របស់​យាន​អវកាស Shenzhou 16 នៅលើ​ទីលាន​ចុះ​ចត Dongfeng កាល​ពី​វេលាម៉ោង 7 និង 10 នាទី ថ្ងៃទី 31 តុលា (ម៉ោង​នៅ​កម្ពុជា)។

    ក្រុម​អ្នក​អវកាស​ Shenzhou 16 ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​ទៅកាន់​ស្ថានីយ​អវកាស​ Tiangong ដោយ​រ៉ុក្កែត​ Long March 2F កាល​ពី​ខែ​ឧសភា 2023​។ ពួក​គេ​បាន​បំពេញ​ការ​ងារ​រយៈ​ពេល​ 5 ខែ​នៅ​លើស្ថានីយ​នេះ​។ ចំណែក ក្រុម​ Shenzhou 17 នឹង​ធ្វើ​ការ​រយៈ​ពេល 6 ខែ​នៅ​លើ​ស្ថានីយ Tiangong​ ។

    ស្ថានីយ​អវកាស​ចិន Tiangong ដែល​មាន​ទំហំ​ស្មើ​នឹង 20% នៃ​ទំហំ​របស់​ស្ថានីយ​អវកាស​អន្តរជាតិ​ (ISS) ត្រូវ​បាន​ស្ថាបនា​រួច​រាល់​កាល​ពី​ចុង​ឆ្នាំ 2022 ។ ប្រទេស​ចិន​គ្រោង​នឹង​រក្សា​ស្ថានីយអវកាស​ដែល​មាន​មនុស្ស​ធ្វើ​ការ​នេះ ក្នុង​រយៈពេល​យ៉ាង​តិច​មួយ​ទសវត្សរ៍​។ ពួក​គេ​ក៏​មាន​គម្រោង​ពង្រីក​ទំហំ​របស់ស្ថានីយ​រាង​អក្សរ T នេះ​ផងដែរ ដែល​បច្ចុប្បន្ន​មាន​ម៉ូឌុលសរុប​​ចំនួន​បី​៕

  • ជា​លើកដំបូង ភេសជ្ជៈ​ធ្វើ​ពី​ទឹក​ផ្កា​ដូងស្រស់របស់​ខ្មែរ​ក្រោម ត្រូវ​បាន​នាំ​ចេញ​ទៅ​សហរដ្ឋ​អាម៉េរិក

    ជា​លើកដំបូង ភេសជ្ជៈ​ធ្វើ​ពី​ទឹក​ផ្កា​ដូងស្រស់របស់​ខ្មែរ​ក្រោម ត្រូវ​បាន​នាំ​ចេញ​ទៅ​សហរដ្ឋ​អាម៉េរិក

    (វៀតណាម) – កាល​ពី​ថ្ងៃទី 25 តុលា ភេសជ្ជៈ​ទឹក​ផ្កាដូង​ស្រស់​ចំនួន 20,000 ដប ដែល​ជា​ផលិតផល​ពិសេស​របស់​ខេត្ត​ត្រាវិញ (ព្រះត្រពាំង) ត្រូវ​បាន​នាំ​ចេញ​ជា​ផ្លូវ​ការ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាម៉េរិក​។

    ទឹក​ផ្កាដូង​ស្រស់​គឺជា​មួយក្នុង​ចំណោម​ផលិត​ផល​ចំនួន 19 មុខ​ ដែល​ស្ថិត​ក្នុង​ក្រុម​ផលិត​ផល​​ដែល​ជាប់​ចំណាប់​ថ្នាក់​ OCOP ផ្កាយ​ 5 ដែល​​វៀតណាម​ ទទួល​ស្គាល់​ក្នុង​​ឆ្នាំ 2023​។

    តាម​ផែនការ ក្រោយ​ពី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​លក់​ដំបូង ជាមធ្យម​ក្នុង​មួយ​ខែ​ ភេសជ្ជៈ​ទឹក​ផ្កាដូង​ស្រស់​ពី 20,000 ដល់ 40,000 ដប​ នឹង​ត្រូវ​បាន​នាំ​ចេញ​ពី​កាន់​ទីផ្សារ​សហរដ្ឋ​អាម៉េរិក​។

    ក្នុងចំណោម​ផលិត​ផល​ចំនួន 19 មុខ​ ដែល​ស្ថិត​ក្នុង​ក្រុម​ផលិតផលផ្កាយ​ 5 ​ដែល​ទទួល​ស្គាល់​ដោយ OCOP ក្នុង​ឆ្នាំ​ 2023 ខេត្ត​ព្រះ​ត្រពាំង នៅ​ដែន​ដី​កម្ពុជា​ក្រោម​ (វៀតណាម​) ​រួម​ចំណែក​រហូត​ដល់ 3 មុខ​ ហើយ​ 3 មុខ​នេះ​ ក៏សុទ្ធ​តែ​ជា​ផលិត​ផល​ដែល​ធ្វើ​ពី​ដូង​ រួម​មាន ភេសជ្ជៈ​ធ្វើ​ពី​ទឹក​ផ្កាដូង​ស្រស់ ស្ករ​ផ្កាដូង​ របស់​ក្រុម​ហ៊ុន SOKFARM CO., LTD ដែល​ជា​​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម អ្នក​ស្រី ថាច់ ធី​ចន្ធី និង​ក្រមួន​ដួង​របស់​ក្រុម​ហ៊ុន VICOSAP។

  • សភាពាណិជ្ជកម្មកម្ពុជា និង​ភាគី​ចិន ចុះហត្ថលេខាលើគម្រោងចំនួនបី​

    សភាពាណិជ្ជកម្មកម្ពុជា និង​ភាគី​ចិន ចុះហត្ថលេខាលើគម្រោងចំនួនបី​

    (ប្រទេសចិន) – សភាពាណិជ្ជកម្មកម្ពុជា និង​ភាគី​ចិន បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈយោគយល់គ្នាចំនួន​បី​ នៅ​ក្នុង​ឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបី​នៅ​ប្រទេស​ចិន​។

    នារសៀល​ថ្ងៃទី 17 ខែតុលា ឆ្នាំ 2023 ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទីបី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើគម្រោងចំនួនបី រៀបចំដោយសមាគមអ្នកវិនិយោគចិននៅកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

    យោង​តាម​ទំព័របណ្ដាញ​សង្គម​របស់​សភាពាណិជ្ជកម្ម​កម្ពុជា គម្រោងទាំងបីដែលត្រូវបានចុះហត្ថលេខារួមមាន៖

    ទីមួយ​-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ និងវិស័យផ្សេងទៀតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ” ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ

    ទីពីរ​-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើការបណ្តុះបណ្ដាលវិស័យអប់រំ បដិសណ្ឋារកិច្ច ដែលត្រូវជ្រើសរើសសិស្ស និសិ្សតវិទ្យាល័យនៅកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន

    ទីបី-អនុស្សារណៈយោគយល់គ្នា ស្ដីពី កិច្ចសហការវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ